សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារសម្លេងស្តីពីការរៀបចំឆ្ពោះទៅដំណើរការចាក់វ៉ាក់សាំង​ជូនកុមារ និងយុវវ័យ អាយុពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ ប្រមាណ ២ លាននាក់ថែមទៀត

គ្រោងចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យក្នុងរង្វង់ ២ លាននាក់ថែមទៀត បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ជាពិសេសចៅៗ ដែលជាកុមារ និងយុវវ័យ ដូចដែលខ្ញុំ​បានបញ្ជាក់​ប៉ុន្មានថ្ងៃមុន ទាក់ទងនឹងការចាក់វ៉ាក់សាំងសម្រាប់មនុស្សអាយុក្រោម ១៨ ឆ្នាំ​។ ​ខ្ញុំបានពិ​ភាក្សាជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ដ្រី​ និងជាអនុប្រធានប្រចាំ​ការនៃ​គណៈកម្មការជាតិប្រយុទ្ធជាមួយកូវីដ-១៩ (និង) ឯកឧត្តម វង្សី វិស្សុត ដែលជាប្រធាន​គណៈ​កម្មការ​​ចំពោះកិច្ចសម្រាប់លទ្ធកម្មវ៉ាក់សាំង លោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈ​កម្មការ​​ចំពោះ​កិច្ចសម្រាប់ការចាក់វ៉ាក់សាំង។ យើងមានការចំាបាច់ ដើម្បីចាក់ជូនកុមារ និង​យុវវ័យ​​​អាយុចាប់​ពី ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ បន្ដទៀត បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំង​អ្នកដែលមានអាយុ​ពី ១៨ ឆ្នាំ ​ឡើង​ទៅ ដែលមកដល់ពេលនេះ យើងចាក់បាន ៥ លាន ៤ សែន នាក់ រួចស្រេចបាត់ទៅហើយ។ ​ដោយមានការគិតគូរយ៉ាងហ្មត់ចត់ទៅលើបរិយាកាសភាពស៊ាំក្នុងសង្គម និងគិត​គូរទៅដល់​​អនាគតរបស់កុមារ​​ និងយុវជន ជាពិសេសគឺផ្ដោតទៅលើ​ការយកចិត្តទុកដាក់​ទៅលើ​សុខុមាលភា​ព ពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀន ដែលជាការបាត់បង់ដ៏ធំធេង​របស់ពិភព​លោក ក៏ដូច​ជា​កម្ពុជា គឺការបណ្ដុះបណ្ដាលធនធានមនុស្ស…