ម៉ាសរបស់កម្ពុជាចំនួន ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ត្រូវបានដឹកតាមយន្តហោះពិសេសចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រសួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។
ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន ១ លាន, ម៉ាសក្រណាត់៥ ពាន់, ម៉ាស N95 ចំនួន ១ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ១ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ១ ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន ២៥០, របាំងមុខចំនួន ១ ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើមសម្រាប់ប្រពោធនកម្ម ចំនួន ១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥ គីឡូក្រាម ក្នុង ១ ធុង (ក្លរ៉ាមីនប្រភេទ B) ២៥០ កេស, ស្បែកជើងកវែងសុវត្ថិភាព ៥០០ គូ និងសាប៊ូលាងដៃ ១ ពាន់គូ។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ទើបបានផ្តល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង ២ លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕