អាកាសយានដ្ឋានអន្តរជាតិ “តេជោក្រុងតាខ្មៅ”
ថ្ងៃនេះ ជាលើកទី ២ ខ្ញុំមកត្រួតពិនិត្យទៅលើការសាងសង់ព្រលានយន្តហោះថ្មី ដែលឥឡូវនេះ គឺប្រសិទ្ធនាម ថា “អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ”។ កាលមកពីលើកមុន យើងទើបនឹងសម្រេចបាន ៥% ឥឡូវនេះ ឈានដល់សម្រេចរហូតទៅ ២៧% ក្នុងរយៈ(ពេល)ត្រឹមជាង ១ ឆ្នាំបន្ដិច។ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយធំនេះ ក៏បានទទួលនូវការគាំទ្រ (និង)ការខិតខំជួយដោះស្រាយពីសំណាក់ឯកឧត្ដម ជា សុផារ៉ា ដែលទទួលបន្ទុកនៅក្នុងការជួយតម្រង់ទិស និងដោះស្រាយបញ្ហាលំបាកនានា។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ក៏បានជួយយ៉ាងច្រើនលើការសម្របសម្រួលទាំងឡាយ ដើម្បីឲ្យដំណើរការសាងសង់នេះបានឆាប់ និងទៅតាមផែនការរបស់យើង។ ខ្ញុំក៏សុំកោតសរសើរជាមួយនឹងការខិតខំទាំងអស់ ដែលក្រុមហ៊ុន ក៏ដូចជា អាជ្ញាធរ ពិសេស គឺខេត្តកណ្ដាល/តាកែវ បានប្រឹងប្រែង ដើម្បីជួយសម្រួលបញ្ហានានា សម្រាប់ឲ្យក្រុមហ៊ុនបានដំណើរការការសាងសង់។ កោតសរសើរ ចំពោះការខិតខំរបស់ក្រុមហ៊ុនផ្ទាល់ ជាមួយនឹងបណ្ដាវិស្វករ អ្នកឯកទេស (ក៏ដូចជា)កម្មករ/ការិនីរបស់យើង ដែលបានចូលរួមធ្វើការងារ … នៅទីនេះ ដល់ទៅ ៣ ៧៤០ នាក់ ដែលក្នុងនោះ កម្មករ/ការិនី និងអ្នកបច្ចេកទេសកម្ពុជា គឺគ្របដណ្ដប់ភាគច្រើនរហូតទៅដល់ជាង ៣ ០០០ នាក់។
“ខ្មែរធ្វើបាន” គ្របដណ្តប់ដំណើរការជាតិតាំងពីដើមមក
“ខ្មែរធ្វើបាន” នេះជាភាសាមួយ មិនមែនជាភាសាលេងសើច ដែលខ្ញុំបាននិយាយរឿងនេះនៅឯខេត្តព្រះសីហនុ ដែលចង់គ្របដណ្ដប់ទូទាំងដំណើរការជាតិរបស់យើងតាំងពីដើមមក។ បុព្វបុរសរបស់យើងកាលពីមុន ព្រះអង្គបានខិតខំកសាងប្រទេសនេះ ហើយមានជាតឹកតាងពិតប្រាកដជាប្រាង្គប្រាសាទនានានៅទូទាំងប្រទេស ដែលបានកសាងរាប់រយរាប់ពាន់ឆ្នាំមកហើយនោះ ស្ថិតស្ថិរគង់វង្ស ជាមរតកដ៏មានតម្លៃ សម្រាប់យើងទាំងអស់គ្នា។ សម័យដើមកសាងទុកសម្រាប់សម័យនេះ។ ដូចជាព្រះបរមរតនកោដ្ឋ ព្រះបិតាជាតិ ដែលព្រះអង្គដឹកនាំកសាង (រួម)មានព្រលានយន្តហោះមួយចំនួន (ដែល)បន្សល់ទុកដល់សព្វថ្ងៃនេះ (មាន)ដូចជា៖ ព្រលានយន្តហោះកងកេង នៅឯខេត្តព្រះសីហនុ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ក៏ព្រះអង្គទុកឲ្យយើង (បើ)ទោះបីត្រូវបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាសន៍ ក៏ប៉ុន្តែ យើងធ្វើលើមូលដ្ឋាននោះ (ដោយយើង)កសាងឡើងវិញ។
វិស័យឯកជនរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ
ឥឡូវ ដល់សម័យកាលយើងនេះ យើងក៏បានកសាងមូលដ្ឋានច្រើន ដើម្បីទុកឲ្យក្មេងៗជំនាន់ក្រោយ។ គ្មានអ្នកណាមានជីវិតអមតៈ ដែលអាចរស់នៅបានរហូតនោះទេ។ យើងមិនអាចទុកនូវចន្លោះពេលវេលាណាមួយមិនកសាងនោះទេ។ យើងត្រូវតែកសាង។ កសាងនេះទៀតសោធ មានតាមមធ្យោបាយរបស់រដ្ឋ ដែលរដ្ឋត្រូវវិនិយោគផ្ទាល់ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យស្អីៗហ្នឹង រដ្ឋធ្វើភាគច្រើន។ ក៏ប៉ុន្តែ ក៏មានចំណែកដែលវិស័យឯកជនរួមចំណែកធ្វើនៅក្នុងហ្នឹង ដូចជាអាកាសយានដ្ឋាននៅប្រទេសកម្ពុជាយើងកំពុងកសាង ២(កន្លែង)៖ ទី (១) នៅទីនេះ(អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ)។ ឯមួយទៀតនៅខេត្តសៀមរាប។ សុទ្ធតែជាអាកាសយានដ្ឋានធំៗ។ អ្នកទាំងអស់គ្នា ឬប្រជាជនយើងអាចចោទសួរថា ហេតុអ្វីបានជានៅទីក្រុងភ្នំពេញមានអាកាសយានដ្ឋានមួយហើយ ចាំបាច់មកកសាងអាកាសយានដ្ឋានមួយទៀតនៅទីនេះ? នៅខេត្តសៀមរាបក៏ដូចគ្នា មានអាកាសយានដ្ឋានមួយហើយ ម៉េចក៏ចាំបាច់កសាងអាកាសយានដ្ឋានមួយទៀត? សំណួរនេះពិតជាត្រឹមត្រូវណាស់ ក៏ប៉ុន្តែចម្លើយតបត្រឡប់ទៅវិញ គឺវាផ្ដល់នូវការពន្យល់មួយយ៉ាងច្បាស់ អំពីការរីកចម្រើនឡើង ដែលវាជាសេចក្ដីត្រូវការ ដើម្បីការពង្រីកនូវសមត្ថភាពក្នុងការទទួលជើងហោះហើរពីក្រៅប្រទេស ឬក្នុងប្រទេស ទៅតាមព្រលានយន្តហោះនោះ។
“បើកចំហជើងមេឃ” ទេសចរកើន ពង្រីកសមត្ថភាពស្រូបនៃព្រលានយន្តហោះ
នៅទីក្រុងភ្នំពេញរបស់យើង សមត្ថភាពស្រូបក្នុងចំនួនណាមួយ ដែលមិនអាចឲ្យយើងទាញយកផលប្រយោជន៍ពីការបើកចំហជើងមេឃ សម្រាប់ទទួលវិស័យទេសចរណ៍ ដែលនឹងមកកាន់តែច្រើនឡើងៗនោះទេ។ សមត្ថភាពទទួលរបស់យើង ក្នុងមួយពេលអាចទទួលយន្តហោះបានត្រឹមតែប៉ុន្មានគ្រឿងតែប៉ុណ្ណោះនៅទីក្រុងភ្នំពេញ។ ហើយកាន់តែតិចទៅទៀតនៅខេត្តសៀមរាប ទទួលយន្តហោះធុនតូច ដែលមិនអាចចុះយន្តហោះធុនធំបានទេ។ នៅទីក្រុងភ្នំពេញអាចចុះយន្តហោះធុនធំបាន វាពាក់ព័ន្ធជាមួយនឹងចំណតយន្តហោះទៅទៀត (ព្រលានយន្តហោះ)នៅទីក្រុងភ្នំពេញដូចជា ក្បាលប្រមោយ(សម្រាប់អ្នកដំណើរចុះ)របស់វាមានត្រឹមតែ ១ ទេ។ ឥឡូវ នៅទីនេះ គ្រោងទៅដល់ ១៧ គ្រឿង។ នៅភ្នំពេញ បើសិនជាមានជើងយន្តហោះច្រើន យើងមិនអាចមានប្រមោយគ្រប់គ្រាន់ទេ អញ្ចឹង អ្នកដំណើរខ្លះត្រូវធ្វើដំណើរចុះនៅកន្លែងធម្មតាទៅ ហើយនាំគ្នាដើរ។
គោលដៅទទួលទេសចរ ១៥ លាននាក់ ឬ ២០ លាននាក់
ពិតមែនហើយ កាលទសវត្សរ៍ ៦០ ពេលនោះ កម្រិតប៉ុណ្ណឹងល្មម។ ទសវត្សរ៍ ៨០ និង ៩០ រហូតដល់ឥឡូវហ្នឹង ប៉ុណ្ណឹងបាន ប៉ុន្តែ វាមិនអាចទៅរួចទេ នៅពេលដែលយើងមានការរីកច្រើន (និងមាន)ទេសចរណ៍កាន់តែច្រើន។ យើងទទួលត្រឹមតែ ៦ លាន ៦ សែននាក់ នៅឆ្នាំ ២០១៦ វាលំបាកណាស់ទៅហើយ។ យើងមិនមែនចង់បានទេសចរត្រឹមតែ ៦ លាន ៦ សែននាក់នោះទេ គោលដៅទេសចរណ៍របស់យើង គឺ ១៥ លាននាក់ ឬ ២០ លាននាក់ឯណោះ។ អញ្ចឹងទេ បានជាមានតម្រូវការនៃការពង្រីកនូវព្រលានយន្តហោះថ្មីបន្ថែមទៀត ដែលថ្ងៃនេះ យើងឃើញថា នៅទីនេះ គឺកំពុងតែសាងសង់។ បើគ្រាន់តែពិនិត្យមើលបន្ដិច វាមិនអន់ជាងអាកាសយានដ្ឋានអន្តរជាតិដទៃទៀតនៅលើពិភពលោក ដែលជាប្រទេសមានវឌ្ឍនភាពជឿនលឿននោះទេ។ ពិតមែនថា វាមិនទាន់ហើយ ក៏ប៉ុន្តែ ខ្ញុំក៏ធ្លាប់ស្គាល់ព្រលានយន្តហោះច្រើននៅលើពិភពលោកនេះ … រូបថតថ្ងៃនេះ ក៏អាចចាត់ទុកថាមានតម្លៃសម្រាប់ ២០ ឆ្នាំ ឬ ៣០ ឆ្នាំទៀតផងដែរ ជាពិសេសនៅពេលដែលខ្ញុំចាស់ទៅ ឬខ្ញុំស្លាប់ទៅ បើគ្មាននរណាគេតាំង កូនចៅរបស់ខ្ញុំគេអាចយកទៅទុកជាមរតកសម្រាប់ពួកគេ អំពីសកម្មភាពរបស់ពុករបស់ពួកគេ ឬអ្នកគាំទ្រទាំងឡាយគេក៏អាចយកទៅទុក។ ក្រុមហ៊ុនខ្លួនឯងក៏អាចទុកដែរ មិនមែនអាចទេ ត្រូវតែទុក ថ្ងៃណាបើកការដ្ឋាន ថ្ងៃណាមកពិនិត្យ ថ្ងៃណាស្អី ធ្វើអី គេនៅរក្សាទុកនៅក្រុមហ៊ុនរបស់គេហើយ។
ប្រមូលទុនក្នុងស្រុក ប្រើរចនាបទខ្មែរ ដើម្បីឲ្យក្លាយជាស្នាដៃកូនខ្មែរ
អម្បាញ់មិញ ឧកញ៉ា ពុង ឃាវសែ បានលើកឡើងអំពីការ “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”។ ខ្ញុំមានគោលដៅមួយចង់ប្រមូលទុនក្នុងស្រុក តាមរយៈនៃទុនក៏ខ្មែរ ការរចនាបទស្អីៗ សាងសង់ស្អីៗហ្នឹង គឺបាតដៃខ្មែរទាំងអស់ ដើម្បីឲ្យធ្វើចេញជាស្នាដៃកូនខ្មែរតែម្ដង។ អញ្ចឹងទេ បានជាយើងផ្ដល់ការអនុញ្ញាតធានាសម្រាប់ការ លក់សញ្ញាប័ណ្ណរបស់ក្រុមហ៊ុន ជាទឹកប្រាក់ ៣០០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងអត្រាការប្រាក់ ៥,៥%។ ប៉ុន្តែ ខ្ញុំសួរបន្ដិចមើល៎ថា អាហ្នឹងវាត្រូវការត្រឹមតែធនាគារ ឬបណ្ដាក្រុមហ៊ុននានាអាចទិញបាន? ខ្ញុំចង់សួរ ផ្ដល់ចម្លើយឲ្យខ្ញុំថា តើចាំបាច់តែធនាគារ ឬក៏ក្រុមហ៊ុននានាអាចមកទិញបាន? អាចទិញបាន មិនចាំបាច់តែធនាគារនោះទេ។ អញ្ចឹង យើងបើកទូលាយ ព្រោះខ្ញុំសង្កេតមើលឃើញក្នុងនេះ ធនាគារដែលបានមកទិញ ភាគច្រើន គឺធនាគារក្នុងស្រុករបស់យើង មានភាគហ៊ុនក្នុងស្រុក ប៉ុន្តែធនាគារដែលមកពីក្រៅប្រទេស និងធនាគារដែលជាសាខាមកពីក្រៅប្រទេស និងមានភាគហ៊ុនក្នុងប្រទេសមួយចំនួន មិនទាន់បានចេញមកទិញទេ ដោយសារគេត្រូវការនូវការអនុម័ត ព្រោះគេមិនមែនអ្នកនៅក្នុងស្រុករបស់យើង។
ពង្រឹងសមត្ថភាពអ្នកមានក្នុងស្រុក
ខ្ញុំនៅតែនិយាយហើយនិយាយទៀតថា ខ្ញុំចង់ពង្រឹងសមត្ថភាពអ្នកមាននៅក្នុងស្រុកខ្មែរ។ អ្នកមាននៅក្រៅប្រទេស នៅពេលដែលមានការអីគេមិនដែលនៅជាមួយនឹងយើងទេ គេប្រុចទៅបាត់ហើយ មានតែអ្នកមាននៅក្នុងស្រុកខ្មែរទេ ដែលទ្រាំទ្ររស់នៅនៅក្នុងស្រុកខ្មែរ។ អញ្ចឹង បានជាខ្ញុំចង់ពង្រឹងសមត្ថភាពកូនខ្មែររបស់យើង ដើម្បីឲ្យចាក់ឫសចាក់គល់នៅក្នុងប្រទេសរបស់ខ្លួន។ នៅពេលដែលខ្ញុំត្រូវការជួយដល់មិត្តឡាវ ដែលកំពុងលំបាក ខ្ញុំគ្រាន់តែប្រាប់ទៅឧកញ៉ាម្នាក់ថា ឥឡូវ មានលទ្ធភាពទេ ទៅលើការជួយទៅដល់មិត្តឡាវ ក្នុងពេលដែលរាជរដ្ឋាភិបាលផ្ដល់ ៣ លានដុល្លារ សហរដ្ឋអាមេរិក? អញ្ចឹង ពួកគេទាំងឡាយ(ឧកញ៉ា)បានលឺតៗគ្នា គឺចូល(រួមជួយជាថវិកា)មកថ្ងៃហ្នឹង។ ឧកញ៉ា គិត ម៉េង រ៉ូយ៉ាល់គ្រុប បានចំនួន ២ លានដុល្លារ សហរដ្ឋអាមេរិក។ ជីប ម៉ុង គ្រុប តាមឧកញ៉ា លាង ឃុន និងម្ដាយរបស់គាត់ និងកូន ២ នាក់ (បាន)ចំនួន ២ លានដុល្លារ សហរដ្ឋអាមេរិក។ ឧកញ៉ា ថៃ ជាហួត ប៉េង ហួត គ្រុប (បាន)ចំនួន ១ លានដុល្លារ សហរដ្ឋអាមេរិក។ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ (បាន)ចំនួន ១ លានដុល្លារ សហរដ្ឋអាមេរិក។ ឧកញ៉ា ឡេង ណាវ៉ាត្រា (បាន)ចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក និងក្រុមហ៊ុន ព្រីនស៍ (បាន)ចំនួន ២ លានដុល្លារ សហរដ្ឋអាមេរិក។ ក្រុមហ៊ុន ព្រីនស៍ កុំច្រឡំថាជាក្រុមហ៊ុនចិន ក្រុមហ៊ុន ព្រីនស៍ ជាក្រុមហ៊ុនខ្មែរ ពិតមែនតែគាត់ជាជនជាតិចិន ក៏ប៉ុន្តែបានមករស់នៅស្រុកខ្មែរតាំងពីអាយុ ២២ ឆ្នាំ។ អញ្ចឹង នៅពេលដែលគាត់វិនិយោគនៅឡាវ ឥឡូវធ្លាក់ទៅដល់គុយបា ដើម្បីយកស៊ីហ្ការបស់គុយបាចែកចាយទៅពិភពលោក គឺគាត់កាន់ Passport សញ្ជាតិខ្មែរ។ ពិតមែនតែគាត់ដើមកំណើតចិន ក៏ប៉ុន្តែគាត់បានចូលសញ្ជាតិខ្មែរពេញលេញ។ សុំឲ្យបងប្អូនប្រជាពលរដ្ឋយើងកុំច្រឡំថា ព្រីនស៍ ជាក្រុមហ៊ុនចិន។ មិនមែនទេ គឺជាក្រុមហ៊ុនខ្មែរ។ ព្រោះគាត់ជាសញ្ជាតិខ្មែរ រកស៊ីនៅលើទឹកដីខ្មែរយូរហើយ។ គាត់មករស់នៅលើទឹកដីខ្មែរតាំងពីអាយុ ២២ ឆ្នាំ (និង)បានចូលសញ្ជាតិខ្មែរ។ អញ្ចឹង បានថា អ្វីដែលខ្ញុំចង់ គឺការពង្រឹងសមត្ថភាព នៃអ្នកមានស្រុកខ្មែរឲ្យមានឡើង។
គ្រាន់តែមើលនៅក្នុងនេះ យើងឃើញថា ក្រុមហ៊ុនដែលមានសាខាមកពីបរទេស មិនទាន់មានក្រុមហ៊ុននោះចូលទិញទេ។ ឃើញមានធនាគារ ព្រីនស៍ អាហ្នឹងធនាគារខ្មែរទេ មិនមែនធនាគារមកពីក្រៅប្រទេសទេ។ វីង ខ្មែរ, ជីប ម៉ុង ខ្មែរ, ពាណិជ្ជកម្មអាល់ហ្វា សុទ្ធតែខ្មែរ។ ប៉ុន្តែ យើងឃើញ ABA មិនមែនខ្មែរទេ បរទេសសឹង ១០០% ទៅហើយ ហើយអាហ្នឹងតែកាលណាមានការ(អី) ប្រុចបាត់។ និយាយអញ្ចឹងមិនមែនបានសេចក្ដីថា ឃោសនាទម្លាក់គុណភាពការរត់ប្រណាំងគ្នានៃបញ្ហាក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុកទេ ក៏ប៉ុន្តែគ្រាន់តែពន្យល់ ដើម្បីឲ្យយល់ថា គ្មានអ្នកណារួមសុខ/ទុក្ខជាមួយយើង ក្រៅតែពីអ្នកមានស្រុកខ្មែរទេ។
ឥឡូវ ខ្ញុំអំពាវនាវបណ្ដើរៗហើយ ទាំងធនាគារក្នុងប្រទេស និងក្រៅប្រទេសចូលរួមក្នុងការទិញយកប័ណ្ណនេះ ហើយវាមានផលប្រយោជន៍ការប្រាក់ ៥.៥%។ អម្បាញ់មិញខ្ញុំបានសួរ ក្រៅតែពីធនាគារ តើបើកឱកាសឲ្យក្រុមហ៊ុនផ្សេងក្រៅពីធនាគារចូលទិញបានទេ? (ថា)ចូលទិញបាន។ ខ្វះអី សាកល្បងលមើល? ទោះបីគេគ្មានក្រុមហ៊ុនក៏ដោយ ក៏ប៉ុន្តែ គេអាចចូលទៅទិញបាន ឲ្យគេទិញទៅ។
ក្រុមហ៊ុនក្នុងស្រុក ប្រើប្រាស់ទុនផ្ទាល់ឬក៏ភាគច្រើន សំរាប់ការវិនិយោគ
អ្វីដែលខ្ញុំចង់ គឺកាត់បន្ថយការពឹងអាស្រ័យទាំងលើខ្ចីបុលពីធនាគារក្រៅប្រទេសយកមកសាងសង់។ ខ្ញុំសុំបញ្ជាក់ថា ហេតុអីបានគេធ្វើអញ្ចឹង? មិនមានអ្នកវិនិយោគណា ដែលប្រើប្រាស់ទុនផ្ទាល់ខ្លួន សម្រាប់ការវិនិយោគ ដោយពុំមានការពឹងពាក់លើធនាគារទេ (គឺមាន)តិចណាស់។ បើយោងទៅលើអ្វីដែលកើតឡើងនៅកម្ពុជា ដែលខ្ញុំសម្លឹងមើល ប្រើប្រាស់ទុនផ្ទាល់ ឬក៏ភាគច្រើន សម្រាប់ការសាងសង់ (មានដូចជា)៖ (១) ក្រុមហ៊ុន លី យ៉ុងផាត់ កម្រខ្ចីឥណទានពីធនាគារនៅក្រៅប្រទេស ឬធនាគារណាយកមកវិនិយោគ។ (២) ក្រុមហ៊ុន វឌ្ឍនៈ របស់ឧកញ៉ា កុក អាន និង ឈុន លាង កម្រខ្ចីធនាគារក្រៅប្រទេសយកមក ប៉ុន្តែគាត់មានធនាគាររបស់គាត់។ ក្រុមហ៊ុន ជីប ម៉ុង ក៏អញ្ចឹងដែរ កម្រគាត់ទៅខ្ចីពីខាងក្រៅ ប៉ុន្តែគាត់ក៏បានបើកធនាគារមួយដែរ ដោយសារគាត់មានមុខរបរច្រើន។ ឧទាហរណ៍៖ គាត់មានមុខរបរផលិតផ្នែកភេសជ្ជៈ អញ្ចឹងគាត់បង្វិលទុនរបស់គាត់ទៅតាមរយៈរោងចក្រស៊ីម៉ង់ត៍ទៅ រោងចក្រផលិតនេះទៅ ខាងផ្នែកលំនៅឋានទៅ ទីផ្សារទៅ ដូច្នេះ វាវិលរបៀបចាត់ចែងហិរញ្ញវត្ថុ។ អញ្ចឹងទេ (ជាការប្រសើរ) បើសិនជាបណ្ដាក្រុមទាំងនេះ អាចចូលរួមវិភាគទាននៅក្នុង(គម្រោង)នេះ … ហើយបើសិនជាបើកឱកាសឲ្យ អ្នកណាក៏ដោយឲ្យតែមានលុយទៅទិញ។ ខ្ញុំគិតថា លុយ ៣០០ លានដុល្លារ (សហរដ្ឋអាមេរិក) វាមិនលំបាកទេ។
ដាក់ទណ្ឌកម្មដកហូតទ្រព្យសម្បត្តិជនជាតិខ្មែរនៅបរទេស ជាចំណាត់ការនយោបាយ
ខ្ញុំសុំអរគុណ (ចំពោះ)ចំណាត់ការអន្តរជាតិ ដែលមិនអនុញ្ញាតឲ្យបុគ្គលខ្មែរណាយកលុយទៅដាក់នៅធនាគារក្រៅប្រទេស។ ខ្ញុំអរគុណពិសេសតែម្ដង ព្រោះលុយហ្នឹងវិលនៅក្នុងស្រុកខ្មែរ។ កាលមុននោះ នៅពេលដែលអន្តរជាតិមិនទាន់បានធ្វើការរារាំង ក្នុងការយកលុយទៅដាក់នៅក្រៅប្រទេស ខ្មែរយើងមួយចំនួនយកលុយទៅវិនិយោគនៅក្រៅប្រទេស តាមរយៈយកលុយទៅដាក់នៅធនាគារក្រៅប្រទេស … ដល់ឥឡូវវិធានការជាអន្តរជាតិ ខ្មែរយើងអត់មានឱកាសយកលុយទៅទុកនៅក្រៅប្រទេសទេ។ បើអញ្ចឹងលុយវាវិលនៅក្នុងស្រុកខ្មែរ នៅតាមធនាគារ នៅតាមស្អីៗហ្នឹង។ បើទោះបីសម័យកូវីដ-១៩ ការកសាងលំនៅឋានដើម្បីលក់តម្លៃនេះ/នោះកំពុងតែដំណើរការ។ អញ្ចឹងយើងឃើញថា ការទិញលំនៅឋាននៅតែបន្ត លក់នៅតែដាច់ មិនមែនបានសេចក្ដីថា ពេលដែលសភាពការអញ្ចឹងហើយ ផ្ទះចុះថ្លៃទេ។ អត់មានចុះថ្លៃទេ។ អ្នកខ្លះគេរកស៊ីធុនហ្នឹងវិញ។ គេមានលុយ គេទៅទិញ ៤-៥ (ផ្ទះ)ទុកទៅ។ ដល់ឡើងថ្លៃ គេលក់បន្តយកចំណេញ។ ហ្នឹងជាវិធីមួយក្នុងចំណោមវិធីនៃការរកប្រាក់។ ហ្នឹងចែកចំណេញគ្នា។ អ្នកដែលគេកសាងៗ បានគេលក់ អ្នកនោះយកលុយទៅទិញ អ្នកម្ចាស់បុរីគេក៏បានលុយ ដើម្បីបន្តអភិវឌ្ឍន៍តទៅទៀត។ ដល់អ្នកនោះគេយកលុយមកទិញ ដូចគេយកទៅដាក់នៅធនាគារអញ្ចឹង។ អញ្ចឹង គេទិញថ្ងៃហ្នឹង ៥០ ម៉ឺន(ដុល្លារ) ប៉ុន្តែ មួយខែក្រោយគេឲ្យ ៥៥ ម៉ឺន(ដុល្លារ) គាត់ចំណេញ ៥ ម៉ឺន(ដុល្លារ)។ លក់រួចហើយគាត់ទៅទិញបន្តទៀត។ អញ្ចឹង បានទុនហ្នឹងវានៅក្នុងស្រុក។
អញ្ចឹង បានរឿងដាក់ទណ្ឌកម្មលើខ្មែរ ដកទ្រព្យសម្បត្តិស្អីជនជាតិខ្មែរនៅប្រទេសរបស់ខ្លួន។ ដកផេះអីខ្ញុំសួរ? បើពួកអស់ទាំងហ្នឹងអត់ដែលមានទ្រព្យសម្បត្តិក្នុងប្រទេសនោះផង។ ទោះបីប្រកាស ៥០០ ដង ហើយចាំ ៥០០ ជាតិ(ទៀត) ក៏ពួកហ្នឹងអត់មានលុយនៅហ្នឹងដែរ។ ដាក់ហ្នឹងគ្រាន់ជាសញ្ញានយោបាយតែប៉ុណ្ណឹងទេ។ ទោះបីដាក់មកលើខ្ញុំ ដកទ្រព្យសម្បត្តិខ្ញុំ តើខ្ញុំមានទ្រព្យសម្បត្តិនៅប្រទេសក្រៅទេ? រកឃើញយកទៅ មិនចាំបាច់និយាយច្រើនទេ។ ខ្ញុំឌឺឲ្យទៀត។ អ្នកណាភ្លើណាស់ឲ្យគេយកតែម្ដងទៅ។ ខ្ញុំប្រកាសឲ្យគេរឹបអូស។ ខ្មែរណាល្ងង់មិនទុកលុយអីរកស៊ីក្នុងស្រុកទេ គិតទៅទិញផ្ទះទិញអីនៅក្រៅប្រទេស ឲ្យគេយកឲ្យអស់តែម្ដងទៅ កុំឲ្យវាពិបាកពេក។ និយាយគ្នាអញ្ចឹងតែម្ដង កុំឲ្យវាពិបាក។ ប៉ុន្តែ ប្រយ័ត្នតែរឹបចុះរឹបឡើងប៉ះសញ្ជាតិខ្លួនឯង ព្រោះខ្មែរខ្លះសញ្ជាតិបារាំង/អាមេរិក/អូស្ត្រាលី។ បើរឹបអូសៗពលរដ្ឋខ្លួនឯង គ្រាន់តែដើមកំណើតខ្មែរ រឹបអូសទៅ។ បើល្ងង់ណាស់ធ្វើទៅ ខ្ញុំអត់ខ្វល់ទេ។ ច្បាប់អំពីលទ្ធិប្រជាធិបតេយ្យស្អីហ្នឹង ច្បាប់រឹបអូសទ្រព្យសម្បិត្តស្អីហ្នឹង ខ្ញុំបន់ឲ្យចេញមកឲ្យស្រូតទៀត … ប្រើច្បាប់នេះមកគាបសង្កត់ខ្មែរផេះអី?
សហប្រធានកិច្ចប្រជុំអាស៊ាន-អាមេរិក នាខែកម្ភៈ ឆ្នាំ២០២២
ខ្ញុំនឹងទៅអាមេរិក … ធ្វើសហប្រធាន(កិច្ចប្រជុំអាស៊ានអាមេរិក)ជាមួយ Joe Biden ខែកុម្ភៈ(ខាងមុខ)នេះ។ គាត់សុំប្រជុំខែមករា ក៏ប៉ុន្តែខែមករាប្រទេសអាស៊ានរវល់ រាប់ទាំងប្រធានអាស៊ាន។ ខ្ញុំទៅអឺរ៉ុបខែមករា។ ខ្ញុំទៅអាមេរិកៗ ប្រជុំអាស៊ាន ក្នុងពេលដែលខ្មែរធ្វើប្រធានអាស៊ាន។ បើសិនប្រជុំកើតឡើងមែន ខ្ញុំទៅធ្វើសហប្រធានជាមួយប្រធានាធិបតីអាមេរិក មើលអ្នកទាំងអស់គ្នាគិតយ៉ាងម៉េច? អង់គ្លេសគេហៅ Co-chair។ (ជា)ប្រធានអាស៊ាន។ បើថាប្រធានអត់ទៅ ការប្រជុំក៏អត់មានកើតដែរ។ ឆ្នាំទៅប្រុងប្រជុំហើយ(កាលពី)ខែមីនា ក៏ប៉ុន្តែផ្ទុះកូវីដ-១៩ កុំអីកាលនោះស៊ុលតង់ប្រ៊ុយណេត្រូវជាសហប្រធាន។ ប៉ុន្តែ មកដល់ឥឡូវ បើសិនជា Joe Biden ចង់ប្រជុំអាស៊ាននៅលើទឹកដីអាមេរិក ខ្ញុំត្រៀមហើយ។ ត្រៀមតាំងពីជើងហោះហើរ។ ម្សិលមិញឱ្យជួយទំនាក់ទំនងដើម្បីឱ្យយន្តហោះទៅចុះនៅវ៉ាស៊ីនតោន។ អញ្ចឹង ខ្ញុំផ្ដាំផ្ញើទៅ បើថាច្បាប់អនុម័តឲ្យអនុម័តទៅ ហើយរឿងតែមួយទេវាគ្មានអីក្រៅពីហ្នឹងទេ។ អ្នកឯងបិទទ្វារខ្ញុំ មានន័យថា អ្នកឯងក៏ចូលមិនបានខ្ញុំក៏ចេញមិនរួចតែប៉ុណ្ណឹង។ វាមានស្អី វាមិនមែនមានតែម្ខាង។
ការគំរាមដាក់ទណ្ឌកម្មមានតាំងពីជំនាន់ព្រះករុណាព្រះបិតា
ស្អីបន្តិចគំរាមៗ។ គេគំរាមយើងមួយជីវិតទៅហើយ។ គេគំរាមតាំងពីព្រះករុណាព្រះបិតាឯណោះ មិនមែនទើបតែគំរាមថ្ងៃហ្នឹងឯណា? អញ្ចឹងទេ ខ្ញុំមិនខ្វល់អារឿងអ្នកណាគំរាមមិនគំរាម អីលទ្ធិប្រជាធិបតេយ្យ ច្បាប់ស្អីខ្ញុំមិនចាំលេខ។ គេថា ច្បាប់ហ្នឹងអនុញ្ញាតឲ្យបង្កកទ្រព្យសម្បតិ្តមេដឹកនាំកម្ពុជាក្នុងប្រទេសអាមេរិក។ ច្បាប់ហ្នឹងន័យសំដៅសំខាន់អញ្ចឹង។ អ្នកណាល្ងង់ណាស់ឲ្យគេប្រមូលអញ្ចឹងទៅ។ ប៉ុន្តែ បើដកពី ស៊ុន ចាន់ថុលៗ សញ្ជាតិអាមេរិក ដកពីពលរដ្ឋខ្លួនឯងអញ្ចឹងទៅ។ បើដកលើខ្ញុំៗអត់មានទ្រព្យសម្បត្តិនៅអាមេរិកផង។ ដក ចម ប្រសិទ្ធិៗ អត់មានទ្រព្យសម្បត្តិនៅអាមេរិកផង។ ដក ទៀ បាញ់ៗ អត់មានទ្រព្យសម្បត្តិនៅអាមេរិកផង។ និយាយគ្នាឲ្យច្បាស់រឿងហ្នឹង កុំឲ្យខ្មែរយើងក្នុងស្រុកមួយចំនួន(ចេះតែថា) អូ! គេដាក់ទណ្ឌកម្មហើយ វាងាប់ហើយៗ។ ចាំតែងាប់តើ។ ហ៊ុន សែន ផ្ទះនៅនេះ។ អើ! បើរកឃើញនៅអាមេរិកដកយកទៅ។ នេះជាក់ស្ដែងលើបញ្ហាសញ្ជាតិ។
ហ៊ុន សែន គ្មានអីនៅ Cyprus ក្រៅពីកងទ័ពកម្ពុជាទៅចូលរួមដោះមីន
ចេញមកអស់ទាស់តែម្ដង គិតថា មួយក្បាច់នេះវាយ ហ៊ុន សែន ឲ្យប្រកាច់ងាប់តែម្ដង ដោយថារកឃើញ ហ៊ុន សែន មានសញ្ជាតិ Cyprus តាម The Guardian ចុះផ្សាយ។ វាយ ហ៊ុន សែន មួយដៃ គឺវាយឲ្យខ្ទាតចេញពីឆាកនយោបាយតែម្ដង។ មានអី! ផ្ដល់ឱកាស ហ៊ុន សែន ឲ្យកែដាក់ក្នុងរដ្ឋធម្មនុញ្ញតែម្ដងគឹប។ ចាំទៅ។ អាហ្នឹង គឺស្អី? គឺដើរខុសក្រឡា។ បើសិនជាកុំព្រហើន ស្រាវជ្រាវឲ្យច្បាស់ទៅមើល មែនឬក៏អត់? វាមិនមែនផ្ដល់ឱកាសសម្រាប់ ហ៊ុន សែន ដើម្បីដាក់ចូលក្នុងរដ្ឋធម្មនុញ្ញព្រឹបទេ។ ខ្ញុំមិនកសាងច្បាប់ទេ ព្រោះច្បាប់គេអាចអនុម័ត គេអាចដូរបាន ៥០+១ ប៉ុន្តែញាត់ក្នុងរដ្ឋធម្មនុញ្ញ … វាត្រូវ(ការ) ២/៣។ អ្នកណាចង់ធ្វើនាយករដ្ឋមន្រ្តី ធ្វើប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ចង់ធ្វើប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ទាល់តែអ្នកឯងមានសញ្ជាតិតែមួយ … ដល់រកទៅ ហ៊ុន សែន អត់មានអីនៅ Cyprus ផង។ ហ៊ុន សែន ធ្លាប់មាននៅ Cyprus មានអី? (មាន)កងទ័ពរបស់កម្ពុជាទៅ(ជួយ)ដោះមីន (ទៅជួយ)បំផ្លាញគ្រាប់មិនទាន់ផ្ទុះ ក្នុងចន្លោះតំបន់រវាង Cyprus ជាមួយនឹង Turkey។ ធ្លាប់មានកងទ័ពកម្ពុជា ដែលក្រោមបញ្ជារបស់ ហ៊ុន សែន បញ្ជូនទៅជួយដោះមីន បំផ្លាញចោលគ្រាប់មិនទាន់ផ្ទុះ ព្រោះអាហ្នឹងវាជាទឹកដីជម្លោះ រវាង Cyprus និង Turkey …។
ថ្ងៃ ២៤ ធ្នូ សន្និបាតគណៈកម្មការកណ្ដាលគណបក្សប្រជាជន
នេះចេញបានមួយ។ ហើយ(ធ្វើ)សេចក្ដីប្រកាសមកតាមមួយទៀត ឲ្យកងទ័ពបែរកាណុងចូលមក ធ្វើឲ្យ ហ៊ុន សែន(ដួលរលំ) រួចហើយមានអ្នកបន្ទរតាមក្រោយថា ហ៊ុន សែន នឹងរត់ចោលស្រុកឆាប់ៗ។ ចាំតែរត់តើ … ថ្ងៃ ២៤ ខាងមុខនេះ ចំថ្ងៃសុក្រ សមាជិក/ជិកាគណៈកម្មការកណ្ដាលត្រៀមចូលរួមសន្និបាតគណៈកម្មការកណ្ដាលដើម្បីសម្រេចទៅលើបញ្ហាបេក្ខភាព ទាំងបេក្ខភាពបន្តវេនទាំងស្អីៗ។ កន្លងទៅគ្រាន់តែថា ប្រកាសប៉ុណ្ណឹងទេ។ និយាយអញ្ចឹងតែម្ដងឲ្យវាច្បាស់។ នឹងមានកិច្ចការងារមួយចំនួនដែលគណៈកម្មការកណ្ដាលមានការចាំបាច់ត្រូវធ្វើ។
ហ្នឹង គឺភាពល្ងង់របស់គេ ស្មើនឹងលើកដុំថ្មទម្លាក់លើជើងខ្លួនឯង។ ហ្នឹង(ចែងក្នុង)រដ្ឋធម្មនុញ្ញ។ តើទៅគាស់យ៉ាងម៉េច? ខ្លួនឯងចង់ធ្វើនាយករដ្ឋមន្រ្តី រួចហើយមកវាយគេ។ ដល់គេដាក់ទៅ(វិញ) វាបិទផ្លូវជិត។ ប៉ុន្តែ បើទោះបីមិនដាក់ អាតំណែងនាយករដ្ឋមន្រ្តី មិនមែនបានសេចក្ដីថា អស់ពី ហ៊ុន សែន ដល់លោកឯងឯណា? លោកឯងធ្វើម៉េចឲ្យឈ្នះឆ្នោត(សិនទៅ)។ ម្យ៉ាងទៀត អាទោសជាប់គុកនោះវាអត់មាននរណាលើកលែងទោសឲ្យ ព្រោះ ហ៊ុន សែន បានប្រកាសហើយថា បើលើកលែងឲ្យវាស្មើនឹងត្រូវកាត់ដៃខ្លួនឯងគ្រវាត់ចោល។ បើ ហ៊ុន សែន មិនស្នើ ព្រះមហាក្សត្រព្រះអង្គក៏មិនឡាយព្រះហស្តលេខា ព្រោះច្បាប់ពន្ធធនាគារគេកំណត់អញ្ចឹង …។
ទស្សនកិច្ចមីយ៉ាន់ម៉ា ដើម្បីអាស៊ាន ១០ ស្របតាមធម្មនុញ្ញអាស៊ាន
យប់មិញដេកស្រួលណាស់ ស្រាប់តែទៅមួយវឹងទៅ ព្រោះធ្វើការវាហត់។ យប់មិញរាងមមីមមើបន្តិចដែរ។ មើលព័ត៌មានស្អីៗ (ស្រួលដែរ)អាធ្វើការតាមអនឡាញនេះ។ ឥឡូវ ដល់បើកប្រទេសគ្រឹប អាអនឡាញផង អាមិនអនឡាញផង ទៅជាមួយគ្នាបណ្ដោយ។ យប់មិញនេះ ពេលដែលខ្ញុំទូរស័ព្ទទៅ (ចម) ប្រសិទ្ធិ នោះគឺអាហ្នឹងពេលខ្ញុំភ្ញាក់ម្ដងហើយ។ លក់ទៅមួយសា។ លក់ទៅ យល់សប្តិទៅឯណាអីឯណា ដល់ភ្ញាក់ឡើង ស្រាប់តែភ្លើងអត់ទាន់បិទ។ (ក៏គិតថា)ថ្ងៃហើយដឹង? អញ្ចឹង មានតែយើងដេកថ្ងៃត្រង់។ អញ្ចឹង ត្រូវក្រោកហាត់ប្រាណ។ ដល់គិត(យូរៗ) មិនមែនទេ។ បានងើបឡើងទៅរកទឹកផឹកៗ រួចហើយក៏ហៅ(ទូរស័ព្ទ)ទៅ ចម ប្រសិទ្ធិ ទាំងយប់ ដើម្បីឲ្យត្រៀមខ្លួនទៅមីយ៉ាន់ម៉ាជាមួយខ្ញុំ។ ខ្ញុំបាននិយាយហើយរឿងហ្នឹង។ អ្នកណាចង់និយាយអីនិយាយទៅ។ បើមិនធ្វើការជាមួយមីយ៉ាន់ម៉ា តើទៅធ្វើការជាមួយអ្នកណាកើត? … គេកំពុងគ្រប់គ្រងប្រទេស។ យើងមិនអាចទៅធ្វើការជាមួយអ្នកណាក្រៅពីនេះទេ។ អ្នកខ្លះសប្បាយចិត្ត អ្នកខ្លះថា ទេ! ទៅហ្នឹងដូចទទួលស្គាល់។ ទទួល ឬមិនទទួលស្គាល់ ត្រូវតែធ្វើការជាមួយគេ បានវាដោះស្រាយបញ្ហាចេញ។ ខ្ញុំសុខចិត្តយកការទទួលខុសត្រូវ ដើម្បីឲ្យអាស៊ានវិលត្រឡប់មក ១០ កុំឲ្យអាស៊ាននៅ ៩។
បើសិនជាកម្ពុជាធ្វើ ដើម្បីឯកភាពអាស៊ាន ហើយទៅជាខុស អាហ្នឹងក៏វាមិនដឹងធ្វើម៉េច។ អញ្ចឹង បានសេចក្ដីថា អាស៊ាននាំគ្នា(អនុវត្ត)ខុស (ពី)ធម្មនុញ្ញអាស៊ាន ពី ១០ មក ៩ ទៅ។ ឯខ្ញុំត្រូវតម្រឹមឲ្យអាស៊ាន ១០ ឡើងវិញ ព្រោះអាស៊ានកុងសង់ស៊ីស បើកុងសង់ស៊ីសវាទាល់តែអាស៊ានទាំង ១០។ ពិតហើយ វាមិនមែនទៅម្ដងហើយដោះចេញទេ។ គ្រាន់តែខ្មែរយើងចរចា រវាងខ្មែរ និងខ្មែរប៉ុន្មានឆ្នាំ? ពី ១៩៨៧-១៩៩១ ខ្មែរផង អន្តរជាតិផង ប៉ុន្តែចាប់ផ្ដើមពីខ្មែរ។ ដំណើរការចរចារហូតដល់ ៤ ឆ្នាំ ទើបអាចចុះហត្ថលេខាបានលើកិច្ចព្រមព្រៀងមួយ … ប៉ុន្តែហោចណាស់ យើងអាចដឹងបានថាមានបញ្ហាអ្វីជារួម បញ្ហាអី្វជាបញ្ហានៅឃ្លាតគ្នា។ ត្រូវរកវិធី។ ចុះបើមួយថ្ងៃៗ នៅឈរតែជេរគ្នាពីខាងក្រៅ។
Kasit Piromya ជំទាស់ដំណើរស្វែងយល់មីយ៉ាន់ម៉ា ផ្ទុយពីគោលជំហររាជរដ្ឋាភិបាលថៃ
មួយនោះធ្លាប់ជេរខ្ញុំឆ្នាំ ២០០៩។ ហ្នឹងអតីតរដ្ឋមន្រ្តីការបរទេសថៃ Kasit Piromya។ កាលហ្នឹងជំនាន់ Abhisit Vejjajiva។ ពេលហ្នឹងថៃបានលើកកងទ័ពចូលមកព្រះវិហារ។ អញ្ចឹងមានបញ្ហាជាមួយគ្នា។ យើងអត់មានរកទំនាស់អីជាមួយគេ តែគេរកទំនាស់ជាមួយយើង។ Kasit Piromya បាននិយាយនៅក្នុងរដ្ឋសភា ប្រើពាក្យថា «សុភាពបុរស ចិត្តជាអ្នកលេង»។ ខ្ញុំប្រាប់ទៅវិញថា ពេលប្រជុំអាស៊ាន ខ្ញុំអត់ទៅចូលរួមទេ។ អញ្ចឹង Kasit Piromya ត្រូវបង្ខំចិត្តសរសេរសំបុត្រមកសុំទោសខ្ញុំ បានខ្ញុំទៅប្រជុំ។ អាស៊ានតែមួយ ចុះបើអ្នកឯងចាត់ទុកខ្ញុំជាអ្នកលេងទៅហើយ ខ្ញុំចាំបាច់ទៅប្រជុំធ្វើអី? អញ្ចឹង ពេលនោះសមាជិកខាងភឿថៃ ឬថៃរ៉ាក់ថៃនោះ គេថា សុំដកពាក្យហ្នឹងចេញ។ គេតវ៉ាគ្នាក្នុងហ្នឹង។ ឥឡូវ Kasit Piromya ដដែលហ្នឹង មកជំទាស់នឹងដំណើររបស់ខ្ញុំទៅមីយ៉ាន់ម៉ា។ សូមអញ្ជើញ។ ឥឡូវ បើអ្នកឯងចង់ធ្វើប្រឆាំងៗរហូតទៅ។ ប៉ុន្តែ រដ្ឋាភិបាលបច្ចុប្បន្ន (នាយករដ្ឋមន្ត្រី) Prayuth ក៏បានបញ្ជូនរដ្ឋមន្រ្តីការបរទេសទៅមីយ៉ាន់ម៉ា។ រដ្ឋាភិបាលរបស់ថៃ គេផ្ដល់ជំនួយឲ្យទៅមីយ៉ាន់ម៉ា ហើយមានទាំងរដ្ឋមន្រ្តីការបរទេសទៅ។ នេះជាឥរិយាបថជិតខាងរវាងគាត់ជាមួយនឹងមីយ៉ាន់ម៉ា។
អញ្ចឹងគោលជំហររបស់រាជរដ្ឋាភិបាលថៃ និងគោលជំហរអ្នកប្រឆាំងនៅថៃខុសគ្នា … ខ្ញុំសូមផ្ដាំទៅ Kasit Piromya ថា អ្នកឯងត្រូវយល់ សូម្បីតែពេលដែលអ្នកឯងធ្វើរដ្ឋមន្រ្តីការបរទេស អ្នកឯងក៏មានបញ្ហាជាមួយកម្ពុជាដែរ។ ឥឡូវ គោលជំហររបស់អ្នកឯងផ្ទុយពីគោលជំហររបស់រដ្ឋាភិបាលថៃខ្លួនឯងផង ហើយផ្ទុយនឹងគោលជំហរ(រាជ)រដ្ឋាភិបាលកម្ពុជាផង។ អញ្ចឹង ទុកឲ្យអ្នកឯងប្រឆាំងនៅម្ខាងទៅ។ ឯខ្ញុំដោះស្រាយការងាររបស់ខ្ញុំ។ ជាសិទ្ធិអំណាចរបស់ខ្ញុំ។ ការសង្គ្រោះអាស៊ានបែកបាក់ ដែលពី ១០ មកនៅ ៩ ឲ្យទៅជាអាស៊ាន ១០ តើខ្ញុំមានកំហុសឬអត់? អាហ្នឹងចោទជាសំណួរទៅ។ ឲ្យពួកអ្នកវិភាគលើសកលលោក ផ្នែកខាងអន្តរជាតិ អ្នកសរសេរអត្ថបទធំៗលើពិភពលោក នាំគ្នាវិភាគទៅ។ តើអាស៊ានគួរទុក ៩ ឲ្យខុសនឹងធម្មនុញ្ញអាស៊ាន ឬអាស៊ានត្រូវមាន ១០? …។
ធនាគារអាចវិនិយោគទិញសញ្ញាប័ណ្ណ
វិលមកវិញ អញ្ចឹងទេ អ្នកឧកញ៉ា ពុង ឃាវសែ ប្រកាសអាហ្នឹងឲ្យទូលំទូលាយទៅ ប្រកាសរឿងលក់សញ្ញាប័ណ្ណហ្នឹងទៅ។ អានេះ គឺបានការប្រាក់ច្រើនជាងយកទៅដាក់ធនាគារផង … (លោកឧកញ៉ា ពុង ឃាវសែ ពន្យល់សម្តេចរឿងលក់សញ្ញាប័ណ្ណ) បានសេចក្តីថា ឯកជនអត់ទាន់ទិញបានទេ។ ប៉ុន្តែ ទាល់តែធនាគារ ប៉ុន្តែ ក្រុមហ៊ុនទិញបានទេ? អាហ្នឹងទាល់តែទៅសុំច្បាប់មួយទៀត។ ច្បាប់របស់យើងនេះ ទាល់តែស្ថាប័នហិរញ្ញវត្ថុ ទើបទិញបាន។ ប៉ុន្តែ បើយើងចង់លក់ឲ្យក្រុមហ៊ុននានា ដូចថាក្រុមហ៊ុន ឬឯកជន ទាល់តែត្រូវមានច្បាប់មួយទៀត លក់ជាសាធារណៈ។ ហ្នឹងត្រូវតែរកវិធីដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារមួយទៀត។ អញ្ចឹង ឲ្យច្បាស់កន្លែងហ្នឹង។ នេះសម្រាប់អ្វីដែលបានសម្រេចរួចហើយ ដោយមានការធានារបស់រដ្ឋ បូកជាមួយខាងគ្រប់គ្រងហានិភ័យ ០% សម្រាប់តែផ្នែកហិរញ្ញវត្ថុ និងធនាគារទេ។ ប៉ុន្តែ យើងក្រុមហ៊ុន ហើយនិងបុគ្គល គឺមិនអាចទៅទិញបានទេ អាហ្នឹងត្រូវរកច្បាប់មួយផ្សេងទៀត។
បានសេចក្តីថា បើសិនជាចង់ពង្រីកទុន ដែលថាយើងត្រូវការ ៣០០ លាន(ដុល្លារ) ឥឡូវ យើងទើបនឹងបាន ៨៧ លាន(ដុល្លារ)ហើយ អញ្ចឹង នៅសល់ ២២០ លាន(ដុល្លារ)ទៀត ដែលត្រូវការទិញ។ ឥឡូវ យើងនៅមានធនាគារខ្មែរយើងនៅក្នុងស្រុកនៅច្រើនទេ? (មាន)ធនាគារថ្មី គឺគាត់អាចទិញបាន គាត់បានផលចំណេញពីអាហ្នឹង ប៉ុន្តែថាជាបុគ្គល អាហ្នឹងទាល់តែគេយកទៅដាក់ធនាគារកាណាឌីយ៉ាតែម្តង។ ប្រើធនាគារកាណាឌីយ៉ា ការប្រាក់ឲ្យខ្ពស់បន្តិចទៅ (ឲ្យការប្រាក់) ៥,៥% ទៅ រួចហើយយកលុយដែលគេយកទៅដាក់ការប្រាក់ យកមកវិនិយោគនៅទីនេះ ក្នុងចំណែកណាមួយ មិនមែនទាំងអស់ទេ ក្រែងលោវាគ្រប់គ្រងហានិភ័យ។ ប៉ុន្តែ អ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនេះថា ដើម្បីឲ្យយើងកាត់បន្ថយការរកប្រាក់ពីខាងក្រៅ។ ប្រើជំនួសវិញដោយថវិកានៅក្នុងស្រុក។ ធនាគារបរទេសដែលមករកស៊ីក្នុងស្រុករបស់យើងនេះ គឺពឹងពាក់លើប្រាក់របស់អ្នកស្រុកខ្មែរដាក់ទៅក្នុងធនាគារហ្នឹង។ បើគេយកមកទិញអាហ្នឹង ស្មើនឹងយកលុយកូនខ្មែរហ្នឹង យកមកទិញអាហ្នឹងដែរ។
ពាក្យ “តេជោ” បញ្ជាក់ពី ប្រទេសរាជានិយម
ខ្ញុំចង់ពន្យល់បន្តិច។ មានឈ្មោះប៉ុន្មាននោះយកមកឲ្យខ្ញុំរើស។ ចុងបំផុតខ្ញុំជ្រើសរើសដាក់ថា ”អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ” ។ ហេតុអីបានខ្ញុំយក ”តេជោ”? នៅប្រទេសរបស់យើងនេះ ហើយនៅក្នុងតំបន់ស្អាងទៀតសោត បើយើងពិនិត្យអំពីភូមិសាស្ត្រវាអត់ឆ្ងាយប៉ុន្មានទេ ព្រះស្រីសុរិយោពណ៌ ជំនាន់ “តេជោមាស” កាលហ្នឹងនៅសំរោងទង ព្រះអង្គមកប្រគល់ភារកិច្ចឲ្យ “តេជោមាស” នៅស្រុកស្អាងហ្នឹង។ មើលឡើងវិញប្រវត្តិ “តេជោមាស តេជោយ៉ត”។ បើសិនជាខ្ញុំមិនច្រឡំ ហើយបើសិនជាខ្ញុំនិយាយខុស គឺសុំយោគយល់ផង។ អញ្ចឹង ប្រវត្តិតំបន់នេះ “តេជោ” ធ្វើសកម្មភាព។ “តេជោ” ជាន់មុន/ក្រោយ គឺធ្វើសកម្មភាព។ “តេជោ” សតវត្សរ៍ទី ១៦ “តេជោមាស និងតេជោយ៉ត” ព្រះមហាក្សត្រ ព្រះរាជាព្រះស្រីសុរិយោពណ៌ ពេលនោះមកប្រគល់ភារកិច្ចនៅស្រុកស្អាងយើងនេះ។ “តេជោមាស” មកពីសំរោងទង មកទទួលយកព្រះរាជបញ្ជានៅស្រុកស្អាងយើងហ្នឹង … តំបន់ហ្នឹងជាប់ព្រំប្រទល់គ្នា … អញ្ចឹងទេ សុំកុំភាន់ច្រឡំថា “តេជោ” នេះមានតែ ហ៊ុន សែន ព្រោះខ្ញុំមិនបានដាក់ “តេជោសែន” នៅក្នុងហ្នឹងទេ។ ម្យ៉ាងទៀត ខ្ញុំក៏ចង់បង្ហាញថា ប្រទេសនេះជាប្រទេសរាជានិយម ព្រោះមានតែរបបរាជានិយមទេ ដែលមានគោរម្យងារ “តេជោ”។ ហើយគោរម្យងារ “តេជោ” នេះទៀតសោត មានតែព្រះមហាក្សត្រទេ ដែលមានព្រះរាជសិទ្ធិព្រះរាជទានគោរម្យងារ “តេជោ”។ ដូចជាខ្លួនខ្ញុំ ត្រូវបានព្រះករុណា ព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គព្រះរាជទានងារ “តេជោ” នេះ ប៉ុន្តែ សម័យដើមយើងមិនដឹងថា “តេជោមាស” ត្រូវបានគោរម្យងារពីក្សត្រអង្គណាទេ។ ក៏ប៉ុន្តែ យើងបានដឹងថា ទំនាក់ទំនងនៅពេលដែលព្រះរាជទានបញ្ជានៅហ្នឹងស្រុកស្អាងយើងហ្នឹង ហើយដែល “តេជោមាស” មកទទួលព្រះរាជាបញ្ជា។ ពេលនោះ “តេជោយ៉ត” មិនទាន់ក្លាយជា “តេជោ” ទេ “តេជោយ៉ត” ក្លាយទៅជា “តេជោ” ក្រោយពេល “តេជោមាស” ទទួលមរណភាព។
អញ្ចឹង ខ្ញុំសុំបញ្ជាក់អត្ថន័យនៅកន្លែងហ្នឹងបន្តិច ពាក្យថា “តេជោ” បើគ្មានភ្ជាប់ ហ៊ុន សែន នៅខាងក្រោយទេ គឺមានន័យថា ចរិតទូលំទូលាយ ដែលខ្ញុំចង់សំដៅថា ប្រទេសនេះ គឺមានប្រវត្តិជារាជានិយម ព្រោះមានតែរាជានិយមទេ ដែលមានគោរម្យងារជា “តេជោ” មានគោរម្យងារជា “សម្តេច” មានគោរម្យងារជា “អ្នកឧកញ៉ា” មានគោរម្យងារជា “ឧកញ៉ា” ក្រៅពីហ្នឹងគឺអត់ទេ។ អញ្ចឹង អ្វីដែលជាអត្ថន័យ នៅភ្នំពេញយើងមានព្រលានយន្តហោះអន្តរជាតិភ្នំពេញ អញ្ចឹងនៅនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយតេជោស្រួលសរសេរទេ ខ្លី។ សរសេរអង់គ្លេស ខ្លី “តេជោ”។ ខ្ញុំទៅក្រៅប្រទេស គឺគេដាក់សម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណឹង អត់មានអគ្គមហាសេនាបតីអីទេ។ នេះក៏អត់មានភ្ជាប់ជាមួយនឹងអគ្គមហាសេនាបតី។ ពេលដែលចេញហើយបានយើងដឹង។ តាមដែលខ្ញុំដឹង ព្រះករុណា ព្រះអង្គបានសព្វព្រះរាជហរទ័យថ្វាយទៅសម្តេចព្រះសង្ឃរាជ។ ពេលនោះ សម្តេច(ព្រះធម្មលិខិត) លាស់ ឡាយ លោកបានចូលទិវង្គតឆ្នាំទៅ … ការចេះដឹងរបស់លោកអត់ធម្មតាទេ។ អញ្ចឹង ដាក់គោរម្យងារសម្រាប់សម្តេច ជា ស៊ីម, ដាក់គោរម្យងារ សម្រាប់សម្តេច ហេង សំរិន … ហើយដាក់គោរម្យងារឲ្យខ្ញុំ។ ប៉ុន្តែព្រះករុណាព្រះអង្គខ្លួនឯងថែមៗ កន្លែងណា? គឺប្រើ “អគ្គ”។ ពីមុនគ្រាន់ថា សម្តេចមហាធម្មពោធិសាល ជា ស៊ីម, សម្តេចមហាពញាចក្រី ហេង សំរិន, សម្តេចមហាសេនាបតីតេជោ (ហ៊ុន សែន) ប៉ុន្តែ ព្រះករុណាព្រះអង្គព្រះអង្គឯង ពេលដែលយកមកពិនិត្យ ព្រះអង្គថែម “អគ្គ” មួយទៀត …។
គណបក្សប្រជាជន តម្កើងរាជានិយម និងព្រះមហាក្សត្រ
គេដាក់(ឈ្មោះ)បួនមកឲ្យខ្ញុំជ្រើសរើស។ ខ្ញុំរើសយកអាហ្នឹង។ គោលដៅនៃការដាក់នេះ គឺចង់បង្ហាញថា ប្រទេសរបស់យើង គឺជាប្រទេសរាជានិយម។ អ្នកឯងកាន់តែប្រឆាំងរាជានិយម កាន់តែប្រមាថព្រះមហាក្សត្រ ខ្ញុំកាន់តែធ្វើសកម្មភាព ដើម្បីលើកតម្កើងរាជានិយម និងព្រះមហាក្សត្រ។ កាលពីថ្ងៃទី ២៨ តុលា គេប្រកាសជាចំហថា គេនឹងបង្កើតសាធារណរដ្ឋ។ ប៉ុន្ដែ ត្រូវរំលងសពរបស់គណបក្សប្រជាជនសិន ទើបអ្នកឯងធ្វើបាន។ និយាយឲ្យច្បាស់។ អ្នកណាថាអីថាទៅ។ គណបក្សប្រជាជននៅតែគណបក្សប្រជាជន ដែលមានការសាមគ្គី (និងការ)ឯកភាព។ អ្នកឯងចង់វិនិច្ឆ័យអីក៏ដោយ។ រង់ចាំមើលថ្ងៃទី ២៤ (តុលា) នេះទៅ តើវាសាមគ្គីភាពយ៉ាងម៉េច? ខ្ញុំមិនចង់និយាយនយោបាយអីទេ ព្រោះអ្នកឡប់នោះ គឺឡប់ទៅហើយ។ បើយើងតាមឡប់ជាមួយវាទៅទៀត វាមិនកើត។ អ្នកខ្លះគាំទ្រ។ អ្នកឯងមិនគាំទ្រយើង វាជាសិទ្ធិរបស់អ្នកឯង។ អ្នកនៅក្រៅ។ ប៉ុន្តែអ្នកនៅក្នុងរបស់គេ ការធ្វើរបស់គេៗ មានរបៀបរបស់គេ។ ដោយសារអ្នកឯងស្គាល់មិនច្បាស់ អំពីរបៀបចាត់ចែងការងាររបស់គណបក្សប្រជាជននេះហើយ ទើបអ្នកឯងចាញ់មួយជីវិត។ បើអ្នកឯងមិនស្គាល់ របៀបចាត់ការនៅក្នុងគណបក្សប្រជាជនទេ មិនស្គាល់រចនាសម្ព័ន្ធ និងរបៀបរបបដឹកនាំរបស់គណបក្សប្រជាជនទេ អ្នកឯងនៅតែមិនអាចយកឈ្នះបានទេ។
គណៈរដ្ឋមន្ដ្រី U–៦០ ត្រូវបានរៀបចំត្រៀមរួចហើយសំរាប់ក្មេងជំនាន់ក្រោយ
អ្នកខ្លះថាប្រកាសថា ឃើញញត្ដិចេញមកព្រោងព្រាត ពួកហ្នឹងបានផលប្រយោជន៍ពី ហ៊ុន សែន។ ឥឡូវឲ្យ អ្នកហ្នឹងធ្វើយ៉ាងម៉េច? អ្នកណាគ្រាំទ្រក៏គាំទ្រទៅ មិនគាំទ្រ(ក៏មិនគាំទ្រទៅ)។ ប៉ុន្ដែ អ្វីដែលយកជាការបាន គឺសេចក្ដីសម្រេចនៃសន្និបាតគណៈកម្មាការកណ្ដាលឯណោះទៅវិញនោះទេ។ រួចហើយអាចនឹងឈានទៅ ប្រថាប់ត្រាដល់មហាសន្និបាតទៀតផង ដើម្បីក្លាយទៅជាបេក្ខភាព។ ខ្ញុំនិយាយឲ្យច្បាស់តែម្ដងទៅ យើងនឹងដំណើរការនៃសន្និបាត។ ក្រៅពីមនុស្សប៉ុន្មាននាក់ ខ្ញុំអត់បង្ហាញឲ្យអ្នកណាដឹងទេ។ គណៈរដ្ឋមន្ដ្រីមួយត្រូវបានរៀបចំត្រៀមរួចហើយសម្រាប់ពួកក្មេងជំនាន់ក្រោយ។ ផ្ដាំទៅអ្នកឯងទៅ។ ក្នុងគណៈរដ្ឋមន្ដ្រីហ្នឹង បណ្ឌិតជិតពាក់កណ្ដាល ក្រៅពីនោះអនុបណ្ឌិត។ សាកល្បងមើលទៅជាមួយធនធានមនុស្សរបស់គណបក្សប្រជាជន។ អាយុស្ដង់ដារ គឺក្រោម ៦០ ឆ្នាំ។ ពួកយើងដល់ពេលនឹងពួក U-៧០, U-៨០ ដើរចេញ។
គេឯកភាពគ្នាអញ្ចឹង។ រួចហើយយើងអង្គុយធ្វើការងារយើងបន្ដ។ អ្នកណាស្រាវជ្រាវពីអី អ្នកណាធ្វើស្អី។ និយាយថែមមួយម៉ាត់ទៀតទៅចុះ ម្សិលមិញប្រជុំនៅផ្ទះរបស់របស់ខ្ញុំរួចស្រេចបាត់ទៅហើយ។ ខ្ញុំ, (ស) ខេង, (សាយ) ឈុំ, (ទៀ) បាញ់, ម៉ែន សំអន។ ប្រាំនាក់។ សម្រេចបញ្ជីគណៈរដ្ឋមន្ដ្រីបម្រុងរួចបាត់។ ប៉ុន្ដែ មិនមែន (សម្រាប់)ឆ្នាំ ២០២៣ ទេ។ (ឆ្នាំ)២០២៣ ខ្ញុំនៅតែជាបេក្ខជន។ ពេលណា ចាំមើលសភាពការណ៍ជាក់ស្ដែង។ ហើយ(ការផ្ទេរក៏នឹង)មាននិរន្ដរភាព។ ក្រុមហ៊ុននានាកុំបារម្ភ។ កសាងព្រលានយន្ដហោះគិតតែកសាងទៅ ព្រោះវាច្បាស់ណាស់ហើយ អស់ពីឪវា កូនវាធ្វើ។ វា(អត់)ទៅណាឆ្ងាយ។ សមិទ្ធផលមួយត្រូវបានការពារដោយកូនចៅគណបក្សប្រជាជនដដែល។ បើបក្សដទៃចូលមកអាហ្នឹងគួរភ័យ ប៉ុន្ដែប្រហែលជាទៅមិនរួចទេ។
មិនទទួលស្គាល់រដ្ឋធម្មនុញ្ញ ប្រកាសធ្វើសាធារណរដ្ឋ … កាន់តែផុងជ្រៅ
មានតាម្នាក់ ពេលចរចាគាត់ថា ឯកឧត្តម! ស្រុកខ្មែរឥឡូវយួនមកធ្វើមេភូមិ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ហើយនៅតាមសាលារៀនឲ្យរៀនអក្សរយួនអស់ហើយៗ ចាប់ស្រីខ្មែរពាក់អាវផាយ។ បានខ្ញុំចង្អុលមុខតែម្ដង ថា នែ! ឯកឧត្តម! ឯកឧត្តមជាខ្មែរ ប៉ុន្ដែកើតនៅកម្ពុជាក្រោម។ ឥឡូវហ្នឹង(ឯកឧត្តមខ្លួនឯង)និយាយខ្មែរមិនច្បាស់ ឯកឧត្តមធ្វើម៉េចឲ្យវៀតណាមនិយាយខ្មែរច្បាស់? មកធ្វើតាំងពីប្រធានភូមិ ប្រធានស្រុក សូម្បីតែ ឯកឧត្តម(ជាខ្មែរក្រោម)និយាយខ្មែរអត់ទាំងច្បាស់(ផង)។ (មាន)រឿងរ៉ាវច្រើនណាស់(ពេល)មកចរចា ដាក់ម៉ាំង ទៅម៉ាំងមក។ វាជាការប្រមាថមួយធ្ងន់ធ្ងរណាស់ ដែលថានារីខ្មែរឲ្យស្លៀកខោអាវផាយ … បាន(ថា អ្នក)ខ្លះខ្លួនឯងជាតិសាសន៍វៀតណាមទេ ហើយមកជេរឯងវៀតណាម។ (អ្នក)ខ្លះវៀតណាមសុទ្ធតែម្តង វៀតណាមទាំងឪ/ម៉ែ គ្រាន់តែមកកើតស្រុកខ្មែរ តែនៅក្នុងបក្សប្រឆាំង ជេរឯងថាវៀតណាម។ និយាយតាមភាសាពួកគេ គេថា ពួកយើងយួន និយាយតាមភាសាសាមញ្ញ គេថា វៀតណាម … ឥឡូវ ជនជាតិអីវាមិនសំខាន់ទេ សំខាន់រួមគ្នាធ្វើការ។ គ្រាន់តែថា សុំទោស តំណែងនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធភា ប្រធានរដ្ឋសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញា ឲ្យមានសញ្ជាតិតែមួយទេ។ អ្នកឯងតែហ៊ានមកៗ ឆ្លងកាត់ធ្វើផ្ទុយរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ គេបានប្រកាសហើយ គេអត់ទទួលស្គាល់រដ្ឋធម្មនុញ្ញបច្ចុប្បន្នទេ។ បើអញ្ចឹងមក វាមានតែដាក់តែប៉ុណ្ណឹង ព្រោះគេអត់ទទួលស្គាល់។ គេប្រកាសថាធ្វើសាធារណរដ្ឋទៅហើយ។ ហ្នឹង គឺវាទិដ្ឋភាពផ្លូវច្បាប់។ ទិដ្ឋភាពកម្លាំងប្រដាប់អាវុធ អាហ្នឹងរឿងមួយផ្សេងទៀត ព្រោះសភាពការណ៍កាន់តែលិចទៅៗ កាន់តែផុងជ្រៅទៅ។ ជេរដល់ទៅស្តេច ប្រកាសរំលាយចោលរាជានិយម បង្កើតសាធារណរដ្ឋ។
ថ្ងៃនេះ បញ្ជាក់ឡើងវិញ ដាក់(ឈ្មោះ)អាកាសយាន្តដ្ឋានអន្តរជាតិតេជោ មិនមែនសំដៅឈ្មោះខ្ញុំទេ សំដៅថាប្រទេសនេះ ជាប្រទេសរាជានិយម ព្រោះមានតែរាជានិយមទេ ដែលមានគោរម្យងារ “តេជោ” មានគោរម្យងារ “សម្តេច” មានគោរម្យងារ “អ្នក/លោកឧកញ៉ា”។ ឥឡូវ សម្រាប់អ្នក/លោកឧកញ៉ា មានឯកសណ្ឋានផ្លូវការ កាត់ខ្លួនឯងទៅ កាត់ប៉ុន្មានកំផ្លេក៏កាត់ទៅ ព្រោះអាហ្នឹងវាមានទាំងស័ក្តិ ដើម្បីពេលបុណ្យទានអញ្ចឹង មានអ្នក/លោកឧកញ៉ាចូលរួមអញ្ចឹងទៅ។ ហើយកុំភ្លេចណា អ្នក/លោកឧកញ៉ាហ្នឹងសុទ្ធព្រះរាជប្រទានដោយព្រះមហាក្សត្រ។ អញ្ចឹង សុំកុំឲ្យអ្នកឧកញ៉ានានាទៅធ្វើសកម្មភាពតែផ្តេសតែផ្តាស។
ប្រវត្តិផ្សារភ្ជាប់ រវាងស្អាង និងតេជោ
ខ្ញុំបញ្ជាក់អំពីអត្ថន័យ។ ន័យទូលំទូលាយស្ថិតនៅត្រង់ថា ប្រទេសនេះ គឺជាប្រទេសរាជានិយម។ ន័យចង្អៀតជាងហ្នឹង តំបន់នេះជាតំបន់ “តេជោ” ក្នុងសតវត្សរ៍ទី ១៦ ជំនាន់ ព្រះស្រីសុរិយោពណ៌។ “តេជោមាស” ធ្វើសកម្មភាពចេញពីច្រកហ្នឹង។ បើខ្ញុំមិនច្រឡំទេ ព្រះស្រីសុរិយោពណ៌ យាងមកកាន់ស្រុកស្អាងរបស់យើងនេះដាក់ចេញនូវព្រះរាជបញ្ជាឲ្យ “តេជោមាស” ក្នុងពេលហ្នឹង “តេជោយ៉ត” គ្រាន់តែជាអ្នកបម្រើ “តេជោមាស” ទេ ដល់ពេល “តេជោមាស” ស្លាប់ទៅទើប “តេជោយ៉ត” ឡើងមកជំនួស ហើយក្រោយមកក៏ទៅរៀបការជាមួយនឹង “ជំទាវស្រែន” ដែលជាប្រពន្ធរបស់ “តេជោមាស”។ រឿងហ្នឹងប្រហែលជាក៏មានលេងជារឿងនៅក្នុងល្ខោននិយាយរបស់វិទ្យុជាតិរបស់យើងតាំងពីទសវត្សរ៍ទី ៨០ ដែលអ្នកនិពន្ធរបស់យើង គឺ ទី ជីហួត។ ហ្នឹងជារឿងប្រវត្តិសាស្រ្ត ហើយមានអ្នកបញ្ចូលសម្លេងបញ្ចូលអី ហើយមានអ្នកនៅដល់រាល់ថ្ងៃហ្នឹង។ មិនមែនល្ខោននិយាយទេ ប៉ុន្តែ ជាល្ខោនបាសាក់។ អ្នកចម្រៀងអាយ៉ៃរបស់យើង ប៉ក់ សំអុល គាត់ក៏ដើរតួក្នុងរឿងហ្នឹង ដើរតួដូចជា “ជំទាវស្រែន” ហើយប្រវត្តិស្នេហាចុងក្រោយរវាង “តេជោយ៉ត និងជំទាវស្រែន” មានប្រវត្តិទៀត។ “តេជោយ៉ត” ទៅស្រលាញ់ “ជំទាវស្រែន” ដែលជាម្ចាស់ខ្លួនពីមុននោះ។ “ជំទាវស្រែន” អត់យកទេ “តេជោយ៉ត” ត្រូវយកកាំជណ្តើរទៅឆ្លាក់ធ្វើជាព្រះ ដល់ឆ្លាក់ធ្វើជាព្រះ “ជំទាវស្រែន” ទៅថ្វាយបង្គំ ត្រង់ហ្នឹងដែល “ជំទាវស្រែន” ចាញ់ល្បិច “តេជោយ៉ត”។ ពីដើមជាជណ្តើរដែលលោកជំទាវធ្លាប់ដើរជាន់វា ឥឡូវថ្ងៃហ្នឹងគ្រាន់តែយកមកឆ្លាក់មានរូបព្រះនៅហ្នឹង គឺមកថ្វាយបង្គំ គឺចំកាំជណ្តើរដែលលោកជំទាវធ្លាប់ដើរតែម្តង។ “ជំទាវស្រែន” ត្រូវតែយក “តេជោយ៉ត” ដែលជាអតីតអ្នកបម្រើខ្លួនកាលពីពេលមុន។ បើខ្ញុំនិយាយខុសសុំអធ្យាស្រ័យ។ ខ្ញុំចូលចិត្តអំពីការស្រាវជ្រាវ។ ថ្ងៃណាមួយខ្ញុំនឹងជួបជាមួយបណ្ឌិត រ័ត្ន សណ្តាប់ ដែលជាអ្នកស្រាវជ្រាវអរិយធម៌ខ្មែរ។ ខ្ញុំក៏មានទីប្រឹក្សាខ្ញុំម្នាក់ គឺបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ដែលគាត់ស្រាវជ្រាវរឿងហ្នឹងច្រើនណាស់។ ហើយគាត់សរសេររឿងទាក់ទងប្រវត្តិទំនាក់ទំនង “ស្តេចកន” ក្នុងប្រវត្តិហ្នឹងដកស្រង់ចេញពីមហាបុរសខ្មែរយកមក ហើយដំណើរតាំងពី “ពញាយ៉ាត” (ឆ្នាំ)១៤៧០ ប្លាយមកតគ្នា។
“លុបចោលនូវវណ្ណៈពលព្រះ” ជាបដិវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ ១៥០៦
ខ្ញុំចូលចិត្តអ្នកដែលមកស្រាវជ្រាវទាក់ទងទៅនឹងប្រវត្តិសាស្រ្តខ្មែរយើង។ ខ្ញុំចង់យល់ចង់ដឹង និងចង់សិក្សា បើនិយាយឲ្យពិតមែនទែនទៅ ប្រទេសកម្ពុជា បានធ្វើបដិវត្តន៍ប្រជាធិបតេយ្យមុនប្រទេសនានានៅលើពិភពលោក បើយើងសិក្សា។ សូម្បីតែប្រទេសបារាំងទើបនឹង ២០០ ឆ្នាំ(មុន) ឯយើងចូល ៥០០ ឆ្នាំ(មុន)ហើយ។ បដិវត្តន៍នៅប្រទេសបារាំងធ្វើក្រោយទេ។ Marx-Engels, Lenin សុទ្ធតែអ្នកក្រោយទេ ហេតុអីបានខ្ញុំហ៊ានអះអាងអញ្ចឹង? ហ្លួងព្រះស្តេចកន ចាប់ផ្តើមធ្វើបដិវត្តន៍មុនគេ បដិវត្តន៍នៅកន្លែងណា? សុំមើលមហាបុរសខ្មែរកុំជឿខ្ញុំច្រើនពេក។ សុំទិញមហាបុរសខ្មែរ ដែលសរសេរទុកតាំងពីណាពីណីមក ដែលតាំងពីឯកសារទឹកវិល មើលរបស់ រស់ ចន្រ្តាបុត្រ ឬក៏មើលមហាបុរសខ្មែរតែម្តងទៅ។ នៅត្រង់ថា ពីដើមសតវត្សរ៍ទី ១៦ ដដែល យើងគិតអញ្ចេះ ថាចន្លោះ ១៥០៤ ឬថា ១៥០៦ នៅពេលដែល ព្រះបាទស្រីសុគន្ធបទ យក ហ្លួងព្រះស្តេចកន ទៅសម្លាប់ ដោយសារតែការយល់សប្តិ។ ហ្លួងព្រះស្តេចកន ត្រូវបានសង្រ្គោះដោយបងថ្លៃប្រាប់។ គ្រាន់តែដេកយល់សប្តិក៏យកគេទៅសម្លាប់ តាមវិធីមួយធ្វើជាសំណាញ់ជាប់ក្នុងទឹក ហើយទៅបង់សំណាញ់ពីលើ។ ប៉ុន្តែ ហ្លួងព្រះស្ដេចកន មុជទៅដោះសំណាញ់ រួចហែលចេញទៅបាត់។ បានមានគេហៅថា បឹងដែលទាក់ទងជាមួយនឹងស្រុកខ្សាច់កណ្តាល ហើយមានតាំងពីវត្តព្រៃបាំង មានតាំងពីបឹងទទា …។
ដល់ស្តេចកន ត្រូវតែប្រឆាំង តើស្តេចកនប្រើប្រាស់អី? ការរំដោះវណ្ណៈ។ សម័យនោះ កម្ពុជាយើងមានវណ្ណៈពលព្រះ (វណ្ណៈនេះ)អត់ឡើងធ្វើធំបានទេ ត្រូវបូជាចំពោះព្រះរតនត្រ័យ ៥ ពាន់ឆ្នាំ។ អញ្ចឹង ហ្លួងព្រះស្តេចកន ពេលនោះ ព្រះស្រីសុគន្ធបទ ដែលជាបងថ្លៃ ប្រទានគោរម្យងារមួយឲ្យថា ឧកញ៉ាចងចិត្ត។ ប្រហែលជាសង្ហាណាស់ហើយមើលទៅ ហើយជាអ្នកខ្លាំងពូកែ។ ខ្ញុំមិនដឹងថារឿងហ្នឹងពិតឬមិនពិតទេ អំពីការកើតរបស់ ស្តេចកន គឺកើត(មក)ធ្លាក់ទៅក្នុងទឹក ហើយត្រីពោមួយពាំយកទៅ។ លោកសង្ឃទៅបិណ្ឌបាតឃើញកូននៅក្នុងហ្នឹង មិនដឹងថារឿងហ្នឹងពិតឬមិនពិតទេ។ យើងនិយាយតាមអញ្ចឹង គឺអ្នកខ្លាំងពូកែ។ ប៉ុន្តែ រឿងសំខាន់ គឺកន្លែងនេះ ហេតុអី ស្តេចកន ប្រមូលមនុស្សយកទៅប្រឆាំងស្តេចរហូតទៅដល់យកឈ្នះស្តេចបាន នៅត្រង់ថា ស្តេចកន ប្រកាសថា អ្នកណាគាំទ្រខ្ញុំនៅពេលដែលខ្ញុំឈ្នះ ខ្ញុំនឹងលុបចោលនូវវណ្ណៈពលព្រះ។ វណ្ណៈពលព្រះត្រូវគេចាត់ទុកថា ជាវណ្ណៈទាសករ ដែលមិនអាចឡើងធ្វើអ្នកធំអីបានទេ ត្រូវតែបូជាចំពោះព្រះរតនត្រ័យ ៥ ពាន់ឆ្នាំឯណោះ។ អញ្ចឹង អ្នកណាមិនចង់រួចពីវណ្ណៈពលព្រះ? ពីកូនកសិករដ៏កំសត់ម្នាក់ ប៉ុន្តែ បានក្លាយទៅជាប្អូនថ្លៃរបស់ព្រះស្រីសុគន្ធបទ។ ច្បាំងគ្នាអូសបន្លាយតាំងពីឆ្នាំ ១៥០៦-១៥១២ បានស្តេចកនយកឈ្នះទៅលើ ព្រះស្រីសុគន្ធបទ ទៅស្ទឹងសែន ខេត្តកំពង់ធំ។ បើនិយាយពីដំណើរបដិវត្តន៍ប្រជាធិបតេយ្យប្រជាជន កម្ពុជាបានធ្វើបដិវត្តន៍នេះតាំងពីឆ្នាំ ១៥០៦ គិតទៅ Lenin កើតក្រោយ។ Marx-Engels កើតក្រោយ។ បដិវត្តន៍បារាំងកើតក្រោយទេ។ ខ្ញុំចូលចិត្តអ្នកស្រាវជ្រាវទៅលើរឿងហ្នឹង។ យើងក៏វិលទៅរកការស្រាវជ្រាវឫសគល់របស់យើងផងដែរ។ ហើយបង រស់ ចន្ទ្រាបុត្រ មានអីគាត់វាយមកឲ្យខ្ញុំហើយ។
ខ្ញុំមិនទាន់បានជួបជាមួយនឹងបណ្ឌិត រ័ត្ន សណ្តាប់ ជាអ្នកស្រាវជ្រាវអរិយធម៌ខ្មែរ … ខ្ញុំចូលចិត្តអានប្រវត្តិពីដើម ហើយចូលចិត្តមើលកុនចិន។ ឯកុនរបៀបហូលីវូដអី លោតហក់អីនៅលោកខាងលិចខ្ញុំអត់ចេះទេ។ ប៉ុន្តែ កុនចិនទាក់ទងជាមួយប្រវត្តិ សាមកុក ឬក៏ជំនាន់អ្នកប្រាជ្ញចិនណាមួយ គឺថា ខ្ញុំយកមកមើល។ ឥឡូវវាស្រួលអាទូរទស្សន៍របស់យើងវាភ្ជាប់ YouTube រួចហើយទូរស័ព្ទយើងហៅស្អីមកមើលក៏បានដែរ។ ទូរស័ព្ទយើងមានទាំងអស់ ចុចហៅក្នុងហ្នឹង ចុចហៅ សាមកុក។ អញ្ចឹង ពេលដែលយើងហៅ សាមកុក សាមកុកវាចេញមក ហើយយើងចុចមើលទៅ ចង់មើលភាគទីប៉ុន្មាន? ឧទាហរណ៍៖ ឡៅពី តើកំហុស ឡៅពី ដំបូងជាស្អី ?គុណសម្បត្តិ ឡៅពី ជាស្អី? កំហុស ឡៅពី ដំបូងព្រះរាជសារដំបូងទីប្រកាសវាយ តុងអ៊ូ ក្នុងពេលដែលសត្រូវគ្រោះថ្នាក់របស់ ឡៅពី គឺ ឆាវឆាវ តើ។ ឯ តុងអ៊ូ នេះគេហៅថាជញ្ជីងកណ្តាល។ អញ្ចឹង បានសូម្បីតែ ជូកឺលៀង ក៏ត្រូវតែសុំឲ្យលុបអាហ្នឹងចេញ។ ហ្នឹងយើងមើល ដើម្បីយើងសិក្សាអំពីរបៀបគេហៅថា ចាត់វិធានការខាងយុទ្ធសាស្ត្រយ៉ាងម៉េច? ឥឡូវមានអ្នកខ្លះគេចេញមកថា “វាយខ្មាំងកុំច្រឡំសត្រូវ។ ធ្វើសង្គ្រាមកុំច្រឡំសត្រូវ។ ធ្វើនយោបាយកុំច្រឡំគូបដិបក្ខ។” គេចេញមកអញ្ចឹង ខ្ញុំថា អ្នកដែលច្រឡំសត្រូវ និងគូបដិបក្ខ គឺវាហ្នឹងហើយ គឺអ្នកសរសេរហ្នឹងតែម្តង។ គេចង់ផ្ញើសារមកអ្នកក្នុងស្រុកមួយចំនួន … ខ្ញុំថា អ្នកសរសេរហ្នឹងច្រឡំសមរភូមិ ច្រឡំសត្រូវ ច្រឡំគូបដិបក្ខ … ម៉េចក៏វាហ៊ានប្រដៅអ្នកផ្សេងទៀត?
ព្រលានយន្តហោះថ្មី ទ្រទ្រង់ការរីកចម្រើនទៅអនាគត
អម្បាញ់មិញខ្ញុំបញ្ជាក់ហើយ ព្រលានយន្តហោះនៅទីក្រុងភ្នំពេញ មិនអាចទ្រទ្រង់ការរីកចម្រើនទៅអនាគតបានទេ យើងអាចទប់ត្រឹមតែការហោះហើរផ្ទៃក្នុង ការដឹកទំនិញមួយផ្នែកមួយភាគ និងកងទ័ពជើងអាកាស ដែលនៅទីនោះ។ នៅសៀមរាបក៏ដូចគ្នា។ យើងត្រូវការទទួលយន្តហោះធុនធំ ដើម្បីចុះនៅសៀមរាប។ សៀមរាបចុះបានតែ Airbus ចាប់ពីអា ៣១៩, ៣២០, ៣២១ បើ Boeing វិញបានតែ ៧៣៧ ទេ។ ធំជាងហ្នឹង គឺចុះអត់បានទេ ព្រោះវាទាក់ជាមួយនឹងសុវត្ថិភាពអង្គរវត្ត … ខ្លាចវារង្គើ ខ្លាចវាគ្រោះថ្នាក់ដល់ហ្នឹង។ អញ្ចឹង បានជាត្រូវកសាងមួយទៀតនៅឯទីនេះ។ សម្រាប់នៅឯខេត្តព្រះសីហនុ វាជាការល្អហើយ ពីមុនយើងចុះចតបានតែអាធុនតូចទេ។ អាធុនធំចុះអត់ទាន់បានទេ ដោយសារ piste របស់វាខ្លីពេក។ ឥឡូវ piste វាបានកសាងរួចហើយ។ អញ្ចឹង ថ្ងៃក្រោយទៅការហោះហើរពីចម្ងាយមកអាចចុះចតនៅនឹងភ្នំពេញ/ខេត្តសៀមរាប/ខេត្តព្រះសីហនុ ដោយយន្តហោះធុនធំ។ ខ្នាតណាក៏ដោយ ខ្នាតយក្ស គឺចុះបានទាំងអស់។ យើងត្រូវដើរទៅមើលស្អីបន្តិចទៀត តែថ្ងៃនេះសំណេះសំណាលជាមួយគ្នាអញ្ចឹង ហើយថ្ងៃស្អែកមានការងារបន្ត ខានស្អែកត្រូវទៅកាត់សក់ឱ្យចៅបន្តិច។
បើកសេដ្ឋកិច្ចឡើងវិញ៖ មានតម្រូវការផ្ទៃក្នុង កើនការនាំចូល កើនពន្ធ
មិនមែនចៅរបស់នេះទេ ជាចៅរបស់បង។ ឥឡូវ ខ្ញុំមិនមែនឪបណ្ឌិតទេឥឡូវ ខ្ញុំជាជីតាបណ្ឌិត ហើយខ្ញុំមានចៅទូតហើយឥឡូវនេះ។ ម៉េចបានខ្ញុំនិយាយថា ខ្ញុំជាឪបណ្ឌិត? ដោយសាររកូនខ្ញុំវាបណ្ឌិត ក្នុងចំណោមកូន ១០ នាក់ គឺមានបណ្ឌិត ២ នាក់។ ប្តីប្រពន្ធគេហ្នឹង។ ប្តីក៏បណ្ឌិត ប្រពន្ធក៏បណ្ឌិត។ ឥឡូវនេះ ខ្ញុំមានចៅមួយជាប់បណ្ឌិតច្បាប់នៅប្រទេសអង់គ្លេស។ កូនរបស់ នេត សាវឿន អាហ្នឹងមិនចៅខ្ញុំដែរ? ឥឡូវ ខ្ញុំមានចៅទូតទៀត ដោយសារប្អូនពៅរបស់ខ្ញុំវាមានចៅបាត់ទៅហើយ អញ្ចឹង វាមិនចៅទូតខ្ញុំដែរ? អញ្ចឹង ត្រូវទៅការថ្ងៃសៅរ៍នេះ (ជា)ចៅរបស់ (ហ៊ុន) សាន។ អញ្ចឹង ឆ្នាំក្រោយវាមានកូនទៀតហើយ អញ្ចឹង ឡើងចៅទួត។ ខ្ញុំចង់ឲ្យចៅស្រីរបស់ខ្ញុំ ចៅច្បងឱ្យយកបណ្ឌិតដែរ។ ហ្នឹងគេហៅថាធនធានមនុស្សដែលត្រូវបន្ត។ ឥឡូវ មានចៅ ២ នាក់ហើយ ចូលមហាវិទ្យាល័យ ហើយចៅមួយត្រូវចប់បរិញ្ញាបត្រនៅពេលខាងមុននេះ។ ត្រូវតែឈានឆ្ពោះទៅរកយកបរិញ្ញាជាន់ខ្ពស់ ហោចណាស់ត្រូវក្លាយជាបេក្ខភាពបណ្ឌិតសិន ទើបអនុញ្ញាតឱ្យរៀបការ។ យើងនិយាយអញ្ចឹង ប៉ុន្តែ សេរីភាពរបស់គេសម័យឥឡូវពិបាកដែរ។
យ៉ាងណាទៅហើយនាងៗខារ៉ាអូខេ? មិនដឹងតាខ្មៅបើកឬនៅ? ប៉ុន្តែ ភ្នំពេញបើកហើយ កាលហ្នឹងរាយការឲ្យខ្ញុំដូចជាខារ៉ាអូខេជាង ៨០ (កន្លែង) បើកបានជាង ៧០ (កន្លែង) ខ្វះ ២ (កន្លែង)។ ឌីស្តូតែកបើកអស់ហើយ សល់តែ ១ (កន្លែង)ទេ។ អញ្ចឹង បើកជិតពេញអស់ហើយ។ សូមផ្តាំទៅបុរសៗទាំងឡាយ កាលពេលកូវីដ-១៩ ប្រពន្ធៗ គឺគ្នាអរណាស់ ដោយសារតែយើងបិទខារ៉ាអូខេ។ ដើម្បីកុំឱ្យប្រពន្ធៗជេរមកដល់ខ្ញុំ សូមឱ្យបុរសៗដែលទៅខារ៉ាអូខេហ្នឹង ហៅប្រពន្ធទៅផង។ ហើយសូមក្មួយៗ ចៅៗ ដែលមានប្តីទៅខារ៉ាអូខេ បើខឹងប្តីកុំមកជេរនាយករដ្ឋមន្ត្រីឲ្យបើកខារ៉ាអូខេ។ ហ្នឹងជាធម្មជាតិវាទៅជាអញ្ចឹង។ យើងឃើញដល់តម្រូវការផ្ទៃក្នុងគ្រឹបអញ្ចឹងពន្ធខាងក្នុងក៏វាកើន ការនាំចូលក៏វាកើន ព្រោះវាតម្រូវការ ហើយកាលពីមុនវាអត់ត្រូវការ អញ្ចឹង អាការនាំចូលក៏វាខ្វះ នេះហើយជាការបើកសេដ្ឋកិច្ចឡើងវិញ។ តែប៉ុន្មានថ្ងៃទៀតប្រឡងបាក់ឌុប្លិ៍ហើយ។
សង់មន្ទីរពេទ្យព្យាបាលកូវីដ-១៩ រំដោះស្តាតអូឡាំពិក សំរាប់ការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣
ប្រកាសថ្ងៃនេះ ឆ្លងដូចជាត្រឹមតែ ១២ នាក់ទេ។ អ្នកជំងឺរបស់យើង គឺនៅសល់តិចតួចទេ។ យ៉ាងណាក៏ដោយ (ឃួង) ស្រេង ត្រូវតែខិតខំធ្វើមន្ទីរពេទ្យឲ្យបាន ដើម្បីយើងយកអ្នកជំងឺទៅដាក់នៅមន្ទីរពេទ្យថ្មី រួចប្រគល់ស្តាតអូឡាំពិកសម្រាប់វិស័យកីឡាដែលត្រូវធ្វើការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣។ ត្រូវដំណើរការជាមួយក្រសួងសុខាភិបាល។ អាគារសង្គ្រោះបន្ទាន់មួយត្រូវដាក់ប៉ុន្មានរយគ្រែ។ ពង្រឹងសមត្ថភាពទៅលើការព្យាបាល ហើយអ្នកដែលប្រើអុកស៊ីសែនអី ក៏ត្រូវមានផ្នែករបស់វាប៉ុន្មានអញ្ចឹងទៅ។ ដីហ្នឹង ៦ ហិកតា ដូច្នេះ យើងអាចធ្វើអាគារបានច្រើន។
សូមបន្តការខិតខំទាំងអស់គ្នា “៣ ការពារ ៣ កុំ” កុំចោលឲ្យសោះ។ កូវីដ-១៩ វាមិនអាចសម្លាប់យើងបានទេ បើយើងប្រុងប្រយ័ត្ន។ សូម្បីតែអា Omicron មកដល់ម៉ោងនេះ អត់ទាន់សម្លាប់នរណាម្នាក់ទេ។ ប៉ុន្តែ ការភ័យស្លន់ស្លោ … នៃប្រទេសមួយចំនួន ហាក់ដូចជាជ្រុលហួស។ យើងព្រួយ(ពីប្រភេទ) Delta … Delta មានដល់ទៅ ១៩ ៥៦៧ (ករណី) ដល់ Alpha មានតែ ៦ ៨៥០ Beta មានតែ ១ ទេ Omicron គឺអត់ទាន់មានទេ។ ប៉ុន្តែ យើងមើលចំនួនអ្នកស្លាប់។ ស្លាប់ដោយសារ Alpha/Delta វាដូចតែគ្នា វាគ្រាន់តែអា Delta វាមានសមត្ថភាពចម្លងលឿនជាងតែប៉ុណ្ណឹង។ បើនៅប្រទេសថៃ គេថា គេបង្កើតជំងឺហ្នឹងមក ដើម្បីនឹងលក់វ៉ាក់សាំងឲ្យវាដាច់។ តែនេះជាភាសាដែលគេនិយាយទេ យើងមិនទៅចោទអីគេទេ។ ក៏ប៉ុន្តែ សម្រាប់យើង វិធានការ “៣ ការពារ ៣ កុំ” នៅតែបន្ត ថែមទាំងអាដូសវ៉ាក់សាំងជម្រុញ ត្រូវតែធ្វើទៅតាមកាលកំណត់របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩។ ឥឡូវនេះ យើងដាក់ដូសទី ៣ បានជាង ២ លាននាក់ ហើយយើងនឹងបន្តអាចាក់ដូសទី ៣ នេះ។ ជាមួយនឹងការខិតខំ ដើម្បីកសាងមូលដ្ឋានផលិតវ៉ាក់សាំងក្នុងប្រទេសរបស់យើង។
រក្សាតុល្យភាពសុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
… កូវីដ-១៩ អាចសម្លាប់មនុស្សរាប់រយ/ពាន់។ យើងកំពុងរាប់ពាន់។ បើសិនជាវិលត្រឡប់ វាអាចដល់រាប់ម៉ឺន ។ ប៉ុន្តែ វាមិនអាចសម្លាប់អស់មនុស្សលើលោកទេ។ មកដល់ពេលនេះ ការស្លាប់នៅលើពិភពលោកដូចជាជាង ៥ លាននាក់។ សម្រាប់យើងដូចជាចូលបីពាន់នាក់ហើយ។ វាជាការគួរឲ្យសោកស្តាយ ដែលយើងមានអ្នកស្លាប់ ។ សម្រាប់យើង អ្នកស្លាប់មានចំនួន ២ ៩៧១ នាក់។ ហ្នឹងការសម្លាប់ដោយកូវីដ-១៩។ ក៏ប៉ុន្តែ វានឹងគ្រោះថ្នាក់ជាង(នេះ)ទៀត បើសិនជាសេដ្ឋកិច្ចរបស់យើងវាផ្ទុះឡើង។ មនុស្សទាំង ១៦ លាននាក់ នឹងរងផលប៉ះពាល់ទាំងអស់។ ដូច្នេះ ត្រូវស្វែងរកឲ្យឃើញនូវតុល្យភាពម្ខាងសុខភាពសាធារណៈ និងម្ខាងការអភិវឌ្ឍវិស័យ សេដ្ឋកិច្ច-សង្គម។ យើងប្រឹងចាក់វ៉ាក់សាំង (កន្លែងខ្លះ)ស្រោច ដើម្បីអី? ដើម្បីការស្តារឡើងវិញនូវសេដ្ឋកិច្ច-សង្គម ដែលយើងបានបាត់បង់ ហើយកុំឲ្យធ្លាក់ទៅក្នុងស្ថានភាព នៃការវាយប្រហារពីសេដ្ឋកិច្ច ដែលវានាំទៅដល់ផលប៉ះពាល់ … អញ្ចឹងទេ បានជាត្រូវរក្សាស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណាឲ្យជាប់។ ទោះបីថាកំណើនយើងយឺត (បើ)ប្រៀបធៀបទៅនឹង(ពេល)មុន ប៉ុន្តែយើងត្រូវខិតខំធ្វើឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ។ ការងារធ្វើរបស់កម្មករ/ការិនីនៅថ្ងៃនេះ(ចំនួន) ៣ ៧៤១។ ប្រាក់ចំណូលរបស់ប្រជាជនក្នុងវិស័យ កសិកម្ម/ឧស្សាហកម្ម/សេវាត្រូវបានវិលត្រឡប់។ ពីដើមខ្ញុំនិយាយថា គ្រាប់បែកអាចបំផ្លាញបានផ្ទះមួយ/ភូមិ មួយ (អា)ហ្នឹងគ្រាប់បែក … ប៉ុន្តែ បើគ្រាប់បែកសេដ្ឋកិច្ចផ្ទុះ គឺវាបំផ្លាញប្រទេសទាំងមូល… អញ្ចឹងទេ បានជាយើងម្ខាង គឺសុខភាពសាធារណៈ និងម្ខាងទៀតស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញ នៃប្រាក់រៀលរបស់យើង។
ថ្ងៃនេះ ខ្ញុំបាននាំមក សម្រាប់កម្មករ/ការីរបស់យើងចំនួន ៣ ៧៤០ នាក់ ក្នុងម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ក្រុមគ្រូ ពេទ្យប្រចាំការក្នុងអង្គពិធី(ជូន) ថវិកា ៣ លានរៀល។ អរគុណ! សម្តេច ឯកឧត្តម លោកជំទាវ បានចូលរួម (និង)អរគុណក្មួយៗបានស្តាប់ ហើយជូនពរមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕