ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមសាជាថ្មីម្តងទៀតជាមួយនឹងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ២ ១១៥ នាក់ ដែលបញ្ចប់ការសិក្សាពីឆ្នាំ ២០១៩-២០, (ឆ្នាំ)២០២០-២១, ២០២១-២២ ដូចដែលសាកលវិទ្យាធិការបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីសម្ដែងជូននូវការកោតសរសើរ ចំពោះសាកលវិទ្យាល័យ (ភ្នំពេញអន្តរជាតិ) ដែលបានខិតខំឆ្លងកាត់នូវការលំបាកទាំងឡាយ ដើម្បីនាំមកនូវជោគជ័យ សម្រាប់ផ្តល់មូលដ្ឋានសម្រាប់ការសិក្សារបស់និស្សិតរបស់យើង …។
អម្បាញ់មិញ លោកស្រី (ទេព) កូលាប ដែលខ្ញុំហៅថាជាកូន បានលើកពីបញ្ហាព្រឹត្តិការណ៍កើតជាង ១០ ឆ្នាំមុន។ ខ្ញុំក៏គួរតែនិយាយអំពីរឿងនេះ(បន្តិច)។ បើមិនសង្គ្រោះ (ទេព) កូលាប ទេ សាកលវិទ្យាល័យនេះ វាដួលរលំទៅបាត់តាំងពីពេលនោះ។ វាមានរឿងអយុត្តិធម៌មួយកើតឡើង។ ពេលនោះខ្ញុំមិនបានដឹងរឿងច្បាស់លាស់ទេ ប៉ុន្តែ ឃើញនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ តែងតែធ្វើបាតុកម្មគាំទ្រសាកលវិទ្យាធិការរបស់ខ្លួននៅឯសាលាឧទ្ធរណ៍។ ក្រោយមកទើបដឹងថា ប្តីរបស់ (ទេព) កូលាប ត្រូវបានចាប់ខ្លួន។ បន្ទាប់ទៅ (ទេព) កូលាប នេះទៀតសោតក៏ត្រូវចាប់ខ្លួនទៀត … បានខ្ញុំស្រែកជេរទៅស្នងការក្រុង (ដែលអោយ)ឡានតាមពីក្រោយប្រផាប់ប្រភីងតាមចាប់ (ទេព) កូលាប។ (ទេព) កូលាប រកច្រកមិនឃើញ ចូលតាមវិមានឯករាជ្យ ចូលផ្ទះស្រីពៅ រួចហើយទៅសម្ងំ(នៅហ្នឹងទើប)បានសួរដឹងរឿងរ៉ាវ។ រឿងនេះ គឺជារឿងដ៏កំសត់មួយ។
បើយោងទៅលើពាក្យបណ្តឹង (ហេង) ឈាង ដែលជាក្មួយរបស់ដើមចោទ ត្រូវសង(គេ)ដូចជា ៥៨ លានដុល្លារ ប៉ុន្តែទីចុងបំផុត គឺសម្រុះសម្រួល(គ្នា)នៅត្រឹមតែ ៣ លាន(ដុល្លារ)។ តែ ៣ លាន(ដុល្លារ) ពួកនេះអត់មានលុយទៅទៀត … ពេលនោះខ្ញុំអត់មានលុយទេ។ លុយ(ទុក)សម្រាប់សង្គ្រោះទូរទស្សន៍បាយ័នមួយផ្នែក (និង)មួយផ្នែកទៀត កូនស្រីរបស់ខ្ញុំទៅខ្ចីគេទេ។ (ខ្ចី)បាន ៣ លាន(ដុល្លារ)យកមក ដើម្បីសង កុក អាន នៅពេលហ្នឹង … លុយខ្ញុំខ្ចីគេទេ ដើម្បីយកមកដោះបំណុលឱ្យចប់រឿង។ បើមិនចឹងទេ សាកលវិទ្យាល័យ (ភ្នំពេញអន្តរជាតិ) ទៅរកលុយណា(បាន) ដើម្បីសងឱ្យ កុក អាន បាន ៥៨ លាន(ដុល្លារ)។ បន្ទាប់ទៅ ២ លាន ៨ សែន(ដុល្លារ)។ ស្រីណា ប្រាប់ថាពុក តើយើងបានលុយណាដោះស្រាយបញ្ហាទូរទស្សន៍ យើងកំពុងតែធ្លាក់កម្លាំងផ្សាយ។ (ខ្ញុំក៏ប្រាប់)ថា … មាន(លុយ)ប៉ុន្មានយកចេញមក ហើយទៅខ្ចី(គ្នី)គ្នាខ្លះទៅ(បើខ្វះ) …។
(អម្បាញ់)មិញអត់ទម្លាយរឿងលុយ (ដូច្នេះ) ខ្ញុំត្រូវនិយាយរឿងលុយដែរ ព្រោះរឿងនេះជារឿងពិត។ ៥ ខែមុន ខ្ញុំទៅសួរ ស្រីណា ពិនិត្យមើល (ទេព) កូលាប ផង បើគ្នាគ្មានលុយសងទេ សុំកុំបង្ខំទារ។ បើសិនជាយើងអាចធ្វើបាន លុបបំណុលហ្នឹងចោលទៅ។ ស្រាប់តែ ស្រីណា ថា គាត់សងអស់ហើយ។ បើសិនពេលនោះ (ហេង) ឈាង ក៏ជាប់គុក (ទេព) កូលាប ក៏ជាប់គុក (ដូច្នេះ) សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ នេះវាងាប់បាត់តាំងពីពេលនោះ … ពេលខ្លះយើងពិបាកនឹងមើលភាពអយុត្តិធម៌ដែលបានកើតឡើង។ រឿងនេះវាទាក់ទងនឹងជម្លោះក្នុងគ្រួសារមួយ។ ចុះប្រជាជន/អ្នកទន់ខ្សោយ (ពេលជួបបញ្ហា)រត់ទៅរកអ្នកណា? (មិន)រត់មករកនាយករដ្ឋមន្ត្រី។ បើនាយករដ្ឋមន្ត្រីមិនជួយទៀត វាមិនចប់។ ឧទាហរណ៍ថា នាយករដ្ឋមន្ត្រីគាំទ្រដើមបណ្តឹង។ (អញ្ចឹង)ពីរនាក់ហ្នឹងមិនចូលគុក។ រត់ចូលផ្ទះនាយករដ្ឋមន្ត្រីហើយ ចាប់យកទៅបញ្ចូលគុកបណ្តោយវាមិនស្រួល។ ប៉ុន្តែ យើងខិតខំការពារ … នៅមានរឿងច្រើនទៀត។ ប៉ុន្តែពិបាកនិយាយ។
អរគុណណាស់កូន ដែលកូនបានខិតខំងើបឡើង។ ពេលនោះ ខ្ញុំប្រាប់ថា កុំឱ្យសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ដួលរលំ។ អញ្ចឹង យកលុយហ្នឹងសងគេទៅ។ ពេលនោះ បើសិនជាពុកមានលុយ ពុកឱ្យថែម ដើម្បីយកមកវិនិយោគ ប៉ុន្តែ ពុកអត់មានលុយដែរ។ ធ្វើម៉េច មានតែខ្ចីគេ។ ឥឡូវ បានដើរដល់ដំណាក់កាលហ្នឹង វាល្អហើយ។ រំលឹករឿងដើមបន្តិចទៅចុះ (កាលពី)ជាង ១០ ឆ្នាំមុន ដែលលោកគ្រូ សាស្ត្រាចារ្យ អ្នកធ្វើការនៅហ្នឹងអាចដឹងអំពី(រឿងនេះ) ប៉ុន្តែ មិនដឹងស៊ីជម្រៅ។ ថ្ងៃនេះអាចធ្លាយ ឬអាច (ទេព) កូលាប លួចខ្សឹបប្រាប់គេខ្លះ(ហើយក៏មិនដឹង) តែរឿងលុយប្រហែល (ទេព) កូលាប មិនលួចប្រាប់គេទេ។ ខ្ញុំទម្លាយថ្ងៃនេះ។ ពេលហ្នឹងមានប្រាក់តែប៉ុន្មានទេ។ (យើង)ដើរខ្ចីគេ/ឯង។ ថ្ងៃហ្នឹងសំណាង(ល្អ) ដោយសារតែត្រូវទូទាត់អីជាមួយនឹង កុក អាន (ក៏)កាត់កងអស់ប៉ុន្មាន(ទៅ) …។
ខ្ញុំសុំបញ្ជាក់ មានរឿងខ្លះវាពិបាក ប៉ុន្តែ យើងមិនអាចឈរមើលបានទេ … ខ្ញុំលើកទឹកចិត្ត និងថ្លែងនូវការកោតសរសើរ ចំពោះការខិតខំឈានឡើងតាមដំណាក់(កាល)នីមួយៗ ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលប្តីត្រូវចូលគុក (ក៏)ប្រពន្ធនៅតស៊ូ ដើម្បីឱ្យនិស្សិតបន្តការសិក្សា។ បន្ទាប់មកទៀត រឿងរ៉ាវទាក់ទិនជាមួយនឹង កូវីដ-១៩ សាកលវិទ្យាល័យ (ភ្នំពេញអន្តរជាតិ) សាស្ត្រាចារ្យ ក៏ដូចជា និស្សិត បានរួមចំណែកទៅលើបញ្ហាប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩។
(១) ការផ្អាកប្រារព្ធពិធីបុណ្យអុំទូក … ដោយត្រូវពង្រឹងការការពារសន្តិសុខមេដឹកនាំ ក្នុងឱកាសប្រជុំអាស៊ាននិងកិច្ចសន្ទនាសាកលទី ២, ៥ ខែ មិនមានអ្នកស្លាប់ដោយកូវីដ-១៩, ប្រព័ន្ធឌីជីថលដើរតួសំខាន់ក្នុងវិស័យអប់រំ ក្នុងបរិបទកូវីដ-១៩, ស្អប់ខ្ពើមនឹងថ្កោលទោសជនណាដែលមើលងាយជនពិការ
ថ្ងៃនេះ យើងបានអង្គុយនៅទីនេះជុំគ្នា ខុសពីឆ្នាំមុន (ដែល)សូម្បីតែដាក់បិណ្ឌ ក៏យើងត្រូវតែពិបាក។ ឆ្នាំនេះ បើទោះបីមិនបានប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប ដែលធ្វើនៅថ្ងៃទី ៦-៧-៨ នៅខែវិច្ឆិកាក៏ដោយចុះ ក៏ប៉ុន្តែខ្ញុំបើកឱកាសឱ្យខេត្តនានាធ្វើពិធីអុំទូកនៅតាមខេត្ត។ មូលហេតុដែលយើងត្រូវលើកពេល ដោយសារមានការប្រជុំ ដែលចាំបាច់ត្រូវតែមានវិធានការការពារថ្នាក់ដឹកនាំកំពូលនានា ដែលឆ្នាំនេះយើងអញ្ជើញច្រើន(ប្រទេសមកចូលរួមប្រជុំ)។ យើងផលិតនាឡិការហូតទៅដល់ ២៥ គ្រឿង សម្រាប់ថ្នាក់ដឹកនាំកំពូលនិងស្ថាប័នកំពូលផងដែរ។ ដាក់(រូប)អាស៊ានតែម្តង ប៉ុន្តែ Made in Cambodian។ ផលិតនៅកម្ពុជា។ ឱ្យគេដឹងថា ខ្មែរបច្ចុប្បន្ននេះអាចផលិតបាននាឡិកា ហើយខ្ញុំនឹងចែកជាកាដូជូនចំពោះប្រមុខរដ្ឋ/រដ្ឋាភិបាល។ ថ្ងៃនោះខ្ញុំនឹងពាក់នាឡិកាម៉ាកអាស៊ាន ដែលអាស៊ានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។
យើងមានអាស៊ានតែ ១០ (ប្រទេស)ទេ ប៉ុន្តែ យើងអញ្ជើញដៃគូរច្រើន ដោយសារយើងធ្វើ Global dialogue (កិច្ចសន្ទនាសាកលលើកទី ២)។ យើងបានអញ្ជើញតាំងពីប្រធានធនាគារពិភពលោក, អគ្គនាយក IMF, ប្រធានធនាគារ ADB, (ប្រធានធនាគារ)អភិវឌ្ឍន៍អាស៊ី, អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក, អគ្គនាយកអង្គការសុខភាពពិភពលោក, ប្រធានក្រុមប្រឹក្សាអឺរ៉ុប, ប្រធានអង្គការសហប្រតិបត្តិការសៀងហៃ និងប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក មកចូលរួមវេទិកាទាក់ទងជាមួយនឹងកិច្ចសន្ទនាសកលលើកទី ២។ ឆ្នាំ ២០១២ យើងបានធ្វើរឿងនេះ។
ចាប់ផ្តើមពិនិត្យឯកសារតាំងពីឥឡូវ(ទៅ)ហើយ (ព្រោះ)ការប្រជុំត្រូវធ្វើជាបន្តបន្ទាប់។ អាទិត្យនេះត្រូវធ្វើការប្រជុំ(ទាក់ទង)ខាងនារីផង (ធ្វើ)តាមអនឡាញ។ បន្ទាប់ទៅថ្ងៃទី ១៣ នេះ (ត្រូវបើកកិច្ចប្រជុំប្រឹក្សាសហគមន៍សង្គម-វប្បធម៌ អាស៊ាន លើកទី ២៨) ជាមួយ (ហង់) ជួនណារ៉ុន។ អាស៊ានយើងត្រូវមានព្រឹត្តិការណ៍អមច្រើនណាស់។ យើងរវល់។ មិនមែន(រាជ)រដ្ឋាភិបាល ហ៊ុន សែន ខ្វះលុយទេ ប៉ុន្តែការការពារសន្តិសុខ(មេដឹកនាំ)ជាបញ្ហាធំ។ ម្សិលមិញ ឯកឧត្តម វង្សី វិស្សុត បានទទួលបទបញ្ជាទៅលើវិធានការមួយចំនួនតាមផ្លូវទឹកនិងផ្លូវអាកាស (ដោយត្រូវ)ធានាឱ្យបានទៅលើសន្តិសុខ សម្រាប់កិច្ចប្រជុំដ៏ធំមួយ(នេះ) ដែលមានប្រមុខរដ្ឋ/រដ្ឋាភិបាល និងមេដឹកនាំ នៃស្ថាប័នអន្តរជាតិធំៗមកចូលរួមច្រើន។
ម្សិលមិញនេះ គ្រាន់តែថ្ងៃចេញវស្សា នៅទីរួមខេត្តកំពង់ចាមគេប្រណាំងទូក។ នៅកន្លែងដទៃទៀតសុទ្ធតែត្រៀមប្រណាំងទូក។ សុំអញ្ជើញនាំគ្នាទៅលេងទៅ។ ប៉ុន្តែ សម្រាប់ទីក្រុងភ្នំពេញ ខ្ញុំសុំមេត្តាប្រជាជននៅទីក្រុងភ្នំពេញ ខន្តីអភ័យទោសទុកឱ្យហើយ។ ពេលនោះភ្ញៀវច្រើនណាស់ ដែលធ្វើដំណើរមកចូលរួមប្រជុំ(អាស៊ាននៅខែវិច្ឆិកា)។ មិនដឹងថាចេញតាមផ្លូវណាផ្លូវណី(ខ្លះទេ)។ អញ្ចឹង យើងត្រូវបិទផ្លូវមួយចំនួន។ សុំអភ័យទោសទុកជាមុនឱ្យហើយ។ ទីកន្លែងនេះ យើងនឹងយកធ្វើជាកន្លែងពិធីជប់លៀងសម្រាប់ភ្ញៀវរបស់យើង។ កាលពីឆ្នាំ ២០១២ យើងធ្វើនៅកោះពេជ្រ។ ប៉ុន្តែ កាលពីឆ្នាំ ២០០២ យើងមានសណ្ឋាគារផ្កាយ ៥ តែមួយទេ។ ប្រជុំក៏នៅត្រង់ហ្នឹង រួចហើយលើកតុ ដូរស្លាកដូរអីក៏នៅត្រង់ហ្នឹង។ ពេលប្រជុំអាស៊ាន-អាហ្វ្រិក ជាមួយប្រធានាធិបតីអាហ្វ្រិកខាងត្បូងតំណាងឱ្យនោះ ត្រូវឡើងទៅប្រជុំ(នៅ)ខាងលើ ព្រោះយកខាងក្រោមមកជប់លៀង។ ពេលនោះយើងក្រ។
ដល់ឆ្នាំ ២០១២ យើងធ្វើវិមានសន្តិភាពមួយ។ ប្រជុំយ៉ាងស្រឡះខ្លួន។ ឥឡូវយើងយកសណ្ឋាគារសុខា ដែលមាន ៧០០ បន្ទប់ … គណៈប្រតិភូខ្លះ(ស្នាក់)នៅទីនោះផង (និង)ប្រជុំផង។ គណៈប្រតិភូកម្ពុជាក៏ឱ្យមកនៅ(ទី)ហ្នឹងដែរ ព្រោះខ្ញុំត្រូវឆ្លងកាត់ក្រុង។ វាត្រូវបិទចុះ/ឡើង។ ពេលហ្នឹង ខ្ញុំ(ក៏)សុំប្រពន្ធខ្ញុំមកដេក(នៅសណ្ឋាគារសុខាដែរ) ប៉ុន្តែ ប្រពន្ធខ្ញុំក៏ត្រូវតែមកជាមួយដែរ ព្រោះក្រែងលោភរិយារបស់ប្រមុខរដ្ឋ/រដ្ឋាភិបាល នៃប្រទេសដទៃមក(ដែរ) គាត់ក៏ត្រូវតែមានវត្តមានដែរ។ អញ្ចឹង បានមកសម្រាកអូតែលនៅកន្លែងហ្នឹងម្ដង(ទៀត)។ លើកមុនមកសម្រាកបានម្ដងហើយ ដូចជា(មក)ប្រជុំ World Economic Forum (វេទិកាសេដ្ឋកិច្ចពិភពលោក) ធ្វើនៅនោះ។
ការខិតខំទាំងអស់របស់សាកលវិទ្យាល័យ (ភ្នំពេញអន្តរជាតិ) ដែលរួមមានទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងនិស្សិត ក្នុងការប្រយុទ្ធនឹងកូវីដ-១៩ ជាការរួមចំណែកមួយដ៏ធំ ដើម្បីឱ្យយើងបានជួបជុំគ្នានៅពេលនេះ ទោះបីថាវាមានការឆ្លងខ្លះ។ ម្សិលមិញមានតែ ១ (ករណី)ទេ ប៉ុន្តែ ១ (ករណី)ហ្នឹងធ្វើ PCR។ ឯអ្នកដែលធ្វើ Rapid Test និងព្យាបាលខ្លួនឯងតាមផ្ទះ អាហ្នឹងគេមិនប្រាប់យើងផង។ ម្សិលមិញ ត្រូវមករាយការណ៍ថ្ងៃនេះ មានតែ ១ ករណីទេ។ វាចេះតែថយទៅៗ … ឥឡូវ រយៈពេលជាង ៥ ខែហើយ យើងគ្មានមនុស្សស្លាប់សូម្បី ១ នាក់ (ដោយសារកូវីដ-១៩)។ យើងបានបើកប្រទេសពេញលេញឡើងវិញ បន្ទាប់ពីអាក់ខានក្នុងមួយរយៈ ក្នុងនោះអ្វីដែលជាកង្វល់ធំជាងគេរបស់យើង គឺការសិក្សារបស់សិស្សានុសិស្ស។
ពិតមែនតែក្នុងដំណាក់កាលកូវីដ-១៩ ប្រព័ន្ធឌីជីថលមានការលោតផ្លោះទៅមុខ ក្នុងនោះគ្រាន់តែក្នុងវិស័យអប់រំ សិស្សរាប់លាននាក់ ដែលទទួលបណ្ដុះបណ្ដាលតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ឬគេហៅថា តាម(ប្រព័ន្ធ)ឌីជីថលនោះ … អ៊ីនធឺណែតវាមិនមែនមាននៅគ្រប់កន្លែងទេ។ យើងត្រូវការបើកសាលារៀន ប៉ុន្តែនៅពេលកំពុងប្រយុទ្ធជាមួយកូវីដ-១៩ យើងព្រួយបំផុត ខ្លាចកុមារ/គ្រូរបស់យើងស្លាប់ដោយសារកូវីដ-១៩ បានជាយើងបង្ខំចិត្តផ្អាកការសិក្សា ហើយជំនួសវិញដោយការរៀនតាមប្រព័ន្ធអនឡាញ។ ប៉ុន្តែ អ្វីដែលជាចំណុចល្អ នៅពេលមានជំងឺកូវីដ-១៩ នេះ បែរជាឪពុកម្ដាយបានប្រឹងប្រែងបង្រៀនកូនចៅរបស់ខ្លួន ទៅជាការប្រែទម្លាប់មួយ ដែលធ្លាប់តែឱ្យកូនពឹងពាក់លើគ្រូ និងសាលាទាំងស្រុង ទៅជាមួយផ្នែកឪពុកម្ដាយចេញមុខទទួលខុសត្រូវ ដូចជាចាប់បង្ខំឱ្យសង្គមទទួលយកនូវការផ្លាស់ប្ដូរមួយ ដែលមុននេះពឹងពាក់លើតែសាលា។ ឥឡូវ ត្រូវពឹងពាក់មួយផ្នែកលើបច្ចេកទេស និងមួយផ្នែកជួយបង្រៀនកូន/ប្អូន/សាច់ញាតិ …។
ខ្ញុំពិតជាមានការរីករាយ/អរគុណ ចំពោះសាកលវិទ្យាល័យ (ភ្នំពេញអន្តរជាតិ) ដែលបានផ្ដល់នូវអាហារូបករណ៍ ឱ្យខ្ញុំជារៀងរាល់ឆ្នាំ។ ថ្ងៃនេះក៏មាននិស្សិតអាហារូបករណ៍របស់ខ្ញុំ (ចំនួន) ១៤៤ នាក់ … សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្មួយៗនិស្សិតជ័យលាភី ទាំងនារី/បុរស ចំនួន ៣០ នាក់ ដែលជាជនពិការ។ អម្បាញ់មិញ ខ្ញុំឆ្លៀតទៅនិយាយបន្តិចថា យើងពិការរូបកាយ តែកុំពិការផ្លូវចិត្ត និងខួរក្បាល។ ចំណុចនេះវាសំខាន់ណាស់។ ខ្ញុំស្អប់ខ្ពើមនិងតែងតែថ្កោលទោសអ្នកណាក៏ដោយ ដែលជេរជនពិការថាអាខ្វាក់/អាខ្វិន/អាកំបុត/អាកំបាក់។ ហ្នឹងគឺពួកអសីលធម៌។ អម្បាញ់មិញខ្ញុំបានបញ្ជាក់ថា ដោយសារតែកាយសម្បទារបស់យើងអញ្ចឹង បានជាយើងត្រូវតែប្រឹង។ ចំណេះដឹងរបស់យើងវាជាគ្រឿងអលង្ការ ល្អជាងរូបកាយពិត។ អ្នកខ្លះរូបកាយល្អ ក៏ប៉ុន្តែ ចរិតមិនល្អ តម្រិះវិជ្ជាអត់មាន។ វាទៅជារឿងផ្សេងទៅ។
(២) ក្រសួងអប់រំ/ការងារ ពិចារណាផ្ដល់ការអប់រំដល់យុវជន/កុមារចំណាកស្រុកតាមឪពុកម្តាយ, កុំទុកឱ្យនរណាម្នាក់នៅក្រៅចរន្ត នៃការអប់រំ, ការផ្ទេរចំណេះវិជ្ជា មិនអាចយកពីខួរក្បាលគ្រូទៅចាក់ឱ្យសិស្សបានទេ, ៥ តុលាទិវាគុណគ្រូ ផ្តើមគំនិតកាលពីឆ្នាំ ១៩៩៧
មានរឿងមួយដែលខ្ញុំគួរតែរំលឹកបន្តិច។ ឯកឧត្ដម ហង់ ជួនណារ៉ុន សូមជួយពិចារណាគ្នាទៅលើបញ្ហាការអប់រំសម្រាប់កុមារ/យុវជន ដែលត្រូវធ្វើចំណាកស្រុក … ខ្ញុំនិយាយពីចំណាកស្រុកនៅក្នុងប្រទេសមួយចំនួនសិន។ កម្មករសំណង់ដែលមករកការងារធ្វើនៅទីក្រុងភ្នំពេញ នាំទាំងប្រពន្ធ/កូនមកជាមួយ។ តើយើងត្រូវដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េច ដើម្បីឱ្យកូននេះបានរៀន? ត្រូវរកវិធី(ឱ្យគ្នាបាន)សិក្សា ឧទាហរណ៍ថា ម្ដុំត្រង់ណាមួយដែលមានការដ្ឋានសំណង់ ហើយមានសាលាក្បែរនោះ គឺខិតខំឱ្យក្មេងនោះ(បាន)ចូលរៀននៅសាលាក្បែរនោះទៅ។ បើគេផ្លាស់ពីកន្លែងហ្នឹងទៅកន្លែងផ្សេង (ត្រូវ)ផ្ទេរពីត្រង់ហ្នឹងទៅកន្លែងផ្សេងទៀត ដើម្បីឱ្យក្មេងនោះបានរៀន។ ហ្នឹងគ្រាន់តែជាការគិតជាបឋមរបស់ខ្ញុំទេ។ បើមិនអញ្ចឹងទេ តើកុមាររបស់យើងបានទទួលចំណេះដឹងទេ? នេះមិនមែនជាអនុសាសន៍ទេ តែឱ្យគិត ហើយឱ្យធ្វើ ព្រោះនាយករដ្ឋមន្រ្តីផ្ដល់អនុសាសន៍ឱ្យគិតផង ហើយក៏បទបញ្ជាឱ្យធ្វើដែរ …។
កម្មករដែលមករកការងារធ្វើនៅតាមទីក្រុង ឬទៅតាមការដ្ឋាន គាត់មានពីរយ៉ាង។ ម្យ៉ាងគាត់ផ្ញើកូនជាមួយជីដូនជីតា/សាច់ញាតិ ដើម្បីឱ្យបន្តការសិក្សានៅស្រុក។ អញ្ចឹង ចំណុចនេះត្រូវណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យយកចិត្តទុកដាក់ទៅលើអ្នកដែលចំណាកស្រុក។ ប៉ុន្តែ ផ្ញើកូនជាមួយជីដូនជីតា/សាច់ញាតិ ក្រែងលោការលំបាកណាមួយប៉ះពាល់ដល់ការសិក្សារបស់សិស្ស ហ្នឹងទិដ្ឋភាពមួយបែបនៃគ្រួសារដែលចង់ឱ្យកូនសិក្សានៅឯស្រុក។ ប៉ុន្តែមួយ(បែប)ទៀត នាំកូនមកជាមួយ។ ដល់កូនមកជាមួយ កូននេះអត់ទទួលបានការសិក្សាទេ។ អញ្ចឹង ត្រូវរកវិធីដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច? យើងត្រូវសហការជាមួយបណ្ដាការដ្ឋានសំណង់ទាំងឡាយនិងជាមួយសាលាដែលនៅជិតនោះ ដើម្បីឱ្យបានចូលរៀន ឬក៏ត្រូវបង្កើតថ្នាក់ចល័តយ៉ាងម៉េច ដើម្បីឱ្យកុមារនេះបានចូលរៀន …។
ឯមួយផ្នែកទៀត ប្រហែលជាវាទាក់ទងជាមួយនឹងក្រសួងអប់រំផង និងក្រសួងការងារផង។ កម្មករចំណាកស្រុករបស់យើងទៅកូរ៉េ/ជប៉ុន មិនមានលទ្ធភាពយកកូនទៅជាមួយទេ តែភាគច្រើន គឺទៅប្រទេសថៃ អញ្ចឹង អ្នកដែលទៅប្រទេសថៃក៏មានទិដ្ឋភាពដូចគ្នា។ មួយចំនួនទុកកូន/ចៅផ្ញើនៅជាមួយនឹងជីដូនជីតា និង/ឬសាច់ញាតិ (ដើម្បី)ឱ្យបន្តការរៀន ដែលយើងត្រូវយកចិត្តទុកដាក់ដូចគ្នា។ ប៉ុន្តែ អ្នកដែលទៅដល់ប្រទេសថៃ តើយើងគួរដោះស្រាយយ៉ាងម៉េច ដើម្បីឱ្យកូន(អ្នកទាំងនោះ)បានរៀន? បើទោះបីរៀនអក្សរខ្មែរ/ថៃក៏ដោយ ក៏គួរតែត្រូវឱ្យបានរៀន។ បើមិនអញ្ចឹងយើងចន្លោះប្រហោងនៅកន្លែងហ្នឹង។ អាចមានកុមារមួយចំនួនមិនចេះអក្សរ ឬក៏ភ្លេចអក្សរ។ តែមិនបានមើល/អាន ភ្លេចទាំងអក្សរហ្នឹងទៅទៀត។
ហ្នឹងជាចំណុចដែលខ្ញុំគ្រាន់តែលើកដើម្បីការគិតគូបន្ថែមទៀត ទៅលើកម្មករចំណាកស្រុកក្នុងស្រុក និងចំណាកស្រុកទៅក្រៅ ធ្វើយ៉ាងម៉េចឱ្យការតភ្ជាប់ចេញពីភូមិមកកន្លែងហ្នឹង ការដ្ឋានសំណង់ហ្នឹងមានក្មេងៗប៉ុន្មាននាក់ចូលរៀន បើមានសាលានៅក្បែរហ្នឹង គឺយើងភ្ជាប់ជាមួយសាលា។ សំណង់មិនមែនធ្វើតែមួយកន្លែងឯណា ទៅកន្លែងផ្សេង បើទៅកន្លែងផ្សេង យើងត្រូវការបញ្ជាក់ពីហ្នឹង ដើម្បីចូលសាលាមួយបន្តទៀត។ ហ្នឹងទាល់តែមានផែនការរួមជាកញ្ចប់ សម្រាប់តភ្ជាប់ ជួនកាលចេញពីខេត្តមួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ អាហ្នឹងក៏ជាបញ្ហាដែលយើងត្រូវខិតខំដោះស្រាយ។ យើងត្រូវគិតឱ្យគ្រប់ កុំទុកឱ្យនរណាម្នាក់នៅក្រៅចរន្ត នៃការអប់រំ។ នេះជាវិធីដែលយើងត្រូវយកចិត្តទុកដាក់។
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមយកឱកាសនេះ ថ្លែងនូវការអបអរសាទរជាមួយនិស្សិតជ័យលាភីទាំងអស់គ្រប់កម្រិតទាំងព្រះសង្ឃ/គ្រហស្ថ សម្រាប់ការទទួលបានសញ្ញាបត្រនៅថ្ងៃនេះ។ នេះជាការខិតខំមួយរបស់និស្សិតរបស់យើង ដែលទទួលបានការបណ្តុះបណ្តាល ហើយក៏ទទួលបាននូវការងារធ្វើ។ ក្នុងចំណោម ២ ១១៥ នាក់(នេះ) មានអ្នកដែលទទួលបានការងារធ្វើ ចំនួន ១ ៧២៥ នាក់ ស្មើនឹង ៨៣% នៃចំនួនអ្នកដែលបានសិក្សា ក្នុងនោះបរិញ្ញាបត្ររងមាន(ចំនួន) ៤៥៦ នាក់ ស្មើនឹង ៧៦,៩២%។ កម្រិតបរិញ្ញាបត្រ (ចំនួន) ១ ២០២ នាក់ ស្មើនឹង ៨៥%។ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៦៧ នាក់ ស្មើនឹង ១០០%។ អញ្ចឹងទេ នោះជាការខិតខំផ្ទាល់របស់និស្សិតរបស់យើង ជាមួយនឹងការខិតខំបង្ហាត់បង្ហាញពីសាស្ត្រាចារ្យ។
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះសាស្ត្រាចារ្យទាំងអស់ ដែលបានខិតខំជួយផ្ទេរចំណេះដឹង/ធ្វើ សម្រាប់និស្សិតរបស់យើង។ ផ្នែកទាំងពីរត្រូវតែជាដៃគូបំពេញទៅវិញទៅមក មានតែគ្រូ អត់មានសិស្ស ក៏មិនបាន គ្រូប្រឹងបង្រៀន តែសិស្សមិនរៀន ក៏មិនបាន។ ចំណេះវិជ្ជាមិនអាចដូចឈាម យកទៅ(ចាក់)បញ្ចូល សម្រាប់ជួយសង្គ្រោះ(ជិវិត)មនុស្សបានទេ។ មិនអាចចាក់យក(ពី)ខួរក្បាលរបស់គ្រូទៅចាក់ឱ្យកូនសិស្ស ដើម្បីឱ្យសិស្សចេះបានទេ។ មានតែកូនសិស្សខ្លួនឯងប្រឹង។ មានរឿងអញ្ចេះ គ្រូខ្លះមិនបានទទួលស្គាល់ដោយក្រុមគ្រួសារមួយចំនួនតូច(នោះទេ) ពេលដែលកូនគេរៀនពូកែ គេថាពូជគេពូកែ ដល់ទៅពេលកូនគេរៀនមិនពូកែ គេថាមកពីគ្រូ(ហ្នឹងវាអន់) អញ្ចឹង គ្រូមិនសូវមានគុណសម្បត្តិទេ … យើងធ្វើទិវាបុណ្យគ្រូ ដែលរឿងនេះខ្ញុំបានផ្តួចផ្តើមគំនិតតាំងពីឆ្នាំ ១៩៩៧ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយកំណត់យកថ្ងៃទី ៥ តុលា ជារៀងរាល់ឆ្នាំ ធ្វើជាទិវារំលឹកគុណគ្រូ (វា)បានក្លាយទៅជាប្រពៃណី ទំនៀមទម្លាប់មួយដ៏ល្អរបស់សិស្ស។ ចំណុចនេះគឺជាចំណុចដែលយើងត្រូវបន្ត។
(៣) មោទនភាព (ក) ឱ្យវិស័យឯកជនចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស (ខ) ឱ្យសាកលវិទ្យាល័យរបស់រដ្ឋយកមួយផ្នែករៀនបង់ថ្លៃ, កុំចោលការបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ, ស្នើតែងតាំង ឯកឧត្តម វេង សាខុន ជាទីប្រឹក្សាអមនាយករដ្ឋមន្ត្រី
ខ្ញុំក៏សុំអំពាវនាវ ចំពោះនិស្សិតរបស់យើងទាំងអស់គ្រប់កម្រិត សុំបន្តការខិតខំឈានឡើងបន្តទៀត បំពេញបន្ថែមនូវចំណេះដឹងរបស់យើង តាមរយៈការបន្តរៀននៅសាកលវិទ្យាល័យនេះក្តី ឬសាកលវិទ្យាល័យផ្សេងក្តី ឬការបំពេញនូវចំណេះដឹងដែលយើងត្រូវធ្វើ។ សូមអបអរសាទរជាមួយមាតាបិតា/អាណាព្យាបាល … ចំពោះស្វាមី/ភរិយា ដែលបានឱ្យប្តី/ប្រពន្ធមករៀន … នោះហើយជាការខិតខំ ដែលបានមកពីការប្រឹងទាំងអស់គ្នា។ រាជរដ្ឋាភិបាលតែម្នាក់ឯង គឺធ្វើមិនរួចទេ។ វិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ គឺជាចំណុចដ៏ល្អ។
ខ្ញុំនៅតែមោទនភាពថា ខ្ញុំគិតត្រូវ ទី(១) អនុញ្ញាតឱ្យវិស័យឯកជនចូលរួមក្នុងការវិនិយោគ សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ឯទី(២) សម្រេចឱ្យសាកលវិទ្យាល័យរបស់រដ្ឋយកមួយផ្នែក សម្រាប់ការរៀនបង់ថ្លៃ ដូច្នេះ វាជាដំណោះស្រាយមួយដ៏ល្អ។ ប្រសិនជាយើងពឹងផ្អែកទៅលើសាកលវិទ្យាល័យរបស់រដ្ឋ យុវជនដែលជាប់បាក់ឌូបិ៍្ល (ដូចជា)ឆ្នាំកន្លងទៅជាង ១០ ម៉ឺននាក់ បើសិនជាសាលារដ្ឋទទួលបានត្រឹមតែ ៥ ០០០ នាក់ ឬ ១ ម៉ឺននាក់ សួរថាឱ្យសិស្សដែលជាប់បាក់ឌូប្លិ៍ទៅណា? ឥឡូវនេះ សិស្សជាប់បាក់ឌូប្លិ៍មានលទ្ធភាពចាប់យកឱកាស ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យរដ្ឋ/ឯកជន។
អ្នកដែលប្រឡងមិនជាប់បាក់ឌូប្លិ៍ ក៏មានឱកាសរៀនយកបរិញ្ញាបត្ររង។ នេះជាការផ្តល់ឱកាសបន្ថែមលើនោះ (ហើយ)សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ(ក៏)មានយ៉ាងច្រើន។ ក្នុងនោះ គ្រាន់តែសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិដែលបណ្តុះបណ្តាលរយៈពេលខ្លី ៣ ខែ, ៦ ខែ, ១ ឆ្នាំ លើមុខជំនាញគណនេយ្យ, កុំព្យូទ័រ, ហិរញ្ញវត្ថុ, ទេសចរណ៍, ភាសាអង់គ្លេសមាន(ចំនួន) ៥ ០៤៦ នាក់ ដែលបានសិក្សានៅទីនេះ។ (ទេព) កូលាប កុំចោល ការបណ្តុះបណ្តាលជំនាញនេះឱ្យសោះ។
ខ្ញុំផ្តាំផ្ញើទៅសាកលវិទ្យាល័យមួយចំនួន ដែលខ្ញុំបានទៅចែកសញ្ញាបត្រ សុំឱ្យរក្សាទុកនូវការបណ្តុះបណ្តាលរយៈពេលខ្លី (ព្រោះ)ពួកគេងាយណាស់ក្នុងការរកការងារធ្វើ ជួនកាលគេទៅធ្វើកូនជាងជួសជុល ឬ(ធ្វើជា)ក៏ស្អីៗ (ប៉ុន្តែ) គេខ្វះជំនាញ (ដូច្នេះ) ថៅកែឱ្យកូនជាងមករៀនរយៈពេលខ្លី គេមករៀនហើយទៅធ្វើការឱ្យកន្លែងហ្នឹងវិញ។ ជួនកាលក្រុមគ្រួសារខ្លះត្រូវការជំនាញរយៈពេលខ្លី គេមកសិក្សា ជាមួយនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងធ្វើ។
សេដ្ឋកិច្ចរបស់យើង គឺជាសេដ្ឋកិច្ចផ្ទេរពីការពឹងផ្អែកលើវិស័យកសិកម្ម ទៅពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវា។ ពិតហើយ យើងអត់ចោលវិស័យកសិកម្មទេ។ អ្នកទាំងឡាយអាចចោទសួរខ្ញុំ ហេតុអីបានដករដ្ឋមន្ត្រីកសិកម្ម? គេថា ខ្ញុំដករដ្ឋមន្ត្រីកសិកម្មហ្នឹងត្រឹមត្រូវហើយ តែវាខុសរដ្ឋធម្មនុញ្ញ។ វាឆ្ងាញ់ត្រង់ថា ខុសនឹងមាត្រា ១១៩ នៃរដ្ឋធម្មនុញ្ញ ក្នុងពេលដែលមាត្រា ១១៩ នៃរដ្ឋធម្មនុញ្ញ និយាយតែពីការបង្កើត(រាជ)រដ្ឋាភិបាលទេតើ មាននិយាយពីការរំលាយ(រាជ)រដ្ឋាភិបាលឯណា។ កថាខណ្ឌ/មាត្រាផ្សេងទៀតនិយាយ ប៉ុន្តែរដ្ឋធម្មនុញ្ញបានចង្អុលបង្ហាញមាត្រា ២១ សម្រាប់ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដើម្បីដំឡើងឋានៈ ឬដកហូតដំណែងរបស់មន្រ្តីជាន់ខ្ពស់ ទាំងស៊ីវិល/យោធាស្អីៗនេះ តាមសំណើររបស់គណៈរដ្ឋមន្ត្រី និងដកដំណែង ឬតែងតាំងផ្នែកតុលាការ តាមសំណើររបស់ឧត្តមក្រុមប្រឹក្សាចៅក្រម។ ប៉ុន្តែ និយាយពីអង្គនីតិប្រតិបត្តិ ទាក់ទិននឹង(រាជ)រដ្ឋាភិបាល ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី ចង្អុលច្បាស់ទៅលើមាត្រា ២០។
ខ្ញុំសុំផ្តាំទៅអ្នកដែលជំនាញផ្សេងៗ យកល្អចេះប្រើ E-book ទៅ ក្រែងលោអ្នកជំនាញទាំងនោះដាក់ E-book តាម។ នេះមាត្រា ២០ “នាយករដ្ឋមន្រ្តីលើកសំណើរថ្វាយព្រះមហាក្សត្រ ដើម្បីបញ្ចប់មុខដំណែងសមាជិករាជរដ្ឋាភិបាលដោយព្រះរាជក្រឹត្យ” អាហ្នឹងគេចង្អុលចំទៅអញ្ចឹងតែម្តង។ រួចហើយ(អ្នក)ដែលខ្វះការសិក្សា/ការចេះដឹង ហើយមានះ ដើម្បីនឹងបំផ្លាញយើង គេចោទយើងដោយអត់ប្រកាន់។ អញ្ចឹង បានខ្ញុំ … ថា ដើម្បីរួមចំណែកដល់ការចេះដឹងសម្រាប់ពួកប្រឆាំងផ្កាប់មុខឈានទៅកាន់អំណាចនៅជាតិក្រោយ ខ្ញុំសុំឱ្យមើលមាត្រាហ្នឹង … សម្រាប់ពួកអាល្ងង់ និយាយអញ្ចឹងតែម្តង។ រួចហើយវាថា ខ្ញុំជេរប្រមាថ។ ប៉ុន្តែ ដល់ពេលវាជេរខ្ញុំវិញ វាអត់គិតថាវាប្រមាថទេ។ បើស្ទើរភ្លើងណាស់ រៀបចំឱ្យមាន E-book អីទៅ ស្រុកខ្មែរគេមិនជឿនលឿនដូចស្រុកបារាំង/អាមេរិកអីទេ ប៉ុន្តែ ពួកគេនៅទីនេះគេប្រើ E-book។ គេប្រើកូនទូរស័ព្ទមួយគេមើលគ្រប់រឿង។ មានរឿងអីគេផ្អែកលើហ្នឹង។
… សួរថាតើ វេង សាខុន ទៅណា? បញ្ហាវា(មិន)ស្ថិតទៅដល់ធ្ងន់ធ្ងរហួសហេតុពេកទេ ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺវាមិនបានដូចបំណង។ ថ្ងៃនេះ ខ្ញុំធ្វើលិខិតចូលទៅព្រះបរមរាជវាំងតែងតាំង វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី។ យ៉ាងណាក៏ជាសាច់ឈាមរបស់យើង ជាមន្រ្តីដែលធ្វើការជាមួយយើង … យើងអត់បោះបង់ចោលទៅណាទេ។ ប៉ុន្តែ យើងត្រូវការការទទួលខុសត្រូវលើសពីនេះ ដើម្បីជំរុញវិស័យកសិកម្មឱ្យលឿនទៅមុខតែប៉ុណ្ណឹងទេ … អ្វីដែលជាការងឿងឆ្ងល់ គឺត្រង់គេថា … ដកអញ្ចឹងត្រូវហើយ ក៏ប៉ុន្តែត្រង់ដកខុសរដ្ឋធម្មនុញ្ញ។ បើថាមិនចេះទេ សុំកុំតាំងខ្លួនជាអ្នកចេះ។ ម្សិលមិញទៅបកស្រាយថា ការបកស្រាយខុសច្បាប់ភាន់ច្រឡំអីជារឿងធម្មតា។ សូម្បីតែប្រទេសកុម្មុយនីស្តក៏មាន(ការ)ភាន់ច្រឡំ។ ព្រោះអញ្ចេះអាមួយកំពុងនិយាយ (មាន)អាមួយចូលខម្មិនថា ធ្វើហ្នឹងខុសនឹងមាត្រា ១១៩ នៃរដ្ឋធម្មនុញ្ញ។ អញ្ចឹង គេការពារគ្នាគេថា ការនិយាយខុសអីហ្នឹងវាជារឿងធម្មតានៃប្រជាធិបតេយ្យ។ ដល់ឯងវិញ វាថាឯងធ្វើខុសបណ្តោយ។ អានេះទើសគ្រប់រឿង។
(៤) ភាពយន្ត “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ជាសាច់រឿងប្រវត្តិសាស្ត្រ …, ការចំណាយថតរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” មិនបានប្រើប្រាស់លុយរដ្ឋសូម្បី ១ សេន, ត្រៀម ៦ លានដុល្លារថតបញ្ចប់រឿង, បើមិនការតស៊ូរបស់ព្រះបរមរតនកោដ្ឋ ប្រហែលកម្ពុជាក្លាយជាដែនដីមួយរបស់បារាំងឯនាយសមុទ្រ
ម្សិលមិញខ្ញុំនិយាយពីរឿងចេតិយ។ ខ្ញុំនិយាយនៅសៀមរាប ខ្ញុំថាខ្ញុំអត់ទៅនៅវត្តទេ ហើយមិនមែនរឿងថ្មីឯណា។ ស្រាប់តែគេយកទៅជជែកវែកញែក។ សរុបសេចក្តីមកនៅត្រឹម លោក ហ៊ុន សែន ខ្លាចងាប់។ អើ! ខ្ញុំសុំប្រសិទ្ធនាមពួកលោកឯងថា ពួកមិនខ្លាចងាប់។ ខ្ញុំនឹងអ្នកគាំទ្រខ្ញុំទាំងអស់ រាប់ទាំងព្រះតេជព្រះគុណ ក៏មិនមែនចង់សុគតដែរ។ មិនអញ្ចឹង? រឿងងាប់អ្នកណាមិនខ្លាច និយាយតាមមួយបែបអញ្ចឹងទៅចុះ។ ប៉ុន្តែ មានរឿងមួយទៀត (គឺ)រឿង “ជីវិតក្មេងវត្ត”។ ចម្រៀងនេះខ្ញុំនិពន្ធជាមួយ ឯកឧត្តម ហ៊ុន ហេង តាំងពីឆ្នាំ ១៩៩៥-៩៦ ឯណោះ ហើយត្រូវបានគេថតច្រើនណាស់ទៅហើយ។ ប៉ុន្តែ ចុងក្រោយនេះ លោក ហ្វៃ សំអាង ដែលមានការជួយឧបត្ថម្ភពីសំណាក់ លោកឧកញ៉ា ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បៈ ប្រហែលជារឿងដំបូងហើយ គេហៅថា ចម្រៀងភាពយន្ត “ជីវិតក្មេងវត្ត”។ បាន(ទៅ)ជារឿងគេវាយប្រហារទៀត អានេះទើសគ្រប់រឿង។
មានមួយនោះ អាខ្មៅ វាថាទីចុងបំផុត ហ៊ុន សែន អបិយជំនឿ ទេ។ អាខ្មៅ ខ្លួនវាដូចមានសាក់ បើ អាខ្មៅ មានសាក់ អាខ្មៅ ឯងជឿលើសាក់ហ្នឹង។ អាខ្មៅ ឯងសាក់ធ្វើអី? … នេះគ្រាន់តែជារឿងប្រវត្តិរបស់ខ្ញុំ ហើយមិនមែនគ្រាន់តែខ្ញុំម្នាក់ទេ បើនិយាយពីក្មេងវត្ត គឺមនុស្សច្រើនណាស់ពាក់ព័ន្ធនឹងក្មេងវត្ត។ អ្នកអង្គុយនៅក្រោយហ្នឹងច្រើនណាស់ លើកលែងតែនារីៗ … ឥឡូវ និស្សិតរាប់ពាន់នាក់កំពុងស្នាក់នៅតាមទីអារាម។ ចម្រៀង “ជីវិតក្មេងវត្ត” នេះវាត្រូវច្រើនមនុស្សណាស់ រាប់ទាំងអាខ្មៅ ឯងទៅបួសហ្នឹងវាយ៉ាងម៉េច? ទីចុងបំផុត វាថាឯងលើកកម្ពស់ស្អីឯណាខ្លួនឯង។ រឿងហ្នឹង គឺឆ្លុះបញ្ចាំងពីរឿង(ប្រវត្តិសាស្ត្រ) គ្រាន់(តែ)ថាក្នុងរឿង “ជីវិតក្មេងវត្ត” ត្រូវតួផ្សេង តែអ្នកនិពន្ធបានថតជីវិតក្មេងវត្តនេះ ដោយយកតួអង្គខ្ញុំតែម្តង ហើយគេធ្វើរូបសញ្ញាស្អីៗ អាហ្នឹងក្បាច់សិល្បៈរបស់គេធ្វើ។
អ្ហែងមើលក៏មើល (បើ)មិនមើលទេ អ្ហែងបិទទូរទស្សន៍ចោលទៅ។ អញ្ចឹងបង្ហាញថាពួកឯងហ្នឹងក៏មើលដែរ និយាយតាមមួយបែបទៅ។ ពួកនេះពិបាកហៅវាលោកណាស់។ (ដល់អញ្ចឹង)ថាឯងអសុរសអីទៀតហើយនៅមុខនិស្សិត។ ប៉ុន្តែ លោកឯងចាំមើល នៅមានប្រវត្តិវែងឆ្ងាយលើសពីហ្នឹងទៀត។ ឥឡូវ កំពុងថត ហើយក៏មិនមែនយកឈ្មោះ ហ៊ុន សែន ទៅប្រើដែរ។ រឿងហ្នឹង គឺយកតាមលំនាំនៃភាគនិទាន ដែលបានចាក់ផ្សាយតាំងពីឆ្នាំ ១៩៩៧ ឬ ១៩៨៨ ឯណោះ (គឺ)ចាក់រហូតមក ប៉ុន្តែគេច្នៃធ្វើជាខ្សែភាពយន្ត ដោយមានសំណូមពរច្រើន។ ប៉ុន្តែមិនមែនដាក់ឈ្មោះ ហ៊ុន សែន ទេ “ទៅជាមេបញ្ជាការ សំរេច” អីឯណានោះទៅវិញ … រឿងនេះវាមិនមែន(ជា)រឿងដាច់ដោយឡែករបស់ខ្ញុំទេ (ជា)រឿងសង្គមខ្មែរ ដែលចូលក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សូមជម្រាបថា រឿងនេះ គឺថតបានប្រមាណ ៣០% ហើយ។ ឥឡូវ ប្រឹងថតមុនឆ្នាំ ១៩៧៥ ដល់ដំណាក់កាលដែលតួស្រីទាំងអស់ត្រូវកាត់សក់ ព្រោះត្រូវធ្វើឱ្យដូច។ គេបាញ់រូបភាពតួត្រូវថត(ឱ្យមើល)។ ខ្ញុំមានរូបថតមួយចំនួន។ ខ្ញុំពិនិត្យមើលថាលំនាំឈររបៀបម៉េច ដល់ប្រៀបធៀបត្រគាករបស់តួឯក និងត្រគាករបស់ខ្ញុំកាលពីពេលនោះ(វាធំ។ ខ្ញុំមើលផ្គូផ្គងទៅមិនមែនអួតខ្លួនឯងទេ។ ពេលនោះខ្ញុំអាយុ ២១ ឆ្នាំ រូបថតពាក់កាំភ្លើងខ្លី១(ដើម)។ (ចំណែក)តួសព្វថ្ងៃនេះ អាយុច្រើនជាងខ្ញុំប៉ុន្តែត្រគាកវាតូច ហើយកាត់ខោឱ្យគ្នាចង្អៀតទៅទៀត។ (ចំណែក)អាវមានបង្ហោះក្នុងរូបទូទៅអត់មានប៉ូលទេ។ អាវហ្នឹងមានប៉ូល។ អញ្ចឹង ខ្ញុំត្រូវជួយពិនិត្យ/ផ្ដល់យោបល់ ព្រោះរឿងប្រវត្តិសាស្ត្រមិនអាចឱ្យខុស(បានទេ)។
គេអាចបន្ថែមឈុតឆាកទៅជាឆាកសិល្បៈ(ខ្លះ) ម្សិលមិញ នាយក្រឹម ធ្វើជាជាងថត (និង)នាយខ្ជិប ក៏ធ្វើជាជាងថត ព្រោះថតរូប។ តួយកតួ ៣ ជំនាន់។ ឥឡូវនេះ តួឯកអាយុប្រហែលជាជិត ៣០ ឆ្នាំ ប៉ុន្តែកាលពីខ្ញុំថតរូប(មួយសន្លឹក)ជាមួយបង សុខ សារឿន ហើយថតម្នាក់ឯងអាយុ (គឺ) ១៩ ឆ្នាំ។ ដល់ក្រោយមកអាយុ ២១ (ឆ្នាំ) បានសេចក្ដីថា ត្រគាកខ្ញុំធំជាងត្រគាកតួឯករាល់ថ្ងៃ។ ផ្ទៀងផ្ទាត់មើលត្រង់ហ្នឹង។ បើឪពុកម្ដាយខ្ញុំបង្កើតខ្ញុំមកឱ្យមានរូបរាងអញ្ចឹង ឱ្យធ្វើម៉េច។ បង្ហោះហ្វេសប៊ុកគឹបភ្លាម គឺថាសម្ដេចពុក/អ៊ំសង្ហាណាស់ យូៗអៀនខ្លួនតែម្ដង … ប៉ុន្តែបើនិយាយឱ្យខ្លី បើមិនសង្ហាអញ្ចឹងប្រពន្ធខ្ញុំមិនយកខ្ញុំធ្វើប្ដីទេ កុំទៅឆ្ងល់ពេក។ បើប្រពន្ធខ្ញុំមិនស្អាតក៏ខ្ញុំមិនយកធ្វើប្រពន្ធដែរ … គេចំអន់ចុះចំអន់ឡើង គេផ្គុំចុះផ្គុំឡើង មិនស្គាល់គ្នាផង ដល់ទៅដោះស្រាយ គិតថាដោះស្រាយបញ្ចប់ គ្រាន់តែឃើញមុខគេភ្លាម ស្រលាញ់តែម្ដង នឹកក្នុងចិត្តថា បើដឹងស្អាតអញ្ចឹងមិនមកដោះស្រាយទេ ដណ្ដឹងយកតែម្ដង។ ពេលហ្នឹង គឺថាស្ទើរតែជាប់វិន័យ។ ហ្នឹងគេហៅថា គូព្រេងមិនព្រាត់។ គ្រូទាយថា (ខ្ញុំបានប្រពន្ធ)នៅក្រោមទឹកទាំងអស់ ដល់ពេលទីចុងបំផុត(បាន)ប្រពន្ធនៅលើខ្សែទឹកទៅវិញ។ គ្រូទាយមិនដែលចេះត្រូវ ព្រោះមនុស្សមានបារមីរបស់វាដែរ។
អញ្ចឹង លោកឯងចាំមើលទៅ ហើយមិនមែនចំណាយលុយលោកឯងឯណា? ដោយសារបងប្អូនចង់ថត។ ខាងទូរទស្សន៍បាយ័នគេមានមធ្យោបាយរបស់គេ។ តួសម្ដែង(ខាងទូរទស្សន៍)ចេញលុយ(ខ្លួនឯងទេ)តើ មិនមែនចេញលុយរដ្ឋឯណា? (បើ)លោកឯង(ចង់)ថតរឿងលោកឯង លោកឯងថតទៅ ចាំបាច់មកច្រណែននឹងគេ? រឿងនេះវាទាក់ទិនជាមួយនឹងប្រវត្តិរបស់ប្រទេសផងដែរ … ខ្ញុំថតបញ្ចប់វាត្រឹម(សាច់រឿងនៅ)ឆ្នាំ ១៩៧៩ ទេ។ ខ្ញុំអត់ថតវារហូត(ដល់សម័យបច្ចុប្បន្នទេ)ទេ។ បើថត ហ្នឹងចាំបន្តទៅទៀត (គឺនៅ)វគ្គបន្ត។ ដំណើរការតាំងពីចចារ តាំងពីស្អី។ ប៉ុន្តែ ពិបាកទៅរកតួអង្គ។ បើថតទៀតមនុស្សចាស់ៗអស់ហើយ យើងទៅរកតួអង្គឯណា? ព្រោះរឿងនេះពាក់ព័ន្ធនឹងនយោបាយរបស់ប្រទេស។ ខ្ញុំគ្រាន់តែបញ្ជាក់ជូនលោកឯងឱ្យបានច្បាស់ តម្លៃនៃការថតត្រឹមតែ ៣០% (ចំណាយ)អស់ ២ លាន ៥ សែនដុល្លារ រួចទៅហើយ លោកឯងត្រូវដឹង ព្រោះរឿងប្រវត្តិសាស្ត្រមួយមិនអាចធ្វើខ្ជីខ្ជាបានទេ។ រឿងដទៃទៀតធ្វើត្រឹមតែ ៤០-៥០ម៉ឺន(ដុល្លារ) បញ្ចាំងបានរាប់ខែ។ តែរឿងនេះអត់អាចធ្វើខ្ជីខ្ជាបានទេ។
ម្យ៉ាងយើងយកតួ ៣ ជំនាន់(មកថត) អ្នកបង ឌី សាវ៉េត យកធ្វើជីដូន ហើយជំនាន់យើងតាំងពីទស្សវត្សរ៍ ៨០, ៩០ មួយជំនាន់ទៀត (និង)ជំនាន់ក្មេងខាងក្រោយ(មួយជំនាន់ទៀត) … ថ្ងៃនេះនិយាយឌឺឱ្យលោកឯងថែមទៀត ឱ្យដឹងថា រឿងនេះកំពុងតែដំណើរការថត ហើយត្រៀមថវិកា ៦ លានដុល្លារ សម្រាប់បញ្ចប់រឿង។ បើវាមិនគ្រាន់ទេ កូនខ្ញុំ ឬក៏អ្នកដទៃអាចចូលរួមបានដែរ។ ប៉ុន្តែ ខ្ញុំអត់ចាយលុយរដ្ឋមួយសេនទេ។ ទោះបីកងទ័ពប្រើប្រមាណជាក្នុងចន្លោះពី ១ ៥០០-២ ០០០ នាក់ (ដើម្បី)ថតក្នុងរឿងនេះ ក៏ត្រូវចេញថវិកា សម្រាប់ឱ្យកងទ័ព(ដែរ) ព្រោះវាជាដំណាក់កាលប្រវត្តិសាស្ត្រ។
រឿងនេះវាជារឿងពិត ដែលនិយាយនៅក្នុងហ្នឹង (ហើយ)ការចូលព្រៃរបស់ខ្ញុំ (គឺ)ចូលតាមការអំពាវនាវរបស់សម្ដេចព្រះ នរោត្តម សីហនុ។ អញ្ចឹង ការតស៊ូរបស់ខ្ញុំចាប់ផ្ដើមពីការទាមឱ្យព្រះករុណាព្រះបិតាយាងវិលត្រឡប់មកមាតុប្រទេសវិញ ដែលថ្ងៃទី ១៥ (តុលា ២០២២) ខាងមុខនេះ យើងត្រូវដល់ពេលវេលា ដែលត្រូវធ្វើបុណ្យថ្វាយព្រះអង្គ ទាំងខួប ១០ ឆ្នាំ នៃការយាងសោយទិវង្គតផង និង(ខួប) ១០០ ឆ្នាំ។ ១០០ ឆ្នាំ ត្រូវធ្វើដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងមូលនិធិ មុទិតា ធ្វើនៅសាលចតុមុខ ព្រះមហាក្សត្រ និងហ្លួងម៉ែក៏យាងចូល(រួម)។ ខ្ញុំក៏ដង្ហែរព្រះអង្គ ព្រោះនោះជាថ្ងៃចម្រើនព្រះជន្ម ១០០ ព្រះវស្សារបស់ព្រះអង្គ។ ខ្ញុំទុកកិច្ចការមួយអន្លើដើម្បីដង្ហែរព្រះអង្គ។ ហើយថ្ងៃ ១៥ (តុលា ២០២២) ខ្ញុំទុកកិច្ចការមួយអន្លើ ដើម្បីខ្ញុំដង្ហែរព្រះអង្គធ្វើបុណ្យ។
បើកុំមានព្រះអង្គ ក៏អត់មានយើងជាជនជាតិខ្មែរដែរ។ ជួនកាលទៅបារាំងបាត់ទៅហើយ បារាំងយកទៅធ្វើដែនដីនៅឯនាយសមុទ្ររបស់បារាំងបាត់ទៅហើយ។ ប៉ុន្តែ ព្រះរាជបូជនីយ៍កិច្ចរបស់ព្រះអង្គទាមទារឯករាជ្យ ដើម្បីយើង(មាន)ឯករាជ្យរាល់ថ្ងៃ … បារាំងខ្លួនឯងបាននិយាយថា ទឹកដីនៅប៉ាស៊ីហ្វិកនេះមួយចំនួនជាទឹកដីបារាំង មានដល់(ទៅ)រដ្ឋមន្ត្រីទទួលបន្ទុកដែនដីឯនាយសមុទ្រទៅទៀត តែមិនស្រួលយើងក្លាយទៅជាដែនដីមួយរបស់បារាំង នៅឯនាយសមុទ្រនៅក្រៅប្រទេស។ យើងក៏បានទទួលផលនៅក្នុងដំណាក់កាលសម័យសង្គមរាស្ត្រនិយម បើទោះបីថាយ៉ាងណាក៏ដោយ ឥឡូវ សល់ជាវត្ថុតាងឱ្យយើង សាកលវិទ្យាល័យ ភ្នំពេញ ជាឧទាហរណ៍។ ស្តាតអូឡាំពិក សម្រាប់ទាល់បាល់ ដែលយើងយក(អ្នកជំងឺ)កូវីដ-១៩ (ទៅសម្រាកព្យាបាលនៅទីនោះ)។ ស្នាព្រះហស្ថរបស់ព្រះអង្គនៅមានច្រើនទៀត មានផ្លូវរទេះភ្លើង ដែលយើងប្រើ(សព្វថ្ងៃ) ពិតមែនតែ ប៉ុល ពត បំផ្លាញ ក៏ប៉ុន្តែ (យើង)បានស្ដាឡើងវិញ … រឿងនេះត្រូវបានរំលេច(ជា)បីរឿងប្រវត្តិសាស្ត្រ។
បើអ្នកឯងខ្លាចប្រវត្តិសាស្ត្រមិនបាច់មើលទេ។ រឿងនេះមិនមែនគ្រាន់តែរំលេចតួអង្គរបស់ ហ៊ុន សែន ទេ ប៉ុន្តែ ត្រូវបានរំលេចនូវដំណើរជាតិតែម្ដង ចាប់ផ្ដើមពីអ្វី? ចាប់ផ្ដើមពីគេធ្វើរដ្ឋប្រហារទម្លាក់ព្រះករុណា (ព្រះបរមរតនកោដ្ឋ)។ អញ្ចឹង ខ្ញុំសូមផ្ញើសារឱ្យអ្នកឯង ត្រៀមចាំបន្តិចទៀតទៅ។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនចង់មើលរឿងហ្នឹង។ មិនយូរប៉ុន្មានទេ Trailer នឹងចេញបណ្ដើរៗហើយ ប៉ុន្តែប្រហែលជាត្រូវរង់ចាំដល់ចូលឆ្នាំ។ ឆ្នាំក្រោយអាចចាប់ផ្ដើមបញ្ចាំង។ ប្រហែលជាក្រុមហ៊ុនដាក់ឃោសនាពាណិជ្ជកម្មចាប់ចុះកុងត្រាពីឥឡូវទៅ ព្រោះរឿងនេះមិនមែនរឿងសាមញ្ញពេកទេ …
ខ្ញុំមិនដឹងថាអ្នកហ្នឹងជា(តួ) Hollywood ចំណាត់ថ្នាក់លេខប៉ុន្មានទេ ប៉ុន្តែមកជួបខ្ញុំ ៣ ដង ដើម្បីស្នើសុំថតរឿងរបស់ខ្ញុំ។ តែខ្ញុំមិនព្រម។ ខ្ញុំយល់ព្រមក្នុងលក្ខខណ្ឌដែលអ្នកឯងទទួលយកសេណារីយ៉ូ ដែលមានក្នុងរឿងភាគនិទាន “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី”។ ចុះបើខ្ញុំកើតចំថ្ងៃពេញបណ៌មី មិនឱ្យថាអញ្ចឹង ឬចាំដល់ខ្ញុំថាខ្ញុំថាកើតក្រោមភ្លើងទៀន/ភ្លើងចន្លុះ បានលោកឯងព្រម? រឿង “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី” ភាគនិទាន (ខ្ញុំស្តាប់)បានប្រហែលជាជិតពាក់កណ្ដាលហើយ បានខ្ញុំដឹងថា នេះរឿងអញទេតើ។ បានហៅអ្នកនិពន្ធហ្នឹងមក(ជួប)។ ឥឡូវ អ្នកនិពន្ធកំពុងដឹកនាំថតរឿង។ គ្រាន់តែយើងត្រូវធ្វើសេណារីយ៉ូទៅតាមការថត។ ឥឡូវ ដល់ដំណាក់កាលដែលតួស្រីត្រូវកាត់សក់ ពិបាកជាងគេ គឺពិបាករើសតួតែម្ដង ព្រោះតួឥឡូវវាស្អាតពេក …។
(៥) តុលាការបារាំងបានផ្ដល់យុត្តិធម៌និងភាពស្អាតស្អំ, ៣ ចំណុចនៃសាលក្រម, មិនប្តឹងឧទ្ធរណ៍ ព្រោះតុលាការបារាំងបានផ្តល់យុត្តិធម៌/ភាពស្អាតស្អំ ដែលទន្ទឹងចាំតាំងពីឆ្នាំ ២០១៩, តាមការពិភាក្សានៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងរុស្ស៊ីយកបួនតំបន់ពីអ៊ុយក្រែន
… យើងផ្លាស់ប្ដូរសមាជិករាជរដ្ឋាភិបាលក៏វាទើស គេធ្វើចម្រៀងធ្វើស្អីក៏វាទើស គេសរសេរសៀវភៅ មួយសរសេរពី ហ៊ុន ម៉ាណែត (និង)មួយសរសេរពី ហ៊ុន ម៉ានី ក៏វាទើស។ វាថា ២ នាក់ បងប្អូនដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ត្រី … ប៉ុន្តែ ខ្ញុំគួរតែអរគុណពួកនេះ។ ដោយសារពួកនេះកំពុងតែរត់តាមក្រោយល្បែងដែលខ្ញុំឱ្យលេង។ ខ្ញុំកំពុងដឹកនាំពួកនេះឱ្យលោតកញ្ឆេងតាមក្រោយខ្លួនខ្ញុំ ដោយភ្លេចធ្វើការងារអីទាំងអស់។ ខ្ញុំគួរតែនិយាយទាក់ទិនជាមួយសាលក្រមតុលាការ(ទីក្រុង)ប៉ារីស។ ប្រហែលជាមនុស្សមិនតិចទេ ដែលចង់ដឹងរឿងនេះ។ ដំបូងខ្ញុំសូមអរគុណជាមួយនឹងក្រុមការងាររបស់ខ្ញុំ ដែលមានមេធាវី និងមានថ្នាក់ដឹកនាំក្រសួងការបរទេស អគ្គរដ្ឋទូតនៅឯទីក្រុងប៉ារីស ព្រមទាំងមេធាវីបារាំងទាំង ៤ រូប ដែលបានការពារក្ដីនេះដោយជោគជ័យ។ យប់មិញនេះមានការឃោសនាច្រើនណាស់ ប៉ុន្តែ ខ្ញុំគួរតែត្រូវបញ្ជាក់ថា ហ៊ុន សែន ចង់បានអីបានជាតាមវាយដល់ផ្ទះ? ហ៊ុន សែន ចង់បានភាពស្អាតស្អំ។ ទៅទីនោះ អត់មានចង់បានអីទេ។ ពួកគេគិតថាពួកគេឈ្នះ។ គេអាចនិយាយទៅរួច។ នេះជាសាលក្រមទាំងមូលដែលជាភាសាបារាំងមាន ១៣ ទំព័រ ប៉ុន្តែខ្ញុំគ្រាន់តែដកស្រង់អំពីចំណុច(មួយចំនួន) ដែលតុលាការបារាំង(បានសម្រេចសេចក្តី)។
ខ្ញុំអរគុណចំពោះតុលាការបារាំង ដែលបានផ្ដល់យុត្តិធម៌/ភាពស្អាតស្អំសម្រាប់ខ្ញុំ។ ខ្ញុំគ្រាន់តែយកចំណុច ៣ យកមកលាតត្រដាងនៅទីនេះ។ ខ្ញុំត្រូវការតែប៉ុណ្ណឹង។ អញ្ចឹង ខ្ញុំបង្ហោះហ្វេសប៊ុកយប់មិញថា “ពីខ្មែរទៅដល់ស្រុកបារាំង គឺខ្ញុំចង់បានប៉ុណ្ណឹង”។ សេចក្ដីសម្រេច ជារឿងមួយហើយ ប៉ុន្តែរឿងចាប់ផ្ដើមមុននឹងឈានដល់ការសម្រេច គេត្រូវធ្វើការរៀបរាប់ពីបណ្ដាអង្គហេតុផ្សេងៗ ដែលរៀងហេតុកើតឡើង ក្នុងនោះ ខ្ញុំសូមដកស្រង់នូវចំណុចទំព័រទី ៧ ដែលជាផ្នែកមួយដ៏សំខាន់នៃជោគជ័យរបស់ខ្ញុំ ក្នុងការស្វែងរកយុត្តិធម៌។ ខ្ញុំមិនចង់និយាយដល់ឈ្មោះអាមួយហ្នឹងទេ ក៏ប៉ុន្តែដោយសារតែសាលក្រមវាជំពាក់ត្រូវតែនិយាយ។
ខ្ញុំដកយកកថាខណ្ឌមួយ នៃទំព័រទី ៧៖ (អំពី)ការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកបង្គាប់បញ្ជា ហើយមានការធ្វើឃាត ដែលមានចរិកនយោបាយទាំងពីករណីខាងលើ និងថាបានធ្វើ(ការ)បិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្ដឹងរដ្ឋប្បវេណីគឺ ហ៊ុន សែន ពីព្រោះថា អង្គហេតុដែលបានរៀបរាប់ចោទប្រកាន់នេះ អាចនឹងត្រូវគេចាប់ទុកថាជាបទល្មើសសមគំនិតក្នុងការប៉ុនប៉ងមនុស្សឃាត តាមរយៈការធ្វើជាមេគំនិត(និង/ឬ)តាមរយៈការបានចូលរួមក្នុងការប្រព្រឹត្តបទឧក្រិដ្ឋមួយ ដែលត្រូវផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរ ដោយក្រមព្រហ្មទណ្ឌបារាំង មាត្រា ២២១.៣ ដែលអាច(មាន)ទោសជាប់គុករហូតដល់មួយជីវិត។ ដូច្នេះការនិយាយចោទប្រកាន់នេះត្រូវចាត់ទុកថាជាការបរិហាកេរ្តិ៍ លោក ហ៊ុន សែន ហើយដែលភាគីជនជាប់ចោទគឺ សម រង្ស៊ី មិនបានបដិសេធនោះទេ។
មានន័យម៉េច? មានន័យថា នេះជាការប្រើពាក្យបរិហាកេរ្តិ៍លោក ហ៊ុន សែន។ ចំណុចនេះ គេបានបញ្ជាក់នៅក្នុងកន្លែងនេះ លោកឯងថាឈ្នះយ៉ាងម៉េច? … គេដាក់(ថា) ដូច្នេះ ការនិយាយចោទប្រកាន់នេះត្រូវបានចាត់ទុកថាជាការបរិហាកេរ្តិ៍ លោក ហ៊ុន សែន ហើយដែលភាគីខាងជនជាប់ចោទមិនបានបដិសេធនោះទេ។ នេះជាចំណុចទី(១) នៃការជោគជ័យស្វែងរកយុត្តិធម៌ នៃភាពស្អាតស្អំដែលខ្ញុំហៅថា “ខ្ញុំតាមវាយដល់ផ្ទះ ដើម្បីស្វែងរកយុត្តិធម៌ និងភាពស្អាតស្អំរបស់ខ្ញុំ”។
ចំណុចទី(២) នៅក្នុងទំព័រទី ១២ … បង្ហាញឱ្យឃើញថា “លោក សម រង្ស៊ី មិនបានបង្ហាញភស្ដុតាងច្បាស់លាស់គាំទ្រសម្មតិកម្មរបស់គាត់ ដែលថាមូលហេតុនៃគ្រោះថ្នាក់នៃការផ្ទុះគ្រាប់បែក និងមិនមែនជាបញ្ហាអាកាសធាតុដូចដែលដើមបណ្ដឹងរដ្ឋប្បវេណីបានបញ្ជាក់នៅក្នុងទិសដៅលាក់បាំងមូលហេតុពិតប្រាកដនៃការស្លាប់របស់ លោក ហុក ឡងឌី។ ជាក់ស្ដែង អត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថា ឧទ្ធាម្ភាគចក្រការពាររន្ទះ ដែលការសន្មត់នេះចង់សំដៅថា ឧទ្ធាម្ភាគចក្រដែល ហុក ឡង់ឌី ជិះ មានប្រព័ន្ធការពាររន្ទះដូចគ្នា មានលក្ខណៈទូទៅខ្លាំងពេក មិនអាចយកមកបញ្ជាក់ឬបដិសេធការអះអាងរបស់អាជ្ញាធរកម្ពុជាចំពោះឧបទ្ទវហេតុមួយនេះទេ។ លើសពីនេះទៀត ទោះបីជាជនជាប់ចោទ សម រង្ស៊ី បានលើកឡើងទាំងក្នុងពេលសវនាការនិងនៅក្នុងពាក្យសម្ដី ដែលត្រូវបានតុលាការចោទប្រកាន់ថា ខ្លួនបាននិយាយចោទប្រកាន់ដោយយោងទៅលើការប្រកាសរបស់អ្នកជំនាញផ្នែកយន្តហោះក៏ដោយ ប៉ុន្តែតុលាការកត់សម្គាល់ថា ជនជាប់ចោទមិនបានផ្ដល់នូវការបញ្ជាក់ឬកោសល្យវិច្ច័យណាមួយឱ្យបានច្បាស់នាពេលសវនាការនោះទេ។ ចុងក្រោយការផ្ដល់ជូនតុលាការនូវរូបថតដែលមានគុណភាពមិនច្បាស់អំពីបំណែកនៃឧទ្ធម្ភាគចក្រ មិនអាចបង្ហាញបានថាការធ្លាក់បែកឧទ្ធម្ភាគចក្រនោះ គឺកើតចេញពីការផ្ទុះគ្រាប់បែក ជាជាងការធ្លាក់ធម្មតានោះឡើយ បើមិនមានរបាយការណ៍ជំនាញមកសំអាង។
អញ្ចឹង បានសេចក្ដីថា អានេះចោទគេ រួចហើយអត់មានភស្តុតាងទៅដាក់បន្ថែមនៅទីនោះ។ អញ្ចឹង ចំណុចនេះ តុលាការគេបានបញ្ជាក់នៅទីនេះ គ្មានពាក់ព័ន្ធអ្វីជាមួយនឹង ហ៊ុន សែន ទេ។
ចំណុចទី(៣) នៅចុងកថាខណ្ឌនេះ យោងលើមូលហេតុទាំងអស់ខាងលើឃើញថា មូលដ្ឋានអង្គហេតុទាក់ទងគ្នានៃការនិយាយចោទប្រកាន់របស់ សម រង្ស៊ី មានលក្ខណៈខ្សោយ ដែលផ្ទុយយ៉ាងខ្លាំងនឹងការនិយាយចោទប្រកាន់មួយដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយអំពីការពាក់ព័ន្ធដោយសន្មត់លើ លោក ហ៊ុន សែន នៅក្នុងការធ្វើឃាត លោក ហុក ឡងឌី នោះទេ។
អញ្ចឹង សូមអបអរសាទរ (ស្នូរទះដៃ) តុលាការបារាំងបានបញ្ជាក់(ហើយ) មានស្អីទៀត។
ខ្ញុំសូមបញ្ជាក់ បើទោះបីជាសេចក្ដីសម្រេចលោកឯងមិនទៅ ពិន័យសងខ្ញុំ ១ អឺរ៉ូ ក៏ដោយ តែខ្ញុំមិនប្ដឹងឧទ្ធរណ៍ទេ ព្រោះអ្វីដែលខ្ញុំចង់បាន គឺកន្លែងនេះ។ យុទ្ធសាស្ត្រផ្នែកច្បាប់ ដែលខ្ញុំរង់ចាំតាំងពីឆ្នាំ ២០១៩ ហោចណាស់ខ្ញុំត្រូវបានសម្អាតខ្លួនដោយតុលាការបារាំង។ តើអ្នកឯងយល់ទេ អ្វីទៅជាយុទ្ធសាស្ត្រច្បាប់? បើអ្នកឯងមិនយល់ សូមបន្តមិនយល់ទៀតចុះ។ ខ្ញុំសុំប្រាប់ឱ្យអ្នកឯងបានភ្លឺភ្នែក។ រឿងរ៉ាវដែលអ្នកឯងចោទខ្ញុំទាំងប៉ុន្មាន ត្រូវបានតុលាការគេបញ្ជាក់(ច្បាស់ហើយ)។ ពិតមែនតែគេ(សំរេច)ឱ្យលោកឯងក្នុងភាពអនុគ្រោះ ដោយមានបញ្ជាក់នៅក្នុងនេះ នៅក្នុងលក្ខខណ្ឌទាំងនេះ ការកាត់ទោសផ្នែកព្រហ្មទណ្ឌ អាចប៉ះពាល់យ៉ាងជាក់ស្ដែងដល់វិសមាមាត្រនៃសិទ្ធិសេរីភាពបញ្ចេញមតិ រវាងដើមបណ្តឹងនិងជនជាប់ចោទ ដែលត្រូវការពារដោយមាត្រា ១០ នៃអនុសញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្ស។ ដូច្នេះ លោក សម រង្ស៊ី នឹងទទួលបានការអនុគ្រោះឱ្យរួចផុតពីបទចោទប្រកាន់។
តុលាការប្រើពាក្យ “អនុគ្រោះឱ្យរួចផុតពីការចោទប្រកាន់ ដោយយោងទៅលើច្បាប់របស់អឺរ៉ុប” អញ្ចឹង អ្នកឯងឈ្នះនៅកន្លែងណាទៅ?
ក្នុងហ្នឹងសេចក្តីសម្រេចគេនិយាយអញ្ចេះ “យោងតាមហេតុផលនេះ ការតទល់ រវាងលោក សម រង្ស៊ី ជាចុងចម្លើយ និងលោក ហ៊ុន សែន ជាដើមបណ្ដឹងរដ្ឋប្បវេណី សម្រេចឱ្យ លោក សម រង្ស៊ី រួចផុតពីបទចោទ” ពីខាងលើអម្បាញ់មិញ គឺទាក់ទិននឹងច្បាប់អឺរ៉ុប ហើយគេប្រៀបធៀបថា លោក ហ៊ុន សែន មានអំណាច ឯលោក សម រង្ស៊ី អត់មានអំណាច ជាប្រជាជនធម្មតា អញ្ចឹង គេបារម្ភអំពីបញ្ហាទាក់ទងនឹងសិទ្ធិបញ្ចេញមតិនៅទីនេះ អញ្ចឹង គេសម្រេចឱ្យ លោក សម រង្ស៊ី រួចផុតពីបទចោទ។ អាហ្នឹងទី (១)។ ទី (២) ទទួលស្គាល់ លោក ហ៊ុន សែន ជាដើមបណ្ដឹងរដ្ឋប្បវេណី។ ទី (៣) បដិសេធការទាមទាររបស់ លោក ហ៊ុន សែន ដោយសារ លោក សម រង្ស៊ី ត្រូវបានរួចផុតពីបទចោទ
ព្រោះគេដាក់នៅពីខាងលើហើយ (រីឯ)ខាងក្រោមទារបាន(ប្រាក់ជំងឺចិត្ត) ១ អឺរ៉ូ ហ្នឹងទៀត។
ដល់ទី (៤) ច្រានចោលការទារសំណងរបស់ លោក សម រង្ស៊ី ចំពោះរាល់ការចំណាយយទាំងអស់ ព្រោះអាម្សៀហ្នឹងវាទាមទារថា បើវាឈ្នះក្តី វាឱ្យខ្ញុំចេញការចំណាយទាំងអស់ទៅលើមេធាវីរបស់វា។ គេទាត់ចោលទាំងពីរ។
ខ្ញុំអរគុណចំពោះការថ្លឹងថ្លែងរបស់តុលាការបារាំង។ កន្លែងនេះខ្ញុំអត់ចង់បានទេ ប៉ុន្តែ អ្វីដែលខ្ញុំចង់បាន គឺកថាខណ្ឌយោងមុននឹងឈានដល់ការសម្រេច។ អ្នកឯងបានទាំងបញ្ជាក់(ដោយ)ប្រើពាក្យថា “នៅក្នុងលក្ខខណ្ឌទាំងនេះ ការកាត់ទោសផ្នែកព្រហ្មទណ្ឌអាចប៉ះពាល់យ៉ាងជាក់ស្តែងដល់វិសមាមាត្រនៃសិទ្ធិសេរីភាពបញ្ចេញមតិ រវាងដើមបណ្ដឹង និងជនជាប់ចោទ ដែលត្រូវបានការពារដោយមាត្រា ១០ នៃអនុសញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្ស។ ដូច្នេះ សម រង្ស៊ី នឹងទទួលបានការអនុគ្រោះឱ្យរួចផុតពីបទចោទទាំងពីរ”។
គេប្រើពាក្យថា “អនុគ្រោះ”។ លោកឯងបកស្រាយថាឈ្នះទៅ។ តែអ្វីដែលខ្ញុំបានឱ្យពិភពលោកទទួលយកតុលាការ(បារាំង) ដែល(គ្រប់គ្នា)គេទទួលស្គាល់ថាជាតុលាការយុត្តិធម៌នៅត្រង់ថា អ្នកឯងចោទថាខ្ញុំសម្លាប់ដន្លងខ្លួនឯង (ព្រោះ) ហុក ឡងឌី ជាដន្លងរបស់ខ្ញុំ ហើយមិនមែនជាដន្លងធម្មតាទៅទៀត អាបងយកបង អាប្អូនយកប្អូន។ វាមួយគូឯណោះ។ អ្នកបន្តចោទទៀតទៅ ហើយប្រកាសពីជោគជ័យក្នុងចិត្តទៅ។
មានអ្នកគំនូរម្នាក់គេបានគូររូប(សម រង្ស៊ី)នៅក្នុងក្រចកសេះ។ អ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់ទៅដល់ផ្ទះគេ រុញគេឱ្យទៅនៅក្នុងក្រចកសេះ ឈរនៅមុខតុលាការហ្នឹងទៅ រួចហើយគេសម្តែងតួជាយំអីឯណា។ អញ្ចឹង ជោគជ័យអ្នកឯងតែមួយគត់ គឺជោគជ័យមិនបានសងខ្ញុំ ១ អឺរ៉ូ ដែលខ្ញុំគ្មានការចាំបាច់(យក)។ ឯចំណុចចាំបាច់ គឺការបញ្ជាក់ពីភាពស្អាតស្អំរបស់ ហ៊ុន សែន។ បើលោកឯងភ្លើ (សុំ)បន្តភ្លើទៀតទៅ។ ហើយអ្នកគាំទ្ររបស់លោកឯងគួរតែដឹងទៅ មនុស្សនេះចូលស្រុកមិនបានទេ ចូលមកមានតែស្វាគមន៍ដោយគុកតែប៉ុណ្ណឹង។ ហ្នឹងបញ្ជាក់ឱ្យច្បាស់។ អត់មានញេមញ៉ុមអីទេ។ ប្រកាសជោគជ័យៗ ដល់យើងបញ្ចេញ(សាលក្រមនេះ)វឹបទៅ (គឺ)ថមថយ។
មនុស្សបច្ចុប្បន្នគេចេះពិចារណាដែរ ខ្ញុំគិតថា ប្រជាពលរដ្ឋ/បញ្ញាវ័ន្តមួយចំនួនកំពុងតែមើល។ (ឯកសារ)នេះ(មាន) ១៣ ទំព័រ ជាភាសាបារាំង ប៉ុន្តែ យើងដកស្រង់បង្ហាញ អំពីចំណុចដែលយើងប្ដឹងគេ គឺឱ្យអ្នកឯងរកភស្តុតាងមក ថាខ្ញុំប្រព្រឹត្តមែនឬអត់? បើសិនជាខ្ញុំប្រព្រឹត្តមែន(ដូច)នៅក្នុងការណ៍ដែលគេនិយាយនេះ គេមិនមែនឱ្យខ្ញុំរួចខ្លួនឯណា? ខ្ញុំនឹងត្រូវជាប់គុកអស់មួយជីវិត ថែមទាំងត្រូវបង់ថ្លៃមេធាវីស្អីឱ្យចុងចោទទៀត។ អ្នកគាំទ្រនានា ដែលជឿ(ម្សៀហ្នឹង)គិតមើលទៅ។ ខ្ញុំត្រូវការតែភាពស្អាតស្អំតែប៉ុណ្ណឹង។ ឥឡូវ ភាពស្អាតស្អំរបស់ខ្ញុំទទួលបានហើយ។
ខ្ញុំប្រកាសចេញពីទីនេះ ក្នុងនាមជាដើមបណ្ដឹង ដែលមានសិទ្ធិចុះហត្ថលេខាឱ្យមេធាវី ខ្ញុំសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ទេ ព្រោះខ្ញុំបានទទួលនូវការពេញចិត្តទៅលើការបកស្រាយថា ខ្ញុំគ្មានការពាក់ព័ន្ធដូចការចោទប្រកាន់របស់មនុស្សចង្រៃហ្នឹងទេ។ ប៉ុន្តែ ក្នុងករណីដែលអ្នកឯងប្ដឹងឧទ្ធរណ៍ ខ្ញុំនឹងកំដរលេងដល់ទីចញ្ចប់។ ចម្លែកណាស់ កាលពេលចាប់ផ្តើម ទាំងវិទ្យុអាស៊ីសេរី/ចុងចោទ/អ្នកគាំទ្រ ទៅពេញតុលាការ តែម្សិលមិញអត់មាន។ តើមូលហេតុអីទៅ? ក្នុងពេលដែលយើងអវត្តមានតែប្រធានគណៈមេធាវីមួយគត់ ដែលគាត់ត្រូវធ្វើសន្និបាតនៅទីក្រុងភ្នំពេញ។ (ឯក្រៅពីនោះ)យើងបញ្ជូនទៅវិញទាំងអស់។ ខូចពេកហើយ។ ចេញគឹប គេបង្ហោះចេញថាបានទទួលដំណឹងល្អពីតុលាការ (បង្ហោះ)ជាភាសាខ្មែរផង បារាំងផង (និង)អង់គ្លេសផង បន្តទៅគេចេញសេចក្តីថ្លែងការណ៍(ថា) ជោគជ័យហើយៗ … ប៉ុន្តែ គេបានមើលស្នូលរបស់វាទេ? ដើរចោទគេ/ឯង ចោទខ្ញុំ (រួច)សុំទោសប៉ុន្មានដងទៅ(ហើយ)។ (ឆ្នាំ)២០០៦ (សុំទោស)ប៉ុន្មានឯណោះ សុំទោសខ្ញុំឱ្យ(ខ្ញុំ)ដកពាក្យបណ្ដឹង មិនយូរប៉ុន្មានអានេះ(ធ្វើ)ទៀត។ ប៉ុន្តែ ប្រាប់ឱ្យហើយ អ្ហែងនៅក្រៅស្រុករហូត។
អ្នកឯងត្រូវមើលព្រៃទាំងមូល មិនមែនមើលឈើតែមួយដើម សម្រេចឱ្យ លោក សម រង្ស៊ី រួចផុតពីបទចោទទេ។ អ្នកឯងត្រូវមើលក្នុងច្បាប់ដែលគេសរសេរនៅក្នុងហ្នឹង ក្នុងលក្ខខណ្ឌទាំងនេះ “ការកាត់ទោសផ្នែកព្រហ្មទណ្ឌអាចនឹងប៉ះពាល់យ៉ាងជាក់ស្តែងដល់វិសមាមាត្រ នៃសិទ្ធិសេរីភាពបញ្ចេញមតិ រវាងដើមបណ្ដឹង និងជន ជាប់ចោទ ដែលត្រូវបានការពារដោយមាត្រា ១០ នៃអនុញ្ញាអឺរ៉ុប ស្តីពីសិទ្ធិមនុស្ស ដូច្នេះ លោក សម រង្ស៊ី នឹងទទួលបាននូវការអនុគ្រោះឱ្យរួចផុតពីបទចោទទាំងពីរ” ។ អញ្ចឹង ប្រៀបដូចជាកាត់ទោសហើយ (និង)លើកលែងទោសនៅក្នុងដីការតែមួយ។ អាពីរខាងលើកាត់ទោស (ចំណែក)អាខាងក្រោមផ្អែកលើថា នាយករដ្ឋមន្ត្រីសិទ្ធិធំណាស់ តតាំងជាមួយអាសំគមមួយនោះ។ អញ្ចឹង គេប្រើពាក្យអនុគ្រោះនៅទីនេះ។ អញ្ជើញ ឃោសនាទៀតទៅ។ ថ្ងៃនេះ ខ្ញុំពន្យល់ប្រជាពលរដ្ឋទេ ខ្ញុំមិនមែនចង់តមាត់ជាមួយអ្នកឯងនោះទេ ប៉ុន្តែសាលក្រមសរសេរឈ្មោះអ្នកឯង ឱ្យខ្ញុំហៅ អាក្របី យ៉ាងម៉េចកើត?
ខ្ញុំអរគុណចំពោះចៅក្រមបារាំង ចំពោះមេធាវីរបស់ខ្ញុំជាជនជាតិបារាំង ជាមួយនឹងក្រុមការងារជាជនជាតិខ្មែរ ដែលជួយធ្វើកិច្ចការដ៏ល្អ។ អ្វីដែលខ្ញុំចង់បាន គឺគ្រប់គ្រាន់សម្រាប់ខ្ញុំ ដែលខ្ញុំចាត់ទុកថាជាការឈ្នះ និងជម្រះនូវការមន្ទិលទាំងឡាយ តាមរយៈតុលាការបារាំង ដែលអ្នកឯងចាត់ទុកថា ជាតុលាការឯករាជ្យ តុលាការមិនតេឡេ ឥឡូវ តុលាការមិនតេឡេគេបញ្ជាក់ថា ការនិយាយចោទប្រកាន់(របស់លោកឯង)នេះ ត្រូវចាត់ទុកថាជាការ បរិហារកេរ្តិ៍ លោក ហ៊ុន សែន ដែលភាគីខាងចុងជាប់ចោទមិនបានបដិសេធនោះទេ។ មានន័យថាម៉េច? គេបាន កាត់ទោសលោកឯងថាបរិហារកេរ្តិ៍ទៅហើយនៅផ្នែកខាងលើ ដល់ផ្នែកខាងក្រោមផ្អែកទៅលើភាពខុសគ្នា រវាងនាយករដ្ឋមន្ត្រី ដែលជាអ្នកមានអំណាចកំពូល ជាមួយនឹងអាតួអង្គមួយតូចតាចនោះ និងយោងទៅលើច្បាប់ អឺរ៉ុប គឺគេអនុគ្រោះឱ្យ។ ឱ្យវាយល់។ ចាំមើលបានប៉ុន្មានឃ្លីប។
VOA មិនសូវប៉ុជាប៉ុន្មានទេ ប៉ុន្តែ សំខាន់អាស៊ីសេរី និង Cambodia Daily គេនឹងហៅផ្គុំគ្នាហើយ ដើម្បីចូលមកជជែកវែកញែក (គេយក)អានេះ/នោះមួយច្បិច តែ(យើង)ចាប់ចុចយកអាកន្លែងហ្នឹង គឺអត់ហ៊ានទេ។ (ខ្ញុំ)ជឿតែម្តង។ តែចំណុចស្នូលដែលខ្ញុំចង់បាន គឺនៅកន្លែងហ្នឹង ខ្ញុំឱ្យអ្នកឯងរកភស្តុតាងដាក់បន្ទុក ឥឡូវគេថា ភស្តុងតាងអត់មាន។ ភស្តុតាងគឺរូបថត(ក្នុង)កាសែត (តែ តុលាការបារាំង)គេទាត់ចោល អ្វីដែលជាភស្តុតាង (ព្រោះ)វាអត់មាន(លក្ខណគ្រប់ជ្រុងជ្រោយ) … អ្នកឯងកុំសង្ឃឹមថា ហ៊ុន សែន អាចប្រើប្រាស់ដៃរបស់ ហ៊ុន សែន ដើម្បី(ចុះហត្ថលេខា)លើកលែងទោសឱ្យអ្នកឯងឱ្យសោះ។ អញ្ជើញចូលមក ហើយប្រកាសផ្ដួលរំលំទៀតទៅ។
យប់មិញនេះ គឺថា នៅអាមេរិកគេថ្ងៃ នៅអឺរ៉ុបគេល្ងាច យើងនៅឯណេះយប់ ដូច្នេះ (ក្រុម)នៅឯណោះគេហោរកញ្ជ្រៀវ។ យប់មិញនេះ ខ្ញុំក៏បង្ហោះបន្តិចទៅ ហើយ Fresh News គេក៏ផ្សាយ (ហើយ)ផ្សាយទាំងបទសម្ភាសន៍ លោក គី តិច។ អ្វីដែលខ្ញុំចង់បញ្ជាក់ គឺបញ្ជាក់ទៅលើចំណុចបីហ្នឹង។ អ្នកឯងត្រូវយល់របៀបសរសេរនៅទីនេះ កាត់ទោសនៅខាងលើ និងលើកលែងទោសនៅខាងក្រោម។ ខាងលើបញ្ជាក់ថា ទី(១) មិនមែន ហ៊ុន សែន។ ទី(២) អ្នកឯងបរិហារកេរ្តិ៍គេមែន។ ទី(៣) ភស្តុតាងអ្នកឯងអត់មានទេ។ ដល់អាចុងក្រោយផ្អែកថា មួយជានាយករដ្ឋមន្ត្រី មួយជាជនធម្មតា។ ច្បាប់អឺរ៉ុបវាអញ្ចឹង។ បើកាត់ទៅគឺវាទាក់ទងទៅនឹងច្បាប់អឺរ៉ុបទៅទៀត។ អញ្ចឹងអនុគ្រោះ។ រួចហើយថាឈ្នះ។ អើ! បើថាឈ្នះក៏ឈ្នះទៅ ស៊ីសង ហ៊ុន សែន កំពុងឈរនៅទីនេះ ដើម្បីបម្រើប្រជាជន ក្នុងពេលដែលប្រជាជនត្រូវការ។
… និយាយលឺខ្លាំងបន្តិចហើយព្រះតេជព្រគុណ ព្រោះយប់មិញនេះវាមានរឿងអញ្ចេះ មិនមែនតែរឿងនៅ(ទីក្រុង)ប៉ារីសនោះទេ វាមានរឿងនៅមហាសន្និបាតអង្គការសហប្រជាជាតិឯណោះ(ទៀត)។ យើងក៏ត្រូវតាមដានការពិភាក្សា(បញ្ហា)នៅអង្គការសហប្រជាជាតិដែរ ពាក់ព័ន្ធជាមួយនឹងរុស្ស៊ីទៅយកបួនតំបន់ផ្សេងទៀត(ពីអ៊ុយក្រែន)ទៅដាក់ក្នុងទឹកដីរបស់ខ្លួន។ វាមិនមែនជារឿងល្អទេនៅសតវត្សរ៍ទី ២១ ហើយនោះ ហើយប្រទេសមួយដើរទៅយកដីប្រទេសមួយវាមិនមែនជារឿងត្រឹមត្រូវនោះទេ។ បើប្រទេសជិតខាងយើងធ្វើអញ្ចឹងដាក់យើង តើយើងខឹងទេ? យើងត្រូវប្រកាន់យកគោលការណ៍ច្បាប់ជាមូលដ្ឋាន ខ្ញុំត្រូវតាមដានរឿងហ្នឹង។ ពីល្ងាចនិយាយគ្នាជាមួយ ប្រាក់ សុខុន។ រឿង(នៅទីក្រុង)ប៉ារីសជារឿងមួយ រឿងនៅញូវយ៉កជារឿងមួយទៀត។ តែមិនស្រួលបោះឆ្នោតចេញហើយក៏មិនដឹង។ ថ្ងៃនេះ ប្រធានបទត្រូវនិយាយច្រើន។ និយាយ(ពី)សាលក្រមហ្នឹងកុំឱ្យគេបោក(បានទៀត) ខ្ញុំចង់ពន្យល់ទៅកាន់ប្រជាពលរដ្ឋ រាប់ទាំងអ្នកគាំទ្រអាមនុស្សបោកហ្នឹង។ បើគេបោកបានម្តង អ្នកបោកខុស យើងត្រូវគេបោកហ្នឹងត្រូវ។ បើគេបោកបានពីរដង អ្នកបោកខុស យើងត្រូវគេបោកហ្នឹង គឺត្រូវ ប៉ុន្តែគេបោកបានបីដង គឺយើងជាអ្នកល្ងង់ អ្នកបោកហ្នឹងវាពូកែ។ អញ្ចឹង ខ្ញុំមិនចង់ឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទទួលការចាញ់បោកគេ(តទៅទៀត)ទេ។
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមក សម្រាប់ជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ចំនួន ២ ១១៥ អង្គ/នាក់ ក្នុងម្នាក់ៗប្រគេន/ជូនថវិកា ចំនួន ៥ ម៉ឺនរៀល។ ជូនបន្ថែមនិស្សិតពិការ ដែលមាននារី ចំនួន ៩ នាក់ និងបុរស ចំនួន ២១ នាក់ សរុបទាំងអស់ ៣០ នាក់ ក្នុងម្នាក់ៗបន្ថែមថវិកាឱ្យក្មួយ ចំនួន ១ លានរៀល។ ជូនបុគ្គលិក សាស្ត្រាចារ្យ ចំនួន ៣៤៨ នាក់ ក្នុងម្នាក់ៗថវិកា ចំនួន ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ថវិកា ១០ លានរៀល។ ជូនក្រុមគ្រួពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ចំនួន ៣ លានរៀល … ជាមួយនឹង ការអបអរសាទរ ចំពោះសមិទ្ធផល ដែលសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ទទួលបាន និងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជា សាស្ត្រាចារ្យ ព្រមទាំងអបអរសាទរ ចំពោះជ័យលាភីជានិស្សិតទាំងអស់ ទាំងព្រះសង្ឃ/គ្រហស្ថ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ ឯកឧត្តម លោកជំទាង អស់លោក/ស្រី សូមជួបប្រទះតែពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕