សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ!
បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សនិស្សិតទាំងអស់ ជាទីមេត្រី!
កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា
ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សនិស្សិតទាំងអស់ នៅក្នុងទិវាគ្រូបង្រៀន ដែលបានរៀបចំយ៉ាងឱឡារិក ដោយក្រសួងអប់រំ យុវជន និងកីឡា នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ គួរឱ្យកត់សម្គាល់ ក្នុងការងារលើកកម្ពស់គុណវុឌ្ឍិ និងតម្លៃរបស់គ្រូបង្រៀន។
បង្កើតទិវាគ្រូបង្រៀន ដើម្បីជាការរំលឹកគុណគ្រូ
ខ្ញុំសូមរំឭកឡើងវិញថា ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែង ការតស៊ូលះបង់របស់លោកគ្រូ អ្នកគ្រូ លើការបង្ហាត់បង្រៀន ការផ្ទេរចំណេះដឹងចំពោះក្មួយៗសិស្ស និស្សិត ខ្ញុំបានផ្តួចផ្តើមគំនិតបង្កើតទិវាគ្រូបង្រៀនដំបូងនៅកម្ពុជា ដើម្បីជាការរំឭកគុណគ្រូ តាមរយៈការបង្កើតទិវាគ្រូបង្រៀន កាលពីថ្ងៃ ទី ៣ ខែ កញ្ញា ឆ្នាំ ១៩៩៧ ដោយកំណត់យក ថ្ងៃទី ៥ ខែ តុលា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្វទិវាគ្រូបង្រៀន នៃព្រះរាជាណាចក្រកម្ពុជា។ ទិវានេះ គឺមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីរបស់សិស្សានុសិស្សទាំងឡាយ ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស ដែលពួកគាត់ជារៀមច្បងក្នុងការងារអប់រំ បណ្តុះបណ្តាល ធនធានមនុស្ស សម្រាប់ការពារ កសាង និងអភិវឌ្ឍមាតុភូមិលើគ្រប់វិស័យ ដែលពួកគាត់បាន និងកំពុងបំពេញការងារជាអ្នកអប់រំ និងជាសិល្បករផ្ទេរចំណេះដឹងផងដែរ ឬគ្រូបង្រៀនមួយចំនួនបានចូលនិវត្តន៍ទៅហើយនោះ។
ប្រធានបទឆ្នាំនេះ “គ្រូបង្រៀនជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”
នៅឆ្នាំ ២០១៦ ការប្រារព្ធទិវាគ្រូបង្រៀន គឺស្ថិតក្រោមប្រធានបទ “គ្រូបង្រៀន គឺជាអ្នកសម្រួចអនាគតរបស់ សិស្ស” រីឯប្រធានបទសម្រាប់ឆ្នាំនេះ គឺ “គ្រូបង្រៀនជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ”។ ការជ្រើសរើសយកប្រធានបទឆ្នាំនេះ ពិតជាមានសារសំខាន់សម្រាប់កម្ពុជា ដើម្បីរឹតចំណង និងផ្សារភ្ជាប់គ្នា រវាងគ្រូ និងសិស្សនិស្សិត ក្នុងបុព្វហេតុរួមគ្នាកសាង និងអភិវឌ្ឍប្រទេសឆ្ពោះទៅរកសង្គមពុទ្ធិ និងវិបុលភាពក្នុងសម័យកាលថ្មី ក៏ដូចជា បង្ហាញអំពីការដឹងគុណរបស់សិស្សនិស្សិត ដល់គ្រូបង្រៀនទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការខិតខំព្យាយាមកែឥរិយាបទ ចរិយាមាយាទ ព្រមទាំងបង្ហាត់បង្រៀនសិស្សានុសិស្សនិស្សិត ឱ្យទទួលបានលទ្ធផលល្អ ឱ្យមានការវិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។
គ្រូបង្រៀនបានរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងធ្វើអោយប្រទេសចាកផុតពីប្រទេសក្រីក្រ
រហូតមកដល់បច្ចុប្បន្ននេះ មានរយៈពេល ២០ ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការគិតគូរយកចិត្តទុកដាក់ខ្ពស់ ផ្តល់តម្លៃ និងសេចក្តីថ្លៃថ្នូរជូនគ្រូបង្រៀន។ គ្រូបង្រៀននេះហើយ បានរួមចំណែកដ៏ធំធេង ក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ហើយរួមចំណែកសំខាន់ធ្វើឱ្យសង្គមកម្ពុជាបានចាកផុតពីប្រទេសក្រីក្រ និងឈានទៅមុខទៀត ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ ជារួម ដោយបានមើលឃើញថា ការអភិវឌ្ឍធនធានមនុស្ស គឺត្រូវផ្តើមចេញពីគ្រូបង្រៀន ដែលជាផ្នែកសំខាន់មួយ ក្នុងន័យនេះ ការគិតគូរយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ជាកិច្ចការចំពោះមុខមួយរបស់កម្ពុជា។ លើសនេះទៀត ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរពីបញ្ហាតម្រូវការគ្រូបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានគិតគូរ អំពីការលើកម្ពស់សមត្ថភាព និងគុណវុឌ្ឍិគ្រូបង្រៀនថែមទៀតផង។
អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ
ចំណុចនេះ ខ្ញុំនៅចាំបានថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងបានអនុវត្តគោលការណ៍សំខាន់របស់យើង ក្នុងវិស័យអប់រំនេះ គឺ ”អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ “ រហូតកសាងបានប្រព័ន្ធបណ្តុះបណ្តាលគ្រូទៀងទាត់ ១២ បូក ២ សម្រាប់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ និង ឈានទៅ ១២ បូក ៤ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ ហើយសម្រាប់វិទ្យាល័យ យើងក៏មានការបណ្តុះបណ្តាល បរិញ្ញាបត្របូកមួយ នៅវិទ្យាស្ថានជាតិអប់រំនេះដែរ។ ពិតណាស់ថា រហូតមកដល់បច្ចុប្បន្ននេះ ការអប់រំនៅតែជាឤទិភាពមួយ ក្នុងចំណោមឤទិភាពទាំងឡាយ សម្រាប់អភិវឌ្ឍជាតិខណៈបច្ចុប្បន្ននេះ ទីផ្សារការងារក៏កាន់តែត្រូវការកម្លាំងពលកម្មដែលមានជំនាញ ចំណេះវិជ្ជាជ្រៅជ្រះ និងបំណិនកម្រិតខ្ពស់ ហើយការលើកកម្ពស់វិស័យអប់រំនេះ គឺនឹងធានាបាននូវការផលិតធនធានមនុស្សឱ្យប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ស្របតាមទស្សនៈថា “ការអប់រំល្អ គឺជាកូនសោរ សម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គមសេដ្ឋកិច្ច”។
បន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ
ចំពោះមុខ យើងក៏នៅតែបន្តដោះស្រាយនូវបញ្ហាប្រឈមរបស់វិស័យអប់រំនេះ គឺដើម្បីធានាឱ្យមានតុល្យភាព រវាងការពង្រឹងគុណភាពអប់រំ និងការពង្រីកបរិមាណ ព្រមទាំងជំរុញឱ្យមានការសិក្សារៀនសូត្រពេញមួយជីវិត ញ្រេះការសិក្សារៀនសូត្រ គឺជាការងារមួយគ្មានទីបញ្ចប់។ ជារួម យើងឃើញថា បរិមាណក្នុងវិស័យអប់រំចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឱ្យមានការបង្កើនសាលារៀន គ្រូបង្រៀន (ពិសេសនៅតាមតំបន់ដាច់ស្រយាល) និងការបង្កើនមូលដ្ឋានសម្ភារៈថែមទៀត ដើម្បីដោះស្រាយកំណើនសិស្សនិស្សិតនេះ។ ក្នុងស្មារតីនេះ យើងពិតជាត្រូវការកម្លាំងសរុបរបស់ជាតិទាំងមូល ដោយរួមគ្នាដោះស្រាយ ដោយមិនត្រូវទុកឱ្យកូនចៅយើងណាម្នាក់ស្ថិតនៅក្រៅសេវាអប់រំ ឬជាមនុស្សដែលគ្មានជំនាញពិតប្រាកដនោះឡើយ ជាពិសេស ចំពោះក្រុមងាយរងគ្រោះ ដែលត្រូវយកចិត្តទុកដាក់ជាបឋមនោះ។
ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងវិស័យអប់រំ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋាន
ក្នុងនោះ ដើម្បីគាំទ្រចំពោះកំណើនផ្នែកបរិមាណ យើងបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលរហូតមកដល់ពេលនេះ យើងមានសាលាបឋមសិក្សា ៧.១៤៤។ អនុវិទ្យាល័យ ១.២៤៥។ វិទ្យាល័យ ៤៨៦ និងគ្រឹះស្ថានឧត្តមសិក្សា ១១៥ បាន និងកំពុងតែផ្តល់ការអប់រំដល់ក្មួយៗសិស្សានុសិស្សជាង ៣ លាននាក់ នៅទូទាំងប្រទេស។ សមិទ្ធផលទាំងអស់នេះ កើតឡើងពីការខិតខំពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សប្បុរសជន សហគមន៍ជាតិ/អន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការសាងសង់អគារសិក្សានៅគ្រប់ទីកន្លែង។
ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានចូលរួមចំណែកសាងសង់អគារថ្មី និងជួសជុលអគារសិក្សា ចំនួន ៣.៩៣២ ខ្នង ស្មើនឹង ២២.២៥០ បន្ទប់ គិតត្រឹមខែ កុម្ភៈ ដើមឆ្នាំនេះប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលអគារសិក្សាថ្មី ដែលទើបតែផ្តល់ជូនបន្ថែមថ្មីៗនេះ ក្នុងអំឡុងពេលដែលខ្ញុំបានចុះពិនិត្យមើលសមិទ្ធផល និងសាកសួរសុខទុក្ខប្រជាជននៅតាមបណ្តាខេត្ត ដែលមានចម្ងាយផ្លូវជាង ៥.០០០ គីឡូម៉ែត្រ។ ក្នុងអំឡុងពេលនោះ អគារសិក្សាជាច្រើនខ្នងត្រូវបានផ្តល់ជូនបន្ថែមដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នាយកសាលា ដើម្បីបម្រើដល់តម្រូវការអប់រំបណ្តុះបណ្តាលធនធានមនុស្សនៅតាមមូលដ្ឋាន។
វិស័យអប់រំទទួលបានផ្លៃផ្កាយ៉ាងច្រើនពីសន្តិភាព
ពិតណាស់ថា ក្រោយពីប្រទេសជាតិមានសុខសន្តិភាពពេញលេញ ឱកាសនៃការអភិវឌ្ឍក៏បានចាប់ផ្តើមឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណជាដំណាក់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកឤទិភាពធំៗ ៤ គឺ “មនុស្ស ផ្លូវ ភ្លើង ទឹក”។ ជាបន្តបន្ទាប់ វិស័យអប់រំត្រូវបានពង្រីកវិសាលភាពរបស់ខ្លួនពីទីប្រជុំជនទៅកាន់តំបន់ជនបទ ដើម្បីផ្តល់ឱកាសដល់ប្រជាជនខ្មែរគ្រប់ៗរូបទទួលបានការអប់រំ ពីញ្រេះការអប់រំសម្រាប់ទាំងអស់គ្នា ដោយធ្វើឱ្យមានការអប់រំមូលដ្ឋានយ៉ាងតិច ៩ ឆ្នាំ ដោយឥតបង់ថ្លៃ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
នៅឆ្នាំសិក្សាថ្មីនេះ យើងក៏នៅតែផ្តោតលើការស្វែងរក និងប្រមូលកុមារឱ្យបានចូលរៀនគ្រប់ៗគ្នា ទោះបីពួកគេស្ថិតនៅទីណា ក្នុងស្ថានភាពបែបណាក៏ដោយ។ ពោលគឺត្រូវទៅឱ្យដល់កន្លែងណាដែលយើងទៅមិនទាន់ដល់ ស្របពេលជាមួយគ្នានឹងការពង្រឹងគុណភាព និងចីរភាព ដើម្បីធានាបាននូវការផ្តល់សេវាអប់រំឱ្យបានគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ទាំងតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល និងតំបន់ព្រំប្រទល់ដែន។
ជាមួយគ្នានេះ យើងក៏កំពុងយកចិត្តទុកដាក់អនុវត្តសិទ្ធិកុមារនៅគ្រប់គ្រឹះស្ថានសិក្សា ដោយទាក់ទាញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មាតាបិតា អ្នកឤណាព្យាបាលសិស្ស ក្នុងការបង្កើនបរិស្ថានរៀនសូត្រឱ្យដល់សិស្សានុសិស្សឱ្យប្រកបដោយផាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពោលគឺត្រូវចៀសវាងរាល់អំពើហិង្សានានាចំពោះកុមារនោះ។ នេះជាកាតព្វកិច្ចធំធេងណាស់ សម្រាប់លោកគ្រូ អ្នកគ្រូ ទាំងអស់របស់យើង ដែលត្រូវយកចិត្តទុកដាក់នៅគ្រប់ទីកន្លែង ទោះជាតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល និងតំបន់ព្រំប្រទល់ ព្រំដែន ជាដើមនោះ។
ថវិកាជាតិត្រូវបានបង្កើនជាបន្តបន្ទាប់ទៅក្នុងវិស័យអប់រំ
បច្ចុប្បន្ន កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជារៀងរាល់ឆ្នាំ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំឤច ឱ្យកម្ពុជាពង្រីកមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួនបន្តទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបង្កើនថវិកាជាតិជាបន្តបន្ទាប់ដល់វិស័យអប់រំ ខណៈកម្ពុជាត្រូវការធនធានមនុស្សមានចំណេះដឹងជ្រៅជ្រះ និងមានជំនាញច្បាស់លាស់ បម្រើដល់និម្មាបនកម្មសេដ្ឋកិច្ច សំដៅជំរុញពិពិធកម្មសេដ្ឋកិច្ច រត់តាមការប្រែប្រួលរចនាសម្ព័ន្ធស៊ីជម្រៅ នៃចរន្តពិភពលោក និងធ្វើឱ្យភាពប្រកួតប្រជែងរបស់កម្ពុជាកាន់តែល្អប្រសើរឡើង។
គាំទ្រកម្មវិធីកំណែទម្រង់លើការងារអប់រំ
ក្នុងន័យនេះ រាជរដ្ឋាភិបាលត្រូវបន្តគិតគូរដោយត្រូវពង្រឹងសមត្ថភាពគ្រូបង្រៀន និងលើកទឹកចិត្តគ្រូបង្រៀនឱ្យខ្លាំងក្លាបន្ថែមទៀតជាបន្តបន្ទាប់។ តាមរយៈនេះ ខ្ញុំសូមគាំទ្រដល់កម្មវិធីកែទម្រង់លើការងារអប់រំរួមទាំងការប្រឡង និងការកែទម្រង់គ្រូបង្រៀន ដោយត្រូវអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ សម្រាប់គ្រូបង្រៀន។ ពង្រឹងស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន និងសូមជំរុញដល់ការលើកកម្ពស់គុណភាព និងគុណតម្លៃគ្រូបង្រៀន ព្រមទាំងត្រូវយកចិត្តទុកដាក់ដល់ការពង្រឹងស្តង់ដារនាយកសាលា ស្តង់ដារគ្រឹះស្ថានអប់រំគ្រូបង្រៀនជាដើម។
នៅឆ្នាំ ២០១៨ ប្រាក់ខែគ្រូបង្រៀនយ៉ាងតិច ១ លានរៀល
ទន្ទឹមនឹងការប្រឹងប្រែងបង្កើនសមត្ថភាព គុណវុឌ្ឍិ គុណបំណាច់សម្រាប់គ្រូបង្រៀន ការកសាងសាលារៀន ថ្នាក់រៀន ការកែទម្រង់ក្នុងវិស័យអប់រំសិក្សា រាជរដ្ឋាភិបាល ក៏បានខិតខំយកចិត្តទុកដាក់ក្នុងការដំឡើងបៀវត្សជូនគ្រូបង្រៀនផងដែរ។ ជាក់ស្តែងឆ្នាំ ២០១៧ នេះ ប្រាក់បៀវត្សគ្រូបង្រៀនទាបបំផុត ៩៥ ម៉ឺនរៀល កើនឡើងពី ៤០ ម៉ឺនរៀល ក្នុងឆ្នាំ ២០១៣ ហើយនៅឆ្នាំ ២០១៨ ខាងមុខនឹងកើនដល់ ១ លានរៀល យ៉ាងតិច។ បច្ចុប្បន្ន គ្រូបង្រៀនទទួលបានប្រាក់បៀវត្សកាន់តែសមរម្យ ថែមទាំងបើកទាន់ពេល និងតាមប្រព័ន្ធធនាគារ។
ពាន់រង្វាន់ និងប្រាក់លើកទឹកចិត្ត ចំពោះគ្រូបង្រៀនល្អ នាយកល្អ
ជាមួយគ្នានេះ ក៏មានការផ្តល់ពានរង្វាន់ និងប្រាក់លើកទឹកចិត្តគ្រូបង្រៀនល្អ និងនាយកល្អ ក្នុងពេលសន្និបាតអប់រំផងដែរ ដែលការងារនេះបានអនុវត្ត ៣ ឆ្នាំមកហើយ។ កម្មវិធីនេះ នឹងជួយឱ្យគ្រូបង្រៀន និងនាយកសាលាប្រឹងប្រែងបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ហើយខ្ញុំជឿជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការងារនេះឱ្យកាន់តែប្រសើរថែមទៀត។ ចំពោះមុខ ខ្ញុំសូមផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ថា ទន្ទឹមនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឺត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ដោយធ្វើជាប្រចាំ ដើម្បីស្វែងរក និងយកចំណេះដឹងថ្មីៗទាំងអស់មកបង្ហាត់បង្រៀនសិស្ស ពីញ្រេះសព្វថ្ងៃនេះ សភាពការណ៍ពិភពលោក បច្ចេកវិទ្យាព័ត៌មានមានការវិវឌ្ឍលឿនណាស់។
គ្រឿងឥស្សរិយយសការងារជូនគ្រូ ពានរង្វាន់ដល់វិទ្យាល័យ ប័ណ្ណសរសើរវិទ្យាល័យសិស្សបាននិទ្ទេស “A”
ក្នុងស្មារតីលើកទឹកចិត្តគ្រូបង្រៀននេះដែរ គឺចាប់ពីឆ្នាំនេះតទៅ ក្នុងការប្រារព្ធទិវាគ្រូបង្រៀន និងមានការផ្តល់គ្រឿងឥស្សរិយយសការងារជូនគ្រូបង្រៀន ដែលមានសិស្សបាននិទ្ទេស “A” មានពិន្ទុខ្ពស់ជាងគេតាមមុខវិជ្ជាចំនួន ១១ នាក់។ ជូនពានរង្វាន់ដល់វិទ្យាល័យដែលមានសិស្សបាននិទ្ទេស “A” មានលំដាប់ពិន្ទុខ្ពស់ជាងគេ ចំនួន ៥ (នាក់) និងផ្តល់ប័ណ្ណសរសើរដល់គ្រប់វិទ្យាល័យដែលមានសិស្សបាននិទ្ទេស “A” ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ នេះជាការលើកទឹកចិត្តជាពិសេស ចំពោះលោកគ្រូ អ្នកគ្រូ នៅកម្រិតមធ្យមសិក្សា ហើយយើងនឹងបន្តពិនិត្យលើកទឹកចិត្តផងដែរ ចំពោះលោកគ្រូ អ្នកគ្រូ នៅកម្រិតសិក្សាផ្សេងៗទៀត នៅពេលបន្តបន្ទាប់ទៀត។
សិស្សទាំងអស់គប្បីប្រកាន់នូវកតញ្ញូតាធម៌ ដើម្បីជាតបស្នងសងគុណចំពោះគ្រូ
ជាថ្មីម្តងទៀត ទិវាគ្រូបង្រៀន ត្រូវបានចាត់ទុកជាទិវាដ៏មានសារសំខាន់មួយ ពីព្រោះគ្រូបង្រៀន គឺជាឪពុកម្តាយទី ២ របស់សិស្ស ហើយសិស្សទាំងអស់គប្បីប្រកាន់នូវកតញ្ញុតាធម៌ តាមរយៈការតបស្នងសងគុណដោយប្រការផ្សេងៗ ដែលជាប្រពៃណីដ៏ល្អផូរផង់របស់ជាតិយើង ហើយខ្ញុំសូមឧទ្ទិសឱ្យទិវាគ្រូបង្រៀន ថ្ងៃទី ៥ តុលានេះ ក្លាយទៅជាទិវាដឹងគុណគ្រូ ដែលស្ថិតនៅជាអមតៈក្នុងបេះដូងរបស់សិស្សគ្រប់វ័យ គ្រប់ជំនាន់ និងគ្រប់សម័យកាលតរៀងទៅ។
ស្នើឪពុកម្តាយ អាណាព្យាបាល អប់រំកូនចៅអោយចេះគោរព និងដឹងគុណ ចំពោះគ្រូ
ដោយឡែក ជាមួយនេះ ខ្ញុំសូមស្នើដល់លោកឪពុកអ្នកម្តាយ និងឤណាព្យាបាលសិស្ស/និស្សិតនៅទូទាំងប្រទេស ត្រូវរួមចំណែកឱ្យសកម្មខ្លាំងក្លាដល់ការជួយអប់រំកូនចៅរបស់ខ្លួនឱ្យចេះគោរពឱនលំទោន ដឹងគុណដល់លោកគ្រូ អ្នកគ្រូទាំងឡាយ ទោះជាគ្រូនៅសាលារដ្ឋក្តី សាលាឯកជនក្តី ដោយពួកគាត់ដែលបានបង្ហាត់បង្រៀនឱ្យកូនចៅរបស់ខ្លួនមានចំណេះចេះដឹង មានជំនាញ មានសមត្ថភាព ទេពកោសល្យ ដឹងខុសដឹងត្រូវ ស្គាល់ល្អ ស្គាល់ឤក្រក់ យល់ការណ៍រាក់ជ្រៅ ដែលឤចឱ្យកូនចៅយើងកសាងអនាគតខ្លួនឱ្យភ្លឺស្វាង និងរុងរឿងនោះ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ]
ស្នើពិនិត្យបង្កើនអាយុចូលនិវត្តន៍គ្រូបង្រៀន
ខ្ញុំសុំឆ្លៀតយកឱកាសនេះ មានយោបល់ថែមបន្តិច។ ខ្ញុំចង់អោយទិវាគ្រូបង្រៀននេះ ក្លាយទៅជាទិវាដែលយើងត្រូវធ្វើជាប្រចាំ។ ទិវានេះ យើងបានខិតខំបង្កើត ខ្ញុំនៅចាំបានថា នៅក្នុងឆ្នាំ ១៩៩៧។ ពេលនោះ ខ្ញុំបានធ្វើកិច្ចការពីរដែលសំខាន់។ កិច្ចការទី ១. គឺលើកកម្រិតអាយុគ្រូបង្រៀនទាំងអស់ ដែលកាលមុននេះ ត្រូវដាក់អោយចូលនិវត្តន៍នៅក្នុងអាយុ ៥៥ ឆ្នាំ ហើយឡើងដល់ ៦០ ឆ្នាំ។ វាជាការសោកស្តាយមួយរបស់ខ្ញុំ ប្រសិនជាពេលនោះស្នើលើកនូវអាយុ(ចូលនិវត្តន៍)អោយដល់ ៦៥ ឆ្នាំ គឺជាការល្អបំផុតហើយ ព្រោះនៅក្នុងវ័យ ៦០ (ឆ្នាំ) និង ៦៥ ឆ្នាំ គឺជាវ័យដែលកំពុងខ្លាំងក្លាខ្លាំងណាស់ ប៉ុន្តែ បែរជាវ័យត្រូវចូលនិវត្តន៍។
បញ្ហានេះ ក៏ជាបញ្ហាមួយដែលខ្ញុំស្នើអោយមានការពិនិត្យពិច្ច័យ នៅក្នុងក្របខណ្ឌគ្រូបង្រៀនរបស់យើង តើយើងអាចគួរធ្វើយ៉ាងម៉េច ដើម្បីបង្កើនអាយុចូលនិវត្តន៍របស់គ្រូបង្រៀនទៅបាន? កាលពីមុនខ្ញុំបានត្រឹមតែលើកពី ៥៥ (ឆ្នាំ) មកដល់ត្រឹម ៦០ (ឆ្នាំ) គ្រប់ៗគ្នា។ ឥឡូវយើងមកដល់ដំណាក់កាលដាក់ត្រឹម(អាយុ) ៦០ (ឆ្នាំ) នៅតែមិនទាន់ត្រូវ។ គ្រូពេទ្យក៏ដូចគ្នា។ គ្រូបង្រៀនក៏ដូចគ្នា។ ប៉ុន្តែ សំខាន់ក្នុងជួរគ្រូបង្រៀនរបស់យើង ត្រូវពិចារណាអំពីបញ្ហាហ្នឹង តើរកវិធីចេញច្រកណា ដើម្បីផ្តល់ឱកាសអោយគ្រូបង្រៀនអាចនឹងបង្រៀនបន្ថែម? ឥឡូវ យើងទៅជាអោយចូលនិវត្តន៍ ហើយយើងមកបង្រៀនធ្វើជាគ្រូជាប់កិច្ចសន្យាវិញ។ អញ្ចឹងទេ បើដាក់ពន្យារអាយុចូលនិវត្តន៍ គឺជាការល្អ។
នឹងកែច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ពន្យារអាយុចូលនិវត្តន៍គ្រូបង្រៀន និងមន្ត្រីរាជការ
ឯកឧត្តម ពេជ្រ ប៊ុនធិន មើលក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ តើច្រកចេញរបៀបម៉េច? ត្រូវកែច្បាប់។ អញ្ចឹងទេ បញ្ហានេះយើងគួរត្រូវបានពិនិត្យ។ ពិតហើយ ក្រុមយុវជនដែលតម្រូវមានការងារធ្វើគេមិនសប្បាយចិត្តប៉ុន្មានទេ ក៏ប៉ុន្តែ ខ្ញុំគិតថា ក្រុមយុវជនអាចនឹងយល់នូវតម្រូវការរបស់ជាតិ ដែលពួកគាត់ក៏ត្រូវបានទទួលផលប្រយោជន៍ មិនមែនគ្រាន់ថា គ្រាន់តែអោយចូលនិវត្តន៍ ហើយពួកគាត់មកកាន់កន្លែងនេះទេ។ រឿងរ៉ាវនេះវាបានកើតនៅប្រទេសបារាំង។ នៅពេលដែលបារាំងបានចង់ទាញអាយុចូលនិវត្តន៍ គឺក្រុមយុវជនចាប់ផ្តើមមានប្រតិកម្ម។ ចំណុចនេះត្រូវធ្វើការថ្លឹងថ្លែង។ យ៉ាងហោចណាស់ក៏ត្រូវបានពិនិត្យមើលបញ្ហាហ្នឹង អំពីកង្វះគ្រូ ហើយក្នុងពេលដែលគ្រូមានសមត្ថភាព មានលទ្ធភាព បែជាគ្រូត្រូវចូលនិវត្តន៍ និងដាក់ជំនួសដោយគ្រូថ្មី។ ចំណុចនេះ ខ្ញុំគ្រាន់តែរំលឹកថា នៅឆ្នាំ ១៩៩៧ ត្រូវមើលឡើងវិញ។ មុនឆ្នាំ ១៩៩៧ គ្រូបង្រៀនត្រូវដាក់អោយចូលនិវត្តន៍នៅអាយុ ៥៥ (ឆ្នាំ)។ ប៉ុន្តែ ក្រោយឆ្នាំ ១៩៩៧ យើងបានកែ។ ពេលនោះ កែព្រះរាជក្រឹត្យទេ (សម្តេចសួរនាំ ឯកឧត្តម ពេជ្រ ប៊ុន ធិន អំពីការកែប្រែច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល)។ ឥឡូវ ពិចារណាជាមួយគ្នាទៅ។
សម្រាប់ខ្ញុំៗគាំទ្រអោយពន្យារអាយុចូលនិវត្តន៍របស់គ្រូ ព្រោះវាជាតម្រូវការចាំបាច់របស់សង្គមរបស់យើង។ មួយឆ្នាំត្រូវការរើសរាប់ពាន់នាក់ៗ ហើយថែមទាំងក្នុងការរើសនោះវាមិនគ្រប់ទៅទៀត? គ្រូចូលនិវត្តន៍ហើយ បែរជាយើងយកគ្រូមកធ្វើជាគ្រូជាប់កិច្ចសន្យាទៅវិញ។ អញ្ចឹងទេ បើយកល្អចាប់ផ្តើមធ្វើការកែសម្រួលច្បាប់ហ្នឹងតែម្តងទៅ ដើម្បីពន្យារអាយុចូលនិវត្តន៍របស់គ្រូ។ អញ្ចឹងទេ ខ្ញុំគិតថា រឿងនេះអាចធ្វើទៅរួច សំខាន់សភាអនុម័តអោយយើង។ ខ្ញុំជឿថា សភាគាំទ្រនូវការធ្វើបែបនេះ។ បើសិនអាចធ្វើទៅបាន យើងអាចរំកិលអាយុមន្ត្រីរាជការរបស់យើងទៅតាមហ្នឹងដែរ អំពីលក្ខខណ្ឌ ប៉ុន្តែ មុនគេ គឺសម្រាប់វិស្វករចិត្តគំនិត នៃការបង្រៀននេះ។
ការរំលឹកគុណគ្រូ និងដឹងគុណគ្រូ គួរត្រូវបានក្លាយទៅជាចលនាជាតិ
ឯរឿងទី ២ ដែលខ្ញុំបានខិតខំធ្វើនៅពេលនោះ ហើយឆ្នាំនេះ បានកើតទៅជាទិវាគ្រូបង្រៀន ដែលមានរយៈពេល ២០ ឆ្នាំ នោះគឺការបង្កើតទិវារំលឹកគុណគ្រូ។ នៅពេលនោះ ខ្ញុំនៅចាំបានថា ប្រធានសមាគមគ្រូបង្រៀនរបស់យើង លោកតា នេត យ៉ង់។ ពេលនោះគាត់នៅរស់ ហើយពេលនោះ មានកំណាព្យស្មូតដ៏ល្អ និងមានការពោលដ៏ល្អ ដែលគួរអោយចាប់ចិត្តខ្លាំងណាស់។ ខ្ញុំមិនដឹងថា តើទូរទស្សន៍ជាតិ និងទូរទស្សន៍នានា ដែលមានកើតពីសម័យនោះ គេរក្សាបានឬអត់? ខ្ញុំចង់អោយទិវាគ្រូបង្រៀននេះ ក្លាយទៅជាទិវាដែលនៅជានិច្ចកាលនៅក្នុងទឹកចិត្តរបស់សិស្ស/និស្សិត ហើយមិនមែនគ្រាន់តែសិស្ស/និស្សិតបច្ចុប្បន្នទេ យើងម្នាក់ៗទោះបីមានអាយុកាលដល់ប៉ុណ្ណេះហើយក៏ដោយ គ្រូរបស់យើងបានបាត់ជីវិតហើយក៏ដោយ ក៏យើងនៅតែនឹកដល់គុណគ្រូរបស់យើង ដែលបានដឹកដៃយើង បង្ហាត់បង្ហាញយើង។
ខ្ញុំពិតជាមានមោទនភាពជាមួយនឹងកូនៗរបស់ខ្ញុំ។ នៅពេលដែលពួកគេមានឱកាស នៅពេលដែលពួកគេមានពេលវេលា ពួកគេតែងតែស្វែងរកគ្រូរបស់គេកាលពីពេលមុន ហើយមកពិគ្រោះជាមួយឪពុកម្តាយ ដើម្បីស្នើសុំជួយគ្រូនេះគ្រូនោះ។ ប្រសិនបើសិស្ស/និស្សិតទាំងឡាយអាចធ្វើបានយ៉ាងដូច្នេះ ក៏គ្រូរបស់យើងមិនឯកោនោះទេ ហើយគ្រូរបស់យើងនឹងទទួលបាននូវការលើកទឹកចិត្ត។ រឿងនេះ ខ្ញុំគិតថា គួរតែត្រូវបានក្លាយទៅជាចលនាជាតិមួយ អំពីការរំលឹកគុណគ្រូ និងដឹងគុណគ្រូគ្រប់ៗគ្នា។ មិនថាគ្រូអាគមអូមអាមទេ ក៏ជាគ្រូដែរ។
គួរយកថ្ងៃទី ៥ តុលា ឬមុន ឬក្រោយ ប្រារព្ធទិវារំលឹកគុណគ្រូនៅតាមសាលា
ខ្ញុំឃើញថ្ងៃមុន គឺមានការធ្វើទិវារំលឹកគុណគ្រូ ការជួបជុំសិស្សនៅសាលាបឹងត្របែក។ ខ្ញុំគិតថា បើសិនធ្វើបែបនេះ សិស្សនីមួយៗតាមសាលា អតីតសិស្សតាមសាលា គួរតែត្រូវធ្វើការជួបជុំនៅថ្ងៃទី ៥ តុលា ឬក៏អាចមុនបន្តិច ក្រោយបន្តិច។ យើងអាចធ្វើទៅបានតើ! មិនមែនមានសាលាតិចទេ ដែលមានកូនសិស្សមានលទ្ធភាព ហើយមានឱកាសដើម្បីទៅសួរសុខទុក្ខ និងជួបជុំគ្រូនៅតាមសាលានានា។ ប្រសិនយើងធ្វើយ៉ាងដូច្នេះ យើងមិនគ្រាន់តែមានការជួបជុំគ្នានៅកន្លែងនេះតែមួយកន្លែងទេ ក៏ប៉ុន្តែ យើងមានការជួបជុំដោយលាតសន្ធឹងទៅតាមសាលានានានៅទូទាំងប្រទេស។ រឿងនេះ បើយ៉ាងហោច គឺគេអាចជួបជុំគ្នានៅតាមវិទ្យាល័យ។
សីលធម៌សង្គមនឹងត្រូវបានលើកតម្កើង នៅពេលបុគ្គលម្នាក់ៗដឹងខុស/ត្រូវ
ខ្ញុំច្រើនសង្កេតឃើញនៅវិទ្យាល័យពោធិ៍សាត់ ដែលឯកឧត្តម ស៊ុយ សែម ឧស្សាហ៍ប្រមូលគ្នាជួបជុំសិស្ស ដែលជាអតីតសិស្សនៅវិទ្យាល័យពោធិ៍សាត់។ វិទ្យាល័យស៊ីសុវត្ថិនេះ ក៏មានការជួបជុំគ្នា នៃអតីតសិស្ស ដែលរៀននៅវិទ្យាល័យស៊ីសុវត្ថិ រាប់ទាំងកូនខ្ញុំផងដែរ ដែលចូលរួមនៅទីនេះ។ នោះហើយជាវិធីដែលយើងអាចពង្រាយសកម្មភាពរំលឹកគុណគ្រូនេះនៅគ្រប់ទីកន្លែង ហើយនៅពេលណាដែលយើងដឹងគុណ ដឹងខុស/ត្រូវ ខ្ញុំគិតថា សីលធម៌សង្គមនឹងត្រូវបានលើកតម្កើង តាមរយៈនៃសកម្មភាពរបស់មនុស្សទាំងឡាយ ដែលមានគ្រូយល់ដឹងអំពីបញ្ហានេះ ទើបជាការត្រឹមត្រូវ។
គាំទ្រគោលនយោបាយគន្លងអាជីពគ្រូបង្រៀនរបស់ក្រសួងអប់រំ
ខ្ញុំក៏សូមយកឱកាសនេះ គាំទ្រទៅលើការស្នើឡើងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន ដែលលើកឡើងអម្បាញ់មិញ។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេច មេត្តាគាំទ្រដល់ការបង្កើត និងអនុវត្តគោលនយោបាយគន្លងអាជីពគ្រូបង្រៀន។ គោលនយោបាយនេះ មានគោលដៅរក្សាគ្រូល្អ នាយកល្អ និងអ្នកស្រាវជ្រាវពូកែ អោយនៅបម្រើការងារក្នុងប្រព័ន្ធអប់រំតាមឧបនិស្ស័យកាន់តែយូរ។ ខ្ញុំសូមផ្តល់ការគាំទ្រក្នុងនាមរាជរដ្ឋាភិបាល។ តម្រូវការគ្រូបង្រៀនដូចជាពុម្ពអញ្ចឹង កូនសិស្សដូចជា គេហៅថា ចេញពីពុម្ព បើសិនជាគ្រូល្អ កូនសិស្សក៏ពូកែ។
ជារឿងអយុត្តិធម៌សម្រាប់គ្រូ ចំពោះទស្សនៈ “សិស្សប្រឡងជាប់មកពីពូជ សិស្សប្រឡងធា្លក់មកពីគ្រូ”
ការប្រឡងប្រជែង មានពេលខ្លះកូនសិស្សប្រឡងធ្លាក់ ថាមកពីគ្រូអន់ ដល់កូនសិស្សប្រឡងជាប់ ថាមកពីពូជអញពូកែ។ រឿងនេះ វាដូចជាអយុត្តិធម៌ណាស់សម្រាប់គ្រូ។ ពេលប្រឡងធ្លាក់ ទៅបន្ទោសឯគ្រូ មិនបន្ទោសខ្លួនឯង មិន(បន្ទោស)ខ្លួនឯងខ្វះការអប់រំ ខ្វះការរៀនសូត្រ។ ដល់ទៅពេលប្រឡងជាប់ថា ពូជអញវាពូកែអញ្ចឹង។ មានរឿងមួយដែលខ្ញុំគួរតែនិយាយ រឿងហ្នឹងជារឿងកំប្លែងទេ ក៏ប៉ុន្តែ វាជារឿងពិត។ មានអ្នកនៅខេត្តកំពត ខ្ញុំមិនចង្អុលថានៅភូមិណាៗទេ ប៉ុន្តែ គេមានប្រវត្តិរបស់គេ។ អ៊ំប្រុសម្នាក់ គេថា ក្មួយអ៊ំឯងគាត់ធ្វើ(ជា)សាស្ត្រាចារ្យ អើ! ពូជអញវាអញ្ចឹង។ ក្មួយអ៊ំឯងមួយទៀតដូចជាធ្វើស័ក្តិ ៣ ប៉ូលីស។ អើ! ពូជអញវាអញ្ចឹង។ លឺថាប្អូនថ្លៃអ៊ំឯងដូចជាធ្វើស្អីឯណា។ អើ! ពូជអញវាអញ្ចឹង។ ដល់ទៅពេលអាកន្លែងមួយ ប៉ុន្តែមានក្មួយអ៊ំឯងមួយដូចជាប់គុក។ អេ! អាហ្នឹងកុំនិយាយ។ អញ្ចឹងទេ ចុះបើយើងនិយាយអោយវាត្រង់ទៅ ដូងវាមានតក់មាននាឡិ ចាំបាច់ថា អាល្អៗពូជអញវាអញ្ចឹង ដល់អាជាប់គុកមិនមែនពូជអញទេ។
ក្របខណ្ឌពីរមានបៀវត្សខ្ពស់ជាងគេ គឺគ្រូបង្រៀន និងគ្រូពេទ្យ
ពេលកូនសិស្សប្រឡងជាប់ គឺថា ពូជអញពូកែ ប៉ុន្តែ កូនសិស្សប្រឡងធ្លាក់ គ្រូវាអន់។ អញ្ចឹងទេ អយុត្តិធម៌ សម្រាប់គ្រូ។ តែឥឡូវនេះ ខ្ញុំគិតថា បរិយាកាសសង្គម និងស្ថានភាពកាន់តែប្រសើរ នៃការដោះស្រាយបញ្ហាក្នុងក្របខណ្ឌនៃគ្រូបង្រៀនរបស់យើង។ ឥឡូវ អ្នកនៅក្នុងក្របខណ្ឌដែលមានបៀវត្សខ្ពស់ជាងគេ គឺក្របខណ្ឌគ្រូបង្រៀន និងពេទ្យហ្នឹងតែម្តង។ ខ្ញុំសង្ឃឹមថា មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ មិនច្រណែនជាមួយនឹងពីរក្របខណ្ឌនេះទេ។
ក្នុងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច ចំណាយចរន្តទៅលើបន្ទុកបុគ្គលិកមិនត្រូវលើស ៤០%
ពិតហើយ តម្រូវការប៉ុណ្ណេះវាមិនទាន់គ្រប់នឹងតម្រូវការ ដូចដែលខ្ញុំបាននិយាយជាមួយកម្មករក្នុងមួយរយៈកន្លងទៅនេះទេ។ ឥឡូវ ត្រៀមឡើងបៀវត្ស ចំពោះកម្មករ សម្រាប់ឆ្នាំ ២០១៨ ជាមួយនឹងការត្រៀមឡើងបៀវត្ស សម្រាប់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលទៅដល់ឆ្នាំ ២០១៨ នេះ មិនទាបជាងមួយលានរៀល។ តម្រូវការចំណាយរបស់យើងក៏កាន់តែធំ ប៉ុន្តែ ចំណូលរបស់យើងក៏កាន់តែធំ តែចំណាយរបស់យើងទៅលើបញ្ហាបន្ទុកបុគ្គលិក វាមានលើសពី ៥០% ទៅហើយ។ ក្នុងក្របខណ្ឌនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច តម្រូវអោយចាយត្រឹមតែ ៤០% នៃចំណាយចរន្តទៅលើបន្ទុកបុគ្គលិក។ ក៏ប៉ុន្តែ យើងបានចាយរហូតទៅដល់ជាង ៥០% ស្មើនឹងជិត ៦% នៃផលិតផលសរុបក្នុងស្រុក ក្នុងពេលដែលគេអោយចាយត្រឹមតែ ៤% ប៉ុណ្ណោះ ដើម្បីធានាការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ ប៉ុន្តែយ៉ាងណាក៏ដោយ ចំណាយបែបនេះ ក៏វាបានរួមចំណែកកាន់តែប្រសើរទៅលើការដោះស្រាយជីវភាពរស់នៅរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងនោះក៏មានគ្រូបង្រៀន …។
ប្រាក់បៀវត្សកើន ហើយបើកតាមធនាគារ មានប្រាក់ឧបត្ថម្ភសម្រាប់ថ្លៃផ្ទះ ជាការរៀបចំល្អមួយ
ខ្ញុំសូមកោតសរសើរខ្លាំងណាស់ ជាមួយនឹងការរៀបចំនៅក្នុងក្របខណ្ឌនៃវិស័យអប់រំ។ ខ្ញុំធ្វើដំណើរជាង ៥ ពាន់គីឡូម៉ែត្រ ដោយតាមផ្លូវធ្វើដំណើរ ខ្ញុំចុះទៅតាមសាលារៀននានា។ ការរៀបចំនោះ ប្រាក់ឧបត្ថម្ភ(គ្រូបង្រៀន)តាមជនបទ សម្រាប់ថ្លៃផ្ទះមាន ១២ ម៉ឺនរៀល, មាន ១០ ម៉ឺនរៀល និងមាន ៨ ម៉ឺនរៀល។ អញ្ចឹង ការរៀបចំនេះបានល្អណាស់ បន្ថែមទៅដោយការបើកប្រាក់តាមប្រព័ន្ធធនាគារ យើងតម្លើងហើយយើងមានសាច់ប្រាក់ មិនសន្យាខ្យល់ទេ។ ការសន្យាចេះតែឡើងស្រេចហ្នឹងចិត្ត ឡើងប៉ុន្មានលាន គេដេញថ្លៃរហូត តើសភាពការណ៍សេដ្ឋកិច្ចអាចទ្រាំទ្របានឬក៏អត់? នេះជាបញ្ហាមួយទៀត។ រាជរដ្ឋាភិបាលចង់ណាស់នៅក្នុងការបង្កើនបៀវត្ស ប៉ុន្តែ ការខុសគ្នារវាងកាលពេលមុន អាណត្តិមុន និងពេលនេះ ខុសគ្នាអំពីស្ថានភាពជីវភាពរបស់គ្រូបង្រៀន មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង។ យើងមានលទ្ធភាព ដើម្បីបម្រើការដោះស្រាយបញ្ហានោះ។
ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធអប់រំ តម្រូវអោយយើងជួសជុល ធ្វើថ្មី និងសាងសង់បន្ថែម
ក្នុងពេលដែលខ្ញុំចុះមួយរយៈកាលកន្លងទៅនេះ តម្លៃនៃការវិនិយោគបន្ថែមទៅលើហេដ្ឋារចនាសម្ព័ន្ធ មានប្រមាណជាប្រមាណ ១៥០ លានដុល្លារសហរដ្ឋអាមេរិក ដែលចាក់បញ្ចូលទៅក្នុងបណ្តាអគារសិក្សា ដែលមានកម្ពស់ ២, ៣, ៤ ជាន់ ហើយនិងផ្ទះសំណាក់គ្រូបង្រៀនច្រើន មិនទាន់រាប់បញ្ចូលទេ។ ប៉ុន្តែ សភាពការណ៍នេះវាមិនទាន់ចប់នៅត្រឹមហ្នឹងទេ ព្រោះខ្ញុំបានពិនិត្យឃើញថា សាលាដែលខ្ញុំបានកសាងកាលពីពេលមុន សាលាមួយចំនួនប្រើលែងកើត ព្រោះកាលពីពេលមុនតម្រូវការជាពិសេស គឺតម្រូវការនៅក្នុងតាមតំបន់សមាហរណកម្មក្រោយឆ្នាំ ១៩៩៦/១៩៩៧ ពេលនោះពិបាកដឹកសម្ភារៈចូលទៅទីនោះ។ ដូច្នេះ សាលាទាំងនោះប្រើប្រាស់លែងកើត តម្រូវអោយមានការវាយចោល ហើយធ្វើថ្មីតែម្តង ហើយធ្វើថ្មីលើកនេះ នៅពេលដែលខ្ញុំធ្វើដំណើរទៅចុងក្រោយនេះ គ្មានទេសាលាមួយជាន់នោះ មានដែរ អាមួយជាន់ហ្នឹង គឺធ្វើតែសម្រាប់ទីចាត់ការ ហើយក្រៅពីនោះ គឺចាប់ពី ២ ជាន់ឡើងដល់ ៣ ទៅ ៤ ជាន់ ឯណោះ ព្រោះតម្រូវការពេលមុនវាផ្សេង តម្រូវការពេលនេះវាផ្សេង។
ពង្រឹងការសាងសង់អន្តេវាសិក និងផ្ទះគ្រូ កាត់បន្ថយការលំបាក
គ្រូបង្រៀនរបស់យើងមានភាពកាន់តែប្រសើរ ហើយឥឡូវការពង្រឹងនូវគរុកោសល្យតាមខេត្ត តាមភូមិភាគ ត្រូវតែពង្រឹងអោយបានល្អ។ ព្រោះយើងនឹងឈានទៅដល់កម្រិតក្រៅពី ១២ បូក ២ នឹងឈានដល់កម្រិត ១២ បូក ៤។ ដូច្នេះ ទន្ទឹមនឹងការកសាងអគារសិក្សា យើងក៏ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើអន្តេវាសិក សម្រាប់សិស្ស និងផ្ទះស្នាក់នៅរបស់គ្រូផងដែរ ដើម្បីកាត់បន្ថយការលំបាករបស់គ្រូ និងសិស្ស ដែលមកពីចម្ងាយ។ ខ្ញុំទៅលើកក្រោយ ទៅស្ទឹងត្រែងនេះ ក៏បានដោះស្រាយបន្ថែមនូវអគារសិក្សា សម្រាប់គរុកោសល្យភូមិភាគស្ទឹងត្រែង ដើម្បីទាញយកគ្រូក្នុងខេត្តស្ទឹងត្រែងផង យកពីមណ្ឌលគិរី និងរតនគិរីមកសិក្សា ដោយត្រូវបន្ថែមទាំងផ្ទះគ្រូ បន្ថែមទាំងផ្ទះសម្រាប់សិស្សស្នាក់នៅ។ ព្រោះជួនកាលពួកគេមានអារម្មណ៍ថា នៅរៀននៅវិទ្យាល័យ វិទ្យាល័យស្អាតជាង ដល់ទៅមករៀននៅគរុកោសល្យ គឺទៅជាស្ថានភាពមិនប្រសើរ អគារអន់ជាងនៅវិទ្យាល័យ។ ដូច្នេះ យើងបន្ត មិនទាន់ចប់ទេ នូវកិច្ចការដែលទាក់ទងជាមួយនឹងវិស័យអប់រំរបស់យើង។
ស្នើក្រសួងពាក់ព័ន្ធដោះស្រាយបញ្ហាពន្យាអាយុនិវត្តន៍គ្រូបង្រៀន
ក៏ប៉ុន្តែ យ៉ាងណាថ្ងៃនេះ ខ្ញុំមានគំនិតអំពីការគ្រោង ដើម្បីបង្កើនចំនួនអាយុចូលនិវត្តន៍របស់គ្រូ។ ហើយបើអាចធ្វើទៅបាន យើងអាចនឹងពិនិត្យមើលអំពីស្ថានភាព នៃការចូលនិវត្តន៍ នៃមន្រ្តីរាជការទូទៅផងដែរ។ ប៉ុន្តែ បើមិនបានទាំងអស់ ក៏បានជួរក្នុងក្របខណ្ឌគ្រូបង្រៀនរបស់យើង ព្រោះកំពុងតែឆ្លាតវៃ កំពុងតែបញ្ចេញសមត្ថភាពអស់ ដល់ថ្ងៃចូលនិវត្តន៍បណ្តោយ។ ខ្វះគ្រូ ចំនួនសិស្សច្រើន ឥឡូវបើទោះបីយើងរើសមួយឆ្នាំ ៣ ពាន់នាក់ ឯចូលនិវត្តន៍ក៏ ៣ ពាន់នាក់ដែរ។ អញ្ចឹងទេ វាអត់គ្រប់ នៅតែមិនគ្រប់។ ដល់អញ្ចឹង ខ្ញុំគិតថា គួរតែដោះស្រាយបញ្ហានេះមុន។ ប៉ុន្តែ ក្នុងច្បាប់គេចងត្រឹមតែ ៦០ ឆ្នាំតែម្តង? (អាចអោយគាត់នៅបង្រៀន តែបើកលុយចូលនិវត្តន៍ផង និងលុយបង្រៀនថែមទៀត) ទេ! យើងមិនចង់អញ្ចឹងទេ អាហ្នឹងវាពាំត្រណោត យើងចង់ថាធ្វើវិសោធនកម្មចេញទៅតែម្តង ដើម្បីបង្កើនអាយុគ្រូបង្រៀន ព្រោះនេះត្រូវដោះស្រាយបញ្ហាធំណាស់។
ខ្ញុំគិតថា មន្រ្តីកន្លែងនានា គឺមិនថ្នាំងថ្នាក់ជាមួយគ្រូបង្រៀនទេ។ ដោយសារតែខ្វះគ្រូ យើងចេះតែចាប់ញាត់(សិស្សច្រើនក្នុងមួយថ្នាក់) អញ្ចឹងទេ គួរពិនិត្យបញ្ហាហ្នឹងមុនគេ ដើម្បីដោះស្រាយបញ្ហាគ្រូបង្រៀនតែម្តង។ បើយើងធ្វើបានបញ្ហា្ហហ្នឹង ខ្ញុំគិតថា យើងនៅតែបន្តទៅ តែអ្នកចូលនិវត្តន៍គឺអត់ ដូច្នេះ យើងដោះស្រាយកង្វះគ្រូ ដែលសព្វថ្ងៃគ្រូខ្លះបង្រៀនបន្ថែម ប៉ុន្តែ បញ្ហាធំជាងគេគឺដោយសារខ្វះគ្រូ យើងចេះតែចាប់ញាត់សិស្សលើសនិយាមនៃគរុកោសល្យ។ នេះជាចំណុចដែលសុំអោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈធ្វើកិច្ចការងារនេះបន្ត។ បើមិនអាចលើកកម្រិតអាយុចូលនិវត្តន៍របស់មន្រ្តីរាជការទូទៅបាន យើងក៏ត្រូវគួរធ្វើចំពោះវិស័យគ្រូបង្រៀនមុនគេ ដែលជាវិស័យមួយតម្រូវការខ្ពស់។ ឥឡូវ អោយរើស ៣ ពាន់(នាក់) ចូលនិវត្តន៍ ៣ ពាន់(នាក់)ដែរ។ រួចហើយទៅជួល ៣ ពាន់(នាក់)ហ្នឹងអោយវិលមកបង្រៀនវិញ ជាមន្រ្តីជាប់កិច្ចសន្យា។ ចុះបើយើងអោយទៅរហូតទៅ ចាំទៅដល់ ៦៥ (ឆ្នាំ) ចាំឈប់ ហើយពេលនោះ ៦៥ (ឆ្នាំ) នៅកំពុងឆ្លាតទេតើ។ ច្បាប់មិនពិបាកឆ្លងទេ អោយតែយើងឯកភាពគ្នា។ វាខុសពីរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋធម្មនុញ្ញត្រូវការ ២ ភាគ ៣ ឯច្បាប់អត់ត្រូវការ ២ ភាគ ៣ ទេ ត្រឹមតែ ៥០ បូក ១ ហ្នឹងគឺចប់ហើយ។ អញ្ចឹងទេ យើងអាចដោះស្រាយបាននូវបញ្ហាខ្វះគ្រូ។
[ចប់សេចក្តីអធិប្បាយ]
ថ្លែងអំណរគុណ ចំពោះគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស
មុននឹងបញ្ចប់ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់ នៅទូទាំងប្រទេស ទាំងអ្នកបានមកចូលរួម និងអ្នកមិនបានមកចូលរួមក្នុងពិធីនាឱកាសនេះ រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបានចូលនិវត្តន៍ហើយក្តី ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្ស ឱ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យសំបូររុងរឿង។
ជាទីបញ្ចប់ ក្នុងឱកាសនៃការប្រារព្ធទិវាគ្រូបង្រៀន ក្រោមប្រធានបទ “គ្រូបង្រៀនជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ” នាថ្ងែ(ទី) ៥ តុលា នេះ ខ្ញុំសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្ស/និស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ៖ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕