- លោកជំទាវ ម៉ារៀ ឌែល ខាមិន ម៉ូរ៉េណូ (Maria del Carrer Morero) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជា តំណាងដ៏ខ្ពង់ខ្ពស់-នៃសាធារណរដ្ឋប៉ូឡូញ
- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ជាបឋម ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ម៉ារៀ ឌែល ខាមិន ម៉ូ រ៉េណូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងចូលរួមជាតំណាងដ៏ខ្ពង់ខ្ពស់នៃសាធារណរដ្ឋប៉ូឡូញប្រចាំកម្ពុជា នាឱកាសនេះ។ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយបានចូលរួមជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត ដើម្បីទទួលយកវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣០០ ០០០ (បីសែន) ដូស ដែលជាជំនួយដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប៉ូឡូញ។
កម្ពុជាចាត់ទុកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាអាទិភាពយុទ្ធសាស្ត្រ និងវាយតម្លៃ ខ្ពស់ចំពោះការជួយចែករំលែកវ៉ាក់សាំងគ្នាទៅវិញទៅមក និងជាហូរហែ ក្នុងគោលដៅពន្លឿន ការចាក់វ៉ាក់សាំងនៅទូទាំងសកលលោក។ ក្នុងស្មារតីនេះ ខ្ញុំតែងតែចំណាយពេលចូលរួមទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ ដោយផ្ទាល់ ដើម្បីសំដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះសន្តានចិត្តមនុស្សធម៌របស់ប្រទេសជាមិត្ត។ នាឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណចំពោះអំណោយវ៉ាក់សាំង ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញ ក្នុងការប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជានៅលើសកលលោកទាំងមូល។
ជាការពិត ការចាក់វ៉ាក់សាំង គឺជាវិធានការគន្លឹះក្នុងការគ្រប់គ្រងការឆ្លងរាលដាល និងការឈានទៅបញ្ចប់វិបត្តិនៃជំងឺកូវីដ-១៩ និងបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាព។ ជាឧទារហណ៍ជាក់ស្តែង ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងប្រមាណ ៩០ ភាគរយនៃប្រជាជនសរុបប្រមាណ ១៦ លាននាក់ គិតត្រឹមថ្ងៃទី ២០ ខែមករា ឆ្នាំ២០២២ កម្ពុជាអាចគ្រប់គ្រងការឆ្លងរាលដាល កាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាពឱ្យស្ថិតនៅក្នុងកម្រិតទាប និងអាចរក្សាបាននូវដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ។ ជាលទ្ធផល ទោះបីជាកម្ពុជាបានជួបប្រទះនូវ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលទើបត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ ថ្មីៗនេះ ភាពជោគជ័យ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងលើសការរំពឹងទុក។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងកើនរហូតដល់ ៣% ក្នុងឆ្នាំ២០២១ និងត្រូវបានព្យាករណ៍ថាបន្តកើនឡើងជាង ៥% នៅក្នុងឆ្នាំ២០២២ តាមរយៈការបើកប្រទេសពេញលេញ និងការត្រលប់ទៅរកការដំណើរការជាប្រក្រតីឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច នៅក្នុងគ្រប់វិស័យ។
ទោះជាយ៉ាងណាក៏ដោយ កម្ពុជាក៏ដចជាសកលលោកទាំងមូល បាននិងកំពងទទួលរងនូវការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ជាពិសេស ប្រភេទអូមីក្រុង (Omicron) ដែលទាមទារ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមានការភិតភ័យ និងស្លន់ស្លោ។ ក្នុងបរិការណ៍នេះ ការចាក់វ៉ាក់សាំង នឹងនៅបន្តជាវិធានការគន្លឹះ ហើយជំនួយវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប៉ូឡូញនាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់ប្រជាជនកម្ពុជាក្នុងក្របខណ្ឌទូទាំងប្រទេស។
- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ខ្ញុំសូមរំលឹកថា កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ គឺជាមិត្តចាស់ដែលមានទំនាក់ទំនងការទូត តាំងពីឆ្នាំ១៩៦៧។ ក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមកនេះ កម្ពុជា និងសាធារណរដ្ឋប៉ូឡូញ បានរក្សាទំនងទំនងល្អ ទាំងផ្នែកការទូត អប់រំ សង្គម-សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាសូមសម្ដែងនូវអំណរគុណដល់សាធារណរដ្ឋប៉ូឡូញ ដែលតែងតែផ្ដល់ជំនួយ និងការគាំទ្រដល់កម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី។ ក្នុងនាមជា ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចំណងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា-ប៉ូឡូញ និងអាស៊ាន-ប៉ូឡូញ ព្រមទាំងរវាង កម្ពុជា-សហភាពអឺរ៉ុប និងអាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែមានភាពរឹងមាំ និងស្អិតរមួតថែមទៀត។ កម្ពុជាក៏សូមលើកទឹកចិត្តឱ្យសាធារណរដ្ឋប៉ូឡូញ និងសហភាពអឺរ៉ុប បន្តផ្ដល់ការគាំទ្រដល់កម្ពុជា និងអាស៊ាន និងលើកទឹកចិត្តឱ្យធុរជន-វិនិយោគិនប៉ូឡូញ ក៏ដូចជា សហភាពអឺរ៉ុប បង្កើនការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម អប់រំ និងទេសចរណ៍នៅកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។
ជាទីបញ្ចប់ ខ្ញុំសូមអំពាវនាវឱ្យប្រជាជនកម្ពុជា មិនត្រូវភ្លេចខ្លួន និងត្រូវបន្តអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសវិធានការ ៣-ការពារ និង ៣-កុំ””““””” និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបន្តរក្សាឱ្យបាននូវភាពស៊ាំសហគមន៍ និងធានាបាននូវកិច្ចដំណើរការនៃសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញ ប្រកបដោយសុវត្ថិភាព និងមិនត្រឡប់ថយក្រោយវិញ។ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងប្រជាជននៃប្រទេសទាំងពីរ ឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងជួបប្រទះនូវវិបុលភាពរីកចម្រើនរុងរឿងទៅមុខជានិរន្តរ៍៕
សូមអរគុណ!