សុន្ទរកថា និងសេចក្ដីដកស្រង់ប្រសាសន៍ ថ្លែងក្នុងសម័យប្រជុំទី ១ នីតិកាលទី ៦ នៃសភាជាតិ

  សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី ១ រដ្ឋសភា លោកជំទាវ ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង ១០ នៃរដ្ឋសភា សម្ដេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ថ្ងៃនេះ គឺជាទិវាប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភានីតិកាលទី ៦ បានបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអនុម័តនូវសមាសភាពនៃថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាពនៃរាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។ ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលបាននូវសេចក្ដីទុកចិត្តពីសំណាក់រដ្ឋសភានៅពេលនេះ ទូលព្រះបង្គំជាខ្ញុំ សូមសំដែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានព្រះរាជទាននូវការគាំទ្រ និងការលើកទឹកចិត្តដ៏កក់ក្ដៅបំផុត ចំពោះរាល់សកម្មភាពរបស់រាជរដ្ឋាភិបាលតាមគន្លងប្រកបដោយគតិបណ្ឌិត និងសុភវិនិច្ឆ័យរបស់ព្រះបរមរតនកោដ្ឋ ព្រះ​បាទសម្ដេច…