FN ៖ រាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន KrisEnergy នៅថ្ងៃទី២៣ ខែសីហានេះ បានរួមសហការគ្នាឈាន ដល់ការចុះកិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍ អណ្តូងប្រេងកាតនៅក្នុងប្លុង A នៃដែនសមុទ្រកម្ពុជា។
ជាមួយនឹងការចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន KrisEnergy បានអះអាងថា នឹងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង ហើយតំណក់ប្រេងកាត លើកដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងជាផ្លូវការនៅដើមឆ្នាំ២០១៩ ពោលគឺមានរយៈពេល២៤ខែទៀត។
កញ្ចប់កិច្ចព្រមព្រៀង សម្រាប់ការអភិវឌ្ឍន៍អណ្តូងប្រេងកាត់នៅប្លុក A ដែនសមុទ្រកម្ពុជា ដែលទើបចុះហត្ថលេខានេះ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ធ្វើផលិតកម្មលើកទី១របស់ខ្លួន គឺជំហាន 1A និង 1B នៃដំណាក់កាលទី១ នៃប្លុក A ដែលមានផ្ទៃក្រឡា១៩៨គីឡូម៉ែត្រការ៉េ នៃទំហំប្លុក A ទាំងមូលចំនួន ៣,០៨៣គីឡូម៉ែត្រការ៉េ។
តំបន់កិច្ចសន្យាប្លុក A របស់កម្ពុជា មានទំហំ ៣,០៨៣គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងអាងសមុទ្រខ្មែរ ក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជម្រៅទឹកចន្លោះពី៥០ម៉ែត្រ ទៅ៨០ម៉ែត្រ។
តាមការប៉ាន់ស្មានបរិមាណ សក្តានុពលធនធានប្រេងកាត ដែលក្រុមហ៊ុន KrisEnergy ធ្វើប្រតិបត្តិការដំណាក់កាលដំបូង 1A និង 1B អាចមានលើសពី ៣០លានបារ៉ែល ដែលមានរយៈពេល ផលិតកម្ម៩ឆ្នាំ និងអាចឲ្យមានលទ្ធភាពពាណិជ្ជកម្មគ្រប់គ្រាន់ ដើម្បីជំរុញឲ្យកម្ពុជាក្លាយ ជាប្រទេសផលិតប្រេងឆៅមួយ នៅពេលអនាគត។
ក្នុងកិច្ចព្រៀមព្រៀងនេះ រាជរដ្ឋាភិបាលកម្ពុជា កាន់កាប់ភាគហ៊ុនចំនួន៥ភាគរយ ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥%។
លោក Kelvin Tang នាយកប្រតិបត្តិក្រុមហ៊ុន KrisEnergy បានថ្លែងបញ្ជាក់ថា អណ្តូងប្រេងអប្សរា នឹងក្លាយជាអណ្តូងប្រេងដែលផ្តល់តំណក់ប្រេងទី១ នៅកម្ពុជា។ KrisEnergy ជឿជាក់ថា នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសផលិតប្រេងកាតដូចបំណង។
នាយកប្រតិបត្តិរូបនេះបានអះអាងថា «ឆាប់ៗបន្ទាប់ពីចុះហត្ថលេខានេះ យើងនឹងប្រកាសសេចក្តីសម្រេចចុងក្រោយ លើការវិនិយោគហើយនឹងបន្តដើម្បី ឲ្យសម្រេចបាន នូវតំណក់ប្រេងដំបូងក្នុងរយៈពេល២៤ខែ គឺក្នុងឆ្នាំ២០១៩»។
លោកបន្តទៀតថា ប្រេងកាតដែលបូមចេញ ពីអណ្តូងប្រេងកម្ពុជា នឹងត្រូវធ្វើការដេញថ្លៃ ផ្ដល់ជូនដល់ក្រុមហ៊ុនជាតិ និងអន្ដរជាតិ ក្នុងការសម្រេចចិត្តធ្វើការវិនិយោគនេះ។ ប្រេងនឹងផ្តល់ជូនចំពោះអ្នកដេញថ្លៃណា ដែលផ្ដល់តម្លៃខ្ពស់ជាងគេ ហើយផ្ដល់ជាប្រយោជន៍ដល់កម្ពុជា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមហ៊ុនផងដែរ។
លោក Kelvin Tang បញ្ជាក់ទៀតថា ការបែកចែកភាគហ៊ុន គឺ រដ្ឋាភិបាលទទួលបាន៥ភាគរយ ក្រុមហ៊ុនទទួលបាន៩៥ភាគរយ ដែលភាគហ៊ុននេះ គឺកម្រិតមួយខ្ពស់ហើយ ដែលផ្អែកលើកត្តា២៖
ទី១៖ បើទោះបីជារដ្ឋាភិបាល មិនមានជាភាគហ៊ុនក្នុងនោះ ហើយខាងក្រុមហ៊ុន មានភាគហ៊ុន១០០ភាគរយនោះក៏ដោយ ក៏រដ្ឋាភិបាលនៅតែទទួលបាន អត្ថប្រយោជន៍ពីដំណើរការ ផលិតប្រេងនេះដែរ ជាពិសេសទទួលបានប្រយោជន៍ តាមរយៈពន្ធដារ។
ទី២៖ រដ្ឋាភិបាលមានភាគហ៊ុន៥ភាគរយនេះ ឲជាភាគហ៊ុនមួយខ្ពស់ស្រេចទៅហើយ នឹងអនុញ្ញាតិឲ្យរដ្ឋាភិបាលធ្វើការជាដៃគូជាមួយក្រុមហ៊ុន ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យនេះ។
ជាមួយគ្នានោះដែរ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ចំណូលដែលនឹងទទួលបានពីវិស័យប្រេងកាតនេះ នឹងរួមចំណែកជំរុញដល់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដោយផ្តោតលើវិស័យអាទិភាពចម្បង៤ គឺ ផ្លូវ ទឹក ភ្លើង និងមនុស្ស។
លោករដ្ឋមន្ត្រី បានថ្លែងថា «កម្ពុជាមានទិសដៅច្បាស់លាស់ គឺនឹងមិនបណ្តោយខ្លួនឲ្យក្លាយជាប្រទេស ដែលពឹងផ្អែកលើចំណូលប្រេង និងឧស្ម័នជាចរន្តដង្ហើមស្លាប់រស់នៃសេដ្ឋកិច្ចទេ ប៉ុន្តែនឹងប្រើប្រាស់ចំណូលនេះ រួមចំណែកក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចីរភាព កំណើនក្នុងរយៈពេលមធ្យម និងវែង»៕