គោលការណ៍គឺយើងយកវ៉ាក់សាំងមកស្រោច គ្រាន់(តែ)ថា វ៉ាក់សាំងរបស់យើង មកដល់មុនមកដល់ក្រោយ (រួម)នឹងវ៉ាក់សាំងមានក្នុងដៃ។ ខ្ញុំឯកភាពជាមួយនឹងការដែលយើងប្រមូលផ្តុំ(វ៉ាក់សាំង) ដែលមានក្នុងដៃស្រាប់ ដាក់ចូលទៅក្នុងតំបន់ដែលមានកងទ័ពធ្វើសកម្មភាពហ្នឹងតែម្តង។ បន្តិចទៀតខ្ញុំនឹង voice សម្លេងទាំងអស់ហ្នឹងទៅឲ្យ លោកជំទាវ ឱ វណ្ណឌីន ហើយទូរស័ព្ទប្រាប់គាត់។ ស្អែកនឹងវ៉ាក់សាំង(របស់)យើងមកដល់ថែមទៀត។ អញ្ចឹងទេ យើងបុកផ្តាច់ចំនួនប្រជាជនកម្មករស្អីៗនៅក្នុងហ្នឹង។ យើងមានប្រហែលជាមួយលាន(ដូស)ជាង។ អញ្ចឹង យើងចាក់បានប្រហែលជា ៥០ ម៉ឺននាក់។ (វ៉ាក់សាំង)វានឹងមកដល់ថ្មីថែមទៀត។ យើងត្រូវការចាក់។ តាមការប៉ាន់ស្មាន ភ្នំពេញ និងខេត្តកណ្តាលគឺ(មានប្រជាពលរដ្ឋ)ចំនួន ៣ លាននាក់។ បើ ៣ លាននាក់ យើងត្រូវការ ៦ លានដូស។
អញ្ចឹង កម្លាំងកងទ័ពត្រូវតែប្រមូលផ្តុំមក។ ខ្ញុំឯកភាព។ បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ឲ្យផ្តល់(ការចាក់វ៉ាក់សាំងដល់) ៤ ខណ្ឌហ្នឹង ហើយឲ្យកងទ័ពចូលធ្វើ។ កងទ័ពចូលធ្វើតែម្តង។ ចៀសវាងកុំឲ្យប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ (ក្រុមពេទ្យកងទ័ព)ចូលទៅរកទីតាំងក្នុងហ្នឹង … គឺថាទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ហើយកងទ័ពអនុវត្តតែម្តងទៅ។ ទទួលយកវ៉ាក់សាំងចាក់ជូនប្រជាជនក្នុងតំបន់ហ្នឹង ហើយពេលទទួលវ៉ាក់សាំងកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអីត្រង់ណា ឲ្យតែមកយល់ព្រមចាក់គឺចាក់ឲ្យតែម្តង ហើយចេញកាតឲ្យគាត់។ នៅតែប្រជាជនយើងដដែល(ទេ)។ ជួនកាលពីខណ្ឌនេះ ពីកន្លែងនេះត្រូវតែទទួលដដែល។ ប៉ុន្តែយើងត្រូវតែមានសណ្តាប់ធ្នាប់ព្រោះថាខ្វះកន្លែង។ ដោយយើងខ្វះកន្លែងអញ្ចឹង យើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថាថ្ងៃនេះភូមិនេះ ថ្ងៃនោះភូមិនោះ (ត្រូវទទួលវ៉ាក់សាំង)។ កំណត់គ្នាអញ្ចឹងទើបបាន។
អញ្ចឹង យើងអាចចាប់ផ្តើមយុទ្ធនាការថ្នាក់ជាតិដោយកម្លាំង(សុខាភិបាល)កងទ័ព ចេញ(បំពេញភារកិច្ចនេះ)តែម្តង។ យកតំបន់ក្រហមជាចំណុចចាប់ផ្តើមដំណើរការតែម្តង។ ខ្ញុំនឹងចេញបទបញ្ជាទៅអញ្ចឹងដើម្បីដំណើរការ។ (វ៉ាក់សាំង)ដូសទី ១ ហ្នឹង គឺថាអាចចាប់ផ្តើមមុនថ្ងៃទី ៥ (ឧសភា) ហ្នឹងក៏បានដែរ ឲ្យតែរៀបចំហើយ … ឥឡូវហ្នឹង ប្រមូលផ្តុំកម្លាំងទាហាន។ ក្រោយពីការចាក់ឲ្យកងទ័ព និងគ្រួសារទ័ពហើយ មកប្រមូលផ្តុំចាក់(វ៉ាក់សាំង)ឲ្យប្រជាជន។ នៅក្នុងហ្នឹងមានគ្រួសារទ័ព និយាយរួមមនុស្សចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅចាក់ឲ្យតែម្តង រាប់ទាំងជនបរទេស គឺចាក់ឲ្យគាត់ផង។ បើមិនអញ្ចឹង វាមិនបង្កើតធាតុស៊ាំ នៅទីក្រុងភ្នំពេញហើយ។
ម៉្យាងទៀត យើងកុំរំខានទៅគណៈកម្មការ មិនមែនថាផ្តាច់ទេ ប៉ុន្តែយើងគិតគូរខ្លួនឯង ជ្រើសរើសកន្លែងខ្លួនឯង។ កងទ័ពយើងមានបទពិសោធន៍ហើយ។ អញ្ចឹងទេ គឺយើងដើរជ្រើសរើសកន្លែងខ្លួនឯង ហើយធ្វើក្នុងតំបន់ lockdown ហ្នឹងតែម្តង។ បើសិនជាក្នុងភូមិមានកន្លែងដែលអាចចាក់បានគឺរៀបចំក្នុងភូមិ។ បើថាក្នុងភូមិគ្មានកន្លែងចាក់បានទេ យើងដាក់ក្នុងសង្កាត់មួយកន្លែង ឬពីរកន្លែង។ ប៉ុន្តែ យើងត្រូវកំណត់ថា ថ្ងៃនេះចាក់ភូមិនេះ ថ្ងៃនោះចាក់ភូមិនោះ ឬមួយថ្ងៃចាក់ ២ ភូមិ។
ធ្វើរឿងហ្នឹងឲ្យវាសម្រេច បានទៅរួច។ បើមិនអញ្ចឹងត្រេតត្រត អន្ទង់វែង ឆ្នាំងវែងហ្នឹងពិបាក។ ខ្ញុំឯកភាពហើយ។ វ៉ាក់សាំងមកដល់ស្អែកនេះ បូកនឹងវ៉ាក់សាំងដែលមាន គឺថារុញឲ្យកងទ័ពធ្វើ ៤ ខណ្ឌ(នៃក្រុងភ្នំពេញ) ហ្នឹងតែម្តង។ (យើង)ចាក់ស្រោចក្នុងតំបន់ក្រហមតែម្តង។ រួចហើយ (វ៉ាក់សាំង)គង់មកដល់ទៀតទេ។ ចាក់ត្រង់នេះមួយកណ្តុបត្រង់នោះមួយកណ្តុប គ្មានបានប្រយោជន៍ទេ។ អញ្ចឹងខេត្តសុំមកក៏មិនទាន់ឲ្យដែរ។ ឥឡូវ ប្រមូលផ្តុំភ្នំពេញសិន ហើយភ្នំពេញ ចាប់ផ្តើមដោយយកតំបន់ក្រហមជាស្នូល (និងប្រគល់ភារកិច្ច)ឲ្យកងទ័ពធ្វើ៕