ថ្ងៃនេះ ខ្ញុំបានមកជួបជុំជាមួយនឹងបងប្អូន ដែលចាត់ទុកថាជានិមិត្តរូបឱ្យប្រជាជនរាប់ម៉ឺនគ្រួសារដែលបាន និងកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនៅក្នុងប្រទេស។ ខ្ញុំសុំយកឱកាសនេះ សម្ដែងនូវការសោកស្តាយជាមួយនឹងការបាត់បង់សម្រាប់ប្រជាជនយើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមកដល់ពេលនេះមានអ្នកស្លាប់ ១៣ នាក់រួចទៅហើយ។ ជាកុសលល្អសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនៅជាប់ជិតខាងយើងនេះ មិនមានអ្នកស្លាប់នោះទេ។ នេះជាគ្រោះធម្មជាតិមួយ បន្ថែមទៅលើអ្វីដែលយើងកំពុងតែទទួលរងនូវការលំបាកទាក់ទងទៅនឹង Covid-19។ នៅពេលដែលយើងកំពុងប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវ ដែលបានយាយីប្រជាជននៅទូទាំងពិភពលោក ក្នុងហ្នឹងក៏មានកម្ពុជាផងដែរ បែរជាយើងត្រូវជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រស់នៅ ដែលជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសង្គ្រោះជីវិតប្រជាជនឱ្យបានសិន។
ពេលកម្លាំងរដ្ឋបាលស៊ីវិលមិនអាចឆ្លើយតបបាន កម្លាំងប្រដាប់អាវុធដើរតួនាទីស្នូលសង្គ្រោះប្រជាពលរដ្ឋ
ខ្ញុំពិតជាមានការកោតសរសើរចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ដែលមានហេតុការណ៍កើតឡើង។ អរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានប្រឹងប្រែង ដើម្បីជម្លៀសប្រជាជនចេញមកកាន់ទីកន្លែងដែលមានសុវត្ថិភាព។ បងប្អូនយើងពិតជាមានការប្រឹងប្រែង និងលះបង់ខ្លាំងណាស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងកម្លាំងអាវុធហត្ថ កងកម្លាំងនគរបាល បានធ្វើកិច្ចការដ៏ល្អនៅគ្រប់ទីកន្លែង ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ខ្ញុំសុំស្នើឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ក្លាយជាឆ្អឹងខ្នងនៃអន្តរាគមន៍ផ្តាច់ព្រ័ត្រសម្រាប់សង្គ្រោះប្រជាជនយើងតទៅទៀត ដូចដែលយើងបាន និងកំពុងធ្វើនៅពេលនេះ។ នេះមិនមែនជាបញ្ហាថ្មីថ្មោងនៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាទេ។ យើងបានធ្វើកិច្ចការងារនេះតាំងពីទសវត្សរ៍ ៨០ រហូតមក គឺយើងតែងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីសង្គ្រោះនៅពេលមានគ្រោះមហន្តរាយម្តងៗ។ ពេលដែលកម្លាំងរដ្ឋបាលស៊ីវិលមិនអាចឆ្លើយតបបាននោះ កម្លាំងប្រដាប់អាវុធរបស់យើងតែងតែដើរតួនាទីស្នូលក្នុងការសង្គ្រោះប្រជាពលរដ្ឋ ដូចដែលនៅតំបន់នេះមានកម្លាំងច្រើន ដែលចូលរួមដោះស្រាយទាំងនៅរាជធានីភ្នំពេញ ទាំងនៅខេត្តកណ្តាល។ ប៉ុន្តែ ដែលហៅថា ការប្រែប្រួលអាកាសធាតុគឺវាលំបាកណាស់។
ការសង្គ្រោះពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់ជាអាទិភាព
អម្បាញ់មិញនេះគឺភ្លៀងធ្លាក់ ឥឡូវនៅបន្តរលឹមនៅឡើយនៅទីនេះ ដែលវារំខានទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ការខូតខាតមិនទាន់បានបូកសរុបនៅឡើយទេ ព្រោះអាទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ គឺត្រូវសង្គ្រោះប្រជាជនឱ្យចេញផុតពីតំបន់រងគ្រោះសិន។ នេះជាបញ្ហាសំខាន់ ហើយសារនេះមិនមែនគ្រាន់តែសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាលទេ ក៏ប៉ុន្តែបញ្ជូនទៅគ្រប់ខេត្តនៅទូទាំងប្រទេស។ ទោះបីថា ឥឡូវនេះមានត្រឹម ១០ ខេត្ត ប៉ុណ្ណោះ ដែលខ្ញុំបានផ្តល់ថវិកាសម្រាប់សង្គ្រោះ ក៏ប៉ុន្តែ បើយោងទៅតាមអ្វីដែលជាការព្យាករនៃក្រសួងធនធានទឹក (នៅពេលខាងមុខ)នឹងអាចធ្លាក់ភ្លៀងនៅតំបន់មួយចំនួនផ្សេងទៀត ដែលយើងនឹងត្រូវត្រៀមបម្រុងឱ្យគ្រប់ខេត្តទាំងអស់នៅគ្រប់ទីកន្លែង ប្រុងប្រៀបផ្តល់អាទិភាពនៃការជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ។ សូមចិត្តចំពោះប្រជាពលរដ្ឋ នៅពេលដែលអាជ្ញាធរស្នើសុំឱ្យមានការចាកចេញ សូមមេត្តាចាកចេញទៅតាមសំណូមពរអាជ្ញាធរ ចៀសវាងការកើតនូវគំនិតថា “មិនអីទេ!”។ (ដោយសារតែ)ពាក្យមិនអីទេហ្នឹងហើយ ដូចជាល្ងាចនេះដោយសារតែរឿងមិនអីពីម្សិល ឬមិនអីព្រឹកមិញ ប៉ុន្តែវាអីនៅល្ងាចនេះ ដែលត្រូវជម្លៀសមកកាន់ទីនេះ។ តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋរបស់យើងបានខិតខំប្រឹងដោយខ្លួនឯង រួមជាមួយការដោះស្រាយដោយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ យើងនឹងបន្តរួមគ្នាធ្វើកិច្ចការងារនេះ យកឈ្នះទៅលើស្ថានភាពមិនអំណោយផលដែលបណ្តាលមកពីព្យុះ និងសម្ពាធទាបក្នុងតំបន់របស់យើង ជាពិសេសព្យុះដែលកើតចេញពីសមុទ្រចិនខាងត្បូង ឬឆ្លងកាត់វៀតណាម ឆ្លងកាត់ថៃ ឆ្លងកាត់ឡាវ និងគ្របដណ្តប់នៅក្នុងផ្ទៃប្រទេសរបស់យើង។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សូមយកចិត្តទុកដាក់៖
ទី១៖ ជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទឹកជំនន់ ទៅកាន់ទីទួលសុវត្ថិភាព ដោយធ្វើការប្រុងប្រៀបជាមុន ពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅ។ តើត្រូវដឹកជញ្ជូនទៅកន្លែងណា? បន្ទាប់ពីទឹកស្រក, សូមឱ្យអាជ្ញាធរគ្រប់ថ្នាក់ជួយសំរួលដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្នានវិញនេះជាចំណុចទី ២។ ឯចំណុចទី ៣៖ ទាក់ទងនឹងការ(ផ្ដល់)ស្បៀងអាហារគ្រប់ប្រភេទ ហើយក៏ខិតខំធ្វើការព្យាបាលជំងឺប្រសិនបើមាន។ អំពាវនាវចំពោះប្រជាជនការពារនូវជំងឺខ្លួនឯង តាមរយៈអនាម័យ។ ខ្ញុំបានបញ្ជូនប្រមាណជាប៉ុន្មានម៉ឺនគ្រួសារ ក្នុងមួយគ្រួសារឱ្យទឹកសុទ្ធមួយកេស ដែលកំពុងតែបញ្ជូនដឹកទៅតាមគោលដៅនៃបណ្តាខេត្តមួយចំនួន ក្នុងនោះកំពុងតែធ្វើការដឹកជញ្ជូនដោយរថយន្តកងទ័ពសម្រាប់ធ្វើការដឹកជញ្ជូន។
ការពារសុខភាព និងការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋរងគ្រោះ
សូមកុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរូស ចុកក្អួត ដែលនាំមកនូវការលំបាកបន្ថែមទៀត។ សូមឱ្យកន្លែងនីមួយៗ ដែលមានប្រជាពលរដ្ឋត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ត្រូវមានគ្រូពេទ្យប្រចាំការដើម្បីមើលនៅទីនោះ។ កិច្ចការងារនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់អាចធ្វើការបានជាមួយផ្នែកសុខាភិបាលដើម្បីដាក់គ្រូពេទ្យប្រចាំការ ចៀសវាងនូវការកើតឡើងនៅគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋ។ ខ្ញុំសូមយកឱកាសក៏សូមថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ហុង ពីវ ដែលបានផ្តល់នូវទីកន្លែងនេះ ជាជម្រកក្នុងការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងកម្មករ បុរីពិភពថ្មី កួរស្រូវពីរ ដែលយើងកំពុងតែដាក់ប្រជាពលរដ្ឋនៅទីនេះ។ ខ្ញុំសូមឱ្យរំលឹកដាស់តឿនចំពោះអាជ្ញាធរ ក្រែងលោប្រជាជនខ្លះមិនទាន់បានចាកចេញពីលំនៅដ្ឋាន គាត់កំពុងតែសម្ងំនៅទីនោះ ហើយជួនកាលគាត់អស់ថ្មទូរស័ព្ទមិនអាចទូរស័ព្ទបាន។ អញ្ចឹងត្រូវមានកម្លាំងចល័តទៅតាមផ្ទះនីមួយៗ ដើម្បីពិនិត្យមើលហើយត្រូវថែទាំទ្រព្យសម្បត្តិសម្ភារៈរបស់ប្រជាពលរដ្ឋនៅតាមផ្ទះផងដែរ ព្រោះពួកចោរលួច ចោរប្លន់ អាចឆ្លៀតពេលនេះ ទៅលួចទ្រព្យសម្បត្ដិរបស់ប្រជាជនតាមលំនៅដ្ឋាន។ សូមឱ្យសមត្ថកិច្ច ជាអាវុធហត្ថ នគរបាល និងប្រជាការពារយកចិត្តទុកដាក់ការពារទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋដែលត្រូវជម្លៀសចេញ ព្រោះយកមកបានតែសម្លៀកបំពាក់មួយចំនួនទេ មួយផ្នែកទៀត(នៅសេសសល់)អាចពួកចោរលួច ចោរប្លន់ នឹងឆ្លៀតឱកាស។
សប្បុរសជនស្ម័គ្រចិត្តចូលរួមជួយ មកដល់ពេលនេះបានជាង ៦ លានដុល្លារ
ខ្ញុំសូមអរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមវិភាគទាន មកដល់ពេលនេះមានជា ៦ លាន ដុល្លារសហរដ្ឋអាមេរិក។ រាជរដ្ឋាភិបាលមិនបានសំណូមពរទេ ក៏ប៉ុន្ដែប្រជាពលរដ្ឋដែលមានធនធានបានស្ម័គ្រចិត្តខ្លួនឯង ចូលរួមបានជាង ៦ លានដុល្លារ ដែលបានធ្វើបច្ចុប្បន្នភាពមុននេះបន្ដិច។ ពីម្សិលមិញនេះ នៅពេលដែលទូរស័ព្ទរបស់ខ្ញុំត្រូវបើក ឃើញថា ប្រជាពលរដ្ឋដែលគាត់មានធនធាន បានផ្ញើមកថា សុំចូលរួមវិភាគទាន។ (ដូចនេះ)ខ្ញុំក៏បង្ហោះតាមហ្វេសប៊ុក និងមានការផ្សាយតាមផេចផ្លូវការរបស់នាយករដ្ឋមន្រ្តី តាមទូរទស្សន៍ជាតិ និងទូរទស្សន៍នានា Fresh News។ នេះបង្ហាញពីការរួបរួមគ្នានៅក្នុងចំណោមប្រជាពលរដ្ឋរបស់យើង។ កូវីដ-១៩បានបំផ្លាញយើង យើងក៏បានប្រើថវិការបស់យើង ក៏ប៉ុន្ដែនៅមានថវិកាដែលជាព្រះរាជអំណោយរបស់ព្រះករុណាជាអម្ចាស់ និងហ្លួងម៉ែ ពីរលើក និងសប្បុរសជនជាច្រើនដែលបានចូលថវិកាជិត ២០ លានដុល្លារអាមេរិក មិនទាន់គិតទៅដល់កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ ដែលកាត់បៀវត្ស ដែលមកដល់ពេលនេះការកាត់បៀវត្សមិនទាន់ត្រូវបានចំណាយទេ។ ថវិកាដែលជាជំនួយសម្រាប់កូវីដ-១៩ មានប្រហែលជា ១៨ ទៅ ១៩ លាន ដុល្លារ ឬជិត ២០ លាន នៅសល់ជិត ១០ លានដុល្លារ ហើយចំពោះបៀវត្សដែលបានកាត់ពីមន្ដ្រីរាជការស្ម័គ្រចិត្ត ក៏មិនទាន់បានប្រើប្រាស់ដែរ។ បន្ថែមលើនោះ នៅពេលទឹកជំនន់ភ្លាមរយៈពេលត្រឹមតែ ២៤ ម៉ោងតែប៉ុណ្ណោះ ថវិកាវិភាគទានរបស់សប្បុរសជនបានប្រមាណជាង ៦ លាន ដុល្លារអាមេរិក ដែលត្រូវប្រើប្រាស់តាមរយៈនៃគណៈកម្មាការគ្រប់គ្រងគ្រោះមហន្ដរាយ ដែលផ្ដល់អាទិភាពទៅលើការដោះស្រាយជាបន្ទាន់ទៅលើការសង្គ្រោះ។ ពិតមែនហើយ មានខេត្តខ្លះដែលរងគ្រោះតិចតួច ដែលអាចដោះស្រាយបាន សូម្បីខេត្តកណ្ដាលបញ្ជូនឱ្យ ១០ ម៉ឺនដុល្លារ។ គាត់មិនចង់យកទេ ដោយសារសមត្ថភាពនៃខេត្តកណ្ដាលអាចដោះស្រាយបានដោយខ្លួនឯង ប៉ុន្ដែខ្ញុំនៅតែសម្រេចផ្ដល់ឱ្យទឹកបន្ថែម និងថវិកា។
ជំនន់ទឹកភ្លៀងពេលនេះមិនមែនកើតតែនៅកម្ពុជាទេ
បន្ទាប់ពីនោះ យើងនឹងពិនិត្យទាក់ទងនឹងបញ្ហាស្ដារឡើងវិញទាក់ទងនឹងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំជាច្រើនដែលបានខូចខាត កសិផលកសិកម្មជាស្រូវ ឬក៏ជាផលិតផលផ្សេងទៀតដែលមានការខូចខាត យើងនឹងពិនិត្យស្ដារឡើងវិញនូវជីវភាពប្រជាជនរបស់យើង ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ នៅទីនេះ ខ្ញុំគួរតែបញ្ជាក់បន្ដិច បញ្ហាជំនន់លើកនេះមិនមែនមានតែនៅកម្ពុជាទេ។ ប្រទេសថៃជូនដំណឹងមកយើងថាអាចនឹងបើកទឹកទម្លាក់មក ប៉ុន្ដែពេលនេះបែបមិនទាន់ទម្លាក់មកទេ។ ប្រសិនបើប្រទេសថៃទម្លាក់ទឹកខេត្តបន្ទាយមានជ័យ អាចទទួលរងបន្ថែម។ សម្រាប់ប្រទេសវៀតណាមមកដល់ពេលនេះមានអ្នកស្លាប់រាប់សិបនាក់ និងអ្នកបាត់ខ្លួនយ៉ាងច្រើន។ ប្រទេសដទៃសុទ្ធតែមាន សម្រាប់តំបន់នេះ។ បើខ្ញុំមិនច្រឡំទេ ខ្ញុំបានចូលរួមព្រឹត្ដិការណ៍ជំនន់ព្រែកត្នោតឆ្នាំ ១៩៩១, ១៩៩៨ ដែលឆ្នាំ ៩៨ ខ្ញុំនៅចាំច្បាស់អំពីពេលវេលាដែលខ្ញុំចុះមកដើម្បីដោះស្រាយ ជួបជាមួយប្រជាពលរដ្ឋដែលលិចលង់នៅស្រុកកណ្ដាលស្ទឹង ពេលនោះកើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៩៨ ។ ខ្ញុំប្រជុំគណៈរដ្ឋមន្ដ្រីពេលព្រឹក ពេលល្ងាចខ្ញុំមកជួបប្រជាជន ហើយឆ្នាំ ១៩៩១ កើតឡើងម្ដង ខ្ញុំក៏ជិះម៉ូតូកាត់តាមហ្នឹង ឆ្លងកាត់ព្រែកត្នោត ដើម្បីទៅពិនិត្យមើលតំបន់ ដែលវាមានផលប៉ះពាល់នៅកណ្ដាលស្ទឹង នៅស្រុកអង្គស្នួល ពេលនោះហៅ ស្រុកភ្នំពេញ នៅឡើយទេ។ ឆ្នាំ ២០០០ កើតឡើងសាជាថ្មី ហើយដែលហៅថា ប្រឡាយតាហោ នៅព្រែករទាំងនេះ ខ្ញុំបានបញ្ជាឱ្យកាត់ផ្លូវជាតិលេខ ២ នៅម៉ោង ២ យប់ តែម្ដង ដើម្បីកុំឱ្យទឹកបុកចូលក្នុងទីក្រុងភ្នំពេញ។ ព្រែករទាំងបានកើតនៅពេលនោះ ប្រឡាយតាហោ បានកើតនៅពេលនោះ ខ្ញុំបានចូលប្រឡូកក្នុងហេតុការណ៍នៃជំនន់ព្រែកត្នោតនេះ។
ជំនន់ទឹកភ្លៀងឆ្នាំនេះ ប្រសើរជាងពីឆ្នាំ ២០០០ ដោយសារទឹកទន្លេទាបនៅទាប
បន្ទាប់ទៅ នៅក្នុងឆ្នាំប្រមាណជា ២០០១ ឬក្រោយបន្តិច ដែលខ្ញុំបានទៅ សាក់សំពៅ ពេលនោះដាច់សណ្ដរស្ទឹងថែមទៀត។ ឥឡូវនេះ ទឹកកំពុងហូរធ្លាក់ចូលទៅ បឹងជើងលោក គឺមានមួយផ្នែកធ្លាក់ទៅទន្លេបាសាក់ និងមួយផ្នែកទៀតកំពុងបុកធ្លាក់ទៅ បឹងជើងលោក របស់ក្រាំងយ៉ូវ ទៅដល់ខេត្តតាកែវរបស់ស្រុកបាទីឯណោះ ដើម្បីជួយរំដោះទឹក។ យើងមានព្រែកតាហោ មានន័យថា រដ្ឋមន្រ្តី លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក ទទួលបទបញ្ជាជីក រួចហើយបានគេហៅថា ព្រែកតាហោៗ ហើយយើងក៏មានស្ពានថ្មីមួយទៀតនៅចំព្រែករទាំងនេះ (ចង្អុលទៅខាងណា?) ទៅទិសខាងនេះ តាមផ្លូវជាតិលេខ ២ ដើម្បីយើងរំដោះទឹក។ វាជាភ័ព្វសំណាងនៅក្នុងឆ្នាំនេះ បើប្រៀបធៀបនឹងឆ្នាំ ២០០០ ដែលទឹកចាល់ចេញមិនរួចពេលនោះ (ដោយសារ)ទឹកនៅតាមទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ គឺវាមានកម្ពស់ទឹកខ្ពស់។ ឆ្នាំនេះ ទឹកនៅតាមទន្លេបាសាក់ តាមទន្លេសាប មានកម្រិតទាប ដែលធ្វើឱ្យទឹកហូរចុះទៅបានយ៉ាងលឿន។
ទឹកភ្លៀងពីភាគខាងលើច្រើនហួសសមត្ថភាពស្រូប
នេះគឺជាចំណុចដែលខ្ញុំគ្រាន់តែបញ្ជាក់ ដែលហៅថាជំនន់។ ខ្លះលើកឡើងអំពីបញ្ហាលុបបឹង បានជាវាមានជំនន់។ ខ្ញុំចង់សួរត្រឡប់ទៅអ្នកដែលនិយាយនោះ នៅប្រទេសជប៉ុនឆ្នាំទៅនេះ ជំនន់ទឹកភ្លៀងសម្លាប់ប្រជាជនជប៉ុនអស់យ៉ាងច្រើន។ នៅប្រទេសនៅអឺរ៉ុប ទីក្រុងធំៗមួយចំនួន ជំនន់ទឹកភ្លៀងក៏បានលិចលង់។ ឥឡូវតាមព្រែកត្នោតរបស់យើងនេះ ពីខាងលើមក តើនរណាលុបបឹង? ព្រែក? ស្ទឹងពោធិសាត់? ស្ទឹងមង្គលបុរី? ស្ទឹងសង្កែ? អានោះវាសុទ្ធតែស្ទឹង។ ប៉ុន្តែដោយសារតែទឹកពីលើវាខ្លាំងជ្រុលហួសពីសមត្ថភាពស្រូប មិនមែនគ្រាន់តែហួសពីសមត្ថភាពស្រូបនៃលូ ឬប្រឡាយ ដែលយើងបានធ្វើទេ សូម្បីតែទន្លេមេគង្គ ដែលវាជន់លិច ក៏សមត្ថភាពនៃទន្លេនេះមិនអាចនឹងទទួលអស់ ជាមួយនឹងទឹកដែលវាធ្លាក់ពីខាងលើច្រើនហួស។ ដូច្នេះហើយបានជាគេហៅថាជំនន់នោះ។ មានតែសមុទ្រទេ ដែលវាមិនជន់។ ក៏ប៉ុន្តែ ទឹកសមុទ្រវាមានជោរ មាននាច នៅពេលយប់អីចឹងវាជោរ ពេលថ្ងៃវានាចចុះ … ទន្លេគឺវាតែងជួបប្រទះបែបនេះឯង។ នេះហើយដែលហៅថា គ្រោះមហន្តរាយធម្មជាតិ ដែលមានកើតនៅស្ទើរគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោករបស់យើងនេះ។
អំពាវនាវឱ្យធ្វើការប្រុងប្រយ័ត្នចំពោះសត្វអសិរពិសផ្សេងៗ
ពាក់ព័ន្ធនឹងរឿងនេះ ខ្ញុំមិនទាន់ចង់ឆ្លើយតបជាមួយអ្នកណាទេ ក៏ប៉ុន្តែ ខ្ញុំចង់ពន្យល់ដល់ប្រជាពលរដ្ឋរបស់យើង មូលហេតុសូម្បីតែអ្នកនៅក្បែរស្ទឹង គឺដោយសារតែស្ទឹងយើងវាប៉ុនណាណីនោះ ហើយហូរយ៉ាងលឿនទ្រាំទ្រមិនរួច ដោយសារទឹកភ្លៀងពីខាងលើ។ ប្រសិនបើអស់ទឹកភ្លៀងពីខាងលើ ទឹកខាងក្រោមក៏វានឹងអស់ដែរ ហើយអាចអស់ដល់រកទឹកប្រើមិនបានទៀតផង។ ខ្ញុំមិនចង់ឆ្លើយតបជាមួយនរណាទាំងអស់ ក៏ប៉ុន្តែ ខ្ញុំចង់ពន្យល់ប្រជាពលរដ្ឋរបស់យើង ហើយក៏សូមអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងប្រុងប្រយ័ត្នគ្រប់ពេលវេលា សូម្បីតែអ្នកដែលមិនបានជម្លៀសចេញពីផ្ទះ ប្រយ័ត្ននូវសត្វកាចសាហាវ ដែលយើងកំពុងតែក្រសួងសុខាភិបាលបញ្ជូនចុះនូវបណ្ដាថ្នាំសម្រាប់ការដោះស្រាយដូចជាពស់ចឹកជាដើម ព្រោះនៅពេលណាដែលទឹកលិច យើងក៏នៅមិនបាន សត្វពស់ សត្វក្អែប សត្វខ្ទួយ សត្វពិសផ្សេងៗ ក៏វានៅមិនបាន វាវារឡើង ហើយបានជួបប្រទះជាមួយយើង គឺវានឹងបង្កើតនូវបញ្ហាសម្រាប់យើង។ ថ្ងៃនេះ ខ្ញុំមកមើលជាក់ស្ដែង ព្រោះខ្ញុំមិនទាន់អស់ចិត្ត។
មិនឱ្យប្រជាជនស្លាប់ដោយការលង់ទឹក ដាច់បាយដោយមិនបានដឹង
ពិតមែនហើយ របាយការណ៍ពីឯកឧត្តម ឃួង ស្រេង ផ្ញើទៅជាបន្តបន្ទាប់។ អ្វីដែលខ្ញុំមកទីនេះ គឺចង់មកឃើញជាក់ស្ដែង ហើយខ្ញុំនឹងទៅកាន់កន្លែងមួយទៀត នៅស្ពានព្រែកជ្រៃ ដើម្បីជួបប្រជាពលរដ្ឋនៅទីកន្លែងនោះ សួរសុខទុក្ខគាត់បន្ដិច។ នេះជាពេលវេលាដ៏លំបាកសម្រាប់យើង។ អ្នកដែលលំបាកជាងហ្នឹងទៅទៀត ក្រៅពីប្រជាពលរដ្ឋ នាយករដ្ឋមន្រ្តីប្រហែលជាលំបាកទៅលើការគិត។ ព្រោះគ្រួសារមួយលំបាកទៅហើយ ក៏ប៉ុន្តែខ្ញុំត្រូវទទួលខុសត្រូវចំពោះប្រជាជន ១៦ លាននាក់ ហើយកំពុងតែខិតខំកម្រិតធ្វើយ៉ាងម៉េចកុំឱ្យប្រជាជនស្លាប់ដោយការលង់ទឹក កុំឱ្យប្រជាជនណាម្នាក់ដាច់បាយដោយយើងមិនបានដឹង ហើយមិនបានដោះស្រាយ។ ត្រូវប្រើគ្រប់កម្លាំងទាំងអស់ ដើម្បីជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ មកកាន់ទីទួលសុវត្ថិភាព ហើយត្រូវផ្ដល់នូវការថែទាំ បាយទឹក ថ្នាំពេទ្យ ការថែទាំសុខភាពប្រជាពលរដ្ឋ។ ខ្ញុំដឹងថា នៅទីនេះ នៅផ្នែកខាងណោះ(ព្រែកជ្រៃ) និងជាកម្មកររបស់លោក ហុង ពីវ បន្ដិចទៀតនឹងឡើងទៅសម្រាកជាន់ខាងលើ។ អញ្ចឹងផ្នែកខាងក្រោមនេះ អាចនឹងមានកន្លែងធំទូលាយបន្ដិចក្នុងការសម្រាក។ យើងមិនមានលទ្ធភាពដើម្បីយកភួយមកផ្ដល់ទេ ប៉ុន្តែបើសិនជាយកភួយមកទាន់ (ឯកឧត្តម ឃួង ស្រេង ថា យកមកទាន់) ផ្ដល់ភួយ ផ្ដល់ក្រមា សម្រាប់មួយឃីតៗ មានភួយ មានក្រមាក្នុងហ្នឹង។ លោកជំទាវ ម៉ែន សំអន មកដើម្បីនឹងជួយប្រជាពលរដ្ឋ និងជួបប្រជាពលរដ្ឋ។
រងគ្រោះដោយទឹកជំនន់ ក៏ត្រូវមានគម្លាតសង្គម ការពារជំងឺកូវីដ-១៩
ខ្ញុំមិនចង់មកពេលថ្ងៃទេ ព្រោះពេលថ្ងៃ គឺយើងហាក់ដូចជាធម្មតា ក៏ប៉ុន្តែខ្ញុំចង់មកជួបប្រជាពលរដ្ឋនៅពេលយប់ ព្រោះធ្លាប់ជួបប្រជាពលរដ្ឋរងគ្រោះនៅពេលថ្ងៃហើយ។ ខ្ញុំចង់ជួបប្រជាពលរដ្ឋរងគ្រោះនៅក្នុងពេលយប់ម្ដង ដើម្បីពិនិត្យមើលអំពីស្ថានភាពជាក់ស្ដែង នៃការស្នាក់អាស្រ័យរបស់បងប្អូន។ ហើយសូមបង្កើនការយកចិត្តទុកដាក់ជាមួយនឹងសុខភាព ការពារសុខភាពខ្លួនឯង។ ឥឡូវនេះ កំពុងអង្គុយកៀកគ្នា។ អម្បាញ់មិញ បងប្អូនមួយចំនួនចង់ចាប់ដៃគ្នា។ សុំទោស។ ឥឡូវ យើងផ្អាកការចាប់ដៃគ្នាសិន ដើម្បីធានាថា(មិនមានការឆ្លងកូវីដ-១៩ ដោយប្រការណាមួយ) ព្រោះមិនប្រាកដថា ខ្ញុំគ្មានកូវីដ-១៩ ទេ ហើយទាំងអស់គ្នាសុទ្ធតែមិនទុកចិត្តគ្នា។ អញ្ចឹង បើសិនជាយើងអាចនៅឃ្លាតពីគ្នាបន្ដិចៗ គឺជាការល្អ ដើម្បីម្ខាងយើងរួចផុតពីគ្រោះថ្នាក់ដោយសារទឹក តែម្ខាងទៀតយើងរួចផុតពីជំងឺកូវីដ-១៩។ ទឹកជំនន់ស្រកចុះទៅ យើងនៅមានកម្លាំងដើម្បីស្ដារឡើងវិញនូវការខូចខាត។
ពិនិត្យមើលពីការជួយឧបត្ថម្ភនៅពេលក្រោយ
យើងនឹងចាត់ចែងបន្តកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងចុះជួយពិនិត្យមើលតាមផ្ទះ ជួសជុលផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់យើងតទៅទៀត។ ដូច្នេះ ពេលនោះ យើងនឹងប្រើប្រាស់ថវិកាដែលសល់ពីការសង្រ្គោះបន្ទាន់ (ដែល)ទើបតែនឹងអស់ ៨០ ម៉ឺនដុល្លារ ក្នុងចំណោម ៦ លានដុល្លារ។ អញ្ចឹងវានៅសល់ជាង ៥ លានដុល្លារទៀត … យើងនឹងពិនិត្យមើលគ្រួសាររងគ្រោះទាំងឡាយ (ហើយសម្រេចថា)គ្រួសារទាំងនោះ នឹងត្រូវទទួលបាននូវផលប្រយោជន៍យ៉ាងណា។ យើងនឹងចាត់ចែងតទៅទៀត ដែលសប្បុរសជន គេស្ម័គ្រចិត្តបេះពីមាត់ពីក ផ្ដល់ឱ្យតាមរយៈខ្ញុំ។ ខ្ញុំត្រូវតែទទួលខុសត្រូវទៅលើទឹកប្រាក់ ដែលសប្បុរសជនផ្ដល់នោះ ឱ្យបានដល់ដៃជនរងគ្រោះ។ ប៉ុន្តែ ពេលនេះ គឺជាពេលវេលាត្រូវសង្គ្រោះបន្ទាន់។ ដូច្នេះ យើងអត់ទាន់គិតថា ត្រូវចែកចំណែកយ៉ាងម៉េចៗទេ។ បញ្ហាធំជាងគេ គឺគ្រប់កន្លែងនៅទូទាំងប្រទេស រាប់ទាំងខេត្តដែលមិនទាន់មានបញ្ហា ត្រូវពិនិត្យមើលគោលដៅឱ្យហើយ។ បើសិនជាមានទឹកជំនន់កើតឡើងដោយសារជំនន់ទឹកភ្លៀង ត្រូវតែមានគោលដៅជាក់លាក់ ដឹកប្រជាជនទៅ(កន្លែងសុវត្ថិភាព)។ ប្រសិនបើអាចត្រៀមបម្រុងបាន បញ្ហាបង្គន់ស្អីៗ សុទ្ធតែជាបញ្ហា។ អញ្ចឹងនៅកន្លែងនេះ យើងអាចរៀបចំក្រៅពីបង្គន់នៅខាងលើ យើងត្រូវមានបង្គន់ចល័តនៅតាមកន្លែងនានា ដើម្បីដោះស្រាយបញ្ហា(ជូនប្រជាពលរដ្ឋផងដែរ)។
អរគុណចំពោះការជួយផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានសង្គម
ខ្ញុំសូមអរគុណចំពោះបងប្អូនទាំងអស់ និងប្រជាជននៅទូទាំងប្រទេស ដែលបានចូលរួមឈឺឆ្អាល។ ម្សិលម្ង៉ៃ ខ្ញុំចូលទៅក្នុងផេចរបស់ Fresh News ព្រោះពេលនោះ ហៅទូរស័ព្ទកំពុងតែរវល់ អញ្ចឹងទេខម្មិនចូលទៅតាមផេចហ្វេសប៊ុករបស់ Fresh News ឱ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ននូវផ្លូវជាតិលេខ ២ ហើយបន្ទាប់ទៅបានជួបគ្នាតាមទូរស័ព្ទ។ ម្សិលមិញ មានហ្វេសប៊ុកផេចមួយ គឺបាន Live (ស្ថានភាពទឹកជន់លិចខណ្ឌដង្កោ)។ ខ្ញុំចូលទៅ គេដឹង។ ខ្ញុំ share។ គេថា អរគុណសម្ដេចដែលបាន share។ ខ្ញុំរកខម្មិនចូល គេថា ទូរស័ព្ទគេអស់ថ្មហើយ សុំលាហើយ។ អញ្ចឹងខម្មិនទៅ អត់បានចូលទៅដល់។ ខ្ញុំចូលមើលតាមការ Live ផ្ទាល់ និងទូរទស្សន៍នានាផ្សាយផ្ទាល់ដែរ។ ចេញពីទីនេះ ឥឡូវខ្មែរយើងនៅបារាំង ខ្មែរយើងនៅអាមេរិក ខ្មែរយើងនៅកាណាដា ខ្មែរយើងនៅគ្រប់ទីកន្លែងទាំងអស់ អាចមើលឃើញ ដោយយើងបានផ្សាយផ្ទាល់ចេញពីទីនេះ តាមរយៈ Fresh News តាមរយៈ BTV, CNC, ទូរទស្សន៍ជាតិ និងទូរទស្សន៍ដទៃទៀត ដោយខ្ញុំមិនបានរៀបរាប់ឈ្មោះអស់ មានការផ្សាយចេញពីទីនេះ។
ខ្មែរនឹងជម្នះបានឧបសគ្គចំពោះមុខ
ខ្ញុំសង្ឃឹមជឿជាក់ថា ខ្មែរយើងនឹងជម្នះបាននូវឧបសគ្គដែលនៅចំពោះមុខ។ យើងបន្តរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ផង រួមគ្នាប្រយុទ្ធជាមួយនឹងគ្រោះមហន្តរាយធម្មជាតិ ជាទឹកជំនន់ផង និងរួមគ្នាស្ដារឡើងវិញនូវប្រទេសជាតិរបស់យើង ក្រោយទឹកជំនន់ និងក្រោយកូវីដ-១៩ ផង៕