- លោកស្រី គ្រីស្ទីណា អាហ្គៀឡា ( Cristina Aguilar ) ភារធារីស្តីទីនៃស្ថានទូតព្រះរាជណាចក្រអេស៉្បាញប្រចាំព្រះរាជណាចក្រកម្ពុជា
- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដោយបានមកចូលរួមជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វៃស៊័រ (Pfizer) សម្រាប់កុមារ ចំនួន ៣០០.០០០ (បីសែន) ដូស ពីប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីណា អាហ្គៀឡា (Cristina Aguilar) ភារធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា។
តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការ ជាតិចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី និងជាអនាគតនៃប្រទេសជាតិ កម្ពុជាអាចត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ក្នុងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។ ជាលទ្ធផល ទោះបីជារលកថ្មី នៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ ក៏កម្ពុជាអាចបើកដំណើរការរបស់ប្រទេសឡើងវិញលើគ្រប់វិស័យ តាំងពីខែ វិច្ឆិកា ឆ្នាំ ២០២១ និងអាចរក្សាប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្តារ និងជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំង ដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ ចូលរួមកាត់ផ្តាច់ការឆ្លងរាលដាល និងជាពិសេស បញ្ចៀសបាននូវការឈឺធ្ងន់ និង ការបាត់បង់អាយុជីវិត ។ ជាក់ស្តែង កម្ពុជាមិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត ៤ ខែចុងក្រោយ រាប់ចាប់តាំងពីខែ មេសា ឆ្នាំ ២០២២ មកដល់ថ្ងៃនេះ ។
ទោះជាយ៉ាងនេះក្តី ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ។ ក្នុងន័យនេះកម្ពុជា ក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រង ជំងឺកូវីដ-១៩ ដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និងពន្លឿនការចាក់ វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនគ្រប់រូប និងកុមារ ដែលមានអាយុពី ៣ ឆ្នាំឡើង ដែលនឹងបន្តដើរ តួនាទីស្នូល ក្នុងការផ្តល់ការការពារដ៏រឹងមាំ និងមានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និងមិនឈប់ឈរនៃជំងឺកូវីដ-១៩ ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និង បណ្តាប្រទេសជាសមាជិកផ្សេងទៀតនៃសហភាពអឺរ៉ុប ដែលបាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ជំនួយវ៉ាក់សាំង ជាពិសេសសម្រាប់កុមារ និងជំនួយបច្ចេកទេសផ្សេងៗ ជាបន្តបន្ទាប់ ។
ស្របពេលដែលជំងឺកូវីដ-១៩ បានថមថយ តែមិនទាន់បានបញ្ចប់នៅឡើយ សកលលោកទាំងមូល ក៏បាន និងកំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏គួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀត ដែលអាចបន្ទច់បង្អាក់សម្ទុះនៃការងើបឡើងវិញនៃសង្គម-សេដ្ឋកិច្ចសកល ។ ជាក់ស្តែង ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានបង្កឱ្យមានអតិផរណាខ្ពស់ នៅគ្រប់ទីកន្លែង ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានជំរុញឱ្យធនាគារកណ្តាល ត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីទប់ស្កាត់ការបន្តកើនឡើងនៃអតិផរណា ដែលការណ៍នេះ អាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ ។ ជាងនេះទៅទៀត អតិផរណាខ្ពស់ ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនយើង ផងដែរ ។
ស្ថិតក្នុងកាលៈទេសៈដ៏លំបាក និងពិបាកប៉ាន់ប្រមាណនេះ យើងត្រូវការជាចាំបាច់នូវកិច្ច-សហប្រតិបត្តិការ និងការចេះជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់ ។ ក្នុងស្មារតីនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការចាត់ទុកសុខុមាលភាពរបស់ប្រជាជន និងសុខភាពសាធារណៈ ជាអាទិភាពខ្ពស់បំផុត ប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីជួយគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ។ ក្នុងនាមជាប្រធានអាស៊ាន នៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងខិតខំពង្រឹងសហ-ប្រតិបត្តិការនៅក្នុងតំបន់អាស៊ាន ក៏ដូចជារវាងអាស៊ាន-សហភាពអឺរ៉ុប និងរវាងអាស៊ាន-អេស្ប៉ាញ ផងដែរ ។
ជាទីបញ្ចប់ ខ្ញុំសូមបន្តអំពាវនាវយ៉ាងទទូចឱ្យប្រជាជនកម្ពុជា បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣-ការពារ និង ៣-កុំ និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា ។ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាជនកម្ពុជា និងប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រអេស្ប៉ាញ និងសហភាពអឺរ៉ុប ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច៕
សូមអរគុណ!