សប្បាយទេអ្នកទាំងអស់គ្នា? កែតម្រូវអ្នកអត្ថាធិប្បាយបន្ដិចថា អត់ផ្អាកពិសាសិនទេ។ សូមក្មួយៗទទួលទានតាមសម្រួលចុះ។ ទទួលទានផង និងស្ដាប់ផង។ តែពូក៏មិននិយាយច្រើនដែរ ដើម្បីទុកពេលវេលាឲ្យក្មួយៗ ឡើងរាំទៀត។ តែឥឡូវសន្យាជាមួយគ្នាទេ ពូនិយាយចប់ ពូចែកស្រោមសំបុត្រឲ្យស្រ្តីមានផ្ទៃពោះ ប៉ុន្តែ ក្មួយៗទាំងអស់ឡើងរាំទៀត។ សន្យាថា រាំទាំងអស់គ្នាហើយ។ យើងធ្វើបាបអ្នកភ្លេងម្ដង។
ពូសូមអភ័យទោស ការពិតពូមកដល់(បានធ្វើឲ្យ)អាក់ខានសម្រាប់ក្មួយៗរាំ ពូបានមើលតាមទូរទស្សន៍ Fresh News បានផ្សាយបន្តផ្ទាល់តាំងពីម៉ោងជាង ៧ ឯណោះ។ ក្មួយៗរាំស្អាតណាស់។ ក៏ប៉ុន្តែ ពូប្រហែលជាមានការ(សុំ)អធ្យាស្រ័យសម្រាប់អ្នកភ្លេង អ្នកចម្រៀងមិនសូវជាអីទេ គេអាចផ្លាស់ប្ដូរគ្នាច្រៀងបាន ក៏ប៉ុន្តែអ្នកភ្លេង គឺជួបការលំបាកបន្ដិច។ យ៉ាងណាក៏ដោយ អ្នកភ្លេង និងអ្នកចម្រៀងថ្ងៃនេះ ត្រូវតែមានការទ្រាំទ្របន្ដិចសម្រាប់ការរាំលេងកម្សាន្តរបស់ក្មួយៗនៅទីនេះ។
ឆ្នាំទី ២ នៃការចុះតាមរោងចក្រថ្ងៃ ១ ឧសភា
ថ្ងៃនេះ ពិតជាមានការរីករាយ ហើយសូមអរគុណចំពោះលោកប្រធានក្រុមហ៊ុន យីដា ដែលបានរៀបចំកម្មវិធីសំណេះសំណាល និងការជួបជុំបាយសាមគ្គី ក៏ដូចជារាំកម្សាន្តនៅក្នុងរោងចក្រ យីដា ដែលមានកម្មកររហូតទៅដល់ ៣៧០០ នាក់។ ឆ្នាំនេះ គឺជាឆ្នាំទី ២ ដែលពូបានធ្វើសកម្មភាពទៅតាមរោងចក្រនៅថ្ងៃទី ១ ខែឧសភា ដែលជាខួបលើកទី ១៣៣ នៃទិវាពលកម្មអន្តរជាតិ។ ខ្ញុំសូមអរគុណចំពោះក្រុមហ៊ុន យីដា ដែលបានធ្វើកិច្ចការងារមួយនេះ ជាមួយនឹងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាគណៈអភិបាលខេត្តកណ្ដាល។
ក្មួយៗ កម្មករចាប់ថើប អោប និងថតរូប
អរគុណសម្រាប់ក្មួយៗបានចូលរួម ហើយថ្ងៃនេះ ពិតជាសប្បាយ។ ពូមានឱកាសនៅឆ្នាំនេះ ចូលឆ្នាំមិនបានរាំទេ ប៉ុន្តែ អម្បាញ់មិញបានរាំបន្ដិច អាចចាត់ទុកថាជាសំណាងរបស់ពូក្នុងថ្ងៃនេះ។ ប៉ុន្មានអាទិត្យមុននេះ មានអ្នកនយោបាយខ្លះ គេស្នើឲ្យកម្មករចាប់ពូ។ ថ្ងៃនេះ កម្មករពិតជាចាប់ពូមែន ចាប់ថើប ចាប់អោប និងចាប់ថតរូប។ ដូច្នេះ ស្ថានភាពនេះ ក៏បង្ហាញអំពីទំនាក់ទំនងជិតស្និទ្ធរវាងកម្មករ/ការិនីជាមួយនឹងមេដឹកប្រទេស។ ប៉ុន្តែអ្វីដែលហួសពីនេះ គឺការសាមគ្គីភាពនៅក្នុងចំណោមយើងទាំងអស់គ្នា។
អរគុណដល់រោងចក្របង្កើតកម្មវិធីកម្សាន្តសម្រាប់ទិវាពលកម្មអន្តរជាតិ
ខ្ញុំសុំយកឱកាសនេះ ក៏សូមសម្តែងជូនចំពោះរោងចក្រ ១ ២៨៧ រោងចក្រផ្សេងទៀត ដែលបានរៀបចំនូវកម្មវិធីសំណេះសំណាល និងការជួបជុំ ដើម្បីជួបជុំបាយសាមគ្គី និងរាំលេងកម្សាន្តនៅតាមរោងចក្រ។ ប្រៀបធៀបជាមួយនឹងឆ្នាំទៅ ដែលឆ្នាំនេះ មាន ១ ២៨៧ រោងចក្រ គឺកើន ៣៩៤ រោងចក្រ ដែលបានរៀបចំកម្មវិធីបែបនេះ។ សម្រាប់កម្មករវិញ ឆ្នាំនេះ មានទៅដល់ ៧៩ ម៉ឺននាក់ គឺកើន ២៦ ម៉ឺននាក់ ប្រៀបធៀបជាមួយនឹងឆ្នាំទៅ។ ខ្ញុំសូមថ្លែងពីទីនេះ អបអរសាទរជាមួយនឹងម្ចាស់រោងចក្រ កម្មករ/ការិនី ដែលបានចូលរួមនៅក្នុងពិធីកម្សាន្តនៃទិវាពលកម្មអន្តរជាតិ។ សិទ្ធិជ្រើសរើសមាន អ្នកខ្លះជ្រើសរើសមកចូលរួមបាយសាមគ្គីនៅតាមរោងចក្រ អ្នកខ្លះជ្រើសរើសនៅតាមផ្ទះ អ្នកខ្លះជ្រើសរើសទៅធ្វើការប្រមូលផ្ដុំដាក់ញត្តិទាមទារនេះ ទាមទារនោះ។ នោះគឺជាសិទ្ធិដែលបានអនុវត្តនៅក្នុងប្រទេសរបស់យើង។
ប្រឡងប្រុសស្អាត ស្រីស្អាត វាយនភណ្ឌ ២០១៩
ល្ងាចនេះ ក្មួយៗនៅរោងចក្រនេះ ដែលតាមពូដឹង មានបេក្ខជនប្រឡងបវរកញ្ញាវាយនភណ្ឌចំនួន ៣ រូប។ ជូនពរឲ្យក្មួយៗទទួលបានជោគជ័យក្នុងការប្រឡងនាល្ងាចនេះ។ ចាប់ពីម៉ោង ៤ កន្លះទៅ នឹងមានការផ្សាយបន្ដផ្ទាល់តាមស្ថានីយទូរទស្សន៍បាយ័ន ហើយដែលផ្សាយចេញពីស្ទឹងមានជ័យ។ ពេលនោះ យើងនឹងឃើញថា កម្មករ/ការិនីរបស់យើង ដែលនឹងក្លាយខ្លួនទៅជាប្រុសស្អាត ស្រីស្អាត នឹងចេញមកសម្រាប់ឆ្នាំ ២០១៩។ សង្ឃឹមថា យើងនឹងរៀបចំពិធីនេះនៅឆ្នាំក្រោយៗទៀត។
អំណោយ
ថ្ងៃនេះ ខ្ញុំមិនចង់រំខាននូវពេលវេលាយូរនោះទេ គ្រាន់តែបញ្ជាក់ថា ពូបាននាំ(ថវិកា)សម្រាប់ក្មួយៗចូលរួមថ្ងៃនេះ ជូនក្មួយៗទាំង ៣ ៧០០ នាក់ ក្នុងម្នាក់ៗថវិកា ៥ ម៉ឺនរៀល។ ច្រើនជាងពេលដែលយើងជួបគ្នាកាលពីពេលមុន។ កន្លែងនេះ ធ្លាប់ជួបគ្នាម្ដងហើយ តែពេលមុនទទួលបានត្រឹមតែ ២ ម៉ឺនរៀលទេ។ ថ្ងៃនេះ ជាថ្ងៃបុណ្យ គឺយើងទទួលបាន ៥ ម៉ឺនរៀល។ ឯគ្រូពេទ្យប្រចាំការបានទទួលថវិកា ៥ លានរៀល និងក្រុមតន្រ្តីសម័យបានទទួលថវិកា ១០ លានរៀល។ ប៉ុន្តែ ក្រុមតន្រ្តីសម័យត្រូវលេងឲ្យអស់ ព្រោះបន្ដិចទៀត យើងយកទីធ្លាតូចមួយសម្រាប់ចែកជូន(ថវិកា)ចំពោះស្រ្តីមានផ្ទៃពោះចំនួន ១៩៥ នាក់ ពូនឹងចែកផ្ទាល់។ ប៉ុន្តែសូមក្មួយៗរាំលេងកម្សាន្តនៅទីនេះ។ មុនពូចាកចេញទៅ បើសិនជាក្មួយៗនៅបន្តរាំ ពូនឹងរាំជាមួយក្មួយៗបានមួយបទ ឬពីរបទបន្តទៀត ឲ្យតែក្មួយៗស្ម័គ្រចិត្ត។
ក្រុមហ៊ុន យីដា ឧបត្ថម្ភ ២ ម៉ឺនដុល្លារដល់គន្ធបុប្ផា
សូមអរគុណចំពោះលោកប្រធានក្រុមហ៊ុន យីដា ដែលថ្ងៃនេះ ក៏បានរួមវិភាគទានថវិកាចំនួន ២ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីផ្ដល់ជូនចំពោះមូលនិធិគន្ធបុប្ផា។ នេះជាការចូលរួមវិភាគទានមួយក្រៅពីការចូលរួមវិភាគទានថែទាំចំពោះសុខទុក្ខរបស់កម្មករ/ការិនីនៅក្នុងរោងចក្រ។ លោកប្រធានរោងចក្រក៏មិនភ្លេចចំពោះកុមារកម្ពុជាទាំងឡាយ ដែលក្នុងនោះមានទាំងកូនរបស់កម្មករ/ការិនីនៅក្នុងរោងចក្រនេះផងដែរ។ សូមបញ្ជាក់ ម្ចាស់រោងចក្របានផ្ដល់ជូនកម្មករ/ការិនីរបស់យើងនូវសារុងមួយម្នាក់ថែមទៀត។ អរគុណលោកប្រធានរោងចក្រ ដែលបានយកចិត្តទុកដាក់ចំពោះកម្មករ/ការិនីរបស់យើង។
ជាទីចុងបញ្ចប់ សូមប្រសិទ្ធពរជូនចំពោះក្មួយៗ កម្មករ/ការិនី និងអ្នកចូលរួមទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មី ទើបនឹងកន្លងផុតទៅនេះ សូមឲ្យទាំងអស់គ្នាជួបនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕