សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចូលរួមសាជាថ្មីម្តងទៀតជាមួយនឹងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដើម្បីចែកជូនសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ២ ១១៥ នាក់ ដែលបញ្ចប់ការសិក្សាពីឆ្នាំ ២០១៩-២០, (ឆ្នាំ)២០២០-២១, ២០២១-២២ ដូចដែលសាកលវិទ្យាធិការបានធ្វើរបាយការណ៍អម្បាញ់មិញ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីសម្ដែងជូននូវការកោតសរសើរ ចំពោះសាកលវិទ្យាល័យ (ភ្នំពេញអន្តរជាតិ) ដែលបានខិតខំឆ្លងកាត់នូវការលំបាកទាំងឡាយ ដើម្បីនាំមកនូវជោគជ័យ សម្រាប់ផ្តល់មូលដ្ឋានសម្រាប់ការសិក្សារបស់និស្សិតរបស់យើង …។ អម្បាញ់មិញ លោកស្រី (ទេព) កូលាប ដែលខ្ញុំហៅថាជាកូន បានលើកពីបញ្ហាព្រឹត្តិការណ៍កើតជាង ១០ ឆ្នាំមុន។ ខ្ញុំក៏គួរតែនិយាយអំពីរឿងនេះ(បន្តិច)។ បើមិនសង្គ្រោះ (ទេព) កូលាប ទេ សាកលវិទ្យាល័យនេះ វាដួលរលំទៅបាត់តាំងពីពេលនោះ។ វាមានរឿងអយុត្តិធម៌មួយកើតឡើង។ ពេលនោះខ្ញុំមិនបានដឹងរឿងច្បាស់លាស់ទេ ប៉ុន្តែ ឃើញនិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ តែងតែធ្វើបាតុកម្មគាំទ្រសាកលវិទ្យាធិការរបស់ខ្លួននៅឯសាលាឧទ្ធរណ៍។ ក្រោយមកទើបដឹងថា ប្តីរបស់ (ទេព) កូលាប ត្រូវបានចាប់ខ្លួន។ បន្ទាប់ទៅ (ទេព) កូលាប នេះទៀតសោតក៏ត្រូវចាប់ខ្លួនទៀត … បានខ្ញុំស្រែកជេរទៅស្នងការក្រុង…