[សួរនាំកម្មការិនីអំពីរឿងស្នេហា និងគ្រួសារ]
ឯកឧត្ដម Wang Wentian ក៏ដូចជាអ្នកទាំងអស់ដែលបានចូលរួមនៅទីនេះ!
(១) កម្មវិធី៣៖ សំណេះសំណាលកម្មករនិយោជិត ពិពណ៌សមិទ្ធផល សម្ពោធរោចចក្រសំបកកង់
ខ្ញុំសប្បាយរីករាយដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្ដងទៀត បន្ទាប់ពីការអាក់ខានមួយរយៈ។ ការមកនេះ យើងធ្វើកិច្ចការ៣រួមគ្នា៖ ទីមួយ កម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទីពីរ ទស្សនាពិព័រណ៍សមិទ្ធផលនៅទីនេះ និងទីបី សម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខ្ញុំចាប់ផ្ដើមពីបញ្ហាទាក់ទិននឹងការសួរសុខទុក្ខកម្មករ … ហើយក៏ចង់ផ្ដល់បន្ថែមនូវអ្វីដែលជាតម្រូវការរបស់កម្មករ ដែលមិនទាន់បានដោះស្រាយ … ក្មួយៗបានដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុននេះ ពូបានដើរជួបកម្មករប្រហែលជាមួយលាននាក់។ ក្នុងហ្នឹងមានជំនួបពីរលើកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។ ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះម្ចាស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្ដីនៅក្រៅក្ដី ដែលបានផ្ដល់ឱកាសឲ្យកម្មករ/ការិនីមកជួបសំណេះសំណាលនិងឈប់សម្រាកពេញមួយថ្ងៃដោយមានបៀវត្សរ៍នៅថ្ងៃនេះ។ មិនចាំបាច់ប្រញាប់ប្រញាល់ពេលថាទៅធ្វើការពេលល្ងាចទេ ដោយសារពូបានស្នើសុំនូវការធ្វើរបៀបនេះជាមួយនឹងម្ចាស់រោងចក្រ ដើម្បីឲ្យកម្មករ/ការិនីរបស់យើងមានឱកាសមកជួបជុំធ្វើការសំណេះសំណាល។
(២) កម្មការិនីមានផ្ទៃពោះ បានឈប់សម្រាក ៣ខែ និងបៀវត្សរ៍ ១២០ភាគរយ
ការសំណេះសំណាលរបស់យើង បានរកឃើញនូវវិធីសាស្រ្តដោះស្រាយក្នុងរយៈពេលកន្លងទៅ។ យើងបានយល់អំពីសុខទុក្ខរបស់កម្មករ/ការិនី។ ក្នុងហ្នឹង ប្រហែលជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏មានមួយភាគដែលបានទទួលនូវផលប្រយោជន៍ ទាក់ទិនជាមួយនឹងស្ដ្រីពេលមានផ្ទៃពោះ គ្រប់ខែឆ្លងទន្លេ ដែលទទួលបាននូវការឈប់សម្រាក ៣ខែ ដោយមានប្រាក់បៀវត្សរ៍។ កាលពីមុន ពេលពូចុះជួប មិនទាន់មានស្ថានភាពបែបនេះទេ។ កាលហ្នឹងដូចជាឱ្យសម្រាក ៣ខែដែរ តែមិនមានបៀវត្សរ៍។ ឥឡូវបានឈប់សម្រាក ៣ខែ ទទួលបៀវត្សរ៍ ១២០ភាគរយ។ នេះសុទ្ធតែជាចំណុចដែលត្រូវធ្វើការដោះស្រាយ រួមជាមួយនឹងវិធានការផ្សេងៗ។
(៣) ឆ្នាំ២០២១ និងឆ្នាំ២០២២ ក្នុងស្ថានភាពកូវីដ-១៩ ក៏កម្មករនៅតែទទួលបានការដំឡើងប្រាក់បៀវត្សរ៍
សូមជម្រាបថា ដោយសារស្ថានភាពកូវីដ-១៩ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស នៅឆ្នាំ ២០២១ និងឆ្នាំ២០២២ មិនបានដំឡើងបៀវត្សរ៍ទេ។ ប៉ុន្តែសម្រាប់កម្មករ/ការិនីនៅទូទាំងប្រទេស គឺបានទទួលការដំឡើង។ បើទោះបីជាដំឡើងតិចក៏ដោយ តែយើងបានដំឡើង។ រហូតមកដល់ពេលនេះ គឺយើងបានឡើងទៅដល់ចំនួន ២០០ដុល្លារសហរដ្ឋអាមេរិក ទៅហើយ។ បើយើងពិនិត្យអំពីការចាប់ផ្ដើមរបស់យើងកាលពីដំបូង កម្មករ/ការិនីរបស់យើងបានតែជាង ៤០ដុល្លារទេ កាលពីពេលនោះ។ ក្មួយៗត្រូវចាំ ឧស្សាហកម្មនៅក្នុងប្រទេសរបស់យើង ចាប់ផ្ដើមពីរៀមច្បងរបស់យើង ដែលចូលធ្វើការក្នុងមួយខែបានតែជាង ៤០ដុល្លារទេ គឺំមួយថ្ងៃបានតែជាង ១ដុល្លារតែប៉ុណ្ណោះ។ ឥឡូវក្មួយៗផ្ដើមពីជាង ៤០ដុល្លារនេះ បានឡើងមកដល់ ២០០ដុល្លារហើយ នៅមិនទាន់គិតពីអត្ថប្រយោជន៍ដទៃទៀត។
(៤) កូវីដ-១៩ ផ្ទុះឡើង រាជរដ្ឋាភិបាលឧបត្ថម្ភកម្មករព្យួរការងារ៤០ ដុល្លារ ថៅកែរោងចក្រ ៣០ដុល្លារ
នៅពេលដែលកូវីដ-១៩ ផ្ទុះឡើង រាជរដ្ឋាភិបាលបានយកវិធានការជាបន្ទាន់ ដោយធ្វើអន្តរាគមន៍នៅពេលដែលរោងចក្រព្យួរការងារ យើងបានស្នើសុំឱ្យម្ចាស់រោងចក្រចេញ ៣០ដុល្លារ ហើយរាជរដ្ឋាភិបាលបានជួយ ៤០ដុល្លារ។ ក្មួយៗដេកនៅផ្ទះ ក៏បានទទួលប្រាក់ឧបត្ថម្ភចំនួន ៧០ដុល្លារក្នុងមួយខែដែរ។ តែឥឡូវនេះ ស្ថានភាពកូវីដ-១៩ ធូរស្រាល ដោយសារការខិតខំរបស់ក្មួយៗ ដែលមានការរួមចំណែកសម្រាប់ប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ នេះ គឺយើងបានបើករោងចក្រឡើងវិញ។ ពិតមែនហើយ នៅមានរោងចក្រខ្លះព្យួរ ដោយសារស្ថានភាពនេះ/នោះ។
(៥) មិត្តចិន បានបន្តផ្គត់ផ្គង់វត្ថុធាតុដើមមកកម្ពុជាក្នុងដំណាក់កាលកូវីដ-១៩ រីករាលដាលខ្លាំង
ខ្ញុំក៏សូមអរគុណមិត្តចិន ដែល(បានផ្តល់)អាទិភាពក្នុងការផ្ដល់វត្ថុធាតុដើមពីចិនមកកម្ពុជា តាមសំណូមពររបស់ខ្ញុំ។ ពេលដែលយើងទៅសម្ពោធផ្លូវនៅវាលវែង(ពោធិសាត់) ពេលនោះ ខ្ញុំស្នើសុំឯកឧត្តម អគ្គរដ្ឋទូត Wang Wentian ឱ្យបញ្ជូននូវវត្ថុធាតុដើមសម្រាប់បណ្ដារោងចក្រនៅកម្ពុជា។ វិបត្តិវត្ថុធាតុដើមនេះ គឺវាធ្វើឱ្យរោងចក្រក្នុងប្រទេសរបស់យើងជួបលំបាក។ គេក៏អាចនៅយល់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន មិនមានតុល្យភាពទេ គឺកម្ពុជានាំចេញទៅចិនតិចជាង ឯចិននាំចូលមកកម្ពុជាច្រើនជាង។ តែមិនត្រូវភ្លេចថា អ្វីដែលចិននាំចូលមកកម្ពុជានោះ គឺការផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីបង្កើតការងារធ្វើរាប់លាននាក់ ហើយបញ្ចេញផលិតផលទៅទីផ្សារប្រទេសខាងក្រៅ ដោយកម្ពុជាបានទទួលប្រាក់ចំណូល។ ប្រសិនបើចិនមិនលក់វត្ថុធាតុដើមឱ្យកម្ពុជានោះទេ ការខិតខំបង្កើតរោងចក្រនៅក្នុងប្រទេសរបស់យើង ក៏មិនមានន័យដែរ។
ស្ត្រីឆ្លងទន្លេ សំរាក៣ខែ ទទួលបៀវត្ស១២០%
… ថ្ងៃនេះ មានកម្មការិនីចំនួន ៤៤៣នាក់ ជាស្រ្ដីដែលមានផ្ទៃពោះ ហើយក៏មានកម្មការិនីពិការចំនួន ៨៤នាក់ផងដែរ។ ប្រហែលជាក្នុងរយៈពេលកន្លងទៅ ចាប់ពីពេលអនុវត្ត ពូបានផ្ដល់នូវលទ្ធភាពថា ស្រ្ដីដែលឆ្លងទន្លេ គឺត្រូវទទួលបានការឈប់សម្រាក ៣ខែ ជាមួយនឹងប្រាក់បៀវត្សរ៍ ១២០ភាគរយ។ នៅពេលឆ្លងទន្លេ បើបានកូន១ គឺបាន ៤០ម៉ឺនរៀល, កូន២ បាន ៨០ម៉ឺនរៀល, កូន៣ បាន ១២០ម៉ឺនរៀល ប៉ុន្តែថែមដោយប្រាក់របស់ពូចំនួន ៥លានរៀលបន្ថែមទៀត។ ប៉ុន្តែ ងាយឯណាបានកូន ៣ ប៉ុន្តែនៅតែមាន រឿងកើតបានកូន៣។
(៦) ពេលខាងមុខ ស្ត្រីមានផ្ទៃពោះមាន បសស ពិនិត្យសុខភាពមិនបង់ប្រាក់ និងបានប្រាក់ឧបត្ថម្ភទៀត
ថ្ងៃនេះ ពូចង់ប្រកាសក្របខណ្ឌគោលនយោបាយបន្ថែមទៀតសម្រាប់កម្មការិនីដែលមានផ្ទៃពោះ។ បើទោះបីជាក្មួយៗមានប័ណ្ណ ប.ស.ស ទទួលខុសត្រូវដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ពូសូមបញ្ជាក់ថា យើងមានកម្មវិធីមួយដែលកំពុងអនុវត្តដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន ដែលមកដល់ពេលនេះ គឺមានស្រ្តីចំនួន ៤៩៥ ១៤៩ គ្រួសារ។ យើងប្រើប្រាស់ថវិកាអស់ចំនួន ១០៥ ពាន់លាន(រៀល)រួចហើយ តែខ្ញុំគិតថា ប្រសិនបើយើងអនុវត្តបន្ថែម ក៏មិនអាចដួលរលំសេដ្ឋកិច្ចរបស់កម្ពុជានោះទេ។ ផ្ទុយទៅវិញ វាបានផ្ដល់ឱកាសសម្រាប់កម្មការិនីរបស់យើងមានសុខភាពល្អជាង។ នោះគឺកម្មវិធីត្រង់ថា “ចាប់ផ្ដើមពីមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ ស្រ្ដីត្រូវទទួលបាននូវការឧបត្ថម្ភ”។ បានសេចក្ដីថា ពេលចាប់ផ្ដើមមានផ្ទៃពោះ ទៅពិនិត្យសុខភាពម្ដង(មិនគិតថ្លៃ ថែមទាំងបានលុយមកវិញ)។ ឥឡូវក្មួយមានប័ណ្ណ ប.ស.ស ទៅពិនិត្យសុខភាព។ គេមិនយកលុយ ប៉ុន្តែពេលពូប្រកាសចេញ នៅពេលទៅពិនិត្យសុខភាព គេនឹងឱ្យលុយ ៤ដង មុនពេលសម្រាល។ ដល់ពេលសម្រាល គឺឱ្យកញ្ចប់ថវិកាមួយនិងបន្ទាប់ទៅ ២ឆ្នាំក្រោយ បានសេចក្ដីថាត្រូវពិនិត្យ ១០ដង រហូតដល់កូនអាយុដល់ ២ឆ្នាំ ហើយទៅពិនិត្យម្ដង គេឱ្យលុយមកវិញ មិនមែនឱ្យលុយគេទេ។
(៧) ពីពរផ្ទៃរហូតកូនអាយុបាន២ឆ្នាំ ទៅពិនិត្យសុខភាពនឹងបានទទួលប្រាក់លើសពី៤ម៉ឺនរៀល
ខ្ញុំសូមប្រកាសនៅថ្ងៃនេះ ជូនចំពោះកម្មការិនីទាំងអស់នៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលគ្រប់គ្រងដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនូវការអនុវត្តដូចគ្នា ចាប់ពីមានផ្ទៃពោះ រហូតទៅដល់កូនអាយុ ២ឆ្នាំ។ ឥឡូវនេះ ក្មួយៗទើបនឹងបានចូលទៅពិនិត្យសុខភាព ដោយគេមិនយកប្រាក់ ប៉ុន្តែនៅពេលក្រោយ ក្មួយៗនឹងទទួលបាននូវការពិនិត្យសុខភាពហើយ គេឱ្យលុយមកវិញ ម្ដង ៤ម៉ឺនរៀល តែខ្ញុំកំពុងតែឱ្យបន្ថែម ប្រាប់ឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ពិនិត្យបន្ថែមនូវប្រាក់ ឱ្យវាបានច្រើនបន្ដិច។ អញ្ចឹងប្រឹងៗរកប្ដី ហើយកើតកូនឱ្យច្រើនបន្ដិច។ ម្សិលម្ង៉ៃ សួរក្មួយម្នាក់នោះថា ក្មួយឯង មានកូន ៣នាក់ទៅហើយ ចង់បានកូនប៉ុន្មានទៀត? ថា ចង់បាន ៧នាក់។ ប្ដីក៏នៅហ្នឹង ក៏សួរប្ដី ថាចង់បាន ៧នាក់ដែរ។ សួរថា ចង់បានប្រុស ឬស្រី? ថា ស្រីក៏បាន ប្រុសក៏បាន មកស្រលាញ់ដូចគ្នា កូនដូចគ្នា។ អញ្ចឹងទេ ថ្ងៃនេះ ខ្ញុំអាចយកការបញ្ជាក់ ក្របខណ្ឌគោលនយោបាយបន្ថែម ដែលបាននិងកំពុងអនុវត្តទៅលើមនុស្សមួយចំនួននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយ ហើយនិងទៅលើកសិកររបស់យើងមួយចំនួនដែលមានមនុស្សបានទទួលផល។ អញ្ចឹងក្នុងចំណោមកម្មករប្រមាណជាង ១លានកន្លះ ខ្ញុំគិតថា មិនដល់ ១០ភាគរយទេ ដែលមានផ្ទៃពោះម្ដងនោះ។ វាមិនច្រើនទេ។
ក្ដាប់ការងារក្រសួងខ្លួនឯងមិនបាន កុំដើរជាមួយនាយករដ្ឋមន្រ្តី
ថ្ងៃនេះ រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន មិនបានមក ហើយមានរដ្ឋលេខាធិការមក។ ថ្ងៃក្រោយអញ្ចេះ បើគេឱ្យមកជាតំណាង ត្រូវក្ដាប់ឱ្យជាប់អ្វីទៅជាការងាររបស់ខ្លួន។ តែហៅសួរអត់ដឹងអី មិនបាច់មកទេ នាំខាតសាំង អស់លុយរដ្ឋ។ ពួកអស់នេះមិនមែនជិះឡានចាក់សាំងលុយខ្លួនឯងទេ សាំងរបស់រដ្ឋ។ បើថាក្ដាប់ការងារមិនបាន កុំមកនាំចង្អៀតកន្លែង ទុកកន្លែងឱ្យគេអង្គុយ … ប្រាប់ត្រង់តែម្ដង កុំដើរជាមួយខ្ញុំ។ បើគេឱ្យមកតំណាង គឺក្ដាប់ឱ្យជាប់ ប្រយ័ត្ននាយករដ្ឋមន្រ្តីហៅសួរ អត់ដឹងអី។ អម្បាញ់មិញហ្នឹងហៅសួរប៉ុន្មាននាក់ រាប់ទាំងរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អត់ក្ដាប់បានទេ។ ឥឡូវសួរមើលថា ចំនួនមនុស្សដែលទទួលផលបានប៉ុន្មានហើយ? វាអត់ដឹង។ បើមិនដឹងទេ ឱ្យវាមិនដឹងរហូតទៅ។ ថ្ងៃក្រោយ បើមិនដឹងរឿង កុំមក ប្រយ័ត្ននាយករដ្ឋមន្ត្រីហៅសួរមិនដឹងរឿង។ តែមក គឺនាយករដ្ឋមន្ត្រីត្រូវសួរគ្រប់រឿង ទាក់ទងហ្នឹងក្រសួងណាត្រូវក្ដាប់ឱ្យជាប់ កុំមកគ្រាន់តែឱ្យតែមានមុខ …។
សង្ឃឹមថាក្មួយៗនៅទូទាំងប្រទេសនឹងស្ដាប់បាននូវសារនេះ ដែលផ្ដល់នូវអត្ថប្រយោជន៍បន្ថែម។ ដូច្នេះក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវធ្វើការងារភ្លាមជាមួយនឹងក្រសួងសង្គមកិច្ច។ ប័ណ្ណ ប.ស.ស សម្រាប់ក្មួយៗដែលមានសម្រាប់សុខភាពធម្មតា អាហ្នឹងមានគ្រប់គ្នាត្រូវរក្សាទុកឱ្យគេ។ ប៉ុន្តែសម្រាប់អ្នកដែលមានផ្ទៃពោះត្រូវបញ្ជូនឱ្យគេ។ រួចហើយអាតូចៗដែលត្រូវកើត ត្រូវជួយរហូតទៅដល់កូនអាយុ២ឆ្នាំ។ ប៉ុន្តែ សូមបញ្ជាក់៤០ម៉ឺន(រៀល)ស្មើនឹង ១០០ ដុល្លារអាមេរិក ក៏នៅបើកផ្ដល់ដដែល កូន១, កូន២, កូន៣ នៅបើកផ្ដល់ដដែលបន្ថែមទៅដោយរបបដែលប្រកាសផ្ដល់នៅថ្ងៃនេះ។
មេឃចាញ់សម្រស់អូន
ច្បាស់ជាមេឃភ្លៀង។ គេប្រាប់កុំឱ្យហួសម៉ោងប៉ុន្មាន ប៉ុន្តែឥឡូវមិនទាន់ដល់ម៉ោងផងមេឃចង់ភ្លៀងបាត់ទៅហើយ។ មេឃចាញ់សម្រស់អូនទេដឹង … ខេត្តព្រះសីហនុ គេនិយាយរឿងហ្នឹង … កាលនៅស្នេហាគ្នាដូចស្នេហាតាមហ្វេសប៊ុកអម្បាញ់មិញនេះ … សួរថា បងម៉េចបានមេឃស្រទំរកភ្លៀងអញ្ចឹង? ខាងប្រុសគេថាមេឃចាញ់សម្រស់អូន។ ៣ឆ្នាំក្រោយមក មកកន្លែងហ្នឹងដដែល ហើយមេឃក៏អញ្ចឹងទៀត ក៏ចាប់ផ្ដើមសួរទៅខាងប្ដី កាលពីមុនសួរសង្សារទេលើកនេះសួរទៅប្ដី។ សួរថាបងមេឃម៉េចបានអញ្ចឹង? ក្បាលកញ្ចាស់ហើយមិនដឹងថាមេឃចង់ភ្លៀង។ វាទៅជាអញ្ចេះ អាហ្នឹងគេថាចិត្តប្រែប្រួលអត់ទៀងទាត់។
(៨) លកលៃពេលជួបកម្មករ ក្រោយដំណាក់កាលកូវីដ១៩
ថ្ងៃនេះ យ៉ាងហោចណាស់ខ្ញុំបានដោះស្រាយបញ្ហាមួយ។ គាប់ជួនអីក្នុងប៉ុន្មានថ្ងៃមុននេះ មានអ្នកវិភាគថាលោក ហ៊ុន សែន អត់ដើរជួបកម្មករទេ ដូរយុទុ្ធសាស្ត្រពីការជួបកម្មករទៅជាការអង្គុយចាំទទួលអ្នកចុះចូល។ អាក្មេងពាលមួយនោះវាថាលោក ហ៊ុន សែន អត់ហ៊ានទៅជួបកម្មករទេក្រែងកម្មករស្រែកទារ EBAនិងGSP។ (មើលចុះ) ថ្ងៃនេះ ជាងជួប ២ម៉ឺន ៤ពាន់នាក់ … ដោយសារ ម៉ាណែត គឺថារវល់ពេក។ ជួនកាលមួយថ្ងៃនៅខេត្តខាងជើង ដល់មួយថ្ងៃទៀតនៅខេត្តខាងត្បូង។ ជិះឡានដេកទាំងយប់ ហើយធ្វើសកម្មភាពច្រើនពេក។ ខ្ញុំអាចលៃពេលខ្លះដើម្បីជួបកម្មករ។ មិនមែនមុនបោះឆ្នោតបានជួបទេ។ វាជាកាតព្វកិច្ចពិនិត្យបងប្អូនក្រោយពេលជំងឺកូវីដ-១៩។ ខ្ញុំអាចចែករំលែកពេលខ្លះ។ ឥឡូវមិនសូវចាយពេលដូចមុនទេ។ មុនចាយពេលច្រើន ជាពិសេសគឺចែកលុយឱ្យស្ត្រីមានផ្ទៃពោះ។ តែចាប់ផ្ដើមចែកលុយឱ្យស្ត្រីមានផ្ទៃពោះគឺត្រូវចាប់ផ្ដើមថត នៅសែលហ្វី គ្រប់បែបយ៉ាងទាំងអស់ ចាយពេលច្រើន …។
កូវីដ-១៩ ដូចជារើបៗឡើងវិញ
ឥឡូវនេះតាមដឹង ក្នុងគណៈរដ្ឋមន្ត្រី អ្នកដែលមាន២ឆ្នូត(ឆ្លងកូវីដ១៩) មានម្នាក់បានមកដល់ តែមិនហ៊ានចូលទេ។ ត្រឡប់ទៅភ្នំពេញវិញ។ ឯមួយទៀត កំពុងដេកនៅផ្ទះ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីគាត់ទើបនឹងជា។ អញ្ចឹង កូវីដ-១៩ហាក់ដូចជាបានចាប់ផ្ដើមរើបៗឡើងវិញ។ ត្រូវប្រយ័ត្នទាំងអស់គ្នា។ មិនដឹងថាពូទៅចម្លងឱ្យក្មួយៗ ឬក៏ក្មួយៗចម្លងឱ្យពូ។ យើងត្រូវមានការប្រុងប្រយ័ត្ន តែយ៉ាងណាក៏ដោយ … សុំសួរបន្តិច ចាក់វ៉ាក់សាំងបានប៉ុន្មាននាក់សូមលើកដៃ? ទាំងអស់ … កុំភ្លេច កន្លែងដែលយើងបិទខ្ទប់ក្រៅពីភ្នំពេញ មានសៀមរាបនិងខេត្តព្រះសីហនុ ពេលហ្នឹងវាឆ្លងខ្លាំងពេក …។
(៩) អនុវត្តសោធននិវត្តន៍កម្មករ/ការិនី ជាគោលនយោបាយជាក់លាក់ មិនឆក់កណ្តៀតនិងបោកប្រាស់
ថ្ងៃនេះយើងមានការជួបជុំគ្នា សុំផ្ដាំផ្ញើតាមរយៈក្មួយៗទៅជូនឪពុកម្ដាយ និងក្រុមគ្រួសារ។ សង្ឃឹមថានៅពេលដែលអ្វីៗដំណើរការធម្មតាជាមួយសន្តិភាព ជាមួយនឹងការអភិវឌ្ឍ ដែលយើងកំពុងមាននេះ ក្មួយៗមានការងារធ្វើ រហូតដល់យើងដាក់ឱ្យអនុវត្តនូវសោធននិវត្តន៍សម្រាប់កម្មករ/ការិនី ដែលនេះគឺជាគោលនយោបាយជាក់លាក់ មិនមែនជាបញ្ហាកញ្ឆក់កណ្ដៀតដោយគោលនយោបាយបោកប្រាស់នោះទេ។ អ្នកខ្លះដេញថ្លៃគ្នាសន្យាប្រាក់ខែប៉ុណ្ណេះ អ្នកខ្លះសន្យាប្រាក់ខែប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់យើងគឺទៅបន្តិចម្ដងៗ។ កុំភ្លេចថា រវាងកម្មករនិងម្ចាស់រោងចក្រ គឺវាជាការបំពេញឱ្យគ្នាគឺជាឆ្នាំបាយរួម បើសិនជាម្ចាស់រោងចក្របិទរោងចក្រ ក្មួយៗនឹងអត់ការងារធ្វើ បើសិនជាម្ចាស់រោងចក្រមានតែរោងចក្រ តែអត់កម្មករ រោងចក្រហ្នឹងវាអត់ដំណើរការទេ។ ខ្ញុំតែងតែអំពាវនាវថារវាងម្ចាស់រោងចក្រនិងកម្មករត្រូវតែធ្វើការជាមួយគ្នា មិនអាចមើលគ្នាជាសត្រូវទេ។ ថៅកែ ម្ចាស់រោងចក្រត្រូវយកចិត្តទុកដាក់សុខទុក្ខរបស់កម្មករ នៅពេលដែលកម្មករមានសុខភាពល្អគឺកម្មករធ្វើការប្រសិទ្ធភាពជាង និងផ្ដល់ផលចំណេញឱ្យរោងចក្រ។ រោងចក្របានផលចំណេញ នឹងផ្ដល់ទៅឱ្យកម្មករវិញនូវអត្ថប្រយោជន៍ផ្សេងៗ។
(១០) តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ បើកការដ្ឋាន២០០៨
វិលមកនិយាយបន្តិចអំពីរោងចក្រ អំពីតំបន់សេដ្ឋកិច្ចពិសេស។ អរគុណចំពោះម្ចាស់រោងចក្រតំបន់សេដ្ឋកិច្ចពិសេស ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះមានការរីកចម្រើនយ៉ាងល្អប្រសើរ។ ខ្ញុំជាឆ្មបបង្កើតឡើងនូវតំបន់សេដ្ឋកិច្ចពិសេសនេះ តាមរយៈនៃការមកបើកការដ្ឋានឆ្នាំ២០០៨ បន្ទាប់ទៅក៏បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទទួលខុសត្រូវគាំទ្រជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេសនេះ … កាលពីពេលហ្នឹងយើងនៅក្មេង ពីឆ្នាំ២០០៨ ដល់ឥឡូវ ១៥ឆ្នាំហើយ។ កាលហ្នឹងលោកឯងអាយុតិចជាងហ្នឹង១៥ឆ្នាំ ឯខ្ញុំក៏មានអាយុតិចជាងហ្នឹង១៥ឆ្នាំដែរ។ ប៉ុន្តែឥឡូវនេះឱ្យតែបង្ហោះរូបចេញឡើងគេថា លោកពុកសង្ហាណាស់ … បង្ហោះរូបវាយកូនហ្គោល គេចូលមកខម្មិន គេថាសង្ហាណាស់។ ដល់អញ្ចឹងអៀនខ្លួនតែម្ដង តាចាស់ហើយសង្ហាអីទៀត។ ខ្លះជួបមុខផ្ទាល់ថា យី! ក្មេងជាងនៅក្នុងទូរទស្សន៍។ ឥឡូវចង់អៀនខ្លួន។ តែមិនដឹងធ្វើម៉េចបើធម្មជាតិបង្កើតយើងឡើងមកអញ្ចឹង ឱ្យទៅដូររូបរាងវាយ៉ាងម៉េច។ របៀបនិយាយក៏បង្កើតមកអញ្ចឹង រូបរាងក៏បង្កើតមកអញ្ចឹង កាត់ជើងដើម្បីឱ្យវាតឿក៏មិនកើត តជើងឱ្យវាខ្ពស់ក៏វាមិនកើត។ កាត់សក់ឱ្យទៅក្បាលទំពែកក៏វាកើត បើសក់យើងតែប៉ុណ្ណឹង វាជ្រុះដែរ តែវាជ្រុះតិច …។
(១១) ថែទាំតំបន់សេដ្ឋកិច្ចពិសេសដើម្បីទាញសក្តានុពើ ការងារធ្វើ ផលិតផលនាំចេញ
ខ្ញុំអរគុណលោកប្រធានតំបន់សេដ្ឋកិច្ចពិសេស ដែលបានធ្វើការវិនិយោគ។ ខ្ញុំធ្លាប់មកចូលរួមនៅទីនេះដើម្បីស្វាគមន៍រោងចក្រទី១០០។ ឥឡូវនេះរោងចក្រមាន ១៧៥ ដោះស្រាយការងារធ្វើប្រមាណជា២ ម៉ឺននាក់។ នេះមិនមែនជាចំណុចចុងក្រោយទេ។ នៅសល់ដីច្រើនណាស់។ ក្រុមហ៊ុនចិននិងក្រុមហ៊ុនប្រទេសដទៃទៀតក៏មានការប៉ុនប៉ងមកផលិតនៅទីកន្លែងនេះដោះស្រាយការងារធ្វើបាន។ យើងដោះស្រាយការលំបាកបាន។ ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជានិច្ចជាកាលពូបាននាំគ្នាធ្វើការថែទាំតំបន់សេដ្ឋកិច្ចពិសេសនេះ ពង្រឹងតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យក្លាយទៅជាតំបន់ដ៏ទាក់ទាញ ដែលមានសក្តានុពល និង ដោះស្រាយការងារធ្វើ ដោះស្រាយផលិតផលសម្រាប់ការនាំចេញទៅក្រៅប្រទេស រាប់ទាំងប្រទេសចិនខ្លួនឯងផងដែរ។
(១២) គណបក្សប្រជាជនការពារសន្តិភាពបាន មានការងារធ្វើ
ការពារព្រៃបានមិនខ្វះឧសដុតទេក្មួយ។ ពូចង់និយាយថា ការពារសន្តិភាពបាន ក្មួយមានការងារធ្វើ។ អ្នកដែលមានសមត្ថភាពការពារសន្តិភាពនោះ ក៏មានតែគណបក្សប្រជាជនមួយគត់ ដែលមានសមត្ថភាពការពារ។ អ្នកដែលមានសមត្ថភាពការពារឆ្នាំងបាយរបស់ក្មួយៗ ក៏មានតែគណបក្សប្រជាជនមួយដែរ។ គ្មានប្រទេសណាដែលអភិវឌ្ឍទៅដោយនៅក្នុងស្ថានភាពប្រទេសមានសង្គ្រាមទេ។ ជាក់ស្តែងខេត្តព្រះសីហនុរបស់យើងនេះ នៅតំបន់នេះក៏ជាតំបន់ដែលមានការភ័យខ្លាច ទៅតាមផ្លូវជាតិលេខ ៤ ហ្នឹង បាញ់គ្នាពេញតែហ្នឹង។ ប៉ុន្តែក្រោមនយោបាយឈ្នះឈ្នះយើងធ្វើកិច្ចការងារនេះបានល្អ។ សង្ឃឹមថា យើងនឹងបន្តដំណើររួមគ្នាតទៅទៀត។
(១៣) មិនមានអានុភាពអសិរពិសណាអាចបំបែកបំបាក់ទំនាក់ទំនងកម្ពុជាចិនបានទេ
ថ្ងៃនេះ ខ្ញុំក៏ចង់និយាយផងដែរអំពីខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងមិត្តភាពកម្ពជា-ចិន ហើយក៏ចង់និយាយផងដែរ អំពីខួប១០ឆ្នាំ នៃគំនិតផ្តួចផ្តើមអនុវត្តនូវខ្សែក្រវាត់មួយនិងផ្លូវមួយ ដែលតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ ក៏មានចំណែកទទួលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនោះ។ ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងអម្បាញ់មិញហើយ។ ដំបូងខ្ញុំចង់និយាយខួបលើកទី ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ខ្ញុំបានប្រឹងប្រែងធ្វើការជាមួយមិត្តចិនរហូតបង្កើតបានមិត្តភាពដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បន្ថែមលើនោះគឺប្រធានាធិបតី Xi Jinping នៃសាធារណរដ្ឋប្រជាមានិតចិនបានប្រសិទ្ធនាមថាកម្ពុជាជា «មិត្តដែកថែប»។ នេះជារឿងពិតដែលគ្មានអានុភាពអសិរពិសណាមួយដែលអាចបំបែកបំបាក់នូវសាមគ្គីភាពនេះបានទេ។
(១៤) គោលការណ៍៣៖ បំរើសន្តិភាពនិងអភិវឌ្ឍន៍ មិនប្រឆាំងប្រទេសណាមួយ គោរពមជ្ឈភាពអាស៊ាន
ខ្ញុំគួរតែបញ្ជាក់អំពីសារបាន។ ហេតុអីបានជាកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស១៥០ និងអង្គការអន្តរជាតិដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌខ្សែក្រវាត់និងផ្លូវ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម ប្រធានាធិបតី Xi Jinping។ (គំនិតផ្តើមកិច្ចសហប្រតិបត្តិការ)នេះ ស្របគ្នាជាមួយនឹងគោលនយោបាយពីដើមដល់ចប់របស់កម្ពុជា។ មានគំនិតផ្តួចផ្តើមជាច្រើននៅក្នុងក្របខណ្ឌតំបន់អាស៊ីប៉ាស៊ីហ្វិក ឬឥណ្ឌូប៉ាស៊ីហ្វិក។ ក្នុងរាល់គំនិតផ្តួចផ្តើម ចំណុច៣ ដែលកម្ពុជាត្រូវដើរ … ជាគោលការណ៍របស់កម្ពុជាគឺទី១៖ បើអ្នកឯងចង់ឱ្យខ្ញុំគាំទ្រអ្វីដែលជាវត្ថុបំណងត្រូវតែបម្រើឱ្យសន្តិភាពនិងការអភិវឌ្ឍ។ ទី២៖ គឺកុំប្រឆាំងជាមួយប្រទេសណា។ ទី៣៖ ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នេះជាគោលការណ៍ធំៗ នៃគោលនយោបាយការបរទេសរបស់កម្ពុជា។
(១៥) ផលពីគំនិតផ្តើមខ្សែក្រវាត់និងផ្លូវ៖ ស្ដាដមរតក៌តេជោ ផ្លូវល្បឿនលឿន ព្រលានយន្តហោះសៀមរាប ផ្លូវ/ស្ពាន
ទៅលើសពីនោះ សំរាប់យើង នៅត្រង់ថា តើការគាំទ្ររបស់យើងនេះបានផ្តល់ផលប្រយោជន៍យ៉ាងណាខ្លះឱ្យកម្ពុជា? គ្រាន់តែនិយាយពី SEA Games ដែលយើងទើបនឹងបញ្ចប់ដោយជោគជ័យនេះ បើមិនមានចំណែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវទេ យើងពុំមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីនឹងប្រកួត SEA Games នោះទេ។ ខ្ញុំបាននិយាយច្រើនលើកហើយ រាប់ទាំងពេលបើកនិងពេលបិទ(ស៊ីហ្គេម) ដែលខ្ញុំអរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលនិងប្រជាជនចិន ពិសេសប្រធានាធិបតី Xi Jinping ដែលជួយកសាងស្តាដមួយសម្រាប់យើងធ្វើកម្មវិធីបិទ បើក និងការប្រកួត។ ស្តាតនោះអាចប្រើបាន ១០០ឆ្នាំទៀត តកូន តចៅ។
នៅមានផ្លូវល្បឿនលឿនតភ្ជាប់មកយើងនេះ។ ឥឡូវ(អ្នក)ភ្នំពេញជិះឡានពីព្រឹកមកស៊ីគុយទាវ នៅកំពង់សោម រួចហើយគេត្រឡប់ទៅបាយថ្ងៃត្រង់នៅភ្នំពេញវិញ។ ហ្នឹងគឺជាគម្រោងការដែលគាំទ្រដោយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ព្រលានយន្តហោះសៀមរាប បានចុះចតសាកល្បងហើយ ប្រមាណជាខែ ១០ ខាងមុខនេះ ព្រលានយន្តហោះសៀមរាប នឹងទទួលការចុះចតដោយយន្តហោះខ្នាតធំ។ គម្រោងដទៃទៀតរាប់ទាំងគម្រោងតភ្ជាប់ប្រព័ន្ធ Internet ខ្សែកាប្លិ៍ក្រោមទឹក កំពង់សោម-ហុងកុង ក៏ជាចំណែកមួយដែរ។ មានរឿងច្រើនណាស់ ដែលកម្ពុជាទទួលផល។ ផលប្រយោជន៍ដែលយើងទទួលបានពីជំនួយឥតសំណង ពីកម្ចីដើម្បីយកមកអភិវឌ្ឍបណ្តាគម្រោងនានានៅក្នុងកម្ពុជាមានដូចជាផ្លូវថ្នល់រាប់ពាន់គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេសេកុង ទន្លេសាប ទន្លេបាសាក់ គឺបាននឹងកំពុងប្រើប្រាស់ និងកំពុងសាងសង់បន្ត។
(១៦) ចរិតទូលំទូលាយនៃគំនិតផ្តើមខ្សែក្រវាត់និងផ្លូវ គឺអភិវឌ្ឍន៍ មិនរារាំង/ប្រឆាំងប្រទេសណាមួយទេ
បណ្តាប្រទេសអាស៊ាននិងប្រទេសដទៃទៀតក៏ទទួលផលប្រយោជន៍ដូចគ្នា មិនមែនគ្រាន់តែកម្ពុជាតែឯងទេ។ យើងពិនិត្យមើល ប្រទេសរហូតទៅដល់ ១៥០ និងអង្គការអន្តរជាតិ ៣២ បានចូលរួមនៅក្នុងក្របខ័ណ្ឌនេះ។ ចរិតទូលំទូលាយរបស់គំនិតផ្តើម គឺមានគោលដៅអភិវឌ្ឍ មិនមែនជាគោលដៅដើម្បីរាំងស្កាត់នូវការអភិវឌ្ឍរបស់ប្រទេសណាមួយទេ ហើយក៏គ្មានគោលដៅប្រឆាំងជាមួយប្រទេសណាមួយដែរ។ ខ្ញុំសុំយកឱកាសនេះអបអរសាទរខួប១០ឆ្នាំ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលផ្តួចផ្តើមដោយសាធារណរដ្ឋប្រជាមានិតចិន។
(១៧) ហ៊ុន សែន, ២០១៣៖ “គំនិតផ្តើមមានច្រើន តែមិនមានប្រាក់អនុវត្ត,” ចិនដាក់ ៣០ ពាន់លានដុល្លារ
ខ្ញុំបានចូលរួមប្រជុំជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៣។ ពេលនោះមានប្រទេសមួយចំនួនត្រូវបានអញ្ជើញឱ្យចូលរួម។ ប្រធានាធិបតី Xi Jinping បានប្រកាសអំពីគំនិតផ្តួចផ្តើមនេះ ជាមួយនឹងការដាក់នូវថវិកាចំនួន ៣០ពាន់លានដុល្លារ។ ដល់វេនដែលខ្ញុំថ្លែងសុន្ទរកថា គឺខ្ញុំមិនបានអានអត្ថបទព្រៀងទុកទេ។ ខ្ញុំបាននិយាយទៅប្រធានាធិបតី Xi Jinping ក្នុងអង្គប្រជុំថា តំបន់របស់យើងមានគំនិតផ្តួចផ្តើមច្រើនណាស់។ យើងគ្រាន់តែមានគំនិតផ្តួចផ្តើម ក៏ប៉ុន្តែយើងពុំមានប្រាក់កាសដើម្បីអនុវត្តគម្រោងការនោះទេ។ ផ្លូវដែក Singapore-Kunming អត់មានលុយធ្វើ។ អាស៊ានHighway តាំងពីភ្នំពេញ ធ្លាក់ទៅដល់ទួរគី តើមានលុយឯណាធ្វើ? ប៉ុន្តែតាំងពីចាប់ផ្តើមគម្រោងនេះភ្លាម ចិនបានទម្លាក់ជាបឋមថវិកាចំនួន ៣០ពាន់លានដុល្លារ។
៣០ពាន់លានដុល្លារនោះមានមួយផ្នែកចូលមកកម្ពុជាដើម្បីនឹងអភិវឌ្ឍគម្រោងតភ្ជាប់ជាពិសេស។ យើងមានគម្រោងតភ្ជាប់ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី បណ្តាញការតភ្ជាប់អគ្គិសនី និងគម្រោងដទៃទៀតទាក់ទងជាមួយនឹងការកាត់បន្ថយភាពក្រីក្រ។ ដូចជាបញ្ហាទាក់ទងជាមួយនឹងការអប់រំ ការថែទាំវេជ្ជសាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ។ ខ្ញុំសុំស្នើជំរាប ឯកឧត្តម Wang Wentian ថា ជនបទកម្ពុជាបច្ចុប្បន្នធ្វើផ្លូវលំមិនពូកែទេ ធ្វើផ្លូវចាក់បេតុងទើបពូកែ។ ទន្ទឹមនឹងផ្លូវជាតិ បើយើងលើកគម្រោងធ្វើផ្លូវលំ គឺរៀបគម្រោងចាក់បេតុងតែម្តង ព្រោះផ្លូវលំនេះបើកតែមួយឆ្នាំត្រូវជួសជុលវាម្តង។ ជួសជុលរហូត។ បើចាក់បេតុងប្រើ ២០ឆ្នាំ មិនទាន់ទៅណាទេ ទោះបីទឹកលិច ក៏វាអត់ធ្វើអីអាបេតុងហ្នឹងបានដែរ ឱ្យតែចាក់ត្រូវខ្នាត មានគុណភាពល្អ។
ព្រះភិរុណមកហើយ អត់មានចាញ់សម្រស់អ្នកណាទេ … មានកម្មករ និងកម្មការិនី ហើយបុរសៗកុំទៅកៀកៗគេពេក។ ប្រយ័ត្នអញ្ចេះ មានរឿងដែលគេហៅថាអាពាហ៍ពិពាហ៍ដោយមានការជួបគ្នានៅទីកន្លែង ដែលមានការរៀបចំ។ ក្នុងហ្នឹងដូចជា អង្គរសង្រ្កាន្ត។ គេទៅជួបគ្នានៅអង្គរសង្រ្កាន្តនៅសៀមរាប រួចហើយគេផ្តើមស្នេហា រួចហើយគេរៀបការ។ ឥឡូវបានផ្តាំទៅថា បើសិនគេផ្តើមស្នេហាគ្នាចាប់ផ្តើមពីត្រង់ហ្នឹង ដល់ពេលការផ្ញើសំបុត្រការឲ្យផង។ កាលពីមុននោះ យុវជនវាស់វែងដីធ្លីនៅឆ្នាំ២០១២ គេទៅវាស់វែងដីធ្លីគេស្គាល់គ្នា បន្ទាប់ទៅគេការជាមួយគ្នាអញ្ចឹងទៅ ឥឡូវតកូនតចៅ។ ប្រហែលជាមានមួយចំនួនអាចមកស្រលាញ់គ្នានៅតំបន់សេដ្ឋកិច្ចខេត្តព្រះសីហនុហ្នឹង។ ហ្នឹងគឺសិទ្ធិស្រលាញ់។ នាងមួយនោះមិញថា គេឆាតជាមួយគ្នាតាំងពីនៅថៃតាម Facebook។ ឥឡូវល្អហើយនាងបានទាញយកប្តីមកធ្វើការនៅនេះ។ នៅនោះប្រាក់ខែច្រើនមែន ក៏ប៉ុន្តែចំណាយក៏វាធំ ហើយសិទ្ធិរបស់យើងមិនដូចសិទ្ធិរបស់ពលរដ្ឋគេទេ យើងនៅទីនេះ គឺយើងមានសិទ្ធិនៅក្នុងទឹកដីរបស់យើង។
(១៨) គោលនយោបាយមិនរារាំងឬធ្វើសត្រូវនឹងប្រទេសដទៃ ធ្វើឱ្យគំនិតផ្តើមខ្សែក្រវាត់/ផ្លូវរីកនិងរឹងមាំ
ប្រទេសនានាទទួលបានក្នុងក្របខណ្ឌសហការឈ្នះឈ្នះ កសាងសន្តិភាពនៅក្នុងតំបន់ និងសកលលោក។ ចិនបាននិងកំពុងដើរតួនាទីយ៉ាងសកម្មអំពីបញ្ហានេះ។ យើងពិនិត្យមើលនយោបាយរបស់ចិននៅពេលនេះ មិនមានការប្រកាសធ្វើជាសត្រូវជាមួយប្រទេសណាទេ ទោះបីអ្នកដទៃបានរកវិធីរារាំងចិន ឬប្រឆាំងចិន ក៏ប៉ុន្តែ ចិនមិនដែលដាក់ចេញនូវគោលនយោបាយរារាំង ឬក៏ធ្វើជាសត្រូវជាមួយប្រទេសណាទេ។ ដូច្នេះបានជាអាខ្សែក្រវាត់និងផ្លូវនេះវាចេះតែរីក។ លើការជាក់ស្តែង ខ្ញុំសុំនិយាយ កិច្ចព្រមព្រៀងអាស៊ាន-ចិនផ្តល់ផលប្រយោជន៍ធំណាស់សម្រាប់បណ្តាប្រទេសអាស៊ាន។ ប្រទេសអាស៊ាននាំចូលទៅក្នុងប្រទេសចិនច្រើនជាងអាស៊ាននាំពីប្រទេសចិនចូលអាស៊ាន។ សហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន-ចិន គឺផ្តល់ផលប្រយោជន៍សម្រាប់បណ្តាប្រទេសអាស៊ាន។
(១៩) RCEP,AIIB និង BRICS … ផ្នែកមួយនៃគំនិតផ្តើមខ្សែក្រវាត់និងផ្លូវនិងការអភិវឌ្ឍសកលថ្មី
មួយទៀត អ្នកណាក៏ដឹងដែរកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ដែលគេកាត់ហៅថា RCEP ត្រូវបានចូលជាធរមាន ក្នុងនោះមានអាស៊ាន១០ បូកចិន កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី ញូវហ្សឺលែន … វាជាចំណែកដែលស្ថិតក្នុងគោលនយោបាយនៃកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ក្នុងហ្នឹងចិនមានតួនាទីមួយ។ ការបង្កើតឡើងនូវធនាគារវិនិយោគ(ហេដ្ឋារចនាសម្ព័ន្ធ)អាស៊ីក៏ជាគំនិតផ្តួចផ្តើមរបស់ចិន ដែលកម្ពុជាចូលជាសហស្ថាបនិកនៃធនាគារនេះ។ តួនាទីរបស់ BRICS ដែលរួមមានចិន ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង កំពុងតែដំណើរការទៅមុខ។ ជាការវិភាគ ខ្ញុំគិតថាខ្ញុំទៅឆ្ងាយពីអ្វីដែលឯកឧត្តម Wang Wentian និយាយ។ ខ្ញុំមើលឃើញថានេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងគំនិតផ្តួចផ្តើមការអភិវឌ្ឍសកលដែលទើបនឹងដាក់ចេញថ្មីៗ។
(២០) ខួប ៣ ឆ្នាំ នៃ “បុរសសង្ហា ដើរបញ្ច្រាសទិស”
ទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី១ ក្រោយចូលឆ្នាំចិន ហើយក៏ជាខួបលើកទី៣ នៃការដែលខ្ញុំធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន នៅពេលដែលមានការភ័យខ្លាចរត់ចោលចិនអស់ ហ៊ុន សែន បានធ្វើដំណើរទៅក្នុងប្រទេសចិន ដែលមានអ្នកសរសេរថា បុរសសង្ហាដើរបញ្រ្ចាសទិស។ ឥឡូវចេញពាក្យសង្ហាទៀតហើយ។ គេអ្នកសរសេរ ខ្ញុំមានទៅប្រាប់គេសរសេរអីណា។ សរសេរហើយបកប្រែជាភាសាចិនទៅទៀត គេថាបុរសសង្ហាដើរបញ្រ្ចាសទិស។ បញ្ច្រាសត្រង់ថាផ្ទុះកូវីដ-១៩ ភា្លមគេនាំគ្នាជម្លៀសពលរដ្ឋរបស់គេ រាប់ទាំងនិស្សិត ចេញពីប្រទេសចិនអ្នកណាក៏ខ្លាចចិន។ ធ្លាប់ទៅមក ប្រទេសចិនគេមិនចង់ទៅ ស្រាប់តែ ហ៊ុន សែន ទៅ។ អញ្ចឹងខួប ៣ ឆ្នាំ នៃការដែលខ្ញុំធ្វើដំណើរទៅប្រទេសចិន ដើម្បីបង្ហាញសាមគ្គីភាពជាមួយនឹងប្រជាជនចិនក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ-១៩។ លើកទឹកចិត្តផ្ញើសារជូនចំពោះនិស្សិតកម្ពុជាទាំងអស់សុំឲ្យរស់នៅជាមួយប្រជាជនចិន កុំរត់ចោលប្រជាជនចិនក្នុងពេលដ៏លំបាកនោះ។
(២១) សហប្រតិបត្តិការត្បូងពេជ្រ ដាក់ខេត្ត៤ជាប៉ូលសេដ្ឋកិច្ចទី៤
ខ្ញុំនិងឯកឧត្តម Xi Jinping បានឯកភាពដូចអ្វីដែលឯកឧត្តម Wang Wentian បានលើកឡើង គឺសហប្រតិបត្តិការត្បូងពេជ្រ ដែលមានគោលដៅកិច្ចសហប្រតិបត្តិការនយោបាយ គុណភាព និងសមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន អភិវឌ្ឍច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា។ ត្រង់ហ្នឹង កន្លែងយើង(តំបន់សេដ្ឋកិច្ចពិសេស)គឺជាកន្លែងអភិវឌ្ឍឧស្សាហកម្ម និងបច្ចេកវិទ្យា។ យើងកំពុងតែនៅ។ គោលដៅគឺចំកន្លែងហ្នឹង។ ប៉ុន្តែ នៅច្រករបៀងមួយទៀតសហប្រតិបត្តិការត្បូងពេជ្រគឺមច្ឆា និងអង្ករ ដែលខ្ញុំនឹងដាក់ខេត្ត៤ គឺខេត្តពោធិសាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ទៅជាប៉ូលសេដ្ឋកិច្ចទី៤។
(២២) បើមិនឲ្យខ្ញុំពឹងចិនឬជប៉ុន ឲ្យខ្ញុំពឹងអ្នកណា
ក្មួយៗទាំងឡាយ យើងចោទជាសំណួរមួយចេញមកថា ពេលវេលាដែលយើងលំបាកបំផុតបើគ្មានវ៉ាក់សាំងចិនជួយទេ តើក្មួយមានវ៉ាក់សាំងចាក់ទេ? ហើយតើជីវិតក្មួយៗប៉ុន្មាននាក់ដែលបានស្លាប់ ដែលមិនបានឃើញមុខពូនៅថ្ងៃនេះ។ នេះវាជារឿងពិត។ ហើយខ្ញុំបានឆ្លើយទៅជាមួយនឹង ពេលដែលធ្វើសន្និសីទតាមអនឡាញ អំពីអនាគតអាស៊ី អ្នកសម្របសម្រួលបានសួរថា ឯកឧត្តមប្រហែលជាទៅកៀកចិនពេកហើយ បានខ្ញុំឆ្លើយដោយត្រង់ថា បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំពឹងអ្នកណា? ស្ពាន ផ្លូវ ប្រឡាយទឹក ពិសេសនៅពេលនេះ មិនឲ្យខ្ញុំពឹងចិន តើខ្ញុំបានវ៉ាក់សាំងណាចាក់ឲ្យប្រជាជន?
នេះវាជារឿងពិត។ អ្នកដទៃទៀតបើចង់បាន(ខ្ញុំនិយាយដូចនិយាយចំពោះចិន) ធ្វើដូចចិនទៅ។ បើខ្ញុំមិនពឹងប្រទេសហ្នឹងទេ តើឲ្យខ្ញុំទៅពឹងអ្នកណា។ ឧទាហរណ៍ ធ្វើស្ពានឆ្លងទន្លេមេគង្គ ៥ ទៅ ខ្ញុំនឹងថាដូចគ្នា។ ដូចជាស្ពានទ្សឹបាសា នៅអ្នកលឿង។ ខ្ញុំថា បើមិនឲ្យខ្ញុំពឹងជប៉ុនឲ្យខ្ញុំទៅពឹងអ្នកណា។ ស្ពានគីហ្សូណា នៅកំពង់ចាម ខ្ញុំក៏ថាបើមិនឲ្យខ្ញុំពឹងជប៉ុន តើឲ្យខ្ញុំពឹងអ្នកណា? ផ្លូវជាតិលេខ ១ និងតភ្ជាប់ផ្លូវជាតិលេខ ៥ ពីកំពង់ឆ្នាំងទៅព្រំដែនថៃ ខ្ញុំក៏ហ៊ានថា បើមិនឲ្យខ្ញុំពឹងជប៉ុន តើឲ្យខ្ញុំពឹងអ្នកណា?
កុំច្រណែន ថាលោក ហ៊ុន សែន ទៅកៀកចិន។ កៀកអី អត់ទេ។ អ្នកឯងធ្វើបាបខ្ញុំ ខ្ញុំក៏មិនដឹងធ្វើម៉េច។ អ្នកឯងទះកំផ្លៀងខ្ញុំរហូត។ ខ្ញុំគ្រាន់តែនិយាយអំពីចំណុចនេះ (អ្នកឯង)សួរថាហេតុអីបានលោកឯងចូលចិត្តចិន? ទេ! បើសុំធ្វើមិត្តអ្នកឯង អីក៏លំបាកម្ល៉េះ? ឯចិនគេបបួលខ្ញុំធ្វើមិត្ត។ ចិនជាប្រទេសធំ ១ ៤០០ លាននាក់ ដែលខ្ញុំតែងតែនិយាយថា គ្រាន់តែនោមស្មើគ្នាទឹកជំនន់ …។
(២៣) បើអ្នកមិនយល់ពីរាមនៅលើគោក កម្ពុជាក៏មិនយល់ពីនាវាមុជទឹកមានឬមិនមាននុយក្លេអ៊ែរដែរ
ខ្ញុំក៏សូមបញ្ជាក់ណា បើអ្នកមិនជឿខ្ញុំ ខ្ញុំក៏មិនជឿអ្នកដែរ វាមិនមែនមានសិទ្ធិតែរបស់អ្នកឯងទេ វាជាសិទ្ធិរបស់ខ្ញុំដែរ ត្រូវយល់អំពីបញ្ហាហ្នឹង។ ពេលប្រជុំអាស៊ានខ្ញុំនិយាយច្បាស់ទៅលើបញ្ហាហ្នឹង។ មួយថ្ងៃៗ និយាយតែរឿងរាម។ ខ្ញុំបានប្រាប់ថារាមនៅលើគោក តែអ្វីដែលយើងពិបាកនោះអានៅក្រោមទឹកវានុយក្លេអ៊ែឬអត់? ខ្ញុំនិយាយ ៣ ដងក្នុងអាស៊ាន។ រឿងនាវាមុជទឹកដើរដោយនុយក្លេអ៊ែ ខ្ញុំថានេះជាចំណុចចាប់ផ្តើម បើមិនគ្រោះថ្នាក់ដល់អាស៊ានទេ ក៏វាជាចំណុចចាប់ផ្តើមនៃការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ អ្នកណាថាអីក៏ថាទៅ។ ហ្នឹងជាគំនិតរបស់កម្ពុជា។ កម្ពុជានៅលើគោកសោះ ពន្យល់មិនព្រមយល់។ បើអញ្ចឹងកម្ពុជាក៏មានសិទ្ធិមិនយល់នូវការពន្យល់របស់អ្នកទាំងឡាយផងដែរ។ បើខ្ញុំពន្យល់អ្នកឯងនៅលើគោកសោះ អ្នកឯងអត់ព្រមយល់រឿងអីដែលខ្ញុំយល់អ្នកឯងនៅក្នុងទឹក? មិនដឹងអ្នកឯងដាក់អាវុធនុយក្លេអ៊ែឬមិននុយក្លេអ៊ែរ។ ហ្នឹងគឺត្រូវតែនិយាយគ្នា។
(២៤) អនុវត្តនយោបាយឯករាជ្យដោយផ្អែកលើច្បាប់
មិនមែននៅចំពោះមុខចិន ហើយមិនមែនចិនមកបង្គាប់បញ្ជាឲ្យកម្ពុជាធ្វើអ្វីស្រេចនឹងចិត្តទេ។ Wang Wentian មិនដែលមកប្រាប់កម្ពុជា ឬហាម(កម្ពុជា)ទៅធ្វើនេះ ហាមទៅធ្វើនោះទេ។ កម្ពុជាមិនទទួលបានទេ រឿងហ្នឹង។ សូម្បីតែឯកឧត្តម Xi Jinping ក៏មិនដែលបានប្រាប់កុំទំនាក់ទំនងប្រទេសនេះប្រទេសនោះទេ។ ហ្នឹងគឺជានយោបាយឯករាជ្យរបស់កម្ពុជា។ មានអ្នកខ្លះលើកអញ្ចេះលើកអញ្ចុះ។ កម្ពុជាជាអាយ៉ងចិន អាយ៉ងវៀតណាម។ អ្នកឯងថាអីថាទៅ លើការជាក់ស្តែង កម្ពុជាអនុវត្តនយោបាយឯករាជ្យដោយផ្អែកលើច្បាប់។ នេះជាទិដ្ឋភាពដែលខ្ញុំសូមបញ្ជាក់ ខ្ញុំហាក់ដូចជានិយាយច្រើនពេកហើយ ក៏ប៉ុន្តែវាជារឿងត្រូវនិយាយ ព្រោះថ្ងៃនេះ ប្រធានបទធំដែរ មិនមែនតូចណា រឿង ៦០ ឆ្នាំផង ខួប ១០ ឆ្នាំផង ហើយខ្ញុំបានឆ្លើយតបជាមួយឯកឧត្តម Xi Jinping ហើយ ខែតុលានឹងមានការប្រជុំលើកទី ៣ អំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ខ្ញុំនឹងចូលរួម។ ប៉ុន្តែ ចូលរួមក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលថ្មីហើយពេលនោះ ព្រោះបោះឆ្នោតខែ ៧។ ប្រហែលជាចុងខែ៨ ឬដើមខែ៩ គឺបង្កើតរដ្ឋាភិបាល។ ទៅក្នុងនាមរដ្ឋាភិបាលថ្មី។ អាចជាលទ្ធភាព ជួនកាលអាចមានក្រុមថ្មីក៏មិនដឹង ឬក៏ក្រុមចាស់ក៏មិនដឹង។ យ៉ាងណាក៏ដោយ នៅតែគណបក្សប្រជាជនដដែលហ្នឹង។
(២៥) ក្តាប់ជាប់សន្តិភាពក្នុងដៃ កុំអោយគេបំផ្លាញបាន សន្តិភាពជារបស់យើង
សង្ឃឹមថាអ្នកទាំងអស់គ្នាបោះឆ្នោតជូនគណបក្សប្រជាជន។ អ្វីដែលប្រាកដគឺអ្នកទាំងអស់គ្នាមិនចាំបាច់ភ័យព្រួយរត់លូនទេ។ សន្តិភាពក្តាប់ក្នុងដៃជាប់ហើយ កុំឲ្យតែគេបំផ្លាញទៅបានហើយ។ ថ្ងៃមុនចេញមកព្រមាន គ្រាន់តែគេមិនចុះបញ្ជី មិនទាន់ដឹងខ្យល់អីផង អំពាវនាវឲ្យមនុស្សត្រៀមធ្វើបាតុកម្ម ហៅថា តាមរយៈការតស៊ូមតិ។ ចេញសេចក្តីថ្លែងការណ៍ក៏ចេញសេចក្តីថ្លែងការណ៍ និយាយនៅ គ.ជ.ប ក៏និយាយ។ អញ្ចឹងអត់មានបង្អង់យូរទេ ចាប់ទូរស័ព្ទមកចេញតាមសារតាម channel Telegram ប្រាប់ឲ្យត្រៀមបម្រុងចាប់យកទាំងអស់មេដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ឲ្យតែហ៊ានចេញមកបំផ្លាញ។ ពេលហ្នឹងកំពុងតែស៊ីហ្គេម វាចង្រៃទៅបង្កើតរឿងហ្នឹង។ ដល់មួយថ្ងៃក្រោយមក មានមេដឹកនាំមួយថា ធ្វើហ្នឹងខ្លួនខុស រួចហើយបានចេញសេចក្តីថ្លែងការណ៍។ បើសិនកុំព្រមានអញ្ចឹង គឺវាអត់ធ្វើទេ។ អញ្ចឹងនាំគ្នារក្សាសន្តិភាពល្អជាង។ សន្តិភាពមិនមែនជាសត្រូវអ្នកណាទាំងអស់ ប៉ុន្តែគឺជារបស់យើងទាំងអស់គ្នា។
(២៦) ចង់បានឧស្សាហកម្មកែច្នៃវត្ថុធាតុដើមដែលមានស្រាប់
ដោយសារឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសសម្រាប់ទំនាក់ទំនង សូមអរគុណឯកឧត្តម Wang Wentian នូវសុន្ទរកថាអម្បាញ់មិញ ដែលបានរំលឹកទាក់ទិនជាមួយនឹងរឿងនេះ។ ខ្ញុំអរគុណសម្រាប់ជំនួយទាំងឡាយ ហើយជាពិសេសថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតកង់រថយន្ត ដែលវាស្របនឹងការចង់បានរបស់កម្ពុជា។ ខ្ញុំសូមបញ្ជាក់ជូនអ្នកវិនិយោគចិននៅទីនេះឲ្យបានជ្រាប តើអ្វីទៅជាគោលនយោបាយឧស្សាហកម្មរបស់កម្ពុជា? តើកម្ពុជាចង់បានអ្វី? គោលនយោបាយឧស្សាហកម្មរបស់កម្ពុជា មានគោលដៅ ២ សំខាន់។ គោលដៅទី ១ កែច្នៃផលិតផលដែលកម្ពុជាមានវត្ថុធាតុដើម។ អញ្ចឹងទេ អស់លោកមកធ្វើរោងចក្រកែច្នៃធ្វើជាកង់ឡាន ក្នុងពេលដែលកម្ពុជាមានជ័រកៅស៊ូ គឺត្រឹមត្រូវណាស់។ កម្ពុជាចង់បានឧស្សាហកម្មកែច្នៃវត្ថុធាតុដើម ដែលកម្ពុជាមានស្រាប់ ទៅលើកៅស៊ូ ទៅលើស្វាយចន្ទី ទៅលើស្រូវអង្ករ ទៅលើផលិតផលដទៃទៀត ដែលកម្ពុជាមានសក្តានុពល មានវត្ថុធាតុដើម ដើម្បីយើងបង្កើននូវតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាជាតិយើង ហ្នឹងជាគោលដៅទី ១។
(២៧) ចង់បានការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់
គោលដៅទី ២ ដែលយើងចង់បានគឺការវិនិយោគបច្ចេកវិទ្យាជាន់ខ្ពស់មកកាន់កម្ពុជា។ អញ្ចឹងសូមទាក់ទាញអ្នកដែលមានការវិនិយោគទាំង ២ ច្រកហ្នឹង កែច្នៃវត្ថុធាតុដើមរបស់កម្ពុជាមានស្រាប់ និងបច្ចេកវិទ្យាថ្មីៗ ចូលមកឧស្សាហកម្ម។ សង្ឃឹមថា ឯកឧត្តម Wang Wentian នឹងផ្តល់នូវការគាំទ្រ ទាក់ទាញអ្នកវិនិយោគនឹងមកកាន់កម្ពុជា ពេលនោះវានឹងបណ្តុះបណ្តាលបាននូវធនធានមនុស្សរបស់កម្ពុជា។ ថ្ងៃនេះ យើងសម្ពោធ ហើយកង់ឡាននេះគឺថា រឿងកង់ឡាន ឃើញទេ គ្រាន់តែស្រុកយើង១ លានឡាន។ អញ្ចឹងវាក៏អាចមានទីផ្សារលក់នៅកម្ពុជាដែរ។ ចិនហ្នឹងមិនមែន១ លានឡានទេ ចិនហ្នឹង ១ ៤០០ លាននាក់ហ្នឹង ប្រហែលជាគាត់មានដល់ទៅ ១ ០០០ លានឡានមិនដឹង ហើយផ្លូវរបស់គាត់ធំៗណាស់។
យើងទើបមានផ្លូវល្បឿនលឿនមួយទេ ប៉ុន្តែបន្តិចទៀត ផ្លូវល្បឿនលឿនទី ២ នឹងចាប់ផ្តើមបើកការដ្ឋាននៅខែខាងមុខនេះ តភ្ជាប់ភ្នំពេញជាមួយនឹងព្រំដែនវៀតណាម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់យើងលូតលាស់។ ខ្ញុំអរគុណជាមួយនឹងអ្នកដាក់ទុនវិនិយោគ ដែលខ្ញុំមិនចាំបាច់អានឈ្មោះក្រុមហ៊ុនទេ (ថ្ងៃក្រោយសរសេរឲ្យខ្ញុំ … សរសេរភាសាខ្មែរផង ភាសាអង់គ្លេសផង មកជាមួយ) … ឥឡូវហ្នឹងផុតហើយ ខ្ញុំក៏ទៅភ្នំពេញវិញដែរ។ នាងៗល្ងាចហ្នឹងសម្រាកទៅ។ ខ្ញុំគិតថាមិនបន្តទៀតទេ ចំណាយពេលមិញអស់ប៉ុន្មានហើយ? នាងៗពោះធំ ឃើញនាងចង់សៀតពោះ អាមួយអាវខៀវ ប៉ុន្មានខែហើយនាង? ៦ ខែ។ អង្គុយយូរចង់សៀតពោះ ឃើញផ្អៀងផ្អងៗ អង្គុយយូរ កូនធាក់? ប្រុសឬស្រី? ភ្លោះទៀត ដល់កហើយយើង។ តាមដានឲ្យជាប់ ដល់ពេលកើត ត្រូវតែរបបរបស់គេ២ … អញ្ចឹងបានធាក់នាងហ្នឹង (សម្តេចមានប្រសាសន៍លេងជាមួយស្រី្តមានកូនភ្លោះ)។
ថវិកាជូនអង្គពិធី
ហើយថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ការសួរសុខទុក្ខនេះ មិនជាច្រើនទេ នាងអើយនាង កម្មករ កម្មការិនី តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ២៤ ០៦៩ នាក់ ក្នុងម្នាក់ៗហ្នឹងគឺមាននំបុ័ង ទឹកសុទ្ធ ទឹកក្រូច មានទទួលទាននៅ? គេចែកឲ្យនៅ? ឯណាទឹក? ទឹកម៉ាកអីគេ? ផឹកហើយ ហើយទឹកក្រូចមានបានទទួលទាននៅ? ហើយនំបុ័ង? អម្បាញ់មិញភ្លេចប្រាប់មុន ឲ្យខ្វេះទៅ កុំទៅអៀនខ្មាសអី ស៊ីទៅនំបុ័ង ផឹកទៅទឹកក្រូច ព្រោះយើងដឹងថាមកអង្គុយជាមួយគ្នា អ្នកដែលមានសិទ្ធិត្រឹមតែផឹកទឹក គឺពូនេះ អ្នកនិយាយ។ ហើយអ្នកដែលហត់ពិតប្រាកដគឺពូតើ បែកញើស។ ប៉ុន្តែ បានមកកំពង់សោមលើកនេះ មុជទឹកបាន ៣ ដង។ ម្សិលមិញមុជទឹកថ្ងៃហើយ ល្ងាចមានឱកាសចុះមុជទៀត។ ហើយមិនទៅណាឆ្ងាយទេពូ ហើយក៏មិនរត់ចោលស្រុកដែរ ព្រោះអត់មានសញ្ជាតិបរទេស។ ពូមានសញ្ជាតិតែមួយទេ ទាំងពូ ទាំងប្រពន្ធ ទាំងកូនទាំងអស់ ទោះបីកូនទៅរៀននៅក្រៅប្រទេស តែកូនអត់មានសញ្ជាតិបរទេសទេ។ ហើយក្រៅពីអ្វីដែលពូនិយាយអម្បាញ់មិញ គឺថវិកាជូនបានត្រឹម ២ ម៉ឺនរៀលទេ ក្មួយអើយ។ សម្រាប់កម្មការិនីមានផ្ទៃពោះ ៤៣៣ នាក់ និងកម្មការិនីពិការចំនួន ៨៤ នាក់ សរុបទាំងអស់ ៥១៧ នាក់ ជូនម្នាក់ៗ ២០០ ដុល្លារ យកទៅប៉ូវទៅ ដើម្បីឲ្យកូនធំធាត់។
សុំធ្វើការបន្ទាន់ លើការចាប់ផ្ដើមបន្ថែមការឧបត្ថម្ភអ្នកដែលមានផ្ទៃពោះ
សូម(ឯកឧត្តម) មុត ខៀវ ធ្វើការងារបន្ទាន់ជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោះស្រាយឲ្យបានច្បាស់ ចាប់ផ្ដើមឧបត្ថម្ភទៅអ្នកដែលត្រូវបានចាប់ពីនេះទៅ មិនអាចធាក់ថយក្រោយទេ។ ពេលដែលទៅពិនិត្យផ្ទៃពោះទទួល ដល់ពេលឆ្លងទន្លេ យើងត្រូវបន្តលុយ ៤០ម៉ឺនដែរ បាន ៨០ ម៉ឺន។ អញ្ចឹងត្រូវបន្ថែមទៀត រួចហើយនៅ ១០ ដងទៀត។ ពិនិត្យ ១០ ដងទៀត រហូតដល់អាយុពីរឆ្នាំ។ ខ្ញុំកំពុងឲ្យរៀបចំបង្កើនថវិកាដើម្បីឲ្យអ្នកទាំងនោះទទួលផល។ រឿងនេះមិនមែនជារឿងតូចតាចទេ។ ចាប់ផ្ដើមពីដាក់នូវគោលនយោបាយសង្គម ខ្ញុំឲ្យចាប់យកមុនគេគឺស្ដ្រីមានផ្ទៃពោះ។ សង្ឃឹមថា កម្មការិនីដទៃទៀតមិនច្រណែនជាមួយនឹងអ្នកមានផ្ទៃពោះទេ។ ដែលហៅថាផ្ទៃពោះ ដែលខ្មែរយើងហៅថាឆ្លងទន្លេ។ ពូនេះហើយដែលសោកនាដកម្មកើតឡើងចំពោះខ្លួន គឺកូនកើតមក គ្រូពេទ្យធ្វើឲ្យធ្លាក់ស្លាប់កូន។ សុំតែគេយកកូនទៅកប់ គេមិនឲ្យយកទេ សុំនៅថែទាំប្រពន្ធក៏គេមិនឲ្យនៅដែរ។
ក្មួយៗមានឱកាសឈប់ ៣ ខែ ហើយ ជាមួយនឹងប្រាក់បៀវត្សរហូតដល់ ១២០%។ បើប្រៀបធៀបជាមួយពូបាត់ឱកាស។ ឆ្កែវាមានសិទ្ធិជាមនុស្សនៅពេលនោះ វាមានសិទ្ធិការពារកូនរបស់វា ប៉ុន្តែមនុស្សអត់មានសិទ្ធិទេ។ ប្រពន្ធពូកម្សត់ណាស់ក្នុងពេលដែលឆ្លងទន្លេ។ កូនធ្លាក់ស្លាប់ហើយ បានមកដល់។ វាជាការដែលទេវតារៀបចំឲ្យយើងបានមកដល់កន្លែងហ្នឹង ជាមួយនឹងការធ្វើដំណើរ សុំមេបញ្ជាការយកកូនទៅកប់ គេមិនឲ្យ។ សុំនៅកំដរប្រពន្ធឆ្លងទន្លេ ក៏គេមិនឲ្យ។ ពូត្រូវតែអត់ធ្មត់ដើម្បីធ្វើការងារធំជាងគឺរំដោះប្រជាជនទូទាំងប្រទេស ដែលជាជីដូនជីតា ម៉ែឪរបស់ក្មួយៗនេះ។ ឥឡូវធ្វើដល់ថ្ងៃនេះ។ បើមិនវាយវាទើបចម្លែក។ ទាល់តែផ្ដួលវាចោល។ សេរីភាពរបស់មនុស្សចាប់ផ្ដើមពីសេរីភាពនៃការរស់រានមានជីវិតឡើងវិញ។ បន្ទាប់ពីហ្នឹងទៅ បានសិទ្ធិនយោបាយ សិទ្ធិស្អីៗគ្រប់យ៉ាង សិទ្ធិទទួលបានការអប់រំ សិទ្ធិចំណីអាហារ សិទ្ធិនេះ/នោះ សិទ្ធិមនុស្ស។ អ្នកខ្លះនិយាយតែពីសិទ្ធិមនុស្សទេ តែមិនហ៊ាននិយាយពីសិទ្ធិរស់រានមានជីវិតទេ។ ពេលងាប់មនុស្សដោយសារសង្គ្រាម វាទៅណា? លែងគិតហើយ។ ខ្ញុំអត់មានដៀមដាមឲ្យអ្នកណាទេ តែនេះវាជារឿងពិតនៅក្នុងប្រវត្តិសាស្រ្ត។ ឥឡូវនេះ គេគិតឡើង គិតសម្រាប់តែមួយក្រុមនេះ តែក្រុមភាគច្រើនគឺគេមិនបានគិតទេ។
(២៨) បរទេសអនុវត្តស្តង់ដាទ្វេចំពោះកម្ពុជា តែមិនហ៊ាននិយាយរឿងថៃ
សង្ឃឹមថា មិត្តភក្ដិរបស់យើងនឹងគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីសេចក្ដីសុខរបស់ជនជាតិកម្ពុជា គោរពការជ្រើសរើសរបស់ប្រជាជនកម្ពុជា។ មិនមែនជារឿងរបស់អ្នកទេ រឿងផ្ទៃក្នុងរបស់កម្ពុជា។ ទុកឲ្យកម្ពុជាជាអ្នកដោះស្រាយ។ ពេលខ្លះដាក់ដែរ។ មុខអ្នកឯងនេះមកនិយាយតែជាមួយខ្ញុំទេ តែមុខអ្នកឯងអត់ដែលទៅនិយាយជាមួយខាងថៃ ឲ្យ ថាក់ស៊ីន និង យីងឡាក់ ចូលប្រទេសទេ ក្នុងពេលដែល ថាក់ស៊ីន និង យីងឡាក់ គេធ្វើរដ្ឋប្រហារទម្លាក់ រួចហើយនិរទេសខ្លួនទៅក្រៅប្រទេស។ អត់ដែលទៅតស៊ូទាមទារឲ្យរដ្ឋាភិបាលថៃ ស្រែកឲ្យរដ្ឋាភិបាលថៃ ឲ្យប្រទេសទាំងហ្នឹងចូលមកទេ។ ខ្ញុំសុំទោស ឥឡូវកំពុងរៀបចំរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោត ប៉ុន្តែខ្ញុំសុំយកឱកាសនេះនិយាយ។ ស្ដង់ដារពីរ មកសង្កត់តែកម្ពុជាឲ្យធ្វើអញ្ចេះៗ ដល់ទៅជាមួយគេអ្នកខ្លាំងអត់ហ៊ានដែរ។
(២៩) មិនលើកលែងទោសអោយ ព្រោះអ្នកឯងចាប់ដៃជាន់ជើង
ខ្ញុំចង្អុលមុខ ពួកអ្នកឯងមកនិយាយតែជាមួយខ្ញុំទេ ឲ្យអ្នកនេះអញ្ចេះ អ្នកនោះអញ្ចុះ។ បានដល់ចុងក្រោយព្រលះយកតែម្ដង។ ហ្នឹងហើយបានរឿងជាប់គុក មកពីអ្នកឯងស្រឡាញ់អ្នកនោះពេក។ ទៅសួរសុខទុក្ខដល់ផ្ទះ នាំអ្នកនោះទៅដល់ស្ថានទូតជួប ក្នុងពេលដែលគេកំពុងស្រាវជ្រាវរឿងគុបគិតជាមួយបរទេស។ បន្ទាប់ទៅ (បក)មក ហ៊ុន សែន … បើសិនជា ហ៊ុន សែន ចង់ធ្វើ ហ៊ុន សែន អាចធ្វើបាន តែ ហ៊ុន សែន មិនទុកចិត្តអ្នកឯង ព្រោះអ្នកឯងលេងខូច ចាប់ដៃជាន់ជើងខ្ញុំ។ អ្នកឯងមកធ្វើការជាមួយខ្ញុំ បន្ទាប់ទៅអ្នកឯងទៅជួបជាមួយអ្នកផ្សេង។ ខ្ញុំមិនដឹងឬ? ខ្ញុំមិនមែនក្មេងបៀមដៃទេ។ អញ្ចឹងទេ ហ៊ុន សែន មិនលើកលែងទោសឲ្យ អ្នកឯងធ្វើអីខ្ញុំ? និយាយគ្នាឲ្យច្បាស់។ ថ្ងៃក្រោយ កុំព្រហើនទៀត។ ពួកអ្នកការទូតនៅភ្នំពេញ ធ្វើនយោបាយការបរទេស ល្មមយល់ហើយ។ រឿងអី? មកពីអ្នកឯងទេតើ។ អ្នកឯងធ្វើឲ្យខ្ញុំមិនទុកចិត្ត រឿងអីដែលខ្ញុំទៅធ្វើកិច្ចការអស់អញ្ចឹង? បើចង់ឲ្យលើកលែងទោស សាលក្រមសាលាដំបូងចេញទៅ ចូលជាធរមាន នាយករដ្ឋមន្រ្តីធ្វើលិខិតទៅព្រះមហាក្សត្រលើកលែងទោស។
ខ្ញុំមិនទុកចិត្តជនបរទេសទាំងឡាយដែលប្រមាថខ្ញុំ ប្រមាថអធិបតេយ្យរបស់ខ្ញុំ ប្រមាថខ្លួនខ្ញុំ។ មកធ្វើការជាមួយខ្ញុំរួចហើយទៅធ្វើការជាមួយអ្នកដទៃ អញ្ចឹងខ្ញុំទុកអញ្ចឹង។ អ្នកឯងជ្រើសរើសប្រទេសមួយ ឬជ្រើសរើសក្រុមមនុស្សមួយក្រុម? និយាយគ្នាឲ្យច្បាស់។ ខ្ញុំមិនមែនថ្ងៃហ្នឹងមានចិននៅក្បែរនិយាយខ្លាំងទេ តែថ្ងៃមុនទូតជប៉ុនទៅជាមួយខ្ញុំថ្ងៃ៣ ខែមេសា ខ្ញុំក៏និយាយដែរ ជ្រើសរើសប្រទេសមួយ ឬជ្រើសរើសមនុស្សមួយក្រុម? ខ្ញុំអត់ខ្លាចនិយាយទេ មាត់អ្នកណាមិនដឹងទេ តែមាត់ ហ៊ុន សែន មិនដែលមានគម្របទេ និយាយតែម្ដង ហើយនិយាយរឿងពិត។ ឥឡូវ អ្នកឯងធ្វើអីខ្ញុំ បើខ្ញុំមិនលើក? អាហ្នឹងមូលហេតុមកពីអ្នកឯងស្រឡាញ់មនុស្សនោះពេក អ្នកឯងស្រឡាញ់រហូតដល់អ្នកឯងប្រមាថខ្ញុំ របៀបចាប់ដៃជាន់ជើង ខ្ញុំមិនលេងចូលជាមួយអ្នកឯងទេ។
(៣០) កុំចាប់់ដៃជាន់ជើង ទាំងក្របខណ្ឌក្នុងស្រុកនិងអន្តរជាតិ
អញ្ចឹងបានខ្ញុំតែងតែប្រាប់សហការីរបស់ខ្ញុំ កុំលេងចាប់ដៃជាន់ជើង ទាំងក្នុងក្របខណ្ឌក្នុងស្រុក ទាំងក្នុងក្របខណ្ឌអន្តរជាតិដូចជា មិនត្រូវធ្វើទំនាក់ទំនងជាមួយចិនដីគោក ហើយទៅទាក់ទងតៃវ៉ាន់ធ្វើជាប្រទេសមួយនោះទេ នយោបាយចិនមួយ ត្រូវតែច្បាស់ ហើយអាហ្នឹងជានយោបាយការបរទេសរបស់ ហ៊ុន សែន តាំងពី ហ៊ុន សែន នៅធ្វើជារដ្ឋមន្រ្តីការបរទេសក្នុងវ័យ២៧ឆ្នាំក្នុងឆ្នាំ១៩៧៩។ ខ្ញុំអត់លេងចូលទេអាហ្នឹង។ ខ្វះអីមនុស្សឲ្យយោបល់ថាគួរទាក់ទងតៃវ៉ាន់។ ថាអត់ទេ។ អញ្ចឹងបានជាពេលជួបឯកឧត្ដម Jiang Zemin ឆ្នាំ១៩៩៦ គាត់និយាយថា «ឯកឧត្ដម ហ៊ុន សែន ជាមិត្តចាស់របស់ចិន»។ ខ្ញុំយល់ពាក្យ មិត្តចាស់របស់ចិន សំដៅទៅលើការអនុវត្តនយោបាយចិនមួយតាំងពីដើមរហូតដល់ចប់។ ខ្ញុំយល់អំពីបញ្ហាហ្នឹង។ ឥឡូវអ្នកឯងអនុវត្តនយោបាយរបៀបម៉េច? មកធ្វើការជាមួយខ្ញុំ រួចហើយលួចលាក់ៗ ស្មានតែគេមិនដឹង? មនុស្សហ្នឹងចេញពីផ្ទះតម្រង់ទៅកន្លែងណា?
រដ្ឋមន្រ្តីការបរទេសរបស់គេមកជួបនឹងខ្ញុំ ចេញពីហ្នឹងទៅៗជួបនៅឯណោះ។ អ្នកឯងធ្វើអញ្ចឹង? ហើយម៉េចក៏មិនប្រាប់ក្រសួងការបរទេសកម្ពុជាផងមួយម៉ាត់។ ចាំបាច់ស្ងាត់? ស្ងាត់ទៅណារួច ស្មានតែគេហ្នឹងភ្លើឬ? គេគ្រប់គ្រងប្រទេសគេមួយដែរ។ ទោះបីប្រជាជនតិច ១៧ លាននាក់ តែក៏មានអ្នកតិចជាងយើងដែរ។ យើងដូចជាចំណាត់ថ្នាក់ទី៧ អ្នកដែលតិចជាងយើងមាន សិង្ហបុរី ឡាវ ប្រ៊ុយណេ និងទីម័រលេស្ដ។ បើថា ដូចនាងមួយម្សិលម្ងៃសួរថា ចង់បានកូនប៉ុន្មាននាង? ៧ បើថា ៧ មិនយូរទេ ២០ លានបាត់។ ស្រែធំ ពូជច្រើន អញ្ចឹងវាក៏បានផលច្រើនដូចគ្នាអញ្ចឹងដែរ។
ប៉ុណ្ណឹងបានហើយ ជាមួយនឹងការសំណេះសំណាល កោតសរសើរ លើកទឹកចិត្តចំពោះក្មួយៗប្រឹងប្រែងធ្វើការងារលើកទឹកចិត្តថៅកែ ម្ចាស់រោងចក្រ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស យកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់កម្មករ និយោជិត លើកទឹកចិត្តសម្រាប់ការវិនិយោគនានាមកកាន់តំបន់សេដ្ឋកិច្ចពិសេសនេះ អបអរសាទរចំពោះការសម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតកង់ឡាន ដែលមានវត្ថុធាតុដើមនៅកម្ពុជា អបអរសាទរជាមួយនឹងខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន និងអបអរសាទរខួប១០ឆ្នាំនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដែលកម្ពុជាមានចំណែកទទួលផលអំពីគម្រោងដែលជាគំនិតផ្ដួចផ្ដើមប្រកបដោយសន្តិភាពក្នុងក្របខណ្ឌសហប្រតិបត្តិការឈ្នះឈ្នះ។ តាមរយៈឯកឧត្ដម Wang Wentian អនុញ្ញាតឲ្យខ្ញុំអរគុណចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ថ្លែងនូវការជូនពរចំពោះឯកឧត្ដម Xi Jinping និងឯកឧត្ដម Li Keqiang នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន អរគុណចំពោះប្រជាជនចិន ដែលបានជួយ ហើយជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាពិសេស ក្មួយៗកម្មករ កម្មការិនីទាំងអស់ ដែលមានវត្តមានថ្ងៃនេះ សូមប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។ អូ! ភ្លេចក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល និងក្រុមតន្រ្តីសម័យចំនួន ៥ លានរៀលដែរ៕