FN ៖ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សមាគមហេម៉ូហ្វីលាកម្ពុជា បានរីកដុះដាល និងមានសកម្មភាពល្អជាច្រើន ក្នុងការជួយដល់កុមារកម្ពុជា។ លោកបន្តថា សកម្មភាពជួយអ្នកជំងឺហេម៉ូហ្វីលា (ជំងឺឈាមក្រកក) នេះ គឺជាការសម្រាលបន្ទុកមួយផ្នែក ដល់រាជរដ្ឋាភិបាលកម្ពុជា។
លោក ធា គ្រុយ បានលើកឡើងខណៈលោក បានចូលរួមនៅក្នុងសិក្ខាសាលាបណ្តាញអង្គការជំងឺហេម៉ូហ្វីលាក្នុងតំបន់អាស៊ាន ដែលបានរៀបចំធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពី លោកស្រី Salom Mexkhuka លោក Deon York លោក Brian O Mahony លោក Filipe Mariano និងលោកស្រី Marie Ann Fernandez ព្រមទាំងគណៈប្រតិភូ មកពីសមាគមហេម៉ូហ្វីលា ពីបណ្តា ប្រទេសទាំង៨ក្នុងតំបន់អាស៊ានផងដែរ។
បន្ថែមពីលើនេះ លោក ធា គ្រុយ បានបញ្ជាក់ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានដាក់បញ្ចូលជំងឺនេះ នៅក្នុងកម្មវិធីសិក្សា តាំងពីឆ្នាំ២០១០មកម្លេះ។ នេះជាការយកចិត្តទុកដាក់មួយផ្នែករបស់ក្រសួងសុខាភិបាល ទោះបីជាមិនទាន់មាន គោលនយោបាយថ្នាក់ជាតិ ក្នុងការបង្ការ និងគ្រប់គ្រង ដូចប្រទេសខ្លះ ក្នុងតំបន់អាស៊ានក៏ដោយ។
ជាមួយគ្នានោះ លោក គង់ ស៊ីថាន តំណាងសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានលើកឡើងថា សិក្ខាសាលាបណ្តាញ អង្គការជំងឺហេម៉ូហ្វីលា ក្នុងតំបន់អាស៊ាន រៀបចំឡើង ក្នុងគោលបំណងដើម្បីបង្កើនការស្វែងយល់ពីសមត្ថភាពលើ ការងារអភិបាលកិច្ច និងការដឹកនាំរបស់អង្គការជំងឺហេម៉ូហ្វីលាក្នុងតំបន់អាស៊ាន។
លោក គង់ ស៊ីថាន បានថ្លែងអំណរគុណចំពោះ ក្រសួងសុខាភិបាល សហព័ន្ធជំងឺហេម៉ូហ្វីលាពិភពលោក និងមន្ទីរពេទ្យកុមារជាតិ ដែលបានផ្តល់ឱកាស និងបង្កភាពងាយស្រួល ឲ្យសមាគមប្រារព្ធពិធីនេះ ហើយអរគុណចំពោះប្រតិភូមកពីបណ្តាប្រទេសអាស៊ាន បុគ្គលិក និងអ្នកស័គ្រ្មចិត្តរបស់សមាគមទាំងអស់ ជាពិសេសសប្បុរសជន ដែលតែងតែ ឧបត្ថម្ភគាំទ្រ និងជួយជ្រោមជ្រែងសមាគម តាំងពីដើមដល់ចប់។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានមជ្ឈមណ្ឌលព្យាបាលជំងឺហេម៉ូហ្វីលា ចំនួន២កន្លែង នៅប្រទេសកម្ពុជា ក្នុងនោះរួមមាន មន្ទីរពេទ្យកុមារជាតិភ្នំពេញ និងមន្ទីរកុមារអង្គរសៀមរាប មានអ្នកជំងឺដែលបានចុះបញ្ជីនៅមណ្ឌលទាំង២ចំនួន ១៣៧នាក់។
ក្រៅពីការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល មជ្ឈមណ្ឌលទាំង២ បានទទួលបណ្តុះបណ្តាលមន្រ្តីសុខាភិបាលបន្តជាច្រើនទៀត។ ចាប់ពីឆ្នាំ២០១៤ សមាគមហេម៉ូហ្វីលាកម្ពុជា ទទួលបានមូនិធិពី Novo Nordisk hemophilia Foundation(NNHF) ដើម្បីបណ្តុះបណ្តាលមន្រ្តីសុខាភិបាលចំនួន៥ខេត្ត ក្នុងនោះរួមមាន ខេត្តកំពង់ចាម សៀមរាប តាកែវ ព្រះសីហនុ និងកំពង់ធំ សរុបមានគ្រូពេទ្យចំនួន ១២៦នាក់ និងបុគ្គលិកមន្ទីរពិសោធន៍ ៤៧នាក់។
ជាការកត់សំគាល់ អ្នកជំងឺហេម៉ូហ្វីលា ភាគច្រើនសុទ្ធតែជាកុមារា ស្ថិតនៅគ្រួសារក្រីក្រតាមជនបទ ហើយអ្នកជំងឺចំនួន ៥០ភាគរយ ធ្លាក់ខ្លួនពិការសារពាង្គកាយ។ ជំងឺនេះ ធ្វើឲ្យអ្នកជំងឺហើម ជាំ ទៅលើសារពាង្គការយ បង្កឲ្យមានការហូរឈាម ទៅតាមសន្លាក់ ហើយឈឺចាប់ខ្លាំងបំផុត ដែលប៉ះពាល់ទង្គិចទៅលើសរីរាង្គ និងអាចក្លាយ ជាពិការភាព និងបាត់បង់ជីវិត យ៉ាងឆាប់រហ័ស៕