ខ្ញុំចង់និយាយទៅកាន់សមាជិក សមាជិកា អំពីការធ្វើតេស្ដរហ័ស និងការប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ។ ដំបូងឡើយ ខ្ញុំចង់ថាធ្វើសារាចរណែនាំ ក៏ប៉ុន្តែ ខ្ញុំគិតថា មិនចាំបាច់ធ្វើទេ ដោយសារយើងមានប្រជុំគណៈរដ្ឋមន្រ្តី ដែលមានសមាជិករដ្ឋាភិបាលចូលរួមអស់ហើយ។ ខ្ញុំសូមស្នើឱ្យ បណ្ដាស្ថាប័នយកចិត្តទុកដាក់លើការប្រើប្រាស់តេស្ដរហ័ស។ ការតេស្ដរហ័សនេះទៀតសោត ក៏គួរធ្វើដោយមានការសន្សំសំចៃ ដើម្បីកុំឱ្យវាមានទំងន់ធ្ងន់ហួសទៅដល់ថវិកាជាតិរបស់យើង។
ម្សិលមិញ ខ្ញុំបានបញ្ជាទៅលោកជំទាវ យក់ សម្បត្តិ ឱ្យទិញ(ឧបករណ៍តេស្ដរហ័ស)មួយលានបន្ថែមទៀត ដោយថវិការបស់សប្បុរសជន។ យប់មិញ យកមកដល់ ១ លាន ប៉ុន្តែនៅក្នុងស្ដុករបស់យើងពីម្សិលមិញ គឺអស់ នៅសល់ ១០ ម៉ឺនទេ(ឧបករណ៍តេស្ដរហ័ស) ដោយសារយើងបានបែងចែកទៅឱ្យខេត្ត ។
ឯកឧត្តម នាង ផាត ក្នុងនាមក្រសួងការពារជាតិ បានស្នើសុំ ៣០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ប៉ុន្តែយើងបានផ្ដល់ ៥ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)ទៅឱ្យហើយ។ អញ្ចឹងខ្ញុំផ្ដល់ឱ្យតែ ២០ ម៉ឺនបន្ថែមទេ ដើម្បីរៀបចំចែកជូនទៅតាមបណ្ដាអង្គភាព ប៉ុន្តែប្រហែលជាខ្ញុំគិតថា នឹងអាចផ្ដល់បន្ថែម ប្រហែល ១០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ទៅតាមគម្រោងហ្នឹងទៅចុះ ដោយសារតែអង្គភាពវាមានច្រើន។ អញ្ចឹងទេ ឯកឧត្តម ម៉ម ប៊ុនហេង សូមបញ្ជាក់ទៅលោកជំទាវ យក់ សម្បត្តិ ដែលមុននេះ ខ្ញុំថា ឱ្យគាត់ត្រឹមតែ ២០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)ទេ ប៉ុន្តែឃើញឯកឧត្តម វង្ស ពិសេន រាយការណ៍ឱ្យខ្ញុំពីម្សិល គឺពេលទៅធ្វើតេស្ដរហ័សនៅសាលានាយកទាហានត្មាតពង ក៏ដូចជាសាលាទ័ពជើងគោក ក៏រកឃើញនូវវិជ្ជមាន កូវីដ-១៩ (ក៏សូមជូនតាមសំណើ)។
តាមបណ្ដាខេត្ត យើងក៏ចែកឱ្យ។ ឯតាមក្រសួង … បើសិនជាក្រសួងណាអាចផ្គត់ផ្គង់ខ្លួនឯងបាន ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល រាយការណ៍ឱ្យខ្ញុំថា ផ្គត់ផ្គង់ខ្លួនឯងបាន (សូម)ទិញយក(ឧបករណ៍តេស្ដរហ័ស)យកមកផ្គត់ផ្គង់ខ្លួនឯង ហើយចែកទៅឱ្យតាមអង្គភាពដទៃទៀត។ បើក្រសួងនានា អាចម្ចាស់ការផ្គត់ផ្គង់ខ្លួនឯងបាន វាជាការកាត់បន្ថយការចំណាយរបស់រដ្ឋ ព្រោះយើងត្រូវចាយរយៈពេលវែង។
ខ្ញុំមិនជឿថា កូវីដ-១៩ (នឹង)ត្រូវបានបញ្ចប់នៅឆ្នាំ ២០២១ ឬពាក់កណ្ដាលឆ្នាំ ២០២២ ទេ។ ស្ថានភាព កូវីដ-១៩ នេះ កំពុងតែធ្ងន់ធ្ងរ។ អញ្ចឹងសូមឱ្យប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះ ដោយសន្សំសំចៃ ប៉ុន្តែត្រូវតែធ្វើជៀសវាងមិនបានទេ។ សូម្បីតែយប់មិញនេះ បានទទួលសំណូមពរពី ហ្លួងម៉ែ ឱ្យពិចារណាកាត់ផ្ដាច់យ៉ាងម៉េច (ករណីមាន កូវីដ-១៩) នៅក្នុងព្រះបរមរាជវាំង។ សូម្បីតែអ្នកនៅជិត ហ្លួងម៉ែ ក៏មានបញ្ហាដែរ។ ឥឡូវនេះ អ្នកណាមកជិតខ្ញុំទាំងប៉ុន្មាន ត្រូវតែធ្វើតេស្ដទាំងអស់ ព្រោះខ្ញុំមិនអាចដាក់ខ្លួនឯងធ្វើចត្តាឡីស័ក(ច្រើនដងទេ)។ ចត្តាឡីស័ក ៣ ដងហើយ ម្នាក់ឯង។ នៅប្រទេសថៃ ប្រាយុទ្ធ ទើបធ្វើចត្តាឡីស័កម្ដងទេ ឯខ្ញុំវិញ ៣ ដងហើយ ម្នាក់ឯង។
អញ្ចឹងទេ ការធ្វើតេស្ដរហ័ស ត្រូវតែធ្វើ ដើម្បីជៀសវាងនូវបញ្ហាសម្រាប់ថ្នាក់ដឹកនាំរបស់យើង។ ប៉ុន្តែ បើធ្វើការដាច់ដោយឡែកពីគ្នាតាមអនឡាញ គឺជាការប្រសើរ។ ខ្ញុំនៅតែបញ្ជាក់ ឧបករណ៍តេស្ដរហ័សនេះ ត្រូវផ្ដល់ទៅឱ្យបណ្ដាខេត្តជាអាទិភាព ដែលបានបញ្ជូនរួចហើយទៅតាមខេត្ត។ តែយើងប្រើ(អស់)លឿន។ ឥឡូវប្រើ(ឧបករណ៍)របស់ខ្ញុំ ១ លានមុនអស់ហើយ … យប់មិញនេះ គឺថវិកាជាតិ។ ប៉ុន្តែ ខ្ញុំបញ្ជាឱ្យប្រើថវិកាសប្បុរសជនទិញ ១ លាន (ឧបករណ៍តេស្ដរហ័ស)បន្ថែមទៀត។ អញ្ចឹងទេ ប្រហែលជាយើងបានប្រើ និងកំពុងមានស្ដុក និងបញ្ជាទិញ ៤ ទៅ ៥ លាន(ឧបករណ៍តេស្ដរហ័ស)។ ពេលខ្លះ អ្នកព័ត៌ មានមកថត មកយកព័ត៌មាន។ ពួកនេះធ្វើតេស្ដ ២ ថ្ងៃម្តង។ ម្សិលមិញក៏ត្រូវធ្វើ ថ្ងៃនេះក៏ត្រូវធ្វើ។ អញ្ចឹងយើងប្រើចំនួនច្រើនដែរ។
អញ្ចឹងសូមក្រសួងនីមួយៗ បើមានប្រាក់សន្សំរបស់ខ្លួន គប្បីប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួនទិញ(ឧបករណ៍តេស្ដរហ័ស)យកមកទុកក្នុងក្រសួង ដើម្បីតេស្ដរហ័ស។ នៅពេលសង្ស័យភ្លាម យើងធ្វើតេស្ដភ្លាម។ ប៉ុន្តែយើងត្រូវផ្ដោត (ការផ្ដល់ឧបករណ៍តេស្ដរហ័ស)អោយទៅបណ្ដាមន្ទីរពេទ្យទៅតាមខេត្ត ទៅតាមអង្គភាពកងទ័ព អាវុធហត្ថ នគរបាល។
ខ្ញុំសូមបញ្ជាក់ឯកឧត្តម ម៉ម ប៊ុនហេង ជម្រាបទៅលោកជំទាវ យក់ សម្បត្តិ បន្ថែមបង្គ្រប់ បន្ថែម ១០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)ទៀត វាលើសពីអ្វីដែលជាសំណើ ព្រោះរួចប្រជុំថ្ងៃមុនហើយ ចែកឱ្យទៅកងទ័ព ៥ ម៉ឺន(ឧបករណ៍តេស្ដរហ័ស), ចែកទៅឱ្យក្រសួងមហាផ្ទៃ ៥ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ប៉ុន្តែក្រោយមក ឃើញឯកឧត្តម នាង ផាត សុំ ៣០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ខ្ញុំសម្រេចឱ្យ ២០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស) ប៉ុន្តែដោយសារតែឃើញថា អង្គភាពរាយប៉ាយឆ្ងាយពីគ្នា ហើយក៏ត្រូវធ្វើតេស្ដ អញ្ចឹងក៏អនុញ្ញាតឱ្យបន្ថែម ១០ ម៉ឺន(ឧបករណ៍តេស្ដរហ័ស)ទៀត។ អញ្ចឹងឡើងដល់ ៣៥ ម៉ឺន(ឧបករណ៍)។ នៅក្នុងកងទ័ព ក៏អាចរកការស្នើសុំជំនួយពីនេះពីនោះមកបានដែរ។
បណ្ដាអង្គភាព អាចប្រើប្រាស់នូវថវិកាសន្សំនៅក្នុងក្រសួងទិញតេស្ដរហ័សយកមកប្រើប្រាស់នៅក្នុងក្រសួង។ កុំឱ្យធ្លាក់ធ្ងន់ពេកទៅលើថវិកាជាតិ។ ខ្ញុំបានបញ្ជូនទៅហើយ គឺចំណូលរបស់យើងក្នុងខែឧសភា និងខែមិថុនា មិនដល់ ៤០០ លានដុល្លារទេ លើកលែងតែខែមីនា បានខ្ពស់ដល់ ៧០០ លានដុល្លារ។ ក្រៅពីនោះខែមេសាកាន់តែតិចទៅទៀត។ យើងត្រូវប្រើ(ថវិកាទប់ស្កាត់កូវីដ-១៩)រយៈពេលវែង។
នេះជារបៀបប្រើប្រាស់(ឧបករណ៍តេស្ដរហ័ស) ដោយមានការប្រុងប្រយ័ត្ន ហើយកុំឱ្យអ្វីដែលជារបស់រដ្ឋ ដែលយើងទទួលបាន ហៀរចូលទៅក្នុងទីផ្សារឱ្យសោះ។ ពិតមែនហើយ អ្នកនោះមិនយកទៅស៊ីទេ អាហ្នឹង(ឧបករណ៍តេស្ដរហ័ស)ស៊ីមិនបានទេ គេយកទៅរុកច្រមុះទេ ប៉ុន្តែវាជាការមិនត្រឹមត្រូវទេ ប្រសិនជាឱ្យរបូតចូលទៅលើទីផ្សារ ដោយការលក់ដូរណាមួយនោះ។
ចំណុចទី ២ គឺសុំឱ្យយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើបញ្ហាការគ្រប់គ្រងតាមព្រំដែន។ ឥឡូវនេះ ចំនួនរាយការណ៍ប្រចាំថ្ងៃ៖ (ពលករ)មកពីប្រទេសថៃ ក្នុងមួយថ្ងៃៗឆ្លងចូលចង់ជាង ១០០ នាក់។ អញ្ចឹងត្រូវពង្រឹងសមត្ថភាព ការធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជាថៃ ឱ្យបានហ្មត់ចត់។ រុករក ទប់ស្កាត់នៅទីនោះ។ ធ្វើម៉េច ទប់ស្កាត់(មេរោគបំប្លែងថ្មី) Delta កុំឱ្យចូលក្នុងសហគមន៍។ (មេរោគបំប្លែងថ្មី) Alpha បានចូលមកហើយ ដែលកំពុងឆ្លងសព្វថ្ងៃ ប៉ុន្តែ(មេរោគ) Delta ឆ្លងចូលសហគមន៍ទៀត មហន្តរាយពិតជាកើតនៅក្នុងប្រទេសរបស់យើង។
លើកនេះ ខុសពីលើកមុន ពលករមកពីប្រទេសថៃលើកមុន ១០០០ នាក់ កូវីដ-១៩ មានត្រឹមតែ ២០ ទៅ ៣០ នាក់ ប៉ុន្តែឥឡូវមក ៣០០ នាក់ កូវីដ-១៩ ឡើងជិត ១០០ នាក់, ៥០០ នាក់ ឡើងជិត ២០០ នាក់(មានវិជ្ជមាន កូវីដ-១៩) ហើយប្រមូលផ្ដុំទៅលើខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ហើយការរុករកឃើញ(មេរោគ) Delta គឺនៅក្នុងការនាំចូលទាំងអស់មិនទាន់ជួបក្នុងសហគមន៍ទេ។ អញ្ចឹងត្រូវខិតខំការគ្រប់គ្រង និងសហការជាមួយនឹងទិសខាងលិចជាមួយនឹងភាគីថៃ។
ប៉ុន្តែនៅតាមព្រំដែនវៀតណាមយើងសង្កេតឃើញថា បើយោងទៅក្នុងរបាយការណ៍ដែលបានបញ្ចូលទៅក្នុង group ប្រឆាំង កូវីដ-១៩ នៅតាមព្រំដែនកម្ពុជា-វៀតណាម អាណិកជនវៀតណាមនៅតែចេញចូល ។ អញ្ចឹងទេសូមសម្តេចក្រឡាហោមណែនាំទៅ បណ្តាខេត្តដែលឆ្លងព្រំដែនកម្ពុជា-វៀតណាម ដោយសាររឿងនេះ ខ្ញុំបានជជែកពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម នៅហ្សាកាតាផង ហើយថ្ងៃមុនជួបគ្នាតាមទូរស័ព្ទឲ្យពង្រឹងការគ្រប់គ្រងតាមទល់ដែន។
ពេលដែលខ្ញុំជួបជាមួយអគ្គរដ្ឋទូតវៀតណាមដែលស្នើសុំលាទៅ ក៏បានលើកអំពីបញ្ហាហ្នឹង ម្សិលមិញដូចជាមានជនជាតិវៀតណាម ៦៧ នាក់ ពួកនេះគឺពួកអាណិកជនវៀតណាមនៅស្រុកខ្មែរ ពេលដែលគាត់ឆ្លងចូលទៅដីវៀតណាម ត្រូវវៀតណាមផ្សព្វផ្សាយថាការឆ្លងដែនដោយខុសច្បាប់របស់កម្ពុជា ប្រាកដណាស់ជនជាតិរបស់គាត់ គាត់ថាការឆ្លងដែនដោយខុសច្បាប់ ត្រូវហើយប៉ុន្តែកុំភ្លេចថាជនជាតិរបស់គាត់។ អញ្ចឹងតាមទល់ដែនរបស់យើងគួរហាមឃាត់នៅក្នុងនៅពេលនេះ ព្រោះតែគាត់ទៅហើយ គាត់ត្រូវតែមកវិញ។
អញ្ចឹង យើងសហការគ្នា អាជំងឺឆ្លងនេះវាឆ្លងតាមមនុស្ស អញ្ចឹងថ្ងៃណាក៏ឃើញតែជនជាតិវៀតណាម ទៅខាងណោះយើងដូចជាមិនឃើញទេ ប៉ុន្តែខាងណោះផ្សាយ ប៉ុន្តែត្រឡប់មកវិញយើងរកឃើញ ហើយយើងមួយថ្ងៃៗចេញលុយធ្វើចត្តាឡីស័កមិនតិចទេ។ ឥឡូវវៀតណាមចាប់ផ្តើមផ្ទុះហើយ ដូចអ្វីដែលយើងប៉ាន់ស្មាន គាត់បិទទីក្រុងហូជីមិញហើយ ម្សិលមិញវៀតណាមបានកើនទៅដល់ជាង ១៣០០ ករណី(ឆ្លង កូវីដ-១៩) អញ្ចឹងគាត់លោតឡើងរយៈពេល ៤ ថ្ងៃស្រេចទៅហើយ ១១០០ ករណី, ១០១៧ ករណី, ១០០៧ ករណី និង ១៣០០ ករណី ម្សិលមិញ ១៣០០ ជាង … ឥឡូវ ខេត្តមួយចំនួនដែលនៅជាប់ព្រំដែនកម្ពុជា ខេត្ត បិញមិញ (binh minh) ឆ្លងច្រើនណាស់។
អញ្ចឹង អាណិកជនវៀតណាមឆ្លងចុះឆ្លងឡើង។ យើងថាសូមឲ្យណែនាំទៅបណ្តាខេត្តផង។ ថ្ងៃមុនខ្ញុំនិយាយចំហ ខេត្តណាដែលមានអាណិកជនវៀតណាម … សុំផ្អាកការធ្វើដំណើរសិន ហើយខេត្តដែលនៅតាមព្រំដែន បើយើងដឹងហើយកុំឲ្យទៅ ឲ្យត្រឡប់មកវិញ។ ព្រោះថា តែទៅវៀតណាមគេថាយើងពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម។ គេចាប់មកធ្វើចត្តាឡីស័ក។ បើគាត់ត្រឡប់មកវិញដោយសារគាត់មានលំនៅនៅកម្ពុជា ទោះបីមិនមែនសញ្ជាតិយើងក៏ដោយ ក៏ជាពលរដ្ឋដែលរស់នៅក្នុងស្រុកយើង។ ជាអាណិកជន។ យើងត្រូវតែឲ្យមក។ អញ្ចឹងត្រូវធ្វើចត្តាឡីស័ក។
អញ្ចឹង សភាពការណ៍នៅជុំវិញខ្លួនយើងជុំទិស។ សូម្បីតែឡាវដែលចាត់ទុកថាឆ្លងតិចក៏រាប់សិបករណីដែរ។ ម្សិលមិញ ដូចជា ៦០ ជាងករណីដែរ។ ពីមុនចំនួនចុះដល់រាយ(ករណី)ហើយនៅពេលដែលខ្ញុំឲ្យឯកឧត្តម ប្រាក់ សុខុន សួរទៅខាងឡាវ ឡាវថា ចូលដល់រាយ(ករណី)។ បានសេចក្តីថា អាច ៥ ឬ ៦ ឬ ៧ ឬ ៨។ ប៉ុន្តែក្រោយប៉ុន្មានថ្ងៃឡើងទៅ ២០, ៣០, ៤០, ៥០, ៦០ ករណី ម្សិលមិញក៏ជាង ៦០ ករណី។ ការផ្ទុះនៅទៅក្រុងហូជីមិញ មិនខុសពីផ្ទុះនៅក្នុងទីក្រុងភ្នំពេញចាប់ផ្តើមពីចំនួនរាប់សិប។ រាប់សិបហ្នឹងចេះតែកើនៗ ដល់រាប់រយករណី …។
អញ្ចឹង តាមរយៈការឆ្លងនៅហូជីមិញ កម្មកររបស់ក្រុមហូជីមិញបានធ្វើដំណើរមកតាមខេត្ត។ មានអ្នកតាមបណ្តាខេត្តជាប់ព្រំដែននាំជំងឺមកជាមួយ ដូចករណីភ្នំពេញដែរ។ ភ្នំពេញជាអ្នកចែកចាយជំងឺទៅតាមបណ្តាខេត្តដែលយើងបិទខ្ទប់ក្នុងពេលចូលឆ្នាំ។ ក្រោយមកយើងព្រលែងអ្នកទាំងហ្នឹងហើយ ដែលនាំជំងឺទៅតាមបណ្តាខេត្តតាមរយៈកម្មករ៕