- សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
- បងប្អូនតំណាងកសិករ និង អង្គសន្និបាតទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមក្នុងពិធី «បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៧-២០១៨ និងទិសដៅការងារឆ្នាំ ២០១៨-២០១៩» និង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មី របស់ក្រសួងកសិកម្ម រុកា្ខប្រមាញ្ញ់ និងនេសាទ» នាពេលនេះ។ ជាបឋម ខ្ញុំសូមសម្តែងការស្វាគមន៍ចំពោះសមេ្ដច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបងប្អូនតំណាងកសិករឆ្នើមទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមយ៉ាងកុះករ ក្នុងពិធីដ៏មានអត្ថន័យនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសេរី និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឤជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងបងប្អូនកសិករទាំងអស់ ដែលបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យកសិកម្មនៅក្នុងឆ្នាំ ២០១៧ កន្លងទៅនេះ។
ជាការពិត លទ្ធផលដ៏ប្រសើរនេះ មិនមែនកើតមានឡើងដោយចៃដន្យនោះទេ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា រួមទាំងការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជានិច្ចកាលរបស់រាជរដ្ឋាភិបាល ចំពោះការអភិវឌ្ឍវិស័យកសិកម្មនេះ។ ក្នុងនោះ យើងបានចាប់ផ្តើមគិតគូរចំពោះវិស័យនេះ ដោយផ្ដើមចេញពីការកែទម្រង់ដីធ្លី, ផ្តល់កម្មសិទ្ធិជូនបងប្អូនប្រជាជនតាំងពីដើមទសវត្សរ៍ឆ្នាំ ៨០, ការអនុវត្តរបបសេដ្ឋកិច្ចផែនការគួបផ្សំសេដ្ឋកិច្ចទីផ្សារ, ការមិនយកពន្ធលើដីស្រែ, ដីចម្ការ និងកសិផលរហូតមកដល់បច្ចុប្បន្ន, កិច្ចខិតខំដោះមីនរំដោះដីសម្រាប់បង្កបង្កើនផល, ការស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ, ការបណ្តុះបណ្តាលជំនាញជូនបងប្អូនប្រជាជនលើជំនាញដាំដុះ, ការចិញ្ចឹមសត្វ, ការផ្តល់ពូជ, ជី, ការអនុគ្រោះផ្នែកពន្ធដល់ការនាំចូលសម្ភារៈឧបករណ៍បម្រើឱ្យវិស័យកសិកម្ម ដើម្បីជួយកសិករ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការគោលនយោបាយជាបន្តបន្ទាប់ សំដៅដោះស្រាយការលំបាក, ក្តីកង្វល់ និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក្នុងវិស័យកសិកម្មទាំងមូល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
ចំពោះមុខនេះ យើងកាន់តែមានមោទនភាពចំពោះវិស័យកសិកម្មរបស់យើង ដែលក្នុងឆ្នាំ ២០១៧-២០១៨ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងនោះ ផលិតផលស្រូវសរុបក្នុងបរិមាណប្រមាណ ១០,៥២ លានតោន, កើន ៥,៧% ធៀបនឹងឆ្នាំមុន និងអតិរេកស្រូវមានចំនួនជាង ៥,៥៦ លានតោន ឬគិតជាអង្ករស្មើនឹង ៣,៥៦ លានតោន, ហើយដំណាំរួមផ្សំ និងដំណាំឧស្សាហកម្មផ្សេងៗ ក្នុងនោះ ផលិតកម្មកៅស៊ូមានកំណើនប្រមាណ ៣៣%, ផលិតកម្មសត្វ ១,៥% និងវារីវប្បកម្មកើនប្រមាណ ២០% ធៀបនឹងឆ្នាំមុន ដែលនេះគឺជាជោគជ័យមួយដ៏ធំសម្រាប់កម្ពុជាយើង។
ការណ៍នេះបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការងារបង្កបង្កើនផល, ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាពម្ចាស់ការរបស់ប្រជាកសិករ, កំណើនការប្រើប្រាស់គ្រឿងយន្តកសិកម្មដែលកើនឡើង, ការរៀបចំសហគមន៍កសិកម្ម, ការទទួលយកបច្ចេកទេសថ្មីៗ, ការផ្លាស់ប្តូរពូជដែលមានទិន្នផលខ្ពស់ និងគុណភាពល្អ, ការជំរុញផលិតកម្មតាមបែបលក្ខណៈគ្រួសារ ទៅជាផលិតកម្មតាមបែបពាណិជ្ជកម្មជាដើម។ និយាយរួម យើងកំពុងទទួលផលបន្ថែមទៀត ដោយបច្ចុប្បន្នបងប្អូនកសិករយើងកំពុងកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្តីត្រូវការផ្ទាល់ខ្លួន មកជាការផលិតដើម្បីធ្វើពាណិជ្ជកម្មវិញ ពោលគឺកសិករយើងកំពុងប្រែក្លាយខ្លួនពី «កសិករ» ទៅជា «កសិករពាណិជ្ជករ» ដើម្បីទទួលបានតមៃ្លបន្ថែមសម្រាប់កែលម្អជីវភាពរស់នៅរបស់ខ្លួន បានល្អប្រសើរជាបណ្តើរៗ គួរឱ្យកត់សម្គាល់។
ឯកឧត្តម លោកជំទាវ លោក លោកស្រី , អង្គសន្និបាតទាំងមូល !
ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលនឹងបន្តផ្តោតការផ្តល់ឤទិភាពខ្ពស់ ចំពោះការបង្កើតឱ្យមានផែនការរយៈពេលវែង ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ដែលមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលបាន និងកំពុងជួបប្រទះ ដូចជាកង្វះការធ្វើពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅមានកម្រិត, កង្វះការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម និងលើការកែច្នៃផលិតផលកសិកម្ម, ការចិញ្ចឹមសត្វ និងវារីវប្បកម្មបែបពាណិជ្ជកម្មនៅមានកម្រិត និងការលំបាកក្នុងការរកទីផ្សារលក់ផលិតផលកសិកម្មជាដើម។ លើសពីនេះទៀត យើងក៏បានដឹងថា និន្នាការរយៈពេលវែងនៃការប្រែប្រួលឤកាសធាតុ និងកំដៅផែនដី ជំរុញឱ្យមានបាតុភូតធម្មជាតិប្រែប្រួលក្នុងលក្ខណៈគំហុកជាងសព្វដង និងមិនទៀងទាត់ដូចមុន, ភាពរាំងស្ងួត និងរលកកំដៅឤចមានលក្ខណៈធំធេង, ហើយទឹកជំនន់ក៏ឤចមានទំហំធំធេងជាងមុនផងដែរ។ ការប្រែប្រួលឤកាសធាតុ គឺជានិនា្នការសកល ដែលប៉ះពាល់ដល់សង្គម, សុខភាព, អភិបាលកិច្ច និងធនធាន ពិសេសប៉ះពាល់ដល់វិស័យកសិកម្មនេះ ស្របគ្នានឹងការលេចឡើងនូវឧស្សាហកម្មថ្មីៗ។
ក្នុងស្មារតីនេះ និងក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើបកម្មតាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី, មានឧត្តមភាពប្រកួតប្រជែង, ធន់នឹងការប្រែប្រួលឤកាសធាតុ, ប្រកបដោយនវានុវត្តនោះ ខ្ញុំសូមយកឱកាសនេះ ដើម្បីក្រើនរំឭក និងផ្ដល់នូវគំនិតថ្មីៗបនែ្ថមជូនថ្នាក់ដឹកនាំ និង មន្រ្ដីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ សម្រាប់ជាមូលដ្ឋានគន្លឹះអនុវត្តបន្តដូចតទៅ៖
ទី១. ត្រូវបន្តលើកកម្ពស់ការស្រាវជ្រាវ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មទំនើបៗ, ត្រូវយកចិត្តទុកដាក់អភិវឌ្ឍធនធានមនុស្ស ជាពិសេសបង្កើនចំនួនអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្ដកសិកម្ម។ ទន្ទឹមនេះ ត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗ, ជំរុញការកសាងលិខិតបទដ្ឋានគតិយុត្ត និងច្បាប់លើដំណាំកសិកម្ម ជាពិសេស ពន្លឿនការបញ្ចប់ច្បាប់ស្តីពីការការពារដំណាំ និងភូតគាមអនាម័យ និងការរៀបចំកំណត់តំបន់ដាំដុះកសិកម្ម។
ទី២. ជំរុញការធ្វើពិពិធកម្មកសិកម្មទៅរកផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ និងមានសក្តានពុលលើដំណាំ, ការចិញ្ចឹមសត្វ, វារីវប្បកម្ម, ផលិតផលឈើដាំ និងការវិនិយោគលើការកែច្នៃកសិផលសំខាន់ៗ។ ជាមួយនោះ ត្រូវបន្តលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម, ការកែច្នៃ, ការវេចខ្ចប់ និងពង្រឹងសមត្ថភាពពិសោធន៍ស្តង់ដារគុណភាព ក៏ដូចជាពង្រឹងវិធានការពារដំណាំ និងភូតគាមអនាម័យ, ត្រូវចូលរួមទទួលខុសត្រូវពង្រឹងសន្តិសុខភូតគាមអនាម័យ ក្នុងទិសដៅធានា និងលើកកម្ពស់សុវត្ថិភាពចំពោះអ្នកហូបចុក ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែង។
ទី៣. ត្រូវជំរុញលើកទឹកចិត្តការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការចិញ្ចឹមបែបពាណិជក្ជម្ម, លើកទឹកចិត្តការចិញ្ចឹមសត្វខ្នាតមធ្យម និងធំ, ត្រូវគ្រប់គ្រងឱ្យបានម៉ត់ចត់លើការធ្វើឤជីវកម្មសត្វរស់, ផលិតផលសត្វ, ចំណីសត្វ, បសុឱសថ មិនឱ្យមានការធ្វើអាជីវកម្មផ្ដាច់មុខដែលប៉ះពាល់ដល់តម្លៃ និងបញ្ហាទីផ្សារ។ ទន្ទឹមនេះ ត្រូវជំរុញការកែចៃ្នផលិតផលសាច់ និងកន្លែងកែច្នៃ ឱ្យអនុវត្តតាមបទដ្ឋានបច្ចេកទេស និងមានការត្រួតពិនិត្យអនាម័យសាច់ និងផលិតផលសត្វ, ធានាឱ្យបាននូវគុណភាព, អនាម័យ និងសុវត្ថិភាពសាច់ សម្រាប់អ្នកបរិភោគ និងឆ្ពោះទៅរកការនាំចេញសាច់ទៅបរទេស។
ទី៤. ត្រូវបន្តប្រើប្រាស់កម្លាំងសរុបចុះស្រាវជ្រាវ, រុករក និងបង្ក្រាបបទល្មើសជលផល និងការកាប់រាន, ដុត ឈូសឆាយដីព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ទាំងរដ្ឋបាលជលផលនៅថ្នាក់កណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដោយសហការជាមួយឤជ្ញាធរដែនដី, កងកម្លាំងប្រដាប់ឤវុធ, អង្គភាពពាក់ព័ន្ធ, អយ្យការ និងតុលាការ។ ព្រមជាមួយនេះ ត្រូវបន្តយកចិត្តទុកដាក់ជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹក ឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការរំលោភបំពានលើដីព្រៃលិចទឹក និងដីព្រៃឈើ ជាដើម។
ទី៥. ត្រូវខិតខំពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទ, ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទទៅតាម ស្ថានភាពជាក់ស្តែង, ត្រូវបន្តពង្រឹងការគ្រប់គ្រង និងការពារកន្លែងអភិរក្សជលផលឱ្យមានប្រសិទ្ធភាព ពិសេសត្រូវថែរក្សាការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស។ លើសពីនេះទៀត ត្រូវខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ដើម្បីជាមធ្យោបាយសម្រាប់អនុវត្តក្នុងការប្រយុទ្ធប្រឆាំងការនេសាទល្មើសច្បាប់, គ្មានការអនុញ្ញាត ដោយត្រូវបង្កើតយន្តការថ្នាក់ជាតិឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ជាមួយអន្តរស្ថាប័នស្របតាមនីតិវិធីជាធរមាន។
ទី៦. ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីព្រៃឈើជាតិ សំដៅធានាឱ្យបាននូវស្ថិរភាពរឹងមាំលើការអភិវឌ្ឍវិស័យព្រៃឈើជាតិយូរអង្វែង តាមរយៈការបន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើ, ការបន្តជំរុញការស្តារដាំដុះព្រៃឈើឡើងវិញ នៅលើដីព្រៃរេចរិល, ដីព្រៃរងការធ្វើឤជីវកម្ម, ដីទំនេររបស់រដ្ឋ និងដីព្រៃដែលបានដកហូតពីសម្បទានដីសេដ្ឋកិច្ច, ការបង្កើនការបណ្តុះកូនឈើគ្រប់ប្រភេទនៅតាមស្ថានីយ៍ សម្រាប់ចែកចាយជូនប្រជាជនដាំដុះ។ ទន្ទឹមនេះ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការស្រាវជ្រាវ, ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងជលផលឱ្យមានប្រសិទ្ធភាព។ ខ្ញុំសូមបញ្ជាក់ជាថ្មីថា ពុំមានការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឬការជួលឡូត៍នេសាទទៀតទេ ហើយតំបន់សម្បទានសេដ្ឋកិច្ចដែលនៅសេសសល់ពីមុនមក នឹងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យដ៏តឹងរឹងក្នុងការអនវុត្តតាមកិច្ចសន្យាវិនិយោគ។
ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ, សហគមន៍អន្តរជាតិ និងសហគមន៍មូលដ្ឋាន ជាពិសេសចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការស្រាវជ្រាវអភិវឌ្ឍ និងផ្សព្វផ្សាយបចេ្ចកវិទ្យាកសិកម្មឱ្យបានជ្រួតជ្រាបទៅដល់បងប្អូនកសិករយើង។ ទន្ទឹមនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ដល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ដែលបានបញ្ចេញពូជស្រូវថ្មីចំនួន ១ ពូជបន្ថែមទៀតឈ្មោះ «ផ្កាមាលតី» ដែលជាពូជស្រូវក្រអូបប្រណិត, អង្ករល្អ, ឤយុកាលកណ្តាលប្រកាន់រដូវ, ធន់មធ្យមនឹងភាពរាំងស្ងួត, ធន់នឹងទឹកជំនន់ ត្រូវក្នុងបរិការណ៍នៃការប្រែប្រួលឤកាសធាតុ និងតម្រូវការទីផ្សារ។
(ចាប់ផ្ដើមសេចក្ដីអធិប្បាយ)
កម្ពុជាមានលទ្ធភាពបង្កាត់ពូជស្រូវធន់នឹងអាកាសធាតុ
គិតថា យើងមកនិយាយ ប៉ុន្តែមិនទាន់បានស៊ីផងទេ ហើយមកសរសើរគេ ប៉ុន្តែគេប្រាប់មកថា អាហ្នឹងល្អ យើងថា ល្អបណ្ដោះអាសន្នទេ ចាំយកទៅស៊ីសិន។ ស៊ីហើយ ដឹងថាឆ្ងាញ់ ចាំយើងផ្សព្វផ្សាយបន្តទៀត ប៉ុន្តែឥឡូវ យ៉ាងណាក៏យើងសរសើរដែរ ព្រោះយើងបានបង្កាត់ពូវត្រឹមត្រូវរបស់វា ហើយបើសិនជាថា វាធន់ជាមួយនឹងបញ្ហាទាក់ទិនជាមួយនឹងការប្រែប្រួលអាកាសធាតុ កម្ដៅចេះតែឡើង វាអត់មានថយចុះទេ។ ពីដើមធ្លាប់តែថា (ពូជស្រូវ)តម្រូវ(អាកាសធាតុ) ៣០ អង្សារ ទៅ ៣៥ អង្សារ វាអាចរស់ ឥឡូវវាមិនរស់ទៀតទេ ព្រោះ(កំដៅ)វាទៅខ្ពស់លើសហ្នឹងទៅហើយ។ ប៉ុន្តែឥឡូវចាំមើល(ស្រូវពូជថ្មីនេះ) ផលិតអោយច្រើនបន្ដិច គឺដាក់មួយគីឡូៗ ចែកគ្នាយកទៅដាំបាយហូប បានដឹងវាជាការពិត។ ឥឡូវគ្រាន់តែសរសើរគេ មិនទាន់បានស៊ីផង។ ជាមូលដ្ឋាន យើងបានធ្វើហើយនូវពូជស្រូវជាច្រើន យើងបង្កាត់ខ្លួនឯង។
(បញ្ចប់សេចក្ដីអធិប្បាយ)
ខ្ញុំក៏សូមអបអរសាទរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានយកចិត្តទុកដាក់រៀបចំវេទិកាកសិករឆ្នើមទូទាំងប្រទេស ជារៀងរាល់ឆ្នាំក្នុងគោលបំណងជ្រើសរើសកសិករឆ្នើម ដើម្បីប្រែក្លាយចំណេះដឹងរបស់បងប្អូនឱ្យស្របតាមការប្រែប្រួល នៃបច្ចេកវិទ្យាក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។
នៅទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០១៧- ២០១៨ ទិសដៅការងារឆ្នាំ ២០១៨-២០១៩» និងការអបអរសាទរពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់ក្រសួង» នាពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី, បងប្អូនប្រជាកសិករ, ជនរួមជាតិ និងអង្គសន្និបាតទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ៕