សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់
ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកកម្ពុជា។ ខ្ញុំសូមអបអរសារទរចំពោះសមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានបង្កើតឡើង និងសូមកោតសរសើរដល់ អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថាបនិក និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតសមាគមនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់សមាគមឧកញ៉ាកម្ពុជាផងដែរ ដែលបានស្នើរូបខ្ញុំជាប្រធានកិត្តិយស និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលចំនួន៤រូបជាអនុប្រធានកិត្តិយស។
មុននេះបន្តិច អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបរួចហើយអំពីសាវតារនៃគោរមងារ “ឧកញ៉ា” ដែលត្រូវបានប្រើប្រាស់តាំងពីសម័យបរមបូរាណមកម៉្លេះ។ រហូតមកដល់បច្ចុប្បន្ននេះ ក្នុងយុគសម័យសេដ្ឋកិច្ចទីផ្សារសេរី គោរមងារ “ឧកញ៉ា” ត្រូវបានប្រើប្រាស់ឡើងវិញក្នុងសង្គមខ្មែរ ដែលជាគោរមងារដ៏ខ្ពង់ខ្ពស់ប្រទានដោយព្រះមហាក្សត្រតាមរយៈព្រះរាជក្រឹត្យ ជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានស្នាដៃក្នុងការអភិវឌ្ឍ និងការកសាងជាតិ។ ដោយឃើញមានការចូលរួមចំណែករបស់ឧកញ៉ាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយើង និងការកើនឡើងជាបន្តបន្ទាប់នៃចំនួនឧកញ៉ា ក៏ដូចជាដើម្បីលើកតម្កើងកិត្តិនាមថ្មីនៃឧកញ៉ាក្នុងសម័យសន្តិភាពនេះ កាលពីពីរឆ្នាំមុន ខ្ញុំបានផ្តល់ការណែនាំឱ្យមានការរៀបចំបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សារៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រងឧកញ៉ា, ការផ្តល់គោរមងារឧកញ៉ា, និងការដកហូតគោរមងារឧកញ៉ា សំដៅរក្សាបាននូវកិត្យានុភាព សាមគ្គីធម៌ និងគុណធម៌ក្នុងគោរមងារជាឧកញ៉ា។
{ផ្ដើមសេចក្ដីអធិប្បាយ}
សម្ដេច ឧកញ៉ា អស់លោក អ្នកនាងកញ្ញា ជាទីមេត្រី!
ម្សិលមិញនេះ ព្រះរាជក្រឹត្យទាក់ទងជាមួយនឹងគោរមងារ ឧកញ៉ានេះ បានទៅដល់តុរបស់ខ្ញុំរួចស្រេចទៅហើយ។ ប៉ុន្ដែខ្ញុំបានស្នើសម្ដេច ក្រឡាហោម ស ខេង ដែលបានដឹកនាំរៀបចំនូវពង្រាងព្រះរាជក្រឹត្យ លិខិតបទដ្ឋានគតិយុត្ដក្នុងការគ្រប់គ្រងនេះ កែសំរួលមាត្រាចំនួន៣ និងអាចមានមានមាត្រាខ្លះទៀត។ ខ្ញុំចង់ជម្រាបជូនថា តាមការស្រាវជ្រាវ ខ្ញុំក៏ទើបតែដឹងពីម្សិលមិញនេះដែរ ឧកញ៉ា នៅប្រទេសយើងមិនមែនមានត្រឹមតែ២ ថ្នាក់ ដូចបច្ចុប្បន្នទេ។ បច្ចុប្បន្នយើងមាន ឧកញ៉ា និង អ្នកឧកញ៉ា។ ពីអតីតកាល យើងមានដល់ទៅ៣ ថ្នាក់ ឯណោះ គឺ ឧកញ៉ា អ្នកឧកញ៉ា និងលោកឧកញ៉ា។ ជាសក្ខីភាព មានព្រះរាជក្រឹត្យរបស់ព្រះករុណាព្រះមហាក្សត្រ ដែលបានឡាយព្រះហស្ថលេខាទៅលើក្រឹត្យដែលព្រះរាជទានគោរមងារសំរាប់តែងតាំងលោក យមរាជ ជាលោកអ្នកឧកញ៉ា មានឋានៈស្មើអគ្គរាជទូត។ ព្រះរាជក្រឹត្យនេះចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៨៦?? នេះជាព្រះរាជក្រឹត្យដែលព្រះមហាក្សត្រព្រះរាជទាន(គោរមងារ) ដែលសម្ដេច ស ខេង បានផ្ដល់ឲ្យខ្ញុំ។
យោងតាមព្រះរាជក្រឹត្យនោះទៀតសោត នៅថ្ងៃខាងមុខ ពេលជួបគ្នា យើងនឹងមានឯកសណ្ឋានសំរាប់ឧកញ៉ារបស់យើង។ អ្វីដែលយើងត្រូវកែសំរួលនៅត្រង់ថា តើយើងដាក់ស្ថាប័នណាគ្រប់គ្រង? តាមពង្រាងថ្មីនេះ បានដាក់ឲ្យក្រសួងមហាផ្ទៃធ្វើការលើកសំណើនិងធ្វើការគ្រប់គ្រង។ ប៉ុន្ដែក្របខណ្ឌដើម ពីមុនមករហូតមកដល់ពេលនេះ គឺស្ថិតនៅទីស្ដីការគណៈរដ្ឋមន្ដ្រីឯណោះ។ នៅទីនោះមានទាំងនាយកដ្ឋានសំរាប់ការវាយតម្លៃគ្រឿងឥស្សរិយសនិងការវាយតម្លៃអំពីអស្សរជនដែលមានស្នាដៃ។ ដូច្នេះហើយបានជាខ្ញុំប្រគល់ឲ្យសម្ដេចក្រឡាហោម ស ខេង រៀបចំកែសំរួលមាត្រា ៤ ៨ ៩ និងមាត្រាមួយទៀតដែលខ្ញុំមិនចាំដែលពាក់ព័ន្ធ ហើយរក្សាសមត្ថកិច្ចឲ្យនៅដដែល ដើម្បីឲ្យមានសង្គតិភាពលើកិច្ចការក្នុងរយៈពេលកន្លងទៅ។
អញ្ចឹងប្រសិនបើសម្ដេចក្រឡាហោម ស ខេង ដឹកនាំកែសំរួល មិនយូរប៉ុន្មានទេ ព្រះរាជក្រឹត្យនេះនឹងចេញ។ ពេលដែលព្រះរាជក្រឹត្យចេញ ខ្ញុំសូមស្នើ អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានលើកសំណើតែងតាំងមួយចំនួនមុនសំរាប់ថ្នាក់លោកឧកញ៉ា ដែលជាគោរមងារខ្ពស់ក្នុងចំណោមគោរមងារទាំងបី … ការយកវិធានការបែបនេះ ព្រោះថាស្ថាប័នច្រើនដែលមានការពាក់ព័ន្ធ ស្ថាប័នខ្លះ សប្បុរសជនខ្លះបានជួយនៅកម្រិតថ្នាក់ជាតិ ដូចជាវិស័យការពារជាតិ សុខាភិបាល។ ដូច្នេះវាមានការចាំបាច់ស្នើទៅកាន់នាយករដ្ឋមន្ដ្រី។ រដ្ឋមន្ដ្រីមានសិទ្ធិស្នើទៅកាន់នាយករដ្ឋមន្ដ្រី ប៉ុន្ដែត្រូវឆ្លងការវាយតម្លៃពី សេនាធិការរបស់រាជរដ្ឋាភិបាលសំរាប់ការផ្ដល់គោរមងារ នៅទីស្ដីការគណៈមន្ដ្រីដែលមានយន្ដការហើយស្រេច។
នេះជាការបញ្ជាក់បន្ថែមថាព្រះរាជក្រឹត្យនេះបានរៀបចំរួចហើយ។ ម្សិលមិញខ្ញុំបានពិនិត្យរហូតដល់ជិតម៉ោងមួយថ្ងៃបន្ទាប់ពីបានវិលត្រឡប់ពីខេត្តកំពង់ឆ្នាំង។ ខ្ញុំក៏បានពិភាក្សាឯកភាពជាមួយសម្ដេចក្រឡាហោម ថានឹងប្រគល់ការងារនេះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ដ្រីដែលមានយន្ដការហើយស្រាប់នៅទីនោះ។ ឥលូវនេះ(ទីស្ដីការ)មាននាយកដ្ឋានគ្រឿងឥស្សរិយសនិងគណៈកម្មាការវាយតម្លៃ។ គេអាចបង្កើតឲ្យមានអគ្គនាយកដ្ឋានមួយដើម្បីធ្វើកិច្ចការវាយតម្លៃគ្រឿងឥស្សរិយសនិងថ្នាក់ឧកញ៉ាជាដើម ដើម្បីមានសង្គតិភាពជាមួយការរីកលូតលាស់នៃសង្គមខ្មែរ ដែលមានអ្នកចូលរួមកាន់តែច្រើនសំរាប់វិស័យមនុស្សធម៌ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាការរួមចំណែកនានាដែលសក្ដិសមនឹងទទួលបាននូវកិត្តិយស ដែលជាឧកញ៉ា អ្នកឧកញ៉ា ឬលោកឧកញ៉ា។
{បញ្ចប់សេចក្ដីអធិប្បាយ}
ខ្ញុំក៏សូមបញ្ជាក់ផងដែរថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា
ពុំមែនជាការចងក្រងខ្សែបណ្តាញបក្សពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ពោលគឺទាំងសមាគមនេះ និងបណ្តាឧកញ៉ាទាំងអស់ត្រូវតែគោរពប្រតិបត្តិតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀសឱ្យបាននូវបាតុភាពអសកម្ម និងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយ ដែលបង្កនូវភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋយើង។
ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិស័យឯកជន ជាពិសេសអ្នកឧកញ៉ា និងឧកញ៉ា ដែលជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គមនានា
ដូចជា សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ខ្ញុំបានកត់សម្គាល់ឃើញថា រាល់សេចក្ដីអំពាវនាវទាំងឡាយរបស់រាជរដ្ឋាភិបាល ជារឿយៗតែងតែមានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន តាមរយៈការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការចូលរួមឧបត្ថម្ភក្នុងការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ យុទ្ធនាការស្រោចវ៉ាក់សាំង និងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជាជាដើម ដូចដែល អ្នកឧកញ៉ា លី យ៉ុងផាត់ បានលើកឡើងពីខាងដើមមុននេះ។
បន្ថែមលើនេះ វិស័យឯកជនក៏បានចូលរួមយ៉ាងពេញទំហឹងក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាម ជាដើម ដែលបានលើកកម្ពស់សុខុមាលភាពសង្គមជូនប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្ដែង កាលពីថ្មីៗនេះ កម្ពុជាសម្រេចបានជាស្ថាពរនូវការសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានខ្ទង់ចំណាយសរុបប្រមាណ ៨២លានដុល្លារអាមេរិក។ ក្នុងចំណោមថវិកាវិភាគទាន ដែល យើងទទួលបាន ថវិកាវិភាគទានពីសប្បុរសជនឯកជនចំនួនជាង ២០០នាក់ សរុបជាទឹកប្រាក់ប្រមាណ ៧៥លានដុល្លារអាម៉េរិក ក្នុងនោះគ្រាន់តែសប្បុរសជនជាង១០នាក់ បានឧបត្ថម្ភក្នុងម្នាក់ៗ៣លានដុល្លារអាមេរិក គឺយើងទទួលបានជាង៣០លានដុល្លារអាមេរិកទៅហើយ។ សកម្មភាព ទាំងអស់នេះស្ដែងចេញឱ្យឃើញនូវវប្បធម៌ចែករំលែក ទឹកចិត្តសប្បុរសធម៌ ស្មារតីសាមគ្គីភាព និងភាតរភាពក្នុងនាមជាខ្មែរដូចគ្នា។
ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តខាងលើ អ្នកឧកញ៉ា និងឧកញ៉ាតំណាងវិស័យឯកជនបានដើរតួនាទីជាសារវន្តក្នុងការលើកស្ទួយការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញដល់បញ្ញវ័ន្ត សិស្សនិស្សិត និងកម្មក/រការិនីខ្មែររាប់លាននាក់ ផងដែរ។ ជាក់ស្តែង ក្នុងផ្នែកអប់រំកាយ និងកីឡា វិស័យឯកជនបានចូលរួមស្រាក់ដៃគ្នាក្នុងការឧបត្ថម្ភគាំទ្រដល់ការបណ្តុះបណ្តាល ហ្វឹកហ្វឺន និង
លើកទឹកចិត្តកីឡាករ/ការិនីកម្ពុជា និងដំណើរការរៀបចំនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាបានទន្ទឹងរង់ចាំអស់រយៈពេល៦៤ឆ្នាំ មកហើយ។ សកម្មភាពគាំទ្រទាំងនេះហើយដែលរួមចំណែកក្នុងការញ៉ាំងឱ្យវិស័យកីឡានៅកម្ពុជាខ្ពស់មុខខ្ពស់មាត់ ស្មើនឹងបណ្តាប្រទេស
ជាមិត្តផ្សេងទៀតក្នុងតំបន់អាស៊ាន។ ជាសក្ខីភាពដែលពុំអាចក្លែងបន្លំបាន កម្ពុជាមានលទ្ធភាពក្នុងការដណ្តើមមេដាយជូនជាតិកាន់តែច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ពីសូន្យមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២០ ឡើងមកដល់២៨២មេដាយ នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលជាកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រសម្រាប់កម្ពុជាយើង។ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នេះទៀតសោត ត្រូវបានបិទបញ្ចប់ដោយជោគជ័យ រហូតទទួលបាននូវការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិយ៉ាងក្លៀវក្លា ព្រមទាំងត្រូវបានគេស្គាល់កម្ពុជាថា “ប្រទេសតូចក៏ប៉ុន្តែបេះដូងធំទូលាយ”។
រាជរដ្ឋាភិបាលទទួលស្គាល់ពីតួនាទីដ៏សំខាន់នៃវិស័យឯកជន ជាពិសេសវិនិយោគិនក្នុងស្រុក ក្នុងការអភិវឌ្ឍលើគ្រប់វិស័យទាំងអស់ និងតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនក្នុងការរុញច្រានកំណើនសេដ្ឋកិច្ច។ ជាក់ស្ដែងតាមរយៈទិន្នន័យកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងរយៈពេល
៥ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ២០១៨ ដល់ ២០២២ ទុនវិនិយោគក្នុងស្រុកប្រចាំឆ្នាំតែងតែបានឈរនៅលំដាប់លេខរៀងទី១ ឬទី២ នៃទុនវិនិយោគសរុប។
ទិន្នន័យនេះបានសបញ្ជាក់ឱ្យឃើញថា ការវិនិយោគក្នុងស្រុកពិតជាបានចូលរួមចំណែកយ៉ាង
ធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបង្កើតការងារជាច្រើនជូនបងប្អូនប្រជាពលរដ្ឋយើង។ ការខិតខំប្រឹងប្រែង ការចែករំលែក និងការចូលរួមទាំងអស់នេះ បានធ្វើឱ្យកម្ពុជាអាចសម្រេចបាននូវការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបន្ទាប់ពីទទួលបានជោគជ័យគួរជាទីមោទនៈក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្នុងការគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិនៃជំងឺនេះបានយ៉ាងល្អប្រសើរ។ ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានប៉ាន់ស្មានថាបានបន្តកើនឡើងក្នុងអត្រាប្រមាណ ៥,២%។ ដោយឡែក នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានក្នុងអត្រាកំណើនរង្វង់ ៥,៦% ទោះបីជាកម្ពុជាកំពុងហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមមួយចំនួនក៏ដោយដូចជា ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន បញ្ហាកោះតៃវ៉ាន់ កំណើនអតិផរណា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអភិវឌ្ឍន៍ និងការថមថយនៃសេដ្ឋកិច្ចចិននិងតំបន់សហភាពអឺរ៉ុប ជាដើម។
កំណើនដែលពោរពេញដោយថាមវ័ន្ត និងជវភាពនេះ មិនអាចកាត់ផ្ដាច់ចេញពីការចូលរួមចំណែករបស់អ្នកឧកញ៉ា ឧកញ៉ា និងបងប្អូនជនរួមជាតិទាំងអស់គ្នាឡើយ។ ដូច្នេះហើយ ខ្ញុំសូម
កោតសរសើរយ៉ាងស្ម័គ្រស្មោះ ព្រមទាំងសូមថ្លែងអំណរគុណនូវការចែករំលែកធនធាន និងទឹកចិត្តលះបង់ចូលរួមកន្លងមក ហើយខ្ញុំសូមលើកទឹកចិត្តឱ្យស្មារតីវិជ្ជមានទាំងនេះនៅតែបន្តមាន តរៀងទៅ។
សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់!
ពិតណាស់ ដូចដែល អ្នកឧកញ៉ា លី យ៉ុងផាត់ បានជម្រាបជូនពីគោលបំណងរបស់សមាគមនេះជាហូរហែ ហើយគោលបំណងទាំងនោះទៀតសោត សុទ្ធសឹងតែជាអ្វីដែលរាជរដ្ឋាភិបាលក៏ប្រាថ្នាចង់បាន។ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល និងប្រធានកិត្តិយស ខ្ញុំសូមគាំទ្រការបង្កើតឱ្យមានសមាគមនេះឡើង និងសូមផ្តាំផ្ញើទៅកាន់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់គប្បីលៃលកយ៉ាងណាត្រូវអនុវត្តឱ្យបានល្អ និងខ្ជាប់ខ្ជួននូវប្រការ ដូចតទៅ៖
(១) បន្តរក្សាកិត្តិសព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ស័ក្តិសមត្រូវបានព្រះមហាក្សត្រទ្រង់ផ្តល់សេចក្តីទុកព្រះទ័យ ត្រាស់បង្គាប់ និងផ្តល់គោរមងារជាអ្នកឧកញ៉ា ឬឧកញ៉ា ដោយប្រកាន់យកនូវឥរិយាបទប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់
(២) ប្រកៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការត្រួសត្រាយ និងកាច់ចង្កូតនាវាកម្ពុជាឈានឆ្ពោះទៅរកភាពរុងរឿង ដោយចូលរួមឱ្យបានយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសង្គមជាតិយើងតាមសកម្មភាពផ្សេងៗ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអាសាប្រជាពលរដ្ឋទីទ័លលំបាក ដូចពាក្យចាស់បុរាណទូន្មានថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ នូវសំប៉ាន”
(៣) ចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ វឌ្ឍនភាពជាតិ ឧត្តមភាពជាតិ និងការពារឱ្យបាន
ដាច់ខាតនូវឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ ពិសេសជួយផ្គត់ផ្គង់អុកស៊ីសែនបន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈការបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ច ឬការប្រាស្រ័យទាក់ទងធុរជន ឬសមាគមវិនិយោគិនបរទេសធំៗ ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ពោលគឺបំពេញតួនាទីឱ្យបានល្អ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ថែមលើនេះ សូមចូលរួមឱ្យបានសកម្មជាពិសេសលើការធ្វើទំនើបកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការជំរុញបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម ឱ្យស្របតាមបរិការណ៍នៃបដិវត្តកម្មឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងចូលរួមលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ឱ្យកាន់តែច្រើនថែមទៀត។
ទន្ទឹមនឹងនេះ ខ្ញុំក៏សូមណែនាំឱ្យ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការសកម្មភាព
បីឆ្នាំរំកិល ដែលបានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និង
ការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់!
ជាថ្មីម្តងទៀត ខ្ញុំសូមចែករំលែកនូវអារម្មណ៍រំភើបរីករាយ ប្រកបដោយមោទនភាពជាទីបំផុត ដែលសមាគមនេះត្រូវបានបង្កើតឡើង ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ នេះជាសក្ខីកម្មបញ្ជាក់ឱ្យឃើញពីចំណងមេត្រីភាពយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក៏ដូចជាការរួបរួមគ្នាវេញជាធ្លុងមួយរវាងភាគីទាំងពីរ ក្រោមម្លប់ត្រឈឹងត្រឈៃនៃសុខសន្តិភាព ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍដ៏យូរអង្វែងនៅកម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សមាគមឧកញ៉ាកម្ពុជានឹងក្លាយជាថ្នាលសាបព្រោះ និងជាមូលដ្ឋានគ្រឹះនៃបណ្តាញទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជា ព្រមទាំងជាដៃគូពុំអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនតួនាទីរបស់កម្ពុជាឱ្យកាន់តែខ្ពស់លើឆាកពាណិជ្ជកម្មតំបន់ និង
សកល។ ជាចុងក្រោយ ខ្ញុំសូមប្រសិទ្ធពរជ័យសព្ទសាធុការ ជូនដល់សម្តេច ឯកឧត្តម លោកជំទាវ
អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ ឱ្យជួបប្រទះនូវពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕