សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
ប្រិយមិត្តបរទេស ដែលបានអញ្ជើញចូលរួមនាក្នុងឱកាសនេះ!
លោកគ្រូពេទ្យ បងប្អូនជនរួមជាតិ និស្សិត ដែលបានអញ្ជើញចូលរួម!
(១) អគារនេះកើតពីថវិការដ្ឋផង និងថវិកាពីសប្បុរសជននានា
ថ្ងៃនេះ ខ្ញុំនិងភរិយាសប្បាយរីករាយដែលបានមកសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមួយនៃផ្នែកមួយនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតរបស់យើងនេះ។ យើងបានបិទផ្លូវសម្រាប់ធ្វើពិធីមួយនេះ ដែលសង្ឃឹមថាអ្នកធ្វើដំណើរទាំងឡាយនឹងអាចយល់អំពីគោលបំណងនៃការបិទផ្លូវនេះ … បន្តិចទៀតនឹងបើកផ្លូវនេះវិញ។ ខ្ញុំអរគុណឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលបានធ្វើរបាយការណ៍អម្បាញ់មិញទាក់ទង នឹងការកសាងអគារមួយនេះ។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំកសាងនូវមន្ទីរពេទ្យនេះតាមរយៈនូវដំណាក់កាលខ្លះ ដែលខ្ញុំនឹងជម្រាបជូននៅបន្តិចទៀតនេះ។ ខ្ញុំក៏សូមអរគុណចំពោះសប្បុរសជននានាដែលបានគាំទ្រសម្រាប់ការអំពាវនាវរបស់ខ្ញុំ ក៏ដូចជាជូនចំពោះឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានយល់ស្របតាមសំណើរបស់ខ្ញុំ ទម្លាក់ថវិកា ៣០ លានដុល្លារសម្រាប់មកកាន់ទីនេះ។
ដូចដែលឯកឧត្ដម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍ វាពិតជាមានទំនាក់ទំនងជាមួយខ្ញុំពិតប្រាកដមែន។ នៅពេលនោះ ម្ដាយក្មេករបស់ខ្ញុំត្រូវយកមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនេះ។ មូលហេតុនេះ ធ្វើឲ្យខ្ញុំខកខានមិនបានចេញទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ (ពេលនោះ មេគង្គ-កូរ៉េ បានលើកកម្រិតពីថ្នាក់រដ្ឋមន្រ្តីការបរទេស ទៅជាថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល)។ ខ្ញុំបានប្រាប់ប្រធានាធិបតី Moon Jae-in កាលពីពេលនោះថា ឯកឧត្ដមគួរតែលើកកម្រិតពីថ្នាក់រដ្ឋមន្រ្តីការបរទេសទៅថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលតែម្ដងទៅ។ ខ្ញុំមិនចង់ឲ្យកូរ៉េ ដែលខ្ញុំជាស្ថាបនិកនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងកូរ៉េ ដើរក្រោយគេនោះទេ ក្នុងពេលដែលជប៉ុនមានថ្នាក់កំពូលរួចទៅហើយ ចិនមានឡានឆាង-មេគង្គក៏មានថ្នាក់កំពូល និងផ្នែកដទៃទៀតក៏មានថ្នាក់កំពូល។
ដោយមិនអាចនឹងមិនគិតអំពីម្ដាយក្មេករបស់ខ្លួនដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ (ខ្ញុំក៏បាន)ខកខាន(ទៅចូលរួម)នៅពេលនោះ។ ខ្ញុំក៏បានឃើញអគារដែលកំពុងសាងសង់។ ខ្ញុំសួរទៅវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យ ឈាង រ៉ា ថា តើអគារខាងមុខដែលកំពុងសាងសង់នេះគម្រោងប៉ុន្មានឆ្នាំកសាងហើយ? គាត់បាននិយាយថាប្រហែលជា១០ ឆ្នាំ … ព្រោះត្រូវការលុយប៉ុន្មានអីប៉ុន្មាននោះ។ ខ្ញុំបានគិតថា បើពឹងពាក់ទៅលើសមត្ថភាពធនធានរបស់មន្ទីរពេទ្យកាល់ម៉ែតពិតជាមិនអាចទៅរួចទេ។ ស្ថានភាពមន្ទីរពេទ្យកាល់ម៉ែតរបស់យើងពិតជាមន្ទីរពេទ្យដែលចាត់ទុកថាពហុបច្ចេកទេសនៅទីនេះ ប៉ុន្តែមន្ទីរពេទ្យរបស់យើងមិនមានសមត្ថភាពគ្រប់គ្រាន់។ ធនធានមនុស្សមាន ប៉ុន្តែយើងខ្វះសម្ការបច្ចេកទេសនិងកន្លែងព្យាបាល។
ដូច្នេះហើយ ខ្ញុំក៏ទូរស័ព្ទទៅឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដែលថ្ងៃនេះក៏មានវត្តមានដែរ ដើម្បីសួរបញ្ជាក់អំពីស្ថានភាពថវិកា។ និយាយតាមត្រង់ ពេលនោះនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ យើងមានសាច់ប្រាក់សន្សំប្រមាណ ៣ ៥០០ លានដុល្លារ ក្រោយពេលដែលយើងបានដក ៣០០ លានដុល្លារ ទៅដាក់លើម៉ាស៊ីនភ្លើង ៤០០ MW នៅទីក្រុងភ្នំពេញ និងប៉ុន្មានរយលានដុល្លារបញ្ជូនទៅខេត្តព្រះសីហនុ។ ខ្ញុំបានពិភាក្សាជាមួយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ថាសុំដាក់ ៣០ លានដុល្លារចូលមកកាន់(មន្ទីពេទ្យ)នេះ។ ជាមួយនោះ ដូចដែលឯកឧត្ដម ម៉ម ប៊ុនហេង បានលើកឡើងអម្បាញ់មិញ ពីការបរិច្ចាគដើម្បីជីវិតមនុស្ស ដោយខ្ញុំនឹងចលនា។ សប្បុរសជនមួយចំនួនបានចូលតាមរយៈគណបក្សប្រជាជនចំនួន៣០ លានដុល្លារ។ គណបក្សប្រជាជនក៏បានបញ្ជូនមកទីនេះចំនួន៣០ លានដុល្លារ។ អញ្ចឹង ទាំងរាជរដ្ឋាភិបាលនិងខាងគណបក្ស ដែលសប្បុរសជនបានចូលរួម យើងបាន៦០ លានដុល្លារ។
យើងក៏ធ្វើការអំពាវនាវតាមរយៈហ្វេសប៊ុករបស់ខ្ញុំ ហើយក៏បានទទួលនូវការចូលរួម។ ខ្ញុំគួរតែនិយាយថា ពេលនោះ អ្នកដែលចូលរួមខ្ពស់ជាងគេគឺ ៣ លានដុល្លារ ទាបជាងគេគឺ ២០ ម៉ឺនរៀល ស្មើនឹង ៥០ ដុល្លារ។ មានសំណូមពរជាច្រើនថា សុំឲ្យបើកលេខកុងខ្មែរដើម្បីទទួលយកការបរិច្ចាគពីសប្បុរសជន។ ខ្ញុំបានមើលក្នុងបញ្ជីអម្បាញ់មិញនេះ ឃើញថា សប្បុរសជននៅខេត្តបន្ទាយមានជ័យ លោក ខាន់ សាវ៉ាត និងលោកស្រី លឹម ហួរ ក្រឡាបញ្ជីខេត្តបន្ទាយមានជ័យ ចំនួន ២០ ម៉ឺនរៀល។ លោក ហ៊ុម ភ័ណ និងលោកស្រី រឿន ស្រីស្រស់ ក្រឡាបញ្ជីខេត្តបន្ទាយមានជ័យ ចំនួន ២០ ម៉ឺនរៀល។ លោក វិន វិបុល និងលោកស្រី ចន សំណាង ក្រឡាបញ្ជីខេត្តបន្ទាយមានជ័យ ចំនួន ២០ ម៉ឺនរៀល។ ឯក្រៅពីនោះ មានចូលជាដុល្លារ ៥០ៗ ហើយក៏មានអ្នកចូលជា ២០ម៉ឺនៗ ពីបន្ទាយមានជ័យមកនិងមានអ្នកដទៃទៀត។ ខ្ញុំគ្រាន់តែលើកឧទាហរណ៍។
(២) ថវិកាសរុបសំរាប់ការសាងសង់មន្ទីពេទ្យមាន១០២លាន៨សែន ដុល្លារ និង២៨១ លានរៀល
អ្នកដែលចូល៣ លានដុល្លារៗ ក៏មានចំនួនច្រើន។ សរុបទៅ យើងមានសប្បុរសជនទាំងអស់ចំនួន ២២៥ នាក់ ដែលចូលរួមវិភាគទានបានចំនួន៧៥ លាន និយាយលេខគត់។ ប៉ុន្តែ ដោយសារតែ ២នាក់ បានធ្វើការសន្យា ប៉ុន្តែមកដល់ពេលនេះមិនទាន់ផ្ដល់នូវថវិកានោះ ដោយម្នាក់(សន្យាថា)ចូល២ លាន និងម្នាក់ទៀត(សន្យាថា)ចូល២០ ម៉ឺន អញ្ចឹងយើងដកចេញនូវចំនួនអ្នកដែលបានចូល តែក៏មិនទាន់បានប្រើប្រាស់គឺយើងនៅសល់ ២២៣ រូប ដែលមានចំនួនទឹកប្រាក់ចំនួន៧២ លាន និយាយលេខគត់ (៧២ លាន ៨ សែន)។ ដល់ទៅគិតទៅថវិការបស់រាជរដ្ឋាភិបាល៣០ លាន ថវិកានៅទីនេះត្រូវបាន ១០២លាន៨សែន។ បើគិតទាំងអំណោយផ្សេងៗ ក្នុងនោះមានក្រុមហ៊ុនឌីណាមិចគ្រុប ឧបត្ថម្ភជាសំភារៈសម្រាប់បន្ទប់បច្ចេកទេស មានចំនួន ១លាន២សែន។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឧបត្ថម្ភជាសំភារៈនិងពលកម្មសម្រាប់ប្តូរទីតាំងនាឡិកាទឹក និងប្តូរទំហំបំពង់នៅមុខការដ្ឋានសំណង់អគារពហុបច្ចេកទេស អស់ទឹកប្រាក់៧៤ លានរៀលជាង។ បើយើងពិនិត្យអំពីថវិកាដែលយើងទទួលបាន យើងទទួលបាននូវថវិកាជាក់ស្តែងមាន ១០២លាន៨សែន ដុល្លារ បូកនឹង ២៨១ លាន ជាប្រាក់រៀល។ នេះជាចំនួនទឹកប្រាក់ដែលខ្ញុំត្រូវប្រកាស។
(៣) ចំណាយអគារអស់ ៧០លាន៣សែន, បំពាក់សម្ភារៈអគារមានស្រាប់ ១១លាន៨សែន
ដូចដែលឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងអម្បាញ់មិញ ការសាងសង់នេះបានប្រើប្រាស់ថវិកាសរុបតែផ្នែកអគារនៅទីនេះអស់ ៧០លាន៣សែន និយាយលេខគត់ ប៉ុន្តែយើងនៅធ្វើទំនើបកម្មអគារដែលមានស្រាប់ ដែលពេលនោះក៏មានការចង្អុលបង្ហាញរបស់ខ្ញុំឲ្យបំពាក់សំភារៈ។ យើងបានចំណាយ១១ លាន៨ សែនជាង។ អញ្ចឹងចំនួនដែលយើងចំណាយទាំងអស់ មានចំនួន ៨២លាន១សែន៧៥ម៉ឺន១៤៩។ ថវិកាដែលនៅសល់មានចំនួន ២០លាន៦សែន៣ម៉ឺន០ពាន់៨៨៦ដុល្លារ និងប្រាក់រៀល ២០៧,០០០,០០០ ថែមទៀត។ សង្ឃឹមថាមន្ទីរពេទ្យនឹងរៀបចំបន្ថែម ដែលមានគោលបំណងធ្វើអគារផ្សេងសម្រាប់អ្នកជំងឺនៅក្នុងប្រទេសរបស់យើង។
(៤) ពង្រឹងសមត្ថភាពសុខាភិបាលដើម្បីជីវិតមនុស្ស មិនរង់ចាំជំនួយបរទេសទេ
ខ្ញុំសូមយកឱកាសនេះ អរគុណជាមួយនឹងសប្បុរសជនទាំងអស់ ទាំងអ្នកចូលច្រើននិងអ្នកចូលតិច និងអ្នកចូលជាសំភារៈ ដើម្បីពង្រឹងសមត្ថភាពវិស័យសុខាភិបាលរបស់យើង ដើម្បីជីវិតមនុស្ស។ ទោះបីថាប្រទេសយើងក្រ ក៏ប៉ុន្តែយើងក្រទ្រព្យសម្បត្តិ តែកុំឲ្យក្រចិត្ត។ អ្វីដែលយើងធ្វើបាន យើងត្រូវធ្វើ។ មិនបាច់រង់ចាំ សូម្បីតែប្រាក់បន្តិចបន្តួចក៏យើងរង់ចាំជំនួយបរទេសនោះទេ។ ក្នុងរយៈកាលកន្លងទៅនេះ យើងបានពង្រឹងសមត្ថភាពនៃបណ្តាមន្ទីរពេទ្យនានា មន្ទីរពេទ្យនៅទីនេះក៏ធ្វើ ហើយក្នុងរយៈពេលកូវីដ-១៩ យើងក៏បានទិញយកមន្ទីរពេទ្យមួយ ដែលបច្ចុប្បន្នហៅថា មន្ទីរពេទ្យហ្លួងម៉ែ ឯកទេសព្យាបាលខាងផ្នែកមហារីក។ ពេលនោះក៏មានសប្បុរសជនចូលរួម រាប់ទាំងព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនិងហ្លួងម៉ែ ផងដែរ ក្នុងការទិញយកមន្ទីរពេទ្យ និងបំពាក់សំភារៈបច្ចេកទេសព្យាបាលកូវីដ-១៩។ ឥឡូវយើងប្រែក្លាយទៅជាមន្ទីរពេទ្យខាងផ្នែកមហារីក។
(៥) ថវិកាផ្សារភ្ជាប់គោលនយោបាយក្នុងវិស័យសុខាភិបាលនិងអប់រំ នៅតែជាអាទិភាព
យើងក៏នៅធ្វើមន្ទីរពេទ្យថ្នាក់ជាតិមួយទៀត នៅខាងក្រៅក្រុងមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់ ១ម៉ឺនគ្រែ ដែលអាចចាត់ទុកថា ជាមន្ទីរពេទ្យដែលធំបំផុតនៅក្នុងប្រទេសកម្ពុជា។ មន្ទីរពេទ្យក្នុងទីក្រុងរបស់យើង រាប់ទាំងមន្ទីរពេទ្យកាល់ម៉ែត មានសមត្ថភាពទទួលត្រឹមតែ ៥០០០ ឬ៦០០០ នាក់តែប៉ុណ្ណោះ។ យើងកំពុងតែសាងសង់។ ជិតរួចរាល់ហើយ។ ជាមួយនឹងមន្ទីរពេទ្យដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតទៅដល់ ១ម៉ឺនគ្រែ។ វាស្ថិតនៅក្នុងដំណាក់កាលថវិកាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ។ បើទោះបីជាឥឡូវនេះថវិកានេះ ត្រូវបានប្តូរឈ្មោះទៅកាន់ការពង្រឹងដំណាក់កាលចុងក្រោយ ក៏ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ថវិកាផ្សារភ្ជាប់នឹងគោលនយោបាយនេះនៅតែបន្ត។ វិស័យសុខាភិបាល និងវិស័យអប់រំ នៅតែជាវិស័យអាទិភាព សម្រាប់ប្រទេសរបស់យើង។ ឥឡូវយើងមានមន្ទីរពេទ្យនៅទីនេះ វាអាចកាត់បន្ថយបាននូវការលំបាករបស់ប្រជាជន សង្គ្រោះជីវិតមនុស្ស។ យើងចោទចេញជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់ទៅ ដែលមានលទ្ធភាពទៅព្យាបាលនៅប្រទេសក្រៅ? តិចណាស់ បើដូច្នោះត្រូវពង្រឹងសមត្ថភាពមន្ទីរពេទ្យនៅក្នុងស្រុក។
(៦) អរគុណ កាល់ម៉ែតធ្វើសកម្មភាពរយៈពេលជាង៤៤ឆ្នាំកន្លងទៅ
របាយការណ៍បានឲ្យយើងឃើញអំពីទីមុខងារនៅធគារនៃជាន់ទាំង១២ … ខ្ញុំមិនចាំបាច់រំលឹកឡើងវិញទេ។ សូមអរគុណចំពោះមន្ទីរពេទ្យកាល់ម៉ែត ដែលបានធ្វើសកម្មភាពរយៈពេលជាង៤៤ ឆ្នាំកន្លងទៅ។ កូនរបស់ខ្ញុំ ដែលពួកគេរស់រានមានជីវិតរហូតមកដល់ពេលនេះ គឺមាន ៣ នាក់ បានកើតក្នុងមន្ទីរពេទ្យនេះ ឯចៅរបស់ខ្ញុំ គឺមានចៅដូចជា ៥ នាក់ បានកើតនៅក្នុងមន្ទីរពេទ្យនេះ។ ចៅស្រីច្បងកើតក្នុងមន្ទីរពេទ្យនេះ ហើយចៅបន្ទាប់ៗទៀត ខ្ញុំតែងតែមកបីគេ។ ភរិយាខ្ញុំមានជំងឺ ខ្ញុំមានជំងឺក៏មកមន្ទីរពេទ្យហ្នឹង។ ឥឡូវមន្ទីរពេទ្យនេះ ត្រូវបានធ្វើទំនើបកម្ម អគារមន្ទីរពេទ្យនេះ កាលពីដើម យើងមកចូលតាមទ្វារនេះ យើងមានអគារមួយជាប់ខាងឆ្វេងដៃហ្នឹង ឡើងកន្ទ្រួកហើយ។ ប៉ុន្តែពេលនោះ យើងមានសមត្ថភាពត្រឹមតែប៉ុណ្ណឹង។ ជួសជុល ធ្វើវាសិន។
ឥឡូវយើងមានសមត្ថភាពធ្វើទៅក្រោមដី២ ជាន់ និងទៅខាងលើ មានកន្លែងចុះឧទ្ធម្ភាគចក្រទៅទៀត។ រំពឹងថា មិនមែនខ្ញុំទេ ដែលត្រូវគេដឹកតាមឧទ្ធម្ភាគចក្រមកមន្ទីរពេទ្យនោះ។ សង្ឃឹមអញ្ចឹងចុះ។ ប៉ុន្តែអាចនឹងមានអ្នកជំងឺដទៃទៀត ដែលត្រូវសង្គ្រោះបន្ទាន់ ហើយដឹកតាមឧទ្ធម្ភាគចក្រ។ ក៏មិនភ្លេចផងដែរថា មិត្តភក្តិដែលអញ្ជើញមកទីនេះ ពេលមានតម្រូវការ ច្បាស់ណាស់ថា នឹងត្រូវរត់រកមន្ទីរពេទ្យកម្ពុជាមុនហើយ។ ដូចឯកឧត្តម Atsushi UENO គឺមិនមែនទៅតូក្យូភ្លាមទេ ច្បាស់ជាចូលមន្ទីរពេទ្យណាមួយក្នុងចំណោមមន្ទីរពេទ្យស្រុកខ្មែរសិនហើយ។ ជប៉ុន និងបារាំង សុទ្ធតែទំនើបហើយ ប៉ុន្តែបើសិនឯកឧត្តមឈឺ គឺមិនមែនបានសេចក្តីថា ហោះទៅប៉ារីសទាន់ពេលទេ ច្បាស់ជាចូលនៅហ្នឹងហើយ។
(៧) មន្ទីរពេទ្យមានសមត្ថភាពសង្គ្រោះពិនិត្យព្យាបាល បង្កើតជំនឿទុកចិត្តពីអ្នកការទូត វិនិយោគិន អ្នកទេសចរ
អញ្ចឹងទេការកសាងបានមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាល វាមិនមែនគ្រាន់ជាបញ្ហាដាច់ដោយឡែករបស់ប្រជាជនកម្ពុជាទេ តែវាជួយក្នុងការបង្កើតជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការក្នុងប្រទេសរបស់យើង បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា ដែលគេមកប្រទេសរបស់យើង បង្កើតបាននូវជំនឿទុកចិត្តសម្រាប់អ្នកទេសចរ ដែលមកកាន់ប្រទេសរបស់យើង។ នោះហើយដែលយើងត្រូវខិតខំរួមគ្នា ធ្វើឱ្យវិស័យសុខាភិបាលរបស់យើងឆ្លើយតបបានទៅនឹងតម្រូវការសម្រាប់ប្រជាពលរដ្ឋខ្លួនឯងផង និងសម្រាប់ទិដ្ឋភាពផ្សេងទៀត ដូចដែលខ្ញុំបាននិយាយអម្បាញ់មិញ។ ជនបរទេសក៏ត្រូវការ អ្នកវិនិយោគិនក៏ត្រូវការ អ្នកទេសចរក៏ត្រូវការ។ បើសិនជាមុននឹងទៅប្រទេសណាមួយគេសុទ្ធតែចង់ដឹងយើង ថាយើងគ្រុបឈាមអី គេត្រូវដឹង ព្រោះក្រែងលោទៅដល់ស្រុកគេហ្នឹងវាមានបញ្ហាអីគេងាយរកឈាមចាក់ឱ្យយើងភ្លាម។ ឯយើងក៏សួរពីគេដែរ តើមេដឹកនាំរបស់អ្នកឯង អ្នកឯងមកហ្នឹងឈាមរបស់អ្នកឯងស្អី? ក្រែងលោមានបញ្ហាទៅ យើងយកមកដល់មន្ទីរពេទ្យ យើងមានឈាមចាក់ឱ្យគេតាមគ្រុបឈាមតែម្តង …។
(៨) ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យទី១ គឺគិតដល់ជិវិតមនុស្សជាសំខាន់
យើងមានមន្ទីរពេទ្យល្អហើយ តែអ្វីដែលត្រូវល្អសំខាន់ទៅទៀតនោះ គឺត្រូវមានគ្រូពេទ្យល្អ ទើបអាចដោះស្រាយបានបញ្ហា។ ដើម្បីឱ្យយើងអាចមានមន្ទីរពេទ្យ មានសម្ភារៈបច្ចេកទេសល្អ វាលំបាកណាស់។ ចាំបាច់ណាស់វាត្រូវមានចំណុច២ ដូចដែលខ្ញុំទៅចែកសញ្ញាបត្រឱ្យគ្រូពេទ្យរបស់យើងកាលពីប៉ុន្មានថ្ងៃមុន៖ ទី១ គឺក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យរបស់យើង ដែលទាមទារត្រូវគិតដល់ជីវិតមនុស្សជាសំខាន់។ យើងធ្វើពេទ្យ ដើម្បីសង្គ្រោះជីវិតមនុស្ស នេះជាសីលធម៌ចម្បងរបស់ក្រុមគ្រូពេទ្យ។ ខ្ញុំសង្ឃឹមថាគ្រូពេទ្យដែលគេបានប្រសិទ្ធិនាមក្នុងដំណាក់កាលកូវីដ-១៩ ថា «កងទ័ពអាវស» មិនធ្វើឱ្យកិត្តិយសត្រូវបាត់បង់ត្រឡប់ទៅវិញនោះទេ។ ករណីដាច់ដោយឡែកខ្លះគឺវាជារឿងបុគ្គល មិនមែនជាក្រុមគ្រូពេទ្យរាប់ម៉ឺននាក់នោះទេ។ ខ្ញុំអំពាវនាវឱ្យក្រុមគ្រូពេទ្យរបស់យើងគឺពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយយកការបម្រើប្រជាជនធ្វើជាស្នូល ធ្វើជាគោលដៅនៃការធ្វើសកម្មភាពសម្រាប់គ្រូពេទ្យ។
ខ្ញុំក៏យល់។ គ្រូពេទ្យមិនខុសពីកងទ័ព មិនខុសពីនគរបាល មិនខុសពីអាវុធហត្ថនោះទេ គេសប្បាយចូលឆ្នាំ គេសប្បាយនូវពិធីបុណ្យនានា ប៉ុន្តែគ្រូពេទ្យត្រូវប្រចាំការ។ ដូចជាពេទ្យឆ្មបត្រូវប្រចាំការសម្រាប់ការសម្រាលកូនរបស់អ្នកដែលមានផ្ទៃពោះ។ គ្រូពេទ្យត្រូវនៅប្រចាំការជាមួយអ្នកដែលមានជំងឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់។ ខ្ញុំសុំកោតសរសើរ។ ខ្ញុំក៏ធ្លាប់មានប្រពន្ធជាគ្រូពេទ្យដែរ។ ថ្ងៃមុនខ្ញុំនិយាយថាយើងប្រឹងទៅពីណាពីណីដើម្បីជួបប្រពន្ធ ប៉ុន្តែប្រពន្ធរវល់តែព្យាបាលជំងឺ។ ដូច្នេះធ្វើម៉េចបានជួបទៅ? រួចទម្រាំតែគេមកដល់ឯងដេកលក់បាត់។ ទោះបីគ្រូពេទ្យជំនាន់ហ្នឹង ជាគ្រូពេទ្យជំនាន់ដំណាក់កាលដ៏លំបាក ក៏ប៉ុន្តែក៏នៅតែការព្យាបាលជំងឺ។ បើទោះបីប្រសិទ្ធភាពប៉ុណ្ណាអីប៉ុណ្ណាក៏ដោយ។ ខ្លួនខ្ញុំក៏ធ្លាប់វះកាត់ភ្នែក នៅក្នុងដំណាក់កាលនោះដែរ។
អ្វីដែលជាសំណូមពររបស់ខ្ញុំចំពោះក្រុមគ្រូពេទ្យ ហើយក៏សំណូមពរចំពោះនិស្សិតដែលកំពុងធ្វើកម្មសិក្សានៅទីនេះ និងកំពុងរៀងក្មួយៗ កូនៗចៅៗត្រូវចាំណាស់ ធ្វើគ្រូពេទ្យដើម្បីសង្គ្រោះជីវិតមនុស្ស។ សង្ឃឹមថាចៅៗដាក់ចិត្តដាក់កាយ យើងត្រៀមខ្លួនបម្រើប្រជាជនសង្គ្រោះជីវិតប្រជាជន។ នៅពេលដែលចៅៗ កំពុងតែធ្វើកម្មសិក្សានៅមន្ទីរពេទ្យនេះ ឥឡូវមន្ទីរពេទ្យវាកាន់តែធំ ផ្តល់ឱកាសកាន់តែច្រើនសម្រាប់និស្សិតធ្វើកម្មសិក្សានៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។ ជាមួយនឹងការធ្វើដំណើរទៅធ្វើកម្មសិក្សានៅមន្ទីរពេទ្យនេះមន្ទីរពេទ្យនោះ មន្ទីរពេទ្យកាល់ម៉ែតនេះ ក៏បានផ្តល់ឱកាសសម្រាប់និស្សិតមកធ្វើកម្មសិក្សានៅទីនេះរហូតទៅដល់ជាង ២០០០នាក់។ អញ្ចឹងឥឡូវមន្ទីរពេទ្យកាន់តែធំអាចផ្តល់ឱកាសឱ្យនិស្សិតពេទ្យរបស់យើង មកទទួលយកការបណ្តុះបណ្តាលធ្វើកម្មសិក្សានៅទីនេះ។ រៀនទ្រឹស្តីតាមសាលា ក៏ប៉ុន្តែមកធ្វើកម្មសិក្សាជាក់ស្តែងនៅតាមបណ្តាមន្ទីរពេទ្យ។
(៩) បច្ចេកទេសត្រូវតែបានគ្រប់គ្រងដោយក្រមសីលធម៌មួយជាចាំបាច់
ចំណុចទី១ នេះជាចំណុចពិសេស ដែលខ្ញុំធ្លាប់និយាយហើយថា បច្ចេកទេសបើគ្មានការគ្រប់គ្រងដោយក្រមសីលធម៌មួយទេ បច្ចេកទេសនឹងនាំទៅដល់គ្រោះថ្នាក់។ ឧទាហរណ៍៖ ពួកធ្វើភេរវកម្ម អ្នកដែលធ្វើភេរវកម្មមិនមែនអ្នកខ្វះចំណេះដឹងទេ គឺសុទ្ធតែអ្នកមានបច្ចេកវិទ្យាខ្ពស់តែម្តង។ យើងឧទាហរណ៍៖ ក្រុម Bin laden ដែលប្រើប្រាស់នូវយន្តហោះបុកអគារនៅទីក្រុង New York ពួកនោះមិនមែនជាពួកដែលគ្មានការចេះដឹងទេ គេអាចបើកបរយន្តហោះបានដោយខ្លួនគេ។ គេអាចធ្វើលៃពេលវេលាម៉ោងស្អីសព្វយ៉ាងទាំងអស់ ដើម្បីកែច្នៃគ្រឿងផ្ទុះសម្រាប់បំផ្លិចបំផ្លាញ។ ផ្នែកមួយទៀតដែលខ្ញុំធ្លាប់និយាយហើយថា ឱសថការី អ្នកដែលផ្សំកើតទៅជាគ្រឿងញៀនមិនមែនអ្នកដែលខ្វះការចេះដឹងទេ គេអាចរកឃើញសារធាតុញៀនផ្សំអាគ្រឿងអីជាគ្រឿងអីបង្កើតទៅជាគ្រឿងញៀន ធ្វើឱ្យយុវជនប្រើប្រាស់គ្រឿងញៀន។ បច្ចេកទេសត្រូវតែបានគ្រប់គ្រងដោយក្រមសីលធម៌មួយជាចាំបាច់។
(១០) ដើម្បីវិជ្ជាជីវៈ ទី២ ត្រូវលើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ
ចំណុចទី២ ខ្ញុំអំពាវនាវអោយការលើកកម្ពស់សមត្ថភាពប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ។ សម័យនេះគឺជាសម័យកាលធ្វើទំនើបកាន់តែខ្ពស់។ ចំណុចនេះគឺជាចំណុចដែលទាមទារឱ្យក្រុមគ្រូពេទ្យរបស់យើងធ្វើការស្រាវជ្រាវ និងរៀនសូត្រប្រើប្រាស់នូវឧបករណ៍ទាំងនោះឱ្យបាន។ យើងទិញមកអាទំនើប ប៉ុន្តែបើសិនជាអត់ចេះប្រើវាស្មើនឹងអត់ បានជានៅពេលដែលយើងបំពាក់សម្ភារសុទ្ធតែមានអ្នកបច្ចេកទេសរបស់គេមកបង្ហាត់បង្ហាញយើង យើងចេះប្រើវាឱ្យបានត្រឹមត្រូវ។ ខ្ញុំពិតជាមានការវាយតម្លៃខ្ពស់ក្រុមគ្រូពេទ្យនៅកាល់ម៉ែតរបស់យើងនេះ អាចនឹងពេទ្យខ្លះទៀត ប៉ុន្តែជានិច្ចកាលខ្ញុំមកថតនៅពេទ្យកាល់ម៉ែត។ អ្វីដែលជាទិន្ន័យដែលទទួលបានពីមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលយកទៅវិភាគនៅមន្ទីរពេទ្យសាំងហ្កាពួរនិងមន្ទីរពេទ្យនៅប្រទេសដទៃទៀត ដែលគេធ្លាប់តាមដានសុខភាពរបស់ខ្ញុំ។
(១១) ពង្រីកសមត្ថភាពនៃការទទួលខុសត្រូវជាបណ្ដើរៗ រ៉ាប់រងដោយថវិការបស់ខ្លួន
អាចនិយាយបានថាបច្ចេកវិជ្ជាវាដូចគ្នា ប៉ុន្តែបើសិនជាយើងចេះប្រើវាអាចនឹងធ្វើការជាមួយប្រទេសដទៃទាន់ពេល។ បើយើងវិភាគ(រោគសញ្ញា)អត់ត្រូវ យើងប្រើវាអត់កើត។ ដូចនេះត្រូវលើកកំពស់ចំណេះដឹងឱ្យកាន់តែខ្ពស់ឡើងៗ ជារឿងចាំបាច់។ ខ្ញុំគិតថាពួកយើង (ប្រើពាក្យពួកយើងតែម្ដង) ដែលសល់ពីស្លាប់ជំនាន់ អាពត ដែលបានរស់រានមានជីវិតទាំង ជីដូន ជីតា ឪពុក ម្ដាយ រហូតមកដល់ពេលនេះ ច្បាស់ជានឹងខិតខំអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាពគ្រប់ផ្នែក។ យើងនឹងបន្តរួមជាមួយគ្នា ដើម្បីជួយដល់ប្រជាជនឱ្យទទួលបាននូវសេវាសុខាភិបាលមួយដែលផ្ដល់នូវការរស់រានមានជីវិត និងសុខភាពល្អសម្រាប់ប្រជាពលរដ្ឋទូទៅ។ ខ្ញុំនៅតែបន្តនិយាយថាបញ្ហាត្រូវតែពង្រីកជាបណ្ដើរៗនូវសមត្ថភាពនៃការទទួលខុសត្រូវ រ៉ាប់រងដោយថវិការបស់ខ្លួន។
(១២) ឈ្នះសមរភូមិតែមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩
កូវីដ-១៩បានលេបត្របាក់លុយរបស់យើងសន្សំច្រើនណាស់ តែវាជាភារកិច្ចទទួលខុសត្រូវរបស់យើង ក្នុងការជួយដល់ប្រជាពលរដ្ឋ អោយមានវ៉ាក់សាំងចាក់ កាត់បន្ថយកម្រិតការស្លាប់។ គួរឱ្យសោកស្ដាយ(ដែលយើងបានបាត់បង់)អស់ ៣ ០៥៦ នាក់ ក្នុងរយៈដ៏ខ្លីនៃដំណាក់កាលកូវីដ-១៩។ យើងគ្រប់គ្រងបានកូវីដ-១៩ បើទោះបីថាឥឡូវមាននៅសល់ការឆ្លង។ កូវីដ-១៩ អត់ទាន់ទៅណាទេ តែយើងបានត្រួតត្រាវា។ យើងទើបនឹងឈ្នះសមរភូមិទេ មិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ទេ។ យើងត្រូវបន្តរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកាចសាហាវនេះ។ ទន្ទឹមនេះដែរ យើងមិនដឹងថា តើការប្រែប្រួលអាកាសធាតុដែលកំពុងកើតមានវាបានបង្កជាជំងឺអីថែមទៀតសម្រាប់ពិភពលោក ក៏ដូចជាសម្រាប់កម្ពុជារបស់យើង។
(១៤) កន្លែងមានសមត្ថភាពស្រាវជ្រាវ/វិភាគរោគ មានកាន់តែច្រើន
នៅក្នុងប្រទេសរបស់យើង មានសមត្ថភាពស្រាវជ្រាវនិងធ្វើវិភាគស្អីៗកាន់តែច្រើន។ ពីមុនផ្នែកខាងការធ្វើតេស្តរកជំងឺមានតែវិទ្យាស្ថានប៉ាស្ទ័រទេ។ ឥឡូវយើងមានច្រើនកន្លែងផ្សេងទៀតសម្រាប់ការធ្វើតេស្ត ដូចជាការធ្វើតេស្តកូវីដ-១៩។ កាលពីមុនយើងមានតែប៉ាស្ទ័រតែមួយ ម៉ោង២យប់ ទើបយើងដឹងថាមានចំនួនឆ្លងប៉ុន្មាន។ ក្រោយមក យើងមានបន្ថែម២ កន្លែងផ្សេងទៀត ដើម្បីទទួលបាននូវការធ្វើតេស្ដសម្រាប់ទីក្រុងភ្នំពេញ។ យើងពង្រាយកន្លែងធ្វើតេស្តទៅកាន់កន្លែងផ្សេង រាប់ទាំងការផលិតអុកស៊ីសែន ដែលមុននេះត្រូវបញ្ជូនចេញពីទីក្រុងភ្នំពេញទៅកាន់បណ្ដាខេត្ត។ ឥឡូវយើងក៏ពង្រឹងសមត្ថភាពនូវតាមបណ្ដាខេត្តក្នុងការផលិតអុកស៊ីសែនសម្រាប់ផ្ដល់ឱ្យអ្នកជំងឺ ដែលត្រូវការការព្យាបាល។
(១៥) នឹងចុះសួរសុខទុក្ខកម្មករ/ការនី ក្រោយកូវីដ១៩ នៅ ១៨គោលដៅ
ខ្ញុំមិនចង់យកពេលបន្ថែមទេ។ ម្សិលមិញខ្ញុំបាននិយាយទៅកាន់កម្មករ/ការនីជាង៤ ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេស។ ថ្ងៃនេះខ្ញុំមកចូលរួមការសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមន្ទីរពេទ្យនៅទីនេះ ហៅថាអគារតេជោអភិវឌ្ឍន៍។ ថ្ងៃស្អែកនឹងសម្ពោធសាកលវិទ្យាល័យវិចិត្រសិល្បៈមួយថ្មី ដែលមុននេះវាតូចពេក … បន្ទាប់ទៅនៅក្នុងអាទិត្យនេះថ្ងៃសុក្រ, សៅរ៍និងថ្ងៃអាទិត្យ ៣ថ្ងៃជាប់គ្នា ខ្ញុំនឹងទៅសួរសុខទុក្ខចំពោះកម្មករ/ការនីដែលគ្រោងទុកនៅពេលខាងមុខ។ ខ្ញុំនឹងត្រូវជួបជាមួយកម្មករ/ការនីនៅ១៨ គោលដៅ។ ឱកាសបានផ្ដល់ឱ្យយើងសម្រាប់ការជួបជុំសួរសុខទុក្ខចំពោះកម្មករ/ការនី។ ពីមុនខ្ញុំជួប ៧៧លើក ជាមួយនឹងកម្មករប្រមាណជា ១លាននាក់។ ឥឡូវខ្ញុំនឹងចុះទៅ(ជួបទៀត)។ ម្សិលមិញជួបម្ដងហើយជាង២ម៉ឺន ៤ពាន់នាក់។ មួយកន្លែងៗ គឺមានចាប់ពី១ម៉ឺន៥ពាន់នាក់ឡើងទៅលើ។ ពីមុននេះយើងមិនអាចទៅសួរសុខទុក្ខបានទេ។ កាលមុនពេលកូវីដ-១៩ទៅសួរសុខទុក្ខមានថតរូប ចាប់ដៃ ចាប់ជើងអីអញ្ចឹងទៅ។ ឥឡូវអត់ហ៊ានទេ សូម្បីតែមកអម្បាញ់មិញគឺយើងអត់ហ៊ានប៉ះគ្នាទេ មិនដឹងថាខ្ញុំកើតកូវីដ-១៩ឬអ្នកដទៃកើតកូវីដ-១៩ យើងរក្សាគម្លាតសិន។
ជាថ្មីម្ដងទៀត ខ្ញុំអរគុណចំពោះការចូលរួមនានា ដែលបានផ្ដល់ឱ្យយើងនូវចំនួនថវិកា ទី១ សំរាប់កសាងអគារនេះបំពាក់សម្ភារនៅក្នុងអគារនេះ ដែលអស់តម្លៃចំនួន៧០លាន(ដុល្លារ)ជាង និងធ្វើទំនើបកម្មអគារដែលមានស្រាប់អស់តម្លៃជិត ១២លាន(ដុល្លារ)។ ឥឡូវសល់ថវិកាចំនួន ២០លាន ៦សែន(ដុល្លារ) បូកនិងជាង២០០លាន(រៀល) ក្រុមប្រឹក្សាភិបាលត្រូវបន្តការងារនេះ ធ្វើម៉េចលើកកម្រិតនៃការដោះស្រាយសម្រាប់វិស័យសុខាភិបាលរបស់ប្រទេសយើង។ ខ្ញុំនៅតែបញ្ជាក់ក្រកុំឱ្យក្រទាំងចិត្ត។ កុំត្រឹមតែ ២០ម៉ឺន, ៣០ម៉ឺន, ១លាន, ២លាន យើងទៅសុំបរទេសដែរ។ យើងធ្វើបានខ្លួនឯងយើងធ្វើ។ ខ្ញុំបន់ស្រន់ចង់ឱ្យវិស័យឯកជនរបស់កម្ពុជារឹងមាំ។
ខ្ញុំសុំបញ្ជាក់ លុយកន្លែងនេះ បើទោះបីថាចូលតាមច្រកណាក៏ដោយ វិស័យឯកជនកម្ពុជាចូលច្រើនណាស់។ គ្រាន់តែមន្ទីរពេទ្យនេះ វិស័យឯកជនមួយចំនួនគឺជាង១០នាក់ដែលចូល(ក្នុងម្នាក់) ៣លាន(ដុល្លារ)។ ត្រូវពង្រឹងវិស័យឯកជនរបស់កម្ពុជាឡើង ដែលវិស័យឯកជននេះបានចូលរួមចំណែកក្នុងការការពារ ការអភិវឌ្ឍ ធ្វើឱ្យបង្កើតការងារធ្វើផង និងមួយផ្នែកទៀតប្រាក់ចំនេញរបស់ពួកគេបានចូលរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យអប់រំវិស័យសុខាភិបាល និងវិស័យដទៃទៀត។ ពេលដែលយើងប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ គឺថវិកាវិស័យឯកជនក៏បានចូលរួមជាមួយយើង។ ទិញមន្ទីរពេទ្យ ក៏មានវិស័យឯកជន(ចូលរួម)។ ទិញវ៉ាក់សាំងក៏មានវិស័យឯកជនចូលរួមជាមួយយើង។ មានលទ្ធភាពធ្វើបានគឺធ្វើ … បើខ្ញុំមានថវិកា មិនចាំបាច់ទៅខ្ចីពីប្រទេសដទៃឬទៅសុំពីប្រទេសដទៃទេ ប៉ុន្តែយើងមានមុខចំណាយច្រើនផ្សេងទៀតដែលត្រូវធ្វើ។
(១៧) សង្រ្គាមនិងការដាក់ទណ្ឌកម្មហួសកម្រិត ជាមូលហេតុធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ
បច្ចុប្បន្ននេះ កូវីដ-១៩ បានបំផ្លាញសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលបំផ្លាញធំជាងគេ គឺបញ្ហាសង្រ្គាមដែលបានកើតរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាមួយនឹងទណ្ឌកម្មហួសកម្រិត ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ទណ្ឌកម្ម វាបានបង្កើតនូវបញ្ហា មិនមែនអ្នកស្លាប់ជាប្រទេសដែលជាប់ទណ្ឌកម្មឯណា តែអ្នកស្លាប់ គឺប្រទេសដែលដាក់ទណ្ឌកម្មចំពោះគេ ក៏វាស្លាប់ ក៏វាប៉ះពាល់ខ្លួនឯង។ ឯយើងមិនដឹងអីនេះ ក៏វាប៉ះពាល់ដល់យើងដែរ។ ឥឡូវខ្ញុំលើកឧទាហរណ៍កូរ៉េខាងជើង។ ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ អញ្ចឹងទេ យើងត្រូវតែអនុវត្តជាកាតព្វកិច្ចដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង គឺក្រុមហ៊ុនកូរ៉េខាងជើងទាំងអស់ត្រូវចាកចេញពីកម្ពុជា។ ទាំងសារមន្ទីរ ទាំងភោជនីយដ្ឋាន និងក្រុមហ៊ុនមួយចំនួន។ ពលរដ្ឋកូរ៉េខាងជើងទាំងអស់ ត្រូវចាកចេញពីកម្ពុជា។ សូម្បីតែគ្រូកីឡារបស់កូរ៉េខាងជើង ក៏ត្រូវតែចាកចេញដែរ ព្រោះអាហ្នឹងជាកាតព្វកិច្ចដែលយើងត្រូវអនុវត្តន៍តាមសេចក្តីសំរេចនៃក្រុមប្រឹក្សាសន្ដិសុខ។ អញ្ចឹងទេ ទណ្ឌកម្មនេះ វាមិនមែនដាក់ទៅត្រូវតែប្រទេសដែលគេដាក់ហ្នឹងណា វាត្រូវតែទាំងអស់គ្នា។
ដោយហេតុនេះហើយ សេដ្ឋកិច្ចមិនទាន់(មានស្ថានភាព)ល្អខ្លាំងទេ។ យើងត្រូវធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើងអោយរឹងមាំឡើង តាមរយៈការយកវិធានការណ៍ឱ្យបានត្រឹមត្រូវ ជាមួយនឹងការជម្រុញកំណើនសេដ្ឋកិច្ច។ ក្នុងនោះ ក៏មានផ្នែកកិច្ចគាំពារសង្គមផងដែរ។ ម្សិលមិញ ខ្ញុំបានពង្រីកវិសាលភាពនៃការទទួលបានការឧបត្ថម្ភរបស់កម្មការិនីដែលមានផ្ទៃពោះ ពីការចាប់ផ្ដើមមានផ្ទៃពោះ រហូតទៅដល់កូនអាយុ ២ ឆ្នាំ ទាំងកម្មការិនីតាមរោងចក្រ ក៏ដូចជាស្រ្ដីក្រីក្រនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្សេងទៀតផងដែរ។ ទាំងអស់នេះ សុទ្ធតែជាបញ្ហាទាក់ទងគ្នា។ យើងផ្ដល់អាហារូបត្ថម្ភសម្រាប់ស្ដ្រីក្រីក្រនិងកម្មការិនី ដែលបានពង្រីកពីម្សិល ទៅមុខសញ្ញានេះបន្ថែម។ យើងនឹងចាយលុយទៅលើបញ្ហាហ្នឹង។ តែយើងមិនខ្លាចទេ។ វិនិយោគសំដៅជីវិតមនុស្ស សំដៅពង្រឹងនូវអាហារូបត្ថម្ភសម្រាប់កុមារ ក៏ដូចជាមាតា នោះក៏ជាផ្នែកមួយនៃការកាត់បន្ថយអត្រាស្លាប់កុមារនិងទារក នឹងធ្វើឱ្យកុមាររបស់យើងកើតឡើងមានសុខភាពល្អ …។
អំណោយ
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សាស្រ្តាចារ្យ បុគ្គលិកសរុប ១៩៧៨ នាក់ ក្នុងមា្នក់ៗជូនថវិកាចំនួន ១០ម៉ឺនរៀល។ ជូននិស្សិតកំពុងរៀនពេទ្យ និងនិស្សិតកម្មសិក្សាក្នុងមន្ទីរពេទ្យសរុប ២៩៩៧ នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនអ្នកជំងឺកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ១០៣៥ នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀល។ ជូនមន្ទីរពេទ្យកាល់ម៉ែតថវិកា ២០លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣លានរៀល។
(១៩) ដៃម្ខាងកសាងប្រទេស ក្នុងគំនាបទណ្ឌកម្ម ដៃម្ខាងទប់មិនអោយខ្មែរក្រហមវិលមកកាន់អំណាចវិញ
ខ្ញុំសូមអរគុណចំពោះប្រិយមិត្តបរទេស អគ្គរដ្ឋទូត អគ្គរាជទូត ក៏ដូចជាតំណាងមិត្តភក្ដិបរទេសទាំងអស់ ដែលបានមកចូលរួមនៅថ្ងៃនេះ។ សូមមើលសមិទ្ធផលរបស់កម្ពុជា។ យើងខ្ញុំក្រ ក៏ប៉ុន្តែ យើងខ្ញុំត្រដររស់។ ត្រដររស់តាំងពីនៅភ្នំពេញទទេរ។ មន្ទីរពេទ្យកាល់ម៉ែតហ្នឹង មកបោសសំអាត ធ្វើទេ(យកមក)ប្រើ។ ឥឡូវយើងខ្ញុំមានសមត្ថភាពបណ្ដើរៗ ចេះតែធ្វើបណ្ដើរៗ។ វាជាការងាយស្រួលណាស់សំរាប់ប្រធានាធិបតីនិងនាយករដ្ឋមន្រ្តីនៃប្រទេសអស់លោកអ្នក ព្រោះឡើងមក អ្វីៗមានទាំងអស់។ ឯងខ្ញុំចាប់ផ្ដើមពីទីក្រុងភ្នំពេញមានមនុស្ស ៧០នាក់។ ដល់ឆ្នាំ ២០០៤ ហើយ អាគារដែលខ្ពស់ជាងគេ មានតែ ៧ជាន់ទេ ហើយមានតែមួយទៀត។ ឥឡូវគ្រាន់តែមន្ទីរពេទ្យយើងខ្ញុំ ក៏មាន ១២ជាន់ដែរ។ មិនមែនអួតទេ ក៏ប៉ុន្តែចង់បង្ហាញអស់លោកអ្នកឱ្យបានដឹង។ នាយករដ្ឋមន្រ្តី ប្រធានាធិបតីរបស់អស់លោកអ្នក … គ្រាន់តែដាក់ចេញគោលនយោបាយទៅ អនុវត្តន៍ទៅ។ ឯពួកខ្ញុំនេះ ចាប់ផ្ដើមដៃម្ខាងទប់ខ្មែរក្រហមកុំឱ្យមកវិញ ដៃម្ខាងទៀត ត្រូវកសាងប្រទេស ចាប់ពីលេខសូន្យ។ ចាត់ទុកថា យើងខ្ញុំកសាងប្រទេសពីបាតដទៃទទេ ហើយបាតដៃហ្នឹងរបួសទៀត ត្រូវគេដាក់ទណ្ឌកម្ម។ ប៉ុន្តែ យើងខ្ញុំតោងធ្វើម៉េចឱ្យរស់។ សង្ឃឹមថា អស់លោកអាចមើលថា ចរិតរបស់ពួកយើងយ៉ាងម៉េច?
(២០) មិនព្រមលើកលែងទោសអោយ ដោយសារមិនទុកចិត្តអស់លោក
ម្សិលមិញ ខ្ញុំបាននិយាយហើយថា មានពេលខ្លះ អស់លោកទេ ជាអ្នកបង្កើតឧបសគ្គ។ ខ្ញុំនិយាយម្ដងទៀត រឿងអ្នកជាប់គុកបានយូរ ដោយសារអស់លោកស្រលាញ់គេពេក។ ខ្ញុំមិនព្រមលើកលែងទោស ដោយសារខ្ញុំមិនទុកចិត្តអស់លោក។ និយាយតាមមួយបែប នៅមុខអស់លោកតែម្ដង។ ម្សិលមិញថា ខ្ញុំនិយាយមុខទូតចិនទៅចុះ ថ្ងៃនេះនិយាយជាមួយនឹងទូតបារាំង ជប៉ុន និងទូតប្រទេសនានា និយាយឱ្យច្បាស់ជាមួយគ្នាអញ្ចឹង។ រឿងអីខ្ញុំត្រូវទុកចិត្តអស់លោក បើអស់លោកធ្វើការជាមួយខ្ញុំ ពេលចេញពីខ្ញុំ ក៏ទៅធ្វើការជាមួយនឹងពិរុទ្ធជន។ រួចហើយ អស់លោកគិតថាខ្ញុំជាស្អី? … អស់លោកគិតថា អាចចាប់ដៃហើយជាន់ជើងខ្ញុំបាន? អត់ទេ។ សូមបញ្ជាក់ជូនអស់លោក ថ្ងៃក្រោយឱ្យរាងចាល(ការធ្វើ)នយោបាយបែបហ្នឹង។ ឥឡូវពីថ្ងៃនេះទៅ ឱ្យតែអ្នកណាហ៊ានអន្តរាគមន៍ចំពោះបុគ្គលណា បុគ្គលហ្នឹងបើជាប់ទោសឧបមាថា ៥ឆ្នាំ ឱ្យវាជាប់គ្រប់ ៥ឆ្នាំ។ អត់ព្រមទេ។
(២១) កុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងប្រទេសអ្នក ជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា
កុំឲ្យមានការជ្រៀតជ្រែកកិច្ចការបរទេស។ នេះកិច្ចការរបស់ប្រទេសកម្ពុជា ហើយសុំមេត្តាកុំភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងប្រទេសអស់លោក ជាមួយនឹងកិច្ចការខ្លះដែលជាកិច្ចការរបស់កម្ពុជា។ ខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។ យើងនិយាយគ្នាដោយត្រង់ៗ ព្រោះជិតបោះឆ្នោតហើយ អស់លោកអាចស្រែកពីលិចស្រែកពីកើត។ អញ្ចឹងវារំខានដល់ពួកខ្ញុំដែរ។ ខ្ញុំត្រូវតែហ៊ាននិយាយព្រោះជួបមុខគ្នាហើយ (កុំអោយ)ថាលោក ហ៊ុន សែន បាននិយាយតែពីក្រោយខ្នង។ និយាយពីក្រោយខ្នង ក៏និយាយដាក់មេក្រូ ផ្សាយបន្តផ្ទាល់ដែរ។ ខ្ញុំបានបញ្ជាក់ហើយ នៅលើគោកនិយាយពន្យល់គ្នាស្តាប់មិនបាន។ ខ្ញុំក៏មានសិទ្ធិមិនព្រមយល់ អារឿងនៅក្នុងទឹកដែរ។ ហ្នឹងសិទ្ធិស្មើគ្នា។ អ្នកឯងមានសិទ្ធមិនជឿខ្ញុំ ខ្ញុំក៏មានសិទ្ធិមិនជឿអ្នកឯងដែរ។
(២២) ពីនេះដល់បោះឆ្នោតសូមស្ងៀមស្ងាត់ ដើម្បីប្រើប្រាស់វិធានក្នុងស្រុកដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា
ដូចជាករណីតុលាការកាត់ទោស រឿងអីដែលខ្ញុំត្រូវលើកលែងទោស ដោយសារតែខ្ញុំមិនជឿទុកចិត្តពួកបរទេសដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្ញុំ។ ខ្ញុំដឹកនាំប្រទេសនេះណា សូមជម្រាបជូន ខ្ញុំចាប់ផ្តើមអាជីពនៃមេដឹកនាំផ្តួលខ្មែរក្រហមតាំងអាយុ ២៥ ឆ្នាំ តាំងពីអស់លោកនៅជានិស្សិត ជាសិស្ស។ ខ្ញុំធ្វើរដ្ឋមន្រ្តីការបរទេសតាំងពីអាយុ ២៧ ឆ្នាំ។ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីតាំងពីអាយុ ៣២ ឆ្នាំ។ មកដល់ពេលនេះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តី ៣៨ ឆ្នាំជាង។ ពាក់កណ្តាលជីវិតជាង។ មិនមែនថ្នាក់ដល់ខ្ញុំល្ងង់ ហើយមិនចេះឆ្លើយតបជាមួយនឹងសភាពការណ៍ទេ។ សូមយល់ថាពីនេះដល់ការបោះឆ្នោត សូមអស់លោកស្ងៀមស្ងាត់ទុកឲ្យយើងខ្ញុំប្រើប្រាស់នូវវិធាននៅក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។
(២៣) នៅលើគោកអ្នកមិនយល់ពីខ្ញុំ ធ្វើខ្ញុំអាចយល់ពីអ្នកដែលនៅក្នុងទឹក
នេះជួបគ្នាទល់មុខ ដោយមានអ្នកខ្លះ មិនមែនទូតទាំងអស់ទេ ទូតអាស៊ាននៅស្ងាត់ស្ងៀម អត់មានអីនិយាយទេ ប៉ុន្តែមានទូតខ្លះចូលចិត្ត។ ខ្ញុំសូមបញ្ជាក់ជូន កម្ពុជាអត់ទៅស្នើសុំប្រទេសណាមកជ្រៀតជ្រែកកិច្ចការរបស់ប្រទេសខ្លួនទេ ហើយក៏មិនទទួលដែរ។ ក្រែងលោថ្ងៃក្រោយវាមានការប៉ះពាល់ យើងបានបើកក្បាលមេក្រូផ្សាយបន្តផ្ទាល់ហើយ និយាយតែម្តងទៅ ព្រោះខ្ញុំធុញទ្រាន់អារឿងបញ្ហាជ្រៀតជ្រែកនេះ។ នៅលើគោកសោះពន្យល់មិនព្រមយល់។ ឥឡូវអ្នកឯងនៅក្នុងទឹកខ្ញុំក៏អត់យល់ដែរ។ ខ្ញុំក៏មិនព្រមជឿអ្នកឯងដែរ។ មានសិទ្ធិដូចគ្នា។ ខ្ញុំត្រូវប្រើរូបមន្តតថ្លៃ។ អ្នកឯងជឿខ្ញុំឬអត់? បើអ្នកឯងមិនជឿ ខ្ញុំក៏មិនជឿអ្នកឯង។ ហ្នឹងគឺតែប៉ុណ្ណឹង។ អ្នកទាំងអស់ត្រូវមើលកម្ពុជាឲ្យផុតពីកម្ពុជា។ សុំកុំភ្លេចថាកម្ពុជាជាសមាជិកអាស៊ានកម្ពុជា មានសិទ្ធិវេតូ (Veto)។ តែកាលណាគ្មានកុងសង់ស៊ីស បានសេចក្តីថាអត់ដោះស្រាយបញ្ហាបានទេ។
អញ្ចឹងគោលដៅអ្នកឯងចង់បានអី? បើខ្ញុំមិនចង់ឲ្យនៅតែអត់។ អញ្ចឹងសុំមើលកម្ពុជាឲ្យផុតពីកម្ពុជា។ កម្ពុជាជាសមាជិកអាស៊ានដែលមានសិទ្ធិមិនព្រមចេញសេចក្តីថ្លែងការណ៍ណាមួយ។ ហ្នឹងគ្រាន់តែសុំពន្យល់គ្នាព្រោះអ្នកខ្លះមកធ្វើទូត មកធ្វើកិច្ចការខ្លះ មិនយល់អ្វីដែលហៅថារចនាសម្ព័ន្ធអាស៊ាន។ កុំភ្លេចថាសង្កត់កម្ពុជា ស្មើនឹងសង្កត់អាស៊ានដែរ។ កម្ពុជាគឺជាសមាជិកសកម្មមួយហើយក៏ទើបនឹងធ្វើប្រធានអាស៊ានចប់។ តែខ្ញុំមិនប៉ុនប៉ងធ្វើកាន់ញញួរលើកទី៤ ទេ។ ខ្ញុំកាន់ញញួរធ្វើប្រធានអាស៊ាន ៣ លើក តែខ្ញុំមិនប្រាថ្នាកាន់ញញួរនៅឆ្នាំ ២០៣២ ទេ ព្រោះវាឆ្ងាយពេក។ ប៉ុន្តែគ្រាន់តែផ្តាំផ្ញើថាសុំមើលកម្ពុជាឲ្យឆ្ងាយជាងកម្ពុជា គឺនៅក្នុងក្របខណ្ឌអាស៊ានដែលកម្ពុជាមានតួនាទីនៅទីនោះ។
(២៤) ដោយសារតែការជ្រៀតជ្រែក បានជាខ្មែរស្លាប់មនុស្សវាល់លាន
ខ្ញុំមិនមែនប្រដៅអស់លោក ឬថាមកព្រឹកនេះត្រូវមាត់លោក ហ៊ុន សែន ទេ។ ទោះបីគ្មានអស់លោក(មិនមក) ក៏ខ្ញុំនិយាយដែរ។ ត្រូវនិយាយហើយ ព្រោះកុំឲ្យវាពិបាកពេក។ ពាក្យខ្មែរគេថាសាំតាប៉ែ ក្នុងពេលដែលយើងជាប្រមុខនៃអង្គការនីតិប្រតិបត្តិមួយនៃប្រទេសឯករាជ្យអធិបតេយ្យ ហេតុអីបានជាអ្នកចូលចិត្តមកជ្រៀតជ្រែកកិច្ចការប្រទេសរបស់ខ្ញុំ។ ដោយសារតែការជ្រៀតជ្រែកហ្នឹងហើយបានជាខ្មែរស្លាប់មនុស្សវាល់លាននាក់។ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ តែគាំទ្ររដ្ឋប្រហារយោធារបស់ លន់ នល់ នៅឆ្នាំ ១៩៧០។ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យគោរពសិទ្ធិមនុស្ស តែគាំទ្រពួកខ្មែរក្រហមនៅឯអង្គការសហប្រជាជាតិ។ ប៉ុន្តែពួកគេបានបង្ហាញនូវការសោកស្តាយរឿងអតីតកាលទេ? គ្មាន សូម្បីមួយម៉ាត់។ គេបំភ្លេចចោល។ យើងចាប់ផ្តើមពិបាកណាស់ណា។ របបនាយករដ្ឋមន្រ្តីប្រពន្ធខ្ញុំធ្លាក់កូនអស់១ … អត់មានទឹកទេ។ ព្រលឹមឡើងយកទឹកពីទន្លេមេគង្គមកប្រើ។ មកដល់ខ្ញុំធ្លាប់តែយកទឹកឡើងលើផ្ទះមុនចេញទៅធ្វើការ តែថ្ងៃមួយប្រញាប់ចេញទៅ ប្រពន្ធខ្ញុំទៅយោងទឹកមករលូតកូនមួយបាត់ទៅ។ របបរដ្ឋមន្រ្តីការបរទេសកាលនោះតែ១៦ គីឡូទេ អង្ករ១០ គីឡូ ពោត៦ គីឡូ … ពេលហ្នឹងពេទ្យកាល់ម៉ែតទ្រុឌទ្រោម បាន ហុងគ្រី ជួយខ្លះអគារម្ខាងនៅខាងនោះ ដាក់ស្អីៗទៅ។ យើងក៏ទៅខ្លួនឯងផង ឆៃលីក៏បុគ្គលិកនៅហ្នឹងដែរ។ បង ហួត ជាវេង ដូចជាមកវិញ បងហួតជាវែងធ្វើឆ្មបឲ្យ៣ នាក់ ម៉ានិត ម៉ានី ស្រីពៅ កើតនៅបងហួតជាវែង។
(២៥) តាំងពីដាក់កែវភ្នែកជប៉ុនអស់រយៈពេល ៣៣ ឆ្នាំមកមិនដែលឈឺក្បាលសោះ
ប៉ុន្តែ ខ្ញុំអរគុណមិត្តជប៉ុនដែរ ដែលជួយធ្វើគ្រាប់ភ្នែកឲ្យខ្ញុំ។ ខ្ញុំគិតពេលវេលាតាំងពីឆ្នាំ ១៩៩០ រហូតដល់ឥឡូវ ៣៣ ឆ្នាំ ខ្ញុំអត់ដែលឈឺក្បាលដោយសារដាក់អាកែវភ្នែកហ្នឹងវាត្រូវ។ អញ្ចឹង បានខ្ញុំចង់ធ្វើម៉េច បើបានមិត្តជប៉ុនជួយមករៀបចំកន្លែងផលិតគ្រាប់ភ្នែកសិប្បនិមិត្តគឺល្អណាស់។ ពីដើមខ្ញុំឈឺភ្នែកណាស់ ឈឺក្បាល ហើយខ្ញុំតែងតែមានថ្នាំជាប់គឺ Analgin សម្រាប់បំបាត់ឈឺក្បាល ម្ខាង ganidan ក្រែងលោធ្វើទុក្ខពោះ។ តាំងពីខ្ញុំដាក់កែវភ្នែកជប៉ុនមកគឺថាអត់មានឈឺក្បាលទេ ..។ យើងដូចជាមានកន្លែងផលិតកែវភ្នែកដែរ? យើងឆ្លុះពីនេះទៅ យើងបញ្ជូនឲ្យគេផលិត។ ប៉ុន្តែខ្ញុំត្រូវទៅតូក្យូ។ ឥឡូវខ្ញុំប្រើអស់ពេលហើយ។ ថ្ងៃមុនទូតជប៉ុនប្រាប់ថាផលិតឲ្យថែមទៀត។ ខ្ញុំនឹងទៅតូក្យូដើម្បីឲ្យគេផលិត។ គ្រាប់ភ្នែកហ្នឹងល្អ។ ឥឡូវវាហួសដឺឡេ។ ស្រួលប្រើ។ ពាក់បាន។ តាំងពីដាក់គ្រាប់ភ្នែកហ្នឹងមកគឺអត់ឈឺក្បាល … មានពេលខ្លះ ៧២ ម៉ោងគឺអត់ដេកសោះ។ នៅពេលដែលសភាពការណ៍វាដល់ ជាពិសេសសភាពការណ៍ដែលកើតឡើងនៅព្រំដែនកម្ពុជា-ថៃ ឆ្នាំ ២០០៨ ២០០៩ ២០១០ ពិសេស ២០១១ ហ្នឹងតែម្តង ៧២ ម៉ោងគឺអត់ដេក។ សភាពការណ៍ពេលនោះវាតម្រូវឲ្យយើងធ្វើអញ្ចឹង ប៉ុន្តែវាអត់ឈឺក្បាល។ អរគុណណាស់ ខ្ញុំល្មមនឹងបញ្ចប់ហើយ ជាមួយនឹងការថ្លែងនូវការកោតសរសើរ ហើយប្រកាសម្ពោធជាផ្លូវការនូវអគារតេជោអភិវឌ្ឍន៍នៅមន្ទីរពេទ្យកាល់ម៉ែត។ ខ្ញុំសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ជាពិសេស ក្មួយៗ កូនៗ ចៅៗ ជានិស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕