សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា
ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា
លោកជំទាវ ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា
ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភា
សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា
ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៦ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តនូវសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពនៃរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។
ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្តពីសំណាក់រដ្ឋសភានៅពេលនេះ ទូលព្រះបង្គំជាខ្ញុំ សូមសំដែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានព្រះរាជទាននូវការគាំទ្រ និងការលើកទឹកចិត្តដ៏កក់ក្ដៅបំផុត ចំពោះរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលតាមគន្លងប្រកបដោយគតិបណ្ឌិត និងសុភវិនិច្ឆ័យរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងនាមរាជរដ្ឋាភិបាល ទូលព្រះបង្គំជាខ្ញុំ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរ ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គទ្រង់បានប្រកបដោយព្រះរាជសុខភាពល្អបរិបូរ និងកាយពលមាំមួន ដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅ ចៅទួតរបស់ព្រះអង្គ ជ្រកកោនជាយូរអង្វែងតរៀងទៅ។
ខ្ញុំក៏សុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានបំពេញតួនាទីជាព្រឹទ្ធសមាជិករដ្ឋសភា ប្រកបដោយប្រសិទ្ធភាព និងដោយជោគជ័យ និងសូមថ្លែងអំណរគុណជូនចំពោះសម្ដេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកានៃស្ថាប័ននីតិបញ្ញត្តិដ៏ឧត្តុង្គឧត្តមនេះ ដែលបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៦ នៃរដ្ឋសភា ដោយមានរូបខ្ញុំជាប្រមុខ។
សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ការបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ កន្លងមក គឺជាការបោះឆ្នោតមួយ ដែលមានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចូលរួមរហូតដល់ ៨៣,០២% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត ដែលជាអត្រាមួយដ៏ខ្ពស់ ធៀបទៅនឹងប្រវត្តិថ្មីៗនៃការចូលរួមបោះឆ្នោតនៅក្នុងប្រទេសជាច្រើនលើសកលលោក។ អត្រានៃការចូលរួមដ៏ខ្ពស់នេះ បានបង្ហាញអោយឃើញច្បាស់នូវឆន្ទៈដ៏ស្រួចស្រាល់របស់ប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ ក្នុងការអនុវត្តសិទ្ធិជាពលរដ្ឋរបស់ខ្លួន ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដើម្បីជ្រើសរើសឥស្សរជននយោបាយដឹកនាំប្រទេស តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ប្រការនេះ ក៏ជាសក្ខីកម្មដ៏ប្រត្យក្ស គូសរំលឹកយ៉ាងត្រដែតនូវទឹកចិត្តរបស់ប្រជាជាតិកម្ពុជាទាំងមូល ដែលស្រឡាញ់សុខសន្ដិភាព និងគោរពគាំទ្រយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ហើយក៏ជាការឆ្លុះបញ្ជាំងអោយឃើញពីការបដិសេធយ៉ាងដាច់អហង្ការ ពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ចំពោះទង្វើអគតិរបស់ក្រុមជនមួយចំនួន ដែលបានខិតខំទាក់ទាញប្រជាជាតិកម្ពុជាអោយចាកចេញពីគន្លងនៃមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយអុជអាលប្រជាពលរដ្ឋអោយលុះទៅនឹងមហិច្ឆតាផ្ទាល់ខ្លួនរបស់ពួកគេ ដែលប្រកបទៅដោយពិសពុល និងគ្រោះថ្នាក់សម្រាប់ជាតិកម្ពុជា ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈមធ្យោបាយបដិវត្តពណ៌ ដែលរុញកម្ពុជាអោយធ្លាក់ជាថ្មីម្ដងទៀតទៅក្នុងអន្លង់អន្ធការនៃចលាចលសង្គម និងសោកនាដកម្មនៃសង្រ្គាមបំផ្លិចបំផ្លាញ។
បន្ថែមលើនេះ លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅនេះ ក៏ជាការឆ្លុះបញ្ជាំងអោយឃើញផងដែរ នូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹង និងដ៏មោះមុតពីសំណាក់ប្រជាពលរដ្ឋភាគច្រើនលើសលប់ និងពីគ្រប់មជ្ឈដ្ឋានទៅលើភាពចាំបាច់ក្នុងការបន្តកិច្ចដឹកនាំកសាងប្រទេស នៅលើមាគ៌ា នៃសុខសន្ដិភាព ការអភិវឌ្ឍ និងកំណែទម្រង់រដ្ឋគ្រប់វិស័យ ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពដ៏កាន់តែរុងរឿង។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា មានកាតព្វកិច្ចបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ក្នុងការប្ដេជ្ញាចិត្តឥតរាថយ និងក្នុងភាពកាន់តែស្វាហាប់ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញអនុវត្តការកែទម្រង់កាន់តែស៊ីជម្រៅ និងទូលំទូលាយ។ គឺនៅក្នុងស្មារតីនេះហើយ ដែលរាជរដ្ឋាភិបាលបានរៀបចំឡើងនូវ «កម្មវិធីនយោបាយ» របស់ខ្លួន ហើយឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំដាក់ជូនអង្គរដ្ឋសភាជាទីគោរព នូវ «កម្មវិធីនយោបាយ» នេះ ជាលាយលក្ខណ៍អក្សរ និងសូមការអនុញ្ញាតកត់ត្រាឯកសារដ៏មានសារសំខាន់នេះ នៅក្នុងកំណត់ហេតុផ្លូវការនៃសម័យប្រជុំពេញអង្គរបស់រដ្ឋសភា ដោយអនុគ្រោះ។
ខ្លឹមសារនៃ «កម្មវិធីនយោបាយ» របស់រាជរដ្ឋាភិបាល ដែលត្រូវបានបង្ហាញជូនរដ្ឋសភា និងតាមរយៈសភាជូនដល់ជនរួមជាតិ និងសាធារណមតិទូទៅនាពេលនេះ ឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្ដេជ្ញាដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជននៅក្នុងគ្រប់កាលៈទេសៈ ព្រមទាំងបង្ហាញច្បាស់អំពីចក្ខុវិស័យ និងគោលនយោបាយលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ដើម្បីបន្តការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។ ជារួម ខ្ញុំសូមអនុញ្ញាតយកឱកាសនេះ គូសបញ្ជាក់អំពីការធានា ៤ យ៉ាងរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនជនរួមជាតិទាំងអស់ តាមរយៈការអនុវត្ត «កម្មវិធីនយោបាយ» នេះសម្រាប់ដំណើរទៅមុខរបស់កម្ពុជា នៅក្នុងនីតិកាលទី ៦ នៃរដ្ឋសភានោះគឺ៖
ទី១៖ ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ/ឃុំ សម្រាប់ការរស់នៅដោយក្សេមក្សាន្តរបស់ប្រជាជន នៅគ្រប់ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី មិនអោយកម្លាំងណាមករំលោភ បំពាន និងបំផ្លាញបានឡើយ។
ទី២៖ ការធានាបន្តជម្រុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងគ្រប់វិស័យ ដោយផ្តោតអាទិភាពទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន់នឹងវិបត្តិ និងទ្រទ្រង់ដោយកំណើនខ្ពស់ ប្រកបដោយចីរភាព បរិយាបន្ន័ និងសមធម៌, ការបន្តផ្តោតអាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស ការលើកកម្ពស់ និងការបង្កើនការវិនិយោគ ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ព័នចាំបាច់នានា ទាំងផ្នែករឹង ទាំងផ្នែកទន់ ដើម្បីបង្កើតភាពទាក់ទាញ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាបម្រើដល់សេចក្តីត្រូវការគ្រប់ផ្នែករបស់ប្រជាជន ការពង្រីកបរិយាបន្ន័ហិរញ្ញវត្ថុ ពិសេស ការផ្តល់សេវាហិរញ្ញវត្ថុខ្នាតតូច និងមធ្យម ព្រមទាំងសេវាឥណទានជនបទ សម្រាប់សហគ្រាសធុនតូច និងធុនមធ្យម និងសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ក្នុងអត្រាការប្រាក់ទាបសមរម្យ ។ល។
ទី៣៖ ការធានាបន្តជម្រុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្តល់ជូនដល់ស្រទាប់យុវជន នូវការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ ការបន្តដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករនិយោជិត ការបន្តដំឡើងបៀវត្សរ៍ និងប្រាក់សោធនិវត្តជូនមន្ត្រីសាធារណៈគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន ការពង្រីកបណ្តាញផ្គត់ផ្គង់ និងការបញ្ចុះថ្លៃអគ្គិសនី ក៏ដូចជាការខិតខំបញ្ចុះថ្លៃទឹកស្អាត ពិសេសនៅតំបន់ជនបទ ។ល។
ទី៤៖ ការធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំពារសង្គម និងរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដោយជួយគាំពារប្រជាជនគ្រប់រូប ពិសេសអ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះ ពីហានិភ័យនានា ដោយមិនទុកអោយប្រជាជនណាម្នាក់ ទទួលការរងគ្រោះដោយមិនមានការយកចិត្តទុកដាក់នោះឡើយ។
ជាមួយគ្នានេះ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា ខ្ញុំក៏សូមសន្យា និងធ្វើការប្តេជ្ញាជាឱឡារិក ចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសថា ខ្ញុំនឹងប្តូរផ្តាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តអោយបានសម្រេចជោគជ័យ នូវ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការសន្យារបស់គណបក្សប្រជាជនជូនដល់ប្រជាពលរដ្ឋនៅមុនការបោះឆ្នោត ហើយដែលទើបនឹងដាក់ជូនអង្គរដ្ឋសភាឧត្តុង្គឧត្តម នាពេលនេះ ពិសេស ផ្តោតការយកចិត្តទុកដាក់លើវិធានការជាក់ស្តែងជាអាទិភាពទាំង ៤ ដែលនឹងត្រូវដាក់អោយអនុវត្តនៅឆ្នាំ ២០១៩ រួមមាន៖
ទី១- បន្តបង្កើនប្រាក់ឈ្នួលពលកម្មរបស់កម្មករ/និយោជិត និងរៀបចំបើកប្រាក់ឈ្នួលពលកម្មក្នុងរយៈពេល ២ សប្តាហ៍ម្តង។
ទី២- បន្តបង្កើនបៀវត្សរ៍ និងប្រាក់សោធនិវត្តជូនមន្ត្រីរាជការគ្រប់ប្រភេទ ព្រមទាំងនិវត្តជន និងអតីតយុទ្ធជន និងរៀបចំបើកបៀវត្សរ៍ និងប្រាក់សោធននិវត្ត ក្នុងរយៈពេល ២ សប្តាហ៍ម្តង តាមប្រព័ន្ធធនាគារ។
ទី៣- បញ្ចុះថ្លៃអគ្គិសនី តាមកម្មវិធី និងតារាងថ្លៃជាក់លាក់នៅក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០។
ទី៤- ដាក់អោយអនុវត្តនូវកម្មវិធីគាំពារសង្គម ជាអាទិភាពមួយចំនួនរួមមាន៖ (១)- កម្មវិធីឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារក្រោម ២ ឆ្នាំ នៃគ្រួសារក្រីក្រ (២)- របបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និង (៣)- របបសោធនសម្រាប់កម្មករ/និយោជិត។
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអំពាវនាវដល់អង្គរដ្ឋសភាទាំងមូល និងតាមរយៈរដ្ឋសភា សូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់ស្រទាប់ ទាំងនៅក្នុង និងក្រៅប្រទេស ហើយក៏ឆ្លៀតឱកាសនេះដែរ សូមអំពាវនាវដល់ដៃគូ និងតួអង្គអភិវឌ្ឍទាំងអស់ ក្នុងនោះរួមមាន ដៃគូទ្វេភាគី និងពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាមន្ត្រីគ្រប់ជាន់ថ្នាក់ នៅតាមបណ្តាក្រសួង និងស្ថាប័ននានានៃអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ អង្គតុលាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមមេត្តាផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹង និងសូមចូលរួមអនុវត្តយ៉ាងសកម្ម នូវ «កម្មវិធីនយោបាយ» នេះ អោយទៅជាចលនារួមដ៏ខ្លាំងក្លា ប្រកបដោយជវភាពសំដៅសម្រេចអោយបាននូវជោគជ័យជាផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍របស់ជាតិ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងដាក់ចេញ ព្រមទាំងជម្រុញអនុវត្តអោយបានជោគជ័យនូវ «យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤» ដែលជា «របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច» នៃ «កម្មវិធីនយោបាយ» នេះ សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។
ជាថ្មីម្តងទៀតរាជរដ្ឋាភិបាលកម្ពុជាសូមសំដែងនូវសេចក្តីគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានឃើញយ៉ាងច្បាស់នូវសច្ចភាពនៃការរស់ឡើងវិញ និងការរីកចម្រើនរបស់ប្រទេសជាតិ ហើយបានផ្តល់ជំនឿ និងការគាំទ្រដ៏ធំធេងចំពោះរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។ ដោយផ្អែកលើមូលដ្ឋាននៃការគាំទ្ររបស់ប្រជាជន រាជរដ្ឋាភិបាលប្តេជ្ញាប្រមូលផ្តុំកម្លាំងប្រឹងប្រែង ជម្រុញអនុវត្តបេសកកម្មជាប្រវត្តិសាស្ត្រនៅក្នុងនីតិកាលទី ៦ នៃរដ្ឋសភានេះ អោយសម្រេចបានជោគជ័យដ៏ត្រចះត្រចង់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ឆ្លៀតឱកាសនេះ ខ្ញុំសូមរំលឹកទៅដល់សមាជិក សមាជិកា នៃរដ្ឋសភារបស់យើងដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល តាមគោលការណ៍កំណត់ គឺអ្នកដែលនៅកាន់តួនាទីខាងផ្នែករាជរដ្ឋាភិបាល គឺទុកនៅជាសមាជិកសភា ត្រឹមនាយករដ្ឋមន្រ្តី។ នាយករដ្ឋមន្រ្តី គឺមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺត្រូវតែជាសមាជិករដ្ឋសភា។ ក្រៅពីនោះ គឺឧបនាយករដ្ឋមន្រ្តី។ ឯចាប់ពីថ្នាក់ទេសរដ្ឋមន្រ្តីចុះ គឺត្រូវលាលែងពីរដ្ឋសភា។
ដូច្នេះ ឯកឧត្តម លោកជំទាវមួយចំនួនដែលជាទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ដែលជាសមាជិករាជរដ្ឋាភិបាលក៏ត្រូវលាលែង។ បន្ទាប់ពីនោះ គេនឹងអាចឃើញព្រះរាជក្រឹត្យនៅល្ងាចនេះ ក៏មានតែងតាំងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមស្ថាប័ន។ នៅពេលដែលមិនមានឃើញឈ្មោះខ្លួននៅក្នុងនោះទេ គឺមិនចាំបាច់លាលែងទេ ប៉ុន្តែបើសិនឃើញឈ្មោះខ្លួនជារដ្ឋមន្រ្តីប្រតិភូ ឬក៏ជារដ្ឋលេខាធិការ ក៏សុំមេត្តាដាក់ពាក្យលាលែង ដើម្បីផ្ដល់ឱកាសសម្រាប់អ្នកថ្មីមកជំនួសទីកន្លែងនៅក្នុងរដ្ឋសភា។
ឯថ្នាក់រដ្ឋលេខាធិការ រដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី គឺត្រូវធ្វើការខាងរាជរដ្ឋាភិបាល។ គ្រាន់តែនៅទីនេះ យើងអាចមើលឃើញថា ក្នុងចំណោមទេសរដ្ឋមន្រ្តី ក៏មានទេសរដ្ឋមន្រ្តីមួយចំនួន រដ្ឋមន្រ្តីមួយចំនួន ក៏ត្រូវលាលែង ហើយថ្នាក់រដ្ឋលេខាធិការ ហោចណាស់ក៏មាន ២៖ ១ គឺ គឹម សុផន នៅក្រសួងពាណិជ្ជកម្ម ក៏ត្រូវលាលែង ហើយមួយទៀត គឺឯកឧត្តម ស សុខា ដែលត្រូវទៅធ្វើជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏ត្រូវលាលែង។ ដូច្នេះ ចំណុចនេះ ក៏សូមពិនិត្យ ហើយរៀបចំអោយខ្ញុំបានចុះហត្ថលេខា បញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អោយបានមុនពេលដែលខ្ញុំចេញដំណើរទៅបរទេសនៅថ្ងៃទី ១០ ខាងមុខនេះ។
[បញ្ចប់សេចក្ដីអធិប្បាយ]
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជ័យជូន សម្ដេច ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានរដ្ឋសភា ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា សូមប្រកបដោយពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបានជោគជ័យ ក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ សូមអរគុណ៕