- ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ;
- ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin), ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី;
- ឯកឧត្តមថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ជាកិច្ចចាប់ផ្តើម ខ្ញុំសូមចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ក្នុង កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី៤។
ក្នុងនាមជាប្រទេសសម្របសម្រួលក្នុងក្របខណ្ឌនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី, ខ្ញុំសូមតំណាងឲ្យអាស៊ាន សម្តែងនូវការសាទរយ៉ាងកក់ក្តៅចំពោះខួបលើកទី ៣០ នៃចំណងមិត្តភាពដ៏ស្អិតរមួតនេះ ដែលជាផ្លែផ្កានៃការប្តេជ្ញាចិត្ត ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការមានស្រាប់ និងការដោះស្រាយនូវរាល់បញ្ហាប្រឈមរួមនៃតំបន់យើងទាំងពីរ។ ក្នុងន័យនេះ, អាស៊ានមានសេចក្តីសោមនស្សក្នុងការអនុម័តនូវ៖ ១). ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ឆ្នាំ ២០២១-២០២៥; ២). សេចក្តីថ្លែងការណ៍អាស៊ាន-រុស្ស៊ី ស្តីពីការកសាងតំបន់ ប្រកបដោយសន្តិសុខ និងចីរភាព; និង៣). កិច្ចសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី លើផ្នែកដោះ-ស្រាយ និងប្រឆាំងបញ្ហាគ្រឿងញៀនពិភពលោក។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ, អាស៊ានយល់ថា ស្របពេលដែលពិភពលោកបានឈានចូលក្នុងយុគសម័យថ្មីនៃបច្ចេកវិទ្យា, ការកសាងភាពជាដៃគូដ៏ជិតស្និទ្ធ និងរឹងមាំ ដើម្បីដោះស្រាយបញ្ហារួមនៅក្នុងវិស័យនេះ គឺពិតជាមានសារៈសំខាន់។ ក្នុងន័យនេះ, អាស៊ានសូមសម្តែងនូវការពេញចិត្តចំពោះការរៀបចំកិច្ចសន្ទនាបច្ចេកវិទ្យា, គមនាគមន៍ និងព័ត៌មាន អាស៊ាន-រុស្ស៊ី លើកទី ១។ ជាមួយគ្នា, អាស៊ានសូមថ្លែងអរគុណចំពោះការគាំទ្ររបស់រុស្ស៊ី ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដល់អ្នកជំនាញមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងលើកទឹកចិត្តឱ្យរុស្ស៊ីបណ្តុះបណ្ដាលបន្ថែមទៀត។ លើសពីនេះ, អាស៊ានរំពឹងថា នឹងទទួលការគាំទ្រពីរុស្ស៊ីចំពោះចក្ខុវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងពិចារណាលទ្ធភាពសហប្រតិបតិ្តការលើវិស័យអាទិភាពផ្សេងទៀតរបស់អាស៊ាន។
នៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច, អាស៊ាន និងរុស្ស៊ី ត្រូវអនុវត្តឱ្យបានពេញលេញនូវផែនទីបង្ហាញផ្លូវដែលត្រូវបានកែសម្រួល សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន- រុស្ស៊ី និងកម្មវិធីការងារពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២១-២០២៥ ជាពិសេសការវិនិយោគ នៅក្នុងវិស័យម្ហូបអាហារ, កសិកម្ម, ការដឹកជញ្ជូន, ថាមពល និងទេសចរណ៍។ ស្របជាមួយនឹងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលបច្ចេកវិទ្យានឹងដើរតួនាទីសំខាន់, អាស៊ានសូមស្វាគមន៍គំនិតផ្តួចផ្តើមរបស់រុស្ស៊ី ក្នុងការកំណត់យកឆ្នាំ ២០២២ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា អាស៊ាន-រុស្ស៊ី។ អាស៊ានក៏សូមវាយតម្លៃខ្ពស់ ចំពោះការងាររបស់រុស្ស៊ីជាមួយនឹងគម្រោងទីក្រុងឆ្លាតអាស៊ាន និងសូមស្វាគមន៍សំណើគម្រោងស្តីពីនវានុវត្តន៍ទីក្រុងឆ្លាត និងចីរភាព របស់អាស៊ាន-រុស្ស៊ី។ ជាមួយគ្នានេះដែរ អាស៊ានមានសេចក្ដីសោមនស្ស ដែលភាគីទាំងពីរបានឯកភាពលើកតម្កើងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ដល់កម្រិតថ្នាក់រដ្ឋមន្រ្តី។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌, អាស៊ានសូមអរគុណរុស្ស៊ីដែលបានផ្តល់វគ្គបណ្តុះបណ្ដាលសម្រាប់អ្នកជំនាញផ្នែកសុខភាព មកពីបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងឆ្នាំ ២០១៩-២០២១ និងសូមលើកទឹកចិត្តឱ្យរុស្ស៊ីជួយគាំទ្រលើវិស័យនេះបន្តទៀត ជាមួយនឹងការជួយគាំទ្រនៅក្នុងការកសាងធនធានមនុស្សទូទៅនៅក្នុងតំបន់។ អាស៊ានក៏ទន្ទឹងរង់ចាំការរៀបចំរួចរាល់ និងការអនុម័តផែនការសកម្មភាព ផ្នែកអប់រំអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២១-២០២៥ ផងដែរ។
- ព្រះចៅស៊ុលតង់,
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
បន្ថែមលើខ្លឹមសារដែលជាសេចក្តីប្រកាសរួមសង្ខេបរបស់អាស៊ាន, ខ្ញុំសូមអនុញ្ញាតផ្តល់នូវមតិមួយចំនួន ពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-រុស្ស៊ី ដូចខាងក្រោម៖
ទី១. ជាមួយនឹងការសាទរចំពោះខួបលើកទី ៣០ នៃចំណងមិត្តភាពក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី, កម្ពុជាក៏សូមអបអរផងដែរ ចំពោះខួបលើកទី ៦៥ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។
ទី២. ចំពោះកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ, កម្ពុជាសូមស្វាគមន៍ការប្តេជ្ញាចិត្តរបស់រុស្ស៊ីលើផ្នែកប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាសន្តិសុខបច្ចេកវិទ្យា, គមនាគមន៍ និងព័ត៌មាន។ កម្ពុជាសូមស្នើរុស្ស៊ីបន្តផ្តល់ជំនួយ រួមទាំងផ្នែកសម្ភារៈចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលមានការចាត់តាំងជាប្រព័ន្ធ។
ទី៣. កម្ពុជាសូមស្នើរុស្ស៊ីជួយជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ច អឺរ៉ាស៊ី។ កម្ពុជាក៏សូមថ្លែងអំណរគុណដល់រុស្ស៊ី ដែលបានគាំទ្រដល់ការកសាងសមត្ថភាពមនុស្សរបស់កម្ពុជា និងសូមស្នើរុស្ស៊ីផ្តល់ឱកាសបន្ថែមសម្រាប់មន្រី្តជំនាញបន្តការសិក្សា និងចូលរួមវគ្គបណ្តុះបណ្តាល ជាពិសេស ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ទី៤. ក្នុងនាមជាប្រទេសដៃគូសន្ទនារបស់អង្គការសហប្រតិបត្តិការសៀងហៃ កម្ពុជាផ្តោតសារៈសំខាន់ដល់ការពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសហប្រតិបត្តិការសៀងហៃ និងគាំទ្រសំណើរុស្ស៊ីក្នុង
ការលើកកម្ពស់ទំនាក់ទំនងនេះ។ ក្នុងន័យនេះ, កម្ពុជាមានបំណងសិក្សាពីលទ្ធភាពអញ្ជើញប្រធានអង្គការសហប្រតិបត្តិការសៀងហៃ ជាភ្ញៀវកិត្តិយសរបស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤១ ពេលដែលកម្ពុជា ជាប្រធានអាស៊ានឆ្នាំ ២០២២។
សូមអរគុណ !