សារគាំទ្រសាលដីការបស់តុលាការកំពូល អំពីការរំលាយគណបក្សសង្រ្គោះជាតិ

សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! បងប្អូនជនរួមជាតិជាទីគោរព! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការចាំបាច់ដើម្បីថ្លែងសារទៅកាន់ជនរួមជាតិជាទីគោរពស្នេហា។ ដូចដែលបង ប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា ថ្ងៃនេះ តុលាការកំពូលបានសម្រេចកាត់សេចក្ដី ចេញសាលក្រម រំលាយគណបក្សសង្រ្គោះជាតិ។ អ្វីដែលប្រជាជនយើងទាំងអស់គ្នាបានដឹងរួចមកហើយ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយមានការគាំទ្រពីព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាបងប្អូនជនរួមជាតិ គណបក្សប្រជាជនកម្ពុជា តាមរយៈរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា យើងបានខិត ខំយ៉ាងខ្លាំង ដើម្បីកសាងទឹកដីនេះពីគំនរផេះផង់​ ពីបាតដៃទទេ ក្នុងពេលដែលយើងបានប្រឹងប្រែងដើម្បី ស្វែងរកដំណោះស្រាយស្ដីពីបញ្ហាកម្ពុជា តាមរយៈការបញ្ចប់សង្រ្គាម តាមរយៈនៃការចរចា ដើម្បីស្វែងរក ដំណោះស្រាយនៃបញ្ហាដ៏ស្មុគស្មាញរបស់យើង។ យើងក៏បានសម្រេចជោគជ័យអំពីនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្ដិភាព និងឯកភាព​ទឹក​ដី​ពេញលេញ។ ទោះបីជារយៈពេលកន្លងទៅ សភាពការណ៍ពិភពលោក ក៏ដូចជាតំបន់ មានការប្រែប្រួល​យ៉ាង​ណាក៏ដោយ ប៉ុន្តែ គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ភ្ជាប់ឥតងាករេ​នូវបេសកកម្ម​ជាប្រវត្តិ​សាស្រ្ត​របស់ខ្លួន គឺការរួមសុខរួមទុក្ខជាមួយនឹងប្រជាជនគ្រប់កាល ៈទេសៈ។ យើងបានបន្ត​ជាមួយនឹង​គោលនយោ​បាយ​បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងឯកភាពជាតិ ដើម្បីប្រមូលកម្លាំងសាមគ្គី ក្នុងនោះ គឺធានាអោយ​បាន​នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ យើងក៏បានខិតខំដើម្បីជំរុញការអភិ​វឌ្ឍ​សេដ្ឋកិច្ចសង្គម ដើម្បី​កាត់បន្ថយភាពក្រីក្រ។ យើងនៅតែបន្តការប្ដូរផ្ដាច់ជាមួយនឹងដំណើរការ នៃលទ្ធិ​ប្រជា​ធិបតេយ្យ…