ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីសក្ការៈ,
បងប្អូនជនរួមជាតិដែលបានអញ្ជើញមកដល់ទីនេះ,
(១) មកចូលរួមដោយមិនមានអ្នកគាបសង្កត់, អ្នកចូលរួមជាមួយបក្សប្រជាជនជាអាយ៉ងជាយួន, ចង់អោយអ្នកប្រកូកប្រកាសបាតុកម្មចេញមុខដឹកនាំបាតុកម្ម, ស្រែគណបក្សប្រជាជនធំ ពូជច្រើន ធារច្រើន, ទៅដល់ណាក៏នៅតែជាខ្មែរ … ឈាមខាប់ជាងទឹក
នេះមិនមែនជាការគាប់ជួនទេ ប៉ុន្តែគឺជាការរៀបចំ ហើយដែលមានការព្រមព្រៀងគ្នា រវាងអ្នកដែលត្រូវមក គឺខ្ញុំត្រូវមកពីភ្នំពេញ ប៉ុន្តែក៏បងប្អូនស្ម័គ្រស្មោះមកកាន់ទីនេះ ដោយបំណងប្រាថ្នាចង់ជួបគ្នា។ នៅក្នុងទីនេះ មានបងប្អូនមួយចំនួនបានជួបខ្ញុំ កាលពីខែ ឧសភា នៅ Zurich ពេលដែលខ្ញុំទៅចូលរួមនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅ ដាវ៉ូស។ ឥឡូវវត្តមានសាជាថ្មីម្តងទៀត ក៏មានបងប្អូនមួយចំនួនដែលខ្លះបានជួបនិងមួយចំនួនគឺទើបនឹងបានជួប។
មុននឹងខ្ញុំព្រះករុណាខ្ញុំ មុននឹងចូលទៅដល់អ្វីដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ ខ្ញុំព្រះករុណាខ្ញុំ ចង់រកចៅ ២ នាក់ ឬក៏ថាក្មួយ ២ នាក់។ ទីមួយ និស្សិតនៅស្វីសនេះ (ចាក់វីដេអូដែលនិស្សិតនិយាយ) ឯណា? ក្មួយមួយណា? អរគុណ។ ទី ២ គឺក្មួយម្នាក់ដែលជាសិស្សនៅ នៅប៊ុលហ្ការី (ចាក់វីដេអូដែលនិស្សិតនិយាយ) នៅណា? មើលស្គាល់ខ្លួនឯងទេ? ឈ្មោះពេជ្រ មានវត្តមានទេ? មាននៅច្រើនទៀត។ ក៏ប៉ុន្តែចាប់អារម្មណ៍ព្រឹកមិញនេះ ចុះពីលើយន្តហោះមក បើកមើលឃើញក្មួយៗនិយាយដោយប្រើពាក្យថា “គ្មានអ្នកណាគេគាបសង្កត់”។ អញ្ចឹងមានន័យថា ពួកគេបានបំផុសនូវពាក្យពេចន៍ថា ការមកជួបនេះត្រូវបានទទួលការគាបសង្កត់ ឬការទិញដូរ។ ប្រហែលជាភាសានេះ យើងគួរតែបញ្ចប់វា នៅក្នុងដំណាក់កាលណាមួយ ព្រោះវាជាការប្រមាថដ៏ធ្ងន់សម្រាប់សតិសម្បជញ្ញៈឬសម្រាប់សិទ្ធពលរដ្ឋ។ តើអ្នកទាំងអស់គ្នា ដែលមកទីនេះ ក្រោមការគម្រាមកំហែងរបស់អ្នកណា? មិនថាឡើយសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេស ក្នុងប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យនោះទេ សូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏រាជរដ្ឋាភិបាលគ្មានសិទ្ធនឹងទៅគាបសង្កត់ ដើម្បីថាអ្នកឯងត្រូវតែទៅចូលរួមបុណ្យនេះ អ្នកឯងត្រូវទៅចូលរួមពិធីនោះ។ លើកលែងតែមានការចាត់តាំងណាមួយ ឧទាហរណ៍ យើងត្រូវរៀបចំការប្រកួតកីឡា(ជាតិ)កន្លងទៅ ដែលយើងត្រូវកំណត់ថា សាកលវិទ្យាល័យនេះយកប៉ុណ្ណេះ សាកលវិទ្យាល័យនេះយកប៉ុណ្ណោះ។ ហ្នឹងហៅថាការរៀបចំ។ ប៉ុន្តែការជួបជុំបែបនេះ អត់មាន(ការរៀបចំ)ទេ។ អ្នកចង់មក ក៏មក។ អ្នកមិនចង់មក គឺជាសិទ្ធ។
ខ្ញុំមិនយល់ថា អ្នកដែលបានមករស់នៅលើទឹកដីដែលគេហៅថា ទឹកដីប្រជាធិបតេយ្យ បែរជាចេះប្រើភាសានេះទៅរួច។ ប៉ុន្តែក៏អាចជាទម្លាប់របស់ពួកគេទេដឹង។ ប៉ុន្តែមិនមែនជាទម្លាប់របស់ ហ៊ុន សែន ទេ ហើយក៏មិនមែនជាទម្លាប់របស់គណបក្សប្រជាជនដែរ។ បងប្អូនអាចចាកចេញ ឧទាហរណ៍ថា មិនពេញចិត្តនឹងស្តាប់ បងប្អូនមិនចូលរួម មិនមក ឬមកដល់ហើយមិនចាំបាច់ចូល ឬចូលហើយ ចង់ចេញទៅវិញ អាហ្នឹងវាជាសិទ្ធរបស់បងប្អូនទេតើ។ ប៉ុន្តែគួរឲ្យសោកស្តាយ មនុស្សមួយចំនួននៅក្នុងប្រទេសរបស់យើង ដែលបានមកនៅក្រៅប្រទេស (បែរជាអគតិចាត់ទុកថា)អ្នកណាក៏ដោយឲ្យតែចូលរួមជាមួយគណបក្សប្រជាជន គឺអាយ៉ងទាំងអស់ យួនទាំងអស់។ បញ្ញវ័ន្ត ជាថ្នាក់បណ្ឌិតអី ជាស្អី ឲ្យតែមកនៅជាមួយគណបក្សប្រជាជន គឺសុទ្ធតែថោកទាបទាំងអស់។ វាទៅជាអញ្ចេះ។ ប៉ុន្តែអ្នកដែលមិនថោកទាប កាន់តែតិចទៅៗ។
យើងពិនិត្យមើល។ ខ្ញុំក៏ចង់ដឹងដែរ។ ប៉ុន្មានថ្ងៃនេះ មានការបង្កូកប្រកាសឲ្យធ្វើបាតុកម្មប្រឆាំងខ្ញុំ។ ខ្ញុំក៏ចង់ដឹងដែរថា ថ្ងៃទី ១៤ (ធ្នូ) ខាងមុខមានប៉ុន្មាននាក់។ អាចថ្ងៃនេះយើងថតឲ្យអស់ក្រុមយើង រួចហើយខ្ញុំសុំស្នើឲ្យថ្ងៃ ១៤ ធ្នូនេះ ពួកយើងទៅថតគេធ្វើបាតុកម្ម។ តើពួកគេបានប៉ុន្មាននាក់។ តាមដែលខ្ញុំធ្លាប់បានដឹង ហើយបានប៉ាន់ស្មាន មិនថានៅអាមេរិក មិនថានៅអឺរ៉ុបទេ ហើយបើនៅហ្សឺណែវ គឺអត់តែម្តង។ មិនដែលធ្វើ។ កន្លែងហ្នឹងកន្លែងត្រូវធ្វើបាតុកម្ម ប៉ុន្តែអត់ដែលបានធ្វើទេ។ មិនដឹងថាមូលហេតុអ្វី? ខ្ញុំចង់ឲ្យអ្នកបង្កូកប្រកាសនេះ វាចេញដឹកនាំបាតុកម្មមកប្រឆាំងខ្ញុំតែម្តង។ តើចិត្តសឿងហ៊ានចេញមក ប្រមូលមនុស្សមួយអឺរ៉ុបមកបានទេ? ជាសេរីភាពរបស់អ្នកឯងទេ ប៉ុន្តែអ្នកឯងគួរបង្ហាញកម្លាំងពិតរបស់អ្នកឯងមក។ ខ្ញុំនៅទីនេះ ខ្ញុំមិនដឹងថា តើប៉ុន្មានពិតប្រាកដទេ ក៏ប៉ុន្តែតាមការប៉ាន់ស្មាន បើ(តាម)អគ្គរាជទូតបានរាយការណ៍អម្បាញ់មិញថាប្រមាណជិត ២ ពាន់នាក់។
អ្នកឯងកុំភ្លេចថា ជិត ២ ពាន់នាក់ និងនៅពីក្រោយជិត ២ ពាន់នាក់ តើមានប៉ុន្មានទៀត? គឺក្រុមគ្រួសាររបស់គេមានច្រើន។ អ្នកឯងកុំភ្លេច ស្រូវកាលណាធ្វើស្រែធំ ពូជច្រើន វាទទួលផលច្រើន។ ធ្វើស្រែតូចនិងពូជតិច វាទទួលផលវាតិចដូចគ្នា។ លើការជាក់ស្តែង គណបក្សប្រជាជនបោះឆ្នោតថ្នាក់ឃុំ/សង្កាត់កន្លងទៅ ទទួលសន្លឹកឆ្នោតលើស ៧៤% នៃសន្លឹកឆ្នោត។ អញ្ចឹងទំហំរបស់គណបក្សប្រជាជនក៏មានច្រើនដែរ ហើយបើនិយាយពីរឿងបង្កើតកូនវិញ ពួកយើងមានដល់ ៧៤% មិនកើតកូនមកបានច្រើន ដល់ពេលដល់អាយុបោះឆ្នោតក៏បានច្រើនដែរ។ អញ្ចឹង អ្នកឯងនៅតែ ២០% ហ្នឹងរហូត ឯខ្ញុំនៅតែ ៧០% រហូតអញ្ចឹងដែរ ព្រោះរឿងហ្នឹងវាអញ្ចឹង។ វាមិនដែលកូនណាទៅប្រឆាំងជាមួយឪទេ។
នេះមិនមែនជាការចាប់ផ្តើម(នៃការសន្ទនាសំណេះសំណាល)នៅនេះទេ ប៉ុន្តែខ្ញុំចាប់អារម្មណ៍ជាមួយក្មួយទាំង ២ មួយនិស្សិតដែលកំពុងរៀននៅស្វីស មួយនិស្សិតកំពុងរៀននៅ ប៊ុលហ្ការី ដែលមានការចាប់អារម្មណ៍ថា គេប្រើពាក្យថាមានការគាបសង្កត់។ ខ្ញុំមិនដឹងថា តើការគាបសង្កត់ហ្នឹង គេចេះគាបសង្កត់របៀបម៉េច? ព្រោះមកនៅប្រទេសនេះហើយ។ មិនថានៅប្រទេសទាំងនេះទេ ឥឡូវនៅប្រទេសកម្ពុជា អ្នកណាគាបសង្កត់របៀបម៉េចទៅបាន? និយាយចាក់បាល់ទៅចុះ ឥឡូវមើលប៉ុន្មាននាក់ទាយថាបារាំង? មើលលើកដៃ។ ហ្នឹងពាក្យថាសំណេះសំណាល។ ម្សិលមិញប្រហែលជាមានអ្នកតាមដានដែរ។ មុនចេញពីផ្ទះ ខ្ញុំបានបង្ហោះរូបមួយសន្លឹកជាមួយនឹងសារថានៅយប់ហ្នឹង ខ្ញុំនឹងចាកចេញពីកម្ពុជា មកអឺរ៉ុបនេះ ដើម្បីប្រជុំអាស៊ាន-អឺរ៉ុប និងទស្សនកិច្ចការងារនៅបារាំង ហើយក៏សូមអរគុណជាមួយបងប្អូនដែលបានចេញសារ អបអរសាទរនូវដំណើររបស់ខ្ញុំ និងមកស្វាគមន៍ខ្ញុំនៅប៊ែលហ្ស៊ីកនេះ នៅព្រុចសែលនេះ។ ដល់អ្នកចូលមក comments ទៅសួរ លោកតា ឆ្នាំហ្នឹងអ្នកណាលើកពាន។ ខ្ញុំចូលចិត្តរពឹសដៃរឿងឆ្លើយតប។
ហ្វេសប៊ុករបស់ខ្ញុំជាប់ចំណាត់ថ្នាក់លេខមួយ ប៉ុន្មានលើកហើយ។ គេហៅថា ជាហ្វេសប៊ុកដែលមានភាពសកម្មឆ្លងឆ្លើយរវាងពលរដ្ឋជាមួយនឹងម្ចាស់ផេច។ ខ្ញុំក៏បានឆ្លើយត្រឡប់ទៅវិញថា បាល់មូលលោកចៅ។ ហ្នឹងអាចយល់បានហើយ ព្រោះសូម្បីតែជើងខ្លាំងៗទាំង ប្រេស៊ីលទាំងអីទៅអស់។ ជប៉ុនក៏លេងអាល្លឺម៉ង់ដួល។ ដល់ទៅប្រាប់ថា បើតាមពិនិត្យ បារាំងមានឱកាសច្រើន ស្រាប់តែសារព័ត៌មានតាមអនឡាញនានាគេយកទៅផ្សាយភ្លាមៗ។ ប៉ុន្តែសុំកុំជឿខ្ញុំពេក ខ្ញុំគ្រាន់តែមើលបច្ចេកទេសនៃការទាត់តែប៉ុណ្ណោះ។ ប៉ុន្តែបាល់វាមូល។ ជួនកាលទាត់មិនត្រូវទាំងបាល់ទៅទៀត។ តិចទៅយកអាហ្នឹងទៅចាក់ នាំគ្នាចាក់ នៅភ្នំពេញ គេថា ពួកស៊ីសៀង។ អាហ្សង់ទីនចាញ់ Saudi Arabia ។ អញ្ចឹងទេ រឿងបាល់ហ្នឹង Saudi Arabia ឈ្នះអាហ្សង់ទីន ឈ្នះទៅរួច ជាប្រវត្តិសាស្ត្ររបស់ពួកអាស៊ី ដែលឈ្នះជើងលើកពាន …។
ឥឡូវខ្ញុំចាប់ផ្តើម។ ជាមួយនឹងការចែករំលែកទាក់ទិនជាមួយនឹងព្រឹត្តិការណ៍ខាងក្នុង ដែលមុននឹងចូលដល់នោះ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការអរគុណ ចំពោះការគាំទ្រទាំងឡាយរបស់បងប្អូន ដែលបានធ្វើដំណើរពីចំងាយក្រោមធាតុអាកាសដ៏ត្រជាក់ ហើយមានទាំងអ្នកវ័យចំណាស់ មានទាំងពិការ មានទាំងកុមារ មានទាំងទារកទៀត ដើម្បីបង្ហាញនូវទឹកចិត្តនៃការស្រឡាញ់ចំពោះមាតុប្រទេស។ ខ្ញុំគ្រាន់តែជាបុគ្គលម្នាក់ ក៏ប៉ុន្តែខ្ញុំពាំនាំមកជាមួយនូវអត្តសញ្ញាណជាតិកម្ពុជា។ នេះជាការទទួលស្គាល់តួនាទីដឹកនាំនេះ។ បងប្អូនកាត់មកពីចំងាយ ដើម្បីនឹងមានការជួបគ្នា។ ខ្ញុំព្រះករុណាខ្ញុំ អរគុណ និងរំភើបនៅក្នុងចិត្ត។ នេះហើយដែលថា ខ្មែរយើងទៅដល់ណាក៏នៅតែជាខ្មែរ។ យើងអាចនិយាយតាមមួយបែបថា ឈាមខាប់ជាងទឹក។ មានន័យថា បើទោះបីជាទឹកអាចរំលាយឈាមបាន ក៏ប៉ុន្តែឈាមខាប់ជាងទឹក។ ទោះបីបងប្អូនមករស់នៅស្រុកណាក៏ដោយ ប្រទេសណាក៏ដោយ ក៏ប៉ុន្តែវិញ្ញាណជាខ្មែរនៅតែជាខ្មែរ។ នេះជាចំណុច ដែលរាជរដ្ឋាភិបាលផ្តល់ឱកាសនិង ខិតខំ។ យើងមានការសោកស្តាយ ខ្ញុំក៏បានដឹងថា ពលរដ្ឋរបស់យើងមួយចំនួនក៏បានស្លាប់ដោយសារ កូវីដ-១៩ នៅតាមប្រទេសខ្លះ យើងមិនទាន់ស្រង់តួលេខអស់នៅឡើយទេ ប៉ុន្តែដោយសារតែ មិនមានការស្លាប់នៅក្នុងស្រុក យើងមិនរាប់ ចុះបញ្ជីក្នុងប្រទេសទេ គឺចុះបញ្ជីទៅតាមប្រទេសនានា ដែលមានពលរដ្ឋខ្មែរយើងស្នាក់នៅទីនោះ អំពីមរណភាពដោយសារ កូវីដ-១៩។
(២) ប្រយុទ្ធនឹងសត្រូវមើលមិនឃើញ ដោយវិធានការពីរគឺ ៣កុំ៣ការពារនិងវ៉ាក់សាំង, អភិក្រមវ៉ាក់សាំងសាំងផ្ការីក មិនមែនអភិក្រមសមធម៌, កូវីដ១៩ ធ្វើអោយការទំនាក់ទំនងតាមឌីជីថលលឿនទៅមុខ, រាជរដ្ឋាភិបាលចំណាយជាអ ៤០ លានដុល្លារ/ខែ ជួយដល់ជាង ៧០ ម៉ឺនគ្រួសារ, ចំណាយជាង ២ ពាន់លានដុល្លារបំរើការប្រយុទ្ធនឹងកូវីដ១៩
បន្ទាប់ពីការអរគុណនេះ ខ្ញុំគួរតែចែករំលែកលើចំណុចខ្លះអំពីភាពលេចធ្លោក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងឆ្នាំ ២០២២។ មានចំណុចសំខាន់ ៣។ រឿងមានច្រើន ក៏ប៉ុន្តែបើឲ្យខ្ញុំធ្វើបាឋកថា សូម្បី ៥ ម៉ោងក៏មិនចេះអស់ផង។ ប៉ុន្តែ ខ្ញុំចង់រំលេចនូវបញ្ហា ៣ សំខាន់ ជូនបងប្អូនយើងដើម្បីជ្រាប ។ ទី ១ ការប្រយុទ្ធជាមួយ កូវីដ-១៩ ដែលមិនមែនជាបញ្ហាតូចតាចទេ រឿងនេះធំណាស់ ជាពិសេសគឺទាក់ទិនជាមួយនឹងជីវិតមនុស្ស ការប្រយុទ្ធជាមួយសត្រូវមើលមិនឃើញ។ នេះជាការលំបាកសម្រាប់ប្រទេសក្រីក្រ ថែមទាំងដំណាក់កាលដំបូងនៃ កូវីដ-១៩ នេះ សារព័ត៌មាននៅប្រទេសជឿនលឿនមួយចំនួន គេសរសេរវាយប្រហារទៅលើប្រទេសកំពុងអភិវឌ្ឍ ដូចជានៅក្នុងតំបន់អាស៊ី គេមើលស្រាលទៅលើកម្ពុជា គេមើលស្រាលទៅលើឡាវ គេមើលស្រាលទៅលើមីយ៉ាន់ម៉ា គេមើលស្រាលទៅលើបង់ក្លាដេស រហូតទៅដល់ប៉ាន់ស្មានថា បង់ក្លាដេសនឹងស្លាប់អស់ប្រជាជន ១៥ លាននាក់។ កម្ពុជាក៏ត្រូវគេប្រមាថថានឹងរងហានិភ័យខ្ពស់ ដោយសារតែមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។ ផ្ទុយទៅវិញ ប្រទេសកំពុងអភិវឌ្ឍគ្មានជម្រើសណាល្អជាងធ្វើការជាមួយប្រជាជនទេ។ សូមមើលតួលេខតាមវេបសាយត៍ទៅ។ កូវីដ-១៩ មិនមែនស្ថិតនៅលើបញ្ហាអ្នកឯងមានប្រព័ន្ធសុខាភិបាលជឿនលឿន ឬប្រព័ន្ធសុខាភិបាលទន់ខ្សោយទេ តែស្ថិតនៅលើសមត្ថភាពគ្រប់គ្រងតែប៉ុណ្ណោះ។ អ្នកឯងទុកឲ្យប្រជាពលរដ្ឋឈឺហើយយកទៅពេទ្យ រកពេទ្យដេកមិនបានទៀត។ ដោយសារតែជាប្រទេសទន់ខ្សោយ យើងគ្មានជម្រើសណាល្អជាងជម្រើសធ្វើការជាមួយប្រជាជន អប់រំប្រជាជនឲ្យទទួលយកនូវវិធានការសុខាភិបាល ដែលក្រសួងសុខាភិបាលបានដាក់ចេញ ឬរាជរដ្ឋាភិបាលបានដាក់ចេញ។
ក្នុងហ្នឹងវិធានការ ២ សំខាន់ ដែលយើងដាក់ចេញ ហើយដែលយើងទទួលជោគជ័យគឺ វិធានការទី ១ គឺវិធានការសុខាភិបាល ដែលយើងហៅរត់មាត់ទៅហើយ ៣ កុំ ៣ ការពារ។ ដូចដែលបងប្អូនយើងធ្វើចឹង នៅទីនេះ ក៏នៅធ្វើនៅឡើយ ពាក់ម៉ាស លាងដៃ រក្សាគម្លាត អាហ្នឹង ៣ ការពារ ឯ ៣ កុំ កុំទៅកន្លែងជួបជុំ មនុស្សច្រើន កុំទៅកន្លែងបិទជិត និងកុំប៉ះពាល់គ្នា។ ក៏ប៉ុន្តែខ្ញុំនិយាយហើយ ៣ ការពារ ៣ កុំ ពិបាកធ្វើឥឡូវនេះ ដោយសារអ្វី? យើងបើកប្រទេសឡើងវិញ។ ដូច្នេះពេលមានបុណ្យទានម្តងៗ ដូចជាយើងជួបជុំគ្នា វាលែងរក្សាគម្លាត ទៅកន្លែងបិទជិតអស់ អាហ្នឹង ប៉ុន្តែវិធានការការពារនៅតែអាចធ្វើទៅកើត តាមរយៈការពាក់ម៉ាស តាមរយៈការលាងដៃ តាមរយៈការរក្សាគម្លាត។ ហ្នឹងជាវិធានការទី ១ … ខ្ញុំគួរថ្លែងនូវការអរគុណចំពោះប្រជាពលរដ្ឋកម្ពុជា ដែលទទួលយកនូវការស្ម័គ្រចិត្តជាមួយវិធានការរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
ឯវិធានការមួយទៀត គឺវ៉ាក់សាំង។ ការចាក់ស្រោចវ៉ាក់សាំង ដែលមកដល់ពេលនេះ ធ្វើឲ្យអត្រាចាក់វ៉ាក់សាំងនៅកម្ពុជា លើស ៩៥% ជាចំនួនមួយមិនធម្មតា។ ពិតមែនតែប្រទេសយើងក្រ ក៏ប៉ុន្តែរាជរដ្ឋាភិបាលចំណាយទុន ដើម្បីនឹងដោះស្រាយបញ្ហា កូវីដ-១៩ នេះ ដោយមិនឲ្យប្រជាជនគ្មានវ៉ាក់សាំងចាក់ ឬបង់ថ្លៃដើម្បីចាក់វ៉ាក់សាំង។ ខ្ញុំសូមបញ្ជាក់ បើទោះបីថា កម្ពុជាក្រ ដំណាក់កាលដំបូងដើម្បីធានាការចាក់ឲ្យប្រជាជន យើងត្រូវទិញដោយប្រើលុយខ្លួនឯង ចំនួន ២៨ លាន ៥ សែនដូស ជាមួយនឹងថវិកាជាតិផង ថវិកាសប្បុរសជនផង។ សប្បុរសជននៅកម្ពុជាបច្ចុប្បន្ននេះ បានចូលរួមជាមួយរាជរដ្ឋាភិបាលច្រើនណាស់ ទាំងវ៉ាក់សាំងទាំងផ្នែកដទៃទៀត ក្នុងរយៈពេលកន្លងទៅ ជាង ១០០ លានដុល្លារអាមេរិក។ យើងបានទទួលវ៉ាក់សាំងចាក់ពេញលេញ។ ជំនួយមាន ប៉ុន្តែវាមិនធំ។ បើយើងពឹងតែលើជំនួយ យើងចាក់អត់ទាន់ពេលទេ។ វិធានការចាក់វ៉ាក់សាំងនៅកម្ពុជាខុសពីគេ។ តើរបៀបខុសយ៉ាងម៉េច? យើងប្រើអភិក្រមផ្ការីក។ មិនមែនប្រើអភិក្រមសមធម៌ទេ។ ប្រទេសខ្លះប្រើអភិក្រមសមធម៌។ ឧទាហរណ៍បានវ៉ាក់សាំងមកស្មើនឹង ២០ % នៃប្រជាជន អញ្ចឹងរដ្ឋាភិបាលរបស់គេនឹងចែកវ៉ាក់សាំង ២០ % ទៅខេត្តនេះ ២០ % ទៅខេត្ត នោះ។ ការធ្វើយ៉ាងដូច្នេះ មិនអាចបង្កើតភាពស៊ាំសហគមន៍បានទេ។ ដូច្នេះកម្ពុជាប្រើអភិក្រមផ្ការីក តាមរយៈការចាក់ស្រោចវ៉ាក់សាំងនៅទីក្រុងភ្នំពេញ និងខេត្តកណ្ដាលឲ្យជោគជាំសិន ទើបបញ្ចេញទៅខាងក្រៅ។
មូលហេតុងាយយល់អញ្ចេះ បើសិនយើងចែកជាភាគរយទៅតាមសមធម៌ ឥលូវឧទាហរណ៍ថា ២០% ជូន២០ % ទៅក្នុង ១០០ នាក់ចាក់បាន ២០ នាក់ ៨០ នាក់ មិនបានចាក់ អញ្ចឹងសួរថាអ្នកណាខ្លាំងជាអ្នកណា? អា ៨០ នៅតែខ្លាំងជាង។ អញ្ចឹងវាសង្កត់ទៅលើអា ២០។ អញ្ចឹងបានជាវិធីសាស្ដ្រ(ចែកចាយវ៉ាក់សាំង)មានវ៉ាក់សាំងហើយមិនប្រាកដថាជោគជ័យទេ នៅពេលដែលយើងប្រើវិធានការខុស។ ខ្ញុំបានស្នើអធ្យាស្រ័យពីអភិបាលខេត្តនានា សុំអង្វរកប្រជាពលរដ្ឋដែលវ៉ាក់សាំងយឺតយ៉ាវទៅដល់ ប៉ុន្ដែភាពយឺតយ៉ាវរបស់យើងនេះ វាមិនយឺតយ៉ាវច្រើនពេកទេ ដោយសារយើងខិតខំរកវ៉ាក់សាំងមកចាក់។ ចំណុចនេះខ្ញុំសូមជម្រាបជូនថា ការប្រយុទ្ធជាមួយសត្រូវដែលមើលមិនឃើញ ឬគួរឲ្យតក់ស្លុត ក៏ប៉ុន្ដែយើងមិនអាចតក់ស្លុតបានទេ។ ប៉ុន្ដែមានថ្ងៃមួយ ខ្ញុំចាប់ទូរស័ព្ទ(និយាយ)ព្រោះមិនអាចចាំទៅរកអ្នកណាមកផ្សាយផ្ទាល់ចេញពី(បន្ទប់ខ្ញុំ)នឹងទេ ព្រោះថ្ងៃខ្លះខ្ញុំត្រូវគេ(តម្រូវ)ឲ្យធ្វើចត្ដាឡីស័កដែរ។ ខ្ញុំត្រូវចាប់ទូរស័ព្ទខ្ញុំនិយាយ រួចហើយបញ្ជូនទៅសារព័ត៌មានឲ្យផ្សាយជាសំលេងរបស់ខ្ញុំចេញដើម្បីឲ្យទាន់ពេល។
មានមួយពេលនោះ ដោយឃើញថាការឆក់យកជីវិតមនុស្សក្នុងមួយថ្ងៃៗ ជួនកាលលើសពី ២០ នាក់ វាច្រើនណាស់ ខ្ញុំបានប្រើពាក្យថា យើងកំពុងស្ថិតនៅមាត់ជ្រោះមរណហើយ។ អញ្ចឹងបានជាពីឆ្នាំ ២០២០ និង២០២១ កម្ពុជាមិនបានចូលឆ្នាំទេ។ មកដល់បុណ្យភ្ជុំបិណ្ឌ បានដាក់បិណ្ឌមួយ បិណ្ឌពីរ ស្រាប់តែឆ្លង(គ្នា) វត្ដមួយចំនួនចេញពីវត្ដមកឆ្លងឡើងពេញ។ អញ្ចឹងទេត្រូវរកវិធីយ៉ាងម៉េចធ្វើបុណ្យបានផង និងការពារផង។ ដល់ក្រោយមកយើងបើកបណ្ដើរបន្ដិចៗ ចាប់ពីថ្ងៃទី ១ វិច្ឆិកា (២០២១)ធ្វើឲ្យដំណើរការបន្ដិចម្ដងៗរហូតដល់បើក(ប្រទេស)ទាំងស្រុង។ កង្វល់ធំរបស់យើងនៅពេលនោះ គឺបញ្ហាបិទសាលារៀន ដែលសិស្ស និស្សិតរបស់យើងជិត ៤ លាន នាក់ រៀនតាមអនឡាញ។ តែ(ការរៀនអនឡាញ)នោះក៏(ជាឱកាស)ផ្ដល់នូវកាលានុវត្ដភាព (ដូច)គេថាវិបត្ដិតែមានកាលានុវត្ដភាព។ កូវីដ-១៩ បែរជាជម្រុញឲ្យមានការរីកលូតលាស់នៃបច្ចេកវិទ្យាព័ត៌មានកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ឌីជីថល បានលូតលាស់ទៅលឿន មិនតិចជាង ៣ ឆ្នាំទេ។ ខាងក្រសួងអប់រំថា (ការរីកចំរើនឌីជីថល)អាច(បានដើរលឿន)ទៅមុខ ១០ ឆ្នាំ។ ព្រោះអ្វី? សិស្សរាប់លាននាក់រៀនអនឡាញ អញ្ចឹងលេងឌីជីថលទាំងអស់។
អ្នកនៅក្រៅប្រទេស ប្រយ័ត្នមកនៅប្រទេសជឿនលឿនប៉ុន្ដែមិនអាចជឿនលឿនតាមបែបអ្នកនៅក្នុងស្រុក …។ ឥលូវសូម្បីតែផ្លូវល្បឿនលឿនពីមុនបង់លុយ(នៅបញ្ជរ) ឥលូវគេកំពុងកាត់បន្ថយការបង់(ជាសាច់)លុយ(ដោយផ្ទាល់) ហើយនឹងឈានទៅបញ្ចប់ការបង់សាច់លុយ តាមរយៈការទំនាក់ទំនងបង់លុយតាមទូរស័ព្ទ តាមអីទាំងអស់។ អញ្ចឹង បញ្ហាកូវីដ១៩ នេះជារឿងដែលយើងបានខិតខំធ្វើដើម្បីបញ្ជៀសនូវការស្លាប់ មិនមែនបញ្ជៀសបានទាំងស្រុងទេ ប៉ុន្ដែពេលនោះខ្ញុំបានចេញស្នើដាក់ចេញបទបញ្ជាឲ្យបង្កើតបច្ឆាសម្រាប់បូជាសពតាមទីកន្លែងនានា រកដីសម្រាប់កប់សាកសព និងធ្វើក្ដាមឈូស រហូតដល់ក្រុមប្រឆាំងថា ខ្ញុំប្រមាថម៉ាកងាយអាយុជីវិតប្រជាជន។ ប៉ុន្ដែ (ការដែលខ្ញុំធ្វើមានគោលដៅ)មិនទុកឲ្យប្រជាជនកម្ពុជា(ជួបនឹងស្ថានភាព)អាណោចអធម៌ ដូចប្រទេសខ្លះដែលរកដីកប់សពមិនបានផង ឬរកក្ដារមឈូសដាក់សពមិនបានផង។
រាជរដ្ឋាភិបាលទទួលទាំងអស់។ មានស្លាប់ម្នាក់ យើងត្រូវទទួលខុសត្រូវយកទៅទីបូជា។ ក្រុមគ្រួសារទទួលបានប្រាក់ប៉ុន្មានលានបន្ថែមនៅខាងក្រោយ។ នេះជាការខិតខំបន្ថែម ដើម្បីចៀសវាងបាននូវបញ្ហាការធ្លាក់ចុះនៅកម្រិតនៃអត្រាភាពក្រីក្ររបស់ប្រជាជន។ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញសាច់ប្រាក់ក្នុងមួយខែប្រមាណ ៤០ លានដុល្លារជួយចិញ្ចឹមប្រជាជនប្រមាណ ៧០ ម៉ឺន គ្រួសារ។ រោងចក្រមួយចំនួននិងសណ្ឋាគារ ត្រូវព្យួរកម្មករ។ វិស័យ (ទេសចរណ៍)ក៏រងផលប៉ះពាល់។ យើងត្រូវផ្ដល់ប្រាក់ដល់កម្មករ។ ហោចណាស់កម្មករដែលត្រូវបានព្យួរដោយបិទរោងចក្រ យើងផ្ដល់ឲ្យពួកគាត់ក្នុង ១ នាក់បាន ៧០ ដុល្លារ ដោយរាជរដ្ឋាភិបាលផ្ដល់៤០ ខាងរោងចក្រផ្ដល់ ៣០ បាន ៧០ ហើយទៅធ្វើការជាមួយគ្រួសារទៅ។ ខាងផ្នែកសណ្ឋាគារបានតែ ៤០ ទេ។ វាគ្រាន់បើជាងអត់។ នេះជាការដោះស្រាយក្នុងដំណាក់កាលដ៏លំបាក។ ខ្ញុំអាចសរុបថាក្នុងពេលកូវីដ១៩ យើងបានបញ្ចេញសាច់ប្រាក់សន្សំរបស់យើងអស់ប្រមាណជាង ២ ០០០ លាន ដើម្បីបំរើឲ្យសេចក្ដីត្រូវការក្នុងការប្រយុទ្ធជាមួយនឹងកូវីដ-១៩ និងសេចក្ដីត្រូវការជួយប្រជាពលរដ្ឋរងគ្រោះផង។ មិនមែនជារឿងតូចតាចទេ ទីចុងបំផុតប្រទេសដែលត្រូវគេម៉ាកងាយត្រូវក្លាយជាប្រទេសជួរមុខនៅការគ្រប់គ្រងជំងឺកូវីដ-១៩។
នេះជាព្រឹត្តិការណ៍ដែលយើងបានឆ្លងកាត់។ បងប្អូនអាចសួរនៅក្នុងស្រុក។ ពិតមែនហើយក្នុងរយៈ ២ថ្ងៃនេះ ខ្ញុំឃើញថាមានការកើន(ឡើងចំនួនអ្នកឆ្លង)។ ម្សិលមិញគឺមានដល់ទៅ ២៦(ករណី)។ ថ្ងៃនេះខ្ញុំមិនដឹងថាវាយចូល (ឬនៅ) តែធម្មតាគឺវាយហើយ ប៉ុន្តែដោយសារវាច្រើនពេក ខ្ញុំគ្រាន់តែបើកៗមើលទៅ។ បាត់ សេរី កុសល ថាសុំចូលមកដែរតើ។ គាត់មកទាក់ទងឱ្យនាយករដ្ឋមន្ត្រីទៅដោះស្រាយឱ្យគាត់? ម៉េចមិនឡើងមកលើមក។ លោកទេសរដ្ឋមន្ត្រី ដាក់កៅអីមួយថែមមក។ ទេសរដ្ឋមន្ត្រីវាធំជាងរដ្ឋមន្ត្រីទៅទៀត … មក(អឺរ៉ុប)ធ្វើអី? កូនរៀននៅទីនេះ? ខ្ញុំនិយាយដល់ណាអម្បាញ់មិញ? និយាយរឿងឆ្លង, ថ្ងៃហ្នឹងចំនួនឆ្លងកើនបន្តិច ប៉ុន្តែការកើននេះគឺយើងមិនមានទៅដល់ភាពធ្ងន់ធ្ងរទេ។ រយៈពេល ៨ខែហើយដែលយើងគ្មានមនុស្សស្លាប់ដោយសារកូវីដ-១៩។ មានមួយពេលនោះ ៥២ថ្ងៃ យើងអត់មានឆ្លងសូម្បី ១ករណី។
ដល់បន្ទាប់ទៅទៀតពេលប្រជុំអាស៊ាននេះ មានរយៈពេល ១០ថ្ងៃ ដែលយើងអត់មានមនុស្សឆ្លង (តែ)បែរ(ជា)ឆ្លង ឆ្លងប្រធានអាស៊ានតែម្តង … ទៅដល់ឥណ្ឌូនេស៊ីឯណោះ ព្រោះប្រទេស G20 ហើយ APEC គេអញ្ជើញប្រធានអាស៊ានចូលរួម ហើយខ្ញុំត្រូវទៅបាយជាមួយប្រធានាធិបតីបារាំង Macron ដែលអញ្ជើញខ្ញុំទទួលទានអាហារពេលល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដទៃទៀតពីបណ្តាប្រទេសអាហ្វ្រិក។ ប៉ុន្តែដោយសារយន្តហោះរបស់យើងទៅយឺត ដល់យន្តហោះយើងទៅយឺតដោយសារខ្ញុំត្រូវជាប់ទទួល ស៊ុលតង់ប៊្រុយណេ អមព្រះករុណា ទទួល ស៊ុលតង់ប៊្រុយណេ ជប់លៀងរួចហើយបានចាប់ផ្តើមហោះចេញ អញ្ចឹងត្រូវយឺតពេល។ ទៅដល់គេធ្វើតេស្ត … ព្រលឹមឡើងរៀបចំស្លៀកពាក់ខោអាវប្រុងទៅចូលរួមប្រជុំ ស្រាប់តែគេថា បានឆ្លងហើយ។ ប៉ុន្តែអាការៈអត់មានអីសោះ។ អញ្ចឹងគិតគ្នាថាត្រូវធ្វើម៉េច? បើទុកឱ្យ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ចូលរួមគឺច្បាស់ជា ឧទាហរណ៍៖ យើងកើតម្នាក់យើងទៅចូលរួមប្រជុំច្បាស់ជាមានការកង្វល់សម្រាប់អង្គប្រជុំ ដោយសារតែប្រធានាធិបតី ឥណ្ឌូនេស៊ី ទើបនឹងទទួលងារក្នុងឋានៈជាប្រធាន។
ខ្ញុំនៅសល់សិទ្ធិជាប្រធាន ថ្ងៃនេះ ថ្ងៃ ១២ អញ្ចឹងនៅសល់តែ ១៨ថ្ងៃ ទៀតទេ ខ្ញុំចប់ជាប្រធានហើយ តែក៏នៅជាអាស៊ានដដែលទេ គ្រាន់តែមិនធ្វើប្រធានតែប៉ុណ្ណឹង។ អញ្ចឹងក៏សម្រេចថាមកប្រទេសទាំងអស់គ្នាទៅ ហើយប្រគល់ភាពតំណាងប្រធានទៅឱ្យប្រធានាធិបតី ឥណ្ឌូនេស៊ី គាត់ជាប្រធាន G20 ផង ជាប្រធានអាស៊ានផង។ ឯខាង APEC យើងបានសួរគេថាតើយើងតាំងតំណាងទៅបានអត់? គឺមិនបាន។ អញ្ចឹងយើងក៏មិនចាំបាច់បញ្ជូនទេ។ អញ្ចឹងបានជាការគ្រោងជួបជាមួយប្រធានាធិបតីបារាំង Macron ត្រូវអាក់ខាន។ ដូច្នេះហើយបានត្រូវស្វែងរកឱកាសជួបគ្នា។ ដំបូងឡើយគាត់ថាគ្រោងមកជួបគ្នានៅ ព្រុចសែល នេះ ប៉ុន្តែទីចុងបំផុតប្រធានាធិបតីបារាំងបានអញ្ជើញខ្ញុំ។ ពេលដែលខ្ញុំចប់ក្នុងការជួបជាមួយអ្នកទាំងអស់គ្នានៅទីនេះ, គឺអ្នកដែលនៅបារាំងកំពុងនៅ ប៊ែលហ្សិក ឯខ្ញុំចេញពី ប៊ែលហ្សិក ទៅដល់បារាំងវិញ។ មូលហេតុដោយសារតែយើងបានកំណត់ជួបគ្នានៅទីនេះ ល្ងាចថ្ងៃទី ១២ ប៉ុន្តែដោយសារមានការចាំបាច់ជាទស្សនកិច្ចការងារក្នុងរយៈពេល ១ថ្ងៃ ដែល ស្អែកនេះខ្ញុំត្រូវចូលរួមសន្និសីទអន្តរជាតិស្តីពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន។ ខ្ញុំក៏ត្រូវអានសុន្ទរកថាមួយ ហើយពេលនោះប្រធានាធិបតី Macron ក៏ចូលរួម។ ដល់ពេលល្ងាចខ្ញុំក៏ពិភាក្សានិងបាយការងារជាមួយគាត់ បន្ទាប់ទៅបានហោះត្រឡប់មកដល់នេះវិញ។
(៣) កម្ពុជាប្រជុំអាស៊ានផ្ទាល់បានដោយសារមានសន្តិសុខនិងគ្រប់គ្រងបានកូវីដ-១៩, កូវីដ១៩ មិនទាន់ចប់ទេ សង់មន្ទីពេទ្យ ១ ម៉ឺនគ្រែ សំរាប់បង្កាជំងឺឆ្លង, មុនកូវីដ១៩ ទទួលទេសចរបាន ៦,៦ លាននាក់, ពេលនេះទទួលបាន ២ លាននាក់វិញហើយ, សូមគោរពល្អជាងប្រឆាំងវិធានការណ៍របស់រដ្ឋាភិបាល
ទាក់ទិនជាមួយបញ្ហាកូវីដ-១៩ នេះ ការគ្រប់គ្រងបានកូវីដ-១៩ បានបើកឱកាសឱ្យយើងប្រជុំឆ្នាំនេះ អាស៊ានប្រជុំទល់មុខគ្នា បន្ទាប់ពីអាក់ខានរយៈពេល ២ឆ្នាំ។ ឆ្នាំ ២០២០ វៀតណាមធ្វើប្រធាន ២០២១ ប្រ៊ុយណេ ធ្វើប្រធាន យើងប្រជុំតាមអនឡាញទាំងអស់ ប៉ុន្តែចូលមកដល់ឆ្នាំ ២០២២ នេះ ដោយសារម្ខាងយើងគ្រប់គ្រងបានកូវីដ-១៩ និងម្ខាងទៀតប្រទេសដទៃក៏គេគ្រប់គ្រងបាន។ អញ្ចឹងយើងអាចបើកឱកាសឱ្យមានការប្រជុំនៅទីនោះបាន។ រហូតនិយាយរួមការប្រជុំលើកនេះគឺយើងធ្វើបានច្រើន ហើយគេហ៊ានទៅកម្ពុជាដោយសារម្ខាងគឺសន្តិសុខប្រទេសយើងល្អ វាគ្មានអ្នកណាតាមវាយភេរវកម្ម ឯម្ខាងទៀតគឺកូវីដ-១៩ គ្រប់គ្រងបាន។ មានឃើញរូបភាពមួយទេ ដែលប្រធានធិបតីអាមេរិក Joe Biden ចាប់ផ្តើមលើក Selfie ជាមួយប្រជាពលរដ្ឋរបស់យើង។ តើប្រធានាធិបតីអាមេរិករូបណាខ្លះ? ហើយតើប្រទេសណាខ្លះដែលមានរូបភាពបែបនេះ? តើនេះបង្ហាញពីអ្វី? កត់សម្គាល់ទៅលើចំណុចនេះ៖ ចំណុចទី១៖ គឺអាមេរិកទុកចិត្តលើបញ្ហាសន្តិសុខរបស់កម្ពុជា។ ចំណុចទី២៖ អាមេរិកជឿទុកចិត្តទៅលើបញ្ហាសុវត្ថិភាពស្តីអំពីជំងឺឆ្លង។
ក្នុងចំណោមអ្នកចូលរួម Selfie គឺ Joe Biden យកទូរស័ព្ទពិធីការរបស់ខ្ញុំ។ អញ្ចឹងបានសេចក្តីថា ការគ្រប់គ្រងបានកូវីដ-១៩ នេះផ្តល់ឱកាសសម្រាប់ការចូលរួមនៅក្នុងការប្រជុំដោយផ្ទាល់នៅក្នុងទីក្រុងភ្នំពេញ។ ស្តាយឆ្នាំទៅ កុំអីយើងធ្វើ ២ឆ្នាំជាប់គ្នា ឆ្នាំ ២០២១ យើងជាប្រធានប្រជុំអាស៊ី-អឺរ៉ុប អឺរ៉ុបប្រធានាធិបតី នាយករដ្ឋមន្ត្រីច្រើនណាស់ត្រូវទៅកម្ពុជា បើគិតទៅសរុប ៥៣ប្រទេស និងអង្គការ ត្រូវទៅប្រទេសកម្ពុជា ប៉ុន្តែដោយសារតែកូវីដ-១៩ គឺរារាំងមិនអាចប្រជុំបាន។ ប៉ុន្តែដល់ពេលប្រជុំអាស៊ាននេះ អឺរ៉ុបក៏មានទៅ ដោយក្នុងហ្នឹងគឺប្រធានសហភាពអឺរ៉ុបក៏បានធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញដើម្បីចូលរួមការប្រជុំ។ នេះពាក់ព័ន្ធនឹងបញ្ហា កូវីដ-១៩ តែខ្ញុំក៏នៅតែអំពាវនាវ រឿងកូវីដ-១៩ នេះវាអត់ទាន់ចប់ទេ អញ្ចឹងបានឥឡូវនេះយើងកំពុងសាងសង់មន្ទីរពេទ្យមួយដែលមានសមត្ថភាពដាក់ដល់ ១ម៉ឺនគ្រែ ដែលជាមន្ទីរពេទ្យមួយដ៏ធំ។ កន្លងទៅយើងឆក់កណ្តៀតធ្វើម៉េចធានាឱ្យប្រជាជនមានកន្លែងដេក យើងអត់មានឱ្យប្រជាជនណាម្នាក់ដេកនៅតាមចិញ្ចើមផ្លូវ ឬក៏កៀនស្អីអត់ទេ។
វិស័យឯកជនរបស់យើងបានផ្តល់ដូចជាកន្លែងកោះពេជ្រ អាកន្លែងល្អៗរបស់គេ យើងយកគ្រែទៅរៀបចំ រហូតដល់សណ្ឋាគារផ្កាយ ៥ ដែលយើងយកដាក់ប្រជាជន ដើម្បីព្យាបាលកូវីដ-១៩។ យើងយកស្តាតអូឡាំពិក ដែលត្រូវគ្រោងសម្រាប់ការប្រកួតស៊ីហ្គេមយកមកប្រើប្រាស់សិន។ អញ្ចឹងដើម្បីចៀសវាងបញ្ហាហ្នឹង ព្រោះបន្ទាប់ពីអាកូវីដ-១៩ ទៅ កូវីដ-១៩ វាចេញ Delta, Alpha ឥឡូវវា Omicron មិនដឹងវាទៅស្អីទៀត អស់ពី Omicron វាទៅ អូមីគ្រត ទៀតទៅ។ អញ្ចឹងត្រូវតែរៀបចំ។ ខ្ញុំក៏សូមបញ្ជាក់ដែលនៅក្នុងដំណាក់កាលកូវីដ-១៩ ធ្វើឱ្យសមត្ថភាព ការទទួលខុសត្រូវរបស់គ្រូពេទ្យយើងកាន់តែប្រសើរ មូលដ្ឋាននៃការទ្រទ្រង់របស់យើងក៏កាន់តែប្រសើរ រាប់ទាំងការផលិតឧកស៊ីសែនទៅតាមមន្ទីរពេទ្យ តាមបណ្តាខេត្ត និងការធ្វើតេស្តនៅតាមបណ្តាមន្ទីរពេទ្យនៅបណ្តាខេត្ត យើងក៏ត្រូវតែពង្រឹង។ យើងមិនដឹងថាតើមានជំងឺអីកើតឡើងមួយសារទៀត។ កូវីដ-១៩ អត់ទាន់ចប់ទេ។ បងប្អូននៅអឺរ៉ុប គោរពនូវវិធានការដែលរដ្ឋាភិបាលរបស់គេដាក់ជាការល្អ ជាជាងទៅធ្វើបាតុកម្មប្រឆាំងនឹងវិធានការរបស់រដ្ឋាភិបាល។ ខ្ញុំមិនដឹងថាបងប្អូនខ្មែរយើង បានទៅចូលរួមបាតុកម្មប្រឆាំងវិធានការរដ្ឋាភិបាលដូចជានៅបារាំង នៅអាល្លឺម៉ង នៅប្រទេសមួយចំនួន ឬអត់ទេ? ប្រសិនបើអត់គឺល្អហើយ។ រដ្ឋាភិបាលគេដាក់(វិធានការណ៍)មកគឺមិនមែនដើម្បីសម្លាប់យើងទេ។ ដើម្បីការពារឱ្យយើងរស់។ នៅកម្ពុជាគឺដាក់វិធានការសំដៅការពារប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ឥឡូវដោយសារតែការការពារនៅឆ្នាំ ២០២០ និង ២០២១ បានល្អហ្នឹងហើយដែលផ្តល់ឱកាសឱ្យប្រជាជនសប្បាយនៅថ្ងៃនេះ។ ថ្ងៃមុន បុណ្យសមុទ្រប្រហែលជាបានលឺផ្សាយផ្ទាល់ពីបុណ្យសមុទ្រ កន្លែងនីមួយៗច្រើនណាស់ ឥឡូវទេសចររបស់យើង ពីមុនកូវីដ-១៩ យើងទទួលទេសចរបាន ៦លាន៦សែន ហ្នឹងទេសចរមកពីបរទេស ដោយមិនគិតទេសចរផ្ទៃក្នុងទេ។ ឆ្នាំនេះយើងបានវិលត្រឡប់មកទេសចរបានប្រមាណ ២លាន (នាក់) ជាមួយទេសចរផ្ទៃក្នុងប្រមាណ ១០លាន (នាក់)។ កុំមើលស្រាលទេសចរផ្ទៃក្នុងឱ្យសោះណា ខ្មែរចាយលុយអាក្រក់ណាស់។ នៅត្រង់ថា បើថាទៅដល់កន្លែងណាដណ្តើមគ្នាប៉ាវ អាហ្នឹងហើយខ្មែរ ហើយសណ្ឋាគារផ្កាយ ៥ សណ្ឋាគារស្អីៗហ្នឹងហ៊ានដេក ឥឡូវកន្លែងទេសចរណ៍របស់យើងក៏មានច្រើន ឱ្យតែល្ងាចថ្ងៃសុក្រ វេទនាហើយសម្រុកចេញពីទីក្រុង ហើយល្ងាចថ្ងៃអាទិត្យគឺចាប់ផ្តើមទីក្រុងភ្នំពេញចង្អៀតហើយ អញ្ចឹងត្រូវរកវិធីដោះខ្លួន។
(៤) ជោគជ័យបោះឆ្នោតឃុំ/សង្កាត់ ជាជំហានឆ្ពោះទៅការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣, ១៧ លើ ៤០ ជាងគណបក្សនយោបាយបានចូលរួមបោះឆ្នោត, ប្រធានអាស៊ាន និងការប្រធានអាស៊ានឆ្នាំនេះ ពោរពេញដោយភាពស្មុគស្មាញ … ប៉ុន្តែយើងក៏ធ្វើបានល្អ, រដ្ឋមន្ត្រីនិងឧត្តមមន្ត្រីសំរួលបានេកសារ ១០១, រឿងមីយ៉ាន់ម៉ា ត្រូវការពេលតិចបំផុត ៥ឆ្នាំទៀត
ឥឡូវព្រឹត្តិការណ៍ទី ២ ជាអ្វី? ដែលវាលេចឡើងនៅក្នុងឆ្នាំ ២០២២ នោះគឺការចាត់តាំងការបោះឆ្នោត ឃុំ/សង្កាត់ បានល្អដែលវាជាជំហានមួយឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣។ ចំណុចនេះសម្រាប់យើងជាដំណើរការប្រជាធិបតេយ្យដ៏ទៀងទាត់មួយ។ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលប្លែកពីគេ ប្លែកនៅត្រង់អញ្ចេះ រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសរបស់យើងមិនអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីប្រកាសរំលាយសភានោះទេ ដោយរដ្ឋធម្មនុញ្ញយើងបានចែងនៅក្នុងមាត្រាមួយទាក់ទិននឹងសភា ប្រើពាក្យថា សភាមាននីតិកាល ៥ឆ្នាំ នីតិកាលរបស់សភាមានរយៈពេល ៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរដ្ឋាភិបាលត្រូវរំលាយ ២ដង ក្នុងរយៈពេល ១២ខែ។ អញ្ចឹងមិនប្រគល់អំណាច ប្រគល់សិទ្ធិឱ្យនាយករដ្ឋមន្ត្រីរំលាយសភាបោះឆ្នោតមុនអាណត្តិនោះទេ។ ប្រទេសដទៃគេរំលាយសភា ជួនកាលបក្សខ្លះរៀបចំខ្លួនអត់ទាន់ទេ ប៉ុន្តែសម្រាប់កម្ពុជាករណីនេះអត់មានទេ។ ក្នុងច្បាប់បោះឆ្នោតទៀតសោតបានចែងថា រៀងរាល់ ៥ឆ្នាំម្តង នាថ្ងៃអាទិត្យ សប្តាហ៍ ទី៤ នៃ ខែកក្កដា ត្រូវធ្វើការបោះឆ្នោត។ ដូច្នេះគណបក្សនយោបាយនីមួយៗមានលទ្ធភាពត្រៀមខ្លួនរយៈពេល ៥ឆ្នាំ បោះឆ្នោត។ អ្នកឈ្នះក៏ត្រៀមសម្រាប់ឈ្នះបន្ត អ្នកចាញ់ក៏ត្រៀមខ្លួនសម្រាប់ដើម្បីចូលរួមប្រកួតប្រជែងយកឈ្នះ។
សម្រាប់ការបោះឆ្នោតឃុំ/សង្កាត់ យើងក៏អត់ឱ្យហួសកំណត់ដែរ។ យើងប្រកាសពីកាលបរិច្ឆេទនៃបោះឆ្នោតយ៉ាងតិច ៦ខែមុន។ ការបោះឆ្នោតឃុំ/សង្កាត់ ប្រព្រឹត្តិទៅបានល្អប្រសើរជាមួយនឹងគ្មានអំពើហិង្សា ការគំរាមគំហែង បំផិតបំភ័យនោះឡើយ។ គណបក្សទាំងអស់សុទ្ធតែបានចូលរួម ដែលគេចូលរួមប្រកួតប្រជែង វាមិនបានទាំងអស់ទេ យើងមានប្រមាណជា ៤០គណបក្សនយោបាយ ប៉ុន្តែចូលកន្លងទៅដូចជា ១៧ គណបក្សនយោបាយតែប៉ុណ្ណោះ ដែលបានចូលរួមការបោះឆ្នោត។ អញ្ចឹងស្ថានភាពនេះជាដំណើរមួយដ៏ល្អ ហើយយើងក៏កំពុងមានជំនឿថា ភាពចាស់ទុំខាងនយោបាយរបស់ប្រជាពលរដ្ឋរបស់យើង នឹងបន្តជំហានបែបនេះតទៅទៀត។ យើងបានឃើញបន្ទាប់ពីការបោះឆ្នោតគ្មានជម្លោះទាស់ទែងរវាងប្រជាពលរដ្ឋកាន់បក្សនេះនិងបក្សនោះ តាមរយៈនៃការបង្ហាញអំពីការរួបរួមនៅឯមូលដ្ឋាន។
ឆ្នាំ ២០២០ ក៏មានទឹកជំនន់ទឹកភ្លៀង, ២០២១ នេះក៏មានជំនន់ទឹកភ្លៀង។ អញ្ចឹងប្រជាពលរដ្ឋរបស់យើង យើងអត់មានបានទៅសួរថាតើអ្នកឯងបោះឆ្នោតឱ្យបក្សណាបានជួយទេ។ វ៉ាក់សាំងកាលពីជំនាន់កូវីដ-១៩ ក៏អញ្ចឹងដែរ។ យើងមិនបានសួរថា អ្នកឯងកាន់បក្សណាបានខ្ញុំចាក់វ៉ាក់សាំងឱ្យអត់ទេ។ អញ្ចឹងខ្ញុំមិនដឹងថាពួកអ្នកដទៃគេគិតពីអី? គេចង់បានអីពីយើងពិតប្រាកដ? តើត្រូវកំចាត់ត្រកូល ហ៊ុន ហ្នឹងទាល់តែបាន ទើបអ្នកឯងស្ម័គ្រចិត្តឬ? ចាំទៅ ៥០០ជាតិទៀត អ្នកឯងមិនទាន់ធ្វើ(អី)ខ្ញុំបានទេ។ មកចង់កំចាត់ត្រកូល ហ៊ុន វាយ ហ៊ុន សែន មិនបានវាយមួយត្រកូលតែម្តង … ខ្ញុំខ្លាចវាយខ្ញុំតែម្នាក់តើ។ ដល់អានេះវាយមួយដុំអញ្ចឹងតែម្តង វាត្រូវច្រើន។ អញ្ចឹងសុំវាយតទៅទៀតទៅ។ យើងមិនថាគេខុសទេ មិនថាគេល្ងង់ទេ គេឆ្លាត បើគេឆ្លាតឱ្យគេឆ្លាតបែបហ្នឹងបន្តទៀតទៅ។ ការបោះឆ្នោតបានល្អគឺជាដំណើរការប្រជាធិបតេយ្យមួយ ដែលឥឡូវនេះយើងទើបនឹងបញ្ចប់ការចុះឈ្មោះបោះឆ្នោតដែលក្នុង ១ឆ្នាំ ត្រូវប្រើពេល ៤៥ថ្ងៃ ដើម្បីពិនិត្យចុះឈ្មោះបន្ថែមទៀត ដូចជាបានជិតកន្លះលាននាក់ដែរ ប៉ុន្តែមានអ្នកចុះឈ្មោះ មានអ្នកដែលលុបចេញវិញ គឺប្រជាពលរដ្ឋអ្នកស្លាប់។
ឯព្រឹត្តិការណ៍ទី ៣ គឺស្អី? គឺការប្រជុំ ប្រធានអាស៊ាន, ប្រធានអាស៊ានឆ្នាំនេះគឺពោរពេញទៅដោយភាពស្មុគស្មាញមកដំណាលគ្នាក្នុងមួយពេល គឺរឿងច្រើនណាស់ ប៉ុន្តែយើងក៏ធ្វើបានល្អ បង្ហាញឱ្យឃើញពីការជំនឿទុកចិត្ត និងសមត្ថភាពការទទួលខុសត្រូវរបស់យើងក្នុងឋានៈជាប្រធានអាស៊ាន។ ឆ្នាំនេះប្រទេស ៧ ត្រូវចូលរួមចុះហត្ថលេខាបន្ថែមលើសន្ធិសញ្ញាសន្តិភាព, មិត្តភាព និងសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ ដែលចុះហត្ថលេខាបន្ថែមនៅទីក្រុងភ្នំពេញ ដែលធ្វើឱ្យដៃគូរបស់អាស៊ានមានរហូតទៅដល់ អ្នកដែលចូលរួមសន្ធិសញ្ញានេះរហូតទៅដល់ ៥០ប្រទេស។ អេស្ប៉ាញ គាត់ទៅមិនទាន់ សូម្បីប្រទេស អ៊ុយក្រែន ក៏បានទៅចុះហត្ថលេខានៅទីក្រុងភ្នំពេញដែរ។ ការប្រជុំច្រើនណាស់ដែលយើងបានធ្វើ សហគមន៍នយោបាយសន្តិសុខ គឺរួមមានផ្នែករដ្ឋមន្ត្រីការបរទេសត្រូវធ្វើជាមួយអាស៊ានផង និងដៃគូផង ជាពិសេសវេទិកាតំបន់អាស៊ាន សហគមន៍សេដ្ឋកិច្ចត្រូវធ្វើជាមួយអាស៊ានផង និងដៃគូផង សហគមន៍ សង្គម និងវប្បធម៌។ ដំណាក់កាលចុងក្រោយនេះប្រជុំ ២ដំណាលគ្នា។ មួយគឺប្រជុំអន្តរសភាអាស៊ានបូកនឹងដៃគូមកពីខាងក្រៅ។
ថ្ងៃមុនអត់បានលើកទឹកចិត្តប្រធានសហភាពអឺរ៉ុប Morocco ព្រោះខ្ញុំមិនបានមើលតារាងប្រកួត Morocco ត្រូវប្រកួតម៉ោងប៉ុន្មាន អីប៉ុន្មាន? សរសើរ Morocco ដែរ ឥឡូវហ្នឹងស្រួលមិនស្រួលបាល់វាមូល Morocco លើកពានក៏មិនដឹង បាល់វាមូល(…) Argentina ជាមួយនឹង Croatia , Morocco ត្រូវប៉ះជាមួយ France ២ហ្នឹងនិយាយភាសាបារាំងដូចគ្នាស្តាប់គ្នាបាន។ អ្នកទាំងអស់គ្នាមើលបាល់មានកត់សម្គាល់ត្រង់រឿងថាជិតអស់ម៉ោងហើយគឺគ្រូរបស់ Croatia បានបញ្ជាកម្លាំងឱ្យឡើងទាំងអស់ហើយទាត់បានចូល ១គ្រាប់ ដល់ទៅពេលទាត់បាល់ពិន័យគឺឈ្នះបណ្តោយ ព្រោះអ្នកឯងនៅចាំការពារអីទៀតបើដល់ម៉ោងហើយហ្នឹង អញ្ចឹងឃើញសញ្ញាគ្រូស្ដីអំពីការឱ្យកម្លាំង បានសេចក្តីថា អាខ្សែការពារអីហ្នឹងឡើងទៅទាំងអស់ បន្តិចទៀតនៅសល់តែ ហ្គោន ក៏ឡើងដែរ ហ្អែងចូលប៉ុន្មានចូលទៅបើជិតដល់ម៉ោងហើយ មានអីគាត់ទៅយកបាន ១គ្រាប់ ហើយដល់ពេលបាល់ពិន័យយកឈ្នះបណ្តោយ អាហ្នឹងល្បិចលេង បើនៅតែការពារតទៅទៀត ហ្អែងនៅការពារទាល់តែដល់ម៉ោងចាញ់ មានតែវិធីប្រមូលកម្លាំងវាយលុកតែម្តង បើផ្នែកយោធាគេហៅថាវាយបើកផ្លូវឈាម។
បកមកប្រជុំអាស៊ានបញ្ហាគ្មានអ្វីកើតឡើង ហើយខ្ញុំអាចនិយាយបានដោយមោទនភាពថា មន្ត្រីយើងគ្រប់ផ្នែកមានសមត្ថភាពនឹងធ្វើកិច្ចការនោះ ដែលខ្ញុំប្រើពាក្យថា ខ្មែរធ្វើបាន រដ្ឋមន្ត្រីការបរទេសរបស់យើង ជាមួយនឹងបណ្តារដ្ឋមន្ត្រី, ឧត្តមមន្ត្រី ធ្វើការសម្រួល ១០១ឯកសារ ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំមួយនេះ។ យើងបារម្ភដែរក្រែងលោគាត់ជេរគ្នាក្នុងអង្គប្រជុំ ព្រោះប្រធានខ្លាចបំផុតខ្លាចបរាជ័យក្នុងពេលប្រជុំ មួយជេរទៅមួយ មួយអានមួយដើរចេញ បារម្ភអាកន្លែងហ្នឹង ប៉ុន្តែទីចុងបំផុតមិនមែនបញ្ហាហ្នឹងកើតឡើងទេ។ ផ្នែកសន្តិសុខគឺគ្មានអ្វីកើតឡើង ដែលខ្ញុំកត់សម្គាល់ប្រធានាធិបតីអាមេរិក ជានិច្ចជាកាលគឺគេប្រយ័ត្នណាស់ប្រធានាធិបតីអាមេរិក មិនថាប្រធានាធិបតីអាមេរិកទេ សូម្បីតែខ្ញុំគេក៏ត្រូវប្រយ័ត្នដែរ ទោះបីការពារតិចការពារច្រើនក៏គេត្រូវតែប្រយ័ត្នដែរមេដឹកនាំនោះ ព្រោះវាដាច់ក្បាលម៉ាស៊ីន។ ប្រធានាធិបតីអាមេរិកអាចផ្តល់ឱកាសឱ្យកូនចៅរបស់ខ្មែរយើងទៅ Selfie ជាមួយ បង្ហាញអំពីជំនឿទុកចិត្តដូចដែលខ្ញុំបានបង្ហាញពីខាងដើម ទី១៖ ផ្នែកសន្តិសុខ, ទី២៖ គឺបញ្ហាជំងឺឆ្លង។ ផ្នែកពិធីការយើងដោះស្រាយដោយរលូន ហើយក្នងលើកនេះខ្ញុំទទួលទាំងអស់ អត់ចោលមួយណា។
អញ្ចឹងប្រហែលជាខ្ញុំចុះខ្សោយកម្លាំងនៅពេលហ្នឹង ដែលធ្វើតេស្តទៅឃើញកូវីដ-១៩ ព្រោះអញ្ចេះ ឧទាហរណ៍៖ ថាប្រជុំអាស៊ានជាមួយនឹងអ្នកណា ខ្ញុំត្រូវជួបជាមួយអ្នកហ្នឹង ឧទាហរណ៍៖ ថា អាស៊ាន-កាដាណា ជួបជាមួយនាយករដ្ឋមន្ត្រីកាដាណារួចហើយដឹកដៃគ្នាចូលប្រជុំតែម្តង បន្ទាប់ផុតពីប្រជុំត្រូវជួបជាមួយអ្នកណាទៀត អាស៊ាន-កូរ៉េខាងត្បូង ទៅជួបប្រធានាធិបតីកូរ៉េខាងត្បូងដឹកដៃប្រធានាធិបតីកូរ៉េខាងត្បូងចូលប្រជុំតែម្តង។ អញ្ចឹងខ្ញុំទទួលបានភ្ញៀវទាំងអស់ក្រៅពីនោះនៅមានដៃគូដូចជាប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ដូចខាង IMF និងអង្គការដទៃទៀតដែលយើងអញ្ជើញទៅចូលរួម ហៅថាសន្ទនាជាសកលលើកទី ២ ដែលយើងបានធ្វើ មានតែកម្ពុជាទេដែលធ្វើវេទិកានេះ ដែលយើងអញ្ជើញរាប់ទាំង ប្រធានសហភាពអឺរ៉ុបក៏យើងអញ្ជើញ និងប្រធានសហប្រតិបត្តិការសៀងហៃ ក៏យើងអញ្ជើញ យើងទទួលបានភ្ញៀវទាំងអស់។
នេះជាជោគជ័យដ៏ធំដែលកម្ពុជាបានបំពេញ។ ពិតហើយបញ្ហាវាច្រើនពេក មកម្តងរឿងមីយ៉ាន់ម៉ា ខ្ញុំប្រើពាក្យថា មិនមែនដំឡូងក្តៅទេ ដុំថ្មក្តៅដែលខ្ញុំកាន់នៅក្នុងឆ្នាំនេះ។ ពេលខ្ញុំទៅប្រជុំអាស៊ាន-អាមេរិក ពេលប្រជុំខ្ញុំនិយាយទាំងចំពោះបណ្តាមុខមេដឹកនាំអាស៊ានទាំងចំពោះមុខប្រធានាធិបតីអាមេរិក ខ្ញុំថាខ្ញុំធ្វើប្រធានអាស៊ានឆ្នាំនេះមិនមែនដំឡូងក្តៅទេ ដុំថ្មក្តៅ ប៉ុន្តែខ្ញុំក៏បាននិយាយលេងសើចបន្តិចដែរ ខ្ញុំថាបន្តិចទៀតអាដុំថ្មក្តៅហ្នឹងខ្ញុំបញ្ជូនឱ្យប្រធានាធិបតី ឥណ្ឌូនេស៊ី កាន់ហើយ។ ឯណាបញ្ហារុស្សី-អ៊ុយក្រែន, សមុទ្រចិនខាងត្បូងមិនបញ្ហាអីធ្ងន់ធ្ងរទេដោយសារតែកំពុងតែធ្វើ។ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងដែលហៅថា COC នោះ យើងធ្វើកិច្ចការល្អ។ ប្រជុំ ២ស្មើគ្នា យើងអាចធ្វើទៅរួច អន្តរសភាអាស៊ាន ហើយនឹងរដ្ឋមន្ត្រីការពារជាតិបូក។
ខ្លះគេប្រមាថមើលងាយមកខ្ញុំ។ ខ្ញុំដឹង។ ខ្ញុំមិនចាំបាច់ចេញឈ្មោះទេ។ អ្នកណាកំពុងនៅអឺរ៉ុបហ្នឹង។ នាយករដ្ឋមន្ត្រី … នឹងជួបខ្ញុំនៅខានស្អែក។ ត្រូវហើយថ្ងៃ ១៤ (ធ្នូ) គេថាខ្ញុំធ្វើឱ្យខូចសភាពការណ៍មីយ៉ាន់ម៉ា។ ខ្ញុំអាចនឹងទស្សន៍ទាយបានថា មីយ៉ាន់ម៉ា តិចបំផុត ៥ឆ្នាំទៀត។ អ្នកណាជើងខ្លាំងទៅដោះទៅ។ ខ្ញុំជិតចប់ភារកិច្ចរបស់ខ្ញុំហើយ។ បេសកជនពិសេសរបស់ប្រធានអាស៊ានមិនអាចធ្វើដំណើរទៅមីយ៉ាន់ម៉ាបានតទៅទៀតទេ។ ទុកឱ្យបេសកជនប្រធានអាស៊ានក្រោយចាត់ចែងយ៉ាងម៉េចចាត់ចែងទៅចុះ។ រឿងយើងនៅខាងក្រៅនេះ តើជោគជ័យ ឬបរាជ័យមកពី ហ៊ុន សែន? ណ្ហើយ! បើសិនថាអ្នកឯងគិតអញ្ចឹង សុំគិតទៅតាមអ្នកឯងទៅចុះ។
(៥) ស្រាយវិបាកពីជំនន់ទឹកភ្លៀង, ដំណើរការបោះឆ្នោតតាមលំអានប្រជាធិបតេយ្យ, ដំណើរការប្រជុំអាស៊ាននិងអង្គប្រជុំពាក់ព័ន្ធដោយជោគជ័យ, ស្រាយវិបត្តិកូវីដ១៩ និងដោះស្រាយវិបាកសង្គមសេដ្ឋកិច្ច, អឺរ៉ុបស្ថានភាពសង្គ្រាមនិងទណ្ឌកម្ម ដែលដូចជាទ្វារខ្ទប់ទាំងសងខាង, សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្លាយជារវាង ណាតូ ឬអឺរ៉ុប ជាមួយរុស្ស៊ី, ជាសេដ្ឋកិច្ចផ្សារ ក៏ប៉ុន្តែត្រូវមានការណែនាំ
ខ្ញុំរំលេចសភាពការណ៍បីនេះ បង្ហាញឱ្យឃើញអំពីការទទួលខុសត្រូវរបស់យើង ទៅលើស្ថានភាពពលរដ្ឋ ទាក់ទិនជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជា ការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។ ខ្ញុំត្រូវដើរជុំវិញ(បឹង)ទន្លេសាប ដើម្បីដោះស្រាយ ហើយ(ជាការ)ល្អ ស្រូវពូជដែលយើងផ្ដល់ឱ្យគាត់ៗធ្វើបានឡើងវិញ (ដោយសារ)អំណោយផលទឹកភ្លៀង និងយើងមានប្រភពទឹក ដើម្បីឱ្យពួកគាត់ធ្វើ(ឡើងវិញ)។ ដំណើរការប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត យើងធ្វើបាន។ ដំណើរការប្រជុំអាស៊ាន (គឺថា)ប្រជុំច្រើនអង្គប្រជុំ យើងនៅតែធ្វើបាន។ ដូចដែលខ្ញុំនិយាយ រឿងកូវីដ-១៩ វាអត់ទាន់ចប់ទេ យើងត្រូវត្រៀមទុកនូវការដោះស្រាយ។ ការត្រៀមទុកនូវការដោះស្រាយនោះ រួមមានទាំងបញ្ហាសុខាភិបាល និងអន្តរាគមន៍លើវិស័យសេដ្ឋកិច្ច ហើយខ្ញុំក៏គួរតែបញ្ជាក់ថា ការអន្តរាគមន៍លើវិស័យសេដ្ឋកិច្ចនេះ ៧០ ម៉ឺនគ្រួសារ ដែលមានមនុស្សជិត ៣ លាននាក់ នៅតែបន្តទទួលបាននូវការឧបត្ថម្ភ ពិនិត្យ ៣ ខែម្ដងៗ ក្នុងមួយខែយើងទម្លាក់ប្រមាណ ៤០ លាន(ដុល្លារ)។
ឥឡូវ ដោយមើលឃើញ(អំពី)ផលប៉ះពាល់បណ្ដាលមកពីអតិផរណា ដែលចាប់ផ្ដើមចេញពីសង្គ្រាម(រវាង)រុស្ស៊ី-អ៊ុយក្រែន និងទណ្ឌកម្មហួសកម្រិត ដែលធ្វើឱ្យពិភពលោកជ្រួលច្របល់លើបញ្ហាសេដ្ឋកិច្ច យើងបានដាក់ចេញនូវកញ្ចប់អន្តរាគមន៍ពីរ៖ ទី(១) អន្តរាគមន៍ជួយដល់ពលរដ្ឋក្រីក្រ ដែលប្រាក់ចំណូលទាប ប៉ុន្តែ ទប់ទល់ជាមួយ នឹងពេលវេលាឡើងថ្លៃទំនិញ ហ្នឹងមួយទៅ។ មួយទៀត ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ យើងជួយពួកគាត់ទៀត។ យើងអាចនឹងបញ្ចេញថវិកាបន្ថែមទៀត ដើម្បីអន្តរាគមន៍ជួយគាត់។ អញ្ចឹង និយាយទាក់ទងនឹងបញ្ហាកូវីដ-១៩ ហើយបើបូកបន្ថែមជាមួយនឹងបញ្ហាសេដ្ឋកិច្ចសកល ដែលអ្នកនៅអឺរ៉ុបនេះកំពុងតែ ធ្ងន់ធ្ងរ។ ឥឡូវនេះ អ្នកនៅអឺរ៉ុបប្រហែលជាកំពុងតែព្រួយ។ ខ្ញុំនិយាយលេងជាមួយ (Charles)Michel ប្រធានសហភាពអឺរ៉ុប ខ្ញុំថា យ៉ាងម៉េចហើយ ខ្ញុំមកបែលហ្សិក តើខ្ញុំគួរយកឧសមកឬអត់? ទេ! ឱ្យតែរងា Live ផ្ទាល់អាំងភ្លើងតែឥឡូវហ្នឹង។ ប៉ុន្តែ មិនទាន់ដល់ប៉ុណ្ណឹងពេកទេ។ ប៉ុន្តែរឿងទណ្ឌកម្មហួសកម្រិតនេះ ក៏ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជ្រួលច្របល់ដែរ។ រឿងសង្គ្រាមមួយហើយ ក៏ប៉ុន្តែ (រឿង)ទណ្ឌកម្ម ដូចដែលខ្ញុំនិយាយនៅដាវ៉ូស ខ្ញុំថា វាដូចទ្វារអញ្ចឹង តែយើងបិទ យើងក៏ចេញមិនរួច គេក៏ចូលមិនបាន។ អឺរ៉ុបដាក់ទណ្ឌកម្ម ចំពោះរុស្ស៊ី (ដោយ)ឈប់ទិញប្រេង ឥឡូវ កំណត់ថ្លៃប្រេង ស្រេចតែរុស្ស៊ី (បើរុស្ស៊ី)ឈប់លក់ឱ្យធ្វើម៉េច? រុស៊ីដាក់ត្រឡប់មកវិញថា ទាល់តែអ្នកឯងបង់ឱ្យខ្ញុំជាប្រាក់រូប (RUB) បានខ្ញុំព្រមលក់ កាត់ផ្ដាច់ឧស្ម័នចង់អស់។
រាជរដ្ឋាភិបាល អត់អនុញ្ញាតឱ្យដំឡើងថ្លៃភ្លើង ដើម្បីទប់ទល់នឹងការខាតបង់ ដោយសារប្រេងឡើងថ្លែនោះទេ/ក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ អត់ឱ្យដំឡើងថ្លៃតាមអំពើចិត្តនោះទេ
ឥឡូវ លឺថាផ្សារទំនើបអាល្លឺម៉ង់លក់ឧស។ ស្ថានការណ៍ប៉ុន្មានខែខាងមុខ នៅពេលដែលរដូវត្រជាក់វាយ៉ាងម៉េច? អ៊ុយក្រែន វាអ៊ុយក្រែនហើយ ក៏ប៉ុន្តែ សង្គ្រាមនេះវាមិនមែនរុស្ស៊ី-អ៊ុយក្រែនទៀតទេ វារវាង NATO ជាមួយរុស្ស៊ីហើយ។ រវាងអឺរ៉ុបជាមួយនឹងរុស្ស៊ីហើយ ប៉ុន្តែ វាមិនប៉ះពាល់ត្រឹមតែអឺរ៉ុបឯណា? វាប៉ះពាល់ដល់ទាំងយើង។ ម្សិលមិញនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ ចេញសេចក្ដីប្រកាស ប្រេងចុះថ្លែមកនៅសល់ ៤ ១០០ (រៀល/លីត្រ)។ ឥឡូវ សុំសួរអ្នកស្រុកបារាំងបន្តិច ប្រេង ១ លីត្រ (ថ្លៃ)ប៉ុន្មាន? ១.៨០ អឺរ៉ូ បើ ១.៨០ អឺរ៉ូ វាស្មើប្រហែលជា ៨ ០០០ រៀល ឬថា ៧ ៥០០ រៀល ប៉ុន្តែ នៅកម្ពុជាឥឡូវនេះតែ ៤ ១០០ រៀលទេ។
ពេលប្រេងឡើងថ្លៃ ធ្វើឱ្យធ្យូងថ្មក៏ឡើងថ្លៃ អគ្គិសនីរបស់យើងប្រឈមនឹងបញ្ហាខាតបង់ ប៉ុន្តែ ខ្ញុំសូមជម្រាបថា (រាជ)រដ្ឋាភិបាល អត់អនុញ្ញាត ឱ្យដំឡើងថ្លៃភ្លើង ដើម្បីទប់ទល់នឹងការខាតបង់នោះទេ។ បើហ៊ានដំឡើងថ្លែ គឺគ្រោះថ្នាក់ខ្លាំងណាស់ ទាំងជីវភាពប្រជាជន ដែលកំពុងតែចំណូលធ្លាក់ចុះ ការដឹកជញ្ជូនឡើងថ្លៃ (នោះ)រឿងកាន់តែធំ។ រោងចក្រនានាត្រូវចំណាយកាន់តែខ្លាំងទៅលើភ្លើង។ ដូច្នេះ បានជាខ្ញុំនិយាយហើយនិយាយទៀតជាមួយនឹងអគ្គិសនីកម្ពុជា (ក៏ដូចជា) ជាមួយនឹងក្រសួងរ៉ែ និងថាមពល សុំឱ្យរក្សាតម្លៃអគ្គិសនី ហើយក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួលអត់មានឱ្យអ្នកឯងដំឡើងថ្លៃប្រេងតាមអំពើចិត្តទេ គឺអត់ទេ។ ទោះបីជាសេដ្ឋកិច្ចផ្សារ ក៏ប៉ុន្តែត្រូវមានការណែនាំ បើមិនអញ្ចឹងឆ្លៀតឱកាសប្រេងឡើងថ្លៃ/ចុះថ្លែ គឺនាំគ្នាដំឡើង។ ឥឡូវនេះ (តម្លៃ)ប្រេងកំពុងតែ ៧៨,០៤ (ក្នុងមួយប៉ារ៉ែល) ប្រៀបធៀបព្រឹកមិញនេះត្រឹមតែ ៧៦,១០ (ក្នុងមួយប៉ារ៉ែល) ថ្ងៃនេះឡើងទៅដល់ ៧៨,០៤ (ក្នុងមួយប៉ារ៉ែល) ខ្ញុំមានតារាងតាមដាន ព្រោះសម័យនេះហើយអត់មើលកាសែតទេ គឺមើលតាម(ទូរស័ព្ទ) កាន់តែអាហ្នឹងមួយទៅ ប្រើ E-book ប្រើអីនៅក្នុងហ្នឹងទាំងអស់ ព្រោះសម័យឌីជីថលហើយ នៅវេចខ្ចប់អីទៀត?
(៦) តម្លើងបៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន អតីតយុទ្ធជន ចាប់ពីថ្ងៃទី ១ មករា ២០២៣, កុំស្រមើស្រមៃថា នៅក្នុងជួរគណបក្សប្រជាជន មានអ្នកមកគាស់រម្លើង “ត្រកូល ហ៊ុន” ចេញនោះ, ស ខេង ជានាយករដ្ឋមន្ត្រីស្ដីទីក្នុងពេលអវត្តមាននាយករដ្ឋមន្ត្រី, ប្រមូលផ្ដុំបញ្ញាញណធ្វើការជាក្រុម
ខ្ញុំសូមជម្រាបជូនថា ដើម្បីទ្រទ្រង់នៅក្នុងដំណាក់ដ៏លំបាក យើងអាចនិយាយថា កម្លាំងសង្កត់ពីរមកលើយើង ទី(១) កូវីដ-១៩ មិនទាន់ចប់ ទ (២) អតិផរណា ដែលផ្ដើមចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទណ្ឌកម្មហួសកម្រិត ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបប្រទះនូវការលំបាក។ អញ្ចឹង រាជរដ្ឋាភិបាល នៅបន្តអន្តរាគមន៍ជួយទៅដល់ប្រជាជន ៧០ ម៉ឺនគ្រួសារ ដែលកំពុងទទួលផល និងបន្ថែមប្រហាក់ប្រហែល ៦០ ម៉ឺនគ្រួសារទៀត ដែលទទួលផលប៉ះពាល់ពីអតិផរណា និងទឹកជំនន់។ រាជរដ្ឋាភិបាល ក៏នឹងដំឡើងបៀវត្សរ៍ឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន អតីតយុទ្ធជន ចាប់ពីថ្ងៃទី ១ មករា ២០២៣ តទៅ។ យើងខានឡើងប្រាក់ខែ ២ ឆ្នាំមកហើយ ល្មមដល់ពេលឡើង(ហើយ)។ កន្លងទៅនេះយើងបានខិតខំ ទោះបីថាមិនបានឡើងទាំងអស់ តែយើងបានឡើងឱ្យសម្រាប់អ្នកដែលចូលនិវត្តន៍មុន ព្រោះអ្នកដែលចូលនិវត្តន៍មុនគាត់ប្រាក់ខែតែ ៥០ ម៉ឺន(រៀល) ដល់គាត់ចូលនិវត្តន៍ទៅប្រាក់ខែនៅសល់តែ ៣០ ម៉ឺន(រៀល) ឯអ្នកចូលនិវត្តន៍ក្រោយប្រាក់ខែគេ ១ លាន(រៀល) ដល់ចូលនិវត្តន៍ទៅគេនៅសល់ ៨០ ម៉ឺន(រៀល) អញ្ចឹង គម្លាតរវាង ៨០ ម៉ឺន(រៀល) និង ៣០ ម៉ឺន(រៀល) វាខុសគ្នាឆ្ងាយណាស់ អញ្ចឹង យើងបានខិតខំរុញអាហ្នឹង ឥឡូវនេះ អ្នកដែលចូលនិវត្តន៍(ប្រាក់ខែ)ទាបបំផុតក៏បាន ៧៦ ម៉ឺន(រៀល)ហើយដែរ យើងដំឡើងឱ្យមកកៀកៗគ្នា។
មានអ្នកខ្លះគ្រាន់តែខ្ញុំថាអត់ចាត់តាំងបុណ្យអុំទូកបានទេដោយសារយើងប្រជុំអាស៊ាន គេថាឯងអត់លុយ។ ថ្ងៃមុនបញ្ចូលទៅក្នុងរតនាគារ អំពីមូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥ (ចំនួន) ៣៥ លានដុល្លារភ្លាម គ្រាន់តែបុណ្យអុំទូក(ប៉ុណ្ណឹងរឿងអីគ្មានលុយធ្វើ)។ និយាយឱ្យចំ ក្មួយ ស៊ន តារា អ្ហើយ! ល្មមបានហើយ ល្មមធ្វើជាអ្នកចេះដឹងខ្លះផងទៅ។ ដល់អញ្ចឹងៗ ពេកយ៉ាប់ណាស់ … ពូហៅអញ្ចឹង ដោយសារក្មួយមិនធ្លាប់ប្រើពាក្យអសុរោះអីចំពោះពូ តែពូនិយាយទៅ ក្មួយតាំងខ្លួនធ្វើជាមនុស្សអីហ្នឹងគេហ្នឹងឯងទៅមើលបានទេ? មនុស្សភាគច្រើនមើលទៅលើក្មួយជាមនុស្សដែលជាមនុស្សគ្មានបានការ សូម្បីតែយើងអត់ចូលប្រជុំអាស៊ានបាន គេថាយើងត្រូវគេដេញចេញពី(កិច្ចប្រជុំ) G20 នោះទៅទៀត ហើយវិភាគអញ្ចឹងៗទៅ(ធ្វើអ្នក)វិភាគ …។
ប៉ុន្តែ ក្មេងពាលខ្លះមិនគួរនឹងប្រដៅវាទេ។ ទុកវាទៅ។ ដល់ខ្ញុំចាក់វាមើលឡើងវិញ ថ្ងៃនោះឃើញឃ្លីបមួយ រដ្ឋលេខាធិការក្រសួងការពារជាតិជាស្ត្រី កាលហ្នឹងជាយុវជនរបស់គណបក្សប្រជាជន ឡើងតទល់ជាមួយនឹងគណបក្សដទៃ អាក្មេងពាលមួយហ្នឹងវាតំណាងឱ្យ គណបក្ស នរោត្តម រណប្ញទ្ធិ ដល់តែខ្ញុំមើលទៅ ម៉ែអើយ អានេះប្រើពាក្យសំដីថា តាំងពីជំនាន់នោះវាចេញមកប្រឆាំងខ្ញុំថា មិនអាចធ្វើតាមជំហ៊ានគីង្គក់ដូចអ្នកដឹកនាំរាល់ថ្ងៃទេ ព្រោះខ្ញុំប្រើពាក្យថា យើង(ធ្វើ)តាមជំហានគីង្គក់ ខ្ញុំមិនប្រើជំហានលោតផ្លោះ ជំហានយក្សជំហានដំរីអីទេ ដល់មើលឃើញ(ក្នុងឃ្លីប)នេះ អូ! អានេះក្មេងពាលតាំងពី(យូរមកហើយ)។ អញ្ចឹង បានថា សម្ដេចក្រុមព្រះអ្ហើយ! … យកអាក្មេងពាលយកទៅប្រើ។ ចាក់មើលវាឡើងវិញ។ បើកហ្វេសប៊ុក កុមារពេជ្រ ទៅឃើញហើយអាម្នាក់ហ្នឹងនិយាយ វាយឈ្មោះ កុមារពេជ្រ ទៅចេញហើយ តើសំដីរបស់វារបៀបម៉េច? ចេញមក គឺថា អាហ្នឹងព្រហើនតែម្តង អាហ្នឹងមិនបាច់និយាយជាមួយវាទេ ឱ្យវាទៅៗ ព្រោះក្រយ៉ៅរបស់វាជាប់គុក បានសេចក្តីថា វាជាប់គុករួចម្ដងហើយ បានវាមក(នៅ)ក្រៅ(ស្រុក)។
ប៉ុន្តែ ស៊ន តារា យ៉ាងណាក៏វាចេះវិភាគចេះអី(ដែរ) វានិយាយគួរសម វាមិនចេះជេរចេះប្រមាថ។ ផ្ដាំទៅវាទៅ អាក្មួយអ្ហើយ! ប៉ុណ្ណឹងល្មមបានហើយ ឱ្យវាចេះដឹងធ្វើជាមនុស្សខ្លះទៅ អ្ហែងគង់តែចូលស្រុកទេ។ អ្ហែងយក “ត្រកូល ហ៊ុន” ធ្វើជាសត្រូវអ្ហែងខុសហើយ អ្ហែងសម្លាប់មិនអស់ទេ “ត្រកូល ហ៊ុន”។ អាក្មួយឯងត្រូវដឹងថា “ត្រកូល ហ៊ុន” បញ្ញាវ័ន្តច្រើនណាស់។ គ្រាន់តែនៅជុំវិញខ្លួនក៏មានបញ្ញាវ័ន្ត ១០ នាក់ ហ្នឹងជាកូនបង្កើត និងកូនប្រសារ។ ឥឡូវ មានដល់ទៅចៅជាបញ្ញាវ័ន្តទៅទៀត។ ហើយ “ត្រកូល ហ៊ុន” មិនមែនមានតែប៉ុណ្ណឹងទេ អ្នកដែលគេរាប់អាន “ត្រកូល ហ៊ុន” រាប់អាន ហ៊ុន សែន មានច្រើនណាស់នៅទូទាំងប្រទេស។ ដាក់ចេញគោលដៅកម្ចាត់ “ត្រកូល ហ៊ុន” គឺជាការខុសឆ្គងមួយខាងយុទ្ធសាស្ត្រហើយក្មួយ។ បើអ្នកឯងកម្ចាត់គណបក្សប្រជាជនបាន ទើបអ្នកឯងជីកប្ញសគល់ “ត្រកូល ហ៊ុន” បាន ហើយកុំស្រមើស្រមៃថានៅក្នុងជួរគណបក្សប្រជាជនមកគាស់រម្លើង “ត្រកូល ហ៊ុន” ចេញនោះ។ គេមិនល្ងង់រហូតដល់សម្លាប់ខ្លួនដូចពួកក្រុមអ្នកឯងទេ។ កុំស្រមើ ស្រមៃថា ស ខេង នឹងដណ្តើមយកអំណាចពី ហ៊ុន សែន កុំសង្ឃឹម។
ឥឡូវ ស ខេង កំពុងធ្វើជានាយករដ្ឋមន្ត្រីស្ដីទី។ អ្នកខ្លះថា ហ៊ុន សែន មកហ្នឹងអត់ផ្ទេរអំណាចឱ្យ ស ខេង ទេ អត់មានលិខិតផ្ទេរអំណាច។ សូមជម្រាប បើមិនទាន់ធ្វើនាយករដ្ឋមន្ត្រីទេ បើមិនទាន់ចេះធ្វើការរដ្ឋទេ គួរកុំវិភាគអី? នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ បានចេញសេចក្តីសម្រេចកំណត់អំពីតួនាទីភារកិច្ច នៃបណ្ដាឧបនាយករដ្ឋមន្ត្រីតាំងពីដើមអាណត្តិរហូតដល់ចុងអាណត្តិ។ នាយករដ្ឋមន្ត្រី គឺទទួលខុសត្រូវរួម ប៉ុន្តែដូចជា ឧបនាយករដ្ឋមន្ត្រី ស ខេង ជានាយករដ្ឋមន្ត្រីស្ដីទីក្នុងពេលអវត្តមាននាយករដ្ឋមន្ត្រី ហើយគាត់ទទួលអីថែមទៀតនៅក្នុងហ្នឹង ចាំបាច់ទៅម្ដងស៊ីញ៉េម្ដងធ្វើអី? ឱ្យតែកាល ណា ហ៊ុន សែន ចេញផុតពីកម្ពុជាភ្លាម ស ខេង ទទួលភ្លាមបានទេ? គេចេះធ្វើការណាស់។ បើល្ងង់ពេកកុំធ្វើជាអ្នកចេះ …។
បើសិនជាយើងវិភាគត្រឹមតែកម្រិតឱ្យទៀងត្រង់ យកការទៀងត្រង់ធ្វើជាការវិភាគ ទើបចេញនូវបញ្ហាដែលគេអាចទទួលយក។ សូម្បីតែ យ៉ង សាំងកុមារ ទៅចូលគណបក្សប្រជាជន ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម គាត់ផ្ដោសំខាន់ទៅលើវិស័យស្រូវ/អង្ករ ក៏ទៅដៀលគ្នាដែរ ដាក់ផ្លៃ/ផ្កាឱ្យគ្នា ថាបើអញ្ចឹងកន្លងទៅ ហ៊ុន សែន អត់ធ្វើអីកើតទេអា ១២ ចំណុចហ្នឹង។ វាមិនអាចមានអ្នកណាមួយថ្នាក់រដ្ឋលេខាធិការ ឬរដ្ឋមន្ត្រី ដោយគ្មានរដ្ឋាភិបាលមួយធ្វើនោះទេ ក៏ប៉ុន្តែ យើងប្រមូលផ្ដុំនូវបញ្ញាញណរបស់មនុស្សទាំងឡាយ ដែលមានលទ្ធភាពធ្វើ យើងធ្វើជាក្រុម។ យើងមើលក្រុមបាល់ទាត់ទៅ ត្រូវរៀនសូត្រពីក្រុមបាល់ទាត់ អត់មានអ្នកណាធ្វើតួឯកបានទេ អូសបាល់ចុះ/ឡើង គេនាំបាល់យកទៅបាត់។ សូម្បីតែនៅស្រុកខ្មែរយើង ជម្រើសជាតិរបស់ជប៉ុន មកធ្វើជាគ្រូ(បង្វឹក)បាល់ទាត់នៅស្រុកខ្មែរ គ្រូមួយនេះ គឺខុសពីគ្រូផ្សេងៗ អ្នកណាដែលពូកៃអូសបាល់ទៅតែឯង អត់ឱ្យចូលទាត់ទេ ព្រោះសម្រុកប្រុងថាយកទៅចូលខ្លួនឯង ហើយមិនប៉ះសេឱ្យគេអ្នកទាត់ ហើយឯងនេះ គេមកទប់ពីខាងមុខហើយនៅតែប្រុងសម្រុក ចុះអា(អ្នក)នៅខាងនោះមិនប៉ះសេឱ្យគ្នាទាត់ទៅ? គេលេងជាក្រុម កុំល្ងង់ពេក។ ខ្ញុំស្ដាយបំផុតស្ដាយថា គណបក្សប្រឆាំងនៅស្រុកខ្មែរល្ងង់ពេក ប៉ុន្តែ ទុកឱ្យល្ងង់អញ្ចឹងទៅចុះ ដើម្បីឱ្យចាញ់មួយជីវិតទៅ។ ឱ្យតែឃើញគេចូលទៅក្នុងគណបក្សប្រជាជន គឺសុទ្ធតែជាអាយ៉ងទាំងអស់ បើគិតទៅអា យ៉ាងជាង ៧០ ភាគរយ នៃចំនួនប្រជាជន តើខ្លួនឯងមានបញ្ញាវ័ន្តប៉ុន្មាននាក់?
ខ្ញុំចង់ឱ្យអ្នកដែលប្រកូកប្រកាសឱ្យគេធ្វើបាតុកម្មប្រឆាំងខ្ញុំ ល្អបំផុតចេញមុខមកបាតុកម្មនៅព្រុចសែល បើអ្នកឯងចិត្តសឿងមកដឹកនាំ(បាតុកម្ម)នៅព្រុចសែល ថ្ងៃទី ១៤ នេះបានប៉ុន្មាន(នាក់) ប្រមូលមកអឺរ៉ុបមក អត់អីទេ ប្រមូលមក ប៉ុន្តែ សង្ស័យតែមិនស្រួលទៅអាមេរិកបាត់ ម្នាក់ហ្នឹងច្រើនតែអញ្ចឹង។ ប្រមូលមនុស្សធ្វើបាតុកម្មនៅ អាមេរិក រួចហើយឡើងយន្តហោះមកពីអាមេរិក ថាមានការនៅសភាអឺរ៉ុប។ ខ្ញុំលឺព័ត៌មានថាកំពុងតែដោះស្រាយជម្លោះនៅអាមេរិកនោះទៀត ដែលគ្នាគេមិនត្រូវគ្នានោះ ឬក៏គេនៅស្រុកបារាំង។ រួចហើយហៅក្រុមអ្នកធ្វើសម្ភាសន៍ឱ្យបានច្រើនបន្តិចមក ហើយបញ្ចាំងរាប់មនុស្សឱ្យច្បាស់។ កុំលេងខូច។ វាមានរៀបថត ជួនកាលមានតែ ១០ នាក់ទេ ប៉ុន្តែ មើលទៅ(ដូចជាច្រើនណាស់)។ ពួកយើងក៏ចាំថតដែរ។ ចាំមើលទៅមើលវាបានប៉ុន្មាន? ហើយថតឱ្យបានមុខ ស្រួលយកទៅបិទនៅពោធិ៍ចិនតុង។ និយាយអញ្ចឹងមិនមែនគម្រាមថាមិនឱ្យចូលស្រុកអីទេ ប៉ុន្តែចង់ដឹងមុខអ្នកឯង ហើយក៏ចង់តាមរកគ្រួសារអ្នកឯងនៅស្រុកខ្មែរ តើវាយ៉ាងម៉េចទៅហើយ? កុំអាងបានតែមកនៅស្រុកក្រៅ ហើយកុំគិតថានៅស្រុកបារាំង/អឺរ៉ុបហ្នឹងសុទ្ធតែក្រុមអ្នកឯង រហូតដល់ចោទកូនខ្ញុំថាអ្នកទាំងអស់គ្នាហ្នឹងត្រូវកូនខ្ញុំយកលុយ ៥ លានដុល្លារ (មកទិញទឹកចិត្តឱ្យគាំទ្រគណបក្សប្រជាជន)។ ឥឡូវ ប៉ូលីសបារាំងកំពុងចាប់លុយ ៥ លានដុល្លារ របស់កូនខ្ញុំ។ និយាយអញ្ចឹងទៅរួច។ ប្រើពាក្យថាអាកូនក្រៅខោ វា(និយាយ)ទៅរួច មនុស្សក្បាលកញ្ចាស់ទៅហើយនិយាយអញ្ចឹង ព្រះតេជព្រះគុណអ្ហើយ! ព្រះតេជព្រះគុណគួរសូត្រធម៌ស្រោចទឹកឱ្យផង។
(៧) កម្ពុជាសង់ស្ពាន ៣ ទៀត៖ (១)ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ (២)ស្ពានឆ្លងកាត់ទន្លេសាបពីផ្សារចាស់ទៅជ្រោយចង្វារ និងពីជ្រោយចង្វារទៅអរិយក្សត្រ (៣)ស្ពានតភ្ជាប់ផ្លូវជាតិលេខ ១ ទៅខាងល្វាឯម តភ្ជាប់ជាមួយផ្លូវល្បឿនលឿនទៅព្រំដែនវៀតណាម, ប្រើផ្លូវល្បឿនលឿនអស់លុយ ប្រើស្ពានមិនអស់លុយទេ, មានទឹក/ផ្លូវ/ភ្លើង/ធនធានមនុស្ស ទើបអភិវឌ្ឍន៍ជាតិបាន, ប្រជាធិបតេយ្យចាក់ឫសតាំងពីក្រោយសង្គ្រាមលោកលើកទី២ នៅមានការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០២២, ជំហរកម្ពុជា, បារាំងនិងអាល្លឺម៉ង់ ស្ទើរតែប្រហាក់ប្រហែលលើគ្នាលើបញ្ហារុស្សី-អ៊ុយក្រែន
ខ្ញុំគួរតែជម្រាបជូនបងប្អូនបន្តិច ដើម្បីឱ្យបានដឹងអំពីគម្រោងរបស់រាជរដ្ឋាភិបាល ក្រៅពីអ្វីដែលខ្ញុំបាននិយាយ ទាក់ទិនជាមួយនឹងបញ្ហាសេដ្ឋកិច្ចអម្បាញ់មិញនេះ។ ខ្ញុំក៏គួរតែនិយាយទាក់ទិនជាមួយនឹងបញ្ហាការពន្លឿនរបស់យើងទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។ យើងនឹងត្រូវកសាងស្ពានបីទៀតនៅពេលខាងមុខនេះ ស្ពានទី(១) នឹងបើកការដ្ឋាននៅខែមករា (ឆ្នាំ២០២៣) ឆ្លងកាត់ទន្លេមេគង្គនៅត្រង់ក្រចេះ។ ឥឡូវ កំពុងគិតថា ថ្ងៃទី ២ មករា ឬថ្ងៃទី ៦ មករា ដោយសារមានការផ្លាស់ប្ដូរកម្មវិធីខ្លះ ហេតុអីបានត្រូវធ្វើស្ពានហ្នឹង? ព្រោះវាមានការចាំបាច់ សម្រាប់អ្នកខេត្តក្រចេះ។ វាមិនមែនត្រឹមតែបញ្ហាសម្រាប់អ្នកខេត្តក្រចេះ យើងត្រូវតភ្ជាប់ផ្លូវពីក្រចេះកាត់ទៅ កំពង់ធំ ដោយកាត់បន្ថយចម្ងាយ នៃការធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង ដែលធ្លាប់ទៅកំពង់ធំត្រូវចុះមកតាមត្បូងឃ្មុំ កាត់កំពង់ចាម បានចូលកំពង់ធំ។ ឥឡូវ យើងកាត់ពីក្រចេះភ្ជាប់គ្នាចេញមកស្ទោងទៅកំពង់ធំ អាហ្នឹងជាស្ពានទី(១)។ ស្ពានទី(២) ចុះហត្ថលេខាកាលពីថ្ងៃទី ៩ ធ្នូ (២០២២) យើងនឹងមានស្ពានមួយទៀតនៅទីក្រុងភ្នំពេញ ដែលតភ្ជាប់ពីសួនច្បារផ្សារចាស់។ ស្ពានហ្នឹងត្រូវធ្វើឆ្លងពីរគន្លាក់ជាខ្សែកាប ឆ្លងពីផ្សារចាស់កាត់ទន្លេសាបរបស់យើងទៅចុះនៅជ្រោយចង្វារសិន បានឡើងពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិក្សត្រ។ អញ្ចឹង យើងទទួលយកឥណទានពីកូរ៉េ ចំនួន ២៥០ លានដុល្លារ សម្រាប់ធ្វើស្ពានមួយនេះ។ ឯស្ពានមួយទៀតត្រូវធ្វើនៅខាងក្រោម ប៉ុន្តែ ស្ពាននៅខាងក្រោមត្រូវធ្វើធំ ដោយយើងត្រូវធ្វើផ្លូវល្បឿនមួយទៀតតភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម អញ្ចឹង យើងត្រូវធ្វើស្ពានមួយតភ្ជាប់ផ្លូវជាតិលេខ ១ ទៅខាងល្វាឯម ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនទៅព្រំដែនវៀតណាមតែម្ដង ឥឡូវ បានសម្រេចត្រូវគ្នាហើយ។
ផ្លូវល្បឿនលឿនត្រូវតែយកលុយ អ្នកនៅស្រុកក្រៅសុទ្ធតែបង់លុយហើយផ្លូវ(ល្បឿនលឿន)នោះ កុំឆ្ងល់ពេក។ តែនៅកម្ពុជាផ្លូវបង់លុយពីមុនខ្ញុំដកយកអស់ហើយ។ ឥលូវ ទុកតែផ្លូវល្បឿនលឿនទេ។ អ្នកណាមិនចង់ជិះលើផ្លូវល្បឿនលឿន ជិះតាមផ្លូវជាតិលេខ ៤ ទៅ។ ប៉ុន្តែគេគិតហើយ អ្នកជិះតាមផ្លូវជាតិលេខ ៤ និងជិះតាមផ្លូវល្បឿនលឿន អ្នកជិះតាមផ្លូវល្បឿនលឿនអស់លុយតិចជាង ព្រោះដោយសារវាលឿនវាអស់សាំងតិច ដល់(ផ្លូវជាតិលេខ ៤) នេះវាយឺតអស់សាំងច្រើន ហើយចំណាយពេលវេលាក៏វាច្រើន។ យើងត្រូវធ្វើផ្លូវល្បឿនលឿនមួយទៀត តភ្ជាប់ទៅព្រំដែនវៀតណាម។ ពីមុនគេចង់ថា ឆ្លងកាត់ស្ពាននេះត្រូវបង់លុយ តែខ្ញុំមិនយល់ព្រម ព្រោះប្រជាពលរដ្ឋយើងខ្លះឆ្លងព្រឹកល្ងាច ខ្លះមួយថ្ងៃឆ្លងប្រាំដង។ ចុះពួកម៉ូតូឌុប បើមួយថ្ងៃឆ្លងប្រាំដង ពួកគាត់បង់ប្រាំដងមិនងាប់គ្នា? អញ្ចឹង ត្រូវធ្វើម៉េច? ខ្ញុំចង្អុលបង្ហាញ បញ្ចេញលុយ ២០០ លានដុល្លារ ធ្វើស្ពានហ្នឹងតែម្ដង បើមិនធ្វើទេ (ប្រើប្រាស់)ផ្លូវល្បឿនលឿនធ្វើម៉េចនឹងកើត បើរវល់តែឆ្លងសាឡាងហើយឡើងទៅផ្លូវល្បឿនលឿនម៉េចនឹងរួច? អញ្ចឹងទេ ផ្លូវល្បឿនលឿនចាំបង់លុយ តែរឿងឆ្លងស្ពានគឺអត់ទេ។ សិក្សាគម្រោងអស់ហើយ ប៉ុន្តែ អាហ្នឹងទៅពីរ មកពីរ។
នេះសុទ្ធតែជាគម្រោងជំរុញកំណើនសេដ្ឋកិច្ច។ មានទឹក/ផ្លូវ/ភ្លើង/ធនធានមនុស្ស ទើបយើងអភិវឌ្ឍន៍ប្រទេសជាតិបាន។ យើងបញ្ជូននិស្សិតមករៀននៅស្វីស/បារាំង និយាយរួម អ្នកណាឱ្យអាហារូបករណ៍យើងទទួលយកទាំងអស់។ ឥឡូវនេះ វាទៅជានិស្សិតគ្រាន់តែមកទទួលមេដឹកនាំ ត្រូវទទួលថាគេ(គាប)សង្កត់មកដែរ។ ឥឡូវ ថានិស្សិតទៅចុះ រួចចុះអ្នកទាំងអស់គ្នានេះគេ(គាប)សង្កត់ដែរឬអី? ប៉ុន្តែ កោតតែគេប្រមាថយើងទៅកើត? ហើយត្រូវត្រូវទទួលការទិញដូរស្អីៗ វាហួសជ្រុល។ បើនិយាយឱ្យពិតទៅ កុំទៅខ្លាច បើត្រឹមតែប៉ាវបាយមួយពេលវាអត់អីពិបាកសោះសម្រាប់យើង។ មនុស្សគ្នាប៉ុណ្ណឹងប៉ាវបាយមួយពេលវាអត់ទាស់ខុសអីទេ … ថ្ងៃទី ១៤ មករា(២០២៣) ខ្ញុំត្រូវជួបពួកអ្នកសារព័ត៌មានមិនដឹងប៉ុន្មានពាន់នាក់ និងបន្តទៅត្រូវជួបពួកកីឡាអី លើកទឹកចិត្តដើម្បីត្រៀមស៊ីហ្គេម ឆ្នាំក្រោយត្រូវធ្វើធំប្រកួតនៅស្រុកខ្មែរ។
អម្បាញ់មិញមានចៅៗជាកីឡាករ។ មើលនាំគ្នាពិនិត្យមើលអ្នកណាទៅជួយចូលរួមប្រកួត ប៉ុន្តែបើទៅទាល់តែចូលទៅហ្វឹកហាត់ពីឥឡូវ បើមិនអញ្ចឹងទេ ចូលក្រុមជាមួយគេវាអត់ត្រូវ។ ដូចជា ខាន់ ចេស្ដា ទៅប្រកួតឱ្យខ្មែរ គាត់នៅអាមេរិក(តែ) ទៅប្រកួតឱ្យខ្មែរ ហើយយើងនៅបារាំង បើមានអ្នកពូកែទៅចូលរួមក្រុមហ្វឹកហាត់ប្រកួត។ ខ្ញុំសូមជម្រាប ការពិតយើងត្រូវធ្វើយូរហើយ ក៏ប៉ុន្តែខ្ញុំសូមការយោគយល់ពីដៃគូរអាស៊ានដទៃទៀត ដោយសារតម្រូវការរបស់យើងត្រូវការផ្លូវ ត្រូវការស្ពាន,សាលារៀន,មន្ទីរពេទ្យ, ប្រឡាយទឹក។ អញ្ចឹងទេបានខ្ញុំស្នើសុំថា បណ្ដាប្រទេសនានាក្នុងអាស៊ានធ្វើមុនទៅ ឯខ្ញុំជួបការលំបាក ខ្ញុំត្រូវសន្សំលុយដើម្បីនឹងជំរុញកំណើនសេដ្ឋកិច្ចសិន។ ប៉ុន្តែឥឡូវយើងសម្រេចបានហើយ ចិនក៏បានជួយស្ដាតមួយនេះប្រមាណ២០០លាន វាមិនទំនើបពេកទេ ប៉ុន្តែគ្រាន់តែថាសាកល្បងទៅមើលទៅ ដូចគេដូចឯង បានមួយនឹងគេគ្រាន់តែអួត។
រឿងស្ពានអាកាស យើងធ្វើស្ពានអាកាសដំបូង១នៅក្បាលថ្នល់ បានមួយហ្នឹងប្រឹងអួត។ ស្រាប់តែមានគេស្រែកមកថា គេមានរាប់រយគេមិនអួតផង ឯងមានមួយអួត។ បានខ្ញុំឆ្លើយត្រឡប់ទៅវិញថា ដោយសារតែមានតែមួយហ្នឹងបានអញប្រឹងអួត ព្រោះពីដើមវាមិនដែលមាន ដល់ឥឡូវមានមួយហើយបានប្រឹងអួត។ ឥឡូវនេះច្រើនហើយ អត់មាននិយាយពីស្ពានអាកាសទៀតទេ។ វាទៅជារឿងធម្មតាទៅហើយ។ ស្ពានអាកាសឥឡូវឆ្លងកាត់គគោកគ្រាន់តែផ្លូវល្បឿនលឿនស្ពានអាកាសមិនដឹងប៉ុន្មានកាត់តាមហ្នឹង ទីក្រុងភ្នំពេញផ្លូវអាកាសត្រូវថែមប៉ុន្មាន ត្រូវរូងក្រោមដីតទៅទៀត។ ប៉ុន្តែកាលណាមានតែមួយគឺត្រូវតែអួតហើយ ដល់ចាប់ពី២ឬ៣ទៅឈប់អួតហើយ ព្រោះអាហ្នឹងដោយសារវាមានដំបូងវាមិនដែលមាននៅក្នុងប្រវត្តិសាស្ត្ររបស់យើង …។
ហ្នឹងហើយ ជំហ៊ានគីង្គក់ដែលអាក្មេងពាលវានិយាយតាំងពី២០០៨។ បើកមើលអា កុមារពេជ្រ បន្តិចមើល(សម្ដេចបើកចាក់សម្លេងតាមទូរស័ព្ទ) អញ្ចឹងបានថាអានេះក្រយ៉ៅប្រឆាំងខ្ញុំតាំងពី នរោត្តម រណឫទ្ធិ នៅជាសម្ព័ន្ធភាពជាមួយខ្ញុំ អញ្ចឹងសម្ដេចក្រុមព្រះអត់បានប្រដៅកូនចៅទេ។ ពេលហ្នឹង ខ្ញុំជួយលុយសម្ដេចក្រុមព្រះទៅបោះឆ្នោត និយាយឱ្យពិត។ ពេលហ្នឹង ហ្វ៊ុនស៊ីនប៉ិច បែកជា២។ សម្ដេចក្រុមព្រះបើទោះបីយ៉ាងម៉េចក៏ដោយលោកក៏មិនដែលជេរប្រមាថខ្ញុំ។ ខ្ញុំឱ្យលុយទៅបោះឆ្នោតទៅទៀត។ ជួយ។ តែលោកទៅរើសក្មេងពាលយកមកប្រើ។ អញ្ចឹងបានអានេះពាលតាំងពីដើម។ ឥឡូវបើយើងក្រអញ្ចឹង (អោយនិយាយពី)ជំហានមហាលោតផ្លោះមហាអស្ចារ្យដែលពតយកមកប្រើ(ឯណាបាន)។ ខ្ញុំអត់ហ៊ានប្រើពាក្យជំហានយក្សជំហានអីទេ។ ខ្ញុំប្រើពាក្យជំហានគីង្គក់ គីង្គក់វាយឺតមែនប៉ុន្តែវាលោតមួយប្លោតៗទៅមុខ ប៉ុន្តែជំហានយក្សវាភ្លាត់ អានេះវាព្រហើន។ អញ្ចឹងបានវាអញ្ចឹង។ អានេះវាចិញ្ចឹមចិត្តប្រឆាំងតាំងពីជំនាន់សម្ដេចក្រុមព្រះនៅជាដៃគូ។
ទោះបីថាលោកគណបក្ស ហ្វ៊ុនស៊ីនប៉ិច បែកជា២ក៏ដោយ ក្មេងពាលតែម្ដង។ អានេះកែមិនឡើងទេ។ ចាំមើលវាតបមកវិញ បើអ្ហែងថាអញ្ចឹងមែន។ មិនដើរតាមជំហានគីង្គក់ដូចមេដឹកនាំរាល់ថ្ងៃ។ ចាប់ពី២០០៨មកដល់ឥឡូវ១៤ឆ្នាំហើយ អាពៅអើយ! អញកាន់អំណាចបាន១៤ឆ្នាំ តាំងពីអ្ហែងនិយាយ។ ចរិកខ្លះគឺវាពិបាក ប៉ុន្តែសារជាតិរបស់មនុស្សវាអញ្ចឹងឯង។ ខ្លះកែបាន ខ្លះកែមិនបានទេ។ តែសម្រាប់យើងគឺនៅតែគោរពគេ តែគេជេរយើងវាជាសិទ្ធរបស់គេ ប៉ុន្តែបើជេរហួសកម្រឹតក៏អ្នកឯងត្រូវរឿងដែរ។ ពួកអ្នកឈ្នះក្នុងចិត្ត ពួកអ្នកឯងឈ្នះក្នុងចិត្តហ្នឹងទៅ ឯយើងឈ្នះពិតគឺឈ្នះពិតអញ្ចឹងទៅ។ អ្នកណាវិភាគស្អី អានេះវិភាគ១០០% សូម្បីតែស្អីៗក៏អត់មានត្រូវសូម្បីបន្តិច វាជារឿងមួយដែលហួស។
តែខ្ញុំគិតថាបងប្អូនយើងទាំងអស់នៅទីនេះ បងប្អូនទៅលេងស្រុកមើលស្រុក។ ពិតហើយប្រទេសមួយគ្មានរឿងឥតខ្ចោះទេ ប៉ុន្មានថ្ងៃនេះ … ឯណាអ្នកនៅអាល្លឺម៉ង់? ប៉ុន្មានថ្ងៃនេះតើពិតជាមានការចាប់មនុស្សប៉ុនប៉ងធ្វើរដ្ឋប្រហារមែនទេ? (ចាប់មែន)។ ហេតុអីបានជាប្រជាធិបតេយ្យចាក់ឫសតាំងពីក្រោយសង្គ្រាមលោកលើកទី២ មកមានការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ ២០២២។ ហេតុអីបានអាល្លឺម៉ង់ត្រូវចាប់មនុស្សហ្នឹង។ កម្ពុជាច្បាស់ណាស់ ពួកអ្នកឯងប៉ុនប៉ងទៅរកចាប់ខ្ញុំថែមទៀត រឿងអីខ្ញុំមិនចាប់អ្នកឯង។ មើល! ខ្ញុំសុំសួរអ្នកឯង អ្នកឯងដាក់ផែនការចូលស្រុកដើម្បីបំផុសចាប់ ហ៊ុន សែន ផ្ដួល ហ៊ុន សែន ដោយអាវុធ អញ្ចឹង ហ៊ុន សែន ចាប់អត់មានអីខុសទេ បើអាល្លឺម៉ង់ថាចាប់អត់ខុស អញ្ចឹង ហ៊ុន សែន ចាប់អត់ខុសទេ។ រឿងនេះទើបនឹងរកការសម្របសម្រួលគ្នា។ វេលាល្ងាចថ្ងៃ១៤ ធ្នូនេះ ខ្ញុំអាចជួបអធិការបតីអាល្លឺម៉ង់ ប៉ុន្តែខ្ញុំគិតថាជួបជាមួយគាត់ប្រហែលជាមិនមែននិយាយរឿងហ្នឹងទេ មានរឿងបញ្ហាធំៗជាច្រើនទៀត កិច្ចសហប្រតិបត្តិការ … ប្រហែលជាបញ្ហា អាស៊ាន-អឺរ៉ុប បញ្ហារុស្សី-អ៊ុយក្រែន ព្រោះជំហរកម្ពុជាជាមួយជំហរបារាំងនិងជំហររបស់អាល្លឺម៉ង់ ស្ទើរតែប្រហាក់ប្រហែលលើគ្នាលើបញ្ហារុស្សី-អ៊ុយក្រែន គឺបានសេចក្ដីថាមិនបិទផ្លូវសន្ទនា។ យើងចេញជាសំនួរសួរថាហេតុអីបានជាពីឆ្នាំ(១៩)៤៥រហូតមកដល់ឥឡូវ វាចូលដល់ឥឡូវបែរជាមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ នៅកម្ពុជាអ្នកឯងប៉ុនប៉ងពិត អ្នកឯងនិយាយពិត គ្រោងធ្វើពិត កំណត់កាលបរិឆ្ឆេទដើម្បីរំលំនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៣ ដែលពេលនោះហើយឈានទៅដល់ការស្លាប់មនុស្ស រឿងអីដែលយើងមិនត្រូវធ្វើ។ មិនអាចមានស្ដង់ដារ ២ឬ៣ ទេ only single standard។ No double, No treble អត់ទទួលបានទេ។
(៨) រក្សាសន្តិភាពឱ្យបាន ទើបមានប្រជាធិបតេយ្យ, មិនយកឯករាជ្យអធិបតេយ្យភាពទៅដោះដូរជាមួយជំនួយឬភាពអនុគ្រោះណាទាំងអស់, សូមមើលកម្ពុជាជាសមាជិកអាស៊ាន បើមិនយល់ព្រម កិច្ចព្រមព្រៀង ចេញមិនរួច, កម្ពុជាត្រូវលុបបំបាត់ទាំងជ្រុលនិយមស្ដាំទាំងជ្រុលនិយមឆ្វេង
រឿងស្ដង់ដារប្រជាធិបតេយ្យ ប្រជាធិបតេយ្យគេធ្វើហើយ ប៉ុន្តែមុននឹងមានប្រជាធិបតេយ្យអ្នកឯងត្រូវរក្សាសន្តិភាពឱ្យបានសិន។ ឥឡូវអ្នកណាទៅបោះឆ្នោតទៅឆ្នោតនៅអ៊ុយក្រែនកើត? វាមិនដែលអ្នកណាទៅបោះឆ្នោតក្រោមគ្រាប់កាំភ្លើងទេ អញ្ចឹងបានយើងជាយើងប្រឹងរក្សាសន្តិភាព ក្នុងពេលដែលគេប្រឹងរុញសន្តិភាព បំផ្លាញវាចោល។ កម្ពុជាមិនទាន់ងាប់ទេអស់លោក កុំបន់ឱ្យកម្ពុជាងាប់ ហើយបើអ្នកឯងបន់ឱ្យកម្ពុជាងាប់ អ្នកក៏បន់ឱ្យឪពុក-ម្ដាយ ក្រុមគ្រួសារអ្នកឯងនៅក្នុងស្រុកងាប់ដែរ។ កុំចិត្តអាក្រក់រហូតទៅដល់ថ្នាក់ក្រុមគ្រួសារខ្លួនឯង ក៏សុខចិត្តថាឱ្យងាប់ដែរនោះ ធ្វើម៉េចចង់ឱ្យតែសេដ្ឋកិច្ចកម្ពុជារលំ ដើរឱ្យគេកាត់ជំនួយ ដើរស្អី្ៗ ឥឡូវកាត់ចុះឡើង កាត់ទៅអ្នកណាចង់កាត់ កាត់ទៅ។ មកអឺរ៉ុបនេះ ខ្ញុំដាក់បម្រាមអត់ឱ្យមន្ត្រីរបស់ខ្ញុំសុំអីអ្នកណាត្រឡប់មកវិញ ភាពអនុគ្រោះណា ខ្ញុំបាននិយាយហើយ ថាខ្ញុំមិនអាចយកឯករាជ្យអធិបតេយ្យភាពទៅដោះដូរជាមួយជំនួយឬភាពអនុគ្រោះណាទាំងអស់ អ្នកឯងចង់ឱ្យអោយ។ រកស៊ីជាមួយគ្នារកស៊ី ឥឡូវនាំមកដល់អឺរ៉ុបកើន១៨% ទំហំទឹកលុយជាង៤ពាន់លាន។ នាំទៅអាមេរិក រកស៊ីជាមួយគ្នារកស៊ី អ្នកឯងអនុគ្រោះខ្ញុំក៏អរ អ្នកឯងមិនអនុគ្រោះខ្ញុំក៏មិនដឹងធ្វើម៉េច អាហ្នឹងទុកសិទ្ធឱ្យអ្នកឯងនិយាយចុះ។ ខ្ញុំជួប Charles Michel ខ្ញុំអត់និយាយអីទេ។ ខ្ញុំជួប Michel ២ដង ជួបនៅតូក្យូនិងភ្នំពេញ ខ្ញុំនិយាយតែពីរឿងបញ្ហាអន្តរជាតិ រឿងស្អីៗណា ហើយលើកនេះនិយាយតែពីរឿងប្រជុំ ព្រោះត្រូវធ្វើសហប្រធាន។
មិនមែនពួកអាស៊ានមកនេះសម្រាប់ធ្វើកូនជឹងរបស់ពួកអឺរ៉ុបទេ កុំស្មាន មាន ហ៊ុន សែន មួយគ្រាន់ធ្វើជាសហប្រធានដែរ។ គ្រាន់តែថាម្ចាស់ផ្ទះយ៉ាងណាក៏គេបើកអង្គប្រជុំមុនដែរ ឯយើងបន្តទៅ ប៉ុន្តែសហប្រធាន។ យើងផ្ដល់នូវការគោរពដើម្បីឱ្យទំនាក់ទំនងវាកាន់តែរឹងមាំ ហើយយើងក៏ចង់ឱ្យចេញលទ្ធផលផ្លែផ្កាមួយដែលនឹងឈានទៅដល់កម្រិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អឺរ៉ុប។ ខ្ញុំតែងតែរំលឹកអ្នកទៅពីអឺរ៉ុបថា ពួកអ្នកឯងសូមកុំមើលប្រទេសនីមួយៗក្នុងអាស៊ានត្រឹមតែប្រទេសអស់នោះ ដូចករណីកម្ពុជា សូមកុំមើលកម្ពុជាត្រឹមតែកម្ពុជា ត្រូវមើលកម្ពុជាឱ្យឆ្ងាយជាហ្នឹង គឺកម្ពុជាជាសមាជិកអាស៊ាន បើសិនកម្ពុជាមិនយល់ព្រមបានសេចក្ដីថាកិច្ចព្រមព្រៀងហ្នឹងចេញអត់រួច។ សូមកុំមើលកម្ពុជាត្រឹមតែកម្ពុជា មើលទៅអោយផុតពីកម្ពុជា អញ្ចឹងហើយបានខ្ញុំប្ដូរផ្ដាច់នាំកម្ពុជាចូលអាស៊ានអោយខាងតែបាន។ អ្នកដែលបានកាន់ញញួរប្រធានអាស៊ាន ៣ដងក្នុងពេលដែលអាស៊ាន១០គឺមានមនុស្សតែ២នាក់ទេ។ ទីមួយ ស៊ុលតង់ប្រ៊ុយណេនិង ទី២ ហ៊ុន សែន។ ស៊ុលតង់ប្រ៊ុយណេ ធ្លាប់ធ្វើប្រធានអាស៊ានច្រើនដងហើយ តែមានអាស៊ាន៥ បន្ទាប់ទៅអាស៊ាន៦ ដល់អាស៊ាន១០មានតែស៊ុលតង់ប្រ៊ុយណេលោកធ្វើ៣ដង ហើយខ្ញុំធ្វើ៣ដង(ដែរ) ឆ្នាំ ២០០២, ២០១២,២០២២។
មកចង់កាត់សិទ្ធកូនរបស់ខ្ញុំ។ កូនរបស់ខ្ញុំវាគ្រាន់តែថា បើទោះបីវាកូនអ្នកណាក៏ដោយ ពេលដែលវាថាអញ្ចឹង។ វាថា ម៉ាណែត មិនមែនកូនខ្ញុំទេ អាហ្នឹងដែលខ្ញុំមិនអត់ឱនទេអាហ្នឹង។ ហើយ ប៊្រីដនី យ៉ាំង ដែលចេញមកសារភាពគឺបានចង្អុលបង្ហាញថាអាមួយហ្នឹងតែម្ដង។ មើលសាររបស់វា វាថាអាកូនក្រៅខោ។ អញ្ចឹងអាហ្នឹងសំដៅលើអី។ អានេះមេរបស់វាប្រដៅវាធ្វើអញ្ចឹង។ អញ្ចឹងបានថានៅកន្លែងណាក៏ដោយប្រទេសរបស់យើងត្រូវខិតខំលុបបំបាត់ជាតិជ្រុលនិយមទាំងជ្រុលនិយមស្ដាំ ទាំងជ្រុលនិយមឆ្វេង។ អ្នកនៅប្រទេសបារាំងប្រហែលជាច្បាស់ជាងខ្ញុំទៅទៀត នៅត្រង់ថា គេខិតខំទប់ស្កាត់កុំឱ្យ Marine Le Pen ឡើងបាន រហូតដល់បោះឆ្នោតជុំទី២ឈ្នះហើយ ប្រធានាធិបតី Emmanuel Macron បាននិយាយថាក្នុងចំណោមអ្នកបោះឆ្នោតឱ្យខ្ញុំ មានមួយចំនួនមិនមែនពេញចិត្តនឹងខ្ញុំទេ ប៉ុន្តែមានមូលហេតុទប់ស្កាត់កុំឱ្យពួកជ្រុលនិយមឡើងកាន់អំណាច សំដៅទៅលើ Le Pen។ ហើយអ្នកដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ បើយោងទៅលើឯកសារសិក្សា ខ្ញុំបានបាញ់ចូលទៅក្នុងគ្រុប ទៅឱ្យខាងគ្រុបរដ្ឋាភិបាល គ្រុបអចិន្ត្រៃយ៍រដ្ឋាភិបាលនិងគ្រុប អចិន្ត្រៃយ៍គណបក្ស សិក្សា ព្រោះខ្ញុំប្រគល់ឱ្យបណ្ឌិតម្នាក់ទទួលបន្ទុកសិក្សា គឺក្រុមហ្នឹងក្រុមជ្រុលនិយមស្ដាំ ហើយធ្លាប់ជាក្រុមពួកអតីត ហ៊ីធ្ល៊ែរ តែរឿងរ៉ាវអីយ៉ាងម៉េចទៀត ព្រោះខ្ញុំក៏ទើបនឹង… អញ្ចឹងភាពជ្រុលនិយមនៅស្រុកខ្មែរមិនគួរមានតទៅទៀតទេ។
វាងាប់អី បានវាទៅប្រកាសមានអញអត់ឯង មានឯងអត់អញ។ ចុះបើនៅជាមួយគ្នាមិនបានទេអី។ ឥឡូវត្រូវហើយ អ្នកឯងបានប្រកាសតាំងពី២០១៣ មានសែនអត់ស៊ី មានស៊ីអត់សែន ត្រូវហើយឥឡូវហ្នឹង។ ឥឡូវមានសែនវាអត់អាស៊ី ហើយនៅក្រៅហ្នឹងទៅ។ គិតអាយុទៅអ្នកឯងគិតជាលេខទៅ ហើយអ្នកឯងមានអីតពូជ។ ខ្ញុំមាន ខ្ញុំមានកូនប្រុសរបស់ខ្ញុំ ខ្ញុំមានចៅប្រុសរបស់ខ្ញុំ។ គេក៏មានដែរ ក៏ប៉ុន្តែអ្នកឯងមិនមែនជាដើមទុននយោបាយទេ។ ខ្ញុំហាក់ដូចជាជូនសារទៅពួកគេ ប៉ុន្តែក៏ចង់ប្រដៅពួកគេដែរថាគួរល្មមៗបានហើយ។ អ្នកឯងសាកល្បងលមើលជាមួយនឹងកិច្ចការដែលអ្នកឯងប៉ុនប៉ងបន្តិចទៅស្រុក។ បងប្អូនបើចង់ពឹងគេ ពឹងអ្នកណាដែលជួយខ្លួនឯងបានគួរទៅពឹងអ្នកហ្នឹង យើងទៅពឹងមនុស្សជួយខ្លួនឯងអត់បានទៅពឹងធ្វើអី។ ខ្ញុំនៅតែឆ្ងល់ សូម្បីតែចូលស្រុកមិនហ៊ានចូលស្រុកផងខ្លាចគុក អាហ្នឹងជួយខ្លួនមិនរួចផងទៅពឹងធ្វើអី ហើយចេះពឹងទៅរួច។ អាហ្នឹងភូតតតំណ ចូលប្រទេសថ្ងៃនេះ ឥឡូវទៅមិនបានទេ ចាំខែនេះ ទៅទៀតហើយ រួចហើយចេះតែប្រមូលស្រោមសំបុត្ររហូត អត់បានតេជគុណ សម្ដេច។
ទៅវិញអង្កាលសម្ដេច ? ថ្ងៃ១៦ (ធ្នូ)។ ខ្ញុំព្រះករុណា ខ្ញុំលឿនបន្តិចហើយ ពីមុនគ្រោងថាថ្ងៃ១៦ ប៉ុន្តែឥឡូវដោយសារកិច្ចប្រជុំបញ្ចប់ត្រឹមថ្ងៃ ១៤ អញ្ចឹងថ្ងៃ ១៥ត្រឡប់ទៅវិញ ១៦ទៅដល់ណោះ(កម្ពុជា) ទៅដល់មានការងារច្រើន។ ចុងឆ្នាំនេះពិតជាមានការរវល់ខ្លាំងណាស់។ ប៉ុន្តែការងារនោះសុទ្ធតែការងារដែលប្រទេសជាតិតម្រូវឱ្យយើងធ្វើ ហើយក៏ជាកាតព្វកិច្ចដែលខានមិនបាន។ ដូចជាមកអឺរ៉ុបអញ្ចឹង ខ្ញុំមកក្នុងនាមជាប្រធានអាស៊ាន។ នៅក្នុងអាស៊ាន ដូចជាមាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មីគាត់មិនមកទេ រដ្ឋមន្ត្រីការបរទេសរបស់គាត់មក ឯសហភាពអឺរ៉ុបដូចជាមានតែប្រទេស២ទេដែលអាក់ខាន ព្រោះអឺរ៉ុបគ្មានគោលការណ៍ជំនួសទេ គឺត្រូវតែដឹកនាំការចូលរួមដោយថ្នាក់ខ្ពស់។ ប៉ុន្តែអឺរ៉ុបមានប្រទេសច្រើនជាងអាស៊ាន។ អឺរ៉ុបមាន២៧ប្រទេស អាស៊ាន១០ប្រទេស។ ប៉ុន្តែគិតពីចំនួនប្រជាជនអាស៊ានមានប្រជាជនច្រើនជាង។
ឥឡូវយើងឡើង១៧ លាននាក់។ យើងធ្វើមានប្រជាជន៥លាននាក់ ក្នុងរយៈ៤៣ឆ្នាំយើងឡើង១២លាននាក់ យើងជាមួយឡាវឆ្នាំ១៩៧៩ ៥លាននាក់ដូចគ្នា ឥឡូវឡាវឡើងត្រឹម៧លាននាក់ យើងឡើងដល់១៧លាននាក់ បន្ទោសអ្នកណាក៏អត់បានដែរ ព្រោះខ្ញុំមានកូនចៅច្រើនដែរ។ ចៅ២២នាក់ ហើបន្តិចទៀតមានប្ដីមានប្រពន្ធទៅ មិនដឹងថាបានមើលឃើញចៅទួតឬអត់ ខ្ញុំដូចជាប៉ប៉ាច់ប៉ប៉ោចច្រើនពេកហើយ។ ឥឡូវមានបងប្អូនណាចង់សួរស្អី ប៉ុន្តែយើងមកដូចជាអស់ហើយ ត្រូវចេញដំណើរថតរូបក៏ត្រូវថតឱ្យស្រូត ព្រោះយើងត្រូវចេញដំណើរម៉ោង៦។ ថ្ងៃនេះមានកាដូរតែប៉ុននេះទេ គឺមានប្រតិទិនមួយហើយនិងក្រមាមួយសម្រាប់ជាវត្ថុអនុស្សាវរីយ៍ត្រឡប់ទៅវិញ។ ហើយសូមអភ័យទោសផងដែរ ខ្ញុំនិយាយជួនកាលទៅត្រង់នេះបន្តិច ត្រង់នោះបន្តិច ចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។ ហើយក៏មានអ្នកមើលក្នុងស្រុកច្រើនមិនមែនតិចទេ។ អ្នកមើលក្នុងស្រុក ព្រោះផ្សាយផ្ទាល់ពីនេះទៅ។ ផ្សាយផ្ទាល់ពីនេះទៅគឺថាក្នុងស្រុកទាំងអស់ ហើយមិនដឹងថាអនឡានប៉ុន្មានខ្សែទៅទៀត ប៉ុន្តែថ្ងៃនេះខ្ញុំបង្ហាញមុខអ្នកដែលគួរ អ្នកដែលកែមិនឡើង។ វាអស់ផ្លូវវាមិនដឹងធ្វើម៉េច ប៉ុន្តែខ្ញុំគួរតែត្រូវនិយាយបកស្រាយខ្លះ។ រួចហើយគឺថាខ្ញុំចង់មើលថ្ងៃ១៤ (ធ្នូ)នេះមានប៉ុន្មានពិតប្រាកដ ហើយខ្ញុំសំណូមឱ្យអ្នកមេអំពាវនាវឱ្យធ្វើបាតុកម្មដឹកនាំបាតុកម្មផ្ទាល់។ តើបានទេ? ខ្ញុំតាមវាយដល់ផ្ទះ។
ដូចនៅតុលាការបារាំងអញ្ចឹង ក្នុងការរៀបរាប់អំពីហេតុការ គេនិយាយយ៉ាងច្បាស់អំពីភាពគ្មានទាន់ទិនជាមួយហ្នឹង ហ៊ុន សែន គេនិយាយយ៉ាងច្បាស់អំពីការបរិហារកេរ្តិ៍ ទីចុងបំផុតឯងទៅជាអ្នកចាញ់ក្ដី។ វាទៅរួច។ ចេះនិយាយទៅបាន។ ទុកឱ្យអ្នកឯងឈ្នះទៅចុះ ឈ្នះក្នុងស្ថានភាពដែលអ្នកឯងចាញ់ ហើយនៅក្នុងកថាខណ្ឌខាងក្រោមទៀត គេផ្អែកលើច្បាប់អឺរ៉ុប និងផ្អែកទៅលើភាពធ្ងន់ស្រាល យើងអំណាចនាយករដ្ឋមន្ត្រី អញ្ចឹងគេមានភាពអនុគ្រោះមួយ វាទៅឈ្នះទៅរួច។ អ្នកឯងឈ្នះត្រឹមតែអ្នកឯងមិនបានបង់ ឱ្យខ្ញុំ១អឺរ៉ូ តែអ្វីដែលទាក់ទិននឹងភស្តុតាងអ្នកឯងអត់មានទេ។ ស្អីក៏អត់មានដែរ។ អញ្ចឹងខ្ញុំតាមវាយអ្នកឯងដល់ផ្ទះ។ តែលើកនេះខ្ញុំមិនតាមវាយអ្នកឯងដល់ផ្ទះទេ។ ខ្ញុំទៅដល់ជណ្ដើរផ្ទះប្រធានាធិបតី។ ខ្ញុំទៅផ្ទះប្រធានាធិបតីរបស់អ្នកឯង។ អ្នកឯងស្គាល់ Macron ទេ? អ្នកឯងធ្លាប់ចូលអេលីហ្សេដូចខ្ញុំទេ? ខ្ញុំមួយអាណត្តិប្រធានាធិបតីយ៉ាងហោចណាស់ ខ្ញុំចូលអេលីហ្សេម្ដងដែរ។
ជំនាន់ Jacques Chirac ខ្ញុំទៅបាន៣ដង , Nicolas Sarkozy ទស្សនកិច្ចម្ដង, Francois Hollande ទស្សនកិច្ចម្ដង ឥឡូវដល់ Macron។ តើអ្នកឯងធ្លាប់ទៅទេ? អ្នកឯងស្គាល់ប្រធាធិបតីបារាំងច្បាស់ទេ។ ស្គាល់ Francois Mitterrand ច្បាស់ទេ។ អេលីហ្សេអ្នកឯងស្គាល់ច្បាស់ទេ។ Quai d’Orsay អ្នកឯងស្គាល់ច្បាស់ទេ? រួចហើយសុទ្ធតែថាកូនក្រោខោ មិនមានគុណសម្បត្តិទេ។ ពេលអ្នកឯងនិយាយថាគេអត់មានគុណសម្បតិ្ត តើអ្នកឯងមានគុណសម្បត្តិអីហើយ? សួរអញ្ចេះទៅវិញ។ ទន្ទឹមនឹងអ្នកឯងថាអោយគេមិនមានគុណសម្បត្តិ អ្នកឯងធ្វើបានគុណសម្បត្តិអីក្រៅពីបាតុកម្ម។ ភស្តុតាងមានច្រើនណាស់។ អ្នកឯងទៅបើកទ្វាររោងចក្រអោយកម្មករចេញមកធ្វើបាតុកម្ម។ ហ្នឹងហើយជាធាតុផ្សំ ដែលបង្កើតជារឿងក្ដីក្ដាំរហូតមកដល់ពេលនេះ។ មិនទាន់ចប់ទេ។ អោយវាចេះឈឺខ្លះផងទៅមើល។ ខ្ញុំបន្តទៅទៀតក៏អត់បានដែរ ចេញទៅ ព្រោះហួសម៉ោង។ បានយន្តហោះខ្លួនឯង គេមិនចេញដំណើរចោល បើយើងមិនទៅ យន្តហោះក៏ឡើងមិនរួចដែរព្រោះវាត្រូវដឹកយើង។ ចុងបញ្ចប់ប្រគេនពរចំពោះសម្ដេចព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនទាំងអស់ដែលបានមកចូលរួមនៅទីនេះ សូមឱ្យបងប្អូនជួបប្រទះតែនឹងពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕