ជូនចំពោះបងប្អូនជនរួមជាតិដែលរស់នៅក្រុងភ្នំពេញ និងក្រុងតាខ្មៅជាទីគោរពស្រលាញ់រាប់អាន,
ថ្ងៃនេះមានការជ្រួលច្របល់បន្តិច មុនពេលដែលសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលបានចេញអំពីការបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ។ គោលបំណងនៃការបិទគឺដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងរីករាលដាលនៃកូវីដ-១៩ ហើយការបិទនេះទៀតសោតក៏មិនមែនជាដំណើរការធ្វើឲ្យប្រជាជនស្លាប់ ឬរងទុក្ខលំបាកនោះដែរ។ ទោះបីថាផលប៉ះពាល់វាកើតមាន ក៏ប៉ុន្តែយើងក៏បានគិតទុក ធ្វើយ៉ាងណាឲ្យប្រជាជនយើងអាចមានជីវភាពប្រក្រតីទោះបីបញ្ហាមួយចំនួនបានធ្វើ។ នៅពេលដែលយើងបិទ គឺបុគ្គលគ្រប់រូបត្រូវអនុវត្ត(បំរាម)មិនឲ្យធ្វើដំណើរចេញពីលំនៅដ្ឋាន ឬពីទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ប្រសិនបើគ្មានការចាំបាច់ … ការធ្វើដំណើរចេញក្រៅលំនៅដ្ឋានឬទីសំណាក់បច្ចុប្បន្នអាចធ្វើទៅបាន ក្នុងករណីដែលមានការចាំបាច់ដូចជាការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ តែមិនមានការហាមឃាត់ដូចក្នុងមាត្រា ៣ ដែលបញ្ជាក់នៅខាងក្រោម ហើយក៏ត្រូវមានឯកសារពាក់ព័ន្ធដទៃទៀត។
ការធ្វើដំណើរទៅកាន់កន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ ឬសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដែលអនុញ្ញាតឲ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច(ជាដើម) ការធ្វើដំណើរក្នុងគោលបំណងនេះ អាចធ្វើឡើងដោយសមាជិកយ៉ាងច្រើន ២ នាក់ ក្នុងមួយលំនៅដ្ឋាន ឬទីសំណាក់មិនឲ្យលើសពី ៣ ដង ក្នុងមួយសប្តាហ៍ និងដែលនៅជិតបំផុតក្នុងរង្វង់ភូមិសាស្រ្ត ឬខណ្ឌរបស់ខ្លួនរស់នៅ (ដោយ)ត្រូវយកតាមនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬប័ណ្ណសំគាល់ខ្លួន។ ចំណុចនេះគេបានដឹងហើយថាទីកន្លែងលក់ម្ហូបអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ប្រចាំថ្ងៃ នឹងអនុញ្ញាតឲ្យ(បន្តដំណើរការ) … (នេះ)មិនមែនជាការបិទដើម្បីនឹងសម្លាប់ប្រជាជនដោយអត់មានម្ហូបអាហារនោះទេ។
ការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ទៅមណ្ឌលសុខភាព ទៅទីកន្លែងព្យាបាលឱសថស្ថាន ឬមូលហេតុបន្ទាន់នៅក្នុងរង្វង់ភូមិសាស្រ្តបិទខ្ទប់ក៏នៅតែអាចធ្វើទៅបានដែរ។ វិធានការ(ទាំងឡាយ)ដែលយើងធ្វើនេះ គឺរង់ចាំឲ្យបងប្អូនមើលឲ្យបានច្បាស់នៅក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។ ដំណើរការក្នុងការព្យាបាលយកសំណាកមេរោគកូវីដ-១៩ និងការទៅទទួលវ៉ាក់សាំងនៅតែដំណើរការធម្មតានៅក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ បានសេចក្តីថា ទីកន្លែងដែលត្រូវចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ ឬនៅទីក្រុងតាខ្មៅក៏នៅតែបន្ត ការយកសំណាកគឺត្រូវតែនៅបន្តយកដូចធម្មតា ការធ្វើដំណើរចូលរួមក្នុងការសកម្មភាពជាប្រយោជន៍សាធារណៈ ឬគោលបំណងផ្សេងទៀតចាំបាច់តាមការស្នើសុំរបស់អាជ្ញាធរសាធារណៈក៏នៅតែធ្វើបាន។ ការធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គលក្នុងរង្វង់ភូមិសាស្រ្តដែលខ្លួនរស់នៅដោយចៀសវាងការជួបជុំលើសពី ២ នាក់ អាចធ្វើទៅបាន បងប្អូននៅតែអាចហាត់ប្រាណបាននៅក្នុងភូមិរបស់ខ្លួនតែសូមចៀសវាងកុំឲ្យទៅហួសពីភូមិ ហើយកុំឲ្យមានច្រើនគ្នា។
ការធ្វើដំណើររបស់មន្រ្តីការទូត ការធ្វើដំណើររបស់អ្នកសារព័ត៌មានដោយមានឯកសារភ្ជាប់(បញ្ជាក់) ការធ្វើដំណើរចេញចូលទៅតាមផ្លូវអាកាសក៏នៅតែបន្តអាចធ្វើទៅបាន ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងៗទៀតដោយមានការអនុញ្ញាតិពអាជ្ញាធរក៏នៅតែអាចធ្វើទៅបាននៅក្នុងរង្វង់នៃការបិទខ្ទប់។ ចំណុចទាំងអស់នេះបងប្អូននឹងអាចយល់អំពីគោលបំណងពិតប្រាកដរបស់រាជរដ្ឋាភិបាលមិនមែនជាការសម្លាប់ប្រជាពលរដ្ឋនោះទេ។
ពិតមែនហើយ ខ្ញុំសុំអភ័យទោសដោយសារតែរឿងរ៉ាវមិនទាន់បានចេញនូវសេចក្តីសម្រេចប៉ុន្តែបែរជាបានបែកធ្លាយទៅជាមុនដោយបុគ្គលខ្វះការទទួលខុសត្រូវនៅក្នុងក្បាលម៉ាស៊ីនដឹកនាំរបស់បក្ស និងរដ្ឋដែលខ្ញុំសុំសារភាពដោយត្រង់ថាសកម្មភាពនោះនឹងត្រូវទទួលវិន័យនៅពេលក្រោយ នៅពេលដែលយើងរកឃើញ។
ចំណុចមួយទៀតក៏សុំបញ្ជាក់ថា អាជីវកម្មទាំងអស់នៅក្នុងទីក្រុងភ្នំពេញ ដែលយើងចាត់ទុកថាចាំបាច់ត្រូវបិទ នឹងត្រូវបិទ ប៉ុន្តែក៏មានការលើកលែង នៅត្រង់ថាសកម្មភាពការងាររបស់ស្ថាប័នសារធារណៈ និងកងកម្លាំងប្រដាប់អាវុធ (ដែល)ត្រូវតែបន្តធ្វើដោយមិនអាចចៀសវាងបាន ប៉ុន្តែក៏ត្រូវឲ្យមានមនុស្សកម្រិតតិច និងមានប្រធានស្ថាប័នសាមីទទួលខុសត្រូវ។ រោងចក្រ សហគ្រាស សិប្បកម្ម ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគដោយរួមទាំងទីសត្តឃាតដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃត្រូវតែបន្តធ្វើ។ យើងសុខចិត្តបិទរោងចក្រផលិតសំលៀកបំពាក់ ផលិតស្បែកជើង និងរោងចក្រដទៃទៀត ក៏ប៉ុន្តែយើងត្រូវតែឲ្យរោងចក្រសហគ្រាសដែលផលិតម្ហូបអាហារ ស្បៀងអាហារដូចជារោងចក្រផលិតមីវាត្រូវការចាំបាច់ កន្លែងផលិតទឹកត្រី ឬក៏កន្លែងកាប់គោ/ជ្រូក ឫសត្តឃាតដទៃទៀតដែលបម្រើសេចក្តីត្រូវការរបស់ប្រជាជន។ ត្រីគឺនៅតែផ្តល់ឲ្យយកមកដាក់លក់ ដើម្បីផ្គត់ផ្គង់នៅក្នុងរាជធានីភ្នំពេញ និងនៅទីក្រុងតាខ្មៅ។
សកម្មភាពការងារដែលពាក់ព័ន្ធទៅនឹងសេវាសាធារណៈ តាមការកំណត់របស់ស្ថាប័នមានជាអាទិ៍ សេវាពន្លត់អគ្គីភ័យ សេវាផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងជាដើម (ក៏នឹងនៅតែបន្ត)។ ដូច្នេះ សូមបងប្អូនកុំព្រួយរឿងទាក់ទងជាមួយនឹងការផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត ឬការប្រមូលសំរាមគឺនៅតែជាសកម្មភាពធម្មតា។ ការលក់សាំងក៏ត្រូវបន្តលក់។ អ្វីដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏នៅតែបន្តធ្វើ។ សូម្បីតែធនាគារក៏យើងនៅតែផ្តល់ឲ្យដើម្បីធ្វើការសម្រាប់ការដកលុយរបស់ប្រជាពលរដ្ឋរបស់យើង។ ការរកស៊ីតាមអនឡាញ ការផ្គត់ផ្គង់តាមប្រព័ន្ធអនឡាញក៏នៅតែអនុញ្ញាត។ ទំនិញដែលជាតម្រូវការចាំបាច់ ហាងលក់ទំនិញ ផ្សារលក់ដុំ ទីតាំងលក់គ្រឿងឧបភោគបរិភោគដែលមានសណ្តាប់ធ្នាប់ ដូចជាផ្សារ mart ភោជនីយដ្ឋាន អាហារដ្ឋាន ដែលលក់អាហារវេចខ្ចប់ ប្រេងឥន្ធនៈ ហ្គាស ឬទីតាំងផ្គត់ផ្គង់ទំនិញដែលជាតម្រូវការចាំបាច់ ប្រចាំថ្ងៃ ផ្សេងទៀតរបស់ប្រជាជននៅតែបន្តធ្វើ។
ការផ្គត់ផ្គង់សេវាដែលជាតម្រូវការប្រចាំថ្ងៃមានជាអាទិ៍ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ប្រៃសណីយ៍ ទូរគមនាគមន៍ សេវាធនាគារ និងហិរញ្ញវត្ថុ និងសេវាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែ យើងត្រូវកាត់បន្ថយបុគ្គលិកមួយចំនួន។ សេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ ក៏ត្រូវឱ្យមានដំណើរការផងដែរ … សេវាកម្មដឹកទំនិញចាំបាច់ ដើម្បីបម្រើឱ្យភូមិសាស្ត្រដែលត្រូវបិទខ្ទប់ សេវាកម្មដឹកជញ្ជូនទំនិញទូទៅ ចេញចូល ឬឆ្លងកាត់ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ដើម្បីបម្រើឱ្យវិស័យសង្គមសេដ្ឋកិច្ចនៃប្រទេស សកម្មភាពការងារមុខរបរ ឬអាជីវកម្មចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
យោងទៅលើអ្វីដែលខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជម្រាបជូនខាងលើនេះសុទ្ធតែជាសកម្មភាពដែលយើងបិទ ក៏ប៉ុន្តែយើងមិនបានសម្លាប់សកម្មភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រជាជនទាំងស្រុងនោះទេ។ ខុសប្លែកពីប្រទេសមួយចំនួន (ដែលការអនុវត្ត)បិទ(សកម្មភាព) ហើយមិនឱ្យប្រជាជនចេញផ្ទះដាច់ខាត។ នេះយើងអំពាវនាវបិទ កុំឱ្យប្រជាជនចេញពីផ្ទះ ក៏ប៉ុន្តែយើងក៏យល់ដឹងអំពីតម្រូវការចាំបាច់របស់ប្រជាជន ដែលចាំបាច់ត្រូវចេញពីផ្ទះផងដែរ។
នៅក្នុងកំឡុងពេលនៃការអនុវត្តនៃការបិទខ្ទប់ ហាមឃាត់នូវការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ប៉ុន្តែការជួបជុំ ឬការប្រមូលផ្តុំមនុស្សអាចបានអនុញ្ញាតក្នុងករណីចាំបាច់ ដូចជាការជួបជុំក្នុងសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នាយើងមិនហាមឃាត់នូវការជួបជុំក្រុមគ្រួសារ នៅក្នុងលំនៅដ្ឋានជាមួយគ្នានោះទេ។ ការរៀបចំពិធីបុណ្យសពដោយកំណត់តាមអាជ្ញាធរមានសមត្ថកិច្ច ការប្រមូលផ្តុំមនុស្ស ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកសំណាកមកវិភាគមេរោគកូវីដ-១៩ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងអគ្គបញ្ជាការរដ្ឋបាលគ្រប់ជាន់ថ្នាក់ ការបំពេញការងារថែរក្សាសន្តិសុខសណ្ឋាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ (សុទ្ធតែអាចធ្វើបាន)។
ដូច្នេះ អ្វីដែលយើងត្រូវការនៅពេលនេះ គឺសូមឱ្យបងប្អូននៅក្នុងផ្ទះ ក្នុងពេលដែលមិនមានការចាំបាច់ ហើយប្រសិនបើមានការចាំបាច់ ដូចអ្វីដែលខ្ញុំព្រះករុណាខ្ញុំបានទូលប្រគេន និងជម្រាបជូនពីខាងលើរួចមកហើយ យើងមិនបិទខ្ទប់ឲ្យស្លាប់ប្រជាពលរដ្ឋនោះទេ។ អាជ្ញាធរក្រុងក៏បានត្រៀមរៀបចំ ដើម្បីធ្វើសកម្មភាពជួយសង្គ្រោះសម្រាប់ប្រជាពលរដ្ឋដែលក្រីក្របំផុត ដោយយើងបានរៀបចំនូវយន្តការ ដែលលើកនេះ យើងបានរៀបចំឱ្យឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាប្រធានគណៈកម្មាធិការ និងមានសមាជិកមួយចំនួនផ្សេងទៀតដើម្បីអនុវត្តនូវវិធានការចាំបាច់នេះ។
មានតែការចូលរួមទាំងអស់គ្នាទេ ខ្ញុំសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ សូមកុំភិតភ័យ ស្លន់ស្លោ ជាមួយនឹងសភាពការណ៍ដូចបានកើតឡើងក្នុងពេលល្ងាចនេះ។ ប្រសិនបងប្អូនបានឃើញ និងសិក្សាឱ្យបានច្បាស់អំពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ បងប្អូនពិតជាមិនមានការព្រួយបារម្ភ ហួសហេតុពេកនោះទេ។ អត្ថបទ សេចក្តីសម្រេចដែលខ្ញុំព្រះករុណាខ្ញុំទើបនឹងបានចុះហត្ថលេខាមុននេះបន្តិច គឺមានចែងសព្វគ្រប់តែខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា បងប្អូននឹងមិនដាច់បាយ មិនខ្វះអង្ករ មិនខ្វះអំបិល មិនខ្វះស្បៀងអាហារសម្រាប់ការផ្គត់ផ្គង់នៅក្នុងទីក្រុងភ្នំពេញនោះទេ។ បន្លែបង្ការដែលធ្លាប់ចូលពីខេត្តកណ្ដាល ទៅផ្គត់ផ្គង់ទីក្រុងភ្នំពេញ អាចនឹងត្រូវបានទទួលការអនុញ្ញាតឱ្យនាំចូលទៅចែកចាយនៅក្នុងទីក្រុងភ្នំពេញ ដើម្បីផ្តល់ឱ្យសម្រាប់ការផ្គត់ផ្គង់នៅទីក្រុងភ្នំពេញដដែលតាមរយៈនៃគណៈកម្មការសម្រួលការរៀបចំបន្ថែមទៀត នៅពេលវេលាដែលបានមកដល់ រាប់ទាំងការដឹកជ្រូក ដឹកគោ យកទៅទីសត្តឃាត ផ្គត់ផ្គង់សាច់ចូលទីក្រុងក៏នៅតែអាចធ្វើទៅបាន នោះវាជាការចាំបាច់របស់យើងនៅក្នុងការផ្គត់ផ្គង់ជីវភាព។
ពិតមែនហើយគឺមាន សកម្មភាពមួយចំនួនគឺត្រូវតែបិទតែម្តង ដូចជាហាងដែលគ្មានការចាំបាច់(នានា) ដូចជាហាងលក់ខោអាវ ហាងលក់ប្រដាប់ប្រដាផ្សេងៗ ក្រៅពីស្បៀងអាហារ គឺគប្បីយោគយល់អធ្យាស្រ័យ។ ពេលនេះគឺត្រូវតែសូមផ្អាកសិន … សម្រាកផ្ទះសិន។ ត្រូវបើកឱ្យមានការលក់ដូរជាម្ហូបអាហារ ជាគ្រឿងសម្រាប់ស៊ីចុកបុកទំពាររបស់ប្រជាជន ទឹកស្អាត ទឹកក្រូច ឬក៏ទឹករ៉ែ ទឹកស្អីដែលជាតម្រូវការចាំបាច់ ត្រី សាច់ ជ្រូក គោ បន្លែបង្ការ។ អ្វីដែលជាការផលិតស្បៀងអាហារត្រូវបានលើកទឹកចិត្តនៅក្នុងពេលនេះ។ សូមឱ្យ ឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់ពិនិត្យមើលប្រជាពលរដ្ឋ នៅតំបន់ក្រីក្រដែលអាចផ្តល់នូវជំនួយសង្គ្រោះសម្រាប់ពួកគាត់នៅទីកន្លែងនោះ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានរាយការណ៍ឱ្យខ្ញុំបានត្រៀមរៀបចំជូននូវអង្ករ ហើយអង្ករសូមម្ចាស់អ្នកលក់អង្ករ កុំឆ្លៀតយកពេលនេះដើម្បីដំឡើងថ្លៃ។
ខ្ញុំសូមឱ្យក្រសួងពាណិជ្ជកម្ម យកចិត្តទុកដាក់យកអង្ករចូលទៅក្នុងទីផ្សារ ដើម្បីចៀសវាងកុំឱ្យឈ្មួញលក់អង្ករឆ្លៀតយកឱកាសនេះធ្វើចំណេញ។ សូមឱ្យបញ្ចេញនូវមី នូវអ្វីៗដែលជារបស់រដ្ឋមាននៅក្នុងដៃ ដើម្បីផ្គត់ផ្គង់ចូលទៅទីផ្សារ ហើយលក់ឱ្យប្រជាជនតាមតម្លៃសមរម្យ។ យើងមិនអាចទុកឱ្យតម្លៃទំនិញឡើងថ្លៃតាមចិត្តនោះទេ។ សូមបងប្អូនស៊ូទ្រាំរយៈពេល ១៤ ថ្ងៃ ដើម្បីកាត់ផ្តាច់ការចម្លង ហើយសូមបងប្អូនកុំចេញពីផ្ទះ ក្នុងពេលដែលគ្មានការចាំបាច់ ហើយប្រសិនបើមានការចាំបាច់ណាស់ ក៏គួរតែត្រូវធ្វើវិធានការសុខាភិបាល ពាក់ម៉ាស ហើយរក្សាគម្លាតសុវត្ថិភាពឱ្យខាងតែបាន។
ខ្ញុំសូមស្នើឱ្យបងប្អូនមេត្តាប្រឹងប្រែងអត់ធ្មត់នៅក្នុងរយៈពេលនេះ។ យើងទទួលការឈឺចាប់រយៈពេលខ្លី ប្រសើរជាងទទួលការឈឺចាប់រយៈពេលវែង។ ក្រុមគ្រួសាររបស់ខ្ញុំត្រូវទៅធ្វើបុណ្យធ្វើទាន ក៏ត្រូវផ្អាកដំណើរ មិនអាចចេញពីផ្ទះបាន។ ខ្ញុំបានហាមឃាត់កូនចៅរួចស្រេចហើយ មិនឱ្យចេញពីផ្ទះសម្បែងរបស់ពួកគេដែរ។ ចៅៗរបស់ខ្ញុំខ្លះបានជ្រកកោនជាមួយខ្ញុំ នៅឯតាខ្មៅ ក៏ប៉ុន្តែពួកគេក៏គ្មានលទ្ធភាពចេញពីផ្ទះនោះដែរ។ នេះគឺជាបទបញ្ជាតឹងរ៉ឹង។ ប៉ុន្តែ នៅក្នុងករណីដែលមានការចាំបាច់គឺបងប្អូនយើង នៅតែអាចចេញបាន ឧទាហរណ៍ត្រូវចេញទៅចាក់វ៉ាក់សាំង ការចេញទៅព្យាបាលជំងឺនៅតែអាចចេញបាន ដោយមានការបញ្ជាក់ច្បាស់លាស់ ហើយយើងនឹងអនុវត្តម៉ឺងម៉ាត់ផង និងមានការទន់ភ្លន់បត់បែនផង។
អ្វីដែលខ្ញុំសំណូមពរ មិនមែនគ្រាន់តែទីក្រុងភ្នំពេញទេ នៅតាមខេត្តនានាឥឡូវនេះកំពុងតែមានការស៊ីផឹករីករាលដាល ហើយគ្មានការត្រួតពិនិត្យបាន។ សម្រាប់ក្រុមស៊ីផឹក ខ្ញុំសុំអំពាវនាវ សុំឲ្យទូទាំងប្រទេសផ្អាកការលក់ដូរគ្រឿងស្រវឹង ដើម្បីបញ្ចៀសការស៊ីផឹកនៅតាមទីកន្លែងខ្លះ។ នៅទីក្រុងភ្នំពេញ គ្រឿងស្រវឹង មិនមែនចាត់ទុកថាជាប្រភេទស្បៀងមួយនោះទេ។ ពិតមែនហើយគេចាត់ទុកថាស្រា ឬប៊ីយ៊ែរ ជាប្រភេទស្បៀង។ ក៏ប៉ុន្តែ ខ្ញុំសុំស្នើឲ្យនៅក្នុងរាជធានីភ្នំពេញផ្អាកការលក់ស្រា ផ្អាកការប៊ីយ៊ែរនៅក្នុងរយៈពេល ១៤ ថ្ងៃនេះ។ ប៉ុន្តែសូមមេត្តាលក់ទឹកក្រូច ទឹកសុទ្ធ អ្វីផ្សេងទៀតដែលមិនមែនជាគ្រឿងស្រវឹងជូនចំពោះប្រជាពលរដ្ឋរបស់យើង។
សុំអង្វរកបងប្អូនប្រជាពលរដ្ឋរបស់យើងខិតខំឡើងរួមគ្នា ដើម្បីបញ្ចប់ព្រឹត្តការណ៍ដ៏គ្រោះថ្នាក់។ យើងកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈហើយ។ ប្រសិនបើយើងមិនប្រឹងរួមគ្នា យើងនឹងឈានទៅរកមរណៈពិតប្រាកដ។ វិធីតែមួយគត់គឺរួមដៃទាំងរដ្ឋនិងប្រជាជន ជាពិសេសការគាំទ្រនិងចូលរួមរបស់ប្រជាជន ហើយរដ្ឋនឹងបំពេញបន្ថែមជាបន្តបន្ទាប់ តាមរយៈនៃការដឹកនាំរបស់គណៈកម្មការ ជាពិសេសគឺឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន បន្តធ្វើការពិនិត្យកែសម្រួល ហើយអាចដាក់ចេញ(ជាការ)បង្កើតអនុគណៈកម្មការ (ដើម្បីនឹង)បន្ធូរបន្ថយកន្លែងណា បន្តឹងកន្លែងណា។ សូមដាក់សំណើ(ទាំងនោះ)មកខ្ញុំ ឬក៏គណៈកម្មការអាចចុះហត្ថលេខាដើម្បីធ្វើតែម្ដង។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា យើងប្រែពេលវេលានេះជាពេលដែលកំពុងស្ថិតនៅមាត់ជ្រោះនៃមរណៈ ឲ្យក្លាយទៅកាលានុវឌ្ឍភាពថ្មីមួយ ឲ្យក្លាយទៅជាឱកាសក្រោយពេលចូលឆ្នាំរយៈពេល ១៤ ថ្ងៃនៃការកាត់បន្ថយការចម្លង។
សូមបញ្ជាក់ថា ត្រឹមម៉ោងនេះ យើងមានអ្នកឆ្លងជាង ៣០០ នាក់ថែមទៀត រហូតដល់យើងខ្វះទីកន្លែងសម្រាប់ដាក់។ យើងកំពុងដំណើរការដឹកជញ្ជូនអ្នកជំងឺចូលទៅកាន់មន្ទីរពេទ្យ។ ប្រសិនបើប្អូនមិនយកចិត្តទុកដាក់ទៅលើសុខភាពខ្លួនឯងទេ បងប្អូននឹងជួបគ្រោះថ្នាក់។ មិនមែនគ្រាន់តែចូលក្នុងមន្ទីរពេទ្យទេ ការស្លាប់មានជារៀងរាល់ថ្ងៃ។ ចំនួនអ្នកស្លាប់កើនឡើងគួរឲ្យកត់សម្គាល់។ ចំនួនអ្នកឆ្លងក៏កាន់តែមានច្រើន។ ថ្ងៃនេះក៏មានចំនួនច្រើនរហូតទៅដល់ជាង ៣០០ នាក់ គួរឲ្យខ្លាច។ ដូច្នេះហើយការបិទទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ គឺជាវិធានការចាំបាច់។
សុំឲ្យក្រសួងការងារធ្វើការកំណត់ឲ្យបានច្បាស់ចំណុចណាដែលត្រូវបិទ រោងចក្រណាដែលត្រូវបិទ រោងចក្រណាដែលត្រូវទុក។ អ្វីដែលខ្ញុំចង់សង្កត់ធ្ងន់រោងចក្រទាក់ទងផលិតស្បៀងត្រូវតែឲ្យដំណើរការ ដូចជារោងចក្រផលិតមី ឬក៏ផលិតនំ ផលិតអ្វីដែលជាប្រភេទស៊ីចុក ទទួលទាន ហើយហាងដែលមានការលក់ដូរប្រភេទនេះ គឺអាជ្ញាធរត្រូវត្រួតពិនិត្យឲ្យលក់ដូរ … (ដោយ)ចៀសវាងការកកកុញ ដោយមនុស្ស។ ត្រូវតែជួយធ្វើគម្លាតសុវត្ថិភាពនៅទីកន្លែងដូចជានៅ AEON1 AEON2 ឬផ្សារដែលមានសណ្ដាប់ធ្នាប់យើងនៅបន្តបើក ប៉ុន្តែយើងត្រូវថាទីផ្សារអាចទទួលបាន ១០០ នាក់ យើងអនុញ្ញាតឲ្យចូលម្ដងត្រឹមតែ ៥០ នាក់។ អញ្ចឹងត្រូវតែមានសន្តិសុខរបស់យើងទៅរួមជាមួយសន្តិសុខរបស់ហាង ដើម្បីជួយធ្វើគម្លាតសុវត្ថិភាពសម្រាប់បងប្អូនក្នុងការចូលទិញទំនិញនៅតាមទីផ្សារ ចៀសវាងការចូលប្រជ្រៀតគ្នានៅក្នុងហាងដែលនាំទៅដល់ការចម្លង ហើយការចម្លងនោះវានាំទៅដល់បិទហាងនោះថែមទៀតផង។
សុំឲ្យអាជ្ញាធររៀបចំ។ យើងបើកហាងប៉ុន្មាននៅទីក្រុងភ្នំពេញហើយរាល់ហាងនោះ ត្រូវតែមានវិធានការគម្លាតសុវត្ថិភាព។ (បើអាចទទួលឲ្យ)ចូល ១០០ នាក់ អនុញ្ញាតឲ្យចូល ៥០ នាក់ឬ ៣០ នាក់ចូលទៅមុន។ ៣០ នាក់ចេញមក គឺ ៣០ នាក់ចូលទៅទៀត។ ៥០នាក់ចេញមក ៥០ ចូលទៅទៀត។ (ត្រូវតែ)រក្សាគម្លាតនៅក្នុងទីនោះឲ្យខាងតែបាន។ សេវាកម្មសម្រាប់ផ្គត់ផ្គង់បងប្អូននៅតែបន្តមាន។
… ខ្ញុំសោកស្ដាយជាទីបំផុត នៅពេលដែលខ្ញុំដាក់ចេញបទបញ្ជាសម្រាប់ការរៀបចំនេះ បែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះបានធ្វើឲ្យប៉ះទង្គិចនូវអារម្មណ៍របស់ប្រជាពលរដ្ឋ ខុសពីវត្ថុបំណងខ្ញុំ របស់រាជរដ្ឋាភិបាល ដែលដាក់បិទខ្ទប់។ (រដ្ឋ)មានរៀបចំការផ្គត់ផ្គង់ត្រឹមត្រូវ មិនឲ្យបងប្អូនដាច់បាយ មិនឲ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ។ សេវាកម្មទាំងប៉ុន្មាន រាប់ទាំងសេវាកម្មប្រមូលសម្រាមចេញពីផ្ទះនៅតែអាចធ្វើបាន។ សូម្បីតែការហាត់ប្រាណក៏នៅតែអាចធ្វើបាន ក៏ប៉ុន្តែបើយកល្អហាត់ប្រាណក្នុងទីធ្លាក្នុងផ្ទះ ហើយបើគ្មានទីធ្លាក្នុងផ្ទះទេ យើងអាចដើរជិតៗ ក្បែរៗ ផ្ទះ… តែសុំកុំទៅឆ្ងាយពេក ហើយកុំឲ្យលើសពីមនុស្សពីរនាក់។ សុំយកចិត្តទុកដាក់ទៅលើបញ្ហានេះហើយសុំសិក្សាសេចក្ដីសម្រេចទាក់ទិនការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៃខេត្តកណ្ដាលឲ្យបានច្បាស់ដើម្បីយល់ន័យពិតប្រាកដ ហើយអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ ក៏ប៉ុន្តែត្រូវមានការទន់ភ្លន់ ហើយជួយបម្រើទៅដល់ប្រជាពលរដ្ឋរបស់យើង។ សូមអរព្រះគុណ និងសូមអរគុណ៕