សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ និយោជិត និង ដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ

[សួរនាំកម្មការិនីអំពីរឿងស្នេហា និងគ្រួសារ] ឯកឧត្ដម Wang Wentian ក៏ដូចជាអ្នកទាំងអស់ដែលបានចូលរួមនៅទីនេះ​! (១) កម្មវិធី៣៖ សំណេះសំណាលកម្មករនិយោជិត ពិពណ៌សមិទ្ធផល សម្ពោធរោចចក្រសំបកកង់ ខ្ញុំសប្បាយរីករាយដែលបានវិលត្រឡប់មកកាន់ទីនេះសាជាថ្មីម្ដងទៀត បន្ទាប់ពីការអាក់ខានមួយរយៈ។ ការមកនេះ យើងធ្វើកិច្ចការ៣រួមគ្នា៖ ទីមួយ កម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទីពីរ ទស្សនា​ពិព័រណ៍សមិទ្ធផលនៅទីនេះ និងទីបី សម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខ្ញុំចាប់ផ្ដើមពីបញ្ហាទាក់ទិននឹងការសួរសុខ​ទុក្ខ​​កម្មករ … ហើយក៏ចង់ផ្ដល់បន្ថែមនូវអ្វី​ដែលជាតម្រូវការរបស់កម្មករ ដែលមិនទាន់បានដោះស្រាយ … ក្មួយៗបានដឹងហើយថា កាលពីប៉ុន្មានឆ្នាំមុននេះ ពូបានដើរជួបកម្មករប្រហែលជាមួយលាននាក់។ ក្នុងហ្នឹងមានជំនួបពីរលើកនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។ ​ថ្ងៃនេះ ខ្ញុំសូមអរគុណចំពោះម្ចាស់រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្ដីនៅក្រៅក្ដី ដែលបានផ្ដល់ឱកាសឲ្យកម្មករ/ការិនីមកជួបសំណេះសំណាលនិងឈប់សម្រាកពេញមួយថ្ងៃដោយមានបៀវត្សរ៍នៅថ្ងៃនេះ។ មិនចាំបាច់ប្រ​ញាប់ប្រ​ញាល់ពេលថាទៅធ្វើការពេលល្ងាចទេ ដោយសារពូបានស្នើសុំនូវការធ្វើរបៀបនេះជាមួយនឹងម្ចាស់រោងចក្រ ដើម្បីឲ្យកម្មករ/ការិនីរបស់យើងមានឱកាសមកជួបជុំធ្វើការសំណេះសំណាល។ (២) កម្មការិនីមានផ្ទៃពោះ បានឈប់សម្រាក ៣ខែ និងបៀវត្សរ៍ ១២០ភាគរយ ការសំណេះសំណាលរបស់យើង បានរកឃើញនូវវិធីសាស្រ្តដោះស្រាយក្នុងរយៈពេលកន្លងទៅ។ យើងបានយល់អំពីសុខទុក្ខរបស់កម្មករ/ការិនី។ ក្នុងហ្នឹង ប្រហែលជានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏មានមួយភាគដែលបានទទួលនូវផលប្រយោជន៍ ទាក់ទិនជាមួយនឹងស្ដ្រីពេលមានផ្ទៃពោះ គ្រប់ខែឆ្លងទន្លេ ដែលទទួលបាននូវការឈប់សម្រាក ៣ខែ…

សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រ សាលាភូមិន្ទរដ្ឋបាល

• […] ភាពឆ្មើងមិនត្រូវទទួលបានការស្វាគមន៍ណាមួយពីសំណាក់ប្រជាជនទេ។ ប៉ុន្តែ នៅពេលដែលមានភាពទន់ភ្លន់ ឱនលំទោនចំពោះប្រជាពលរដ្ឋ យើងបានទទួលនូវការសណ្ដោស និងការស្រលាញ់រាប់អានពីប្រជាពលរដ្ឋ សមតាមពាក្យមួយឃ្លាថា “ពេលនៅឱ្យប្រជាជនស្រលាញ់ ចេញទៅឱ្យប្រជាជននឹក” […]

• […] ប្រសិនបើសង្វាក់ផលិតកម្មរបស់យើង(ទទួលការ)ផ្គត់ផ្គង់មិនទាន់ពេលនូវវត្ថុធាតុដើមពីប្រទេសចិន ដែលកំពុងតែរាតត្បាតដោយជំងឺ Covid-19 ហើយបើសិនជារោងចក្រត្រូវព្យួរការងារ គេ(កម្មករ/ការនី)នឹងទទួលបានប្រាក់ ៦០% នៃបៀវត្សរ៍អប្បបរមា ដោយនិយោជក ដោយថៅកែរោងចក្រផ្ដល់ ៤០% និងរាជរដ្ឋាភិបាលផ្ដល់ ២០%។ ប៉ុន្តែ ក្នុងករណីដែលរោងចក្របិទតែម្ដង រាជរដ្ឋាភិបាលនឹងផ្ដល់ប្រាក់បៀវត្សឱ្យគេចំនួន ៦ ខែ ក្នុងមួយខែ ១២០ ដុល្លារ។ ប៉ុន្តែ ៤ ខែ ត្រូវតែយកទៅបណ្ដុះបណ្ដាល ដោយទទួលបានប្រាក់បៀវត្ស ១២០ ដុល្លារ/ខែ (រយៈពេលបួនខែ) នៅសល់ ២ ខែទៀត សម្រាប់ដោះស្រាយមុនគ្នាទៅរកការងារធ្វើបាន […]

• […] នៅពេលដែលកត្តាចៃដន្យកើតឡើង វានឹងលេចឡើងនូវមនុស្ស ២ ប្រភេទ។ ប្រភេទទី ១៖ រាយការណ៍ឱ្យថ្នាក់លើ និងបន្ទោសថ្នាក់ក្រោម។ ប្រភេទនេះ យកល្អមិនចាំបាច់ប្រើទេ ហើយយកគេឱ្យទៅរៀនសូត្រ ហើយដាក់គេទៅកាន់កន្លែងណាមួយ ដែលមិនចាំបាច់ឱ្យមានការទទួលខុសត្រូវទេ […] មន្ត្រីមួយទៀត ឈ្មុសឈ្មុលអនុវត្តការងារ ដោះស្រាយបញ្ហានៅនឹងកន្លែង រួមសុខរួមទុក្ខជាមួយថ្នាក់ក្រោម។ ពិតហើយការសុំជំនួយ ឬរាយការណ៍ឱ្យខាងលើត្រូវធ្វើ […] ត្រូវជម្រុញការបណ្តុះបណ្តាល ហើយនឹងតែងតាំងឱ្យសមស្របទៅតាមតួនាទីរបស់គេ […]

• […] វិធីសាស្ត្រដឹកនាំ និងធ្វើការងារ ដំបូងបំផុតរៀបចំផែនការឱ្យបានល្អ ឱ្យជាក់លាក់ ឱ្យសត្យានុម័ត ដោយគិតគូរគ្រប់ទិដ្ឋភាពទាំងអស់។ កុំរៀបចំផែនការប្រកបដោយមហិច្ឆតា តែធ្វើមិនបាន បន្ទាប់ពីការរៀបចំផែនការហើយ ត្រូវចាត់តាំងអនុវត្ត។ ទាំងពីរនេះ គឺមិនទាន់គ្រប់គ្រាន់ទេ ត្រូវត្រៀមរៀបចំដើម្បីឆ្លើយតបនឹងកត្តាចៃដន្យដែលវាកើតឡើង […]

សម្ដេចតេជោ ហ៊ុន សែន, ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល, ២៥ កុម្ភៈ ២០២០