សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា អង្គមហាសន្និបាទ ជាទីគោរព!
ស.ស.យ.ក ជាអង្គការក្រៅរដ្ឋាភិបាលមួយ បើកឱកាសឱ្យគ្រប់សមាសភាពយុវជនដែលចង់ចូលរួម
ថ្ងៃនេះ ខ្ញុំនិងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមបិទមហាសន្និបាទ លើកទី ៤ តំណាងទូទាំងប្រទេស នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក។ អម្បាញ់មិញ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ ទៅលើរបាយការណ៍បូកសរុប និងទិសដៅ ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាក្នុងនាមគណបក្សប្រជាជនកម្ពុជា និយាយឱ្យចំ … ខ្ញុំក៏បានឃើញអត្ថាធិប្បាយមួយចំនួនលើវិទ្យុខ្លះ និងសារព័ត៌មានខ្លះ អំពីអព្យាក្រឹត្យភាព ឬអំពីការតែងតាំងនេះ/នោះ។ ខ្ញុំសូមរុញទូកបណ្ដោយទឹកថា អស់លោកក្រុមប្រឆាំង សុំកុំសង្ឃឹមថាបានមកចូលរួមអង្គុយជាមួយ ស.ស.យ.ក ឱ្យសោះ។ សុំប្រាប់ជាមុន។ ស.ស.យ.ក ជាអង្គការក្រៅរដ្ឋាភិបាលមួយ ហើយបើកឱកាសឱ្យគ្រប់សមាសភាព នៃយុវជនដែលចង់ចូលរួម ប៉ុន្តែ ពួកអ្នកឯងមិនចង់ចូលរួម គឺជារឿងរបស់អ្នកឯង។
បើទោះបីជាអ្នកឯងបង្កើតនូវអង្គការចាត់តាំងមួយដែលគាំទ្រអ្នកឯង ក៏អ្នកឯងមិនផ្ដល់ឱកាសឱ្យអង្គការយុវជនរបស់បក្សកាន់អំណាចទៅចូលរួមនោះទេ។ នេះគឺជារឿងពិត។ សូម្បីតែនៅសហរដ្ឋអាមេរិក បើទោះបីជាពួកអង្គការរបស់ពួកសាធារណរដ្ឋ ក៏មិនទៅលូកឡំជាមួយពួកប្រជាធិបតេយ្យ។ ឯពួកអង្គការរបស់ពួកប្រជាធិបតេយ្យ ក៏មិនទៅលូកឡំជាមួយអង្គការសាធារណរដ្ឋនោះទេ។ ដូច្នេះ សូមផ្ដាំទៅពួកអ្នកឯងវិញថា យល់/ដឹងឱ្យច្បាស់ កុំនិយាយថា ស.ស.យ.ក សុទ្ធតែប្រមូលផ្ដុំកូនមេដឹកនាំ។ នេះបើយើងមិនជ្រើសអ្នកទាំងនេះ តើយើងទៅជ្រើសរើសពីអ្នកណាមក? យើងត្រូវជ្រើសរើសទៅតាមរបៀបរបស់យើង។ ខ្ញុំគ្រាន់តែយកឱកាសនេះ បើករង្វង់ក្រចកប្រាប់ទៅអ្នកឯងវិញឱ្យបានច្បាស់ គ្រាន់តែតួអង្គមកបើកមហាសន្និបាត គឺសម្ដេច សាយ ឈុំ និងថ្ងៃនេះក្នុងនាមជានាយករដ្ឋមន្ត្រី ហើយក្នុងនាមជាអតីតប្រធាន នៃសមាគមមួយនេះ និងក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា អ្នកឯងអាចយល់បាន អំពីនិន្នាការពិតប្រាកដរបស់អង្គការក្រៅរដ្ឋាភិបាលមួយនេះ។
ខួបទី ៣៦ ឆ្នាំ នៃថ្ងៃកំណើតប្រធាន ស.ស.យ.ក
ថ្ងៃនេះ យើងបិទមហាសន្និបាទលើកទី ៤ តំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ខ្ញុំមិនចង់ប្រើប្រាស់នូវសុន្ទរកថាដែលបានព្រៀងទុករួចមកហើយនោះទេ ខ្ញុំចង់និយាយផ្ទាល់ទៅកាន់អស់លោកអ្នកដែលបានចូលរួមនៅទីនេះ។ ដំបូងខ្ញុំគួរតែនិយាយថា ខ្ញុំក៏មិននឹកគិតថា ៣៦ ឆ្នាំក្រោយ គឺនៅថ្ងៃនេះ ពេលនោះប្រហែលជា ឯកឧត្តម ចម ប្រសិទ្ធ នៅចាំ ថ្ងៃទី ២៧ វិច្ឆិកា គឺជាថ្ងៃដែលយើងត្រឡប់ពីទីក្រុងម៉ូស្គូ ជាមួយនិងសម្ដេច ហេង សំរិន ក្នុងដំណើរចូលរួមបុណ្យសពរបស់អតីតអគ្គលេខាបក្ស និងជាប្រធានរដ្ឋ Leonid Brezhnev។ ពេលនោះ យើងពុំមានមធ្យោបាយធ្វើទំនាក់ទំនងពីទីក្រុងម៉ូស្គូ ហើយបន្ទាប់មកយើងមកចុះនៅទីក្រុងមុំប៉ៃ (Mumbai) និងបន្តចុះមកដល់ទីក្រុងភ្នំពេញ។ មកដល់ពោធិ៍ចិនតុង ទើបបានទទួលដំណឹងថា កូនរបស់ខ្ញុំបានឆ្លងទន្លេ គឺថ្ងៃនេះ ជាខួបលើកទី ៣៦ ឆ្នាំនៃប្រធានសហភាពសហព័ន្ធយុវជន ដែលឡើងធ្វើរបាយការណ៍អម្បាញ់ម៉ិញ។ ម្ដាយរបស់គេបានភ្លេច ចេញពីផ្ទះមកអម្បាញ់ម៉ិញ ទើបគាត់ថាថ្ងៃហ្នឹងដូចជា(ថ្ងៃ)កំណើតកូន។ ដោយសារកូនវាច្រើន។ ចៅវាច្រើន។ អញ្ចឹងវាភ្លេច។
កុំចាត់ទុកយន្តការ ស.ស.យ.ក ជាយន្តការដោយឡែក
ខ្ញុំសូមយកឱកាសនេះ អបអរសារទរចំពោះជោគជ័យដែល ស.ស.យ.ក បានធ្វើសកម្មភាពក្នុងរយៈពេលកន្លងទៅ។ មិនមានទីកន្លែងណាមួយ ដែលគ្មានវត្តមានរបស់យុវជននោះទេ។ អម្បាញ់មិញប្រធាន ស.ស.យ.ក បានធ្វើសំណូមពរថា គឺកុំឱ្យចាត់ទុកយន្តការ ស.ស.យ.ក ជាយន្តការដោយឡែក។ ខ្ញុំពិតជាមានការយល់ព្រម មិនត្រឹមតែយល់ព្រមទេ តែនេះគឺជាកត្តាសត្យានុម័តតែម្ដង។ មិនមែន ស.ស.យ.ក នៅជាអង្គការឯកោមួយនោះទេ ក៏ប៉ុន្តែ ស.ស.យ.ក បានឈានជើងគ្រប់ទីកន្លែងទាំងអស់ រាប់ទាំងអភិបាលខេត្តមួយចំនួន អភិបាលរងខេត្ត/រាជធានីមួយចំនួន ក៏ជាសមាជិក ស.ស.យ.ក។ សមាជិក/ជិកាថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការមួយចំនួន ក៏ជាសមាជិក ស.ស.យ.ក ផងដែរ។
ជោគជ័យគ្រប់ផ្នែក/វិស័យ សុទ្ធតែមានការចូលរួមពីយុវជន
ដូច្នេះ អាចនិយាយបានថា គ្រប់ជោគជ័យទាំងអស់ នៃគ្រប់ផ្នែក/វិស័យ សុទ្ធតែមានការចូលរួមពីយុវជន ដែលក្នុងនោះ មានមួយផ្នែកក៏ជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ដែលខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសសើរ និងអរគុណចំពោះការចូលរួមរបស់គ្រប់តួអង្គពាក់ព័ន្ធនៃ ស.ស.យ.ក។ ទាំងថ្នាក់កណ្ដាល ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន។ ខ្ញុំពិតជាមានមោទនភាពជាមួយនឹងអ្វីដែលជាអង្គការមហាជនមួយនេះ ដែលបានខិតខំប្រឹងប្រែងរួបរួមសាមគ្គីគ្នា បង្កើតឱ្យទៅជាចលនាជាតិមួយដ៏ខ្លាំង។ ក្រៅពីការចូលរួមពីទិដ្ឋភាពទាំងអស់ មិនត្រឹមតែនៅក្នុងក្របខ័ណ្ឌស៊ីវិលទេ កងទ័ព នគរបាល អាវុធហត្ថ ក៏សុទ្ធតែមានកម្លាំង ស.ស.យ.ក នៅទីនោះ។ នេះគឺជាអង្គការដែលទទួលយកអ្នកស្ម័គ្រចិត្តចូលរួមនៅក្នុងសកម្មភាព នៃអង្គការចាត់តាំងមួយនេះ។
កោតសសើរគ្រប់តួអង្គពាក់ព័ន្ធ រួមចំណែករក្សាអាទិភាព និរន្តរភាព នៃ សសយក
ក្រៅពីនោះ ស.ស.យ.ក បានធ្វើសកម្មភាពដាច់ដោយឡែក អំពីការបំបែកឯតទគ្គកម្មនានាដែលបានធ្វើកន្លងទៅ ហើយសម្រាប់តែឆ្នាំនេះ ក្រមាដែលវែងជាងគេ និងទូកងដែលវែងជាងគេនៅលើពិភពលោកបានក្លាយទៅជាការពិតដែលឆ្លុះបញ្ចាំងថា ខ្មែរអាចធ្វើបាននូវអ្វីៗទាំងនេះ។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្ដែងជូននូវការកោតសសើរ និងដឹងគុណ ជាមួយនឹងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែករក្សានូវអាទិភាព រក្សានូវនិរន្តរភាព នៃអង្គការចាត់តាំងមួយនេះ ទោះបីមានការប្រែប្រួលឆ្ពោះទៅតាមដំណាក់កាលក៏ដោយចុះ។ ដូចដែលពេលមហាសន្និបាតចាប់ផ្ដើមប្រែប្រួលធ្វើការកែឈ្មោះ ខ្ញុំបានបញ្ជាក់នៅទីនោះរួចហើយ។
យុវជនជំនាន់មុន ចេញបង្កើតកងទ័ព គ្រប់ភាគីចូលរួម បង្កើតរណសិស្សសាមគ្គីសង្គ្រោះជាតិកម្ពុជា
ថ្ងៃនេះ បើខ្ញុំមិនច្រឡំទេ មហាសន្និបាតរណសិស្សសាមគ្គីសង្គ្រោះជាតិកម្ពុជាកំពុងតែចាប់ផ្ដើមហើយពេលនោះ ខ្ញុំចាំថា ខ្ញុំជាប្រធានគណៈចាត់តាំងនៃសន្និបាតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានោះឯង។ ជាមួយនឹងការប្រកាសចេញមុខ ខ្លួនខ្ញុំផ្ទាល់បានក្លាយទៅជាអ្នកដែលទទួលខុសត្រូវ ជាប្រធានយុវជន និងជាអង្គគ្រប់គ្រងអង្គការមហាជនទាំងអស់ រាប់ទាំងផ្នែកកិច្ចការបរទេសផងដែរ។ ប៉ុន្តែ ខ្ញុំគួរតែបញ្ជាក់ថា សកម្មភាពដែលចេញមុខ វាគ្រាន់តែជាការប្រថាប់ត្រាតែប៉ុណ្ណោះ នៅថ្ងៃទី ២ ធ្នូ ១៩៧៨ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀត វានឹងដល់ពេលវេលានៃខួប ៤០ ឆ្នាំ នៃការបង្កើតជាផ្លូវការ នៃអង្គការចាត់តាំងខាងនយោបាយ ដែលមានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងអង្គការមហាជនដទៃទៀត។ ប៉ុន្តែ គេមិនត្រូវភ្លេចថា សកម្មភាពយុវជនមិនមែនទើបនឹងចាប់ផ្ដើម នៅថ្ងៃទី ២ ធ្នូ នោះទេ។
ការដែលយុវជនមួយក្រុមនៅខេត្តកោះកុង ដឹកនាំដោយ ឯកឧត្តម សាយ ភូថង ក្នុងនោះ ក៏មានវត្តមាន សម្ដេច ទៀ បាញ់ នៅទៅនេះ បានតស៊ូរើបម្រាស់ពីការគាបសង្កត់របស់ពួក ប៉ុល ពត នៅពេលនោះ ចាត់ទុកថាជាផ្នែកមួយនៃចលនាយុវជន ដែលងើបឡើងប្រឆាំងនឹងការគាបសង្កត់របស់ពួក ប៉ុល ពត។ បន្ទាប់ទៅចុងឆ្នាំ ១៩៧៤ គឺនៅកោះកុង។ ឆ្នាំ ១៩៧៥ នៅឦសានទិស ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន មី, ឯកឧត្តម ប៊ូ ថង ដែលមានយុវជនមួយចំនួនផ្សេងទៀត ដែលក្នុងនោះ អភិបាលខេត្តរតនគិរីពេលពេលនោះ គឺនៅក្មេងខ្ចីណាស់។ បន្ទាប់ទៅថ្ងៃ ២០ មិថុនា ១៩៧៧ ខ្លួនខ្ញុំផ្ទាល់បានដឹកនាំចលនារើបម្រាស់ ដើម្បីកសាងនូវកម្លាំងកងទ័ពមួយ ដែលមានកងទ័ពប្រមាណ ១ ម៉ឺននាក់។ ២៣ កងវរសេនាតូច និង ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធ។ ចុងក្រោយបង្អស់ សម្ដេច ជា ស៊ីម និងសម្ដេច ហេង សំរិន នៅថ្ងៃទី ២៥ ឧសភា ១៩៧៨ បានផ្ដាច់ខ្លួន និងបះបោរវាយពួក ប៉ុល ពត នៅបូព៌ាទិស។ ពេលនោះហើយ ជាឱកាសមាស ឱកាសពេជ្រ នៃការចាប់ដៃ រវាងយុវជនជំនាន់មុន ដែលចេញទៅបង្កើតកងទ័ព គ្រប់ភាគីចូលរួមជាមួយគ្នា ដើម្បីបង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។
ខ្វះទស្សនៈប្រវត្តិសាស្ត្រ មិនអាចវាយតម្លៃសភាពការណ៍បានត្រឹមត្រូវ
ដូច្នេះ វាមានប្រវត្តិរបស់វា។ មិនអាចផ្ដាច់ចេញមួយកំណាត់ៗ ហើយចាត់ទុកថាជាប្រវត្តិសាស្ត្របានទេ។ អ្នកទាំងអស់គ្នាត្រូវចាំនូវចំណុចដែលមានការពាក់ព័ន្ធ។ បើខ្វះទស្សនៈប្រវត្តិសាស្រ្ត អ្នកមិនអាចក្លាយទៅជាអ្នកដែលវាយតម្លៃសភាពការណ៍បានត្រឹមត្រូវនោះទេ។ ខ្ញុំមិនចង់ប្រើពាក្យ “ទស្សនៈប្រវត្តិសាស្ត្រ បូកជាមួយនឹងវិចារវិទ្យា និងឡូហ្សិកនោះទេ” ខ្ញុំគ្រាន់តែចង្អុលផ្លូវឱ្យអ្នកទាំងអស់គ្នា ក្នុងពេលវេលានៃការស្វែងយល់នូវបញ្ហា ឬការបូកសរុបវាយតម្លៃនៃបញ្ហា ហើយព្យាករដាក់ទិសដៅទៅអនាគត កុំភ្លេចទស្សនៈប្រវត្តិសាស្រ្ត។ ដូច្នេះហើយ ខ្ញុំគិតថា ដំណើរការរៀបចំឱ្យមានមហាសន្និបាតជាទៀតទាត់ ដើម្បីធ្វើការបូកសរុប វាយតម្លៃ អំពីសភាពការណ៍ដែលបានកន្លងហួស រួចហើយព្យាករសម្រាប់សភាពការណ៍នៅពេលខាងមុខ និងដាក់ចេញភារកិច្ចនៅពេលខាងមុខ គឺជាការចាំបាច់។
គណបក្សប្រជាជនបើកសន្និបាតគណៈកម្មាធិការកណ្តាលទូលាយ ថ្ងៃទី ១៩-២០ និងទី ២១ ធ្នូ
គ្រាន់តែសន្និបាតអង្គការមហាជនមួយនេះ ត្រូវប្រើពេល ២ ថ្ងៃ ដើម្បីនឹងសម្រេចនូវមហាសន្និបាតមួយ។ ឯនៅពេលខាងមុខនេះ នៅថ្ងៃទី ១៩-២០ និងទី ២១ ធ្នូ គណបក្សប្រជាជន នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាលបើកទូលាយរបស់ខ្លួនរយៈពេល ៣ ថ្ងៃ។ តើមានបក្សណាមួយនៅកម្ពុជា បើកមហាសន្និបាត ឬសន្និបាតម្តងៗ ប្រើពេលរហូតទៅដល់ ២ ឬ ៣ ថ្ងៃ យ៉ាងដូច្នេះ? ពួកគេធ្វើត្រឹមតែមួយម៉ោង (ឬ)មួយម៉ោងកន្លះ ឬមួយព្រឹក គេថ្លែងអំពីប្រជាធិបតេយ្យរបស់ពួកគេ ក៏ប៉ុន្តែ គេមិនបានមើលឃើញនូវអ្វីដែលគណបក្សប្រជាជនកម្ពុជាបិទទ្វារជជែកគ្នា រួចហើយដំណើរការរយៈពេល ២ ឬ ៣ ថ្ងៃ។ ពួកគេត្រឹមតែគ្រាន់តែយកទៅអាន រួចហើយអនុម័តដោយលើកដៃ (ថា)វាជាការគ្រប់គ្រាន់សម្រាប់ប្រជាធិបតេយ្យបែបរបស់គេ បែបក្លិបនយោបាយមួយ។ ក៏ប៉ុន្តែ សម្រាប់យើង គឺជាអង្គការចាត់តាំងខាងនយោបាយរបស់បក្ស ជាគណបក្សនយោបាយពិតប្រាកដមួយ។ សូម្បីតែអង្គការមហាជនរបស់បក្ស ក៏ត្រូវមានរបៀបធ្វើការប្រជាធិបតេយ្យផ្ទៃក្នុងរឹងមាំ តាមរយៈនៃការពិគ្រោះពិភាក្សាគ្នា ហើយឯកភាពគ្នាដាក់ចេញនូវទិសដៅ។
សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ប្រជាធិបតេយ្យប្រមូលផ្តុំ ភាគតិចគោរពភាគច្រើន
នោះហើយដែលយើងប្រើពាក្យថា “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ប្រជាធិបតេយ្យប្រមូលផ្តុំ ភាគតិចគោរពភាគច្រើន”។ ខ្លះគេគិតថា ភាសានេះ គឺជាភាសាកុំម្មុយនីស្ត។ ក៏ប៉ុន្តែ ខ្ញុំចង់និយាយទៅកាន់អស់លោកអ្នកនិយាយ ទៅកាន់អ្នកដែលស្វែងយល់អំពីបញ្ហាសង្គមប្រជាធិបតេយ្យ បើមិនផ្អែកលើសម្លេងភាគតិចគោរពភាគច្រើនទេ តើវាជាប្រជាធិបតេយ្យឬទេ? ប្រទេសទាំងអស់តើមានការចាំបាច់ដើម្បីធ្វើការបោះឆ្នោតឬទេ បើសិនជាសម្លេងភាគច្រើនត្រូវគោរពភាគតិចនោះ? គេបើកឱ្យមានការបោះឆ្នោត គេយកសម្លេងភាគច្រើន ជាអ្នកដែលឈ្នះឆ្នោត។ ដូច្នេះហើយបានជាយើងប្រើពាក្យប្រជាធិបតេយ្យត្រូវតែមានការប្រមូលផ្តុំ ឬប្រមូលផ្តុំប្រជាធិបតេយ្យ។ ឧទាហរណ៍ថា ការអនុម័តណាមួយត្រូវមានដាក់លើតុជជែកគ្នា គួរដាំពោត គួរដាំផ្កា ឬគួរដាំបន្លែណាផ្សេង។ តើភាគច្រើនទទួលយកនូវការសម្រេចចិត្តណាមួយ? បើគេសម្រេចចិត្តថា គេត្រូវដាំផ្កា ច្បាស់ណាស់ អ្នកដែលថាដាំពោត អ្នកដែលថាដាំនូវដំណាំដទៃទៀត ត្រូវតែប្រមូលផ្តុំគ្នាមកដាំផ្កា ដោយសម្លេងភាគច្រើន គឺជាអ្នកដែលសម្លេងប្រមូលផ្តុំដាំផ្កា។ នោះហើយដែលហៅថា ប្រមូលផ្តុំប្រជាធិបតេយ្យ មិនអាចទុកឱ្យមតិ ៣ នៅតែជាមតិដែលវាខ្វែងគ្នានៅក្នុងពេលអនុវត្ត មួយទៅឆ្វេងមួយទៅស្តាំនោះទេ។ នេះជាចំណុចដែលខ្ញុំគួរតែផ្តល់ជាបទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយផងដែរ។ បើទោះបីជាអ្នកជំនាន់ក្រោយនៅបក្សដទៃ គេមិនប្រើប្រាស់ ហើយគេចំអកឡកឡើយយ៉ាងណាក៏ដោយ ក៏ប៉ុន្តែ សមាជិក/ជិកានៃគណបក្សប្រជាជនកម្ពុជា នឹងទទួលបាននូវបទពិសោធន៍អំពីប្រមូលផ្តុំប្រជាធិបតេយ្យ ឬប្រជាធិបតេយ្យប្រមូលផ្តុំ ដោយមិនត្រូវទុកឱ្យមានការបែកខ្ញែកណាមួយក្រៅអង្គប្រជុំនោះទេ។
សម្លេងភាគច្រើនគិតពីសម្លេងភាគតិច តែមិនអាចអោយមកដឹកនាំបានទេ
អញ្ចឹងហើយបានជាត្រូវការប្រមូលផ្តុំនៅក្នុងកិច្ចពិភាក្សាបិទទ្វារ ដែលយើងត្រូវប្រើពេល ២-៣ ថ្ងៃ ទើបគ្រប់គ្រាន់ ដើម្បីអនុម័តនូវកិច្ចការសំខាន់ៗ។ ភាគតិចជានិច្ចជាកាល ត្រូវគោរពនូវសម្លេងភាគច្រើន។ ពិតមែនហើយ សម្លេងភាគច្រើនត្រូវតែយកចិត្តទុកដាក់គិតគូរទៅដល់សម្លេងភាគតិចផងដែរ។ ប៉ុន្តែ មិនអាចឱ្យសម្លេងភាគតិចមកដឹកនាំសម្លេងភាគច្រើនបានទេ នេះវាខុសពីទម្លាប់។ ទម្លាប់នោះហើយ ដែលបង្កើតរឿងឈឺចាប់នៅក្នុងឆ្នាំ ២០១៣ ដែលសម្លេងភាគតិចមានបំណងកាន់កាប់ទាំងស្រុងទៅលើរដ្ឋសភាតែម្តង ដែលខ្ញុំបានប្រាប់គេថា នៅលើលោកិយនេះ គ្មានប្រទេសណាមួយឱ្យសម្លេងភាគតិចធ្វើប្រធានរដ្ឋសភានោះទេ។ ពួកគេធ្វើនូវកិច្ចការ ដែលអកុសល។ នេះជាកម្មពៀររបស់ពួកគេទេ … ឥឡូវ រឿងរ៉ាវបំផ្លាញនេះត្រូវបានរកឃើញជាក់លាក់។
អ្វីទៅសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ?
“សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ពិតហើយនៅពេលដែលយើងមកប្រជុំនៅទីនេះ នោះហើយជាចំណុចដែលនិយាយអំពីសមូហភាពដឹកនាំ មិនអាចមានអ្នកណាមួយទៅដឹកនាំម្នាក់ឯងនោះទេ។ ត្រូវយកមកពិគ្រោះពិភាក្សាគ្នា។ ប៉ុន្តែ នៅពេលដែលយើងត្រូវរ៉ូវគ្នារួចហើយ មានសេចក្តីសម្រេច មានទិសដៅជាក់លាក់រួចហើយ បុគ្គលម្នាក់ៗត្រូវរៀបចំឱ្យមានការទទួលខុសត្រូវ។ ឧទាហរណ៍៖ នៅក្នុងអង្គការចាត់តាំងមួយនេះ ប្រធានទទួលខុសត្រូវរឿងអ្វី? អនុប្រធានមួយទទួលខុសត្រូវរឿងអ្វី? អនុប្រធានមួយទៀតទទួលខុសត្រូវរឿងអ្វី? អ្នកទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខសមូហភាពនេះ។ មិនអាចមានរឿងមួយកោះប្រជុំម្តង មានរឿងមួយ(ទៀត)កោះប្រជុំម្តង(ទៀត)។ មិនអាចធ្វើដូច្នោះនោះទេ។ ក្នុងផ្នែករដ្ឋវិញ ខ្ញុំមិនអាចនឹងទៅសុំមតិរបស់គណបក្សលើរឿងដែលគណបក្សបានផ្តល់នូវការឯកភាពរួចមកហើយ តាមរយៈ ក្របខ័ណ្ឌគោលនយោបាយ ដែលបានដាក់ចេញនៅមុនការបោះឆ្នោត និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ឆ្លងកាត់សភា។ នាយករដ្ឋមន្រ្តីត្រូវយកការសម្រេចចិត្តទទួលខុសត្រូវចំពោះមុខគណបក្ស។ ហ្នឹងជាទិដ្ឋភាពផ្ទៃក្នុង។ ក៏ប៉ុន្តែ ត្រូវទទួលខុសត្រូវចំពោះមុខសភានៅក្នុងសកម្មភាពរបស់ខ្លួនខាងផ្នែករដ្ឋ។ ឯរដ្ឋមន្រ្តីមួយៗត្រូវទទួលខុសត្រូវតាមមុខនាទីរបស់គេ ដែលច្បាប់បានកំណត់ឱ្យពួកគេ។ នោះហើយដែលខ្ញុំចង់ចង្អុលបង្ហាញ អំពីរបៀបសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវដោយឡែក។
បើទាំងអស់គ្នាប្រើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” នឹងគ្មានការបែកបាក់នោះទេ
ចំណុចនេះ មានសារសំខាន់ណាស់។ អ្នកទាំងអស់គ្នានៅក្នុងសន្និបាត មិនត្រឹមតែក្នុងក្របខ័ណ្ឌនៃយុវជនទេ ក៏ប៉ុន្តែ ក្នុងក្របខ័ណ្ឌនៃអ្នកដទៃទៀត ដែលចូលរួមនៅទីនេះ បើយកទាំងអស់ចំណុចនេះទៅប្រើប្រាស់ គ្មានទេរបស់ដែលហៅថា ការបែកបាក់ ឬការប្រេះឆា ឬទំនាស់នោះ គឺគ្មានទេ ព្រោះនេះ គឺជាគោលការណ៍ដែលធានាត្រឹមត្រូវបំផុតនូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងនៃអង្គការចាត់តាំងមួយ ជាបក្សនយោបាយក្តី ជាអង្គការក្រៅរដ្ឋាភិបាលក្តី។ បើយកគោលការណ៍នេះទៅប្រើ គ្មានទេរបស់ដែលហៅថា ការបែកបាក់ ឬការថ្នាំងថ្នាក់ណាមួយកើតឡើង។ ហើយប្រសិនបើមានកត្តាចៃដន្យណាមួយកើតឡើង គេច្បាស់ជាត្រូវមានការប្រជុំ។
មុនបើកសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនត្រូវមានប្រជុំគណៈអចិន្ត្រៃយ៍ជាមុន
ខ្ញុំគ្រាន់តែលើកឧទាហរណ៍មួយ ដើម្បីបើកសន្និបាតគណៈកម្មាធិការកណ្តាល នៅថ្ងៃទី ១៩-២០ និង ២១ ធ្នូ ខាងមុខនេះ យើងបានស្វែងរកនូវពេលវេលា ដើម្បីប្រជុំគណៈអចិន្ត្រៃយ៍ជាមុន គឺនៅថ្ងៃទី ៣ ធ្នូ តែម្តង។ ខ្ញុំហោះពីនេប៉ាល់ មកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ២។ ថ្ងៃទី ៣ ធ្នូ ត្រូវចាប់ផ្តើមប្រជុំគណៈអចិន្ត្រៃយ៍ ដើម្បីអនុម័តពង្រៀងរបាយការណ៍ និងទិសដៅសម្រាប់ដាក់ឆ្លងអនុម័តនៅក្នុងគណៈកម្មាធិការកណ្តាល។ ឆ្លងអំពីរបៀបវារៈ ឆ្លងនូវចំណុចដទៃទៀត ដែលពាក់ព័ន្ធទៅនឹងដំណើរការនៃសន្និបាត។ ប្រសិនបើមិនធ្វើដូច្នោះទេ វាខុសនឹងគោលការណ៍ដែលទាក់ទងជាមួយនឹងនីតិវិធីរបស់វា។ សូម្បីតែនៅទីនេះ អង្គការចាត់តាំងអំណាចដែលខ្ពស់បំផុតនៅក្នុង ស.ស.យ.ក មិនមែនប្រធានទេ គឺមហាសន្និបាតតំណាងទូទាំងប្រទេសនេះឯង។ មហាសន្និបាតតំណាងទូទាំងប្រទេសបោះឆ្នោតរើសគណៈកម្មាធិការកណ្តាល ហើយគណៈកម្មាធិការកណ្តាល គឺជាអ្នកបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន និងសមាជិកអចិន្រ្តៃយ៍។
ករណីដូចគ្នានេះ គណបក្សប្រជាជនកម្ពុជាក៏ដូចគ្នាដែរ។ តំណាងគណបក្សមិនមែនប្រធានគណបក្សជាអ្នកធំជាងគេទេ។ មហាសន្និបាតគណបក្ស ទើបជាអង្គការខ្ពស់បំផុតរបស់បក្ស។ ក្នុងរយៈពេល ពីមហាសន្និបាតមួយ ទៅមហាសន្និបាតមួយទៀត គណៈកម្មាធិការកណ្តាល គឺជាអ្នកទទួលខុសត្រូវចំពោះមុខមហាសន្និបាតនោះឯង ហើយក្នុងចន្លោះសន្និបាតគណៈកម្មាធិការកណ្តាលមួយ ទៅកាន់សន្និបាតគណៈកម្មាធិការកណ្តាលមួយទៀត គឺគណៈអចិន្ត្រៃយ៍។ នោះហើយជារបៀបធ្វើការ ហើយនៅក្នុងគណៈអចិន្ត្រៃយ៍នោះ រួមមានទាំងប្រធាន អនុប្រធានគណបក្សនៅទីនោះផងដែរ ដែលត្រូវទទួលរែកពន់ការងារចន្លោះ រវាងសន្និបាតមួយទៅកាន់សន្និបាតមួយ ហើយយើងក៏មានគណៈប្រចាំការផងដែរ ដែលទទួលខុសត្រូវលើការងារប្រចាំថ្ងៃរបស់គណបក្ស។
អត់ស្គាល់អ្វីជាមូលធន/អ្វីជាកុំម្មុយនីស្ត ស្គាល់តែអ្វីដែលជារឿងពិតប្រាកដរបស់កម្ពុជា
… មិនមែនថា យើងចង់ឱ្យបក្សដទៃរៀនសូត្រតាមយើងនោះទេ ព្រោះបក្សដទៃគេបន្តុះបង្អាប់យើងសុទ្ធតែជាបក្សកុំម្មុយនីស្ត។ ខ្ញុំអត់ស្គាល់ថា អ្វីជាមូលធន ហើយក៏អត់ស្គាល់អ្វីថាជាកុំម្មុយនីស្តដែរ ខ្ញុំស្គាល់តែអ្វីដែលជារឿងពិតប្រាកដរបស់កម្ពុជា ដែលបាន និងកំពុងកើតនៅកម្ពុជាតែប៉ុណ្ណោះ។ ខ្ញុំធ្លាប់បាននិយាយហើយថា ខ្លួនខ្ញុំនេះអភ័ព្វខ្លាំងណាស់ ទៅដល់សូវៀត គេថាខ្ញុំពួកសេរី ទៅដល់ប៉ារីស គេថាខ្ញុំពួកកុំម្មុយនីស្ត ទីចុងបំផុត ភាពក្លាហានរបស់ ហ៊ុន សែន ត្រឹមតែប្រើពាក្យថា ចង់អ្នកណាថាអីក៏ថាទៅចុះ តែអ្វីដែលសំខាន់ ហ៊ុន សែន គឺកម្ពុជាតែម្តង។ ឥឡូវ សូមប្រជាពលរដ្ឋធ្វើការវិនិច្ឆ័យ តើសេដ្ឋកិច្ចរបស់កម្ពុជាវាយ៉ាងម៉េចវាសេរី ឬវាស្ថិតនៅក្នុងការគ្រប់គ្រងក្នុងដៃរបស់រដ្ឋ រដ្ឋជាអ្នកកំណត់ថ្លៃ ឬយ៉ាងណា? នោះប្រជាជនសុទ្ធតែជាអ្នកដឹង មិនអាចអ្នកឯងយកពាក្យត្រឹមកុំម្មុយនីស្តៗ ក្នុងពេលដែលអ្នកឯងកំពុងធ្វើដំណើរដោយសេរី កំពុងចូលភោជនីយដ្ឋានដោយសេរី កំពុងជ្រើសរើសមុខម្ហូបដោយសេរី កំពុងជ្រើសរើសសាលាដោយសេរី កំពុងជ្រើសរើសមុខរបរដោយសេរីនោះទេ។ ជាការក្បត់នឹងការពិត ដែលអ្នកឯងបាន និងកំពុងរស់នៅហើយ។ អ្នកឯងមិនអាចមកចោទយុវជនរបស់គណបក្សប្រជាជនកម្ពុជា មិនមែននៅទីនេះទេ នេះគឺជាសហភាពសហព័ន្ធយុវជន ដែលបើកឱកាសមិនមែនគ្រាន់តែសមាជិក/ជិកាគណបក្សប្រជាជនកម្ពុជាអាចចូលបានទេ អ្នកដទៃទៀតដែលមិនមានគណបក្សក៏អាចចូលរួមនៅក្នុងអង្គចាត់តាំងនេះបានដែរ។ អ្នកមិនអាចចោទពួកគេថា ជាជនកុំម្មុយនីស្ត ព្រោះយើងមិនទាន់ស្គាល់ំកុម្មុយនីស្ត តើប្រទេសនៅលើពិភពលោក តើប្រទេសណាខ្លះបានសម្រេចជោគជ័យរួចមកហើយអំពីកុំម្មុយនីស្ត? វាអត់ទាន់ដែលមាន។ របប ប៉ុល ពត មិនប្រាកដថាជារបបកុំម្មុយនីស្តនោះទេ វាជារបបប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ យើងមិនទាន់ដឹងថា ទម្រង់កុំម្មុយនីស្តបែបណានោះទេ ទម្រង់សង្គមនិយមបែបណានោះទេ តែយើងអាចយល់បានអំពីទម្រង់នៃសេដ្ឋកិច្ចផែនការ និងទម្រង់នៃសេដ្ឋកិច្ចទីផ្សារតែប៉ុណ្ណោះ។
ចាស់ទុំរក្សាទុក និងផ្ទេរបទពិសោធន៍ តិចឬច្រើន ខុសឬត្រូវ ដល់ក្មួយៗ ត្រូវរៀនសូត្រ
ថ្ងៃនេះ ខ្ញុំគិតថា ដោយសារវាជាខួប ៤០ ឆ្នាំ នៃការបង្កើតរណសិរ្ស និងខួប ៤០ ឆ្នាំ នៃថ្ងៃរំដោះ ៧ មករា ហើយវាក៏ជាខួបលើកទី ២០ នៃជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ការបញ្ចប់សង្គ្រាមទាំងស្រុង ខ្ញុំក៏គួរត្រូវធ្វើការចែករំលែកខ្លះ។ ខ្ញុំយល់ដឹងថា យុវជនរបស់យើងត្រូវការបទពិសោធន៍។ ពិតហើយយុវជនជំនាន់ក្រោយមានឱកាសល្អណាស់ ហើយមានសមត្ថភាពខ្លាំងណាស់ បើប្រៀបធៀបជាមួយយុវជនជំនាន់មុន ប៉ុន្តែសុំយុវជនទាំងឡាយចាំឱ្យបានថា ក្មួយៗ កូនៗ ចៅៗ មិនទាន់បានធ្វើរឿងមួយ(នៅឡើយ)ទេ។ នោះវាជារឿងអ្វី? ជារឿងដែលក្មួយៗ កូនៗ ចៅៗ មិនទាន់បានឆ្លងកាត់។ គឺភាពចាស់ទុំនៅឡើយ។ ប៉ុន្តែ នៅពេលណាមួយ កូនៗ ក្មួយៗ ចៅៗ នឹងបានឆ្លងកាត់នូវភាពចាស់ទុំនោះហើយ។ ផ្ទុយទៅវិញ អ្នកដែលមានវ័យចំណាស់នេះ គេមិនមែនកើតឡើងស្រាប់តែចាស់នោះទេ។ គេបានឆ្លងកាត់ពីយុវកុមារ យុវវ័យ យុវជន ទើបគេមកដល់កម្រិតចាស់នេះឯង។ ដូច្នេះ តិចឬច្រើន ខុសឬត្រូវ វាសុទ្ធតែជាបទពិសោធន៍ដែលក្មួយៗ កូនៗ ចៅៗ ត្រូវរៀនសូត្រ ហើយដែលភារកិច្ចរបស់ចាស់ទុំត្រូវមានភារកិច្ចដើម្បីរក្សាទុកឱ្យ និងផ្ទេរនូវចំណេះដឹងបទពិសោធន៍ទាំងល្អ/អាក្រក់ទៅលើបញ្ហាពាក់ព័ន្ធ សម្រាប់យុវជនជំនាន់ក្រោយដែរ។
មេដឹកនាំ ត្រូវហ៊ានលះបង់ រហូតទៅដល់ជីវិត ដើម្បីអនាគតប្រទេសជាតិ
ដូចជាថ្ងៃមុន ខ្ញុំបានបង្ហោះសារមួយ ស្តីអំពីយុទ្ធវិធីរុញទូកបណ្តោយទឹក។ ខ្ញុំគិតថា នោះគ្រាន់តែជាការធ្វើតេស្តមួយ … តែច្បាស់ណាស់ថា វាមិនគ្រប់គ្រាន់ដើម្បីនឹងការយល់ដឹងនោះទេ។ មានចំណុចខ្លះពិបាកនិយាយនៅក្នុងកាលៈទេសៈខ្លះ។ ដែលហៅថាយុទ្ធសាស្ត្រ គឺវាលំបាកនិយាយអស់ទៅតែម្តង គឺលែងទៅជាយុទ្ធសាស្ត្រហើយ។ និយាយឱ្យគេដឹងហើយ គឺលែងទៅជាយុទ្ធសាស្ត្រហើយ។ បើនិយាយមិនឱ្យគេដឹង ច្បាស់ណាស់ថានឹងមានការសង្ស័យ (ឬ)យល់ច្រឡំ។ ដូច្នេះ ធ្វើជាមេដឹកនាំ ពិតជាមានការលំបាកខ្លាំងណាស់។ ក៏ប៉ុន្តែ ប្រសិនបើធ្វើជាមេដឹកនាំគេ ត្រូវតែហ៊ានលះបង់ បើទោះបីជាតម្លៃនៃការលះបង់នោះវាធំធេងប៉ុណ្ណា រហូតទៅដល់ការលះបង់ជីវិត ក៏ត្រូវតែហ៊ានធ្វើដែរ ដើម្បីអនាគតប្រទេសជាតិ ដើម្បីសេចក្តីសុខរបស់អ្នកដទៃ។
អ្វីដែលយើងទទួលបាន ត្រូវតែមានការបង់ថ្លៃជានិច្ច គ្រាន់តែតិចឬច្រើន
ខ្ញុំគួរតែនិយាយអំពីបទពិសោធន៍ ដោយគ្រាន់តែជាបទពិសោធន៍ សម្រាប់ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ តែបទពិសោធន៍មួយនេះ វាក៏អាចនាំមកនូវការរស់រានមានជីវិត ការរីកធំធាត់របស់ប្រទេសជាតិនេះមួយដែរ។ ដឹងច្បាស់ថា តម្លៃដែលខ្លួនត្រូវបង់វាធំធេង ហើយក្មួយៗត្រូវចាំ មុននឹងពូធ្វើអត្ថាធិប្បាយទៅលើចំណុចដែលពូត្រូវនិយាយ ក្មួយៗត្រូវចាំថា “គ្មានការទទួលផលណាមួយ ដោយគ្មានការបង់ថ្លៃនោះទេ” មានតែពួកប្រឆាំងផ្កាប់មុខតែប៉ុណ្ណោះ ដែលដេករង់ចាំស្រមើស្រមៃ នៃការទទួលផលពីការដួលរលំនៃរដ្ឋអំណាចរបស់ ហ៊ុន សែន ឬរដ្ឋអំណាចកាលពីសម័យមុន។ ប៉ុន្តែ ពួកអ្នកដែលទន្ទឹងរង់ចាំពីការដួលរលំ នៃរបបសម្តេចព្រះនរោត្តម សីហនុ ក៏សុទ្ធតែមានទទួលបរាជ័យរួចស្រេចទៅហើយ។ អ្នកដែលទន្ទឹងរង់ចាំពីការដួលរលំ នៃរបប លន់ នល់ ក៏បានទទួលបរាជ័យរួចទៅហើយ។ អ្នកត្រូវចាំថា អ្វីក៏ដោយដែលយើងទទួលបានត្រូវតែមានការបង់ថ្លៃជានិច្ច គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។
ខ្ញុំលើកឧទាហរណ៍សាមញ្ញ ដើម្បីទទួលបានផលស្រូវយកមកដាក់ក្នុងជង្រុក ត្រូវមានការបង់ថ្លៃ តើអ្វីទៅជាការបង់ថ្លៃ? គេត្រូវភ្ជួរ គេត្រូវរាស់ គេត្រូវប្រើគ្រាប់ពូជ គេត្រូវដកស្ទូង គេត្រូវថែទាំ គេត្រូវច្រូតកាត់ ទើបយកមកដាក់ជង្រុកបាន។ មិនអាចស្រូវនោះវាហោះមកដាក់ក្នុងជង្រុករបស់យើងដោយគ្មានការបង់ថ្លៃទេ។ អញ្ចឹងបានជាខ្ញុំតែងតែប្រាប់តួអង្គខ្លះ ខ្ញុំថា ដូចជាងាយពេកទេដឹង។ ខ្ញុំក៏បានប្រដៅ ខៀវ សំផន ដែរនៅពេលចរចា។ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គាត់មើលត្រឹមតែផ្នែកខាងដើមគេនិយាយថា “… SNC ជាប្រភពអំណាចតែមួយគត់នៅកម្ពុជា ក្នុងដំណាក់កាលអន្តរកាល”។ ខៀវ សំផន និងត្រីភាគី បានមើលឃើញចំណុចនេះ។ គេគាំទ្រដោយគ្មានបម្រុងទុក។ គាំទ្រដោយគ្មាន reserve ប៉ុន្តែ គេអត់បានមើលអំពីឧបសម្ព័ន្ធទាក់ទងនឹងរដ្ឋបាលនៅនឹងកន្លែងទេ។ ពេលមកប្រជុំនៅប្រាសាទខេមរិន្ទ ខៀវ សំផន បានចង្អុលទៅលើ ចំណុចនោះ រួចហើយទាមទារចាត់តាំងអភិបាលក្រុងភ្នំពេញចតុភាគី គ្រប់ក្រសួងចតុភាគី។ បានខ្ញុំសួរ ខៀវ សំផន ថា ឯកឧត្តមលេបថ្នាំច្រឡំទេដឹង? ដូចជាបានងាយពេកទេដឹង? អត់មានបង់ថ្លៃអីទាំងអស់ ចូលមកកាន់កាប់ទីក្រុងភ្នំពេញ?។ ធ្វើអីក៏ដោយ ត្រូវមានការបង់ថ្លៃ។ ហើយពេលខ្លះបង់ថ្លៃដល់អាយុជីវិតផង។
ថ្ងៃទី ២០ មិថុនា ១៩៧៧ ចាប់ផ្តើមយកជិវិតធ្វើដើមទុន ដើម្បីរំដោះប្រទេស និងសេចក្តីសុខប្រជាជន
យុទ្ធជន យុទ្ធនារី យើងច្រើនណាស់ ដើម្បីសេចក្តីសុខរបស់ជាតិ បានពលីជីវិតរួចស្រេចទៅហើយ។ កូនៗ ក្មួយៗ ចៅៗ ត្រូវចាំថា ទម្រាំមានថ្ងៃនេះមនុស្សច្រើនណាស់ត្រូវស្លាប់។ ស្លាប់ដោយគេវាយ ស្លាប់ដោយគេបាញ់ ទម្លាក់គ្រាប់បែកគ្រប់បែបយ៉ាង។ ប៉ុន្តែ មានមួយផ្នែកហ៊ានលះបង់ ដើម្បីការពារសេចក្តីសុខរបស់ប្រជាជន ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន។ សម្រាប់ខ្លួនខ្ញុំៗបានប្រើប្រាស់ជីវិតរបស់ខ្ញុំ ដើម្បីដូរយកនូវអ្វីដែលមាននៅថ្ងៃនេះ។ ខ្ញុំលើកយកចំណុចត្រឹមតែ ៣ ប៉ុណ្ណោះ ដើម្បីយកមកជម្រាបនៅថ្ងៃនេះ។ ក្នុងចំណោម ៣ នោះ គឺ ២ ខ្ញុំបានធ្វើអត្ថាធិប្បាយហើយ ប៉ុន្តែ ១ ទៀតខ្ញុំហាក់ដូចជាមិនទាន់បាននិយាយជាចំហរទេ។ ទី ១. ការយកជីវិតធ្វើជាដើមទុន ផ្តើមចេញពីថ្ងៃដែលផ្តើមចេញ នៅថ្ងៃ ២០ មិថុនា ១៩៧៧ដឹងច្បាស់ថា ទៅមុខក៏វាស្លាប់ នៅនឹងកន្លែងក៏វាស្លាប់។ ការឆ្លងដែន ដើម្បីឆ្លងកាត់ទៅប្រទេសមួយផ្សេងទៀត តើត្រូវជាន់គ្រាប់មីនស្លាប់ទេ? ត្រូវគេបាញ់សម្លាប់ទេ? ត្រូវកងទ័ពគ្នាឯងខាងកម្ពុជាបាញ់ស្លាប់ទេ? ត្រូវខាងកងទ័ពប្រទេសវៀតណាមបាញ់ស្លាប់ទេ? ត្រូវគេចាប់ត្រឡប់មកវិញទេ? សំណួរច្រើនចាក់ស្រេះនៅក្នុងខួរក្បាល ប៉ុន្តែ ភារកិច្ចនេះតម្រូវឱ្យធ្វើខានមិនបាន។ សូម្បីតែចុងឆ្នាំ ១៩៧៧ និងដើមឆ្នាំ ១៩៧៨ កងទ័ពរបស់ខ្ញុំ ត្រូវវាយជាមួយកងទ័ពរបស់បង ហេង សំរិន នៅឡើយទេ។ អ៊ុង សំខាន់ អគ្គបញ្ជាការរងសព្វថ្ងៃនេះ ដែលចូលមកក្នុងមូលដ្ឋាន មានមួយពេលនោះវាយជាមួយនឹងកងពលធំទី ៤ របស់បង ហេង សំរិន កាន់កាប់ហ្នឹងតែម្តង។ ពេលដែលខ្ញុំចូលមករកភរិយា ត្រូវជាន់គ្រាប់មីនផ្ទុះ ប៉ុន្តែសំណាងល្អវាមិនត្រូវឡានរបស់ខ្ញុំ ត្រូវរថក្រោះបើកទៅមុខ។ ដឹងច្បាស់ ប៉ុន្តែ ត្រូវតែធ្វើ ដើម្បីសេចក្តីសុខរបស់ប្រជាជន។ រឿងនេះ អ្នកដែលមានវត្តមាននៅទីនេះ បើយ៉ាងហោចក៏មេទ័ពស្រីមួយនៅទីនេះដែរ ដែលជាកងវរសេនាតូចរបស់នារីនៅពេលនោះ គឺលោកជំទាវ មាន សំអាន នេះតែម្ដង។ មិនមែនកងទ័ពក្លែងក្លាយទេណា? កងទ័ពនៅពេលនោះហ្វឹកហាត់សម្បើមណាស់។ ក្រុមគ្រូពេទ្យក៏មាន ស្អីក៏មាន។ អញ្ចឹងទេ ចំណុចនេះ ជាចំណុចចាប់ផ្ដើមដែលយើងយកក្បាលយើងធ្វើដើមទុនតែម្ដង។
ដំណាក់កាលបញ្ចប់នៃនយោបាយឈ្នះឈ្នះ
ឯចំណុចទី ៣ ជាចំណុចចុងក្រោយ។ ចំណុចទី ២ ខ្ញុំនឹងធ្វើអត្ថាធិប្បាយ ដើម្បីយកចេញធ្វើជាឯកសារ សម្រាប់ថ្ងៃក្រោយតែម្ដង។ ចំណុចទី ៣ គឺដំណាក់កាលនៃការបញ្ចប់ នៃនយោបាយឈ្នះ-ឈ្នះ។ ដឹងទេថា តំបន់ខ្មែរក្រហមគ្រប់គ្រងវាមានគ្រោះថ្នាក់ប៉ុណ្ណាទៅ ដែលយើងត្រូវចូលទៅតំបន់នោះ? នៅលើលោកីយ៍នេះតើមានប្រទេសប៉ុន្មានដែលនាយករដ្ឋមន្ដ្រី ឬប្រធានាធិបតីចូលទៅកាន់តំបន់ដែលគ្រប់គ្រងដោយកងទ័ពឧទ្ទាមទៀតបែបនេះ? ខ្ញុំធ្លាប់បានមើល រជ្ជកាលថាង របស់ប្រទេសចិន អតីតសេ្ដច លី សៀវមីង របស់សេ្ដចថាងដើមដំបូង ដែលចូលទៅតំបន់ព្រៃ សុខចិត្តទៅដើម្បីឱ្យគេមានការជឿជាក់។ ពេលនោះ បើខ្ញុំមិនទៅទេ សួរថា តើបងប្អូនដែលជាអតីតកម្លាំងខ្មែរក្រហមគេជឿឬទេ? ដែលខ្ញុំធ្លាប់បានរំលឹក ម្ដាយខ្ញុំ និងម្ដាយធំរបស់ខ្ញុំ បាននិយាយប្រាប់ ម្ដាយខ្ញុំមិនដែលហៅខ្ញុំសម្ដេចឬក៏ស្អីទេ ហ្អែង! ចូលទៅក្នុងតំបន់គេ មិនខ្លាចគេបាញ់សម្លាប់ទេ? ឯម្ដាយធំ ក្មួយអើយ!កុំចូលទៅអី! ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា ម៉ែ/ធំ ប្រសិនបើស្លាប់ៗតែខ្ញុំ និងអ្នកទៅតែប៉ុន្មាននាក់ទៅជាមួយតែប៉ុណ្ណោះ ប៉ុន្ដែ បើបានមកវិញ គឺបានផែនដី ទាំងមូលតែម្ដង។ នោះហើយជាតម្លៃដែលយើងត្រូវបង់។ ជាភ័ព្វសំណាងដែលខ្ញុំមិនត្រូវបានសម្លាប់។ តែអកុសល ត្រូវគេមកធ្វើឃាតកណ្ដាលក្រុងសៀមរាបឯណេះទៅវិញ។ ជារឿងដ៏ចម្លែក។ តែខ្ញុំអហោសិកម្មឱ្យគេហើយ។ ខ្ញុំមិនស្រាវជ្រាវទេ។ ខ្ញុំក៏មានសញ្ញារបស់ខ្ញុំដែរ តែខ្ញុំមិនចង់សើរើ សំណុំរឿងចាស់ទេ។ គ្រាន់តែផ្ដាំថា អ្នកណាបំផ្លាញ ហ៊ុន សែន អ្នកនោះតែងវិនាសជានិច្ច។ អ្នកត្រូវជឿខ្លះៗទៅ។ បារមីមិនដល់អ្នកធ្វើអីក៏អត់កើតទេ មានតែវិនាសខ្លួនឯងតែប៉ុណ្ណោះ។ អ្នកជឿខ្លះទៅនូវអបិយជំនឿ។ អាគមផ្សំអាយូស។
កំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច ត្រូវធ្វើទន្ទឹមគ្នា
ខ្ញុំចង់និយាយពីបទពិសោធន៍ នៃចំណុចស្នូល ដែលធ្វើឱ្យប្រែប្រួលសភាពការណ៍ ដែលមិនចាំបាច់ធ្វើការផ្លាស់ប្ដូរនូវសភាពការណ៍ គេហៅថា របៀបបដិវត្ដពណ៌ ឬរបៀបប្រើពាក្យ “ដូរឬមិនដូរ”។ ទាំងអស់គ្នានៅចាំបានហើយថា ១៤ មករា ១៩៨៥ ក្នុងវ័យ ៣២ ឆ្នាំ ខ្ញុំបានក្លាយជានាយករដ្ឋមន្ដ្រីជាផ្លូវការ តាមរយៈការបោះឆ្នោតដោយសម្ងាត់នៅក្នុងរដ្ឋសភា។ ពេលនោះ ទទួលសម្លេង ១០០% ដោយការបោះឆ្នោតសម្ងាត់ ដែលអ្នកមុនខ្ញុំ ២ នាក់ ម្នាក់បាត់ ៦ សម្លេង។ ម្នាក់បាត់ ៧ សម្លេង នៅពេលនោះ។ ប៉ុន្ដែ ខ្ញុំបែរជាមនុស្សតែម្នាក់គត់ ដែលទទួលសម្លេង ១០០% នៅក្នុងបោះឆ្នោតជាសម្ងាត់។ ខ្ញុំចិញ្ចឹមមហិច្ឆិតារបស់ខ្ញុំតាំងពីខ្ញុំនៅធ្វើជារដ្ឋមន្ដ្រីការបរទេស។ ខ្ញុំយល់ច្បាស់ថា មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ។ ដូច្នេះ កិច្ចការដ៏សំខាន់របស់ខ្ញុំពេលនោះ ដែលជាបទពិសោធន៍ (ឬ)ជាមេរៀនពិសោធន៍ សម្រាប់អ្នកទាំងអស់គ្នានៅទីនេះ “កំណែទម្រង់នយោបាយ និងកំណែទម្រង់សេដ្ឋកិច្ច ត្រូវធ្វើទន្ទឹមគ្នា”។
បើកការវាយលុកខាងនយោបាយ និងការទូត ឈានឆ្ពោះទៅរកចរចាបង្រួបបង្រួមជាតិ
កំណែទម្រង់នយោបាយ គឺបើកការវាយលុកខាងនយោបាយ និងការទូត ដើម្បីឈានឆ្ពោះទៅរកចរចា បង្រួបបង្រួមជាតិ វេទិកា សីហនុ-ហ៊ុន សែន ហ្វែអង់តាដឺន័រ បានចាប់ផ្ដើមជាមួយនឹងការខិតខំយ៉ាងធំធេងពីរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ផ្ទាល់។ ប៉ុន្ដែ ដាក់ចេញជាសំណួរ បុគ្គល(ដែល)ទទួលខុសត្រូវ ប្រសិនបើមិនមានការខិតខំរបស់ ហ៊ុន សែន តើមានអ្នកណាទៅចរចាជាមួយ ហ៊ុន សែន នៅពេលនោះ? ពិតហើយ សម្ដេច ជា ស៊ីម, សម្ដេច ហេង សំរិន, ឯកឧត្តម សាយ ភូថង និងថ្នាក់ដឹកនាំដទៃទៀត សុទ្ធតែបានគាំទ្រនូវដំណើរការនេះ។ ប៉ុន្ដែ ដំណើរការនេះ មិនធម្មតាទេ សូម្បីតែទៅដល់ទីក្រុងប៉ារីសហើយ អ្នកទៅជាមួយខ្ញុំសុទ្ធតែក្រុមពុលឡាន ចម ប្រសិទ្ធ, ឌិត មុន្ទី អីជាដើម សុទ្ធតែជាអ្នកពុលឡាន។ រួចហើយសណ្ឋាគារគ្មានផ្កាយនឹងគេទេ។ តត្រុក ដើម្បីកុំឱ្យខ្មែរស្លាប់តទៅទៀត។ ជម្រើសដែលល្អមានតែការចរចា។
សេដ្ឋកិច្ចចាប់ផ្ដើមផ្ទេរដំណាក់កាលបន្ដិចម្ដងៗ លើវិស័យកសិកម្ម
ពេលនោះ ផ្ទេរពីដំណាក់កាលសង្គ្រាមទាំងស្រុង ទៅជាដំណាក់កាលនៃការចរចាផង និងវាយផង។ ឯសេដ្ឋកិច្ចចាប់ផ្ដើមផ្ទេរដំណាក់កាលបន្ដិចម្ដងៗ លើវិស័យកសិកម្ម។ (ខ្ញុំ)ឧស្សាហ៍ចុះទៅតាកែវ រៀនសូត្រពី ប៉ុល សារឿន ស្រាវជ្រាវពីបញ្ហាការដោះស្រាយដីធ្លី។ សេដ្ឋកិច្ចទីផ្សារបានចាប់ផ្ដើមរីកធំធាត់ពង្រឹងខ្លួន។ រដ្ឋធម្មនុញ្ញរបស់យើងកាលពីពេលនោះ ពី(ឆ្នាំ) ១៩៨១ មានសមាសភាពតែ ៣ ទេ សេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចសមូហភាព និងសេដ្ឋកិច្ចគ្រួសារ អត់មានសេដ្ឋកិច្ចឯកជនទេ។ យើងកែក្រោយទេ រហូតដល់រដ្ឋមន្ដ្រីឧស្សាហកម្ម លោកជំទាវ ហូ ណូន ស្នើឱ្យបិទសិប្បកម្មឯកជនទាំងអស់ ដែលផលិតសំបកកង់ ដោយសារសំបកកង់ផលិតនៅតាខ្មៅលក់វាមិនដាច់។ សូមមើលក្នុងសៀវភៅ “១០ ឆ្នាំ នៃដំណើរកម្ពុជា” ដែលខ្ញុំបានសរសេរចូលក្នុងនោះ។ កាលហ្នឹងប្រជុំគណៈរដ្ឋមន្ដ្រីនៅពេលល្ងាច លោកជំទាវ ហូ ណូន, ឯកឧត្តម អ៊ិត ប្រាំង ស្នើសុំឱ្យបិទរោងចក្រកង់ឡាននោះទៅ។ បានខ្ញុំថា សុខចិត្តឱ្យបិទរោងចក្ររដ្ឋ ធ្វើសំបកកង់វៀច ផ្ទុះពេញទឹក/ដី លក់មិនដាច់ ទៅទារឱ្យគេបិទអារោងចក្រសិប្បកម្ម។ ពេលនោះខ្ញុំបានប្រើពាក្យ “អ្វីដែលគួរឱ្យខ្លាច មិនមែនពួកថៅកែទេ អ្វីដែលគួរឱ្យខ្លាចគឺភាពក្រីក្រ”។ អញ្ចឹង ខ្ញុំបើកទិសពីរ គឺកំណែទម្រង់នយោបាយ និងកំណែទម្រង់សេដ្ឋកិច្ចទៅជាមួយគ្នា។
កម្លាំងសង្កត់បីអាចបញ្ចប់ជីវិតនយោបាយ ហ៊ុន សែន, កម្លាំងសង្កត់ទី ១៖ ផ្ទៃក្នុងមិនយល់
ខ្ញុំសុំបង្ហើបអំពីគ្រោះថ្នាក់បីយ៉ាង ដែលអាច(នឹងបាន)សម្លាប់ខ្ញុំ។ ថ្ងៃនេះ ខ្ញុំប្ដូរផ្ដាច់និយាយដោយចំហ ដើម្បីចែករំលែកឱ្យអ្នកទាំងអស់គ្នាបានដឹងថា ដំណើរ ៤០ ឆ្នាំ មិនមែនជារឿងងាយស្រួល ហើយដំណើរកែទម្រង់រដ្ឋ ដំណើរធ្វើឱ្យមានការផ្លាស់ប្ដូរ ដោយរក្សាទុកឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស និងដំណើរជឿនលឿន ទៅមុខមិនថយក្រោយ ដោយមិនចាំបាច់មានបក្សណាមកជំនួស យើងធ្វើឱ្យមានការផ្លាស់ប្ដូរបាន។ ប៉ុន្ដែត្រូវដឹងថា កម្លាំងសង្កត់បីយ៉ាង ដែលអាចសម្លាប់ជីវិតរបស់ខ្ញុំបាន ឬជីវិតនយោបាយរបស់ខ្ញុំបានមាន៖ ទី ១. ផ្ទៃក្នុងខ្លួនឯងមិនយល់ទេ។ ប៉ុន្មាននាក់ទៅដែលយល់ពីសេដ្ឋកិច្ច(ទី)ផ្សារ? ប៉ុន្មានអ្នកដែលយល់អំពីការចរចា? បើសូម្បីតែពេលនោះ សួរមតិទៅក្រសួងការពារជាតិ ក្រសួងការពារជាតិដាក់មតិត្រឡប់មកវិញថា ការធ្វើការចរចាណាមួយ វាមានតម្លៃស្មើនឹងបំផ្លាញចោលសមិទ្ធផលបដិវត្ត។ ត្រង់ហ្នឹងហើយ ដែលខ្ញុំត្រូវផ្លាស់ប្ដូររដ្ឋមន្ដ្រីការពារជាតិ ដោយយក ទៀ បាញ់ ពីក្រសួងគមនាគមន៍ និងដឹកជញ្ជូន មកកាន់ជារដ្ឋមន្ដ្រីការពារជាតិ ហើយយក កុយ ប៊ុនថា ដែលជារដ្ឋមន្ដ្រីការពារជាតិ មកធ្វើរដ្ឋមន្ដ្រីក្រសួង សង្គមកិច្ចវិញ។ បើមេទាហាននិយាយអញ្ចឹងហើយ ឱ្យនាយករដ្ឋមន្ដ្រីទៅចរចាយ៉ាងម៉េច? ខ្ញុំក៏ត្រូវសម្រេចចិត្តផ្លាស់ប្ដូររដ្ឋមន្ដ្រីការបរទេស ដោយខ្ញុំសុខចិត្តវិលត្រឡប់ទៅកាន់រដ្ឋមន្ដ្រីខ្លួនឯងវិញ។
ឧទាហរណ៍៖ បើឯងកំពុងចរចាប្រកាសឈប់បាញ់ ស្រាប់តែកងទ័ពមិនព្រមស្ដាប់ មិនព្រមឈប់បាញ់ តើយើងធ្វើម៉េច? ផ្ទៃក្នុងខ្លួនឯងមិនយល់ទេ។ កើតឡើងដឹងតែសង្គ្រាម ដឹងតែវាយគ្នា អត់ដឹងថាអ្វីទៅជាការចរចាបញ្ចប់សង្គ្រាមទេ។ មុនពេលដែលខ្ញុំដាក់ចេញនូវគោលការណ៍អស់ទាំងនេះ ខ្ញុំបានសិក្សាអំពីប្រវត្ដិនៃសង្រ្គាម។ សូម្បីតែសង្គ្រាមលោកលើកទី ២ វាយផ្ដាច់ព្រ័ត្រក៏មានការចរចា។ ត្រង់នេះ កន្លែងនេះ/នោះ ហើយចុងក្រោយមានការបែងចែក ប៊ែកឡាំងខាងកើត/លិចដែរ។ លើបញ្ហាសេដ្ឋកិច្ច ប៉ុន្មាននាក់ទៅដែលយល់ពីសេដ្ឋកិច្ច(ទី)ផ្សារ? បើម្នាក់ៗស្គាល់សហករណ៍ ស្គាល់ក្រុមសាមគ្គី មិនចូលចិត្តវិស័យឯកជន … នោះហើយដែលជាមូលហេតុ ដែលគេឃើញវត្តមានរបស់ខ្ញុំនៅតាមខេត្ត។ ខ្ញុំចង់យកបញ្ហានេះធ្វើពីក្រោមឡើងមកលើវិញ។ សូម្បីតែ ប៊ិន ឈិន កាលនៅអនុប្រធានខេត្តព្រៃវែង ជិះម៉ូតូតាមខ្ញុំមិនទាំងទាន់ផង អារឿងទិញស្រូវកាលហ្នឹងចាំបានទេ? លក់ស្រូវជូនរដ្ឋ គឺសេ្នហាជាតិ លក់ទំនិញឱ្យប្រជាជន គឺស្រឡាញ់ប្រជាជន មែនទេ? ខ្ញុំឡើងទៅថ្លឹងជញ្ជីងហ្នឹងស៊ីភ្នែកជញ្ជីងទៀត។
ការចរចាស្នើឱ្យដកជំនាញការវៀតណាមចេញពីកម្ពុជា
គោលដៅនៃការធ្វើដំណើររបស់ខ្ញុំៗចង់ធ្វើពីខាងក្រោមឡើងមកខាងលើវិញ។ ហើយនេះខ្ញុំគិតថា នៅទីនេះប្រហែលជាបង ជាម យៀប នៅចាំ ព្រោះពេលនោះក្រៅពីធ្វើអភិបាលខេត្តព្រៃវែង ក៏នៅជាសមាជិកសភាដែរ។ ខ្ញុំបានឧទ្ទេសនាម ១ ម៉ោងកន្លះ នៅក្នុងសភា។ ជាភ័ព្វសំណាងដែល សម្តេច ជា ស៊ីម ក្នុងឋានៈជាប្រធានសភា បង្កើត អាដហុក មួយភ្លាម កែរដ្ឋធម្មនុញ្ញ។ ជាទម្លាប់ធម្មតា ដើម្បីកែរដ្ឋធម្មនុញ្ញ វាត្រូវឆ្លងកាត់ដំណាក់កាលរបស់វា។ ត្រូវធ្វើអី? ពីអី? ប៉ុន្តែ ខ្ញុំបាននិយាយថា ប្រសិនបើមិនប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋទេ ផ្ទះនៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងទាំងអស់ នឹងត្រូវបាក់ទាំងអស់។ ព្រោះអ្វី? ព្រោះប្រជាជនអត់ដឹងថាអាហ្នឹងជាផ្ទះកម្មសិទ្ធិគាត់ផង ធ្វើម៉េចគាត់យកលុយមកជួសជុល? គាត់អត់ហ៊ាន។ សូមមើលក្នុងសៀវភៅ “១០ ឆ្នាំ នៃដំណើរកម្ពុជា” ត្រង់ចំណុចដែលនិយាយ អំពីប្រជាពលរដ្ឋមិនហ៊ានលើកភ្លឺស្រែ មិនហ៊ានដាក់ជី ដោយសារគាត់អត់ប្រាកដថា ដីហ្នឹងជាដីរបស់គាត់ទេ ព្រោះពេលនោះមូលដ្ឋានមួយចំនួន ឆ្នាំនេះឱ្យគ្រួសារនេះធ្វើលើដីនេះ ឆ្នាំក្រោយឱ្យអ្នកផ្សេងមកធ្វើ។ អញ្ចឹង លើកភ្លឺស្រែធ្វើអី? ដាក់ជីធ្វើអី? ព្រោះអាជីវាមិនមែនស៊ីអស់ឆ្នាំហ្នឹងអី មានឥទ្ធិពលទៅឆ្នាំក្រោយទៀត។ អញ្ចឹង ធ្វើក្រុមសាមគ្គី ធ្វើរស់ទេ?
រឿងនេះហើយ ជារឿងដែលខ្ញុំមានហេតុផលទៅចរចាជាមួយមេដឹកនាំវៀតណាម ដកជំនាញការវៀតណាមអស់តាំងពីខែ មិថុនា ១៩៨៨។ នៅត្រង់ថា ៧ មករា ១៩៨៨ បន្ទាប់មកពីវិលត្រឡប់មកពីចរចា សីហនុ-ហ៊ុន សែន ២ ធ្នូ ១៩៨៧។ រួចហើយខ្ញុំចុះទៅធ្វើ ៧ មករា នៅឯខេត្តកំពត ពេលនោះខ្ញុំទៅទស្សនកិច្ចនៅ រ៉ារទេះភ្លើង ត្រឡប់មកវិញចូលជួបប្រជាពលរដ្ឋ ដល់ចូលជួបប្រជាពលរដ្ឋ អង្គុយលេងនិយាយអីជាមួយគាត់ទៅ។ ប្រជាពលរដ្ឋគាត់ថា គាត់ហៅខ្ញុំលោកប្រធាន មកធ្វើឯកជនប្រហែលជាម៉ោង ៤ ភ្លឺ ទៅស្ទូង ទៅស្រែ ប៉ុន្តែ ដល់ធ្វើរាល់ថ្ងៃ ថ្ងៃរះដល់ណាដល់ណីហើយទៅមួយភ្លែត មិនទាន់ក្តៅខ្នងមកដល់ផ្ទះវិញ។ បានខ្ញុំសួរថា ចុះក្រែងធ្វើឯកជនហើយ? គាត់ថាអត់ផង។ សួរ សោម ចិន, សោម ចិន វឹងតាមក្រោយដើមចេក … ត្រឡប់មកវិញ ប្រជុំជាមួយនឹងចៅហ្វាយខេត្ត ប្រជុំជាមួយជំនាញការវៀតណាម រហូតដល់ម៉ោងជិត ១២ យប់។ ខ្ញុំធ្វើដំណើរទៅចរចាលើកទី ២ Saint-Germain-en-Laye ខែ មករា ១៩៨៨ ខ្ញុំជួបអគ្គលេខាបក្សកុំម្មុយនីស្តវៀតណាម ង្វៀង វ៉ាន់លីង ខ្ញុំសូមស្នើដកជំនាញការវៀតណាមចេញពីកម្ពុជា ព្រោះឥឡូវគ្រូ និងសិស្ស ធ្វើអត់ត្រូវគ្នាទេ។ ខាងបងឯងធ្វើសហករណ៍ ធ្វើសេដ្ឋកិច្ចផែនការ ឯខ្ញុំតម្រង់ទៅសេដ្ឋកិច្ចទីផ្សារ។
ជាភ័ព្វសំណាង ពេលនោះ ដែលលោក ង្វៀង វ៉ាន់លីង អគ្គលេខាបក្សគាត់និយាយថា គាត់ហៅខ្ញុំបង គាត់ថាបង ហ៊ុន សែន! បងហ្នឹងមិនសំដៅថា យើងអាយុច្រើនជាងគាត់ទេ វៀតណាមគេមានទម្លាប់មួយ គេថាពាក្យបងហ្នឹង យើងជាមានអាយុបងកូនរបស់គេ។ នៅវៀតណាមធ្វើសេដ្ឋកិច្ចវៀតណាមចិញ្ចឹមខ្លួនឯងមិនរស់ផង រឿងអីទៅបង្រៀនខ្មែរឱ្យចេះ? ថែមដោយទាំង Le Duc Anh ពេលនោះធ្វើរដ្ឋមន្ត្រីការពារជាតិទៀត … បានជាខែមករា ចាប់ផ្តើមឯកភាពគ្នា ខែមិថុនា ជំនាញការវៀតណាមទាំងអស់ដកចេញពីកម្ពុជា។ កងទ័ពវៀតណាមដកជាង ១ ឆ្នាំក្រោយ។ អញ្ចឹង ឱ្យខ្មែររៀនធ្វើការ។ (អញ្ចឹង)បានជាខ្ញុំមានមោទនភាពជាមួយនឹងកិច្ចការរបស់កូនខ្មែរ។
ជារឿងដែលគ្រោះថ្នាក់ នៅពេលផ្ទៃក្នុងខ្លួនឯងមិនយល់
សរុបមកវិញ សូមបញ្ជាក់ជូនថា ផ្ទៃក្នុងខ្លួនឯងមិនយល់ គឺជាគ្រោះថ្នាក់។ ប៉ុន្តែជាភ័ព្វសំណាង ខ្ញុំទទួលបានការគាំទ្រ ជាពិសេស ពីបង សាយ ពូថង, បង ហេង សំរិន, បង ជា ស៊ីម ឱ្យធ្វើនូវកិច្ចការដ៏សំខាន់ៗនេះ ចរចារកដំណោះស្រាយនយោបាយ ដែលជាការបើកផ្លូវនៃកំណែទម្រង់នយោបាយដ៏ធំ និងជម្រុញទិសដៅសេដ្ឋកិច្ច ដោយយកផលប្រយោជន៍ជាក់ស្តែងរបស់មូលដ្ឋាន។ ប្រហែលជានៅសល់បង គង់ សំអុល, បង សាយ ឈុំ ជាអ្នកដែលបានស្តាប់សំដីរបស់ខ្ញុំនៅស្រុកសំបូររបស់ខេត្តក្រចេះ។ ពេលនោះ ចៅហ្វាយស្រុកសំបូររាយការណ៍ឱ្យខ្ញុំថា នៅស្រុកសំបូរមានក្រុមសាមគ្គីប្រភេទទី ១ ប៉ុណ្ណេះ, ប្រភេទទី ២ ប៉ុណ្ណេះ, ប្រភេទទី ៣ ប៉ុណ្ណេះ យើងខ្ញុំប្តេជ្ញាធ្វើឱ្យប្រភេទទី ៣ ទៅជាប្រភេទទី ២ រុញប្រភេទទី ២ ឱ្យទៅជាប្រភេទទី ១ ដល់ខ្ញុំឆ្លើយតបត្រឡប់ទៅវិញថា សូមប្តេជ្ញាធ្វើឱ្យអត់បាយទាំងអស់គ្នាទៅ។ ខ្ញុំកំពុងតែដើររំសាយអាក្រុមសាមគ្គី ដើម្បីរុញទៅរកអារវេប្រវាស់ដៃ ដែលជារឿងទំនៀមទំលាប់ដើមរបស់យើងឯណោះវិញ ឯគាត់ទៅប្រឹងរុញអាវេរប្រវាស់ដៃឱ្យទៅជាអាទី ២ រុញអាទី ២ ឱ្យទៅជាអាទី ១ វាផ្ទុយគ្នាអញ្ចេះ។
ត្រូវធ្វើឱ្យផ្ទៃក្នុងយល់ បើទោះបីពេលខ្លះគេមិនទាន់យល់ ត្រូវព្យាយាមឱ្យគេយល់
ញ៉ែម ហេង នេះ ប្រហែលជាគាត់នៅស្តាប់ហើយឥឡូវនេះ រឹតបន្តឹងសូម្បីតែសិប្បកម្មជួសជុលម៉ាស៊ីនធ្វើទូក ធ្វើកាណូត ដែលមាននៅកន្លែងហ្នឹង គាត់រឹតបន្តឹង គាត់ថា ពួកអាហ្នឹងសុទ្ធតែពួកនាយទុន … នេះជាគ្រោះថ្នាក់ទី ១ ដែលខ្ញុំសូមបញ្ជាក់។ តែខ្ញុំបានឆ្លងផុតដោយសារការគាំទ្រអ្នកទាំងអស់។ ពេលនោះ និយាយតាមត្រង់ អ្នកដែលមិនចូលចិត្តធ្វើសេដ្ឋកិច្ចទីផ្សារ ភាគច្រើន គឺបងៗដែលទៅរៀនសូត្រនៅភាគខាងជើងវៀតណាម ក្រោយសន្និសីទហ្សឺណែវឆ្នាំ ១៩៥៤។ ខ្លាំងក្លាជាងគេគឺ តាយិន។ តាយិន ធ្វើនៅកំពង់ចាម ចង់ងាប់កំពង់ចាម ធ្វើនៅកំពង់ធំ ចង់ងាប់កំពង់ធំ។ ប៉ុន្តែ យើងជម្នះបានបញ្ហាផ្ទៃក្នុងរបស់យើង។ នេះជាកម្លាំងសង្កត់ទី ១។ អញ្ចឹង នៅពេលណាក៏ដោយ បទពិសោធន៍មួយនេះ ត្រូវធ្វើឱ្យផ្ទៃក្នុងយល់។ បើទោះបីពេលខ្លះគេមិនទាន់យល់ ត្រូវព្យាយាមឱ្យគេយល់ មិនថាអង្គមហាសន្និបាតនេះ អង្គការចាត់តាំងមួយនេះទេ អង្គការចាត់តាំងណាក៏ដោយ ដែលធ្វើការជាមួយគ្នា ត្រូវព្យាយាមឱ្យគេយល់។
កម្លាំងសង្កត់ទី ២៖ ភាពខុសគ្នារវាងវៀតណាម និងកម្ពុជា លើបញ្ហាសេដ្ឋកិច្ច និងនយោបាយ
កម្លាំងសង្កត់ទី ២ ជាអ្វី? ត្រូវដឹងថា នៅពេលដែលមានកំណែទម្រង់នយោបាយ និងកំណែទម្រង់សេដ្ឋកិច្ច កងទ័ពវៀតណាមនៅកម្ពុជាប្រមាណ ១០ ម៉ឺននាក់ នៅឡើយ។ ចំណុចនេះ តើជាអ្វី? មិនមែនជាការងាយស្រួលទេអស់លោក។ កងទ័ពវៀតណាមនៅកម្ពុជាប្រមាណ ១០ ម៉ឺននាក់ ពេលដែលប្រទេសវៀតណាមមិនទាន់មានការកែទម្រង់ ដែលគេហៅថា ដូយមើយ នោះទេ។ អត់ទាន់ទេ។ យើងទៅចរចា យើងកែទម្រង់សេដ្ឋកិច្ចទៅជាសេដ្ឋកិច្ចទីផ្សារ ក្នុងពេលដែលវៀតណាមធ្វើសហករ។ ជាភ័ព្វសំណាងវៀតណាមបានគោរពអធិបតេយ្យភាពរបស់យើង។ ភារកិច្ចរបស់កងទ័ពវៀតណាមនៅកម្ពុជា គឺការពារការវិលត្រឡប់នៃរបប ប៉ុល ពត ប៉ុន្តែ រឿងសេដ្ឋកិច្ច រឿងសម្រេចចិត្ត ការធ្វើសេដ្ឋកិច្ចបែបណា អាស្រ័យលើកម្ពុជា។
… ខ្ញុំបានប្រើករណីខេត្តកំពត ដើម្បីឱ្យដកជំនាញការវៀតណាមអស់នៅក្នុងខែ មិថុនា ១៩៨៨។ ដូច្នេះ បញ្ហាការខុសគ្នារវាងវៀតណាម និងកម្ពុជា លើបញ្ហាសេដ្ឋកិច្ច លើបញ្ហានយោបាយ មិនក្លាយទៅជាឧបសគ្គសម្រាប់ដំណើរឈានទៅមុខរបស់ ហ៊ុន សែន លើកំណែទម្រង់ទេ។ ប៉ុន្តែ ពេលនោះ ប្រសិនបើវៀតណាមមិនគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជាទេ វៀតណាមអាចនឹងធ្វើបាបខ្ញុំ។ ប៉ុន្តែ អរគុណចំពោះមេដឹកនាំវៀតណាម ដែលបានគោរពការសម្រេចរបស់ប្រជាជនកម្ពុជា នៅក្នុងពេលដែលកងទ័ពវៀតណាមនៅប្រមាណ ១០ ម៉ឺននាក់ នៅកម្ពុជា។ វៀតណាមធ្វើសហករ កម្ពុជាចែកដីឱ្យប្រជាជនធ្វើ។ ជំនាន់មុន សូម្បី ពិសិដ្ឋ នេះ គេថាចិន។ ប្រពន្ធខ្ញុំនេះនៅស្រុកខ្មែរគេថាចិន ដល់ស្រុកបារាំងគេថា វៀតណាម។ បើគ្នាកើតឡើងសអញ្ចឹងឱ្យធ្វើម៉េច? បើហៅស្រីម៉ៅ ហៅវាមិនកើត ព្រោះបើគាត់សវាអញ្ចឹង …។ អញ្ចឹង កម្លាំងសង្កត់ទី ២ មិនមានចំពោះខ្ញុំទេ។ ទោះបីជាយើងមានក្ដីបារម្ភគិតទុកថា បើអញឈានទៅចរចាចាប់ដៃជាមួយនឹងអតីតសត្រូវ តើវៀតណាមគេថាម៉េច? អញធ្វើសេដ្ឋកិច្ចទីផ្សារសេរី អត់ទៅសង្គមនិយមតាមវៀតណាម តើវៀតណាមគេថាម៉េច? កង្វល់នេះត្រូវបានរសាត់ទៅបាត់។
កម្លាំងសង្កត់ទី ៣៖ កម្ពុជាដើរខុសទិសបង្កើតប្រទេសសង្គមនិយម សូវៀតអាចធ្វើអោយ ហ៊ុន សែន រងគ្រោះ
ឯកម្លាំងសង្កត់ទី ៣ គឺអ្វី? ប្រហែលអ្នកទាំងអស់គ្នាបានដឹងហើយ ដំណាក់កាលនោះ ជំនួយរបស់យើងមកពីសូវៀត និងអតីតបណ្ដាប្រទេស COMECON/CMEA អឺរ៉ុបខាងកើតតែប៉ុណ្ណោះ។ ពេលនោះ សូវៀតមិនទាន់មាន perestroika ឬក៏ glasnost របស់ Mikhail Gorbachev នោះទេ។ គេដឹងហើយថា អាហ្វហ្គានីស្ថាន, ម៉ុងហ្គោលី, ឆែក, ហុងគ្រី ធ្លាប់ត្រូវទទួលអន្តរាគមន៍ទម្លាក់មេដឹកនាំដោយទីក្រុងម៉ូស្គូ។ ពេលនោះ ក៏ជាពេលវេលានៃកិច្ចចរចា រវាងចិន និងសូវៀតទៀតផង។ នៅមានការចោទគ្នា ចិនចោទសូវៀតថា សើរើនិយម។ សូវៀតចោទចិនថា សើរើនិយម ក្រោយពេលដែលលោកប្រធាន តេង សៀវពីង បាននិយាយថា “ឆ្មាខ្មៅក៏បាន ឆ្មាសក៏បាន ឱ្យតែចាប់កណ្ដុរបាន”។ ម៉ូស្គូបាន(ចំណុច)ហ្នឹងមកវាយប្រហារមកប៉េកាំង។ ប៉េកាំងក៏វាយត្រឡប់ទៅវិញលើរឿងនេះ/នោះ។ ប្រភពជំនួយធំមកកាន់យើង គឺសូវៀត និងបណ្ដាប្រទេសនៅអឺរ៉ុបខាងកើត។ ប្រសិនបើពេលនោះ សូវៀតគាត់ឃើញសភាពការណ៍កម្ពុជាដើរខុសទិស តាមអ្វីដែលគេខិតខំប្រមូលឱ្យបង្កើតប្រទេសសង្គមនិយមឱ្យបានច្រើន ប្រហែលជា ហ៊ុន សែន នឹងរងគ្រោះ។ គេគ្រាន់តែប្រាប់ប៉ុណ្ណេះថា ទុក ហ៊ុន សែន ឱ្យធ្វើប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីតទៅទៀត គេឈប់ផ្ដល់ជំនួយ គ្រាន់តែប៉ុណ្ណឹងធ្វើឱ្យពិបាកទៅហើយ។ ប៉ុន្តែ ជាភ័ព្វសំណាង យើងមិនបានជួបបញ្ហានេះទេ។
គោលដៅធំ ២៖ បញ្ចប់សង្គ្រាម និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមលឿន
យើងធ្វើ ៧ មករា ហើយ យើងទៅទឹកឈូ។ ប៉ុន្តែ មុននឹងចុះទៅងូតទឹក ខ្ញុំអង្គុយប្រជុំជាមួយនឹងពួកអ្នកកាសែត … (Jacques Bekaert) គេសួរថា តើធ្វើរាល់ថ្ងៃនេះធ្វើតាមសូវៀត? ខ្ញុំថា អត់ទេ ក្បាលរបស់ខ្ញុំ មិនអាចកាត់ក្បាលតម្រូវមួកបានទេ ហើយក៏មិនអាចកាត់ជើងខ្ញុំតម្រូវស្បែកជើងបានដែរ។ គេត្រូវកាត់មួកតម្រូវក្បាលខ្ញុំ ហើយត្រូវកាត់ស្បែកជើងតម្រូវជើងរបស់ខ្ញុំ។ សភាពការណ៍កម្ពុជា និងសភាពការណ៍សូវៀត គឺខុសគ្នា គឺមិនអាចប្រៀបធៀបបានទេ។ អញ្ចឹងទេ ចំណុចនេះ ខ្ញុំសុំចែករំលែក ដើម្បីពេលចេញដំណើរ ត្រូវកំណត់គោលដៅឱ្យបានច្បាស់ថា ចង់បានអី? គោលដៅរបស់ខ្ញុំ៖ ទី ១. ចង់បញ្ចប់សង្រ្គាម ដើម្បីនាំមកនូវសន្ដិភាព និងការបង្រួបបង្រួមជាតិ។ ទី ២. ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យវាលឿន។ មានតែពីរហ្នឹងទេ។ អញ្ចឹង ដាក់ចេញគោលដៅហើយ ត្រូវចាប់ផ្ដើមឱ្យមានសកម្មភាព។ ខ្ញុំគិតថា មានមហាវិទ្យាល័យណានៅលើលោកិយនេះ អាចនឹងមានឯកសារនេះទេ បើខ្ញុំមិននិយាយ គឺអត់។ រឿងពិតវាអញ្ចឹង។
មិនអាចជោគជ័យ បើរាជរដ្ឋាភិបាលមិនមានគោលនយោបាយត្រឹមត្រូវ
ខ្ញុំមិនដែលជឿថា សេដ្ឋកិច្ចរដ្ឋធ្វើចំណេញទេ។ ឱ្យតែរដ្ឋធ្វើដឹងតែពីរឿងខាត។ អញ្ចឹងទេ បានជាយើងជំរុញតួនាទីនៃវិស័យឯកជនឱ្យកើន។ នាំគ្នាធ្វើអ្នកមានអស់។ ឥឡូវសួរថា មាននឹងដោយសារអ្នកណា និយាយអោយពិតមក? ពិតហើយ ដើម្បីមានបាន វាត្រូវចេញពីការខិតខំប្រឹងប្រែងរបស់យើងហើយ ប៉ុន្តែដើម្បីឱ្យការខិតខំនោះវាជោគជ័យ វាត្រូវមានគោលនយោបាយត្រឹមត្រូវរបស់រដ្ឋាភិបាល។ ចាស់ៗ ២ នាក់នៅបាត់ដំបង និយាយគ្នាថា យើងមានបានរាល់ថ្ងៃដោយសារអី? ម្នាក់ថា បានមកពីប្រឹងបានមាន។ ម្នាក់ទៀតថា ចុះជំនាន់ ប៉ុល ពត ប្រឹងចង់ងាប់ម៉េចក៏អត់អីស៊ី? រឿងនេះ ត្រូវមើលឃើញកត្តាគួបផ្សំគ្នា ម្ខាងយើងត្រូវប្រឹងខ្លួនឯង ម្ខាងទៀត គឺរដ្ឋាភិបាលត្រូវបង្កលក្ខណៈឱ្យការប្រឹងហ្នឹងវាបានផល បើមិនអញ្ចឹងនៅតែមិនអាចទទួលផលបានទេ។
រាល់កំហុស តូចក្ដី ធំក្ដី ត្រូវហ៊ានទទួលស្គាល់ ត្រូវហ៊ានកែ
អញ្ចឹងទេ បានជារាល់កំហុស បើទោះបីតូចក្ដី ធំក្ដី ត្រូវហ៊ានកែ ត្រូវហ៊ានទទួលស្គាល់ ហើយធ្វើការកែតម្រូវវាទៅ សម្រួលវាទៅ ឱ្យវាមានភាពរលូន។ នេះគឺជាការផ្ទេរ និងជាការជម្រាបជូនអំពីដំណើរជីវិត នៃការដឹកនាំរយៈពេលជាង ៣០ ឆ្នាំ ឬអាចថា ការរួមចំណែកជាង ៤០ ឆ្នាំ នៅក្នុងដំណើរការ។ ជីវិតយកធ្វើដើមទុនរហូត ប៉ុន្តែ ដើមទុនដំណាក់កាលទី ១ គឺបាននិយាយហើយ។ ដំណាក់កាលទី ២ ក៏បាននិយាយ។ តែដំណាក់កាលកែទម្រង់នយោបាយ និងសេដ្ឋកិច្ច ក៏ត្រូវយកជីវិតធ្វើដើមទុនដែរ។ សុទ្ធតែរឿងងាប់ទាំងអស់នឹង។ ធ្វើមិនស្រួល ផ្ទៃក្នុងគ្នាឯងជំទាស់។ ផ្ទៃក្នុងជំទាស់ហើយ វាចប់ហើយ។ ធ្វើមេដឹកនាំគេ គេមិនដើរតាមមិនងាប់? អាហ្នឹងចំណុចទីមួយ។ ទី ២. កងទ័ពវៀតណាមនៅកម្ពុជា កម្ពុជាធ្វើសេដ្ឋកិច្ចទីផ្សារ វៀតណាមធ្វើសហករទៅ អាហ្នឹងក៏សុទ្ធតែរឿងងាប់។ ទី ៣. សូវៀតអ្នកផ្ដល់ជំនួយ ផ្ដល់អាវុធស្អីៗហ្នឹង សូវៀតថាបន្ដិច ហ៊ុន សែន ងាប់ទៀត។ នេះហើយ គឺជាទុននៃជីវិត ប៉ុន្តែ ទុននៃជីវិតដែលហ៊ានយកមកដាក់នេះហើយ ដែលធ្វើឱ្យប្រទេសនេះសព្វថ្ងៃមានអញ្ចឹង។
ពង្រឹងសមត្ថភាព ងើបឈរក្នុងឋានៈជាប្រជាជាតិ មានមុខមានមាត់ស្មើភាពជាមួយនិងគេ
នៅទីនេះ ចំណុចដែលម្នាក់ៗត្រូវចាប់ ចាប់អ្វី? ត្រូវចាប់ឱ្យប្រាកដ កុំឱ្យដូចភាសាខ្មែរចាស់បុរាណថា “ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា”។ អញ្ចឹង ក្មួយៗ ចៅៗ ដែលជាយុវជនសម័យឌីជីថល ត្រូវចាប់យកវិជ្ជាណាមួយឱ្យបានច្បាស់ ហោចបំផុតមួយ បើបានចេះច្រើនវាកាន់តែល្អ។ ពង្រឹងសមត្ថភាពឡើង។ ដូនតាយើងធ្វើអង្គរវត្តបាន យើងក៏ត្រូវមានសមត្ថភាព ដើម្បីនឹងងើបឈរឡើងក្នុងឋានៈជាប្រជាជាតិ ដែលមានមុខមានមាត់ស្មើភាពជាមួយនឹងគេដែរ។ រុញទូកបណ្ដោយទឹក ត្រូវបានមនុស្សមួយចំនួនបកស្រាយថា លោក ហ៊ុន សែន ត្រូវតែសម្រួលសភាពការណ៍ទៅតាមការសង្កត់របស់អន្តរជាតិ។ ចាំទៅអាពៅ! អញក្ដាប់បានហើយអ្នកណាអ្នកនិយាយនោះ។ គេថា មិនយូរទេ លោក ហ៊ុន សែន គាត់រុញទូកបណ្ដោយទឹក មានន័យថា ត្រូវរុញតាមការសង្កត់របស់អន្តរជាតិ។ ហ្អែងចាំមើលទៅ អញឈរជើងតាំងពីអត់អីស៊ី មានរហូតដល់ថ្ងៃនេះ ពាក់ខោអាវធំ ស្បែកជើង។ កាលពីដើម ឆ្នាំ ១៩៧៩ មានមួយកំប្លេរ។
ក្តាប់, បង្ក និងប្រើឱកាស កុំឱកាសនិយមឆ្វេង កុំឱកាសនិយមស្ដាំ, គ្រោះថ្នាក់
ដាក់ចេញគោលដៅឱ្យច្បាស់ ហើយកុំឱកាសនិយមឆ្វេង និងឱកាសនិយមស្ដាំ។ ឱកាសនិយម អ្នកណាក៏ត្រូវតែមានដែរ ត្រូវចេះប្រើឱកាស ប៉ុន្តែ សុំផ្ដាំផ្ញើ កុំឱកាសនិយមឆ្វេង និងកុំឱកាសនិយមស្ដាំ គ្រោះថ្នាក់។ វាមិនខុសពីការធ្វើចរាចរណ៍ទេ បើយើងចង់វ៉ាគេ កុំវ៉ាស្ដាំ ស្ដាំរហូតមិនទៅបុករបងគេបាត់ទៅហើយ ឬមិនធ្លាក់ភ្លឺស្រែទៅហើយ? ធ្វើនយោបាយ កុំឆ្វេង ហើយកុំស្ដាំ។ ត្រូវរកចន្លោះកណ្ដាលមួយដើរ។ សុន្ទរកថារបស់ខ្ញុំថ្ងៃនេះ ច្បាស់ណាស់យប់នេះ វាហៅក្រុមនេះ/នោះមកវិភាគហើយ។ រួចអ្នកវិភាគនោះទៀត វាអត់បានស្ដាប់ឯងទេ គេចុចមួយចំណុច វាឆ្លើយមក(ដោយមិនបានស្ដាប់ទាំងអស់) ឯងនិយាយជិតពីរម៉ោង … សមាជិក ស.ស.យ.ក នេះ អនុប្រធាន (និង/ឬ)សមាជិកអចិន្ត្រៃយ៍អី សុទ្ធតែថ្នាក់រដ្ឋមន្រ្តី ថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់នេះ/នោះ និយាយមិនឱ្យពិសោធន៍យ៉ាងម៉េច។ អាហ្នឹងក្រែងគេមិនថាទំពាំងស្នងប្ញស្សី … អោយបទពិសោធន៍យកទៅប្រើឱ្យត្រូវកាលៈទេសៈ …។ រុញទូកបណ្តោយទឹក ក៏ត្រូវដឹងថាពេលណាត្រូវរុញ។ តិចពេលកំពុងតែខ្យល់វឹងមកចាំតែរុញទៅ អាហ្នឹងវាឡើងទៅលើទឹកទៅវិញ។ ត្រូវតែស្គាល់ឱកាស ក្តាប់ឱកាស ប្រើប្រាស់ឱកាសឱ្យវាត្រូវ។ យុវជនដែលមានសមានចិត្ត និងអ្នកគាំទ្រគណបក្សប្រជាជន ត្រូវតែមានសមត្ថភាពច្បាស់លាស់ ភាគច្រើនសុទ្ធតែមហាវិទ្យាល័យ ឧត្តមសិក្សា (និង)ក្រោយឧត្តមសិក្សាអស់ហើយ។ ថ្ងៃនេះ យើងទេសមួយគ្រែក៏វាមិនខាតបង់អីដែរ។ អ្នកដែលហត់ខ្ញុំទេ។
កិច្ចការសំខាន់ពីរដែលត្រូវធ្វើ៖ ទី (១) បន្តរួមចំណែកការពារនូវសន្តិភាព ស្ថិរភាពនយោបាយ
សុំអបអរសាទរ ចំពោះសមាជិក/ជិកា គណៈអចិន្ត្រៃយ៍ដែលបោះបំពេញបន្ថែម និងគណៈកម្មាធិការដែល បោះបំពេញបន្ថែម។ អបអរសាទរ ចំពោះជោគជ័យ នៃមហាសន្និបាតរយៈពេល ២ ថ្ងៃនេះ។ អ្វីដែលជាការ ដាស់តឿនបំភ្លឺផ្លូវ ដែលសម្តេច សាយ ឈុំ បានដាក់ចេញរួចមកហើយ (ត្រូវ)បន្តធ្វើទៅ។ កិច្ចការសំខាន់តែពីរទេ ដែលក្តាប់វាឱ្យជាប់ក្នុងដៃជាផែនទីចង្អុលផ្លូវ ទី ១. បន្តរួមចំណែកការពារនូវសន្តិភាព ស្ថិរភាពនយោបាយ កុំឱ្យរឿងរ៉ាវអតីតកាលត្រឡប់មកវិញ។ (ទោះ)តម្លៃណាក៏ដោយ កុំឱ្យបដិវត្តន៍ពណ៌កើតនៅកម្ពុជាឱ្យសោះ។ ខ្ញុំបញ្ជាក់សាជាថ្មី កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល អព្យាក្រឹត្យបានតែចំពោះមុខគណបក្សនយោបាយ និងគណបក្សនយោបាយទេ តែមិនអនុញ្ញាតឱ្យអព្យាក្រឹត្យ រវាង(រាជ)រដ្ឋាភិបាលជាមួយនឹងបក្សនយោបាយដែលប៉ុនប៉ងផ្តួលរំលំ។ គេបង្កើតកម្លាំងប្រដាប់អាវុធ និងរដ្ឋបាល ដើម្បីការពាររដ្ឋ សូមកុំភាន់ច្រឡំលើចំណុចនេះឱ្យសោះ។ សភាពការណ៍ពិភពលោកស្មុគស្មាញណាស់។ G7 វាបវាជ័យហើយ។ APEC បរាជ័យហើយ។ ឥឡូវហ្នឹង G20 កំពុងឈានដល់បរាជ័យ ចេញសេចក្តីថ្លែងការណ៍អត់រួចទៀត។ សង្គ្រាមពាណិជ្ជកម្មកំពុងតែវាយប្រហារពិភពលោកហើយ។ អញ្ចឹង កម្ពុជាត្រូវតែស្ថិតនៅតែជាប្រទេស ដែលមានសន្តិភាពគ្រប់គ្រាន់។ គ្រប់គ្នារួមចំណែកធ្វើកិច្ចការងារនេះ។
ទី ២៖ រួមគ្នាសម្រេចគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០
ឯទី ២. បានដាក់ចេញរួចហើយ។ ពេលនេះ កម្ពុជាកំពុងស្ថិតនៅក្នុងក្របខ័ណ្ឌជាប្រទេសដែលមានប្រាក់ ចំណូលមធ្យមកម្រិតទាប តែយើងមានគោលដៅក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដែលតាមសូចនាករ នៃចំណាត់ថ្នាក់របស់ខាងធនាគារពិភពលោក។ ដែលហៅថា ប្រទេសមានចំណូលទាប គឺ ៩៩៥ ដុល្លារ (អាមេរិក)ចុះ គឺជាប្រទេសដែលមានប្រាក់ចំណូលកម្រិតទាប។ ចាប់ពី ៩៩៦-៣.៨៩៥ ដុល្លារ(អាមេរិក) ចាត់ទុកថា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ចាប់ពី ៣.៨៩៦-១២.០៥៥ ដុល្លារ(អាមេរិក) គឺជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ចាប់ពី ១២.០៥៥ ដុល្លារ(អាមេរិក) ឡើងទៅ ចាត់ទុកថា ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ឥឡូវនេះ យើងកំពុងស្ថិតនៅប្រាក់ចំណូល ១.៥៦៣ ដុល្លារ (អាមេរិក) ឆ្នាំក្រោយយើងនឹងឡើងទៅដល់ ១.៧០៥ ដុល្លារ (អាមេរិក)។ តាមការព្យាករ នៅឆ្នាំ ២០២១ យើងអាចនឹងឡើងទៅដល់លើស ២.០០០ (ដុល្លារ អាមេរិក)។ អញ្ចឹង (ឆ្នាំ) ២០៣០ ខ្ញុំគិតថា យើងនឹងសម្រេចគោលដៅក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលលើសពី ៣.៨០០ (ដុល្លារ អាមេរិក)។ អាចទៅរួច។ នៅក្នុងការខិតខំ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ច ៧%/ឆ្នាំ យើងត្រូវប្រឹងធ្វើទាំងអស់គ្នា។
កិច្ចការធំពីរដែលជាដំណើរឆ្ពោះទៅមុខ៖ ក្តាប់ឱ្យជាប់សន្តិភាព និងស្ថិរភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
កិច្ចការដែលបានដាក់ចេញរួចមកហើយ ខ្ញុំមិនលើកអំពីកិច្ចការរបស់អស់លោក ដែលដាក់ចេញនៅក្នុងសេចក្តីសម្រេចរបស់មហាសន្និបាតទេ។ ប៉ុន្តែកិច្ចការធំៗដែលជាដំណើរឆ្ពោះទៅមុខ គឺម្ខាងក្តាប់ឱ្យជាប់នូវសន្តិភាព និងស្ថិរភាព ម្ខាងទៀត គឺកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់យើង។ ខ្ញុំធ្លាប់បាននិយាយហើយ មិនអាចយកឯករាជ្យ និងអធិបតេយ្យជាតិរបស់ខ្លួន ទៅដោះដូរជំនួយ(ជាមួយ)អ្នកណាទាំងអស់។ យើងត្រូវតែស្មើភាពជាមួយប្រទេសដទៃ រកស៊ីជាមួយប្រទេសដទៃ ឈរលើមូលដ្ឋាន នៃបទដ្ឋានដែលមាន រួចមកហើយ តាមរយៈអង្គការពាណិជ្ជកម្មពិភពលោក។ ពិតមែនហើយ លេចឡើងនូវការគាំពារនិយម និងឯកតោភាគីនិយម។ ប៉ុន្តែ ចរន្តជាទូទៅនៅតែបន្តរក្សាការគាំទ្រនូវចលនានៃសាកលភាវូបនីយកម្ម។
ក្រុមប្រឆាំងបើមិនប្រឆាំងទើបជារឿងចម្លែក
យើងត្រូវធ្វើឱ្យប្រទេសរបស់យើងឈានទៅមុនបន្តទៀត។ រឿងក្រុមប្រឆាំងមិនពេញចិត្ត អត់អ្វីចម្លែកទាំងអស់។ សូមចាំ។ បើក្រុមប្រឆាំងគេប្រឆាំង គឺអត់ចម្លែកទាំងអស់។ បើគេមិនប្រឆាំង ទើបវាចម្លែក។ ដូចខ្ញុំទៅហ្សឺណែវអញ្ចឹង ទៅត្រង់ណាគេធ្វើបាតុកម្មៗ ដល់ទៅហ្សឺណែវ គេអត់ធ្វើបាតុកម្ម ខ្ញុំប្រកាសថា វាចម្លែក។ ហ្សឺណែវមុនពេលដែលខ្ញុំទៅ គឺបាតុកម្មនោះបាតុកម្ម ដល់ពេលខ្ញុំទៅ វាអត់មានបាតុកម្ម ព្រោះរកមនុស្សលែងបាន។ ដល់អញ្ចឹងបានខ្ញុំថា វាចម្លែក។ បើគេធ្វើបាតុកម្មប្រឆាំង អត់ចម្លែកទេ។ ពួកប្រឆាំងវាប្រឆាំងយើង គឺវាជាធម្មជាតិរបស់វា។ បើវាអត់ប្រឆាំងទេ ធ្វើម៉េចគេឱ្យលុយវា? អាអ្នកជេរយើងក៏វាត្រូវការរស់នៅស្រុកគេ វាត្រូវជេរឱ្យខ្លាំង វាថារបប ហ៊ុន សែន នឹងតាមសម្លាប់វា តាមចាប់វា ទើបគេសុំសិទ្ធិជ្រកកោននៅប្រទេសគេបាន … វាទៅក៏ទៅៗ ១ ម៉ឺនគីឡូម៉ែត្រ ពីស្រុកខ្មែរ ឯងធ្វើអីក៏វាមិនកើតដែរ ទៅចុះបើឯងចង់ទៅៗហើយ អាហ្នឹងសិទ្ធិរបស់ឯង។ ប៉ុន្តែ ឯងដើម្បីទិដ្ឋាការ ឯងត្រូវជែរ ហ៊ុន សែន ឱ្យខ្លាំង អាហ្នឹងបានទៅហើយ។
ផលប្រយោជន៍ប្រជាជន មិនថាតូច/ធំ ត្រូវតែគោរព
យើងកុំខ្លាចធ្វើសកម្មភាព។ ប៉ុន្តែ ផលប្រយោជន៍ប្រជាជនត្រូវតែគោរព មិនថាតូច/ធំ។ សកម្មភាពណាក៏ដោយ ត្រូវតែដាក់គោលដៅឱ្យច្បាស់ថា ដើម្បីប្រយោជន៍ជាតិ/ប្រជាជន មិនមែនប្រយោជន៍បុគ្គលណាមួយទេ។ ត្រូវយល់ឱ្យច្បាស់នៅលើរឿងនេះ។ ចង់ក្លាយទៅជាអ្នកដែលមានអនាគតល្អ ត្រូវតែមានអំពើល្អ មិនអាចយកពួកយូកូមបាតផ្សារទៅធ្វើចៅហ្វាយស្រុក/ខេត្ត ឬឱ្យពាក់ស័ក្តិប៉ុណ្ណេះប៉ុណ្ណោះបានទេ។ ចង់ក្លាយទៅជាអ្នកធំ ត្រូវរៀនឱ្យចេះ ចេះឱ្យវាពូកែមក វាមិនខ្វះទេរឿងការងារធ្វើនោះ។ ដូច ក្រមង៉ុយ ថា “ចេះឱ្យវាច្បាស់ទៅ លុយវារត់រកឯង”។ ត្រង់នេះហើយ ដែលខ្ញុំនិយាយពាក្យថា “កុំចាប់នេះ/នោះ មិនឆ្ពោះទៅណានោះ” ចាប់អីចាប់ឱ្យច្បាស់។
ដោយសារមានតម្លាភាព ទើបមានអ្នកគាំទ្រ
អរគុណ! សម្រាប់ការចូលរួម។ ហើយក៏អរគុណផងដែរ ចំពោះអ្នកដែលបានគាំទ្រសហភាពសហព័ន្ធយុវជន ដែលសូម្បីតែខ្ញុំមើលអម្បាញ់ម៉ិញ ប៉ុន្មានលាន ហើយនិង ៤០ ម៉ឺនដុល្លារ (អាមេរិក) ឯណោះ សម្រាប់ការចូលរួម។ អញ្ចឹងហើយសុំផ្តាំទៅក្រុមប្រឆាំង។ គេធ្វើអញ្ចឹង។ គេមានតម្លាភាពអញ្ចឹង បានជាអ្នកគាំទ្រទាំងឡាយគេចូលលុយអញ្ចឹង។ ខ្លួនឯងគ្រាន់តែទៅរៃលុយគេធ្វើទូរទស្សន៍ ឥឡូវលុយហ្នឹងវាទៅណាបាត់ហើយ? ម៉េចក៏មិនសងប្រជាជនវិញទៅ? រួចស្អីឡើងអាងតែច្រណែនគេ។ កុំថាមកពីកូន លោក ហ៊ុន សែន បានគេចូល? មិនមែនអញ្ចឹងទេ។ ទោះបីជា ហ៊ុន សែន ផ្ទាល់ក៏ដោយ តែធ្វើមិនត្រូវ គេមិនចូល ធ្វើអីគេ? យើងទៅបង្ខំគេយ៉ាងម៉េច អាហ្នឹងលុយក្នុងហោប៉ាវគេសោះ។
ឈប់ឆ្លើយឆ្លងជាមួយ សម រង្ស៊ី
សុំកុំចម្លែកចិត្ត យប់នេះអាវិទ្យុមួយហ្នឹងវាចាំហៅតែអាក្រុមហ្នឹងឡើងធ្វើអត្ថាធិប្បាយហើយ។ ហ្អែងឡើងទៅ ឡើងទាល់តែងាប់។ ខ្ញុំផ្តាំថា កុំត(នឹង)វា។ មានអាមួយនោះ អាហ្នឹងមួយថ្ងៃៗផុស្តធ្វើម៉េចឱ្យខ្ញុំតនឹងវា។ អញឈប់និយាយនឹងហ្អែង។ អញដឹងហ្អែងច្បាស់។ រាល់ថ្ងៃនេះ ហ្អែងជាមនុស្សគេលែងយកចិត្តទុកដាក់ហើយ។ អញ្ចឹង វិធីតែមួយគត់ ហ្អែងឆ្កឹះអញឱ្យជេរហ្អែង។ ឱ្យនិយាយរកហ្អែង។ រួចប្រើពាក្យហ្អែងអញ្ចឹង វាថាឯងនឹងអសុរស។ ប៉ុន្តែ ដល់ទៅវាវិញ វាសុទ្ធតែជេរម៉ែឯង។ វាជេរតាម Facebook វាបង្ហោះតាម YouTube។ វាអ្នកសរសេរ វាឱ្យអ្នកផ្សេងអ្នកនិយាយ (ស្មានតែ)គេមិនដឹងរឿង។ ពួកនឹងគេរុញមកឱ្យ បានខ្ញុំថា វាយត្រឡប់ទៅវិញថា វាច្បាស់ជាចង់ឱ្យខ្ញុំឆ្លើយតបវា។ កុំឆ្លើយតប។ ដល់អញ្ចឹងទៅវាស្ងាត់ទៅ។ ហ្អែងនិយាយទៀតទៅ។ កុំត។ ទុកឱ្យហ្អែងនៅអញ្ចឹងហើយ។ ដល់តវាមានតម្លៃ។ អញ្ចឹង កុំតបណ្តោយ។ សូមទាំងអស់គ្នាទទួលបាននូវសេចក្តីសុខ ចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕