ជូនបងប្អូនជនរួមជាតិដែលរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងក្រុងតាខ្មៅនៃខេត្តកណ្តាល កន្លងទៅខ្ញុំពិតជាបានប្រកាសអំពីគោលនយោបាយសម្រាប់ការជួយឧបត្ថម្ភជូនបងប្អូនដែលទទួលមរណភាពដោយសារកូវីដ-១៩ ការកើតកូវីដ-១៩ ការធ្វើចត្តាឡីស័កដោយសារកូវីដ-១៩ ។ ប៉ុន្តែបន្ទាប់ពីការបិទនៅកន្លែងតូចតាច យើងបែរជាបិទរាជធានីទាំងមូល បូកជាមួយទីក្រុងមួយរបស់ខេត្តកណ្តាល ដូច្នេះការអាក់ខានក្នុងការផ្គត់ផ្គង់ថវិកា ៣០ ម៉ឺនរៀល គឺជាការអាក់ខានដែលយើងមើលឃើញថា មិនអាចធ្វើទៅបាន។ សុំបងប្អូនយោគយល់អធ្យាស្រ័យអ្វីដែលជាការចាំបាច់នៅពេលនេះគឺការរស់។ ខ្ញុំឲ្យបង្វិលត្រឡប់ដើម្បីផ្គត់ផ្គង់ជាអង្ករ ជាត្រីខ ជាមី ជាទឹកត្រី ជាទឹកស៊ីអីុវ និងអ្វីៗតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ថ្ងៃនេះមានបងប្អូនមួយចំនួនបានបង្ហោះតាមហ្វេសប៊ុកក៏ដូចជាតវ៉ាជាមួយក្រុមអ្នកចែកជំនួយ ខ្ញុំសូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យចំពោះការលំបាករបស់រដ្ឋាភិបាលដែលមិនអាចផ្តល់ប្រាក់ ៣០ ម៉ឺនរៀលក្នុងមួយគ្រួសារ ឬម្នាក់ ជូនបងប្អូនបានតទៅទៀតទេ ប៉ុន្តែ យើងខិតខំជំនួសវិញដោយមិនឲ្យបងប្អូនដាច់បាយតាមរយៈការផ្គត់ផ្គង់អង្ករ តាមរយៈការផ្តល់ជាមី ជាត្រីខកំប៉ុង ជាទឹកត្រី ជាទឹកស៊ីអុីវ ជំនួសវិញ។ សូមបងប្អូនមេត្តាយោគយល់ ៣០ ម៉ឺនរៀល វាមិនធំទេសម្រាប់បងប្អូន ក៏ប៉ុន្តែវាធំសម្រាប់រាជរដ្ឋាភិបាលផ្គត់ផ្គង់ទូទាំងរាជធានីភ្នំពេញ ព្រោះត្រូវជាប់ធ្វើចត្តាឡីស័ក និងជាប់នូវបម្រាមដូចៗគ្នា។ ប្រសិនបើបងប្អូនប្រកែប្រកាន់យ៉ាងដូច្នេះ យើងពុំមានជម្រើសណាក្រៅតែពីចែកជូនសម្រាប់អ្នកដែលព្រមទទួលតែប៉ុណ្ណោះ។
ខ្ញុំបានទទួលព័ត៌មានដោយមានការគ្រប់គ្រងថា បងប្អូនមួយចំនួនបដិសេធមិនទទួលយកជំនួយ។ ប្រសិនបើបងប្អូនបដិសេធ ខ្ញុំក៏សុំស្នើឲ្យអ្នកផ្នែកផ្តល់ជំនួយទាំងនោះដកថយចេញពីតំបន់នោះ ទៅចែកជូនប្រជាជននៅតំបន់ផ្សេងដែលគេត្រូវការ។ យើងមិនអាចប្រកែកពន្យល់ជូនប្រជាពលរដ្ឋរបស់យើងបានទេនៅតំបន់ ដែលប្រជាពលរដ្ឋរបស់យើងមិនព្រមទទួលយកនូវការពន្យល់ ក៏ប៉ុន្តែខ្ញុំសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា បើត្រឹមតែ ១ ម៉ឺន ឬ ២ ម៉ឺនគ្រួសារ វាមិនលំបាកទេ ក៏ប៉ុន្តែឥឡូវនេះយើងមានរាប់សិបម៉ឺនគ្រួសារ ហើយបើបងប្អូនទាមទារ ម្នាក់ៗគិតតែទាមទារឲ្យខាងតែបាន រដ្ឋជួបការលំបាកក្នុងការដោះស្រាយ តើត្រូវដោះស្រាយតាមរបៀបណា? យន្តការនៃការដោះស្រាយក៏មានកម្រិត ក្នុងពេលប្រថុចញ៉ុចរបស់យើង។
យើងបានចែកប្រមាណជា ១ ម៉ឺនគ្រួសារ ហើយថ្ងៃស្អែកនេះប្រហែលជាជិត ១ ម៉ឺនគ្រួសារទៀត និងខានស្អែកប្រហែលជាជិត ២ ម៉ឺនគ្រួសារ។ យើងបន្តចែកជូនគ្រាន់តែត្រឹមស្បៀងអាហារដើម្បការរស់តែប៉ុណ្ណោះ។ សុំអង្វរករសម្រាប់បងប្អូនដែលថាបាត់បង់ប្រាក់ ៣០ ម៉ឺនរៀលនេះ គឺខ្ញុំបានបញ្ជាឱ្យផ្អាកការបញ្ចេញប្រាក់នោះ។ ហើយថ្លៃទឹកថ្លៃភ្លើងទៀតសោតក៏មានការកែប្រែទៅតាមសេចក្ដីសម្រេចដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញផ្សព្វផ្សាយរួចមកហើយ។ សូមបងប្អូនមេត្តាយោគយល់ អធ្យាស្រ័យសម្រាប់ការលំបាករួមរបស់យើង ប្រសិនបើម្នាក់ៗគិតតែទាមទារ យើងពុំមានរបស់របរ យើងមានប្រាក់ តែមិនដឹងថាតើយើងចែករបៀបណា? យន្តការនៃការចែករបៀបណា?
អញ្ចឹងខ្ញុំសុំប្រកាសជម្រាបជូនថា ប្រាក់ ៣០ ម៉ឺនរៀលនេះ គឺអនុវត្តបានតែនៅតំបន់កន្លែងធ្វើចត្តាឡីស័កដោយដាច់ដោយដុំតែប៉ុណ្ណោះ។ មិនអាចធ្វើនៅតំបន់ Lockdown រាំងខ្ទប់ដូចជារាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះទេ។ យើងអាចធ្វើទៅតាមទីកន្លែងដែលមានម្នាក់ ឬ ២ នាក់ ឬ ៤ នាក់ ឬ ៥ នាក់ នៅក្នុងស្រុកមួយតែប៉ុណ្ណោះ ប៉ុន្តែ មិនអាចធ្វើទូទាំងរាជធានី ដែលមានមនុស្សរាប់លាននាក់នោះបានដែរ។ សូមបងប្អូនមេត្តាយោគយល់ ហើយបញ្ឈប់នូវការទាមទារប្រាក់ ៣០ ម៉ឺនរៀល តទៅទៀត។
ម្យ៉ាងទៀត ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ សូមឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមអភិបាលខេត្តកណ្ដាល និងឯកឧត្ដមអភិបាលរាជធានី/ខេត្តគ្រប់ទីកន្លែងទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ចំពោះព្រះសង្ឃ នៅក្នុងពេលវេលានៃការបិទខ្ទប់ គ្មានប្រជាជនទៅធ្វើបុណ្យទេ ដូច្នេះព្រះសង្ឃរបស់យើងក៏នឹងត្រូវដាច់ចង្ហាន់។ ដូច្នេះ សូមឱ្យរាជធានី និងខេត្ត យកចិត្តទុកដាក់ទៅលើព្រះសង្ឃ ដែលជួបការលំបាក ដែលមិនអាចចេញបិណ្ឌបាត្របាននៅតាមទីកន្លែងដែលត្រូវបិទខ្ទប់ ជាពិសេសនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលប្រជាជនមិនអាចចេញពីផ្ទះទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចបិណ្ឌបាត្របាន។ នេះគឺជាកិច្ចការដែលយើងត្រូវគិត ក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល ក៏មានខេត្តដទៃទៀត ដែលត្រូវយកចិត្តទុកដាក់ទៅលើទីអារាមនានា ដែលមានព្រះសង្ឃ មានសមណសិស្ស និស្សិត ដែលកំពុងតែស្នាក់នៅ ជាពិសេសសមណសិស្ស ដែលកំពុងស្នាក់នៅតាមទីអារាមនានា សម្រាប់ការរៀនសូត្រផងដែរ។
សូមអរព្រះគុណ និងអរគុណ!