សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ!
បងប្អូនជនរួមជាតិជាទីគោរព!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ដើម្បីថ្លែងសារទៅកាន់ជនរួមជាតិជាទីគោរពស្នេហា។ ដូចដែលបង ប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា ថ្ងៃនេះ តុលាការកំពូលបានសម្រេចកាត់សេចក្ដី ចេញសាលក្រម រំលាយគណបក្សសង្រ្គោះជាតិ។ អ្វីដែលប្រជាជនយើងទាំងអស់គ្នាបានដឹងរួចមកហើយ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយមានការគាំទ្រពីព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ គណបក្សប្រជាជនកម្ពុជា តាមរយៈរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា យើងបានខិត ខំយ៉ាងខ្លាំង ដើម្បីកសាងទឹកដីនេះពីគំនរផេះផង់ ពីបាតដៃទទេ ក្នុងពេលដែលយើងបានប្រឹងប្រែងដើម្បី ស្វែងរកដំណោះស្រាយស្ដីពីបញ្ហាកម្ពុជា តាមរយៈការបញ្ចប់សង្រ្គាម តាមរយៈនៃការចរចា ដើម្បីស្វែងរក ដំណោះស្រាយនៃបញ្ហាដ៏ស្មុគស្មាញរបស់យើង។
យើងក៏បានសម្រេចជោគជ័យអំពីនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្ដិភាព និងឯកភាពទឹកដីពេញលេញ។ ទោះបីជារយៈពេលកន្លងទៅ សភាពការណ៍ពិភពលោក ក៏ដូចជាតំបន់ មានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ភ្ជាប់ឥតងាករេនូវបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន គឺការរួមសុខរួមទុក្ខជាមួយនឹងប្រជាជនគ្រប់កាល
ៈទេសៈ។ យើងបានបន្តជាមួយនឹងគោលនយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដើម្បីប្រមូលកម្លាំងសាមគ្គី ក្នុងនោះ គឺធានាអោយបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ យើងក៏បានខិតខំដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រ។ យើងនៅតែបន្តការប្ដូរផ្ដាច់ជាមួយនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ ដោយមានការបោះឆ្នោតជាទៀងទាត់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឥឡូវនេះ ដោយឈរលើមូលដ្ឋាននេះ តុលាការកំពូលសាលដីកាសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងធ្វើការហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំ នៃគណបក្សនេះ ស្របតាមវិធាននៃនីតិរដ្ឋ។ ក្នុងនាមជាស្ថាប័ននីតិប្រតិបត្តិ រាជរដ្ឋាភិបាលសូមប្រកាសគាំទ្រចំពោះការសម្រេចរបស់តុលាការកំពូលនេះ ហើយការសម្រេចនេះ គឺនឹងធានាបាននូវការបន្តរក្សាការពារបានគង់វង្សនូវសន្ដិភាព ស្ថេរភាព ឯករាជ្យ អធិបតេយ្យភាព និងដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងសមធម៌។
អាស្រ័យហេតុនេះ រាជរដ្ឋាភិបាលសូមអំពាវនាវចំពោះបងប្អូនជនរួមជាតិទាំងអស់ មេត្តារក្សាភាពស្ងាត់ស្ងៀម ហើយចូលរួមអនុវត្តសេចក្ដីសម្រេចរបស់តុលាការកំពូល ដើម្បីរួមគ្នាបន្តថែរក្សាសន្ដិភាព ស្ថេរភាព នយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សង្គម និងនីតិរដ្ឋនៅកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនៅតែបន្តការប្ដេជ្ញាចិត្តនៅក្នុងការការពារនៃដំណើរការ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ការបោះឆ្នោតនៅពេលខាងមុខ ក៏នឹងត្រូវប្រព្រឹត្តទៅក្រោមការចាត់ចែងរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ។ ក្នុងនោះ មានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងត្រូវរៀបចំនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។
ដូចដែលយើងធ្លាប់បានដឹងហើយ នៅកម្ពុជាមិនមែនមានតែគណបក្សពីរនោះទេ គឺមានគណបក្សរាប់សិបឯណោះ។ ដូច្នេះ អវត្តមាននៃគណបក្សនយោបាយមួយ ក៏នៅមានគណបក្សនយោបាយជាច្រើនទៀត ដែលនឹងត្រូវចូលរួមការបោះឆ្នោត។ ម្យ៉ាងទៀត ទោះបីជាគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ ក៏ប៉ុន្តែអតីតសមាជិក សមាជិកា និងសកម្មជន និងអ្នកធ្លាប់គាំទ្រគណបក្សនេះ លើកលែងតែថ្នាក់ដឹកនាំមួយចំនួន ដែលត្រូវតុលាការកំពូលហាមឃាត់ការធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ បងប្អូននៅតែមានសិទ្ធិសេរីភាពពេញលេញស្របទៅតាមរដ្ឋធម្មនុញ្ញ។ បងប្អូនអាចទៅបង្កើតបក្សនយោបាយថ្មី ឬបងប្អូនអាចទៅចូលរួមជាមួយនឹងគណបក្សនយោបាយណាមួយតាមដែលចិត្តខ្លួនចង់។
យើងក៏សូមថ្លែងនូវការកោតសរសើរ និងអរគុណចំពោះអតីតសមាជិកថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលជាសមាជិកសភា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ បងប្អូនអតីតសមាជិកា សកម្មជន អ្នកធ្លាប់គាំទ្រគណក្សនេះ ដែលបានស្ម័គ្រប្រកបដោយមនសិការដ៏ថ្លៃថ្លាមកចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីធានាបាននូវឯកភាព និងសាមគ្គីភាព ក្នុងគោលដៅបម្រើប្រជាពលរដ្ឋអោយបានល្អនៅឯមូលដ្ឋាន។
ទន្ទឹមនេះ ខ្ញុំព្រះករុណាខ្ញុំ នៅតែបន្តអំពាវនាវចំពោះបងប្អូនដែលជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ សមាជិកក្រុមបឹ្រក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេស បងប្អូននៅមានពេលវេលានៅឡើយ បន្ទាប់ពីការដែលគណបក្សសង្រ្គោះជាតិត្រូវរំលាយ រយៈពេល ២ អាទិត្យយ៉ាងយូរ នឹងត្រូវរៀបចំបែងចែកអាសនៈនោះអោយរួចរាល់។ ដូច្នេះបងប្អូននៅមានលទ្ធភាពមួយអាទិត្យ ឬក៏ច្រើនជាងមួយអាទិត្យបន្ដិច នៅមុនពេលដែលគណបក្សនយោបាយនានានឹងដាក់បញ្ជីឈ្មោះទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីជំនួសតំណែងបងប្អូន ដែលនឹងត្រូវបាត់បង់។ ប្រសិនបើបងប្អូនចង់ចូលរួមចំណែកណាមួយ ក្នុងការបន្តបេសកកម្មជាមេឃុំ ជាចៅសង្កាត់ ជាជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ឬសមាជិកក្រុមប្រឹក្សាស្រុក ខេត្ត រាជធានី យើងនៅបន្តទទួលស្វាគមន៍ចំពោះបងប្អូន។
ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សូមអោយប្រធានគណបក្ស គណៈកម្មាធិការបក្សនៅតាមខេត្ត រាជធានី នៅតាមស្រុក ខណ្ឌ ក៏ដូចជានៅតាមឃុំ សង្កាត់ មេត្តាយោគយល់ និងរៀបចំអោយបងប្អូនដែលបានចាកចេញរួចមកហើយ និងបន្តការចាកចេញជាបន្តទៀត រៀបចំអោយបងប្អូនបានទៅធ្វើជាចៅសង្កាត់ ជាមេឃុំ ជាជំទប់ ជាសមាជិកក្រុមប្រឹក្សានៅទីកន្លែងដដែល។ នេះជាការផ្ដល់ឱកាសសម្រាប់បងប្អូនទាំងនោះ ដើម្បីទទួលបាននូវការបម្រើប្រជាជនជាបន្តទៀត ក្រោមឆ័ត្ររបស់គណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែបងប្អូនមិនត្រូវមើលឃើញថា អ្វីដែលជាការសំណូមពររបស់ខ្ញុំព្រះករុណាខ្ញុំ ជាការទិញដូរនោះទេ។ យើងគ្មានប្រាក់កាស ធ្វើការទិញដូរណាមួយទេ។ យើងគ្រាន់តែចង់ផ្ដល់ឱកាសអោយបងប្អូនដើម្បីមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជនតែប៉ុណ្ណោះ។ ឱកាសនេះកម្រណាស់។
កាលពីប៉ុន្មានថ្ងៃមុន នៅថ្ងៃទី ៣ ដែលខ្ញុំព្រះករុណាខ្ញុំនៅចាំ នៅក្នុងពេលវេលានៅក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ពេលនោះខ្ញុំព្រះករុណាខ្ញុំ ក៏និយាយនៅទីនេះ ប៉ុន្តែពួកគេអះអាងថាគឺនឹងមិនមានការរំលាយគណបក្សសង្រ្គោះជាតិទេ។ ឥឡូវនេះ តើពួកអ្នកដែលបានអះអាងនោះ ត្រូវ ឬខុស? ឥឡូវការទន្ទឹងរង់ចាំ ហើយពេលវេលាវាក៏បានមកដល់ សាលដីកានៃតុលាការកំពូលបិទផ្លូវតវ៉ា។ គ្មានឈ្មោះគណបក្សសង្រ្គោះជាតិនៅកម្ពុជាទៀតទេ។ ប៉ុន្តែការអំពាវនាវរបស់ខ្ញុំព្រះករុណាខ្ញុំនេះ ធ្វើឡើងក្នុងន័យផ្ដល់ឱកាស ក្នុងន័យទទួលជនរួមជាតិដែលស្ថិតនៅជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ឬក៏ថ្នាក់ដឹកនាំផ្នែកខាងក្រោម ដែលទទួលការបោះឆ្នោតនោះ គឺនៅមានឱកាសសម្រាប់បងប្អូន ដើម្បីបន្តការងារជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅតាមលំដាប់ថ្នាក់ដែលបងប្អូនចង់បន្ត។ បងប្អូនមិនត្រូវយល់ថា នេះជាសម្រែកនៃការអំពាវនាវដើម្បីទិញដូរឧត្តមគតិនោះទេ។ បងប្អូនមិនអាចសង្រ្គោះបក្សខ្លួនឯងបានផង តើបងប្អូនត្រូវសង្រ្គោះបក្ស ឬក៏ត្រូវសង្រ្គោះខ្លួនឯង ដើម្បីខ្លួនឯងមានលទ្ធភាព ដើម្បីនឹងចូលរួមបម្រើប្រជាពលរដ្ឋ ទៅតាមអ្វីដែលបងប្អូនបានប៉ងប្រាថ្នាជាយូរមកហើយ។
ម្យ៉ាងទៀត ខ្ញុំព្រះករុណាខ្ញុំ បានដឹងថា មានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួន កំពុងត្រូវលាក់ខ្លួននៅកន្លែងនេះ ឬនៅកន្លែងនោះ។ សូមបងប្អូនកុំព្រួយបារម្ភ។ ចេញមុខមក។ ម្យ៉ាងទៀត ក៏សូមផ្ដាំផ្ញើថា សូមដោះស្រាយបញ្ហាអោយបានដាច់ស្រេច ទាក់ទិនជាមួយនឹងត្រាសម្រាប់ការងាររបស់មេឃុំ ចៅសង្កាត់ដែលមិនបានមកចូលរួម ហើយមិនបានមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយមិនបានវិលត្រឡប់ទៅកាន់ការងារនៅឃុំ សង្កាត់ នោះវិញ សូមប្រគល់ត្រា និងទូទាត់ទ្រព្យសម្បតិ្ត ឬប្រាក់កាសទាំងឡាយដែលនៅជំពាក់ជាមួយនឹងកិច្ចការ ដែលនៅនឹងមូលដ្ឋាន។ ព្រោះថា បើសិនជាមិនដោះស្រាយបញ្ហាទាំងនេះទេ បងប្អូន នឹងអាចបង្កើតបានទៅជាទោសព្រហ្មទណ្ឌដាច់ដោយឡែកមួយផ្សេងទៀត ជាមួយនឹងការខ្វះការទទួលខុសត្រូវ ឬរហូតទៅដល់ការឆបោក ឬក៏ការយកទៅនូវរបស់ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋនៅឯមូលដ្ឋាន។
ចំណុចនេះ គឺជាចំណុចដែលខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សាជាថ្មីម្ដងទៀតថា យើងមិនព្យាបាទអ្នកណាទេ ក៏ប៉ុន្តែកំហុសទាំងអស់នេះ ជាកំហុសរបស់មេដឹកនាំ។ កំហុសមេដឹកនាំនេះ មិនគ្រាន់តែនាំទៅដល់ការត្រូវផ្ដន្ទាទោសរបស់មេដឹកប៉ុណ្ណោះទេ ក៏ប៉ុន្តែនាំទៅដល់នូវសោកនាដកម្ម គឺការរលាយបក្សនយោបាយមួយ។ ការរលាយបក្សនយោបាយនេះ ក៏បាននាំមកនូវគ្រោះថ្នាក់ និងការបាត់បង់នូវការងាររបស់បងប្អូននៅខាងក្រោម។ ខ្ញុំព្រះករុណាខ្ញុំ ចង់ផ្ដល់ឱកាសអោយបងប្អូនទាំងឡាយ មានឱកាសបន្តការងារ ទើបខ្ញុំព្រះករុណាខ្ញុំ ធ្វើយ៉ាងដូច្នេះ។ បើទោះបីជាបងប្អូនថា មិនលក់ឧត្តមគតិ ខ្ញុំព្រះករុណាខ្ញុំ ក៏មិនត្រូវការទិញឧត្តមគតិនោះដែរ។ សូមបញ្ជាក់ បើមិនមកទេ ក៏គណបក្សប្រជាជនកម្ពុជាមិនស្លាប់ទេ។ អ្នកគិតអោយបានច្បាស់។ ពេលវេលានៅក្នុងរង្វង់មួយអាទិត្យ ឬលើសមួយអាទិត្យបន្តិចតែប៉ុណ្ណោះ។ សូមកុំព្យាយាមបង្កើតនូវទោសព្រហ្មទណ្ឌបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗដែលខុសនឹងច្បាប់។
សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើង ដែលរយៈពេលកន្លងទៅ គឺមានស្ងប់ស្ងាត់ និងបន្តស្ងប់ស្ងាត់តទៅទៀត ដើម្បីជីវភាពរបស់យើង ដើម្បីឆ្នាំងបាយរបស់យើង ដើម្បីការបង្កបង្កើនផល និងកិច្ចការរបស់យើង។ សំរាប់ដំណើរការប្រជាធិបតេយ្យ យើងនៅតែប្ដូរផ្ដាច់ ដើម្បីនឹងធានាថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នឹងបន្តវត្តមាននៅកម្ពុជា នោះគឺការបោះឆ្នោតជាបន្តជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសសមាជិករដ្ឋសភានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។
យើងក៏សូមជំរាបទៅមិត្តភក្តិអន្តរជាតិទាំងឡាយថា យើងកំពុងតែអនុវត្តនូវច្បាប់ប្រទេសរបស់យើង បើទោះបីមានអ្វីកើតឡើងក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា អ្នកមួយចំនួនគឺមិនបន្តប្រព្រឹត្តនូវអំពើអតីតកាល ដែលធ្លាប់គាំទ្រ លន់ នល់ អោយទម្លាក់សម្ដេច ព្រះនរោត្តម សីហនុ ហើយធ្វើអោយប្រទេសកម្ពុជាខ្ទេចខ្ទាំ។ បន្ទាប់ទៅ ពួកអស់លោកអ្នកមួយចំនួនបានគាំទ្រខ្មែរក្រហមនៅឯអង្គការសហប្រជាជាតិ បំផ្លិចបំផ្លាញយើងខ្ញុំ។ សង្ឃឹមថា អស់លោកអ្នក នឹងមិនបន្តប្រព្រឹត្តរឿងច្រំដែលដែលធ្លាប់បានកើតនៅក្នុងអតីតកាលនោះទេ។ ប្រជាជនកម្ពុជាចេះដឹង និងឆ្លាតវៃគ្រប់គ្រាន់ ដើម្បីសម្រេចកិច្ចការរបស់ខ្លួន ដើម្បីធានាថា ប្រទេសនេះ មានឯករាជ្យ មានអធិបតេយ្យភាព និងបូរណភាពទឹកដី មានសន្ដិសុខ មានសន្ដិភាព មានសេ្ថរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ។
យើងសង្ឃឹមថា ប្រជាជនជាទីគោរពស្រឡាញ់របស់យើង ដែលបានប្រឹងប្រែងរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលជិត ៤០ ឆ្នាំមកនេះ នឹងទទួលផលប្រយោជន៍ពីការបន្តរក្សាសន្ដិភាព និងស្ថេរភាពនយោបាយតទៅមុខទៀត។ ជាថ្មីម្ដងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង បន្តការងាររៀងៗខ្លួន និងបន្តភាពស្ងប់ស្ងាត់ មិនធ្វើសកម្មភាពអ្វីដែលនាំទៅដល់ការខុសឆ្គង។ អំពាវនាវចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សសង្រ្គោះជាតិ ដែលមិនត្រូវបានកាត់សិទ្ធិនយោបាយ ធ្វើសកម្មភាពនយោបាយជាបន្ត មករួមចំណែកជាមួយនឹងគណបក្សប្រជាជនកម្ពុជា ឬក៏ត្រូវបន្តទៅចូលរួមជាមួយនឹងបក្សនយោបាយផ្សេង ឬក៏បង្កើតគណបក្សនយោបាយថ្មី តាមតែចិត្តបងប្អូនចង់។ នេះជាលំហនៃសេរីភាព លំហនៃសិទ្ធិបញ្ចេញមតិ លំហនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា (ដែល)មិនត្រូវបានរឹតត្បិតនោះទេ។ ការរឹតត្បិត និងដំណើរការតុលាការ គឺធ្វើតែចំពោះសកម្មភាពខុសច្បាប់ ដែលមានចរិតជាការក្បត់ជាតិតែប៉ុណ្ណោះ។
សូមអរព្រះគុណ អរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់ពីសំណាក់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចពីសំណាក់បងប្អូនជនរួមជាតិ។ សូមអរគុណ៕