ឯកឧត្តម ឡូរិនហ្សូ ហ្គាឡន់ទី (Lorenzo Galanti) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីតាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវសេចក្តីសោមន្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ឡូរិនហ្សូ ហ្គឡន់ទី ដើម្បីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតីចែករំលែករបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺកូរីដ-១៩ នៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។
ខ្ញុំសូមរំលឹកថា ការផ្ទុះឡើងដំបូងនៃជំងឺកូរីដ-១៩ បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះយើងមិនទាន់ស្គាល់ច្បាស់អំពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្តបិទព្រំប្រទល់ និងកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តី ចំណងមិត្តភាពដ៏រឹងមាំ ជាមួយនឹងស្មារតីរួបរួម សាមគ្គី និងជួយគ្នាទៅវិញទៅមក ទាំងក្នុងប្រទេស តំបន់ និងសកលលោកទាំងមូល បានធ្វើឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ក្នុងក្របខណ្ឌតំបន់ និងសកល បានងើបឡើងវិញយ៉ាងឆាប់រហ័ស ប្រកបដោយកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានក៏ដោយ។
នៅកម្ពុជា វិបត្តិនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យមានការចាត់វិធានការតឹងរ៉ឹង និងឈានទៅដល់ការសម្រេចបិទព្រំប្រទល់ ក៏ដូចជាបិទខ្ទប់តំបន់សេដ្ឋកិច្ចសំខាន់ៗ ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាបានងើបឡើងវិញនៅក្នុងឆ្នាំ ២០២១ ជាមួយអត្រាកំណើនវិជ្ជមានប្រមាណ ៣% ក្រោយពីទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២០។ ការងើបឡើងវិញនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជា អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងបណ្តាប្រទេសជាមិត្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង សំដៅបង្កើតភាពស៊ាំសហគមន៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចបើកប្រទេស និងដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។ ជាក់ស្ដែង នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២ នេះ កម្ពុជាបានបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវលក្ខខណ្ឌតម្រូវទាំងអស់ សម្រាប់អ្នកដំណើរមកពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ ក្នុងគោលដៅស្តារវិស័យទេសចរណ៍ ដែលជាវិស័យចម្បងចុងក្រោយ ដែលមិនទាន់ត្រូវបានស្ដារ និងងើបឡើងវិញ។
ទន្ទឹមគ្នានេះ ជាមួយភាពបុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយ រាជរដ្ឋាភិបាលមិនដែលបានបន្ថយល្បឿននៃការងារកែទម្រង់របស់ខ្លួននោះឡើយ។ ជាក់ស្ដែង នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ រាជរដ្ឋាភិបាល បានសម្រេចដាក់ឱ្យអនុវត្តនូវ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដោយមានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច សំដៅស្ដារ និងជំរុញកំណើន បង្កើតភាពធន់សង្គម-សេដ្ឋកិច្ចកម្ពុជា និងឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ រាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនេះ យ៉ាងយកចិត្តទុកដាក់ ដែលជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងជាង ៥% នៅក្នុង ឆ្នាំ២០២២ និងអាចត្រឡប់ទៅស្ថិតនៅលើមាគ៌ានៃកំណើន ប្រកបដោយភាពរឹងមាំ នៃយុគសម័យមុនវិបត្តិនៃជំងឺកូវីដ-១៩។
សម្រាប់ទិសដៅទៅមុខ ស្របពេលដែលជំងឺកូវីដ-១៩ នៅតែបង្កឱ្យមាននូវភាពមិនប្រាកដប្រជា រាជរដ្ឋាភិបាល នឹងបន្តជំរុញយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដែលអំណោយវ៉ាក់សាំងកូវីដ-១៩ ដ៏ថ្លៃថ្លាពីប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ផងដែរ។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងតាមដានការវិវត្តនៃជំលោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបាន និងកំពុងបង្កើតជាបញ្ហា ជាពិសេសបញ្ហាកង្វះថាមពល ការកើនឡើងខ្ពស់នៃតម្លៃប្រេងឆៅ និងកំណើននៃអត្រាអតិផរណា ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកល។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏មិនបំភ្លេច និងបានកំពុងគិតគូរដោះស្រាយបញ្ហាចម្បងផ្សេងទៀត ដូចជាបញ្ហាប្រែប្រួលអាកាសធាតុ បរិស្ថាន គាំពារសង្គម និងភាពក្រីក្រជាដើម។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមសម្ដែងនូវអំណរគុណដល់រដ្ឋាភិបាលអ៊ីតាលី ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរឹតបន្តឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-កម្ពុជា ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ជាក់ស្ដែង កម្ពុជាសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងសាទរចំពោះការបង្កើតស្ថានកុងស៊ុលកិត្តិយសនៅកម្ពុជានៅក្នុងឆ្នាំ ២០២០ និងភាពរីកចម្រើន និងភាពសកម្មនៃសហគមន៍ធុរកិច្ចអ៊ីតាលី ជាពិសេសសមាគមធុរកិច្ចអ៊ីតាលីកម្ពុជា (Italian-Cambodian Business Association-ICBA) ក្នុងការជំរុញ និងលើកកម្ពស់ការវិនិយោគិននៅកម្ពុជា។ ស្របពេលជាមួយគ្នានេះដែរ កម្ពុជាក៏សូមវាយតម្លៃខ្ពស់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងអ៊ីតាលី-អាស៊ាន និងសហភាពអឺរ៉ុប-អាស៊ាន។ ក្នុងនាមប្រធានអាស៊ាននៅក្នុងឆ្នាំ ២០២២ កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការនេះ លើគ្រប់វិស័យឱ្យកាន់តែមានភាពរឹងមាំ ហើយកម្ពុជាក៏សូមលើកទឹកចិត្តដល់សាធារណរដ្ឋអ៊ីតាលី ក៏ដូចជាសហភាពអឺរ៉ុប បន្តជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ក៏ដូចជាអាស៊ានបន្ថែមទៀត។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
មុននឹងបញ្ចប់ អនុញ្ញាតអោយខ្ញុំសូមយកឱកាសនេះនិយាយបន្ថែមបន្តិច។ ថ្ងៃនេះ ខ្ញុំចង់និយាយទៅកាន់ប្រជាពលរដ្ឋកម្ពុជាសាជាថ្មីទៀត បន្ទាប់ពីសារសំឡេងរបស់ខ្ញុំកាលពីម្សិលមិញជូនចំពោះជនរួមជាតិ!
អ្វីដែលជាកិច្ចការសំខាន់ដែលខ្ញុំសូមអំពាវនាវចំពោះបងប្អូនជនរួមជាតិ ក៏ដូចជាកម្លាំងគ្រប់ផ្នែកដែលចូលរួមដំណើរការចាក់វ៉ាក់សាំង គឺខិតខំជំរុញធ្វើយ៉ាងម៉េចអោយប្រជាជនកម្ពុជារបស់យើង អាចទទួលបាននូវដូសទី៣ យ៉ាងតិច។ នេះចាត់ទុកថាជាកាតព្វកិច្ចតម្រូវតែម្តង។ យើងនៅសល់មនុស្សប្រមាណ ៦ លាននាក់ទៀតដែលមិនទាន់បានចាក់ដូសទី ៣ នៅឡើយ ក្នុងពេលដែលមនុស្សមួយចំនួនជាង ១ លាននាក់ បានចាក់ដូសទី ៤។ ឥឡូវនេះ អ្វីដែលជាការចង់បាននោះ គឺចង់អោយបងប្អូនជនរួមជាតិ រំដោះខ្លួនអោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបានជាមួយនឹងកាតព្វកិច្ចមួយចំនួនក្នុងវិស័យសុខាភិបាល។ ដូចជាកន្លងទៅ យើងបានដកចេញនូវការពាក់ម៉ាស់ចេញពីខេត្ត ៤ ទុកអោយខេត្តទាំងនោះអោយប្រជាពលរដ្ឋសម្រេចចិត្តដោយខ្លួនឯង។ ឥឡូវ ខ្ញុំបានណែនាំអោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងឯកឧត្តម ម៉ម ប៊ុនហេង ដឹកនាំការប្រជុំ ហើយខ្ញុំក៏បាននិយាយមុននេះបន្តិចជាមួយឯកឧត្តម ម៉ម ប៊ុនហេង។ យប់មិញក៏បាននិយាយជាមួយលោកជំទាវ យក់ សម្បត្តិ (ថា)ខ្ញុំចង់អោយដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីធ្លាសាធារណៈ ក៏ប៉ុន្តែតម្រូវអោយពាក់ម៉ាស់នៅតាមទីកន្លែងដូចជាការបិទជិតនៅទីនេះជាដើម។
ចំណុចនេះ យើងបានឃើញកាលពីពេលចូលឆ្នាំនេះ ប្រជាពលរដ្ឋរបស់យើងតិចណាស់ដែលបានពាក់ម៉ាស់នៅក្នុងពេលលេងកម្សាន្ត ហើយគឺជាសមុទ្រមនុស្សតែម្តង។ យប់មិញនេះ មាន ២ កន្លែង នៅឯទីរួមខេត្តតាកែវ និងទីរួមខេត្តកំពង់ចាម ឃើញការប្រគុំតន្ត្រីនៅទីនោះ គឺក្នុងចំណោម ១០០០ នាក់ មានប្រហែលជា ១ នាក់ ឬ ២ នាក់ប៉ុណ្ណោះ ដែលពាក់ម៉ាស់ ហើយពុំមានការរក្សាគម្លាតនោះទេ។ បញ្ហានេះ យើងមិនត្រូវមើលឃើញតែបញ្ហាសុខភាពមួយមុខនោះទេ ត្រូវមើលអោយឃើញផងដែរនូវបញ្ហាសេដ្ឋកិច្ច-សង្គម។ ការពាក់ម៉ាស់គឺជាការតម្រូវអោយប្រជាពលរដ្ឋរបស់យើងចំណាយធំ។ ជួនកាលមិនហ៊ានទិញខោអាវអោយកូនចៅពាក់ទេ ប៉ុន្តែត្រូវទិញម៉ាស់ដើម្បីយកមករក្សាទុក ដោយសារការពាក់ម៉ាសជាកាតព្វកិច្ច។ ក្នុងមួយថ្ងៃយើងគិតតែក្នុងប្រទេសយើងចាយតែ ១០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅចុះ គិតជារួមនៅទូទាំងប្រទេស អញ្ចឹងក្នុងមួយខែយើងក៏ត្រូវចាយអស់ ៣ លានដុល្លារក្នុងមួយខែ។
ដូច្នេះ ខ្ញុំសូមអំពាវនាវអ្នកបច្ចេកទេសខាងវិស័យសុខាភិបាល កុំមើលឃើញតែមួយជ្រុងនៃបញ្ហាទាក់ទិននឹងបញ្ហាសុខភាព ត្រូវមើលឃើញផងដែរអំពីបញ្ហាវិស័យសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាបញ្ហាចិត្តសាស្ត្រ។ ការពាក់ម៉ាស់វាមិនមែនជាបញ្ហាងាយស្រួលទេ ហើយជាពិសេសជាងនេះទៅទៀត នៅពេលដែលតម្រូវការនៃការធ្វើការហត់នឿយ ហើយដែលត្រូវខ្ទប់ច្រមុះវាមិនមានជារឿងងាយស្រួលទេ។ ប្រទេសមួយចំនួនបានដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់រួចស្រេចទៅហើយ។ យើងក៏អាចធ្វើបាន។ ប៉ុន្តែខ្ញុំត្រូវរង់ចាំនូវការប្រជុំនៅល្ងាចនេះ ដែលដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងឯកឧត្តម ម៉ម ប៊ុនហេង … ថាតើយើងគួរធ្វើយ៉ាងម៉េច? (អំពីការ)បន្ថែមភូមិសាស្រ្ត។
ការបន្ថែមភូមិសាស្ត្រនេះ ជាគំនិតរបស់ខ្ញុំ តែខ្ញុំត្រូវទទួលយកនូវគំនិតដែលនឹងចេញពីការប្រជុំដ៏សំខាន់នៅពេលល្ងាចនេះ។ អ្វីដែលជាគំនិតរបស់ខ្ញុំចង់បានគឺ គ្រប់ភូមិសាស្ត្រទាំងអស់គឺទុកអោយប្រជាជនជាអ្នកសម្រេចពាក់ម៉ាស់ឬមិនពាក់ម៉ាស់ ក្នុងពេលដែលនៅក្រៅអាគារ នៅកន្លែងទីធ្លាសាធារណៈ ដូចជាការធ្វើដំណើរតាមផ្លូវសាធារណៈ ឬនៅទីកន្លែងសាធារណៈនៅខាងក្រៅ។ នៅពេលដែលចូលកន្លែងបិទជិតដូចជានៅអាគាររដ្ឋាភិបាល នៅទីកន្លែងធ្វើការ នៅតាមក្រុមហ៊ុនដែលធ្វើការដោយមានម៉ាស៊ីនត្រជាក់ យើងគួរគប្បីតម្រូវអោយមានការពាក់ម៉ាស់នៅតាមទីកន្លែងទាំងនោះ។
អ្វីដែលរាជរដ្ឋាភិបាលចង់បានគឺជំរុញការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី ៣ ក្តី ជាដូសទី ៤ ក្តី ជាពិសេសដូសទី ៣ ក្លាយទៅជាបញ្ហាកាតព្វកិច្ចត្រូវធ្វើអោយខាងតែបាន។ ដើម្បីជំរុញទៅដល់ដំណាក់កាលនោះ កូនសិស្សសាលារបស់យើងក៏អាចកាត់បន្ថយការពាក់ម៉ាស់នៅក្នុងសាលារៀន ប៉ុន្តែគេនៅបន្តរក្សាគម្លាតរបស់គេដដែល។ ការរក្សាគម្លាតនៅបន្ត ការលាងដៃគឺនៅបន្ត ក៏ប៉ុន្តែយើងដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ នៅទីកន្លែងសាធារណៈ។ ធ្វើយ៉ាងដូច្នេះ យើងនឹងសន្សំសំចៃបាននូវការចំណាយរបស់ក្រុមគ្រួសារនីមួយៗ ក៏ដូចជានៅក្នុងសង្គមជាតិរបស់យើង។ ខ្ញុំគិត(ឃើញថា)យ៉ាងហោច ១០ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ ព្រោះយើងគិតថាប្រហែលជា ១០ លាននាក់ ដែលបានពាក់ម៉ាស់ជាទៀងទាត់។ ដូច្នេះមួយថ្ងៃៗ មួយខែៗ យើងចំណាយច្រើនណាស់។
បើសិនជាយើងដកចំណុចនេះបាន ហើយការពាក់ម៉ាស់យើងក៏អាចវិលត្រឡប់ទៅពាក់ម៉ាស់វិញ បើសិនជាមានករណីឆ្លងកើតឡើង។ យើងអាចធ្វើបាន ប្រជាពលរដ្ឋរបស់យើងស្តាប់ការអំពាវនាវរបស់រាជរដ្ឋាភិបាល។ ខ្ញុំចង់បញ្ជូនសារនេះទៅប្រជាពលរដ្ឋរបស់យើង អ្នកដែលមិនបានទទួលដូសទី ៣ ត្រូវតែមកកាន់ទីកន្លែងណាដែលមានទទួលចាក់វ៉ាក់សាំង។ មិនចាំបាច់ថាខ្លួននៅស្ទឹងត្រែង ត្រូវតែចាក់នៅស្ទឹងត្រែងទេ។ ចាក់នៅភ្នំពេញ(ក៏បាន) អោយតែមានកន្លែងចាក់។ ពេទ្យរបស់យើងមានគ្រប់ទីកន្លែងទាំងអស់។ មានអ្នកទៅចាក់គឺត្រូវចាក់ជូនប្រជាពលរដ្ឋរបស់យើង។
នេះជាអ្វីដែលខ្ញុំចង់និយាយបន្ថែម ជាសារទៅកាន់ប្រជាពលរដ្ឋកម្ពុជា ដើម្បីបង្កើតភាពសុំាំ។ ឥឡូវកម្ពុជាបានចាក់រហូតទៅដល់ជាង ៩៣% នៃចំនួនប្រជាជន ហើយថ្ងៃនេះអ្នកដែលឆ្លង ដែលរាប់តួលេខពីម្សិលមិញ ដោយប្រកាសផ្សាយនៅថ្ងៃនេះមានតែ ១២ ករណី តែប៉ុណ្ណោះ ក្នុងមួយប្រទេស។ យើងមិនទាន់ដឹងថាមានស្លាប់ ឬអត់នោះទេ? ក៏ប៉ុន្តែអត្រាឆ្លងគឺមានកម្រិតទាបណាស់ តាំងពីមុនចូលឆ្នាំខ្មែរ គឺអត្រាឆ្លងក្នុង ២ ខ្ទង់ គឺក្រោម ១០% ក្រោម ២០ ករណី តាំងពីក្រោយចូលឆ្នាំគឺក្រោម ២០ ករណីរហូត ឡើងអស់គឺ ១៩ ករណី។ ខ្ញុំគិតថា យើងអាចអនុវត្តទៅរួចជាមួយនឹងការតាមដានដោយមានការប្រុងប្រយ័ត្ន ហើយដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់ ប៉ុន្តែទុកសិទ្ធអោយប្រជាពលរដ្ឋសម្រេចចិត្តពាក់ ឬមិនពាក់ម៉ាស់ខ្លួនឯង។
… ខ្ញុំសូមថា ម្ខាងខ្ញុំអំពាវនាវអោយមានការប្រជុំដើម្បីពិនិត្យបញ្ហានេះ ហើយខ្ញុំចង្អុលបង្ហាញថាសូមកុំគិតតែបញ្ហាសុខភាពមួយមុខ ត្រូវគិតដល់បញ្ហាសង្គមសេដ្ឋកិច្ច និងចិត្តសាស្ត្ររបស់ប្រជាពលរដ្ឋរបស់យើងផងដែរ ទាក់ទងនឹងការប្រើប្រាស់ម៉ាស់។ ម៉ាសនៅជាប់នឹងខ្លួនហ្នឹងវាមិនមែនងាយស្រួលឯណា។ ម៉ាសហ្នឹងជាប្រដាប់បន្ថែម។ បើនារីៗវិញនិយាយអោយត្រង់ទៅ ឥឡូវអ្នកលក់គ្រឿង Makeup ក្រែមស្អីៗហ្នឹងលក់មិនដាច់ទេ ដោយសារតែពាក់ម៉ាស់អស់ទៅហើយ មានចាំបាច់តម្រូវ Makeup ឯណាទៀត។ ចំណុចនេះ ខ្ញុំចង់អង្វរកប្រជាពលរដ្ឋដែលមិនទាន់បានចាក់ដូសទី ៣ ត្រូវមកចាក់ដូសទី ៣។ មើលគ្រប់ទីកន្លែងទាំងអស់ ពេទ្យរបស់យើងត្រូវតម្រង់ឆ្ពោះទៅមុខសញ្ញាដែលនៅសល់ប្រមាណជា ៦ លាន ៦ សែននាក់ទៀត ព្រោះយើងចាក់បាន ១៤ លាន ៨ សែននាក់។ យើងចាក់ដូសទី ៣ ទើបនឹងបាន ៨ លាន ២ សែននាក់ទេ ដូច្នេះវានៅសល់ ៦លាន ៦ សែននាក់ទៀត ដែលតម្រូវការចាក់។
សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងយល់បាននូវបំណងប្រាថ្នារបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាហេតុអ្វីបានជាជំរុញអោយចាក់។ បងប្អូនយើងហាក់ដូចជាបានគិតថា ២ ដូស គ្រប់គ្រាន់ហើយ ដោយសារវាមិនមានការឆ្លងបន្ថែមទៀត ហើយមិនឃើញមានអ្នកស្លាប់។ បងប្អូនយល់ខុសហើយ។ ប្រសិនបើភាពស៊ាំសហគមន៍មិនទាន់បានគ្រប់គ្រាន់ទេ បងប្អូនងាយប្រឈមនឹងគ្រោះថ្នាក់។ ៨ លាននាក់ បានឆ្លងកាត់រួចផុតទៅហើយ ប៉ុន្តែនៅសល់ ៦ លាននាក់ ដែលមិនទាន់បានដូសទី ៣ ដូសជំរុញនោះ គឺនៅមានហានិភ័យខ្ពស់ដែលតម្រូវអោយមានការចាក់ដូសបន្ថែម។ ប្រសិនជាត្រូវដោះម៉ាស់ថែមទៀត គឺបងប្អូនងាយនឹងទទួលហានិភ័យនៃការឆ្លង ហើយការឆ្លងរបស់បងប្អូននោះនឹងនាំឆ្លងទៅដល់អ្នកដទៃ បង្កើតឡើងវិញនូវការពាក់ម៉ាស់នៅទូទាំងប្រទេសដែលឥឡូវនេះ បានដកជាច្រើនទៅហើយ។ ជនបទរបស់យើងពុំមានការពាក់ម៉ាស់ទេ បើពិនិត្យទៅតាមស្ថានភាពជាក់ស្តែង និងតាមរយៈនៃការចូលឆ្នាំកន្លងទៅនេះ។
សង្ឃឹមថា បងប្អូននឹងយល់អំពីបំណងប្រាថ្នា ហើយមិត្តភក្តិរបស់យើងថ្ងៃនេះមានអ៊ីតាលី ដែលបានបញ្ជូនអោយយើងជាង ១ លានដូស គឺដើម្បីជំរុញទៅដល់លទ្ធផលដែលយើងសម្រេចបានក្នុងរយៈពេលកន្លងទៅ ហើយយើងនឹងមានវ៉ាក់សាំងមកជាបន្តបន្ទាប់។ បើតាមគិត យើងនៅសល់វ៉ាក់សាំងជាង ២០ លានដូសទៀត ដែលជាការសន្យារបស់មិត្តភក្តិថានឹងបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ ក្នុងពេលដែលក្នុងឃ្លាំងរបស់យើងនៅសល់ជាង ១១ លានដូស។ អញ្ចឹងនៅសល់តែ ៦ លាននាក់ ទៀតទេ ដែលយើងត្រូវចាក់(ដូសទី ៣)។ ប៉ុន្តែ យើងនៅត្រូវចាក់ដូសទី ៤ បន្តទៀត។ ខ្ញុំសូមស្នើអោយផ្នែកក្រុមគ្រូពេទ្យទាំងខាងកងទ័ព ទាំងខាងស៊ីវិល ទាំងគ្រូពេទ្យស្ម័គ្រចិត្តតម្រង់ឆ្ពោះទៅរកគោលដៅដែលត្រូវចាក់សម្រាប់ជាង ៦ លាននាក់នោះឯង។
ចុងបញ្ចប់ ខ្ញុំសូមអរគុណជាមួយឯកឧត្តម អគ្គរដ្ឋទូតដែលបានថ្លែងអម្បាញ់មិញ ហើយក្នុងនោះក៏មានការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាប្រធាន ធ្វើជាអ្នកដឹកនាំប្រជុំអាស៊ី-អឺរ៉ុប កាលពីខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅ។ ឆ្នាំនេះក្នុងនាមជាប្រធានអាស៊ាន ខ្ញុំនឹងបន្តការខិតខំដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ានជាមួយនឹង EU ក៏ដូចជាកម្ពុជាជាមួយអ៊ីតាលី ហើយអាស៊ានជាមួយអ៊ីតាលីផងដែរ។ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកបដោយជោគជ័យ សិរីមង្គល និងសូមសេចក្តីសុខ សេចក្តីចម្រើន មានដល់បងប្អូនទាំងអស់។
[បញ្ចប់សេចក្តីអធិប្បាយ]