សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវ ៣៧ ខ្សែ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ​និងសមិទ្ធផលនានា ក្នុងក្រុង/ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ជាខេត្តពហុបំណង និងជាខេត្តនាំមុខនៃការកំណើនសេដ្ឋកិច្ចកម្ពុជា សម្ដេច ឯកឧត្តម លោកជំទវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវ ៣៧ ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែង។ អ្វីដែលឯកឧត្តម ជា សុផារ៉ា បានលើកឡើងអម្បាញ់​មិញ បានបង្ហាញគ្រប់គ្រាន់សម្រាប់ការយល់អំពីការសាងសមិទ្ធផល ដែលយើងបានសាងសង់នៅទីនេះ មិនមែនគ្រាន់តែសម្រាប់ប្រជាជននៅទីនេះទេ។ ឥឡូវស្ថានីយវិទ្យុ ទូរទស្សន៍ ព្រមទាំងអនឡាញបានបញ្ជូនរូបភាពទៅកាន់ទូទាំងប្រទេស និងទៅកាន់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសផងដែរ​។ យើងពិតជាមានមោទនភាព ដែលយើងបានសម្រេចកសាងនូវសមិទ្ធផលដ៏ធំនេះឡើង ហើយជាលើកដំបូងដែលយើងប្រើការវិនិយោគផ្ទាល់ រហូតដល់ជាង ៣០០ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងទីក្រុងមួយនេះ។ ការងារនេះ វាចាំបាច់ណាស់ដែលយើងត្រូវធ្វើ។ យើងបានមើលឃើញអគារខ្ពស់ៗ ក៏ប៉ុន្តែមើលមកខាងក្រោមវិញ ទ្រុឌទ្រោមទាំងអស់។ ដូច្នេះ ប្រសិនបើយើងមិនយកការសម្រេចចិត្ត ដើម្បីដាក់ទុនមួយ ហើយធានាឱ្យបាន​រយៈពេល ២០ ឆ្នាំ ទៅ ៣០ ឆ្នាំក្រោយ គឺយើងធ្វើមិនជាប់ទេ។ ពាក្យដែលថា ធ្វើមិនជាប់ គឺបានសេចក្ដីថា ពេលណាក៏ត្រូវតែធ្វើដែរ។…