សុន្ទរកថា និងសេចក្តីដកស្រង់ប្រសាសន៍ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២១ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៥ និងពិធីសំណេះសំណាលជាមួយសិល្បករ/ការិនីទូទាំងប្រទេស

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, ព្រឹទ្ធាចារ្យ វរៈសិល្បករ សិល្បករ លោក លោកស្រី សាស្ត្រាចារ្យ អ្នកគ្រូ លោកគ្រូ និងក្មួយៗសិស្សានុសិស្ស និស្សិតទាំងអស់ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣  មីនា លើកទី ២១ ឆ្នាំ ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ពិធីបិទ មហោស្រពសិល្បៈយុវជនទូទាំង ប្រទេស ឆ្នាំទី ៥ និង ពិធីជួបជុំសិល្បករទូទាំងប្រទេសលើកទី ២ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ រៀប ចំឡើងសំដៅលើកទឹកចិត្ត បង្កើនសាមគ្គីភាព រវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អង្គការសង្គមស៊ីវិល ជាពិសេសក្នុងស្រទាប់យុវជន ដែលជាអ្នកបន្តវេន បានផ្លាស់ប្តូរមតិយោបល់ និងចែករំលែកព័ត៌មានគ្នាទៅវិញ ទៅមក រួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីថែរក្សា ការពារសម្បត្តិវប្បធម៌ ទាំងរូបី និង អរូបី ដែលជាដួងព្រលឹងអត្តសញ្ញាណជាតិ ប្រកបដោយកិត្យានុភាព ស័ក្តិសមជាប្រទេសដែលមានអរិយធម៌ រុងរឿង។ ក្នុងពិធីដ៏មានសារៈសំខាន់នេះ ខ្ញុំ និងភរិយាសូមឧទ្ទិស ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២១ នេះ ជាថ្ងៃរំលឹក ដល់គុណូបការៈបុព្វបុរស និងដូនតាខ្មែរ និងសូមឱ្យទិវានេះស្ថិតនៅជាអមតៈ ក្នុងដួងចិត្តប្រជាពលរដ្ឋខ្មែរគ្រប់ រូបទូទាំងប្រទេស ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ រួមគ្នាជាធ្លុងមួយ…