ខេត្តព្រះសីហនុ ជាខេត្តពហុបំណង និងជាខេត្តនាំមុខនៃការកំណើនសេដ្ឋកិច្ចកម្ពុជា
សម្ដេច ឯកឧត្តម លោកជំទវ អស់លោក លោកស្រី
បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវ ៣៧ ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែង។ អ្វីដែលឯកឧត្តម ជា សុផារ៉ា បានលើកឡើងអម្បាញ់មិញ បានបង្ហាញគ្រប់គ្រាន់សម្រាប់ការយល់អំពីការសាងសមិទ្ធផល ដែលយើងបានសាងសង់នៅទីនេះ មិនមែនគ្រាន់តែសម្រាប់ប្រជាជននៅទីនេះទេ។ ឥឡូវស្ថានីយវិទ្យុ ទូរទស្សន៍ ព្រមទាំងអនឡាញបានបញ្ជូនរូបភាពទៅកាន់ទូទាំងប្រទេស និងទៅកាន់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសផងដែរ។
យើងពិតជាមានមោទនភាព ដែលយើងបានសម្រេចកសាងនូវសមិទ្ធផលដ៏ធំនេះឡើង ហើយជាលើកដំបូងដែលយើងប្រើការវិនិយោគផ្ទាល់ រហូតដល់ជាង ៣០០ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងទីក្រុងមួយនេះ។ ការងារនេះ វាចាំបាច់ណាស់ដែលយើងត្រូវធ្វើ។ យើងបានមើលឃើញអគារខ្ពស់ៗ ក៏ប៉ុន្តែមើលមកខាងក្រោមវិញ ទ្រុឌទ្រោមទាំងអស់។ ដូច្នេះ ប្រសិនបើយើងមិនយកការសម្រេចចិត្ត ដើម្បីដាក់ទុនមួយ ហើយធានាឱ្យបានរយៈពេល ២០ ឆ្នាំ ទៅ ៣០ ឆ្នាំក្រោយ គឺយើងធ្វើមិនជាប់ទេ។ ពាក្យដែលថា ធ្វើមិនជាប់ គឺបានសេចក្ដីថា ពេលណាក៏ត្រូវតែធ្វើដែរ។ ធ្វើអាមុខខូចអាក្រោយ ធ្វើអាក្រោយខូចអាមុខ។ ធ្វើវាមិនជាប់។ វាមិនត្រូវជាមួយនឹងតម្រូវការដែលយើងត្រូវប្រើ។ ដូច្នេះហើយ បានជាយើងមានតម្រូវការដាក់ទុនធំ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តដែលយើងចង់កសាងទៅជាខេត្តពហុបំណង ដែលវានឹងទៅជាខេត្តដែលនាំមុខទៅដោយការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។
រួមគ្នាកសាងបន្ថែមខេត្តដែលផ្សារភ្ជាប់ជាមួយព្រះនាម ព្រះបិតាជាតិ
ខេត្តនេះ ក៏បានផ្សារភ្ជាប់ជាមួយនឹងព្រះនាម ព្រះបិតាជាតិ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ពិតមែនតែព្រះអង្គបានយាងសោយទិវង្គតទៅក៏ដោយចុះ ក៏ប៉ុន្តែព្រះនាមរបស់ព្រះអង្គនៅផ្សារភ្ជាប់ជាមួយនឹងទឹកដីដែលព្រះអង្គបានខិតខំកសាង (និងអ្វីៗ)នៅខេត្តនេះ រួមទាំងកំពង់ផែទឹកជ្រៅផងដែរ។ យើងទាំងអស់គ្នាកាលពីសម័យនោះ ក៏បានទទួលផលអំពីការអភិវឌ្ឍនាពេលនោះ។ ឥឡូវនេះ យើងបានរួមគ្នាដើម្បីកសាងទីក្រុងមួយនេះ។ ខ្ញុំនៅតែស្រណោះ ក្រោយពេលរបប ប៉ុល ពត ដួលរលំទៅ ខេត្តព្រះសីហនុរបស់យើងពិតជាកំសត់។ ពេលនោះ ទោះបីខ្ញុំគឺជារដ្ឋមន្រ្តីការបរទេស ក៏ប៉ុន្តែត្រូវបានចាត់តាំងឱ្យធ្វើជាប្រធានគណៈកម្មការដឹកជញ្ជូន រំដោះទំនិញចេញពីកំពង់ផែខេត្តព្រះសីហនុ។ ពេលនោះហៅថា ខេត្តកំពង់សោម។ ពេលនោះ ពិតជាលំបាក។ យើងមានម៉ាស៊ីន Kohler (ប្រើសំរាប់បង្កើតជាចរន្តអគ្គិសនី) រួចរត់ទៅវាអស់ប្រេង។ វារលត់។ អត់ទឹកប្រើប្រាស់ទេ។ ស្ថានភាពវាមិនដូចថ្ងៃនេះទេ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ ផ្លូវ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់
ថ្ងៃនេះ ខេត្តព្រះសីហនុបានប្រែប្រួលមុខមាត់យ៉ាងធំ។ អគារកម្ពស់រាប់សិបជាន់បានកើតយ៉ាងច្រើននៅក្នុងទីក្រុងមួយនេះ។ វាសក្ដិសមជាមួយនឹងការដែលយើងត្រូវធ្វើហេដ្ឋារចនាសម្ព័ន្ធឱ្យបានរឹងមាំ។ ហេដ្ឋារចនាសម្ព័ន្ធនេះទៀតសោត វាមិនត្រឹមតែតម្រូវការតែលើផ្លូវតែប៉ុណ្ណោះទេ យើងបានរៀបចំប្រព័ន្ធដូចដែលឯកឧត្តម ជា សុផារ៉ា បានលើកឡើង … មានលូ ដើម្បីបញ្ចេញទឹក បង្ហូរទឹកទៅតាមផ្លូវថ្នល់នានាទាំងអស់ ហើយវាបានតភ្ជាប់ចូលទៅតំបន់ គេហៅថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ មុននឹងចាក់ចូលទៅក្នុងសមុទ្រ។
ម្សិលមិញនេះ ខ្ញុំក៏បានទៅ(ភាគខាង)លើ ហើយធ្វើឱ្យយើងបានឃើញថា ពីទឹកអាក្រក់ កខ្វក់ចេញពីផ្ទះប្រជាពលរដ្ឋ (នៅ)ដំណាក់កាលចុងក្រោយមុនពេលដែលយើងចាក់ចូលទៅក្នុងសមុទ្រ ទឹកនោះអាចចិញ្ចឹមត្រីបាន។ ម្សិលមិញ ខ្ញុំក៏បាននិយាយទៅកាន់ប្រជាពលរដ្ឋ “បើសិនជាត្រូវការទឹកសាប ដើម្បីស្រោចដំណាំ ឬក៏ត្រូវការចិញ្ចឹមត្រី អាចទៅយកទឹកនោះ យកមកប្រើប្រាស់បាន”។ (គុណភាព)ទឹកនេះ ត្រីមិនងាប់ទេ។ ចិញ្ចឹមត្រីបាន។ នៅទីនេះ មានម្ខាងគឺសមុទ្រទឹកប្រៃ មិនអាចនឹងស្រោចដំណាំបានទេ។ ឯម្ខាងទៀតគឺការផ្គត់ផ្គង់ទឹកស្អាត បើយកទឹកស្អាតទៅស្រោចដំណាំ គឺវានឹងខាតបង់ប្រាក់ដែលយើងទុកប្រើសម្រាប់បម្រើឱ្យសេចក្ដីត្រូវការនៃជីវភាព។ ដូច្នេះ ប្រជាពលរដ្ឋរបស់យើងអាចមានលទ្ធភាព ដើម្បីនឹងទៅយកទឹកនោះ យកមកប្រើប្រាស់ ដើម្បីស្រោចដំណាំដាំដុះរបស់យើង ប្រសិនបើមានតម្រូវការ ហើយមិនយកប្រាក់ថ្លៃទឹកនោះទេ។
សង្ឃឹមថា ការបើកប្រទេសឡើងវិញ នាំឲ្យចំណូលជាតិកើនឡើង
… នេះជាការវិនិយោគខ្នាតធំមួយ ហើយយើងក៏មានគម្រោងវិនិយោគទៅកន្លែងដទៃទៀត។ ឥឡូវកំពុងតែដាក់ទុនវិនិយោគនៅក្នុងខេត្តសៀមរាប។ ដូចដែលខ្ញុំបាននិយាយកាលពីពេលមុន គម្រោងវិនិយោគរបស់យើង ត្រូវបានអាក់ខានដោយការរំខានរបស់កូវីដ-១៩។ មកដល់ពេលនេះ យើងបានចំណាយប្រាក់សន្សំរបស់យើងប្រមាណ ២៥០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីយកទៅសង្គ្រោះប្រជាពលរដ្ឋនៅក្នុងដំណាក់កាល កូវីដ-១៩។ ប្រសិនបើមិនមានកូវីដ-១៩ ទេ … មកដល់ពេលនេះ ខ្ញុំប៉ាន់ស្មានថា ប្រាក់សន្សំរបស់យើងមិនតិចជាង ៥០០០ លានដុល្លារសហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែកូវីដ-១៩ បានកាត់បន្ថយ មិនត្រឹមតែមិនធ្វើឱ្យប្រាក់សន្សំរបស់យើងកើនឡើងទេ តែធ្វើឱ្យប្រាក់សន្សំរបស់យើងមានេការធ្លាក់ចុះទៅវិញ។ យើងសង្ឃឹមថា បន្ទាប់ពីការបើកប្រទេសឡើងវិញនេះ ចំណូលជាតិមានការកើនឡើងយ៉ាងច្បាស់ ទាំងនៅក្នុងទីក្រុង កំពង់ផែ ផ្នែកគយ ព្រោះតម្រូវការក្នុងស្រុកមានច្រើន តម្រូវការនាំចូលក៏កើនឡើង។ ពេលមុននេះ យើងមានវិធានការដើម្បីទប់ស្កាត់កូវីដ-១៩។
ឥឡូវ បន្ទាប់ពីយើងបានខិតខំប្រើប្រាស់វ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើង ក្នុងអត្រាជាង ៨៨ ភាគរយ យើងមានឱកាសបើកឡើងវិញទាំងអស់។ នៅកំពង់សោមមិនទាន់បានបើកទេនូវខារ៉ាអូខេ ឌីស្កូតែក រង្គសាល ប៉ុន្តែនៅភ្នំពេញឮថាបានបើកហើយ រហូតដល់ជាង ៧០ ខារ៉ាអូខេឯណោះ។ ហ្នឹងតាមរបាយការណ៍។ នៅសល់តែប៉ុន្មានទេពីម្សិល។ យប់មិញប្រហែលជាបើកទាំងអស់ហើយ។ ចាំរបាយការណ៍របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ រាយការណ៍មកថា បើកបានប៉ុន្មាន។ នៅខេត្តសៀមរាបនោះ ទៅទូសេឆេះអស់មួយទៅ ទាក់ទិនជាមួយនឹងការបើកខារ៉ាអូខេ។ ខារ៉ាអូខេ និងរង្គសាល ខុសគ្នាម៉េច? ខុសគ្នា។
អភ័ព្វមិនដែលបានស្គាល់អ្វីទៅដែលហៅថា ខារ៉ាអូខេ វាយ៉ាងម៉េច? តើមាននរណាស្ម័គ្រចិត្តនាំទៅ? ធ្វើអ្នកធំពិបាកណាស់។ អត់ទៅបានទេ។ ចូលខារ៉ាអូខេក៏មិនបាន ទៅណាមិនស្រួលក៏វាមិនបាន។ អញ្ចឹងសម្ងំក្នុងផ្ទះហ្នឹងទៅ មើលទូរទស្សន៍ មើលកាសែត មើលឯកសារ មើលនេះមើលនោះអញ្ចឹងទៅ។ ប៉ុន្តែគេចេះតែចង់ធ្វើនាយករដ្ឋមន្រ្តី។ មិនដឹងថា នាយករដ្ឋមន្រ្តីពិបាក។ ប៉ុន្តែគេនៅតែចង់។ សូម្បីតែនាយករដ្ឋមន្រ្តីត្រឹមតែហ្វេសប៊ុក ក៏ប្រឹងធ្វើដែរ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធក្រុងព្រះសីហនុ ជាស្នាដៃកូនខ្មែរទាំងស្រុង
ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះឯកឧត្តម ជា សុផារ៉ា និងសហការីរបស់ខ្លួន ដែលបានខិតខំប្រឹងប្រែងនៅក្នុងដំណាក់កាលនៃការកសាងនៅទីនេះ។ ការកសាងនៅទីនេះ ទាមទារឱ្យមានការត្រួតពិនិត្យមើលហ្មត់ចត់ ព្រោះនេះគឺជាស្នាដៃកូនខ្មែរទាំងស្រុង ដោយគ្មានលាយឡំជាមួយនឹងជំនួយបច្ចេកទេស ឬជំនួយថវិកាពីបរទេសណាទេ។ យើងធ្វើខ្លួនឯងទាំងអស់ ដូចជាវិមានសន្ដិភាព អគាររដ្ឋសភា និងអគារដទៃៗទៀត នៃបណ្ដាស្ថាប័ន។ យើងអត់ប្រើអ្នកបច្ចេកទេសពីបរទេសទេ។ សូម្បីតែវិមានសន្ដិភាព មានមនុស្សច្រើនណាស់ ដែលសួរខ្ញុំថា តើប្រទេសណាជួយគូសប្លង់ ជួយធ្វើ? ខ្ញុំបានប្រាប់គេត្រឡប់ទៅវិញថា ដូនតាខ្ញុំធ្វើអង្គរវត្តបាន រឿងអីខ្ញុំធ្វើប៉ុណ្ណឹងមិនបាន។ នេះជាមោទនភាពជាតិខ្មែរ។ ការវិនិយោគនៅទីនេះ ធ្វើនៅទីនេះ គឺបាតដៃកូនខ្មែរទាំងអស់។
មានចំណែកតូចមួយ គឺក្រុមហ៊ុន វ៉ាង ស៊ី ជួយចេញលុយតភ្ជាប់ពីព្រលានយន្តហោះមកតែប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចេកទេស អត់មានក្រុមហ៊ុន វ៉ាង ស៊ី ចូលរួមទេ យើងធ្វើទាំងអស់។ សូមអរគុណចំពោះថ្នាក់ដឹកនាំ ដែលដឹកនាំការដ្ឋាននេះ។ ថ្លែងនូវការកោតសរសើរចំពោះគណៈអភិបាលខេត្ត មន្រ្តីរាជការ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ដែលបានផ្ដល់នូវកិច្ចសហការដ៏ល្អ សម្រាប់ជោគជ័យនៃគម្រោង។ ជោគជ័យនោះ អ្នកដែលទទួលផលពិតប្រាកដ គឺប្រជាជននៅក្នុងទីក្រុងព្រះសីហនុនេះតែម្ដង ព្រោះគ្មាននរណាលើសពីហ្នឹងទេ អ្នកទទួលផលមុនគេ គឺអ្នកធ្លាប់ដើរប៉ប៉ិចប៉បាច់ៗ ឥឡូវវាលែងប៉ប៉ិចប៉បាច់។ ពីមុនធ្លាប់តែធុំក្លិនទឹកស្អុយ (ក្លិនស្អុយ)ជះមករកយើងវិញ។
ពីម្សិលខ្ញុំទៅ។ ទោះបីថា ទឹកហ្នឹងមិនទាន់ចម្រាញ់ ក៏ប៉ុន្តែវាមិនបានធុំក្លិនស្អុយទេ។ អញ្ចឹងបានជាយើងត្រូវធ្វើមួយកន្លែងទៀត … ដើម្បីរំដោះទឹកស្អុយចេញ មុននឹងទំលាក់ចូលទៅក្នុងសមុទ្រ។ យើងត្រូវចម្រាញ់វាឱ្យទៅជាទឹក រហូតដល់ យើងមិនទាន់ហ៊ាននិយាយថា ទឹកអាចផឹកបានទេ ប៉ុន្តែយើងអាចប្រើប្រាស់សម្រាប់ការចិញ្ចឹមត្រី យើងអាចប្រើប្រាស់ដោយវាគ្មានមេរោគទេ (មុន)បញ្ចូលទៅក្នុងសមុទ្រ។ អញ្ចឹងសមុទ្ររបស់យើងក៏ត្រូវបានធានា ការពារបរិស្ថាន និងធនធាននៅក្នុងសមុទ្រយើង។
“ខ្មែរធ្វើបាន” ជាដំណើរទូទាំងដំណើរជាតិ តាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ និងបន្តនៅពេលអនាគត
ខ្ញុំពិតជាមានមោទនភាព ជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងព្រះសីហនុនេះតែម្ដង ដែលបានផ្ដល់នូវកិច្ចសហការពេញលេញសម្រាប់គម្រោងដ៏ធំមួយនេះ។ អាចថា ជាគម្រោងប្រកបដោយមហិច្ឆតា។ ប៉ុន្តែមហិច្ឆតានេះ វាត្រូវជាមួយនឹងអ្វីដែលជាតម្រូវការចាំបាច់របស់ប្រជាជនយើង។ ខ្ញុំក៏សូមអរគុណចំពោះអង្គភាព និងក្រុមហ៊ុនទាំង ៩ ដែលបានសាងសង់ផ្លូវនេះឡើង។ ថ្លែងនូវការកោតសរសើរចំពោះកម្មករ កម្មការិនីដែលបានចូលរួមកសាងនូវផ្លូវនេះ។ វាជាមោទនភាពសម្រាប់ជាតិសាសន៍របស់យើង។ ដែលខ្ញុំនិយាយថា ខ្មែរធ្វើបាន។
ម្សិលមិញ ខ្ញុំបានបញ្ជាក់អត្ថន័យយ៉ាងច្បាស់ពាក្យ “ខ្មែរធ្វើបាន” មិនសំដៅទៅលើការអភិវឌ្ឍនៅក្នុងក្រុងព្រះសីហនុនោះទេ ខ្មែរធ្វើបានតាំងពីរាប់ពាន់ឆ្នាំរួចមកហើយ។ ខ្មែរធ្វើបានប្រាង្គប្រាសាទនានានៅទូទាំងប្រទេស ហើយលេចធ្លោជាងគេ គឺប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ប្រាសាទកោះកេរ្ដិ៍។ នៅកន្លែងណាក៏មានប្រាសាទ។ ខ្មែរធ្វើបាន។ ដំណាក់កាលមុនសង្គ្រាមឆ្នាំ ១៩៧០ ខ្មែរធ្វើបាន ដំណាក់កាលក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបិតាជាតិ ដូចជាស្ដាត ដូចជា ស្ពានពេលនោះមិនទាន់មានច្រើនទេ។ ប៉ុន្តែពេលនោះ បានត្រឹមតែប៉ុណ្ណឹង គឺវាអស្ចារ្យណាស់ទៅហើយ។ ជាមោទនភាពកាលពីជំនាន់នោះ។ យើងនៅក្មេងៗក៏ជាមោទនភាព ដែលយើងមានស្ដាត ដែលប្រើប្រាស់រហូតដល់សព្វថ្ងៃនេះ។ យើងមានស្ពានឆ្លងកាត់ទន្លេសាប យើងមានស្ពានឆ្លងកាត់ទន្លេបាសាក់។ អញ្ចឹងពាក្យថា “ខ្មែរធ្វើបាន” ចង់សំដៅទៅលើទូទាំងដំណើរជាតិរបស់យើង ពីការចាប់ផ្ដើមរហូតមកដល់ពេលនេះ។ ហើយខ្ញុំសង្ឃឹមថា ខ្មែរធ្វើបាន នឹងបន្តនៅពេលអនាគត តាមរយៈស្នាដៃរបស់យើង។
ជំនួយបរទេសខ្លះ ឲ្យ ១០០ យកទៅវិញ ៨០ តាមរយៈជំនួយបច្ចេកទេស”
ពាក្យដែលថាជំនួយបច្ចេកទេសនឹងត្រូវកាត់បន្ថយយ៉ាងច្រើន។ រឿងនេះ យើងពិបាកនឹងនិយាយ។ ប៉ុន្តែបើមិននិយាយសោះ ក៏វាមិនកើត។ គម្រោងខ្លះ ប្រើប្រាស់ការសិក្សាអស់ ២ ឆ្នាំ មិនទាន់ចេញជាស្អីផង។ ឯគម្រោងរបស់យើងនេះ វាធ្វើរួចមុន ២ ឆ្នាំ។ គម្រោងដ៏ធំ មហិច្ឆតាដ៏ធំនេះ ធ្វើរួចមុន ២ ឆ្នាំ។ គិតពីខែវិច្ឆិកា ឆ្នាំ ២០១៩ មកដល់ខែមេសា ឆ្នាំ ២០២១។ អញ្ចឹង(បើជំនួយបរទេស) យើងប្រើលុយហ្នឹង បញ្ជូនទៅអ្នកបច្ចេកទេស ដែលគេឱ្យឥណទានមក គេត្រូវយកកុងស៊ុលតង់ពីបរទេសមក។ អញ្ចឹងលុយដែលគេឱ្យមក គេយកទៅវិញមួយចំនួនធំ។ យើងវិនិយោគខ្លួនឯង។ ការសិក្សាអត់មានត្រូវការទាក់ទិនជាមួយនឹងលុយរញ៉េរញ៉ៃ។ បើថាលុយស្ថាប័ននេះ យើងធ្វើការនៅទីនេះ ប៉ុន្តែការអនុម័តនោះ គឺនៅឯទីបញ្ជាការរបស់គេឯណោះ។
រួចហើយគេប្រើ ពាក្យជំនួយបច្ចេកទេស technical assistance។ ហ្នឹងគឺដល់កហើយ ដែលខ្ញុំទៅស្រែកនៅក្នុងអង្គការសហប្រជាជាតិ ជំនួយមក ១០០ យកទៅវិញអស់ ៨០ តាមរយៈបញ្ជូនអ្នកបច្ចេកទេសមក។ ពេលខ្លះ ផ្ដល់ដើម្បីដោះស្រាយការងារធ្វើឱ្យជនជាតិរបស់គេតែប៉ុណ្ណោះ។ យើងជាអ្នកទទួលជំនួយបានត្រឹមតែតួលេខទេ ហើយលទ្ធផលតិចតួច … កាលពីប៉ុន្មានឆ្នាំមុន ដែលខ្ញុំតឹងទ្រូងពេក ខ្ញុំសឹងតែថា កុំយកតែម្ដង។ បណ្ណាល័យមួយតម្លៃជាង ១ លានដុល្លារសហរដ្ឋអាមេរិក។ ទៅហៅបរទេសមកគូសប្លង់។ គូសមិនត្រូវគ្នា។ ត្រូវពន្យារពេលទៀត។ អាសូរតែធំជាងបណ្ណាល័យខ្ញុំ។ ធ្វើក្បែរគ្នា តូចជាងបណ្ណាល័យខ្ញុំទៅទៀត។ ប៉ុន្តែគ្រាន់តែគូសប្លង់ប៉ុណ្ណឹង ម៉េចក៏មិនប្រើជនជាតិខ្មែរ បែរជាប្រើជនជាតិបរទេស។ នេះជារបៀបផ្ដល់ជំនួយរបស់ប្រទេសមួយចំនួន ឬក៏ស្ថាប័នហិរញ្ញវត្ថុមួយចំនួន។ គេជួយដោះស្រាយការងារធ្វើឱ្យជនជាតិបរទេស។
សន្សំប្រាក់ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯង, ទេសចរមកក្រុងព្រះសីហនុ
រឿងហ្នឹងហើយ បានជាខ្ញុំខិតខំធ្វើការជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សន្សំប្រាក់។ ប្រាក់សន្សំនេះអត់យកទៅណាទេ។ គោលដៅរបស់យើងគឺហេដ្ឋារចនាសម្ព័ន្ធ។ បើទោះបីជាយើងត្រូវទទួលបានជាឥណទានពីខាងក្រៅ ទាល់តែយើងមានថវិកាបដិភាគ ទើបយើងធ្វើបាន។ ប៉ុន្តែអ្វីដែលខ្ញុំចង់ គឺធ្វើដូចអញ្ចឹង។ អត់ជំពាក់នរណាមួយរៀល។ ធ្វើតែម្ដង។ ចាប់ផ្ដើមប្រមូលគ្រប់កងឯកភាព រួចហើយបើកការដ្ឋានធ្វើទាំងយប់ទាំងថ្ងៃ។ ត្រូវពុះភ្នំ ពុះភ្នំ … អញ្ចឹងទេ មានពេលខ្លះ ដោយសារជាប្រទេសក្រីក្រ យើងនិយាយទៅ ក៏វាពិបាក។ សំឡេងយើងវាទន់ខ្សោយ។ ប៉ុន្តែ បើយើងមិននិយាយក៏វាមិនកើត។ អញ្ចឹងឥឡូវនេះ ខេត្តព្រះសីហនុ ជាមួយនឹងការខិតខំទាំងអស់របស់យើង ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាបណ្ដាក្រុមហ៊ុន និងកងឯកភាពសាងសង់ គឺសមិទ្ធផលបានចេញរួចហើយ។
ខ្ញុំមើលតួលេខពីឯកឧត្តម ថោង ខុន តាំងពីពេលភ្ជុំ រហូតមកដល់ពេលបន្ដបន្ទាប់ រៀងរាល់អាទិត្យ និងពេលវេលានៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ខេត្តព្រះសីហនុ គឺជាខេត្តនាំមុខគេក្នុងការទទួលភ្ញៀវទេសចរ។ ខេត្តទី ២ គឺខេត្តសៀមរាប និងខេត្តបន្តបន្ទាប់។ ខេត្តព្រះសីហនុ បានជាប់ចំណាត់ថ្នាក់ ដែលមុននេះថមថយ។ ខ្ញុំគិតថា ប្រជាពលរដ្ឋកម្ពុជារបស់យើងមកលេងខេត្តព្រះសីហនុបន្តទៀត មកមើលផ្លូវ មើលស្ពាន មើលបណ្ដាការដ្ឋានដែលបានសាងសង់។ ថ្ងៃនេះ អភិបាលខេត្តនានាក៏បានមកដែរ។ ពួកគាត់ក៏ចង់បានដែរ។ ប៉ុន្តែកុំអាលទារលុយខ្ញុំ ព្រោះឥឡូវហ្នឹង កំពុងពាក់ព័ន្ធជាមួយនឹងកូវីដ-១៩ នេះ។ ពិតហើយ ចំណូលក្នុងខែវិច្ឆិកាកន្លងទៅ ប្រៀបធៀបទៅនឹងខែមុនៗ មានការកើនឡើង។ ខ្ញុំជឿថា ការកើនឡើងនេះ នឹងមានបន្ត។ អត់ថយទេ។ កំណើនសេដ្ឋកិច្ចរបស់យើងនឹងហក់ឡើង។
ពិចារណាឡើងវិញអំពីការហាមឃាត់អ្នកដំណើរពីប្រទេស ១០ ជំនួសវិញដោយធ្វើតេស្ដ PCR
បើទោះបីជា(មានលេចចេញនូវវីរុសបំប្លែងថ្មី) OMICRON នេះ … ទោះបីជា OMICRON ហ្នឹង វាមក ខ្ញុំសុំបញ្ជាក់ថា កុំស្លន់ស្លោហួស កុំភ័យពេក រហូតទៅដល់បាត់បង់ម្ចាស់ការ។ ឥឡូវហ្នឹង អាហ្វ្រិកខាងត្បូងខ្លួនឯង បញ្ជាក់ថា វាអត់មានអី(ខ្លាំង)ផង រួចប្រកាសគ្រប់កន្លែងទាំងអស់ ដូចជាបំភ័យមនុស្ស។ តែយើងក៏ត្រូវតែប្រយ័ត្ន។ ខ្ញុំគិតថាឯកឧត្តម ម៉ម ប៊ុនហេង (តាមដែល)យើងពិភាក្សាគ្នា ខ្ញុំហាក់ដូចជាបានយល់ស្របជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅពេលដែលគេកាត់ដាច់ រុញប្រទេសឯកោនៅតំបន់អាហ្រ្វិក។ អគ្គលេខាធិការអង្គការសហប្រជាជាតិ បង្ហាញនូវការសោកស្ដាយ។ គាត់ស្នើនូវវិធានការជំនួសវិញ តាមរយៈបង្កើនការធ្វើតេស្ដ។ យើងក៏បានដាក់ការហាមឃាត់សម្រាប់ ១០ ប្រទេសនៅអាហ្វ្រិក។ ខ្ញុំហាក់ដូចជាគាំទ្រនូវអ្វីដែលជាការលើកឡើងរបស់ឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរេស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។ បើយើងទុកឱ្យអាហ្វ្រិកឯកោ គឺវាមិនគប្បីទាល់តែសោះ។ សម្រាប់យើងទៀត យើងអត់មានជើងហោះហើរត្រង់ពីអាហ្វ្រិកមកឯណា។ ដូច្នេះ ដូចមិនមានការចាំបាច់ដើម្បីនឹងកំណត់បញ្ជាក់ទេ។
ប៉ុន្តែយើងអាចនឹងមានតម្រូវការអញ្ចេះទៅវិញ។ អ្នកដែលបានធ្វើដំណើរមកពីប្រទេសទាំងនោះ គប្បីបង្កើនការធ្វើតេស្ដ ទោះបីគាត់មានចាក់វ៉ាក់សាំងហើយក៏ដោយ។ យើងសុំអធ្យាស្រ័យពីគាត់ ដើម្បីយើងអាចធ្វើតេស្ដតាម PCR វិញ ជាជាងយើងដាក់បារ៉ាស និងលោកជំទាវ យក់ សម្បតិ្ត ខាងផ្នែកព្យាបាលនៅទីនេះស្រាប់។ គួរពិចារណាឡើងវិញ អំពីការហាមឃាត់ប្រទេសទាំង ១០ នេះ (ហើយជំនួសវិញ)ដោយវិធានការពង្រឹងការធ្វើតេស្ដ អ្នកមកពីតំបន់ហ្នឹង។ យើងសុំធ្វើ(តេស្តដោយ) PCR តែម្ដង។ មិនធ្វើតេស្ដរហ័សនោះទេ។ ខ្ញុំថា ធ្វើយ៉ាងនេះ យើងមិនឯកោ និងមានឥរិយាបទរើសអើងជាមួយនឹងប្រទេសអាហ្វ្រិកទាំងនោះ។
(បណ្ដាប្រទេសនៅអាហ្វ្រិក)មកស្រុក(យើង) ការពិតត្រូវឆ្លងកាត់ច្រើន(ប្រទេស)ណាស់។ អ្នកដែលនៅឯណោះ ដាក់(បម្រាម)ស្កាត់មុខបាត់ទៅហើយ ធ្វើម៉េចគាត់ហោះមកបាន។ គាត់ហោះមកអត់បានទេ។ ប៉ុន្តែក្នុងករណីដែលមាន យើងសុខចិត្តថា ជម្រុញការធ្វើតេស្ដ ជាជាងយើងដាក់ប្រទេស (នៅតំបន់អាហ្វ្រិក ក្នុងការហាមឃាត់)។ កន្លងទៅ ខ្ញុំក៏សម្រេចហួសទៅហើយ តែយើងក៏អាចកែតម្រូវបានដែរ។ សូមឱ្យពិភាក្សាជាមួយនឹងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ផង ដើម្បីធ្វើកិច្ចការនេះ។ បើថាត្រូវរូវគ្នាហើយ យើងប្រកាសថា យើងបញ្ចប់(ការដាក់បម្រាមហាមឃាត់ជើងហោះហើរ ១០ ប្រទេសនៅតំបន់អាហ្វ្រិក)។ កុំភ័យពេក ភ័យជ្រុលនាំដល់មានជំងឺសរសៃប្រសាទទៀត។
ទំហំប្រាក់ចំណូលជាតិនឹងកើនឡើងវិញ អាចបន្តដាក់ទុនវិនិយោគ
យើងមិនហ៊ានហួស ហើយក៏មិនខ្លាចពេក តែមិនហ៊ានពេក។ ដូចកម្រិតដែលយើងធ្វើប៉ុណ្ណឹងល្មម។ អ្វីដែលជាការចាំបាច់ គឺពង្រឹងនៃវិធានការសុខាភិបាល ពាក់ម៉ាស។ យើងបានទទួលការដឹងឮពីអង្គការសុខភាពពិភពលោក ក៏ដូចជាភ្ញៀវដែលមកប្រទេសរបស់យើង បានឃើញអំពីរបៀបរបបរបស់ប្រជាជនយើងពាក់ម៉ាសគ្រប់ៗគ្នា ដែលធ្វើដំណើរតាមដងផ្លូវ។ នេះគឺជាចំណុចដែលយើងមានមោទនភាព។ ផ្អែកទៅលើចំណុចនេះ ខ្ញុំជឿថាកំណើនសេដ្ឋកិច្ចរបស់យើងនឹងចាប់រីក។ ទំហំនៃប្រាក់ចំណូលជាតិ ដែលបានធ្លាក់ចុះក្នុងរយៈពេលកន្លងទៅ នឹងកើនឡើងវិញ។ ដូច្នេះ ធ្វើឱ្យប្រាក់សន្សំរបស់យើងវាក៏នឹងកើនត្រឡប់មកវិញដែរ។ ពេលនោះយើងមានលទ្ធភាពបន្ថែមទៀតដើម្បីវិនិយោគទៅន្លែងនេះកន្លែងនោះ។ កន្លែងខ្លះត្រូវការ ១០០ លានដុល្លារសហរដ្ឋអាមេរិក កន្លែងខ្លះត្រូវការ ២០ ទៅ ៣០ លានសហរដ្ឋអាមេរិក។ យើងបុកទុនរបស់យើងចូល កុំឱ្យរញ៉េរញ៉ៃច្រើន។ កន្លែងខ្លះតែ ៥ លានដុល្លារសហរដ្ឋអាមេរិក (តែ)ត្រូវនៅរញ៉េរញ៉ៃត្រង់ហ្នឹងហើយ។ យូរណាស់។ ការឱ្យលុយមកយើងវាពិបាកហើយ តែពិបាកជាងទៀត អ្នកដែលទទួលលុយនៅចាំ។ ខ្លះឱ្យតាំងពី ៥ ឆ្នាំមុន ឥឡូវមិនទាន់ដឹងអីផង។
តបស្នងគុណពេលដែលយើងមានលទ្ធភាព និងក្នុងពេលដែលមិត្តជួបការលំបាក
អញ្ចឹងបានថ្ងៃមុន មានគេជេរខ្ញុំ នៅពេលដែលខ្ញុំប្រគល់ឱ្យឡាវជាសាច់ប្រាក់ទាំងរដ្ឋ និងឯកជន ១៣ លានដុល្លារសហរដ្ឋអាមេរិក បូកនឹងវ៉ាក់សាំង ៥០ ម៉ឺនដូស, រថយន្ត ០៣ គ្រឿង។ (ក្នុងចំណោមរថយន្ត) ៣០ គ្រឿង(ដែលបញ្ចា)ទិញមក ខ្ញុំសន្យាឱ្យគាត់ ១០ គ្រឿង។ ឥឡូវដឹកវ៉ាក់សាំងហ្នឹងទៅ។ បញ្ជូនឱ្យគាត់ទាំងវ៉ាក់សាំង ទាំងឡានតែម្ដងទៅ។ យកទៅស្អែកព្រឹក។ ជិះឧទ្ធម្ភាគចក្រទៅ។ ប្រគល់ឱ្យគាត់ទៅ។ ដូរតែតៃកុង។ ទៅដល់យកវ៉ាក់សាំងជានិមិត្តរូបទៅ។ រួចហើយប្រគល់សោរឡានឱ្យគាត់បើកទៅ។ ប៉ុន្តែចាក់សាំងឱ្យពេញពីនេះទៅឱ្យហើយ។ ទៅដល់នោះចាក់ឱ្យពេញថែមទៀត កុំឱ្យគាត់បើកទៅអស់សាំងថែមទៀត។
យើងផ្ដល់ជំនួយទៅក្រៅ គេបន្ទោសយើង។ ប៉ុន្តែខ្ញុំសូមជម្រាប កម្ពុជាដឹងគុណគេ។ ពេលវេលាដ៏លំបាកបំផុតរបស់កម្ពុជានៅឆ្នាំ ១៩៧៩។ ឡាវពេលនោះក៏លំបាក វៀតណាមក៏លំបាក។ (ពី)វៀតណាម យើងឃើញចលនាតាំងពីអង្ករកន្លះគីឡូ ឬក៏មួយគីឡូ អំបិល ឆៃប៉ូវ ដាក់ជូនមកប្រជាពលរដ្ឋរបស់យើង។ ឯឡាវតាមរយៈទស្សនកិច្ចរបស់ប្រធានរដ្ឋ សុផានុវង្ស ទោះបីឡាវជួបការលំបាក តែឡាវបានចែករំលែកសម្រាប់ប្រជាជនយើងក្នុងដំណាក់កាលនោះ។ ទឹកចិត្តនេះដែលយើងត្រូវកត់ត្រាទុក ហើយយើងតបស្នងនៅពេលដែលយើងមានលទ្ធភាព និងក្នុងពេលដែលមិត្តជួបការលំបាក។ ខ្ញុំមិនអាចបំភ្លេច ហើយខ្ញុំមិនមែនជាមនុស្សអគុណធម៌ទេ។
គេធ្វើសម្ភាសន៍មនុស្សប៉ុន្មាននាក់។ តាមរកអ្នកទាំងហ្នឹង (បើពួកគាត់)ខ្វះអង្ករប៉ុន្មានឱ្យអង្ករស៊ីផង។ និយាយឱ្យវាអាក្រក់បន្តិចទៅចុះ។ សុទ្ធតែថា ប្រជាពលរដ្ឋឯងមិនទាន់ស៊ីគ្រប់ ឱ្យទៅគេ។ ពេលនោះ ប្រជាជនឡាវ ឬប្រជាជនវៀតណាមមិនទាន់មានអីស៊ីគ្រប់ផង តែគេមកជួយយើង ម៉េចក៏យើងមិនមានលទ្ធភាព ដើម្បីជួយមិត្តភក្តិវិញ ក្នុងពេលដែលមិត្តមានការលំបាក។ យើងផ្តល់ជំនួយទៅវៀតណាម។ យើងជួយជំនួយវ៉ាក់សាំងទៅវៀតណាម យើងជួយមានជាសាច់ប្រាក់ទៅវៀតណាម។ ប៉ុន្តែយើងជួយទៅឡាវច្រើនជាង ដោយសារឡាវជួបការលំបាកខ្លាំង។ សាច់ប្រាក់មុននោះ ១ លានដុល្លារសហរដ្ឋអាមេរិក។ ក្រោយមក ១៣ លានដុល្លារសហរដ្ឋអាមេរិក។ សរុបទៅ ១៤ លានដុល្លារសហរដ្ឋអាមេរិក។ សាច់ប្រាក់ទាំងមុនទាំងក្រោយ, បូកទាំងវ៉ាក់សាំង ៥០ ម៉ឺនដូស។ អញ្ចឹងអ្នកណាទិតៀនអី ទិតៀនចុះ។
កម្ពុជាមិនមែនធ្វើត្រឹមប៉ុណ្ណឹងទេ កម្ពុជាបានយកអាយុជីវិតកងទ័ពរាប់ពាន់នាក់ ទៅជួយដល់បណ្ដាប្រទេសនៅអាហ្រ្វិក ស៊ូដង់ខាងត្បូង ម៉ាលី អាហ្វ្រិកកណ្ដាល និងលីបង់ ដែលមុននោះ ច្រើនជាងហ្នឹងទៅទៀត មានទាំងប្រទេស ឆាដ Cyprus ទៅទៀត … កម្ពុជាហ៊ានធ្វើ។ បង្ហាញពីទឹកចិត្តដែលកម្ពុជាចង់ជួយមិត្តភក្តិ។ ប្រទេសចិន ឬប្រទេសវៀតណាម ឬជប៉ុន ប្រជាជនគេក៏ជួបការលំបាកដែរ ប៉ុន្តែគេផ្ដល់លទ្ធភាពមកឱ្យយើង។ មិត្តភក្តិនានាដែលបានផ្ដល់មកឱ្យយើង សួរថាប្រទេសទាំងអស់នោះ សល់អ្នកក្រអត់។ គេសល់។ ប៉ុន្តែ គេចែករំលែកមកឱ្យយើង។ នៅពេលដែលយើងមានលទ្ធភាព យើងក៏ចែករំលែកទៅឱ្យអ្នកដទៃ។ ឯងផ្ដល់ជំនួយម្ដង វាជេរឯងម្ដង។ ហើយវាដើរសម្ភាសខ្លះនៅស្វាយរៀង ខ្លះនៅនេះនៅនោះ។ វាធ្វើសម្ភាសន៍បាន។ តាមរកទៅ។ ខ្វះអង្ករស៊ីទេ។ យកទៅឱ្យស៊ីទៅ។ រួចហើយថាទៅជំពាក់ធនាគារ។ អ្នកឯងទៅខ្ចីធនាគារ ហើយរត់ចោលស្រុក។ ឥឡូវជួយទៅរកមក ដើម្បីឱ្យធនាគារគេរឹបអូសតែម្ដងទៅ។ អីក៏វាពិបាកខ្លាំងម្ល៉េះ។ ក្រក៏ប៉ុន្តែសុទ្ធតែស្មាតហ្វូន អញ្ចឹងបានអ្នកខ្លះចូលមកខម្មិនក្នុងហ្វេកប៊ុករបស់ខ្ញុំ “លោកអ៊ំអើយ ខ្ញុំក្រណាស់ លោកអ៊ំជួយខ្ញុំផង” ជួនកាលរពឹសដៃឆ្លើយតបត្រឡប់ទៅវិញថា “ពេលដែលក្មួយក្រ ក្មួយមានស្មាតហ្វូន ដើម្បីលេងហ្វេសប៊ុកជាមួយពូ តែពេលដែលពូក្ររកអង្ករស៊ីអត់បានទេ …។
ដើមឈើចាំស្នេហ៍ និងសិលាចាំស្នេហ៍
មិញហ្នឹងបាននិយាយហើយរឿង “ខ្មែរធ្វើបាន” ដែលខ្ញុំសុំបញ្ជាក់ថា មិនសំដៅតែទៅលើអ្វីដែលយើងបានធ្វើនៅទីនេះទេ ដំណើរជាតិរបស់យើងទាំងមូលដែលបានឆ្លងកាត់។ រួចហើយ(មានដែលគេ)ហៅ “សិលាចាំស្នេហ៍” និង “ដើមឈើចាំស្នេហ៍” … ខ្លះគេអាចពេបជ្រាយឱ្យយើង ដាក់សុទ្ធតែ “ស្នេហ៍”។ ប៉ុន្តែខ្ញុំបញ្ជាក់ នេះតំណាងឱ្យភាពគង់វង្សនៃប្រទេសជាតិរបស់យើង។ ភាពគង់វង្សនៃឯករាជ្យអធិបតេយ្យភាពរបស់យើង។ ភាពគង់វង្សនៃសន្តិភាពរបស់យើង។ ភាពគង់វង្សនៃស្ថាប័នរាជានិយមអាស្រ័យធម្មនុញ្ញ និងរាជបល្ល័ង្ករបស់យើង។ ពាក្យដែលថា ចាំ គឺវាមិនដែលជួប។ អញ្ចឹងមានន័យថា ចាំរហូត។ ត្រូវយល់ន័យរបៀបនេះ។ តែខ្ញុំមិនដឹងថា លោកបណ្ឌិត រ័ត្ន សណ្ដាប់ ដែលជាអ្នកស្រាវជ្រាវអរិយធម៌ខ្មែរ ឯកភាពទៅលើការបកស្រាយរបស់ខ្ញុំ ឬអត់? ក៏ប៉ុន្តែនេះជាន័យ។ ខ្ញុំមិនបានបកស្រាយនៅពេលដែលខ្ញុំដាក់ទេ សិលាចាំស្នេហ៍ និងដើមឈើចាំស្នេហ៍ ឥឡូវពាក្យថា ចាំ វាអត់ដែលជួប។
ហ្នឹងវាដូចជាហាងគុយទាវមួយពីដើម។ រឿងហ្នឹងរឿងពិតមែន។ ថ្ងៃស្អែកស៊ីមិនយកលុយ។ ទម្រាំរកឃើញ ស្អែកឡើងមកស៊ី។ ស៊ីហើយម្ចាស់ហាងគុយទាវ គេទារលុយ។ ក្រែងថា ស្អែកស៊ីមិនយកលុយ។ អាហ្នឹងស្អែកហើយ។ ទេអត់ទេ។ ដឹកដៃគ្នាទៅមើលទៅ។ ស្អែកតើ។ រង់ចាំ ក៏ដូចគ្នា។ បើចាំហើយជួប វាលែងហៅពាក្យថា ចាំហើយ។ អញ្ចឹងតំណាងឱ្យភាពគង់វង្សរបស់យើង។ ភាពគង់វង្សនេះ ន័យជាទូទៅ គឺសម្រាប់ប្រទេសជាតិរបស់យើង សម្រាប់ឯករាជ្យអធិបតេយ្យជាតិរបស់យើង សន្តិភាពដែលយើងរកបានដោយលំបាកមិនត្រូវឱ្យអ្នកណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ និងរាជបល្ល័ង្ករបស់ព្រះមហាក្សត្រយើង ក៏ត្រូវតែធានា។ តំបន់ទាំងនេះត្រូវតែគង់វង្ស។
សិលាបណ្តាសារ
ដើមឈើចាំស្នេហ៍ សិលាចាំស្នេហ៍ ហើយក៏មានសិលាបណ្ដាសារ។ ដុំថ្មបណ្ដាសារ។ ន័យបណ្ដាសារនេះ គឺចង់សំដៅទៅលើអ្វីអ្នកណាដែលប្រព្រឹត្តអាក្រក់ទៅលើតំបន់នេះ នឹងត្រូវទទួលវិនាស និយាយអញ្ចឹងចុះ។ អាហ្នឹងដូចថា គេធ្វើព័ទ្ធសីមា។ អញ្ចឹង ថ្ងៃក្រោយកុំទៅវាយដុំថ្មហ្នឹង គ្រវាត់ចោល ត្រូវបណ្ដាសារហើយ។ កុំទៅយកកន្លែងហ្នឹងធ្វើជាកម្មសិទ្ធិឯកជន វាត្រូវបណ្ដាសារ។ ពាក្យបណ្ដាសារនេះ មិនមែនជាពាក្យថ្មីថ្មោងទេ។ ជាពាក្យដែលមាននៅក្នុងសិលាចារឹកផ្សេងៗ យោងទៅលើការស្រាវជ្រាវមានតាំងពីសតវត្សរ៍ទី ៧។ អញ្ចឹងគោលដៅនៃពាក្យដាក់ដុំថ្មបណ្ដាសារ សិលាបណ្ដាសារនេះ គឺក្នុងគោលដៅការពារតំបន់នោះ ព្រោះអ្នកណាហ៊ានមកយកដុំថ្ម ហ៊ានមកយកដីកន្លែងនេះធ្វើជាកម្មសិទ្ធិ ត្រូវបណ្ដាសារ។
ពីមុន នៅស្រុកជើងព្រៃ ប៉ុន្តែត្រូវបំបែកមកស្រុកបាធាយ មានស្រែមួយ គឺស្រែរបស់តាទាវ យាយផឹក។ ប្តីឈ្មោះតាទាវ ប្រពន្ធឈ្មោះយាយផឹក។ មុនគាត់ស្លាប់ គាត់ដាក់បណ្តាសារថា អ្នកណាធ្វើស្រូវលើស្រែហ្នឹង គឺត្រូវបណ្តាសារ។ អញ្ចឹងបានជាមានបទចម្រៀងមួយបទ ដែលខ្ញុំតែងរួមជាមួយនឹងលោក ស៊ុម សារឿន ដែលគាត់ស្លាប់ទៅ គេហៅ ផ្លូវភ្ជាប់និស្ស័យ។ តាទាវ យាយផឹក នឹកសាងសីលហើយ … ព្រោះស្រែហ្នឹងកាលពីដើមជំនាន់មុន អត់មាននរណាហ៊ានធ្វើទេ។ តែក្រោយមក យើងធ្វើទៅវាអត់អី។ តែពីដើមអត់មាននរណាហ៊ានធ្វើទេ ខ្លាចត្រូវបណ្តាសារ តាទាវយាយផឹក។ អានេះ ក៏ដូចគ្នា។ ការពារតំបន់នេះឱ្យបានល្អ។ ហ្នឹងវាអត់មានត្រូវបណ្ដាសារទេ។ បណ្តាសារតែអ្នកធ្វើអាក្រក់ទេ។ អ្នកដែលធ្វើល្អអត់មានត្រូវបណ្តាសារទេ។ អញ្ចឹងបានយើងកុំកសាងអំពើបាបតែប៉ុណ្ណឹងទេ។
ព្រឹត្តិការណ៍មួយចំនួនក្នុងខែធ្នូ
ខ្ញុំពិតជាមានមោទនភាព ដោយថ្ងៃនេះយើងធ្វើពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផល នៅខេត្តព្រះសីហនុ … ថ្ងៃនេះ សម្រាប់ខ្ញុំមានព្រឹត្តិការណ៍សំខាន់ៗ ដល់ទៅ ៣ ថែមទៀត៖
ទី១៖ គឺព្រឹត្តិការណ៍ ២ ធ្នូ ខួបលើកទី ៤៣ នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ។ មិនមែនគ្រាន់តែខ្ញុំដាច់ដោយឡែកម្នាក់ឯងទេ ក៏ប៉ុន្តែ គឺប្រជាជនទូទាំងប្រទេសទន្ទឹងរង់ចាំនូវវត្តមាននៃកម្លាំងនយោបាយ និងយោធា អង្គការចាត់តាំងនយោបាយ និងយោធានៃអង្គការ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដើម្បីរំដោះប្រទេសចេញពីរបប ប៉ុលពត នេះចំណុចទី ១។
ទី២៖ ២ ធ្នូ ខួបលើកទី ៣៤ នៃការចរចារវាងខ្ញុំ និងសម្តេចព្រះនរោត្តម សីហនុ។ កាលនោះគេហៅថា វេទិកា សីហនុ-ហ៊ុន សែន ហ្វ៊ែរអង់តាដឺន័រ (Fere en Tardenois) គឺ ៣៤ ឆ្នាំហើយ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងធ្វើខួបលើកទី ៣០ ក៏ប៉ុន្តែដល់ទៅការចាប់ផ្តើមចរចាគឺ ២ ធ្នូ ឆ្នាំ ១៩៨៧។ (ព្រឹត្តិការណ៍នេះកើត)មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសរហូតដល់ ៤ ឆ្នាំ។ តើនេះបញ្ជាក់ពីអ្វីពិតប្រាកដ? សង្ឃឹមថា អ្នកដែលបកស្រាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសយល់កាន់តែច្រើន រៀនសូត្របានច្រើនអំពីប្រវត្តិនៃដំណើររឿងដែលនាំទៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ មិនមែនចាប់ផ្តើមពីអ្វីក្រៅពី ភាគីខ្មែរជួបគ្នា ក្នុងភាគីខ្មែរនេះ ព្រះករុណាបិតា ទទួលខ្ញុំភាពជាដៃគូក្នុងការចរចារវាងខ្មែរនិងខ្មែរ គឺ ៣៤ ឆ្នាំហើយ។ អាយុច្រើនជាងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៅដល់ ៤ ឆ្នាំ។
ទី៣ … ២ ធ្នូ មួយទៀត គឺខួបលើកទី ២៣ នៃការដាក់ចេញយុទ្ធសាស្ត្រត្រីកោណ ២ ធ្នូ ឆ្នាំ ១៩៩៨។
បើនិយាយក្នុងខែធ្នូនេះទៀត វាមានរឿងច្រើនណាស់។ ខែធ្នូ ជាខែដែលយើងបានបញ្ចប់សង្គ្រាមទាំងស្រុងនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ដែលមកដល់ពេលនេះខួបលើកទី ២៣ ឆ្នាំ ដែរ។ នៅមានរឿងសំខាន់មួយទៀត ដែលខ្ញុំសូមបង្ហាញថ្ងៃនេះឱ្យហើយទៅ។ ខ្ញុំបានទទួលលិខិតហៅទៅរៀបការនៅក្នុងខែធ្នូដែរ គ្រាន់តែខ្ញុំមិនចាំច្បាស់ថា តើវាថ្ងៃ ២៨, ២៩ ឬ ៣០ ហើយខ្ញុំរៀបការថ្ងៃទី ៥ ខែមករា ឆ្នាំ ១៩៧៦។ ប៉ុន្តែ គេកោះហៅខ្ញុំទៅនោះ ខ្ញុំទទួលបានលិខិតប្រហែលជានៅក្នុងថ្ងៃ ២៨ ២៩ ប៉ុណ្ណឹង។ អញ្ចឹងគិតពី ១៩៧៥ មកដល់ឥឡូវប៉ុន្មានឆ្នាំ ៤៦ ឆ្នាំ។ មានព្រឹត្តិការណ៍ហ្នឹងមួយទៀតមកលាយឡំ … កាលពីដំណាក់កាលនោះ មិនងាយបានប្រពន្ធទេ។ គេកំណត់ទាល់តែអាយុ ៣០ ឆ្នាំ បានមានប្រពន្ធបាន។ ប៉ុន្តែដោយសារធ្លាក់ខ្លួនពិការទៅ គេអនុញ្ញាតឱ្យយកប្រពន្ធ។ ការតាំងពីអាយុ ២៤ ឆ្នាំ ឥឡូវចៅឡើងដល់ទៅ ២២ នាក់។
សូម្បីតែចៅឯងសោះវាយកទៅវិភាគដែរ។ អាចង្រៃអស់នេះ។ អញ្ចឹងបានថា អត់វាមិនបាន។ មិនយូរមិនឆាប់ទេ ត្រូវបណ្តាសារចៅទី ២១ ហ្នឹងហើយ។ ប្រឹងទៅពរចៅ ហើយចៅមិនដឹងថាគេកើតទុក្ខរឿងអី គេស្រក់ទឹកភ្នែក ប៉ុន្តែគេមិនយំ។ គេយំអត់លឺ តែស្រក់ទឹកភ្នែក។ អត់ស្តី អត់និយាយ ហើយក៏បង្ហោះហ្វេសប៊ុកមួយ សួរទៅថា តើនៅកម្ពុជាយើងនេះ មានចម្រៀង ស្រក់ទឹកភ្នែកតែមិនយំហើយឬនៅ? បើមិនទាន់មានទេ សូមជួយនិពន្ធផង។ មានការចូលមកខម្មិនថា ស្រក់ទឹកភ្នែកមិនមែនគ្មានបញ្ហា ច្រៀងដោយ ព្រាប សុវត្ថិ … បងប្អូនក៏និពន្ធ ចេញមកដំបូងពីខេត្តស្ទឹងត្រែង។ អញ្ចឹងយើងចាប់ផ្តើមបានអាហ្នឹងទៅក៏យកទៅច្រៀង។ ឥឡូវបានប៉ុន្មាន ៤៨ បទ ហើយខុសៗគ្នា។ វាប្រកាច់យកទៅវិភាគដែរ។ ថ្ងៃក្រោយអញនិយាយទៀត ឱ្យអ្ហែងរវល់វិភាគរឿងល្អិតល្អោចហ្នឹងទៅ។ កន្លែងយុទ្ធសាស្ត្រធំៗ វាយធ្លាយអស់ ព្រោះឯងមករវល់រឿងកំប៉ិកកំប៉ុក។ ដូច្នេះមានអីមកទប់ទល់ជាមួយនឹងយុទ្ធសាស្ត្ររបស់តេជោ …។
ឥឡូវខ្ញុំដូចជាមានអ្វីម៉្យាង។ យប់មិញនេះ បន្ទាប់ពីការបែកគ្នាទៅ យើងបែកគ្នាយប់មិញដូចជាម៉ោង ១០ ល្ងាច។ ជុំគ្នាស្រាក្រហម។ តែល្ងាចមិញ ខ្ញុំដូចជាស៊ីតែបង្គាជ្រលក់ទឹកត្រី។ ដល់ទៅម៉ោងមិនទាន់ ៤ ភ្លឺផង ភ្ញាក់ឡើងនិយាយពីផឹកអស់ ហ្វាន់តា នោះ ២ ដប ហើយទឹកស្អីមានជាតិយិនស៊ិននោះ ២ ដបទៀត … ថាប្រហែលមកពីមុជទឹកសមុទ្រ ដូចជាមិនត្រូវ។ ប៉ុន្តែរឿងនេះ វាគាប់ជួនពេកហើយ។
២ ធ្នូ ឆ្នាំ ១៩៧៨ យប់នោះ ខ្ញុំអត់បានដេកទេ ជាមួយនឹង យី យន់ អត់បានដេកទេ។ មូលហេតុ យើងខ្វះសុន្ទរកថាមួយសម្រាប់បង ជា ស៊ីម គាត់អាន។ អញ្ចឹងខ្ញុំត្រូវនាំគ្នាធ្វើ។ ពេលនោះ អត់មានប្រដាប់វាយដូចឥឡូវទេ ត្រូវសរសេរដៃ ជាមួយនឹង យី យន់។ ត្រៀមអញ្ចឹងទៅ យកមកឱ្យខ្ញុំពិនិត្យ កែសម្រួលហើយម៉ោង ៣ កន្លះ គឺបាន យី យន់ (ធ្វើ)ចប់។ ខ្ញុំក៏បញ្ជូនជូនបង ជា ស៊ីម ពេលឡើងរថយន្ត ឆ្ពោះមកជើងគ្លូ ថ្ងៃ ២ ធ្នូនេះ។ អាហ្នឹងដេកវាមិនបាន មួយទៅ។
ដល់ ២ ធ្នូ មួយទៀត គឺការចរចាដែលហៅកាត់ថា សីហនុ-ហ៊ុន សែន ហ៊្វែអង់តាដឺន័រ (Fere-en-Tardenois) ដែលពេលនោះសណ្ឋាគារគេហៅថា សណ្ឋាគារអត់ផ្កាយ។ ខែហ្នឹង ខែរងានៅប្រទេសបារាំង ដេកវាមិនលក់ទៀត។ ភ្ញាក់ប្រហែលជាម៉ោង ៣ កន្លះ ដើម្បីត្រៀមខ្លួនចេញទៅចរចានោះ ព្រោះជាធម្មតា តែព្រឹកឡើងធ្វើអី ខ្ញុំដេកមិនដែលដល់ភ្លឺទេ អាហ្នឹងមួយទៅ ព្រោះត្រូវគិតច្រើន។
មុំ ៣ នៃយុទ្ធសាស្រ្តត្រីកោណ
ដល់ទៅ ២ ធ្នូ ឆ្នាំ ១៩៩៨ ប្រជុំគណៈរដ្ឋមន្រ្តីដំបូង ក៏ដេកមិនលក់ដែរ ព្រោះពេលនោះ នៅចាំបានថា ងើបឡើងសរសេរនៅក្នុងកូនសៀវភៅ ដែលរក្សាទុកដល់រាល់ថ្ងៃ (អំពី)យុទ្ធសាស្រ្តត្រីកោណ។ យុទ្ធសាស្ត្រត្រីកោណខ្ញុំគួរតែនិយាយបន្តិច។ មុននឹងមានយុទ្ធសាស្ត្រចតុកោណដូចរាល់ថ្ងៃ គឺមានយុទ្ធសាស្ត្រត្រីកោណ។ វាអត់មានស្អីវែងឆ្ងាយទេ ក៏ប៉ុន្តែគឺការបកស្រាយមួយក្នុងអង្គប្រជុំ បន្ទាប់ទៅគឺនាំគ្នាអនុវត្ត។ មុំទី ១ នៃយុទ្ធសាស្រ្តត្រីកោណ គឺការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងប្រទេស មានន័យថា យើងត្រូវពង្រឹងនូវសន្តិភាពដែលយើងរកបាន។ ពេលនោះមិនទាន់មានការមករបស់ ខៀវ សំផន, នួន ជា និងអ្នកដទៃទៀតទេ។ ២៧ ថ្ងៃក្រោយ ទើប ខៀវ សំផន, នួន ជា និងគណៈរដ្ឋមន្រ្តីទាំងអស់មកផ្ទះ(របស់ខ្ញុំ)។
យើងកុំភ្លេចថា នយោបាយឈ្នះឈ្នះ មិនមែនត្រឹមតែចាប់ផ្តើមនៅថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ទេ។ នយោបាយឈ្នះឈ្នះ ចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ ១៩៩៦ ចាប់ផ្តើមពីឱរ៉ាល់ ដែលធ្វើឲ្យផ្លូវជាតិលេខ ៤ របស់យើង ដែលធ្លាប់តែមានការបាញ់រំខាននេះ ត្រូវបានបិទបញ្ចប់ តាមរយៈតួនាទី កែវ ពង្ស។ បានពង្រីក(ព្រឹត្តិការណ៍)ហ្នឹង ធ្វើសមាហរណកម្មក្នុងឆ្នាំ ១៩៩៦ គឺផ្នែកខាងជើង ខាងត្បូងផ្លូវជាតិលេខ ៦ គឺយើងគ្រប់គ្រងទាំងអស់។ យើងធ្វើសមាហរណកម្មបញ្ចប់ផ្នែកតាំងពីម៉ាឡៃ ប៉ៃលិន កំរៀងភ្នំព្រឹក្ស សំឡូត តាសាញ់ស្អីៗហ្នឹងគឺ ១៩៩៦។ អញ្ចឹងមុំទី ១ នេះ សំដៅធ្វើសន្តិភាវូបនីយកម្ម និយាយរួមធ្វើឲ្យមានសន្តិភាពនៅក្នុងប្រទេស។
មុំទី ២ ត្រូវធ្វើសមាហរណកម្មឆាប់បំផុត ចូលទៅក្នុងសហគមន៍អន្តរជាតិ។ ពេលនោះ នៅពេលដែលជម្លោះកើតឡើងនៅក្នុងប្រទេស កៅអីរបស់អង្គការសហប្រជាជាតិ ត្រូវបានព្យួរឲ្យនៅទំនេរ។ អញ្ចឹងមួយអាទិត្យក្រោយត្រូវទៅយកកៅអីនៅអង្គការសហប្រជាជាតិ បន្តទៅត្រូវឈានឆ្ពោះចូលអាស៊ាន។ ដំណើរឆ្ពោះទៅចូលរួមគ្រប់អង្គការ ដែលជាសាខារបស់អង្គការសហប្រជាជាតិ រាប់ទាំងអង្គការពាណិជ្ជកម្មពិភពលោក។ ការពិតវាសម្រេចបាននៅក្នុងអាណត្តិនោះ ក៏ប៉ុន្តែដោយ ជាប់គាំងខាងនយោបាយ បានជាយើងឲ្យសច្ចាប័នទៅដល់ឆ្នាំ ២០០៤។ ការពិត យើងចាប់ផ្តើមចរចានៅក្នុងអាណត្តិទី ២ ហើយចូលអង្គការពាណិជ្ជកម្មពិភពលោក តាំងពីមុនការបោះឆ្នោតឆ្នាំ ២០០៣ ប៉ុន្តែយើងមកឲ្យសច្ចាប័នដល់ឆ្នាំ ២០០៤ ដោយសារតែការជាប់គាំងខាងក្នុង តាមប្រព័ន្ធ ២/៣ កាលពីពេលនោះ។ យើងចូលគ្រប់ក្រហែង។ ទៅអាស៊ាន រួចហើយអាស៊ី-អឺរ៉ុប ឬក៏ និយាយរួមអង្គការនានាដែលយើងត្រូវចូល កុំខ្លាចបង់ថ្លៃ ព្រោះជាសិទ្ធិរបស់យើង សន្លឹកឆ្នោតមួយសន្លឹក ប្រទេសនានាដែលចង់បានត្រូវមកចរចាជាមួយយើង …។
ឯមុំទី ៣ គឺអី? មុំទី ៣ ផ្អែកលើកត្តាអនុគ្រោះនៃសភាពការណ៍ផ្ទៃក្នុង និងអន្តរជាតិ ដែលជាមុំទី ១ និងមុំទី ២ ត្រូវប្រមូលផ្តុំនូវការខិតខំ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។ យុទ្ធសាស្ត្រត្រីកោណគឺមាន ៣ ចំណុចសំខាន់នេះ ហើយពេលនោះ យើងចាប់ផ្តើមងើបឡើងក្នុងឋានៈជាប្រជាជាតិមួយ ដែលឈានឆ្ពោះទៅមុខរហូតមកដល់ពេលនេះ។
បន្តចាក់វ៉ាក់សាំងដូសទី ៣, មានវ៉ាក់សាំងជាង ១០ លានដូសក្នុងឃ្លាំង
ឯយប់មិញនេះ ដេកអត់លក់ទៀត។ តែអត់មានយុទ្ធសាស្ត្រអីទេ។ ថ្ងៃនេះ យុទ្ធសាស្ត្ររបស់ខ្ញុំត្រឹមតែសុំកុំស្លន់ស្លោពេកចំពោះមុខ អូមីក្រុង(OMICRON)។ យើងអាចរកវិធី ហើយការពិត ខ្ញុំមើលប្រចាំថ្ងៃ ដែលលោកជំទាវ យក់ សម្បត្តិ បញ្ជូនមកឲ្យខ្ញុំ។ ដែលតា(Delta) មានដូចជា ១៨,០០០ ជិត ២០,០០០ ទៅហើយ។ អាល់ហ្វា(Alpha) មានតែជាង ៦,០០០ តើ។ អញ្ចឹង ដែលតា និងអាល់ហ្វា មានអីខុសគ្នា គ្រាន់តែមានសមត្ថភាពចម្លងលឿនតែប៉ុណ្ណោះទេ។ តែថាឲ្យ ដែលតា សម្លាប់មនុស្សគឺអត់ទេ អាលហ្វាក៏ងាប់។ អ្នកដែលមិនមែនឆ្លងក៏ងាប់ មិនដឹងធ្វើម៉េចបើដល់ម៉ោងងាប់។ ជឿលោកគ្រូ លី សាម៉េត ខ្លះទៅ។ គ្រូហ្នឹងទាយឆុតណាស់។ អាយុមិនអស់មិនស្លាប់ទេ។ អាហ្នឹងព្រហ្មលិខិត។ ដូចខ្ញុំគេបាញ់ប៉ុន្មានដង អត់ចេះងាប់ បាញ់អត់ត្រូវផង។ បេ ៤ គ្រាប់នៅសៀមរាបវាផ្ទុះតែមួយគ្រាប់ ហើយវាខុសឡានយើង ទៅងាប់អ្នកដទៃ។ គេចង់សម្លាប់យើង តែជីវិតរបស់យើងវាមិនទាន់អស់ វាត្រូវនៅ ដើម្បីនឹងរួមចំណែកកសាងប្រទេសនេះ។
មួយផ្នែកទៀត ខ្ញុំក៏សុំយកឱកាសនេះអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងទាំងអស់ មេត្តាបន្តចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺ COVID-19 នេះ។ ឥឡូវក្នុងមួយថ្ងៃ យើងមានករណីឆ្លងត្រឹមតែជាង ២០ ប៉ុណ្ណោះ ហើយស្លាប់គឺមានប្រមាណជា ៤-៥ នាក់ ក្នុងមួយថ្ងៃ។ ជាការគួរឲ្យស្តាយហើយ តែបើប្រៀបធៀបទៅនឹងរយៈពេលមុន គឺយើងមានការថយចុះច្រើន។ ប្រៀបធៀបជាមួយប្រទេសដែលនៅជាប់ព្រំដែនជាមួយយើង វៀតណាមយប់មិញឡើងដល់ទៅ មួយម៉ឺនបួនពាន់ជាង ហើយស្លាប់ដូចជា មួយរយកៅសិបជាង។ ថៃមិនប៉ុន្មានទេ។ ឡាវដូចឡើងជាងមួយពាន់ ស្លាប់ដូចជា ៥ ឬ ៦ នាក់។ ឯយើងនេះ បានគុណបុណ្យវ៉ាក់សាំងហើយ ត្រូវបន្តវ៉ាក់សាំងដូសទី ៣ ប៉ុន្តែវ៉ាក់សាំងដូសទី ៣ ត្រូវតែមានការកំណត់របស់វា ៤ ខែទៅ ៦ ខែ ទើបអនុញ្ញាតឲ្យចាក់។ វ៉ាក់សាំងអត់ខ្វះទេ កំពុងដេកនៅក្នុងឃ្លាំងប្រមាណជា ១០ លាន និងមានវ៉ាក់សាំងមកជាបន្តបន្ទាប់ទៀត។
រដ្ឋាភិបាលកម្ពុជានិងជប៉ុន គាំទ្រក្រុមហ៊ុនផលិតវ៉ាក់សាំងនៅកម្ពុជា
ម្សិលមិញខ្ញុំជួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន។ គាត់បានប្រកាស។ គាត់ឲ្យ វ៉ាក់សាំង AstraZeneca ១ លានដូសមកហើយ ក៏ប៉ុន្តែគាត់នឹងផ្តល់ឲ្យយើងចំនួន ៣០ ម៉ឺនដូសទៀត។ គាត់និយាយបន្ថែមថា នឹងពិនិត្យបន្តសម្រាប់ការផ្តល់ ជាមួយនឹងការប្រកាសផ្តល់ហិរញ្ញប្បទានសម្រាប់យើង ក្នុងការគ្រប់គ្រង COVID-19។ ម្យ៉ាងទៀត ដោយចុះហត្ថលេខារវាងក្រុមហ៊ុននិងក្រុមហ៊ុន និងមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសទាំងពីរ យើងបានទទួលសិទ្ធិក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់យើងតែម្តង ដែលអាចផ្តល់លទ្ធភាពឲ្យយើង អាចទិញយកវ៉ាក់សាំងជាផលិតផលសម្រេច មកប្រើប្រាស់ក្នុងស្រុកយើង ហើយក៏អាចនឹងការនាំចេញដោយក្រុមហ៊ុនទៅក្រៅប្រទេស។ យើងអត់ដឹងថាពេលណាត្រូវចប់ទេ។ យើងស្វះស្វែងមិនត្រឹមតែដើររកទិញទេ យើងស្នើសុំឲ្យមានការចែករំលែកពីមិត្តចិន នូវការផលិតវ៉ាក់សាំងទៅជាផលិតផលសម្រេច។ នៅប្រទេសឥណ្ឌូនេស៊ីក៏ធ្វើ នៅប្រទេសថៃក៏ធ្វើ។ ប្រទេសថៃគឺ AstraZeneca នៅឥណ្ឌូនេស៊ី គឺ Sinovac។ យើងធ្វើ Sinovac ដែលយើងប្រើប្រាស់រាល់ថ្ងៃ។
ត្រូវបន្តការខិតខំ រាប់ទាំងនាងៗ ដែលធ្វើការនៅខារ៉ាអូខេ នៅរង្គសាល នៅឌីស្កូអីហ្នឹង។ កុំឲ្យអ្នកទៅចូលរួមនេះ ទៅអោបទៅប្រជ្រៀតគ្នានៅហ្នឹង។ ប៉ុន្តែបើទៅខារ៉ាអូខេ បន្ទប់ខារ៉ាអូខេយ៉ាងម៉េច យើងវាមិនដែលដឹង។ រក្សាគម្លាតបានអត់? បើទៅអោបគ្នាចឹង។ ពីមុននេះ ពេលដែលកើតកូវីដ-១៩ ប្តីនៅផ្ទះ និយាយពីប្រពន្ធលេងតាម Tik Tok ថាយើងបានដៃហើយ គេអត់ទៅណាទេ ឥឡូវដល់បើកខារ៉ាអូខេវិញ ប្រពន្ធព្រួយចិត្ត។ យើងអំពាវនាវឲ្យមានការចូលរួមបន្ត។ តាមហាងតាមអី យើងបានឃើញហើយ។ យើងមានការកោតសរសើរចំពោះការខិតខំ។ ម្ចាស់ហាងត្រូវមានការទទួលខុសត្រូវ ហើយអ្នកទទួលទានហ្នឹងក៏ត្រូវមានការទទួលខុសត្រូវ កុំចូលទទួលទានហើយ ស្រាប់តែនាំកូវីដ-១៩ ចូលទៅក្នុងផ្ទះ …។
វ៉ាក់សាំង ពិតជាបានជួយជីវិតមនុស្ស
នៅក្នុងពេលប្រជុំអាស៊ី-អឺរ៉ុប អធិការបតីនៃប្រទេសអូទ្រីស ក្រោយពេលដែលគាត់បិទខ្ទប់ប្រទេសឡើងវិញ គាត់ថា គាត់អាចធ្វើសម្បទានត្រង់នេះបានៗ តែរឿងវ៉ាក់សាំងមួយធ្វើសម្បទានអត់បានទេ ព្រោះប្រទេសរបស់គាត់មានមនុស្សធ្វើបាតុកម្មប្រឆាំងការចាក់វ៉ាក់សាំង។ មានក្រុមមនុស្សដែលមិនព្រមពាក់ម៉ាស ធ្វើបាតុកម្ម មានក្រុមមនុស្សដែលមិនព្រមចាក់វ៉ាក់សាំង ធ្វើបាតុកម្ម។ ឥឡូវបណ្តាប្រទេសនានា ហាក់ដូចជាបានអនុវត្តទាំងអស់គ្នាហើយ។ អ្នកឯងមិនព្រមចាក់វ៉ាក់សាំង សូម្បីតែហាងគេមិនឲ្យចូល។ អាហ្នឹងជាស្អី? រំលោភសិទ្ធិទេ? ពីមុនគ្រាន់តែខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យវ៉ាក់សាំងកាតព្វកិច្ចសម្រាប់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គេទិតៀនខ្ញុំ។ តែឥឡូវលើលោកនេះ កម្រិតឲ្យចាក់។ ត្រូវតែចាក់ បើអ្នកឯងមិនចាក់ គឺមិនអនុញ្ញាតឲ្យចូលហាង ចូលស្អីៗ។ អញ្ចឹងវាត្រូវតែរកកន្លែងចាក់ … ឥឡូវតាមក្រសួងតាមអី គេកាត់អត់ឲ្យចូលធ្វើការ។ គេកាត់ប្រាក់ខែ។ អាហ្នឹងវាជាអី? តើរំលោភសិទ្ធិមនុស្សទេអាហ្នឹង?
ប៉ុន្តែសម្រាប់ប្រទេសរបស់យើង មានវ៉ាក់សាំងគឺថានាំគ្នាទៅចាក់។ អ្វីដែលគួរឲ្យគោរពស្រលាញ់បំផុតនោះ ពី ៥ ឆ្នាំទៅ ១២ ឆ្នាំ និយាយពីក្លាហានអស់ទាស់។ ទៅដល់ចាក់តែម្តង។ ឥឡូវគឺក្រុមហ្នឹងចាក់បាន ១០៤ ភាគរយ ហើយឲ្យចាក់ក្រោយឡើងជិតដល់ ៩០ ភាគរយ ទៅហើយ។ ព្រោះអ្វី? ជីដូន ជីតាគេ ក៏បានចាក់ ឪពុក ម្តាយគេ ក៏បានចាក់ បងបងបានចាក់ អាប្អូនក្លាហានលើស រួចទៅតម្រៀបជួរពាក់ម៉ាសយ៉ាងហំទៀត។ ហ្នឹងដែលជាមោទនភាពនៅក្នុងប្រទេសរបស់យើង មិនចាំបាច់មានបាតុកម្មទាមទារស្អីៗទេ។ ពិតមែនហើយមានចលនាប្រឆាំងកុំឲ្យចាក់វ៉ាក់សាំង ក៏ប៉ុន្តែមិនមែនជីវិតរបស់ពួកគេទេ។ យើងស្រលាញ់ជីវិតយើង។ យើងទៅរកវ៉ាក់សាំងមានអីខុស? ឥឡូវទីចុងបំផុតវ៉ាក់សាំងបានជួយការពារជីវិតមនុស្ស។
កុងសង់ស៊ីស អាស៊ាន ត្រូវមាន ១០ ប្រទេសសមាជិក
នេះជាកិច្ចការដែលទាមទារឲ្យធ្វើ។ ខ្ញុំកំពុងតែគិតថា នៅក្នុងខែចាប់ពីខែមករាទៅ ខ្ញុំអាចដើរនៅក្រៅប្រទេសច្រើន។ ក្រៅប្រទេសហ្នឹង ចំកន្លែងដែលផ្ទុះទៅទៀត។ ដូចជាការតម្រូវត្រូវតែចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក អឺរ៉ុបកំពុងផ្ទុះ បន្ទាប់ពីហ្នឹងត្រូវចូលរួមវេទិកាពិព័រណ៍ពិភពលោកនៅ Dubai, Arab Emirates ។ នៅក្នុងស្រុក យើងដឹងច្បាស់ថាយើងការពារខ្លួនរបៀបម៉េច។ ទៅខាងក្រៅក៏គេការពារដែរ តែយើងក៏ត្រូវប្រយ័ត្ន។ រួចហើយដូចជាសហរដ្ឋអាមេរិកមានបំណងនឹងធ្វើការប្រជុំអាស៊ាន-អាមេរិក។ ឥឡូវកំពុងពិភាក្សាគ្នា។ មេដឹកនាំអាស៊ាននៅក្នុងខែមករាប្រហែលជាពិបាក។ ពីមុន ខាងអាមេរិក ដូចជាចង់ពាក់កណ្តាលខែមករា។ បើពាក់កណ្ដាលខែមករា ក្នុងហ្នឹងមានមេដឹកនាំអាស៊ាន ប្រធានអាស៊ានតែម្តង គឺជាប់នៅ Davos។ អញ្ចឹងបើប្រជុំនៅអាមេរិក ខ្ញុំនិងប្រធានាធិបតីអាមេរិកជាសហប្រធានអង្គប្រជុំ ព្រោះកម្ពុជាធ្វើប្រធានអាស៊ានពេលហ្នឹង ហើយខ្ញុំក៏កំពុងពិនិត្យដែរ។
ម្សិលមិញ ជជែកជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន ហើយបន្ទាប់ទៅ ជជែកជាមួយរដ្ឋមន្រ្តីការបរទេសរបស់ឥណ្ឌូនេស៊ី តើយើងគួរទុកស្ថានភាពអាស៊ាន ៩ ឬអាស៊ាន ១០ ? ព្រោះកន្លងទៅនេះប្រជុំអាស៊ាន គឺមានតែ ៩ អាស៊ាន។ នេះជាចំណោទបញ្ហា។ តើយើងសុខចិត្តបំផ្លាញផ្ទះខ្លួនឯង ដើម្បីតម្រូវចិត្តដៃគូ? នេះជាសញ្ញាសួរដែលត្រូវដាក់។ មិនមែនយកអាស៊ានទៅប្រៀបធៀបជាមួយនឹងអង្គការសហប្រជាជាតិ ដែលថា ពេលនេះ ភាគីណាក៏មិនបានឡើងថ្លែងនៅអង្គការសហប្រជាជាតិ(នោះទេ)។ អត់ទេ។ នៅឯនោះ គេមានគណៈកម្មការពិនិត្យសារតាំង តែនៅអាស៊ានអត់មានទេ។ ចំណុចសំខាន់ជាងគេ គឺកុងសង់ស៊ីស។ បើកុងសង់ស៊ីស វាត្រូវតែ ១០ ប្រទេស។បើមានតែ ៩ ប្រទេស ឲ្យធ្វើម៉េច? អញ្ចឹងបានជានិយាយឲ្យច្បាស់ ថ្ងៃទី ៦-៧ ខែធ្នូប៉ុន្មានថ្ងៃខាងមុខនេះ អញ្ជើញរដ្ឋមន្រ្តីការបរទេសរបស់មីយ៉ាន់ម៉ា មកកាន់កម្ពុជា ហើយពេលនោះ ខ្ញុំនឹងជជែក។
ត្រៀមធ្វើដំណើរទៅមីយ៉ាន់ម៉ា ក្នុងនាមនាយករដ្ឋមន្ត្រីកម្ពុជា
ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា ដោយមិនដាក់លក្ខខណ្ឌទុកជាមុន។ ទៅក្នុងរូបភាពជានាយករដ្ឋមន្រ្តីកម្ពុជា។ អាស៊ានគិតថាម៉េច? ហ្នឹងខ្ញុំទៅក្នុងនាមជានាយករដ្ឋមន្រ្តីកម្ពុជាដែលខ្ញុំអត់ទាន់ធ្វើសកម្មភាពនៅពេលនេះទេ។ ថ្ងៃ ១ មករា។ ញញួរ គ្រាន់តែបានយកមក ប៉ុន្តែមិនទាន់បានប្រើទេ។ អញ្ចឹង បើអាស៊ានតែ ៩ ប្រទេស ម៉េចបានគេហៅថាអាស៊ានទៅកើត? អាស៊ានត្រូវមានកុងសង់ស៊ីស។ កុងសង់ស៊ីសវាទាល់តែ ១០ ប្រទេស។ ធម្មនុញ្ញអាស៊ាន អត់មានតម្រូវឲ្យដេញសមាជិកណាមួយចេញទេ។ នេះជាការបង្ហើបការគិតគូរខ្លះរបស់អនាគតប្រធានអាស៊ាន។ ប៉ុន្មានថ្ងៃទៀត ដល់ប្រធានអាស៊ានត្រូវធ្វើសកម្មភាពហើយ។ តើយើងគួរពង្រឹងផ្ទះខ្លួនឯង ដែលមានជើងសសរ ១០។ ឥឡូវសសរមួយបាក់។ តើទុកឲ្យបាក់អញ្ចឹង ដើម្បីបំពេញចិត្តដៃគូខាងក្រៅ ឬក៏ត្រូវរៀបចំផ្ទះខ្លួនឯង។ បើផ្ទះខ្លួនឯងរៀបចំមិនបាន អ្វីទៅដែលហៅថាសាមគ្គីភាពក្នុងអាស៊ាន ឬមជ្ឈភាពរបស់អាស៊ាន? នេះជាចំណោទបញ្ហាដែលខ្ញុំលើកជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុន។ ខ្ញុំលើកជាមួយលោកជំទាវរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី។
ធ្វើការក្រោមតុត្រូវគ្នា ទើបលើកដាក់លើតុប្រថាប់ត្រា
ម្សិលមិញ ខ្ញុំនិយាយត្រង់ៗជាមួយនាយករដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីថា ខ្ញុំចរចាមួយជីវិតរបស់ខ្ញុំហើយ អាលើតុនេះមិនសូវបានការទេ។ អាហ្នឹងគេគ្រាន់តែយកមកប្រថាប់ត្រាទេ។ ផ្ទុយទៅវិញ គេធ្វើការក្រោមតុត្រូវគ្នាហើយបានគេយកមកដាក់លើតុប្រថាប់ត្រា។ លើការជាក់ស្តែង និយាយរឿងមួយទាក់ទងនឹងរំសាយកងទ័ព។ យើងនៅចាំទេ PATTAYA ខ្ញុំលើកសុំរំសាយកងទ័ព ៣០ ភាគរយ។ ត្រីភាគីបានលើកត្រឡប់មកវិញថា អត់ទេ ទុកមួយភាគី ២០០០ នាក់។ កងទ័ពត្រីភាគី យើងថា ឲ្យអស់ខ្យល់ចុះ ៥ ម៉ឺន គេទុកបាន ៦ ពាន់ ឯយើងកងទ័ព ១៥ ម៉ឺនទុកបាន ២០០០ នាក់។ យើងគ្រប់គ្រងទឹកដីជាង ៩០ ភាគរយ។ អញ្ចឹងទេមានតែវិធីមួយហៅ តំណាងបារាំងមកបាយ។ ពេលបាយ សួរថា បើខ្ញុំលើកអំពីការរំសាយកងទ័ព ៧០ ភាគរយ តើប្រទេសធំ ទាំង ៥ គិតយ៉ាងម៉េច? (គាត់ឆ្លើយ) បើបានអញ្ចឹង គឺល្អហើយ ឯកឧត្តម។ មុននឹងធ្វើរឿងហ្នឹង ខ្ញុំបានហៅសម្តេចពិជ័យសេនា, បងហោ ណាំហុង និង ស៊ិន សេន មកជួបក្នុងបន្ទប់ មុននឹងកំណត់ហៅតំណាងបារាំងមកបាយព្រឹក ឬជួបគ្នាពេលល្ងាច។ ដល់ពេលអញ្ចឹង ខ្ញុំបានប្រាប់ខាងតំណាងបារាំងថា ខ្មែរក្រហមចាំតែជំទាស់អ្វីដែលខ្ញុំលើក … អញ្ចឹងឯកឧត្តម សុំទៅទូលព្រះករុណាថា ប្រទេសធំទាំង ៥ មានបំណងរំសាយកងទ័ព ៧០ ភាគរយ ហើយបើព្រះករុណាលោកលើក ខ្ញុំនឹងគាំទ្រភ្លាម …។
សម្តេចក្រុមព្រះ សូមសោកស្តាយដែល សម្តេចក្រុមព្រះ លោកសោយទិវង្គត។ ឥឡូវកំពុងខិតខំរកយន្តហោះ ដើម្បីមកធ្វើបុណ្យនៅក្នុងប្រទេសរបស់យើងវិញ។ ព្រះអង្គម្ចាស់ ឯកឧត្តម ឥឡូវប្រទេសធំទាំង ៥ គេចង់ឲ្យយើងរំសាយកងទ័ព ៧០ ភាគរយ តើព្រះអង្គម្ចាស់ ឯកឧត្តម យល់យ៉ាងម៉េច? ខ្ញុំលើកដៃសុំគាំទ្រព្រះអង្គ ដល់ងាកទៅ ខៀវ សំផន គាំទ្រ, សឺន សាន គាំទ្រ, សម្តេចក្រុមព្រះគាំទ្រ ចប់។ អញ្ចឹង ហើយបានខ្ញុំប្រើពាក្យថា នំ ហ៊ុន សែន ធ្វើផ្ញើតាមដៃអ្នកដទៃ ជូនមក ហ៊ុន សែន ស៊ីវិញ រឿងវានៅត្រង់កន្លែងហ្នឹង។ ការពិតក្រោមតុសោះ យកទៅប្រថាប់ត្រាលើតុ ចេញនៅក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស រំសាយកងទ័ព ៧០ ភាគរយ។ រឿងវាអញ្ចឹង។ កុំថា ហ៊ុន សែន ជាមនុស្សល្បិច។ ធ្វើនយោបាយ បើសិនជាមិនមានវិធីធ្វើនយោបាយទេ កុំហៅធ្វើអ្នកនយោបាយ។ សូម្បីតែអាចារ្យវត្តក៏មានវិធីដែរ ធ្វើម៉េចឲ្យគេចូលលុយឲ្យបានច្រើន។ ជួនកាលអាចារ្យខ្លះខូច លួចទាំងលុយលោកទៅទៀត …។
កាន់អំណាច ត្រូវតែមានអំណាច
ឥឡូវនេះនិយាយត្រង់ៗ មានអាអ្នកវិភាគថាលោក ហ៊ុន សែន ធ្វើអញ្ចឹង ដើម្បីពង្រឹងអំណាច។ អូខេ! វាមិនដែលម៉ែអាណាកាន់អំណាចហើយ មិនពង្រឹងអំណាចទេ។ និយាយឲ្យច្បាស់តែម្តង។ ឲ្យតែចេញមកថាលោក ហ៊ុន សែន ធ្វើហ្នឹងដើម្បីមកពង្រឹងអំណាច ប្រាប់ផ្តាំទៅអ្នកឯង អញមិនធ្វើសត្រូវជាមួយអំណាចទេ … ចុះបើសិនជាកាន់អំណាច យើងបែរជាគ្មានអំណាចសួរថាកាន់ធ្វើអី? ឧទាហរណ៍ ខ្ញុំបញ្ជាទៅទន្លេសាប បើរឹងទទឹងវាយខ្នោះភ្លាម អត់មានរញ៉េរញ៉ៃទេ។ ឥឡូវឮថាចុះហត្ថលេខាប្រគល់ដី ប្រគល់អី រួចដកខ្លួន។ អ្នកណាមិនចេញសារភាពតាមវាយខ្នោះ។ ហ្នឹងហើយអំណាច។ បើអត់អំណាចធ្វើអី ដើម្បីពង្រឹងអំណាច។ បន្តទៀតគេថា ពង្រឹងអំណាចខ្លួនហើយ ត្រៀមពង្រឹងអំណាចឲ្យកូនទៀត។ បើកូនមានសមត្ថភាព (មិនឲ្យធ្វើ ទុក)ឲ្យអ្នកឯងធ្វើវិញហ្អី? និយាយឲ្យច្បាស់។ ចាំពួកអ្នកឯងស្អី បើកូនមានសមត្ថភាព។ បណ្តុះបណ្តាលឲ្យធ្វើអី? មេចោរ? កូនសុទ្ធតែបណ្ឌិត អនុបណ្ឌិតបណ្តុះបណ្តាលបានប៉ុណ្ណឹងឲ្យមកធ្វើមេចោរ ឬស្អី? មើលនិយាយឲ្យវាត្រង់ៗតែម្តងទៅ។
ឥឡូវ អ្នកឯងចង់ថាអីក៏ថាទៅ អ្នកឯងកាន់តែថា អញកាន់តែពង្រឹង។ លោក ហ៊ុន សែន ធ្វើនេះ ដើម្បីពង្រឹងអំណាច ចាក់វ៉ាក់សាំងក៏ដើម្បីពង្រឹងអំណាច។ បើចាក់វ៉ាក់សាំងទៅប្រជាជនគាត់ស្រឡាញ់ គាត់ថាអាហ្នឹងផលប្រយោជន៍ការពារជីវិតគាត់បាន គាត់បោះឆ្នោតឲ្យទៀត អាហ្នឹងជាការពង្រឹងអំណាច វាជារឿងធម្មតា។ បើអ្នកឯងភ្លើណាស់កុំធ្វើខ្លួនជាអ្នកវិភាគ។ សួរទៅ ប្រធានាធិបតី (ឬ)នាយករដ្ឋមន្ត្រីនៅលើពិភពលោក តើមានប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីណា ដែលថាអត់ពង្រឹងអំណាចទេ … សូម្បីតែអាចារ្យវត្តក៏ប្រឹងពង្រឹងអំណាចដែរ។ គ្រូសូត្រឆ្វេង/ស្តាំ ចៅអធិការក៏ពង្រឹងអំណាចដែរ។ ទម្រាំគេធ្វើនាយករដ្ឋមន្ត្រី ឯណាទាហានផង ឯណាប៉ូលីសផង ឯណាប៉េអឹមផង ឯណាមន្ត្រីរាជការស៊ីវិលផង បើអត់មានអំណាចផងយកមកធ្វើអី? … ឥឡូវ ហ៊ុន សែន បន្តពង្រឹងអំណាចឲ្យអ្នកឯងមើល ហើយយកទៅវិភាគទៀតទៅ …។
បែកបាក់ផ្ទៃក្នុងខ្លួនឯង មកបន្ទោសអ្នកដទៃ
គេបែកបាក់នៅឯណាឯណោះមកបន្ទោសឯងដែរ។ វិភាគចុះ/ឡើង គេបែកបាក់គ្នា មកបន្ទោស ហ៊ុន សែន។ មិនយល់អាកន្លែងហ្នឹង? គណបក្សប្រជាជន ជាគណបក្សមួយដែល(ត្រូវ)គេបំបែកតាំងពីឆ្នាំ ១៩៧៩-៨០ ឯណោះ។ តាំងពីជាង ៤០ ឆ្នាំមុន។ តែគណបក្សប្រជាជន មិនព្រមបែក។ ធ្វើអីគណបក្សប្រជាជន? ប៉ុន្តែ ពួកឯងនេះវាបែកខ្លួនឯង។ ម៉េចមកបន្ទោសគេ? យើងនិយាយពីរឿងប្តីប្រពន្ធទៅចុះ។ ទោះបីអ្នកណាថាអីក៏ដោយ ម្តាយ/ឪពុកក្មេក បង/ប្អូនថ្លៃធ្វើម៉េចក៏ដោយ។ បើប្តីប្រពន្ធយើងស្រឡាញ់គ្នា យើងនៅតែយកគ្នាបាន។ អញ្ចឹង ពួកអ្ហែងនេះខ្សោយណាស់ធ្វើឲ្យគេបំបែកបាន … បើវាភ្លើណាស់ឲ្យវាបែកទៅចុះ … ស្អីក៏ ហ៊ុន សែន។ អញ្ចឹង ហ៊ុន សែន ទៅជាមនុស្សដែលខ្លាំងមហាអស្ចារ្យហើយ ដែលបំបែកពួកអ្ហែងបាននោះ។ ពួកអ្ហែងទាស់គ្នាអ្ហែងទេតើ រឿងអីមកទាក់ទងជាមួយអញ? និយាយអ្ហែងអញ វាថាអសីលធម៌ទៀត។ ប៉ុន្តែ … វាឲ្យកូនចៅជេរ សុទ្ធតែ អាសែន សុទ្ធតែអាខ្វាក់ អាស្អីឯណា។ យើងនិយាយឲ្យវាច្បាស់ទៅមើល ក្នុងឋានៈជាបណ្ឌិត ឬក៏ជាអ្នកវិភាគ ស្អីឡើង ហ៊ុន សែន ពង្រឹងអំណាច, ការបែកបាក់មកពី ហ៊ុន សែន។ ទេ! អ្ហែងរួមក៏រួមទៅ អ្ហែងបែកក៏បែកទៅ … ការបង់ខាតមិនមែន ហ៊ុន សែន ទេ គឺពួកអ្នកឯងទេតើ បែកបាក់ក្រុមអ្នកឯងទេតើ។ អ្នកណាស៊ីលើអ្នកណា គេកំពុងតែជជែកគ្នាហ្នុង។ គណបក្សប្រជាជនអត់លូកដៃធ្វើការវិភាគទេ។ អ្នកខ្លះយករូបគេយកទៅ(ធ្វើការប្រៀបធៀប)ធុនមនុស្សតែមួយឯណា។ ឥឡូវ ម្នាក់ទៀតថា ទេ! មិនមែនមនុស្សតែមួយទេ មនុស្សពីរផ្សេងគ្នា។ ហ្នឹងរឿងរបស់ពួកអ្នកឯងទេតើ តែការអនុវត្តផ្លូវច្បាប់ ហ្នឹងរឿងរបស់ច្បាប់។ ម៉េចបានអ្នកឯងមើលរំលងរឿងផ្លូវច្បាប់? ហើយមកវិភាគឆ្កួត?
អ្នកដែលថាយើងពង្រឹងអំណាច វាកំពុងតែទារពង្រឹងអំណាច
ឥឡូវផ្តាំ ចំណុចទី ១ ហ៊ុន សែន ធ្វើហ្នឹង ដើម្បីពង្រឹងអំណាច សូម្បីតែអំពាវនាវឲ្យបណ្តាខេត្តយកចិត្តទុកដាក់ ចំពោះសុខភាពមនុស្សចាស់ក្នុងពេលរដូវរងារនេះ។ ខេត្តព្រះសីហនុធ្វើបានច្រើនហើយ ភ្នំពេញធ្វើ បានច្រើនហើយ ចែកអាវរងា ចែកភួយ ចំពោះមនុស្សចាស់ គ្រប់ខេត្តសុទ្ធតែបានធ្វើហើយ វាថាឯងពង្រឹងអំណាចដែរ។ បើឲ្យទៅគាត់ស្រឡាញ់យើង អាហ្នឹងអំណាចរបស់យើងវាក៏កើនទៅតាមហ្នឹងដែរ។ ចេះភ្លើយ៉ាងម៉េច ហើយទុកឲ្យចាស់ៗ គាត់រងាឈានទៅដល់ការស្លាប់ មិនព្រមមើលគាត់? ចាក់វ៉ាក់សាំង ក៏វាថាឯងពង្រឹងអំណាច យកអាវរងារទៅចែកកងទ័ព ដែលជាកាតព្វកិច្ចនាយករដ្ឋមន្ត្រីត្រូវតែធ្វើ វាទៅជាឯងពង្រឹងអំណាច។ ឥឡូវ និយាយឲ្យច្បាស់ជាមួយគ្នា បើធ្វើនាយករដ្ឋមន្ត្រីមិនពង្រឹងអំណាច មិនមែននាយករដ្ឋមន្ត្រីទេ ទៅសួរទៅនៅលើពិភពលោក។ ប្រទេសខ្លះកែរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងអំណាចបន្ថែម ម៉េចគេធ្វើបាន? ហើយ NGO នៅទីក្រុងភ្នំពេញ បន្តិចទៀតគេឡើង(បកស្រាយ)ហើយ លោក ហ៊ុន សែន ទទួលស្គាល់(ថាកំពុង)ពង្រឹងអំណាច។ ថ្ងៃក្រោយប្រកាសទៀត ថាអញពង្រឹងអំណាច។ ប៉ុន្តែ អាអ្នកដែលកំពុងនិយាយថាយើងពង្រឹងអំណាច វាក៏កំពុងតែទារពង្រឹងអំណាចវាដែរ ឲ្យអង្គការក្រៅរដ្ឋាភិបាលមានសិទ្ធិធ្វើនេះៗ ឲ្យយើងកែទាំងច្បាប់អង្គការក្រៅរដ្ឋាភិបាល។ វាទាមទារពង្រឹងអំណាចវាដែរ តែវាមកជេរឯងថាកំពុងពង្រឹងអំណាច។
ហ៊ុន ម៉ាណែត បេក្ខភាពមួយ ក្នុងចំណោមបេក្ខភាពតំណែងនាយករដ្ឋមន្ត្រី
មួយទៀតនិយាយប្រាប់ឲ្យច្បាស់។ ឯងនិយាយពីរឿងកូនអញ។ អញប្រកាសថ្ងៃហ្នឹងតែម្តង។ គាំទ្រកូនឲ្យធ្វើនាយករដ្ឋមន្ត្រីបន្ត តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេ។ ត្រូវបោះឆ្នោត។ និយាយឲ្យច្បាស់ថ្ងៃហ្នឹងតែម្តងទៅ។ បណ្តុះបណ្តាលកូន មិនមែនយកមកឲ្យធ្វើមេចោរទេ។ សូម្បីតែជប៉ុនគេមានពូជរបស់គេ។ ដូច Shinzō Abe ជីតារបស់ Shinzō Abe គឺជានាយករដ្ឋមន្ត្រី ហើយធ្លាប់មកទស្សនកិច្ចនៅស្រុកខ្មែរ។ ឪពុករបស់ Shinzō Abe គឺរដ្ឋមន្ត្រីការបរទេស រហូតដល់ Shinzō Abe គឺធ្វើនាយករដ្ឋមន្ត្រី ធ្វើទាល់តែ Shinzō Abe សុំឈប់ខ្លួនឯង។ Yasuo Fukuda ក៏អញ្ចឹងដែរ គេមានពូជធ្វើនយោបាយរបស់គេ។ ខ្ញុំចង់ផ្តាច់ ក៏ប៉ុន្តែ អ្ហែងនៅបង្ខំចិត្ត ប្រកាសយកតែម្តងទៅ។ ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយនៅក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយឪពុកវាគាំទ្រ។ និយាយឲ្យច្បាស់អញ្ចឹងទៅ កុំឲ្យហ្អែងពិបាកវិភាគពេក។ អ្ហែងវិភាគទៅវាយ៉ាប់ពេក។ ប្រាប់អ្ហែងឲ្យត្រង់ ថាអញគាំទ្រកូនឲ្យធ្វើនាយករដ្ឋមន្ត្រី។ អ្ហែងប្រឹងតស៊ូទៅ។ ហ៊ុន ម៉ាណែត “កូនរបស់ ឡេឌឹកថ” ការប្រមាថមួយនេះពួកអ្ហែងអត់រួចខ្លួនទេ ប្រាប់ឲ្យហើយ។
ថ្ងៃមុនឃើញ តារា យករូបថតមកឲ្យ(មើល)។ ខ្លួនឯងឈរ វាដាក់រូប ឡេឌឹកថ ជាមួយប្រពន្ធឯង។ អញ្ចឹងបានវាចាប់ផ្តើមវាយ ម៉ាណែត ពីឥឡូវ។ ខ្ញុំសូមប្រកាសថ្ងៃនេះតែម្តង។ ថ្ងៃនេះ ថ្ងៃទី ២ ធ្នូ ថ្ងៃខ្ញុំចាប់ផ្តើម ហើយក៏ជាស្ថាបនិកកងកម្លាំងប្រដាប់អាវុធ មិនមែនមេទ័ពទេ តែជាស្ថាបនិកបង្កើតទ័ព និងកាន់ទ័ពហ្នឹង។ ថ្ងៃទី ២ ធ្នូ ហ្នឹង ជាថ្ងៃខ្ញុំចូលរួមនៅក្នុងក្បាលម៉ាស៊ីនអង្គការចាត់តាំងនយោបាយ ទទួលបន្ទុកកិច្ចការបរទេស ជាប្រធានយុវជន និងអង្គការមហាជនដទៃទៀត។ រឿងអីកូនអ្នកដទៃធ្វើបាន ឯកូន ហ៊ុន សែន ធ្វើមិនបាន? ប្រកាសថ្ងៃនេះឲ្យច្បាស់កុំឲ្យវាពិបាកវិភាគ … នៅពេលក្រោយ ហ៊ុន សែន (គឺ) ហ៊ុន ម៉ាណែត មួយជាបេក្ខភាពក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី មិនមែនមានតែម្នាក់ទេ។ ប៉ុន្តែបានទទួលការគាំទ្រពីឪវាពេញលេញ … ហ៊ុន សែន មានថ្ងៃងាប់ថ្ងៃចាស់។ បើមានកូនម៉េចមិនឲ្យធ្វើបន្តទៅ? (តែត្រូវ)តាមរយៈការបោះឆ្នោត …។ ថ្ងៃនេះ បានភ្លឺភ្នែក។ ថាមិនចង់និយាយពីរឿងយុទ្ធសាស្ត្រអីទេ ក៏ប៉ុន្តែ អាហ្នឹងគួរតែត្រូវបញ្ជាក់ដែរ។
ថវិកាវិនិយោគនៅក្រុងព្រះសីហនុសរុប ៣២៤ លាន ដុល្លារ
សូមបញ្ជាក់ដែរថា នៅទីនេះកាមេរ៉ាសុវត្ថិភាពចំនួន ៥៣៣ គ្រឿង សូមកុំទៅញ៉ែគ្នាកន្លែងណាមិនស្រួល កុំទៅ ប្រព្រឹត្តអំពើអនាចារ ឬក៏លួចប្លន់ គឺកាមេរ៉ាចាប់យកអស់។ (ក្រុងព្រះសីហនុ)ជាទីក្រុងមួយមានកាមេរ៉ា ច្រើនបំផុត។ អំពូលភ្លើង ក៏ជាអំពូលភ្លើងឆ្លាតទៀត។ អ្វីទៅដែលហៅថា អំពូលភ្លើងឆ្លាត? អាហ្នឹងវាចំណេញភ្លើង ដែលខ្ញុំណែនាំឲ្យគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសប្រើប្រាស់អាអំពូលឆ្លាតនេះ។ អាហ្នឹងនៅពេលអត់មានរថយន្តឆ្លងកាត់ អាហ្នឹង គឺវាស្រទុំចុះ។ អញ្ចឹង ភ្លើងក៏វាស៊ីតិចដែរ។ ដល់ទៅពេលរថយន្តមកដល់ អាហ្នឹងភ្លឺឡើង ហើយផលិតនៅក្នុងស្រុកខ្មែរ (ផលិតដោយ)ក្រុមហ៊ុនជប៉ុន មីនីបៀ។
ខ្ញុំនឹងជួបគាត់នៅថ្ងៃទី ១៧ ធ្នូ។ អញ្ចឹង បានជាសុំប្រាប់សមាជិក(រាជ)រដ្ឋាភិបាល តាមពិតថ្ងៃទី ១៧ បានប្រជុំគណៈរដ្ឋមន្ត្រី ប៉ុន្តែដោយសារខ្ញុំត្រូវជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ បូកជាមួយមីនីបៀនេះ បានជាត្រូវឲ្យឯកឧត្តម ប៊ិន ឈិន អញ្ជើញប្រជុំថ្ងៃទី ១៦ ខែធ្នូ វិញ។ ការប្រើប្រាស់ថវិកាដែលយើងវិនិយោគនៅទីនេះ វាមិនតូចទេ។ ចំនួន(ទឹកប្រាក់) ដែលគិតថាយើងជាអ្នកក្រនោះ។ ក្នុងនោះ ៣២៤ លាន ដុល្លារ ថវិការដ្ឋ ៣១០ ថវិកា, ក្រុមហ៊ុន វ៉ាង ស៊ី ១០ លានដុល្លារសហរដ្ឋអាមេរិក, ឧកញ៉ា លី យ៉ុងផាត់ ៣ លានដុល្លារសហរដ្ឋអាមេរិក, ឧត្តមសេនីយ ខេង សាមេត ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក រួមចំណែកគ្នាទាំងរដ្ឋ និងឯកជន។ អញ្ចឹងបានផ្លូវដើរទាំងអស់គ្នាស្អាត ហើយអញ្ជើញបងប្អូនទូទាំងប្រទេសមកលេងកំពង់សោម ដើម្បីមើលផ្លូវ។
… ថ្ងៃ ១៥ ធ្នូ ខ្ញុំនឹងសម្ពោធសណ្ឋាគារ ដែលមានសហប្រតិបត្ដិការជាមួយអាមេរិក Hyatt របស់ក្រុមហ៊ុន ជីប ម៉ុង។ ដើម្បីបង្ហាញថា កម្ពុជាចាប់ផ្ដើមបើកសេដ្ឋកិច្ច បើកទេសចរណ៍ ប៉ុន្ដែកុំចាំតែបរទេស ខ្មែរយើងក៏ចេះ(បើក) អាផ្កាយបួន ផ្កាយប្រាំដែរ កុំឆ្ងល់ពេក។ ទៅរកដេកសាកមើល។ ពេលយើងទៅលេងក្រៅប្រទេសក៏ដេកអាហ្នឹងដែរ។ ឥឡូវអត់បានទៅក្រៅប្រទេស នៅលេងក្នុងប្រទេសដេកអាធុនផ្កាយហ្នឹងទៅ។ ទៅពីកំពង់សោម ដល់ភ្នំពេញ ដេកអាផ្កាយហ្នឹងងទៅ។ អ្នកភ្នំពេញមកដល់កំពង់សោម ដេកអាផ្កាយហ្នឹងទៅ។ អ្នកសៀមរាប ទៅបាត់ដំបង ដេកអាផ្កាយហ្នឹងទៅ។ ចុះ(បើមានសណ្ឋាគារថ្នាក់)ផ្កាយមួយគគោក។
ស្វែងរកតំណែងនាយករដ្ឋមន្ត្រី ១០ ឆ្នាំទៅមុខទៀត
ថ្ងៃនេះ គឺថាអ្នកវិភាគទាំងប៉ុន្មាន ថាការបែកបាក់ អ្នកឯងចង់បែកបាក់ បែកបាក់ទៅ អាហ្នឹងរឿងរបស់អ្នកឯងតើ។ (ខ្ញុំ)គ្រប់គ្រងតែគណបក្សប្រជាជនកម្ពុជាមួយ វាពិបាកណាស់ទៅហើយ។ ប៉ុន្ដែសូមកុំភ្លេចណា គណបក្សប្រជាជនកម្ពុជា (ត្រូវ)គេប្រឹងបំបែក រហូតដល់ដំណាក់កាលចុងក្រោយ គេថា (សម្ដេច ស) ខេង ទៅបង្កើតរដ្ឋាភិបាលចម្រុះជាមួយគេ ក្នុងពេលដែលទៅស្រុកបារាំង ជួបគ្នាអីណា បង្កើតរដ្ឋាភិបាលអីណា។ (ចង់)បំបែក។ បែបគិតស្មានថា ហ៊ុន សែន ត្រូវតែចាប់ (សម្ដេច)ស ខេង អញ្ចឹង តែម្ដង ឬអី? ប៉ុណ្ណឹងហើយមុខក្រាស់នៅបន្ដទៀត (ថា)គណបក្សប្រជាជនកម្ពុជានឹងបែកបាក់។ អើគ្រាន់តែបែកបាក់ តាំងពីឆ្នាំ ១៩៨១ ឥឡូវ ៤០ ឆ្នាំ នឹងបែកបាក់ៗ រង់ចំារហូត។ ៤១ ឆ្នាំ គេចេះធ្វើការពេក។ រួចច្បាស់ជាវាយកទៅវិភាគហើយ។
… វាថា បើដាក់ ហ៊ុន ម៉ាណែត មកចុះ(សម្ដេច) ស ខេង? ឥឡូវ អ្ហែងជួយគិតអញមើល។ អញសួរអ្ហែង? អញ ៦៩ ឆ្នាំ, (សម្ដេច ស) ខេង អាយុប៉ុន្មាន ឆ្នាំ ខាល ឬថោះ? (ថោះ) ថោះ (ខ្ញុំ)រោង បងខ្ញុំមួយឆ្នាំ។ ឥឡូវ យើងគិតថា (សម្ដេច ស) ខេង ៧០ ឆ្នាំ ខ្ញុំ ៦៩ ឆ្នាំ ឬក៏ ៧០ ឆ្នាំ ចូល ៧១ ឆ្នាំ ហើយខ្ញុំ ៧០ ឆ្នាំ។ (សម្ដេច ស) ខេង មិនបងខ្ញុំមួយឆ្នាំ? មិនអញ្ចឹង ដល់ពេលយើងធ្វើដំណើរជាមួយគ្នាទៅដល់ ឧទាហរណ៍យើងធ្វើដំណើរជាមួយគ្នាទៅដល់ ២០២៨។ (សម្ដេច ស) ខេង ឯងមិន ៧៩ ខ្ញុំមិនអាយុ ៧៨ ឆ្នាំ? ហើយអញ្ចឹង (សម្ដេច ស) ខេង មកធ្វើនាយករដ្ឋមន្ដ្រីអីទៀត? បើគង់តែ(សម្ដេច ស ) ខេង មកធ្វើនាយករដ្ឋមន្ដ្រី ខ្ញុំបន្ដទៅវាមិនស្រួលជាង … សូម្បីគណិតវិទ្យាប៉ុណ្ណឹង ក៏ចេះគិតមិនឃើញ។
នៅពេលដែលខ្ញុំលើកពីឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន វាចាប់ផ្ដើមលើកពីសម្ដេច ស ខេង។ អញ្ចឹងសម្ដេច ស ខេង អត់បានធ្វើនាយករដ្ឋមន្ដ្រីទេ។ អញ្ចឹង បានប្រកាសហើយថា អញធ្វើ(នាយករដ្ឋមន្ដ្រី) ១០ ឆ្នាំទៀត។ បើ ១០ ឆ្នាំទៀត ឥឡូវ យើងថា ១០ ឆ្នាំទាំងអស់គ្នា ខ្ញុំ ៨០ ឆ្នាំ, (សម្ដេច ស) ខេង ឯង ៨១ ឆ្នាំ។ បើយកអា ៨០ ឆ្នាំចេញ ដាក់អា ៨១ ឆ្នាំចូល ទុកឲ្យខ្ញុំធ្វើដដែលទៅវាមិនស្រួល។ វាយ៉ាប់ពេក។ គេហៅថា បណ្ឌិតល្ងង់ទូ បានវាត្រូវ។ អញ្ចឹង ពេលហ្នឹង គេដាក់ក្មេងៗចូលហើយ តែគេចេញ គេចេញមួយផ្ទាំងតែម្ដង ហើយគេដាក់ក្មេងចូល។ គេចេះរៀបចំគណបក្សរបស់គេ។ គេធ្វើតាំងពីមនុស្សប៉ុន្មាននាក់នោះ។ បើខ្ញុំចាប់ផ្ដើមពីមនុស្សតែ ៥ នាក់ទេ។ នៅពេលសន្និបាតលើកទី ៣ មានតែ ៦២ នាក់ តើ។ ឥឡូវ សមាជិកយើងមានជាង ៦ លាននាក់។ គេចេះពេកហើយ មិនចំាបាច់មកគិតឲ្យគេទេ …។
ឯងនេះ គិតថា មិននិយាយពីយុទ្ធសាស្ដ្រទេ (ឥឡូវ)និយាយអស់រលីង។ និយាយបំបែក ឲ្យអ្ហែងដឹងអញ្ចឹងតែម្ដង។ ឥឡូវនៅលើនេះ(វេទិកា) តើអ្នកមានអាយុក្រោម ៦០ ឆ្នាំប៉ុន្មាននាក់ ? ក្រោម ៦០ ឆ្នាំតិចណាស់ សុទ្ធតែលើ ៦០ ឆ្នាំ។ គេប្រើពាក្យ U-៨០ ឆ្នាំ និង U-៧០, U-៦០ អត់សូវមានទេ លើឆាកហ្នឹង។ U-៦០ បានន័យថា អាយុក្រោម ៦០ ឆ្នាំ មានតិចណាស់។ ច្រើនតែក្រោម ៧០ ឆ្នាំ និងក្រោម ៨០ ឆ្នាំ នៅលើហ្នឹង។ អញ្ចឹង បើថា (សម្ដេច ស) ខេង មកធ្វើ ឬ (សម្ដេច ទៀ) បាញ់ មកធ្វើ ឬ ឆៃលី មកធ្វើ អញ្ចឹងទុក ហ៊ុន សែន មកធ្វើតែម្ដងទៅ … គេថា (សម្ដេច) ស ខេង អត់បានធ្វើ(នាយករដ្ឋមន្ដ្រី)ទេអញ្ចឹង ព្រោះចេញកូន ចេញអីមក។ ចុះក្រែងប្រកាសហើយតើ ថាធ្វើ ១០ ឆ្នាំទៀត។ មានអាមួយណានោះ គិតស្មានថា វាអត់ចាស់ទេ វាថា ហ៊ុន សែន ចាស់ហើយ ប៉ុន្ដែវា(អាយុ)បងយើងដល់ទៅ ២-៣ ឆ្នាំ នោះ។ អញ្ចឹងស្មានតែអញរាប់បន្ថែមឆ្នាំ អ្ហែងនៅដដែល? អ្ហែងគិតយ៉ាងម៉េច?
ប៉ុណ្ណឹងទៅចុះ។ និយាយនេះ ដៅសំខាន់ គឺប្រាប់អ្នកឯងឲ្យដឹង។ បែកបាក់ គឺជារឿងអ្នកឯង មិនមែនជារឿងរបស់ ហ៊ុន សែន ទេ។ បើសិនជាអ្នកឯងចាត់ទុកថា ហ៊ុន សែន ពូកែដល់ម្ល៉ឹង អញ្ចឹងមិនចាំបាច់ទៅធ្វើបក្សនយោបាយអីទេ នាំគ្នាទៅងាប់ឲ្យអស់ទៅ ព្រោះ ហ៊ុន សែន អាចនឹងបំបែកពួកអ្នកឯងបានទៅហើយ អញ្ចឹង ហ៊ុន សែន ជាមនុស្សខ្លាំងអស្ចារ្យណាស់ អ្នកឯងឲ្យតម្លៃខ្ញុំខ្ពស់ពេក។
ពង្រឹងអំណាច ទុកឲ្យក្មេងជំនាន់ក្រោយ
រឿងពង្រឹងអំណាច ច្បាស់ណាស់ ហ៊ុន សែន នឹងបន្តនឹងអំណាចរបស់ខ្លួនបន្ថែម ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយ ព្រោះមិនមែនតែកូនខ្ញុំម្នាក់ធ្វើកើតទេ វាទៅទាំងសំណុំរបស់វា … ដែលមានមន្រ្តីក្មេងៗ វាមិនដែលនរណាដឹកនាំប្រទេសម្នាក់ឯងទេ។ រឿង ហ៊ុន ម៉ាណែត និយាយឲ្យច្បាស់ថ្ងៃនេះតែម្ដង។ ហ៊ុន ម៉ាណែត ជាបេក្ខជនមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្រ្តី ដែលមានការគាំទ្រពីឪពុករបស់ខ្លួន … កូនប្រុសត្រូវធ្វើអំពើល្អ ដើម្បីឈានទៅកាន់ដំណែងនាយករដ្ឋមន្រ្តីនៅពេលក្រោយ។ កុំឲ្យគេប្រមាថ។ សុទ្ធតែឈាមវៀតណាម កូន Le Duc Tho … ការប្រមាថរបស់អ្នកឯង ឲ្យអ្នកឯងភ្លឺភ្នែកឲ្យហើយ។ ដល់ពេលនោះ ហ៊ុន ម៉ាណែត នឹងធ្វើនាយករដ្ឋមន្រ្តី។ ហ៊ុន ម៉ាណែត នឹងចាត់ការអ្នកឯងយ៉ាងម៉េច។ ប៉ុន្តែ ដល់ពេលនោះ ងាប់បាត់ហើយពួកហ្នឹង។ ប៉ុន្តែ ហ៊ុន ម៉ាណែត ត្រូវរត់ជាមួយនឹងកូនពួកអ្នកទាំងអស់នោះ ព្រោះប្រទេសយើងប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស មិនអាចកាន់អំណាចដោយគ្មានការបោះឆ្នោត។
មិនអនុញ្ញាតឲ្យមានទស្សនកិច្ចកំពង់ផែរាមទៀតទេ
ជាថ្មីម្ដងទៀត អរគុណណាស់ ដែលថ្ងៃនេះចូលរួមពីគ្រប់ខេត្តនានា គ្រប់តួអង្គពាក់ព័ន្ធ ដើម្បីទទួលយកនូវសមិទ្ធផលជាតិមួយ។ បើទោះបីកើតនៅក្នុងទឹកដីនេះ តំបន់នេះ ក៏ប៉ុន្តែ វាជាសមិទ្ធផលរបស់ជាតិ ដែលជំរុញទៅដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ខ្ញុំមិននិយាយតទៅទៀត អារឿង កំពង់ផែរាម។ ឈប់និយាយ។ ខ្ញុំបានប្រាប់ទៅ ទៀ បាញ់ ឈប់និយាយ។ អ្នកណាសុំទៅទស្សនកិច្ចអី មិនបាច់ឲ្យទៅទេ ព្រោះកំពង់ផែរាមមិនមែនជាកន្លែងចោរលួចចោរប្លន់ទេ។ អ្នកឯងចង់ថាម៉េចថាទៅ។ ឲ្យទៅមើលហើយ មិនអស់ចិត្ត។ កន្លែងហ្នឹងមិនមែនជាកន្លែងត្រូវអ្នកឯងចង់ទៅឆែកឆេរ(ទេ)។ អ្នកឯងដើរតួជាស្អី? ខ្ញុំឲ្យទៅទស្សនកិច្ច។ អ្វីទៅដែលហៅថា ទស្សនកិច្ច? វាខុសពីការចុះធ្វើអធិការកិច្ច ឬឆែកឆេរ។ ឲ្យវាដឹងភារកិច្ចផង។
ចង់រកតទៀតដែរ។ អត់តទេ។ ល្ងាចនេះ សុំដេកនៅនេះមួយយប់។ ឲ្យវាធូរកម្លាំង។ មុជទឹកល្ងាចហ្នឹង។ ម្សិលមិញមុជទឹក ហើយប្រណាំងគ្នាជ្រមុជទឹក នរណាដង្ហើមវែងជាង? ធ្វើដូចកូនក្មេងកាលពីតូចអញ្ចឹង។ ប៉ុន្តែ អាយុ ៧០ ប្លាយហើយ។ ម្សិលមិញ ពេលខ្ញុំជ្រមុជ រាប់បាន ៦៧(វិនាទី) រាប់យឺតៗ ដង្ហើមខ្ញុំវែង។ ដល់ទៅពេលខ្ញុំងើបឡើង វាថាតែ ២៥(វិនាទី) តែត្រចៀកខ្ញុំលឺច្បាស់ … ថ្ងៃនេះក៏បាននាំមកសម្រាប់សាលាក្រុងព្រះសីហនុនេះ គឺ ២ លានរៀល។ គ្រូពេទ្យប្រចាំការក្នុងកម្មវិធីយើង ៣ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។ ហើយជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវ ៣៧ ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែង ខ្ញុំសូមយកឱកាសនេះដើម្បីប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕