ឯកឧត្តមប្រធាន,
ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍
ដំបូង ខ្ញុំសូមសំដែងនូវការឯកភាពជាមួយនឹងឯកឧត្តមនាយករដ្ឋមន្ត្រី ណាហ្ស៊ីប រ៉ាហ្សាក់ នៃប្រទេសម៉ាឡេស៊ីដែលជាប្រទេសសម្របសម្រួលធ្វើការបូកសរុប។ អម្បាញ់មិញក៏ជាការឆ្លើយតបដ៏អស្ចារ្យមួយរបស់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំម៍។ ឯកឧត្តមប្រធានាធិបតី ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យមួយសំរាប់ខ្ញុំ។ ខ្ញុំគួរតែបញ្ជាក់នៅទីនេះថា ប្រហែលជាឪពុករបស់ខ្ញុំបានស្លាប់ទៅហួស ដែលគាត់មិនបានស្តាប់ឮសំដីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកមួយ ដែលបាននិយាយនៅឯអង្គការសហប្រជាជាតិ និយាយនៅ APEC ហើយនិយាយនៅថ្ងៃនេះ ត្រង់ថា ឯកឧត្តម បាននិយាយ “យើងគោរពឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសរបស់អ្នក។ យើងចង់ឱ្យអ្នកខ្លាំង រីកចំរើន និងមានឯករាជ្យដោយខ្លួនឯង ចាក់ឫសជ្រៅក្នុងតម្លៃប្រវត្តិសាស្ត្ររបស់អ្នក និងប្រឹងប្រែងដើម្បីអនាគតល្អ ប្រសើរនៃប្រជាជនអ្នក។ នេះជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា ហើយរីកចំរើនជាមួយគ្នា នឹងភាពជាដៃគូពិត និងជាដៃគូយូរអង្វែង”។
ខ្ញុំគិតថា ឯកឧត្តមគឺជាមនុស្សដ៏អស្ចារ្យ ហើយជាមនុស្សដែលខ្ញុំគោរពបំផុត។ រឿងនេះខ្ញុំក៏គួរបញ្ជាក់ជូនបន្តិចក្រៅប្រធានបទ តែអាចនៅក្នុងប្រធានបទទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយប្រទេសដទៃទៀត។ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ ដែលពេលនោះ នៅកម្ពុជា គេចាត់ទុកថា ឯកឧត្តមមានលទ្ធភាពឈ្នះឆ្នោតត្រឹមតែ ១ ភាគរយប៉ុណ្ណោះ ៩៩ ភាគរយ ឯកឧត្តមគឺជាអ្នកចាញ់។ ក៏ប៉ុន្តែ ខ្លួនខ្ញុំស្ថិតនៅក្នុងចំណោម ១ ភាគរយ។ មុនពេលបោះឆ្នោតខ្ញុំបានប្រកាសពីរលើកថា ឯកឧត្តមជាអ្នកឈ្នះឆ្នោត។ ប៉ុន្តែ ខ្ញុំបែរជាទទួលនូវការវាយប្រហារពីប្រធានបក្សប្រឆាំងថា “សត្វដែលមានរោមដូចគ្នា វានៅក្នុងសំបុកជាមួយគ្នាបាន។ ដូណាល់ ត្រាំម៍ គឺជាអ្នកផ្តាច់ការដោយសារលុយ ឯ ហ៊ុន សែន ជាអ្នកផ្តាច់ការដោយសារលុយ និងអាវុធ”។
ឯសាស្ត្រាចារ្យខ្មែរម្នាក់ ដែលនៅសហរដ្ឋអាមេរិក គេបាននិយាយថា បើ “ដូណាល់ ត្រាំម៍ ឈ្នះឆ្នោត គឺជាយុគសម័យការរះឡើងនៃពួកអវិជ្ជា”។ អញ្ចឹងទេ ខ្ញុំបានក្លាយជាមុខសញ្ញានៃការវាយប្រហារ។ ក៏ប៉ុន្តែ ខ្ញុំមានមោទនភាព ដោយសារអ្វីដែលខ្ញុំបានប្រកាសនៅមុនការបោះឆ្នោត គឺឯកឧត្តម ក្លាយទៅជាអ្នកឈ្នះពិត។ ប៉ុន្តែ សូមកុំភ្លេចថា ចៅរបស់ខ្ញុំត្រូវបានគេបង្ហាត់បង្រៀនឱ្យស្អប់ឯកឧត្តម។ នេះបង្ហាញឱ្យឃើញថា ស្ថានទូតអាមេរិកនៅទីក្រុងភ្នំពេញ មិនត្រឹមតែមិនមានអព្យាក្រឹតចំពោះបញ្ហាប្រទេសកម្ពុជាទេ មិនមានអព្យាក្រឹតទាំងបេក្ខជនប្រធានាធិបតីនៅសហរដ្ឋអាមេរិកខ្លួនឯងតែម្តង។ ចំណុចនេះ ខ្ញុំចង់ជម្រាបជូនឯកឧត្តមថា បើសិនជាសហរដ្ឋអាមេរិកអនុវត្តតាមគោលនយោបាយថ្មីរបស់ឯកឧត្តម ក្នុងការគោរពឯករាជ្យ អធិបតេយ្យភាពនៃប្រទេសដទៃ សហរដ្ឋអាមេរិកនឹងមានមិត្តភក្តិច្រើនណាស់ ហើយគេគោរព និងស្រឡាញ់។
ក៏ប៉ុន្តែ រយៈពេលកន្លងទៅនេះ ប្រទេសនៅទីនេះ ខ្ញុំគិតថា គ្រាន់តែមានអ្នកហ៊ាននិយាយ និងមិនហ៊ាននិយាយតែប៉ុណ្ណោះ ត្រង់ថា រដ្ឋការមុនៗ បានប្រើប្រាស់នូវលទ្ធិប្រជាធិបេតយ្យ និងសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ។ យើងខ្ញុំជាជនរងគ្រោះម្តងហើយម្តងទៀត ឥឡូវកំពុងត្រូវបន្តក្លាយជាជនរងគ្រោះ ដោយសារសកម្មភាពអ្នកខាងក្រោម ដើរខុសពីបន្ទាត់នយោបាយរបស់ឯកឧត្តម។ នយោបាយរបស់ឯកឧត្តម កំពុងតែធ្វើការកែប្រែ ប៉ុន្តែស្ថានទូតនៅទីក្រុងភ្នំពេញ មិនទាន់បានធ្វើការកែប្រែទេ។ យើងខ្ញុំត្រូវការកសាងច្បាប់ គេមករារាំងការកសាងច្បាប់។ យើងខ្ញុំអនុវត្តច្បាប់របស់ប្រទេស ត្រូវបានគេរារាំង។ ចំណុចនេះ ខ្ញុំគិតថា ប្រហែលជាឯកឧត្តមត្រូវមានភារកិច្ចដើម្បីដាស់តឿនមន្ត្រីទាំងឡាយ ព្រោះរឿងនេះជាគោលការណ៍ធំណាស់ ទាក់ទងការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគេ។
ខ្ញុំក៏សូមបញ្ជាក់ជូនឯកឧត្តមផងដែរថា បញ្ហាបំណុលកម្ពុជាមានជាមួយសហរដ្ឋអាមេរិក គឺជាបញ្ហាមួយដែលខ្ញុំធ្លាប់និយាយជាមួយប្រធានាធិបតី អូបាម៉ា។ រឿងនេះ វាដូច្នេះ។ កម្ពុជាត្រូវបានទម្លាក់ដោយរដ្ឋប្រហារមួយដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយបានក្លាយទៅជាប្រទេសដែលជំពាក់បំណុលសហរដ្ឋអាមេរិក ហើយបំណុលនោះទៀតសោត យើងខ្ញុំជាអ្នកទទួលមរតក។ យើងខ្ញុំត្រូវមានភារកិច្ចសង។ យើងខ្ញុំបានស្នើសុំថាយើងខ្ញុំសង ប៉ុន្តែសុំស្នើឱ្យអាមេរិកបង្វែរបំណុលនោះមកជួយដល់កម្ពុជាវិញ។ ចំណុចនេះ គឺជាចំណុចដែលយើងខ្ញុំស្នើសុំឱ្យឯកឧត្តមធ្វើការពិចារណា ព្រោះថា វាដូចជាការយកញញួរមកវាយយើងខ្ញុំហើយៗឲ្យយើងខ្ញុំសងថ្លៃញញួរនោះទៅទៀត។
ជំនួយនេះ មិនដឹងថាគេយកមកធ្វើអី ហើយគេទិញអាវុធមកធ្វើសង្គ្រាមនៅកម្ពុជាពេលដែលយើងខ្ញុំនៅក្មេងៗនៅឡើយ។ ប៉ុន្តែ មរតករដ្ឋ យ៉ាងណាក៏ដោយ យើងខ្ញុំត្រូវតែគោរព។ ខ្ញុំគិតថា ឯកឧត្តមប្រធានាធិបតី មិនប្រកាន់នឹងខ្ញុំទេ។ ខ្ញុំមិនដឹងថា តើឯកឧត្តមដូចខ្ញុំ ឬខ្ញុំដូចឯកឧត្តមទេ? ព្រោះថា ជាមនុស្សដែលចូលចិត្តនិយាយត្រង់ដូចគ្នា។ … កាលពីឆ្នាំទៅ ខ្ញុំក៏បាននិយាយជាមួយឯកឧត្តម ឌូទឺតេ ដូចគ្នាដែរ តើឯកឧត្តម ឌូទឺតេ ដូចខ្ញុំ ឬខ្ញុំដូចឯកឧត្តម ឌូទឺតេ? ពិតមែនតែខ្ញុំ ធ្វើជានាយករដ្ឋមន្ត្រីយូរឆ្នាំ មុនឯកឧត្តម ឌូទឺតេ មុនឯកឧត្តមប្រធានាធិបតី ក៏ប៉ុន្តែ ដោយសារខ្ញុំមានអាយុតិចជាង អញ្ចឹងទេខ្ញុំសូមអធ្យាស្រ័យនូវអ្វីដែលខ្ញុំបានលើកនៅទីនេះ ដែលវាខុសនឹងប្រធានបទ។
ប៉ុន្តែ ចំណុច(ស្តីពី)ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនេះ ជាចំណុចសំខាន់ណាស់នៅក្នុងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ហើយអាមេរិកអាចនឹងមានដៃគូ និងមិត្តភក្តិ ដ៏ជាទីស្រលាញ់ របស់ខ្លួនកាន់តែច្រើន។ … សហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនានា នឹងចាប់ផ្តើមពីជំនឿទុកចិត្តនេះឯង។ សូមអរគុណ៕