គ្រោងចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យក្នុងរង្វង់ ២ លាននាក់ថែមទៀត
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចៅៗ ដែលជាកុមារ និងយុវវ័យ ដូចដែលខ្ញុំបានបញ្ជាក់ប៉ុន្មានថ្ងៃមុន ទាក់ទងនឹងការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុក្រោម ១៨ ឆ្នាំ។ ខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធជាមួយកូវីដ-១៩ (និង) ឯកឧត្តម វង្សី វិស្សុត ដែលជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់លទ្ធកម្មវ៉ាក់សាំង លោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង។
យើងមានការចំាបាច់ ដើម្បីចាក់ជូនកុមារ និងយុវវ័យអាយុចាប់ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ បន្ដទៀត បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងអ្នកដែលមានអាយុពី ១៨ ឆ្នាំ ឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បាន ៥ លាន ៤ សែន នាក់ រួចស្រេចបាត់ទៅហើយ។ ដោយមានការគិតគូរយ៉ាងហ្មត់ចត់ទៅលើបរិយាកាសភាពស៊ាំក្នុងសង្គម និងគិតគូរទៅដល់អនាគតរបស់កុមារ និងយុវជន ជាពិសេសគឺផ្ដោតទៅលើការយកចិត្តទុកដាក់ទៅលើសុខុមាលភាព ពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោក ក៏ដូចជាកម្ពុជា គឺការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលសាលាត្រូវបានបិទក្នុងរយៈពេលយូរ។
យើងអាចនឹងទទួលបានវ៉ាក់សាំងប្រាកដប្រជា ប្រមាណ ២២ លានដូស
ពិតប្រាកដណាស់ថា យើងមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ដែលតាមស្ថិតិ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រហែល ១ លាន ៩ សែន នាក់ ដែលខ្ញុំ សូមបញ្ជាក់ថាគឺ(តួលេខ)ជុំវិញ ២ លាន នាក់។ ដែលយើងត្រូវការវ៉ាក់សាំងចំនួន ៤ ឬជាង ៤ លាន ដូស បន្ថែមទៀត សម្រាប់ការចាក់ជូនកុមារ និងយុវវ័យរបស់យើង។ ក្នុងស្ថានភាពបែបនេះ ខ្ញុំបានបញ្ជាឲ្យរៀបចំរកវ៉ាក់សាំង ដែលមកដល់ពេលនេះ វ៉ាក់សាំងដែលយើងអាចនឹងទទួលបានប្រាកដប្រជាគឺ ប្រមាណ ២២ លានដូស។ ប៉ុន្ដែ បើគិតទៅតាមជំនួយផងនោះ គឺយើងមានប្រមាណជា ៣១ លានដូស។ ទោះបីជាយ៉ាងណាក៏ដោយ ការសន្យាដែលមិនទាន់ឃើញជារូបរាង យើងមិនអាចចាត់ទុកថាជារបស់ដែលយើងមាននៅក្នុងដៃនោះទេ។
ជម្រើស ២ សម្រាប់ការចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យ
ខ្ញុំបានបញ្ជាទៅ ឯកឧត្តម វង្សី វិស្សុត លោកជំទាវ ឱ វណ្ណឌីន គឺ(អោយ)ខិតខំដើម្បីរក្សាទុកនូវវ៉ាក់សាំង ដែលអាចចាក់ព្រមគ្នា ជាមួយនឹងពេលវេលានៃការចាក់សម្រាប់ប្រជាពលរដ្ឋរបស់យើង ដែលកំពុងដំណើរការចាក់។ នោះនៅត្រង់ថា ការចាក់របស់យើងគឺកំពុងបន្ដទៅលើមនុស្សប្រមាណជាង ៤ លាននាក់ទៀត ដើម្បីអោយគ្រប់ ១០ លាន នាក់។ ប៉ុន្ដែ នៅមានជំរើសមួយទៀត។ យើងអាចបើកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យរបស់យើងក្នុងពេលដំណាលគ្នា ដោយត្រូវចាប់ផ្ដើមពីទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ដូចដែលយើងធ្វើកន្លងទៅនេះ។ នេះជាចំណុចងាយស្រួល សម្រាប់យើងក្នុងកិច្ចដំណើរការនៃការចាក់វ៉ាក់សាំង។
យើងអាចមានជម្រើសពីរ។ ជម្រើសទី ១ គឺ ការចាក់វ៉ាក់សាំងឲ្យរួចរាល់សម្រាប់មនុស្សពេញវ័យពីអាយុ ១៨ ឆ្នាំឡើង ក្នុងចំនួន ១០ លាន នាក់ រួចហើយទើបចាប់ផ្ដើមអនុវត្ដសម្រាប់កុមារ និងយុវវ័យជាបន្ដ។ នេះជាជម្រើសទី ១ គឺធ្វើរឿងមួយឲ្យចប់ហើយ ទើបបន្ដរឿងមួយទៀត។ ប៉ុន្ដែ ជម្រើសទី ២ គឺ នៅក្នុងពេលដែលបន្ដការចាក់នៅតាមបណ្ដាខេត្ត សម្រាប់មនុស្សជាង ៤ លាន នាក់បន្ដទៀតនោះ យើងក៏អាចចាប់ផ្ដើមដំណើរការនៃការចាក់វ៉ាក់សាំង(សម្រាប់ក្មេងនិងជំទង់) ដោយចាប់ផ្ដើមចេញពីទីក្រុងភ្នំពេញនិងខេត្តកណ្ដាល។ យើងធ្វើដូចស្ថានភាពពេលកន្លងទៅ គឺរួមមានភ្នំពេញ កណ្ដាល បន្ទាប់ទៅគឺខេត្តព្រះសីហនុ។ យើងធ្វើតាមទម្រង់ដែលយើងធ្លាប់បានធ្វើកន្លងទៅនេះ។
សូមអាណាព្យាបាល ឪពុកម្ដាយ ត្រៀមយកកូនគ្រប់អាយុកំណត់ ចាក់វ៉ាក់សាំងកូវីដ១៩
ក្រុមគ្រូពេទ្យនៅកន្លែងនោះមានលទ្ធភាពនឹងចាក់(តាមការគ្រោងទុក) ដោយសារតែកុមារ និងយុវវ័យរបស់យើង (មាន)ចំនួនមិនច្រើននោះទេ។ ដូចជាទីក្រុងភ្នំពេញ និងខេត្តកណ្ដាល នៅពេលដែលចាក់ចប់ហើយនោះ គឺគ្រូពេទ្យនៅកន្លែងនោះមានលទ្ធភាពចាក់ជូនកុមារ និងយុវវ័យរបស់យើង ដោយមិនចាំបាច់មានអន្ដរាគមន៍ពីកម្លាំងកងទ័ព ឬពីគ្រូពេទ្យស្ម័គ្រចិត្ត ហើយទុកឲ្យក្រុមគ្រូពេទ្យរបស់កងទ័ព និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត អាចចាក់នៅទីកន្លែងផ្សេង។ ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះមាតាបិតា និងអាណាព្យាបាលរបស់ កុមារ និងយុវវ័យត្រៀមខ្លួន ដើម្បីនាំកូនចៅទៅចាក់វ៉ាក់សាំងនៅពេលដែលពេលវេលាមកដល់។
បង្កើតអោយបានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅបើកឡើងវិញសកម្មភាពសង្គមសេដ្ឋកិច្ច
យើងចង់ឲ្យមានភាពស៊ាំក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនៅសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀន ដែលយើងបានបិទ ហើយឲ្យរៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ។ នេះគឺជាការខាតបង់មួយសម្រាប់យើង។ ប្រសិនបើយើងបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន យ៉ាងហោចណាស់ យើងអាចបើកសាលាចាប់ពីអនុវិទ្យាល័យឡើងទៅ ដែលមានកុមារនិងយុវវ័យអាយុពី ១២ ឆ្នាំឡើង ពួកគេអាចស្ថិតនៅក្នុងអនុវិទ្យាល័យ។ ពួកគេមានលទ្ធភាពដើម្បីនឹងរក្សាគម្លាតក្នុងសង្គម គម្លាតនៅក្នុងថ្នាក់រៀន ខុសប្លែកពីថ្នាក់បឋមសិក្សាដែលកុមារមិនទាន់ចេះពាក់ម៉ាស ហើយក៏មិនទាន់ចេះការពារខ្លួនតាមរបៀបរក្សាគម្លាតនោះដែរ។
អ្នកទទួលវ៉ាក់សាំង ទប់ស្កាត់នៃការឆ្លង ប្រសិនបើឆ្លង ក៏មិនធ្ងន់ធ្ងរ ឬមានអត្រាស្លាប់ខ្ពស់ឡើយ
យើងអាចធ្វើបានជាមួយនឹងកុមារនិងយុវវ័យ ដែលអាយុ ១២ ឆ្នាំដល់អាយុ ១៧ ឆ្នាំ។ ពួកគេអាចចេះពាក់ម៉ាស អាចរក្សាគម្លាត បន្ថែមទៅដោយភាពស៊ាំនៃវ៉ាក់សាំង ប្រសិនបើមានការវាយលុកពីជំងឺកូវីដ-១៩ ក៏វាមិនធ្ងន់ធ្ងរដូចមនុស្សដែលមិនបានចាក់វ៉ាក់សាំងដែរ។ ជាបទពិសោធន៍ដែលយើងបានរកឃើញបណ្តើរៗ មកដល់ពេលនេះ គឺអ្នកដែលទទួលបាននូវការចាក់វ៉ាក់សាំងជួយទប់ស្កាត់នៃការឆ្លង ហើយប្រសិនបើឆ្លងហើយ ក៏មិននាំទៅដល់ជំងឺធ្ងន់ធ្ងរ ឬការស្លាប់ដែលមានអត្រាខ្ពស់ដូច អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងនោះទេ។ ខ្ញុំសុំឲ្យសាលារាជធានីភ្នំពេញ ខេត្តកណ្តាល ត្រៀមរៀបចំបម្រុងទុកសម្រាប់ការចាក់វ៉ាក់សាំងដល់កុមារ និងយុវជននៅក្នុងខេត្តទាំងពីរនេះ បូករួមទាំងខេត្តព្រះសីហនុផងដែរ ដែលជាតំបន់ឆ្លង ហើយដែលយើងបានផ្តល់អាទិភាពសម្រាប់ការចាក់។
ត្រូវមានវ៉ាក់សាំងបម្រុង សម្រាប់ចាក់ជូនអ្នកដែលឈានដល់អាយុ ១២ ឆ្នាំ
គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ត្រូវរៀបចំធ្វើការជាមួយនឹងបណ្តាខេត្តគោលដៅសម្រាប់ការចាក់វ៉ាក់សាំងនេះ។ គណៈកម្មការចំពោះកិច្ចអំពីលទ្ធកម្មវ៉ាក់សាំង ក៏ត្រូវខិតខំចរចាជាមួយនឹងបណ្តាប្រទេស ជាពិសេសជាមួយសាធារណរដ្ឋប្រជាមានិតចិន ចំពោះវ៉ាក់សាំងសម្រាប់ការចាក់ទៅលើកុមារ និងយុវវ័យដែលមានប្រមាណជាជុំវិញ ២ លាននាក់ ដែលយើងត្រូវការវ៉ាក់សាំង ៤ លានដូសបន្ថែមទៀត។ ម្យ៉ាងទៀត យើងក៏មិនត្រូវភ្លេចផងដែរថា នៅពេលដែលយើងចាក់ឲ្យកុមារអាយុ ១២ ឆ្នាំ ច្បាស់ណាស់ថាក្នុងតែប៉ុន្មានខែក្រោយ យើងនឹងមានកុមារអាយុ ១២ ឆ្នាំបន្ថែមទៀត ដោយអាយុ ១១ ឆ្នាំ នឹងឡើងចូលមក ១២ ឆ្នាំ។ ដូច្នេះ គ្រប់ទីកន្លែងក៏ត្រូវតែមានវ៉ាក់សាំងបម្រុងទុក សំរាប់ចាក់ជូនអ្នកដែលដល់អាយុ ១២ ឆ្នាំ។
បានចាក់វ៉ាក់សាំងឬមិនទាន់បាន ត្រូវតែបន្តអនុវត្តវិធានការ ៣ កុំ ៣ ការពារ
ការចាក់នេះក៏ឈរលើគោលការណ៍ស្ម័គ្រចិត្តដោយគ្មានការបង្ខិតបង្ខំសម្រាប់ការចាក់នោះទេ។ យ៉ាងណាក៏ដោយ ដោយមានជំនឿជាក់របស់ប្រជាពលរដ្ឋរបស់យើងយ៉ាងច្រើនកុះករមករកវ៉ាក់សាំងចាក់ រាប់ទាំងអ្នកដែលមានវ័យចំណាស់អាយុ ៩០ និងអាយុជាង ១០០ ឆ្នាំ ក៏បានចាក់វ៉ាក់សាំង។ អ្នកដែលមានអាយុជាង ១០០ ឆ្នាំ មាន ៨ នាក់ ដែលបានចាក់វ៉ាក់សាំងរួចមកហើយ។ ពួកគាត់ត្រូវការវ៉ាក់សាំង ដើម្បីការពារខ្លួនរបស់ពួកគាត់។ ដោយឈរលើជំនឿបែបនេះ ហើយដោយសារតែមាតាបិតារបស់កុមារយុវវ័យ បានចាក់វ៉ាក់សាំងរួចហើយៗ គ្មានហានិភ័យអ្វីទាល់តែសោះនោះ (ពួកគាត់)ពិតជានឹងនាំកូននាំចៅ ដើម្បីចាក់វ៉ាក់សាំង។ យើងក៏មិនត្រូវបង្ខំក្មេងដែលខ្លាចម្ជុលឲ្យចាក់វ៉ាក់សាំងនោះដែរ។ យើងក៏ត្រូវរកគ្រប់វិធីដើម្បីការពារ ប៉ុន្តែខ្ញុំនៅតែបន្តការបញ្ជាក់ថា ទោះបីបានចាក់វ៉ាក់សាំង ឬមិនទាន់បានចាក់វ៉ាក់សាំង វិធានការសុខាភិបាល ជាពិសេសវិធានការ ៣ កុំ ៣ ការពារ ត្រូវតែធ្វើជាបន្ត ដើម្បីចៀសវាងនូវការឆ្លងជាយថាហេតុ។
សង្ឃឹមយ៉ាងមុតមាំ វ៉ាក់សាំងនឹងចាក់បន្ថែមប្រមាណ ២ លាននាក់ទៀត សម្រាប់អាយុ ១២ ដល់ ១៧ ឆ្នាំ
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វ៉ាក់សាំងនៅក្នុងប្រទេសរបស់យើង បន្ទាប់ពីការចាក់ ១០ លាននាក់រួចមកហើយ សម្រាប់អាយុ ១៨ ឆ្នាំឡើងលើ (អាចនឹងអោយ)យើងចាក់ជូនប្រមាណ ២ លាននាក់បន្ថែមទៀត សម្រាប់អាយុ ១២ ឆ្នាំ ដល់អាយុ ១៧ ឆ្នាំ។ ដូច្នេះ (លទ្ធភាពឈានទៅទទួលបាន)ភាពស៊ាំនៅក្នុងសង្គម នឹងកាន់តែមានភាពងាយស្រួល ផ្តល់ឱកាសឲ្យយើងបើកឡើងវិញនូវសេដ្ឋកិច្ចសង្គម ជាពិសេសការបើកឡើងវិញសម្រាប់សាលារៀន ចំណេះទូទៅចាប់ពីអនុវិទ្យាល័យ វិទ្យាល័យ រហូតទៅដល់មហាវិទ្យាល័យ។ យើងអាចនឹងធ្វើបាន។ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងចូលរួមជាបន្តទៀត ដើម្បីសុខភាពបុគ្គលម្នាក់ៗ និងសុខភាព នៅក្នុងគ្រួសារនៅមួយៗ ក៏ដូចជាសុខភាពនៅតាមសហគមន៍ ក៏ដូចជាប្រទេសជាតិរបស់យើងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកាន់តែសាហាវទៅៗ មិនថាតែប្រទេសយើងនោះទេ គឺប្រទេសនៅក្នុងទូទាំងពិភពលោក។
រកវ៉ាក់សាំង ចាក់វ៉ាក់សាំង ប្រជាពលរដ្ឋចូលរួមទទួលវ៉ាក់សាំងការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍
មិនទាន់មានប្រទេសណាមួយដែលបំបាត់ចោលទាំងស្រុងនូវជំងឺកូវីដ-១៩ នេះទេ គ្រាន់តែនៅឆ្លងតិចឆ្លងច្រើន ស្លាប់តិចនិងស្លាប់ច្រើនតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា ខ្មែរយើងធ្វើបានចំពោះអ្វីដែលយើងបានធ្វើដោយជោគជ័យមករួចហើយ។ យើងនឹងបន្ត(ធ្វើអោយមាន)ជោគជ័យទៅលើកិច្ចការការពារសុខភាពរបស់ប្រជាជនយើង តាមរយៈការស្វះស្វែងរកវ៉ាក់សាំង ការខិតខំចាក់វ៉ាក់សាំង ការចូលរួមពីប្រជាពលរដ្ឋរបស់យើង ដើម្បីទទួលវ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍។ សូមអរគុណ៕