ការធ្វើចត្តាឡីស័កនៅតែចាំបាច់ដើម្បីទប់ស្កាត់ការរីករាលដាល កូវីដ-១៩
ខ្ញុំសូមផ្ញើជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងក្នុងគណបក្ស ក្នុងរាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា ជាពិសេស អាជ្ញាធរតាមខេត្ត ទាំងកងកម្លាំងប្រដាប់អាវុធដែលនៅតាមខេត្ត ទាំងខេត្តជាប់ព្រំដែនកម្ពុជា- ថៃ និងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ឲ្យបានជ្រាប(ថា) កន្លងទៅនេះ យើងបានខិតខំទប់ស្កាត់ការរីករាលដាលនៃ កូវីដ-១៩ ពីប្រទេសថៃ មកកាន់ព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយរឹតបន្ដឹងការធ្វើចរាចរមនុស្ស តាមរយៈបងប្អូនពលករកម្ពុជារបស់យើងត្រឡប់ចូលមកក្នុងផ្ទៃប្រទេស។ ឥឡូវនេះ គឺទិសខាងលិច និងក្នុងប្រទេសថៃការឆ្លង កូវីដ-១៩ នៅមានសភាពធ្ងន់ធ្ងរនៅឡើយ ដែលតម្រូវឲ្យយើងរៀបចំទីកន្លែងសម្រាប់ធ្វើចត្តាឡីស័កបន្ថែមទៀត។ រហូតមកដល់ពេលនេះ (អ្នកនៅក្នុងមណ្ឌលចត្តាឡីស័ក)មានជាង ៨ ពាន់នាក់ហើយៗនឹងមកជាបន្ដបន្ទាប់ទៀត ដោយសារតែការមិនទាន់ធូរស្រាលនៃផ្នែកខ្លះនៃប្រទេសថៃដែល(មានការ)ឆ្លងក្នុងសហគមន៍។ យើងមិនអាចបោះបង់ការធ្វើចត្តាឡីស័ក ១៤ ថ្ងៃបានទេ។ ទិសខាងលិចនៃមាតុប្រទេសរបស់យើងដែលជាប់ជាមួយប្រទេសថៃ រៀបចំបានល្អ ជាមួយនឹងការខិតខំរបស់អាជ្ញាធរខេត្តទាំងអស់ ដែលនៅជាប់ព្រំដែនកម្ពុជាថៃ ដោយមានការគាំទ្រពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ជាផ្នែកសុខាភិបាល។
កង្វល់ពីការផ្ទុះនិងរីករាលដាល កូវីដ-១៩ ក្នុងសហគមន៍នៃប្រទេសវៀតណាម
ប៉ុន្ដែឥឡូវនេះ ការព្រួយបារម្ភធំបំផុតរបស់យើង គឺការផ្ទុះឡើងនូវការឆ្លងក្នុងសហគមន៍ក្នុងប្រទេសវៀតណាម ដែលបានចាប់ផ្ដើមពីភាគខាងជើង ភាគកណ្ដាល និងភាគខាងត្បូង ដែលមេរោគនេះ តាមព័ត៌មានដែលយើងទទួលបាន មានការក្លែងភេទទៀតផង។ នេះជាកង្វល់ដ៏ធំ ដែលខ្ញុំសូមប្រកាសឲ្យបណ្ដាខេត្តនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ទាំងអស់ចាប់តាំងពីខេត្តកំពត ដល់ខេត្តរតនគិរី ចាត់វិធានការបន្ទាន់ ទប់ស្កាត់កុំឲ្យមានការឆ្លងទៅឆ្លងមករបស់ប្រជាជនទាំងកម្ពុជា ទាំងប្រជាជនវៀតណាម។ ប្រជាជនកម្ពុជាដែលឆ្លងចូលប្រទេសវៀតណាម ក៏ត្រូវធ្វើចត្តាឡីស័កដោយអាជ្ញាធរវៀតណាម ដូចដែលធ្លាប់ធ្វើកន្លងទៅ ឯប្រជាជនវៀតណាម ដែលឆ្លងចូលមកកម្ពុជា ក៏ត្រូវធ្វើចត្តាឡីស័កក្នុងប្រទេសកម្ពុជាផងដែរ។ ប្រជាជនកម្ពុជាដែលចូលទៅប្រទេសវៀតណាម ហើយចូលមកកម្ពុជាក៏ត្រូវធ្វើចត្តាឡីស័កផងដែរ។
បិទការឆ្លងតាមច្រករបៀង ត្រួតពិនិត្យខាងក្នុង និងរៀបចំធ្វើចត្តាឡីស័កឲ្យបានរឹងមាំ
ប្រការនេះពឹងពាក់ទាំងស្រុងទៅលើអាជ្ញាធរ អភិបាលខេត្ត ដឹកនាំការងារនេះ ជាមួយកងកម្លាំងប្រដាប់អាវុធដែលឈរជើង បិទខ្ទប់ឲ្យខាងតែបាននូវការឆ្លងតាមច្រករបៀងទាំងនៅតាមព្រំដែន និងការត្រួតពិនិត្យខាងក្នុងឲ្យបានហ្មត់ចត់ និងការរៀបចំធ្វើចត្តាឡីស័កឲ្យបានរឹងមាំបំផុត។ យើងមិនអាចយល់អធ្យាស្រ័យបាន(ទេ)។ (យើងត្រូវតែមានវិធានការ) ដូចវិធានការដែលយើង(បានប្រកាន់)យកគ្រប់ទីកន្លែង (និងការធ្វើ)ចត្ដាឡីស័ក ត្រូវតែធ្វើ ១៤ ថ្ងៃ ដោយខានមិនបាន។
ដូច្នេះ ខ្ញុំដាក់ចេញនូវវិធានការបន្ទាន់ ឲ្យអាជ្ញាធរខេត្តនៅតាមព្រំដែនជាមួយស្ថាប័នមានការពាក់ព័ន្ធទាំងអស់សហការគ្នា ហើយក្រសួងសុខាភិបាលត្រូវផ្គត់ផ្គង់ទៅបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-វៀតណាម ហើយតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ត្រូវត្រួតពិនិត្យមានអ្វីជាការខ្វះខាត ត្រូវលើកសំណើស្នើមកក្រសួងសុខាភិបាល ដើម្បី(ក្រសួង)នឹងជួយផ្គត់ផ្គង់ រៀបចំកន្លែងធ្វើចត្ដាឡីស័ក។ ត្រូវ(មានការ)ទាក់ទង(រវាង)អាជ្ញាធរខេត្តនិងខេត្តដែលនៅជាប់ជាមួយគ្នា ដើម្បីជួយទប់ស្កាត់ប្រជាជនដែលឆ្លងពីវៀតណាមចូលមកកាន់កម្ពុជា ឬឆ្លងពីកម្ពុជាទៅវៀតណាម។ យើងរួមគ្នាទប់ស្កាត់បែបនេះទើបអាចចៀសវាងបាននូវចរាចរណ៍នៃជំងឺ កូវីដ-១៩ ទោះបីប្រភេទចាស់ ឬថ្មីក៏ដោយ។
បន្តសម្របសម្រួលការដឹកទំនិញទៅមក
អ្វីដែលជាការព្រួយបារម្ភគឺអាចមានការឆ្លងទៅឆ្លងមកនៅក្នុងរយៈនៃការចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ ដែលអាជ្ញាធរត្រូវពង្រាយកម្លាំងជាបន្ទាន់ដើម្បីទប់ស្កាត់ទៅលើការចេញចូលរបស់ប្រជាជន ទៅតាមច្រករបៀងនានា។ យើងនៅបន្តការសម្របសម្រួលលើការដឹកទំនិញទៅមក ដូចដែលបានព្រមព្រៀងគ្នា តាំងពីខែមិថុនា ឆ្នាំ ២០២០ ដោយមិនធ្វើឱ្យមានការរាំងស្ទះទៅលើការធ្វើពាណិជ្ជកម្មឆ្លងដែន និងការដឹកជញ្ជូនទំនិញឆ្លងដែននោះទេ។ ក៏ប៉ុន្តែ យើងត្រូវរឹតបន្ដឹងការធ្វើចរាចរមនុស្សឆ្លងកាត់ព្រំដែន ដោយមិនបានធ្វើចត្តាឡីស័ក។ ប្រជាជនខ្មែរយើងដែលធ្វើដំណើរទៅប្រទេសវៀតណាម ត្រឡប់មកវិញ ចាំបាច់ត្រូវតែធ្វើចត្តាឡីស័ក។ ប្រជាជនវៀតណាម ដែលធ្វើដំណើរចូលមកក្នុងទឹកដីកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កដូចគ្នា ដោយគ្មានការលើកលែង។ នេះជាវិធានការបន្ទាន់ ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ដែលកំពុងហ៊ុមព័ទ្ធយើងពីទិសខាងលិច គឺព្រំដែនកម្ពុជាថៃ និងខាងកើត គឺព្រំដែនកម្ពុជាវៀតណាម។ ប្រសិនបើយើងមានការធ្វេសប្រហែស ប្រទេសយើងនឹងខ្ទេចខ្ទាំទៅដោយ កូវីដ-១៩ ដែលរុញច្រានពីប្រទេសថៃមកផង និងរុញច្រានពីប្រទេសវៀតណាមមកផង។
សុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធ ត្រួតពិនិត្យព្រំដែនកម្ពុជាវៀតណាមឱ្យបានតឹងរ៉ឹង
ខ្ញុំដាក់ចេញបញ្ជាដោយម៉ឺងម៉ាត់ ឱ្យកម្លាំងប្រដាប់អាវុធ ជាពិសេសគឺនគរបាលការពារព្រំដែន កងទ័ពជើងគោក ដែលរួមមានបណ្ដាភូមិភាគជាប់ព្រំដែនវៀតណាម ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីនឹងរួមជាមួយនឹងកម្លាំងប្រដាប់អាវុធផ្សេងទៀត មានទាំងនគរបាល និងអាវុធហត្ថ ដើម្បីត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបំផុតនៅតាមព្រំដែនកម្ពុជាវៀតណាម។ ក្រសួងសុខាភិបាលត្រូវពិនិត្យបន្ទាន់ ដើម្បីពិភាក្សាជាមួយនឹងខេត្ត(ជាប់ព្រំដែនវៀតណាម) រៀបចំតំបន់ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និង(ធ្វើការ)ផ្គត់ផ្គង់ដូចដែលយើងធ្លាប់ធ្វើនៅទិសខាងលិច(ព្រំដែនថៃ) ដូចគ្នាផងដែរ។
ទទួលបាននូវបទបញ្ជានេះ អាជ្ញាធរខេត្តដែលនៅជាប់ព្រំដែនវៀតណាម ត្រូវតែពង្រឹងបន្ទាន់នូវសភាពការណ៍ ដោយវិធានការទាំងឡាយ ដែលខ្ញុំបានដាក់ចេញទៅនេះ ព្រោះនេះជាវិធានការ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាជនយើងឱ្យចេញផុតអំពីគ្រោះមហន្តរាយនៃការឆ្លង(កូវីដ-១៩)ចូលសហគមន៍ ដែលវារាលដាលចេញពីប្រទេសថៃផង រាលដាលចេញពីប្រទេសវៀតណាមផង។ តាមព្រំដែនប្រទេសថៃ យើងធ្វើបានល្អហើយ ប៉ុន្តែយើងមិនមានវិធានការម៉ឺងម៉ាត់នៅតាមព្រំដែនកម្ពុជាវៀតណាមនៅឡើយទេ។
នៅតាមព្រំដែនកម្ពុជាវៀតណាម យើងមិនមានកង្វល់ច្រើនពេក ដោយសារយើងមិនមានពលករយើងនៅក្នុងប្រទេសវៀតណាមទេ ប៉ុន្តែអ្វីដែលជាការកង្វល់របស់យើង គឺនៅជិតពេលចូលឆ្នាំវៀតណាមនេះ អាចនឹងមានពលរដ្ឋកម្ពុជាឆ្លងទៅប្រទេសវៀតណាម និងអាណិកជនវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា ឆ្លងទៅប្រទេសវៀតណាម ហើយក៏ឆ្លងចូលមកកម្ពុជាវិញ។ នេះគឺជារឿងដែលយើងត្រូវប្រុងប្រយ័ត្ន ហើយត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់។ សូមអាជ្ញាធរខេត្តចាត់វិធានការ ពង្រាយកម្លាំងបន្ទាន់តាមព្រំដែនកម្ពុជា-វៀតណាម។ កងទ័ពជើងគោក ត្រូវចេញបទបញ្ជាទៅចំពោះកងទ័ពដែលនៅតាមព្រំដែន ដែលមានយោធភូមិភាគ និងកងទ័ពប្រតិបត្តិការសឹកខេត្ត និងបណ្ដាកងពលចំណុះយោធភូមិភាគ ឬចំណុះកងទ័ពជើងគោក ហើយប្រសិនបើមានកងទ័ពចំណុះអគ្គបញ្ជាការ កងទ័ពនោះក៏ត្រូវបានប្រើប្រាស់ ដើម្បីទប់ស្កាត់ការធ្វើចរាចរមនុស្ស ដោយមិនបានធ្វើចត្តាឡីស័ក។
ហាមមិនឱ្យបោះទ័ពជាប្រចាំ ក្នុងតំបន់ដែលមិនដាច់ស្រេច
ប៉ុន្ដែ ខ្ញុំសូមហាមផ្ដាច់ គឺមិនឱ្យបោះកងទ័ពជាប្រចាំ ហើយជាពិសេសមិនត្រូវបោះកងទ័ពទៅក្នុងតំបន់ដែលមិនទាន់ដាច់ស្រេចនោះទេ។ នេះគ្រាន់តែជាការល្បាតដើម្បីទប់ស្កាត់ ដើម្បីបង្កើនកម្លាំងជាមួយនឹងកម្លាំងការពារព្រំដែនដែលមានស្រាប់តែប៉ុណ្ណោះ គឺមិនមែនទៅបោះទ័ពនៅទីតាំងកន្លែងនេះកន្លែងនោះ នោះទេ ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសំណាក់មិត្តភក្ដិរបស់យើង។ យើងធ្វើកិច្ចការនេះជាមួយនឹងប្រទេសថៃបានល្អហើយ តែយើងត្រូវធ្វើកិច្ចការនេះឱ្យបានល្អទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស សូមរំលឹកឱ្យបណ្ដាខេត្តដែលជាប់ព្រំដែនវៀតណាម សហការគ្នា ទាំងកម្ពុជា ទាំងវៀតណាម រួមគ្នាដើម្បីទប់ស្កាត់ការធ្វើចរាចរមនុស្ស ដោយមិនបានធ្វើចត្តាឡីស័ក ទាំងប្រជាជនកម្ពុជា ទាំងប្រជាជនវៀតណាម។ ប្រជាជនកម្ពុជា ឆ្លងទៅប្រទេសវៀតណាម ត្រូវតែធ្វើចត្តាឡីស័ក។ ខាងវៀតណាម ឆ្លងចូលមកប្រទេសកម្ពុជា ក៏ត្រូវធ្វើចត្តាឡីស័កដូចគ្នា។ ជាវិធានការសុខាភិបាល ដែលត្រូវប្រកាន់យក ដើម្បីចៀសវាងការឆ្លង កូវីដ-១៩ នៅក្នុងសហគមន៍ ក្នុងប្រទេសយើង។
ចូលចាត់ការជាបន្ទាន់ ហើយសូមឱ្យបណ្ដាញផ្សព្វផ្សាយ ផ្សាយសារសំឡេងរបស់ខ្ញុំនេះ ឱ្យបានទូលំទូលាយជាទីបំផុត។ សូមអរគុណ៕