– ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមអបអរសាទរខួបលើកទី ៥០ នៃឱសថអាតេមីស៊ីនីន និងវេទិកាសហប្រតិបត្តិការអន្តរជាតិ ដើម្បីកសាងសហគមន៍ នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ។ ខ្ញុំក៏សូមគាំទ្រចំពោះគ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្ត ដើម្បីកសាងសហគមន៍នៃសុខភាពទូទៅសម្រាប់មនុស្សជាតិ ជាពិសេស ការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការប្រើប្រាស់ឱសថអាតេមីស៊ីនីន។
សម្រាប់ប្រទេសកម្ពុជាដែលស្ថិតក្នុងមហាអនុតំបន់ទន្លេមេគង្គ ធ្លាប់មានជំងឺគ្រុនចាញ់ជាង ១៧ ម៉ឺន ករណី និង ស្លាប់ជិត ១.០០០ នាក់ នាទសវត្សរ៍ឆ្នាំ ៨០។ ក្នុងឆ្នាំ ២០២១ កន្លងទៅជំងឺគ្រុនចាញ់បានថយចុះមកនៅចំនួន ៣.៩៥៩ ករណី និងគ្មានការស្លាប់រយៈពេល ៤ ឆ្នាំចុងក្រោយ បើទោះជាប្រឈមនឹងការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ កើតចេញពីការអនុវត្តនូវ យុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០១១-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅយុទ្ធសាស្ត្រចំនួនបួន រួមមាន៖ ១) ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានរហ័ស ២) ព្យាបាលដោយប្រើថ្នាំអាតេមីស៊ីនីនឲ្យបានត្រឹមត្រូវតាមរូបមន្តដើម្បីបញ្ចៀសភាពស៊ាំរបស់ថ្នាំនេះ ៣) បង្ការការចម្លងមេរោគគ្រុនចាញ់ដោយប្រើប្រាស់មុងជ្រលក់ថ្នាំ និង ៤) ការងារអប់រំលើកកម្ពស់សុខភាព ដោយមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ ប្រសិទ្ធភាពនៃការអនុវត្ត យុទ្ធសាស្ត្រជាតិ គឺការផ្សារភ្ជាប់ដោយភាពទន់ភ្លន់ និងបត់បែន តាមយុទ្ធសាស្ត្រសកល និងតំបន់ ព្រមទាំងរៀនសូត្រដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។ សម្រាប់ទិសដៅទៅអនាតត កម្ពុជានឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន តាមរយៈគំនិតផ្តួតផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមូលនិធិជំនួយសហប្រតិបត្តិការត្បូង-ត្បូងប្រទេសចិន ជាដើម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង។
ខ្ញុំក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត ភាពជាដៃគូដោយយកប្រជាជនជាស្នូល និងមូលដ្ឋានពហុភាគីនិយម ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនៈវិស័យ ពិភពលោកគ្មានជំងឺគ្រុនចាញ់ឆ្នាំ ២០២៥។
សូមអរគុណ!