ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ជាមួយនឹងសាកល វិទ្យាល័យបញ្ញាសាស្ត្រ ដើម្បីធ្វើពិធីចែកសញ្ញាបត្រ សម្រាប់ជ័យលាភីដែលបញ្ចប់នូវការសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ។ អម្បាញ់មិញ ឯកឧត្តម កុល ផេង បានធ្វើរបាយការណ៍ពាក់ព័ន្ធ ជាមួយនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែបានចូលរួមតាំងពីដើមទីជាមួយនឹងសាកលវិទ្យាល័យនេះ ដែលបានរីកធំធាត់មកដល់ដំណាក់កាលនេះ ក្រោមការពិនិត្យដោយយកចិត្តទុកដាក់ទៅលើបញ្ហាគុណភាពអប់រំ ពីសំណាក់ក្រសួងអប់រំ ក៏ដូចជា ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ និងសាស្ត្រាចារ្យផ្ទាល់តែម្តង។
និស្សិតកំពុងសិក្សានៅបញ្ញាសាស្ត្រ ៨៦ ភាគរយ មានការងារធ្វើ
ក្នុងចំណោមនិស្សិតសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ យើងក៏បានសង្កេតឃើញថា និស្សិតមួយចំនួនក៏បានទៅបំពេញការងារនៅកន្លែងនេះ ឬក៏កន្លែងនោះ តាមអត្រាដែលមានរួចមកហើយ ចំនួននោះគឺ ៨៦%។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានជួបជាមួយនឹងនិស្សិតមួយចំនួន ដែលកំពុងសិក្សានៅបញ្ញាសាស្ត្រនេះ។ ពិតជាគួរអោយកោតសរសើរ ដោយសារតែគេបានប្រឹងប្រែងធ្វើការនៅក្នុងពេលថ្ងៃ ពីព្រឹកដល់ល្ងាច ហើយ (ពេល)យប់បានគេធ្វើការរៀនសូត្របន្ត។ ក្រៅពីអាហារូបករណ៍ ដែលសាកលវិទ្យាល័យបញ្ញាសាស្ត្របាន ផ្តល់អោយខ្ញុំ ខ្ញុំមាននិស្សិតមួយចំនួនផ្សេងទៀត ដែលខ្ញុំជួយបង់ថ្លៃអោយរៀននៅទីនេះ។ កាលពីថ្ងៃ អាទិត្យកន្លងទៅ ខ្ញុំទៅវាយកូនហ្គោល។ ក្មួយម្នាក់ដែលកំពុងរៀននៅខាងទំនាក់ទំនងអន្តរជាតិ កំពុងតែសិក្សានៅទីនេះ ហើយទើបនឹងចាប់ផ្តើមនៅឆ្នាំទីមួយ។ អញ្ចឹងទេ វិធីដែលល្អ គឺថា បបួលគ្នានៅទីនោះ ខ្ញុំជាអ្នកចេញ(បង់ថ្លៃសាលា) ២ ឆ្នាំ ឯកឧត្តម ប៉ែន ស៊ីមន ចេញ(បង់ថ្លៃសាលា) ១ ឆ្នាំ អ៊ុក រ៉ាប៊ុន ចេញ(បង់ថ្លៃសាលា) ១ ឆ្នាំ អញ្ចឹង គ្រប់ ៤ ឆ្នាំ។
យុវជនសម័យនេះ មានឱកាសច្រើនជាងយុវជនសម័យមុន
នេះគឺជាការគួរអោយគោរពណាស់ នៅក្នុងសម័យបច្ចុប្បន្ន ដែលយុវជនមានលំហធំទូលាយ សម្រាប់ការជ្រើសរើសរបស់ខ្លួន បន្ទាប់ពីប្រទេសមានសន្តិភាព។ អតីតកាលរបស់យើងវាឈឺចាប់ខ្លាំងណាស់ ដែល យុវជនជំនាន់មុននេះបាត់ឱកាស ដោយសារតែសង្គ្រាមនោះឯង។ យុវជនបច្ចុប្បន្ន មានលទ្ធភាពធំធេងណាស់នៅក្នុងការស្វះស្វែងរកចំណេះវិជ្ជា ឬក៏ស្វះស្វែងរកការងារធ្វើ ដែលពីពេលមុននោះ យើងទាំងអស់គ្នាជាចំណាប់ខ្មាំងនៃសង្គ្រាម បើទោះបីនៅតំបន់ណាក៏ដោយ គ្មានជម្រើសទីបីសម្រាប់ការជ្រើសរើសរបស់យុវជនទេ។ នេះជាសំណាងល្អរបស់យុវជនរបស់យើង ដែលយើងត្រូវរៀបចំផ្លូវមួយ និងរៀបចំនូវស្ថានភាពអំណោយផលទាំងឡាយ សម្រាប់ការអភិវឌ្ឍយុវជនរបស់យើង ដែលពាក់ព័ន្ធសំខាន់ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីការរីកចម្រើនលូតលាស់ នៃសេដ្ឋកិច្ចសង្គមរបស់យើង។
វិស័យឯកជនចូលរួមបណ្តុះបណ្តាលធនធានមនុស្ស
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយឃើញវឌ្ឍនភាព នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក៏ដូចជា សាកលវិទ្យាល័យដទៃទៀត ដែលក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល អនុញ្ញាតអោយវិស័យ ឯកជនចូលរួមនៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស មិនមែនតែត្រឹមថ្នាក់ឧត្តមសិក្សានោះទេ តែយើងបានអនុញ្ញាតអោយវិនិយោគទៅលើការសិក្សាតាំងពីថ្នាក់ក្រោមមក។ ថ្ងៃនេះ លោក លី ឆេង ក៏បានមកទីនេះ។ អរគុណណាស់។ រឿងនេះ ធ្វើអោយខ្ញុំកាន់តែមានមោទនភាពទៅលើអ្វីដែលជាកិច្ចការយើងបានធ្វើ ហើយជាកិច្ចការនៅក្នុងក្របខណ្ឌជាគោលនយោបាយ ដែលក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលបានដាក់ចេញ ហើយទទួលយកដោយប្រជាពលរដ្ឋ និងការចូលរួមដោយប្រជាពលរដ្ឋ។
ជាលើកដំបូងដែលខ្ញុំបានអញ្ជើញក្រុមដៃទេពធ្វើសរសៃ មកធ្វើលើកទីមួយ។ ដល់មកធ្វើលើកទីពីរ ខ្ញុំសួរតែម្តងថែមទៀត … ចុងក្រោយសួរថា មើលក្មួយឯងសល់លុយប៉ុន្មាន ប្រាប់ពូអោយត្រង់ទៅមើល? ក្មួយប្រុសគាត់ក៏បានឆ្លើយថា សល់តែសម្រាប់ម៉ាបង់ថ្លៃអោយកូនរៀន។ ចុះ ១ ឆ្នាំ ប៉ុន្មានទៅ? ថា ១ ឆ្នាំ បង់ ៨០០ (ដុល្លារអាមេរិក) ព្រោះរៀនទាំងភាសាខ្មែរផង និងអង់គ្លេសផង។ ចុះរៀននៅឯណា? ថារៀននៅប៊ែលធី។ អញ្ចឹងទេ ក៏ទាក់ទងភ្លាមទៅជាមួយនឹង ឯកឧត្តម លី ឆេង ម្ចាស់សាលា។ កាលហ្នឹងបញ្ជាក់ថាអោយរហូតទៅដល់បរិញ្ញា(បត្រ)ឯណោះ មួយចប់។ ដូច្នេះ គ្នាក៏បានសល់ ១ ឆ្នាំ ៨០០ (ដុល្លារអាមេរិក) ប៉ុន្តែ អ្វីដែលសំខាន់ គឺនៅត្រង់ថា ទោះបីជាខ្លួនពិការក៏ដោយ ក៏បានខិតខំសន្សំប្រាក់កាក់ដើម្បីកូនរៀន។ នេះហើយជាចលនាដែលប្រជាជនទទួលយកនូវក្នុងវិស័យអប់រំ។
ការវិនិយោគទៅលើវិស័យអប់រំ គឺជាការចាំបាច់
គ្មានជោគជ័យណាមួយដែលបានមកដោយខ្វះការចូលរួមនោះទេ។ ឧទាហរណ៍៖ គោលនយោបាយរបស់ រាជរដ្ឋាភិបាល អនុញ្ញាតអោយវិស័យឯកជនចូលរួមនូវក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការកសាងសាលារៀន តាមរយៈការរៀបចំគ្រូ និងសាស្ត្រាចារ្យ ក៏ប៉ុន្តែ បើសិនឯកជនមិនព្រមធ្វើ មិនព្រម ដាក់ទុន វាក៏មិនជោគជ័យ។ ឯរឿងមួយទៀត បើសិនជាឯកជនព្រមធ្វើទៅហើយ តែប្រជាពលរដ្ឋមិនចូល រួមអោយរៀននៅក្នុងសាលានោះ វាក៏មិនជោគជ័យដែរ ក៏ប៉ុន្តែ ជាចលនាជាតិរបស់យើងឥឡូវនេះ គឺមាន ការចង់ចេះចង់ដឹងខ្លាំងណាស់។ ការវិនិយោគសម្រាប់យុវជន និងកុមាររបស់យើង គឺជាការវិនិយោគត្រឹមត្រូវបំផុត ដែលយើងត្រូវផ្តល់នូវធាតុអំណោយផលថែមទៀត សម្រាប់ការធានាទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដែលវាទាក់ទងជាមួយនឹងការពង្រឹងស្ថាប័ន។ បើនិយាយពីគេហៅថា ហេដ្ឋារចនាសម្ព័ន្ធមានពីរបែប មួយគឺហេដ្ឋារចនាសម្ព័ន្ធរឹង ដែលទាក់ទងតាំងពីផ្លូវថ្នល់ ស្ពាន ព្រលានយន្តហោះ ឬក៏វិស័យដទៃទៀត … មួយទៀតគឺទន់ (ដែលមាន) ច្បាប់ លិខិតបទដ្ឋានស្ថាប័ន ហើយជាពិសេសគឺធនធានមនុស្សនេះតែម្តង។ អញ្ចឹងទេ ការវិនិយោគទៅលើវិស័យអប់រំ គឺជាការចាំបាច់។
កោតសរសើរក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យ
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជាសាស្ត្រាចារ្យទាំងខ្មែរ និងបរទេស ដែលបានបង្រៀននៅទីនេះ។ ថ្ងៃមុនខ្ញុំសួរក្មួយដែលរៀនខាងទំនាក់ទំនងអន្តរជាតិថា ក្រៅពីភាសាអង់គ្លេស តើយកភាសាអី? ថាយកភាសាចិន។ ខ្ញុំក៏បានប្រាប់អ្នកគ្រប់គ្រងថា(ក្មួយ)នេះកំពុងតែរៀននៅសាកលវិទ្យាល័យបញ្ញាសាស្ត្រខាងទំនាក់ទំនងអន្តរជាតិ ហើយខ្ញុំក៏បានប្រាប់ ថាបើរៀនភាសាចិនផ្នែកទំនាក់ទំនងអន្តរជាតិមិនអីទេ អោយចប់បរិញ្ញា(បត្រ)ហើយ ចាំខ្ញុំជួយបញ្ជូនទៅស្រុកចិន ដើម្បីរៀន។ ខ្ញុំផ្តល់មតិអោយថែមទៀតថា បើសិនជាក្មួយប្រឹងប្រែងសិក្សាទាក់ទងជាមួយអាស៊ាន និងក្រប ខណ្ឌអាស៊ីបូព៌ា និងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក អោយមានឯកទេសខាងផ្នែកហ្នឹង ថ្ងៃក្រោយ ចំចំណុចរបស់វាតែម្តង។
ក្នុងក្របខណ្ឌអាស៊ាន វាមិនមែនគ្រាន់តែសហគមន៍អាស៊ាននៅថ្ងៃនេះប៉ុណ្ណោះទេ ក៏ប៉ុន្តែ គេបានដឹងរួចមកហើយថាការចរចាកំពុងតែប្រព្រឹត្តទៅ ដើម្បីឈានទៅដល់ការសម្រេច អំពីភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៅក្នុងក្របខណ្ឌតំបន់ ដែលមានអាស៊ានដប់ និងដៃគូប្រាំមួយ ហើយដែលចុះហត្ថលេខា និងប្រកាសនៅទីក្រុងភ្នំពេញនេះតែម្តង កាលពីឆ្នាំ ២០១២។ នៅមានបញ្ហាច្រើនទៀត ដែលទាក់ទងក្នុងក្របខណ្ឌតំបន់។ ខ្ញុំរីករាយជាមួយនឹងការឃើញនូវការលូតលាស់បែបនេះ ជាមួយនឹងស្ថាប័នអប់រំ ហើយសូមកោតសរសើរជាមួយនឹងការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ដែលបានប្រឹងប្រែងយ៉ាងច្រើននៅក្នុងកំណែទម្រង់រយៈពេលកន្លងទៅនេះ។ ឥឡូវ ជិតដល់ពេលដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិទៀតហើយ។
ខ្ញុំឃើញថាឥឡូវនេះ ខាងផ្នែកនានាកំពុងតែត្រៀមខ្លួនដើម្បីផ្តល់ជំនួយ សម្រាប់ការបំប៉នមុនពេលប្រឡង។ នេះជាការស្រែកឃ្លានរបស់ប្រជាពលរដ្ឋរបស់យុវជនរបស់យើង។ ខ្ញុំសូមអរគុណចំពោះបង កុល ផេង ដែលបានខិតខំរៀបចំនូវសាកលវិទ្យាល័យនេះឡើង ហើយក៏អរគុណជាមួយនឹងការផ្តល់ជាបន្តបន្ទាប់នូវអាហារូបករណ៍។ តាមធម្មតាខ្ញុំជាមួយនឹងបង កុល ផេង ក្នុងឋានៈជាអ្នកធ្វើការជាមួយគ្នា មួយរយៈកាលនៃការធ្វើការជាមួយគ្នារហូតមកដល់ពេលនេះ ខ្ញុំហៅគាត់ឯកឧត្តមប្រហែល ជា ១០ ភាគរយ និងហៅគាត់បង គឺ ៩០ ភាគរយ …។
ខ្ញុំសូមយកឱកាសនេះ សម្តែងជូននូវការអបអរសាទរជាមួយជ័យលាភីទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ការពិតទៅជ័យលាភីទាំងនេះ ទាំងព្រះសង្ឃ និងគ្រហស្ថ បានបញ្ចប់ការសិក្សាយូរក្រែលមកហើយ ប៉ុន្តែ គ្រាន់តែឱកាសនៃការប្រគល់សញ្ញាបត្រនោះ មិនទាន់បានមកដល់។ មានក្មួយខ្ញុំម្នាក់ក៏បានទទួលសញ្ញាបត្រនៅថ្ងៃនេះ ឯណា ម៉ូនីកា? ចប់បរិញ្ញាបត្រនៅបញ្ញាសាស្ត្រ ថ្ងៃហ្នឹងដូចមានឈ្មោះត្រូវឡើងទទួលនឹងគេដែរ។ ឥឡូវ កំពុងតែបន្ត(ការសិក្សា)នៅវិទ្យាស្ថានជាតិគ្រប់គ្រង។ ចេះតែប្រឹងទៅ ប៉ុន្តែ គេមានការងារធ្វើរួចស្រេចទៅហើយ។
កាត់បន្ថយគម្លាតខួរក្បាលអាចធ្វើបាន
ខ្ញុំមានមោទនភាព មិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែកម្នាក់ពីរនាក់ទេ ក៏ប៉ុន្តែទូទាំងសង្គមទាំងមូល។ ចំណុចនេះហើយដែលខ្ញុំព្រះករុណាខ្ញុំ តែងលើកថា ការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ គឺជារឿងលំបាកធ្វើ ក៏ប៉ុន្តែការកាត់បន្ថយគម្លាតខួរក្បាល គម្លាតនៃចំណេះដឹង គឺអាចធ្វើទៅរួច។ រឿងនេះ ផ្តើមចេញពីបទពិសោធន៍របស់យុវជនម្នាក់ ដែលទើបមានអាយុ ២៥ ឆ្នាំ។ បន្ទាប់មកអាយុ ២៧ ឆ្នាំ កាន់មុខតំណែងជារដ្ឋមន្ត្រីការបរទេស។ អាយុ ៣២ ឆ្នាំ កាន់ដំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ ហើយដែលនាំប្រទេស នោះបានឆ្លងកាត់នូវព្យុះសង្ឃរា និងនាំប្រទេសមកដល់ដំណាក់កាលនៅថ្ងៃនេះ គឺរូបខ្ញុំនេះឯង។ តើខ្ញុំចេញពីកូនអភិជនទេ? តើខ្ញុំចេញពីកូនអ្នក មានទ្រព្យសម្បត្តិទេ? អត់ទេ។ ចម្រៀង “ជីវិតក្មេងវត្ត” បានបង្ហាញប្រាប់ជនរួមជាតិកម្ពុជាបានជ្រាបថា កុមារដែលមានអាយុដែលទើបតែ ១៣ ឆ្នាំ បែកពីឪពុកម្តាយ តើវារឿងជូរចត់ប៉ុនណា? លំបាកប៉ុនណា? ដូច្នេះហើយបានជានៅពេលដែលខ្ញុំព្រះករុណាខ្ញុំ មានលទ្ធភាពដើម្បីដឹកនាំប្រទេស បញ្ជូនសាលារៀនទៅដល់ក្បែរជណ្តើរផ្ទះតែម្តង គឺស្ថានភាពបច្ចុប្បន្ន ក្នុងក្របខណ្ឌនៃគោលនយោបាយ និងផែនការឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច។ ស្រុកមួយវិទ្យាល័យច្រើន។ រឿងនេះ គឺបានសម្រេចជាបន្តបន្ទាប់ហើយ។
ការបណ្តុះបណ្តាលគ្រូបច្ចុប្បន្នឈានដល់ ១២+៤
ការបណ្ដុះបណ្ដាលគ្រូរបស់យើងក៏បានធ្វើយ៉ាងហ្មត់ចត់ ឥឡូវនេះ ក្របខណ្ឌគ្រូដែលបានបណ្ដុះបណ្ដាលនៅតាមបណ្ដាខេត្ត ដែលហៅថា ១២+២ នោះ ក្រសួងអប់រំ យុវជន និងកីឡា កំពុងតម្រង់ទិសឆ្ពោះទៅរក ១២+៤ បានសេចក្ដីថា អ្នកទាំងនោះ គឺមុនចេញទៅបង្រៀន គឺមិនត្រឹមតែ ១២+២ និងឈានទៅដល់ ១២+៤ គឺថ្នាក់បរិញ្ញាតែម្ដង។ នៅទីនេះ ប៉ុន្មានខែមុននេះ ខ្ញុំបានមកចែកសញ្ញាបត្រជាមួយនឹងសាស្រ្ដាចារ្យ គ្រូបង្រៀន កម្រិតបរិញ្ញាបូកមួយ។ ដូច្នេះ នៅទូទាំងប្រទេសរបស់យើង ដោយសារសន្ដិភាពដែលយើងរកបានដោយលំបាក យើងបានប្រឹងបែងកសាងរចនាសម្ព័ន្ធតភ្ជាប់ និងបានកសាងជម្រុញនូវការអភិវឌ្ឍលើវិស័យអប់រំនេះ ដែលវាកាត់បន្ថយគម្លាត រវាងទីក្រុង និងជនបទ។
ស្តង់ដាអប់រំនៅទីក្រុង និងជនបទ គឺតែមួយ
ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានលើកលើបញ្ហានេះ រឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនៅត្រង់ថា វិទ្យាល័យមួយនៅក្នុងស្រុកកូនមុំរបស់ខេត្តរតនគិរី នៅពេលដែល ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរតាមរថយន្ដចេញពីខេត្តរតនគិរីឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខ្ញុំព្រះករុណាខ្ញុំ ចូលទៅកាន់វិទ្យាល័យកូនមុំ។ វិទ្យាល័យនៅស្រុកកូនមុំនេះ សិស្សប្រលងបាក់ឌុប ប្រលងមធ្យមសិក្សាទុតិយភូមិ គឺជាប់ដល់ទៅ ៩៧% … ដល់ត្រឡប់មកវិញ ខ្ញុំព្រះករុណាខ្ញុំ មិនចុះមកតាមខេត្តក្រចេះទេ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធយើងបានតភ្ជាប់ជុំវិញទៅហើយ។ ដូច្នេះ ក៏បកឆ្លងស្ពានមេគង្គ ព្រោះនៅខាងលើយើងមានស្ពានពីរ មួយស្ពានសេកុងតម្រង់ឆ្ពោះទៅព្រំដែនឡាវ ឯមួយទៀត គឺស្ពានទន្លេមេគង្គ។ កាត់តាមស្ពានទន្លេមេគង្គ ចេញតាមផ្លូវជាតិលេខ ៩ ដែលយើងបានកសាងថ្មី ហើយមកដល់យើងមិនចេញតាមផ្លូវលេខ ៦២ ទេ គឺកាត់ចុះមកស្រុកគូលេន នៅទីនោះ គឺសិស្សដែលប្រលងជាប់មានចំនួនដល់ ៨២% … (ជាការ)បង្ហាញច្បាស់អំពីភាពដែលអាចធ្វើទៅបាននូវការកាត់បន្ថយគម្លាតខាងផ្នែកខួរក្បាល។
… សូម្បីតែអាមេរិកកាំង តើប្រជាជនអាមេរិកាំង ឬថា Donald Trump គាត់អាចមានលទ្ធភាពដើម្បីធ្វើអោយប្រជាជនអាមេរិកក្លាយទៅជាអ្នកមានដូច Bill Gates ទាំងអស់គ្នាបានទេ ឬក្លាយខ្លួនទៅជាអ្នកមានទ្រព្យសម្បត្តិដូចប្រធានាធិបតី Donald Trump បានទេ? ច្បាស់ជាមិនរួចទេ។ ក៏ប៉ុន្តែ គេមានលទ្ធភាពដើម្បីបណ្ដុះមនុស្សអោយមានចំណេះដឹងស្មើនឹង Bill Gates គ្រាន់តែវាអត់លុយស្មើនឹង Bill Gates តែប៉ុណ្ណោះ។ ប៉ុន្ដែ ខួរក្បាលវាមិនអន់ទេ។ អញ្ចឹង ចំណុចនេះហើយ ដែលជាចំណុចទាមទារអោយយើងខិតខំវិនិយោគបន្ថែមទៀត ទៅលើវិស័យអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ហើយយើងក៏ត្រូវដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ដែលមានរួចមកហើយនេះ និងអនុវត្តបន្តនៅក្នុងទិសដៅ។
ក្របខណ្ឌពីរត្រូវផ្តល់បៀវត្សរ៍ខ្ពស់ជាងគេ
ឧទាហរណ៍៖ ក្របខណ្ឌ នៃនយោបាយឧស្សាហកម្ម ២០១៥-២០២៥ គឺវាជាចំណុចដែលទាមទារនូវការតម្រង់ទិស នៃការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីផ្ដល់លទ្ធភាពសម្រាប់អោយការទាក់ទាញវិនិយោគមកកាន់ទីនេះ។ ឥឡូវនេះ ក្នុងវិស័យអប់រំបណ្ដុះបណ្ដាលនេះ ក្រៅពីសាកលវិទ្យាល័យដែលស្ថិតក្នុងការគ្រប់គ្រងផ្ទាល់របស់ក្រសួងអប់រំ ទោះបីសាកលវិទ្យាល័យរដ្ឋ ឬសាកលវិទ្យាល័យឯកជន យើងនៅមានផ្នែកការបណ្ដុះបណ្ដាលគ្រប់គ្រងដោយស្ថាប័នមួយចំនួនផ្សេងទៀត ដូចជាផ្នែកខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើនូវកិច្ចការទាំងនោះ។
តែកន្លងនៅគ្រូខាងផ្នែកវិស័យអប់រំបានទទួលបានទទួលបៀវត្សរ៍ខ្ពស់។ គ្រូខាងផ្នែកក្រសួងការងារ ឥឡូវបានកែសម្រួលហើយ។ ខ្ញុំសម្រេចពីម្សិលមិញនេះ។ មកពីយើងលើកមិនទាន់ពេល។ ប៉ុន្តែ មិនអីទេ អាហ្នឹងអោយកម្រិតទៅប៉ុនគ្នាទៅ។ ចំណុចនេះហាក់បីដូចជាបានដាក់ត្រូវ គេហៅថា ដាក់ថ្នាំត្រូវ។ ពិតមែនតែប្រទេសយើងក្រ ក៏ប៉ុន្តែបៀវត្សរ៍ខ្ពស់ជាងគេ គឺនៅក្នុងវិស័យអប់រំនេះឯងតែម្ដង។ ក្របខណ្ឌពីរដែលយើងផ្ដល់នូវបៀវត្សរ៍ខ្ពស់ជាងគេ គឺវិស័យអប់រំ និងសុខាភិបាល នេះហើយ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។
អញ្ចឹង ជាមួយការអបអរសាទរ សម្រាប់ជ័យលាភី ដែលបានទទួលសញ្ញាបត្រថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ក៏សូមចូលរួមជាមួយមាតាបិតា អាណាព្យាបាលរបស់និស្សិតទាំងឡាយ និងក្រុមគ្រួសារនិស្សិត ចូលរួមអបអរសាទរផងដែរ ហើយសង្ឃឹមថា ផ្លូវនេះ គឺជាផ្លូវដែលល្អបំផុតហើយ។ គ្មានផ្លូវណាដែលល្អជាងផ្លូវនេះទៀតទេ។ រាប់ទាំងរបៀបនៅក្នុងការផ្ដល់នូវទ្រព្យសម្បត្តិចែកកេរ្តិ៍អាករអោយកូនចៅ ការចែកទ្រព្យសម្បត្តិលុយកាក់ មាសពេជ្រ អោយកូនចៅ មិនប្រាកដថាវាគង្សទេ។ អាចវាទៅចាញ់ល្បែង អាចចោរលួច អាចមានរឿងនេះ រឿងនោះ បាត់បង់ ក៏ប៉ុន្តែ ចែកចំណេះវិជ្ជា គឺមិនបាត់បង់ទៅណាទេ។
សភាពការណ៍ពិភពលោកមានការប្រែប្រួលលឿនណាស់
អ្វីដែល ខ្ញុំព្រះករុណាខ្ញុំ ស្នើសុំចំពោះនិស្សិត គឺការបន្តការខិតខំដើម្បីការរីកលូតលាស់បន្ថែមទៀត សម្រាប់ចំណេះដឹងរបស់យើង។ គ្មានការចេះដឹងណាមួយ បើសិនជាយើងគ្មានការខិតខំ ហើយអាចដើរទាន់សភាពការណ៍ទេ។ រឿងនេះពិភពលោកប្រែប្រួលលឿនណាស់ ហើយស្មុគស្មាញណាស់បច្ចុប្បន្ននេះ សូម្បីតែយប់មិញ រឿងដែលមិនគួរមានវាអាចកើតមានទៅដែរ។ ប្រទេសអាមេរិកគួរតែជាប្រទេសដែលមានសុវត្ថិភាព តែបែរជាសមាជិកសភាកំពុងតែហាត់ទាត់បាល់ មានមនុស្សទៅបាញ់? ក្នុងពេលដែលកំពុង Live អំពីការបាញ់សមាជិកសភានៅអាមេរិក អាឆេះអាគារនៅក្រុងឡុងដ៏នោះ។ មិនទាន់ប្រាកដថាអាគារនៅទីក្រុងឡុងដ៍វាឆេះដោយឯកឯងនោះទេ …។
ពិភពលោកប្រែប្រួលលឿនណាស់ ពីតំបន់ដែលមានសុវត្ថិភាពបំផុត ទៅជាតំបន់ដែលអសុវត្ថិភាពបំផុត ពីតំបន់ដែលធ្លាប់មានសន្ដិភាព ទៅជាតំបន់ដែលមានសង្រ្គាម ដូចជានៅមជ្ឈិមបូព៌ា កាលមុននេះមានសង្រ្គាមមកពីណា? ពួកគេមានសុវត្ថិភាពណាស់។ ឥឡូវមជ្ឈិមបូព៌ាពោរពេញទៅដោយហិង្សា ពោរពេញទៅដោយអស្ថេរភាព។ នោះប្រហែលជាពិបាកណាស់ ក្នុងការដោះស្រាយយកឈ្នះទៅលើពួកភេរវកម្ម ជាពិសេសរដ្ឋឥស្លាម ISIS ព្រោះ ISIS កំពុងវាយលើបណ្ដារដ្ឋនានា ឯបណ្ដារដ្ឋដែលប្រឆាំងជាមួយភេរវកម្មកំពុងតែទាស់គ្នា។ រឿងនេះវាលំបាកណាស់ ឥឡូវធ្វើយ៉ាងម៉េចអ្នកនេះក៏ប្រឆាំងភេរវកម្ម អ្នកនោះក៏ប្រឆាំងភេរវកម្ម ប៉ុន្តែ ទីចុងបំផុតអាអ្នកប្រឆាំងភេរវកម្មមកទាស់គ្នាឯង។ អញ្ចឹងពួក ISIS ប្រាកដជាសើចហើយ។ ការវាយនៅក្នុងប្រទេសអ៊ីរ៉ង់ (ត្រូវបាន)អ៊ីរ៉ង់ចោទថា អារ៉ាប៊ីសាអូឌីត និងអាមេរិកជាអ្នកវាយ។ បើអញ្ចឹងៗ ទៅដោះយ៉ាងម៉េច។ នៅអាហ្គានីស្ថានវាយមិនឈប់ រាលដាលមកដល់អាស៊ីអាគ្នេយ៍របស់យើងនេះ ដែលឥឡូវនេះ បីអាទិត្យប្លាយនៃប្រតិបត្តិការណ៍យោធា ដែលបញ្ជាដោយប្រធានាធិបតី ឌុយ ទែតេ របស់ហ្វីលីពីន នៅមិនទាន់បញ្ចប់នៅឡើយទេ។ អញ្ចឹង បញ្ហាទាំងអស់នេះ ទាក់ទងជាមួយនឹងសំណុំបញ្ហាដ៏សាំញ៉ាំ ដែលធ្វើអោយការរីកលូតលាស់ នៃសេដ្ឋកិច្ចពិភពលោកមានការថមថយ ឬការព្យាករមិនត្រូវផង។
រំលឹករឿងជំនួយ សហរដ្ឋអាមេរិក
ថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំ ជួបថ្នាក់ដឹកនាំ IMF ខ្ញុំបានសួរគាត់ អំពីបញ្ហាមួយចំនួន។ ដំបូងសួរគាត់ អ្នកឯងវាយតម្លៃយ៉ាងម៉េចអំពីការលើកឡើងនៃសេដ្ឋកិច្ចពិភពលោក? យើងមិនចាំបាច់និយាយពីសេដ្ឋកិច្ចកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់ទេ តែយើងចង់ដឹងរបៀបវាយតម្លៃរបស់គាត់ នេះជាសំណួរទីមួយ។ សំណួរទីពីរ តើអ្នកឯងព្យាករបានទេនូវតម្លៃប្រេង និងតម្លៃស្បៀង ក៏ដូចជាកសិផលដែលពេលនេះកំពុងតែធ្លាក់? គាត់ហ៊ានឆ្លើយតែអាសំណួរទីមួយទេទាក់ទងនឹងកំណើនសេដ្ឋកិច្ចពិភពលោក ដែលគាត់បញ្ជាក់ថា អត្រានេះអាចមានការផ្លាស់ប្ដូរ។ យើងអាចយល់បាននូវសម្ដីនេះ ព្រោះអាមេរិកក៏មានបញ្ហាដែរ យើងឃើញថា អាមេរិកបានប្រកាសកាត់បន្ថយជំនួយទៅក្រៅប្រទេស ៣០ ភាគរយ ប៉ុន្ដែ អ្នកនៅស្រុកខ្មែរនេះ កាសែតមួយចំនួននៅស្រុកខ្មែរវាថាកាត់តែកម្ពុជាទេ ដើម្បីអោយឃើញថាកម្ពុជាហ្នឹងវាអាក្រក់តែឯង …។
… ខ្ញុំនិយាយរឿងមួយ។ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៣ ក្រោយការបោះឆ្នោត ៣ ថ្ងៃ ខ្ញុំនិយាយនៅខ្សាច់កណ្ដាល ខ្ញុំថាបើអាមេរិកកាត់(ជំនួយក៏)កាត់ទៅ ហើយអ្នកដែលងាប់មិនមែនប្រជាជនខ្មែរទេ ងាប់អ្នកណាដែលធ្វើការអង្គការក្រៅរដ្ឋាភិបាលអោយអាមេរិក …។ អតីតអគ្គរដ្ឋទូតអាមេរិក William E. Todd បានមកជួបខ្ញុំ សួរថាម៉េចបានឯកឧត្តមជ្រើសរើសពេលហ្នឹងដើម្បីនិយាយអាហ្នឹង? បានខ្ញុំមើលមុខតែម្ដងថាដោយសារតែមនុស្សមួយចំនួន សមាជិកព្រឹទ្ធសភាខ្លះ និងរដ្ឋសភាខ្លះ ថាអោយផ្ដាច់ជំនួយទៅ។ បើអ្នកឯងកុំនិយាយធ្វើម៉េចខ្ញុំនិយាយ? វាផ្ដើមចេញពី Washington ទេ។
នឹងប្រាប់ Donald Trump អំពីមូលហេតុដែលគេមិនចូលចិត្តអាមេរិក
… ប្រជុំអាស៊ានអាមេរិក(ឆ្នាំនេះ) ខ្ញុំនឹងប្រាប់ Donald Trump។ ខ្ញុំចង់ប្រាប់ អូបាម៉ា (Barack Obama) ពេលប្រជុំនៅឡាវ ក៏ប៉ុន្តែខ្ញុំគិតថា អូបាម៉ា (Barack Obama) គាត់ជិតអស់អាណត្តិ ខ្ញុំមិននិយាយទេ។ ឆ្នាំនេះអាច Donald Trump មកប្រជុំអាស៊ាន-អាមេរិក។ ខ្ញុំនឹងប្រាប់គាត់ថា តើអ្វីទៅដែល(ធ្វើអោយ)គេមិនចូលចិត្តអាមេរិក? ឥឡូវ ទាំងអស់គ្នាប្រហែលជាដឹងហើយ។ ទៅទូតអាមេរិក ដើម្បីសុំ Visa យក ១៥០ ដុល្លារ។ ជាប់ក៏អស់ ១៥០ មិនជាប់ក៏អស់ ១៥០។ ខ្ញុំនឹងសួរ Donald Trump លើរឿងហ្នឹងបន្ដិច ថាតើអាចសម្រួលបានទេ? ថាអាជាប់ទៅចុះយកលុយគ្នា ចុះអាមិនជាប់យកលុយគ្នាដែរ? រឿងហ្នឹងសម្រាប់អ្នកមានលុយ វាមិនមែនជាបញ្ហាទេ តែអ្នកដែលគ្មានលុយនោះ ត្រូវទៅខ្ចីបុល … អញ្ចឹងទេ ខ្ញុំត្រូវតែហ៊ាននិយាយត្រង់ ក្នុងទំនាក់ទំនងរវាងអាស៊ាន និងអាមេរិក …។
ការពង្រឹងសមត្ថភាពធនធានមនុស្ស គឺជាការចាំបាច់
សម្រាប់ប្រទេសរបស់យើងដែលកំពុងឈានឆ្ពោះទៅមុខ និងគោលនយោបាយជាច្រើន ដែលបានដាក់ចេញ ហើយយើងកំពុងបន្តអនុវត្ត ដែលក្នុងនោះ ការរៀបចំផ្លូវដើរសម្រាប់យុវជនសម្រាប់ប្រជាជន និងតាមវិស័យ ក៏ដូចជាអនុវិស័យដាក់ចេញរួចរាល់មកហើយ និងបន្ដដាក់ចេញតទៅទៀត។ ការខិតខំពង្រឹងសមត្ថភាពធនធានមនុស្ស គឺជាការចាំបាច់ខ្លាំងណាស់នៅក្នុងពេលវេលា ដែលកម្ពុជាកំពុងស្ថិតនៅក្នុងក្របខណ្ឌនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយកំពុងតែចរចា ដើម្បីឈានឆ្ពោះទៅរកការព្រមព្រៀង នៅក្នុងក្របខណ្ឌភាពជាដៃគូ នៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ នៃតំបន់ដែលមានអាស៊ានដប់បូកប្រាំមួយ ក្នុងនោះ មានចិន មានឥណ្ឌា មានជប៉ុន កូរ៉េខាងត្បូង អូស្រ្ដាលី និងញ៉ូហ្សេឡែន។ បើសិនជាសមត្ថភាពយើងមិនដល់ទេ វានឹងលំបាកទៅស្វះស្វែងរកការងារធ្វើ …។
រាជរដ្ឋាភិបាលខិតខំរកទីផ្សារការងារនៅខាងក្រៅ
ខ្ញុំសូមជម្រាប មិនមែនបញ្ហាតែពលករនៅបរទេស គឺជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ រាជរដ្ឋាភិបាលបានប្រឹងណាស់ ដើម្បីរកទីផ្សារការងារ បែរជាមនុស្សមួយចំនួនថា រដ្ឋាភិបាលធ្វើការអសមត្ថភាពរកការងារអោយប្រជាជនខ្លួនឯងធ្វើមិនបាន បណ្ដាយអោយប្រជាជនទៅរកការងារធ្វើនៅក្រៅប្រទេស។ តែខ្ញុំសូមទាក់ទាញយកការយកចិត្តទុកដាក់ គ្រាន់តែកូរ៉េខាងត្បូងមួយ តើមានប្រទេសប៉ុន្មានទៅ ដែលកំពុងតែប្រណាំងប្រជែងបញ្ជូនពលករទៅកាន់កូរ៉េ? យើងបានស្នើសុំអោយកូរ៉េផ្ដល់ការយោគយល់ចំពោះកម្ពុជា ដើម្បីបញ្ជូននូវពលករពីកម្ពុជាទៅកាន់កូរ៉េ។
ទស្សនកិច្ចរបស់ខ្ញុំនៅក្នុងដំណាក់កាលក្រោយការឡើងកាន់អំណាចរបស់អតីតប្រធានាធិបតី Kim Dae Jung សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូងផ្ដល់ដោយកូរ៉េ ត្រូវបានបញ្ចូនមកកាន់កម្ពុជា។ គោលដៅសំខាន់នៅទីនេះ គឺបណ្ដុះបណ្ដាលហើយបញ្ជូនទៅកាន់កូរ៉េ។ មានបងប្អូនមួយចំនួនទៅធ្វើការនៅថៃដោយខុសច្បាប់ យើងបានប្រឹងប្រែងសម្រុះសម្រួលអោយគាត់ត្រូវច្បាប់។ នៅម៉ាឡេស៊ីក៏ដូចគ្នា។ ប្រទេសនានាសុទ្ធតែបានស្វះស្វែងរកទីផ្សារការងារនៅខាងក្រៅប្រទេស ដែលខ្វះពលកម្មពិតប្រាកដ គឺសិង្ហបុរី និងម៉ាឡេស៊ីទេ។ ប្រទេសទាំងពីរនេះ ក៏មិនមែនជាប្រទេសដែលបញ្ចូនពលករចេញក្រៅដែរ តែគឺជាប្រទេសនាំពលករចូល។ សម្រាប់ប្រទេសថៃ គឺគាត់បញ្ជូនពលករចេញទៅក្រៅប្រទេស ប៉ុន្ដែគាត់ខ្វះពលករ (ដែល)ពលករទៅពីកម្ពុជា មកពីមីយ៉ាន់ម៉ា និងមកពីឡាវ ដើម្បីជំនួសអោយអ្នកដែលចេញទៅក្រៅ។
ការប្រកួតប្រជែងអំពីសមត្ថភាពក្នុងក្របខណ្ឌការងារតាមវេទិកាអន្ដរជាតិ
ការប្រកួតប្រជែងដើម្បីចូលទៅនៅក្នុងក្របខណ្ឌការងារ តាមវេទិកាអន្ដរជាតិនានា តម្រូវអោយមានសមត្ថភាពពេញលេញទើបអាចធ្វើទៅបាន។ គេមិនអាចដាក់ជាកូតាជ្រើសរើសទេ។ មានការប្រកួតប្រជែងអំពីសមត្ថភាព។ ឧទាហរណ៍៖ លើកអំពីបញ្ហាអាស៊ានទៅចុះ។ អាស៊ានវាមានអគ្គលេខាធិការ និងមានអគ្គលេខាធិការរង។ យើងធ្លាប់បានបញ្ជូន ដោយសារដល់វេនដែលយើងត្រូវបញ្ជូនអគ្គលេខាធិការរង ទៅធ្វើជាអគ្គលេខាធិការរងនៃអាស៊ាន ប៉ុន្តែដល់បេក្ខជនទាក់ទិនជាមួយនឹងលេខាធិការអាស៊ាននោះ វាត្រូវមានកុងសង់ស៊ុសក្នុងការជ្រើសរើស។ អញ្ចឹងទេ បើយើងដាក់ទៅប្រកួតប្រជែងជាមួយគេ យើងវាអន់ពេក ធ្វើទៅម៉េចនឹងរួច? ម៉េចគេទទួល? នៅមានផ្នែកផ្សេងៗទៀត ដែលយើងចាំបាច់ត្រូវចូលរួម។
ឥឡូវ កម្ពុជាបានកាន់តួនាទីមួយចំនួននៅក្នុងវេទិកាអន្តរជាតិ ហើយយើងធ្វើកាន់តែច្រើនទៅៗ សម្រាប់ការប្រជុំនៅក្នុងប្រទេសរបស់យើង។ មានពេលខ្លះក៏សុំថា យើងក៏មិនត្រូវមានមោទនភាពជ្រុល តែយើងក៏មិនត្រូវបង្អាប់ខ្លួនឯងនោះទេ។ ខ្ញុំលើកឧទាហរណ៍មួយ។ ឥឡូវនេះ ប្រធានាធិបតី Donald Trump បានឡើងកាន់ដំណែងរយៈពេលជិតប្រាំពីរខែហើយ បើគិតពីថ្ងៃទី ២០ មករា ប៉ុន្តែ មួយរយថ្ងៃដំបូង គេដាក់ថា មួយរយថ្ងៃនៃការកាន់តំណែងរបស់ប្រធានាធិបតី Donald Trump រំលោភសិទ្ធិមនុស្ស ៨០ ដង។ ឥឡូវឮថាសមាជិកសភាបក្សប្រជាធិបតេយ្យកំពុងតែប្ដឹង។ មិនដឹងថាមានរឿងអីកើតឡើងតទៅទៀតទេ។ ប៉ុន្តែ មានរឿងអញ្ចេះ ដើម្បីលើកបង្ហាញអំពីថា ការគិតគូរនៅលើពិភពលោកនេះ ឬសម្រាប់យើងនៅក្នុងទៅនេះ។ វាច្បាស់ជាមានការយល់ដឹងមិនដូចគ្នាទេ ដោយសារការយល់ដឹងវាមិនដូចគ្នាហ្នឹងហើយ បានជាមានជំនឿសាសនាក៏វាច្រើន។ ល្ងាចនេះ ខ្ញុំត្រូវទៅស្រាយបួសជាមួយនឹងបងប្អូនឥស្លាម ក្នុងពេលវេលាស្រាយបួស ដែលហៅថា រ៉ាម៉ាឌននោះ ហើយដោយសារតែការគិតគូរវាមិនដូចគ្នាហ្នឹងហើយ បានជាបង្កើតអោយមានទស្សនៈខុសគ្នាហ្នឹង គឺបង្កើតទៅជាបក្សនយោបាយ។
រឿងជាច្រើនដែលគួរអោយចង់សើច ក្នុងកិច្ចប្រជុំ World Economic Forum
មានរឿងកើតឡើងក្នុងវេទិកា World Economic Forum នៅដាវ៉ូស។ មានរឿងដែលគួរអោយចង់សើចដល់ទៅពីររឿង។ ពេលយប់មួយដង ពេលថ្ងៃមួយដង ហើយសុទ្ធតែបង្កើតដោយសាកលវិទ្យាធិការទៅទៀត។ សាកលវិទ្យាធិការមួយគាត់បានលើកថា នៅពេលខាងមុខ អាមេរិក និងចិននឹងវ៉ៃគ្នា។ ដូច្នេះ នឹងដាក់អាស៊ានអោយទៅជាតំបន់ដែលមានគ្រោះថ្នាក់។ ដោយសារតែពេលនោះខ្ញុំជាអ្នកបិទ(ការពិភាក្សា) បន្ទាប់ពីការពិភាក្សាក្នុងរង្វង់ ២ ម៉ោង … ខ្ញុំបានប្រាប់ទៅអង្គប្រជុំ ប្រាប់ទៅលោកសាស្ត្រាចារ្យហ្នឹងថា លោកសាស្ត្រាចារ្យ សូមលោកកុំទៅបង្រៀននិស្សិតបែបនេះ។ សម្រាប់ខ្ញុំ អាមេរិក និងចិន នឹងមិនវ៉ៃគ្នាទេ។ អ្នកទាំងពីរសុទ្ធតែមានផលប្រយោជន៍ក្នុងសហប្រតិបត្តិការ។ គេមានយន្តការគ្រប់គ្រងទំនាក់ទំនងនេះ។ អញ្ចឹងទេ អាស៊ាននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតជាមួយនឹងចិន ហើយក៏ជាដៃគូពាណិជ្ជកម្មជាមួយនឹងអាមេរិកដែរ ហ្នឹងទី ១។ ទី ២ សម្រាប់យើងជាអាស៊ាន និងប្រទេសមួយៗរបស់អាស៊ាន មិនត្រូវទុកខ្លួនជាស្រមោច និងសង្អារ សម្រាប់ដំរីជាន់ទេ។ ផ្ទុយទៅវិញ យើងកំពុងដើរតួនាទីជាអ្នកសម្របសម្រួល ហើយជាតួនាទីស្នូលទៀតផង។ ដូច្នេះ មិនគួរត្រូវទៅបង្រៀននិស្សិតធុនហ្នឹងទេ។ អាហ្នឹងរឿងមួយទៅ។
ដល់ទៅស្អែកឡើងមុនពេល Donald Trump ស្បថចូលកាន់ដំណែងប្រហែល ២ ម៉ោង មានរឿងកើត ឡើងទៀតហើយ អំពីបញ្ហានយោបាយគាំពារនិយមរបស់ Donald Trump។ បានខ្ញុំប្រាប់ថា នយោបាយគាំពារនិយមមិនមែនមិនជោគជ័យទេ។ បើសិនជាថា Donald Trump បង្ខំអោយក្រុមហ៊ុនអាមេរិករើរោង ចក្រទាំងអស់ផលិតកូកាកូឡាចូលទៅអាមេរិក ប្រជាជនអាមេរិកនឹងកើតទឹកនោមផ្អែមទាំងអស់។ ហើយ បើនិយាយពីបញ្ហារថយន្ត តម្រូវអោយរោងចក្រអាមេរិកទៅផលិតរថយន្តនៅក្នុងអាមេរិក ហាមឃាត់ការនាំ ចូល និងវ៉ៃពន្ធខ្ពស់ក្នុងការនាំចូលរថយន្តជប៉ុន រថយន្តអង់គ្លេស រថយន្តអាលឺ្លម៉ង់ និងពីប្រទេសដទៃ តើវា យ៉ាងម៉េច? បើបង្ខំអោយប្រជាជនអាមេរិកប្រើប្រាស់រថយន្តអាមេរិក ក្នុងពេលដែលប្រជាជនអាមេរិកមិនចង់ តើរឿងហ្នឹងវាចេញស្អី? គាត់អាចធ្វើមិត្តជាមួយប្រទេសមួយទៀត ដែលបង្ខំអោយប្រជាជនប្រើនោះ។ ឯសម្រាប់ការវ៉ៃពន្ធខ្ពស់ លទ្ធផលចុងក្រោយសម្រាប់គាត់ គឺប្រជាជនគាត់ជាអ្នកបង់ថ្លៃទេតើ។
ក្រៅពីរឿងហ្នឹងចេញរឿងមួយមកទៀត ដោយសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យមួយនៅប្រទេសអង់ គ្លេស។ គាត់ដាក់សំណួរអញ្ចេះ គាត់ថា តើអាស៊ានមានសមាជិកអាស៊ានណាមួយដែលត្រៀមខ្លួនចាកចេញពីអាស៊ាន? បានខ្ញុំឆ្លើយតបថា លោកសាស្ត្រាចារ្យ លោកគួរដូរសំណួរនេះវិញ ពីប្រទេសណាដែលចង់ចាកចេញពីអាស៊ាន ទៅជាប្រទេសណាខ្លះនឹងចាកចេញពី EU ក្រោយពីអង់គ្លេសចាកចេញ? ការពិតវាអញ្ចឹង។ សំណាងហើយដែល Marine Le Pen អត់ជាប់ឆ្នោត បើគាត់ជាប់ឆ្នោត បារាំងចេញទៀត។ ច្រើនរឿងណាស់។ គួរតែដាក់សំណួរទៅឯណោះ កុំដាក់សំណួរមកអាស៊ី។ បានខ្ញុំឆ្លើយថា អាស៊ានយើងខ្ញុំមានសាមគ្គីភាព អាស៊ានយើងខ្ញុំធ្វើការតាមកុងសង់ស៊ុស អាស៊ានយើងខ្ញុំអត់មានបងធំទេ។
មិនមែនអោយតែគេជាប្រទេសដែលមានការរីកលូតលាស់ សុទ្ធតែគិតត្រូវនោះទេ។ យើងត្រូវមានចំណែកក្នុងការគិត មិនត្រឹមតែក្នុងក្របខណ្ឌនៃប្រទេសរបស់ខ្លួនទេ ប៉ុន្តែ ជាកិច្ចការអន្តរជាតិផងដែរ។ យើងសោកស្តាយជាមួយនឹងការបាត់បង់ជីវិតរបស់កងទ័ពយើងនៅឯអាហ្វ្រិកកណ្តាល ប៉ុន្តែ យើងមិនដកថយមួយជំហានណាពីការប្រឹងប្រែងរបស់យើង ដើម្បីបន្តក្នុងការបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅប្រទេសក្រៅនោះទេ។ យើងបានខំធ្វើកិច្ចការងារនេះ។
គណៈកម្មាការជាតិរៀបចំការបោះឆ្នោត កងកម្លាំងប្រដាប់អាវុធ បណ្តាបក្សនយោបាយ ធ្វើកិច្ចការដ៏ល្អ
… សូមអនុញ្ញាតអោយខ្ញុំយកឱកាសបន្តិចទៀត ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មាការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ថ្លែងកោតសរសើរ ចំពោះបណ្តាបក្សនយោបាយ ដែលបានចូលរួមធ្វើកិច្ចការដ៏ល្អ ដើម្បីធ្វើអោយការបោះឆ្នោតឃុំ/សង្កាត់កន្លងទៅនេះ សម្រេចបានជោគជ័យ។ ពិតមែនតែមិនទាន់ប្រកាសលទ្ធផលជាផ្លូវការ ហើយបក្សនេះក៏ថាឈ្នះ បក្សនោះក៏ថាឈ្នះ បើអញ្ចឹងឈ្នះទាំងអស់គ្នាតើ? មានស្អី? ប្រជាជនកម្ពុជាឈ្នះតើ។ ប្រជាពលរដ្ឋរបស់បានចេញមកបោះឆ្នោតមានចំនួនយ៉ាងច្រើន។ ការបោះឆ្នោតគ្មានហិង្សា តែខ្ញុំអត់យល់ (ដែល)បណ្តាស្ថានទូតនានា រាប់ទាំងទូតអាមេរិកនៅទីក្រុងភ្នំពេញចេញសេចក្តីថ្លែងការណ៍ថា បោះឆ្នោតហ្នឹងល្អ ដល់មានអាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ Brad Adams ហៅ Human Right Watch ស្អីគេនោះ វាថាអាហ្នឹងអត់ល្អ បើអញ្ចឹងស្តាប់អ្នកណាឥឡូវហ្នឹង? អាហ្នុងស្អីក៏មិនល្អដែរ ជាពិសេសអោយតែគណបក្សប្រជាជនឈ្នះ គឺថា អាហ្នឹងមិនល្អតែម្តង។ ទាល់តែថាគណបក្សប្រជាជនរលាយបានថាល្អ។ សូមផ្តាំទៅ Brad Adams ល្មមកែខ្លះទៅ ស្អីក៏ចងកម្មចងពៀរមាំម្ល៉េះ? គេមិនមែនសរសើរថាអ្នកឯងល្អទេ គេសរសើរថាអ្នកឯងល្ងង់ ដោយសារផ្នែកតំណាងអោយរដ្ឋាភិបាល គេថាល្អ។ អ្នកឯងថាអញ្ចឹងមិនមែនប្រឆាំងត្រឹមតែកម្ពុជាឯណា? ប្រឆាំងទាំងរដ្ឋាភិបាលអ្នកឯងទៅទៀត …។
សុវត្ថិភាពបោះឆ្នោតជាបញ្ហាធំ
អ្វីដែលជាការកត់សម្គាល់ ការបោះឆ្នោតតាមកាលកំណត់ ក្នុងអាណត្តិដែល ខ្ញុំព្រះករុណាខ្ញុំ ដឹកនាំ គឺមិនអាចអោយថ្លោះធ្លោយ ពន្យារពេលណាមួយនៃការបោះឆ្នោតទេ។ ឥឡូវអ្នកខ្លះថាខ្ញុំមិនដឹង ពេលយើងប្រកាសលទ្ធផលបោះឆ្នោតតាំងពីណាពីណីមក ចុះឈ្មោះបោះឆ្នោត ហើយដាក់បេក្ខជន គេនៅតែថាយើងមិនបោះឆ្នោត។ ឥឡូវ និយាយថាម៉េច? សុំទោសៗ មិនសុំទោសក៏ហីទៅ អោយទទួលស្គាល់ថាខ្លួនបាននិយាយខុសហើយ។ ការកត់សម្គាល់បរិយាកាសសម្រាប់ការបោះឆ្នោត ពិតមែនហើយការជេរប្រទេចតាមហ្វេសប៊ុកវានៅតែមាន រហូតទៅដល់ការប្រមាថអាយុជីវិតទៀតផង។ តែអាហ្នឹងកម្មរបស់គេទេ។ … អ្នកឯងបង្ហោះនៅបាងកក គេដឹងថាអ្នកឯងនៅកន្លែងណា គេទាក់ទងទៅកន្លែងហ្នឹង។ បង្ហោះនៅបាងកក ប៉ុន្តែយើងចាំនៅភ្នំពេញ ចាំអ្នកឯងមក …។
ខ្ញុំវិលមកនិយាយបញ្ហាដំណើរការបោះឆ្នោត។ ឥឡូវហ្នឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កំពុងបន្តដោះស្រាយនូវបណ្តឹងនានា ទាក់ទងនឹងការរាប់សន្លឹកឆ្នោតឡើងវិញ នៅកន្លែងនេះកន្លែងនោះ។ យើងទុកលទ្ធភាព សមត្ថកិច្ចរបស់អ្នកណា អ្នកហ្នឹងធ្វើ ឯសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបង្កលក្ខណៈងាយស្រួល សម្រាប់ដំណើរការនេះ ពីដើមរហូតដល់ចប់។ ឥឡូវ នៅក្នុងសមត្ថកិច្ចគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬក៏អាចថា សមត្ថកិច្ចនៃក្រុមប្រឹក្សាធម្មនុញ្ញឯណោះទៅវិញទេ។ ក្នុងពេលដែលយើងធ្វើយុទ្ធនាការបោះឆ្នោត ដែលមានមនុស្សរាប់លាននាក់ចូលរួមហែរក្បួន រាប់ពាន់ រាប់រយនាក់ ប្រទេសមួយចំនួនរងការវាយប្រហារភេរវកម្ម ឯប្រទេសកម្ពុជាអត់ជួបប្រទះ រឿងនេះទេ។ អ្វីក៏ដោយវាផ្តើមចេញពីសន្តិភាពទើបអាចធ្វើបាន។
សម្រាប់គណបក្សដែលកាន់អំណាច គិតដំបូងគេគឺសុវត្ថិភាពនៃការបោះឆ្នោតទាំងមូល។ បក្សមិនកាន់អំណាចគេមិនបានគិតរឿងនេះទេ។ គិតការឈ្នះខ្លួនឯងវាជារឿងមួយហើយ តែរឿងធំមួយទៀត តើសុវត្ថិភាពនៃប្រទេសដែលនាយករដ្ឋមន្ត្រីកំពុងដឹកនាំ គណបក្សនយោបាយដែលកំពុងដឹកនាំនេះ មានសុវត្ថិភាពឬអត់? ចំណុចនេះមិនមែនជាបញ្ហាតូចតាចទេ។ ខ្ញុំសូមអរគុណ ដែលរាប់ទាំងបណ្តាបក្សនយោបាយទាំងអស់ ទាំងបក្សដែលជេរខ្ញុំ និងបក្សដែលមិនជេរខ្ញុំ។ ត្រឹមតែម៉ាជេរវាអត់អីប៉ុន្មានទេ ប៉ុន្តែ ធ្វើម៉េចអោយតែវាសុវត្ថិភាព។ ឆ្លងផុតនូវហិង្សា។ នេះវាជាការល្អណាស់ទៅហើយ។ ប្រៀបធៀបទៅនឹងប្រទេសដទៃ ពេលបោះឆ្នោតម្តងៗមានការស្លាប់មនុស្សច្រើន។ នៅក្នុងទសវត្សរ៍ ៩០ ហើយក្រោយមកយើងនៅមានសេសសល់ហិង្សា ប៉ុន្តែបោះឆ្នោតប៉ុន្មានពេលចុងក្រោយនេះ ហិង្សាមិនមានទេ។
… ស្ថានភាពបោះចម្រុះនៅឯមូលដ្ឋានវាបានចាប់ផ្តើមតាំងពីឆ្នាំ ២០០២ ដូច្នេះ បងប្អូនយើងអាចចេះធ្វើការជាមួយគ្នានៃបណ្តាបក្សនយោបាយដែលនៅជាមួយគ្នា ព្រោះតិចណាស់ដែលគណបក្សណាមួយកាន់អាសនៈទាំងអស់នៅក្នុងឃុំសង្កាត់នោះ។ មានដែរ ប៉ុន្តែ មានតិចតួចណាស់ ហើយភាគច្រើនកន្លែងនោះ ច្រើនតែគណបក្សប្រជាជនតែម្តង ៥ អាសនៈ ឬ ៧ អាសនៈ ស៊ីទាំងអស់ អាហ្នឹងគណបក្សប្រជាជនទេ។ ប៉ុន្តែជាទូទៅ ឥឡូវនេះ យើងបានដឹងហើយថា សង្គ្រោះជាតិកាន់ជិត ១ ភាគ ៣ (១/៣) មិនទាន់ដល់ ១ ភាគ ៣ (១/៣) ទេ។ គណបក្សប្រជាជនកាន់លើស ២ ភាគ ៣ (២/៣)។ យ៉ាងណាក៏ដោយ អត់មានអ្នកណាមួយនៅតែឯងទេ។ កន្លែងខ្លះមានដល់ទៅបីបក្សឯណោះ កន្លែងខ្លះមានដល់ទៅបួនបក្សឯណោះ ប៉ុន្តែ រៀនធ្វើការជាមួយគ្នា ព្រោះនេះជាការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
ជម្រុញគណបក្សដែលជាប់ឆ្នោត សូមធ្វើតាមការសន្យារបស់ខ្លួន
ការសន្យាស្អីៗ នាំគ្នាធ្វើទៅ សម្រេចនូវការសន្យារបស់ខ្លួនទៅ។ ធ្វើបានឬមិនបាន អាហ្នឹងមកពីយើងសន្យាធំពេក។ ធ្វើមិនបាន អាហ្នឹងប្រជាជនជេរ ខ្ញុំគិតថាដំបូងប្រហែលជាមានរឿង ២ កើតឡើង។ ១ តម្លៃកសិផល និងទីផ្សារកសិផល ដែលបក្សខ្លះគាត់បានសន្យា។ អញ្ចឹង ដល់អញបោះអោយពួកហ្អែងធ្វើមេឃុំ តម្លៃកសិផលនៅឯណា? នៅតែថ្លៃដដែល ហើយទីផ្សារនៅឯណា? អញរកទៅលក់មិនឃើញ? គ្មានអ្នកណាមកទិញ? រឿងហ្នឹងប្រហែលជាការចាប់ផ្តើមមុនហើយ។ ឯទី ២ អាខ្សឹបថា បើខ្ញុំឈ្នះ លុបចោលបំណុល ប្រហែលជាទៅហើយ លោកមេឃុំជួយលុបបំណុលអោយខ្ញុំផង។ អ្នកខ្លះក៏បាននិយាយថា នឹងធ្វើផ្លូវ ដល់រួចហើយប្រកាសថានឹងរៃលុយធ្វើផ្លូវ។ អើ! ម្យ៉ាងរបស់គេដែរ។ ធ្វើទៅអាហ្នឹង អោយប្រជាជនគាត់គិត។ យ៉ាងណាក្តី បងប្អូនចេះធ្វើការជាមួយគ្នានៅថ្នាក់ឃុំសង្កាត់ ដែលប្រជាជនបោះឆ្នោតអោយនោះ។
លុបចោល ស.ជ.ណ ដើម្បីបើកផ្លូវអោយ សម រង្ស៊ី ចូលស្រុក
ម្សិលមិញភ្ញាក់ឡើង ខ្ញុំហៅទូរស័ព្ទទៅ ទៀ បាញ់។ ទៀ បាញ់ លើកទូរស័ព្ទ ប៉ុន្តែឮសូរសម្លេង ថាសម្លេងអីហ្នុង? សម្លេងស្តាប់វិទ្យុ។ អ្នកណាគេកំពុងនិយាយ? … ខ្ញុំក៏ចាប់ចុចស្តាប់។ ដល់តែស្តាប់ទៅ គេថាបំរាមហាមគេចូលស្រុក បើសិនជាដកបំរាមមកភ្លាម។ ខ្ញុំក៏ទូរស័ព្ទទៅ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រីថា អោយលុប ស.ជ.ណ មុន ដើម្បីបើកច្រកអោយអ្នកក្លាហានចូល។ ការពិតអា ស.ជ.ណ មុនមានគោលដៅការពារសុវត្ថិភាពជីវិតគាត់តែម្តង។ សុខចិត្តអោយគេដៀលត្មះ ព្រោះច្បាស់ណាស់ថា បើខ្ញុំបានប្រកាសហើយថា ខ្ញុំសុខចិត្តកាត់ដៃស្តាំរបស់ខ្ញុំគ្រវាត់ចោល គឺខ្ញុំមិនលើកលែងទោសអោយទេ ព្រោះពីរដងរួចហើយ វាគ្មានលើកទីបីកើតឡើងទៀតទេ។
គុក ជាឧបសគ្គ សម្រាប់ការវិលត្រឡប់របស់ សម រង្ស៊ី
អញ្ចឹង ការទស្សន៍ទាយទុកពីមុនច្បាស់ជាមានបញ្ហាហើយរហូតដល់អាយុជីវិតផង។ ប៉ុន្តែ ដើម្បីអោយអ្នកក្លាហានមានលទ្ធភាព ថាទោះជាមកជាប់គុក ឬស្លាប់ក៏ត្រូវតែមក អានេះអុកជាមួយសេះតែម្តង ហើយចាំមើលយ៉ាងម៉េច។ ឥឡូវ ដកចេញដើម្បីបើកផ្លូវឲ្យគាត់មក ស្រាប់តែយប់មិញប្រកាសថាអត់មក។ នេះគ្រាន់តែជាការលើកបម្រាម។ បម្រាមមុនគឺក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ មិនមែនបិទសិទ្ធិ។ ប៉ុន្តែ គាត់យកទៅជាបញ្ហាថា យើងបិទសិទ្ធិទៅវិញ។ តែសម្រាប់អ្នកគ្រប់គ្រងប្រទេស យើងមិនចង់អោយមានហិង្សាកើតឡើងទេ ព្រោះតែចុះដល់ដីគ្រឹប ច្បាស់ណាស់ការចាប់ខ្លួនមួយនឹងត្រូវធ្វើហើយ។ នេះជាអំណាចតុលាការ។ គេបញ្ជាដោយព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌។ គេទៅចាប់ហើយ។ ជាប់គុកប៉ុន្មាន អីប៉ុន្មាន រឿងហ្នឹងព្រោះអាហ្នឹងវាត្រូវតែជាប់នៅក្នុងសាលក្រម។
នាយករដ្ឋមន្រ្តីត្រូវគិតខ្លាំងណាស់អាហ្នឹង ពីសុវត្ថិភាពរបស់ប្រទេស ប៉ុន្តែត្រូវបានបកស្រាយថា យើងជាអ្នកខ្លាចគាត់។ ដល់យប់ គាត់អត់ប្រកាសតាម Facebook គាត់ទេ គាត់ប្រកាសតាម Twitter ហើយជាភាសាអង់គ្លេសទៀត។ បន្ថែមក្រោយមកគាត់ថា ធ្វើអោយប្រាកដថាខ្ញុំមិនមែនជាមនុស្សទី ១ ស្ថិតក្នុងចំណោមមនុស្ស ១០០ ទៅ ២០០ នាក់ ដែល ហ៊ុន សែន ត្រូវកម្ចាត់ទេ។ ខ្ញុំចូលទៅ comment ក្នុង Facebook Page របស់ Fresh News ហើយអា Fresh News វាយកទៅផ្សាយទៀតទៅ ខ្ញុំថា អ្វីទៅដែលវានៅពីក្រោយការប្រែប្រួលរបស់គាត់នេះ? ខ្ញុំថា គុក។ គុកដែលនាំអោយគាត់ប្រែប្រួល។ ឥឡូវ ខ្លួនបានសន្យាថាមកមិនខ្លាចគុកទេ ម៉េចក៏មិនមករកគុក? ឥឡូវ ខ្ញុំអត់ខ្វល់ទេ។ ប៉ុន្តែ បើសិនជាអ្នកឯងប្រគល់ខ្លួនអោយចាប់ដោយស្រួល វាអត់មានបញ្ហាអីកើតឡើងទេ។ អានេះច្បាប់។
រឿងស្អីប្រធានបក្សនៅឯណេះ ខ្លួនឯងលាលែងហើយ បែរជាប្រកាសត្រឡប់មកប្រទេស ដើម្បីប្រជែងយកអំណាចនាយករដ្ឋមន្រ្តីពីលោក ហ៊ុន សែន។ បើអញ្ចឹងប្រធានបក្សនៅទីនេះធ្វើអី? អញ្ចឹងបានមានអ្នកណាមួយសរសេរអត្ថបទថា មុននឹងមកប្រជែងជាមួយនឹង ហ៊ុន សែន ទៅប្រជែងជាមួយនឹងគ្នាឯងនោះសិនទៅ។ អ្នកណាធ្វើមេបក្ស។ ប្រយ័ត្ន។ សូមផ្តល់ជាមតិ ដោយរោយទៅជាគ្នាប្រយ័ត្នរលាយបក្ស …។ បន្តិចទៀតគាត់រកលេសអីទៀតហើយ។ ប៉ុន្តែ ទម្រង់វាអញ្ចឹង។ តែមកខ្ញុំសូមលើកជាសំណួរ តើអ្នកឯងមកតាមណា? មកតាមគោកក៏មិនបាន មកតាមទឹកក៏មិនបាន។ បើចូលមកលួចលាក់វាស្មើនឹងភេរវកម្ម ដែលទណ្ឌិតដែលគេតាមចាប់ខ្លួនមានដីកាតាមចាប់ខ្លួននោះ។ ពីមុនខ្ញុំគិតសុវត្ថិភាពលោក។ ឥឡូវ ដោយសារលោកថាមកភ្លាម ខ្ញុំក៏អុកភ្លាមដែរ អត់ទាន់បាន ១០ ម៉ោងផង ដូរចិត្តថាអត់មកទេ ចាំច្បាស់លាស់សិន។
… ខ្ញុំដឹងថា មិនមែនអ្នកទាំងអស់គ្នាហ្នឹងបោះឆ្នោតអោយខ្ញុំទាំងអស់ទេ។ ទោះបីអ្នកទាំងអស់គ្នា ១០០ ភាគរយមិនបោះអោយខ្ញុំ ក៏ខ្ញុំត្រូវតែនិយាយដែរ ព្រោះនេះជាសារមួយប្រាប់ទៅប្រជាពលរដ្ឋ ដែលបានស្តាប់វិទ្យុ RFA អំពីការតាំងចិត្តនេះ។ អញ្ជើញមកអត់មានបញ្ហាអីទេ តែសាលក្រមកាត់ទោសវាមានសុពលភាព។ ផ្នែកតុលាការ ធ្វើកិច្ចការងារនេះ ជាមួយនឹងនគរបាលយុត្តិធម៌។ គេធ្វើកិច្ចការរបស់គេ មិនទាក់ទងនឹងខ្ញុំទេ។ ច្រើនដងពេកហើយ។ បង្កើតបានវប្បធម៌សន្ទនា (បែរជា)ចាប់ជើងជាន់ដៃ ចាប់ដៃជាន់ជើង។ ថាខ្ញុំចុះ តែបង ជា ស៊ីម និងបង ហេង សំរិន គាត់ជាមនុស្សចាស់ទុំ ចុះតែពីលើឡាន ចង្អុលរូបថត បីនាក់ អាបីនាក់អាចោរលក់ជាតិ អាកណ្តាលខូចជាងគេ។ អ្នកវិភាគទាំងឡាយអត់ចេញមកនិយាយថា ភាសាបែបនេះមិនគួរប្រើទេ។ ប៉ុន្តែ បើសិនជាខ្ញុំនិយាយវិញដាក់ហើយ។
… អ្នកឯងថា ស.ជ.ណ ហ្នឹងជាឧបសគ្គ។ ឥឡូវ ខ្ញុំដោះចោល។ មកមិនមក ស៊ីសងលើអ្នកឯង ប៉ុន្តែ ខ្ញុំបានរឿងម្សិលមិញថា តើនេះជាអន្ទាក់នយោបាយទេ? ហើយមានអ្នកសរសេរថា ច្បាប់ក្នុងអន្ទាក់នយោបាយ។ ខ្ញុំអាចនិយាយបានថា រឿងច្បាប់ សុំអោយច្បាប់ធ្វើទៅ ខ្ញុំមិនលូកលាន់សុំអន្តរាគមន៍ណាមួយនោះទេ។ នៅពេលដែលអ្នកឯងមិនបានជាប់គុក ២ ភាគ ៣ នៃទោសដែលអ្នកឯងត្រូវទទួល នេះគឺជាច្បាប់។ កន្លងទៅខ្ញុំបានសម្រួលច្រើនហើយ ល្មមដឹងខ្លួនហើយ។
ពាំនាំ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ បានចាប់ផ្តើម គេហៅថា កែទម្រង់ទៅលើប្រាក់ឧបត្ថម្ភ ចំពោះនិស្សិតជាជ័យលាភី មកទទួលសញ្ញាបត្រថ្ងៃនេះ ចំនួន ៩១៥ អង្គ/នាក់ គឺមួយអង្គ និងមួយនាក់ ទទួលបានថវិកា ៥ ម៉ឺនរៀល។ មុននេះ គឺតែ ៣ ម៉ឺនទេ ប៉ុន្តែ កំណើនសេដ្ឋកិច្ច ៧ ភាគរយ គួរតែកើន សម្រាប់និស្សិតរបស់យើងបានហៅមកមិញ ឯចំពោះបុគ្គលិក សាស្រ្តាចារ្យបុគ្គលិក ៦៤៩ នាក់ ក្នុងមួយនាក់ៗ ថវិកា ១០ ម៉ឺនរៀល មុននេះតែ ៤ ម៉ឺនតើ ឥឡូវឡើងលើស។ សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចំនួន ៥ លានរៀល ដែលមុននោះតែ ៣ លានទេ ជូនវិទ្យាស្ថានជាតិអប់រំ ដែលនៅកន្លែងយើងខ្ចីកន្លែងគេនេះ ថវិកា ៥ លានរៀល ដែរ ដែលមុននេះតែ ២ លានរៀលទេ។
ពីមុនពាក្យដែលថាឈ្នះ គឺពិបាករកណាស់ ឥឡូវយើងស្គាល់ពាក្យដែលថាឈ្នះ
ពិបាកជាងគេ ព្រះតេជព្រះគុណ គឺការឈរ។ បើបានដើរអត់អីទេ។ ឈរយូរទៅវារោយជើង។ ចាស់ទៅចេះរោយជើង។ អបអរសាទរដែលបានឈ្នះអាហ្កានីស្ថាន ១/០។ ដល់កហើយ ចេះតែប្រហោងពោះៗ អានាទីចុងក្រោយហ្នឹង។ ពីមុនពាក្យដែលថាឈ្នះ គឺពិបាករកណាស់ ឥឡូវយើងស្គាល់ពាក្យដែលថាឈ្នះ។ ចាញ់ក៏នៅតែចាញ់ តែវាស្គាល់ពាក្យឈ្នះ។ បាល់ទាត់ ឬក៏ទៅការប្រកួតនេះ ការប្រកួតនោះ វិស័យកីឡានេះ ត្រូវប្រឹងបន្ត។ ដល់ពេលឃើញគេទាត់បាល់អញ្ចឹង នឹកឃើញអនុស្សាវរីយ៍ទាត់ជាមួយ ប៉ុល សារឿន កាលហ្នឹងសុទ្ធតែនៅក្មេងៗរៀងៗខ្លួន ទសវត្សរ៍ ៨០។ ខ្ញុំព្រះករុណាខ្ញុំ ទើបជាង ៣០ និយាយពីរត់ ទាត់នៅស្តាតក៏មាន ទាត់នៅអីក៏មាន។ អាបាល់ទះក៏លេង បាល់ទាត់ក៏លេង។ ឥឡូវនៅសល់តែកូនគោល។ កូនគោលហ្នឹងមួយអាទិត្យទម្រាំបានមួយដង ជួនកាលអាទិត្យខ្លះក៏អត់ទៅទៀត …៕