សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ,
ព្រឹទ្ធាចារ្យ វរៈសិល្បករ សិល្បករ លោក លោកស្រី សាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និងក្មួយៗសិស្សានុសិស្ស និស្សិតទាំងអស់ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២១ ឆ្នាំ ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ពិធីបិទ មហោស្រពសិល្បៈយុវជនទូទាំង ប្រទេស ឆ្នាំទី ៥ និង ពិធីជួបជុំសិល្បករទូទាំងប្រទេសលើកទី ២ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រៀប ចំឡើងសំដៅលើកទឹកចិត្ត បង្កើនសាមគ្គីភាព រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អង្គការសង្គមស៊ីវិល ជាពិសេសក្នុងស្រទាប់យុវជន ដែលជាអ្នកបន្តវេន បានផ្លាស់ប្តូរមតិយោបល់ និងចែករំលែកព័ត៌មានគ្នាទៅវិញ ទៅមក រួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីថែរក្សា ការពារសម្បត្តិវប្បធម៌ ទាំងរូបី និង អរូបី ដែលជាដួងព្រលឹងអត្តសញ្ញាណជាតិ ប្រកបដោយកិត្យានុភាព ស័ក្តិសមជាប្រទេសដែលមានអរិយធម៌ រុងរឿង។
ក្នុងពិធីដ៏មានសារៈសំខាន់នេះ ខ្ញុំ និងភរិយាសូមឧទ្ទិស ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២១ នេះ ជាថ្ងៃរំលឹក ដល់គុណូបការៈបុព្វបុរស និងដូនតាខ្មែរ និងសូមឱ្យទិវានេះស្ថិតនៅជាអមតៈ ក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់ រូបទូទាំងប្រទេស ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ រួមគ្នាជាធ្លុងមួយ ដើម្បីថែរក្សា ការពារ និងលើកស្ទួយវប្បធម៌ជាតិឱ្យមានវឌ្ឍនភាព និងស្ថិតស្ថេរ គង់វង្សជានិច្ចនិរន្តរ៍។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ គណៈកម្មការអន្តរក្រសួង ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីលើកកម្ពស់មនសិការ និង បំផុសស្មារតីយុវជន យុវនារី និងបងប្អូនជនរួមជាតិកម្ពុជាទូទាំងប្រទេស ដែលជាអ្នកបន្តវេន ឱ្យយល់ដឹងកាន់ តែច្បាស់ពីតម្លៃពិតនៃវប្បធម៌ជាតិ មានស្មារតីទទួលខុសត្រូវក្នុងការថែរក្សា ការពារបេតិកភណ្ឌវប្បធម៌ជាតិ ទុក សម្រាប់ជាកេរមរតកដល់កូនចៅជំនាន់ក្រោយ។
ការរៀបចំឱ្យមានការប្រារព្ធ ទិវាវប្បធម៌ជាតិ រួមជាមួយនឹងពិធីជួបជុំសិល្បករ សិល្បការិនីទូទាំងប្រទេស ជា រៀងរាល់ឆ្នាំ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលនៃបុព្វ បុរសខ្មែរ ដែលបានបន្សល់ទុកនូវកេរមរតកវប្បធម៌ ដែលមានតម្លៃមិនឤចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។ ទិវាវប្បធម៌នេះក៏ជាការជំរុញ និងផ្សព្វផ្សាយ ផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យ វប្បធម៌ ដើម្បីក្រើនរំលឹក បំផុសស្មារតីយុវជន យុវនារីកម្ពុជាដែលជាទំពាំងស្នងឫស្សី ឱ្យស្រឡាញ់វប្បធម៌ជាតិ មានមនសិការស្នេហាជាតិ មានកាតព្វកិច្ចថែរក្សាការពារសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស សំដៅធ្វើឱ្យកម្ពុជា ក្លាយទៅជាមជ្ឈមណ្ឌលនៃការផ្សព្វផ្សាយវប្បធម៌ជាតិ ដែលជាគោលដៅឤទិភាពមួយនៃគោលនយោបាយ ជាតិរបស់រាជរដ្ឋាភិបាលស្តីពីវិស័យវប្បធម៌។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
សោកស្តាយចំពោះការបាត់បង់វរៈសិល្បករ ២ រូប (លោកតា ប្រាជ្ញ ឈួន, លោកតា ផ្លុង មឿក)
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មុននឹងខ្ញុំបន្តទៅទៀត (ខ្ញុំសូមរំលឹកដូចដែល)យើងបានដឹងហើយថា ក្នុងប៉ុន្មានខែចុងក្រោយនេះ យើងបានបាត់បង់នូវវរៈសិល្បករចំនួន ២ រូប គឺលោកតា ប្រាជ្ញ ឈួន និងលោកតា ផ្លុង មឿក។ នេះគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនយើង។ ក្នុងន័យនេះ ខ្ញុំសុំអញ្ជើញឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែលចូលរួមនៅក្នុងពិធីនេះ សុំអញ្ជើញក្រោកឈរឡើង ដើម្បីស្មឹងស្មាធគោរពទៅដល់វិញ្ញាណក្ខន្ធរបស់លោកតា ប្រាជ្ញ ឈួន និងលោកតា ផ្លុង មឿក។ សូមគោរពវិញ្ញាណក្ខន្ធចំពោះលោកតា ប្រាជ្ញ ឈួន និងលោកតា ផ្លុង មឿក។ សុំឲ្យលោកទាំង ២ បានទៅកាន់សុគតិភព។ សូមអរគុណ សូមសម្រួលឥរិយាបថ។
[ចប់សេចក្តីអត្ថាធិប្បាយ]
ទិវាវប្បធម៌ជាតិ ៣ មីនា និងការជួបជុំសិល្បករមកពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស គឺជាព្រឹត្តិការណ៍ដ៏មានសារៈ សំខាន់បំផុត សម្រាប់ប្រទេសជាតិយើង ដើម្បីពិនិត្យតាមដានអំពីវឌ្ឍនភាពវិស័យវប្បធម៌ ដែលកំពុងមានការ រីកចម្រើនគួរឱ្យកត់សម្គាល់ ដូច្នេះដើម្បីឱ្យការរៀបចំ ទិវាវប្បធម៌ជាតិនេះកាន់តែមានភាពល្អប្រសើរឡើង ខ្ញុំសូម ផ្តល់មតិណែនាំមួយចំនួនដូចខាងក្រោម ៖
ទី ១ ៖ ត្រូវរួមគ្នារៀបចំឱ្យមាន ទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំ ដើម្បីបង្កើនការយល់ដឹង និងស្រឡាញ់វប្បធម៌ ជាតិ ការបណ្តុះមនសិការ ឆន្ទៈ និងស្មារតីទទួលខុសត្រូវ ក្នុងការផ្ទេរ ទទួលយកចំណេះដឹង ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ សំដៅលើកកម្ពស់ ការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ ក៏ដូចពហុវប្បធម៌នៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃសុខដុមនីយកម្មរបស់សង្គមជាតិ ឱ្យស្ថិតស្ថេរគង់វង្ស។
ទី ២ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំសកម្មភាព និងរំលេចនូវខ្លឹមសារប្លែកៗ ប្រកបដោយអត្ថន័យ នៅក្នុងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ដើម្បីលើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃពិត នៃវប្បធម៌ជាតិ តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។
ទី ៣ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជិតស្និទ្ធជាមួយក្រសួងអប់រំយុវជននិងកីឡា ដើម្បីផ្តល់ ចំណេះដឹង ស្តីពីសិល្បៈវប្បធម៌ ក្នុងស្រទាប់យុវជនដែលជាកម្លាំងសកម្មរបស់សង្គម និងជាអ្នកបន្តវេន ដើម្បី ចងក្រងរក្សាទុកនូវរាល់ឯកសារ បេតិកភណ្ឌវប្បធម៌ជាតិគ្រប់ប្រភេទទាំងរូបី និងអរូបី ដើម្បីអភិរក្ស អភិវឌ្ឍ និង លើកស្ទួយពហុវប្បធម៌ក្នុងសង្គមកម្ពុជា។ ទន្ទឹមនេះ ក៏ត្រូវសហការជាមួយអង្គការមហាជន សមាគមសិល្បៈ នានា រៀបចំព្រឹត្តិការណ៍វប្បធម៌ឱ្យបានច្រើន និងទៀងទាត់នៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដោយមានការចូលរួម ពីព្រឹទ្ធាចារ្យសិល្បៈ យុវជន កុមារ ដើម្បីបន្តនិរន្តរភាពលើវិស័យសិល្បៈសម្តែងក្នុងន័យ អប់រំដើម្បីវប្បធម៌ និង វប្បធម៌ដើម្បីអប់រំ។
ទី ៤ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវមានយន្តការ ដើម្បីបង្កលក្ខណៈសម្បត្តិ ឱ្យកូនខ្មែរមានលទ្ធភាពឤចបង្កើតស្នាដៃ ដែលជាផលិតផលវប្បធម៌ថ្មីរបស់ខ្លួន តាមរយៈវគ្គបណ្តុះបណ្តាល ដល់យុវជននៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និងអង្គការ/សមាគមសិល្បៈទូទៅ ដើម្បីពង្រឹងគុណភាពអ្នកបង្កើតស្នាដៃថ្មីទាំងអស់ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ សេចក្តីថ្លៃថ្នូរនិងគុណធម៌របស់មនុស្ស ចៀសវាងការលួចចម្លងទាំងស្រុងនូវស្នាដៃសិល្បៈបរទេស។
ទី ៥ ៖ ខ្ញុំសូមគាំទ្រចំពោះប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលបានសម្រេចជ្រើសរើសសម្រាប់ទិវាវប្ប ធម៌ជាតិ ៣ មីនា នាពេលនេះ នៅឆ្នាំក្រោយៗទៀត ពីញ្រេះនេះជាប្រធានបទដែលមានអត្ថន័យសម្រាប់យុវ ជនកម្ពុជាគ្រប់រូប ដែលជាអ្នកបន្តវេនត្រូវមានកាតព្វកិច្ចថែរក្សា ការពារ និងបង្កើតស្នាដៃថ្មីៗជាវិជ្ជមានបន្ថែម ទៀត លើគ្រប់ផ្នែកគ្រប់ទម្រង់នៃសិល្បៈវប្បធម៌ គឺ កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌ ដោយឈរលើទស្សនៈ បុរាណមិនយឺត ទំនើបមិនបរទេស។
ទី ៦ ៖ ត្រូវរួមគ្នាសហការ និងបង្កើនសាមគ្គីភាព ក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ តាមរយៈ គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ដែលមានយុទ្ធសាស្ត្រ ច្បាស់លាស់ គឺ រដ្ឋជាអ្នកគ្រប់គ្រង គាំពារ ដៃគូឯកជនជាអ្នកអនុវត្ត ។ ដូច្នេះក្រសួង-ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ- អន្តរជាតិ និងវិស័យឯកជន សូមចូលរួមធ្វើសកម្មភាពបំផុសស្មារតីទិវាវប្បធម៌នេះ ឱ្យកាន់តែផុសផុលទាំងក្នុងនិងក្រៅប្រទេស។
ទី ៧ ៖ កន្លងមក ដោយពិនិត្យឃើញពីភាពចាំបាច់ក្នុងការជំរុញ និងលើកស្ទួយវិស័យភាពយន្តខ្មែរ ដែលប្រ ឈមនឹងការប្រកួតប្រជែងដ៏ស្រួចស្រាវ ទៅនឹងការហូរចូលភាពយន្តបរទេស រាជរដ្ឋាភិបាលបានសម្រេច អនុញ្ញាតសម្រួលផ្នែកពន្ធដារដល់សហគ្រាសផលិតភាពយន្តក្នុងស្រុករយៈពេល ៣ ឆ្នាំ រហូតដល់ ឆ្នាំ ២០១៨ ។ ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈ និងការផលិតភាពយន្តខ្មែរ រាជរដ្ឋាភិបាលសម្រេច សម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារសម្រាប់រយៈពេល ៥ ឆ្នាំ បន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ ២០២៣ ដូច ខាងក្រោម ៖
១. អនុញ្ញាតឱ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក ១៥% លើសួយសារនៃទ្រព្យអរូបី (ការផ្តល់សិទ្ធិបញ្ចាំងខ្សែ ភាពយន្តផលិតក្នុងស្រុក)។
២. អនុញ្ញាតឱ្យព្យួរពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ។
៣. អនុញ្ញាតព្យួរទុកការអនុវត្តឤករពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀកនៃក្រុមហ្វា ពន្លឺសិល្បៈខេត្តសៀមរាប។
សហគ្រាសផលិតភាពយន្ត និងសៀកត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារកត់ត្រា និងកាន់កាប់បញ្ជីកាគណ នេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹម ត្រូវដូចក្រុមហ៊ុនឤជីវកម្មដទៃទៀត ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និងវប្បធម៌ ពន្ធនៅកម្ពុជា។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
មានមោទនភាព និងផ្តល់តម្លៃដល់សិល្បៈភាពយន្តខ្មែរ តែគិតអំពីគុណភាព និងខ្លឹមសារថែមទៀត
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ខ្ញុំសូមយកឱកាសនេះដើម្បីសម្តែងជូននូវការអបអរសាទរ និងកោតសរសើរចំពោះការរីកធំធាត់នូវវិស័យភាពយន្តខ្មែរ តាមរយៈនៃការប្រកាសរបស់ក្រសួងព័ត៌មាន ដែលផ្តល់ឲ្យសម្រាប់ម៉ោងមាស គឺចាប់ផ្តើមពីម៉ោង ៧ យប់ ទូរទស្សន៍ទាំងអស់ត្រូវបញ្ចាំងខ្សែភាពយន្តខ្មែរ។ បន្ទាប់ពីម៉ោង ៩ យប់ តទៅ ទើបអនុញ្ញាតឲ្យមានការបញ្ចាំងភាពយន្តបរទេស។ តាំងពីពេលនោះ មកខ្ញុំបានសង្កេតឃើញថា ខ្សែភាពយន្តក្នុងស្រុករបស់យើងចាប់ផ្តើមមានការរីកចម្រើន។ ខ្ញុំសូមទទួលយក និងអគុណចំពោះក្រុមហ៊ុនផលិតភាពយន្តទាំងទៅតាមស្ថានីយទូរទស្សន៍ ក៏ដូចជាទៅតាមទីកន្លែងដទៃទៀត ដែលដាក់បញ្ចាំងផ្សាយ ហើយដែលខ្ញុំកត់សម្គាល់ឃើញថាពិតជាមានមោទនភាព មានការរីកចម្រើន ដែលយើងគប្បីផ្តល់តម្លៃសម្រាប់សិល្បៈភាពយន្តខ្មែររបស់យើងផងដែរ។ បញ្ហាស្ថិតនៅត្រង់ការដែលយើងចេះឲ្យតម្លៃប៉ុណ្ណោះ វាមិនស្ថិតនៅលើការបន្តុះបង្អាប់ណាមួយសម្រាប់ជាតិសាសន៍ខ្លួនឯងនោះទេ តែលើកជើង ក៏មិនលើកមោទនភាពជ្រុលហួសហេតុដោយភ្លេចគិតអំពីគុណភាព និងខ្លឹមសាររបស់វានោះដែរ។
លើកកម្ពស់នូវសមត្ថភាពអ្នកនិពន្ធ អ្នកដឹកនាំរឿង និងតួសំដែង
ដូច្នេះខ្ញុំក៏សូមអំពាវនាវឲ្យបន្តការយកចិត្តទុកដាក់ លើកកម្ពស់នូវសមត្ថភាពរបស់អ្នកនិពន្ធ របស់អ្នកដឹកនាំរឿង និងរបស់តួសំដែងនានាឲ្យបានសមរម្យ។ ចំណុចនេះបញ្ហាដែលត្រូវគិតមុនគេគឺសម្រាប់អ្នកនិពន្ធ និងអ្នកដឹកនាំរឿង បញ្ហាតួសំដែងរបស់យើងគឺងាយស្រួលទេ នៅត្រង់ថា បើសិនមានការនិពន្ធ និងការដឹកនាំរឿងបានត្រឹមត្រូវ តួសម្តែងយើងបច្ចុប្បន្ននេះ ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការតម្រូវរបស់អ្នកនិពន្ធ និងអ្នកដឹកនាំរឿង រឿងដែលគួរឲ្យចាប់ចិត្តនៅត្រង់ថាខ្សែភាពយន្ត ដែលបញ្ចាំងនៅតាមទូរទស្សន៍នានា នៅគ្រប់ស្ថានីយ៍ទូរទស្ស៍នៅក្នុងម៉ោងមាស គឺពិតជាទទួលបានសាទរពីសំណាក់ប្រជាពលរដ្ឋរបស់យើងកាន់តែច្រើនទៅៗ។ ក៏ប៉ុន្តែ ខ្ញុំសុំធ្វើការកត់សម្គាល់មួយ ដែលខ្ញុំស្នើឲ្យយកចិត្តទុកដាក់ទៅលើបញ្ហាអ្នកនិពន្ធ និងអ្នកដឹកនាំរឿង។
ចំណុចតូចមួយដែលពាក់ព័ន្ធនោះ ខ្ញុំគ្រាន់តែលើកថា ខ្ញុំបានប្រទះឃើញនៅក្នុងខ្សែភាពយន្តមួយដែលខ្ញុំបានមើលខ្សែភាពយន្តនេះរហូត ២ ដង ។ យើងឧទាហរណ៍មួយថា ស្រ្តីម្នាក់មានអាយុត្រឹម ៤០ ឆ្នាំ ហើយដែលត្រូវនគរបាលចាប់ខ្លួនដោយសារលេងល្បែង ពេលនោះស្ថានីយអធិការដ្ឋាននគរបាល គេបានទូរស័ព្ទហៅកូនស្រីដើម្បីទៅធានា។ ចំណុចដែលខ្ញុំចាប់អារម្មណ៍ ដែលយើងគួរយកមកធ្វើការប្រៀបធៀបសម្រាប់អ្នកនិពន្ធដកពិសោធន៍ កូនស្រីបានទៅធានាម្តាយ នៅពេលនោះប៉ូលីសបានអានកំណត់ហេតុនិយាយប្រាប់ថាស្រ្តីឈ្មោះនេះ អាយុ ចំនួន ៤០ ឆ្នាំ ហើយត្រូវបានកូនស្រីឈ្មោះនេះអាយុ ២៥ ឆ្នាំមកធានា។ ដូច្នេះ យើងគួរគិតនៅកន្លែងនេះ ឲ្យបានច្បាស់មើលថាស្រ្តី អាយុ ៤០ ឆ្នាំ ត្រូវបានកូនស្រីអាយុ ២៥ ឆ្នាំ ទៅធានា តើស្រ្តីរូបនេះគាត់មានកូនអាយុចាប់ពីប៉ុន្មាន? ហោចណាស់បើគាត់ចាប់ផ្តើមមានប្តីភ្លាម គាត់មានកូនភ្លាម គាត់រៀបការនៅក្នុងវ័យ ១៤ ឆ្នាំ តែប៉ុណ្ណោះ។
អ្នកដឹកនាំរឿងត្រួតពិនិត្យដល់ទីកន្លែងថតខ្សែភាពយន្ត កុំឲ្យរូបភាពក្បត់ខ្លឹមសារ
ដូច្នេះ សុំស្នើឲ្យអ្នកនិពន្ធយកចិត្តទុកដាក់ទៅលើបញ្ហានេះឲ្យបានច្បាស់ ប្រសិនបើមិនដូច្នោះទេ យើងគ្រាន់តែក្លាយទៅជាអ្នកនិពន្ធម្នាក់ ដែលវាមិនឆ្លុះបញ្ចាំងនូវតថភាពនៃសង្គមតែម្តង ព្រោះថារឿងនោះវាឆ្លុះបញ្ចាំងពីការពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ផង ហើយហើយពាក់ព័ន្ធទៅនឹងប្រពៃណីផង។ បើនិយាយទាក់ទងទៅនឹងបញ្ហាខាន់ស្លា គេនិយាយអំពីការគ្រប់អាយុនៃការរៀបការ។ ដូច្នេះ ហើយបានជាខ្ញុំស្នើសុំឲ្យមានការយកចិត្តទុកដាក់ទៅលើពង្រឹងសមត្ថភាពទៅលើអ្នកនិពន្ធរបស់យើង។ មួយទៀត សូមេត្តាយកចិត្តទុកដាក់ធ្វើយ៉ាងណានូវការផលិតខ្សែភាពយន្តអ្នកនិពន្ធអាចនឹងមិនទៅផ្ទាល់ទេ ក៏ប៉ុន្តែសំដៅទៅដល់ការអ្នកដឹកនាំរឿងតែម្តង ដែលទៅត្រួតពិនិត្យដល់ទីកន្លែងនៃការថតខ្សែភាពយន្តទាំងនោះ ធ្វើយ៉ាងណាធានាកុំឲ្យរូបភាពក្បត់ខ្លឹមសារ។
ខ្ញុំចង់សំដៅទៅលើបញ្ហាខ្លះ វាធ្លាប់មាននៅក្នុងខ្សែភាពយន្តរបស់យើងកាលពីពេលមុន។ ខ្ញុំលើកឧទាហរណ៍ដើម្បីធ្វើជាចំណុចទាក់ទាញការចាប់អារម្មណ៍សម្រាប់អ្នកនិពន្ធរបស់យើង ឧទាហរណ៍ស្រ្តីម្នាក់រៀបនឹងដាច់ខ្យល់ស្លាប់បែរជាបបូរមាត់នេះ គឺនៅក្រហមច្រាល មនុស្សតែរៀបស្លាប់មិនដែលបបូរមាត់ណាមានក្រែម ហើយទឹកមុខដោយគ្មានស្លេកស្លាំងនោះទេ។ អាចបង្ហាញឆ្លុះបញ្ចាំងរូបភាពជាមនុស្ស ខ្លឹមសារជាមនុស្សជិតងាប់ ក៏ប៉ុន្តែទៅជារូបភាពជាស្រ្តីតែងខ្លួន។ ដូច្នេះចំណុចទាំងនេះជាចំណុចដែលខ្ញុំគ្រាន់តែទាក់ទាញការចាប់អារម្មណ៍។
ធ្វើអោយភាពយន្តខ្មែរ ក្លាយជាភាពយន្តពេញនិយមសម្រាប់ប្រជាជនកម្ពុជាឡើងវិញ
ខ្ញុំចង់ឲ្យសិល្បៈភាពយន្តខ្មែររបស់យើងដែលបានស្លាប់ទៅក្នុងជំនាន់ ប៉ុល ពត ហើយដែលបានរស់ឡើងវិញនៅក្នុងដំណាក់កាលដែលខ្ញុំដឹកនាំ ក្លាយទៅជាភាពយន្តពេញនិយមសម្រាប់ប្រជាជនកម្ពុជារបស់យើងឡើងវិញ។ វាបានចាប់កំណើតឡើងនៅក្នុងពេលដែលខ្ញុំធ្វើនាយករដ្ឋមន្រ្តីនៅក្នុងប្រទេសនេះ ហើយខ្ញុំក៏ចង់មើលឃើញថាភាពយន្តកម្ពុជារបស់យើងមិនគ្រាន់តែពេញនិយមនៅក្នុងប្រទេសរបស់ខ្លួនទេ ប៉ុន្តែអាចនឹងនាំយកទៅបញ្ចាំងនៅក្រៅប្រទេសបានទៀតផង ដូចកាលពីជំនាន់ទសវត្សរ៍ទី ៦០ និងពាក់កណ្តាលទសវត្សរ៍ ៧០ ដែលខ្សែភាពយន្តរបស់យើងក៏មានការពេញនិយម។ អម្បាញ់មិញ ខ្ញុំក៏បានជួបបងស្រី ឌី សាវ៉េត ដែលជាអតីតអ្នកសម្តែងខ្សែភាពយន្តខ្មែរ នាសម័យនោះ ហើយដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃ។ នៅពេលនេះយើងមានមោទនភាពដែលពីអតីតកាលរបស់យើងមិនអន់ទេ ដូច្នេះសង្ឃឹមថា វិស័យខ្សែភាពយន្តខ្មែរគឺនឹងបន្តមានជីវិតតទៅទៀត។
វត្តមាន ហ៊ុន សែន នៅធ្វើជានាយករដ្ឋមន្ត្រីពន្ធមិនត្រូវដាក់បន្ទុកទៅលើសិល្បករ/ការនីនោះទេ
ខ្ញុំសូមបញ្ជាក់ជូនសម្រាប់ទាំងអស់គ្នានៅទីនេះថាហេតុអ្វីបានជាខ្ញុំមិនបន្តឲ្យមានការរួចពន្ធរហូតដល់ ១០ ឆ្នាំ? បញ្ហាស្ថិតនៅត្រង់ថា ខ្ញុំមានការគោរពចំពោះនីតិកាលរដ្ឋសភា ដោយសារតែមុខតំណែងរបស់ខ្ញុំនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ ២០២៣។ ដូច្នេះឆ្នាំ ២០២៣ គឺជាឆ្នាំបោះឆ្នោត។ អញ្ចឹងខ្ញុំយកការសម្រេចជំហានបឋម។ ពីម្សិលខ្ញុំទើបនឹងសម្រេចលើរឿងនេះ តាមរយៈរដ្ឋមន្ត្រី ក្រសួងវប្បធម៌បានលើកសំណើនេះទៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ តាំងពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០១៨។ ម្សិលមិញនេះគឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានលើកយោបល់ឲ្យខ្ញុំ។
ខ្ញុំមិនចង់អោយមានការយកពន្ធអាករធ្ងន់ហួសកម្រិតនៃវិស័យសិល្បៈរបស់យើងនោះទេ ប៉ុន្តែដោយសាតែអាណត្តិរបស់រាជរដ្ឋាភិបាលរបស់យើងត្រូវបញ្ចប់នៅឆ្នាំ ២០២៣ ហើយមានការបោះឆ្នោតនៅឆ្នាំ ២០២៣ បើសិនជាប្រជាពលរដ្ឋកម្ពុជារបស់យើង និយាយជារួម និងនិយាយដោយឡែក សិល្បករ/ការិនី បន្តការគាំទ្រសម្រាប់គណបក្សប្រជាជន បន្តការគាំទ្រសម្រាប់ខ្ញុំធ្វើនាយករដ្ឋមន្ត្រីបន្តទៀត មានន័យថា ពេលណា ហ៊ុន សែន នៅជានាយករដ្ឋមន្ត្រីពេលនោះ ពន្ធមិនត្រូវដាក់បន្ទុកទៅសិល្បៈរបស់យើងនោះទេ។ អញ្ចឹងក្រោយឆ្នាំ ២០២៣ បើសិនជា ហ៊ុន សែន ជាប់ឆ្នោតច្បាស់ណាស់ថា ខ្ញុំនឹងបន្តរយៈពេលនោះទៅដល់ឆ្នាំ ២០២៨ នីតិកាលក្រោយ។ ប៉ុន្តែបើសិនជាអ្នកដទៃឈ្នះឆ្នោតទុកឲ្យគេសំរេចចុះ។ ប៉ុន្តែខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តការគាំទ្រខ្ញុំ និងគណបក្សប្រជាជនបន្តទៀត សុំអបអរសាទរ។
បន្តប្រធានបទ ««យុវជនដើម្បីវប្បធម៌ជាតិ»»
មួយទៀត ខ្ញុំពិតជាមានការលើកទឹកចិត្តណាស់ថ្ងៃនេះ (ដោយមាន)យុវជនបានមកចូលរួមសម្ដែង។ (ហើយក៏បានធ្វើ)តាំងពីប៉ុន្មានឆ្នាំរួចមកហើយ។ ដូច្នេះ យើងត្រូវបន្តប្រធានបទដដែល គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ព្រោះពួកគេនោះហើយ គឺជាអ្នកស្នងដំណែងយើងនៅពេលក្រោយ។ ប្រធានបទនេះ យើងមិនចាំបាច់ដោះដូរទេ … ខ្ញុំឃើញអំពីសមត្ថភាពសម្ដែងរបស់ក្រុមយុវជនយើងនៅកន្លែងនេះនៅកន្លែងនោះ ហើយជារៀងរាល់ពេលដែលមានការផ្សាយបន្តផ្ទាល់ ឬមានសិល្បៈដែលចេញមកអំពីការសម្ដែងរបស់សិល្បៈកូនខ្មែរយើង ខ្ញុំតែងព្យាយាមតាមសង្កេត ទៅលើសមត្ថភាពរបស់ពួកគេ ទៅលើការសម្ដែង។ ដូច្នេះការសហការរវាងក្រសួងវប្បធម៌វិចិត្រសិល្បៈ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរុញបញ្ហាវប្បធម៌របស់យើងទៅក្នុងវិស័យអប់រំ គឺជាអាទិភាពមួយនៅក្នុងចំណោមអាទិភាព ដែលយើងយកចំណុចនេះ ដើម្បីការពារជាតិនូវវប្បធម៌របស់យើង លើកកំពស់ការស្រលាញ់នូវក្នុងវប្បធម៌ជាតិរបស់យើង។
ទស្សនាដោយត្រិះរិះអំពីគុណភាព ពីដំណាក់កាលប្រមូលទុន និងដំនាក់កាលចាប់ផ្ដើមអភិរក្ស និងអភិវឌ្ឍន៍
រៀងរាល់ថ្ងៃ ច័ន្ទ និងថ្ងៃសុក្រ មានផេកហ្វេសប៊ុក តន្ត្រីគ្រួសារខ្មែរ។ ខ្ញុំសង្កេតឃើញថា មានក្មួយៗដែលជាយុវជន បានរៀនចេះច្រៀងជាច្រើនទម្រង់។ ខ្ញុំតែងចូលទៅខម្មិននៅក្នុងនោះ ហើយលើកទឹកចិត្តឲ្យពួកគេបន្តនៅក្នុងវិស័យនេះ។ យើងមិនគ្រាន់តែធ្វើសកម្មភាពតាមបែបយុវវ័យទេ។ យើងមិនត្រូវភ្លេចថា យើងមានសិល្បៈច្រើនទម្រង់ណាស់ ហើយសិល្បៈច្រើនទម្រង់នោះហើយ ដែលយើងគប្បីការពារ។ ប៉ុន្មានឆ្នាំមុន ខ្ញុំបានប្រកាសអាសន្នស្ដីអំពីវិបត្តិអាចារ្យ ហើយបានប្រកាសអាសន្ន ស្ដីអំពីការបាត់បង់នូវសិល្បៈទម្រង់ជាចាប៉ីដងវែង និងអាយ៉ៃ ក៏ដូចជាល្ខោនបាសាក់ យីកេ។ តែរយៈពេលចុងក្រោយនេះខ្ញុំក៏មានមោទនភាព ដោយសារតែអនុសាសន៍ដែលខ្ញុំបានប្រកាសចេញនោះ ត្រូវបានទទួលយក និងការបង្ហាត់បង្ហាញឡើងនូវសិល្បៈជំនាន់ថ្មី ជាចាប៉ីដងវែង អាយ៉ៃ ទម្រង់ជាយីកេ ដែលខ្ញុំតែងតែឃើញនូវការច្រៀង ហើយដែលគេបង្ហោះតាមហ្វេសប៊ុកក្ដី ឬតាមយូធូបក្ដី ខ្ញុំព្យាយាមតាមមើល។ ការមើលរបស់ខ្ញុំមិនមែនគ្រាន់តែជាការកម្សាន្តសប្បាយនោះទេ តែខ្ញុំបានត្រិះរិះគិតអំពីគុណភាព អំពីចំណុចកើនឡើងពីការចាប់ផ្ដើមពីការដែលយើងបាត់បង់អ្វីៗ ហើយពីការចាប់ផ្ដើមនៃដំណាក់កាលប្រមូលទុនរបស់យើង ទៅជាការចាប់ផ្ដើមអភិរក្សផង និងអភិវឌ្ឍន៍ផង ដែលនេះគឺជាមោទនភាព គប្បីត្រូវបានលើកទឹកចិត្តជាបន្តទៀត។
ដើម្បីសិល្បៈករ/ការនីភាគច្រើន បានជួបជុំ គ្មានការរំខានដល់ការសម្ដែង
ខ្ញុំសង្ឃឹមថា ថ្ងៃនេះយើងជួបជុំជាមួយគ្នា ហើយការជួបជុំនេះក៏សូមដែរថា តាមផ្លូវការយើងកំណត់យកថ្ងៃទី ០៣ ខែមីនា គឺជាថ្ងៃការជួបជុំថ្ងៃទិវាវប្បធម៍ ក៏ប៉ុន្តែ ដោយសាយើងត្រូវធ្វើការជួបជុំ ដើម្បីទទួលទានអារហារសាមគ្គីភាព នៅក្នុងចំណោមសិល្បៈករ/ការនីរបស់យើង ខ្ញុំបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ថា ជៀសវាងការយកថ្ងៃសៅរ៍-អាទិត្យ-ច័ន្ទ ព្រោះថាបើសិនជាយើងយកថ្ងៃ ថ្ងៃសៅរ៍-អាទិត្យ-ច័ន្ទ គឺអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់ការសម្ដែងរបស់គ្រប់ស្ថានីយទូរទស្សន៍ ដែលត្រូវធ្វើការប្រគំតន្រ្តី នៅតាមស្ថានីយទូរទស្សន៍របស់គេ ហើយថ្ងៃសៅរ៍-អាទិត្យ សិល្បករ/ការិនីរបស់យើង ភាគច្រើនជាប់ការប្រគំតន្ត្រីនៅតាមស្ថានីយទូរទស្សន៍ និងនៅតាមកន្លែងដទៃទៀតៗ។
ថ្ងៃច័ន្ទក៏អាចជាថ្ងៃដែលសិល្បករ/ការនី ត្រូវធ្វើដំណើរពីខេត្តត្រឡប់ចូលទីក្រុងវិញនៅពេលដែលគេទៅសម្ដែងតាមខេត្ត។ ដូច្នេះ ហើយបានជាលើកនេះ(យើងបានពន្យារពេល)រហូតមកដល់ថ្ងៃពុធ គឺថ្ងៃទី ០៦ (មីនា)។ យើងធ្វើយ៉ាងដូច្នេះ ដើម្បីយើងផ្ដល់ឱកាស សម្រាប់ឲ្យសិល្បករ/ការិនីទាំងអស់អាចចាត់ទុកថាភាគច្រើន បានមកជួបជុំ ដោយគ្មានការរំខានទៅដល់ការសម្ដែងរបស់ពួកគេដែលមានកម្មវិធីគ្រោងទុកហើយស្រេច នេះជាការគិតគូទៅដល់សិល្បករ/ការនីរបស់យើង និងទៅដល់ស្ថានីយទូរទស្សន៍ ទៅដល់កន្លែងដែលគេត្រូវការចាំបាច់ ដូចជាអាពាហ៍ពិពាហ៍អីជាដើម គេត្រូវការសិល្បករ/ការិនីរបស់យើងទៅសម្ដែង ដូច្នេះបើសិនជាយើងរៀបចំថ្ងៃសៅរ៍-អាទិត្យ វានឹងច្បាស់ណាស់ថាបងប្អូនសិល្បករ/ការិនីរបស់យើង មិនបានក្លាយទៅភ្ញៀវរបស់នាយករដ្ឋមន្ត្រី។
សិល្បករជាភ្ញៀវទទួលទានអាហារប្រចាំឆ្នាំ របស់នាយករដ្ឋមន្ត្រី
ថ្ងៃនេះ សុំកុំភ្លេចថាមានកម្មវិធីពីរ។ កម្មវិធីមួយ គឺកម្មវិធីដែលរៀបចំដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប៉ុន្តែកម្មវិធីមួយទៀតសិល្បករ/ការនីទាំងអស់ ក្លាយទៅជាភ្ញៀវរបស់នាយករដ្ឋមន្ត្រី អញ្ជើញមកទទួលទានអាហារប្រចាំឆ្នាំជាមួយគ្នា ដើម្បីបង្ហាញពីសាមគ្គីភាព។ យ៉ាងហោចណាស់ខ្ញុំនៅមានពេល ០៤ ឆ្នាំទៀត ដើម្បីនៅជួបគ្នារហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែខ្ញុំបាននិយាយហើយថា ខ្ញុំនឹងបន្តធ្វើនាយករដ្ឋមន្ត្រីមិនតិចជាង ១០ ឆ្នាំទៀតទេ។ ប្រសិនបើរឿងនេះវាក្លាយទៅជាការពិត យើងនឹងជួបគ្នាក្នុងរយៈពេល ១០ ឆ្នាំបន្តទៅមុខទៀត ដោយគ្មានការរំខានណាមួយពីពួកអសិរពិស។
[ចប់សេចក្តីអត្ថាធិប្បាយ]
ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលក្រ សួងវប្បធម៌និង វិចិត្រសិល្បៈ សម្រេចបាន ជាពិសេសមរតកមនុស្សរស់ សិល្បករ ចាស់ទុំ ជាព្រឹទ្ធាចារ្យ និងជា វរៈសិល្បករ ក៏ដូចជាមន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នៃស្ថាប័នវប្បធម៌ទាំង អស់ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្ម និងរស់រវើក ក្នុងការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្ប ធម៌ខ្មែរ ឱ្យបានស្ថិតស្ថេរគង់វង្ស និងមានការរីកចម្រើនគួរជាទីមោទនៈ។
ខ្ញុំក៏សូមកោតសរសើរចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្ត រួមជាមួយក្រុមសិល្បៈយុវជនទូទាំង ប្រទេស មកពីបណ្តាគ្រឹះស្ថានមធ្យមសិក្សារាជធានី-ខេត្ត ទាំង ២៥ សកលវិទ្យាល័យ ទាំង ១១ និងអង្គការ/ សមាគមសិល្បៈ ទាំង ១០ ដែលបានខិតខំប្រឹងប្រែង ក្នុងការតែងនិពន្ធ ដឹកនាំរឿង និងហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពសិល្បៈ យុវជនទូទាំងប្រទេសនាពេលនេះ។ ម៉្យាងទៀត ពេលនេះយើង មានការជួបជុំបណ្តាសិល្បករ សិប្បករ តន្ត្រីករ ទាំងសម័យ និងបុរាណ អ្នកចម្រៀង អ្នកសម្តែង អ្នកនិពន្ធ និងអ្នកជំនាញនានាគ្រប់ទម្រង់ នៃសិល្បៈវប្បធម៌ជាតិនៅទូទាំងប្រទេស ដែលឤចចាត់ទុកថាជាទិវាសុខដុមនីយកម្មនៃសិល្បៈវប្បធម៌ជាតិយើង។
ជាទីបញ្ចប់ ជាមួយនឹងការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ ជាតិ ពិធីបិទ មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៥ និងពិធីជួបជុំសិល្បករទូទាំងប្រទេសលើកទី ២ នៅពេលនេះ ខ្ញុំ និងភរិយា សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសព្រឹទ្ធាចារ្យ វីរៈសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស-និស្សិត ទាំង អស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ៕