- ឯកឧត្តមបណ្ឌិត មូគីសា គីទូយី អគ្គលេខាធិការ នៃសន្និសីទអង្គកាសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ
- ឯកឧត្តម ប្រមុខរដ្ឋ /រដ្ឋាភិបាល នៃបណ្ដាប្រទេសដែលមានវត្ដមានទីនេះ
- ឯកឧត្តម លោកជំទាវ លោក លោកស្រី
ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកវិនិយោគសាកលនៃវេទិកាវិនិយោគពិភពលោកឆ្នាំ ២០១៨ ដើម្បីចែករំលែកចក្ខុវិស័យដើម្បីអនាគតយើង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ និងរដ្ឋាភិបាលស្វ៊ីស ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅដល់រូបខ្ញុំ និងគណៈប្រតិភូកម្ពុជា។
ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចពិភាក្សានានា និងអនុសាសន៍ល្អៗជាច្រើន តាមរយៈបទអន្ដរាគមន៍មុនៗ ទាក់ទងនឹងការវិនិយោគក្នុងយុគសម័យថ្មីនៃសាកលភាវូបនីយកម្ម ដែលមានសារៈសំខាន់ជាខ្លាំងសម្រាប់ ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសនិមួយៗ ក្នុងតំបន់ និងពិភពលោកទាំងមូល។ ដោយសារកម្ពុជាធ្លាប់បានរួមវិភាគទានមួយចំនួនដល់ការអភិវឌ្ឍពាណិជ្ជកម្ម និងការវិនិយោគ ក្នុងក្របខណ្ឌតំបន់ និងសកល ខ្ញុំសូមចូលរួមចែករំលែកអំពីគោលនយោបាយវិនិយោគ និងអភិវឌ្ឍរបស់កម្ពុជាដូចខាងក្រោម៖
កម្ពុជាគាំទ្រពេញទំហឹង និងផ្ដល់អាទិភាពខ្ពស់ ចំពោះគោលនយោបាយសាកលភាវូបនីយកម្ម ដែលប្រកាន់ខ្ជាប់ដោយប្រទេសភាគច្រើននៅក្នុងសកលលោក។ ប៉ុន្ដែ ពិភពលោកបច្ចុប្បន្នកំពុងប្រឈមបញ្ហាជាច្រើនទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងអន្ដោប្រវេសន៍ បណ្ដាលមកពីការប្រែប្រួលភូមិសាស្រ្ដនយោបាយ ស្របគ្នានឹងនិន្នាការគាំពារនិយមក្នុងបណ្ដាប្រទេសរីកចំរើនជឿនលឿនខ្លះ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសវិនិយោគសកល និងធ្វើឲ្យថមថយការវិនិយោគផ្ទាល់ពីបរទេស ទៅកាន់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ទោះស្ថិតនៅក្នុងស្ថានភាពបែបនេះក្ដី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្ដប្រកាន់ខ្ជាប់គោលនយោបាយបើកចំហដែលធ្លាប់បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក។ តាមរបាយការណ៍របស់ UNCTAD ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់កម្ពុជា មានការកើនឡើង ១២% ក្នុងឆ្នាំ ២០១៧ ដល់កម្រិតខ្ពស់បំផុត ២.៨ ប៊ីលាន ដុល្លារអាមេរិក នៅក្នុងវិស័យហិរញ្ញវត្ថុ, ទូរគនាគមន៍, អចលនទ្រព្យ, ទំនិញ និងកម្មន្ដសាលមិនមែនវាយនភណ្ឌ ដែលធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច ៥ លើពិភពលោក ទទួលបានកំណើនវិនិយោគខ្ពស់ជាងគេ។
ការវិនិយោគផ្ទាល់ពីបរទេសជាប្រភពហិរញ្ញវត្ថដ៏សំខាន់ សម្រាប់ការកាត់បន្ថយភាពក្រីក្រ។ កម្ពុជាបានកាត់បន្ថយភាពក្រីក្រពី ៥៣% នៅឆ្នាំ ២០០៤ មកនៅត្រឹម ១៣.៥ % នៅឆ្នាំ ២០១៤។ សម្រាប់កម្ពុជាការវិនិយោគផ្ទាល់ពីបរទេសត្រូវបានចាត់ទុកថា ជាកត្ដាគន្លឹះមួយជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs)។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងរៀបចំចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់ ដើម្បីទាកទាញអ្នកវិនិយោគបរទេសបន្ថែមទៀត តាមរយៈការពង្រីកមូលដា្ឋនផលិតកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អប្រព័ន្ធដឹកជញ្ជូនទាំងផ្នែកទន់ នឹងរឹង ការកាត់បន្ថយថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស ការរៀបចំបច្ចេកវិទ្យាព័ត៌មានវិទ្យា ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងការទម្រង់ប្រព័ន្ធ និងស្ថាប័នយុត្ដិធម៌។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាកំពុងជម្រុញអនុវត្ដយ៉ាងសកម្ម នូវគោលនិយោបាយអនុវត្ដវិស័យឧស្សាហកម្ម ២០១៥-២០២៥ ដោយផ្ដោតលើការកសាងមូលដ្ឋានផលិតកម្ម ដែលផ្ដល់តម្លៃបន្ថែមខ្ពស់ជាងមុន និងមានសមាហរណកម្មជាមួយនឹងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងពិភពលោក។
ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជាកំពុងជម្រុញការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវាកម្មប្រមូលផ្ដុំប្រកបដោយប្រសិទ្ធភាព។ មកទល់បច្ចុប្បន្ន វិនិយោគិនបានស្នើសុំចុះបញ្ជីបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៧ ទីតាំង ក្នុងនោះ១៩ ទីតាំងកំពុងដំណើរការផលិត និងនាំចេញ ហើយ ១០ ទីតាំងផ្សេងទៀតកំពុងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដចាំបាច់នានា។ ជាមួយនឹងសក្ដានុពលវិនិយោគលើគ្រប់វិស័យ គោលនយោបាយការពារ និងលើកទឹកចិត្តដល់វិនិយោគ ការអនុគ្រោះពន្ធលើកម្លាំងពលកម្ម ទីផ្សារធំទូលាយ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនពីការផ្លាស់ប្ដូរទីតាំងរោងចក្រពីប្រទេសជិតខាងដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម កម្ពុជារំពឹងថា នឹងបន្ដទទួលបាននូវកំណើនខ្ពស់ពីការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ទាក់ទិននឹងការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចក្នុងក្របខណ្ឌសកល កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងការសម្របសម្រួល និងជម្រុញប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ឲ្យផ្ដល់ភាពអនុគ្រោះពន្ធគយ និងមិនជាប់កូតា សម្រួលដល់វិធានប្រភពដើមទំនិញ ផ្ដល់ភាពអនុគ្រោះក្នុងវិស័យសេវា និងផ្ដល់ជំនួយបចេ្ចកទេសឲ្យបានច្រើនដល់ប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងពិនិត្យឡើងវិញ នូវវិធានទាំងឡាយ ដែលមិនអំណោយផលដល់ការវិនិយោគ និងពាណិជ្ជកម្មសកល។
ប៉ុន្ដែ ជាអកុសល ដូចលោកអ្នកជ្រាបស្រាប់ ពិភពលោកយើងកំពុងប្រឈមនឹងសង្គ្រាមពាណិជ្ជកម្មដ៏ស្រួចស្រាល់ និងអូសបន្លាយរយៈពេលវែង ដោយសារការប្រកាន់នូវគោលនយោបាយគាំពារនិយម និងជំហរឯកតោភាគីនិយមដោយប្រទេសជឿនលឿនខ្លះ ដែលបង្កផលប៉ះពាល់ដល់ប្រយោជន៍ប្រទេសភាគច្រើន ដែលគាំទ្រសាកលភាវូបនីយកម្ម។ ប្រការនេះ បានធ្វើឲ្យការចរចាពាណិជ្ជកម្ម ក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកត្រូវជាប់គាំង ដោយសារភាពមិនច្បាស់លាស់នៃគោលនយោបាយពន្ធថ្មីៗ ព្រមទាំងការដាក់គំនាប និងទណ្ឌកម្មនានា ជាហេតុធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ពាណិជ្ជកម្ម ការវិនិយោគ និងការនាំចេញទំនិញពីបណ្ដាប្រទេសអភិវឌ្ឍន៍តិចតួចលើទីផ្សារអន្ដរជាតិ ក៏ដូចជាការបង្កឧបសគ្គដល់ការអនុវត្ដរបៀបវារៈ ២០៣០ នៃអង្គការសហប្រជាជាតិផងដែរ។
សាកលភាវូបនីយកម្មគឺជានិន្នាការនៃពិភពលោកទាំងមូល ដែលជម្រុញកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។ ប៉ុន្ដែ ទន្ទឹមនឹងនេះ ចរន្ដប្រឆាំងនឹងសាកលភាវូបនីយកម្ម ក៏កំពុងកើតមានឡើងដំណាលគ្នាផងដែរ ដោយសារកម្រិតអតុល្យភាពកម្រិតប្រាក់ចំណូល និងការកើនឡើងនូវគម្លាតវិសមភាពជាដើម ដែលធ្វើឲ្យប្រទេសមួយចំនួនបាត់បង់ការទុកចិត្តគ្នាទៅវិញទៅមក និងបង្កើតភាពភ័យខ្លាចចំពោះសាកលភាវូបនីយកម្មទៅវិញ។ ឈរលើមូលដ្ឋាននេះ ខ្ញុំស្នើឲ្យប្រមុខដឹកនាំទាំងអស់សំដែងនូវសុឆន្ទៈ និងការទទួលខុសត្រូវ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមសកលនេះ ដើម្បីរក្សាបាននូវបរិយាកាសវិនិយោគ និងស្ថិរភាពភូមិសាស្ដ្រនិយោបាយ ក៏ដូចបង្កើនការទុកចិត្ដក្នុងវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុផងដែរ។
ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិមួយ ប្រកបដោយស្មារតីទទួលខុសត្រូវ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសេរី និងស្មើភាព ក៏ដូចជាដើម្បីរក្សាសន្ដិភាព ស្ថិរភាព ក្នុងតំបន់ និងពិភពលោកទាំងមូល។ ជាមួយគ្នានេះ ខ្ញុំសូមអញ្ជើញប្រមុខដឹកប្រទេស និងក្រុមហ៊ុននានា ចូលរួមជាដៃគូវិនិយោគជាមួយយើង ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជា និងលើកកម្ពស់កំណើនពិភពលោក។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមធានាជូនវិនិយោគិនគ្រប់រូប នូវបរិសា្ថនអនុគ្រោះ និងគាំទ្រដល់វិនិយោគ ជាពិសេសធានានូវសន្ដិភាព សន្ដិសុខ ស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងក្របខណ្ឌច្បាប់ និងស្ថាប័ន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ជាងនេះទៀត យើងខ្ញុំគាំទ្រពេញទំហឹងនូវគោលនយោបាយអន្ដរជាតិនានា ដែលជ្រោមជ្រែងដល់ការវិនិយោគទាំងក្នុងតំបន់ និងលើសកលលោក ព្រមទាំងអំពាវនាវដល់ដៃគូអភិវឌ្ឍនានា មេត្ដាផ្ដល់ជំនួយបច្ចេកទេសផ្សេងៗដល់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីគាំទ្រដល់ការរៀបចំ និងអនុវត្ដគោលនយោបាយគាំទ្រកំណើនប្រកបដោយប្រសិទ្ធភាព។
នៅទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្ដងទៀត ដល់ឯកឧត្តមអគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដែលបានរៀបចំវេទិការវិនិយោគពិភពលោក ២០១៨ និងផ្ដល់ឱកាសសម្រាប់កម្ពុជា និងបណ្ដាលប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីបង្ហាញពីសក្ដានុពលនៃការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងរួមចំណែកផ្ដល់អនុសាសន៍ដល់កិច្ចពិភាក្សាស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងក្របខណ្ឌសកល។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា វេទិកានេះដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជម្រុញវិស័យវិនិយោគឲ្យរីកចំរើនបន្ថែមទៀត និងសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានប្រកបដោយសុខភាពល្អបរិបូរណ៍ និងទទួលជោគជ័យគ្រប់ភារកិច្ចរៀងៗខ្លួន៕