ការជួបជុំបង្ហាញការរាប់អានចំពោះប្រជាជនក្នុងស្រុក ខ្ញុំព្រះករុណាខ្ញុំ និងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន
ជាដំបូងនេះ អនុញ្ញាតឱ្យខ្ញុំព្រះករុណា ខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ក៏ដូចជាសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេមានព្រះរាជបណ្ដាំតាមរយៈខ្ញុំព្រះករុណា ខ្ញុំទូលប្រគេនចំពោះព្រះសង្ឃព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ដែលរស់នៅឯនាយសមុទ្រ នេះគឺជាព្រះរាជបណ្ដាំរបស់ព្រះអង្គដែលសូមទទួលការស្រលាញ់ពីព្រះអង្គទាំងទ្វេ។ ជាថ្មីម្ដងទៀត ថ្ងៃនេះខ្ញុំព្រះករុណា ខ្ញុំបានជួបជាមួយនឺងបងប្អូន បន្ទាប់ពីការជួបនៅឯ ហ្សឺណែវ កាលពីខែកក្កដា ឆ្នាំ២០១៩។ ពេលនោះយើងជួបគ្នាផ្ទួនៗ ថ្ងៃ ២៣ តុលា ២០១៨ យើងជួបគ្នាម្ដងនៅ ហ្សឺណែវ ហើយចូលមកដល់ ខែ កក្កដា ឆ្នាំ២០១៩ យើងជួបគ្នាម្ដងទៀត។ ដោយសារ កូវីដ-១៩ យើងអាក់ខានពីពេលនោះរហូតមកដល់ពេលនេះ។
គម្រោងដើមរបស់យើងកាលពីមុននេះ គឺខ្ញុំព្រះករុណាខ្ញុំគ្រោងមកកាន់ Davos គឺនៅខែមករា។ ប៉ុន្តែ ពេលនោះនៅតំបន់អឺរ៉ុប មានការវាយប្រហារអំពីមេរោគបំប្លែងថ្មី Omicron។ អញ្ចឹងខាងផ្នែករៀបចំវេទិការសេដ្ឋកិច្ចពិភពលោក ស្នើសុំពន្យាពេលហើយគេក៏បានកំណត់កាលបរិច្ឆេទថ្មីគឺថ្ងៃ ២២-២៧ (ខែឧសភា)។ គាប់ជួនពេលនោះគឺកំពុងតែចរចាអំពីកម្មវិធីនៃការប្រជុំ អាស៊ាន-អាមេរិក។ ការពិភាក្សាលើកទីមួយនោះគ្រោងធ្វើថ្ងៃទី ១៩-២០ ខែឧសភា។ អញ្ចឹងខ្ញុំព្រះករុណា ខ្ញុំពេលនោះគិតថាបើប្រជុំថ្ងៃ ១៩-២០ (ហើយ) ថ្ងៃ២១គឺចាប់ហោះមក Zurich នេះតែម្ដង។ ប៉ុន្តែ ដោយសារតែរៀបចំឡើងវិញ ព្រមព្រៀងគ្នារវាងសហរដ្ឋអាមេរិកនិងអាស៊ាន គឺត្រូវយកថ្ងៃ ១២-១៣ អញ្ចឹងខ្ញុំព្រះករុណា ខ្ញុំត្រូវធ្វើដំណើរទៅប្រទេសវិញហើយក៏រៀបចំចេញដំណើរមកទីនេះ។
លើកនេះ គឺសាកល្បងប្រើប្រាស់យន្តហោះរបស់យើង។ ការហោះហើរដោយមានការចុះសំចតរហូតដល់ ២ដង ដើម្បីចាក់សាំងគឺចុះនៅឥណ្ឌាម្ដង នៅអ៊ីរ៉ង់ម្ដង មុនមកដល់ Zurich នេះ។ អញ្ចឹង តាមរយៈការធ្វើដំណើរនេះ ថ្ងៃក្រោយយើងក៏អាចរៀបចំថ្វាយព្រះហាក្សត្ររបស់យើង។ ព្រះអង្គអាចធ្វើព្រះរាជដំណើរតាមមផ្លូវនេះផងដែរ គ្រាន់តែយឺតនឹងចុះចាក់សាំងបន្តិច បើប្រៀបធៀបនឹងយន្តហោះ(ធំដែល)ហោះហើរត្រង់ចុះចាក់សាំងតែម្ដង។
ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយដែលបានជួបបងប្អូន ហើយអរគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះជនរួមជាតិក៏ដូចជានិស្សិតកម្ពុជារបស់យើងដែលកំពុងរៀននៅតំបន់អឺរ៉ុបនេះ ដែលបានមកស្វាគមន៍ចំពោះខ្ញុំព្រះករុណា ហើយមកចូលរួមជួបជុំគ្នានៅទីនេះ បង្ហាញឱ្យឃើញអំពីការរាប់អានរបស់ប្អូនចំពោះប្រជាជនដែលនៅក្នុងស្រុក ជាពិសេសនិយាយតាមត្រង់មួយបែបទៅ … គឺការស្រលាញ់រាប់អានចំពោះខ្ញុំព្រះករុណាខ្ញុំ (ដែលនេះ)គឺ(ជា)ការផ្ដល់ការគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន។
យុទ្ធនាការឃោសនាបោះឆ្នោត ចូលរួមដោយ ១៧ គណបក្ស បង្ហាញពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
ថ្ងៃនេះ … ខ្ញុំព្រះករុណាខ្ញុំក៏បានទទួលរូបភាពនៃការធ្វើបាតុកម្ម (មាន)មនុស្សប្រហែលជាជាង ១០ នាក់បន្តិច។ ខ្ញុំព្រះរុណាខ្ញុំមិនច្បាស់ទេ ព្រោះគេឱ្យរូបថតមកខ្ញុំព្រះករុណាខ្ញុំ … ក្រែងលោវាមានច្រើនជាងហ្នឹង។ យើងក៏មិនអាចថាបានដែរ។ អញ្ចឹងវាជាដំណើរមួយធម្មតាសម្រាប់ដំណើរការប្រជាធិបតេយ្យ។ នៅក្នុងប្រទេស ថ្ងៃនេះ យើងក៏បើកយុទ្ធនាការនៃការ(ឃោសនា)បោះឆ្នោត ដែលយុទ្ធនាការនេះចូលរួម ១៧ គណបក្ស។ តើនោះបង្ហាញពីអ្វី? នោះហើយជាទិដ្ឋភាពនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ នេះជាលើកដំបូងហើយដែលខ្ញុំព្រះករុណា ខ្ញុំមកស្វីសមានមនុស្សប្រហែលជាង ១០នាក់ ធ្វើបាតុកម្មនៅតំបន់អឺរ៉ុប។ នៅ ហ្សឺណែវ គឺដូចជាមិនដែលបានឃើញនៅការធ្វើបាតុកម្មនោះទេ។ មិនដឹងថាគេមានចេតនាយ៉ាងណានោះទេ។ យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណា ខ្ញុំស្នើសុំអង្វរករចំពោះបងប្អូនជនរួមជាតិរបស់យើង បើទោះបីមានប្រតិកម្មបង្កហេតុយ៉ាងណាក៏ដោយ សុំឱ្យមានការអត់ធ្មត់ហើយការអត់ធ្មត់។ នេះគឺជាផលចំណេញសម្រាប់ការបង្រួបបង្រួមជាតិ និងដំណើរការប្រជាធិបតេយ្យ។ នៅឆ្នាំ ២០១៦ នៅប្រទេសបារាំងក្នុងពេលដែលខ្ញុំព្រះកុរណា ខ្ញុំជួបប្រជាជនជិត ២ពាន់នាក់ ក៏មានបាតុកម្មប្រឆាំងដែរ ហើយគេប្រើប្រាស់រូបភាពហិង្សាខ្លះទៅលើបងប្អូនប្រជាពលរដ្ឋរបស់យើង។ ដោយការអង្វរកររបស់ខ្ញុំព្រះករុណាខ្ញុំ គឺបាតុកម្មនោះមិនមានបញ្ហាហិង្សាកើតឡើងទេ។ នេះគឺជាដំណើរការធម្មតានៃដំណើរការប្រជាធិបតេយ្យរបស់ប្រទេស។
នាយករដ្ឋមន្ត្រីមានលទ្ធភាពជំរាបអំពីនយោបាយនិងសេដ្ឋកិច្ចលើគ្រប់ទិដ្ឋភាព
អ្វីដែលខ្ញុំព្រះករុណា ខ្ញុំសប្បាយចិត្តនៅត្រង់ថា ទាំងព្រះសង្ឃ ទាំងគ្រហស្ថដែលមករស់នៅក្រៅ(ប្រទេស)ចង់ដឹងអំពីសភាពការស្រុកទេស។ តើអ្នកណាអាចនឹងនិយាយអំពីសភាពការស្រុកទេស? ច្បាស់ណាស់មានមនុស្សច្រើនដែលអាចនិយាយបាន ប៉ុន្តែទិដ្ឋភាពគ្របដណ្ដប់ ប្រហែលជានាយករដ្ឋមន្ត្រីមានលទ្ធភាពច្រើនជាងគេ … ជាក្របខណ្ឌម៉ាក្រូ ទាំងនយោបាយ ទាំងសេដ្ឋកិច្ច (គឺ)លើទិដ្ឋភាពទាំងអស់តែម្ដង។ ប៉ុន្តែក៏នៅមានមនុស្សផ្សេងទៀតដែលគេនិយាយ។ អ្វីដែលគេនិយាយនោះខុសពីអ្វីដែលយើងនិយាយ។ ទុកលទ្ធភាពអោយគេនិយាយចុះ ព្រោះ(វាជា)ដំណើរភូតតាមរៀបភូតថ្លុកភូតត្រពាំង គេហៅថាភូតរំដោះគ្រោះ ឬភូតពីមួយថ្ងៃទៅមួយថ្ងៃធ្វើម៉េចឱ្យបានតែនិយាយ។ រឿងនោះគឺសិទ្ធរបស់គេ។ ឥឡូវនេះ តើខ្ញុំព្រះករុណាខ្ញុំ គួរចាប់ផ្ដើមពីអ្វី ដើម្បីចែករំលែកជាមួយបងប្អូនរបស់យើងដែលកំពុងរស់នៅក្រៅប្រទេស ហើយកំពុងសិក្សានៅក្រៅប្រទេសដែលមាននិស្សិតរបស់យើងរាប់រយនាក់បានមកកាន់ទីនេះ។ នោះក៏បង្ហាញឱ្យឃើញអំពីការខិតខំរបស់យើងទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលធ្វើទាំងក្នុងប្រទេសផងនិងបញ្ជូនចេញមកក្រៅប្រទេស(ផង) ដើម្បីធ្វើការបណ្ដុះបណ្ដាលនៅក្រៅប្រទេស …។
កំណើនសេដ្ឋកិច្ចក្នុងអត្រាជាង ៧% រយៈពេល ២០ ឆ្នាំជាប់គ្នា
ខ្ញុំព្រះករុណាខ្ញុំ គួរតែចែករំលែកអំពីការងារដែលយើងបាននិងកំពុងធ្វើនៅក្រៅប្រទេស ទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នេះតែម្ដង។ វាមិនមែនជាការងាយស្រួលទេ។ សេដ្ឋកិច្ចរបស់យើងកំពុងតែហក់ងើបឡើងក្នុងអត្រាជាង ៧% ក្នុងមួយឆ្នាំ។ រយៈពេល ២០ឆ្នាំ ដែលសេដ្ឋកិច្ចរបស់យើងបានងើបឡើង។ បើទោះបីមានវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលឆ្នាំ ២០០៨-២០០៩ ក៏ដោយចុះ ក៏ប៉ុន្តែជាមធ្យមភាគ យើងអាចនិយាយបានថាក្នុងរយៈពេល ២០ ឆ្នាំជាប់គ្នា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានស្ថិតក្នុងអត្រាជាង ៧% ក្នុងមួយឆ្នាំ។ នេះមិនមែនជាបញ្ហាចៃដន្យទេ ក៏ប៉ុន្តែជាកិច្ចខិតខំប្រឹងប្រែងរបស់យើងយ៉ាងខ្លាំង ធ្វើឱ្យប្រទេសរបស់យើងរួចចាកផុតពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ យើងមានគោលដៅជាក់លាក់តម្រង់ឆ្ពោះទៅរកការសម្រេចបាន(នូវស្ថានភាព)ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។
កូវីដ-១៩ ធ្វើឱ្យសេដ្ឋកិច្ចបានធ្លាក់ចុះ ២,៤% នៅឆ្នាំ ២០២០
បើទោះជាយើងទាំងអស់គ្នា រាប់ទាំងខ្ញុំព្រះករុណា ខ្ញុំផងដែរ មិនរំពឹងថាអាចរស់បានដល់ឆ្នាំ ២០៥០ ក៏ដោយ ក៏ប៉ុន្តែក្នុងឋានៈជាអ្នកដឹកនាំប្រទេស យើងត្រូវតែរៀបចំចងក្រង រៀបចំគោលដៅ ឬហៅថាផែនទីចង្អុលផ្លូវសំរាប់ដំណើរជាតិឆ្ពោះទៅមុខ។ ក្រៅពីក្របខណ្ឌម៉ាក្រូនេះ យើងក៏រៀបចំទៅតាមវិស័យនានាដែលយើងត្រូវចេញដំណើរ។ កំណើនសេដ្ឋកិច្ចកំពុងតែល្អ ប្រាក់ចំណូលរបស់យើងកើនរហូតទៅដល់ជាង ២៥% រួចស្រេចទៅហើយក្នុងចំណោមផលិតផលសរុប។ ប៉ុន្តែ កូវីដ-១៩ បានវាយប្រហារយើង ឆ្នាំ ២០២០ ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងបានធ្លាក់ចុះរហូតទៅដល់ ២,៤% បានសេចក្ដីថាដក ២,៤%។ នេះវាបានធ្វើឱ្យយើងស្ថិតក្នុងស្ថានភាពមួយលំបាក ក៏ប៉ុន្តែចំណុចលំបាកនេះនៅត្រង់ថា មកដល់ពេលនេះយើងអាចនិយាយបានដោយមោទនភាពថា កម្ពុជាបានរើបម្រះដោយខ្លួនឯងជាមួយនិងការគាំទ្ររបស់មិត្តភក្តិទាំងឡាយ ធ្វើឱ្យកម្ពុជា(បន្តដំណើរ)រហូតដល់ថ្ងៃនេះ។
ការសន្សំសាច់ប្រាក់ មានគោលដៅប្រើប្រាស់ពាក់កណ្ដាល ឬជាងពាក់កណ្ដាល កសាងហេដ្ឋារចនាសម្ព័ន្ធ
ខ្ញុំបានទទួលរបាយការណ៍ពីទីក្រុងភ្នំពេញថ្ងៃនេះគឺជាថ្ងៃទី ១៥ ដែលកម្ពុជាគ្មានជំងឺឆ្លងសូម្បីមួយករណីនៅក្នុងប្រទេសកម្ពុជា នេះមិនមែនកើតឡើងដោយចៃដន្យទេ យើងបានជំនះនៃការលំបាកនេះខ្លាំងណាស់។ ជាភព្វសំណាង មុនពេលដែលកើតឡើងនូវរឿងនេះ យើងបានសន្សំសាច់ប្រាក់ទុកប្រមាណជិត ៤ពាន់លានដុល្លារ។ នេះជាការសន្សំសាច់ប្រាក់ទុក ដែលខ្ញុំព្រះករុណាខ្ញុំធ្លាប់និយាយហើយថា នាយករដ្ឋមន្ត្រីដែលលំបាកជាងជាងគេ គឺជានាយករដ្ឋមន្ត្រីអត់សាច់ប្រាក់។ មានន័យថាម៉េច? អ្នកឯងមានការចុះហត្ថលេខាដើម្បីឱ្យទៅបើកសាច់ប្រាក់ ក៏ប៉ុន្តែរតនាគារអត់សាច់ប្រាក់។ នោះហើយជាការលំបាកបំផុត។ អញ្ចឹង យើងបានចងក្រងរៀបចំ ការប្រមូលសន្សំសំចៃប្រាក់។
ការបម្រុងទុកសាច់ប្រាក់នោះ ខ្ញុំព្រះករុណាខ្ញុំមានគោលដៅដើមគឺចង់ថាត្រឹមតែរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ យើងនឹងអាចប្រើប្រាស់ទុននោះពាក់កណ្ដាល ឬជាងពាក់កណ្ដាល កសាងហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះតែម្ដង ជាពិសេសទាក់នឹងផ្លូវ ស្ពានឆ្លងទន្លេ ស្ពានឆ្លងព្រែក ព្រោះមកដល់ពេលនោះ … ការសន្សំប្រាក់របស់យើងអាចឡើងលើស ៥ ពាន់លានដុល្លារ។ អញ្ចឹង អាចយក ២ ៥០០ លានដុល្លារ ឬ ៣ ០០០ លានដុល្លារដាក់បញ្ចូលទៅក្នុងការកសាងស្ពានឆ្លងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ថែមទៀត ហើយនិងព្រែកតូចៗរបស់យើង ដូចជាស្ទឹងសង្កែ មង្គលបូរី ពោធិ៍សាត់ ស្ទឹងសែន ទន្លេតូច ២ ទៅ ៣ គីឡូ(ម៉ែត្រ) ដាក់ស្ពានមួយ។ គម្រោងរបស់ខ្ញុំព្រះករុណា ខ្ញុំគឺគិតអញ្ចឹង ប៉ុន្តែវាចៃដន្យ កូវីដ-១៩ ចាប់ផ្ដើម។
កូវីដ១៩ ធ្វើអោយមានផលប៉ះពាល់ធ្ងន់ក្នុងវិស័យសេវា
ពេលកូវីដ-១៩ ចាប់ផ្ដើម រោងចក្រមួយចំនួនត្រូវបិទទ្វារ។ ដោយសារអី? ការបញ្ជាទិញពីតំបន់អឺរ៉ុបគឺធ្លាក់ចុះជាមួយនឹងសង្វាក់ផ្គត់ផ្គង់វត្ថុធាតុដើមចូលមកមានភាពយឺតយ៉ាវ។ អ្វីដែលជាផលប៉ះពាល់សម្រាប់យើងធំជាងគេ គឺផលប៉ះពាល់អំពីវិស័យសេវា។ សេវាដែលប៉ះពាល់ធំជាងគេនៅទីនេះគឺសេវាទេសចរ។ យើង(ធ្លាប់បាន)ទទួលទេសចរអន្តរជាតិដល់ទៅជាង ៦លាន ៧សែន នាក់ នៅឆ្នាំ ២០១៩។ ការប៉ះពាល់ផ្នែកទេសចរនេះវាប៉ះពាល់ទូទាំងសកលលោកតែម្ដង។ ប៉ុន្តែយើងជំនះការលំបាក និងប្រយុទ្ធ(លើ)សមរភូមិមួយនេះ។ សង្គ្រាមប្រឆាំងកូវីដ-១៩ នេះមិនមែនជារឿងធម្មដូចជាការបញ្ជាកងទ័ពចេញប្រយុទ្ធដោយការមើលឃើញដោយកម្លាំង របស់បច្ចាមិត្តនោះទេ។ សត្រូវដែលមើលមិនឃើញ កូវីដ-១៩ ឃាតករលាក់មុខ យើងមិនអាចដឹងថាវានៅទីណា ដូច្នេះទាមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារជីវិតរបស់ប្រជាជនយើង។
កម្ពុជាមិនទាន់មានអ្នកជំងឺកូវីដ-១៩ដេកតាមឥដ្ឋការ៉ូ/ចិញ្ចើមផ្លូវទេ
មានពេលមួយខ្ញុំព្រះករុណា ខ្ញុំអាណិតប្រជាជនមិនដឹងថាត្រូវធ្វើយ៉ាងម៉េច។ ប៉ុន្តែពាក្យថាចុះចាញ់គឺគ្មានទេ។ ការបិទខ្ទប់វាមិនមែនជាបញ្ហាងាយស្រួលទេ … ប៉ុន្តែយើងអត់មានជម្រើសឱ្យល្អជាងនេះ។ តម្រូវឱ្យបិទទីក្រុងភ្នំពេញ។ ផ្អាកចូលឆ្នាំ ឆ្នាំ២០២០ ម្ដងហើយ ២០២១ ម្ដងទៀត។ ផ្អាកចូលឆ្នាំ តើដើម្បីអ្វី? គឺដើម្បីការពារជីវិតប្រជាជន។ យប់មួយនៅក្នុងរង្វង់ម៉ោងប្រហែលជា ៩ យប់ ខ្ញុំព្រះករុណា ខ្ញុំបានប្រើប្រាស់ទូរស័ព្ទដើម្បីចេញសារសម្លេង … ថាយើងកំពុងតែស្ថិតនៅមាត់ជ្រោះមរណហើយ។ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងយោគយល់ ឱ្យប្រុងប្រយ័ត្នការពារខ្លួន។ ពេលនោះ ខ្ញុំព្រះករុណា ខ្ញុំក៏បានចេញបញ្ជាឱ្យរៀបចំប៉ាឆាបន្ថែម រៀបចំដីសម្រាប់បញ្ជុះសព រៀបចំក្ដារមឈូស រហូតដល់ក្រុមប្រឆាំងចោទខ្ញុំព្រះករុណា ខ្ញុំថាប្រមាថជីវិតប្រជាជន។ ប៉ុន្តែ សូមក្រឡេកមើល កម្ពុជា … ទោះបីជាប្រទេសក្រ តែយើងអត់ទាន់មានអ្នកជំងឺ(កូវីដ-១៩)ដេកនៅតាមឥដ្ឋការ៉ូទេ ដេកតាមចិញ្ចើមផ្លូវទេ។ អត់មានសាកសពណាមួយដែលមិនបានធ្វើការបូជា ឬគ្មានក្ដារមឈូសទេ។
យើងសោកស្ដាយជីវិតប្រជាជន ៣ ០៥៦ នាក់បានទទួលមរណភាពក្នុងតែប៉ុន្មានខែ ប៉ុន្តែយើងដើរត្រូវ … គឺការចាក់ស្រោចវ៉ាក់សាំងតែម្ដង។ មិនមែនជាដំណើរការធម្មតាទេ។ ពេលនោះយើងត្រូវពឹងពាក់លើខ្លួនឯង ជាមួយនឹង)ការរកប្រភពវ៉ាក់សាំង។
រាជរដ្ឋាភិបាលអត់បណ្ដោយឱ្យប្រជាជនរបស់ខ្លួនស្លាប់ ដោយគ្មានវ៉ាក់សាំង ឬថ្នាំព្យាបាល
ពេលនោះ ប្រហែលជាបងប្អូនរបស់យើងរស់នៅអឺរ៉ុប នៅចងចាំបាន៖
ដំណាក់កាលទី១ ដំណាក់កាលដណ្ដើម គេហៅថា សង្រ្គាមដណ្ដើមម៉ាស។ មិនថានៅអាស៊ី មិនថានៅអឺរ៉ុប មិនថានៅអាមេរិកទេ សង្រ្គាមដណ្ដើមម៉ាសគ្នាតែម្ដង ព្រោះតែខ្វះម៉ាស គ្មានម៉ាសពាក់គ្រប់គ្រាន់។
ដំណាក់កាលទី២ គឺដំណាក់កាលនៃសង្រ្គាមវ៉ាក់សាំង មានលុយហើយ ទិញមិនបានទៀត។ យើងកំណត់ថា វ៉ាក់សាំងជាអាវុធយុទ្ធសាស្រ្ត សម្រាប់ប្រយុទ្ធជាមួយនឹង កូវីដ-១៩នេះ។ យើងបានប្រឹងប្រែងរក។ មកដល់ពេលនេះ ទោះបីថាមិនមានតួលេខក្នុងដៃ ក៏ប៉ុន្តែវាស្ថិតនៅក្នុងខួរក្បាលរបស់ខ្ញុំព្រះករុណាខ្ញុំ ដែលទើបនឹងនិយាយជាមួយនឹងគ្រូពេទ្យ កាលពីថ្ងៃទី ១៧ កន្លងទៅនេះ។ វ៉ាក់សាំងបានមកដល់កម្ពុជាចំនួន ៥២ លានដូស។ យើងបញ្ចេញយកទៅប្រើប្រាស់អស់ ៤២ លានដូស។ ក្នុងនេះ ខ្ញុំព្រះករុណាខ្ញុំ ចង់ចង្អុលបង្ហាញជូនចំពោះបងប្អូនយើងនៅទីនេះថា ក្នុង ៥២ លានដូសដែលមកដល់កម្ពុជា នឹងបញ្ចេញប្រើប្រាស់អស់ ៤២ លានដូស តើមានប្រភពចេញពីណាខ្លះ? ប៉ុន្តែ អ្វីដែលខ្ញុំព្រះករុណាខ្ញុំ ចង់ចង្អុលបង្ហាញ ប្រភពដែលកម្ពុជាខ្លួនឯងទិញមាន ២៨ លាន ៥ សែនដូស គឺលើសពាក់កណ្ដាលនៃចំនួននៃប្រភពចំណូល។
បានសេចក្ដីថា រាជរដ្ឋាភិបាលអត់បណ្ដោយឱ្យប្រជាជនរបស់ខ្លួនស្លាប់ ដោយគ្មានវ៉ាក់សាំង ឬដោយគ្មានថ្នាំព្យាបាលនោះទេ។ ពេលនោះ យើងក៏មានជំនួយពីចិន យើងក៏មានជំនួយពីជប៉ុន យើងក៏មានជំនួយពីអាមេរិក។ សរុបទៅ បណ្ដាប្រទេសនៅអឺរ៉ុប មានអ៊ីតាលី ហុងគ្រី ប៉ូឡូញ ហូឡង់ តិចក្ដីច្រើនក្ដី(ក៏បាន)បញ្ចូនមក អូស្រ្ដាលីក៏បញ្ចូន និងប្រទេសមួយចំនួនត្រៀមបញ្ចូន(វ៉ាក់សាំង)មកទៀត ប៉ុន្តែអ្នកដែលនៅជំពាក់យើងធំៗ គឺនៅសល់ ២ ប្រទេស ដែលគ្រោងផ្ដល់ឱ្យយើង។ យើងក៏ពន្យាសិន ដោយសារយើងនៅនៅសល់ក្នុងឃ្លាំងជិត ១០ លានដូស បើសិនជាយើងសម្រុកយកមកចាក់នៅសល់(ហើយវ៉ាក់សាំងហួសសុពលភាព) បំផ្លាញចោល មិនមែនជារឿងល្អនោះទេ។
ដូសទី ៥ ចាប់ផ្តើមពីថ្ងៃ ៩ មិថុនា … អភិក្រមវ៉ាក់សាំងផ្លារីក បង្កើតភាពស៊ាំសហគមន៍
ខ្ញុំព្រះករុណាខ្ញុំ អនុម័តឱ្យចាក់ដូសទី ៥ ចាប់ពីថ្ងៃទី ០៩ ខែមិថុនា នេះតទៅ។ ខ្ញុំព្រះករុណាខ្ញុំ ត្រឡប់ទៅវិញ ក៏ត្រូវយកឈាមទៅពិនិត្យ ដើម្បីពិនិត្យមើលថា អង់ទីក័រនេះ វានៅសល់ប៉ុណ្ណា។ គ្រូពេទ្យគេសម្រេចចិត្តចាក់ ឬមិនចាក់ គេត្រូវយកឈាមទៅមើលសិន។ មិនចាំបាច់យកឈាមក៏បានដែរ គ្រូពេទ្យគេតែងតែមានការប្រុងប្រយ័ត្នជាមួយនឹងសុខភាពរបស់យើង។ ហើយវ៉ាក់សាំងនេះទៀតសោត (ខ្ញុំចង់និយាយពី)បទពិសោធន៍របស់កម្ពុជា ដែលមិនមែនយើងយកបទសោធន៍នេះទៅបង្រៀននរណាទេ។ ប៉ុន្តែ (យើង)គ្រាន់តែដាក់ចេញជាសំណួរថា ប្រទេសនានាក៏ចាក់វ៉ាក់សាំងដែរ ម៉េចក៏នៅតែឆ្លង(កូវីដ-១៩)? ម៉េចក៏នៅតែស្លាប់ (ដោយកូវីដ-១៩)។ រឿងនេះ ជាការចែករំលែកមួយ ដើម្បីប្រជាពលរដ្ឋរបស់យើងបានជ្រាប អំពីវិធីសាស្រ្តក្នុងដំណើរការចាក់វ៉ាក់សាំង។
មានវ៉ាក់សាំងដូចគ្នា ទទួលបានវ៉ាក់សាំងដូចគ្នា ប៉ុន្តែបើសិនជាការចេញដំណើរមិនត្រូវ អាចនឹងភាពស៊ាំសហគមន៍មិនរឹងមាំទេ។ កម្ពុជាបានចេញដំណើរពីការប្រមូលផ្ដុំចាក់វ៉ាក់សាំងនៅក្រុងភ្នំពេញនិងខេត្តកណ្ដាល ឱ្យជោកជាំសិន ដែលហៅថា អភិក្រមផ្លារីក គឺបានសេចក្ដីថា ចាក់នៅកណ្ដាលទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ឱ្យជោកជាំ បន្ទាប់ទៅ បានយើងពង្រាយវ៉ាក់សាំងចេញក្រៅ។ ហើយចេញក្រៅនេះទៀតសោត ឧទាហរណ៍ថា ទៅកាន់ខេត្តមួយ ថាខេត្តព្រៃវែង បើសិនវ៉ាក់សាំងយើងមិនគ្រប់មួយខេត្ត យើងយកតែប៉ុន្មានស្រុក ដើម្បីចាក់ឱ្យជោគកន្លែងហ្នឹងសិន បានយើងទៅស្រុកដទៃទៀត។ អញ្ចឹងបានជាភាពស៊ាំសហគមន៍របស់យើងរឹងមាំខ្លាំងណាស់ សម្រាប់ការចាក់វ៉ាក់សាំង(ស្រោច)នេះ។
ឯប្រទេសដទៃ គេមិនធ្វើដូចយើងទេ។ គេបានវ៉ាក់សាំងស្នើនឹង ១០ ភាគរយនៃចំនួនប្រជាជន គេបានបែងចែកទៅកាន់ខេត្តនេះ ១០ភាគរយ, ខេត្តនេះ ១០ភាគរយ, ខេត្តនេះ ១០ភាគរយ។ ឥឡូវយើងគួរពិចារណាជាមួយគ្នាមើល តើអាចមានភាពស៊ាំសហគមន៍ចេញមកពីណា បើយើងធ្វើរបៀបនេះ។ ១០០នាក់ មាន ១០នាក់បានចាក់។ អញ្ចឹងចូលទៅប្រជុំ ១០ នាក់ ទ្រាំទ្រជាមួយនឹង ៩០ នាក់ ដែលមិនបានចាក់។ អញ្ចឹងទេ ដំណើរហ្នឹងវាទៅមិនរួច(មិនមានភាពស៊ាំសហគមន៍)។ ដល់ក្រោយមកទៀត បញ្ជូនទៅតំឡើងពី ១០ ភាគរយ ទៅ ២០ភាគរយ, ទៅ ៣០ ភាគរយ, ទៅ ៤០ ភាគរយ ប៉ុន្តែដំណើរទៅ វាអត់ស្មើគ្នា។ វាអត់(ស៊ាំក្នុងសហគមន៍)។ អ្នកមិនបានចាក់ច្រើនជាងអ្នកបានចាក់។ អញ្ចឹងចំណុចនេះហើយ ធ្វើឱ្យប្រសិទ្ធភាពវ៉ាក់សាំងមានស្ថានភាពខុសគ្នា។
ប្រជាពលរដ្ឋចេះការពារខ្លួន … វ៉ាក់សាំងបានជួយការពារសុខភាពប្រជាជនពីជំងឺផ្សេងទៀត
បើទោះបីជា យើង ១៥ ថ្ងៃជាប់គ្នា គ្មានការឆ្លងសូម្បីមួយករណី ផ្អែកតាមការពិនិត្យតាម PCR ប៉ុន្តែយើងក៏នៅតែមានការប្រុងប្រយ័ត្ន។ កាតព្វកិច្ចពាក់ម៉ាសត្រូវបានដកចេញ ប៉ុន្តែប្រជាពលរដ្ឋរបស់យើងបែរជាគាត់យល់ គាត់ចេះការពារខ្លួន។ ចំណុចដែលល្អបំផុតសម្រាប់ប្រទេសយើងនៅពេលនេះ នៅត្រង់អញ្ចេះ។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋរបស់យើងចេះការពារខ្លួនឯងតែម្ដង។ ស្ថានភាពអនាម័យក្នុងចំណោមប្រជាពលរដ្ឋរបស់យើងគឺមាន។ គាត់មានសាប៊ូលាងដៃ គាត់មានអាល់កុល មានជែល គាត់មានម៉ាសពាក់។ ឥឡូវវ៉ាក់សាំងនេះ បានផ្ដល់នូវប្រសិទ្ធភាព។ ក្រុមគ្រូពេទ្យបានផ្ដល់ឱ្យខ្ញុំព្រះករុណាខ្ញុំ បានដឹង ហើយយើងក៏បានឃើញដូចគ្នានៅត្រង់ថា វ៉ាក់សាំងមិនមែនគ្រាន់តែជួយត្រឹមទប់ស្កាត់កូវីដ-១៩ មិនឱ្យឆ្លងកូវីដ-១៩ទេ ប៉ុន្តែវ៉ាក់សាំងបានជួយការពារសុខភាពប្រជាជនពីជំងឺផ្សេងទៀត ដូចជាអ្នកខ្លះមួយឆ្នាំ ផ្ដាសាយ ៣ ទៅ ៤ ដង ឥឡូវវាអត់ផ្ដាសាយ ព្រោះវ៉ាក់សាំងជួយ។
មានវ៉ាក់សាំងមិនទាន់មកដល់ ២០ លានដូស និងទទួលទិញវ៉ាក់សាំងផលិតក្នុងស្រុក
យើងឃើញថាក្នុងស្ថានភាពនេះ វ៉ាក់សាំងនៅតែដើរតួនាទីសំខាន់ ដែលយើងត្រូវតែបន្ត។ អញ្ចឹងបានឥឡូវនេះ បានទទួលរបាយការណ៍ហើយ។ ការយឺតយ៉ាវកន្លងទៅនៃការដែលយើងផលិតវ៉ាក់សាំងក្នុងស្រុក មករៀបចំវេចខ្ចប់វ៉ាក់សាំងក្នុងស្រុក ដោយសារខាងរាជរដ្ឋាភិបាលយើងមិនបានចុះកិច្ចសន្យាទិញ។ អញ្ចឹងគ្នាផលិតអត់កើត។ ម្សិលម្ង៉ៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើការសម្រេចឱ្យចុះហត្ថលេខាដើម្បីទទួលទិញយកវ៉ាក់សាំងហ្នឹង។ ប្រទេសដទៃអាចទិញវ៉ាក់សាំងពីស្រុកយើងចេញមក។ ឯយើងក៏ទិញវ៉ាក់សាំងដែលផលិតនៅស្រុកយើង ចាក់ក្នុងប្រទេសរបស់ខ្លួន។ អញ្ចឹងរឿងវ៉ាក់សាំងមួយ ធានាជូនចំពោះប្រជាពលរដ្ឋរបស់យើង គឺអស់មានខ្វះវ៉ាក់សាំងទេ។ ឥឡូវហ្នឹង គ្រាន់តែនៅសល់ ចិនមិនទាន់ផ្ដល់ឱ្យយើង ១៥ លានដូស អាមេរិកមិនទាន់ផ្ដល់ឱ្យយើង ៥ លានកន្លះ … អាមេរិកឱ្យយើង ៧ លានកន្លះ។ ដឹកទៅដល់(កម្ពុជា) ២ លានដូសហើយ។ ចិនឱ្យ ២០ លានដូស ដឹកមកដល់(កម្ពុជា) ៥ លានដូសហើយ …។
អញ្ចឹងយើងនៅសល់ប្រភពដែលមិនទាន់ផ្គត់ផ្គង់មកដល់ចំនួន ២០ លានដូសទៀត។ នៅប្រទេសដទៃទៀត រាប់ទាំងប្រទេសនៅតំបន់អឺរ៉ុប គ្រាន់តែឥឡូវកំពុងទាក់ទងគ្នាដើម្បីទទួលយកវ៉ាក់សាំង។ អញ្ចឹងបានជាយើងចង់ថា ស្នើខាងមិត្តចិនពន្យាការផ្គត់ផ្គង់(វ៉ាក់សាំង) ដើម្បីយើងយកពីត្រង់ណាមកប្រើសិន ហើយយើងរក្សាទុក ក្រៅពីនោះ យើងក៏រៀបចំការផលិតវ៉ាក់សាំងនៅក្នុងស្រុករបស់យើង។ វ៉ាក់សាំងនៅក្នុងស្រុករបស់យើង យើងមិនដឹងថា តើជំងឺឆ្លងនេះវានឹងបំប្លែងមេរោគជាអីទៀត ដូច្នេះបានជាយើងត្រូវតែត្រៀមបម្រុងទុកនូវយថាហេតុអាក្រក់បំផុត។ បើទោះបីពេលនេះ អ្នកជំងឺនៅសល់តែប៉ុន្មាន ៨ នាក់ទេ។ អ្នកជំងឺសម្រាប់កូវីដ-១៩នេះ នៅសល់ ០៨ នាក់។ ០៤ នាក់នៅទីក្រុងភ្នំពេញ និង ០៤ នាក់នៅឯខេត្តបាត់ដំបង នេះជាស្ថិតិថ្មី។ (អ្នកជំងឺផ្សេងៗទៀត) ដល់សួរទៅ មិនមែនកូវីដ-១៩, អូមីក្រុងទេ គាត់មានជំងឺគួបផ្សំដែលចាំបាច់ត្រូវដេកពេទ្យ។ ប៉ុន្តែនៅក្នុងហ្នឹង ក៏មានអ្នកជំងឺនៅក្នុង ICU មួយដែរ។ ឯក្រៅពីនោះ ជំងឺធម្មតា។
កំពុងដំណើរការកសាងមន្ទីពេទ្យ ព្យាបាលអ្នកជំងឺ កូវីដ១៩
តែយើងមិនត្រូវធ្វេសប្រហែសទេ។ ឥឡូវក៏មានមន្ទីរពេទ្យមួយកំពុងសាងសង់ ដែលមានសមត្ថភាពទទួលមនុស្ស ១ ម៉ឺននាក់។ (យើង)ធ្វើមន្ទីរពេទ្យនេះ(សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩)។ ការប្រយុទ្ធមួយនេះ មិនមែនជាការប្រយុទ្ធសាមញ្ញធម្មតាទេ។ ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ មួយថ្ងៃៗ ឆ្លងរាប់រយ ដល់ពាន់នាក់។ អញ្ចឹងកងទ័ពក៏ត្រូវធ្វើសកម្មភាពចូលដើម្បីធ្វើកន្លែង(ព្យាបាល) យកតាំងពីស្ដាតអូឡាំពិក ធ្វើជាកន្លែងព្យាបាលជំងឺ ដែលត្រូវការប្រកួតស៊ីហ្គេម។ (យើងបានរំដោះស្តាដសំរាប់រៀបចំការប្រកួតស៊ីហ្គេម)ហ្នឹង (ហើយ)ទើបនឹងប្រគល់ឱ្យប៉ុន្មានអាទិត្យមុន។ គ្រាន់តែខេត្តសៀមរាបមួយ ចុះទៅម្ដងប្រើថ្នាំ ៧ លានគ្រាប់។ ថ្ងៃមួយនោះ ដល់ឮសូររដ្ឋមន្រ្តីសុខាភិបាលចុះទៅផ្ទាល់តែម្ដង បិទខ្ទប់រួចហើយ ធ្វើតេស្ដហើយ ចែកថ្នាំឱ្យលេបបណ្ដោយ។ ខ្ញុំថា បើអញ្ចឹង បញ្ជាទិញ ៥០ លានគ្រាប់មកទៀត ធ្វើម៉េចឱ្យតែមានថ្នាំព្យាបាលឱ្យប្រជាជន។
តាមរយៈការចាក់វ៉ាក់សាំងនេះ បង្ហាញពីអ្វីទៅ? វ៉ាក់សាំងនេះ មិនគ្រាន់តែជួយទប់ស្កាត់មិនឱ្យប្រជាជនឈានទៅរកសេចក្ដីស្លាប់(ទេ) ព្រោះអញ្ចេះ។ ចាក់ស្រោចវ៉ាក់សាំងហើយនៅតែឆ្លង។ ប៉ុន្តែប្រៀបធៀបជាមួយនឹងអ្នកអត់បាន(ចាក់)វ៉ាក់សាំង និងប្រៀបធៀបនឹងអ្នកបានទទួលវ៉ាក់សាំងគឺខុសគ្នា។ អ្នកដែលអត់បានចាក់វ៉ាក់សាំង ពេលដែលជំងឺឆ្លង គឺចូលក្នុងស្ថានភាពធ្ងន់តែម្ដង ប្រៀបធៀបជាមួយនឹងអ្នកបានទទួលវ៉ាក់សាំង ពេលដែលជំងឺចូលដល់ក្នុងខ្លួន … ស្ថានភាពវាល្អប្រសើរជាង។
អញ្ចឹងបានជាសុំបងប្អូនទាំងឡាយនៅឯអឺរ៉ុបនេះ នៅទីនេះ សម្បូរវ៉ាក់សាំង អញ្ចឹងគេហៅទៅចាក់ សូមចាក់ទៅ។ ឥឡូវកម្ពុជាបានដើរដល់ដូសទី ៥ ហើយ។ អនុញ្ញាតឱ្យចាក់ដូសទី ៥ នៅថ្ងៃទី ០៩ ខែមិថុនា ចាប់ផ្ដើមចាក់ដូសទី ៥។ រាប់ទាំងខ្ញុំត្រូវចាក់ដូសទី ៥។ ប៉ុន្តែបងប្អូនមួយចំនួន គាត់ឃើញថា ចាក់បាន ២ ដូសហើយ អត់មានឆ្លង អញ្ចឹងគាត់ខ្ជិលរវល់។ ប៉ុន្តែយើងក៏ត្រូវតែខិតខំដើម្បីពន្យល់គាត់ ឱ្យគាត់ទទួល ក្រែងលោគាត់រវល់ការងារ យើងអាចឆ្លៀតទៅចាក់ជូនគាត់។
ការចាក់វ៉ាក់សាំងជោគជ័យ និងមិនប្រកាន់បក្ស និន្នាការនយោបាយ ឬជាតិសាសន៍
ឥឡូវសុំទៅសួរនៅក្នុងប្រទេសកម្ពុជា ដែលមាន ១៧ គណបក្ស ចូលរួមប្រកួតប្រជែងនៃការបោះឆ្នោតនេះ តើអ្នកដែលហែបក្សផ្សេងៗ ក្រៅពីគណបក្សប្រជាជន បានទទួលវ៉ាក់សាំងឬអត់? បើសិនជាអត់ ក៏មានតិចណាស់។ ខ្ញុំគិតថា ពួកគាត់មានវ៉ាក់សាំងគ្រប់គ្រាន់។ អញ្ចឹង វ៉ាក់សាំងនៅទីនេះ អត់មានពណ៌សម្បុរនយោបាយថា អ្នកឯងគាំទ្របក្សនេះបក្សនោះ គឺអត់ទេ, អ្នកឯងជាតិសាសន៍នេះសាសនានោះ គឺអត់ទេ។ នេះជាវ៉ាក់សាំងដ៏ជោគជ័យរបស់យើង។ ជនជាតិបរទេសទាំងអ្នកការទូត ទាំងអ្នកអង្គការសហប្រជាជាតិ ទាំងស្អីៗ ចាក់ដោយមិនយកប្រាក់។
ពេលដែលយើងចាក់ដូសទី១ ដូសទី២ ប្រុងប្រៀបចាក់ដូសទី ៣ បងប្អូនយើងលើកនូវយោបល់មួយចំនួនមកកាន់ខ្ញុំថា រាជរដ្ឋាភិបាលពិតជាជួបការលំបាកក្នុងការចាក់វ៉ាក់សាំង គប្បីឱ្យប្រជាពលរដ្ឋជួយចេញ។ ប្រសិនបើប្រជាពលរដ្ឋក្រីក្រ បើសិនជាចាក់ ចាក់ឱ្យអ្នកក្រីក្រដោយមិនយកប្រាក់ ហើយនៅតាមក្រុមហ៊ុននានា ឱ្យថៅកែក្រុមហ៊ុន ថៅកែរោងចក្រ ជាអ្នកចេញលុយ ទទួលបន្ទុក។ ខ្ញុំព្រះករុណាខ្ញុំ ឆ្លើយតបទៅវិញថា ចាក់ទៅ។ យកលុយប៉ុណ្ណឹង យកមកក៏មិនអាចឱ្យខ្មែរក្លាយជាអ្នកមានបានដែរ ហើយបង្កើតរឿងច្រើនណាស់។ ពេលវេលានេះ ជាពេលវេលាដែលយើងត្រូវជួយប្រជាពលរដ្ឋ មិនមែនជាពេលវេលាត្រូវយកលុយពីប្រជាពលរដ្ឋនោះទេ។
សប្បុរសជនចូលរួមជាង ១០០ លានដុល្លារ … រាជរដ្ឋាភិបាលបញ្ចេញ ៤០ លានដុល្លារអាមេរិក/ខែ
អ្វីដែលជាជោគជ័យបំផុតនៅក្នុងប្រទេសរបស់យើង គឺនៅត្រង់ថា ចលនាចូលរួមគឺធំមហាសាល ទាំងព្រះមហាក្សត្រ ទាំងហ្លួងម៉ែ ទាំងអ្នកឧកញ៉ា។ អ្នកមានប្រាក់ច្រើន អ្នកដែលមានប្រាក់តិច ចូលរួម សរុបជាទឹកប្រាក់ក្នុងដំណាក់កាលកូវីដ-១៩នេះ ជាង ១០០ លានដុល្លារ។ មិនតូចទេ។ ប្រទេសតូច ដែលគ្មានលុយ។ គ្រាន់តែវ៉ាក់សាំងគឺ ៥៧ លាន ទិញមន្ទីរពេទ្យមួយ ១៥ លាន និងថវិកាមកមុន សម្រាប់យើងដោះស្រាយបន្ទាន់។ ខ្ញុំមិនឲ្យពេទ្យយើងចូលប្រយុទ្ធដោយខ្វះប្រដាប់ប្រដាការពារទេ។ ឧបករណ៍ សម្ភារៈពេទ្យ គឺមានគ្រប់ រហូតដល់យើងបញ្ចេញយកទៅជួយដល់មីយ៉ាន់ម៉ា ជួយដល់ឡាវ ជួយដល់នេប៉ាល់ ជួយដល់ Timor-Leste ថែមទៀត។
អ្វីដែលគួរជម្រាបជូនបងប្អូន នៅពេលដែលយើងចាប់ផ្តើមមានបញ្ហា ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋត្រូវធ្លាក់ចុះ។ អញ្ចឹង រាជរដ្ឋាភិបាលត្រូវបញ្ចេញថវិកា ក្នុងមួយខែគឺប្រមាណ ៤០ លានដុល្លារអាមេរិក ដើម្បីចិញ្ចឹមប្រជាជន។ ក្នុងហ្នឹង ប្រជាជនដែលខ្សត់ខ្សោយ ប្រមាណ ៧០ ម៉ឺនគ្រួសារ មនុស្សជិត ៣ លាននាក់ បូកជាមួយនឹងកម្មករដែលបាត់បង់ការងារធ្វើ រាជរដ្ឋាភិបាលត្រូវផ្តល់ឲ្យគេ ៤០ ដុល្លារ ជាមួយនឹងពួកថៅកែបង់ឲ្យគេបាន ៣០ ដុល្លារ។ អញ្ចឹងបាន ៧០ ដុល្លារដែរ ហើយទៅជួយធ្វើការឪពុកម្តាយសិនទៅ។ ហ្នឹងខាងផ្នែកឧស្សាហកម្ម។ ឯខាងផ្នែកទេសចរណ៍ ផលប៉ះពាល់ធ្ងន់ យើងក៏បានជួយឲ្យ ៤០ ដុល្លារ ក្នុងម្នាក់ផងដែរ។
ការចំណាយនេះ គួបផ្សំជាមួយនឹងដំណើរការព្យាបាលការពារជីវិតប្រជាពលរដ្ឋយើងឲ្យខាងតែបាននេះ យើងបានចំណាយសាច់ប្រាក់ដែលខំសន្សំទុកអស់ជាង ២ ០០០ លាន។ ប៉ុន្តែ ធ្វើម៉េចអាហ្នឹងជា Covid-19 ដែលវាស៊ីប្រាក់របស់យើងស្មើនឹងស៊ីស្ពាន ដែលយើងគ្រោងយកទៅធ្វើ … ឥឡូវខានធ្វើស្ពាន។ ប៉ុន្តែ យើងសង់ក្រោយបានធ្វើម៉េចការពារជីវិតប្រជាជនឲ្យបាន។
ទប់ទល់នឹងកូវីដ១៩ មិនអាស្រ័យតែលើបច្ចេកវិទ្យាសុខាភិបាលទេ តែក៏ទាំងការគ្រប់គ្រងចាត់ចែងផងដែរ
ជាប្រទេសក្រីក្រ យើងដឹងពីសមត្ថភាពរបស់យើងយ៉ាងម៉េច។ ការចាប់ផ្តើម យើងឃើញសារព័ត៌មានមួយចំនួន បន្តុះបង្អាប់យើង។ យើងមិនថាទេ គិតថាអ្នកនោះអាចកែតម្រូវអំពីជោគជ័យរបស់កម្ពុជាហើយ។ គេសរសេរតាមរបៀបរបស់គេថា សមត្ថភាពនៃបណ្តាប្រទេសដែលវិស័យសុខាភិបាលទន់ខ្សោយអាចនឹងមានហានិភ័យខ្ពស់។ ប៉ុន្តែ យើងអត់នឹកដល់ថាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ និងមានបច្ចេកវិជ្ជាជឿនលឿនក្លាយទៅជាប្រទេសដែលរងគ្រោះធំជាងគេ។ អញ្ចឹង នៅទីនេះ តើផ្តើមចេញមកពីអី? មិនមែនផ្តើមចេញមកពីបញ្ហាបច្ចេកទេសខ្ពស់នោះទៀតទេ។ បញ្ហាការចាត់ចែង។ មានបងប្អូនយើងមកពីស្រុកបារាំង។ ខ្ញុំចង់មើលតួលេខបារាំងបន្តិច។ ប៉ុន្មានលាន(នាក់)ដែរ(ដែលឆ្លងកូវីដ-១៩)។
យើងមិនមែនចង់ឌឺដងអីឲ្យបារាំងទេ ប៉ុន្តែ គ្រាន់តែចង់ដឹង … យើងត្រូវមានការដកពិសោធន៍ពីគ្នាទៅវិញទៅមក។ បារាំងឆ្លង ២៩ លាននាក់ និយាយលេខគត់ ស្លាប់ ១៤៧ ៧៨០។ អាហ្នឹងមិនទាន់បញ្ចូលតួលេខថ្ងៃនេះទេ។ អាល្លឺម៉ង់ ឆ្លង ២៦ លាន(នាក់) ថ្ងៃហ្នឹងឆ្លង ២៧,៩៦០ ស្លាប់ ៧៦(នាក់)។ ប្រទេសអាមេរិកឆ្លង ៨៤ លាននាក់ ហើយស្លាប់ជាង ១ លាន(នាក់)។ ខ្ញុំព្រះករុណាខ្ញុំ ជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេស Rwanda ដែលជាអគ្គលេខាធិការ Francophonie សួរគាត់ថាតំបន់អាហ្វ្រិកម៉េចបានជាកម្រិតឆ្លងទាប កម្រិតស្លាប់ទាប ហើយសុទ្ធតែជាប្រទេសដែលមានប្រព័ន្ធសុខាភិបាលទន់ខ្សោយដូចកម្ពុជា។ គាត់និយាយមកសមហេតុសមផល។ គាត់ថា ដោយសារតែយើងក្រ សមត្ថភាពយើងវាទន់ខ្សោយ អញ្ចឹងជម្រើសដែលនៅសេសសល់របស់យើង មានតែទៅផ្តល់ការពន្យល់សម្រាប់ប្រជាពលរដ្ឋរបស់យើងចេះការពារខ្លួន។ វិធីសាស្ត្រនេះគឺប្រទេសណាដូចប្រទេសណា។ អ្នកក្រីក្រ អត់មានអីពឹង មានតែវិធីមួយអង្វរករប្រជាពលរដ្ឋឲ្យយោគយល់។ ទន្ទឹមនោះស្វែងរកវិធីសាស្ត្រដើម្បីការពារប្រជាពលរដ្ឋរបស់យើង។
កំណើនសេដ្ឋកិច្ចកើនបាន ៣% នៅចុងឆ្នាំ ២០២១ ក្រោយពេលបើកសេដ្ឋកិច្ចឡើងវិញ
បន្ទាប់ពីការដែលយើងបានដំណើរការស្រួល យើងបើកប្រទេសឡើងវិញ។ ចាប់ពីថ្ងៃ ១ ខែវិច្ឆិកា ឆ្នាំ ២០២១ កំណើនសេដ្ឋកិច្ចបាន ៣% ប្រៀបទៅនឹងការព្យាករណ៍នៅក្នុងខែ ១០ គឺត្រឹមតែ ២,៤% ទេ។ ក៏ប៉ុន្តែនៅពេលដែលយើងបើកសេដ្ឋកិច្ច ២ ខែចុងឆ្នាំ អត្រាកំណើនរបស់យើងកើនដល់ ៣%។ ឆ្នាំ ២០២១ កំណើននៃការនាំចេញមាន ៤៨ ពាន់លាន(ដុល្លារអាមេរិក) ប្រទេសតូចមួយដែលមានទំហំនៃការនាំចេញ ៤៨ ពាន់លាន មិនមែនរឿងតូចទេ។ ក្នុងហ្នឹងនាំទៅអាមេរិក ៧ ៨០០ លាន លេខគត់ នាំទៅជប៉ុន ១ ៧០០ លាន នាំទៅចិន ១១ ១៩៥ លាន ចក្រភពអង់គ្លេស ៧៨៩ លាន។ ១០ ប្រទេសដែលធំៗ ទៅកាណាដា ៩៩៥ លាន ទៅកូរ៉េ ៧៧៤ លាន ទៅអូស្ត្រាលីចំនួន ៣២៥ លាន ឥណ្ឌា ៣០០ លាន ប៉ុន្តែយើងអត់បានគិតវៀតណាមនិងថៃ និងប្រទេសនៅក្នុងប្រទេសអាស៊ានផ្សេងទៀត។ ថៃសរុបថយ ទៅកើននៅវៀតណាមទៅវិញ។ (កម្ពុជា)នាំចេញ(ទៅ)សហភាពអឺរ៉ុប ៣ ២៩៩ លាន។ នាំចូលទៅវិញ ៩០៦ លាន។ សរុបទំហំពាណិជ្ជកម្មជាមួយអឺរ៉ុប ៤ ១៩០ លាន។
EBA មិនមានប៉ះពាល់ដល់លំហូរនាំចេញរបស់កម្ពុជា
រឿង EBA អត់មានខ្មោចអីទេ។ រឿង កូវីដ-១៩ ទើបបញ្ហា។ កំណើនរហូត។ រឿង EBA ចង់ដក ២០ ចង់ដក ៣០ អាហ្នឹងរឿងគេដក ស្រេចតែគេដក។ យើងនាំចេញ ចេះតែនាំចេញមក។ ខ្ញុំចង់ឲ្យសេដ្ឋកិច្ចរបស់យើងរឹងមាំ ព្រោះរឿង EBA គង់តែបាត់ទេ គ្រាន់តែយូរនិងឆាប់តើ។ តែសេដ្ឋកិច្ចយើងដល់កម្រិតណាមួយហើយ គេដកចេញហើយ។ អញ្ចឹង ឥឡូវគេសាកល្បងដក ២០% ប៉ុន្តែកំណើននាំចេញនៅតែកើន។ ធ្វើអីវា។ កាលអង្ករ អង្ករមិនមែនមកពីរឿងជាប់ EBA អីហ្នឹងទេ អង្ករដោយសារអង្ករអេស្ប៉ាញ និងអ៊ីតាលី លក់មិនដាច់ ចាញ់អង្ករខ្មែរ អញ្ចឹងបានដាក់ពន្ធ។ អញ្ចឹង មុនវ៉ៃពន្ធក៏នាំចេញមកបាន ក្រោយវ៉ៃពន្ធក៏នាំចេញមកបាន។ ឥឡូវគេឈប់វ៉ៃពន្ធហើយ នាំចេញមកកាន់តែច្រើន។ ប៉ុន្តែ ដល់ពេលផុតនៃរយៈពេលនៃការបង់ពន្ធនោះ គឺល្បឿននៃការនាំចេញមកកាន់តែខ្លាំង។ អេស្ប៉ាញ និងអ៊ីតាលី គាត់ផលិតអង្ករហ្នឹង ដល់ចឹងគាត់ក៏ដាក់ការគាំពារមួយ តាមរយៈ EU ដាក់ពន្ធលើអង្ករយើង។ ប៉ុន្តែឥឡូវផុតរយៈពេលហ្នឹងហើយ។
វិស័យឧស្សាហកម្ម ផ្នែកកាត់ដេរ និងវាយនភ័ណ្ឌងើបឡើងវិញ
ឥឡូវនេះ វិស័យដែលងើបឡើងវិញគឺឧស្សាហកម្ម ផ្នែកវិស័យកាត់ដេរ និងវាយនភណ្ឌ។ ឥឡូវនេះ មិនត្រឹមតែមិនបិទទ្វារទេ វាថែមទាំងរោងចក្របើកថ្មីផង។ ឥឡូវ តម្រូវការបញ្ជារទិញពីអឺរ៉ុបនិងអាមេរិកកាន់តែខ្លាំង។ រោងចក្រមួយចំនួនបន្ថែមម៉ោងធ្វើការដូចជា ៥០០ រោងចក្រ។ និយាយរួម វិស័យដែលនៅសល់ ផលប៉ះពាល់ ប៉ះទង្គិចធំ គឺនៅសល់តែវិស័យទេសចរណ៍ទេ។ អញ្ចឹងបានជាឥឡូវនេះ យើងក៏ជម្រុញទេសចរណ៍ក្នុងស្រុករបស់យើង។ និយាយរួមខាងផ្នែកវាយនភណ្ឌ អេឡិចត្រូនិច និងសំភារៈអគ្គិសនី សំភារៈសំណង់ រថយន្ត ផលិតផលឱសថ ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត ដែក ទឹកបរិសុទ្ធ ដែកនេះសុទ្ធតែថយ។ សម្រាប់ឆ្នាំ ២០២១/២២ នេះ យើងគ្រាន់តែថាដឹងថា ឆ្នាំ ២០២១ នេះ កំណើននៃការនាំចេញ គឺមាន ៣៣% ក្នុងនោះគឺនាំចេញទៅអាមេរិកកើន ៤៤%។
សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន អាចជាវិបត្តិថ្មីមួយ ធ្ងន់ជាងកូវីដ-១៩
ប៉ុន្តែ ក៏សុំបញ្ជាក់ជូន ជាមួយនឹងការងើបរើបៗ នៃសេដ្ឋកិច្ចសកល រាប់ទាំងសេដ្ឋកិច្ចកម្ពុជារបស់យើង វិបត្តិថ្មីមួយបានទង្គិច។ វាអាចធ្ងន់ជាង កូវីដ-១៩ ទៅទៀត នោះគឺសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ បញ្ហាហ្នឹងអ្នកទាំងអស់គ្នានៅអឺរ៉ុបអាចដឹងហើយ។ បងប្អូននៅអឺរ៉ុបនេះ ប្រសិនបើរុស្ស៊ីកាត់ឧស្ម័នភ្លាម ប្រហែលជាបងប្អូនមិនដឹងទៅជាអីទេ។ ហ្នឹងនិយាយឲ្យពិត។ រាល់ថ្ងៃក្រែងចំអិនអាហារដោយសារឧស្ម័ន កំដៅស្អីៗ។ ប្រសិនជារុស្ស៊ីកាត់ភ្លាម ច្បាស់ជាកាប់អុសមកចំអិនអាហារ។ អឺរ៉ុបអាចប៉ះទង្គិចខ្លាំងជាងអាស៊ីពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ប៉ុន្តែសួរថាអាស៊ីគេចរួចទេ? អាស៊ីគេចមិនរួចទេ។ ព្រឹបភ្លាម ផលប៉ះពាល់របស់វាទៅលើអី? ទៅលើថាមពល។ ទាក់ទងនឹងបញ្ហាប្រេងឥន្ទនៈវាឡើងថ្លៃ។
ឥឡូវសុំបងប្អូនណាមួយប្រាប់ខ្ញុំឲ្យដឹងបន្តិចមើល ខាងបងប្អូននៅប្រទេសបារាំង។ សួរបងប្អូននៅប្រទេសបារាំង។ នៅប្រទេសបារាំងសាំងមួយលីត្រប៉ុន្មានហើយឥឡូវហ្នឹង? បងប្អូនណាអាចនិយាយឲ្យខ្ញុំដឹងមួយលីត្រប៉ុន្មាន? ២ អឺរ៉ូ។ ប៉ុន្តែឥឡូវជុំវិញ ២ អឺរ៉ូ។ បើ ២ អឺរ៉ូ គិតទៅប្រហែលជាជិត ១ ម៉ឺនរៀលស្រុកខ្មែរ។ ឥឡូវបងប្អូននៅស្រុកបារាំង ពួកទូរទស្សន៍ចាប់ឲ្យជាប់ដើម្បីផ្ញើសារជូនទៅក្នុងស្រុកខ្មែរកុំឲ្យគេភូត។ ឥឡូវសុំបងប្អូនដែលមកពីបារាំង តើគាត់និយាយត្រូវអត់? បើនិយាយត្រូវលើកដៃ។ បងប្អូននៅក្នុងប្រទេសកម្ពុជា ដែលកំពុងការផ្សាយបន្តផ្ទាល់ជាង ១០ ទូរទស្សន៍ ក្ដាប់ឲ្យបានច្បាស់ នៅនេះ ២ អឺរ៉ូ។ បើ ២ អឺរ៉ូ ជិត ៣ ដុល្លារ។ នៅប្រទេសរបស់យើង ដែលរដ្ឋមន្ត្រីពាណិជ្ជកម្មគាត់កាន់ សាំងធម្មតាគឺចំនួន ៥,៦០០ រៀល ថ្ងៃ ២១ ដល់ថ្ងៃ ៣១ ខែឧសភា ម៉ាស៊ូតគឺ ៥,៤០០ រៀល។
អញ្ចឹងទេ កុំឲ្យគេភូត។ បងប្អូនខ្មែរនៅក្នុងស្រុកទាំងឡាយ សាំងនៅស្រុកបារាំងឥឡូវនេះ ស្មើនឹង ១ ម៉ឺនរៀលស្រុកខ្មែរ។ យើងថាប៉ុណ្ណឹងទៅចុះ។ ឯខ្មែរអត់ទាន់ដល់ ៦,០០០ រៀលទេ។ អញ្ចឹងនៅថោកជាងប្រទេសបារាំង។ យើងកុំលេងភូតគ្នា។ នៅស្រុកខ្មែរកំពុងតែដេញថ្លៃសាំង។ ម៉េចបានត្រូវដេញថ្លៃសាំង? ឲ្យតែពេលណាឃោសនាបោះឆ្នោត គេដេញថ្លៃសាំង។ បើខ្ញុំឈ្នះ ខ្ញុំនឹងធ្វើប្រេងឲ្យចុះថ្លៃនៅប៉ុណ្ណេះ គេដេញថ្លៃ។ ឆ្នាំ ២០០៣ ខ្ញុំនៅចាំ គេដេញថ្លៃគ្នា។ ដល់រួចហើយមានអី ខាងគណបក្សប្រជាជនបោះឆ្នោតរួចហើយ ទៅដល់ដឹងថាហាងសាំងហ្នឹងធ្លាប់ជួយគណបក្សផ្សេងឃោសនារឿងហ្នឹង អោយនៅសល់ ១៥០០ (រៀល) ពេលហ្នឹងគេចាក់រួចហើយហុចលុយអោយ ១៥០០ (រៀលក្នុងមួយលីត្រ)។ ដល់អញ្ចឹងអ្នកលក់សាំងថាម៉េចបានអោយខ្ញុំតែ ១៥០០ (រៀល) ក្រែងលោកឯងដើរឃោសនាថ្ងៃមុន ថា ១៥០០ (រៀល)។ ស្បថថ្ងៃក្រោយស្បថ។
សង្គ្រាមរុស្សី និងអ៊ុយក្រែន អាចបង្កើតអោយមានវិបត្តិថាមពលនិងស្បៀង
ខ្ញុំសង្ឃឹមថា បងប្អូននៅក្នុងប្រទេសក្ដាប់បានហើយសាំង(នៅ) អឺរ៉ុប។ ថ្ងៃមុនខ្ញុំក៏សួរបញ្ជាក់រឿងហ្នឹងនៅអាមេរិក មួយ Gallon ហ្នឹងថ្លៃប៉ុន្មាន អីប៉ុន្មាន? គិតទៅវានៅថ្លៃជាងស្រុកខ្មែរ។ ប៉ុន្តែ ជាអឺរ៉ុបក្តី នៅអាស៊ីក្តីទោះបីវាខុសត្រូវថ្លៃគ្នាយ៉ាងណាក៏ដោយ នោះហើយគឺផលប៉ះពាល់ដែលចេញមកពីវិបត្តិស្តីពីបញ្ហាសង្គ្រាមរុស្សី និងអ៊ុយក្រែន ដែលយើងមិនចង់អោយមានកើតឡើងទេ។ ប្រសិនបើសង្គ្រាមនេះនៅតែបន្តអូសបន្លាយ វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរណាស់។ យើងត្រូវព្យាករទុកអោយហើយនូវវិបត្តិនេះនៅដល់ណា? ច្បាស់ណាស់នៅពេលនេះទើបនឹងផលប៉ះពាល់ប៉ះទង្គិចលើបញ្ហាថាមពល ហើយជាពិសេសប្រេងសាំងនេះតែម្តង។
បន្តិចទៀតនេះអាចមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើបញ្ហាសន្តិសុខស្បៀង។ ដោយសារអី? ប្រទេសរុស្សី និងប្រទេសអ៊ុយក្រែនគឺជាប្រទេសដែលផលិតស្រូវភោជសាលីនេះធំណាស់ អាចថាជាជង្រុកស្រូវភោជសាលីរបស់ពិភពលោក។ ប៉ុន្តែរុស្សីត្រូវជាប់ទណ្ឌកម្មនាំចេញអត់រួច។ អ៊ុយក្រែនផលិតអត់បាន។ អញ្ចឹងអនាគតស្តីអំពីវិបត្តិស្បៀងអាហារវាកើតឡើងយ៉ាងម៉េច? កម្ពុជាមិនជាកង្វល់ពេកទេ ក៏ប៉ុន្តែវាអាចនឹងធ្វើអោយមានការកើនឡើងនៃថ្លៃស្បៀងអាហារ ដែលអាចមានឥទ្ធិពលទៅដល់គេហៅថា ទាក់ទងនឹងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច ដែលវាមានអតិផរណាខ្ពស់។ តែកាលណាមួយឡើងថ្លៃវាទាក់ទងទៅមួយទៀត ដែលទាមទារអោយមានវិធីសាស្ត្រគ្រប់គ្រងអោយបានត្រឹមត្រូវ។
កម្ពុជាមានអតិរេកស្បៀង៦លាន៦សែនតោន
យើងមានអតិរេកស្បៀង ដែលហៅថាសល់ស្បៀង ៦លាន ៦សែនតោន គិតជាអង្ករជាង ៤លានតោន។ ឥឡូវនេះ កម្ពុជាមិនថាខែណាៗទេ មិនថាប្រាំងមិនថាវស្សា យើងមានស្រូវច្រូតវិលជុំ។ ដោយសារអី? កន្លែងខ្លះយើងអាចធ្វើបាន ៣ដង។ អញ្ចឹងនៅក្នុងប្រទេសកម្ពុជាមានស្រូវថ្មីរហូត។ ទោះបីច្រើនទោះបីតិច រដូវកាលវាមានហើយ បញ្ចប់រដូវវស្សាដល់រដូវប្រាំង ប៉ុន្តែវាមានរដូវដែលនៅចន្លោះនោះដែលគេហៅធ្វើវិលជុំ។ អញ្ចឹងសមត្ថភាពនៃការចិញ្ចឹមប្រជាពលរដ្ឋរបស់យើងនៅតែដោះស្រាយបាន។ ប៉ុន្តែវិបត្តិស្រូវវិបត្តិស្បៀងអាហារ បើកើតឡើងវាក៏វាយប្រហារទៅលើបញ្ហាសេដ្ឋកិច្ចសកល ហើយវានឹងឥទ្ធពលមកដល់យើងដែរ។ យើងមិនចង់ឃើញនូវសង្គ្រាមរុស្សីនិងអ៊ុយក្រែនអូសបន្លាយតទៅទៀតទេ។ ក្នុងនាមអាស៊ាន យើងបានអំពាវនាវអោយមានការឈប់បាញ់។ ថ្ងៃមុននេះដូចជានាយករដ្ឋមន្ត្រីអ៊ីតាលីបានអំពាវនាវអោយមានការឈប់បាញ់ជាបន្ទាន់។ វាជារឿងអកុសល។
IMF រំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២២ មានកំណើន ៥,១% … ឆ្នាំក្រោយមានកំណើន ៦,២%
បើទោះបីយ៉ាងនេះក្តី IMF ទើបនឹងចូលរួមវាយតម្លៃសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ រំពឹងថានឹងមានកំណើន ៥,១% សំរាប់ឆ្នាំនេះ។ ឆ្នាំក្រោយនឹងមានកំណើន ៦,២%។ ប្រសិនបើបានដូច្នេះមែនវាការល្អសម្រាប់យើង។ ពិតមែនហើយគឺសុំជម្រាបជូនថា បន្ទាប់ពីការបើកសេដ្ឋកិច្ចឡើងវិញគ្រប់យ៉ាងគឺដំណើរការទៅល្អណាស់ លើកលែងតែបញ្ហាទេសចរណ៍ពីក្រៅប្រទេសទេ។ ទេសចរណ៍ក្នុងស្រុកគឺល្អ ហើយក៏កុំមើលស្រាលទេសចរណ៍ក្នុងស្រុកនេះចាយលុយអាក្រក់អាក្រីណាស់។ គ្រាន់តែមួយចូលឆ្នាំខ្មែររហូតមកដល់ពេលនេះ ទេសចរក្នុងស្រុកមានប្រមាណជាង ៧លាននាក់ ដែលដើរលេង។ គ្រាន់តែរៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺមានជាង ៣០ម៉ឺននាក់ដើរលេង … ទេសចរតាមជនបទ ជាពេលវេលាល្អអោយប្រជាពលរដ្ឋយើងដើរលេងក្នុងស្រុកស្គាល់ប្រទេសខ្លួនឯង ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលបានកសាងដល់ជនបទមានផ្លូវចាក់កៅស៊ូ ធ្វើអោយពួកគាត់ធ្វើដំណើរបាន។
កត្តា ៤ ក្នុងសន្តិភាព ធ្វើអោយពលរដ្ឋកម្ពុជាធ្វើទស្សនាចរបាន
ជាមួយនឹងអ្វីដែលខ្ញុំយកមករៀបរាប់ ទី១៖ សន្តិសុខល្អ អត់មានសង្គ្រាម។ អញ្ចឹងពួកគាត់អត់មានការភ័យខ្លាច។ កត្តាទី១ ដែលគាត់អាចដើរលែងបានគឺកត្តាសន្តិភាព។ ឥឡូវអ្នកទាំងអស់គ្នា មានអ្នកណាមួយហ៊ាន ទៅធ្វើទេសចរនៅក្នុងប្រទេសអ៊ុយក្រែន។ អ្នកឯងត្រូវច្បាស់ពីកន្លែងហ្នឹង។ បន្តិចទៀតខ្ញុំនឹងពន្យល់អត្ថន័យខ្លះ។ តើអ្វីទៅដែលជាផលប្រយោជន៍ដែលចេញពីសន្តិភាព។ ខ្ញុំនឹងនិយាយកន្លែងហ្នឹងបន្តិច។ ហេតុអីបានលោក ហ៊ុន សែន ចូលចិត្តនិយាយពីស្អីឡើងសន្តិភាពៗ។ ខ្ញុំគិតថា ឯណាលោកបណ្ឌិត រ័ត្ន សណ្ដាប់ ចាំថ្ងៃក្រោយសិក្សាបន្ថែមស្អីខ្លះដែលជាផលដែលទទួលបានចេញពីសន្តិភាព។ ព្រោះ មិនមែននៅត្រឹមតែអរគុណសន្តិភាពហ្នឹងមួយមុខទេ។ ផលស្អីខ្លះដែលចេញជាការជាក់ស្តែងដើម្បីចង្អុលបង្ហាញថា ហេតុអីបានលោក ហ៊ុន សែន ចូលចិត្តនិយាយអីជាសន្តិភាព។
ឥឡូវ កុំថាឡើយទៅទស្សនកិច្ច ទៅទេសចរនៅអ៊ុយក្រែន។ (មានប្រទេសខ្លះ)គេរត់ចោលអ៊ុយក្រែន ទើបត្រឡប់ទៅវិញតើ។ ទូតប្រទេសនានាដកចេញពីអ៊ុយក្រែនអស់។ ចេញពីក្រុង Kyiv អស់ហើយតើ? អង្គុយចុះលោកបណ្ឌិត។ យើងត្រូវការជួបគ្នាទៀត។ ខ្ញុំត្រូវការអោយគាត់សិក្សា ព្រោះ(គាត់)ជំនាញខាងអារ្យធម៌ខ្មែរ។យើងក៏ត្រូវតែអោយអ្នកជំនាញគេសិក្សាបន្ថែមទៀត។ កត្តាទី១ សន្តិភាពផ្តល់ឱកាសអោយគាត់ដើរលែង។ ទី២ ហេដ្ឋារចនាសម័្ពន្ធល្អគាត់អាចដើរលេងបាន។ ទី៣ មធ្យោបាយធ្វើដំណើរ គាត់មានម៉ូតូផ្ទាល់ខ្លួន គាត់មានឡានផ្ទាល់ខ្លួន ឬក៏ឡានតាក់ស៊ី ឬក៏ឡានឈ្នួល។
ទី៤ គាត់មានប្រាក់ចំណូល ទើបគាត់ដើរលេងបាន វាមិនដែលអ្នកណាដើរលេងអត់លុយទេ។ ខ្លះទៅដោយសារគេបាន គេថាតាមស៊ី តាមផឹកបាន។ ជាកត្តាទាំង៤ នេះដែលធ្វើអោយទេសចរណ៍ក្នុងស្រុករបស់យើងនេះរស់រវើក។ ផលហ្នឹងបានទៅដល់ជនបទ គាត់លក់ដូរ លក់មាន់។ គាត់មានផ្ទះសំណាក់ ព្រោះយើងផ្តល់ឱកាសអោយប្រជាពលរដ្ឋរបស់យើង។ ជួនកាល គាត់មាន ៣ បន្ទប់អីអញ្ចឹងទៅ គាត់សម្រាកមួយបន្ទប់ គាត់ជួលអោយភ្ញៀវ ២បន្ទប់។ បានលុយបាត់។ បានលុយបានកាក់នៅមូលដ្ឋាន។
សហគមន៍ព្រៃឈើនៅតាមមូលដ្ឋានដែលគេអភិរក្សតាមរយៈក្រសួងបរិស្ថាន … ទទួលបានផលពីសភាពការណ៍ហ្នឹងទៀត។ អញ្ចឹងដូរពីការកាប់អុស ការបាញ់សត្វ ស្អីៗ សកម្មភាពដុតព្រៃស្អីៗហ្នឹង បានថយ។ គាត់ទុកសភាពហ្នឹងដើម្បីទាក់ទាញទេសចរ។ គេហៅថាព្រួញមួយបាញ់បានច្រើនទិស។ យកវិស័យទេសចរហ្នឹងមួយ អោយឈប់បាញ់សត្វ ឈប់ដាក់អន្ទាក់ ឈប់កាប់ឈើ ដើម្បីគាត់យកជាប្រភពទាក់ទាញទេសចរទៅកម្សាន្តនៅកន្លែងគាត់។
សូមបក្សនយោបាយនិងអ្នកគាំទ្រ យកគោលនយោបាយទៅប្រកួតប្រជែងគ្នា ជាជាងជេរគ្នា
ឥឡូវនេះ យើងបន្តការខិតខំជាមួយនឹងការប្រឹងប្រែងទាំងឡាយ ដែលយើងបាននឹងកំពុងមាន … ខ្ញុំបានទទួលដំណឹងរីករាយ។ ខ្ញុំចេញមកពីភ្នំពេញម៉ោង ១យប់។ យើងហោះមុនកន្លះម៉ោងផង ប៉ុន្តែមកដល់នៅតែយឺត។ ព្រលឹមឡើងម្សិលមិញ បណ្តាគណបក្សនយោបាយសុទ្ធតែធ្វើយុទ្ធនាការបោះឆ្នោត … ដំណើរការដោយសន្តិវិធី។ នោះហើយគឺជាផ្នែកដែលយើងបោះឆ្នោតជាទៀងទាត់ ដោយមិនចាំអ្នកណាប្រដៅយើងទេ។ ច្បាប់បានកំណត់អញ្ចឹង។ តែរឿងអ្នកណាបោះឆ្នោតអោយអ្នកណា ហ្នឹងគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ខ្ញុំក៏ចង់ឈ្នះដែរ ក៏ប៉ុន្តែឈ្នះយ៉ាងណាក៏ដោយ សុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង រក្សានូវភាពថ្លៃថ្នូរ កុំធ្វើអ្វីដែលមានចរិតហិង្សា ឬការគំរាមគំហែងអោយសោះ។ ប្រទេសរបស់យើងវាលំបាកពេកហើយ ល្មមប៉ុណ្ណឹងបានហើយ យកគោលនយោបាយទៅធ្វើការប្រកួតប្រជែងគ្នាជាជាងជេរគ្នា។
ដំណាលល្បើក ខន្តីញោម
ខ្ញុំក៏ចេះជេរដែរ។ សាកល្បងមើលជេរដូចរន្ទះបាញ់អញ្ចឹង។ តែបើរឿងដែលខ្ញុំត្រូវជេរអាហ្នឹងវាជារឿងផ្សេង។ ចុះបើវាយជាមួយខ្មែរក្រហម បើមិនចេះជេរខ្មែរក្រហមវាយខ្មែរក្រហមយ៉ាងម៉េចកើត។ ព្រះតេជគុណស្គាល់ឬនូវ ញោមខន្តី? ហ្នឹងគ្រាន់តែខ្ញុំព្រះករុណា ខ្ញុំនិយាយនេះមិនមែនទៅគំរាមអ្នកណាទេ ប៉ុន្តែវាមានរឿងអញ្ចឹង … ព្រះសង្ឃនិមន្តបិណ្ឌបាត។ ដល់ឃើញស្ត្រីពីរនាក់ដេញវាយគ្នា អ្នកមាឌធំដេញវាយអ្នកមាឌតូច។ ដល់អ្នកមាឌតូចឃើញព្រះសង្ឃ(និមន្ត)មក (ក៏)រត់មកខាងក្រោយព្រះសង្ឃ។ អ្នកមាឌធំចេះតែរកវាយរកគប់។ គប់ចុះគប់ឡើង ដំបូង(ព្រះសង្ឃដាស់តឿនថា)ខន្តីញោមៗ។ ដល់ទៅគប់ត្រូវព្រះកេសលោក លោកថាម៉េច? មើលញោមជួយកាន់បាតអោយអាត្មា អាត្មាវាយមីហ្នឹងម្តង។ លោកបាត់ខន្តីអស់ហើយ។ អាហ្នឹងបានថា បើសិនជាឃើញគេមិនមាត់មិនកហើយ គេហាមឃាត់ហើយអោយវាល្មមទៅ គួរកុំបំពានថែម។ បើបំពានថែម មិនត្រឹមតែមិនត្រូវជាមួយនឹងស្ត្រីនៅក្រោយខ្នងទេ ត្រូវព្រះកេសលោកបណ្តោយ។
លោកបាត់ខន្តីញោមហើយ ញោមជួយកាន់បាតអាត្មា អាត្មាវាយមីហ្នឹង។ ដោយក្របខ័ណ្ឌសេរីភាពរបស់យើងវាត្រូវមានព្រំដែនជាមួយនឹងសេរីភាពរបស់អ្នកដទៃ វាមិនអាចទៅហួសពីហ្នឹងទេ … ឥឡូវអញ្ចេះ ដែលខ្ញុំព្រះករុណាខ្ញុំឃើញដូចចង់សើចដែរ។ ឥឡូវទូរទស្សន៍បង្កើតស្រួល។ ទូរស័ព្ទមួយបានទូរទស្សន៍។ បើស្រួលអញ្ចឹងមិនចាំបាច់បង្កើតមកមានទូរទស្សន៍អីទេ បង្កើតអោយតែមានទូរស័ព្ទមួយទៅជាទូរទស្សន៍មួយហ្នឹងគេដែរ ចេះតែធ្វើទៅរួច អើ! បើគេធ្វើបានអោយគេធ្វើទៅអាហ្នឹង សេរីភាពរបស់គេធ្វើ។ ប៉ុន្តែថា ពាក្យដែលថាទូរទស្សន៍វាយ៉ាងម៉េច?
អ្វីដែលបានកើតនិងកំពុងកើតកើតលើទឹកដីកម្ពុជា បន្ទាប់ពីរយៈពេល ២៤ ឆ្នាំនៃសន្តិភាព
ឥឡូវខ្ញុំព្រះករុណាខ្ញុំចង់និយាយបន្តិចថា … ហេតុអីបានជាលោក ហ៊ុន សែន ចូលចិត្តនិយាយរឿងសន្តិភាព។ ខ្ញុំព្រះករុណាខ្ញុំគ្រាន់តែលើកជាចំណុចខ្លះៗ ដោយមិនគ្របដណ្តប់ទិដ្ឋភាពទាំងអស់ទេ ដើម្បីយើងអាចដឹងទាំងអស់គ្នា។ យើងសម្លឹងមើលទៅលើអ្វីដែលបានកើតនិងកំពុងកើត បន្ទាប់ពីរយៈពេល ២៤ឆ្នាំ នៃសន្តិភាពដែលបានកើតលើទឹកដីកម្ពុជា។ តើអ្វីខ្លះ?
ទី១ មិនមានមនុស្សស្លាប់និងរបួសដោយសារការប្រយុទ្ធ។ ២៤ ឆ្នាំ នេះអត់មានមនុស្សស្លាប់ដោយសារការប្រយុទ្ធ មនុស្សរបួសពិការដោយសារការប្រយុទ្ធទេ។ ប្រសិនបើសង្គ្រាមបន្តរយៈពេល ២៤ឆ្នាំ ពីឆ្នាំ ១៩៩៨ ដល់ឥឡូវ សួរថាតើពលរដ្ឋកម្ពុជាប៉ុន្មាននាក់ទៀតទៅដែលស្លាប់? គួរដាក់ចេញជាសំណួរនេះ។ តើគួរអោយខ្ញុំនិយាយទេ? អ្នកខ្លះដល់ឥឡូវនេះ ដល់ម៉ោងនេះអត់ទាន់ហ៊ាន ខ្លាចថានិយាយទៅវាប៉ះចំ លោក ហ៊ុន សែន (អត់ហ៊ាន) តែទៅនិយាយពីសិទ្ធិមនុស្ស ប្រជាធិតេយ្យ។ អត់ហ៊ាននិយាយមួយម៉ាត់អំពីសន្តិភាព ហើយកោតធ្វើជាមនុស្សទៅកើត។ យើងទទួលស្គាល់ទៅ។
ប៉ុន្តែសួរប្រភពវាចាប់ផ្ដើមពេលណា? ឥឡូវទៅសួរ អ៊ុយក្រែន មើលគាត់អនុវត្តដំណើរការប្រជាធិបតេយ្យបានទេនៅពេលនេះ? បោះឆ្នោតបានទេ? បើគាត់កំពុងមានសង្គ្រាម ហើយមិនត្រឹមតែមានសង្គ្រាមនៅក្នុងប្រទេសទេ ប្រជាពលរដ្ឋដែលចូលមកក្នុងអឺរ៉ុបប្រមាណជា ៥លាននាក់ឡើងទៅហើយ។ អ្នកឯងធ្វើបានទេ។ អញ្ចឹងយើងពិនិត្យមើលចំណុចនេះអោយច្បាស់។ យើងអត់មានអ្នកស្លាប់និងរបួស ក្នុងរយៈពេល ២៤ឆ្នាំ នេះ ព្រោះវាអត់មានការវាយគ្នា។
ទី២ យើងអត់មានជនពិការដោយសារសង្គ្រាមទេ។ មុនឆ្នាំ ១៩៩៨ មានប៉ុន្មានគឺនៅប៉ុណ្ណឹង អ្នកដែលពិការដោយសារគ្រោះថ្នាក់ចរាចរណ៍យើងមិនរាប់ចូលទេ តែខ្ញុំចង់និយាយតែបញ្ហាសង្រ្គាម។ គ្រាន់តែក្នុងសង្រ្គាម ដែលមានមុនឆ្នាំ ១៩៩៨ មុននយោបាយឈ្នះឈ្នះដែលយើងបញ្ចប់សង្រ្គាម វាច្រើនណាស់ទៅហើយៗប្រសិនបើពន្យារពេល ២៤ ឆ្នាំទៀត តើវានឹងមានប៉ុន្មានទៀត?
ទី ៣ យើងមិនមានក្មេងកំព្រា និងស្រីមេម៉ាយដោយសារសង្រ្គាមទេ។ ចុះបើអត់មានមនុស្សស្លាប់។ កាលណាស្លាប់តែម្នាក់ តើបង្កើតការឈឺចាប់ឲ្យអ្នកណា? បើសិនជាពលទាហាន គឺគាត់មានប្រពន្ធ មានកូន អញ្ចឹងវាកើតជាស្រីមេម៉ាយ ក្មេងកំព្រា ហើយប្រសិនបើជាមិនទាន់មានប្រពន្ធកូន គេមានឪពុកម្ដាយ បង្កើតការឈឺចាប់ដល់ឪពុកម្ដាយ។
ទី ៤ តើយើងមានដែលឃើញប្រជាជនយើងភៀសសឹកនៅលើទឹកដីខ្លួនឯងឬទេ ក្នុងរយៈពេល ២៤ ឆ្នាំនេះ? នៃការគ្រប់គ្រងក្នុងអំណាចរបស់ខ្ញុំ និយាយអញ្ចឹងតែម្ដង តើមានទេ? ខ្ញុំគិតថាមាន អ្នកភៀសខ្លួន តែភៀសខ្លួន ដែលយើងស្រង់ចេញពីកន្លែងទឹកជំនន់។ យើងទៅជួយយកដាក់ទីទួលសុវត្ថិភាព។ តែបើរឿងភៀសខ្លួនដោយសារសង្រ្គាមដូចជានៅអ៊ុយក្រែន សម័យយើងជំនាន់សង្រ្គាម ១៩៧០-១៩៧៥ សម័យសង្រ្គាមក្រោយមកទៀតមុនឆ្នាំ ១៩៧៨ គេហៅភៀសខ្លួនលើទឹកដីខ្លួនឯង ជនភៀសសឹក។ តែ ២៤ ឆ្នាំនេះគឺអត់មានទេ។
ចំណុចទី ៥ ក្នុងរយៈកាល ២៤ ឆ្នាំនេះ មិនមានការផ្ដាច់ផ្លូវ ផ្ដាច់ស្ពាន ឆេះសាលារៀន ឆេះមន្ទីរពេទ្យ ឆេះវត្តអារាមដូចកាលពីសម័យសង្រ្គាមទៀតទេ។ សម័យសង្រ្គាមព្រឹបឡើង គឺថាផ្ដាច់ស្ពាន ផ្ដាច់ផ្លូវ ដុតសាលារៀន ដុតមន្ទីរពេទ្យ ដុតវត្តអារាម។
ចំណុចទី ៦ អវត្តមាននៃសង្រ្គាមបានបង្កើតឲ្យយើងរៀបចំដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ គ្រាប់កាំភ្លើងវាមិនដែលស្គាល់សិទ្ធិមនុស្សទេ កុំឆ្ងល់ តែគេត្រូវការបាញ់ គឺបាញ់ហើយ។ មិនថាភាគីណា ភាគីណាទេ តែពេលណាត្រូវបាញ់គ្នា គឺបាញ់ហើយ គេអត់ស្គាល់ថាអានោះសិទ្ធិមនុស្សអីទេ។ ប៉ុន្តែ រយៈពេល ២៤ ឆ្នាំនេះ យើងគ្មានទិដ្ឋភាពបែបនេះ។ យើងបានរៀបចំការបោះឆ្នោតជាទៀងទាត់។ ការបោះឆ្នោតនេះមិនមែនទើបតែនឹង ២៤ ឆ្នាំនេះទេ ប៉ុន្តែវាតតំណតាំងពី ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់ តាមកិច្ចព្រមព្រៀងប៉ារីស។ តាមរយៈនេះ ខ្ញុំគ្រាន់តែរៀបឲ្យលោកបណ្ឌិត រ័ត្ន សណ្ដាប់ បន្ថែមទៅ រកមើលឃើញអីទៀត។ ខ្ញុំគ្រាន់តែចង្អុលបង្ហាញប៉ុណ្ណឹងទេ …។
វត្តមានសន្តិភាពជំនួសសង្គ្រាម ផ្ដល់ឱកាសអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រ
ប៉ុន្តែ ក្រៅពីមហន្តរាយដែលខ្ញុំបានលើកប៉ុន្មាននេះ តើវាបង្កើតស្អី? វត្តមាននៃសន្តិភាពជំនួសឲ្យសង្រ្គាមនេះ វាបានផ្ដល់ឱកាសឲ្យយើងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ។ យើងពិនិត្យមើល ក្រោយរបប ប៉ុល ពត ប្រជាជនយើងមានត្រឹមតែជុំវិញ ៥ លាននាក់ប៉ុណ្ណឹង ឥឡូវ ១៧ លាននាក់ កើតច្រើននោះច្រើន។ តែខ្ញុំអត់បន្ទោសអ្នកណាទេ ព្រោះខ្ញុំអ្នកនាំអាទិ៍ ព្រោះខ្ញុំ ៤ ឆ្នាំ កើតបានកូន ៤ នាក់ ១៣ ខែកូនមួយៗ។ ចូលមកដល់ភ្នំពេញដំបូង ជួបជាមួយនឹងកូនប្រុសរាល់ថ្ងៃ អានោះគេហៅតែ ពូៗ។ មានកូន ប៉ុន្តែរលូតកូនមួយ។ រួចហើយអត់ឃើញមានកូនទៀត គិតថាដាច់ពូជហើយ។ ប៉ុន្តែ ដល់តែចាប់ផ្ដើមមាន ១៩៨០ កើតមួយ ១៩៨១ កើតមួយ ១៩៨២ កើតមួយ ១៩៨៣ កើតមួយ ឥឡូវចៅ ២២ នាក់។ ខ្ញុំអាចនិយាយបានថា ជាមេដឹកនាំម្នាក់ក្នុងចំណោមអ្នកដែលមានចៅច្រើនជាងគេលើពិភពលោក ក្នុងករណីមានប្រពន្ធតែមួយដូចគ្នា។ តែបើអ្នកប្រពន្ធច្រើន អាហ្នឹងខ្ញុំមិនប្រណាំងជាមួយទេ ប៉ុន្តែមានប្រពន្ធតែមួយដូចគ្នា មានចៅច្រើន គឺខ្ញុំហ៊ាន។ អ្នកខ្លះមានប្រពន្ធ ៤ ឬ ៥ អី ឲ្យខ្ញុំទៅប្រណាំងមានចៅច្រើនដូចគេម៉េច? អ្នកនោះគេមានចៅច្រើន។
កសិកម្មដំណើរការធម្មតា ឧស្សាហកម្មបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស
ការអភិវឌ្ឍរបស់យើងត្រូវបន្ត។ យើងមានគោលដៅគ្រប់គ្រាន់។ ឥឡូវនេះកំពុងតែបន្ត ដើម្បីរៀបចំយ៉ាងម៉េចដំណើរការរៀនរស់នៅជាមួយកូវីដ-១៩។ កសិកម្មក៏ដំណើរការធម្មតា។ ឧស្សាហកម្មឲ្យដំណើរការបន្ត ជាមួយនឹងការទាក់ទាញនូវការវិនិយោគផ្ទាល់ពីបរទេសចូលមកទៀត ហើយដែលនាំឆ្ពោះទៅរកឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់។ គោលនយោបាយអំពីការផលិតស្រូវ និងការនាំចេញអង្កររបស់យើង មិនទាន់បោះបង់ចោលទេ នៅតែកំពុងបន្ត។ ប៉ុន្តែ អ្វីដែលយើងធ្វើមិនបាន ខ្ញុំគួរតែនិយាយឲ្យបានច្បាស់កន្លែងហ្នឹងបន្តិច។ កម្ពុជាស្ថិតក្នុងស្ថានភាពមានមាសខ្វះក្រដាសខ្ចប់។ នៅពេលដែលយើងដាក់ចេញគោលនយោបាយនេះ ផលិតកម្មស្រូវរបស់យើងដើរលឿនជាងយើងវិនិយោគសម្រាប់កែច្នៃ។
ឥឡូវយើងសល់ស្រូវទៅដល់ជាង ៦ លាន ៦ សែនតោន ឆ្នាំនេះ ក្នុងពេលដែលយើងមានសមត្ថភាពនាំចេញមិនដល់ ១ លានតោនផង។ អញ្ចឹងស្រូវរបស់យើងត្រូវលក់ទៅឲ្យប្រទេសជិតខាង ដែលបាត់បង់នូវតម្លៃបន្ថែមបានមកពីការកែច្នៃនិងការដោះស្រាយការងារធ្វើនៅក្នុងស្រុក។ ហ្នឹងដែលគេថា មានមាសខ្វះក្រដាសខ្ចប់។ កសិករផលិតបាន ក៏ប៉ុន្តែបែរជាយើង(អត់មានលទ្ធភាពកែច្នៃ)។ យើងក៏កំពុងចាប់ផ្ដើមចូលទៅក្នុងក្របខណ្ឌនៃការប្រកួតប្រជែង។ ថៃក៏មានស្រូវអង្ករនាំចេញច្រើន វៀតណាមក៏នាំចេញច្រើន ឥណ្ឌាក៏នាំចេញច្រើន ហើយយើងក៏ជាផ្នែកមួយនៅក្នុងប្រទេសដែលនាំចេញអង្ករ។ អង្កររបស់យើងដូចជា(នាំចេញ)ទៅ ៦០ ប្រទេសជាងឯណោះ។
អ្នកដែលស៊ីអង្ករខ្មែរច្រើន គឺប្រទេសប៉ូឡូញ និងបារាំង។ មើលបងប្អូនខ្មែរយើងមានដែលទិញប៉ះអង្ករខ្មែរឬទេ? ខ្មែរមិនអន់ប៉ុន្មានទេ ហើយជាប់លេខ ១ ដូចជា ៤ ដង។ ហើយអង្ករហ្នឹងមិនមែនទៅលួចពូជគេ អត់បានទេ បណ្ដុះបង្កាត់ខ្លួនឯង ដើម្បីបានអង្ករឆ្ងាញ់។ កុំជឿខ្ញុំពេក ចាប់ទូរស័ព្ទសួរទៅប្រជាជននៅក្នុងស្រុក បងប្អូននៅក្នុងស្រុក សួរទៅ ទើបដឹងវាយ៉ាងម៉េច? ព្រោះបើសិនជឿខ្ញុំ ថាខ្ញុំឃោសនា។ សម័យនេះ ជាសម័យ IT វីដេអូ call មើលឃើញគ្នាតើ។
គណៈកម្មការព្រំដែនកម្ពុជា/វៀតណាម ព្រមព្រៀងលើ ៦% បន្ថែមលើ ៨៤% ដែលបានបោះបង្គោលហើយ
រួចហើយ ឧទាហរណ៍ បើគេនិយាយពីរឿងបាត់ដី មួយថ្ងៃៗលក់ដីឲ្យវៀតណាមប៉ុន្មានអីប៉ុន្មាន ឲ្យគាត់ទៅទល់ដែនទៅ ហើយឲ្យគាត់បញ្ចាំងវីដេអូខលឲ្យយើងមើលបានតើ។ មានស្អី។ ធ្វើទាំង live Facebook ចេញពីទល់ដែនហ្នឹងមក។ ដីត្រង់ណាទល់ដែន ត្រង់ណាមិនទល់ដែន? អញ្ចេះ ពាក្យខ្មែរថា «ដេញទាន់ កុំជាន់កែង» ប៉ុន្តែខ្មែរយើងនេះ បើមិនជាន់កែងខ្មែរខ្លះ មិនរាងតែម្ដង។ ថ្ងៃមុននិយាយជាមួយបងប្អូនខ្មែរនៅអាមេរិក ព្រោះពេលហ្នឹងជួបនាយករដ្ឋមន្រ្តីវៀតណាមនៅវ៉ាស៊ីងតោន។ យើងបានបោះបង្គោលទល់ដែនបាន ៨៤% នៅសល់ ១៦% ទៀត ប៉ុន្តែថ្មីនេះ គណៈកម្មការព្រំដែននៃប្រទេសទាំងពីរបានព្រមព្រៀងលើ ៦% ប្រជុំរួចហើយ ខាងវៀតណាមគេសុំយោបល់ខាងវៀតណាម ខាងកម្ពុជាគេសុំយោបល់ខាងកម្ពុជា។ ឯកម្ពុជាវាងាយទេ ដោយសារ … ខ្ញុំជាប្រធានអាជ្ញាធរព្រំដែនតែម្ដង។ យើងបានឯកភាពគ្នា ៦% ទៀត ហើយខ្ញុំ៏អញ្ជើញនាយករដ្ឋមន្រ្តីវៀតណាមមកទស្សនកិច្ច អាចនឹងចុះហត្ថលេខាលើ ៦% ហ្នឹងទៀត។ ប៉ុន្តែ បងប្អូនសួរមើល បើគង់តែឲ្យដីគេដដែល ទៅចរចាធ្វើអន់អី? យកម្ដងប៉ុន្មានភាគរយៗ ម៉េចមិនឲ្យគេតែម្ដងទៅ។ គេទារត្រឹមណាឲ្យគេប៉ុណ្ណឹងទៅ ចាំបាច់ទៅចរចាធ្វើខ្មោចស្អីទៀត? ស្ដាយលោកបង សៀន ប៉េងសែ គាត់មរណកាលទៅ។ បើសិនគាត់នៅ គាត់គ្រាន់នឹងស្រែក។
និយាយឲ្យយុត្តិធម៌ទៅមើល បើគង់តែថាយើងចំណុះគេ គេទារប៉ុន្មានឲ្យគេប៉ុណ្ណឹងទៅ វាចប់រឿងហើយ ចាំបាច់មួយតឹកមួយផឹងៗ។ តាំងពីជំនាន់ប្រធានាធិបតី (François) Hollande កម្ពុជា និងវៀតណាម បានឯកភាពគ្នាស្នើសុំអ្នកជំនាញការបារាំងឲ្យទៅជួយផ្ទេរផែនទី ពីផែនទីបោនខ្នាត 1/100,000 មកផែនទី UTM ខ្នាត 1/50,000 ដើម្បីឲ្យវាច្បាស់លាស់ស្រណុកបោះបង្គោល។ ខ្ញុំគ្មានសិទ្ធិយកដីខ្មែរសូម្បី ១ មីល្លីម៉ែត្រ ដើម្បីឲ្យប្រទេសណាទេ។ បើដីក្នុងស្រុកខ្មែរជាដីចម្ការរបស់ខ្ញុំ ដីភូមិរបស់ខ្ញុំៗអាចកាត់ឲ្យបាន ព្រោះអាហ្នឹងជាកម្មសិទ្ធិរបស់ខ្ញុំ។ ប៉ុន្តែសម្រាប់ប្រទេស និងប្រទេស អត់ទេ។
បញ្ចប់សង្រ្គាមឆ្នាំ ១៩៩៨ ដាក់ចេញគោលដៅសំខាន់ ២ សម្រាប់បញ្ហាព្រំដែន
ខ្ញុំព្រះករុណាខ្ញុំក៏សូមបញ្ជាក់ជូន ក្រោយបញ្ចប់សង្រ្គាមឆ្នាំ ១៩៩៨ ខ្ញុំព្រះករុណាខ្ញុំដាក់ចេញគោលដៅ ២ សំខាន់។ ទីមួយ ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍។ ទីពីរ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ឥឡូវ គោលដៅទីមួយវាបានសម្រេចរហូតទៅដល់ ៩៥% រួចស្រេចទៅហើយ ដែលប្រែក្លាយតំបន់អតីតសមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍។ សួរថា ហេតុអីបានជានៅសល់ ៥%? ៥% នោះគឺជាតំបន់ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ មិនទាន់ហ៊ានឲ្យប្រជាពលរដ្ឋទៅបង្កបង្កើនផលទេ ដែលយើងកំពុងតែដោះមីនសព្វថ្ងៃនេះ។ ប្រទេសស្វីសនេះក៏ជួយទៅក្នុងការដោះមីន។
ឯតាមព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ថៃ កម្ពុជា-ឡាវ ពិតមែនតែការដោះស្រាយតាមព្រំដែនមិនទាន់ដាច់ស្រេចអស់ យើងដោះស្រាយជាមួយឡាវបាន ៨៦% សល់ ១៤%។ ដោះស្រាយជាមួយវៀតណាមបាន ៨៤% សល់ ១៦% ឥឡូវឯកភាពគ្នាបាន ៦% ទៀត។ ឯថៃ បង្គោលចាស់ យើងដើររកបានឃើញ ទទួលស្គាល់ ហើយយើងបង្កើតគណៈកម្មការចម្រុះដើម្បីបន្តលើរឿងនោះ។ យើងមិនទុកឲ្យបញ្ហានេះក្លាយជាចំណាប់ខ្មាំងនៃការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនទេ។ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម ដែលមុននេះនាយករដ្ឋមន្រ្តីទាំងពីរដាក់ចេញគោលដៅត្រឹមតែ ៥ ពាន់លានទេ សម្រេចដល់ ៩ ពាន់ ៥ រយលាន ហើយកម្ពុជានាំចេញទៅវៀតណាមច្រើនជាងកម្ពុជានាំចូលមកកម្ពុជាវិញ មួយពេលកូវីដ-១៩នេះ។
ជាមួយថៃឡើងទំហំ(ពាណិជ្ជកម្ម)ដល់ជាង ១០ ពាន់លាន ប៉ុន្ដែថៃនាំចូលមកយើងច្រើនជាង ដោយសារយើងមានតម្រូវការសំភារៈសំណង់ ហើយនិងឥន្ធនៈ។ ខាងវៀតណាម ឥឡូវយើងនាំគ្រាប់ស្វាយចន្ទី(ចូលទៅវៀតណាម)ព្រោះគាត់ពូកែកែច្នៃ។ គាត់ដាំស្វាយចន្ទីក្នុងស្រុកបន្ដិចបន្ដួចទេ គាត់ទិញពីអាហ្វ្រិក ប្រទេសនានា។ ខ្មែរយើងដឹងអញ្ចឹង បុក(នាំចូល)គ្រាប់ស្វាយចន្ទី(ទៅវៀតណាម)មិនតិចទេ។ នេះហើយជាសេដ្ឋកិច្ចបំពេញឲ្យគ្នា។
យើងមកអឺរ៉ុប ទៅអាមេរិក ចិន ជប៉ុន កូរ៉េ ប៉ុន្ដែអាជិតខាង(ប្រទេស)នេះធំណាស់ ទំនាក់ទំនងជាមួយគ្នា។ អញ្ចឹងយើងមានសេចក្ដីត្រូវការជាមួយនឹងការធ្វើមិត្តភាពជិតខាងល្អ។(ប៉ុន្ដែ)ក្រុមមួយៗ គិតតែពីរឿងវ៉ៃវៀតណាមៗ ហើយចង់ឲ្យខ្ញុំព្រះករុណាខ្ញុំទៅយកកោះត្រល់ កម្ពុជាក្រោម ហើយថ្ងៃមុនមាននរណានោះ គេខឹងខ្ញុំព្រះករុណាខ្ញុំ(ដែលខ្ញុំ)ថា បើអ្នកឯងទៅវ៉ៃខ្ញុំជួយធ្វើក្ដារមឈូសឲ្យតើ។ ព្រោះអ្នកឯងចូលចិត្តរឿងវ៉ៃ គេគ្មានដៃឬ? វាមិនមែនបាត់ជំនាន់ ហ៊ុន សែន ឯណា ខ្ញុំកើតជំនាន់(១៩)៥២ តើ។
នឹងស្នើសុំប្ដូរថ្ងៃខែឆ្នាំកំណើត និងធ្វើអត្ដសញ្ញាណបណ្ណជូនបងប្អូននៅក្រៅស្រុក
ពេលត្រលប់ពីហ្នឹងទៅ សុំតុលាការសម្រេចដូរអាយុហើយ ដូរមក(អាយុ)ដើមវិញ។ ឥឡូវ ខ្ញុំព្រះករុណាខ្ញុំនៅឆ្នាំ ថោះតើ (តែ)ខ្លួនឯងឆ្នាំរោងសោះ។ ឥឡូវ បើ(តុលាការ)កាត់អី ត្រូវប្ដូរអត្ដសញ្ញាណបណ្ណដូរអី ព្រោះត្រូវបោះឆ្នោតដែរ។ អញ្ចឹងទាល់តែក្រោយថ្ងៃទី៥ ខែ ៦ (មិថុនា)ទើបដូរបាន។ ស្នើសុំតុលាការប្ដូរថ្ងៃខែ។ ឥឡូវ ថ្ងៃ ៤ មេសា ឆ្នាំ ១៩៥១ ក្នុងពេលដែលខ្លួនឯងកើតថ្ងៃទី ០៥ សីហា ១៩៥២ ទៅអញ្ចេះទៅវិញ។ (អញ្ចឹង)ត្រូវប្ដូរយកថ្ងៃកំណើតខ្លួនត្រឡប់មកវិញ។ ខ្ញុំគិតថា ខ្ញុំនិយាយច្រើនហើយ ប៉ុន្ដែមានរឿងមួយសម្រាប់បងប្អូនរបស់យើងនៅក្រៅប្រទេស។
ថ្ងៃមុនបាននិយាយជាមួយបងប្អូនរបស់យើងនៅអាមេរិកហើយ ហើយពេលត្រលប់ទៅវិញបានប្រគល់ភារកិច្ចនឹងឲ្យរដ្ឋមន្ដ្រីការបរទេសឲ្យគាត់នៅវ៉ាស៊ីនតោនហើយ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រី(ក្រសួងមហាផ្ទៃ) បានប្រគល់ការងារនឹងឲ្យគាត់ រឿងការធ្វើអត្ដសញ្ញាណបណ្ណឲ្យបងប្អូនរបស់យើងដែលរស់នៅក្រៅប្រទេសនោះ វាជារឿងចាំបាច់។ ដោយសារពបងប្អូនខ្លះអត់មានអត្ដសញ្ញាណបណ្ណ។ អញ្ចឹងពេលទិញដីឬអីនៅក្នុងស្រុកមិនអាចធ្វើកម្មសិទ្ធិបាន។ អញ្ចឹងត្រូវពឹងពាក់បងប្អូន(នៅក្នុងស្រុក)។ អ្នកត្រង់មិនអីទេ តែអ្នកមិនត្រង់យកដីគ្នាឯងទៅលក់ទៀត។ វាកើតរឿង។ បងប្អូន(នៅទីនេះ)ជាខ្មែរស្រាប់ គ្មានការចាំបាច់ទៅសុំព្រះរាជក្រឹត្យចូលសញ្ជាតិឡើងវិញទេ។
បងប្អូនដែលមករស់នៅក្រៅប្រទេសយើងយល់ គ្មានការចំាបាច់ណាមួយដើម្បីសុំព្រះរាជក្រឹត្យចូលសញ្ជាតិទេ ព្រោះខ្មែរស្រេចហើយ។ គ្រាន់តែយើងរាល់ថ្ងៃនេះ មិនទាន់មានអត្ដសញ្ញាណបណ្ណនៅក្នុងស្រុក។ ខ្លះក៏មានរួចទៅហើយ មានទាំងប៉ាស្ព័រទៀត។ អញ្ចឹងមានការចាំបាច់ដើម្បីឲ្យបងប្អូនមានអត្ដសញ្ញាណបណ្ណ។ ឥឡូវនឹងបានជាទិដ្ឋាការបោះនៅលើប៉ាស្ព័ររបស់បងប្អូនហើយ ប៉ុន្ដែតម្រូវការទៅមុខក្រែងលោបងប្អូនត្រឡប់ទៅស្រុក ឬទិញដី ឬទិញផ្ទះសម្រាប់ទុកសំរាកពេលចាស់ទៅ ឬរហូតដល់ទៅធ្វើបក្សនយោបាយ ទៅបោះឆ្នោត ឬទៅឈរឈ្មោះឲ្យគេបោះឆ្នោត សុទ្ធតែត្រូវការធ្វើអានឹង(អត្ដសញ្ញាណបណ្ណ)។ ដូច្នេះត្រូវដំណើរការធ្វើពីឥឡូវ។
មានឱកាសទៅស្រុក សូមឆ្លៀតធ្វើអត្ដសញ្ញាណបណ្ណនិងទៅចុះឈ្មោះ ដើម្បីមានឱកាសបោះឆ្នោត
យើងយល់អំពីកង្វល់នេះ។ សូមយកឱកាសនេះបញ្ជាក់ជូនបងប្អូនដែរ អំពីការបោកប្រាស់របស់មនុស្សមួយចំនួន។ គេបោកប្រាស់យ៉ាងម៉េច! គេថាប្រសិនបើគេឈ្នះ គេនឹងផ្ដល់លទ្ធភាពឲ្យបងប្អូនទាំងអស់មានសិទ្ធបោះឆ្នោតពីក្រៅប្រទេស។ សួរថាធ្វើកើតទេ? ខ្ញុំលើកឧទាហរណ៍នៅអាមេរិក រឿងដែលទាស់ទែងគ្នារវាង Joe Biden និង Donald John Trump។ ត្រាំម៍ ចាញ់មិនអស់ចិត្ត រឿងបោះតាមប្រៃសណីយ៍ ក្នុងប្រទេសអាមេរិកខ្លួនឯង កុំថាឡើយដល់បញ្ជូនពីក្រៅប្រទេស។ គ្រាន់តែក្នុងប្រទេសខ្លួនឯងបង្កើតទៅជាជម្លោះរហូតមានហិង្សាក្នុងសភាអាមេរិកកាំង ដែលជាលើកដំបូងក្នុងប្រវត្ដិសាស្ដ្រអាមេរិក។ អញ្ចឹង ឧទាហរណ៍ ពេលបោះឆ្នោតមកដល់តើបងប្អូនបោះនៅឃុំណាពិតប្រាកដ។ ច្បាប់បោះឆ្នោតយើង បោះពីម៉ោង ៧ ដល់ម៉ោង ៣ គឺបិទហើយរាប់នៅនឹងកន្លែង គង់នៅចោទប្រកាន់គ្នាថាបន្លំ។
ទម្រាំនៅនេះដាក់យន្ដហោះមិនដឹងប៉ុន្មានថ្ងៃបាន(សន្លឹកឆ្នោត)ទៅដល់។ វាមិនកើតរឿង។ អញ្ចឹង យើងមិនទាត់ចោលនូវសិទ្ធិបោះឆ្នោតរបស់បងប្អូនទេ ក៏ប៉ុន្ដែសូមបងប្អូនទៅចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេស នៅកន្លែងណាមួយ ព្រោះប្រទេសរបស់យើងបោះតាម(ប្រព័ន្ធ)សមាមាត្រ។ ក្រៅពីបោះឆ្នោតឃុំ សង្កាត់ បើបោះឆ្នោតឃុំ/សង្កាត់ ត្រូវតែនៅក្នុងសង្កាត់ណាមួយជាក់លាក់ ទើបបោះឆ្នោតរើសមេឃុំ ឬចៅសង្កាត់របស់ខ្លួនឯងបាន។ ដល់ពេលបោះឆ្នោតថ្នាក់ជាតិ បោះសមាមាត្រ នៅតាមខេត្ត។ អញ្ចឹងខ្លួនបោះនៅខេត្តណា ហើយខេត្តនោះគឺមានការិយាល័យបោះឆ្នោតរបស់គេនៅតាមភូមិ តាមឃុំ។ តើយើងបោះនៅតាមការិយាល័យណា។ ជារៀងរាល់ឆ្នាំ គណៈកម្មាការជាតិរៀបចំការបោះឆ្នោតមានរយៈពេល បីខែ ដើម្បីនឹងចុះឈ្មោះ និងលុបឈ្មោះ។ ចុះឈ្មោះគឺអ្នកដែលនៅក្មេង ត្រូវចុះឈ្មោះឲ្យគេ លុបឈ្មោះគឺអ្នកដែលស្លាប់ត្រូវលុបឈ្មោះចេញ។
អញ្ចឹងបងប្អូនដែលមានឱកាសទៅស្រុក ឆ្លៀតធ្វើអត្ដសញ្ញាណបណ្ណនិងឆ្លៀតទៅចុះឈ្មោះ ដើម្បីពេលខ្លួនទៅស្រុកមានឱកាសបោះឆ្នោតបោះនឹងគេទៅ។ បើចង់ឈរឈ្មោះជាបេក្ខជន មេឃុំ បេក្ខជនតំណាងរាស្រ្ដសំរាប់បក្សនយោបាយណាមួយ ហ្នឹងធ្វើទៅ។ សូម្បីអគ្គរដ្ឋទូតប៉ុន្មាន(នាក់)នៅទីនេះ អគ្គរដ្ឋទូត ២ តំណាងនៅនេះមួយ អគ្គរដ្ឋទូត (នៅបារាំង អង់គ្លេស ប៊ែលហ្សិក) អគ្គរដ្ឋទូតមួយគគោកមិនបានបោះឆ្នោតឯណា។ ប៉ុន្ដែអ្នកធ្វើប្រជាភិថុតវាចេះតែធ្វើ។ ត្រឹមបោះឆ្នោតកន្លែងហ្នឹងភ្នាក់ងារសង្កេតការចុះហត្ថលេខា សន្លឹកឆ្នោតមានប៉ុណ្ណឹង សន្លឹកឆ្នោតអ្នកនេះបានប៉ុណ្ណេះ ចុះហត្ថលេខាគ្រប់គ្នា(ពីគ្រប់ភាគី)នៅបង្កើតរឿងប្ដឹងផ្ដល់គ្នាបាន ចុះទម្រាំតែបោះឆ្នោតពីក្រៅ។
នៅស្រុកយើងឥឡូវនេះម៉ោងប៉ុន្មានហើយ (ម៉ោង ២ និង ៤៥នាទី)។ បានសេចក្ដីថាអ្នកដែលកំពុងមើលទូរទស្សន៍ (បែប)ទូរទស្សន៍កំពុងមើលវិញ។ ដេកលក់ ហ្នឹងរឿងវាងងុយ។ ខ្ញុំមកយប់មិញ អស់ឆ្ងល់តែម្ដង ពីភ្នំពេញមកដល់ញ៉ូវដេលី្ល ហោះជាង ៤ ម៉ោង។ ខ្ញុំដេក ៣ ម៉ោង។ ដល់ពី New Delhi មក Tehran(អ៊ីរ៉ង់) ៥ ម៉ោង។ ខ្ញុំលក់ ៤ ម៉ោង។ ដល់ពីតេហេរ៉ង Tehran មកដល់ Zurich ហោះ ៥ ម៉ោង ខ្ញុំលក់ជាង ៣ ម៉ោង។ អញ្ចឹងងាយងាប់ទៅណា។ អ្នកបន់ឲ្យងាប់ (ខ្ញុំ)មិនងាយទេ។ ប៉ុន្ដែជីវិតមើលមិនឃើញទេ ខ្ញុំក៏ទើបនឹងបាត់បង់បងប្រុសមួយថ្មីៗដែរ ការរំលឹករឿងនេះគឺវាលំបាក។
គួរធ្វើការតស៊ូមតិចំពោះពាក្យសំដីថោកទាបប្រមាថនារីខ្មែរ
អរគុណណាស់ ថ្ងៃនេះដែលបានជួបជុំគ្នា។ យើងនៅមានកម្មវិធីថតរូប។ ល្ងាចនេះ យើងថតរូបជាមួយគ្នា។ ខ្ញុំអត់ដែលស្វែងរកស្រោមសំបុត្រទេ។ ខ្ញុំមិនដាក់ផ្លែឲ្យអ្នកណាទាំងអស់។ អ្នកខ្លះគេថាបានប្រមូលពីបងប្អូននៅក្រៅប្រទេសទៅជួយបងប្អូននៅក្នុងស្រុក ក្នុងពេល កូវីដ-១៩។ ឥឡូវសុំសួរបងប្អូននៅក្នុងស្រុកបានជំនួយពីបងប្អូននៅក្រៅប្រទេសប៉ុន្មានហើយ? អារកស៊ីភូតនេះ ភូតខ្មែរនៅបារាំង ភូតខ្មែរនៅអឺរ៉ុប ភូតខ្មែរនៅអាមេរិកថាយកទៅ។ យើងនៅក្នុងនោះគឺ(ស្វះស្វែង)ចង់ងាប់ចង់រស់ហើយ ដើម្បីជីវិតប្រជាពលរដ្ឋ។ ប៉ុន្តែ អញ្ចេះស្តាប់ឲ្យបានអ្នកទាំងអស់គ្នា បើគេបោកលើកទី ១ បានគឺអ្នកបោកខុស អ្នកចាញ់បោកគេអត់ខុសទេ បើគេបោកលើកទី ២ បាន អ្នកបោកខុស អ្នកចាញ់បោកគេអត់ខុសទេ ប៉ុន្តែ បើគេបោកលើកទី ៣ បាន អាហ្នឹងគឺល្ងង់ សរសើរអាអ្នកបោកទៅថាវាពូកែ វាទៅត្រង់ណាវាបោកបានគេនៅត្រង់ហ្នឹង។
បងប្អូនយើងនៅក្រៅ បើថាទៅលេងស្រុក យកល្អទៅទាំងប្តីទាំងប្រពន្ធទៅ។ ផ្តាំផ្ញើ ព្រោះនៅនេះគេមក គេមកទាំងគូ កុកហើរតែឯង ខ្លែងហើរទាំងគូ។ ខ្ញុំអនោចអធមត្រង់អញ្ចេះ ត្រង់មានអ្នកខ្លះ ហាននិយាយដៀលខ្មែរថា ពួកអ្នកនៅស្រុកអាមេរិក ឬប្រទេសក្រៅ ទៅស្រុកខ្មែរព្រោះស្រីខ្មែរវាថោក បានសេចក្តីថាចង់និយាយថាស្រីខ្មែរ ជាស្រីលក់ខ្លួន។ តើសំដីរបស់អ្នកសំដៅទៅលើអ្នកណា? ក្នុងហ្នឹងមានបងប្អូនរបស់អ្នកទេ? អ្នកហ៊ាននិយាយអញ្ចឹងមានសាច់ឈាមរបស់អ្នកទេ បានអ្នកប្រមាថស្រ្តីខ្មែរបែបនេះ។ ឲ្យតែខ្មែរយើងពីក្រៅស្រុកទៅលេងស្រុកខ្មែរដឹងតែទៅរកស្រីហើយ។ អញ្ចឹងតើអ្នកដែលនិយាយនេះ មានឈាមជ័រនៅស្រុកខ្មែរទេ? អញ្ចឹងក្រែងលោវាស្ថិតក្នុងចំណោមដែលស្រីខ្មែរដែលអ្នកឯងចាត់ទុកថាជាស្រីថោកទាប រកស៊ីផ្លូវភេទនេះ ជាកូនក្មួយរបស់អ្នកឯងដែរ។
អ្នកឯងគួរពិចារណាផង នូវពាក្យសំដីថោកទាបបែបនេះ ការប្រមាថបែបនេះ នារីខ្មែរទាំងឡាយគួរធ្វើការតស៊ូមតិឡើងថាពួកខ្ញុំមិនមែនពួកថោកទាបទេ។ វាទៅជាអញ្ចឹងទៅ។ បើទោះបីថាវាមានរឿងអញ្ចឹង ក៏អ្នកឯងកុំប៉ាវទូទៅមួយប្រទេស ឬក៏អ្នកឯងគិតថាអ្នកឯងអត់មានកូន អត់មានកូនក្មួយ អត់មានបងប្អូន អត់មានសាច់ញាតិ តែអ្នកដែលអ្នកឯងចាត់ទុកថារកស៊ីផ្លូវភេទនេះ ដែលខ្មែរយើងនៅក្រៅស្រុកឲ្យតែទៅស្រុកខ្មែរគឺទៅរកស្រី។ ឲ្យយល់កន្លែងហ្នឹងណា អនោចអធមណាអារឿងហ្នឹង។
ចុងបញ្ចប់ ខ្ញុំប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិទាំងអស់ ហើយក្មួយៗនិស្សិតសូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕