សូមប្រជាពលរដ្ឋ និងអាជ្ញាធរប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់!
ភ្លៀងដែលបង្អុរធ្លាក់មកមិនដាច់ស្ទើរាល់ថ្ងៃ ដែលយើងបានឃើញនៅក្នុងទីក្រុងភ្នំពេញតិចមែន តែនៅតាមបណ្តាខេត្តមួយចំនួន គឺកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ដោយសារកំរិតទឹកទឹកភ្លៀងនៅបន្តធ្លាក់ ហើយកម្ពស់ទឹកទន្លេក៏មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ខេត្តឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពត និងខេត្តមួយចំនួនទៀត។
តាមការប្រកាសរបស់ក្រសួងធនធានទឹក បានអោយដឹងថា ក្នុងរដូវវស្សាឆ្នាំនេះកម្ពុជាអាចនឹងទទួលរងនូវឥទ្ធិពល ENSO Neutral Condition ដែលបង្កអោយមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលធ្វើអោយទឹកក្នុងអាងទន្លេមេគង្គ និងទាំងនៅក្នុងប្រទេសកម្ពុជាទាំងមូលមានការកើនឡើង។
ចំពោះបងប្អូន ដែលចុះទូកនៅតាមទន្លេ សមុទ្រ គឺសូមប្រុងប្រយ័ត្ន ពាក់អាវពោងការពារ និងមានសំភារៈការពារអាយុជីវិត ពេលជួបប្រទះបញ្ហាដោយយថាហេតុណាមួយកើតឡើង។ សូមកុំបណ្តោយកូនចៅទៅលេងទឹកនៅខាងក្រៅតាមស្រះ តាមវាលស្រែ ក្រោមស្ពាន ឬតាមប្រឡាយ ទឹកដែលអាចងាយមានគ្រោះថ្នាក់។
សូមអំពាវនាវដល់មន្ត្រី អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវឃ្លាំតាមដានមើល និងជួយប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ជាពិសេស ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្ត ដែលកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ និងតាមតំបន់ជាប់នឹងដងស្ទឹង និងសមុទ្រជាដើម។ សូមបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់បំផុត៕