ប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល អគារសាលាជាតិ និងសារមន្ទីរគយ
ថ្ងៃនេះ ជាមួយនឹងព្រះពិរុណកំពុងតែប្រោះព្រំនៅក្នុងខែមិគសិរ ដែលជារឿងចំឡែកបន្ដិចត្រង់ថា ខែនេះហើយ នៅភ្លៀងបន្ត … ប៉ុន្តែគឺជាការទស្សន៍ទាយត្រូវរបស់ផ្នែកឧតុនិយម ដែលថានឹងមានភ្លៀងធ្លាក់ គាប់ជួនជាមួយនឹងថ្ងៃនេះ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល អគារសាលាជាតិគយ និងសារមន្ទីរគយ។ យើងកំពុងឈរនៅទីកន្លែងមួយ ដែលពីមុននេះស្ថិតនៅក្នុងស្ថានភាពស្ងាត់ជ្រងំ ឬក៏មានភាពរខេករខាក។ ឥឡូវ អគារ ៣៥ ជាន់ កំពុងតែបង្ហាញខ្លួនជាការរួមចំណែកសម្រាប់ផ្នែកអចលនទ្រព្យ ឬក៏អាចថាជាការរួមចំណែកធ្វើឱ្យទីក្រុងនេះកាន់តែមានការរីកចម្រើន។
អម្បាញ់មិញ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើរបាយការណ៍សព្វគ្រប់ទាក់ទិនទៅនឹងដំណើរវិវឌ្ឍន៍នៃផ្នែកគយ រដ្ឋាកររបស់យើងតាំងពីសម័យអាណានិគមនិយមបារាំង រហូតមកដល់ពេលនេះ … មុននឹងខ្ញុំនិយាយទៅដល់(ថ្ងៃបង្កើតគយនៅកម្ពុជា ក្នុងចំណោម) អគារដែលយើងសម្ពោធ ៣ គឺ អគាររដ្ឋបាល ដែលមាន ៣៥ ជាន់នេះ មានដល់ទៅ ៤៤.៤២៣ ម៉ែត្រការ៉េ សាងសង់អស់ទឹកប្រាក់ចំនួន ៣៣.៥០០.០០០ ដុល្លារសហរដ្ឋអាមេរិក និងអគារសាលាជាតិគយ សាងសង់អស់ទឹកប្រាក់ ១៤.៥០០.០០០ ដុល្លារសហរដ្ឋអាមេរិក និងអគារសារមន្ទីរគយ ដែលការជួសជុលកែលំអ អស់ ៣៨០.០០០ ដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះ (ទាំងនេះជា)ការវិវឌ្ឍមួយដ៏សំខាន់នៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
ខួបលើកទី ៧០ ថ្ងៃបង្កើតគយនៅកម្ពុជា
… បើនិយាយអំពីប្រវត្តិវិញ មកដល់ពេលនេះគឺខួបលើកទី ៧០ នៃថ្ងៃបង្កើតគយនៅកម្ពុជា។ បើយើងនិយាយអំពីខួបលើកទី ៧០ ឆ្នាំនេះ យើងទើបនឹងប្រារព្ធពិធីខួបលើកទី ៦៨ នៃថ្ងៃឯករាជ្យជាតិរបស់យើង។ ដូច្នេះ មានន័យថាយ៉ាងម៉េចនៅទីនេះ? … យើងត្រូវសំដែងនូវការគោរពនូវការដឹងគុណចំពោះព្រះករុណា ព្រះមហាក្សត្ររបស់យើង ដែលពេលនោះព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យមួយជំហានម្ដងៗ ពីផ្នែកមួយទៅកាន់ផ្នែកមួយ។ កុំភ្លេចថាគយនេះ ជាសេវាអធិបតេយ្យ ជាចំណែកមួយនៃឯករាជ្យភាពរបស់យើង។ ដូច្នេះ នៅពេលនោះ ព្រះអង្គបានទាមទារបង្កើតឡើងនូវរដ្ឋបាលគយកម្ពុជា ដោយបំបែកចេញពីសហភាពគយឥណ្ឌូចិន។ មានន័យថា ជាស្នាព្រះហស្តដ៏ធំរបស់ព្រះអង្គមួយទៀត ដែលយើងត្រូវមើលឃើញ ហើយដែលមានរូបភាពចាក់បញ្ចាំងផ្សាយតាមទូរទស្សន៍។ ទូរទស្សន៍ជាតិ ទូរទស្សន៍បាយ័នតែងចាក់(ផ្សាយ) នូវខ្សែភាពយន្តឯកសារ(ដែលបាន)រក្សាទុក អំពីព្រះរាជបេសកកម្មរបស់ព្រះអង្គ នៅក្នុងការទាមទារឯករាជ្យទៅតាមតំបន់នេះតំបន់នោះ។ អ្វីដែលគប្បីត្រូវយល់ឱ្យស៊ីជម្រៅ ក្រៅពីរូបភាពនៃបញ្ហាទាក់ទងនឹងព្រះរាជដំណើររបស់ព្រះអង្គ ទៅកាន់តំបន់ស្វយ័ត សៀមរាប ឬតំបន់ដទៃទៀតនោះ គឺពាក់ព័ន្ធនឹងការតស៊ូទៅលើវិស័យនានាដើម្បីទាមទារនូវឯករាជ្យជាដំណាក់ៗ និងជាផ្នែកៗ ទម្រាំបានឯករាជ្យពេញលេញនៅត្រឹមថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ គឺ ៩០ ឆ្នាំគត់ ដែលបារាំងត្រួតត្រាលើកម្ពុជា។
ព្រះបរមរតនកោដ្ឋ ទាមទារគយពីបារាំង ០២ ឆ្នាំ (១៩៥១) មុនបានឯករាជ្យពេញលេញ ៩ វិច្ឆិកា ១៩៥៣
ប៉ុន្តែមុននឹងបានឯករាជ្យនេះ អ្វីដែលពិសេស គឺពេលដែលវត្តមានបារាំងលើទឹកដីខ្មែរ ព្រះអង្គបានទាមទារជាផ្នែកៗ កាលពីដំណាក់កាលនោះ។ ផ្នែកមួយនៃឯករាជ្យរបស់យើង គឺការទាមទារបំបែក(គយ)ចេញពីសហភាពគយរបស់ឥណ្ឌូចិន។ អ្នកខ្លះ គេចោទយើងអំពីបញ្ហាបក្សកុម្មុយនិស្ដឥណ្ឌូចិន ឬសហព័ន្ធឥណ្ឌូចិន ដោយរៀបចំដោយប្រធាន ហូ ជីមិញ របស់វៀតណាម។ ក៏ប៉ុន្តែយើងមិនត្រូវភ្លេច ហើយកុំមួលបង្កាច់ប្រវត្តិសាស្រ្តឱ្យសោះ ពាក្យ ឥណ្ឌូចិន ឬសហភាពឥណ្ឌូចិន គឺជាពាក្យរបស់បារាំងទេ។ បារាំងជាអ្នកបង្កើតពាក្យសហភាពឥណ្ឌូចិននេះ។ អគ្គទេសាភិបាលនៅឯវៀតណាម។ ឯយើងនេះ នៅឯវត្តភ្នំ គឺ CDC រាល់ថ្ងៃនេះ គឺមានត្រឹមតែទេសាភិបាលទេ។ នៅឡាវ ក៏មានត្រឹមតែទេសាភិបាលដែរ។ គេចាត់ទុកប្រទេស ៣ ដូចជាប្រទេសតែមួយ នៅក្រោមការត្រួតត្រារបស់បារាំងដូចគ្នា។ ប៉ុន្តែនៅកម្ពុជានេះ ក្រោមព្រះរាជកិច្ចដឹកនាំនៅពេលនោះ ប្រហែលជាព្រះអង្គមានការលំបាក មិនមែនធម្មតាដូចយើង។ រឿងយើងនៅពេលក្រោយ គឺច្បាំងគ្នា ហើយនិងការតស៊ូដើម្បីសន្ដិភាពរបស់ប្រទេស តាមរយៈនយោបាយឈ្នះ-ឈ្នះ។ ប៉ុន្តែនៅពេលនោះ ព្រះអង្គក៏បានតស៊ូ(ដែរ) តាមរបៀបតស៊ូរបស់ព្រះអង្គ គឺមិនប្រើអាវុធ។ ប៉ុន្តែ(ប្រើ)បញ្ញាដើម្បីដោះស្រាយបញ្ហាធ្វើឱ្យបារាំងដកចេញ។ នេះខ្ញុំគ្រាន់តែរំលឹកអំពីសមិទ្ធផលដើម ដែលនាំយើងមកកាន់ទីនេះ។ មុននឹងមក ០៩ វិច្ឆិកា ព្រះអង្គបានធ្វើកិច្ចការនេះមុន ០២ ឆ្នាំ។ បានសេចក្ដីថា កើតនៅឆ្នាំ ១៩៥១។ អញ្ចឹង ០២ ឆ្នាំមុនបានឯករាជ្យពេញលេញ។ តាំងពីពេលនោះមក ដែលកម្ពុជាមានឯករាជ្យរហូតមកដល់សព្វថ្ងៃ …។
សារមន្ទីរគយ ជាទីតាំងប្រវត្តិសាស្រ្ត
… សូម្បីតែទីតាំងមួយនេះ យើងរក្សាទុកជាសារមន្ទីរ(គយ) គឺជាទីតាំងប្រវត្តិសាស្រ្ត ដែលកសាងនៅក្នុងឆ្នាំ ១៩៦៥ (ដែលមាន)នៅក្នុងរបាយការណ៍ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន។ សមិទ្ធផលច្រើនទៀត ដែលបានកសាងនៅក្នុងដំណាក់កាលនោះ។ នេះគ្រាន់តែជាការរំលឹក ដើម្បីយើងអាចដឹងអំពីប្រវត្តិរបស់យើង ចាប់ផ្ដើមពីទីណា។ ប្រសិនបើជាគ្មានព្រះរាជបូជនីយកិច្ចនេះ ប្រហែលកម្ពុជានៅតែជាដែនដីមួយរបស់បារាំង នៅឯនាយសមុទ្រ ដូចជាអគ្គរដ្ឋទូតបារាំងធ្លាប់បានជួបនិងនិយាយជាមួយខ្ញុំថា នៅក្នុងប៉ាស៊ីហ្វិកនេះ គឺមានជនជាតិបារាំងប្រមាណជាង ២ លាននាក់នៅតាមកោះនានា។ ដូច្នេះ នេះជាចំណុចដែលថា យើងទទួលទានទឹក ត្រូវឃើញប្រភពទឹកចេញពីណា? យើងទទួលទានផ្លែឈើ តើនរណាជាអ្នកដាំដើមឈើនោះ?
រដ្ឋាភិបាលបណ្ដោះអាសន្ន ថ្ងៃ ០៨ មករា ១៩៧៩ មិនទាន់មានក្រសួង
បន្ដមកទៀត ក៏គួរតែរំលឹកទៅដល់ឯកឧត្តម តាំង សារឹម ដែលពេលនោះ ត្រូវបានចាត់តាំងជាប្រធានគណៈកម្មការពាណិជ្ជកម្ម ហើយក្រោយមកហៅថាជា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ ខ្ញុំសុំលើកត្រង់ចំណុចនេះបន្ដិច ដើម្បីជាការចែករំលែកដល់អ្នកជំនាន់ក្រោយ ហើយអ្នកមិនបានដឹង។ ការពិតទៅ រដ្ឋាភិបាលបណ្ដោះអាសន្ន ដែលបង្កើតនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ១៩៧៩ ពុំមានក្រសួងពាណិជ្ជកម្ម ពុំមានក្រសួងឧស្សាហកម្ម ពុំមានក្រសួងកសិកម្ម និងក្រសួងហិរញ្ញវត្ថុ ឬធនាគារទេ។ មានតែក្រសួងសេដ្ឋកិច្ច និងជីវភាព មួយគត់។ បើខ្ញុំមិនច្រឡំទេ ខ្ញុំនៅចាំបានរឿងនេះ ព្រោះខ្ញុំជាអ្នកចូលរួមជជែកពិភាក្សាទៅលើការរៀបចំក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជានៅពេលនោះ ដែល ទី១ សម្ដេច ហេង សំរិន សព្វថ្ងៃនេះ ជាប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ដើរតួនាទីជាប្រមុខរដ្ឋផង និងជានាយករដ្ឋមន្រ្តីផង។ ទី២ គឺ ប៉ែន សុវណ្ណ ដើរតួជាអនុប្រធានក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ទទួលបន្ទុកកិច្ចការពារជាតិ។ ទី៣ ហ៊ុន សែន សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ទទួលបន្ទុកកិច្ចការបរទេស។ ទី៤ ជា ស៊ីម សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ទទួលបន្ទុកមហាផ្ទៃ។ ទី៥ ចាន់ វ៉ែន សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ទទួលបន្ទុកអប់រំ។ ទី៦ កែវ ចិន្តា សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ទទួលបន្ទុកឃោសនាការ វប្បធម៌ ព័ត៌មាន។ ទី៧ ម៉ុក សុគុណ សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ទទួលបន្ទុកសេដ្ឋកិច្ច និងជីវភាព។ ទី៨ នូ បេង សមាជិកក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា ទទួលបន្ទុកសុខាភិបាល។ ប្រើពាក្យទទួលបន្ទុកយ៉ាងដូច្នេះ។ ដូច្នេះ វាអត់មានក្រសួងឧស្សាហកម្ម វាអត់មានក្រសួងស្អីៗទេ មានតែក្រសួងសេដ្ឋកិច្ច និងជីវភាព។ មកដល់ទីក្រុងភ្នំពេញនេះ យើងបង្កើតគណៈកម្មការទេ តែចង់ថា គណៈកម្មការនេះចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងជីវភាព គឺរួមមាន៖ គណៈកម្មការពាណិជ្ជកម្ម គណៈកម្មការហិរញ្ញវត្ថុ គណៈកម្មការឧស្សាហកម្ម គណៈកម្មការកសិកម្ម … បន្តពីគណៈកម្មការហិរញ្ញវត្ថុ ដែលដឹកនាំដោយ បង ចាន់ ភិន នៅពេលនោះ និងមានគណៈកម្មការសង្គមកិច្ច។ ក្រោយមកក៏បានអ្នកទាំងនោះក្លាយទៅជារដ្ឋមន្រ្តីទាំងអស់ …។
គយកើតនៅក្រសួងពាណិជ្ជកម្ម ផ្តើមគំនិតដោយ តាំង សារឹម
… មកដល់ពាក់កណ្ដាលឆ្នាំ ១៩៨១ បានយើងចាប់ផ្ដើមធ្វើការបោះឆ្នោត។ ពេលនោះចាប់ផ្ដើមរៀបចំរាជរដ្ឋាភិបាល។ យើងក៏មានក្រសួងពាណិជ្ជកម្ម។ គយមិនមែនបង្កើតដោយក្រសួងហិរញ្ញវត្ថុទេ។ គយពេលនោះគឺបង្កើតដោយក្រសួងពាណិជ្ជកម្ម គឺរដ្ឋមន្រ្តី តាំង សារឹម ជាអ្នកផ្ដួចផ្ដើមគំនិតរៀបចំ ក្នុងការបង្កើតគយនេះឯង។ មូលហេតុងាយយល់ ដែលខ្ញុំចាំមិនភ្លេច ត្រង់ថា មុននឹងមានរដ្ឋាភិបាល ដែលមាននាយករដ្ឋមន្រ្តី ប្រធានរដ្ឋ នាយករដ្ឋមន្រ្តីស្អីៗនេះ ក្នុងចន្លោះពីខែមករា ឆ្នាំ ១៩៧៩ ដល់ ខែមិថុនា ឆ្នាំ ១៩៨១ ខ្ញុំជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលហៅថា អចិន្ត្រៃយ៍របស់រដ្ឋាភិបាលនៅពេលនោះ។ ដល់ពេលចាប់ពីឆ្នាំ ១៩៨១ មកទល់ ១៤ មករា ១៩៨៥ ខ្ញុំជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស។ ដូច្នេះ កិច្ចការរាក់ជ្រៅក្នុងរដ្ឋាភិបាល ខ្ញុំក្ដាប់បាន។ មិនត្រឹមតែក្ដាប់បានទេ សូម្បីតែគំនូសលុយខាងណាគូសយ៉ាងម៉េចអីយ៉ាងម៉េច មាននៅសល់ក្នុងសៀវភៅខ្ញុំនៅឡើយ … ខ្ញុំគូស រួចហើយហៅ បង ចារៀង កាលហ្នឹងគាត់កាន់ធនាគារ ទៅដើម្បីមើលក្រដាសប្រាក់នេះត្រូវធ្វើយ៉ាងម៉េចនៅខាងនេះ ក្រដាសប្រាក់នោះត្រូវធ្វើយ៉ាងម៉េច។ ជាទស្សនាទាន រួចហើយគាត់យកទៅគូរ។ គូរហើយបានយកមកឆ្លងវិញ។ ហ្នឹងប្រវត្តិរបស់វាវែងឆ្ងាយ …។
ផ្ទេរគយពីក្រសួងពាណិជ្ជកម្មទៅក្រសួងហិរញ្ញវត្ថុ
អញ្ចឹងទេ ខ្ញុំសូមបញ្ជាក់ គយដំបូងមិនមែនចំណុះក្រសួងហិរញ្ញវត្ថុទេ គឺចំណុះក្រសួងពាណិជ្ជកម្ម។ ប៉ុន្តែ នៅពេលដែលខ្ញុំមកកាន់ជានាយករដ្ឋមន្រ្តី ពេលនោះគិតថា បើទាត់បាល់ផង ធ្វើអាប៊ីតផង វាមិនបានទេ។ ព្រោះអី? ក្រសួងពាណិជ្ជកម្មជាក្រសួងនាំចេញនាំចូល រួចហើយគយមកកាន់ខ្លួនឯងទៀត អញ្ចឹងវាមិនចប់រឿង។ ដូច្នេះហើយបានជាត្រូវផ្ទេរគយពីក្រសួងពាណិជ្ជកម្ម មកកាន់ក្រសួងហិរញ្ញវត្ថុ ដែលពេលនោះបង តាំង សារឹម ជារដ្ឋមន្រ្តីពាណិជ្ជកម្ម និងបង ចាន់ ភិន ជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ … មុនពេលដែលឯកឧត្ដម ឆាយ ថន ចូលទៅជំនួសបង ចាន់ ភិន នៅពេលនោះ … អញ្ចឹងយើងក៏គួរតែគោរពទៅដល់អ្នកដែលបានបង្កើតស្ថាប័នគយនេះឡើង។ ការពិតទៅបង តាំង សារឹម គាត់មានទស្សនវិស័យច្រើនណាស់ គាត់មានការរៀបចំច្រើន។ អគារកាច់ជ្រុងៗ ហើយគយដូចជានៅជាប់នឹងកៀកនៅហ្នុង … ស ហូ ប្រធានគយមុនគេ។ បន្ទាប់ពី ស ហូ បានដល់ អ៊ិន សារឿន បន្ទាប់ទៅបានដល់ ប៉ែន ស៊ីម៉ន ហើយចប់ពី ប៉ែន ស៊ីម៉ន បានមកដល់ គុណ ញឹម សព្វថ្ងៃនេះ។ ប្រវត្តិរបស់វាយ៉ាងដូច្នេះឯង។
ក្បាលរឹង ការពារឯករាជ្យ អធិបតេយ្យជាតិ
… ថ្ងៃនេះអាចចោទជាបញ្ហាមួយទៀត … ឥឡូវដាក់ចោទជាបញ្ហា។ នៅក្នុងរង្វង់ឆ្នាំ ២០០៤ ការប៉ុនប៉ងលក់គយ។ ខ្ញុំចង់សួរបញ្ជាក់ដើម្បីឲ្យពលរដ្ឋខ្មែរយើងដឹងច្បាស់អំពីប្រវត្តិ។ មិត្តភក្ដិដៃគូរបស់យើងបានផ្ដល់មតិឲ្យយើង (ដោយ)គូសហើយស្រេចនូវគំនូសបំព្រួញអំពីការលក់គយ។ បានសេចក្ដីថា បបួលយើងឲ្យលក់អធិបតេយ្យជាតិរបស់យើងតែម្ដង។ នៅចាំបានទេ ពេលនោះ យើងប្រជុំនៅឯទីស្ដីការគណៈរដ្ឋមន្រ្តីចាស់។ គេគូសមកម្ខាងរដ្ឋ ម្ខាងឯកជន។ មួយគឺគេដាក់ ៥០% នៅខាងផ្នែករដ្ឋ ឯនៅខាងផ្នែកឯកជន គឺ ៥០% ប៉ុន្តែគេចែកជាពីរ ហើយយើងលួចដឹងទៀត មិនមែនអ្នកក្នុងស្រុកជាអ្នកទិញទេ។ អ្នកមកពីបរទេស។ បើពេលនោះខ្ញុំមិនដាច់ខាតដើម្បីការពារនូវអធិបតេយ្យជាតិ តើមកដល់ពេលនេះប្រាក់ចំណូលគយ ដែលឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន លើកឡើងអម្បាញ់មិញ តើបាត់បង់ទៅណា? ប្រាក់ចំណូលគយរបស់យើងត្រូវចែក ៥០% ឲ្យបរទេស ដែលមកទិញគយ។ ខ្ញុំជំទាស់នៅពេលនោះ រហូតដល់មានចំណារមួយថា “អ្នកណាហ៊ានចូលប្រជុំជាមួយអ្នកដែលប៉ុនប៉ងធ្វើរឿងលក់គយហ្នឹងតទៅទៀត ខ្ញុំនឹងដកចេញពីតំណែងទាំងអស់”។ អញ្ចឹងបានជាបរទេសខ្លះមិនចូលចិត្តខ្ញុំ ដោយសារតែខ្ញុំក្បាលរឹងរឿងអញ្ចឹង ក្បាលរឹងលើឯករាជ្យ អធិបតេយ្យរបស់ជាតិ។
គយ ពន្ធដារ ជាសេវាអធិបតេយ្យ
ឥឡូវអស់លោកគិតមើល គយជាសេវាអធិបតេយ្យ គយគ្រប់គ្រងលើសេវាអធិបតេយ្យ មិនមែនសេវាធម្មតាទេ។ គយនេះ ពន្ធដារនេះ ផ្នែកមួយចំនួនទៀត គេហៅ សេវាអធិបតេយ្យ។ ឧទាហរណ៍ (កុំថាតែ)គយនៅប្រទេសគេនានា សូម្បីគយនៅប្រទេសយើងក៏មានដែរ គេបំពាក់ទាំងឧទ្ធម្ភាគចក្រ ទាំងនាវាល្បាតល្បឿនលឿន ដើម្បីត្រួតត្រា។ គេបំពាក់អាវុធឲ្យគយទៅទៀត។ អញ្ចឹងបើបរទេសមានសិទ្ធិបញ្ជាលើកម្លាំងប្រដាប់អាវុធនៅស្រុកខ្មែរហើយ តើយើងជាស្អីទៅវិញ? អញ្ចឹងបានបរទេសខ្លះគុំខ្ញុំយូរហើយ មិនមែនទើបគុំឥឡូវទេ ដោយសារការប៉ុនប៉ងរបស់គេមិនបានសម្រេច ទៅលើបញ្ហាទាំងអស់នេះ។ ខ្ញុំមិនមែនរំលឹកមួយដង ពីរដងទេ ខ្ញុំរំលឹកច្រើនដង។ ត្រូវតែរំលឹក ព្រោះអ្នកឯងធ្វើខុស ហើយឯងក៏មិនដែលបាន(សារភាព)ថា “ទេ! ខ្ញុំគិតកាលនោះខុសទេ”។ លុយដែលគេប៉ុនប៉ងឲ្យយើងយកមកចាយដើម្បីកែទម្រង់គយ ក្នុងហ្នឹងគេប្រើពាក្យ «កែទម្រង់គយ» ប៉ុន្តែ មានពាក្យកែទម្រង់គយមកពីត្រង់ណា ប្រើឲ្យយើងលក់គយពាក់កណ្ដាល។ ម្ខាងគេដាក់ Government Sector ម្ខាងទៀត គេដាក់ Private Sector ។ អញ្ចឹង ៥០% និង ៥០% លក់អធិបតេយ្យពាក់កណ្ដាល។ រួចហើយថា ប្រទេសនេះ/នោះគេមានជោគជ័យ។ ឥឡូវសួរថា មានប្រទេសណានៅលើលោកនេះជោគជ័យ។ អ្នកធ្វើអញ្ចឹងបរាជ័យអស់រលីងហើយ។
មិនឱនក្បាលដូរយកជំនួយឬការអត់ឱនពីបរទេស
រួចហើយដល់យើងមិនធ្វើតាម គេដកយកលុយ(ទៅវិញ)។ ខ្ញុំថា អើ! លុយហ្នឹងយកទៅវិញទៅ ខ្ញុំមិនចាំបាច់ចាយលុយអ្នកឯងទេ។ នេះជាការណ៍មួយដែលគួរឲ្យខ្លាចមែន។ អញ្ចឹងបានថា ធ្វើស្អីក៏ដោយ ត្រូវគ្រប់គ្រងនិងក្ដាប់ឲ្យជាប់នូវទស្សនៈស្ដីពីឯករាជ្យ និងអធិបតេយ្យជាតិ។ មិនត្រូវឱនក្បាល យកក្បាលយើងទៅដោះដូរជាមួយជំនួយ ឬការអត់ឱនពីបរទេសណាទាំងអស់។ ខ្ញុំធ្លាប់ប្រកាសហើយ។ នេះលុយស្រស់ៗ រួចហើយមកចែក។ លេងធុនហ្នឹង។ មួយទៀតជំនាន់ កាំសាប។ មិត្តភក្ដិបរទេសរបស់យើងសុំមកវិនិយោគលើកាំសាប។ ខ្ញុំក៏សួរត្រឡប់ទៅវិញថា តើការវិនិយោគរបស់អ្នកឯងសំដៅលើអ្វី? ថាសំដៅបំពាក់ឧបករណ៍បច្ចេកទេស បណ្ដុះបណ្ដាលធនធានមនុស្ស។ ខ្ញុំថា “បានហើយ។ ខ្ញុំធ្វើខ្លួនឯងបានហើយ”។ គ្រាន់តែ Pilot នាំនាវាចូលផែ វាអត់មានរឿងអីលំបាកសោះ។ គាត់មកទារធ្វើវិនិយោគ ដោយ(គ្រាន់តែ)ដាក់ម៉ាស៊ីនទាក់ទងគ្នាលើសមុទ្រ។ អញ្ចឹងបានអាហ្នឹងត្រូវគ្រប់គ្រងឲ្យច្បាស់ កុំលេងអីវិនិយោគ លេងអីកែទម្រង់ ហើយកែទម្រង់លក់គយ។
ឆន្ទានុសិទ្ធិនាយករដ្ឋមន្រ្តី សុំឯកឧត្ដម គុណ ញឹម នៅធ្វើមេគយដល់ ២០២៥
ខ្ញុំសូមឲ្យធ្វើទំនើបកម្មគយ។ ត្រូវធ្វើ។ យើងបានធ្វើពិតប្រាកដ។ រាប់ទាំងឥឡូវនេះ កន្លែងដែលយើងកំពុងសម្ពោធនេះគឺជាអ្វី? នេះជាការធ្វើទំនើបកម្មនៃគយរបស់យើង។ យើងក៏បានចូលរួមជាមួយនឹងអង្គការគយពិភពលោកថែមទៀតផង ក្នុងក្របខណ្ឌអាស៊ាន ដៃគូទូលំទូលាយរបស់យើង។ ឆ្នាំ ២០០១ (ស្មើ) ២០ ឆ្នាំមុន ខ្ញុំមកសម្ពោធនៅនេះ។ កាលនោះឯកឧត្ដម ប៉ែន ស៊ីម៉ន នៅធ្វើជាមេគយ មិនទាន់ចូលនិវត្តន៍។ ប៉ុន្តែសូមបញ្ជាក់ កុំអាលទារឲ្យ គុណ ញឹម ចូលនិវត្តន៍ ខ្ញុំពន្យារឲ្យដល់ ២០២៥។ ហ្នឹងជាឆន្ទានុសិទ្ធិរបស់ខ្ញុំ។ ទុកឲ្យធ្វើទំនើបកម្មគយនេះឲ្យបានថែមបន្តិចទៀត។ គុណ ញឹម ក៏មិនទាន់ចាស់ប៉ុន្មានដែរ។ ខ្ញុំដឹងមានអ្នកខ្លះប្រឹងរត់ការដើម្បីសុំធ្វើកន្លែងគយ។ សុំទោស! កន្លែងហ្នឹងអត់ទេ។ ខ្ញុំត្រូវតែទុក(គុណ ញឹម)ធ្វើកិច្ចការងារនេះ។ ក្នុងករណីដែលមាននាយករដ្ឋមន្រ្តីថ្មីមកជំនួសមុនឆ្នាំ ២០២៥ ទុកឲ្យនាយករដ្ឋមន្រ្តីគេពិភាក្សា(ទៅចុះ)។ ខ្ញុំនិយាយឲ្យច្បាស់តែម្ដង ឧទាហរណ៍ទេ បើសិនជាខ្ញុំចេញពីតំណែង ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ក៏នៅតែកាន់ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដដែល។ ហ្នឹងទុកឲ្យពួកគាត់នាំគ្នាចាត់ចែងទៅចុះ។ តែខ្ញុំគិតថា ការពន្យារនេះគឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី។ អញ្ចឹងអ្នកដែលចង់រត់ការធ្វើមេគយអី មិនបាច់រត់ទេ។ រត់ជាមួយខ្ញុំរត់ទៅមិនរួចទេ។ ខ្វះណាស់កាលពីមុនប្រុងដោះដូរ ប៉ែន ស៊ីម៉ន។ ខ្ញុំមិនឱ្យដោះដូរ។ទុក ប៉ែន ស៊ីម៉ន សិន។ ដល់ ប៉ែន ស៊ីម៉ន ចូលនិវត្តន៍ដាក់ គុណ ញឹម ចូលតែម្ដង។ ឥឡូវ ខ្ញុំពន្យារឱ្យដល់ឆ្នាំ ២០២៥ និយាយឱ្យច្បាស់តែម្ដង ដើម្បីឱ្យនៅធ្វើទំនើបកម្មក្បាលម៉ាស៊ីនគយនេះ ហើយខ្ញុំកំពុងតែពេញចិត្តជាមួយនឹងសាលាជាតិគយ។
ទំនើបទាំងកន្លែងការងារទាំងធនធានមនុស្ស
ខ្ញុំកំពុងតែឃើញថាក្បាលម៉ាស៊ីនរដ្ឋរបស់យើងកំពុងធ្វើទំនើបកម្មហើយ។ ខាងក្រសួងការបរទេស គេបង្កើតវិទ្យាស្ថានកិច្ចការទូតរបស់គេនៅជាប់ក្រសួងតែម្ដង។ នៅនេះមានសាលាជាតិគយ នៅក្រសួងសាធារណការដែលយើងទៅសម្ពោធកាលពីដើមឆ្នាំ គេមានសាលារបស់គេនៅនោះ។ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ … គេមានសាលាផ្នែកឌីជីថល(Digital) របស់គេ។ អញ្ចឹងយើងមានសាលានិងមានក្រសួងមួយចំនួនទៀត មានផ្នែកបណ្ដុះបណ្ដាលរបស់គេ។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុមានសាលាមួយ … កូនស្រីខ្ញុំ ម៉ាណា មកពីអាមេរិកមកបញ្ចប់ថ្នាក់ Master នៅនេះតើ។ រៀននៅសាកលវិទ្យាល័យ ញូយ៉កដែរ ប៉ុន្តែសាលានៅប៉ារីស។ ហេតុតែចង់បានចៅពេកក៏ហៅកូនមកការ។ ដល់អញ្ចឹងទៅត្រូវបញ្ចប់ការសិក្សានៅនេះវិញ។ រៀននៅញូយ៉កដល់ពេលមកបញ្ចប់ៗនៅភ្នំពេញ … មានសម្ភារទំនើប អាគារទំនើប តែបើមនុស្សអត់ទំនើបទេ សូមកុំសង្ឃឹមឱ្យសោះ។ ខ្ញុំនៅចាំបានណាស់នៅពេលដែលខ្ញុំនៅជារដ្ឋមន្ត្រីការបរទេស ព្រោះខ្លួនធ្លាប់តែធ្វើកងទ័ពអត់ដែលធ្វើរដ្ឋមន្ត្រីការបរទេសផង បើទោះបីយ៉ាងណាក៏ដោយ ទន្ទឹមនឹងការរៀនខ្លួនឯង បើកសាលាបង្រៀនបំប៉នផ្នែកការទូត។ ឥឡូវនេះគឺខាងផ្នែកការបទេសគេមានវិទ្យាសា្ថនផ្នែកការទូតរបស់គេ។ នៅនេះគេមានសាលា។ គង់ វិបុល មានសាលាភ្ជាប់នៅពន្ធដារទេ? ដូច្នេះត្រូវតែមានគ្រប់ទីកន្លែងទាំងអស់។ ខាងផ្នែកយុត្តិធម៌គេមានសាលាអ្វីខ្លះ (កើត) រិទ្ធ? មាន (សាលាចៅក្រម) សាលាក្រឡាបញ្ជី អាជ្ញាសាលា សាការី (ទាំងអស់) ៤ សាលា។ ដូច្នេះទាល់ហ្វឹកហាត់។ ទំនើបតែទីកន្លែងការងារតែមនុស្សអត់ទំនើបទៅអត់រួចទេ។
“មនុស្ស ទឹក ផ្លូវ ភ្លើង”
… យុទ្ធសាស្ត្រចតុកោណគឺ យកមុំទី ៤ កាលពីពេលមុន មកដាក់មុំទី ១។ ពីរអាណត្តិហើយ។ ពីមុន ទឹក ផ្លូវ ភ្លើង មនុស្ស។ ឥឡូវយើងយក “មនុស្ស ទឹក ផ្លូវ ភ្លើង” ទៅវិញ។ អញ្ចឹងដាក់ការអភិវឌ្ឍធនធានមនុស្សនៅពីមុខ។ នេះជាចំណុចដែលយើងមានការរីករាយ ចំពោះការរីកចម្រើនឡើងទាំងផ្នែកទន់និងផ្នែករឹង។ បើមានតែរឹង អត់ទន់គឺអត់កើតទេ។ ផ្នែកទន់រាប់ទាំងលិខិតបទដ្ឋានគតិយុត្តិផ្នែកផ្សេងៗទៀត រាប់ទាំងធនធានមនុស្សដែលយើងត្រូវបណ្ដុះបណ្ដាល។ គេហៅ Hardware និង Software។ បើលោកឯងមានតែ Hardware អត់មានអាទន់ទៅមិនរួចទេ។ អញ្ចឹងត្រូវទៅទាំងព្រម។ រុញច្រានកំណែទម្រង់ទាំងផ្នែកទន់និងផ្នែករឹងទៅជាមួយគ្នា។ អគារថ្ងៃនេះ ទោះបី ៣៥ ជាន់ ប៉ុន្តែបើសិនជាយើងអត់មានធនធានមនុស្ស យើងក៏មិនអាចធ្វើអីកើតដែរ។ នេះគឺជាបទពិសោធន៍នៃការគ្រប់គ្រង។ ខ្ញុំជឿច្បាស់ណាស់ អ្វីដែលចាស់ៗជំនាន់មុនធ្វើ គឺធ្វើទុកឱ្យអ្នកទាំងអស់គ្នាជំនាន់ក្រោយហ្នឹង។ ឥឡូវនេះ សូម្បីតែខ្ញុំ គុណ ញឹម អ្នកទាំងអស់គ្នាក៏ចាស់ហើយដែរ។ តើយើងធ្វើដើម្បីយើងឬ? យើងធ្វើដើម្បីយើងម្ខាងនៅពេលនេះកំពុងធ្វើការ ប៉ុន្តែវាសម្រាប់ ១៥០ ឆ្នាំ តទៅមុខទៀត ក្រែងលោយើងស្លាប់ហើយចាប់ជាតិមកវិញធ្វើគយនៅហ្នឹងដែរ។ ខ្ញុំមិនដឹងទេ។ ខ្ញុំមានឪពុកមាមួយត្រកូល ប៉ែន ដែរ ប៉ែន ឡុកសេង ធ្វើគយ។ បង ហោ ណាំហុង ដូចជាធ្លាប់ស្គាល់គយម្នាក់ឈ្មោះ ប៉ែន ឡុកសេង។ ប៉ុន្តែមិនដឹងថាគាត់ធ្វើការគយនៅភ្នំពេញឬគយទូទាំងប្រទេសខ្ញុំមិនដឹងដែរ ប៉ុន្តែខ្ញុំដឹងថាគាត់ជាគយ ជាឪពុកមា។ មិនដឹងថាមានឈ្មោះនៅក្នុងបញ្ជីឈ្មោះក្នុងសារមន្ទីរហ្នឹងដែរឬអត់។ ឥឡូវប្រពន្ធគាត់ក៏នៅ។ ប្អូនៗក៏នៅតែ ប៉ែន ឡុកសេង ត្រូវអាពតសម្លាប់ចោលទៅហើយ។
ឡាន/ម៉ូតូ មិនបានបង់ពន្ធមិនអនុញ្ញាតអោយចរាចរលើផ្លូវ
ខ្ញំបញ្ចៀសអញ្ចេះ កូនខ្ញុំទាំងអស់គឺសុំឱ្យជៀស។ កុំឱ្យមកកៀកជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងផ្នែកគយនិងពន្ធដារ។ មានអ្នកមានខ្លះបានលើកថា ម៉េចក៏កូនទៅរៀនខាងផ្នែកសេដ្ឋកិច្ច ការចេះដឹងសេដ្ឋកិច្ច ម៉េចក៏មិនអោយមកខាងផ្នែកគយ ពន្ធដារ ហិរញ្ញវត្ថុ? ថាសុំទោសឥឡូវខ្ញុំទុកកូនខ្ញុំនៅឱ្យឆ្ងាយពីកន្លែងហ្នឹង ព្រោះកន្លែងហ្នឹងជួនកាលកន្លែងគេជេរ។ ប៉ុន្តែយើងត្រូវខិតខំកាត់បន្ថយកុំអោយគេជេរ។ ប៉ុន្តែកន្លែងខ្លះយើងក៏ត្រូវដាច់ខាត។ កន្លងទៅ ខ្ញុំប្រកាសសាជាថ្មីមិនអនុញ្ញាតឱ្យមាន ឡាន ឬម៉ូតូ នៅលើផ្លូវដែលគ្មានបង់ពន្ធទេ … ថ្ងៃនេះ ២៣(ធ្នូ)។ សល់តែ ៨ ថ្ងៃទៀត ផុតឱសានវាទនៃការអនុគ្រោះ ១០%។ ត្រូវចូលឱ្យលឿនដើម្បីមកបង់បានចំណេញ ១០% បន្ទាប់ពីនោះគឺថាត្រូវពេញ ១០០% តែម្ដង។ ឧទាហរណ៍៖ ថាឡានត្រូវ(បង់)៥ ម៉ឺនដុល្លារ បង់ ៥ ម៉ឺនដុល្លារពេញតែម្ដង។ ប៉ុន្តែបើសិនជាចូលមកមុនថ្ងៃទី ៣១ នឹងទទួលបានភាពអនុគ្រោះ ១០% វាស្មើ ៥ ពាន់ដុល្លារដែរ។ មិនអនុញ្ញាតឱ្យមានឡាននៅលើដងផ្លូវដោយមិនបានការបង់ពន្ធ ព្រោះម្ដងហើយម្ដងទៀតភាពច្រំដែលរបស់យើងនៅតែបន្ត។ ឡានចង្កូតស្ដាំ ឡានអត់ពន្ធ ជ្រកក្រោមនេះ/នោះ មិនអនុញ្ញាតឱ្យមានទេ ហើយអស់លោកគយត្រូវធ្វើកិច្ចការងារនេះ ដើម្បីប្រមូលឡានដែលអត់មាន(ពន្ធ) គឺទុកផាកពិន័យយ៉ាងម៉េចអីយ៉ាងម៉េច គឺធ្វើតាមគោលការណ៍ដែលមានមកហើយ។ សង្ឃឹមថាអ្នកដែលបានស្ដាប់អំពីរឿងនេះគឺនឹងបន្ត។
ឆ្នាំ ២០២១ រំពឹងថា ផ្នែកគយនិងរដ្ឋាករ សំរេចបាន ៩៧% នៃផែនការ
អម្បាញ់មិញឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងជាមួយហ្នឹងប្រាក់ចំណូលរយៈពេលមុន កូវីដ-១៩។ ទំហំទឹកប្រាក់ដែលយើងទទួលបានសម្រាប់ចំណូលផ្នែកគយមានទៅដល់ជាង ៣ ១៨៦ លានដុល្លារអាមេរិក។ ពេលនោះគឺលើសពីរដងនៃចំនួនដែលបានទទួលនៅឆ្នាំ ២០១៤។ ពេលនោះយើងសម្រេចរហូតទៅដល់ ១៤២,៣% ប៉ុន្តែ កូវីដ-១៩ បានមកដល់។ ពេល កូវីដ-១៩ មកដល់ ធ្វើឱ្យចំនួនទឹកប្រាក់ដែលយើងទទួលបានជួបការលំបាក។ សម្រេចបានត្រឹមតែ ៨៣% នៃផែនការប៉ុណ្ណោះ។ ឯឆ្នាំនេះរំពឹងថានឹងសម្រេចបានដល់ទៅ៩៧% នៃផែនការ ព្រោះ ១១ ខែកន្លងយើងរកបាន ២ ០៥៥ លានដុល្លារ ស្មើនឹង ៨៧% រួចទៅហើយ។ ឥឡូវចំណូលកំពុងតែកើន។ ម្សិលមិញដូចជាឡើងទៅដល់ ១៦៣ លាន។
តាមធម្មតា ចំណូលពន្ធដារ និងចំណូលគយ លុយនៅក្នុងរតនាគារ និងអត្រាប្ដូរប្រាក់ត្រូវបញ្ជូនឱ្យខ្ញុំ។ យូរបំផុតម៉ោង ៧ យប់ ខ្ញុំបើកមើលហើយ។ ប៉ុន្តែក្នុងរង្វង់ម៉ោង ៥ កន្លះល្ងាចទៅម៉ោង ៦ កន្លះគឺ គុណ ញឹម គង់ វិបុល ត្រូវវាយឱ្យខ្ញុំហើយ។ ផ្នែកខាងរតនាគារត្រូវវាយឱ្យខ្ញុំ។ ខ្ញុំត្រូវដឹងចំណូលឡើងចុះយ៉ាងម៉េច(ព្រោះវាទាក់ទងនឹងការគ្រប់គ្រង)។ យើងបានឃើញថា នៅពេលដែលយើងបើកសេដ្ឋកិច្ចផ្ទៃក្នុង បើកប្រទេសឡើងវិញតម្រូវការក្នុងស្រុកមានការងើបឡើង។ មានតម្រូវការនៃការនាំចូល ធ្វើឱ្យផ្នែកគយចាប់ផ្ដើមរើបងើបឡើង។ បើយើងពិនិត្យអំពីប្រាក់ចំណូលឆ្នាំនេះ គយអាចបានដល់ទៅ ២ ២០០លាន(ដុល្លារ)ជាង ឯពន្ធដារបានសម្រេចរួចហើយ ២ ២៤៣ លានស្មើហ្នឹង ១១៤,១៣%។ អញ្ចឹង គិតទាំងគយទាំងពន្ធដារ យើងអាចមានទំហំទឹកប្រាក់ប្រមាណជាជាង ៤ ៥០០លាន តែបើប្រៀបធៀបជាមូយអ្វីមុន កូវីដ-១៩ វាអត់គ្រប់គ្រាន់ទេ។ ប៉ុន្តែ ប៉ុណ្ណេះយើងអាចនៅទ្រទ្រង់ការចំណាយរបស់យើង។
ដោយសារ កូវីដ-១៩ មិនបានប្រើប្រាស់ប្រាក់សន្សំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា
អញ្ចឹងបានខ្ញុំតែងតែនិយាយបើកុំមានអា កូវីដ-១៩ នេះ ខ្ញុំនឹងដាក់មួយព្រនង់អោយរង្គើកម្ពុជា។ ព្រោះអី? ប្រើប្រាស់ប្រាក់ដែលយើងសន្សំបាននេះលេងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ជាផ្លូវ ជាស្ពាន ដែលខ្ញុំតែងតែនិយាយដូចជាព្រែកត្នោតអញ្ចឹង ដាក់ ១ គីឡូម៉ែត្រស្ពានមួយៗ។ ស្ពានខ្លះតែ ៥០ ម៉ឺនដុល្លារ ស្ពានខ្លះ ១ លានដុល្លារ។ ដាក់អោយព្រាតពេញប្រទេសតែម្តង។ ផ្លូវណាដែលយើងពិបាករកទុនពីក្រៅប្រទេស លេងខ្លួនឯងតែម្តង។ ដូចកន្លងទៅយើងប្រើអស់ប៉ុន្មានដូចជាជិត ១ ០០០ លានដុល្លារ។ អគ្គិសនី ដែលយោងទៅលើបទពិសោធន៍ដូចជា ២០១៩ ខ្វះអគ្គិសនី នៅចាំបានទេពេលនោះ? វារីអគ្គិសនីទាំងអស់ដើរបានតិចណាស់ ដោយសារវាខ្វះទឹក។ អញ្ចឹងធ្វើអោយទីក្រុងភ្នំពេញអត់ភ្លើងប្រើប្រាស់ទេ។
ខ្ញុំត្រូវទាក់ទងទៅប្រធានាធិបតី វៀតណាមដែលមកពីម្សិល។ កាលហ្នឹងគាត់ជានាយករដ្ឋមន្ត្រី។ ខ្ញុំថាសូមជួយខ្ញុំ ៥០ មេហ្គាវ៉ាត់ភ្លាមដើម្បីខ្ញុំបុកចូលភ្នំពេញ។ គាត់ក៏បើកបញ្ជូនបន្ថែមអោយផ្គត់ផ្គង់ទីក្រុងភ្នំពេញ។ អញ្ចឹងទេបន្ទាប់ពីនោះយើងត្រូវប្រើប្រាស់ ៤០០ លានដុល្លារ យកម៉ាស៊ីនពី ហ្វាំងឡង់ ២០០ មេហ្គាវ៉ាត់ ពី អាល្លឺមង់ ២០០ មេហ្គាវ៉ាត់ មករៀបចំក្បែរភ្នំពេញ។ បើមានការអីកុំអោយភ្នំពេញខ្វះភ្លើង។ បុកភ្លាមចូលទីក្រុងភ្នំពេញ។ ប្រើដោយប្រេង។ ស្អីក៏ដោយ តែពេលខ្វះហើយប្រើដោយប្រេងស្អីក៏ដោយអោយតែវាឆេះ។ សណ្ឋាគារប៉ុនមេឃប៉ុនដី ៣៥ ជាន់ អត់មានភ្លើងផ្គត់ផ្គង់អោយ វាជាប់ជណ្តើរយន្តពេញតែហ្នឹង។ រួចទៅដល់ពេលឡើងជណ្តើរទម្រាំតែឡើងដល់លើ បើថាក្មេងមិនសូវអីប៉ុន្មានទេ តែបើថារាងចំណាស់បន្តិចឡើងបាន ៣ ជាន់ឈប់សិន បន្តទៅទៀតទម្រាំឡើងដល់លើជិតផុតហើយ។
បន្ទាប់ទៅយើងដាក់ប្រមាណជា ៤០០ លានដុល្លារចូលខេត្តព្រះសីហនុ កសាងហេដ្ឋារចនាសម្ព័ន្ធ។ បន្តទៅទៀតយើងដាក់ដូចជាជិត ២០០ លានដុល្លារ ចូលទៅខេត្តសៀមរាប។ ធ្វើប្រឹបភ្លាមអត់ចំណាយពេលយូរទេ។ ក្រុមហ៊ុនយើង។ អត់មានត្រូវការអីកុងស៊ុលតង់អីពីណាពិគ្រោះយោបល់វែងឆ្ងាយ ហើយត្រូវសម្រេចនៅឯវ៉ាស៊ីនតោន ត្រូវសម្រេចនៅ World Bank ត្រូវសម្រេចនៅឯវ៉ាស៊ីនតោន ADB ត្រូវសម្រេចនៅឯ ម៉ានីល។ ឯយើងអត់ទេ សម្រេចនៅតាខ្មៅក៏បាន សម្រេចនៅវិមានសន្តិភាពក៏បាន សម្រេចតាមទូរស័ព្ទជាមួយ មុនីរ័ត្ន ក៏បាន។ អ្នកណាដែលត្រូវធ្វើសម្រេចគ្នាអញ្ចឹងតែម្តង។ អាហ្នឹងលឿនជាងអីទៀត។ ក្រុមហ៊ុនក្នុងស្រុករបស់យើងមួយគគោកឥឡូវហ្នឹង ដែលមានសមត្ថភាពធ្វើ។
រដ្ឋាភិបាល ហ៊ុន សែន មិនមែនជារដ្ឋាភិបាលកញ្ជើធ្លុះទេ
ប៉ុន្តែយើងត្រូវចិញ្ចឹមប្រជាជនប្រយុទ្ធជាមួយ កូវីដ-១៩ សាច់ប្រាក់ដែលយើងសន្សំបានប្រមាណជា ៣ ៥០០លានដុល្លារ។ យើងចាយអស់ពាក់កណ្តាល ប៉ុន្តែយើងមិនអោយប៉ះពាល់ ជាមួយនឹងចំណាយចរន្តជាពិសេសគឺបន្ទុកបុគ្គលិកតែម្តង។ រដ្ឋាភិបាល ហ៊ុន សែន មិនមែនជារដ្ឋាភិបាលកញ្ជើធ្លុះទេ។ អ្នកដែលកាន់ហិរញ្ញវត្ថុពីមុនបង គាត ឈន់ បានសេចក្តីថា គ្រប់គ្រងតាមបែបគេហៅស្ត្រីមានមាយាទ។ មុនីរ័ត្ន មកពីសូវៀតមក បានធ្វើលេខាផ្ទាល់អោយខ្ញុំឆ្នាំ ១៩៩២។ មកធ្វើលេខាផ្ទាល់អោយខ្ញុំសិន បន្ទាប់ទៅធ្វើជំនួយការ និងធ្វើទីប្រឹក្សា។ ប៉ុន្តែទីប្រឹក្សានេះ ខ្ញុំរុញទៅអោយបង គាត ឈន់ ជួយបណ្តុះបណ្តាល។ បណ្តុះបណ្តាលរួចហើយអោយធ្វើរដ្ឋលេខាធិការនៅឯហ្នឹង ទន្ទឹមគ្នាបន្តធ្វើជាទីប្រឹក្សាផ្ទាល់របស់ខ្ញុំ ហើយកាន់ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ដើម្បីរៀបចំរាល់ឯកសារទាំងអស់ដែលខ្ញុំអាននៅបរទេស … មុនីរ័ត្ន ត្រូវគ្រប់គ្រងផ្ទាល់។ ការងារត្រូវធ្វើបន្ត។
រក្សាទុកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចត្រូវតែរក្សាទុកក្បាលម៉ាស៊ីននេះ ព្រោះខ្ញុំជាអ្នកបង្កើតវា។ ADB ត្រូវអោយយើង ៦០ម៉ឺនដុល្លារ។ ធនាគារអភិវឌ្ឍន៍អាស៊ីគាត់សន្យាផ្តល់អោយយើង ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតនូវឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចមួយដែលជាខួរក្បាលរបស់នាយករដ្ឋមន្ត្រី ប៉ុន្តែដល់ទៅបង្កើតរួចហើយគាត់អត់ឱ្យ។ ម៉េចបានគាត់អត់អោយ? គាត់ថាធនធានមនុស្សដែលបានដាក់ចូលទៅកន្លែងហ្នឹងសុទ្ធតែធនធានមនុស្សដែលមិនមានការចាំបាច់ដើម្បីនាំទៅបណ្តុះបណ្តាល។ អញ្ចឹងវាដូចផែនការភ្នំពេញ។ ផែនការភ្នំពេញអត់មានស្អីទេ ផែនការភ្នំពេញហៅអ្នកធ្វើទំនប់ទឹកមកធ្វើអត្ថាធិប្បាយប្រាប់យើងអំពី ទំនប់ទឹកធ្វើបែបម៉េច។ ខ្ញុំទៅជាមួយ ឯកឧត្តម លឹម គានហោ។ អង្គុយស្តាប់មួយព្រឹក ខ្ញុំថា ហ្នឹងផែនការភ្នំពេញ។ រឿងអនុតំបន់មេគង្គ។ នេះ ៦០ ម៉ឺនដុល្លារ សូម្បីតែ ១ សេន ក៏អត់អោយ មូលហេតុដោយយើងដាក់សុទ្ធតែពួកបណ្ឌិតៗមួយចំនួនចូលទៅក្នុងហ្នឹង។ គាត់ថា អ្នកហ្នឹងអត់មានត្រូវការបណ្តុះបណ្តាលថែមទៀតទេ។ អញ្ចឹង ៦០ ម៉ឺនដុល្លារដែលគេអោយយើងគឺជា ៦០ ម៉ឺនដុល្លារសម្រាប់យកអ្នកដែលយើងយកទៅដាក់ហ្នឹង យកទៅសិក្សាបន្ថែមប៉ុណ្ណឹងទេ។
ជំនួយបច្ចេកទេស ១០០ យកទៅ ៨០
អោយដឹង អោយចេះ (នេះ)របៀបគេហៅថា Technical assistance ជំនួយបច្ចេកទេស។ ជំនួយបច្ចេកទេសមានន័យថា គេអោយមកយើងហើយគេយកទៅវិញ។ អោយមកយើង ១០០ គេយកទៅវិញអស់ ៨០ ទៅ ៩០ យើងបាន ១០ ទៅ ២០។ សូម្បីតែកូនបណ្ណាល័យតូច គេហៅបរទេសមកគូរប្លង់ដែរ។ សូមប្រយ័ត្នអាហ្នឹង។ ខ្ញុំថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ និយាយពីបញ្ហាជំនួយទៅកាន់ប្រទេសអភិវឌ្ឍដែលភាគច្រើនជំនួយនោះបានវិលត្រឡប់មកប្រទេសដើមវិញ តាមរយៈនៃការផ្តល់ជំនួយបច្ចេកទេស។ ហេដ្ឋារចនាសម្ព័ន្ធអត់មាន ស្អីក៏អត់មាន ប៉ុន្តែបើសិនជាកាលនោះខ្ញុំជាប្រធាន ADB ហោចបំផុតផ្តល់កុំព្យូទ័រអីមកខ្លះ។ តែនេះត្រៀមបម្រុងសម្រាប់គ្រូបង្រៀន។ វាទៅជាអញ្ចេះទៅ។
ថ្ងៃ ២៤ ធ្នូ សន្និបាតគណៈកម្មាការកណ្ដាលគណបក្សប្រជាជន
អ្នកដែលបានធ្វើលេខាផ្ទាល់អោយខ្ញុំ ក្រុមលេខា ក្រុមជំនួយការ គឺនៅក្នុងឋានៈខ្ពស់ៗណាស់ទៅហើយ នេះជារបៀបកសាងធនធានមនុស្ស។ បង គាត ឈន់ គាត់មានជំនាញមួយគឺការផ្ទេរចំណេះដឹង ចំំណេះធ្វើ ទៅអោយអ្នកជំនាន់ក្រោយ។ យើងយកចេញពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដើម្បីទៅធ្វើរដ្ឋមន្ត្រីច្រើនហើយ ហង់ ជួនណារ៉ុន អ៊ុក រ៉ាប៊ុន ខាងមុខនៅមានទៀត។ តែអ្នកណា រឿងមួយផ្សេង។ ទុកអោយមានការរៀបចំបន្ត។ ស្អែកនេះសន្និបាតគណៈកម្មាការកណ្តាលរបស់គណបក្សប្រជាជន នឹងត្រូវធ្វើក្នុងមួយព្រឹកទេ។ ខានស្អែកយើងវាយកូនហ្គោល។ បន់ស្រន់កុំអោយមេឃភ្លៀង។ ឥឡូវសុំតែថា ទៅជាមួយគ្នា រួចហើយតែមិនស្រួលផាត់។ ខ្ញុំដឹងតែទៅទម្លាក់បាល់ផាត់តែម្តង រួចហើយផាត់ចូលយកលុយ។ ស្អែកហ្នឹងគិតថាអោយអ្នកដទៃវាយ par។ par ៤ ហើយខ្ញុំចាត់ទុក par ៤ ទៅជា par ៥ ព្រោះឥឡូវវាយខ្លីមែនទែនហើយ ព្រោះខានវាយយូរវាយបង្វិលខ្លួនអត់រួចផង ហើយថ្ងៃហ្នឹងថ្ងៃសៅរ៍ទេ។
ការព្យាបាលកូវីដ១៩ នៅស្រុកខ្មែរមិនគិតប្រាក់
ចំណូលឆ្នាំនេះ គឺយើងអាចនឹងទ្រទ្រង់ ហើយចំណូលនេះកំពុងងើបឡើង ទាំងចំណូលគយ ទាំងចំណូលពន្ធដារ ដែលកំពុងងើបឡើង ដោយមិនទាន់គិតពីចំណូលដែលមិនមែនសារពើពន្ធ។ អញ្ចឹងយើងអាចទ្រទ្រង់នៅក្នុងកាលៈទេសៈដ៏លំបាកនេះ តែវាមិនគ្រប់គ្រាន់ទេ។ យើងស្តាយប្រាក់សន្សំ ប៉ុន្តែយ៉ាងណាក៏ដោយយើងត្រូវទទួលបន្ទុកចិញ្ចឹមប្រជាពលរដ្ឋរបស់យើងជិត ៣ លាននាក់ ដែល ១ ខែ យើងចំណាយប្រមាណជាង ៣០ លានដុល្លារ ក្នុង ១ ខែ ដែលយើងត្រូវចិញ្ចឹមប្រជាពលរដ្ឋរបស់យើង។ មិនទាន់គិតទៅដល់អ្វីដែលយើងត្រូវតាមមន្ទីរពេទ្យនានា។ ស្រុកខ្មែរព្យាបាលកូវីដ-១៩ អត់យកលុយ។ អញ្ចឹងធ្វើអោយប្រាក់សន្សំរបស់យើងត្រូវសម្រុកអត់មានថាប្រើពេលយូរទេ។ ព្រោះដឹងទេ? នៅពេលផ្ទុះកូវីដ-១៩ ភ្លាម ស្ទើរតែរៀបចំមិនទាន់។ បើកុំដើរមុនមួយជំហានប្រហែលជាមនុស្សស្លាប់ ឬក៏អ្នកដែលទៅកាន់មន្ទីរពេទ្យវាអត់មានកន្លែងសម្រាក។ ឃើញហើយនៅប្រទេសមួយចំនួន។ ប៉ុន្តែយើងដើរមុនមួយជំហាន។ ឥឡូវយើងត្រូវសងកន្លែង(ស្នាក់និងព្យាបាល)នោះទៅគេវិញ។
ម្សិលមិញដាក់ថាការឆ្លងតែ ៣ នាក់ ស្លាប់ ១។ ថ្ងៃនេះ ឆ្លង ៤ នាក់ ក្នុង ៤ នាក់នោះគឺនាំចូល ២ ហើយនាំចូល ២ គឺ Omicron ហ្នឹងតែម្តង។ ឥឡូវ Omicron កំពុងមានវត្តមាននៅកម្ពុជាចំនួន ៨ ករណី។ អឺរ៉ុបធ្ងន់ធ្ងរមែនទែនហើយ។ វាយប្រហារអឺរ៉ុប។ ឯយើងសូមកុំស្លន់ស្លោពេក។ (អ្នកមាន) Omicron នេះ យើងយកទៅដាក់មួយកន្លែង នៅមជ្ឈមណ្ឌលព្យាបាល ហង់សិន។ តាមពិនិត្យទៅអត់មានអាការៈអីធ្ងន់ធ្ងរទេ។ ធម្មតា(វីរុស ដែល) សម្លាប់មនុស្សពិតប្រាកដគឺនៅតែ Delta។ ទើបនឹងមានព័ត៌មានអំពីការស្លាប់នៅប្រទេសអង់គ្លេស ប៉ុន្មាននាក់ ដូចជា ១២ នាក់។ Omicron កំពុងតែវាយប្រហារនៅសហរដ្ឋអាមេរិក វាយប្រហារនៅអឺរ៉ុប ហើយក៏វាយស្ទើរតែគ្រប់ប្រទេស។
គួរមានការចាក់ដូសទី ៤ ឬទេ សម្រាប់អ្នកជួរមុខ?
វាពង្រាយសមត្ថភាពចម្លងលឿនជាង Delta ទៅទៀត។ ក៏ប៉ុន្តែបើសិនជាយើងអនុវត្តនូវវិធានការ ៣ កុំ ៣ ការពារ ឲ្យបានម៉ត់ចត់ យើងទទួលបានផល ហើយត្រូវជម្រុញវ៉ាក់សាំង។ ខ្ញុំសុំស្នើឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សិក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង។ ខ្ញុំផ្តល់ជាមតិ តើគួរទេ ដែលយើងប្រើដូសទី ៤ សម្រាប់អ្នកជួរមុខ ហើយប្រើ Pfizer ដែលអូស្ត្រាលីផ្តល់ឲ្យយើង។ ប្រើប្រាស់ទៅលើគ្រូពេទ្យមុនគេ។ ដូសទី ៤ ជាដូស(ជម្រុញ)។ បើអង្គរក្សរបស់ខ្ញុំ លេងដូសទី ៤ អស់ហើយ។ ខ្ញុំសុំជម្រាប ក្នុងពេលដែលឆ្លងខ្លាំង អង្គរក្សខ្ញុំឆ្លង ៤០០ នាក់ ប៉ុន្តែដល់ដូសទី ១ ដូសទី ២ ដូសទី ៣ និងដូសទី ៤ ឥឡូវបាត់បណ្តោយ។ អញ្ចឹងវ៉ាក់សាំងជួយយើង សំខាន់ណាស់ បានយើងចាយលុយទិញវ៉ាក់សាំងភ្លាមៗ ទូទាត់លុយភ្លាម ហើយទូទាត់លុយថ្លៃដឹកជញ្ជូន រួចហើយកំណត់ម៉ោងមកដល់ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់យើង។
ការប្រឡងបាក់ឌុប្លិ៍ប្រព្រឹត្តទៅនៅថ្ងៃ ២៧ ធ្នូ តាមការរៀបចំរបស់ក្រសួងអប់រំ
… សង្ឃឹមថាការបើកសេដ្ឋកិច្ច បើកប្រទេសឡើងវិញ មិនដើរថយក្រោយទេ។ ការត្រៀមប្រឡងបាក់ឌុប្លិ៍នៅតែប្រឡង។ មានប្រហែលជាសាស្ត្រាចារ្យវាយចូលមកខ្ញុំ សុំសំណូមពរថា សុំឲ្យធ្វើការកែកំណែ ធ្វើនៅតាមខេត្ត។ ខ្ញុំបានឆ្លើយតបត្រឡប់ទៅវិញ សុំអនុវត្តតាមការរៀបចំរបស់ក្រសួង។ នេះបើនៅក្នុងខេត្ត កែនៅក្នុងខេត្ត គេអាចដឹងបាននូវលេខកូដ។ ឧទាហរណ៍ថាត្រឹមតែមានគ្រូ មានសាស្ត្រាចារ្យតែ ១០ នាក់ចុះ ដែលអាចដឹងលេខកូដនេះ លេខកូដនោះ បង្កើតជាបញ្ហាទៀត។ ប៉ុន្តែបើមកដល់ភ្នំពេញ អត់មានដឹងរឿងលេខកូដ មិនលេខកូដទេ។ រាយចម្រុះគ្នាទាំងអស់។ អត់មានដឹងលេខកូដ មិនលេខកូដទេ។ នោះហើយ ដែលឯកឧត្តម ហង់ ជួនណារ៉ុន បាននិយាយ ចេះបានជាប់។ អញ្ចឹងក្មួយៗ ដែលត្រៀមប្រឡងបាក់ឌុប្លិ៍នេះ ត្រូវខិតខំ។
អនុសាសន៍ ៥ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងផ្នែកគយ
ឥឡូវនេះ ជាមួយនឹងការសម្ពោធនៅទីនេះ ខ្ញុំក៏មានអនុសាសន៍មួយចំនួនសម្រាប់ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏ដូចជាសម្រាប់ផ្នែកគយរបស់យើង។ (អានសុន្ទរកថា) មានចំណុច ៥ ចំណុច ដែលខ្ញុំសុំយកឱកាសនេះផ្តល់ជាមតិជូនចំពោះផ្នែកគយរបស់យើង ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងការងារប្រមូលចំណូល និងកិច្ចសម្រួលពាណិជ្ជកម្ម ការអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា រដ្ឋបាលគយ និងរដ្ឋាករត្រូវបន្តយកចិត្តទុកដាក់នូវកិច្ចការជាអាទិភាព ដូចខាងក្រោម ៖
១- ត្រូវបន្តលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នូវរាល់បទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានទាំងឡាយ ដើម្បីបង្កើនការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តន៍កាតព្វកិច្ចសារពើពន្ធ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីពង្រឹងនីតិរដ្ឋ កសាងវប្បធម៌សារពើពន្ធ ឱ្យកាន់តែប្រសើរឡើង។
[ចាប់ផ្តើមអត្ថាធិប្បាយបន្ថែម]
អញ្ចឹងត្រូវទៅផ្សព្វផ្សាយ. ព្រោះជួនកាលគ្នាអត់យល់ ដល់គ្នាមិនយល់ បង់ពន្ធអត់គ្រប់ … យើងធ្វើបានច្រើនណាស់ហើយ។ កាលពីមុន ចែកគ្នាពាក់កណ្តាល ហើយចែកគ្នាពាក់កណ្តាលមិនមែនគយទេ ពន្ធដារ។ ឥឡូវយើងរំលាយវាសឹងតែទាំងអស់ហើយ។ ពីដើមពន្ធម៉ៅការ ទុនតាំងពីឆ្នាំ ១៩៩៥ ដាក់ទុន ដើមទុនហ្នឹង ២ លានរកស៊ី។ ពន្ធក្នុងមួយឆ្នាំដាក់ថាពន្ធ ៥០ ម៉ឺន។ អញ្ចឹងពន្ធ ៥០ ម៉ឺននេះ អូសបន្លាយមកដល់ឆ្នាំ ២០០៥-២០១៥ ក្នុងពេលដែលទុនដំបូងគាត់ដាក់ ២ លាន។ តែរួចទៅទុនឡើងដល់ ៣០ លាន ៥០ លាន ១០០ លាន ២០០ លាន ពន្ធនៅ ៥០ ម៉ឺនដដែល ហើយសល់ប៉ុន្មានគាត់ចែកគ្នា។ ហ្នឹងគឺយើងបានកែទម្រង់បានច្រើនណាស់ទៅហើយ។ [ចប់ការធ្វើអត្ថាធិប្បាយ]
(អានសុន្ទរកថា)
២-ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពនូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការលើកកម្ពស់ភាពជាអ្នកដឹកនាំ ការបង្កើនឆន្ទៈក្នុងការអនុវត្តការងារកែទម្រង់ ការពង្រឹងភាពជាម្ចាស់ និងការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពធនធានមនុស្ស ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព៌ត័មាន និងគមនាគមន៍ ជាដើម។
៣-ត្រូវបន្តពង្រឹង និងកែលម្អជាប្រចាំ នូវការអនុវត្តយន្តការគាំទ្រកិច្ចសម្រួលពាណិជ្ជកម្មនានា ដូចជាប្រព័ន្ធស្វ័យប្រវត្តិកម្មគយ ប្រព័ន្ធគ្រប់គ្រងហានិភ័យ សវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ និងប្រព័ន្ធបញ្ជរតែមួយជាតិជាដើម សំដៅកែលម្អបរិយាកាសវិនិយោគ និងពាណិជ្ជកម្ម នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។
៤-ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពនូវបណ្តាវិធានការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងដោះស្រាយរាល់ផលប៉ះពាល់នានា ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ យុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លង ប្រក្រតីភាពថ្មី ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ជាមួយនឹងវិធានការជាក់ស្តែង នៃ «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ដែលរាជរដ្ឋាភិបាលទើបបានអនុម័តដាក់ឱ្យអនុវត្ត ថ្មីៗនេះ។
អត្រានៃកំណើនសេដ្ឋកិច្ច ប្រហែលជាជុំវិញ ៣% ក្នុងឆ្នាំនេះ
[ចាប់ផ្តើមអត្ថាធិប្បាយបន្ថែម]
ចំណុចនេះត្រូវមើលឲ្យឃើញ ម្ខាងគឺយើងត្រូវបន្តការប្រយុទ្ធជាមួយ Covid-19 ត្រូវរៀនរស់ជាមួយនឹង Covid-19 តែម្ខាងទៀត ត្រូវអនុវត្តនូវយុទ្ធសាស្ត្រជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញរបស់យើង។ ឆ្នាំនេះតាមការរំពឹងទុក អត្រានៃកំណើនសេដ្ឋកិច្ចរបស់យើង ប្រហែលជាជុំវិញ ៣% ក្នុងពេលដែលឆ្នាំទៅ យើងដក ៣,១% តែឆ្នាំនេះអាចនឹងឡើងមកដល់ ៣%។ តាមការគិតគូរពិតប្រាកដទៅដល់ខែ ៣ ឆ្នាំក្រោយទើបដឹង៕ ឥឡូវនេះវាមកកៀកៗហ្នឹងទៅហើយ។ អញ្ចឹងចំណុចនេះ យើងត្រូវដើរទាំង ២ ទិស មិនអាចបិទខ្ទប់រៀងរហូតទេ … Covid-19 អាចសម្លាប់មនុស្ស ១ ពាន់នាក់ ២ ពាន់នាក់ យើងអស់ជាង ៣ ពាន់នាក់ ប៉ុន្តែបើសិនជាក្របខណ្ឌសេដ្ឋកិច្ចវាវាយប្រហារវិញ គឺយើងនឹងរងគ្រោះទាំងជាង ១៦ លាននាក់។ ដូច្នេះត្រូវតែរកវិធីដើម្បីដោះស្រាយបញ្ហានេះ។
យើងបន្តការខិតខំទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺនេះ ហើយគ្រប់គ្រងជំងឺនេះ តាមរយៈវិធានការសុខាភិបាលដែលបានដាក់ចេញ តាមរយៈការរុញវ៉ាក់សាំងបញ្ចូលក្នុងខ្លួនមនុស្ស។ យើងត្រូវហ៊ានលេង(ប្រថុយ) ដើម្បីទទួលយកវ៉ាក់សាំងមកចាក់ឲ្យប្រជាពលរដ្ឋរបស់យើង។ បើទោះបីត្រូវបញ្ចេញប្រាក់សន្សំរបស់យើងក្នុងចំនួនមួយផ្នែកទៀតដើម្បីទិញវ៉ាក់សាំងមកចាក់។ ក៏ប៉ុន្តែឥឡូវនេះ យើងចាក់បានសរុបជាង ៣ លាននាក់ហើយ ដោយវ៉ាក់សាំងរបស់យើងនៅសល់ រួមនឹង(វ៉ាក់សាំងដែលនឹង)មកដល់ផង គឺប្រមាណជា ១២ លានដូសហើយស្រេច។ ប៉ុន្តែយើងត្រូវគិតគូរដូសទី ៤ សម្រាប់ខ្សែត្រៀមជួរមុខ។ ខ្សែត្រៀមជួរមុខរបស់យើងមានប្រហែលជា ៥០ ម៉ឺននាក់ប៉ុណ្ណឹងទេ រាប់ទាំងកងទ័ព នគរបាល ពេទ្យ គ្រូបង្រៀន មន្ត្រី ដូចខាងគយខាងអីត្រូវការ។ យើងប្រើ Pfizer ដើម្បីចាក់ឲ្យបងប្អូន។ ជីវិតវាសំខាន់ណាស់។ អ្នកខ្លះនិយាយឡើងអត់គិតពីជីវិតទេ និយាយតែពីរឿងបញ្ចេញមតិ។ ចុះបើងាប់ទៅលោកឯងបញ្ចេញមតិយ៉ាងម៉េច។ ខ្ញុំជួយលោកឯងឲ្យវារស់ តែលោកឯងជេរខ្ញុំក៏ជេរទៅ មានអ្នកណាថាអី។ ប៉ុន្តែជេរខុសទំនង អាហ្នឹងមានតែទៅមួយកន្លែង គេទុកមួយកន្លែង។ សូម្បីតែជេរខុសរឿង ហើយជេរមានលក្ខណៈជាការញុះញង់ បង្កចលាចល អាហ្នឹងគឺវាត្រូវទៅនៅមួយកន្លែង ព្រោះគេបង្កើតគុកមក គេមិនដែលយកអ្នកល្អទៅដាក់ទេ គេយកអ្នកខូច។
[ចប់ការធ្វើអត្ថាធិប្បាយ]
(អានសុន្ទរកថា)
៥-ត្រូវបន្តពង្រឹងប្រកបដោយប្រសិទ្ធភាពទប់ស្កាត់ បង្ការ និង បង្រ្កាបអំពើរត់គេចពន្ធ ដើម្បីរួមចំណែកបង្កើនចំណូលជូនរដ្ឋ ធានានូវការប្រកួតប្រជែងដោយស្មើភាព សម្រាប់ធុរកិច្ច និងការលើកស្ទួយអនុលោមភាព និងវប្បធម៌សារពើពន្ធនៅកម្ពុជា ។ ម៉្យាងទៀត ដើម្បី លុបបំបាត់ទាំងស្រុងនូវអំពើរត់គេចវេះពន្ធ ត្រូវពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជនផងដែរ។
ដូចដែលខ្ញុំបាននិយាយអម្បាញ់មិញ ត្រូវខិតខំយ៉ាងម៉េចឲ្យប្រទេសរបស់យើងកុំឲ្យមានទំនិញគេចពន្ធ ជាពិសេសរថយន្ត ហើយនិងម៉ូតូ ព្រោះអានេះដូចជាស្មើនឹង ៣៣% នៃចំណូលគយ។ នេះត្រូវបង់ពន្ធ ឡានមួយថ្លៃ ៥០ ម៉ឺន ពួកយើងហ៊ានជិះ។ ឡានមួយ ២០ ម៉ឺន ឡានមួយ ១០ ម៉ឺន ហ៊ានជិះ។ អញ្ចឹងត្រូវតែបង់ពន្ធ។ បើមានលុយទិញឡានហើយ សុំលៃលុយសម្រាប់បង់ពន្ធផង។ អញ្ចឹងត្រូវខិតខំមើលអាហ្នឹង។ អំពាវនាវចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមសហការដើម្បីប្រមូលចំណូល។ បើគ្មានកិច្ចសហការទេ ពិបាក។ គយតែឯងធ្វើមិនបានទេ។ អញ្ចឹងត្រូវតែកម្លាំងនគរបាលយុត្តិធម៌ ដែលមានទាំងអាវុធហត្ថ មានទាំងនគរបាល និយាយរួមរដ្ឋបាលទាំងអស់ សូម្បីតែកងទ័ពក៏ត្រូវតែធ្វើដែរ។
រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល
ធ្វើម៉េចរុញឲ្យបានប្រាក់ចំណូល។ បើគ្មានប្រាក់ចំណូលធ្វើម៉េចអស់លោកមានប្រាក់ខែ។ យើងត្រូវការថវិកា ដើម្បីបើកប្រាក់ខែ។ ខ្ញុំក៏សុំទោសដែរ ២០២១ និង ២០២២ មិនទាន់បានឡើងប្រាក់ខែ។ ខ្ញុំគិតថាបើកូវីដ-១៩ ថយចុះ ចំណូលកើនឡើង ២០២៣ អាចឡើងប្រាក់ខែបាន។ អញ្ចឹងបានជាយើងរាល់ថ្ងៃ ខិតខំរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀលរបស់យើង។ បើយើងមិនបានឡើងប្រាក់ខែ តែកុំឲ្យតម្លៃទំនិញវាឡើងហួសកម្រិតនៃតម្លៃដែលអាចទ្រទ្រង់បាននៃប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង។ ទាំងអស់នេះ គឺជាការផ្តាំផ្ញើ ជាមួយនឹងកិច្ចការទាំងឡាយដែលយើងបានដាក់សម្រាប់ការអនុវត្ត។ ច្បាប់ថវិកាសម្រាប់គ្រប់គ្រងឆ្នាំ ២០២២ ខាងមុខ ជាច្បាប់ដែលត្រូវផ្តល់ឲ្យអង្គភាពគយ និងពន្ធដារកចំណូលបន្ថែម ជាមួយនឹងការកាត់ទម្លាក់តារាងពន្ធថយចុះ ដើម្បីតម្រូវតាមក្របខណ្ឌ AFTA នោះក៏សុទ្ធតែជាបញ្ហា។ ខ្ញុំសុំកើតសរសើរចំពោះមន្រ្តីគយទាំងអស់ ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីគយ ហើយផ្តាំផ្ញើសួរសុខទុកចំពោះមន្រ្តីគយដែលនៅគ្រប់ទីកន្លែងច្រកល្ហកនៅទូទាំងប្រទេសរបស់យើង។
សំរបសំរួលបញ្ហាមីយ៉ាន់ម៉ា តាមកុងសង់ស៊ុស ៥ ចំណុច … ធ្វើឲ្យអាស៊ាន ១០ វិញ
ថ្ងៃនេះ ខ្ញុំគ្រាន់តែបញ្ជាក់បន្តិចលើបញ្ហាដែលខ្ញុំត្រូវធ្វើដំណើរទៅ មីយ៉ាន់ម៉ា។ មានមួយចំនួនអបអរសាទរ ដែលយើងនឹងធ្វើការខិតខំដើម្បីជួយសម្រុះសម្រួលឲ្យអាស៊ានវិលត្រឡប់ពី ៩ ទៅជាអាស៊ាន ១០ … ម្ខាងទៀតសម្របសម្រួលបញ្ហានៅមីយ៉ាន់ម៉ាទៅតាមកុងសង់ស៊ីស ៥ ចំណុច។ ក្នុងកុងសង់ស៊ីស ៥ ចំណុច គឺការទប់ស្កាត់ហឹង្សាគឺជាចំណុចសំខាន់នៅក្នុងរឿងហ្នឹង។ ប៉ុន្តែ មានមនុស្សមួយចំនួនចាប់ផ្តើមពី KASIT PIROMYA អតីតរដ្ឋមន្រ្តីការបរទេសរបស់ថៃ ហើយឥឡូវស្ថិតក្នុងភាគីប្រឆាំង បន្ទាប់ទៅឃើញតំណាងរាស្រ្តម្នាក់នៅឯម៉ាឡេស៊ី ហើយអ្នកខ្លះទៀតបង្ហាញពីកង្វល់ថា ការធ្វើដំណើររបស់លោក ហ៊ុន សែន ទៅមីយ៉ាន់ម៉ា ហាក់ដូចជាបំផ្លាញការខិតខំរបស់គេដែលជិតឈានដល់គោលដៅ។ អ្វីទៅដែលជិតឈានដល់គោលដៅ? អ្នកឯងចង់ឈានទៅគោលដៅតាមរយៈនៃការយកមីយ៉ាន់ម៉ាចេញ បំបែកមីយ៉ាន់ម៉ាចេញពីអាស៊ាន? អ្នកឯងឆ្លើយអាត្រង់ហ្នឹងឲ្យខ្ញុំបន្តិច។ អ្វីទៅដែលជាគោលដៅអ្នកឯង?
អាស៊ាន ៩ ទើបបរាជ័យ … អាស៊ាន ១០ អត់បរាជ័យទេ
មួយទៀត គេថា លោក ហ៊ុន សែន ទៅមីយ៉ានម៉ា ហាក់ដូចជាទទួលស្គាល់នូវរដ្ឋបាលដែលចេញពីរដ្ឋប្រហារយោធា។ ខ្ញុំគ្រាន់តែសួរបកត្រឡប់ទៅវិញថា តើប្រទេសពួកអ្នកឯងបានផ្តាច់ទូតពីមីយ៉ាន់ម៉ាហើយឬនៅ? នេះជាសំណួរ។ សុំឲ្យឆ្លើយ។ បើមុននឹងអ្នកឯងចង្អុលមុខខ្ញុំ អ្នកឯងត្រូវសួរខ្លួនឯងថាអញកំពុងធ្វើអី? បើអ្នកឯងហ៊ានផ្តាច់ទូតពីមីយ៉ានម៉ា ទើបអ្នកឯងចិត្តសឿង។ ប្រទេសទាំងអស់នៅលើលោកនេះ អត់ទាន់ផ្តាច់ទូតពីមីយ៉ាន់ម៉ាទេ។ ហេតុអី ហ៊ុន សែន មិនអាចទៅមីយ៉ាន់ម៉ាបាន? ខ្ញុំមានទូតនៅមីយ៉ាន់ម៉ា។ ទូតមីយ៉ាន់ម៉ាមាននៅភ្នំពេញ។ អញ្ចឹង ដំណើររបស់ខ្ញុំទៅកាន់មីយ៉ាន់ម៉ា អត់មានអីខុស។ ជាទម្លាប់ការទូតធម្មតា ហើយក៏ជាផ្នែកមួយនៃទំនាក់ទំនងភាពជាដៃគូក្នុងអាស៊ាន។ អាស៊ានមិនត្រូវ(មានតែ) ៩ ទេ។ អាស៊ាន ៩ ទើបវាបរាជ័យ។ បើអាស៊ាន ១០ គឺអត់បរាជ័យ។ ខ្ញុំនឹងខិតខំធ្វើឲ្យអាស៊ាន ៩ វិលត្រឡប់មកអាស៊ាន ១០ ក្នុងឋានៈខ្ញុំជាប្រធានអាស៊ាន។ ខ្ញុំសុំប្រកាសដរាបណាមានត្រឹមតែអាស៊ាន ៩ អាស៊ានមិនគ្រប់ទឹក អាស៊ានមិនគួរធ្វើការបែបនេះទេ។ ខ្ញុំទៅមីយ៉ាន់ម៉ា ប្រទេសនានារាប់ទាំងអ្នកសរសេរកាសែតនៅក្នុងប្រទេសនោះ សួរខ្លួនឯងថាប្រទេសរបស់ខ្លួនបានផ្តាច់ទូតចេញពីមីយ៉ាន់ម៉ាហើយឬនៅ? ប្រទេសទាំងអស់រក្សាស្ថានទូតនៅមីយ៉ានម៉ា។ មីយ៉ាន់ម៉ារក្សាស្ថានទូតនៅក្នុងប្រទេសអាស៊ាន។ មីយ៉ាន់ម៉ារក្សាអគ្គរដ្ឋទូតប្រចាំនៅអាស៊ាន លេខាធិការដ្ឋានអាស៊ាន។ ហេតុអីយើងមិនអាចធ្វើទៅបាន? ខ្ញុំសួរអ្នកឯងតែមួយចំណុចទេ។ ឲ្យឆ្លើយឲ្យខ្ញុំ។ បើអ្នកឯងចិត្តសឿងអ្នកឯងផ្តាច់ទូតពីមីយ៉ាន់ម៉ាទៅ ចាំអ្នកឯងមកបន្ទោសខ្ញុំ។ ខ្ញុំអត់មានរឿងអីខុសទេ។ បទពិសោធន៍ក្មេងខ្ចីណាស់។ សូមទៅរៀនឡើងវិញ។ ទោះបីអ្នកឯងអាយុជិត ៨០ ហើយក៏ដោយ។
ទំនាក់ទំនងការទូតក្នុងស្ថានភាព de facto
ប្រទេសខ្លួនឯងមិនទាន់ផ្តាច់ទូតពីប្រទេសមីយ៉ាន់ម៉ាទេ។ បើមិនទាន់ផ្តាច់ទូត មានរឿងអីត្រូវទទួលស្គាល់ ឬមិនទទួលស្គាល់។ នៅទំនាក់ទំនងទូតជាមួយគ្នាវាជាអ្វីដែលបារាំងគេហៅ de facto។ ម៉េចក៏មិនយល់ខ្លះ ធ្វើជាអ្នកការទូត សាលាទូត អ្នកការទូតជើងចាស់ ប៉ុណ្ណឹងហើយនៅតែមិនយល់។ ខ្ញុំសុំបង្អាប់បន្តិចទៅចុះ។ ចង់អ្នកណាថាអីថាទៅ។ ខ្ញុំត្រូវតែប្តូរផ្តាច់ក្នុង(នាមជា)សមាជិកដែលមានការទទួលខុសត្រូវ ក្នុងឋានៈជាប្រធានប្តូរវេនដែលមានការទទួលខុសត្រូវ។ ខ្ញុំត្រូវតែធ្វើឲ្យអាស៊ាន(វិល)ពី ៩ ឡើងមក ១០ វិញ។ បើអាស៊ាន ៩ វាគ្មានកុងសង់ស៊ីសទេ។ វាបាត់មួយ។ នេះ(ជាការបញ្ជាក់)សាជាថ្មីម្តងទៀត។ ប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញមានការធ្វើអត្ថាធិប្បាយ ប៉ុន្តែភាគច្រើនចេញពីពួកក្រុមប្រឆាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដែលថាដំណើរខ្ញុំទៅនេះ ប៉ុន្តែអាចនឹងមាននៅក្រៅតំបន់ខ្លះដែរ។ ប៉ុន្តែ ខ្ញុំសុំបញ្ជាក់ បើអ្នកឯងមិនទាន់ផ្តាច់ទូតពីមីយ៉ាន់ម៉ាទេ អ្នកឯងកុំមកបន្ទោសខ្ញុំ។ បើអ្នកឯងផ្តាច់ទូតក៏ជាសិទ្ធិរបស់អ្នកឯង។ ខ្ញុំរក្សាទូតជាសិទ្ធិរបស់ខ្ញុំជារដ្ឋអធិបតេយ្យ។
ត្រូវការសន្ទនាគ្នាច្រើនដង ដើម្បីបង្កើតជំនឿទុកចិត្តគ្នាឡើងវិញ
អញ្ចឹង ខ្ញុំទៅក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាផង ហើយក្នុងឋានៈខ្ញុំជាប្រធានអាស៊ានផង ព្រោះពិបាកពេក ក្នុងការបញ្ជូនបេសកជនពិសេសរបស់ប្រធានទៅ។ អញ្ចឹងប្រធានទៅតែម្តងទៅ កុំឲ្យពិបាក។ ប្រធានទៅតែម្តងទៅវាឆាប់ចប់។ បើមិននិយាយជាមួយ រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលកំពុងតែដឹកនាំប្រទេស តើយើងទៅនិយាយជាមួយអ្នកណា? សុំដាក់ជាសំណួរ។ តើយើងទៅនិយាយជាមួយអ្នកណា។ ចង់ផ្តល់ជំនួយឲ្យមីយ៉ាន់ម៉ា តើត្រូវផ្តល់របៀបម៉េច? ឆ្លងកាត់ព្រំដែនទៅឲ្យពួកទ័ពព្រៃ ឬស្អីៗ? មីយ៉ាន់ម៉ា គេសុខចិត្ត? គេមានទ័ពគេ។ កងទ័ពមីយ៉ានម៉ាខ្លាំងមិនធម្មតាទេ។
វាត្រូវការសន្ទនាគ្នា ហើយសន្ទនានេះមិនមែនត្រូវការមួយថ្ងៃទៅម្តងវាចប់ទេ។ វាច្រើនដង។ ត្រូវបង្កើតជំនឿទុកចិត្តគ្នាឡើងវិញ។ ការប្រជុំកាលពីខែមេសាឆ្នាំនេះ នៅហ្សាកាតា Min Aung Hlaing គាត់អញ្ជើញទៅផ្ទាល់ ម៉េចក៏គាត់ទៅបាន? អញ្ចឹងបញ្ហារបស់យើង ម្ខាងត្រូវសម្រួលឲ្យអាស៊ាន មកជាអាស៊ានឯកភាពវិញ ព្រោះអាស៊ានបាត់បង់ការឯកភាពហើយ។ បើអាស៊ាន ៩ ម៉េចទៅដែលហៅថាមជ្ឈភាពអាស៊ាន ឬសាមគ្គីភាពអាស៊ាន នៅកន្លែងណា? វាអត់មាន។ អញ្ចឹងភារកិច្ចរបស់ខ្ញុំជាប្រធានអាស៊ានឆ្នាំ ២០២២ ត្រូវតែធ្វើឲ្យអាស៊ាន មាន ១០ ឡើងវិញ មិនអាចអាស៊ាន ៩។ នេះជាទម្លាប់គ្រោះថ្នាក់ ហើយនឹងធ្វើឲ្យអាស៊ានបែកតែម្តង។
បញ្ឈប់ហឹង្សាការពារជីវិតមនុស្សជាចំណុចសំខាន់
ឯទី ២ យើងចូលរួមចំណែកក្នុងការអនុវត្តកុងសង់ស៊ីស ៥ ចំណុច។ បើទោះបីវាមិនទាន់ដល់គោលដៅតាមផែនទីចង្អុលផ្លូវរបស់មីយ៉ាន់ម៉ា ដែលថានឹងរៀបចំការបោះឆ្នោតនៅខែសីហា ឆ្នាំ ២០២៣ ក៏ប៉ុន្តែការសម្របសម្រួល មានដំណាក់របស់វា។ ដំណាក់កាលនៃការបញ្ឈប់ហឹង្សាជាចំណុចសំខាន់ដើម្បីការពារជីវិតមនុស្ស។ សង្ឃឹមថាមិត្តភក្តិបរទេសទាំងឡាយ ក្នុងក្របខណ្ឌអាស៊ានក្តី ឬដៃគូអាស៊ានក្តី ឬអ្នកតាមដានព្រឹត្តិការណ៍នយោបាយពីមីយ៉ាន់ម៉ាក្តី យល់អំពីការងារដែលយើងត្រូវធ្វើ។ បើយើងអត់និយាយជាមួយមេដឹកនាំ តើយើងទៅនិយាយជាមួយអ្នកណា? ខ្ញុំអត់មានអីខុសទេ។ ខ្ញុំសួរបញ្ជាក់បញ្ច្រាសស្រកីត្រឡប់ទៅវិញ ពួកអ្នកឯងបានផ្តាច់ទូតចេញពីមីយ៉ាន់ម៉ាហើយឬនៅ? អ្នកឯងរក្សាទូតជ្រងោៗ ហើយទូតមីយ៉ាន់ម៉ានៅតាមប្រទេសនានាជ្រងោៗ ហើយនាំគ្នាមកបន្ទោសខ្ញុំ ថាខ្ញុំទៅមីយ៉ានម៉ាដូចជាទៅទទួលស្គាល់។ ចុះអ្នកឯងទុកទូតធ្វើអី។ បើអ្នកឯងពូកែណាស់ ដកទូតចេញទៅ។ ប៉ុន្តែចាំតែហ៊ានតើ ព្រោះនៅមានផលប្រយោជន៍ជាមួយគ្នា … បញ្ហាមីយ៉ាន់ម៉ាគឺស្មុគស្មាញដែលត្រូវការពេលវេលា។
ទុកពេលឲ្យខ្ញុំធ្វើការសិន កុំទាន់បន្ទោស
ការចរចាមិនអាចធ្វើតែម្តងទេ។ ខ្ញុំបានបញ្ជាក់ហើយ មុនចុះហត្ថលេខាកិច្ចព្រមព្រៀងក្រុងប៉ារីស យើងត្រូវចំណាយពេល ៤ ឆ្នាំ រវាងភាគីខ្មែរជាមួយបរទេសផងបានមានកិច្ចព្រមព្រៀងប៉ារីសមួយ។ ចាប់ផ្ដើមពីដំណើរការចរចារវាងព្រះករុណាបិតា ជាមួយនឹងខ្ញុំ ដែលគេនិយមហៅថា សីហនុ ហ៊ុន សែន ហ្វ៊ែអង់តាដឺណ័រថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ រហូតមកដល់ ១៩៩១ ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស។ ប្រើពេល ៤ ឆ្នាំ។ អញ្ចឹងនេះ មិនមែនជាល្បែងកូនក្មេង (ដែល)អ្នកឯងចង់សរសេរម៉េច ធ្វើតាមចិត្តរបស់អ្នកឯងបានទេ។ បើមិនទាន់ចេះទេ សូមកុំមកប្រដៅគេ។ សូមអ្នកទាំងឡាយទុកពេលវេលាឲ្យខ្ញុំធ្វើការ។ ខ្ញុំសូមប៉ុណ្ណឹងបានទេ។ កុំអាលយកការសន្និដ្ឋានឆាប់ពេក។ បើនិយាយពីល្បែងទាល់តែសន្លឹកបៀរចុងក្រោយចេញ (ទើបដឹង)។ ហ្នឹងបើនិយាយពីលេងបៀរ។ បើអាប៉ោងទាល់តែបើកគ្របបានដឹង។ ម្យ៉ាងទៀតការចរចា (គេ)មិនអាចយកមកទំលាយប្រាប់ឲ្យអ្នកសារព័ត៌មាន យកមកសរសេរបានទេ។ ចំណុចរួមនៅកន្លែងណា ខុសគ្នានៅកន្លែងណា រវាងអាស៊ាន និងមីយ៉ាន់ម៉ា ឬរវាងមីយ៉ាន់ម៉ា និងភាគីពាក់ព័ន្ធ។ ចាំដល់ឆ្នាំ ២០២៣ ចាំបន្ទោសខ្ញុំបានទេ។ កុំអាលយកការសន្និដ្ឋានរហ័សពេក។ ទុកពេលវេលាឲ្យខ្ញុំធ្វើ។ បើអ្នកមិនចេះទេ ទុកឲ្យខ្ញុំធ្វើសិន។
បើមិនតំណាងឲ្យកម្ពុជា មិនមានការចាំបាច់ទៅ
មានអ្នកខ្លះថាខ្ញុំទៅនឹងមិនតំណាងឲ្យកម្ពុជា។ អុញ! អាមួយនេះ។ ខ្ញុំនៅក្នុងប្រទេសបញ្ជាទាំងអស់លើកលែងតុលាការ និងនីតិបញ្ញត្ដិ។ ស្ថាប័នរដ្ឋាភិបាលត្រូវត្រង់ជើងភ្លឹង។ បើមិនត្រង់ជើងភ្លឹងមិនបាន ព្រោះនាយករដ្ឋមន្ដ្រីត្រូវមានអំណាចបញ្ជាអញ្ចឹង។ បញ្ជាឲ្យចេញលុយ (អូន ព័ន្ធ) មុនីរ័ត្ន ត្រូវចេញលុយ។ ប៉ុន្ដែអាហ្នឹងត្រូវមានខ្ទង់មានអី។ ប៉ុន្ដែពេលខ្លះករណីប្រធានសក្ដិ ត្រូវរកលុយចេញភ្លាមតែម្ដង។ រួចហើយខ្ញុំទៅ(មីយ៉ាន់ម៉ា)ជិះឡានដាក់ទង់ជ័យ ហើយជិះយន្ដហោះពិសេស ដែលមានទង់ជាតិកម្ពុជាទៅ។ម៉េចបានថា ខ្ញុំទៅមិនតំណាងកម្ពុជា។ អ្នកណាមានសិទ្ធិដកតំណែងរបស់ខ្ញុំ? មានតែរដ្ឋសភាទេ ដែលមានសិទ្ធិដកតំណែងរបស់ខ្ញុំ ព្រោះរដ្ឋសភាតែងតាំងរដ្ឋាភិបាល។ គេអាចបោះឆ្នោតដកសេចក្ដីទុកចិត្ត ហើយព្រះមហាក្សត្រត្រូវតែឡាយព្រះហស្តលេខា ដើម្បីរំលាយរដ្ឋាភិបាល។ តែដកសេចក្ដីទុកចិត្តហើយចប់ហើយ ព្រះមហាក្សត្រលោកប្រថាប់ត្រាតាមក្រោយ។ បែរជា(និយាយ) ថាហ៊ុន សែន ទៅមិនតំណាងឲ្យកម្ពុជា។ ចុះបើមិនតំណាងឲ្យកម្ពុជា ទៅរកខ្មោចអី? ចេះនិយាយអញ្ចឹង។ ក្រុមប្រឆាំងមើលឲ្យមែនទែនដូចម៉េចទេ។ ថាត្រីក្រឹមទៅ វាមិនមែនត្រីក្រឹម ឆ្លូញក៏មិនមែនត្រីឆ្លូញ កំពឹសក៏មិនមែន។ វាល្ងង់ពេក។ មិនថាប្រឆាំងក្នុងឬក្រៅស្រុកទេ វាដូចល្ងង់ពេក។ ថាលោក ហ៊ុន សែន បានបំផ្លាញការខិតខំរយៈពេលកន្លងទៅ។ មានន័យថា (អ្នកឯង)កំពុងខិតខំបំបែកអាស៊ានមែនទេ? អ្នកឯងឆ្លើយឲ្យខ្ញុំមក។ ពីអាស៊ាន១០ (ប្រទេស) មកអាស៊ាន ៩ (ប្រទេស) គឺជាការខិតខំរបស់អ្នកឯងឬ? អ្នកឯងដឹងថាហ្នឹងជាចំណុចបរាជ័យរបស់អាស៊ានទេ? អាស៊ានត្រូវ ១០ ប្រទេស មិនមែន ៩ ទេ។ អញ្ចឹងអ្នកឯងកំពុងខិតខំបំផ្លាញអាស៊ាន មិនមែនជួយអាស៊ានឯណា។ អ្នកឯងកំពុងជួយឲ្យមីយ៉ាន់ម៉ាចូលទៅសង្គ្រាមស៊ីវិល។
ប្រជាជនមីយ៉ាន់ម៉ា នឹងទទួលផលក្រោយការវិលត្រឡប់នៃ សន្តិភាពនិងដំណើរការប្រជាធិបតេយ្យ
អ្នកដែលប្រឆាំងខ្ញុំ ជនជាតិមីយ៉ាន់ម៉ា ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជាមានដុតទាំងរូបថត មីន អ៊ុងលាំង Min Aung Hlaing ដុតទាំងរូបថតខ្ញុំផង។ សូមអញ្ជើញធ្វើអីក៏ធ្វើចុះ តែអ្នកនឹងទទួលផលប្រយោជន៍នៅពេលក្រោយអំពីការស្ដារឡើងវិញ ការវិលត្រឡប់នៃសន្ដិភាព ដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ។ អ្នកឯងនឹងទទួលផលប្រយោជន៍។ ពេលនេះកុំអាលធ្វើការសន្និដ្ឋាន។ ខ្ញុំមិនទាន់ធ្វើសកម្មភាព គ្រាន់តែគម្រោងនៃការធ្វើសកម្មភាព។ ខ្ញុំអត់ត្រូវជជែកទេ។ ប្រធានអាស៊ានមានសិទ្ធិនឹងអញ្ជើញដើម្បីចូលរួមប្រជុំ។ ខុសពីអង្គការសហប្រជាជាតិ មានគណៈកម្មាការពិនិត្យសារតាំង។
ទីម័រលេស្ត ធ្វើការងារច្រើន ១០ ឆ្នាំមកហើយ ចាំចូលអាស៊ាន
ឯអាស៊ានអត់មានគណៈកម្មាការពិនិត្យលក្ខណៈសម្បត្ដិប្រទេសនេះ ប្រទេសនោះទេ។ មានដូចជាទីម័រខាងកើតត្រូវ (គេ)ពិនិត្យចូលបានឬមិនបាន។ ឥលូវ គណៈកម្មាការខាងនយោបាយសន្ដិសុខ បានទៅហើយ Fact Finding Mission គណៈកម្មាការស្វែងរកការពិត។ នៅខាងសង្គមវប្បធម៌ សេដ្ឋកិច្ច អត់ទាន់ទៅ។ ខ្ញុំស្នើទៅឲ្យស្រូតដើម្បីទីម័រលេស្ត Timor-Leste ចូលអាស៊ាននៅទីក្រុងភ្នំពេញ ឬឆ្នាំក្រោយទៅទៀតនៅឥណ្ឌូនេស៊ី។ ទីម័លេស្ត Timor-Leste គាត់បានបើកស្ថានទូតគ្រប់ប្រទេសទាំងអស់នៅអាស៊ាន។ គាត់បានធ្វើការងារច្រើនណាស់ដើម្បីបានក្លាយជាទៅជាសមាជិកអាស៊ាន។ គាត់ប្រើពេលមកដល់ពេលនេះគ្រប់ ១០ ឆ្នាំ ដើម្បីអង្គុយរង់ចាំចូលអាស៊ាន។ យើងត្រូវពិនិត្យលក្ខណៈសម្បត្តិចូលបានឬមិនបាន ប៉ុន្ដែសមាជិកអាស៊ានដូចគ្នា គ្មានសិទ្ធិពិនិត្យលក្ខណៈសម្បត្ដិរបស់ប្រទេសណាទេ។
ពួកអ្នករិះគន់ កំពុងខិតខំបំបែកអាស៊ាន ពី ១០ មក ៩ ឬ?
ប្រធាន(អាស៊ាន)ត្រូវតែហៅគេចូលប្រជុំ ព្រោះអត់មានចែងក្នុងធម្មនុញ្ញអាស៊ានថា ប្រធានអាស៊ានត្រូវពិគ្រោះយោបល់ជាមួយប្រទេសសមាជិកថាគួរអញ្ជើញប្រទេស(សមាជិក)ទេ។ បើថាអញ្ជើញអ្នកក្រៅអីអាច។ ប៉ុន្ដែជាធម្មតា កន្លងទៅមិនដែលជជែកទេ។ ដូចកាលយើងធ្វើការសន្ទនាជាសកល Global Dialogue ដែលយើងអញ្ជើញទាំងប្រធាន IMF, ADB, WB ចូលរួមប្រជុំនៅទីក្រុងភ្នំពេញ។ ពេលដែលប្រជុំអាស៊ានកន្លងទៅស៊ុលតង់ ប្រ៊ុយណេ ព្រះអង្គបានអញ្ជើញអគ្គនាយកអង្គការសុខភាពពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីចូលថ្លែងយោបល់។ កម្ពុជាក៏មានលទ្ធភាពធ្វើបែបនោះ។ ពេលហ្នឹង បើកូវីដ-១៩ មិនទាន់ផុតរលត់ទេ កម្ពុជាអាចនឹងអញ្ជើញអគ្គនាយកអង្គការសុខភាពពិភពលោក អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក IMF ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ឬប្រធានធនាគារវិនិយោគអាស៊ី ឲ្យគាត់ថ្លែងយោបល់បន្ដិចៗ ដើម្បីជាធាតុចូលសម្រាប់ការប្រជុំអាស៊ីបូព៌ារបស់យើង។ (ភ្ញៀវ)ហ្នឹង ប្រធានមានសិទ្ធិនឹងអញ្ជើញ។ អញ្ចឹងចំណុចនេះគេត្រូវសិក្សាធម្មនុញ្ញអាស៊ានឡើងវិញ។
មិនទាន់ចូលកាន់តំណែងផង ថា លោក ហ៊ុន សែន បំផ្លាញការខិតខំដែលគេបានខិតខំ។ អញ្ចឹងពួកអ្នកឯងខិតខំពីអាស៊ាន ១០ មកអាស៊ាន ៩ តើ។ ដាក់សម្ពាធថែមទៀត។ មិនហៅចូលប្រជុំខូចហើយតើ ស្មើនឹងអាស៊ានលើកដុំថ្មទម្លាក់លើជើងខ្លួនឯងតើ។ អត់មីយ៉ាន់ម៉ាចូលប្រជុំ មានអីគ្រប់ទឹក។ ផ្ទះមានសរសរ ១០។ បាក់សរសរមួយ ម៉េចមិននាំគ្នាជួសជុល។ ឥលូវទុកឲ្យខ្ញុំយកមកជួសជុលវិញ។ ខ្ញុំអត់លើកទឹកចិត្តរឿងអីណាទេ។ រឿងនេះទាក់ទងនឹងកុងសង់ស៊ីស ៥ ចំណុច ដែលត្រូវទៅ ហើយស្វែងយល់ អំពីដំណើររឿងទាំងឡាយ។ ស្ដាប់ឲ្យបានច្រើនដើម្បីយើងសិក្សា។ សូម្បីការផ្ដល់ជំនួយវិបត្តិមនុស្សធម៌អាចឈានដល់ការកើត ប៉ុន្ដែ(បើ)កើតត្រូវទៅតាមណា? បើផ្ដល់តាមដែនគោក ចូលតាមណា? ក៏ត្រូវច្រកចូលតាមច្រករដ្ឋាភិបាលទទួល តាមផ្លូវទឹក ផ្លូវអាកាស ក៏ត្រូវរដ្ឋាភិបាលទទួល មិនអាចប្រគល់ឲ្យទ័ពព្រៃទេ។ ជាការជូនសារមួយមានន័យថាប្រធានអាស៊ានធ្វើហើយមិនដកថយទេ។
ឥលូវនេះ ថ្ងៃ ២៣ ធ្នូ ហើយ សល់តែ ៨ ថ្ងៃទៀត ប្រធានអាស៊ានធ្វើសកម្មភាព។ ថ្ងៃទី ៧ មករា ដោយយើងអត់ធ្វើបុណ្យ ៧ មករា ខ្ញុំចេញដំណើរទៅសម្រាកមួយយប់ហើយត្រឡប់មកវិញ។ គាប់ជួនឥលូវនេះ វេទិកាសេដ្ឋកិច្ចពិភពលោកដោយកំពុងផ្ទុះនៅអឺរ៉ុបគេពន្យារទៅដល់ខែ ៦ នោះ អញ្ចឹងមានឱកាសទៅត្រឹមឌុយបៃ ខែកុម្ភៈគ្រោងទៅកូរ៉េខាងត្បូង។ នេះគ្រាន់តែជម្រាបជូនប៉ុណ្ណឹងបន្ថែម។ ឥលូវនេះ ជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល សាលាជាតិគយ និងសារមន្ទីរគយ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ខ្ញុំសូមជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ៕