សុន្ទរកថានិងសេចក្តីដកស្រង់ការអធិប្បាយ សម្តេចតេជោ ហ៊ុន សែន បិទកិច្ចប្រជុំបូកសរុបសកម្ម​ភាពនិងលទ្ធផលការងារ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត សម្រាប់នីតិកាលទី៦ នៃរដ្ឋសភានិង​ទិសដៅបន្ត

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួម​ក្នុងពិធីបិទកិច្ចប្រជុំបូកសរុប​សកម្មភាព និង​លទ្ធផលការងាររបស់ក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យ​ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាលទី៤  របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា ​នាពេលនេះ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ  និង​វាយ​តម្លៃខ្ពស់ចំពោះសម្តេច ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន និង​មន្ត្រីនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ចុះបំពេញការងារតាមមូលដ្ឋាននានាទូទាំងប្រទេស ស្វែង​យល់អំពីជីវភាព សុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាសំណូមពរ និង​បញ្ហាប្រឈមជាក់ស្តែងនានានៅតាមមូលដ្ឋាន សំដៅ​ពង្រឹង​ និង​លើកកម្ពស់​ការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន​ និង​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ​រួមគ្នាដោះស្រាយបញ្ហាប្រឈម​របស់ប្រជាពលរដ្ឋ​ ក៏ដូចជាជំរុញការអភិវឌ្ឍ​មូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រ និង​​លើកកម្ពស់ជីវភាពរបស់ប្រជា-ពលរដ្ឋ។ ដូចដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបានលើកឡើងអំពីការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈរបស់ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន  ដែលបានខិតខំកៀរគរធនធានពីប្រភពស្របច្បាប់នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុងការកសាងសមិទ្ធផលសង្គមលើគ្រប់វិស័យនៅមូលដ្ឋាន និង​ការចូលរួមជួយឧបត្ថម្ភគាំទ្រគ្រឿងឧបភោគ​បរិភោគ​ និង​មធ្យោបាយ សម្ភារ:ដល់ប្រជាពលរដ្ឋ​នៅពេលជួបប្រទះគ្រោះធម្មជាតិ និង​គ្រោះថ្នាក់នានា ក៏ដូចគ្រួសារ​ក្រីក្រ និង​ជនងាយរងគ្រោះ។  ក្រោយ​ថ្ងៃរំដោះ ៧ មករា…