៨៣% នៃរោងចក្រ បានបើកបៀវត្សរ៍ ២ សប្តាហ៍ម្តងជូនកម្មកររួចហើយ
សុខសប្បាយទេបងប្អូន? ឥឡូវ មុននឹងចាប់ផ្ដើមគួរតែសួរសំណួរ ២-៣ សិន។ សំណួរទី ១ តើក្មួយៗជាកម្មករ/ការិនី ដែលបានបើកប្រាក់ខែ ១៥ ថ្ងៃម្តង ឬ ២ សប្ដាហ៍ម្ដង តើមានប៉ុន្មាននាក់ក្នុងចំណោមហ្នឹងសូមលើកដៃ? ដូច្នេះ ភាគច្រើនហើយ។ ឥឡូវដាក់ចុះ។ អ្នកដែលមិនទាន់បានបើកមានប៉ុន្មាន រោងចក្រមិនទាន់បានបើក? ដូចអត់មាន។ នេះជាការពិនិត្យមួយ។ ខ្ញុំគិតថា នេះជាផលប្រយោជន៍ដើម្បីផ្ទៀងផ្ទាត់ជាមួយរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានរាយការណ៍ (ដែលថា) ៨៣% នៃចំនួនរោងចក្រ ដែលបានបើកបៀវត្សរ៍ឲ្យក្មួយៗរួចហើយ សូមថ្លែងនូវការកោតសរសើរ។
ម៉េចបានជាដាក់ឈ្មោះថា ឃុំឆក់ឈើនាង?
សំណួរទី ២ ចង់សួរថា តើមាននាងណាខ្លះដែលបាត់ឈើ? ព្រោះឃុំនេះជាឃុំឆក់ឈើនាង។ បើឃុំឆក់ឈើនាង គឺខ្ញុំចេះតែស្រាវជ្រាវរឿងហ្នឹង ប៉ុន្តែប្រហែលជាបណ្ឌិត រ័ត្ន សណ្ដាប់ ត្រូវទទួលភារកិច្ច ដើម្បីធ្វើការស្រាវជ្រាវថា ហេតុអ្វីបានជានៅកន្លែងនេះដាក់ឈ្មោះឃុំឆក់ឈើនាង? ពាក្យថា ឆក់ឈើនាង មានន័យថា នាងកំពុងតែកាន់ឈើ ហើយមានគេមកឆក់ ឬក៏ទៅពីនេះ ឬយ៉ាងម៉េច ក៏យើងមិនដឹង។ ប៉ុន្តែចាស់ស្រុក ចាស់ភូមិនៅកន្លែងហ្នឹងប្រហែលជាអាចដឹង ដោយសារវប្បធម៌ដាក់ឈ្មោះនៅក្នុងប្រទេសរបស់យើងវាងាយណាស់។ កន្លែងខ្លះ គេហៅថា អ្នកតាអាចម៍ឆ្កែ ដោយសារតែកន្លែងហ្នឹងឆ្កែវាទៅជុះ។ ដល់ឆ្កែវាទៅជុះ ទៅមនុស្សខ្ពើមអាចម៍ឆ្កែទេដំបូងនោះ អញ្ចឹងចេះតែកាច់មែកឈើយកទៅដាក់។ ដាក់យូរៗទៅជាអ្នកតាអាចម៍ឆ្កែទៅ។ អញ្ចឹងវាកើតរឿងវប្បធម៌ដាក់ឈ្មោះទៅ។ ដូចខេត្តកំពង់ស្ពឺអញ្ចឹង គេមានដំណាលរបស់គេ ហើយបើយោងទៅតាមកាលប្រវត្តិ គេមានកំពង់ទឹកហ្នឹងគេមានដើមស្ពឺនៅហ្នឹង បានគេហៅខេត្តកំពង់ស្ពឺ។ ដូចខេត្តកំពង់ចាមអញ្ចឹងគឺកន្លែងកំពង់រង់ចាំ យូរៗទៅជាកំពង់ចាម អាហ្នឹងវប្បធម៌ដាក់ឈ្មោះ។ តែយ៉ាងណាក៏ដោយ ខ្ញុំមិនហ៊ានអះអាងទេគ្រាន់តែនិយាយថា ឆក់ឈើនាង អញ្ចឹងនាងណាខ្លះដែលបានបាត់ឈើ … ឥឡូវសុំសួរមួយទៀត អ្នកដែលត្រៀមចូលរោងការនៅពេលខាងមុខមានប៉ុន្មាន(នាក់) សូមលើកដៃទាំងស្រី ទាំងប្រុស? បែបមិនសូវសម្បូរទេ។ ប៉ុន្តែ ឥឡូវ សួរផ្ទុយវិញ អ្នកដែលបានការហើយតាំងពីចាប់ផ្ដើមចេញវស្សាឆ្នាំទៅ រហូតមកឥឡូវមានប៉ុន្មានហើយលើកដៃ? អរគុណណាស់។
នយោបាយក្នុងប្រទេស/ក្រៅប្រទេស គ្រប់ទិដ្ឋភាព ពាក់ព័ន្ធនឹងតួនាទីនាយករដ្ឋមន្ត្រី
នេះគ្រាន់តែជាការចាប់ផ្ដើម នៃការដែលយើងបានជួបគ្នា។ ថ្ងៃនេះ ពូមកកាន់ទីនេះជាមួយនឹងការសងបំណុលចុងក្រោយ នៅក្នុងជុំទី ១ សម្រាប់ខេត្តកណ្ដាលរបស់យើង ដែលមានជំនួបជាបន្តបន្ទាប់ តាំងពីចុងឆ្នាំ ២០១៧ ពេញមួយឆ្នាំ ២០១៨ និងមកដល់ដើមឆ្នាំ ២០១៩ ទើបជុំទី ១ នេះត្រូវបានបញ្ចប់។ បើនិយាយពីជុំទី ១ ត្រូវបានបញ្ចប់ វាច្បាស់ណាស់ថា វានឹងមានជុំទី ២ ជាបន្តទៀត ដូចដែលខ្ញុំបាននិយាយកាលពីពេលមុន។ សុំអធ្យាស្រ័យចំពោះក្មួយៗកម្មករ/ការិនីទាំងឡាយ ដែលថ្ងៃនេះ ពូទើបនឹងមានឱកាសបានជួបក្មួយៗចុងក្រោយនៅក្នុងខេត្តកណ្ដាល ចាត់ទុកថាជាកូនពៅ។ ក៏ប៉ុន្តែ នេះជាការទន្ទឹងរង់ចាំមួយពីសំណាក់ក្មួយៗ ហើយពូក៏ទន្ទឹងរង់ចាំថា នឹងបានជួបក្មួយៗដែរ ប៉ុន្តែ ដូចដែលក្មួយៗដឹងស្រាប់ហើយ ការងាររបស់ពូមិនមែនគ្រាន់តែវិស័យមួយទេ គឺទាំងនយោបាយក្នុងប្រទេស និងក្រៅប្រទេស និងគ្រប់ទិដ្ឋភាពទាំងអស់ ពាក់ព័ន្ធនឹងតួនាទីរបស់នាយករដ្ឋមន្ត្រី។ ដូចដែលធ្លាប់បាននិយាយហើយថា មកយឺត ប្រសើរជាងមិនបានមក ជួបយឺតប្រសើរជាងមិនបានជួប។ ថ្ងៃនេះ យ៉ាងណាក៏យើងបានជួបគ្នាជាមួយនឹងពេលវេលាសមស្របមួយ។
អរគុណម្ចាស់រោងចក្រ ដែលបានចូលរួមវិភាគទានមូលនិធិគន្ធបុប្ផា
ថ្ងៃនេះ ខ្ញុំក៏សូមអរគុណចំពោះម្ចាស់រោងចក្រ លោក វ៉ាង សែន ដែលជាប្រធានក្រុមហ៊ុន ដែលផ្ដល់ទីតាំងនេះចំនួន ៣ លើករួចមកហើយសម្រាប់ការជួបជុំ។ ថ្ងៃនេះលោក វ៉ាង សែន និង លោក លី យ៉ុងជុន ក៏នឹងចូលរួមវិភាគទានសម្រាប់មូលនិធិគន្ធបុប្ឆា ដែលកាលពីថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៨ នោះ បានចូលចំនួន ៥ ម៉ឺនដុល្លាររួចមកហើយ។ ថ្ងៃនេះគឺអ្នកទាំងពីរបានចូលរួមជាមួយមូលនិធិនេះជាថ្មីម្ដងទៀត ក្នុងម្នាក់ ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ សូមអបអរសាទរ។ នេះហើយជាសិល្បៈចែករំលែក។ នៅទីនេះ គឺបានចូលរួមសម្រាប់វិភាគទានសម្រាប់មូលនិធិគន្ធបុប្ផា បម្រើឲ្យការពិនិត្យព្យាបាលជំងឺរបស់កុមារកម្ពុជា។ កិច្ចការនេះ បើទោះបីជាលោកបណ្ឌិត Beat Richner គាត់លាចាកលោកនេះក៏ដោយចុះ ក៏ប៉ុន្តែមន្ទីរពេទ្យគន្ធបុប្ផា មិនត្រូវបានស្លាប់នោះទេ នៅតែបន្តដំណើរការ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងផ្ដល់ថវិកាពីសំណាក់រាជរដ្ឋាភិបាលផង ពីសំណាក់ការបង្កើតមូលនិធិ ដែលមានការចូលរួមពីសប្បុរសជន ដើម្បីឲ្យមន្ទីរពេទ្យនេះបន្តដំណើរការតទៅទៀត។ ខ្ញុំសុំអរគុណ ចំពោះម្ចាស់រោងចក្រទាំងអស់ ទាំង ៣៤ រោងចក្រដែលបានផ្ដល់ការអនុញ្ញាត ឲ្យក្មួយៗជាកម្មករ/ការិនី បានមកជួបខ្ញុំនៅក្នុងព្រឹកនេះ ហើយនឹងផ្ដល់ការឈប់សម្រាកឲ្យក្មួយៗនៅពេលល្ងាចនេះ។
អរគុណក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធ រៀបចំជំនួប
អម្បាញ់មិញ ពូបានធ្វើដំណើរពីខាងនេះមក បានសួរក្មួយៗថាមកតាំងពីយប់។ ពិតហើយក្មួយៗត្រូវក្រោកតាំងពីយប់ ឯពូក៏ភ្ញាក់ពីក្បែរភ្លឺដែរ ដើម្បីឲ្យមកទាន់ពេលនេះ ប្រសិនបើពូទទួលទានដំណេករហូតមកដល់ម៉ោង ៦កន្លះ ប្រហែលជាពូមិនអាចមកទាន់ពេលទេ។ ពូត្រូវខិតខំធ្វើយ៉ាងម៉េចដើម្បីកុំឲ្យក្មួយៗរង់ចាំរយៈពេលយូរ។ ខ្ញុំក៏សូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកណ្ដាលរបស់យើងនេះ និងផ្នែកពាក់ព័ន្ធនានា ដែលបានសហការរៀបចំនូវការជុំកម្មករនៅក្នុងក្របខណ្ឌនៃខេត្តកណ្ដាលរបស់យើងនេះ រហូតទៅដល់ ១៥ ម៉ឺននាក់ឯណោះ ដែលយើងបានជួបគ្នាក្នុងរយៈពេលកន្លងទៅនេះ។ នេះជាកិច្ចខិតខំមួយ ដែលយើងបានរួមគ្នាដើម្បីធ្វើឲ្យ ជោគជ័យនេះកើតឡើង។ មិនគ្រាន់តែខេត្តកណ្ដាលមួយទេ ទាំងនៅទីក្រុងភ្នំពេញ ទាំងនៅតាមបណ្ដាខេត្តនានា ដែលមានរោងចក្រ សហគ្រាស ហើយដែលខ្ញុំបានធ្វើដំណើរទៅដល់ ជួបជុំរួចមកហើយនោះ សុទ្ធតែបានរៀបចំបានយ៉ាងល្អ ដែលធ្វើឲ្យមានជំនួបកើតឡើង ដើម្បីស្វែងយល់នូវបញ្ហាប្រឈម និងដោះស្រាយសម្រាប់ក្មួយៗទាំងអស់។
ខិតខំតម្លើងបៀវត្សរ៍ផង រក្សាម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល
ពូពិតជាមានការសប្បាយរីករាយ ជាមួយនឹងអ្វីដែលបាន និងកំពុងកើត ក្នុងហ្នឹង នៅពេលចាប់ផ្ដើមនៃការ ដំណើរចុះសួរសុខទុក្ខជាមួយកម្មករ/ការិនីរបស់យើង ពេលនោះបៀវត្សេរ៍កម្មករ/ការិនីរបស់យើងមាន … ១៥៣ដុល្លារ សហរដ្ឋអាមេរិក (២០១៧) … បន្ទាប់ទៅឆ្នាំ ២០១៨ ឡើង ១៧០ ដុល្លារ។ ឥឡូវនេះ គឺយើងបានអនុវត្តគឺ ១៨២ ដុល្លារសហរដ្ឋអាមេរិក ដែលជាកំណើនមួយនៃប្រាក់ចំណូលសម្រាប់ក្មួយៗដែលជាកម្មករ/ការនី របស់យើង។ តើនេះបានមកពីអ្វីទៅ? បានមកពីការខិតខំទាំងអស់គ្នារបស់យើង ដែលចំណុចនេះផ្ដល់ឱកាសឲ្យកម្មករ/ការិនីរបស់យើង បានទទួលការងារធ្វើផង និងមានកំណើនប្រាក់ចំណូលជាប្រចាំផងដែរ។
រាជរដ្ឋាភិបាល មិនមែនគ្រាន់តែផ្ដោតការយកចិត្តទុកដាក់តែមួយមុខទៅលើបញ្ហាកំណើនបៀវត្សរ៍របស់កម្មករ/ការិនីប៉ុណ្ណោះទេ។ អ្វីដែលជាសេចក្ដីត្រូវការធំជាងនេះ រាជរដ្ឋាភិបាលត្រូវខិតខំរក្សាម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ដើម្បីរក្សាកម្លាំងទិញរបស់ប្រាក់ ដែលបានផ្ដល់នូវការដំឡើងបៀវត្សរ៍សម្រាប់កម្មករ/ការិនី ក៏ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។ យើងខិតខំរក្សាធ្វើយ៉ាងណា កុំឲ្យតម្លៃទំនិញនៅលើទីផ្សារ ឡើងទៅលើសពីអ្វី ដែលប្រាក់បៀវត្សបានកើន។ បើសិនជាប្រាក់បៀវត្សកើន តម្លៃទំនិញក៏វាកើនឡើងទៅជាមួយនោះ គឺមិនមានន័យថា យើងបានបង្កើនបៀវត្សរ៍ឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ/ការិនីទេ។
ដូច្នេះបានជាមានការប្រុងប្រយ័ត្នខ្លាំងណាស់ ជាមួយនឹងយកចិត្តទុកដាក់ទៅលើស្ថិរភាពខាងនយោបាយ រាជរដ្ឋាភិបាលក៏ត្រូវតែខិតខំ ដើម្បីរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ដើម្បីធានាកម្លាំងទិញ នៃប្រាក់ ដែលត្រូវបានបង្កើត។ ឧទាហរណ៍ថា អាវមួយធ្លាប់ទិញ ៥ ពាន់រៀល គឺធ្វើយ៉ាងណារក្សាតម្លៃអាវនោះ គឺត្រឹមតែ ៥ ពាន់រៀលដដែល។ អញ្ចឹងប្រាក់ដែលយើងទទួលបាននូវការដំឡើង ទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន គឺនឹងទទួលបាន(ផល)។ គឺថា ពីដើមប្រាក់ដែលយើងយកទិញ គឺទិញបានអាវ ២ គឺនៅពេលដែលយើងកើនបានប្រាក់ យើងអាចយកទៅទិញបានអាវ ៣ នោះហើយជាកិច្ចខិតខំប្រឹងប្រែងរួម មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកណាមួយទេ។ ចំណុចនេះគឺជាចំណុចដែលយើងបានទទួលជោគជ័យ។
ប្រាក់រៀលកំពុងឡើងថ្លៃ ធនាគារជាតិអាចទាញយកចំណេញបាន
ឥឡូវនេះ ពូកំពុងតែគិតថា ធម្មតាតម្លៃប្រាក់រៀលរបស់យើងគឺឡើងថ្លៃ ដែលមកដល់ពេលនេះអត្រាប្ដូរប្រាក់នៅត្រឹមតែ ៤០២៥ គឺធៀបជាមួយនឹងប្រាក់គោលរបស់យើង ដែលអត្រាប្ដូរប្រាក់ ៤០៥០ ក្នុង ១ ដុល្លារ។ ប៉ុន្តែ ជាធម្មតាមានតែមួយខែទេ ដែលប្រាក់រៀលរបស់យើងចុះថ្លៃ មួយខែ ឬពីរ គឺនៅក្នុងខែ ៨ ឬខែ ៩ ប្រាក់រៀលរបស់យើងឡើងទៅផុតពី ៤០៥០ ទៅដល់ ៤០៩០។ ប៉ុន្តែ បន្ទាប់ពីនោះប្រាក់រៀលរបស់យើងច្រើនតែនៅក្រោម ៤០៥០។ ដូច្នេះក្មួយៗជាកម្មករ/ការិនីប្រមាណជា ១ លាននាក់ ទទួលប្រាក់បៀវត្សជាប្រាក់ដុល្លារ។ អញ្ចឹងបើសិនជាអត្រាប្ដូរប្រាក់វាធ្លាក់ចុះ ពេលដែលក្មួយៗទៅដូរយកជាប្រាក់រៀល នឹងបានចំនួនតិចជាង។ ដូច្នេះធនាគារជាតិ ក៏មានភារកិច្ចដើម្បីអន្តរាគមន៍ចូលទីផ្សារ ដើម្បីរក្សាលំនឹង កុំឲ្យធ្លាក់ពេក និងកុំឲ្យឡើងថ្លៃពេក ដែលប្រាក់រៀលនៅក្នុងប្រទេសរបស់យើងមានតម្លៃ។ ជួនកាលរហូតដល់ចូលឆ្នាំខ្មែរ អត្រាប្ដូរអាចជិតមកកៀកនឹង ៤០០០ … ធនាគារជាតិត្រូវយកចិត្តទុកដាក់ធ្វើអន្តរាគមន៍។ ឥឡូវនេះ គឺជាពេលវេលាដែលធនាគារជាតិត្រូវយកចំណេញ តាមរបៀបបញ្ចេញប្រាក់រៀល ទៅទិញប្រាក់ដុល្លារយកមកទុក។ ជារបៀបធនាគាររកស៊ី ព្រោះប្រាក់រៀលនៅលើទីផ្សារអាចនឹងខ្វះ បានជាវាឡើង។ អញ្ចឹងទៅបុកប្រាក់រៀល ដើម្បីប្រមូលដុល្លារយកមកទុក ដល់ទៅពេលប្រាក់រៀលវាចុះថ្លៃ បញ្ចេញប្រាក់ដុល្លារទាញយកប្រាក់រៀលយកមកទុកវិញ។ ហ្នឹងគឺគ្រាន់តែជាការរំលឹក ហើយនេះគឺជាមធ្យោបាយរបស់រដ្ឋ ដែលយើងអាចធ្វើបែបនោះ។ យើងមិនអាចបញ្ជាទីផ្សារបានទេ។ អត្រាប្តូរប្រាក់ឡើងចុះទៅតាមក្រឹត្យក្រមទីផ្សារកាត់សេចក្តី ក៏ប៉ុន្តែ ចំណែកណាមួយនោះ រដ្ឋក៏អាចនឹងចូលរួមចំណែក ដើម្បីអន្តរាគមន៍ទៅលើទីផ្សារបានដែរ។
រដ្ឋ និងឯកជន ភាគីនីមួយៗជួយចេញម្នាក់ ២ សេន ដើម្បីបន្ថយតម្លៃប្រេងសាំង
ឧទាហរណ៍ ថ្លៃសាំងបច្ចុប្បន្ននេះ ខាងភាគីរដ្ឋត្រូវជួយចេញ ២ សេន ភាគីឯកជនត្រូវជួយចេញ ២ សេន ដើម្បីកាត់បន្ថយតម្លៃប្រេងសាំង សម្រាប់ឲ្យប្រជាពលរដ្ឋរបស់យើងមានលទ្ធភាពទិញប្រេងយកទៅប្រើប្រាស់ … ប៉ុន្តែ ក្មួយៗត្រូវចាំ ឥឡូវ ថាសាំង ៣៤០០ (រៀល) ទៅចុះ ប្រជាពលរដ្ឋកម្ពុជាគិតថាថ្លៃណាស់។ ប៉ុន្តែ ពូសូមជម្រាបជូនអំពីបញ្ហាមួយ។ ឥឡូវនេះ នៅប្រទេសបារាំងមិនទាន់បានបញ្ចប់នូវបញ្ហានៅឡើយទេ ដោយសារអី? តម្លៃប្រេងសាំងនោះវាថ្លៃទៅហើយ រដ្ឋាភិបាលរបស់ប្រធានាធិបតី ម៉ាក្រុង (Emmanuel Macron) ក៏គ្រោងតំឡើងពន្ធទៅលើប្រេងថែមទៀត។ តើប្រេងនៅប្រទេសបារាំងថ្លៃប៉ុន្មានមុន ពេលមានវិបត្តិ? ដូចជា … នៅប្រទេសបារាំង សាំង ៦.០០០ រៀល(ក្នុង ១ លីត្រ)។ ក្មួយ ប្រជាពលរដ្ឋកម្ពុជាត្រូវយល់ នៅប្រទេសដែលមានប្រាក់ខែខ្ពស់ ពន្ធក៏វាត្រូវខ្ពស់ទៅជាមួយដែរ។ នៅយើង ដើម្បីឱ្យប្រេងមកនៅ ៣៣៥០ (រៀល) រដ្ឋត្រូវជួយចេញ ២ សេន ឯកជនត្រូវជួយចេញ ២ សេន ដើម្បីទប់កុំឲ្យតម្លៃប្រើប្រាស់ ដែល(នឹងមានសម្ពាធលើ)ប្រាក់ចំណូល នៃការបង្កើនបៀវត្សរ៍នៅក្នុងចំណោមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនីរបស់យើង។ កសិកររបស់យើង អ្នកដែលប្រើប្រាស់ប្រេងនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះស្ទើរតែគ្រប់ផ្ទះទៅហើយប្រើប្រាស់ប្រេង។ ប្រទេសខ្លះ … ប្រាក់ខែខ្ពស់ណាស់ ប៉ុន្តែ សុំយល់ ប្រាក់ខែខ្ពស់ (ថ្លៃ)ទំនិញរបស់គេក៏ខ្ពស់ដែរ អញ្ចឹងទេ បើក(ប្រាក់ខែ)មក ស៊ីចុះឡើងៗម៉ាគ្រប់ដូចគ្នា សល់បន្តិចបន្តួចដូចគ្នា …។
ខួបលើកទី ២០ នៃនយោបាយពង្រាយរោងចក្រទៅតាមបណ្តាខេត្ត
ប្រទេសរបស់យើងឈានឡើងបន្តិចម្តងៗ។ ប្រាក់ចំណូលដែលបានមកនៅក្នុងខេត្តកណ្តាលរបស់យើងនេះ (បើ)ពិនិត្យទៅលើតួលេខនេះ យើងចាត់ទុកថា ជាជោគជ័យ នៃការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត ដែលមិនមែនគ្រាន់តែជាទីក្រុងភ្នំពេញទេ។ ឆ្នាំនេះ ជាខួបលើកទី ២០ នៃការតម្រង់ទិសដើម្បីកុំឲ្យមានការវិនិយោគកកកុញជាមួយនឹងទីក្រុងភ្នំពេញតែមួយ។ ដូច្នេះបានជាយើងខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឲ្យការវិនិយោគនៅតាមខេត្តនានា ដែលអាចធ្វើទៅរួច។ យើងពិនិត្យមើលតាមផ្លូវជាតិលេខ ៤ តភ្ជាប់ពីទីក្រុងភ្នំពេញរហូតទៅដល់ក្រុងព្រះសីហនុ ពោរពេញទៅដោយរោងចក្រសហគ្រាស ដែលខ្ញុំហៅថា ជាច្រកនៃកំណើនសេដ្ឋកិច្ច តភ្ជាប់ពីប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទៅប៉ូលសេដ្ឋកិច្ចនៃក្រុងព្រះសីហនុ។ តាមបណ្តោយផ្លូវជាតិលេខ ៤ គឺពោរពេញដោយរោងចក្រ។ មិនគ្រាន់តែប៉ុណ្ណោះ តាមបណ្តោយផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ ២ ដែលឆ្លងកាត់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត ខេត្តតាកែវ សុទ្ធតែមានរោងចក្រតាំងនៅ។ នេះយើងមិនទាន់និយាយដល់ខេត្តដទៃទៀត … នោះគឺជាការដោះស្រាយបញ្ហាការងារសម្រាប់ប្រជាពលរដ្ឋរបស់យើង។ កូនៗ ក្មួយៗ ជាកម្មករ ជាកូនប្រជាពលរដ្ឋ ដែលនឹងមានការងារធ្វើនៅក្បែរផ្ទះរបស់ខ្លួន។
ជោគជ័យក្នុងការទាញវិនិយោគ ការពង្រាយសាលារៀន និងរោងចក្រទៅកាន់មូលដ្ឋាន
នេះ មិនមែនជាចំណុចខ្វះគោលដៅនោះទេ តែនេះជាចក្ខុវិស័យរយៈពេល ២០ ឆ្នាំ រួចមកហើយ ដែលយើងអាចចាត់ទុកថា មួយផ្នែកជាគោលនយោបាយទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ដែលមុននេះសូន្យអ្នកវិនិយោគ ឥឡូវ មានរាប់ពាន់អ្នកវិនិយោគ រាប់ពាន់ក្រុមហ៊ុន ដែលមកពីក្រៅប្រទេស ចូលមកវិនិយោគនៅក្នុងប្រទេសរបស់យើង។ យើងក៏មានជោគជ័យនូវក្នុងការពង្រាយរោងចក្រទៅតាមមូលដ្ឋាន ដែលកាលពីទសវត្សរ៍ ៨០, ៩០ និងចាប់ផ្តើមចូលដើមសហសវត្សរ៍នៅក្រោយឆ្នាំ ២០០០ ពេលនោះ យើងកំពុងពង្រាយសាលារៀនទៅកាន់ទីជនបទ ដើម្បីបណ្តុះបណ្តាលក្មួយៗ ដែលពេលនោះ ក្មួយៗនៅក្មេងៗ។ ក្មួយៗបានទទួលការរៀនសូត្រនៅតាមសាលា ដែលនោះរាជរដ្ឋាភិបាលពីជំនាន់នោះបានជម្រុញសាលា ដែលកាលពីដើម គឺសាលាយើងមានតិចតួចណាស់។ ប្រទេសរបស់យើងបានឯករាជ្យមក ព្រះករុណា ព្រះបិតាជាតិរបស់យើង ព្រះអង្គបានខិតខំជម្រុញក្នុងវិស័យអប់រំខ្លាំងណាស់ ក៏ប៉ុន្តែ ការឆ្លើយតបវាមិនមែនលឿនដូចព្រួញនោះទេ ទៅបន្តិចម្តងៗ។
រុញសាលាទៅកៀក អត្រាមិនចេះ/ភ្លេចអក្សរកាត់បន្ថយ ឱកាសចាប់យកជំនាញធ្វើការកាន់តែខ្ពស់
ពូត្រូវធ្វើចំណាកស្រុកតាំងពីអាយុ ១៣ ឆ្នាំ ដើម្បីមកសិក្សានៅទីក្រុងភ្នំពេញ ប៉ុន្តែ ឥឡូវនេះ ក្មួយៗ ចៅៗ កូនៗ ដែលជាកុមារ និងយុវជន មិនមានការចាំបាច់ ដើម្បីធ្វើចំណាកស្រុកមកឆ្ងាយទេ ដោយសារយើងមានទាំងបឋមសិក្សា យើងមានអនុវិទ្យាល័យ ដែលពូហៅថា មួយឃុំអនុវិទ្យាល័យមួយយ៉ាងតិច។ ស្រុកមានវិទ្យាល័យច្រើន។ ឥឡូវនេះ មានស្រុកមួយ ដូចជាស្រុកត្រាំកក់របស់ខេត្តតាកែវ ដែលឯកឧត្តម ចាន់ សារុន ទៅកាន់នៅកន្លែងនោះ មាន ៨ វិទ្យាល័យឯណោះ ដែលមុននេះ មួយខេត្តមានវិទ្យាល័យត្រឹមតែមួយ។ ឥឡូវនេះ វិទ្យាល័យមានរាប់សិបក្នុងមួយខេត្តៗ។ ក្មួយៗសុទ្ធតែទទួលបានការអប់រំ។ អត្រាអ្នកមិនចេះអក្សរ ឬអ្នកភ្លេចអក្សរ គឺបានកាត់បន្ថយយ៉ាងខ្លាំង ហើយបង្កើនចំណេះដឹង តាមរយៈចំណេះដឹងនោះហើយ ដែលក្មួយៗមានឱកាស ដើម្បីចាប់យកជំនាញមកធ្វើការនៅតាមរោងចក្រសហគ្រាសនានា។
ពីមុនវត្តមានតាមតំបន់មានសង្គ្រាម ដោះស្រាយបញ្ហាទ័ព និងប្រជាពលរដ្ឋរងគ្រោះ
មិនមែនជារឿងចៃដន្យទេ យើងដាក់ចេញគោលដៅតាមដំណាក់កាលមួយៗ ហើយក្មួយៗបានឃើញពូនៅពេលនេះ ក្នុងរយៈពេលយើងចាត់ទុកថា ៣ ឆ្នាំ ចុងក្រោយនេះ ពូបានធ្វើសកម្មភាពចូលជ្រៅជាមួយកម្មករ បន្ទាប់ពីការចូលជ្រៅជាមួយកសិករអស់រយៈកាលប្រមាណជាង ៣០ ឆ្នាំ … ការចាប់ផ្តើមរបស់យើង ប្រហែលជាក្មួយៗអាចចោទចេញជាសំណួរថា ហេតុអ្វីបានជាទើបឆ្នាំ ២០១៧ លោក ហ៊ុន សែន ទើបនឹងចាប់ផ្តើមជួបជាមួយកម្មករ? ក្មួយអើយ! ការងារអ្វីក៏ដោយសុទ្ធតែមានជំហានរបស់វា និងទៅតាមអាទិភាពរបស់វា។ សម័យក្រោយរំដោះរបស់យើង កិច្ចការពេលនោះ ត្រូវទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ម្ខាង។ ម្ខាងទៀត ត្រូវស្តារឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋ ដោយយក វិស័យកសិកម្មធ្វើជាវិស័យស្នូល។ ដូច្នេះ ក្មួយៗពិតជាបានឃើញពូនៅពាក់ឯកសណ្ឋានយោធា ធ្វើដំណើរទៅកាន់តំបន់ដែលមានសង្គ្រាម ដើម្បីដោះស្រាយនូវបញ្ហារបស់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែសង្គ្រាមនោះ។
បន្ទាប់ទៀត វត្តមាននៅវាលស្រែ ជួយដកស្ទូង និងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ
ក្មួយៗបានឃើញរូបភាពពូបានចុះទៅជួយទៅតាមទីកន្លែង នៃការដកស្ទូង ហើយធ្វើវេទិកាសាធារណៈ សូម្បីតែក្នុងស្រុកអង្គស្នួលក៏មានរូបភាព ដែលខ្ញុំចុះមកស្ទូង ហើយបើកគោយន្ត … ហើយអង្គស្នួលរបស់យើងនេះ ទៅម្ខាងខាងនោះផ្លូវ គោកព្រិច លំហាច … យើងធ្វើប្រឡាយ ទាញទឹកពីរលាំងជ្រៃ … រលាំងជ្រៃជើង និងរលាំងជ្រៃត្បូង។ ពូស្គាល់ភូមិសាស្ត្រ ពូទៅដាក់ម៉ាស៊ីនបូមទឹកនៅកន្លែងណា ហើយពិភាក្សាជាមួយ ឯកឧត្តម លឹម គានហោ ធ្វើយ៉ាងម៉េច? តាំងពីនៅជំនាន់ប្រើអង្ករពលកម្មឯណោះ ពូនៅចាំបាន ពូមកកាប់ដី ឆ្នាំ ២០០២ ហើយ មកធ្វើប្រឡាយទឹក។ ក្រៅពីប្រឡាយមេ យើងធ្វើដោយគ្រឿងចក្រ ប្រឡាយរងយើងធ្វើដោយអង្ករពលកម្ម ដោយពេលនោះយើងខ្វះទាំងអង្ករ។ ដល់ឆ្នាំ ២០០២ ហើយយើងខ្វះអង្ករទៀត។ ទទួលបានជំនួយពីសាធារណរដ្ឋឥណ្ឌា ២ ម៉ឺនតោនអង្ករ យកមកប្រើប្រាស់មួយផ្នែកសង្គ្រោះប្រជាពលរដ្ឋ និងមួយផ្នែកទៀត គឺដើម្បីធ្វើអង្ករពលកម្ម។ ពេលដែលកំពុងកាប់ដីជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ស្រាប់តែបងស្រី បងប្រុស គាត់ថា សម្តេច! ចុះបើឲ្យតែអង្ករ … បានម្ហូបពីណាទៅ? អញ្ចឹង បានជាក្រោយមកកាប់បាន ១០ ម៉ែត្រគូប ក្រៅពីអង្ករ ៥០ គីឡូ ត្រូវបាននូវត្រីខកំប៉ុង ៥ កំប៉ុង បូកនឹងអំបិលអ៊ីយូត ១ គីឡូ។ នេះជាការច្នៃប្រឌិត ដែលពូចុះផ្ទាល់។ រហូតទៅដល់ឃោសនាបោះឆ្នោតឆ្នាំ ២០០៣ មានអ្នកនយោបាយដែលថា ទៅៗធ្វើកសិករតែម្តងទៅ មានគេធ្វើនាយករដ្ឋមន្ត្រីជំនួសហើយ។ ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតចេញមក គណបក្សប្រជាជនបានកើនពី ៦៤ ឡើងទៅដល់ ៧៣ កៅអី ដោយនាយករដ្ឋមន្ត្រីទៅដកស្ទូងហ្នឹងឯង គឺជាគោលនយោបាយត្រូវនៅក្នុងកាលៈទេសៈនោះ។
ចាត់តាំងមន្រ្តីមកភ្ជាប់ជាមួយកសិករ និងកម្មករ ដើម្បីយល់បញ្ហា និងរកវិធីដោះស្រាយ
ពេលនោះ រោងចក្រសហគ្រាសរបស់យើងវាអត់ទាន់មានដំណើរប៉ុន្មានទេ ហើយក្មួយៗត្រូវចាំពេលដែលពូចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី ពូចាប់ផ្តើមភ្ជាប់មន្ត្រីនៅពេលនោះ ជាមួយនឹងកសិករ និងជាមួយនឹងកម្មករ ដោយចាត់តាំងមន្ត្រីនៅតាមស្ថាប័ននានា មុននឹងដំឡើងឋានៈ។ កុំថាឡើយមន្ត្រីដែលធ្វើការនៅក្នុងប្រទេស មន្ត្រីដែលត្រូវទៅធ្វើអគ្គរដ្ឋទូតនៅក្រៅប្រទេស ក៏ត្រូវបញ្ជូនចុះទៅមូលដ្ឋានយ៉ាងហោច ៦ ខែ។ នៅអង្គស្នួលរបស់យើងនេះ មានកន្លែងគេហៅ បែកចាន … ពូធ្លាប់ទៅចូលរួមពលកម្មនៅ ៣ កន្លែង ដើម្បីយល់ពីបញ្ហាកម្មករ។ មួយកន្លែងមករោងចក្រធ្វើចាន មិនដឹងថា ចង្អុលទៅណាឲ្យចំអាហ្នឹង យើងហៅរោងចក្រចាន ក៏ប៉ុន្តែការពិតវាគ្រាន់តែកូនសិប្បកម្មមួយដ៏តូចប៉ុណ្ណោះ។ ពូទៅរោងចក្រ អេសស្កាដេ ផលិតស្រា។ ពូទៅរោងចក្រផលិតបារី ដើម្បីចូលរួម យល់ដឹងអំពីកម្មករ។ ប៉ុន្តែ ពេលនោះ ហើយអត់មានអ្នកណាមកវិនិយោគទេ។ រដ្ឋវិនិយោគទាំងអស់ រោងចក្រទាំងអស់ខាតទាំងអស់ លើកលែងតែរោងចក្របារីទេ ដែលចំណេញ។ រោងចក្របារី គឺចំណេញ ឯរោងចក្រស្អីក៏ដោយ គឺខាតទាំងអស់ អារោងចក្រកង់ឡាន គឺអាហ្នឹងខាតធំជាងគេ។ រហូតដល់រដ្ឋមន្រ្តីឧស្សាហកម្មស្នើសុំឲ្យបិទសិប្បកម្មសំបកកង់ និងពោះវៀនកង់។ ប៉ុន្តែ ខ្ញុំបានឆ្លើយតបថា សុខចិត្តបិទរោងចក្ររបស់រដ្ឋ ប៉ុន្តែកុំជាន់ពន្លិចនូវការរីកលូតលាស់ក្នុងវិស័យសិប្បកម្មរបស់ឯកជន។
គោលនយោបាយផលិតកម្មស្រូវជោគជ័យ ការនាំចេញអង្ករមិនទាន់សម្រេចគោលដៅ
ក្រោយមកដើម្បីជម្រុញនូវផលិតកម្ម នូវកសិកម្មរបស់ប្រទេសយើង យើងបានដាក់ចេញនូវគោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករ។ ទីចុងបំផុត ក្នុងចំណោមគោលដៅ ២ យើងសម្រេចបានជោគជ័យនៅក្នុងគោលដៅ ១។ គោលដៅ ២ នេះ គឺ ១ គឺជម្រុញផលិតកម្មស្រូវ, ២ គឺការនាំចេញអង្ករ។ យើងធ្វើពីស្ថានភាពនៃការខ្វះអង្ករទទួលទាន ក្លាយទៅជាប្រទេស ដែលមានស្រូវនាំចេញ ដែលឆ្នាំទៅនេះ ស្រូវយើងនៅសល់ ៥ លាន ៥ សែនតោន ឆ្នាំទៅ។ ឆ្នាំទៅមួយ ៥ លាន ៦ សែនតោន ឆ្នាំទៅដោយមានបញ្ហាខ្លះ ត្រឹម ៥ លាន ៥ សែនតោន។ ឯឆ្នាំនេះ នឹងកើនទៅដល់ ៦ លានតោន ដែលយើងនៅសល់ស្រូវ។ ប៉ុន្តែ ការនាំចេញអង្ករឲ្យបានសម្រេច ១ លានតោន មិនទាន់សម្រេចគោលដៅនៅឡើយទេ ដោយសារយើងមានដៃគូប្រកួតប្រជែងដ៏ខ្លាំង។ វៀតណាម ក្នុង ១ ឆ្នាំ នាំចេញប្រមាណជា ៥ លានតោន, ថៃនាំចេញ ១ ឆ្នាំ ប្រមាណជា ៦ លានតោន ឥណ្ឌាក៏ជាប្រទេសនាំចេញ ដូច្នេះ ដៃគូរបស់យើងគឺមានផលិតកម្មខ្លាំងជាងយើង ហើយមានសមត្ថភាពក្នុងការទិញស្តុកសម្ងួត និងភូតគាមអនាម័យល្អជាងយើង។ តម្លៃដើមរបស់គេថោកជាងយើង។ ដូច្នេះ យើងមិនដែលដេញថ្លៃឈ្នះក្នុងការនាំស្រូវអង្ករទៅកាន់ប្រទេសហ្វីលីពីនទេ។ វៀតណាមតែងតែដេញថ្លៃឈ្នះ ព្រោះផលិតកម្មនៅវៀតណាមថោកជាង និងថៃ ដេញមិនឈ្នះវៀតណាមទេ ក្នុងការនាំអង្ករទៅកាន់ហ្វីលីពីន។
តភ្ជាប់អគ្គិសនី បម្រើអោយផលិតកម្មកសិកម្ម កាត់បន្ថយថ្លៃដើមផលិត
អញ្ចឹងទេ បានជាទៅខាងមុខនេះ យើងនឹងដាក់ចេញនូវគោលនយោបាយថែមទៀត ដើម្បីជម្រុញវិស័យកសិកម្ម។ ឧទាហរណ៍ បញ្ហាត្រូវធ្វើយ៉ាងម៉េច តភ្ជាប់អគ្គិសនីរបស់យើង ទៅកាន់ចំណុចដែលមានប្រភពទឹក ដើម្បីយើងប្រើប្រាស់នូវម៉ូទ័របូមទឹក ជំនួសឲ្យម៉ាស៊ីនបូមទឹក ដែលប្រើប្រេងឥន្ធនៈ ដែលវាថ្លៃដើមនោះវាថ្លៃហួស ព្រោះកសិកររបស់យើងឥឡូវនេះ មិនមែនជាកសិករជំនាន់គេហៅថា។ (…)
ពាក្យកាព្យ គោលឿនសឹកក ស្រីល្អសឹកគូទ មិនត្រូវទៀតទេសម័យនេះ
ម្សិលមិញខ្ញុំបាននិយាយជាមួយនឹងប្រពន្ធរបស់ខ្ញុំ ព្រោះបាយតែ ២ នាក់។ គាត់និទានរឿងរបស់គាត់ទៅកោះឧកញ្ញ៉ាតី ទៅពិនិត្យមើលការត្បាញ ហើយគាត់ក៏ទៅចូលរួមត្បាញនៅទីនោះដែរ។ អ្នកដែលត្បាញនៅទីនោះ គឺភាគច្រើនមនុស្សចាស់ មិនមានក្មេងៗទៀតទេ។ អញ្ចឹងទេបានជាពូបាននិយាយទៅកាន់មីងថា ពាក្យកាព្យរបស់ខ្មែរយើងពីដើមថា គោលឿនសឹកក ស្រីល្អសឹកគូទ វាលែងត្រូវហើយ។ រឿងសឹកគូទមិនសំដៅទៅលើបញ្ហាអ្វីដែលអាក្រក់ទេ ស្រ្តីដែលសឹកគូទ គោលឿនសឹកក បានសេចក្តីថា គេចូលចិត្តទឹមវា។ ដូច្នេះបានវាសឹកកហើយអាគោលឿននោះ។ អញ្ចឹងអាគោយឺត បើអត់ចេះ វាអត់សឹកកនឹងគេទេ សឹកកតែអាលឿន។ ឯស្ត្រីសឹកគូទ គឺជាស្ត្រីល្អ ស្ត្រីចេះត្បាញ ចេះរវៃ អញ្ចឹងអង្គុយជាប់រហូត រួចក្រៅពីនោះគាត់នៅមានការងារធ្វើច្រើនទៀត។ ប៉ុន្តែ ក្មេងៗឥឡូវអត់និយមរឿងត្បាញទេ។ តាមកន្លែងដែលតម្បាញនោះ បង្កើតហើយលឺថា ទទួលបានប្រាក់បៀវត្សរ៍មួយខែ ១៨០ ដុល្លារមួយខែ ដល់ ២០០ ដុល្លារ ប៉ុន្តែសុទ្ធតែមនុស្សចាស់។ វ័យក្មេង គេមកធ្វើក្នុងកន្លែងម៉ាស៊ីនត្រជាក់អស់ហើយ។
យន្តូបនីយកម្មកសិកម្ម ធ្វើអោយតម្លៃដើមផលិតផលកសិកម្មឡើងខ្ពស់
… ឥឡូវនេះ វិស័យកសិកម្មរបស់យើងចូលទៅក្នុងយន្តតូបនីយកម្មអស់ទៅហើយ។ ដូច្នេះ តម្លៃដើមនៃផលិតផលកសិកម្មគឺពិតជាខ្ពស់ហើយ។ កាលពីដើមយើងប្រើគោ ប្រើក្របី ដើម្បីភ្ជួររាស់ យើងប្រើការច្រូតកាត់/បោក/បែន ដោយកម្លាំងពលកម្មរបស់មនុស្ស។ ប៉ុន្តែ ឥឡូវនេះ អាភ្ជួរក៏ភ្ជួរដោយម៉ាស៊ីន អារាស់ក៏រាស់ដោយម៉ាស៊ីន បន្ទាប់ទៅដល់ពេលច្រូត/បោក/បែន ក៏ប្រើដោយម៉ាស៊ីន ដូច្នេះតម្លៃដើមរបស់យើងគឺខ្ពស់។ ទឹកនៅក្បែរហ្នឹងអត់ព្រមប្រើប្រាស់មធ្យោបាយស្នាច ឬក៏បាចទឹកចូលស្រែ។ យើងមានពីដើម អាគេហៅថា ដងយោងទឹកនោះ ហើយយើងមានអារុញ ហើយយើងមានប៉ោតយោងអីដាក់ស្រែ តែឥឡូវក្បែរហ្នឹង គឺក៏រកម៉ាស៊ីនបូមដែរ។ អញ្ចឹងតម្លៃដើមក្នុងផលិតកម្មរបស់យើង គឺមានតម្លៃខ្ពស់ជាង។
ទម្លាក់ថ្លៃអគ្គិសនី/ផលិតជីក្នុងស្រុក បន្ថយថ្លៃដើមនៃការផលិតក្នុងវិស័យកសិកម្ម
អញ្ចឹង រាជរដ្ឋាភិបាលត្រូវគិតដើម្បីចង្អុលការណែនាំទៅលើអាជ្ញាធរអគ្គិសនី ដើម្បីជម្រុញឲ្យក្រុមហ៊ុនអគ្គិសនីតបណ្តាញអគ្គិសនីទៅកាន់តំបន់ ដែលមានប្រភពទឹក រួចហើយប្រើប្រាស់ម៉ូទ័របូមទឹកជំនួសឲ្យម៉ាស៊ីនបូមទឹក។ អញ្ចឹងដូចជាម៉ាស៊ីនរបស់ពូ ម៉ាក ហ៊ុន សែន នេះ គ្រាន់តែដាក់នៅអង្គស្នួលប៉ុន្មានកន្លែងតាមព្រែកត្នោត តាំងពីកំពង់ស្ពឺធ្លាក់រហូតមកដល់ខេត្តកណ្តាល ម៉ាស៊ីនបូមទឹកច្រើន។ អញ្ចឹងយើងផ្ទេរពីការដែលយើងចាក់ប្រេង ទៅជាការដែលយើងប្រើភ្លើងជំនួសវិញ ដោយអគ្គិសនីសម្រាប់ការបូមទឹកក្នុងរង្វង់តែ ៤១០ រៀល តែប៉ុណ្ណោះ នៅពេលដែលបូមទឹក ក្នុងពេលក្បែរភ្លឺ។ អញ្ចឹងពេលណាដែលតម្លៃអគ្គិសនីធ្លាក់ចុះ យើងឆ្លៀតបូមអាពេលហ្នឹងតែម្តង។ កុំបូមពេលថ្ងៃ បូមពេលយប់ ដែលមានអគ្គិសនីប្រើប្រាស់ល្អ។ នេះគឺជាការពង្រឹងការប្រកួតប្រជែង ដើម្បីធ្វើឲ្យតម្លៃដើមនៃការផលិតក្នុងវិស័យកសិកម្ម (ត្រូវបាន)កាត់បន្ថយតម្លៃដើម។ (ការគិតគូរទាំងនោះ)រាប់ទាំងសិក្សាស្វែងរកវិធីសាស្ត្រ បង្កើតនូវការផលិតជីក្នុងស្រុក ដើម្បីឲ្យតម្លៃជីសម្រាប់ប្រជាជនប្រើប្រាស់មានតម្លៃថោកជាង ទើបយើងមានលទ្ធភាពជាមួយដៃគូប្រកួតប្រជែង ក្នុងវិស័យនាំចេញអង្ករ។ ប៉ុន្តែ អង្កររបស់យើងនៅមានធាតុល្អប្រសើរត្រង់ថា មិនមែនជាប្រភេទអង្ករធម្មតា គឺមានប្រភេទអង្ករ ដែលទទួលលេខមួយច្រើនឆ្នាំមកហើយៗ ទទួលស្គាល់ដោយទីផ្សារនៅក្រៅប្រទេស ដែលចង់ទទួលទាន។
ប្រើឲ្យអស់សក្តានុពលទីផ្សារខាងក្រៅ ទាញថ្លៃស្រូវឲ្យឡើងវិញ, ពេលស្រូវថោក គួរកុំអាលលក់
ឥឡូវ ត្រូវចាត់ចែងយ៉ាងម៉េច? តម្លៃស្រូវមានការធ្លាក់ចុះ។ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ត្រូវខិតខំប្រើប្រាស់ទីផ្សារ ដែលយើងកំពុងមាន។ ទៅប្រទេសវៀតណាម ៣០ ម៉ឺនតោន ទៅប្រទេសចិន ៤០ ម៉ឺនតោន តែពីរហ្នឹងគឺជាអង្ករ ៧០ ម៉ឺនតោន ស្មើនឹងស្រូវជាង ១ លានតោនហើយ។ ដូច្នេះត្រូវប្រឹងប្រែងប្រើឲ្យអស់នូវសក្តានុពលទីផ្សារ ដែលយើងមានខាងក្រៅ ជាមួយនឹងទីផ្សារទាំងឡាយ ដែលយើងកំពុងមាន ដើម្បីទាញយកនូវតម្លៃស្រូវរបស់កសិករយើង ឲ្យកើនឡើងត្រឡប់មកវិញ។ សូមជម្រាបជូនបងប្អូនប្រជាកសិករ នៅពេលដែលតម្លៃស្រូវចុះ គួរកុំអាលប្រញាប់ប្រញាល់ជាមួយនឹងការលក់ចេញ។ ពេលខ្លះកសិកររបស់យើង គឺដល់កម្រិតប៉ុណ្ណេះ លក់ស្រូវទាំងសើម ដោយសារតែខ្ជិលហាល ខ្ជិលដឹកចូលជង្រុក … ដូច្នេះគេបង្អាប់ថ្លៃទៅតាមអាហ្នឹងទៀត។ នេះគ្រាន់តែពូលើកអំពីចំណុចអាទិភាព ដែលកាលមុននេះយើងយកគោលនយោបាយផលិតកម្មស្រូវ ផលិតស្រូវ និងការនាំចេញអង្ករ។ ប៉ុន្តែការផលិតស្រូវគឺយើងទទួលលើសគោលដៅដែលយើងចង់បាន ប៉ុន្តែការនាំចេញអង្ករ គឺមិនទាន់សម្រេចគោលដៅនាំចេញ ១លានតោននៅឡើយទេ។ អញ្ចឹងត្រូវបន្តការខិតខំ។
ទាក់ទាញឧស្សាហកម្មកែច្នៃវត្ថុធាតុដើមមានស្រាប់ ផលិតជាផលិតផលសម្រេចនាំចេញ
វិស័យកសិកម្មតែមួយមុខមិនអាច ធ្វើឲ្យយើងក្លាយទៅជាអ្នកមានបានទេ។ យើងត្រូវប្រឹងប្រែងទៅលើវិស័យដទៃទៀតគឺដូចជា វិស័យឧស្សាហកម្ម វិស័យសេវា។ ក្នុងវិស័យឧស្សាហកម្មនេះ យើងក៏មិនភ្លេចទាក់ទាញជាមួយនឹងឧស្សាហកម្មដែលកែច្នៃវត្ថុធាតុដើមមានស្រាប់ក្នុងស្រុក ដើម្បីផលិតចេញ ប្រើប្រាស់ឲ្យអស់នូវវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក ដែលឥឡូវនេះ យើងបាន និងកំពុងធ្វើ នូវការដាក់ចេញនូវរោងចក្រនានាដូចជា រោងចក្រទាក់ទងនឹងការផលិតអង្ករ សម្ងួតអង្ករ។ យើងវិនិយោគសន្ធឹកសន្ធាប់ ដើម្បីយើងទទួលទិញសម្ងួត ស្តុកទុក និងការនាំចេញដោយងាយស្រួលជាង។ កម្រៃខុសគ្នាជាមួយនឹងការនាំចេញស្រូវទៅខាងក្រៅ។ ពេលដែលយើងទិញស្រូវហើយទិញកិនទុកខ្លួនឯង អង្កាមក៏នៅសល់ កន្ទក់ក៏នៅសល់ ចុងអង្ករក៏នៅសល់ ដើម្បីចិញ្ចឹមសត្វនៅក្នុងប្រទេសរបស់យើង។ តម្លៃបន្ថែមសម្រាប់ការងារធ្វើ និងជាកម្រៃបន្ថែមដែលបានមកពីជាអង្កាម កន្ទក់ និងចុងអង្ករ ស្រណុកក្នុងការចិញ្ចឹមសត្វ និងប្រើប្រាស់ក្នុងការធ្វើអ្វីផ្សេងទៀត។ យើងទាក់ទាញនូវបណ្តារោងចក្រមកផលិតស្ករអំពៅ ដែលដាំអំពៅនៅក្នុងប្រទេសរបស់យើង។ យើងទាក់ទាញរោងចក្រ និងការកែច្នៃនានា ទៅលើផលិតផលក្នុងប្រទេសរបស់យើង រាប់ទាំងការកែច្នៃបាននូវការធ្វើស្រាទំពាំងបាយជូរ ធ្វើស្រាត្នោត ចេញពីទឹកត្នោត យើងធ្វើម្រេចសម្រាប់ការនាំចេញ យើងនាំស្វាយសម្រាប់ការនាំចេញ យើងនាំផលិតផលដទៃទៀតសម្រាប់ការនាំចេញ។ ទីផ្សារនៅក្នុងប្រទេសរបស់យើងកាន់តែធំទៅៗ សម្រាប់ដូចជាផលិតផលផ្លែចេក ផលិតផលផ្លែស្វាយ និងផលិតផលដែលជាតម្រូវការនៃទីផ្សារនៅខាងក្រៅ។ ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក យើងមានតម្រូវការក្នុងការផ្គត់ផ្គង់ទៅក្រៅ ដើម្បីទទួលផលចំណេញពីការផលិតរបស់ប្រជាកសិកររបស់យើង។
ទាក់ទាញឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងមានលក្ខណៈសកល
ទន្ទឹមនឹងនោះវិស័យឧស្សាហកម្មនានា ដែលបានកើតនៅលើទឹកដីរបស់យើង សំដៅដោះស្រាយការងារធ្វើ និងបង្កើនផលិតកម្មនៅក្នុងប្រទេសយើង បង្កើនប្រាក់ចំណូលនៅក្នុងប្រទេសយើង។ យើងក៏ទាក់ទាញបាននូវក្រុមហ៊ុនដែលមានបច្ចេកវិទ្យាខ្ពស់ៗ ចូលមកកាន់ប្រទេសរបស់យើងដែរ។ មុននោះ ខ្ញុំទៅកាន់ខេត្ត តាកែវ ក៏បាននិយាយថា បុប្ផាលាក់ខ្លួន។ ហេតុអ្វីបានត្រូវនិយាយពីបុប្ផាលាក់ខ្លួន? គឺនៅខេត្តតាកែវនោះមានការផលិតនូវឧបករណ៍ សម្ភារៈសម្រាប់បង្កើតទូរស័ព្ទស្មាតហ្វូន ដែលទូរស័ព្ទក្មួយៗប្រើសែលហ្វ៊ីជាមួយពូមិញនេះ ក៏មានចំណែកណាមួយផលិតនៅក្នុងស្រុករបស់យើង។ ផ្នែកម៉ូទ័រ ប្រហែលជានៅក្នុងអ្នកកាន់ទូរស័ព្ទ អ្នកកាន់ម៉ាស៊ីនថតរូប សុទ្ធតែមានការប្រើប្រាស់មួយផ្នែកណាមួយនោះ ផលិតចេញពីក្នុងប្រទេសរបស់យើង។ ស្អីក៏វាត្រូវការដែរ(ម៉ូទ័រ) អាម៉ាស៊ីនថតក៏វាត្រូវការ អាទូរស័ព្ទក៏វាត្រូវការ អាស្អីក៏វាត្រូវការ។ យើងទាក់ទាញបានជាបណ្តើរៗ។ ហើយយើងទាក់ទាញនូវក្រុមហ៊ុនផលិតរថយន្ត មកតម្លើងផ្គុំរថយន្តនៅក្នុងប្រទេស និងបង្កើតខួរក្បាលរថយន្តនៅក្នុងប្រទេសរបស់យើង រួចហើយនាំចេញ ចូលទៅដល់គេហៅថា ឧស្សាហកម្មមានចរិកជាសកលរបស់វា។
កសិកម្មរួមចំណែកត្រឹមតែ ២៣% តែមិនខ្វះអង្ករទទួលទាន
យើងបានដាក់ចេញនូវគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីជំរុញការលូតលាស់នៃសេដ្ឋកិច្ចជាតិរបស់យើង។ ឥឡូវនេះ ស្ថានភាពសេដ្ឋកិច្ចរបស់យើងបានផ្លាស់ប្តូរហើយ កសិកម្មនៅរួមចំណែកត្រឹមប្រមាណជាង ២០ ភាគរយប៉ុណ្ណោះ ឧស្សាហកម្មឡើងជាង ៣០ ភាគរយ និងសេវាគឺប្រមាណ ៥០ ភាគរយ។ ចំណុចនេះ គេមិនត្រូវមើលរំលងទេ។ ការធ្លាក់ចុះនៃចំណែកវិស័យកសិកម្ម មិនមែនបានសេចក្តីថា យើងខ្វះអង្ករទទួលទានទេ។ មុននេះ ៨០ ភាគរយ បានមកពីកសិកម្ម ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរខ្វះអង្ករស៊ី។ ឥឡូវយើងនៅសល់ប្រមាណ ២៣ ភាគរយ នៃកសិកម្ម ប៉ុន្តែ យើងសល់អង្ករ និងសល់ផលិតផលសម្រាប់ការនាំចេញ។ ប្រទេសដែលមានការរីកលូតលាស់ វិស័យកសិកម្មរបស់គេនៅរួមចំណែកប្រមាណជា ១ ឬ ២ ភាគរយ តែប៉ុណ្ណោះ។ បើនៅសហរដ្ឋអាមេរិកត្រឹមតែ ១ ភាគរយ បារាំងនៅ ១ ភាគរយ ប៉ុន្តែវិស័យឧស្សាហកម្ម និងវិស័យសេវា ទើបជាវិស័យនាំមុខ។
និយាយយ៉ាងដូច្នេះមិនមែនបានសេចក្តីថា កសិកម្មរបស់អាមេរិកមិនអាចចិញ្ចឹមប្រជាពលរដ្ឋរបស់ខ្លួនបានទេ។ កសិកម្មរបស់អាមេរិកខ្លាំងណាស់ អាមេរិកនៅសល់ស្រូវភោជន៍សាលីនាំទៅកាន់ប្រទេសនេះ ប្រទេសនោះ សល់ស្ករសសម្រាប់នាំចេញទៅកាន់ប្រទេសនេះ ប្រទេសនោះ សល់សាច់គោនាំចេញប្រកួតប្រជែង សល់អ្វីៗផ្សេងទៀត កសិកម្មរបស់អាមេរិកខ្លាំងណាស់។ កសិកម្មរបស់បារាំងក៏មិនអន់ដែរ ហើយជាងនេះទៅទៀត កសិកម្មរបស់ប្រទេសជប៉ុន គ្រាន់តែឥឡូវហ្នឹងយើងពិនិត្យមើល ផ្នែកកសិកម្មរបស់ប្រទេសជប៉ុន ស៊ីសឹងតែគ្រប់ប្រទេសនៅលើពិភពលោក។ ម្ហូបជប៉ុនមានគ្រប់ហាង មានគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក អាហ្នឹងចេញមកពីវិស័យកសិកម្មរាប់ទាំងស្លឹក។ ជប៉ុនគាត់ធ្វើការណាស់បានមានអាហ្នឹងនាំចេញ ក្រៅពីផ្គត់ផ្គង់ក្នុងប្រទេសជប៉ុនហើយ គឺនៅចេញក្រៅ។ ជប៉ុននាំចេញផ្លែ melon មកអាស៊ីអាគ្នេយ៍ស៊ី ជប៉ុននាំចេញផ្លែក្រូចឃ្វិច មកឲ្យពួកយើងស៊ី … អញ្ចឹង ១ ភាគរយ របស់ជប៉ុន ជប៉ុនចិញ្ចឹមប្រជាពលរដ្ឋខ្លួនឯងបានហើយ ជប៉ុននាំចេញវិស័យកសិកម្មទូទាំងពិភពលោកថែមទៀត។
ក្រសួងកសិកម្ម ត្រូវចង្អុលណែនាំប្រជាពលរដ្ឋ កុំឲ្យលង់ទៅតាមចរន្តទីផ្សារ ដំណាក់កាលមួយៗ
… ពូគ្រាន់តែលើកអំពីចំណុចជាក្របខណ្ឌរួម នៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលមិនចំណុះឲ្យវិស័យណាមួយនោះទេ។ ត្រូវធ្វើពហុវិស័យ។ សូម្បីតែក្នុងវិស័យកសិកម្ម មិនសំដៅទៅលើស្រូវ(តែមួយមុខ) ដូច ប៉ុល ពត ថា មានស្រូវមានអ្វីៗទាំងអស់ទេ។ យើងធ្វើ គឺមានគោលដៅរបស់យើង។ បម្រើឲ្យសេចក្តីត្រូវការនៅក្នុងប្រទេសផង និងជាពិសេស គឺទៅតាមចរន្តនៃសេដ្ឋកិច្ចទីផ្សារ។ ប៉ុន្តែ ការដែលនាំគ្នាផ្អើលទៅតាមសេដ្ឋកិច្ចទីផ្សារហួសហេតុពេក ក៏វាមិននាំមកនូវការលូតលាស់ខាងសេដ្ឋកិច្ចដែរ។ ឧទាហរណ៍ ពេលដាំកៅស៊ូឃើញថាកៅស៊ូឡើងថ្លៃ នាំគ្នាដាំកៅស៊ូ ដល់ទៅពេលកៅស៊ូចុះថ្លៃ ស្វាយចន្ទីឡើងថ្លៃ កាប់កៅស៊ូ ដាំស្វាយចន្ទី ដល់ទៅឃើញស្វាយចន្ទីចុះថ្លៃ ម្រេចឡើងថ្លៃ កាប់ស្វាយចន្ទីចោល ដាំម្រេចម្តង។ ការធ្វើបែបនេះមិនបានទទួលផលទេ។ សុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការចង្អុលណែនាំសម្រាប់ប្រជាពលរដ្ឋរបស់យើង កុំឲ្យលង់ទៅតាមចរន្តទីផ្សារតាមដំណាក់កាលមួយៗ។ នៅប្រទេសថៃ នៅពេលដែលជ័រកៅស៊ូចុះថោក រាប់ម៉ឺនហិកតា រាប់សែនហិកតា មិនចៀរជ័រទេ តែគេក៏មិនកាប់ដើមកៅស៊ូចោលដែរ ព្រោះបើសិនចៀរជ័រមិនរួចថ្លៃដើមសម្រាប់ប្រាក់កម្មករទេ ក៏ប៉ុន្តែ គេក៏មិនកាប់ដើមកៅស៊ូនេះជំនួសដោយដំណាំផ្សេងទេ។ គេទុកដើមកៅស៊ូ រួចហើយនៅពេលកៅស៊ូឡើងថ្លៃ គេចាប់ផ្តើមទទួលផលពីអាហ្នឹងត្រឡប់មកវិញ។ អញ្ចឹងកសិករខ្មែរយើងគួរតែ សិក្សា ប៉ុន្តែក៏ត្រូវមានការគាំទ្រខាងបច្ចេកទេស … កសិករកុំឲ្យលុះដោយចរន្តទីផ្សារមួយដងមួយកាល …។
វិស័យកសិកម្ម មានអនុវិស័យច្រើន, ទេសចរក្នុងស្រុក ចាយលុយច្រើនជាងទេសចរបរទេស
… ពូចង់និយាយអំពីរឿងសេដ្ឋកិច្ចជាក្របខណ្ឌរួម ដែលយើងត្រូវប្រឹងទាំងអស់គ្នា។ វិស័យកសិកម្មក៏មិនសំដៅលើដំនាំស្រូវតែមួយមុខទេ គឺត្រូវធ្វើពហុវិស័យ ក្នុងអនុវិស័យទៅក្នុងហ្នឹង។ មានបញ្ហាដំណាំឧស្សាហកម្ម ដំណាំសម្រាប់បម្រើឲ្យវត្ថុធាតុដើម មុខដំណាំដែលបម្រើឲ្យទីផ្សារ ឧទាហរណ៍ យើងអាចប្រែក្លាយផ្ទៃដីដាំដុះ ដែលផលិតស្រូវ ត្រូវប្រើទឹកច្រើន ហើយបានទទួលផលទាប ទៅជាទីកន្លែងជាដី ដែលដាំបន្លែបង្ការ ដើម្បីផ្គត់ផ្គង់ទីផ្សារដែលកំពុងខ្វះខាត។ កុំភ្លេចថា សព្វថ្ងៃនេះ បន្លែផ្លែឈើនៅក្នុងប្រទេសរបស់យើង មិនទាន់គ្រប់គ្រាន់បម្រើឲ្យទេសចរ ៦ លាន ២ សែននាក់ និងទេសចរក្នុងស្រុករាប់លាននាក់ដើរលេង។ ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះដើរលេងច្រើនណាស់។ តែនេះជាតម្រូវការ នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សុំកុំភ័ន្តច្រឡំថា រង់ចាំតែទេសចរមកពីក្រៅប្រទេស។ ទេសចរក្នុងប្រទេសនេះចាយលុយច្រើនជាងអ្នកមកពីក្រៅប្រទេសទៀត។ អញ្ចឹងនៅតាមបណ្តាខេត្តនានា ដែលមានទេសចរទៅដល់ កុំរកមុខតែទេសចរបរទេស រកមុខទេសចរខ្មែរ ដែលកន្លែងណាស៊ីបាយហើយ ដណ្តើមគ្នាចេញលុយ ហ្នឹងហើយខ្មែរ។
បើហាមឃាត់មិនឲ្យស៊ីផឹក ដូចជាផ្តាច់ការពេក
ឥឡូវនេះ ទៅទិញប៊ីយែមួយកំប៉ុង គេមើលមុខ។ បរទេស គេផឹកប៊ីយែមួយកំប៉ុង។ ខ្មែរអត់ទេ។ ឥឡូវហ្នឹងសំបូរបែប។ ទិញឡើង ៣ កេស។ រួចយកទៅបើកគ្រប។ មើលហើយ។ ត្រូវរង្វាន់។ រង្វាន់ច្រើនជាងគេអាបាកាស ខារាបាវ អ៊ីឈីតាន់ ច្រើនយ៉ាងណាស់ រហូតដល់អ្នកខ្លះគេឌឺឲ្យខ្ញុំថា ជាសង្គមស៊ីផឹក។ អ្នកខ្លះគេឌឺឲ្យពូ ថា ពូដឹកនាំសង្គមមួយនេះក្លាយទៅជាសង្គមស៊ីផឹក។ ក្មួយអើយ! បើហាមឃាត់ក្មួយមិនឲ្យស៊ី តើពូទៅជាអី? គេថា ពូហ្នឹងផ្តាច់ការ។ ក៏ប៉ុន្តែ គេបែរជាមកឲ្យយើងទៅហាមឃាត់ការស៊ីចុក។ ឥឡូវនេះក្មេងៗនៅទីក្រុងភ្នំពេញ គេនាំគ្នាចូលហាងកាហ្វេ។ មិនមែនតែក្មេងប្រុសទេណា ក្មេងស្រីទៅទៀតផឹកកាហ្វេ ហើយសុទ្ធតែ brand។ ពូមិនដែលស្គាល់នឹងគេទេ គិតថ្ងៃណាទៅសាកកាហ្វេបន្តិច។ ប៉ុន្តែ ទៅទាល់តែនាំមីងទៅដែរ បានវាស្រួល មិនមែនមីងប្រច័ណ្ឌពូទេ ក៏ប៉ុន្តែ ការទៅជាមួយមីង វាបានផ្តល់នូវការសប្បាយរីករាយ ហើយមកដល់ផ្ទះមិនចាំបាច់មីងសួរថាមកពីណា។ អញ្ចឹងពេលខាងមុខ អាចនឹងមានពេល ទៅសាកមើល … សុំតែម្យ៉ាងទេ សុំថា នៅពេលដែលពូចូលហាងហ្នឹង សុំកុំឲ្យអាជ្ញាធរ ឬនគរបាល បិទហាង បិទផ្លូវ កុំឲ្យគេចូល ព្រោះពូចង់ទៅផឹកទល់មុខជាមួយអ្នក(ដទៃ)។ ដូចកាលទៅកំពង់សោម ចុះផឹកកាហ្វេនៅកំពង់ស្ពឺ អត់ឲ្យអ្នកណាដឹងទាំងអស់ ចុះព្រឹបទៅ។ អ្នកកំពង់ផឹកៗទាំងអស់គ្នា ជួយចេញលុយឲ្យទៀត។ អាហ្នឹងទើបសប្បាយ …។
សុំថាបើផឹកៗទៅ តែកុំបើកបរ កុំអួទីនួ
… រឿងសេដ្ឋកិច្ចវាអញ្ចឹង។ ក្មួយៗរកប្រាក់ យកមកធ្វើអី? ឥឡូវ គេថា ពូនេះបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដោយសារពួកហ្នឹងផឹកស៊ី។ ចុះបើក្មួយៗនាំគ្នាផឹក ឲ្យពូទៅហាមឃាត់ឬ? ពូគ្រាន់តែសុំថា បើផឹក កុំបើកបរ។ បើស្រវឹង កុំបើកបរ តែប៉ុណ្ណឹងទេ។ តែពូមិនបានហាមអារឿងផឹកទេ។ មានលុយផឹកទៅ។ ប៉ុន្តែ បើផឹកអួទីនួ ជាពិសេស បុរសៗ ទៅដល់ផ្ទះវាយប្រពន្ធ កុំឲ្យសោះ។ ទៅវិញឲ្យស្លូត អូនហ្អា បើកទ្វារឲ្យបងផង។ មានអីឲ្យបងជួយធ្វើទេអូន? អាហ្នឹងគេឲ្យទៅផឹកទៀត។ គេមិនថាអីទេ។ ប៉ុន្តែទៅដល់ អេ! មីនេះទៅណាហើយ មិនមកបើកទ្វារឲ្យអញ? ធាក់ទ្វារ អាហ្នឹងកុំឲ្យសោះ។ សុំអប់រំបុរសទាំងឡាយ។ មេត្តាយោគយល់ដល់ស្រ្តីផង។
កម្ពុជាបើកចំហចំពោះវិនិយោគពីប្រទេសនានា លើកលែងតែពួកភេរវកម្ម
ក្នុងវិស័យឧស្សាហកម្ម យើងក៏មិនមែនធ្វើតែមួយមុខ យើងត្រូវធ្វើច្រើនមុខ មានអាធុនធ្ងន់ មានអាធុនស្រាល មានអាធុនតូច មានអាសិប្បកម្ម មានកម្មន្តសាល ឲ្យមានច្រើនមុខ ច្រើនប្រភេទ កុំចំណុះតែមុខណាមួយ។ ការទាញវិនិយោគពីប្រទេសខាងក្រៅ កុំទាញតែពីប្រទេសណាមួយ ទាញឲ្យគ្រប់ ដូចនៅកន្លែងនេះ មានចិនក៏មាន ខ្មែរក៏មាន កូរ៉េក៏មាន ជប៉ុនក៏មាន អាមេរិកក៏មាន នៅទីហ្នឹង។ ប្រទេសរបស់យើងបើកចំហ មកពីណាក៏ដោយ កុំមកតែពីពួក ISIS បានហើយ។ កុំមកពួកភេរវកម្មបានហើយ។ (អ្នកវិនិយោគ)មកពីប្រទេសណា កម្ពុជាស្វាគមន៍ទាំងអស់។ ម្សិលមិញ ខ្ញុំជួបក្រុមហ៊ុនច្បាប់របស់អាមេរិក ដែលចង់បង្កើតក្រុមហ៊ុនច្បាប់នៅប្រទេសកម្ពុជា។ សូមស្វាគមន៍។ បង្កើតក្រុមហ៊ុនច្បាប់ ផ្តល់មេធាវី ឬក៏លើបញ្ហាច្បាប់។ បង្កើតទៅ អត់មានទើសទាល់ទេ។ សម្រាប់ប្រទេសកម្ពុជា បើកចំហគ្រប់ទិស តំបន់ទាំងអស់ សូមអញ្ជើញមកកាន់កម្ពុជា ដើម្បីរកស៊ីទទួលទាននៅក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅទីនេះ។
វិនិយោគិនក្រៅប្រទេស មានសិទ្ធិវិនិយោគ ១០០% មិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុក
យើងអត់ប្រកាន់ថាប្រទេសណា ហើយគ្មានការរើសអើង បែងចែង រវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគមកពីក្រៅប្រទេសទេ។ អ្នកវិនិយោគមកពីក្រៅប្រទេសមានសិទ្ធិវិនិយោគ ១០០ ភាគរយ ដោយមិនចាំបាច់មានដៃគូក្នុងស្រុក ឬភាគហ៊ុនក្នុងស្រុក។ នេះជាចំណុចពិសេស នៃគោលនយោបាយបើកចំហរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រទេសខ្លះតម្រូវឲ្យមានភាគហ៊ុននៅក្នុងស្រុក ប៉ុន្តែ ប្រទេសកម្ពុជាអត់ទេ។ អ្នកទាំងឡាយដាក់ភាគហ៊ុន ១០០ ភាគរយ ខ្លួនឯងចុះ ហើយយើងក៏អត់មានកំណត់នូវការនាំចេញប្រាក់ចំណេញទៅក្រៅប្រទេសទេ យើងអត់មានកំណត់ទេ។ ប៉ុន្តែ យើងកាន់តែស្វាគមន៍ថែមទៀត នៅពេលដែលប្រាក់ចំណេញរបស់អ្នកត្រូវបានប្រើប្រាស់ពង្រីកអាជីវកម្មបន្ថែមទៀតនៅក្នុងប្រទេស យើងលើកទឹកចិត្តបែបនេះ។
បើកចំហសម្រាប់អ្នកវិនិយោគ ជាគោលនយោបាយសេដ្ឋកិច្ចផ្កាយព្រឹក ឬ ហ៊ុនសែនណូមិក
ដូច្នេះ គោលនយោបាយសេដ្ឋកិច្ចរបស់យើង អាចចាត់ទុកថា ជាគោលនយោបាយសេដ្ឋកិច្ចផ្កាយព្រឹក ដែលវាគ្មានពេលអស្តង្គតទេ។ នេះជាគោលនយោបាយហ៊ុនសែនណូមិក ប្រៀបដូចជានយោបាយសេដ្ឋកិច្ចផ្កាយព្រឹក ដែលវាគ្មានពេលវេលាដែលនឹងត្រូវអស្តង្គតទេ ព្រឹកណាក៏វាមានផ្កាយព្រឹករះដែរ។ រយៈពេល ៤០ ឆ្នាំកន្លងផុត ជាពិសេស រយៈពេល ៣៤ ឆ្នាំកន្លងផុត ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីរូបនេះ តាំងពីក្មួយៗ ឪពុកម្តាយ ជីដូនជីតា របស់ក្មួយៗ តាំងពីរកស្បែកជើងពាក់មិនបាន ឥឡូវពួកគាត់ទាំងនោះ ត្រូវដឹងសងគុណពួកគាត់។ ពួកគាត់ទាំងនោះបានរួមដំណើរជាមួយពូតាំងពីគ្រាដែលលំបាកបំផុត។ ក្មួយអើយ! ចេញពីរបប ប៉ុល ពត អត់មានអីទេ គ្មានស្បែកជើងពាក់ទេ មើលរូបភាពមិនមែនកាឡៃទេ រូបភាពដែលប្រជាពលរដ្ឋរបស់យើងអូសរទេះ … ដាក់កូនក្នុងកញ្ច្រែងខាងមុខ និងឥវ៉ាន់នៅខាងក្រោយ រែកកូនម្ខាង។ នោះហើយជាការចេញដំណើរ ដែលជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ បានរួមដំណើរជាមួយពូ ជាមួយគណបក្សប្រជាជនក្នុងគ្រាលំបាកបំផុត។
ក្មួយបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ
ពូសុំយកឱកាសនេះ អរគុណចំពោះក្មួយៗដែលជាកម្មករ/ការិនីនៅទីនេះ និងអរគុណចំពោះប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន គាំទ្រឲ្យពូបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតមកដល់ពេលនេះ។ បើសិនជាគ្មានការគាំទ្ររបស់ក្មួយៗ គ្មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជានៅក្នុងរដូវកាលបោះឆ្នោត ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ ពូគ្មានវត្តមានជួបជាមួយក្មួយៗតទៅទៀតបានទេ ព្រោះនេះជាសមត្ថកិច្ច នៃនាយករដ្ឋមន្ត្រីអាណត្តិថ្មី។ ប៉ុន្តែ ឥឡូវនេះ អ្វីៗវាបានច្បាស់ហើយ ការបោះឆ្នោតឲ្យគណបក្សប្រជាជនវាមានតម្លៃស្មើនឹងការបោះឆ្នោតដើម្បីរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ មិនមែនជាបញ្ហាអ្វីផ្សេងទេ គឺវាមានតម្លៃស្មើនឹងការបោះឆ្នោតឲ្យខ្លួនឯងតែម្តង។ បើគ្មានសន្តិភាពទេ ពិតជាមិនមានការអភិវឌ្ឍកើតឡើងទេ រឿងនេះត្រូវចងចាំឲ្យបាន។
ចូលរួមបោះឆ្នោត ស្មើនឹងធ្វើកិច្ចការធំៗ ២
ក្មួយៗបានធ្វើកិច្ចការ ២ សំខាន់ណាស់ នៅក្នុង ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ ទី ១ បានទៅចូលរួមបោះឆ្នោត មានន័យថា ក្មួយៗបានបំពេញកាតព្វកិច្ចគាំទ្រដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយចូលរួមបោះឆ្នោត ប្រើសិទ្ធិបោះឆ្នោតដោយទៀងទាត់ ដោយមានប្រជាជនជាង ៨៣% ទៅធ្វើការបោះឆ្នោត។ ន័យនេះមានអត្ថន័យណាស់ សម្រាប់ដំណើរការប្រជាធិបតេយ្យជាទៀងទាត់នៅក្នុងប្រទេសរបស់យើង ស្របទៅតាមរដ្ឋធម្មនុញ្ញរបស់យើង។ ទី ២ ក្មួយៗបានបោះឆ្នោតដើម្បីរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ។ បញ្ហាទាំង ២ នេះ ជាបញ្ហាធំដែលពលរដ្ឋរបស់យើងជាង ៨៣% បានធ្វើ។ ពូចង់រំលឹកថា ការបោះឆ្នោតឲ្យគណបក្សប្រជាជន ក៏ជាការបោះឆ្នោតឲ្យជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលបានប្រឹងប្រែងរួមដំណើរជាមួយគណបក្សប្រជាជនតាំងពីបាតដៃទទេ។
គណបក្សប្រជាជន ជារបស់ប្រជាជន បំរើប្រជាជន នៅរួមរស់រួមសុខរួមទុក្ខជាមួយប្រជាជន
សូមកុំភ្លេចគ្មានអច្ឆរិយៈបុគ្គលណា និងគ្មានឥស្សរជននយោបាយណា អាចទទួលជោគជ័យទៅបាន ដោយគ្មានការចូលរួមគាំទ្រពីប្រជាពលរដ្ឋនោះទេ។ លន់ នល់ ដួលរលំក៏ដោយសារ លន់ នល់ ខ្វះការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ប៉ុល ពត ឃោរឃៅព្រៃផ្សៃ ដួលរលំក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ក៏ដោយសារតែខ្វះការគាំទ្ររបស់ប្រជាពលរដ្ឋ។ ឥឡូវនេះ ការរស់រានបន្តក្នុងអំណាចរយៈពេល ៤០ ឆ្នាំកន្លងផុតទៅរបស់គណបក្សប្រជាជន បង្ហាញឲ្យឃើញថា គណបក្សមួយនេះមានការចូលរួមដ៏កុះកររបស់ប្រជាជន ការគាំទ្ររបស់ប្រជាជន វាជាគណបក្សរបស់ប្រជាជន បំរើប្រជាជន នៅរួមរស់រួមសុខរួមទុក្ខជាមួយប្រជាជន ដែលមិនរត់ចោលប្រជាជនមួយដងណាឡើយ។
ហ៊ុន សែន និងអ្នកដឹកនាំ គណបក្សប្រជាជន មិនចេះទៅណាចោលប្រជាជនមួយជំហានទេ
បន្តទៅមុខទៀត ក្មួយៗត្រូវចាំឲ្យច្បាស់ ស្គាល់មុខ ហ៊ុន សែន ឲ្យច្បាស់ ស្គាល់មុខមេដឹកនាំគណបក្សប្រជាជនឲ្យច្បាស់។ អ្នកទាំងនេះមិនទៅណាចោលប្រជាជនមួយជំហានទេ។ ខ្ញុំអត់មានសញ្ជាតិបរទេស ផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែមួយគត់ គឺខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះ គ្រប់យ៉ាងដោះស្រាយ ដើម្បីការរីកលូតលាស់នៃប្រទេស និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ ពិតហើយ ក្នុងអតីតកាល ពូក៏ធ្លាប់បានភៀសខ្លួនចាកចេញពីប្រទេសក្នុងមួយរយៈកាលខ្លី ដើម្បីកសាងកម្លាំងប្រដាប់អាវុធ វាយរំលំរបប ប៉ុល ពត។ ពូត្រូវបានមានជម្រើសច្រើនណាស់ អាចទៅរស់នៅប្រទេសដទៃ ជាបារាំង ជាអូស្ត្រាលី ជាកាណាដា ដែលពេលនោះ មានការរៀបចំឲ្យពូទៅ។ ប៉ុន្តែ ពូមិនសុខចិត្តទេ ពូត្រូវត្រឡប់ចូលស្រុក ពូមិនរត់យករួចខ្លួន ចោលប្រពន្ធកូន ចោលប្រជាជនកម្ពុជាដ៏កំសត់នោះទេ។ ពូត្រូវធ្វើសកម្មភាពតាំងពីវ័យមិនទាន់គ្រប់ ២៥ ឆ្នាំ ចាកចេញទាំងទឹកភ្នែករាប់ម៉ឺនរាប់សែនលានតំណក់ ក្នុងពេលដែលប្រពន្ធមានផ្ទៃពោះ ប្រជាជនកំពុងទទួលការឈឺចាប់។ ពូចាប់ផ្តើមពីមនុស្ស ៥ នាក់ ឥឡូវសមាជិក/ជិកាគណបក្សប្រជាជនមានជាង ៥ លាននាក់។ នេះជាតម្លៃដែលត្រូវមើលឃើញ តើមានក្រុមអសិរពិសណា ដែលអាចផ្តួលរំលំហ៊ុនសែនបាន តាមមធ្យោបាយហិង្សា? …។
មានវត្តមានគ្រប់ដំណាក់កាល តាំងពីដំណាក់កាលប្រយុទ្ធ ដល់ដំណាក់កាលចរចា
ពេលដែលឆ្នាំ ១៩៨៩ ក្រោយកងទ័ពវៀតណាមចេញពីកម្ពុជា ការវាយលុកដ៏ធំពីសំណាក់ត្រីភាគី ដោយមានបរទេសគាំទ្រ មិនអាចផ្តួលរំលំរដ្ឋាភិបាល ហ៊ុន សែន បានទេ សុំកុំភ័ន្តច្រឡំ។ ហើយ ហ៊ុន សែន ក៏មិនដែលរត់ចោលប្រជាពលរដ្ឋដែរ។ ផ្ទុយទៅវិញ ហ៊ុន សែន តែងមានវត្តមាននៅខ្សែត្រៀមជួរមុខ ជាមួយនឹងកងទ័ព ជាមួយនឹងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការប្រយុទ្ធ។ ក្រៅពីនោះ ពូត្រូវទៅដោះស្រាយបញ្ហាជាមួយនឹងមធ្យោបាយចរចា ដើម្បីរកសន្តិភាពសម្រាប់ប្រទេសនេះ។ ពូត្រូវផ្សងព្រេងជាមួយគ្រោះថ្នាក់ ដោយយកជីវិតធ្វើដើមទុនសាជាថ្មីម្តងទៀត ចូលទៅកាន់តំបន់គ្រប់គ្រងដោយអតីតខ្មែរក្រហម ដើម្បីអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។
ដរាបណាយើងនៅមានការងារធ្វើ និងប្រាក់ចំណូល កុំខ្វល់នរណានិយាយពីអី
សូមអ្នកដទៃកុំភ័ន្តច្រឡំ។ រឿងទៅមុខ ក្មួយៗចាំមើលទៅ ពូបានបញ្ជាក់ថ្ងៃមុនហើយ ដរាបណាក្មួយៗនៅតែបន្តមានការងារធ្វើ និងប្រាក់ចំណូល ក្មួយៗកុំខ្វល់ថា អ្នកណានិយាយពីអី។ ប្រជាពលរដ្ឋរបស់យើងនៅតែបង្កបង្កើនផលបាន ប្រជាពលរដ្ឋយើងនៅតែមានប្រាក់ចំណូល កុំខ្វល់ថាអ្នកណានិយាយពីអី ព្រោះការឃោសនាអកុសលវាមានច្រើនពេកហើយ។ ពូមានការលើកទឹកចិត្តណាស់ (ដោយ)មិនបានឃើញប្រជាពលរដ្ឋរបស់យើងតក់ស្លុតជាមួយនឹងអ្វីដែលជាការបំផុសសង្គ្រាមចិត្តសាស្ត្រ។ សព្វថ្ងៃ ក្មួយៗកំពុងធ្វើការទេតើ ថ្ងៃហ្នឹងមកជួបពូ ល្ងាចឈប់សម្រាក ស្អែកចូលធ្វើការ ហើយជិតដល់ពេលបើកប្រាក់ខែទៀតហើយ ទើបនឹងបើកប៉ុន្មានថ្ងៃសោះ ព្រោះអីឥឡូវ ២ អាទិត្យបើកប្រាក់ខែម្តង ដូច្នេះវាជាការដែលយើងត្រូវបន្តដំណើរតទៅទៀត។
បន្តអនុសាសន៍ទាំង ១០, បើកបៀវត្សរ៍ទៀងទាត់/រៀបចំគិលានដ្ឋាន/កន្លែងហូបអាហារ
ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងការតាមដានទៅលើចំណុចទាំង ១០ ដែលពូមិនព្យាយាមលើកឡើងវិញទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ សុំឲ្យដាស់តឿនបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើត។ ពូគ្រាន់តែសុំអំពាវនាវចំពោះម្ចាស់រោងចក្រ សុំឲ្យបន្តការយកចិត្តទុកដាក់ដោះស្រាយបញ្ហាទាក់ទងជាមួយសុខទុក្ខរបស់កម្មករ/ការិនីរបស់យើងតទៅទៀត។ តាមរយៈការបើកប្រាក់ជាទៀងទាត់ អ្វីដែលបានកំណត់ដោយច្បាប់ និងការព្រមព្រៀង ការរៀបចំឲ្យមានគិលានដ្ឋានក្នុងរោងចក្រ ដោះស្រាយសុខភាពកម្មករ ការដោះស្រាយឲ្យមានកន្លែងទទួលទានអាហារសម្រាប់កម្មករនៅក្នុងពេលថ្ងៃត្រង់។
ស្រ្តីមានផ្ទៃពោះចេញមុនម៉ោង យ៉ាងហោច ១៥ នាទី, ទទួលការពិនិត្យ ព្យាបាលឥតគិតថ្លៃ
ការដោះស្រាយឲ្យបានល្អជាមួយនឹងក្មួយៗដែលមានផ្ទៃពោះ ដែលបានត្រូវការចេញមុនម៉ោង ដែលជាទូទៅអនុវត្ត ១៥ នាទី។ ក្មួយៗត្រូវចាំ ១៥ នាទី ត្រូវ ក្រោម ១៥ នាទី ខុស ច្រើនជាង ១៥ នាទី ត្រូវ មានន័យថា មុននេះ រោងចក្រខ្លះ គេឲ្យ ៥ នាទី ចេញមុន រោងចក្រខ្លះ ១០ នាទី រោងចក្រខ្លះ ១៥ នាទី រោងចក្រខ្លះ ២០ នាទី រោងចក្រខ្លះគេឲ្យ ៣០ នាទីនោះ។ ពូបានស្នើសុំអនុវត្ត ១៥ នាទី ប៉ុន្តែអ្នកដែលឲ្យ ២០ នាទី ឬ ៣០ នាទី បន្តឲ្យ។ ពូលើកទឹកចិត្តឲ្យម្ចាស់រោងចក្រយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ស្ត្រីមានផ្ទៃពោះ ហើយអនុវត្តឲ្យបានត្រឹមត្រូវបំផុតទៅលើការទទួលបាននូវការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ។
ឆ្លងទន្លេ ឈប់ ៣ ខែ បៀវត្សរ៍ ១២០% បូកនឹងឧបត្ថម្ភដទៃទៀត
ស្ត្រីឆ្លងទន្លេត្រូវបានទទួលការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០% បូកជាមួយនឹងថវិកា ៤០ ម៉ឺនរៀល ស្មើ ១០០ ដុល្លារ សម្រាប់ស្ត្រីដែលឆ្លងទន្លេបានកូនម្នាក់ និងស្ត្រីដែលឆ្លងទន្លេបានកូនភ្លោះ ២ នាក់ ៨០ ម៉ឺនរៀល និងស្ត្រីដែលឆ្លងទន្លេបានកូនភ្លោះ ៣ នាក់ ១២០ ម៉ឺនរៀល ពូបន្ថែមទៀត ៥ លានរៀល។ អញ្ចឹង ៣ ហ្នឹង មក ក៏នៅតែមានការធានា ហើយពូក៏តាមមើល ហើយទៅនេះទៅនោះតែងតែជួប មានគ្រប់ខេត្ត ហើយពូតែងតែផ្តល់ប្រាក់បន្ថែម។ តាមមើលឲ្យដិតដល់អំពីបញ្ហានេះ។
ម្ចាស់រោងចក្រយកចិត្តទុកដាក់កម្មករ, កម្មករខិតខំធ្វើការ និងបង្កើនចំណេះដឹង
ម្ចាស់រោងចក្រយកចិត្តទុកដាក់ចំពោះសុខភាពកម្មករ។ កម្មករមានសុខភាព ហើយក៏ត្រូវបង្កើនការយកចិត្តទុកដាក់ បង្កើនចំណេះដឹងសម្រាប់កម្មករ ឯកម្មករខ្លួនឯងក៏ត្រូវខិតខំបំពេញឲ្យគេ។ ម្ចាស់រោងចក្រត្រូវយល់ថា បើយើងមានតែរោងចក្រអត់កម្មករ ខ្លួនមិនមែនជាម្ចាស់រោងចក្រទេ តែខ្លួនគ្រាន់តែជាម្ចាស់ឃ្លាំងតែប៉ុណ្ណោះ។ ឯកម្មកររបស់យើង បើសិនជាគ្មានរោងចក្រ មិនមានន័យថាជាកម្មករដែរ ក្មួយៗពិតជាកំពុងធ្វើការជាមួយនឹងឪពុកម្តាយក្នុងវិស័យកសិកម្ម ឬវិស័យសេវា។
ស្វែងរកដំណោះស្រាយតាមការសន្ទនា ជាងប្រើការបណ្តេញកម្មករចេញពីរោងចក្រ
ខ្ញុំអំពាវនាវម្ចាស់រោងចក្រទាំងអស់កុំប្រើប្រាស់វិធានការទៅលើបញ្ហាការបណ្តេញចេញ មិនមែនជាមធ្យោបាយទេ។ ការសន្ទនារវាងម្ចាស់រោងចក្រជាមួយសហជីព ជាមួយតំណាងកម្មករ គឺពិតជាវិធីសាស្ត្រដ៏ល្អបំផុត។ រឿងរ៉ាវដែលកើតនៅបង់ក្លាដេស ដែលបញ្ឈប់កម្មកររាប់ពាន់នាក់កន្លងទៅថ្មីៗនេះ ក៏មិនមែនជាមធ្យោបាយដែរ។ យើងធ្លាប់បានដកពិសោធន៍ នៅរោងចក្រខ្លះ ពូធ្វើអន្តរាគមន៍ ដើម្បីសុំឲ្យអ្នកដែលត្រូវបញ្ឈប់ពីការងារ បានចូលធ្វើការវិញ។ សុំស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើកិច្ចការងារនេះជាមួយនឹងម្ចាស់រោងចក្រ សុំកុំអាលយកវិធានការណ៍ប្រញាប់ប្រញាល់បញ្ឈប់កម្មករ។ ត្រូវខិតខំធ្វើម៉េចសម្របសម្រួលឲ្យពួកគេបានទទួលការងារធ្វើ។ នេះវាមិនមែនជាកំហុសធ្ងន់ធ្ងរ ជាប្រភេទនៃកំហុសព្រហ្មទណ្ឌនោះទេ។ បើជាកំហុសព្រហ្មទណ្ឌ គឺតុលាការគេនឹងចាត់វិធានការទៅលើបញ្ហានោះ។ ប៉ុន្តែក្នុងវិវាទការងារ មិនគួរឈានទៅដល់ការបណ្តេញចេញនូវអ្នកធ្វើការ។ ប៉ុន្តែ វិធានការសន្ទនា និងអប់រំ គឺជាវិធានការចាំបាច់។
ធ្វើឲ្យរោងចក្រជាសហគមន៍សុខសាន្ត គ្មានបងតូច/ធំ គ្មានគ្រឿងញៀន គ្មានការចម្លងជំងឺអេដស៍
ពូក៏សុំស្នើឲ្យទាំងអស់គ្នា យកចិត្តទុកដាក់រួមជាមួយរាជរដ្ឋាភិបាលរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សម្រាប់ការអភិវឌ្ឍបន្តទៀត។ គ្មានសន្តិភាព និងគ្មានការអភិវឌ្ឍនោះទេ។ ពូអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់រួមគ្នា ធ្វើឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្តមួយ ធ្វើយ៉ាងណាកុំឲ្យរោងចក្ររបស់យើងក្លាយទៅជាទីកន្លែងដែលមានបងតូច បងធំ កាប់ចាក់គ្នា ជើងកាងនៅតាមរោងចក្រ ជាទីកន្លែងប្រើប្រាស់គ្រឿងញៀន ចែកចាយគ្រឿងញៀន ហើយអាចមានកន្លែងខ្លះពាក់ព័ន្ធនឹងការចម្លងមេរោគអេដស៍ ជំងឺអេដស៍ថែមទៀត។
ក្មួយៗជាបុរស ឬជានារី បើសិនជាក្មួយមានផ្ទុកមេរោគអេដស៍ហើយ សូមមេត្ដាបើសិនជាបុរសកុំទៅចម្លងស្រ្ដីដែលជាដៃគូ ឯស្ដ្រីជាដៃគូប្រសិនបើមានផ្ទុកមេរោគអេដស៍ហើយ ក៏សុំមេត្ដាកុំទៅចម្លងទៅបុរសដែលជាដៃគូ។ តិចទៅនិយាយថា ដោយសារតែពួកនាងឯងហើយបានជាអញកើតអេដស៍ អញ្ចឹងអញពង្រីកថែមបណ្ដាយ។ មានស្ដ្រីខ្លះថា ដោយសារតែពួកឯងហ្នឹងហើយបានអញកើតអេដស៍ អញ្ចឹងអាមកក្រោយត្រូវតែយកពីអញទៅវិញថែមទៀត។ នេះគឺជាអំពើបាប។ សូមក្មួយៗ និងប្រជាពលរដ្ឋរបស់យើង ខិតខំបន្ដទៀតដើម្បីកាត់បន្ថយអត្រាស្លាប់ដោយមេរោគអេដស៍ និងអត្រាឆ្លងរីករាលដាលនូវមេរោគអេដស៍។
អ្នកកើត/ផ្ទុកមេរោគអេដស៍សល់ ០,៦%, កុំរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា តែកុំចម្លងអេដស៍
ថ្ងៃនេះបានជានិយាយដល់បញ្ហាមេរោគអេដស៍ហើយ ពូមានមោទនភាពជាមួយនឹងការធ្លាក់ចុះ ដែលមកដល់ពេលនេះមានតែ ០,៦% តែប៉ុណ្ណោះ ដែលយើងឈានទៅសម្រេចគោលដៅឆ្នាំ ២០២៥ គឺធ្លាក់ដល់អត្រាសូន្យនៃអ្នកកើតអេដស៍ និងផ្ទុកមេរោគអេដស៍។ ប៉ុន្ដែ កង្វល់ថ្មីមួយបានកើតឡើង នោះជាកង្វល់ នៃបុរសដែលស្រឡាញ់ភេទដូចគ្នា។ រឿងនេះ ដែលពូសូមយកឱកាសនេះបញ្ជាក់ទៅកាន់ក្មួយៗ ទាំងបុរស ទាំងស្ដ្រី ដែលគេនិយមហៅថា ជាភេទទី ៣ ហើយដែលស្រឡាញ់ភេទដូចគ្នា។ ពូមិនអាចរារាំងហាមឃាត់បានទេ ពូតែងតែអំពាវនាវចំពោះមាតាបិតាកុំស្អប់ខ្ពើមកូនចៅរបស់ខ្លួន កុំឲ្យសង្គមមានការរើសអើងចំពោះក្មួយៗជាប្រភេទទី ៣ ទាំងបុរស ទាំងនារី។ ឆ្នាំ ២០០៤ ក្នុងពេលសម្ពោធស្ថានីយទូរទស្សន៍បាយ័នថ្មី ក្នុងពេល Live ផ្ទាល់ ពូបានលើកសំណូមពរអំពាវនាវចំពោះមាតាបិតា អាណាព្យាបាល និងសង្គម កុំប្រទេចផ្ដាសា ជេរកូនចៅ ដែលគ្នាបានទៅជាអញ្ចឹងទៅហើយ។ រឿងនេះកុំឲ្យមានការរើសអើង សម្រាប់ភេទទី ៣ ទាំងករណីបុរស និងស្រ្តី។
សូម្បីតែនៅក្នុងផ្ទះរបស់ខ្ញុំនេះ ការចេញចូលនៃភេទទី ៣ ដែលខ្ញុំនិយាយចំឈ្មោះតែម្ដង ដែលហៅថា ស៊ីនឌី នោះ។ ស៊ីនឌី ហ្នឹង ប៉ុន្មានឆ្នាំហើយ អស់ពីម្ដាយ ទៅកូន អស់ពីកូន ទៅដល់ចៅ ព្រោះគ្នាត្រូវលាបក្រចក ធ្វើសក់ តែងខ្លួន តែងប្រាណអីហ្នឹង។ ប្រពន្ធខ្ញុំតែងតែមានការយោគយល់ចំពោះ ស៊ិនឌី ដែលតែងតែទទួលបានជំនួយឧបត្ថម្ភពីសំណាក់ភរិយារបស់ខ្ញុំច្រើនហើយដែរ។ យើងមិនដែរមានការរើសអើងបែបនេះទេ ក៏ប៉ុន្ដែរឿងមួយដែលពូស្នើសុំ គឺការលេចឡើងនៃការរីករាលដាលនៃជំងឺឆ្លង នៃបុរសដែលស្រឡាញ់ភេទដូចគ្នាបានចាប់ផ្ដើម ដែលចាំបាច់ក្មួយៗជាបុរស ជាយុវជន ដែលស្រឡាញ់ភេទដូចគ្នា ត្រូវតែយកចិត្តទុកដាក់ទប់ស្កាត់ កុំឲ្យចម្លងទៅអ្នកដទៃថែមទៀត។
ការរើសអើងមិនត្រូវមានទេ ក៏ប៉ុន្ដែ យើងមានទាំងបញ្ហា ដែលសង្គមមិនទាន់បានជ្រួតជ្រាបលើបញ្ហាភេទដូចគ្នាហើយ បន្ថែមទៅបញ្ហាជំងឺអេដស៍ផង វាកាន់តែធ្វើឲ្យយើងលំបាក ពូសូមអង្វរក និងអំពាវនាវដោយក្ដីស្រឡាញ់ និងក្ដីអាណិត ចំពោះក្មួយៗ ដែលមាននិស្ស័យបែបនេះ ទាំងបុរស ទាំងស្ដ្រី។ សង្ឃឹមថា សម្ដីរបស់ពូ គឺជាសារនយោបាយមួយទៅកាន់សង្គម មាតាបិតា និងទៅកាន់ផ្ទាល់ដល់អ្នកស្រឡាញ់ភេទដូចគ្នា។ យើងមិនអាចឈានទៅធ្វើច្បាប់ ដើម្បីឲ្យមានការរៀបអាពាហ៍ពិពាហ៍ សម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នាបានទេ។ ប្រទេសខ្លះកំពុងមានទំនាស់គ្នាយ៉ាងខ្លាំងលើបញ្ហានេះ។ យើងកុំអាលអី។ ក៏ប៉ុន្ដែ យើងក៏មិនចាំបាច់ថាមានច្បាប់នោះទេ ព្រោះយើងមិនបានទៅរារាំងឯណា? យើងមិនបានចាប់គេយកទៅដាក់គុក យើងមិនបានទៅធ្វើបាប ធ្វើទោសធ្វើពៃរិ៍ចំពោះអ្នកស្រឡាញ់ភេទដូចគ្នាទេ។ ដូច្នេះ បើគ្មានច្បាប់ក៏វាគ្មានបញ្ហានោះដែរ ព្រោះខ្ញុំលឺថា ស៊ិនឌី មានប្ដីតើ … ត្រូវខិតខំធ្វើយ៉ាងនេះ កុំឲ្យក្លាយជាទីកន្លែងគ្រឿងញៀន មានបងតូច បងធំ និងទៅជាកន្លែងចម្លងមេរោគអេដស៍ចេញពីតំបន់នោះ និងកម្មករចេញពីរោងចក្រ។ ត្រូវខិតខំយ៉ាងធ្វើម៉េចឲ្យរោងចក្រមួយក្លាយជាសហគមន៍ដ៏សុខសាន្ដមួយ។ យើងមានការងារច្រើនត្រូវធ្វើនៅពេលខាងមុខ ហើយយើងមិនស្លាប់ទេ ប្រទេសរបស់យើងនឹងឈានទៅមុន ឈានដោយភាពថ្លៃថ្នូរ និងរឹងមាំ។
អាជ្ញាធរជួយប្រជាជនស្រាយបញ្ហាខ្វះទឹក
… នៅពេលខាងមុខ (សូម)អំពាវនាវពីទីនេះទៅកាន់បណ្ដាខេត្តដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ដែលនៅថ្ងៃមុននៅក្រសួងមហាផ្ទៃ ខ្ញុំបានលើកម្ដងហើយ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមតំបន់ ដែលប្រឈមនឹងការខ្វះខាតទឹក រកគ្រប់វិធីដោះស្រាយ មិនត្រូវទុកឲ្យប្រជាជននៅតំបន់ណាមួយ ដែលគ្មានប្រភពទឹកហើយយើងមិនបានជួយផ្គត់ផ្គង់ទឹកទៅកាន់ទីនោះទេ។ ត្រូវប្រើប្រាស់រថយន្ដដឹកទឹកទៅកាន់តំបន់ទាំងនោះ ហើយត្រូវជម្រុញការជីកអណ្ដូងបន្ថែម ដើម្បីដោះស្រាយទឹក។ នៅថ្ងៃទី ២៨ ខាងមុខនេះ នឹងមានជំនួបប្រជុំប្រចាំឆមាស រវាងនាយករដ្ឋមន្ដ្រី និងសមាជិករាជរដ្ឋាភិបាល ជាមួយនឹងសមាជិក/ជិកា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមកពី ១៦ គណបក្សនយោបាយ។ ខ្ញុំប្រាប់ទៅឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តភ្ជាប់វីដេអូ conference ទៅជាមួយនឹងបណ្ដាខេត្ត និងកងទ័ព (អោយ)បានស្ដាប់យោបល់បណ្ដាបក្សនយោបាយ ដែលបានចូលរួមជាមួយនឹងក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ លើបញ្ហាដែលគេបានរកឃើញ និងចំណុចជាវិធីសាស្ដ្រនៃការដោះស្រាយ ហើយពេលខ្លះយើងអាចសួរទៅកាន់ខេត្ត ឬអង្គភាពកងទ័ព ធ្វើដូចពេលយើងប្រជុំគណៈរដ្ឋមន្ដ្រីដូចគ្នា។
ការប្រជុំក្រុមប្រឹក្សាពិគ្រោះផ្ដល់យោបល់ ជាមួយនាយករដ្ឋមន្ដ្រី ស្មើនឹងការសម្រេចរបស់នាយករដ្ឋមន្ដ្រី
យើងបានចាត់ទុកការប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងនាយករដ្ឋមន្ដ្រី មានតំលៃស្មើនឹងការសម្រេចរបស់នាយករដ្ឋមន្ដ្រី។ ដូច្នេះរាល់ការប្រជុំទៅមុខទៀតត្រូវភ្ជាប់វីដេអូ conference ដូចគ្នា ដើម្បីយើងអាចធ្វើការងារនេះកាន់តែទូលំទូលាយជាង។ ធាតុចូល និងស្មារតីសាមគ្គីភាព រវាងបណ្តាបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោតកន្លងទៅ តែមិនមានអាសនៈក្នុងសភា ក៏មានឱកាសបានចូលរួមចំណែកកសាងប្រទេសជាមួយរាជរដ្ឋាភិបាល ជួយផ្ដល់មតិទៅអ្វីដែលជាតម្រូវការរបស់ប្រជាជាតិរបស់យើង។
ណែនាំប្រជាពលរដ្ឋផ្អាកការធ្វើស្រែប្រាំង
គ្រប់ខេត្តទាំងអស់ ណែនាំប្រជាពលរដ្ឋរបស់យើងផ្អាកកុំបន្ដការធ្វើស្រែប្រាំងតទៅទៀត បន្ទាប់ពីការច្រូតកាត់ហើយ។ សារាចរណែនាំបានទៅ ប៉ុន្ដែ ប្រជាពលរដ្ឋរបស់យើងមួយចំនួនគាត់ឧស្សាហ៍ព្យាយាម ដោយឃើញទឹកនៅសល់ គាត់បែរជាប្រើប្រាស់ទឹកនេះ ឥឡូវទឹកនេះ ប្រើប្រាស់អស់ ស្រូវក៏មិនទាន់ចេញ ទឹកក៏ខ្វះប្រើ នេះហើយជាបញ្ហា ហើយត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះ។ ហើយពូនិយាយរឿងនេះ វាទាក់ទិនជាមួយនឹងឪពុកម្ដាយ ក្រុមគ្រួសារក្មួយៗនោះឯង ហ្នឹងហើយដែលហៅថាមេដឹកនាំប្រទេស វាមានគ្រប់វិស័យដែលពាក់ព័ន្ធគ្នា។ ពូនិយាយទៅកាន់អ្នកលក់ដូរ ក៏មានពាក់ព័ន្ធដល់ក្មួយ ពូនិយាយដល់កសិករក៏មានពាក់ព័ន្ធដល់ក្មួយដែរ។ ម៉េចថាលោក ហ៊ុន សែន មកជួបអញជាកម្មករ ស្រាប់តែនិយាយពីកសិករឯណោះ? កសិករជាឪពុកម្ដាយរបស់ក្មួយៗនោះឯង ហើយក៏ជាការដោះស្រាយ វាពាក់ព័ន្ធសំណុំបញ្ហារបស់វា។ មិត្តភក្ដិយើង ឪពុកម្ដាយ ក្រុមគ្រួសារយើងនៅឯជនបទ។
វេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ថ្ងៃ ២៩ មីនា
ឥលូវ ក្មួយៗកំពុងទទួលផលប្រយោជន៍ហើយ ត្រូវរក្សាផលប្រយោជន៍ក្នុងដៃឲ្យជាប់។ យើងមិនមែនមិនធ្លាប់ទេ ឆ្នាំ ២០០៨ ពេលនោះ វិបត្ដិសេដ្ឋកិច្ចហិរញ្ញវត្ថុសកលបានមកដល់។ ការបញ្ជាទិញពីខាងក្រៅជួបប្រទះនូវបញ្ហា ធ្វើឲ្យរោងចក្រមួយចំនួនបិទទ្វារ យើងក៏បានបង្កើតជាបន្ទាន់នូវបញ្ហាការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្កើតដើមទុនដើម្បីឲ្យកម្មកររបស់យើងពេលនោះ ទៅរកការងារថ្មីនៅកន្លែងថ្មី ទៅបង្កើតមុខរបរថ្មី។ មិនមែនរឿងយើងមិនធ្លាប់ជួបប្រទះទេ នៅក្នុងពេលវិបត្ដិសេដ្ឋកិច្ចហិរញ្ញវត្ថុ ២០០៨-២០០៩។ ពេលនោះ យើងបិទរោងចក្រមួយចំនួនដែលកម្មករបាត់បង់ការងារ។ ឥឡូវនេះ យើងមិនទុកឲ្យរោងចក្រត្រូវបិទទ្វារ។ យើងត្រូវរកដំណោះស្រាយ ដែលនៅថ្ងៃទី ២៩ ខែ មីនា ខាងមុខនេះ វេទិការរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវចាប់ផ្ដើមពិភាក្សាថែមទៀត។
អគ្គិសនីចុះថោក លុបកាំកុងត្រូល កាំសាប តម្លៃស្កេន ចំណាយក្រោម/លើតុ ធានាឲ្យការនាំចេញ
ឥឡូវនេះ តម្លៃអគ្គិសនីបានធ្លាក់ចុះ តម្លៃសេវានាំចេញបានទម្លាក់ចុះ ដោយដកចេញតួនាទីកាំកុងត្រូល មួយផ្នែកនៃការដឹកជញ្ជូន ទាក់ទងនឹងតួនាទីកាំសាប ក៏ត្រូវបានរំលាយចោល តម្លៃស្កេនកុងតឺណ័រសម្រាប់ការនាំចេញត្រូវបានទម្លាក់ចោល ចំណាយលើតុ និងក្រោមតុ ត្រូវបានកាត់បន្ថយ ដើម្បីធានាថា អ្វីដែលបានកើតឡើងដូចជាការត្រូវបង់ពន្ធទៅកាន់ទីផ្សារនេះ ទៅកាន់ទីផ្សារនោះ បណ្ដាក្រុមហ៊ននៅតែមានសមត្ថភាពដើម្បីបង់ពន្ធសម្រាប់ការនាំចេញ នៃផលិតកម្មរបស់យើង។ នេះទើបជាដំណោះស្រាយពិតប្រាកដសម្រាប់ដំណើរឈានទៅមុខដោយគ្មានភាពរអាក់រអួល នៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយសង្ឃឹមថា បន្ទាប់ពីកំណើនសេដ្ឋកិច្ច៧.៥% នៅឆ្នាំ ២០១៨, ២០១៩ យើងនៅតែទទួលបានកំណើនជុំវិញ ៧% យើងជឿយ៉ាងដូច្នេះ។
ចំណូលមិនមែនសារពើពន្ធពីថ្លៃចូលមើលអង្គរវត្ត ១៨០ លានដុល្លារ/ឆ្នាំ បង្កើតបានការងារធ្វើ
យើងធ្វើសេដ្ឋកិច្ច មិនមែនពឹងតែលើមួយមុខទេ គ្រាន់តែអង្គរវត្ដមួយ យើងទទួលបានភ្ញៀវទេសចរ ជាង ២០ ម៉ឺននាក់នៅ ខែ មករា ដូចជា ២៧ ម៉ឺននាក់ … ព្រោះខាងគណៈកម្មការគេផ្សាយមួយខែម្ដង។ សំបុត្រមួយ ២០-៣០ ដុល្លារ ហើយលុយវាប៉ុន្មាន? នេះជាប្រាក់ចំណូលមួយដែរ ដែលកន្លងទៅឯកឧត្តម ថោង ខុន ទាមទារ(បញ្ចុះតម្លៃសំបុត្រ)កន្លងទៅដែរ តែខ្ញុំមិនព្រម។ មិនត្រឹមតែមិនព្រម ខ្ញុំឡើង(ថ្លៃ)។ ពីមុន ២០ ដុល្លារ (មួយសំបុត្រ) គាត់ទារឲ្យ ១៥ ដុល្លារ។ ខ្ញុំឡើង ២៥ ដុល្លារ។ ផុត ២៥ ដុល្លារ ឡើងដល់ ៣០ ដុល្លារ។ កាលជំនាន់ សំបុត្រមួយ ២០ ដុល្លារ គឺយើងមានទេសចរ ១ លាន ដល់ឡើងទៅដល់ ៣០ ដុល្លារ ទេសចរ ៦ លាន ២ សែន។ វាមិនមែនគេខាតបង់ដោយសារតែទិដ្ឋាការនោះទេ អញ្ចឹងទិដ្ឋាការ ១ លាន នាក់ ត្រូវចំណូល ៣០ លាន ដុល្លារ ៦ លាន នាក់ គុណទៅ ១៨០ លានដុល្លារ អាហ្នឹងគេហៅ ចំណូលមិនមែនសារពើពន្ធ។ អញ្ចឹងទេ តែយើងក៏គ្មានបំណងនឹងមានគោលនយោបាយឡើងថ្លៃទេ តែសូមកុំឲ្យឯកឧត្តម ថោង ខុន ទាមទារនូវការលុបចោល បាត់បង់ប្រាក់ចំណូល។ ១៨០ លាន មិនមែនតិចឯណា … ហ្នឹងជាចំណូលមិនមែនសារពើពន្ធ។ ហើយបង្កើតបានការងារធ្វើឲ្យតាមសណ្ឋាគារ ឲ្យអ្នករ៉ឺម៉ក ស៊ីក្លូ។
ជំនួបជាមួយសមាគមស៊ីក្លូ ក៏ត្រូវមានរាល់ឆ្នាំ
ឥឡូវសមាគមស៊ីក្លូរបស់យើងល្មមដល់ពេលជួបជុំស៊ីក្លូម្តងទៀតហើយ? ល្មមស៊ីបាយជាមួយអ្នកធាក់ស៊ីក្លូម្តង ព្រោះមូលនិធិរបស់យើងចេញមួយថ្ងៃ អ្នកធាក់ស៊ីក្លូម្នាក់ទទួលលុយពីពូ ៧០០០ រៀល។ ប្រយ័ត្នតែគាត់យក ៧០០០ ហើយអត់ទៅធាក់ ព្រោះ ២០០០ សម្រាប់ជួលស៊ីក្លូ ៥០០០ សម្រាប់ថ្លៃបាយ ហើយខ្លះ ៥០០០ គាត់ទទួលទានមិនអស់ផង ហើយថែមអាវ ២ កំប្លេ ទៀត។ ប៉ុន្តែ យើងត្រូវមានជំនួបប្រចាំឆ្នាំដែរ ដើម្បីបាយមួយពេលជាមួយពួកគាត់ទៅ។
បង្កើត ក្រុមមេធាវី តេជោ សែន ដើម្បីជួយការពារក្តីស្រ្តីក្រីក្រឥតគិតថ្លៃ
… ឥឡូវសូមជម្រាបលោកជំទាវ ក្រសួងកិច្ចការនារីដែលជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ខ្ញុំសម្រេចចិត្តជាផ្លូវការហើយ រកបានថវិកាចំនួន ២០០០ លានរៀល ស្មើនឹង ៥០ ម៉ឺនដុល្លារ ត្រៀមក្នុងដៃ ដើម្បីចេញដំណើរមេធាវីរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំកំពុងតែឲ្យឯកឧត្តម គី តិច ដែលជាប្រធានមេធាវីរបស់រាជរដ្ឋាភិបាលជួយរៀបចំឲ្យខ្ញុំ។ នេះមិនមែនជាថវិការបស់រាជរដ្ឋាភិបាលទេ ជាថវិការបស់ខ្ញុំដែលប្រមូលគ្នីគ្នា រៀបចំឲ្យមានក្រុមមេធាវីរបស់ តេជោសែន មួយ សម្រាប់ការពារកូនក្តីឲ្យស្រ្តីក្រីក្រ។ គិតចុះគិតឡើង ដំបូងខ្ញុំថាឲ្យតែ ៣០ នាក់ទេ ប៉ុន្តែ ឥឡូវមិនអាចទេ មួយខេត្តយ៉ាងតិចត្រូវមាន ២ នាក់ អញ្ចឹងត្រូវ ៥០ នាក់ បូកនឹងក្បាលម៉ាស៊ីន ដែលយើងអាចដាក់ប្រធាន ១ និងអនុប្រធាន ៤ ដោយសារយើងមានសាលឧទ្ធរណ៍ ៤ ភូមិភាគ។ អញ្ចឹង អនុប្រធានទាំង ៤ កាន់កាប់ការងារនៅតាមភូមិភាគដើម្បីការពារឲ្យស្រ្តី។ ឥឡូវនេះ ខ្លះនៅមន្ទីរឃុំឃាំង ខ្វះមេធាវី កាត់ក្តីមិនកើត។ នេះជាគោលនយោបាយចំពោះស្រ្តី។ ខ្ញុំនឹងធ្វើរឿងនេះឲ្យចេញនៅក្នុងពេលដ៏ខ្លី ហើយចាប់ផ្តើមចេញដំណើរ។ ក្មួយៗជាកម្មករ/ការិនី ពេលដែលមានរឿងក្តីកើតឡើង កុំភ្លេចរកមេធាវីរបស់ពូជួយការពារដោយមិនយកប្រាក់។ ពូមានគោលដៅជាក់លាក់ដាក់ចេញការពារឲ្យតែស្រ្តីទេ ហើយស្រ្តីនោះគឺស្ត្រីក្រីក្រ ដែលក្នុងនោះគ្របដណ្តប់ទាំងក្មួយៗជាកម្មការិនីរោងចក្រផងដែរ។ បើមានរឿងក្តី ពូចេញមេធាវី និងសេវាផ្លូវច្បាប់ដើម្បីជួយដល់ក្មួយៗ ជួយដល់ពលរដ្ឋរបស់យើងដែលជាស្រ្តី ហើយដែលមានបញ្ហាប្រឈមការលំបាក។ រឿងក្តីឈ្នះចាញ់ គឺស្ថិតនៅលើចៅក្រមកាត់សេចក្តី ក៏ប៉ុន្តែ តម្លៃជួលមេធាវីមិនត្រូវបានបង់ថ្លៃទេ គឺ ហ៊ុន សែន បង់ជំនួសទាំងអស់។ ខ្ញុំកំពុងតែជ្រើសរើស។ ឥឡូវមានទាំងប្រពន្ធចៅហ្វាយខេត្តកំពង់ចាម គួច ចំរើន ក៏ជាមេធាវីម្នាក់ អាចឲ្យធ្វើជាអនុប្រធាន។ ខ្ញុំពិភាក្សាជាមួយ គី តិច ថា អាចឲ្យធ្វើអនុប្រធានទទួលបន្ទុកភូមិភាគនោះតែម្តង ហើយទទួលខាងកំពង់ចាមទៅ។ យប់មិញ ប្រពន្ធអាផ្កាយ ២ ការពារខ្ញុំម្នាក់នេះ ដែលទើបនឹងការហើយ ជាមេធាវីដែរ។ ខ្ញុំនឹងជ្រើសរើសស្រ្តីភាគច្រើនឲ្យចូលធ្វើជាមេធាវី ព្រោះត្រូវការពារស្រ្តីដូចគ្នា ប៉ុន្តែ មិនអាចចោលបុរសទាំងអស់ទេ ខេត្តនៅឆ្ងាយៗនោះ។
ទាំងនាយករដ្ឋមន្រ្តី ទាំងមេទ័ព មេប៉ូលីស គួរសម្រកក្បាលពោះខ្លះ
… អ្នកខ្លះគេថា លោក ហ៊ុន សែន ឈឺ រង់ចាំលោក ហ៊ុន សែន ងាប់។ អានយោបាយចាំ ហ៊ុន សែន ងាប់ ចាំជាតិក្រោយចុះអូន។ អានេះមិនងាយងាប់ទេ។ ងាប់ឯណា បើឥឡូវ driver (នៅល្អ)។ ចាំថ្ងៃណាហៅ ប៉ុល សារឿន ទៅប្រឡងគ្នាម្តងទៀត។ ខានជួបគ្នាយូរហើយ។ ខ្ញុំអត់លេងបង្ខំទេ …(និយាយរឿងហ្គោល) …មនុស្សឈឺតើវាទៅវាយកូនហ្គោលកើតឬ? មនុស្សឈឺមកនិយាយអញ្ចឹង? សម្លេងដកក្បាលមេក្រូចេញ បិទទាំងអស់ ស្រែកឲ្យក្មួយៗសាកមើល បើមិនលឺដូចយក្ស។ វាទៅជារឿង រង់ចាំម្តងនេះ ហ៊ុន សែន ចង់ងាប់ហើយ។ ប៉ុន្តែ មានពេលខ្លះឃើញ ហ៊ុន សែន រាងធាត់បន្តិច មានពេលខ្លះឃើញរាងស្គមបន្តិច អាហ្នឹងវិធីសាស្រ្តរបស់គេ។ ម្សិលមិញ ពូហាត់ថា ទម្លាក់កាឡូរីត្រឹមតែ ៣០០ ទេ ឡើងដល់ ៣១៥ កាឡូរី។ គោលដៅទម្លាក់តែកន្លះគីឡូទេ ដើម្បីពេលយើងទទួលទានអាហារហើយ វាឡើងមកស្មើវិញ ស្រាប់តែអា ៣១៥ នេះ វានាំទៅធ្លាក់ដល់ ១ គីឡូក្រាម។ ចង់ជ្រុល។ អញ្ចឹងបានព្រឹកនេះ ក្បាលពោះមិនសូវធំ ព្រោះអាហ្នឹងវាទាក់ទងជាមួយទំងន់។ ក្មួយៗខ្លះទៅហាត់ Yoga ទៅទម្លាក់ទំងន់អី តែពូមិនទម្លាក់ដោយស្អីទេ ទម្លាក់ដោយហាត់ប្រាណ ព្រោះទំងន់ធ្ងន់ពេកក៏វាមិនល្អដែរ។ អញ្ចឹងបានខ្ញុំថា មេទាហានរបស់យើងអត់គ្រប់លក្ខខណ្ឌទេ ហើយកាលពីដើម អ្នកដែលគ្រប់លក្ខខណ្ឌកាន់មេបញ្ជាការ គឺ មាស សុភា វិញទេ កម្ពស់ ១,៨០ ម៉ែត្រ តែ មាស សុភា អត់មានពោះ។ ប៉ុល សារឿន ពោះធំ (គន់) គីម ពោះតូចបន្តិច។ ឥឡូវ មេទ័ពពោះធំ។ ខ្ញុំចង់ជម្រុញឲ្យមេទ័ព ឬមេប៉ូលីសទម្លាក់ក្បាលពោះ។ ខ្ញុំក៏ត្រូវទម្លាក់ក្បាលពោះដែរ ដើម្បីឲ្យវាទៅជាមួយគ្នា …។
អ្នកចូលរួមច្រើន តែអ្នកមានផ្ទៃពោះតិចជាងរាល់ដង
ថ្ងៃនេះ ស្រួលបន្តិច ក្មួយតែ ២៩៨ នាក់(មានផ្ទៃពោះ) បើប្រៀបធៀបនឹងពេលមុនគឺច្រើន តែថ្ងៃនេះ រាងចម្លែកបន្តិចត្រង់ថា កាលពីមុនឲ្យតែចាប់ពីលើ ១ ម៉ឺននាក់ឡើងលើ (អ្នកមានផ្ទៃពោះ)ដឹងតែចាប់ពី ៥០០ នាក់ឡើងទៅ។ ថ្ងៃនេះ ១១២២៧ ស្រាប់តែអ្នកមានផ្ទៃពោះតែ ២៩៨ នាក់ តិច។ មកពីក្រុមហ្នឹងមិនចង់បានកូន ឬអី? ប៉ុន្តែ ឲ្យតែចុះខេត្តកណ្តាលមិនសូវមានកូនទេណា បើទៅកំពង់ឆ្នាំង ហើយចុះទៅកំពង់ចាម តាកែវ សំបូរកូនណាស់។ ប្រហែលជាម្តុំនេះគេមានការពារមើលទៅ។
កុំចាំអី ហ៊ុន សែន មិនងាយស្លាប់ ឬភ្លេចភ្លាំងនោះទេ
… ហើយឃើញញើសសម្បោរហ្នឹង គេថាខ្ញុំឈឺទៀតហើយ។ អានេះវាតាមសង្កេតៗ ហើយធ្វើនយោបាយ បន់ឲ្យគេងាប់ ហើយអញ្ចឹងវាជាតិរិច្ឆានសុទ្ធហើយ។ អញ្ចឹង បើសិនរង់ចាំ ហ៊ុន សែន ងាប់ ដើម្បីបង្កើតឲ្យមានចលនាតស៊ូគ្រប់គ្រងអំណាច រង់ចាំជាតិក្រោយទៅ។ ហ៊ុន សែន មិនងាយងាប់ទេ។ ពូជ ហ៊ុន សែន នេះ គ្មានអ្នកណាមានជំងឺខួរក្បាលទេ តាំងពីជីដូនជីតា ឪពុកម្តាយ អត់មាននរណាមានជំងឺគួរឲ្យតក់ស្លុតទេ។ ហោចណាស់គឺ ជីដូន ៩២ ជីតា ៩៣ ឪពុក ៩០។ ម្តាយខ្ញុំមានឧបទ្ទវហេតុមួយផ្សេង ដែលជារឿងសោកសៅ គឺព្រឹត្តិការណ៍ថ្ងៃ ៥-៦ កក្កដា ឆ្នាំ ១៩៩៧ ដែលនាំទៅដល់គ្រោះថ្នាក់ជីវិតរបស់គាត់។ ក៏ប៉ុន្តែ សម្រាប់ជាវ័យវិញ អ្នកកុំរង់ចាំឲ្យសោះនូវការស្លាប់ នូវភាពភ្លេចភ្លាំងខួរក្បាលរបស់ ហ៊ុន សែន។ អ្នកក៏មិនអាចដឹងបានថា ហ៊ុន សែន កំពុងគិតពីអី? នេះហើយជាចំណុចដែលអ្នកគឺមិនដែលឈ្នះ។ ប្រកួតច្រើន តែមិនដែលឈ្នះ អង់គ្លេសគេថា Most starts without wins … បានសេចក្តីថា ចូលរួមប្រកួតច្រើន ប៉ុន្តែ វាមិនដែលឈ្នះ។ ខាងនេះចូលរួមប្រកួតលើកណា ឈ្នះលើកនោះ។ ដល់ទៅធ្វើស្អីមិនឈ្នះ វាយករូបឯងទៅដុត។ ដុតហ្នឹងសំដៅដុតឲ្យខឹង។ ដល់យើងមិនខឹង ទទាយំឆ្លងបណ្តោយ។
ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ
ឥឡូវហ្នឹង ចម្រៀងមួយបទកំពុងល្បី ឆ្នាំ ២០១៩ ឲ្យតែរាំវង់ កុំភ្លេចទទាយំឆ្លង។ ប៉ុន្តែ ទទាយំឆ្លងអញ្ចេះណា «ទទាយំឆ្លង ត្រយ៉ងបងអើយអត់ឆ្លើយ សង្សារបងហើយ ដល់ពេលហើយឬនៅ ចិត្តអូនចិត្តដាច់ ដោយសារចិត្តបងចិត្តខ្មៅ ស្ពានក៏បាក់ទឹកក៏ជ្រៅ ធ្វើម្តេចបានទៅតាមកិច្ចសន្យា»។ ច្រៀងតែប៉ុន្មានកថាខណ្ឌហ្នឹង រាំវង់ឲ្យវិលក្បុងនៅហ្នឹង។ លើឆាកហ្នឹង ចេះចម្រៀងហ្នឹងឬនៅ? ចេះហើយ? ហ្នឹងហើយ ដាក់អាហ្នឹង។ ស្រេចតែមិនឆ្លើយ ធ្វើអីត្រយ៉ង? ពីដើម ទទាយំឆ្លង ត្រយ៉ងវាឆ្លើយ។ ឥឡូវទទាយំអីយំទៅ ស្រេចតែត្រយ៉ងវាអត់ឆ្លើយ អាហ្នឹងដែលចុកដើមទ្រូង។ លំបាកណាស់ លំបាកត្រង់ថា មិនដឹងថា ហ៊ុន សែន គិតពីអី ហើយតើគាត់ងាកឆ្វេង ឬងាកស្តាំ? នេះជាបញ្ហា ដែលរហូតដល់ថ្ងៃងាប់ទៀត អ្នកឯងមិនយល់ពី ហ៊ុន សែន។ ប៉ុន្តែ ងាកឆ្វេង ឬស្តាំ(ក៏ដោយ) ប្រទេសនេះមិនបានក្រឡាប់ចាក់ ដោយសារការងាកឆ្វេង ឬស្តាំ ទៅមុខ ឬក្រោយរបស់ ហ៊ុន សែន ទេ មិនដែលទេ។ មានតែដំណើរទៅមុខបន្តិចម្តងៗ។
កម្ពុជាស្វាគមន៍អ្នកវិនិយោគពីគ្រប់ទិសទី មិនរើសអើង
ថ្ងៃនេះ តាមរយៈក្មួយៗ ផ្តាំផ្ញើសួរសុខទុក្ខចំពោះជីដូនជីតា ឪពុកម្តាយ បើសិនជាពួកគាត់នៅរស់ នូវការអរគុណពីសំណាក់ពូ ក្នុងនាមគណបក្សប្រជាជន ក្នុងនាមជានាយករដ្ឋមន្រ្តី ដែលពួកគាត់ទាំងនោះបានរួមដំណើរជាមួយពូក្នុងរយៈពេលតាំងពីពេលវេលាដ៏លំបាក រហូតមកដល់ពេលវេលានេះ ដែលប្រទេសយើងមានសន្តិភាពពេញលេញគ្រប់គ្រាន់ បន្តដំណើរទៅមុខ ក្នុងមោទនភាព ក្នុងស្ថានភាពនៃដៃគូពាណិជ្ជកម្មជាមួយនឹងអន្តរជាតិ ដោយការនាំចេញ/ចូលរបស់យើង ផលិតមិនមែនសម្រាប់ផ្គត់ផ្គត់តែក្នុងស្រុកទៀតទេ យើងត្រូវការផលិតដើម្បីការនាំចេញ យើងមានតម្រូវការនៃការនាំចូល សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសរបស់យើង។ ហើយយើងស្វាគមន៍អ្នកវិនិយោគទាំងឡាយ មកពីគ្រប់ទីកន្លែងទាំងអស់ ដោយគ្មានការរើសអើងបន្តទៀត។
អំណោយ និងការជូនពរ
អរគុណសម្រាប់ការចូលរួម អរគុណសម្រាប់ម្ចាស់រោងចក្រសាជាថ្មីម្តងទៀត ហើយអរគុណចំពោះ លោក វ៉ាង សែន ហើយ លោក លី យុនជុង ដែលថ្ងៃនេះ នឹងចូលរួមវិភាគទានទៅលើមូលនិធិគន្ធបុប្ផា ដែលខ្ញុំនឹងទទួលពីគាត់ ហើយប្រគល់ឲ្យឯកឧត្តម អ៊ិត សំហេង យកទៅប្រគល់ជូនកន្លែងមូលនិធិនោះតែម្តង។ ថ្ងៃនេះ ពូក៏បាននាំមកជូនជាកាដូសម្រាប់ក្មួយៗ ដែលមិនមែនសំដៅមករកថវិកាពូទេ ក៏ប៉ុន្តែនេះជាអនុស្សាវរីយ៍តិចតួច ចំនួន ២ ម៉ឺនរៀល/ម្នាក់ តែប៉ុណ្ណោះ។ សម្រាប់ក្មួយៗដែលមានផ្ទៃពោះ ក្រៅពី ២ ម៉ឺនរៀល នឹងជូនស្រោមសំបុត្រ ១ ដោយមិនបញ្ជាក់ថាវាមានអ្វីនៅក្នុងនោះទេ តែសូមបញ្ជាក់ថា បើសិនក្មួយណាដែលមានកូនភ្លោះ អ្នកខ្លះមកអង្គុយខាងមុខហើយ តែអ្នកខ្លះមិនអាចដឹងបាននៅខាងក្រោយនោះ ប្រាប់ពូថាមាន ២ ពូនឹងជូន ២ ស្រោមសំបុត្រ។ ក្មួយៗដទៃទៀត មិនប្រកាន់ ឬច្រណែនទេ ព្រោះបើចង់បាន ២ ស្រោមសំបុត្រហ្នឹង វាទាល់តែខ្លួនឯងមានអាញ៉ក់។ ហើយសម្រាប់គ្រូពេទ្យប្រចាំក្នុងពិធី ចំនួន ៥ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀលដែរ។ ហើយចុងបញ្ចប់ហើយ ជូនពរសម្រាប់ទាំងអស់គ្នាទទួលបានសេចក្តីសុខ សេចក្តីចម្រើន និងជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕