សុន្ទរកថា និងសេចក្ដីដកស្រង់សង្កថា សម្ដេចតេជោ ពីធី ប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ (AstraZeneca) ពីប្រជាជននិងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី

ឯកឧត្តម ឡូរិនហ្សូ ហ្គាឡន់ទី (Lorenzo Galanti) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអ៊ីតាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវសេចក្តីសោមន្សក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូត ឡូរិនហ្សូ ហ្គឡន់ទី ដើម្បីទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំងកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ១ ០៥៦ ០០០ (មួយលានប្រាំម៉ឺនប្រាំមួយពាន់) ដូស។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ និងស្មារតីចែករំលែករបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋអ៊ីតាលី ក្នុងការប្រយុទ្ធនឹងជំងឺកូរីដ-១៩ នៅកម្ពុជា ក៏ដូចជាសកលលោកទាំងមូល។ ខ្ញុំសូមរំលឹកថា ការផ្ទុះឡើងដំបូងនៃជំងឺកូរីដ-១៩ បានសាកល្បងវាយប្រហារចំណងមិត្តភាពសកល ដោយនៅពេលនោះយើងមិនទាន់ស្គាល់ច្បាស់អំពីជំងឺនេះ ដែលជាហេតុនាំឱ្យបណ្តាប្រទេសនានា ត្រូវបង្ខំចិត្តបិទព្រំប្រទល់ និងកាត់បន្ថយទំនាក់ទំនងសង្គម-សេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ទោះជាយ៉ាងនេះក្តី ចំណងមិត្តភាពដ៏រឹងមាំ ជាមួយនឹងស្មារតីរួបរួម សាមគ្គី និងជួយគ្នាទៅវិញទៅមក…

សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រ សាលាភូមិន្ទរដ្ឋបាល

• […] ភាពឆ្មើងមិនត្រូវទទួលបានការស្វាគមន៍ណាមួយពីសំណាក់ប្រជាជនទេ។ ប៉ុន្តែ នៅពេលដែលមានភាពទន់ភ្លន់ ឱនលំទោនចំពោះប្រជាពលរដ្ឋ យើងបានទទួលនូវការសណ្ដោស និងការស្រលាញ់រាប់អានពីប្រជាពលរដ្ឋ សមតាមពាក្យមួយឃ្លាថា “ពេលនៅឱ្យប្រជាជនស្រលាញ់ ចេញទៅឱ្យប្រជាជននឹក” […]

• […] ប្រសិនបើសង្វាក់ផលិតកម្មរបស់យើង(ទទួលការ)ផ្គត់ផ្គង់មិនទាន់ពេលនូវវត្ថុធាតុដើមពីប្រទេសចិន ដែលកំពុងតែរាតត្បាតដោយជំងឺ Covid-19 ហើយបើសិនជារោងចក្រត្រូវព្យួរការងារ គេ(កម្មករ/ការនី)នឹងទទួលបានប្រាក់ ៦០% នៃបៀវត្សរ៍អប្បបរមា ដោយនិយោជក ដោយថៅកែរោងចក្រផ្ដល់ ៤០% និងរាជរដ្ឋាភិបាលផ្ដល់ ២០%។ ប៉ុន្តែ ក្នុងករណីដែលរោងចក្របិទតែម្ដង រាជរដ្ឋាភិបាលនឹងផ្ដល់ប្រាក់បៀវត្សឱ្យគេចំនួន ៦ ខែ ក្នុងមួយខែ ១២០ ដុល្លារ។ ប៉ុន្តែ ៤ ខែ ត្រូវតែយកទៅបណ្ដុះបណ្ដាល ដោយទទួលបានប្រាក់បៀវត្ស ១២០ ដុល្លារ/ខែ (រយៈពេលបួនខែ) នៅសល់ ២ ខែទៀត សម្រាប់ដោះស្រាយមុនគ្នាទៅរកការងារធ្វើបាន […]

• […] នៅពេលដែលកត្តាចៃដន្យកើតឡើង វានឹងលេចឡើងនូវមនុស្ស ២ ប្រភេទ។ ប្រភេទទី ១៖ រាយការណ៍ឱ្យថ្នាក់លើ និងបន្ទោសថ្នាក់ក្រោម។ ប្រភេទនេះ យកល្អមិនចាំបាច់ប្រើទេ ហើយយកគេឱ្យទៅរៀនសូត្រ ហើយដាក់គេទៅកាន់កន្លែងណាមួយ ដែលមិនចាំបាច់ឱ្យមានការទទួលខុសត្រូវទេ […] មន្ត្រីមួយទៀត ឈ្មុសឈ្មុលអនុវត្តការងារ ដោះស្រាយបញ្ហានៅនឹងកន្លែង រួមសុខរួមទុក្ខជាមួយថ្នាក់ក្រោម។ ពិតហើយការសុំជំនួយ ឬរាយការណ៍ឱ្យខាងលើត្រូវធ្វើ […] ត្រូវជម្រុញការបណ្តុះបណ្តាល ហើយនឹងតែងតាំងឱ្យសមស្របទៅតាមតួនាទីរបស់គេ […]

• […] វិធីសាស្ត្រដឹកនាំ និងធ្វើការងារ ដំបូងបំផុតរៀបចំផែនការឱ្យបានល្អ ឱ្យជាក់លាក់ ឱ្យសត្យានុម័ត ដោយគិតគូរគ្រប់ទិដ្ឋភាពទាំងអស់។ កុំរៀបចំផែនការប្រកបដោយមហិច្ឆតា តែធ្វើមិនបាន បន្ទាប់ពីការរៀបចំផែនការហើយ ត្រូវចាត់តាំងអនុវត្ត។ ទាំងពីរនេះ គឺមិនទាន់គ្រប់គ្រាន់ទេ ត្រូវត្រៀមរៀបចំដើម្បីឆ្លើយតបនឹងកត្តាចៃដន្យដែលវាកើតឡើង […]

សម្ដេចតេជោ ហ៊ុន សែន, ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល, ២៥ កុម្ភៈ ២០២០