នៅព្រឹកថ្ងៃទី ០៣ ខែកក្កដា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក មុនពេលចូលរួមបើកកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកលើកទី ៧ ដើម្បីត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ ២០១៩ ។
ក្នុងជំនួបទ្វេភាគីនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោកជាមួយ ឯកឧត្តម រ៉ូប៊ែរតូ អាហ្សវ៉េដូ (Roberto Azevêdo) អគ្គនាយក អង្គការពាណិជ្ជកម្មពិភពលោកនាព្រឹកថ្ងៃទី ៣ កក្កដានេះ ឯកឧត្តមអគ្គនាក បានស្វាគមន៍ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជាប្រទេសកម្ពុជា ដែលបានធ្វើវិភាគទាន ដល់ដោយអង្គការពាណិជ្ជកម្មពិភព លោកជាពិសេសក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួល ជាប្រទេសដែល មានការអភិវឌ្ឍន៏តិចតួចក្នុងឆ្នាំ ២០១៧ ។
ឯកឧត្តមក៏បានអបអរសាទរចំពោះកម្ពុជា ក្នុងការ ទទួលបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាពិសេស កំណើនសេដ្ឋកិច្ចដែលមាន ៧% ជារៀងរាល់ឆ្នាំក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ហើយជាពិសេសទៀតនោះ ឯកឧត្តម បានគូសបញ្ជាក់ថា អ្វីដែលពាក់ព័ន្ធនឹងការចូលរួមរបស់កម្ពុជា គឺការចូលរួមក្នុងការធ្វើពាណិជ្ជកម្ម ពហុភាគី ក្នុងកម្រិតអន្តរជាតិ។ កម្ពុជាទទួលបានក្នុងក្របខណ្ឌ ជំនួយសម្រាប់ពាណិជ្ជកម្ម គឺកម្ពុជាបានទទួលដោយ ជោគជ័យទ្វេដងនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងការធ្វើការជាមួយប្រទេសដៃគូ និងកម្មវិធីផ្សេងៗ នៅក្នុងតំបន់រួមទាំងធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមបានគូសបញ្ជាក់ថាការចូលរួមពីប្រទេសកម្ពុជា គឺមានសារៈសំខាន់ហើយទទួលបានជោគជ័យ។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរ អំពីការដែលកម្ពុជាបានជួយសម្របសម្រួលដល់ការវិនិយោគ និងការចូលរួមដល់ ផ្នែកអេឡិចត្រូនិចពាណិជ្ជកម្ម ហើយពាក់ព័ន្ធដល់ផ្នែកផ្សេងទៀតដូចជាបញ្ហាអង្ករដែលកម្ពុជាមានការបារម្ភនោះ ឯកឧត្តម ធ្លាប់បានលើកអំពីបញ្ហានេះជាមួយនឹងអង្គការសភាអឺរ៉ុបរួចមកហើយ។ ឯកឧត្តមសង្ឃឹមថា កម្ពុជានឹងបន្តវិនិយោគចូលរួមក្នុងប្រព័ន្ធពហុភាគី ជាពិសេសដូចជាអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះឯកឧត្តម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសក្នុងការទទួលសម្ដេចនៅលើកនេះក៏ដូចនៅឆ្នាំ ២០១៨ កន្លងទៅហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ថានេះគឺជាកិត្តិយសរបស់កម្ពុជាហើយដែលកម្ពុជាបានចូលរួមនៅក្នុងកម្មវិធីរួមទាំងការពិនិត្យមើលឡើងវិញនៃជំនួយសម្រាប់ពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាអាចរៀន និងពិនិត្យឡើងវិញអំពីបទពិសោធន៍ និងចែករំលែកបទពិសោជន៍ជាមួយប្រទេសដទៃទៀតផងដែរ។
សម្ដេចបានគូសបញ្ជាក់ថា សម្ដេចមិនដែលមានជំនឿទៅលើភាពឯកោនោះទេ ហើយភាពឯកោនោះមិនអាចជួយយើងបានឡើយ។ សម្ដេចបានគូសបញ្ជាក់អំពីការធ្វើសមាហរណកម្មរបស់កម្ពុជា ជាពិសេសនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក ដោយសម្ដេចបានមានប្រសាសន៍បន្ថែមថា មុននឹងយើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០០៤ គឺកម្ពុជាបានចាប់ផ្ដើមការងារមួយចំនួនរួចហើយ គឺកម្មវិធីជាច្រើន ដែលកម្ពុជាបានត្រៀមក្នុងការធ្វើសមាហរណកម្ម។ ទន្ទឹមនេះ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា យើងនឹងព្យាយាមកែលម្អ ដូច្នេះហើយក្នុងការទទួលបានកំណើនសេដ្ឋកិច្ច ៧% មិនធម្មតានោះទេ ជាពិសេសក្នុងរយៈពេលពីរទស្សវត្សចុងក្រោយនេះ សម្ដេចក៏បានគូសបញ្ជាក់អំពីការធ្វើពាណិជ្ជកម្ម ក៏ដូចជាការកែលម្អពាណិជ្ជកម្មជាពិសេស គឺការបន្តធ្វើជាមួយប្រទេសដទៃទៀត ។
សម្ដេចក៏បានថ្លែងអំណរគុណដល់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្ដល់ការជួយកម្ពុជាក៏ដូចជាជួយដល់ប្រទេសមានការអភិវឌ្ឍន៏តិចតួច ជាពិសេសនៅពេលនេះ សម្ដេចបានគូសបញ្ជាក់ថា ជាពេលវេលាដែលល្អ ជាងពេលណាទាំងអស់ដែលបានគាំទ្រអំពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺ បរិបទដែលមានចរន្ត នៃនយោបាយគាំពារនិយម។ សម្ដេចក៏បានលើកពីបទពិសោធន៍ដែលសម្ដេចធ្លាប់ជួបធ្វើការជាមួយអតីតអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ប៉ាស្កាឡាមី ដែលពេលនោះកម្ពុជាដើរតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០១២ ។
ជំនួបរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកក៏បានផ្លាស់ប្តូរមតិយោបល់គ្នា សំដៅធ្វើយ៉ាងណាឲ្យកម្ពុជាបន្តទទួលផលប្រយោជន៍ និងការធ្វើសមាហរណកម្មនៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយអង្គការពាណិជ្ជកម្មពិភពលោកនៅតែធ្វើយ៉ាងណាបន្តតួនាទីរបស់ខ្លួនក្នុងការកែទម្រង់នៅពេលខាងមុខនេះ។
ក្នុងជំនួបនេះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកអំពីស្តង់ដារ ២ ឬស្តង់ដា ៣ ដូចជាការត្រៀមដកEBA ពីកម្ពុជាដោយសភាអឺរ៉ុបនេះ ដោយសម្ដេចក៏បានគូសបញ្ជាក់ផងដែរ ជាមួយឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថា ទោះបីយើងទទួលបាន EBA កម្ពុជាក៏មិនអាចក្លាយជាមានបានដែរប៉ុន្តែបើបាត់បង់ EBA ក៏កម្ពុជាមិនស្លាប់នោះដែរ។ ទោះជាយ៉ាងណាសម្ដេចបន្តថា កម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយសម្ដេចក៏បានគូសបញ្ជាក់ថា អង្គការពាណិជ្ជកម្មពិភពលោក នៅតែជាដៃគូ ល្អជាមួយកម្ពុជាហើយកម្ពុជាក៏នៅតែជាដៃគូល្អជាមួយអង្គការ ពាណិជ្ជកម្មពិភពលោកផងដែរ។
ឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងបច្ចុប្បន្នរវាងមហាសេដ្ឋកិច្ច ដែលកំពុងមានភាពតានតឹង ជាពិសេសរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន ដូច្នេះហើយ អង្គការពាណិជ្ជកម្មពិភពលោកបន្តតាមដាននៅ សេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ទោះយ៉ាណាអង្គការពាណិជ្ជកម្មពិភពលោកនៅតែបន្តធ្វើការកែទម្រង់ ដើម្បីឆ្លើយតបទៅនឹងការប្រឈម ដូចជាការស្នើសុំរបស់បណ្ដាប្រទេសដែលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយឯកឧត្តម ក៏បានមានប្រសាសន៍ឯកភាពទៅនឹងការស្នើសុំការកែទម្រង់នេះ ដែលការកែទម្រង់នេះ ចាំបាច់ត្រូវតែធ្វើក្នុងគ្រប់វិស័យនៃពាណិជ្ជកម្ម។ ឯកឧត្តមមានប្រសាសន៍ផងដែរថា ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពាណិជ្ជកម្ម គឺយើងមានយន្តការរួចស្រាប់មកហើយ ហើយកម្ពុជាអាចដកស្រង់បទពិសោធន៍ និងធ្វើការជាមួយអង្គការពាណិជ្ជកម្មពិភពលោក។
ឯកឧត្តម អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកមានប្រសាសន៍ថា អ្វីដែលសំខាន់ គឺចង់បានសំឡេងពីបណ្ដាប្រទេស ដូចជាប្រទេសកម្ពុជា នៅក្នុងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺធ្វើយ៉ាងណា កម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការកសាងសមត្ថភាព ពីការកំណត់ពេលវេលានៃការអនុវត្តន៍ ជាពិសេសការចូលរួមនៅក្នុង គ្រប់វិស័យរបស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺទាញ យកអត្ថប្រយោជន៍ពីការធ្វើពាណិជ្ជកម្ម ពីអន្តរជាតិ៕