- ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី នៃបណ្តាប្រទេស ចូលចរចារួមកិច្ចព្រមព្រៀង អាសិប
- ឯកឧត្តម លឹម ចុក ហយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន
- ឯកឧត្តម លោកជំទាវ លោក លោកស្រី !
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងពិធីបើក អន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ ស្តីពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (Regional Comprehensive Economic Partnership-RCEP) ដែលជាគំនិតផ្ដួចផ្ដើមរបស់ឤស៊ាន ហើយដែលបានចាប់ផ្ដើមចរចាដំបូងនៅឆ្នាំ ២០១២ ក្នុងកិច្ចប្រជុំកំពូលឤស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា ដែលមានប្រទេសចូលរួមចរចាចំនួន ១៦ ប្រទេស គឺប្រទេសសមាជិកឤស៊ានទាំង ១០ និង ប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៦ អូស្ដ្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។
ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ រដម្ឋន្ត្រី និងគណៈប្រតិភូនៃបណ្តាប្រទេសចរចាកិច្ចព្រមព្រៀង ឤសិប (RCEP) ដែលកំពុងមានវត្តមាននៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលជាតំបន់ប្រវត្តិសាស្ត្រដ៏ល្បីរបស់កម្ពុជា។
ពេលនេះក្នុងពិភពលោកទាំងមូល ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី និងបើកចំហស្ថិតក្នុងស្ថានភាពតានតឹង និងកំពុងប្រឈមនឹងការគំរាមកំហែង ដោយសារប្រទេសមួយចំនួន រួមទាំងបណ្តាប្រទេសមហាអំណាចធំៗ ប្រកាន់យកគោលនយោបាយឯកតោភាគី និងទ្វេភាគី ដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យគំនិតគាំពារនិយមមានការកើនឡើង ដែលកត្តានេះឤចធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មសេរីនៅក្នុងតំបន់របស់ប្រទេសសមាជិក ឤសិប។ ដូច្នេះប្រាកដណាស់ថា យើងត្រូវរួមគ្នាខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀង ដ៏មានសារៈសំខាន់នេះ ឱ្យបានទាន់ពេលវេលា។ កន្លងមក ខ្ញុំបានជំរុញឱ្យរដ្ឋមន្ដ្រី និងក្រុមការងារចរចាខិតខំពិភាក្សា តាមវិស័យនីមួយៗ ដើម្បីបញ្ចប់ការចរចាតាមឤណត្តិ ដែលបានកំណត់ដោយថ្នាក់ដឹកនាំ ឤសិប ទោះបីជាកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានច្បាប់មួយចំនួន និងត្រូវធ្វើតាមការសម្របសម្រួលជាមួយបណ្តាប្រទេសដៃគូដទៃទៀតក៏ដោយ។
ទន្ទឹមនេះ យើងដឹងហើយថា ប្រជាជន ឤសិប ទាំង ១៦ ប្រទេស មានរហូតដល់ ៤៥% នៃចំនួនប្រជាជនសរុបនៅលើពិភពលោក មានផលិតផលក្នុងស្រុកសរុបជិត ៣០% នៃផលិតផលក្នុងស្រុកសរុបពិភពលោក ចំណែកពាណិជ្ជកម្ម ប្រទេស ឤសិប មាន ២៨,៥% នៃពាណិជ្ជកម្មពិភពលោក ហើយផលិតកម្មប្រទេស ឤសិប មាន ៣១,៦ % នៃផលិតកម្មពិភពលោក។ ទន្ទឹមនេះ លំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេស ឤសិប មាន ១/៥ នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ ២០១៦)។
ដូច្នេះ ការរៀបចំឲ្យមានអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ នាពេលនេះ ពិតជាមានសារៈសំខាន់ ប៉ុន្តែការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយនេះប្រាកដជាមានការលំបាក និងស្មុគស្មាញ ដោយសារប្រទេសសមាជិក ឤសិប ទាំង ១៦ មានស្ថានភាពសេដ្ឋកិច្ចខុសៗគ្នា។ ប៉ុន្ដែខ្ញុំសង្ឃឹមថា នៅពេលដែលការចរចាបានឈានដល់ទីបញ្ចប់ប្រកបដោយតម្លាភាព ប្រទេសសមាជិក ឤសិប ទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនអំពីពាណិជ្ជកម្មពហុភាគីមួយនេះ។
កម្ពុជា ពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមជាថ្មីម្តងទៀត ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំអន្តរកិច្ចប្រជុំរដ្ឋមន្ត្រីលើកទី ៧ នាពេលនេះ។ ទន្ទឹមនេះ កម្ពុជាក៏ដូចជាប្រទេសសមាជិក ឤសិប ទាំងអស់ សូមអបអរសាទរចំពោះវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀង ដែលកំពុងបោះជំហានដល់ដំណាក់កាលការចរចាចុងក្រោយប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះប្រទេសឥណ្ឌូណេស៊ី ដែលកំពុងដើរតួនាទីជាអ្នក សម្របសម្រួលដឹកនាំការចរចានេះ។ ក្នុងស្មារតីនេះ ខ្ញុំសូមចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គពិធីសម្រាប់ជាមូលដ្ឋាន ក្នុងការពិចារណា និងរៀបចំការពិភាក្សាចរចា ដូចខាងក្រោម ៖
ទី ១ ប្រទេសសមាជិកនៃភាគីចរចាទាំងអស់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ត្រូវចាត់ទុកការចរចានាពេលនេះ គឺជាដំណើរការ«ឈ្នះឈ្នះ» ដែលគ្រប់ភាគីឤចទទួលយកបានទាំងអស់គ្នា ហើយដែលលទ្ធផលនៃការចរចាកិចព្ច្រមព្រៀងនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់គ្រប់ភាគី ទោះក្នុងកម្រិតខុសគ្នាយ៉ាងណាក៏ដោយ។
ទី ២ ប្រទេសសមាជិក នៃភាគីចរចាទាំងអស់ ទោះបីជាមានរបៀបវារៈសេដ្ឋកិច្ចផ្សេងៗគ្នា ត្រូវតែនាំគ្នាពិនិត្យកិច្ចព្រមព្រៀង អាសិប នេះ ដោយយស្មារតីទទួលខុសត្រូវទៅលើទិដ្ឋភាពជារួម ដែលមានសក្តានុពល និងអត្ថប្រយោជន៍ ដើម្បីឱ្យដំណើរការនៃការចរចា ឤចប្រព្រឹត្តទៅដោយរលូន ហើយជំនះបាននូវឧបសគ្គដែលនៅសេសសល់ដើម្បីបញ្ចប់កិច្ចចរចាឱ្យបានទាន់ពេលវេលាដែលបានកំណត់ប្រកបដោយតម្លាភាព។
ទី ៣ ខ្ញុំសូមអំពាវនាវដល់ប្រទេសសមាជិកចូលរួមចរចាកិច្ចព្រមព្រៀង ឤសិប ទាំងអស់ ត្រូវមានឆន្ទៈនយោបាយ ហើយសូមផ្ដល់ការណែនាំដល់សមាជិក នៃគណៈកម្មាធិការចរចាពាណិជ្ជកម្មនេះ ប្រកបដោយភាពទន់ភ្លន់ ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្របតាមគោលការណ៍ណែនាំ ដែលបានឯកភាពគ្នា កាលពីឆ្នាំ ២០១២ នៅក្នុងកិច្ចប្រជុំកំពូលឤស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញ។ ជាពិសេសទៀត ចំពោះបណ្តាប្រទេសសមាជិក ឤសិប ដែលជាប្រទេសអភិវឌ្ឍមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ ត្រូវមានឆន្ទៈក្នុងការផ្តល់ប្រព្រឹត្តកម្មពិសេស និងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍតិចតួច ដែលមានទំហំសេដ្ឋកិច្ចនៅតូច ដើម្បីជម្រុញការលើកទឹកចិត្តប្រទេសទាំងនោះ ឱ្យចូលរួមយ៉ាងសកម្មក្នុងចលនាពាណិជ្ជកម្មសេរពីហុភាគីប្រកបដោយតម្លាភាព។
ខ្ញុំសង្ឃឹមថា ប្រទេសសមាជិកចរចាទាំងអស់ នឹងមានឆន្ទៈនយោបាយរួមគ្នា ដើម្បីបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង ឤសិប នេះ ក្នុងឆ្នាំ ២០១៩ ដែលប្រទេសថៃនឹងត្រូវធ្វើជាប្រធានឤស៊ាន ស្របតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ នៅក្នុងកិច្ចប្រជុំកំពូល ឤសិប លើកទី ២ កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី ដើម្បីឤចឈានទៅរកការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀតក្នុងតំបន់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
កិច្ចព្រមព្រៀង អាសិប នឹងនាំទៅជោគជ័យដល់ទស្សនាទានឥណ្ឌូប៉ាស៊ីហ្វិកសេរី និងចំហផងដែរ
អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្តិចបន្ថែមថា កិច្ចព្រមព្រៀងដែលយើងខិតខំសម្រេចក្នុងឆ្នាំនេះ វាមិនមែនគ្រាន់តែជាបញ្ហាសេដ្ឋកិច្ចធម្មតានោះទេ ក៏ប៉ុន្តែ វានឹងធ្វើឱ្យជោគជ័យកើតឡើងសម្រាប់ទស្សនាទាន ស្តីអំ ពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ។ ខ្ញុំគ្រាន់តែជាការចាប់អារម្មណ៍ដោយត្រួសៗ អំពីគំនិតផ្តួចផ្តើមនៅក្នុងក្របខ័ណ្ឌអាស៊ាន។ ឥណ្ឌូនេស៊ីក៏បានផ្តួចផ្តើមគំនិតទាក់ទងទៅនឹងឥណ្ឌូប៉ាស៊ីហ្វិក។ នៅក្រៅតំបន់ បើយើងពិនិត្យអំពីឥណ្ឌា គឺមាននយោបាយកាលពីពេលមុន សម្លឹងមកទិសខាងកើត ឥឡូវកំពុងតែស្ថិតនៅក្នុងដំណាក់កាលសកម្មភាពមកទិសខាងកើត។ ឯកូរ៉េខាងត្បូង គឺមានទស្សនាទាននយោបាយសម្លឹងមកទិសខាងត្បូង។ ជប៉ុនក៏មានគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ អូស្ត្រាលីក៏មានគំនិតផ្តួចផ្តើមពាក់ព័ន្ធជាមួយនឹងឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ឯចិនក៏មានទស្សនាទាន និងគំនិតផ្តួចផ្តើមអំពីខ្សែក្រវាត់មួយ ផ្លូវមួយផងដែរ។ ដូច្នេះ អ្វីទាំងអស់នោះ វាបាន និងកំពុងស្ថិតនៅលើការជាក់ស្តែងនៃកិច្ចព្រមព្រៀង ដែលយើងបានរៀបចំបង្កើតភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៅក្នុងតំបន់របស់យើងនេះ។
សំយោគគំនិតផ្តួចផ្តើមទាំងអស់ ដើម្បីសុខដុមបនីយកម្ម និងភាពរុងរឿងនៅក្នុងតំបន់
ប្រសិនបើកិច្ចព្រមព្រៀងនេះបានចេញរួច វាក៏ជាផ្នែកមួយលើសជាងពាក់កណ្តាលនៃជោគជ័យនៃទស្សនា ទានទាំងឡាយ ដែលបានដាក់ចេញក្នុងរយៈពេលកន្លងទៅ។ ដូច្នេះ ខ្ញុំសង្ឃឹមថា ប្រទេសអាស៊ានទាំង ១០ បូកនឹងដៃគូទាំង ៦ ហើយសុទ្ធតែមានគំនិតផ្តួចផ្តើមស្របប្រហាក់ប្រហែលគ្នានោះ នឹងធ្វើការសម្រេចជោគជ័យទៅលើក្របខ័ណ្ឌមួយនេះ គឺជាការសំយោគរវាងទស្សនាទានស្តីអំពីបញ្ហារបស់ឥណ្ឌា សកម្មភាពមកទិសខាងកើត។ កូរ៉េខាងត្បូងសម្លឹងមើលមកទិសខាងត្បូង។ ជប៉ុន ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ។ អូស្ត្រាលី ឥណ្ឌូប៉ាស៊ីហ្វិក។ ចិន ខ្សែក្រវាត់មួយ និងផ្លូវមួយ។ ដូច្នេះ យើងត្រូវយកចំណុចនេះ មកធ្វើជាចំណុចសំយោគ ហើយក៏ជាចំណុចជោគជ័យនៃគំនិតផ្តួចផ្តើមនៃប្រទេសទាំងអស់ ដែលបានដាក់ចេញ ដើម្បីសុខដុមបនីយកម្ម និងភាពរុងរឿងនៅក្នុងតំបន់។ នេះគឺជាចំណុចពិសេស។ បើគ្មានកិច្ចព្រមព្រៀងនេះកើតឡើងទេ គំនិតផ្តួចផ្តើមទាំងឡាយ ក៏វាមិនអាចក្លាយទៅជាការជាក់ស្តែងនោះបានទេ។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានសម្រេច (នឹងកើតមាន)ជំនឿទុកចិត្តនៅក្នុងក្របខ័ណ្ឌតំបន់ មិនមែនប្រើគ្រាន់តែប្រើរកស៊ីខាងសេដ្ឋកិច្ចទេ បញ្ហានយោបាយ និងបញ្ហាដទៃទៀត ក៏នឹងត្រូវសម្របសម្រួលគ្នា។
ទោះបីកម្ពុជាត្រូវកែច្បាប់ ឬលិខិតបទដ្ឋានក៏ដោយ ក៏ត្រូវធ្វើដើម្បីស្របនឹងកិច្ចព្រមព្រៀងរបស់ អាសិប
ខ្ញុំអម្បាញ់មិញ បានជួបជាមួយរដ្ឋមន្ត្រីមកពីសឹង្ហបុរី ខ្ញុំក៏បាននិយាយថា យើងបានពិភាក្សាគ្នាទាក់ទងនឹង ការតភ្ជាប់ ក្នុងហ្នឹងក៏មានការតភ្ជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាផ្នែកទន់ គឺទាក់ទងផ្នែកច្បាប់ ដែលអម្បាញ់ មិញខ្ញុំបាននិយាយហើយ។ បើទោះបីជាកម្ពុជាត្រូវធ្វើការកែច្បាប់របស់ខ្លួន លិខិតបទដ្ឋានរបស់ខ្លួន ដើម្បីឱ្យស្របនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់តំបន់នេះ អាសិប ក៏យើងត្រូវតែធ្វើ។ ដូចដែលកម្ពុជាធ្លាប់បានធ្វើក្នុងការកែប្រែច្បាប់របស់ខ្លួន ដើម្បីតម្រូវទៅតាមការទាមទារនៃអង្គការពាណិជ្ជ កម្មពិភពលោកផងដែរ។ នេះគ្រាន់តែជាការបញ្ជាក់បន្ថែម នៃការមើលឃើញរបស់ខ្ញុំ នៅក្នុងទស្សនាទានស្តីអំពីបញ្ហាតំបន់របស់យើង ដែលនឹងក្លាយទៅជាតំបន់ដែលរួមរស់ជាមួយគ្នាដោយសន្តិភាព និងពោរពេញទៅដោយសហប្រតិបត្តិការ។ នោះក៏ជាផ្នែកមួយនៃការដែលត្រូវទប់ទល់ជាមួយនឹងនយោបាយគាំពារនិយម ឯកតោភាគីនិយម ដែលនាំទៅដល់ការបាត់បង់នូវសេរីភាវូបនីយកម្ម និងចរិតសកលរបស់វា។
[បញ្ចប់សេចក្ដីអធិប្បាយ]
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើក អន្តរកិច្ចប្រជុំលើកទី ៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ រដម្ឋន្ត្រី និងគណៈប្រតិភូចរចាកិច្ចព្រមព្រៀង ឤសិប ទាំងអស់ សូមទទួលបានជោគជ័យក្នុងកិច្ចការចរចា ដើម្បីផលប្រយោជន៍សេដ្ឋកច្ចិនៅក្នុងតំបន់ និងសូមទទលួបាននូវផាសុកភាព និងអនុស្សាវរីយល្អ៍ៗ ក្នុងការស្នាក់នៅលើទឹកដីអង្គរដ៏ល្បីល្បាញនៃព្រះរាជាណាចក្រកម្ពុជា។
សូមអរគុណ !