ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ!
ឯកឧត្តម WANG Wentian អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា!
ឯកឧត្តម ហ្វាង ជីសៀង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Hunan Group និងសហការី!
សូមគោរព លោកយាយ/តា អ៊ំមាមីង បងប្អូនជនរួមជាតិជាទីគោរព នឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមធ្វើជាអធិបតី នៃការសម្ពោធដាក់ឱ្យប្រើប្រាស់នូវវារីអគ្គិសនីសេសានក្រោមទី ២ ដែលមានអនុភាពរហូតទៅដល់ ៤០០ មេហ្គាវ៉ាត់ គឺជាវារីអគ្គិសនីធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាវារីអគ្គិសនីទី ៧ ដែលខ្ញុំព្រះករុណាខ្ញុំ បានចូលរួមដោយផ្ទាល់ទាំងពេលការចាប់ផ្ដើមការដ្ឋាន បិទទំនប់ ក៏ដូចជាការសម្ពោធដាក់ឱ្យប្រើប្រាស់។
ម្សិលមិញនៅខេត្តកោះកុង ឬបស្ចិមនៃប្រទេស ថ្ងៃនេះនៅស្ទឹងត្រែង ឬប៉ែកឦសាន
… មុនដំបូង សុំអភ័យទោសពីព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ពីបងប្អូនជនរួមជាតិ និងអ្នកចូលរួមទាំងអស់ អំពីការយឺតយ៉ាវរបស់ខ្ញុំព្រះករុណាខ្ញុំ ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញមកកាន់ទីនេះ។ តាមគម្រោងដើម ប្រហែលជា លោកឧកញ៉ា គិត ម៉េង នៅចាំហើយ ឯកឧត្តម អភិបាលខេត្ត ម៉ុម សារឿន ក៏បានចាំដែរថា នៅឆ្នាំ ២០១៦ នៅពេលដែលខ្ញុំមកកាន់ទីនេះ ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បាននិយាយថា នៅពេលសម្ពោធដាក់ឱ្យប្រើប្រាស់នៅវារីអគ្គិសនីសេសានទី ២ នេះ គឺខ្ញុំព្រះករុណាខ្ញុំ មានបំណងទៅដេកនៅភូមិក្បាលរមាស ដើម្បីឱ្យស្គាល់នូវអ្វីដែលហៅថា ស្ថានភាពនៃជីវភាពរបស់ប្រជាពលរដ្ឋ ដែលត្រូវបានកសាងនៅលើមូលដ្ឋាន ដែលពាក់ព័ន្ធជាមួយនឹងការការដ្ឋាន នៃការសាងសង់វារីអគ្គិសនីនេះ។ ប៉ុន្តែ ជាអកុសល ប្រហែលជាបងប្អូនមួយចំនួនបានដឹងហើយថា ព្រឹកពីម្សិល ខ្ញុំព្រះករុណាខ្ញុំ នៅឯខេត្តកោះកុងឯណោះ បើនិយាយពីទិសរបស់ប្រទេសវិញ ខេត្តកោះកុង គឺនៅទិសបស្ចិម នៃប្រទេស។
នៅទីនោះ គេហៅថា តារារះនៅទិសនិរតី ដែលរាប់បញ្ចូលទាំងខេត្តកោះកុង ក៏ប៉ុន្តែ បើនិយាយពីទិសរបស់ខេត្ត គឺនៅទិសបស្ចិមរបស់ប្រទេស។ ថ្ងៃនេះ ត្រូវធ្វើដំណើរមកកាន់ទីនេះ គឺនៅទិសឦសានទៅវិញ។ ម្ខាងនៅទិសខាងលិច និងម្ខាងនៅទិសខាងកើត គឺវាចម្ងាយប្រទេស។ ម្យ៉ាងទៀត នៅរដូវនេះ ម៉ោង ៦ ព្រឹក គឺមិនទាន់ភ្លឺច្បាស់ទេ។ ដូច្នេះ ឧទ្ធម្ភាគចក្រមិនទាន់ហ៊ានប្រថុយប្រថានក្នុងការហោះហើរ ត្រូវរង់ចាំឱ្យវាភ្លឺបន្ដិច។ ហោះមកអម្បាញ់មិញ គម្រោងដើមហោះមកត្រឹមតែ ៨០ នាទីទេ ក៏ប៉ុន្តែ បានហោះរហូតទៅដល់ជាង ៩០ នាទី ទើបមកដល់ ធ្វើឱ្យមានការយឺតយ៉ាវនូវក្នុងការបើកកម្មវិធីរបស់យើង។ យ៉ាងណាក៏ដោយ ពាក្យខ្មែររបស់យើងបាននិយាយថា “មកយឺត ប្រសើរជាងមិនមក”។ យ៉ាងណាក៏ខ្ញុំព្រះករុណាខ្ញុំ បានមកដល់ទីនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវវារីអគ្គិសនីនៅតំបន់ទិសឦសាន វារីអគ្គិសនីសេសាន ២ ដែលមានការវិនិយោគចម្រុះជាលើកដំបូង។
ពង្វាងផ្លូវ ៧៨ ដើម្បីសាងសង់វារីអគ្គិសនីសេសានក្រោមទី ២ ផ្សារភ្ជាប់ទន្លេស្រែពក និងសេសាន
ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ រំលឹកបន្ដិចនៅស្ថានភាពរួម និងស្ថានភាពដោយឡែក ពាក់ព័ន្ធជាមួយនឹងបញ្ហាវារីអគ្គិសនី។ ទាក់ទិនទៅនឹងវារីអគ្គិសនីសេសាន ២ នេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានមោទនភាព ដោយយើងមានការខិតខំរួមគ្នា ហើយការចម្រុះបោះទុននៅទីនេះ រហូតទៅដល់មាន ៣ ប្រទេស ដែលមានការចូលរួម និងជាលើកដំបូង ដែលកូនខ្មែររបស់យើងបានផ្ដួចផ្ដើមគំនិតចូលរួមសហប្រតិបត្តិការនៅក្នុងការវិនិយោគនៅក្នុងវិស័យអគ្គិសនី។ ឧកញ៉ា គិត ម៉េង បានជួបជាមួយខ្ញុំ ដើម្បីសុំឱ្យមានការគាំទ្រទៅលើការវិនិយោគរួមគ្រាដំបូង គឺមានយើងជាមួយនឹងវៀតណាម។ ខ្ញុំនៅចាំបានថា ឯកឧត្តម គាត ឈន់ ក្នុងឋានៈជាឧបនាយករដ្ឋមន្រ្តី ហើយឯកឧត្តម ស៊ុយ សែម ពេលនោះក៏បានរួមគ្នាមកពិនិត្យ ដើម្បីបង្វែរផ្លូវជាតិលេខ ៧៨ ឱ្យចេញពីតំបន់ដែលត្រូវលិចលង់ដោយសារតែវារីអគ្គិសនីដែលយើងគ្រោងទុក។
អ្វីដែលយើងធ្វើនៅទីនេះ មិនមែនជាការធ្វើដោយប្រថុយប្រថាន ដោយខ្វះការសិក្សានោះទេ រាប់ទាំងបញ្ហាផ្លូវលេខ ៧៨ ដែលតភ្ជាប់ពីរតនគិរីមកស្ទឹងត្រែង។ ផ្លូវ(លេខ ៧៨)នេះ នៅក្នុងឆ្នាំ ១៩៩០ នៅពេលដែលខ្មែរក្រហមនៅពេញព្រៃនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏ធ្លាប់បានធ្វើដំណើរពីទីរួមខេត្តរតនគិរីមកកាន់ទីរួមខេត្តស្ទឹងត្រែងនេះ ដោយប្រថុយប្រថានបំផុត។ ប៉ុន្តែ យើងបានពង្វាងផ្លូវនោះចេញ ដើម្បីនឹងផ្ដល់លទ្ធភាពក្នុងការសាងសង់នូវវារីអគ្គិសនីសេសានទី ២ ក្រោមនេះ ដែលវាផ្សារភ្ជាប់រវាងទន្លេពីរ គឺស្រែពក ជាមួយនិងសេសាន។ ការសិក្សាក៏ត្រូវបានបន្ត ក៏ប៉ុន្ត អាចនិយាយបានថា ជនជាតិកម្ពុជាទី ១. លោកឧកញ៉ា គិត ម៉េង បានផ្ដួចផ្ដើមគំនិត ដើម្បីសុំចូលរួមនៅក្នុងការវិនិយោគគម្រោងវារីអគ្គិសនីបែបនេះ។
ចក្ខុវិស័យអាទិភាព ៤ យ៉ាង នឹងបន្តត្រូវ ៣០ ឆ្នាំ ខាងមុខទៀត
ខ្ញុំព្រះករុណាខ្ញុំ គិតថា វាគឺជាផ្នែកដ៏សំខាន់ នៃការអនុវត្តនូវចក្ខុវិស័យរបស់ខ្ញុំព្រះករុណាខ្ញុំ ដែលបានដាក់ ចេញតាំងពីឆ្នាំ ១៩៨៧ ដែលពេលនោះ ប្រើពាក្យយ៉ាងសាមញ្ញខ្លីថា “ទឹក ផ្លូវ ភ្លើង មនុស្ស” ដែលមកដល់ ពេលនេះយើងក៏បានប្រើថា “មនុស្ស ទឹក ភ្លើង និងផ្លូវ” ទៅវិញ។ ចក្ខុវិស័យនេះ គឺជាចក្ខុវិស័យដែលបានដាក់ចេញ និងត្រូវ(រយៈពេល) ៣១ ឆ្នាំ រួចមកហើយ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ នៅតែគិតថា វានឹងត្រូវនៅពេល ៣០ ឆ្នាំ នៅខាងមុខទៀត។ ប្រសិនបើអ្នកកាន់កាប់ការងារជំនាន់ក្រោយដើរខុសពីគន្លងនេះ គេនឹងអាចប្រឈមពីបញ្ហាមួយទៅបញ្ហាមួយទៀត ដោះស្រាយមិនត្រូវរឿង សម្រាប់អាទិភាពរបស់ប្រទេសជាតិ។
វារីអគ្គីសនីសេសានក្រោម ២ សាងសង់ដោយក្រុមហ៊ុន ៣
ហេតុអ្វីបានជាក្រុមហ៊ុននេះ ចាប់ផ្តើមពីមួយរហូតទៅដល់ពីរ។ នោះគឺការចាប់ផ្តើមពីវៀតណាមសិក្សា និងមានគម្រោងវិនិយោគ បន្ទាប់ទៅក៏មានការចរចា។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានលើកបញ្ហានេះ ជាមួយអតីត នាយករដ្ឋមន្ត្រីវៀតណាម Phan Văn Khải ដែលពេលនេះ គាត់បានមរណកាលទៅហើយ។ ប៉ុន្តែ ភាពខ្វះ ទុនដែលមិនអាចធ្វើទៅរួចរវាងវៀតណាម និងកម្ពុជា តម្រូវឱ្យមានការអំពាវនាវពីក្រុមហ៊ុនចិនមកកាន់ទីនេះ ដែលក្នុងនោះ ក្រុមហ៊ុនចិនក៏បានបោះទុនមក ចូលរួមជាមួយយើងសម្រេចនូវផែនការមួយនេះ។ ខ្ញុំព្រះករុណាខ្ញុំ ចេះតែគិតថា ប្រសិនបើសេសានក្រោម ២ មិនអាចចេញជារូបរាងនៅក្នុងចុងឆ្នាំ ២០១៨ នេះ តើការផ្គត់ផ្គង់អគ្គិសនីសម្រាប់ប្រទេសកម្ពុជារបស់យើងវាទៅជាយ៉ាងណា? ហើយការជម្រុញកំណើនសេដ្ឋកិច្ចវាទៅជាយ៉ាងណា ប្រសិនបើមិនអាចដោះស្រាយបានបញ្ហានេះនោះទេ។ ដូច្នេះ បានជាកើតឡើងនូវក្រុមហ៊ុនចម្រុះ ដែលមានចិនរហូតដល់ ៥១%, កម្ពុជា ៣៩% និងវៀតណាមនៅសល់ ១០% ដែលជាក្រុមហ៊ុនចម្រុះមួយសម្រាប់យើង។ ការបញ្ចេញអគ្គិសនីពីស្ទឹងត្រែងនេះ មិនមែនគ្រាន់តែការផ្គត់ផ្គង់នៅក្នុងខេត្តស្ទឹងត្រែងទេ ខេត្តស្ទឹងត្រែងឥឡូវនេះ ប្រើត្រឹមតែប៉ុន្មានមេហ្គាវ៉ាត់តែប៉ុណ្ណោះ ក៏ប៉ុន្តែស្ថានភាពនៃការបញ្ជូនអគ្គិសនីទៅកាន់ទីក្រុងភ្នំពេញ …។
រំលឹកអំពីរឿងលើកគម្រោងលំនៅឋានថ្មី
បើខ្ញុំព្រះករុណាខ្ញុំមិនច្រឡំទេ សម្រាប់នៅខេត្តស្ទឹងត្រែង គឺជំនាន់ ឯកឧត្តម ឡូយ សុផាត នៅធ្វើជាអភិបាលខេត្ត ពេលនោះ យើងមានវីដេអូ Conference ជាមួយនឹងបណ្ដាខេត្ត។ ជាទម្លាប់នៃការប្រជុំគណៈរដ្ឋមន្ត្រីរបស់កម្ពុជា … មានការប្រជុំបិទទ្វារ ក៏ប៉ុន្តែដើម្បីងាយស្រួលនៅក្នុងការយល់ដឹង និងការផ្ដល់មតិសំរាប់ការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី, (កិច្ចប្រជុំ)គណៈរដ្ឋមន្ត្រីបានផ្សារភ្ជាប់វីដេអូ Conference ជាមួយនឹងខេត្ត/ក្រុង ២៥ បណ្ដាយោធភូមិភាគនៃកងទ័ព កងពលធំ/តូចនៃកងទ័ព និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។ ប្រហែលជា ឯកឧត្តម ស៊ុយ សែម នៅចាំអំពីការលើកកម្រោងសម្រាប់ការតាំងលំនៅឋានថ្មីរបស់ប្រជាជន។ ពេលនោះបានលើកឡើងនូវគំនិតផ្ដួចផ្ដើមអំពីការធ្វើផ្ទះរហូតដល់បីប្រភេទឯណោះ មានប្រភេទ ២ នាក់, ៤ នាក់ និងប្រភេទច្រើននាក់។ ខ្ញុំបានចោទចេញជាបញ្ហា ហេតុអីចាំបាច់មានប្រភេទ ២ នាក់? ៤ នាក់? និងមានច្រើនលើសប៉ុន្មាននាក់។ ចុះដាក់វាឱ្យស្មើគ្នាទៅ? ព្រោះ ២ នាក់ គេទើបនឹងការថ្មី។ ហើយចុះប៉ុន្មានឆ្នាំក្រោយវាមិនកើតកូនមកបានច្រើន? បានជាឥឡូវស្ថានភាពផ្ទះប៉ុនៗគ្នាទាំងអស់។ ប៉ុន្តែ មិនមែនប៉ុនគ្នាទាំងអស់ទេ អ្នកខ្លះគេមានលុយថែម គេធ្វើបានធំលើសហ្នឹងទៅទៀត។
ពលរដ្ឋទទួលបានដីភូមិ ដីផលិត ៥ ហិកតា ដែលក្រុមហ៊ុនជួយភ្ជួររាស់ឈូសឆាយ
ខ្ញុំសូមកោតសរសើរ ជាមួយនឹងការខិតខំរបស់ក្រុមហ៊ុន ដែលអាទិភាពរបស់ខ្ញុំនៅក្នុងពេលនោះ តាមរយៈនៃវីដេអូ Conference មក ឯកឧត្តម ឡូយ សុផាត ដែលពេលនោះ យើងបានឈានដល់ដំណាក់កាល នៃការសាងសង់ផ្ទះ និងចាប់ផ្ដើមដោះស្រាយដី សម្រាប់ការបង្កបង្កើនផល ដែលពេលនោះយើងឱ្យ ៥ ហិកតា។ រឿងដីផ្ទះ ដីភូមិផ្សេងហើយ កសាងផ្ទះ កសាងភូមិផ្សេងហើយ ប៉ុន្តែ មួយគ្រួសារត្រូវបានដី ៥ ហិកតាទៀត ហើយ ៥ ហិកតានេះ ក្រុមហ៊ុនត្រូវទទួលជួយភ្ជួររាស់ឈូសឆាយថែមទៀត។ យើងក៏មានដីមួយចំនួនដែលក្រោយពីការចែកទៅហើយនោះ ក៏មានបងប្អូនមួយចំនួនទទួលបានដីដែលមិនមានជីជាតិ។ យើងក៏ត្រូវដូរជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ការកសាងនៅកន្លែងនេះ ប្រជាពលរដ្ឋរបស់យើងភាគច្រើនគាំទ្រនូវគម្រោងអភិវឌ្ឍន៍នេះ។ ប៉ុន្តែ នៅមានមួយចំនួន គឺគេបានបង្កើតឡើងនូវស្ថានភាពដ៏លំបាក ក្រោមការញុះញង់របស់ជនបរទេសខ្លះ។
អ្នកជំទាស់ថា វារីអគ្គិសនីសេសានក្រោម ២ នឹងធ្វើអោយបាត់ត្រី ៧០%
រឿងដែលគួរឱ្យចង់សើចបំផុត ដែលខ្ញុំសុំនិយាយដោយជំហរនៅថ្ងៃនេះ មានជនបរទេសមួយបានទៅជួបខ្ញុំដល់ផ្ទះថា ប្រសិនបើសាងសង់វារីអគ្គិសនីសេសាន កម្ពុជានឹងបាត់បង់ត្រីរហូតដល់ ៧០%។ ពេលនោះ ខ្ញុំបានប្រាប់ទៅគាត់វិញថា ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារត្រីនៅប្រទេសយើងខ្ញុំចេះឡើងភ្នំ … តាមពិតត្រីនៅក្នុងប្រទេសរបស់យើងវាប្រមូលផ្ដុំនៅក្នុងទន្លេសាប និងទន្លេមេគង្គ វាមិនគួរឡើងភ្នំមកនៅកន្លែងហ្នឹងទេ។ ប៉ុន្តែ ដើម្បីលើកជាការជំទាស់ ហាក់ដូចជា ហ៊ុន សែន មិនស្គាល់បញ្ហា ហើយគេស្គាល់បញ្ហាជាង ហ៊ុន សែន ទៅទៀត រហូតថា បើសិនជាវារីអគ្គិសនីសេសានត្រូវធ្វើ នឹងធ្វើឱ្យប៉ះពាល់ផលត្រីរហូតដល់ ៧០% នៃផលត្រី។ ខ្ញុំបានបង្ហាញការភ្ញាក់ផ្អើល ក៏ប្រដៅទៅជាមួយ ដើម្បីឱ្យភ្លឺភ្នែក។ ត្រីវានៅក្នុងទន្លេសាប ត្រីវានៅក្នុងទន្លេមេគង្គឯណោះ ហេតុអីបានជាត្រីយើងវាចេះឡើងភ្នំ? ត្រីខ្មែរវាឆ្លាតណាស់ ប៉ុន្តែវាឆ្លាតនៅពេលដែលគេប្រឆាំងយើងតែប៉ុណ្ណោះ។
វារីអគ្គិសនី ណាំងឹម ផ្ដល់បទពិសោធន៍ដល់កម្ពុជា
អម្បាញ់ម៉ិញ ខ្ញុំហោះមើលពីលើបន្តិចទេ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំយល់ណាស់ មុនពេលដែលខ្ញុំព្រះករុណាខ្ញុំស្គាល់វារីអគ្គសនីនៅកម្ពុជា ខ្ញុំព្រះករុណាខ្ញុំ ស្គាល់វារីអគ្គិសនី ២។ ទី ១. វារីអគ្គិសនីនៅក្នុងប្រទេសអតីតសហភាពសូវៀត។ ឥឡូវ មិនដឹងថាវារីអគ្គិសនីនេះវានៅក្នុងរដ្ឋប្រទេសណាទេ គឺទន្លេ Volgograd ដែលមានវារីអគ្គិសនីមួយកាត់ទន្លេតែម្ដង។ តំបន់នៅខាងលើវារីអគ្គសនីនោះ ក្លាយទៅជាតំបន់ទេសចរណ៍ប្រកបដោយការទាក់ទាញ ហើយមានការស្ទូចត្រីនៅក្នុងតំបន់នោះ។ ស្គាល់ក្នុងអំឡុងឆ្នាំ ១៩៨២ ឬ១៩៨៣។ ឯវារីអគ្គិសនីទី ២ ដែលខ្ញុំព្រះករុណាខ្ញុំបានស្គាល់ មុនពេលដែលស្គាល់វារីអគ្គសនីនៅកម្ពុជានោះ គឺវារីអគ្គិសនី ណាំងឹម ក្នុងប្រទេសឡាវ ដែលយើងបានបើកកាណូតឆ្លងកាត់។ វារីអគ្គិសនីនៅ ណាំងឹម នោះហើយ ដែលផ្ដល់បទពិសោធន៍មកកម្ពុជា។ វារីអគ្គិសនីនោះបានបិទទំនប់មុនពេលកាប់ឈើចេញ។ ដូច្នេះ ហើយបានជាបន្ទាប់ពីបិទវារីអគ្គិសនី (ទឹក)លិចព្រៃឈើទាំងឡាយ។ ក្រោយមកក៏ចាប់ផ្ដើមកាប់ឈើនោះ ហើយលក់ឈើនោះ។ ដូចជាក្រុមហ៊ុនប្រទេសមួយចំនួនទៅមុជទឹកកាប់ឈើ។ បើអញ្ចឹងទេ យើងត្រូវសិក្សាអំពីតំបន់ដែលត្រូវលិច រួចហើយយើងត្រូវកាប់ទាំងឈើ ហើយយើងសម្អាតវា ដើម្បីកុំឱ្យមានផលប៉ះពាល់ទៅលើបញ្ហាទាក់ទងជាមួយនឹងការបំផ្លាញតួប៊ីន …។
១៩៩៨ មានអគ្គិសនី ១៥០ មេហ្គាវ៉ាត់ … ២០ ឆ្នាំក្រោយ មាន ២៦៤៨ មេហ្គាវ៉ាត់
ថ្ងៃនេះ បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់នូវវារីអគ្គិសនីនេះរួចហើយ កម្លាំងអគ្គិសនីរបស់កម្ពុជាឡើងទៅដល់ ២៦៤៨ មេហ្គាវ៉ាត់ ដែលមកពីប្រភពផ្គត់ផ្គង់ ១៦ គម្រោង។ ឯកឧត្តម ស៊ុយ សែម បានធ្វើរបាយការណ៍អម្បាញ់ម៉ិញ គាត់ចង់បញ្ជាក់អំពីវឌ្ឍនភាព ២០ ឆ្នាំ ក្រោយនយោបាយឈ្នះ-ឈ្នះរបស់ព្រះរាជាណាចក្រកម្ពុជា ដែលយើងបានរំលត់ភ្លើងសង្គ្រាម នាំមកនូវសន្តិភាព ដែលកាលពីឆ្នាំ ១៩៩៨ យើងមានអគ្គិសនីប្រើប្រាស់ត្រឹមតែ ១៥០ មេហ្គាវ៉ាត់ តែប៉ុណ្ណោះ។ ប៉ុន្តែ ២០ ឆ្នាំក្រោយ យើងមានរហូតទៅដល់ ២៦៤៨ មេហ្គាវ៉ាត់។ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំ បកក្រោយបន្តិច ដើម្បីរំលឹកអតីតកាលរបស់ប្រជាជនកម្ពុជា ហើយដែលលោកយាយ/តា លោកអ៊ំ មាមីង បងប្អូន ដែលអាយុស្របាលខ្ញុំ ឬប្អូនខ្ញុំបន្តិចបន្តួច បងខ្ញុំបន្តិចបន្តួច អាចនឹងនៅចាំបាន។ យើងបានឆ្លងកាត់ដំណាក់កាលដុតចន្លុះ ដំណាក់កាលដុតជ័រ ដំណាក់កាលដុតខ្លាញ់ត្រី ដំណាក់កាលដុតប្រេងកាត។ តើនៅចាំបានទេ? រឿងនេះ អ្នកដែលមានសក់សៗ (អាចនឹងដឹង) ប៉ុន្តែមិនប្រាកដទេណា អ្នកខ្លះសក់សដោយសារឪម៉ាល់ទិច អ្នកខ្លះសក់សដោយសារជំងឺទេ។
ដំណាក់កាល ប៉ុល ពត និងក្រោយ ប៉ុល ពត កម្ពុជាគ្មានអគ្គិសនីប្រើប្រាស់ទេ
អ្នកដែលមានសក់សត្រឹមអាយុ ៥៥ ឆ្នាំឡើងលើ សុទ្ធតែបានឆ្លងកាត់ដំណាក់កាលអស់ទាំងនេះ។ អ្វីដែលកំសត់ជាងទៀត នៅក្នុងដំណាក់កាល ប៉ុល ពត និងក្រោយដំណាក់កាល ប៉ុល ពត កម្ពុជាគ្មានអគ្គិសនីប្រើប្រាស់ទេ។ នៅទីក្រុងភ្នំពេញ សូម្បីតែផ្ទះខ្ញុំនៅវិមានឯករាជ្យ គឺយើងអត់មានភ្លើងសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញទេ ដោយសាររោងចក្រអគ្គិសនីទាំងអស់ត្រូវបានបំផ្លាញ … ផ្ទះខ្ញុំគឺដុតប្រេងកាត។ ធម្មតាប្រេងកាតមានអាផ្សែង។ និយាយរួម ខាងលើហ្នឹងខ្មៅទាំងអស់ ហើយមិនបាច់ចាំជូតទេ ទុកវានៅហ្នឹងតែម្ដងទៅ ព្រោះវាជូតថ្ងៃហ្នឹងស្អែកដដែល។ នេះវាជារឿងដែលយើងបានឆ្លងកាត់។ នេះអ្នកនៅទីក្រុងភ្នំពេញ។ អ្នកនៅបណ្តាខេត្ត ក៏កាន់តែយ៉ាប់ទៅទៀត។ យើងត្រូវដុតចន្លុះ។ យើងត្រូវដុតជ័រ យកពីដើមឈើ … ពេលនោះ អ្នកធ្វើចន្លុះលក់ដាច់ណាស់ ព្រោះមនុស្សគ្រប់ក្រុមគ្រួសារត្រូវការប្រើចន្លុះ។ បើបានអ្នកនៅក្បែរចម្ការកៅស៊ូ ហ្នឹងធូរបន្តិច ទៅចោះជ័រកៅស៊ូរួចហើយធ្វើវាទៅ។ ដុតវាទៅ។
សង្ស័យឆ្នាំនេះមិនរងាប៉ុន្មានទេ តែកន្លងទៅបានភ្លៀងរយៈពេលវែង
ខែនេះ ខែត្រី។ ធ្លាក់ខ្យល់ពីជើង។ ត្រីត្រូវហើយ។ ប៉ុន្តែឆ្នាំនេះ អត់ទាន់រងា។ មិនដឹងធ្វើម៉េចវា? តាមពិតខែនេះវាគួរតែថ្ងៃហ្នឹងថ្ងៃរងា។ ឆ្នាំនេះ ក្រសួងធនធានទឹក និងឧតុនិយម ព្រឹកមិញនេះក៏បានប្រាប់អំពីផ្លូវហោះ អំពីការដែលហោះមិនមានឧបសគ្គ។ កន្លែងខេត្តខ្លះ មានធ្លាក់ខ្យល់ពីជើងហើយចាប់រងា ក៏ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ កំពុងសង្ស័យថា ឆ្នាំនេះប្រហែលជាអត់មានរងាប៉ុន្មានទេ។ រងា ឬមិនរងា វាជារឿងមួយ ក៏ប៉ុន្តែ ឆ្នាំនេះ គឺភ្លៀងរយៈពេលវែង។ មុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានទស្សន៍ទាយថាសប្តាហ៍ទី ២ នៃខែវិច្ឆិកា បញ្ចប់រដូវវស្សា។ ក៏ប៉ុន្តែ ឥឡូវនេះ ទើបតែបញ្ចប់រដូវវស្សាពីម្សិលមិញនេះទេ ព្រោះនៅឯកោះកុងក៏ភ្លៀង នៅភ្នំពេញក៏ភ្លៀងដែរ។ តាមធម្មតាខែហ្នឹងខែការប្រពន្ធ។ ធ្លាក់ខ្យល់ពីជើង តើកម្លោះៗនឹកពីអី? អាហ្នឹងរឿងធម្មតាវាអញ្ចឹង។ ប៉ុន្តែ និយាយអញ្ចឹងសូមព្រះតេជព្រះគុណកុំអាលសឹកណា បន្តទៀតសិនកុំអាលសឹក។ ព្រះមេគណ មួយឆ្នាំសឹកប្រហែលប៉ុន្មានទៅព្រះតេជព្រះគុណ? អ្នកបួសក៏ចេះតែបួស អ្នកសឹកក៏ចេះតែសឹក ហើយសឹកទៅៗណា? អត់យូរអត់ឆាប់ទេការប្រពន្ធហើយកុំឆ្ងល់ពេក។ បើសិនជាមិនយកប្រពន្ធទេ ច្បាស់ជានៅបួសហើយ ប៉ុន្តែ ដល់ទៅសឹកហើយត្រូវតែយកប្រពន្ធហើយ។
ប្រជាជនកម្ពុជា ឆ្លងផុតស្ថានភាពដុតចន្លុះ ដុតជ័រ ដុតប្រេងកាត ខ្លាញ់ត្រី
ងាកទៅឃើញបង សឺយ កែវ … នៅចាំបានទេ យើងចេញពីព្រឹកអញ្ចឹង ចេញពីរតនគិរី ហើយមកស៊ីបាយនៅស្ពានស្រែពក។ ពេលហ្នឹងមានទាំង (យឹម) ឆៃលី នេះ យើងមកទីរួមខេត្តស្ទឹងត្រែង។ មកដល់ប្រជាពលរដ្ឋនៅទីរួមខេត្តស្ទឹងត្រែងនេះ គឺរង់ចាំទទួលយើង។ ក្នុងហ្នឹង (ខ្ញុំ)នៅចាំប្រពន្ធ លោកតា ស៊ីន ស៊ីសាមុត ដែលពួកគាត់ធ្វើពិធីចងដៃឱ្យយើង។ មកដល់ខាងហ្នឹងគេធ្វើពិធីចងដៃ។ កាលពេលហ្នឹងមួយចំនួនអត់ចង់ហ៊ានមកទេ។ ខ្ញុំដេញអ្នកខ្លាចងាប់ ទៅភ្នំពេញវិញតាមឧទ្ធម្ភាគចក្រ។ កាលហ្នឹងទៅចរចាជាមួយ សម្តេចព្រះនរោតម្ត សីហនុ។ ត្រឡប់មកវិញ ទៅខេត្តមណ្ឌលគិរី ចេញពីមណ្ឌលគិរី មករតនគិរី ហើយចេញពីរតនគិរី មកស្ទឹងត្រែងនេះ។ ពេលនោះ ឪពុកវះនៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែ កាលនោះទាក់ទងមិនដូចឥឡូវទេ។ ឥឡូវនេះ ត្រឹមតែប៉ុន្មានវិនាទី គឺបញ្ជូនព័ត៌មានដល់ទីក្រុងភ្នំពេញ សូម្បីតែកំពុងនិយាយផ្សាយបន្តផ្ទាល់ ហោចណាស់ទូរទស្សន៍ ៣ ឬ ៤ … កាលពេលនោះអត់ទេ ប្រើអាយកូម ៧៥១ ដើម្បីទំនាក់ទំនងនៅឯទីក្រុងភ្នំពេញឯណោះ។ ឪពុកខ្ញុំត្រូវវះប្រមាត់ គេសុំការអនុញ្ញាត ដើម្បីធ្វើការវះកាត់។ អញ្ចឹង ស្ថានភាពដ៏កម្សត់កម្រពីអតីតកាលរបស់យើងបានរំលងហើយ។ ស្ថានភាពដុតចន្លុះ ដុតជ័រ ដុតប្រេងកាត វាបានឆ្លងផុតពីប្រជាជនកម្ពុជាយើងរួចស្រេចទៅហើយ។
ផែនការគ្រោងទុកផ្នែកអគ្គីសនីមួយចំនួនមិនត្រូវ ដោយសារការវិវឌ្ឍលឿនពេក
ម្សិលមិញ ខ្ញុំបានហៅរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា កែវ រតនៈ មករាយការណ៍ឱ្យខ្ញុំ អំពីស្ថានភាពនៃការត្រៀមរៀបចំថ្លៃភ្លើង និងដំណើរការទៅមុខរបស់អគ្គិសនី មុននឹងខ្ញុំ ព្រះករុណាខ្ញុំមកកាន់ទីនេះ។ (សេចក្តីរាយការណ៍) បានបង្ហាញឱ្យឃើញអំពីតម្រូវការកាន់តែកើន។ ពេលដែលការវិនិយោគដ៏សន្ធឹកសន្ធាប់ចូលទៅខេត្តព្រះសីហនុ, ខេត្តព្រះសីហនុ ដែលមុននេះប្រើត្រឹមតែ ១០ ឬ ២០ មេហ្គាវ៉ាត់ ឥឡូវប្រើឡើងដល់ជាង ១០០ មេហ្គាវ៉ាត់។ សៀមរាបត្រឹមតែ ២០ ឬ ៣០ មេហ្គាវ៉ាត់ ឥឡូវនឹងឡើងទៅដល់ ១០០ មេហ្គាវ៉ាត់។ ដូច្នេះ ការគិតគូរអំពីបញ្ហាការអភិវឌ្ឍវិស័យអគ្គិសនី ត្រូវតែបំពេញ ដោយចំណែកបន្ថែមណាមួយនោះ។ ផែនការគ្រោងទុករបស់យើងមួយចំនួនមិនត្រូវទេ ដោយសារការវិវឌ្ឍលឿនពេក។ មុននោះ ខាងធនាគារពិភពលោកបានព្យាករថា នៅទីក្រុងភ្នំពេញនឹងមានកំណើនត្រឹម ១២% ប៉ុន្តែ លើការជាក់ស្តែង ការកើនឡើងនូវការប្រើប្រាស់អគ្គិសនីនៅទីក្រុងភ្នំពេញ បានលើស ២០%។ ថ្ងៃណាក៏ថ្ងៃកើនដែរ។ ហេតុអ្វីបានវាត្រូវកើន? (មាន)កំណើនក្នុងវិស័យផលិតកម្ម (ហើយ)សូម្បីតែក្នុងគ្រួសារប្រជាជនយើង និយាយតាមបែបសាមញ្ញ ក៏មានកំណើនដែរ។ ឧទាហរណ៍៖ ឥឡូវនេះ មិនដឹងថា ក្នុងប្រទេសរបស់យើងសម្លេងភ្លេងការប៉ុន្មានគូ? ក្នុងមួយប្រទេសរបស់យើងនេះ ថា ៥០០ គូទៅចុះ បើ ៥០០ គូ ត្រូវការ ៥០០ បន្ទប់ … ច្បាស់ណាស់ថា វាត្រូវការភ្លើង។ រៀបការនៅក្នុងសម័យនេះ ខុសពីសម័យមុន។ សម័យមុន គឺការមានអ្វីប្រើហ្នឹង។ ប៉ុន្តែឥឡូវនេះ គេត្រូវការរៀបចំបន្ទប់ គេត្រូវការដាក់ម៉ាស៊ីនត្រជាក់ យ៉ាងហោចណាស់ក៏កង្ហារដែរ។ បើសិនជាគ្មានអគ្គិសនីទេ វាក៏ត្រូវមានអាគុយ។ ដើម្បីបញ្ចូលអាគុយបាន វាត្រូវការភ្លើងទៀត។ នេះជាការវិវឌ្ឍនៅក្នុងប្រទេសរបស់យើង។
អគ្គិសនីមានអន្តរសកម្មច្រើនទៅវិស័យដទៃ
សុំបញ្ជាក់ថា ការបង្កើតបានវារីអគ្គិសនី កម្លាំងរហូតទៅដល់ ៤០០ មេហ្គាវ៉ាត់ វាបានដោះស្រាយបញ្ហាច្រើនណាស់ មានអន្តរសកម្មច្រើនណាស់ ដល់ការអភិវឌ្ឍរបស់ប្រទេស វាមិនមែនគ្រាន់តែជាបញ្ហាសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋទេ។ យើងត្រូវផ្គត់ផ្គង់ឱ្យទៅកសិកម្ម ទៅឱ្យការផលិតក្នុងវិស័យឧស្សាហកម្ម យើងត្រូវជម្រុញទៅឱ្យផ្នែកសេវា។ គ្រាន់តែផ្នែកសេវាត្រូវការធំណាស់។ ឥឡូវនេះ សួរថា សណ្ឋាគារកាំប៉ូឌីយ៉ាណាមួយ ត្រូវការប្រើប៉ុន្មានមេហ្គាវ៉ាត់ទៅ? បើយោងទៅលើអគារធំៗ ដូចជា អគារវឌ្ឍនៈ ហ្នឹង ១០ មេហ្គាវ៉ាត់។ អញ្ចឹងទេ តម្រូវការគ្រាន់តែកសាងអគារធំៗ ២០ ទាញយកភ្លើង ១០០ មេហ្គាវ៉ាត់ បាត់ទៅហើយ។ អញ្ចឹងទេ បានជាយើងមានត្រូវជម្រុញថែមទៀតនូវការអភិវឌ្ឍលើវិស័យអគ្គិសនី។ ពេលប្រជុំអន្តរជាតិនីមួយៗ តែងតែនិយាយ ទី ១. សន្តិសុខស្បៀង និងទី ២ សន្តិសុខថាមពល។ សន្តិសុខថាមពល រាប់ទាំងបញ្ហាទាក់ទងនឹងរឿងដែលយើងកំពុងតែធ្វើនេះ។ យើងកុំមើលទិដ្ឋភាពដាច់ដោយឡែក តែលើបញ្ហាអគ្គិសនី តែរឿងអគ្គិសនីនេះ វាមានអន្តរសកម្មទៅលើវិស័យពាក់ព័ន្ធ ទាក់ទងជាមួយនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កាត់បន្ថយភាពក្រីក្រ។ អគ្គិសនីនៅទីនេះ នឹងបង្កើតការងារយ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋរបស់យើង ដូចជាការជម្រុញឱ្យរោងចក្រ។ ១០០ រោងចក្រ តើ ១០០ រោងចក្រត្រូវដោះស្រាយការងារធ្វើឱ្យកម្មករប៉ុន្មានទៅ? ផលិតកម្មសម្រាប់ប្រើប្រាស់ក្នុងស្រុក និងផលិតកម្មសម្រាប់ការនាំចេញប៉ុន្មានទៅ?
បើយើងបន្តគិតតាមការគ្រោងទុកចាស់ នឹងអាចខ្វះអគ្គិសនីនៅឆ្នាំ ២០២០ និង ២០២១ មិនខាន
វារីអគ្គិសនីនេះ ត្រូវរុញទៅឱ្យផ្នែកសេវាកម្ម និយាយដោយឡែក គឺទេសចរណ៍ តើយើងត្រូវទទួលផលពីវិស័យទេសចរណ៍យ៉ាងណា? ត្រូវដោះស្រាយការងារឱ្យប្រជាពលរដ្ឋបានយ៉ាងណា? តាមរយៈវិស័យទេសចរណ៍នោះ ជម្រុញទៅដល់ការដាំដុះរបស់កសិករ ការចិញ្ចឹមសត្វរបស់កសិករ ដើម្បីផ្គត់ផ្គង់ទៅឱ្យទេសចរណ៍ ដែលខ្ញុំព្រះករុណាខ្ញុំ បាននិយាយកាលពីយប់ម្សិលមិញនៅកោះកុង។ យើងត្រូវបន្តការខិតខំលើរឿងនេះតទៅទៀត មិនទាន់ចប់ត្រឹមគម្រោងប៉ុណ្ណេះទេ។ មានសញ្ញាប្រកាសឱ្យយើងដឹងថា បើយើងមិនខិតខំបង្កើននូវអគ្គិសនី ហើយយើង(បន្ត)គិតតាមការគ្រោងទុកចាស់ យើងនឹងអាចខ្វះអគ្គិសនីនៅឆ្នាំ ២០២០ និង ២០២១ ជាក់ជាមិនខាន។ ដូច្នេះបានជារកវិធីយ៉ាងណាដើម្បីដោះស្រាយ។
អាជ្ញាធរអគ្គិសនី រកទុនរុញការផ្គត់ផ្គង់ទៅ ១២ មូលដ្ឋាន ដែលនៅប្រើអគ្គិសនីផលិតដោយឯកជន
ម្យ៉ាងទៀត ការបន្តបញ្ជូនខ្សែអគ្គិសនី ទៅតាមបណ្តាខេត្ត ទៅតាមកន្លែងនានា ត្រូវតែខិតខំធ្វើបន្ត។ ម្សិលមិញ ឯកឧត្តម កែវ រតនៈ បានប្រាប់ឱ្យខ្ញុំដឹងថា ឥឡូវ បណ្តាញជាតិបានគ្រប់គ្រងរហូតទៅដល់ ៩៦% ប៉ុន្តែនៅសល់ ១២ ចំណុច ដែលនៅប្រើប្រាស់អគ្គិសនីដែលឯកជនផលិត តម្លៃក្នុងចន្លោះជាង ២-៣ ពាន់រៀល/គីឡូវ៉ាត់ម៉ោង។ ដូច្នេះ បើទោះក្នុងតំបន់នោះយ៉ាងណាក៏ដោយ ក៏ត្រូវខិតខំរកវិធីពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដើម្បីរុញបណ្តាញជាតិទៅទីកន្លែងហ្នឹង។ ឯកឧត្តម ទី នរិន្ទ ដែលទើបនឹងចាកចេញពីអាជ្ញាធរអគ្គិសនី ឯណាអាជ្ញាធរថ្មី ត្រូវរកវិធីយ៉ាងម៉េចរកទុនរុញទៅរកកន្លែង ១២ មូលដ្ឋាន ដែលកំពុងខ្វះ ហើយដែលត្រូវផ្គត់ផ្គង់ដោយម៉ាស៊ីនរបស់ឯកជន ដែលតម្លៃប្រើប្រាស់ឡើងលើសពី ២-៣ ពាន់រៀល/គីឡូវ៉ាត់។ ចំណុចនេះ យើងត្រូវដោះស្រាយ ហើយគិតជាភាគរយ នៃភូមិដែលយើងបានដាក់ឱ្យប្រើប្រាស់ មានទៅដល់ក្នុងចំណោម ១២,៣០៥ ភូមិ។ ឥឡូវនេះ យើងមានភូមិចំនួន ១២,៣០៥ ភូមិ ត្រូវជា ៨៦,៨៥% នៃភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់ហើយ។
រកទុនពីចិន បន្តការផ្គត់ផ្គង់អគ្គិសនីនៅបណ្តាខេត្ត
អគ្គិសនីបានផ្គត់ផ្គង់ទៅដល់ហើយ។ អញ្ចឹងទេ យើងត្រូវបន្តការផលិតអគ្គិសនីដោយគ្មានបណ្តាញចែកចាយ មិនខុសពីការផលិតឡានដោយខ្វះផ្លូវបើកនោះទេ។ ដូច្នេះហើយបានជាយើងខិតខំណាស់ ដើម្បីតភ្ជាប់អគ្គិសនីពីទីក្រុងភ្នំពេញ ពីសេសានក្រោម ២ ទៅកាន់ទីក្រុងភ្នំពេញ។ តើយើងត្រូវធ្វើកិច្ចការអ្វីខ្លះ? ខ្ញុំព្រះករុណាខ្ញុំ បានខ្ចីលុយសាធារណរដ្ឋឥណ្ឌា ដើម្បីតភ្ជាប់បណ្តាញពីខេត្តស្ទឹងត្រែងទៅក្រចេះ ហើយយើងប្រើប្រាស់ក្រុមហ៊ុនឯកជនដើម្បីតបណ្តាញ ពីក្រចេះទៅកាន់កំពង់ចាម។ សម្រាប់ពីកំពង់ចាម ទៅកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនឯកជន តាមរយៈនៃការធ្វើ B.O.T ផងដែរ។ យើងត្រូវបន្តទៀត។ ឥឡូវបណ្តាញដែលយើងបានផ្គត់ផ្គង់រួចមកហើយមាន ២០ ខេត្ត លើ ២៥ ខេត្ត។ អញ្ចឹងត្រូវរកទុនដើម្បីបន្តទៅសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅបណ្តាខេត្ត ហើយទុនដែលយើងអាចរកបាន គឺពីចិន។
ទស្សនកិច្ចនៅចិនពេលខាងមុខ នឹងចរចាស្នើឥណទានកសាងបណ្តាញចែកចាយអគ្គិសនី
អញ្ចឹងទេ សូមជម្រាប ឯកឧត្តមអគ្គរដ្ឋទូតថ្មីផងថា ទស្សនកិច្ចខ្ញុំនៅពេលខាងមុខ ការចរចានឹងផ្តោតទៅលើការស្នើសុំឥណទានយ៉ាងគំហុកមួយដើម្បីតបណ្តាញអគ្គិសនី។ សុំជម្រាបទៅឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង និងឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាង ថា ក្រៅពីការកសាងផ្លូវថ្នល់ ទៅលើបញ្ហាការកសាងប្រឡាយទឹក យើងខ្ញុំត្រូវការនូវទុនដើម្បីកសាងនូវបណ្តាញចែកចាយអគ្គិសនី។ មិត្តចិនបានមកវិនិយោគវារីអគ្គិសនីទាំង ៧ ដែលយើងសម្ពោធអាទី ៧ នៅថ្ងៃនេះ គឺប្រភពទុនទាំងអស់មកពីចិន។ នេះជាគម្រោងរួម គម្រោងចំរុះ ប៉ុន្តែគម្រោង ៦ ផ្សេងទៀត គឺគម្រោងចិនទាំងអស់។ នៅក្នុងខេត្តកំពង់ស្ពឺមាន ២។ គិរីរម្យ ១ និងគិរីរម្យ ៣។ នៅកំពតមានកំចាយ។ ឯនៅកោះកុងមាន ៣ មានអាតៃ, ប្ញស្សីជ្រុំ និងតាតៃ។ ដូច្នេះ យើងត្រូវបន្តការខិតខំទៅលើរឿងនេះ។
អ្វីដែលគណបក្សប្រជាជនបានសន្យាមុនការបោះឆ្នោត ១៤ ថ្ងៃទៀត នឹងក្លាយទៅជាការពិត
អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ បានយកឱកាសនេះ ដើម្បីប្រកាសសាជាថ្មីម្តងទៀត ទៅលើបញ្ហាទាក់ទងនឹងការបញ្ចុះថ្លៃអគ្គិសនី សម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ហើយក៏ចេញបញ្ជាជាថ្មីម្តងទៀតសម្រាប់អាជ្ញាធរអគ្គិសនីកម្ពុជា ក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សាពីការបញ្ចុះថ្លៃអគ្គិសនីនៅឆ្នាំ ២០២១ និងចាប់ពីឆ្នាំ ២០២១ ទៅ។ យប់ម៉ិញនេះ ខ្ញុំព្រះករុណាខ្ញុំ បានមើលបទសម្ភាសន៍ រវាងអ្នកយកព័ត៌មាននៃទូរទស្សន៍ CNC ជាមួយនឹងប្រជាពលរដ្ឋ ដែលរស់នៅទីរួមខេត្តស្ទឹងត្រែង។ ពេលនោះ មានក្មួយស្រីម្នាក់ ដែលលក់ដូរថា ឥឡូវ តម្លៃអគ្គិសនីថោកជាងមុន ហើយបើសិនថោកបានជាងទៀត គឺកាន់តែល្អ។ អញ្ចឹង ថ្ងៃនេះ ថ្ងៃទី ១៧ នៅសល់តែ ១៤ ថ្ងៃទៀតទេ ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ ដើម្បីឱ្យទាំងអស់គ្នាយើងថា អ្វីដែលគណបក្សប្រជាជនបានសន្យាមុនការបោះឆ្នោត វានឹងក្លាយទៅជាការពិតនៅរយៈពេល ១៤ ថ្ងៃទៀត។
តម្លៃប្រើប្រាស់អគ្គិសនី ប្រភេទជាវពីអនុស្ថានីយ៍ ទ្វារចរន្តតង់ស្យុងខ្ពស់ និងមធ្យម
យើងបែងចែកជា ៤ ប្រភេទ នៃអ្នកប្រើប្រាស់។
ប្រភេទទី ១ អ្នកប្រើប្រាស់ធំៗគ្រប់ប្រភេទ ដែលទិញពីអនុស្ថានីយ៍ ក្នុងហ្នឹងទិញតាមទ្វារចរន្តតង់ស្យុងខ្ពស់ ដែលពេលបច្ចុប្បន្ននេះ កំពុងមានតម្លៃ ០,១២៤០$/គីឡូ វ៉ាត់ម៉ោង(៥០៣៛) និងចុះទៅ ០,១១៧០$/គីឡូវ៉ាត់ម៉ោង(៤៧០៛) នៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០ រក្សាតម្លៃនេះដដែល។
អ្នកទិញតាមទ្វារចរន្តតង់ស្យុងមធ្យម អនុស្ថានីយក្នុងភ្នំពេញ ដែលពេលនេះ កំពុងអនុវត្តតម្លៃ ០,១៤៧៥$/គីឡូវ៉ាត់ម៉ោង(៥៩៨៛) និងចុះទៅដល់ ០,១៣៥០$/គីឡូវ៉ាត់ម៉ោង(៥៤៧៛)។ នៅឆ្នាំ ២០១៩ និងនៅឆ្នាំ ២០២០ គឺ ០,១៣៣០$/គីឡូវ៉ាត់ម៉ោង(៥៣៩៛)។ បានសេចក្តីថាចុះបន្តិចបន្ថែមទៀត។
អ្នកទិញតាមទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ៍តាមខេត្ត ដែលពេលនេះកំពុងអនុវត្តថ្លៃ ០,១២៦០$/គីឡូវ៉ាត់ម៉ោង (៥១១៛) ឆ្នាំ ២០១៩ នឹងចុះដល់ ០,១២២០$/គីឡូវ៉ាត់ម៉ោង(៤៩៥៛) ហើយនៅឆ្នាំ ២០២០ តម្លៃនៅរក្សាដដែល។
តម្លៃប្រើប្រាស់អគ្គិសនី ប្រភេទទី ២ ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម
ផ្នែកទី ២ អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម ដែលទិញតាមខ្សែបញ្ជូនរង និងតាមខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ ពេលនេះកំពុងអនុវត្ត ០,១៦៥០$/គីឡូវ៉ាត់ម៉ោង(៦៧៦៛) នៅទីក្រុងភ្នំពេញ និង០,១៦៤០$/ គីឡូវ៉ាត់ម៉ោង(៦៧២៛) នៅតាមខេត្ត នឹងចុះទៅ ០,១៤៧០$/គីឡូវ៉ាត់ម៉ោង(៥៩៥៛) នៅឆ្នាំ ២០១៩ និងទៅដល់ ០,១៤៦០$/គីឡូវ៉ាត់ម៉ោង(៥៩២៛)នៅឆ្នាំ ២០២០។ ចំណុចទាំងពីរនេះ ជាការតថ្លៃរវាង(ភាគីពាក់ព័ន្ធ ទាក់ទងនឹង)ប្រាក់ឈ្នួលកម្មករ។ ថៅកែរោងចក្របានអស់កម្រិតនៅត្រឹម ១៧៧ ដុល្លារ សហរដ្ឋអាមេរិក/ខែ សម្រាប់កម្មកររបស់យើង។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជា រាជរដ្ឋាភិបាលចង់ឱ្យបៀវត្សអប្បបរិមារបស់យើងឡើងទៅដល់ ១៨២ ដុល្លារ។ បើអញ្ចឹងម្ចាស់ក្រុមហ៊ុននានាបានតថ្លៃថា បើរដ្ឋចុះថ្លៃមកដល់ប៉ុណ្ណឹងគេសុខចិត្តឡើងដល់ ១៨២(ដុល្លារ)។ អញ្ចឹង បានជាយើងត្រូវបាត់បង់នូវថវិកា ៥០ លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីឱ្យប្រាក់ទាំងនោះបានទៅដល់ដៃកម្មករឯណោះវិញទេ។ ឧស្សាហកម្មរបស់យើងនឹងមានការប្រកួតប្រជែងជាមួយនឹងឧស្សាហកម្ម នៃប្រទេសដទៃតាមរយៈការទម្លាក់ថ្លៃ។
តម្លៃប្រើប្រាស់អគ្គិសនី ប្រភេទទី ៣ ក្នុងពាណិជ្ជកម្ម និងរដ្ឋបាល
ប្រភេទទី ៣ អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម និងរដ្ឋបាល ដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យម ពេលនេះកំពុងប្រើ ០,១៦៥០$/គីឡូវ៉ាត់ម៉ោង(៦៧៦៛) នៅទីក្រុងភ្នំពេញថ្លៃជាងបន្តិច នៅតាមខេត្ត ០,១៦៤០$/គីឡូវ៉ាត់ម៉ោង(៦៧២៛) នឹងចុះទៅដល់ ០,១៥៩០$/គីឡូវ៉ាត់ម៉ោង(៦៤០៛) នៅឆ្នាំ ២០១៩ នឹងបន្តចុះទៅដល់ ០,១៥៨០$/គីឡូវ៉ាត់ម៉ោង(៦៤០៛) នៅឆ្នាំ ២០២០។ សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់តាមលំនៅដ្ឋាន ខ្ញុំគិតថា អ្នកទាំងឡាយដែលនៅទីនេះ កំពុងរង់ចាំស្តាប់ ព្រោះថាអ្នកខាងលើអម្បាញ់មិញ សុទ្ធតែអ្នកប្រើធ្វើអាជីវកម្មជារោងចក្រ ជាសហគ្រាស ជាសណ្ឋាគារស្អីៗ ប៉ុន្តែ អ្នកដែលចង់ស្តាប់ជាងគេ អ្នកប្រើប្រាស់តាមផ្ទះដែលរាប់លានអ្នកប្រើប្រាស់ ហើយបានទទួលផលប្រយោជន៍។
តម្លៃប្រើប្រាស់អគ្គិសនី ប្រភេទទី ៤ តាមលំនៅដ្ឋាន
ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ គឺប្រភេទទី ៤ ប្រជាពលរដ្ឋប្រើប្រាស់ជាប្រភេទលំនៅដ្ឋាន។ លំនៅដ្ឋានដែលប្រើពី ១-១០ គីឡូវ៉ាត់/ខែ ដែលបច្ចុប្បន្នតម្លៃ ៤៨០៛ និងចុះទៅដល់ ៣៨០៛ នៅឆ្នាំ ២០១៩ និងឆ្នាំ ២០២០។ លំនៅដ្ឋានដែលប្រើពី ១១-៥០ គីឡូវ៉ាត់/ខែ ដែលពេលនេះប្រើ ៦១០ រៀល ឆ្នាំ ២០១៩ និងឆ្នាំ ២០២០ នៅសល់ ១៤ ថ្ងៃទៀត គឺនឹងចុះទៅដល់ ៤៨០៛/គីឡូវ៉ាត់។ ឥឡូវ បានផល ឬមិនបានផល? ពីដើមបង់ឱ្យគេដល់ទៅ ៦១០៛ ឥឡូវបង់តែ ៤៨០៛។ រឿងអីមិនចំណេញ។ ហ្នឹងគឺអ្នកដែលប្រើប្រាស់។ ចូលដល់លានអ្នកប្រើប្រាស់ក្រោម ៥០ គីឡូវ៉ាត់/ខែ។ អ្នកប្រើប្រាស់ចាប់ ៥១-២០០ គីឡូវ៉ាត់/ខែ ដែលពេលនេះនៅទីក្រុងភ្នំពេញប្រើ ៧៧០៛ នៅតាមខេត្តប្រើ ៧២០៛ គីឡូវ៉ាត់/ខែ នឹងចុះទៅដល់ឆ្នាំ ២០១៩ និង ២០២០ ៦១០៛។ នេះផលពិត មានភ្លើងលក់ឱ្យ មិនមែនសន្យាខ្យល់។ លំនៅដ្ឋានដែលប្រើលើស ២០០ (គីឡូវ៉ាត់) គឺធុនដូចខ្ញុំ, គិត ម៉េង, ជា សុផារ៉ា, យឹម ឆៃលី សុទ្ធតែ ២០០ (គីឡូវ៉ាត់) ឡើងលើ ដែលពេលនេះ ត្រូវបង់ ៧៧០៛ នៅទីក្រុងភ្នំពេញ និង ៧៥០៛ នៅតាមខេត្ត និងត្រូវបង់នៅឆ្នាំ ២០១៩ ៧៤០៛ និង ២០២០ ចំនួន ៧៣០៛។ លោកឯងប្រើច្រើន បង់ច្រើនទៅ។ កុំទើសទាល់អី។ នាំគ្នាប្រើទៅ។ អញ្ចឹងទេ នេះជានយោបាយគាំទ្រអ្នកក្រ។ សូមអ្នកមានកុំច្រណែន។ អ្នកប្រើធុនហ្នឹងមានប្រហែលប៉ុន្មានភាគរយទេ ប្រហែលជា ១០,១% ទេ យើងថាបន្ដិចទៀតកើនដល់ ១០,២ % ចុះ ព្រោះបន្ដិចទៀតអ្នកមានកាន់តែច្រើនហើយ។ អញ្ចឹង ជួយបង់ថ្លៃភ្លើងច្រើនបន្ដិចមក ដើម្បីយើងយកអាហ្នឹងទៅប៉ះប៉ូវជួយអ្នកក្រឯណោះវិញ។ នេះហើយដែលគេហៅថា នយោបាយចែករំលែក គឺអ្នកប្រើច្រើន ហើយអ្នកមាន យើងចុះបន្ដិចបានហើយ ដល់ទៅសម្រាប់ក្រចុះដល់រយ។ ប៉ុន្ដែ សម្រាប់អ្នកមានចុះត្រឹមសិបទេ។
តម្លៃប្រើប្រាស់អគ្គិសនី ប្រភេទទី ៥ ការបូមទឹកក្នុងវិស័យកសិកម្ម
ឥឡូវ និយាយពីការបូមទឹកក្នុងវិស័យកសិកម្ម ពីម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក គឺត្រូវបង់ ៤៨០៛ ពេលនេះយើងនៅបន្ដបង់ ៤៨០៛ បន្ដទៀត។ សូមឱ្យផ្នែកកសិកម្ម និងបច្ចេកទេសទាក់ទងនឹងឧស្សាហកម្ម បង្រៀនប្រជាពលរដ្ឋប្រើប្រាស់ម៉ូទ័របូមទឹក ជាជាងប្រើម៉ាស៊ីនបូមទឹក ដែលប្រើប្រេងឥន្ធនៈដ៏លំបាក។ អញ្ចឹងទេ ពេលថ្ងៃនាំគ្នាសំរាក ពេលយប់បូមទឹក បានសេចក្ដីថា ភ្លើងប្រើពេលថ្មើរហ្នឹងដល់យប់ចាប់ពីម៉ោង ៩ ឬ ១០ ហ្នឹងសល់ច្រើន។ ដល់ចាប់ពីម៉ោង ៩ ដល់ម៉ោង ៧ ព្រឹក និយាយរួមថាក្បែរភ្លឺចុះ យើងបូមពេលហ្នឹង បូមដាក់បំពេញប្រឡាយរបស់យើង ហើយព្រឹកឡើងទាញពីប្រឡាយដាក់ក្នុងស្រែ។ អញ្ចឹងទេ នេះជាផលចំណេញក្នុងវិស័យកសិកម្មរបស់យើង។
ខ្ញុំព្រះករុណាខ្ញុំ ឆ្លៀតយកឱកាសនេះ ដើម្បីផ្ដល់ជាអនុសាសន៍ដល់កសិកររបស់យើងមួយចំនួន ដែលនៅតំបន់មានប្រឡាយមេ និងប្រឡាយរង គប្បីរួមគ្នាដែលពីមុននេះមានម៉ាស៊ីនបូមទឹកមួយម្នាក់ៗ ប៉ុន្ដែម៉ាស៊ីនបូមទឹកត្រូវបូមពីចម្ងាយទៅមិនរួចទេ។ អញ្ចឹងទេ យើងអាចរួមគ្នាទិញជាម៉ូទ័រ ហើយបង្កើតតំបន់តភ្ជាប់អគ្គិសនី ដើម្បីបូមទៅដាក់ប្រឡាយមេ ដែលនៅជាប់ប្រឡាយមេ ឬប្រឡាយរង ដែលនៅជាប់នឹងស្រែរបស់យើង។ សាមគ្គីគ្នាបូមទឹកដាក់បញ្ចូលក្នុងប្រឡាយធំ ព្រលឹមឡើង ឬក្បែរភ្លឺ នាំគ្នាបន្ដបញ្ចូលក្នុងស្រែ។ នេះជាវិធីនៃការរួបរួមគ្នា ដើម្បីបង្កបង្កើនផលក្នុងវិស័យកសិកម្ម។ អញ្ចឹង ត្រូវឱ្យអគ្គិសនីដើរមួយជំហានមុន ដើម្បីរុញការរីកលូតលាស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្ម សេវា និងវិស័យដទៃទៀត។
តម្លៃប្រើប្រាស់អគ្គិសនី ប្រភេទទី ៦ តាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព
ចុងក្រោយ ប្រភេទទី ៦ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាពនៅជនបទ ពេលនេះប្រើ ៧៧០៛ នៅឆ្នាំ ២០១៩ និង២០២០ ប្រើ ៦១០៛។ ហេតុអីបានត្រូវថ្លៃជាងប្រជាពលរដ្ឋទៅទៀត? មកពីគេយកលុយរដ្ឋមកទូទាត់ឱ្យរដ្ឋវិញដដែលហ្នឹង។ និយាយអញ្ចេះឆាប់ចប់។ មន្ទីរពេទ្យ សាលារៀន មិនយកលុយរដ្ឋទៅធ្វើ? អញ្ចឹងបង់ឱ្យថ្លៃបន្ដិចមក ព្រោះយើងចំណាយលើវិស័យអប់រំ សង្គមកិច្ច។ អញ្ចឹង សង្គមកិច្ចយកលុយហ្នឹងមកបង់វិញ។ អញ្ចឹងទេ បានគេដាក់ជាសំណួរថា ហេតុអីមន្ទីរពេទ្យ សាលារៀនបែរជាប្រើភ្លើងថ្លៃជាងប្រជាពលរដ្ឋ ដែលប្រើត្រឹមតែ ៣៨០៛, ៤៨០៛ ឬ ៦១០៛ ស្មើនឹងលំនៅដ្ឋាន ៥០ គីឡូវ៉ាត់។ លុយហោប៉ៅលើ យកមកដាក់ហោប៉ៅក្រោម។ លុយរដ្ឋដដែល ដើម្បីមានតុល្យភាពបញ្ហាថវិកា។
កោតសរសើរចំពោះគ្រប់អ្នកពាក់ព័ន្ធ
ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងការកោតសរសើរចំពោះអ្នកពាក់ព័ន្ធទាំងអស់។ ត្រូវនិយាយអ្នកពាក់ព័ន្ធទាំងអស់ សារបានដូចបានរៀបរាប់ម៉ិញ តាំងពីជំនាន់យើងត្រូវបញ្ចៀស មុនមិត្តចិនជួយកសាងផ្លូវជាតិលេខ ៧៨ ដើម្បីតភ្ជាប់ខេត្តស្ទឹងត្រែង ទៅរតនគិរី យើងត្រូវបង្វែរការតភ្ជាប់របស់យើង ពីតំបន់ទន្លេស្រែពក កន្លែងដែលយើងស៊ីបាយ បង សឺយ កែវ កន្លែងហ្នឹងលិចបាត់ហើយ? ចុះបើមិនលិច យើងធ្វើម៉េចធ្វើវារីអគ្គិសនីបាន? យើងត្រូវពង្វាង។ ហើយផ្លូវនឹងបានប្រើប្រាស់រួចមកហើយ។ យើងបានសិក្សាហ្មត់ចត់ ដើម្បីបានវារីអគ្គិសនីមួយនេះ។ ឥឡូវនេះ នៅតំបន់ឦសាន ស្ទឹងត្រែងរបស់យើងនេះ មិនមែនជាតំបន់ឯកាទៀតទេ។ ពីមុនមានភាសាដូចគ្នាៗ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង មានភាសាដូចៗគ្នាទាំងអស់ បានជាមានពាក្យគេថា “ស្ទឹងត្រែងដីស្អិត ចិត្តមិនចង់ទៅ ហើយបើទៅហើយមិនចង់ត្រឡប់ទេ”។ មិនចង់ត្រឡប់ មិនបានសេចក្ដីថា មានប្រពន្ធថ្មី ឬសង្សារថ្មី នៅខេត្តស្ទឹងត្រែងនោះទេ ក៏ប៉ុន្ដែ ស្ទឹងត្រែងអត់ផ្លូវដើរ។ ផ្លូវវាខូចអស់។ ទម្លាក់គ្រាប់បែកតាំងពីឆ្នាំ ១៩៧០ ហើយគ្រាន់តែយើងធ្វើផ្លូវពីក្រចេះ មកកាន់ស្ទឹងត្រែងរបស់យើងលំបាកណាស់។ ទៅដល់រតនគិរី ក៏មានភាសាហ្នឹងដែរ។ រតនគិរីដីស្អិត ចិត្តមិនចង់ទៅ ហើយបើទៅហើយអត់ចង់មកវិញទេ ព្រោះមកវិញយ៉ាងម៉េច បើទៅលេងពួយសុទ្ធតែមួយអាទិត្យ ឬកន្លះខែឯណោះ ហើយទៅឆ្លងព្រំដែនវៀតណាមឯណោះ។ ជួនកាលខ្ចីដីវៀតណាមឆ្លងកាត់។ បើនៅមណ្ឌលគិរី អាហ្នឹងគឺច្បាស់ហើយ ឆ្លងកាត់រហូតទៅដល់អ្នកខ្លះទៅធ្វើសំចតនៅហូជីមិញ …។
ទី ១ អត់មានខ្មែរក្រហមបាញ់ ទី ២ ស្ពានបេតុងឆ្លងហើយ មន្រ្តីខេត្តគ្មានលេសខកដំណើរមកប្រជុំ
និយាយរឿងហ្នឹងបន្តិច បង្អាប់ប្រុសៗបន្តិច ប៉ុន្តែ មិនមែនប្រុសខ្ញុំទេណា។ ព្រះតេជព្រះគុណអើយ! ពេលដែលហៅទៅប្រជុំ បើថាអ្នកកំពង់ចាម អ្នកក្រចេះ ជាពិសេស អ្នកកំពង់ចាម និងកំពង់ធំ ហៅទៅប្រជុំ គាត់ទៅអត់ដល់ភ្នំពេញ … យកហេតុផលនេះ/នោះ ១០០ ជំពូក។ ដល់ទៅត្រឡប់ពីភ្នំពេញទៅខេត្តវិញ គាត់អត់ទាន់ទៅដល់ផ្ទះទេ ព្រោះនៅក្បែរស្វាយប៉ាកសិន។ រឿងវាអញ្ចឹង។ ប៉ុន្តែ ឥឡូវនេះ គ្មានហេតុផលទេណា។ ពីដើមគាត់យកលេសថា សាឡាងព្រែកក្តាមអត់ឆ្លង អញ្ចឹង គាត់ត្រឡប់ទៅវិញ ត្រឡប់មិនព្រមចូលភ្នំពេញ ចូលស្វាយប៉ាក(ទៅវិញ)។ នេះគឺជារឿងមន្រ្តីតាមខេត្តមួយចំនួន។ ប៉ុន្តែ ឥឡូវគ្មានហេតុផល(បែបនេះទៀត) ទី ១ អត់មានខ្មែរក្រហមបាញ់ទៀតទេ អស់លោកកុំមកភូត។ ទី ២ សុទ្ធតែស្ពានបេតុង ឆ្លងតាមណាក៏បានដែរ។ បើអ្នកសៀមរាប បន្ទាយមានជ័យ ឬបាត់ដំបងទៅមិនរួច កប៉ាល់ហោះពីភ្នំពេញ ចុះសៀមរាប រួចហើយខ្លះចេញពីសៀមរាបខ្លួនឯង តទៅឧត្តរមានជ័យ តទៅបាត់ដំបង ខ្លះវិលមកកំពង់ធំពីសៀមរាបវិញក៏បានដែរ។ អញ្ចឹងទេ អត់មានហេតុផលថាអញ្ចេះអញ្ចុះទេ។ ខ្ញុំព្រះករុណាខ្ញុំ ដូចជានិយាយច្រើនហើយ ក៏ប៉ុន្តែ គួរតែត្រូវបញ្ជាក់។
គ្មានគម្រោងណាមួយរបស់ចិនផ្អាក ឬពន្យារពេល កំឡុងពេលវិបត្តិសេដ្ឋកិច្ចសកល
អរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជម្រុញឱ្យក្រុមហ៊ុនចិនមកវិនិយោគ។ ខ្ញុំសូមបញ្ជាក់ថា នៅពេលដែលវិបត្តិសេដ្ឋកិច្ចបានមកដល់ឆ្នាំ ២០០៨ ខ្ញុំមានការកង្វល់ណាស់ថា តើគម្រោងទាំងប៉ុន្មានរបស់មិត្តចិនត្រូវធ្វើនៅកម្ពុជា ទាំងការកសាងផ្លូវថ្នល់ ស្ពាន និងគម្រោងវិនិយោគ តើអនុវត្តបានឬអត់? ក្នុងពេលដែលប្រទេសមួយចំនួនមានតម្រូវការផ្គត់ផ្គង់ទុនក្នុងប្រទេស។ ប៉ុន្តែ គ្មានគម្រោងណាមួយរបស់ចិនត្រូវបានផ្អាក ឬពន្យារពេលនោះទេ ផ្ទុយទៅវិញ គឺគម្រោងទាំងនោះបានអនុវត្តទាំងអស់។ នៅយើងនេះ ផ្លូវជាតិលេខ ៧ តភ្ជាប់ក្រចេះមកស្ទឹងត្រែង ពីស្ទឹងត្រែងទៅរតនគិរី ពីស្ទឹងត្រែងទៅព្រំដែនឡាវ ធ្វើស្ពានឆ្លងកាត់ទន្លេសេកុង និងភ្ជាប់ទៅព្រំដែនឡាវ។ មួយខ្សែទៀតជាផ្លូវថ្មី ដែលទើបនឹងប្រសិទ្ធនាមថា ផ្លូវជាតិលេខ ៩ ត្រូវបានសាងសង់នៅក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលតភ្ជាប់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីភ្ជាប់រវាងខេត្តស្ទឹងត្រែង ជាមួយនឹងខេត្តព្រះវិហារ។ តើអ្នកខេត្តស្ទឹងត្រែង ឬព្រះវិហារ ឬប្រជាជនកម្ពុជា(ដែល)ស្រមើស្រមៃថា វាកើតនូវអ្វីនៅលើទឹកដីកម្ពុជាទេ? ប្រហែលជាសូម្បីតែយល់សប្តិក៏វាមិនដែលមានផង …។
តម្រូវការបន្ទាន់ គឺការកសាងបណ្តាញអគ្គិសនី ដើម្បីគ្របដណ្តប់ ១០០% នៃភូមិទូទាំងប្រទេស
អញ្ចឹងទេ ថ្ងៃនេះ អាចមានមនុស្សមួយចំនួន ធ្វើដំណើរត្រឡប់ទៅវិញតាមខេត្តក្រចេះ ប៉ុន្តែ មួយចំនួនត្រូវធ្វើដំណើរទៅតាមខេត្តព្រះវិហារ ចេញទៅកំពង់ធំ ចេញទៅភ្នំពេញ។ ផ្លូវល្អជាងខាងក្រោមនេះផង ព្រោះខ្ញុំធ្លាប់ទៅហើយ។ បើទៅតាមហ្នឹង ទៅតាមព្រះវិហារ ធ្វើដំណើរតាមផ្លូវ និងស្ពានរបស់មិត្តចិនជួយកសាងទាំងអស់ រហូតចូលដល់ទីក្រុងភ្នំពេញ។ ផ្លូវលេខ ៦ ចិនជាអ្នកធ្វើដែរ ៦A ក៏ចិនធ្វើដែរ ផ្លូវលេខ ៩ ក៏ចិនធ្វើដែរ។ អញ្ចឹងទេ អរគុណណាស់។ ប៉ុន្តែ អត់ទានគ្រប់ទេ សូមរៀបចំកិច្ចព្រមព្រៀងឱ្យច្រើនបន្តិច ខ្ញុំទស្សនកិច្ចនៅពេលខាងមុខនេះ នឹងចុះហត្ថលេខា ប៉ុន្តែ សូមឯកឧត្តមអគ្គរដ្ឋទូតជួយជម្រាបទៅស្ថាប័នពាក់ព័ន្ធរបស់ចិនថា កម្ពុជាមានតម្រូវការក្នុងភាពបន្ទាន់របស់វា គឺការកសាងបណ្តាញអគ្គិសនីដើម្បីគ្របដណ្តប់ ១០០% នៃភូមិទូទាំងប្រទេស។ ហើយខេត្ត ៥ ផ្សេងទៀត ដែលមិនទាន់មានខ្សែមាំទាំ ត្រូវធ្វើឱ្យបានហ្មត់ចត់អំពីបញ្ហានេះ។ យើងត្រូវពន្លឿនការងារដែលយើងត្រូវធ្វើ។
រៀបចំ និងសិក្សា(បញ្ចុះ)ថ្លៃអគ្គិសនីសម្រាប់ ២០២០-២០២៥ ពីពេលនេះទៅ
ប៉ុណ្ណឹងបានហើយ។ ព្រះតេជព្រះគុណ មួយគ្រែនេះ នេះហាក់ដូចជាផ្នែកមួយ នៃសេចក្តីថ្លែងការណ៍ចុងឆ្នាំ ពាក់ព័ន្ធនឹងវិស័យអគ្គិសនី។ ប៉ុន្តែ សូមរំលឹកណា តម្លៃអគ្គិសនីដែលនិយាយគ្នាអម្បាញ់ម៉ិញ គឺជាតម្លៃត្រឹមឆ្នាំ ២០១៩ និង ២០២០ ទេ។ ត្រូវសិក្សាដើម្បីត្រៀមរៀបចំតម្លៃឆ្នាំ ២០២១-២០២៥។ សូមអះអាងជូនប្រជាពលរដ្ឋថា ឱ្យសិក្សា មិនមែនឱ្យសិក្សាតម្លើងថ្លៃទេ គឺឱ្យសិក្សាចុះថ្លៃ។ សូមបញ្ជាក់ន័យនៅកន្លែងហ្នឹង។ តិចភ័ន្តច្រឡំកន្លែងហ្នឹង។ ព្រោះអ្នកខូច គេហៅថា ព័ត៌មានបំភ្លៃ ព័ត៌មានខូច គឺពូកែណាស់ លោក ហ៊ុន សែន ឱ្យសិក្សាហ្នឹង មុខតែក្រោយ ២០២០ ហ្នឹង ឡើងថ្លៃហើយ។ តែនេះយល់ន័យឱ្យច្បាស់ សិក្សាបញ្ចុះថ្លៃអគ្គិសនី ចាប់ពីឆ្នាំ ២០២១-២០២៥ មិនមែនឱ្យឡើងថ្លៃទេ។
ហើយសូមអរគុណផងដែរ និងសូមផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានមកតាំងទីលំនៅថ្មី ហើយខ្ញុំសូមស្នើឱ្យអាជ្ញាធរខេត្ត ក៏ដូចជា ផ្នែកពាក់ព័ន្ធ តាមជួយមើលបងប្អូននេះ ក្នុងការបង្កបង្កើនផលលើដីថ្មីរបស់ពួកគាត់។ ឥឡូវនេះ អ្នកដែលយើងបានចងដៃប៉ុន្មានគូនោះ គេបានកូនប៉ុន្មានហើយ? មានមកនៅហ្នឹងទេ? កាលនោះដូចជាចងដៃ ៤ គូ។ អម្បាញ់មិញនេះ ជួបក្មួយស្រីម្នាក់ ឈ្មោះពិតមិនដឹងអីទេ តែហៅក្រៅ មីកញ្ច្រៀចៗ មិញនេះបានជួប។ កាលលើកមុនក៏បានជួបដែរ គេយកឪពុកទៅឃុំ និងសម្លាប់ តាំងពីមីកញ្ច្រៀចនេះមិនទាន់កើតម្ល៉េះ។ ខ្ញុំនៅចាំបានថា រដូវទឹកឡើងនៅឆ្នាំ ១៩៧៤ គេបានប្រមូលដែលទៅសិក្សានៅភាគខាងជើងវៀតណាម ប្រមូលយកមកទុកនៅដំរីផុង បន្ទាប់ទៅសម្លាប់នៅដំរីផុងរបស់ឆ្លូង។ គេសម្លាប់តាំងពីពេលនោះ។ ហ្នឹងហើយ ដែល(ជាផ្នែកមួយ)នៅក្នុងរឿងនិទាន កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី ទាក់ទងនឹងរឿងមេបញ្ជាការមួយឱ្យមេបញ្ជាការមួយទៀតឈ្មោះ សំរេច ទៅរកមាន់ស៊ីទាំងយប់។
រឿង តាឡុង ចង់មាន់ស្ងោរ
ខ្ញុំដំណាលរឿងបន្តិចទៅចុះ អ្នកដែលហត់ គឺអ្នកឈរនិយាយទេ។ ប៉ុន្តែ យូរៗបានមកខេត្តស្ទឹងត្រែងម្តង។ មួយឆ្នាំបានមកម្តងដែរ។ ឆ្នាំ ២០១៦ មកបាន ២ ដង។ (ឆ្នាំ) ២០១៧ (មកបាន) ១ ដង។ ពេលដែលទឹកជំនន់វាយលុកលើអ្នកស្ទឹងត្រែង ខ្ញុំតាមដានជាប់ រាប់ទាំងការបាក់ទំនប់ពីឡាវមកដែរ។ ឥឡូវ អនុញ្ញាតឱ្យខ្ញុំនិយាយអាកន្លែងហ្នឹងបន្តិច។ វាជារឿងកំប្លែងមួយ ក៏ប៉ុន្តែវាជារឿងមួយដែលបានកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំព្រះករុណាខ្ញុំ។ ជានាយទាហាននៃកងទ័ពពិសេស ក្រៅពីកិច្ចការទាក់ទងនឹងការស៊ើបការនានារួចហើយ ត្រូវមកគូរផែនទី។ ខ្ញុំព្រះករុណាខ្ញុំនេះជាគ្រូផែនទីទៅទៀត។ ក្រៅពីគូរផែនទី ប្រើផែនទីខ្លួនឯង ត្រូវទៅបង្រៀនតាមសាលា និងបង្រៀនតាមអង្គភាព អំពីការគូរផែនទី និងរៀនប្រើប្រាស់ផែនទី ត្រីវិស័យ និងកែវយិត។ ឪពុករបស់ក្មួយស្រី (គាត់)ជាមេបញ្ជាការរបស់ខ្ញុំ ហើយគាត់ប្រើប្រាស់តែខ្ញុំហ្នឹង ចូលសមរភូមិក៏គាត់ឱ្យខ្ញុំជាអ្នកដោះមីនបានគាត់ទុកចិត្ត។ គាត់ឱ្យយើងទៅងាប់។ ប៉ុន្តែធម្មតាទេ យើងធ្វើទាហាន ទោះបីយ៉ាងម៉េចក៏ដោយ យើងត្រូវតែហ៊ានទទួលខុសត្រូវ។ យុទ្ធជនរាវទៅមុខគាត់មិនទុកចិត្ត គាត់ឱ្យខ្ញុំរាវ ព្រោះដៃខ្ញុំវាស្រាល។ ប៉ុន្តែ វាមិនងាប់ដែរ រស់ដល់ថ្ងៃនេះ ជួយប្រជាជនបានមួយប្រទេស។
ស៊ើបការបានហើយ មកគូរផែនទី ដើម្បីត្រៀមរៀបចំការវាយលុក សម្រាប់បន្ទាយទីតាំងមួយ។ មានមិត្តភក្តិខ្ញុំម្នាក់ឈ្មោះ សុជាតិ គូរផែនទីជាមួយគ្នា តាំងពីម៉ោងប្រហែលជា ២ (រសៀល) រហូតដល់ម៉ោងប្រហែលជា ៩ យប់។ ស្រាប់តែ តាឡុង ពីដើមឱ្យតែអ្នកពាក់កាំភ្លើងខ្លី គេហៅតាទាំងអស់ រាប់ទាំងខ្ញុំដែរគេហៅតា ហើយពេលហ្នឹងទើបនឹងដើមឆ្នាំ ប្រហែលជា មីកញ្ច្រៀច ចាប់កំណើតហើយ។ ក្មួយស្រីហ្នឹងចាប់កំណើតហើយ។ យើងកំពុងតែគូរផែនទី គាត់ឃ្លានមាន់ស្ងោរ។ អញ្ចឹងទេ ខ្ញុំឱ្យនីរសារខ្ញុំទៅរកទិញមាន់។ មួយភូមិរកទិញមាន់អត់បាន។ ពេលហ្នឹងគេមិនហៅអ្នកការពារទេ គេហៅនីរសារ។ នីរសារខ្ញុំប្រាប់ថាមាន់ តាឡុង ក្រាបពងនៅក្រោយ។ អញ្ចឹងទេ ខ្ញុំជាមួយ សុជាតិ ខ្សឹបៗគ្នា ចុះម៉ោងប៉ុណ្ណឹងទៅហើយ បើគាត់ទារអញ្ចឹង ឥឡូវធ្វើម៉េច? គាត់ចូលសម្រាកហើយនឹងណា …។
រកមាន់វាមិនបាន ម៉ោងប្រហែល ១០ ទៅហើយ ឱ្យនីរសារចាប់មាន់ តាឡុង ហើយខ្ញុំអត់ចេះអារកមាន់ទេ ប៉ុន្តែចេះបោច ចេះដាំទឹក ចេះដាំបាយ។ គេយកមាន់មក។ គេអារក គេស្រុះ គេបោច ហើយខ្ញុំក៏ទៅជួយបោចមាន់។ តាឡុង ចេញមកស្លៀកសារុង ស្រាប់តែអង្គុយ។ សែន មាន់ហ្នឹងដូចមាន់អញ? ខ្ញុំថា បង មាន់មួយភូមិរមែងមានរោមដូចគ្នា? គាត់មិនអស់ចិត្ត គាត់ទៅយកពិលគាត់ចូលទៅទ្រុងមាន់។ ទៅដល់គាត់ថា អញថាមាន់អញ មាន់អញមែន។ ខ្ញុំសើចចង់រឹងពោះ។ ដល់អញ្ចឹងស្រាប់តែគាត់បាត់មាត់ឱ្យឈឹងតែម្តង។ អាពេលហ្នឹងបាយជិតជាត់ហើយ។ ស្រាប់តែគាត់លេងយកសារុងដាក់ពងមាន់។ គាត់ថា បើបានជាស៊ីមេហើយ បង្ហើយទាំងពងបណ្តោយ។ យកពងមាន់មកស្ងោរបណ្តោយ។ ហ្នឹងមួយរឿងទៅ។ និយាយអញ្ចឹង លោកយាយ/តា កុំរិះគន់ នៅឱ្យស្ងៀមទៅ គេយកទៅប្រគេនឆាន់ទៅ។ គេហាមតែសម្លាប់ ទេតើ។ តែគេមិនហាមមិនឱ្យទទួលទានឯណា? ដល់ពេលមាន់ស្ងោររួច អញ្ជើញគាត់ ទាំងបង សំអាត ម្តាយរបស់ កញ្ច្រៀច មកហូប។ គាត់កូររកថ្លើម ហើយនិងកោះ។ គាត់ថា សែន ដូចគ្មាន ឃើញកោះ និងថ្លើម? ខ្ញុំថាបង បើសិនមាន់វានៅសល់កោះ និងថ្លើម វាហើរទៅបាត់ហើយ ដោយសារតែវា អត់មានកោះ និងថ្លើមហ្នឹងហើយ បានវានៅក្នុងឆ្នាំង។ គាត់ជេរខ្ញុំ អាជ័យ។ គាត់ថា អញចប់មហាវិទ្យាល័យនៅ ហាណូយ អញធ្លាប់ទៅស្រុកចិន អញធ្លាប់ទៅសូវៀត គាត់ថា មកចាញ់បោកអាក្មេងកើតម្ង៉ៃនោះសោះ។
គាត់ជាមេបញ្ជាការគួរឱ្យគោរពណាស់ ហើយមានការចេះដឹង ជំនាញសេនាធិការ គឺគាត់ពូកែ។ បញ្ជាទ័ព គឺពូកែ។ ខ្ញុំហ៊ានលេងសើចតែជាមួយពួកមេបញ្ជាការ។ ហ្នឹងភាពស្និទ្ធស្នាលជាមួយមេ និងកូន។ គាត់ហ្នឹងអត់ប្រកាន់ទេ … គាត់ចង់បានប្រពន្ធក្មេង។ តែហៅតា អញយកយាយហ្អែងពីអង្កាល់? ហៅគាត់អ៊ំ អញយកអ៊ំហ្អែងពីអង្កាល់? ហៅគាត់បង ញញឹមខ្ជឹប។ អញ្ចឹងទេ បានខ្ញុំថា បង មាន់បើវានៅមានកោះ/ថ្លើម វាហើរទៅបាត់ហើយ វាអត់កោះ/ថ្លើមបានវានៅក្នុងឆ្នាំង។ ពិសាទៅបងទាន់នៅក្តៅ។ គាត់ជេរខ្ញុំ អាជ័យ បណ្តោយ។ រឿងដំណាលវាអញ្ចឹង។ បានកូនមួយ កូនហ្នឹងមិនដែលឃើញមុខឪពុកយ៉ាងម៉េចទេ សូម្បីតែរូបថតមិនដឹងថា បងសំអាត ទុកឬក៏អត់? រឿងហ្នឹងវាសោកសៅអញ្ចឹង។ មនុស្សស្លាប់ច្រើនណាស់ មិនត្រូវឱ្យស្លាប់ថែមទៀតទេ។
អរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសបានបោះឆ្នោតគាំគណបក្សប្រជាជនឱ្យបន្តកាន់អំណាច
ខ្ញុំសុំយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋ(ខេត្ត)ស្ទឹងត្រែង និយាយដោយឡែក និងនិយាយរួម នៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនឱ្យបន្តកាន់អំណាច។ ការចូលរួមបោះឆ្នោត កន្លងទៅមានអត្ថន័យពីរយ៉ាង៖ ទី ១. ចូលរួមដំណើរការប្រជាធិបតេយ្យ តាមរយៈការទៅបោះឆ្នោត ដែលធ្វើឱ្យបរាជ័យនូវនយោបាយដេកផ្ទះឈ្នះស្អាត ឬដេកផ្ទះឈ្នះឯង។ វាមិនដែលម៉ែអាណាដេកផ្ទះហើយបានច្រាសទេ? ចេះទៅរកពាក្យឃើញ។ អញ្ចឹង ប្រជាពលរដ្ឋជាង ៨៣% ទៅបោះឆ្នោត។ ឯទី ២. បានបោះដើម្បីរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ តាមរយៈការបោះឱ្យគណបក្សប្រជាជន។ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់មានសមត្ថភាពធានាសន្តិភាព ហើយសន្តិភាពនោះ ជាមូលដ្ឋាននៃការអភិវឌ្ឍ។
គណបក្សប្រជាជន នឹងធ្វើសន្និបាត ៣ ថ្ងៃ ដើម្បីពិភាក្សាអំពីកិច្ចការទាំងឡាយដែលខ្លួនត្រូវធ្វើ
មកជាមួយនឹងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ខ្ញុំសប្បាយនឹងឃើញនូវដំណាំដាំដុះ ដែលត្រៀមទទួលផល ជំនួសដោយដីព្រៃរេចរិលកាលពីដើម ជំនួសទៅដោយកៅស៊ូ ជំនួសទៅដោយស្វាយចន្ទី ជំនួសទៅដោយដំណាំឧស្សាហកម្មដទៃទៀត ដែលនឹងត្រៀមទទួលផល។ ឥឡូវ ប្រព័ន្ធតភ្ជាប់របស់យើង វាបានកើតចេញយ៉ាងដូច្នេះ។ យើងបន្តជម្រុញតទៅទៀត។ ថ្ងៃស្អែក គណបក្សប្រជាជន នឹងប្រើពេល ៣ ថ្ងៃ ដើម្បីពិភាក្សាអំពីកិច្ចការទាំងឡាយ ដែលខ្លួនត្រូវធ្វើចំពោះមុខការជឿទុកចិត្តរបស់ប្រជាជនកម្ពុជា។ ធ្វើយ៉ាងម៉េចនាំប្រទេសរបស់យើងពីស្ថានភាពប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតទាប ឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ សង្ឃឹមថា មន្ត្រីរាជការទាំងអស់បានសុំច្បាប់រួចរាល់អស់ហើយ ដើម្បីចូលធ្វើការងារបក្ស។ ស្អែកនេះ ថ្ងៃអង្គារ៍/ពុធ/ព្រហស្បតិ៍ សុទ្ធតែថ្ងៃធ្វើការ មន្ត្រីរាជការទាំងអស់ គឺបានសុំច្បាប់រួចរាល់អស់ហើយ ដើម្បីធ្វើកិច្ចការនេះ។
អំណោយជូនអ្នកចូលរួម
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននាំមក សម្រាប់លោកយាយ/តា ចំនួន ២០០ នាក់/ម្នាក់ៗ ក្រណាត់ស ១ ដុំ ថវិកា ចំនួន ២ ម៉ឺនរៀល។ ជូនចំពោះកាយប្ញទ្ធិ និងយុវជនកាកបាទក្រហម ចំនួន ២០០ នាក់/ម្នាក់ៗ (ថវិកា) ចំនួន ២ ម៉ឺនរៀល។ ជូនសិស្សានុសិស្ស ចំនួន ៧៥៣ នាក់/ម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិច ១ ដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ចំនួន ៨៩ នាក់/ម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនបុគ្គលិកកម្មករ ចំនួន ៤៩៧ នាក់/ម្នាក់ៗ (ថវិកា) ចំនួន ២ ម៉ឺនរៀល។ ជូនអនុវិទ្យាល័យ ស្រែគរ ឃុំស្រែគរ ថវិកា ១ លានរៀល។ ជូនវិទ្យាល័យ សេសានសុវត្ថិភាព ឃុំកំភុន ថវិកា ២ លានរៀល។ ជូនវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន អូរពងមាន់ក្រុងស្ទឹងត្រែង ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាព ស្រែគរ ថវិកា ២ លានរៀល។ ជូនសាលាស្រុក សេសាន ថវិកា ២ លានរៀល។ ជូនក្រុមតន្ត្រីសម័យ ថវិកា ២ លានរៀល។
បន្តធ្វើនាយករដ្ឋមន្ត្រីយ៉ាងតិច ១០ ឆ្នាំទៀត
អ្វីដែលខ្ញុំព្រះករុណាខ្ញុំព្រួយជាងគេ ព្រួយអារឿងឡើងគីឡូ។ ចុះដល់ ៧២ (គីឡូ) ទៅហើយ ឥឡូវឡើងដល់លើ ៨០ (គីឡូ)។ គេឱ្យទម្លាក់គីឡូ ប៉ុន្តែឥឡូវទប់វាអត់ជាប់។ ពោះក៏ចេះតែធំ។ ប៉ុន្តែ យើងដល់ អាយុចាស់ហើយ។ តែចាស់នេះ គឺមិនមែនចាស់ត្នោតទេ គឺចាស់ដូង។ ប៉ិនគេថា ខ្ញីកាន់តែចាស់កាន់តែហិរ ប៉ុន្តែ កុំភ្លេចពាក្យមួយទៀត កាន់តែចាស់កាន់តែជិតក្តារមឈូស។ និយាយអញ្ចឹង តិចលោកយាយ/តាថា ខ្ញុំព្រះករុណាខ្ញុំព្រោះខ្ញុំវាចាស់ដែរ។ ហ្នឹងកុំភ្លេចត្រៀមក្តារមឈូសទុក ក្រែងលោកូនយើងវាមិនបានចាប់អារម្មណ៍។ ខ្ញុំអត់ពិបាកទេ ពេលដែលខ្ញុំងាប់ទៅ សុំកុំធ្វើបុណ្យធំ។ បើនិយាយពីអាយុ រស់បានយ៉ាងតិចបំផុត ៤០ ឆ្នាំទៀត ព្រោះខ្ញុំត្រូវធ្វើនាយករដ្ឋមន្ត្រីយ៉ាងតិច ១០ ឆ្នាំ ទៀតដែរ ធ្វើទាល់តែអ្នកប្រឆាំងអន្តរាយវិនាសសន្តិ ព្រោះ ហ៊ុន សែន មានសមត្ថភាព ដើម្បីទប់ពួកអាចង្រៃអស់ហ្នឹងកុំឱ្យវាបំផ្លាញ។
សូមប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវវារីអគ្គិសនីសេសានក្រោម ២ ដែលមានអានុភាព ៤០០ មេហ្គាវ៉ាត់ ដែលវិនិយោគចម្រុះដោយក្រុមហ៊ុន Hydropower Sesan ii នៅក្នុងខេត្តស្ទឹងត្រែងរបស់យើង ដាក់ឱ្យដំណើរការចាប់ពីពេលនេះតទៅ។ ប្រគេនពរចំពោះព្រះតេជព្រះគុណគ្រប់ព្រះអង្គ ជូនពរចំពោះបងប្អូនជនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕