- ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ;
- ឯកឧត្តម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី !
ជាកិច្ចចាប់ផ្ដើម, ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលកម្ពុជាបានទទួលតំណែងជាប្រធានប្ដូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ ២០២២។ ខ្ញុំសូមឆ្លៀតឱកាសនេះ វាយតម្លៃខ្ពស់ចំពោះព្រុយណេដែលបានដឹកនាំអាស៊ានក្នុងឆ្នាំ ២០២១ ក្រោមមូលបទ “យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន”។ ជាពិសេស, ខ្ញុំសូមសម្តែងនូវការកោតសរសើរជូនព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) ចំពោះភាពជាអ្នកដឹកនាំប្រកបដោយឆ្លាតវៃ និងប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើន រួមទាំងជោគជ័យនៃកិច្ចប្រជុំកំពូលដែលទើបតែបញ្ចប់។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, កម្ពុជានឹងដឹកនាំអាស៊ានឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសម្ទុះនៃដំណើរការកសាងសហគមន៍អាស៊ាន ប្រកបដោយសមធម៌, រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, និងសហគមន៍មួយ។ ក្នុងស្មារតីនេះ, កម្ពុជាសូមគូសរំលេចពីអាទិភាពការងារមួយចំនួន សម្រាប់ឆ្នាំ ២០២២ ដូចខាងក្រោម៖
ទី១. សសរស្តម្ភនយោបាយ និងសន្តិសុខ៖ កម្ពុជានឹងយកចិត្តទុកដាក់ពង្រឹងមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន, ទាំងក្នុងយន្តការតំបន់ និងទាំងកិច្ចសហប្រតិបតិ្តការជាមួយដៃគូខាងក្រៅ, ដោយឈរលើមាគ៌ា និងគោលការណ៍របស់អាស៊ាន ដូចមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន, សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបតិ្តការនៅអាស៊ីអាគ្នេយ៍ និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។ អាស៊ានក៏ត្រូវមានភាពធន់ និងរឹងមាំ ទប់ទល់បានពីសម្ពាធ និងឥទ្ធិពលនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងតែ កើនឡើង, បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន, ភេវរកម្ម, ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត។ល។ ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព, សន្តិសុខ និងវិបុលភាព។
ទី២. សសរស្តម្ភសេដ្ឋកិច្ច៖ កម្ពុជានឹងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវរាល់គំនិតផ្តួចផ្តើម និងវិធានការ ដែលបានឯកភាពគ្នា និងទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដើម្បីស្ដារកំណើនសេដ្ឋកិច្ចឱ្យបានឆាប់ ក្នុងពេលដែលយើង រស់ជាមួយនឹងកូវីដ-១៩ ក្នុងប្រក្រតីភាពថ្មី និងធានាឱ្យអាស៊ាននៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយភាពទាក់ទាញ និងជវភាព ពិសេសតាមរយៈការជំរុញការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល ការលើកកម្ពស់សមត្ថភាពរបស់សហគ្រាស ខ្នាតមីក្រូ, តូច និងមធ្យម (MSMEs) និងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវជន ព្រមទាំងការងារអាទិភាពផ្សេងទៀត ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងពង្រឹងសមាហរណកម្មតំបន់។
ទី៣. សសរស្តម្ភសង្គម–វប្បធម៌៖ កម្ពុជានឹងជំរុញការអភិវឌ្ឍធនធានមនុស្សឱ្យឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងការកសាងសហគមន៍ រួមទាំងជំរុញការចូលរួមរបស់ស្ត្រី និងយុវជន នៅក្នុងការរក្សា និងកសាងសន្ដិភាព និងការអភិវឌ្ឍប្រព័ន្ធការពារសង្គមប្រកបដោយបរិយាប័ន្នផងដែរ។ អាទិភាពសំខាន់មួយទៀតគឺការជំរុញនូវការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន សំដៅពង្រឹងស្មាតីអត្តសញ្ញាណអាស៊ានតែមួយ។
ជារួម, កម្ពុជានឹងបន្តកៀរគរការគាំទ្រ និងកិច្ចសហប្រតិបតិ្តការ ដើម្បីសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ានទាំងបី តាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ ជាមួយគ្នានេះ, យើងក៏នឹងជំរុញផងដែរ នូវដំណើរការរៀបចំ ទស្សនវិស័យសហគមន៍អាស៊ានសម្រាប់រយៈពេលក្រោយឆ្នាំ ២០២៥។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាបេ្តជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា, សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល។
ជាទីបញ្ចប់, ខ្ញុំសូមថ្វាយ និងជូនពរ ព្រះចៅស៊ុលតង់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, ទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច និងចៀសឱ្យផុតពីជំងឺកូវីដ-១៩។
ជួបគ្នាឆ្នាំក្រោយនៅព្រះរាជាណាចក្រកម្ពុជា !
សូមអរគុណ !