ដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យស្ថានការណ៍ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយ ជំនន់ទឹកភ្លៀង, ខណ្ឌដង្កោ, រាជធានីភ្នំពេញ

ថ្ងៃនេះ ខ្ញុំបានមកជួបជុំជាមួយនឹងបងប្អូន ដែលចាត់ទុកថាជានិមិត្តរូបឱ្យប្រជាជនរាប់ម៉ឺនគ្រួសារដែលបាន និងកំពុងរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងនៅក្នុងប្រទេស។ ខ្ញុំសុំយកឱកាសនេះ សម្ដែងនូវការសោកស្តាយជាមួយនឹងការបាត់​បង់សម្រាប់ប្រជាជនយើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមកដល់ពេលនេះមានអ្នកស្លាប់ ១៣ នាក់រួចទៅហើយ។ ជាកុសលល្អសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលនៅជាប់ជិតខាងយើងនេះ មិនមានអ្នកស្លាប់នោះទេ។ នេះជាគ្រោះធម្មជាតិមួយ បន្ថែមទៅលើអ្វីដែលយើងកំពុងតែទទួលរងនូវការលំបាកទាក់ទងទៅនឹង Covid-19។ នៅពេលដែលយើងកំពុងប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវ ដែលបានយាយីប្រជាជននៅទូទាំងពិភពលោក ក្នុងហ្នឹងក៏មានកម្ពុជាផងដែរ បែរជាយើងត្រូវជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រស់នៅ ដែលជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសង្គ្រោះជីវិតប្រជាជនឱ្យបានសិន។ ពេលកម្លាំងរដ្ឋបាលស៊ីវិលមិនអាចឆ្លើយតបបាន កម្លាំងប្រដាប់អាវុធដើរតួនាទីស្នូលសង្គ្រោះប្រជាពលរដ្ឋ ខ្ញុំពិតជាមានការកោតសរសើរចំពោះអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ដែលមានហេតុការណ៍កើតឡើង។ អរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានប្រឹងប្រែង ដើម្បីជម្លៀសប្រជាជនចេញមកកាន់ទីកន្លែងដែលមានសុវត្ថិភាព។ បងប្អូនយើងពិតជាមានការប្រឹងប្រែង និងលះបង់ខ្លាំងណាស់ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងកម្លាំងអាវុធហត្ថ កងកម្លាំងនគរបាល បានធ្វើកិច្ចការដ៏ល្អនៅគ្រប់ទីកន្លែង ដើម្បីសង្គ្រោះប្រជាពលរដ្ឋ។ ខ្ញុំសុំស្នើឱ្យកម្លាំងប្រដាប់អាវុធទាំងអស់ក្លាយជាឆ្អឹងខ្នងនៃអន្តរាគមន៍ផ្តាច់ព្រ័ត្រសម្រាប់សង្គ្រោះប្រជាជនយើងតទៅទៀត ដូចដែលយើងបាន និងកំពុងធ្វើនៅពេលនេះ។ នេះមិនមែនជាបញ្ហាថ្មីថ្មោងនៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាទេ។ យើងបានធ្វើកិច្ចការងារនេះតាំងពីទសវត្សរ៍ ៨០ រហូតមក​ គឺយើងតែងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីសង្គ្រោះនៅពេលមានគ្រោះមហន្តរាយម្តងៗ។ ពេលដែលកម្លាំងរដ្ឋបាលស៊ីវិលមិនអាចឆ្លើយតបបាននោះ កម្លាំងប្រដាប់អាវុធរបស់យើងតែងតែដើរតួនាទីស្នូលក្នុងការសង្គ្រោះប្រជាពលរដ្ឋ…